គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ខែ​មុន

នា​ថ្ងៃ​មួយ​កាល​ពី​ខែ​មុន នៅ​តាម​ផ្លូវ​ទៅ​ផ្សារ​ថ្មី​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង។

ភាគី​ទាំង​សង​ខាងជិះ​​ម៉ូតូ​​បុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស និងម៉ូតូ​ខ្ទាត​ឆ្ងាយ​ពី​គ្នា​រៀង​ៗ​ខ្លួន។ ម៉ូតូ​មួយ​គ្រឿង​បញ្ជា​ដោយ​ម្ចាស់​ជា​ក្មេង​កំលោះ​ តែ​ម្នាក់​ឯង​ ឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់​ ប្រុស​ និងស្រី ​ទំនង​ជា​គូ​ស្នេហ៍។ ពេល​ព្រឹត្តិការណ៍​កើត​ឡើង​ភ្លាម មនុស្ស​ទាំង​បី​នាក់​ដេក​ស្ដូក​ក្រោក​ស្ទើរ​មិន​រួច​ រី​ឯ​ចរាចរណ៍​តាម​ផ្លូវ​ក៏​ត្រូវ​ផ្អាក​សិន ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ ខ្លះ​រត់ ​ខ្លះ​ដើរ​មក​មើល​ហេតុការណ៌​នេះ។

ជន​រង​គ្រោះ​ទាំង​បី​នាក់​ ខំ​ក្រោក​ទាំង​ត្រដាប​ត្រដួស មើល​របួស​ខ្លួន​ឯង និងគ្នា​របស់​ខ្លួន រួច​ដើរ​ទៅ​រក​ភាគី​ម្ខាង​ទៀត។ ប្រជាជន​ដែល​បាន​មក​មើល​ឈរ​ជា​រង្វង់ រង់​ចាំ​មើល​អ្នក​ទាំង​បី។ ខាង​គូ​ស្នេហ៍​ទាំង​ពីរ​និយាយ​ខ្សឹប​គ្នា ​ដោយ​សម្លឹង​ទៅ​ក្មេង​កំលោះ។ ខាង​ក្មេង​កំលោះ​វិញ​ដូច​ជា​គ្រេច​ក​ដៃ ​តែ​គាត់​ខំ​ក្រោក​ដើរ​ទៅ​និយាយ​ជាមួយ​គូ​ស្នេហ៍​ទាំង​ពីរ​នាក់​នោះ​​ថា «សុំ​ទោស! មិញ​នេះ​ខ្ញុំ​ឆ្លង​ថ្នល់​លឿន​ពេក ទើប​បុក​បង​ទាំង​ពីរ។ តើ​បង​ទាំង​ពីរ​របួស​ធ្ងន់​ទេ?»

បុរស​ម្ខាង​ទៀត​ ញញឹម​តប​វិញ «អំបាញ់​មិញ​នេះ​ជា​កំហុស​ពួក​ខ្ញុំ​មិន​បាន​ប្រយ័ត្ន​ទេ រវល់​ជជែក​គ្នា​មិន​បាន​ឃើញ​ប្អូន​ឆ្លង​ថ្នល់។ ពួក​ខ្ញុំ​គួរ​តែ​សុំទោស​មុន។ ឲ្យ​ខ្ញុំ​សុំ​ទោស​ផង។ មើល​ទៅ​ដៃ​ប្អូន​ដូច​ជា​គ្រេច​ខ្លាំង?»

«មិន​អី​ទេ! ឲ្យ​ខ្ញុំ​សុំ​ទោស​ម្តង​ទៀត!»

«ពួក​យើង​ខុស​ទាំង​ពីរ​ទេ តែ​ល្អ​ហើយ​មិន​មាន​របួស​ធ្ងន់។»

និយាយ​ដល់​ត្រឹម​នេះ ពួក​គេ​សម្លឹង​មើល​ទៅ​ម៉ូតូ​រៀង​ខ្លួន​ ហើយ​ក៏​ដើរ​ទៅ​បណ្ដើរ​ម៉ូតូ ដំណាល​គ្នា​នឹង​មនុស្ស​ដែល​បាន​នាំ​គ្នា​មក​ឈរ​មើល​ រំសាយ​គ្នា​ដើរ​ចេញ ហើយ​ចរាចរណ៍​ក៏​ដំណើរ​ការ​ធម្មតា​វិញ៕

ភ្នំពេញ ថ្ងៃទី៤ តុលា ២០០៨

ខែកញ្ញា 15, 2011 at 8:47 ព្រឹក មតិ 6

មើលរំលង…

ចេញពីពាក្យម៉ាក់ងាយ ខ្ញុំក៏នឹកឃើញដល់ពាក្យមើលរំលង… ការវិនិច្ឆ័យរបស់មនុស្សមួយចំនួន ដែលខ្ញុំធ្លាប់ស្ដាប់ គឺជាយល់ឃើញតែមួយជ្រុង មិនទាន់ជាការវិភាគនៅឡើយ។ គិតខ្លី មិនវែង ឈ្លោះទាស់ទែងដើម្បីឈ្នះ បច្ចុប្បន្នខ្មែរសម្បូរមនុស្សបែបនេះណាស់ ធនធានមនុស្សនៅតិច អ្នកយល់ដឹងនៅខ្វះ និយាយថា កុំជឿវាសនា ប៉ុន្តែប្រើគំនិតដែលវាសនាកំណត់មក មិនទាន់ចេះរំដោះខ្លួនពីវាសនានៅឡើយ។ គេចូលចិត្តប្រកែកគ្នា ទាំងដែលម្នាក់និយាយពីគោ ម្នាក់និយាយពីក្របី ខំរកទ្រឹស្ដីមកអួតគ្នាថាខ្លួនពូកែជាង ជជែកពីបញ្ហាមិនមែនដើម្បីដោះស្រាយបញ្ហា តែដើម្បីអួតខ្លួនទៅវិញ។

ខ្ញុំធ្លាប់ជាមនុស្សមើលរំលងបែបនេះ ទើបពេលនេះខ្ញុំលែងចូលចិត្តជជែកវែកញែក ហើយក្លាយជាអ្នកស្ដាប់គេជជែកវិញ។ ពេលមិនជជែក ខ្ញុំក៏មានពេលពិចារណាទៅលើអ្នកកំពុងជជែក។ មនុស្សប្រកែកដើម្បីតែប្រកែក មិនមែនដើម្បីយល់ដឹង ឬចែករំលែកឡើយ។ ម្នាក់ៗប្រកាន់តែចំណង់ចំណូលចិត្តខ្លួន រួចមើលរំលងចំណង់ចំណូលចិត្តរបស់គេ។ ពេលខ្ញុំចេញសៀវភៅ «ចង្កៀងនិទានរឿងខ្មោច» អ្នកខ្លះក៏និយាយយ៉ាងខ្លីថា អានរឿងខ្មោចគឺឥតប្រយោជន៍… ម៉េចក៏ថាឥតប្រយោជន៍?

ការប្រកែកគ្នានៅតែមាន ព្រោះអ្នកប្រកែកទាំងនោះប្រកាន់គំនិតមួយជ្រុង មិនព្រមបើកចិត្តយល់ដឹងជាសាកល។ ខ្ញុំគិតជានិច្ច ថាគួរធ្វើយ៉ាងម៉េចទើបអ្នកមិនយល់ ព្រមយល់វិញ? ខ្ញុំជឿថា រឿងអ្វីក៏ដោយសុទ្ធតែមានតម្លៃ និងប្រយោជន៍ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ ដែលមិនមើលរំលង ហើយអាចមើលឃើញពីតម្លៃ និងអាចទាញយកប្រយោជន៍? ខ្ញុំគិតដល់មហាសេដ្ឋីដែលមានដើមកំណើតពីគ្រួសារក្រីក្រ គិតដល់មនុស្សជោគជ័យដែលកើតចេញពីគេមើលស្រាល រួចហួសចិត្តថា ម្ដេចក៏មនុស្សនៅតែមើលងាយអ្នកក្រ? ម្ដេចក៏មនុស្សនៅមើលស្រាលគ្នា?

ខែកញ្ញា 14, 2011 at 5:20 ល្ងាច មតិ 3

សួស្ដីថ្ងៃបុណ្យសែនលោកខែ

«លោកខែអើយ សូមឱ្យខ្ញុំមានសុខភាពល្អ សំណាងល្អ និងរកប្រាក់បានច្រើន! សាធុ! សាធុ! សាធុ!»

ខ្ញុំចង់មើលឃើញលោកខែ ពេលមេឃកំពុងភ្លៀងរលឹម… 😉

ខែកញ្ញា 12, 2011 at 5:25 ល្ងាច បញ្ចេញមតិ

ដាក់ចិត្តគេក្នុងចិត្តយើង

ចិត្តគេមិនដូចចិត្តយើង… ពេលខ្លះបញ្ហានេះរំខានខួរក្បាលសម្បើមណាស់។ មិនគិតមិនបាន ពេលដែលគេធ្វើរឿងដែលមិនខ្វល់ពីអារម្មណ៍យើង ហេតុនេះក៏នឹកថា ហេតុអីក៏កម្មវិធីសិក្សាមិនបញ្ចូលមេរៀននិយាយពី «ដាក់ចិត្តគេក្នុងចិត្តយើង»? ធាតុពិតរបស់ខ្ញុំជាមនុស្សងាយប៉ះពាល់អារម្មណ៍ណាស់ ជាហេតុដែលឧស្សាហ៍រងទុក្ខព្រោះតែទង្វើអចេតនារបស់មនុស្សនៅជុំវិញខ្លួន។ សម្តីតែមួយម៉ាត់របស់គេធ្វើឱ្យខ្ញុំឈឺក្បាលរហូតដល់មួយខែ… វាដាក់សម្ពាធណាស់… ម៉េចក៏គេនិយាយពាក្យនោះចេញមក ដោយអត់ខ្វល់ពីអារម្មណ៍ខ្ញុំសោះអ៊ីចឹង? បើជាខ្ញុំវិញ តើខ្ញុំអាចនិយាយទៅគេទេ? មនុស្សដែលខំយល់ពីអារម្មណ៍គេគឺត្រូវចាញ់ប្រៀបគេ មែនទេ?

មិនអ៊ីចឹងទេ! ព្យាយាមយល់ពីគេ ដើម្បីគេ និងដើម្បីខ្លួនឯង!

ថ្វីត្បិតថា មនុស្សខ្លះធ្វើអ្វីឥតហេតុផល ព្រោះមានសារជាតិអាក្រក់ពីកំណើត ក៏យើងគួរតែព្យាយាមយល់ពីគេ។ ពេលនេះគេគ្មានហេតុផល តែប្រាកដជាមានហេតុផលដែលធ្វើឱ្យគេក្លាយជាមនុស្សគ្មានហេតុផល។ ខ្ញុំធ្លាប់ខឹងមិត្តម្នាក់យ៉ាងខ្លាំង ដែលភ្លើងកំហឹងនោះបានត្រឹមតែឆេះឆាបចិត្តខ្ញុំ ទាំងដែលគ្មានអ្នកណាដឹងសោះ។ ជួបបញ្ហានេះ ខ្ញុំក៏ខំរកវិធីដោះស្រាយ។ វាមិនអាចដោះស្រាយឱ្យគេយល់ពីអារម្មណ៍របស់ខ្ញុំ ឬឱ្យគេមកសុំទោសខ្ញុំទេ តែអាចដោះស្រាយដោយព្យាយាមយល់ពីអារម្មណ៍របស់គេ។ ដាក់ចិត្តគេក្នុងចិត្តយើង ហើយសួរខ្លួនឯងថា ម៉េចក៏គេធ្វើបែបនេះដាក់យើង? ម្នាក់ៗសុទ្ធតែមានទុក្ខរៀងខ្លួន ដែលទុក្ខទាំងនោះរាប់តាំងពី ភាពច្រណែនឈ្នានីស អារម្មណ៍អត្មានិយម ចិត្តលម្អៀង ការផ្ដល់តម្លៃលើគុណសម្បត្តិផ្សេងៗ ។ល។ ម៉េចក៏គ្រប់គ្នាសុទ្ធតែចូលចិត្តរាប់អានជាមួយមនុស្សពូកែ ឬមនុស្សស្អាត? គួរឱ្យឆ្ងល់ទេ? បើមិនឆ្ងល់ទេ ទំនាស់ក្នុងខ្លួនមួយនេះគឺត្រូវបានដោះស្រាយហើយ។

«ជួនកាលយើងមិនខុសទេ គ្រាន់តែបុគ្គលិកលក្ខណៈយើងមិនត្រូវចិត្តគេ»

ខែកញ្ញា 9, 2011 at 11:30 ព្រឹក មតិ 5

តើអ្នកណាជាអ្នកកំណត់ទៅ?

ជឿហើយ ថាមនុស្សពិតជាមានការបែងចែកឋានៈ… មនុស្សតែងតែសរសើរអ្នកណាដែលខ្លួនចូលចិត្ត ព្រោះពួកគេមានលក្ខណៈស្រដៀងគ្នា ពោលគឺនិស្ស័យ អត្តចរិត ពិសេសគឺប្រភេទនៃបញ្ញា ដែលពួកគេអាចទទួលស្គាល់គ្នា។ ខ្ញុំធ្លាប់ឆ្ងល់តាំងពីតូច ពីការវាយតម្លៃ ឬការគិតខុសគ្នារបស់មនុស្សនៅជុំវិញខ្លួន ដោយតែងតែសួរខ្លួនឯងថា ហេតុអ្វីក៏គេមិនយល់ដូចខ្ញុំ? មេចក៏គេថាពណ៌ក្រហមជាពណ៌ផ្កាឈូក? ហ៊ឺ… វាស្មុគស្មាញណាស់!

រហូតមកដល់ពេលនេះ ខ្ញុំក៏ស្ដាប់យោបល់គេជជែកពីអ្នកសិល្បៈ។ ម៉េចក៏គេថា អ្នកចម្រៀង«ក» ច្រៀងពីរោះជាងអ្នកចម្រៀង«ខ»? បើខ្ញុំស្ដាប់ទៅ «ក»គ្មានអ្វីអាចប្រៀបធៀបនឹង«ខ»សោះ មិនថាទឹកដមសំឡេង ឬក៏បច្ចេកទេសច្រៀង។

ម៉េចក៏គេថាអ្នកនិពន្ធ«ក» សរសេរល្អជាងអ្នកនិពន្ធ«ខ»? បើខ្ញុំយល់ថា «ខ»ទើបយល់ពីអ្វីជាការតែងនិពន្ធពិតប្រាកដ ចេះចង ចេះស្រាយ គ្រាន់តែអានមួយត្រួសក៏យល់ថាជាអ្នកយល់ដឹងទូលំទួលាយ ទាំងអក្សរសាស្ត្រ ទាំងចិត្តសាស្រ្ត រីឯអ្នកនិពន្ធ«ក» សរសេរបាយបិណ្ឌចូលបាយបាត្រហ្នឹង។

ម៉េចក៏គេយល់ថា អ្នកដឹកនាំសម្ដែង«ក» ពូកែជាងអ្នកដឹងនាំសម្ដែង«ខ»? បើភ្នែកខ្ញុំមើលទៅ អ្នកដឹកនាំសម្ដែង«ខ» ចេះប្រើប្លង់សមឥតខ្ចោះ រូបភាពមានហេតុផល មានអត្ថន័យ តែអ្នកដឹកនាំសម្ដែង«ក»វិញ និយាយតាមត្រង់ ខ្ញុំមើលមិនចូលភ្នែកសោះ។

យ៉ាងណាវានៅតែមិនអាចបញ្ជាក់ថា ការគិតរបស់ខ្ញុំត្រូវ។ ក្នុងលោកនេះមានរឿងប្លែកច្រើនណាស់ ហើយគួរឱ្យហួសចិត្តណាស់។ អ្នកយល់នៅតែយល់ អ្នកមិនយល់នៅតែមិនយល់… វាដូចជាស្រេចលើឧបនិស្ស័យ។ តើអ្នកណាជាអ្នកកំណត់ទៅ?

ខែកញ្ញា 8, 2011 at 5:35 ល្ងាច មតិ 5

ស្រលាញ់ប៉ុណ្ណា ទើបវាសនាព្រមឱ្យជួបគ្នា?

ខែកញ្ញា 5, 2011 at 10:15 ព្រឹក មតិ 8

កុំយំ

ខែកញ្ញា 2, 2011 at 11:33 ព្រឹក មតិ 10

សួស្ដីថ្ងៃខួបកំណើត!

នេះជាថ្ងៃកំណើតខ្ញុំ… មិនចាំថា ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍ពីថ្ងៃកំណើត​ខ្លួន​ឯង​នៅ​អាយុ​ប៉ុន្មាន​ទេ ព្រោះ​ដល់​ថ្ងៃ​នេះ​ម្ដងៗ​ គ្មាន​អ្នក​ណា​រំឭក​ខ្ញុំ​សោះ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​ទៅ គឺ​មាន​មិត្តភក្តិ​​ប៉ុន្មាន​នាក់​បាន​ទិញ​នំ​មក​ឱ្យ​ខ្ញុំ។ ខួប​​កំណើត​លើក​ដំបូង… គិត​ទៅ​ខ្ញុំ​ក៏​អាច​ផ្លុំ​ទៀន​នំខួប​កំណើត​ដូច​គេ​ឯង​ដែរ។ តែ​និយាយ​តាម​ត្រង់ ខ្ញុំ​មិន​ដែល​ស្រមៃ​ឱ្យ​អ្នកណា​ធ្វើ​ខួប​កំណើត​ឱ្យ​ខ្ញុំ​សោះ ព្រោះ​​ទម្លាប់​នឹង​គ្មាន​ពិធី​ខួប​កំណើត​​ទៅ​ហើយ ហើយ​បែរ​ជា​រអៀស​ខ្លួន​ទៅ​វិញ ពេល​​មានគេ​ចាប់​អារម្មណ៍​ខ្ញុំ​បែប​នេះ។

ទោះ​យ៉ាងណា ពេល​គិត​ចុះ​ឡើង នេះ​ជា​ថ្ងៃ​ពិសេស​មួយ ទោះ​មិន​ចំពោះ​​អ្នកណា​ក៏​ដោយ តែ​ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​គួរ​តែ​ឱ្យ​តម្លៃ​ថ្ងៃ​នេះ ថ្ងៃ​ដំបូង​បំផុត​នៃ​វត្ថមាន​ខ្ញុំ​លើ​ផែន​ដី​នេះ។ តែ​ថា​ទៅ​មើ… ថា​តើ​នៅ​ថ្ងៃ​ពិសេស​បែប​នេះ ខ្ញុំ​គួរ​តែ​ធ្វើ​អ្វី​ទៅ? មាន​តែ​គិត​ពិចារណា​ប៉ុណ្ណោះ។ អរគុណ​ម៉ែ​ដែល​បាន​បង្កើត​ខ្ញុំ! ពេល​នេះ​ខ្ញុំ​អាយុ​២៧​ឆ្នាំ​ ក៏​ធំ​ដឹង​ក្ដី​ហើយ​… ខ្ញុំ​ត្រូវ​សង​គុណ​ម៉ែ​ ហើយ​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់ ថា​ខ្ញុំ​កើត​មក​ដើម្បី​អ្វី?

ជីវិត​នេះ​ជួប​រឿង​មិន​សម​បំណង​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​អាច​ចុះ​ចាញ់​ទេ ហើយ​ខ្ញុំ​ត្រូវ​តែ​សរសើរ​ខ្លួន​ឯង​ ដែល​អាច​រស់​រហូត​មក​ដល់​ពេល​នេះ ដែល​​បើ​ទោះ​ជា​យ៉ាងណា ក៏​មាន​មនុស្ស​ជា​ច្រើន​ស្រលាញ់​ចូល​ចិត្ត​ខ្ញុំ។ …បើ​គិត​ពី​រឿង​រ៉ាវ​កន្លង​មក ខ្ញុំ​​ជា​មនុស្ស​ម្នាក់​​​មើល​ស្រាល​ខ្លួន​ឯង ខ្វះ​ភាព​​ជឿ​ជាក់ ពោល​សត្រូវ​របស់​​ខ្ញុំ​គឺ​ស្រមោល​ខ្ញុំ​ខ្លួន​ឯង។ ចំណុច​មួយ​នេះ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​កែ។ មិន​ត្រូវ​ទន់​ជ្រាយ​ទៀត​ទេ ត្រូវ​​​តែ​ជឿ​ជាក់​ខ្លួន​ឯង និង​ត្រូវ​មាន​សង្ឃឹម… ញញឹម​ឱ្យ​បាន​ច្រើន​ជាង​និយាយ ហើយ​ក៏​ត្រូវ​ឧស្សាហ៍​ធ្វើ​ការ​ឱ្យ​ច្រើន​ជាង​ដេក​រវើរវាយ។

ខ្ញុំ​ជា​មនុស្ស​ម្នាក់​កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ១៩៨៤ នឹង​រស់​នៅ​ជា​មនុស្ស​ល្អ រស់​នៅ​ឱ្យ​មាន​ប្រយោជន៍​​​ដល់​មាតុភូមិ និង​ផែន​ដី ​មិន​ធ្វើ​ឱ្យ​អ្នក​ដែល​បង្កើត​ខ្ញុំ​មក​អស់​សង្ឃឹម​ឡើយ!

២៧ សីហា ២០១០

សុខ ចាន់ផល

ខែសីហា 27, 2011 at 9:10 ព្រឹក មតិ 9

នេះជាបេះដូងខ្មែរ

ខ្ញុំចង់ឃើញខ្មែរស្រលាញ់គ្នាដូចក្នុងបទចម្រៀងនេះ…

ប្រហែល​ជា​លោកអ្នកជ្រាបហើយ មានមតិរិះគន់ជាច្រើន ចំពោះសិល្បៈចម្រៀងខ្មែរបច្ចុប្បន្ន ហើយខ្ញុំមានពាក្យជាច្រើនដែលមិនដែលនិយាយ… បើនិយាយច្រើន មានខុសអ្វីពីការពារខ្លួនឯង ព្រោះខ្ញុំក៏ជាមនុស្សម្នាក់ក្នុងសិល្បៈ។ បែបនេះខ្ញុំក៏ចេះតែគិតថា តើគួរនិយាយឬមិនគួរ… ប៉ុន្តែដោយតាំងខ្លួនជាមនុស្សស្មោះត្រង់ តើមានរឿងអ្វីដែលគួរលាក់បាំងនោះ? អ៊ីចឹងខ្ញុំក៏សរសេរអត្ថបទនេះ ដើម្បីបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្ញុំ។ …គឺដូចខ្មែរគ្រប់គ្នាអ៊ីចឹង ខ្ញុំចង់ឃើញសិល្បៈខ្មែរល្បី ហើយខ្ញុំមិនចង់សរសេរទំនុកច្រៀងឱ្យបទភ្លេងចម្លងគេទេ ព្រោះទោះជាខ្ញុំខំប្រឹងរកអត្ថន័យចម្រៀងខ្លួនឯងយ៉ាងណា ក៏នៅតែមានឈ្មោះថាបទភ្លេងចម្លងគេ។ ប៉ុន្តែខ្ញុំបែរជាធ្វើវារាល់ថ្ងៃ ហេតុនេះខ្ញុំសង្ឃឹមថា អ្នកដែលមានសុភវិនិឆ្ឆ័យនឹងយល់អារម្មណ៍ខ្ញុំ។

ក្នុងជីវិតមនុស្សប្រហែលជាមានរឿងពីរសំខាន់ មួយគឺក្រពះ ពីរគឺឧត្តមគតិ។ ចំពោះអ្នកមាន ពួកគេអាចលែងខ្វល់ពីក្រពះ គិតតែម្យ៉ាងគឺឧត្តមគតិ។ ប៉ុន្តែចំពោះអ្នកក្រដូចជាខ្ញុំ ដើម្បីរស់សម្រេចឧត្តមគតិ ត្រូវតែគិតពីក្រពះសិន។ ហេតុនេះខ្ញុំក៏ទ្រាំសរសេរទំនុកច្រៀងឱ្យបទភ្លេងចម្លង ដើម្បីអាចមានឱកាសសរសេរទំនុកច្រៀងឱ្យបទភ្លេងខ្មែរនិពន្ធថ្មីៗ និងដើម្បីបង្ហាញគំនិតអប់រំមួយចំនួនក្នុងបទចម្រៀង ពោលបើទោះជាបទភ្លេងចម្លង តែក៏មានអត្ថន័យជួយសង្គមបានខ្លះ ដូចជាបទ ក្រោកឈរ ឈាមពេជ្រ ព្រោះយើងជាមិត្ត និស្សិតជួបស្នេហ៍ ស្រលាញ់គឺលះបង់ ស្នេហ៍ស្មោះពិតជាមាន និងបទផ្សេងៗទៀត ដែលខ្ញុំព្យាយាមរកន័យលួងលោមអ្នកស្ដាប់ឱ្យរៀនរស់ដោយចិត្តត្រជាក់ លះបង់អារម្មណ៍ស្អប់ខ្ពើមគ្នា។ ជាលទ្ធផល រហូតមកដល់ពេលនេះ ខ្ញុំសរសេរទំនុកច្រៀងបានរាប់រយបទ ដែលក្នុងនោះមានបទភ្លេងខ្មែរនិពន្ធថ្មីរាប់សិនបទផងដែរ ទាំងបានចេញលក់ និងមិនទាន់ចេញលក់។

ដូចដែលលើកឡើងនេះ ខ្ញុំចង់បញ្ជាក់ថា បើខ្ញុំមិនព្រមតែងទំនុកច្រៀងឱ្យបទភ្លេងចម្លង ខ្ញុំក៏គ្មានឱកាសតែងបទថ្មីរបស់ខ្មែរ ក៏មិនអាចបញ្ចេញគំនិតអប់រំរបស់ខ្លួន។ ដូចគ្នា បើផលិតកម្មស្រុកខ្មែរមិនចម្លងបទភ្លេងគេខ្លះ ផលិតកម្មនោះក៏មិនអាចឈរខ្លួនហ្នឹង ត្បិតលក្ឌខណ្ឌស្រុកទេសមិនទាន់អំណោយផលក្នុងការផលិតស្នាដៃថ្មីនៅឡើយ។ អ្នកស្ដាប់មួយចំនួនបន្ទោសអ្នកផលិត ខណៈដែលអ្នកស្ដាប់ជាច្រើនមិនទាន់ឱ្យតម្លៃស្នាដៃផលិតថ្មីសោះ។ ប៉ុន្តែការបន្ទោសនេះមិនទាន់មានប្រសិទ្ធភាព ក៏មិនមែនជាដំណោះស្រាយ ផ្ទុយទៅវិញបានត្រឹមតែជម្លោះ ព្រោះខ្មែរមិនយល់អារម្មណ៍គ្នា។

ជួនកាលខ្ញុំគិតជ្រៅពីសិល្បៈខ្មែរ ថាតើដល់ពេលណាទើបរីកចម្រើន សម័យកូនខ្ញុំ ឬក៏ចៅខ្ញុំ? សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ខ្ញុំរស់មិនយូរទេ ក៏មិនចង់ឱ្យអ្នកណាស្អប់ឈ្មោះខ្ញុំដែរ។ និយាយបែបនេះមិនមែនខ្ញុំចង់កែប្រែចិត្តអ្នកដែលរិះគន់ខ្ញុំឱ្យស្រលាញ់ខ្ញុំទេ តែខ្ញុំចង់ឃើញខ្មែរចេះស្រលាញ់គ្នាច្រើនជាងនេះ ហើយចាប់ដៃគ្នាដើម្បីអនាគត។ បើឃើញបងប្អូនយើងធ្វើចោរ យើងត្រូវរកមូលហេតុ ហើយជួយសង្គ្រោះគ្នា មិនមែនឈ្លោះគ្នាប្រកាសតាមអ៊ីនធើណេតទេ។ ធ្វើបែបនេះដើម្បីអ្វី? តើអ្នកឈរជាខ្មែរឬក៏ជាតិណា? នេះមិនមែនហៅថា មានមនសិកាជាតិទេ គឺជាន់ជាតិឯង ព្រោះនៅតាមអ៊ីនធើណេត តើមានជាតិណាខ្លះដែលបានឃើញ? តើពួកគេនឹងយល់យ៉ាងម៉េច? ខ្ញុំបែរជាសរសើរជាតិគេ ពេលឃើញគេចេះការពារគ្នា ចេះលាក់បាំងរឿងអាស្រូវគ្នា ព្រោះពួកគេពិតជាស្រលាញ់គ្នាដូចបងប្អូនមែន។

ពេលនេះខ្មែរមិនមែនទន់ខ្សោយតែផ្នែកសិល្បៈទេ តែបើយើងចង់ដោះស្រាយផ្នែកសិល្បៈមុន គឺដូចខ្ញុំនិយាយអ៊ីចឹង ត្រូវស្រលាញ់គ្នាជាមុនសិន ហើយលើកទឹកចិត្តគ្នាឱ្យផលិតស្នាដៃថ្មីៗដោយខ្លួនឯង។ រឿងមួយនេះមិនមែនម្នាក់ឯងធ្វើបានទេ តែទាល់តែផ្ដើមពីអ្នក ហើយទាល់តែអ្នកជួយណែនាំដល់មិត្តភក្តិបងប្អូនអ្នក។ គិតទៅមើល បើម្នាក់ៗសុទ្ធតែគាំទ្រស្នាដៃផលិតថ្មី ហើយឈប់ទិញស្នាដៃចម្លង តើក្រុមហ៊ុនផលិតចម្រៀងផលិតបទភ្លេងចម្លងទៀតទេ? ខ្ញុំជាអ្នកនិពន្ធម្នាក់ នឹងសប្បាយចិត្តបំផុត ហើយខ្ញុំជឿថា ពេលនោះតម្លៃជាអ្នកនិពន្ធខ្មែរនឹងប្រសើរជាងពេលនេះ។

បើមានទាស់ខុសអី សូមអនុគ្រោះផង! ខ្ញុំស្រលាញ់ខ្មែរ ស្រលាញ់បងប្អូនខ្មែរគ្រប់គ្នា!

ពីខ្ញុំ សុខ ចាន់ផល

ខែសីហា 26, 2011 at 3:53 ល្ងាច មតិ 20

ខ្ញុំក៏ឯកាដែរ… ហេតុនេះអ្នកមិនឯកាឡើយ!

 

ខែសីហា 24, 2011 at 4:00 ល្ងាច មតិ 8

Older Posts Newer Posts


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,765 hits
Visit Cute-Spot.com!