សង្សារ១៤ថ្ងៃ

SS 14 Days

ស្អែកគឺ១៤កុម្ភៈ ហើយយើងទាំងពីរនាក់ក៏មានឈ្មោះជាសង្សារបាន១៤ថ្ងៃដែរ។ (សើច) 😆 មនុស្សគ្រប់គ្នានៅតែមិនជឿថាពួកយើងជាសង្សារ សូម្បីតែពួកម៉ាកខ្ញុំក៏ហួសចិត្តនឹងខ្ញុំដែរ។ ចំណែកអ្នកខ្លះហាក់ដូចជាចង់បញ្ជាក់ណាស់ ថាអ្វីដែលខ្ញុំកំពុងតែជួបគឺជារឿងក្លែងក្លាយ។ ពួកគេចង់ដឹងជាងខ្ញុំទៅទៀត ហិហិហិ

អ្នកភូមិប្លក់ដែលកំពុងតែអាននេះ ប្រាកដជាមិនដឹងថាម៉េចក៏បែបនេះ ឬក៏កំពុងតែឆ្ងល់ថា ខ្ញុំកំពុងតែនិយាយពីអី មែនទេ?

មានបុរសម្នាក់ដែលខ្ញុំលួចស្រលាញ់ ក៏ជាបុរសដែលមនុស្សស្រីជាច្រើនលួចស្រលាញ់ ហើយពេលនេះគេក៏ក្លាយជាសង្សារខ្ញុំ តែមនុស្សគ្រប់គ្នានៅតែមិនជឿ និងប្រើពាក្យថា «សង្សារតែឈ្មោះ» សារភាពថាគេសង្ហាខ្លាំង តែខ្ញុំ… ហាក់មិនសមគ្នានឹងគេសោះ។ មិនមែនខ្ញុំមិនដឹងខ្លួនទេ តែបើវាជាឱកាស ហេតុអ្វីខ្ញុំត្រូវបោះបង់? ហេតុនេះខ្ញុំមានតែព្យាយាមបង្កើតមនោសញ្ចេតនារវាងពួកយើងទាំងពីរ។

ស្អែកនេះគឺជាថ្ងៃដែលគូស្នេហ៍បង្ហាញក្ដីស្រលាញ់ដាក់គ្នា… ពួកគេរំពឹងចង់បានកាដូពីភាគីម្ខាងទៀត។ ខ្ញុំក៏ដូចគ្នា តែគ្មានអ្នកណាជឿទេថា ម្នាក់នោះនឹងមានកាដូជូនខ្ញុំ។ ប្រាប់ត្រង់ខ្ញុំក៏ខូចចិត្តដែរ បើអ្វីដែលពួកគេគិតក្លាយជាការពិត តែ… ខ្ញុំបានត្រៀមកាដូសម្រាប់គេវិញ ហើយខ្ញុំជឿថា ស្នេហាកើតឡើងពីការចាប់ផ្ដើម​ មិនថាប្រុសឬស្រី សុទ្ធតែអាចធ្វើជាអ្នកចាប់ផ្ដើមបានដូចគ្នា។

យ៉ាងណា ក៏ចង់បានយោបល់ពីអ្នកអានទាំងអស់គ្នា ជួយប្រាប់ខ្ញុំម្នាក់មួយម៉ាត់មកថា ក្នុងនាមជាមនុស្សស្រី ការធ្វើបែបនេះ គឺល្ងង់ កំពុងតែបន្ទាបតម្លៃខ្លួនឯង ឬក៏គាំទ្រខ្ញុំ?

Advertisements

ខែសីហា 9, 2017 at 5:42 ល្ងាច មតិ 6

៥ចំណុច បញ្ជាក់ថាបុរសម្នាក់នោះពិតជាស្រាញ់យើង

wallpaper_l

ក្នុង​រឿង​ស្នេហា​ យើង​អាច​ច្រឡំ​គ្នា​​រវាង​បុរស​ដែល​ច្បាស់លាស់​ និង​អ្នក​ដែល​គ្រាន់​តែ​​យក​ស្នេហា​ដើម្បី​កំដរ​អារម្មណ៍។​ ស្រី​ៗ​គួរ​ចំណាំ​៖ ​

១. គេដឹងគ្រប់​យ៉ាង​ពី​យើង៖ គេអាចនឹងដឹងពីយើងច្រើនជាងយើងខ្លួនឯងទៅទៀត ដូចជា កិច្ចការដែលយើងចូលចិត្តធ្វើ ឬក៏មនុស្សដែលយើងស្គាល់សិ្នទ្ធស្នាល។

២. គេគោរពឱ្យតម្លៃយើង៖ គេតែងស្ដាប់នូវអ្វីដែលយើងនិយាយ ដោយឱ្យតម្លៃយើង បើទោះជាយើងនិយាយខុសក៏ដោយ ហើយគេក៏មិនចេះបង្ខំយើង ឧទាហរណ៍បើយើងមិនឱ្យគេថើប គេក៏បានត្រឹមតែញញឹម។

៣. គេធ្វើរឿងផ្សេងៗឱ្យយើងរំភើប៖ សារជាតិជាបុរសអាចនឹងមិនសូវចេះបង្កើតរឿងរ៉ូម៉េនទិកទេ តែបើគេស្គាល់ក្ដីស្រលាញ់ គេនឹងផ្លាស់ប្ដូរខ្លួនឯង។

៤. គេផ្ញើសារស្វីតៗមកយើងយប់ព្រឹក៖ ពេលយប់គេប្រាកដជាផ្ញើសាររាត្រីសួស្ដី ពេលព្រឹកអរុណសួស្ដី។

៥. គេព្យាយាមដើម្បី​យើង៖ ឧទាហរណ៍​ថា​គេ​មិន​ចូលចិត្តរៀនសូត្រ​ទេ​ តែ​ដោយ​សារ​យើង​ គេ​ក៏​មិនហ៊ានគេចរៀនសូម្បីតែមួយម៉ោង។ នេះ​ហើយ​ជា​ស្នេហា​ដ៏​ជ្រាលជ្រៅ​នោះ៕

 

 

ខែសីហា 9, 2017 at 5:37 ល្ងាច បញ្ចេញមតិ

វិបស្សនាកម្មដ្ឋាន

ខែមិថុនា 23, 2017 at 11:08 ល្ងាច បញ្ចេញមតិ

ប្រាក់ធ្លាក់មកពីណា?

ក៖ ចង់ក្លាយជាមនុស្សជោគជ័យ ធ្វើយ៉ាងម៉េចទៅ?
ខ៖ អានសៀវភៅស្ដីពីបទពិសោធន៍អ្នកជោគជ័យទៅ!
ក៖ សៀវភៅថ្លៃ មានលុយឯណាទិញ…
ខ៖ …
យល់យ៉ាងណា? គ្រប់យ៉ាងត្រូវមានការចាប់ផ្ដើម ភាពជោគជ័យត្រូវមានការខិតខំ គ្មានអ្វីដែលបានមកទទេៗនោះទេ។ នៅពេលដែលអ្នកចង់បានអ្វីមួយ សូមឱ្យអ្នកចេះឆ្ងល់ថា របស់នោះនឹងធ្លាក់ពីលើមេឃឬក៏យ៉ាងម៉េច? តើពិតជាមានរបស់ធ្លាក់ពីលើមេឃមកមិនចេះអស់ មែនទេ? ឬក៏ម្នាក់ទទួលបាន ម្នាក់បាត់បង់?

ខ្ញុំសូមលើករឿងមួយមកនិយាយ។ ពេលនេះគឺខ្ញុំកំពុងតែរៀបចំថតរឿងខ្លីមួយ «កាបូបលុយ»។ ដំបូងខ្ញុំគិតថា នឹងចំណាយឱ្យអស់តិចបំផុត ទើបខ្ញុំព្យាយាមរកក្រុមការងារស្ម័គ្រចិត្តមកចូលរួម។ សាច់រឿងដែលនឹងផ្ដល់សារដល់អ្នកមើល ខ្ញុំចង់ធ្វើដោយក្ដីស្រលាញ់ មិនប្រើលុយ មិនដើម្បីលុយ រួចខ្ញុំក៏ស្នើថវិកាសមល្មមទៅអ្នកមានលទ្ធភាព ក្រែងបានទទួលការឧបត្ថម្ភ ទៅលើសម្ភារៈថត និងក្រុមបច្ចេកទេស។ កាលពីម្សិលមិញយើងក៏ប្រជុំក្រុម និយាយពីអ្នកចូលរួម និងខ្ទង់ចំណាយ ក៏ឃើញថាខ្ទង់ចំណាយលើសពីថវិកាដែលខ្ញុំប្រាប់អ្នកឧបត្ថម្ភ។ យើងបានបន្ថយចំនួនថ្ងៃផលិត ពី២ថ្ងៃ មកត្រឹម១ថ្ងៃវិញ ហើយខ្ញុំសម្រេចថា នឹងបន្ថែមប្រាក់ខ្លួនឯងបង្រ្គប់។
15195890_1300853123320956_833543220336439609_o
ពេលគិតឡើងវិញខ្ញុំសប្បាយចិត្ត ត្បិតអាចបង្កើតការងារ និងចំណូលឱ្យក្រុមការងារដែលបានចូលរួម។ ខ្ញុំមិនមានចិត្តស្ដាយប្រាក់ទេ តែខ្ញុំស្រាប់តែនឹកភ្លាមថា កញ្ចប់ប្រាក់នោះតើបានពីណា? អ្នកឧបត្ថម្ភនឹងទទួលបានអ្វីទៅវិញ? ខ្ញុំសង្ឃឹមថា គ្រប់គ្នាសុទ្ធតែបានប្រយោជន៍ពីគម្រោងរបស់ខ្ញុំ។

ខែវិច្ឆិកា 28, 2016 at 11:01 ព្រឹក មតិ ១

ថ្ងៃសម្ពោធរឿង ទេសចរឋាននរក

image

អរគុណមិត្តសិល្បករ ដែលបានមកចូលរួមកាលពីម្សិលមិញ ហើយសុំទោសមិត្តភក្តិខ្ញុំទាំងឡាយ ដែលខ្ញុំអត់បានអញ្ជើញមកចូលរួម ព្រោះសំបុត្រអស់ត្រឹមតារា តែក្នុងចិត្តខ្ញុំ មិត្តភក្តិជាអ្នកនិពន្ធ ជាអ្នកដឹកនាំសម្ដែង ជាអ្នកចូលចិត្តមើលកុន និងអ្នកគាំទ្រខ្ញុំទាំងអស់គ្នា ពិតជាសំខាន់បំផុត ❤

PS: មិត្តភក្តិសរសើរថា រឿង #ទេសចរណ៍ឋាននរក ល្អមើល ស្រមើស្រមៃ Creative តែខ្ញុំមិនសូវជឿទេ ព្រោះមិត្តភក្តិតែងតែនិយាយលើកទឹកចិត្តអ៊ីចឹងហើយ តែដល់គិតៗទៅ បើមិនជឿមិត្តភក្តិ ឱ្យទៅជឿអ្នកណា?

ខែកញ្ញា 29, 2016 at 12:02 ល្ងាច មតិ ១

ទេសចរណ៍ឋាននរក

14368914_599656900194961_5779987087689123432_n

ភាពយន្តនេះគឺជាការឆ្លើយតបដ៏រំភើបមួយពីខ្ញុំទៅកាន់អ្នកគាំទ្រ។ ពេលនេះ ចំណងជើងតូចមួយ #ទេសចរណ៍ឋាននរក នៅក្នុងសៀវភៅ #ចង្កៀងនិទានរឿងខ្មោច បានលេចចេញជារូបរាងភាពយន្តហើយ។ បើទោះជាវាមិនល្អឥតខ្ចោះដូចក្នុងក្ដីស្រមៃ តែវាបានបង្រៀនខ្ញុំយ៉ាងច្រើនពីការងារផលិត និងផ្ដល់ឱ្យខ្ញុំយ៉ាងច្រើននូវបទពិសោធន៍ជីវិត ទើបខ្ញុំចាត់ទុកថា ស្នាដៃមួយនេះជាចំណុចផ្ដើមដ៏មានតម្លៃក្នុងជីវិត។ ក្នុងសាច់រឿងនេះ មានប្រយោគមួយនិយាយថា «បើយើងជាមនុស្សល្អ ពេលវេលានឹងនាំយកមនុស្សដែលមិនល្អ ឱ្យចាកចេញពីជីវិតយើង» ដែលនេះជាកម្លាំងចិត្តមួយ ធ្វើឱ្យខ្ញុំកាន់តែស្រលាញ់ការធ្វើល្អ។ ធ្វើល្អ ទោះជាមិនបានផលក្នុងពេលនេះ តែវានឹងមានផ្លែផ្កានៅថ្ងៃក្រោយ។ ឆាកជីវិតមិនគួរឱ្យខ្លាចពេកទេ បើយើងព្យាយាមយល់ឱ្យច្បាស់។ មានប្រយោគមួយទៀត ដែលខ្ញុំទើបតែអាន គឺ «បើមានអារម្មណ៍ថា ខ្លួនឯងដូចកំពុងតែធ្លាក់នរក អ៊ីចឹងទៅលេងនរកឱ្យស្គាល់ម្ដងទៅ»

14446088_10154706559333816_3959253699343623186_nសង្ខេបរឿង #ទេចរណ៍ឋាននរក៖ វាសនាជាអ្នកនិពន្ធ ចង់សរសេររឿងខ្មោចឱ្យល្បី ត្រូវទីផ្សារ ហើយនៅយប់មួយគេក៏បានទទួលទូរស័ព្ទពីក្រុមហ៊ុនទេសចរណ៍ឋាននរក អញ្ជើញគេទៅទស្សនា និងសិក្សា ដើម្បីការងាររបស់គេ។ នៅឋាននរក វាសនាបានជួបនឹង បញ្ញា ជាមគ្គុទេសនាំផ្លូវគេ។ បញ្ញា ធ្វើឱ្យវាសនាមើលដឹងថា នាងខ្លាចប៉ូលីស ព្រោះនាងជាជនអន្តោប្រវេសន៍ខុសច្បាស់នៅឋាននរក។ សាច់រឿងរបស់បញ្ញា ពិតជាធ្វើឱ្យវាសនាចាប់អារម្មណ៍ ហើយបន្ទាប់មកក៏កើតចិត្តអាណិត និងស្រលាញ់នាង តែក៏ដល់ពេលដែលគេត្រូវត្រឡប់មកឋានមនុស្សវិញ។

14352174_1743263385890921_6770260106891600380_o

ខែកញ្ញា 24, 2016 at 2:58 ល្ងាច បញ្ចេញមតិ

សួស្ដី?

13920761_10154581471078816_8628534057386673156_n

តាំងពីតូច ពេលជួបអ្នកណា ខ្ញុំតែងតែញញឹមដាក់គេ។ មានអារម្មណ៍ថា មិនអស់ចិត្ត បើមិនបានបង្ហាញការរាក់ទាក់ទៅអ្នកស្គាល់ ពេលជួបគ្នា ហើយពេលនេះខ្ញុំទើបតែយល់ហេតុផល ថានេះជាសុជីវធម៌ រីឯការញញឹមនោះគឺជំនួសនូវពាក្យសួស្ដី?

ខ្ញុំមិនចេះនិយាយរាក់ទាក់ទេ ក្រៅពីញញឹម  ហើយខ្ញុំចូលចិត្តសង្កេតអ្នកដទៃ ថាគេធ្វើយ៉ាងម៉េចដាក់គ្នា។ ធម្មតាខ្មែរយើង ពេលជួបគ្នាចូលចិត្តសួរសុខទុក្ខ ឬនិយាយពីអ្វីដែលគេចង់ដឹង ឬចង់ប្រាប់ឱ្យដឹង ដោយមិនទម្លាប់និយាយ «សួស្ដី» សិននោះទេ។ ខ្ញុំរកពាក្យនិយាយមិនបាន ព្រោះខ្ញុំយល់ថា មិនសូវស្និទ្ធស្នាល មិនល្មមនឹងសួរគេពីបញ្ហា ខ្លាចគេទើសទាល់។ មែនហើយ គឺ «សួស្ដី» នេះហើយ ដែលវប្បធម៌បរទេសចូលចិត្តនិយាយបំផុតពេលជួបគ្នា ហើយដោយខ្លាចថានិយាយដដែលៗ គេក៏បង្កើតពាក្យនិយាយផ្សេងទៀត ដោយអត្ថន័យដូចគ្នានឹង «សួស្ដី» ដូចជា អរុណសួស្ដី ទិវាសួស្ដី ព្រលប់សួស្ដី រាត្រីសួស្ដី ជាដើម។

ខ្ញុំទើបតែដឹងថា ខ្ញុំជាមនុស្សម្នាក់ចូលចិត្តវិភាគពីវប្បធម៌ ហើយក៏នឹកឃើញពីចម្លើយរបស់សំណួរមួយ ដែលគេចូលចិត្តសួរថា ធ្វើម៉េចខ្លះដើម្បីក្លាយជាអ្នកនិពន្ធ? គឺត្រូវពូកែវិភាគ វិភាគពីវប្បធម៌ វិភាគពីជីវិត វិភាគពីមនុស្ស វិភាគពីអារម្មណ៍ វិភាគពីធម្មជាតិ ដែលទាំងនេះជាទុនដ៏សំខាន់ក្នុងអាជីពជាអ្នកនិពន្ធ បន្ថែមពីលើទេពកោសល្យអក្សរសាស្ត្រ។ ស្នាដៃនិពន្ធ ឬសំណេររបស់យើងនឹងកាន់តែមានតម្លៃ នៅពេលដែលយើងមានការវិភាគកាន់តែខ្ពស់។

ខែកញ្ញា 17, 2016 at 3:06 ល្ងាច មតិ ១

អត្ថបទ​ចាស់​ជាង​នេះ​


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,967 hits
Visit Cute-Spot.com!