ការបោះពុម្ពសៀវភៅខែរងា

ខែមករា 18, 2011 at 5:50 ល្ងាច មតិ 22

ជូនចំពោះមនុស្សគ្រប់គ្នា ដែលស្រលាញ់អនុស្សាវរីយ៍


ដូចខ្ញុំធ្លាប់សរសេរអត្ថបទមួយ «ប្រលោមលោកនៃខែរងា» ដោយប្រាប់​គេ​ថា «ប្រលោមលោកនេះ ខ្ញុំសរសេរកាលពីខែរងាឆ្នាំ ២០០៦ គឺបរិយាកាសខែរងានោះបានផ្តល់សាច់រឿងនេះឱ្យខ្ញុំ… ឆ្នាំ ២០០៦ ស្រុកខ្មែរចូលខែរងានៅពាក់កណ្ដាលខែធ្នូ មានរយៈពេលខ្លីទេ តែល្មមនឹងខ្ញុំអាចសរសេរប្រលោមលោកមួយនេះចប់។ សាច់រឿងនេះពីដើមដល់ចប់ គឺកើតឡើងចំតែខែរងាប៉ុណ្ណោះ គឺ ឆ្នាំ ២០០៦ ឆ្នាំ ២០០៧ និង ឆ្នាំ ២០០៨ ។ ខ្ញុំមិនទាន់បានបោះពុម្ពសៀវភៅនេះនៅឡើយទេ សង្ឃឹមថាអាចបោះពុម្ពនៅខែរងាឆ្នាំ ២០១០ ទៅចុះ!»

ប៉ុន្តែដល់ខែរងាឆ្នាំ២០១០ ខ្ញុំគ្មាន​សង្ឃឹម​ថា​អាច​បោះពុម្ព​បាន​សោះ… ស្រាប់​តែ​​ក្រុម យុវអ្នកនិពន្ធខ្មែរ បាន​រៀបចំ​កម្មវិធី​ជួប​ជុំ​មួយ ហើយ​មិត្តភក្តិ​ជា​ច្រើន​ចង់​ឱ្យ​ខ្ញុំ​បោះពុម្ព​សៀវភៅ​យក​ទៅ​តាំង​ពិព័រណ៍។ ព្រោះ​ជា​ឱកាស​ល្អ ខ្ញុំ​ក៏​សម្រេច​រៀបចំ​កែ​រឿង​ទាំង​មូល​ដើម្បី​បោះពុម្ព​ជា​សៀវភៅ ក្នុង​ចំនួន​តិច​តួច​ដើម្បី​ដាក់​តាំង​ស្នាដៃ ក៏​ដូច​ជា​ធ្វើ​តាម​ក្តី​រំពឹង​ខ្លួន​ឯង​ ដែល​ចង់​ចេញ​ផ្សាយ​សៀវភៅ​នេះ​ក្នុងខែងា​ឆ្នាំ​២០១០​ផង។

ខ្ញុំ​បាន​ផ្ញើ​សំណេរដើម​នេះ​ទៅ​មិត្ត​ជា​ច្រើន​ ដើម្បី​ឱ្យ​ពួក​គេ​ជួយ​កែ និង​ផ្ដល់​គំនិត​ស្ថាបនា​មុន​នឹង​ផ្សាយ ដែល​ក្នុង​នោះ​​ក៏​មាន​បង​ស្រី​ លឹម សន្តិភាព ​ម្នាក់​ដែរ។ បងស្រី​រស់​នៅ​ប្រទេស​កាណាដា ហើយ​តែង​តែ​រាប់​អាន​ និង​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​ខ្ញុំ ថែម​ទាំង​ធ្លាប់​ផ្ដាំ​ផ្ញើ​ថា បើ​មាន​ស្នាដៃ​ចង់​ចេញ​ផ្សាយ ឱ្យ​ប្រាប់​គាត់ ព្រោះ​គាត់​មាន​មិត្ត​ភក្តិ​ល្អៗ​ជា​ច្រើន​ដែល​ចូល​ចិត្ត​ជួយ​គ្នា។ បែប​នេះ​ខ្ញុំ​ក៏​ហ៊ាន​បង្ហើប​រឿង​នេះ​ដល់​គាត់ បើ​ទោះ​ជា​មិន​សូវ​មាន​សង្ឃឹម​ក៏​ដោយ។

វា​ប្រថុញ​ញ៉ុច​បំផុត​ ដើម្បី​ធ្វើ​សៀវភៅ​ដាក់​តាំង​ឱ្យ​ទាន់​ពេល ទើប​ខ្ញុំ​ខំ​តឿន​មិត្ត​ភក្តិ​ឱ្យ​ជួយ​ខ្ញុំ រហូត​ដល់​ខ្លាច​ចិត្ត​​ពួក​គេ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ខ្ញុំ​​បាន​ទទួល​ម៉ែល​ឆ្លើយ​តប​ពី​បង​ស្រី សន្តិភាព រាល់​ថ្ងៃ… ដែល​ដំបូង​គាត់​ប្រាប់​ថា គាត់​បាន​ប្រាប់​មិត្ត​ភក្តិ​ហើយ តែ​​​​ខ្ញុំ​​មិន​សំណាង​ទេ។ ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ដោយ​រំភើប​ថា អត់​អី​ទេ ព្រោះ​ការ​ខ្វល់​ខ្វាយ​ជួយ​របស់​គាត់​​ធ្វើ​ឱ្យ​ខ្ញុំ​កក់​ក្ដៅ​ណាស់​ហើយ។ ខ្ញុំ​មិន​​អស់​សង្ឃឹម​ទេ ព្រោះ​មក​ពី​ខ្ញុំ​​គ្មាន​ជំនឿ​ចិត្ត​ថា​អាច​រក​បាន​ជំនួយ ប៉ុន្តែ​មិន​ស្មាន​ថា​ស្អែក​ឡើង​ ខ្ញុំ​ក៏​បាន​ទទួល​ម៉ែល​ពី​គាត់​​ទៀត ដែល​​​បែរ​ជា​ប្រាប់​ថា​មាន​​មិត្ត​ភក្តិ​គាត់​ជា​ច្រើន​​ចង់​​ជួយ​ខ្ញុំ។

យប់មួយ​នោះ ប្រហែល​ជា​ម៉ោង​១២​យប់ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​កាណាដា គឺ​បង​​សន្តិភាព ទូរស័ព្ទ​មក​ទាំង​រីក​រាយ​… គាត់​ថា​​ទ្រាំ​មិន​ប្រាប់​មិនបាន​ទេ​ ព្រោះ​មាន​លោកពូ​​ម្នាក់​បាន​ជួយ​ខ្ញុំ​ដល់​ទៅ​៥០០​​ដុល្លារ។ វា​ជិត​គ្រប់​សម្រាប់​បោះពុម្ព​សៀវភៅ​មួយ​ពាន់​ក្បាល​ហើយ ព្រោះ​មិត្តភក្តិ​របស់​គាត់​ជា​ច្រើន​ទៀត​បាន​សន្យា​ជួយ​​ខ្ញុំ​ម្នាក់​ ២០ ឬ​៣០​ដុល្លារ​​ផង​ដែរ។ ខ្ញុំ​រំភើប​ណាស់ មាន​អារម្មណ៍​ថា​«ពិត​មែន​អ្ហ?» ខ្ញុំ​ពិត​ជា​ទទួល​ការ​ជួយ​ជ្រោម​ជ្រែង​បែប​នេះ​ឬ?

វា​ជា​កម្លាំង​ចិត្ត​ដ៏​ខ្លាំង​ក្លា​មួយ​​ក្នុង​ជីវិត​ខ្ញុំ។ វា​បាន​មក​ពី​ក្តី​ស្រលាញ់​អាណិត និង​ការ​ទុក​ចិត្ត​ពី​មនុស្ស​ដែល​ខ្ញុំ​បាន​ស្គាល់។ មួយ​រយៈ​នោះ​ខ្ញុំ​ស្ទើរ​តែ​ចោល​ការងារ​ក្រុមហ៊ុន​ទាំង​ស្រុង ហើយ​ខំ​ធ្វើ​សៀវភៅ​ទាំង​យប់ រហូត​ដល់​ឈឺ។ រៀង​រាល់​ថ្ងៃ​ខ្ញុំ​និង​បង​ស្រី​បាន​ជជែក​ពី​ការងារ​នេះ​តាម​ម៉ែល និង​ទូរស័ព្ទ។ ខ្ញុំ​តាំង​ចិត្ត​ថា ខ្ញុំ​នឹង​ធ្វើ​សៀវភៅ​នោះ​ឱ្យ​បាន​ល្អ​បំផុត។

ខ្ញុំ​បាន​ជួប​​រឿង​ចៃ​ដន្យ​ច្រើន​ណាស់​​ក្នុង​ការងារ​​ដ៏​​តក់​ក្រហល់​មួយ​នេះ។ ក្រៅ​ពី​បងភាព ខ្ញុំ​ពិត​ជា​អរគុណ​មិត្តភក្តិ​ប៉ុន្មាន​នាក់ ដែលពួក​គេ​ក៏​​បាន​ជួយ​ជ្រោម​ជ្រែង​ខ្ញុំ​។ ក្នុង​នោះ​គឺ​មាន​រឿង​មួយ​ទាក់​ទង​នឹង​ក្រប​សៀវភៅ… បង​ កៅ សីហា ​ខំ​ជួយ​ណាត់​តួ​​មក​ថត​ឱ្យ​ខ្ញុំ តែ​តួ​បែរ​ជា​រវល់ ត្រូវ​លើក​ថ្ងៃ ធ្វើ​ឱ្យ​ខ្ញុំ​បារម្ភ​មែន​ទែន ខ្លាច​​បោះពុម្ព​មិន​ទាន់​ថ្ងៃដាក់​តាំង។ ចៃដន្យ​ពេល​ខ្ញុំ​សុំ​​ស្ទូឌីយូ​​បង ខាំ​ ភូរិ ថត​រូប គាត់​ក៏​ប្រាប់​ថា រឿង​ខែរងា​អ៊ីចឹង​សម​តែ​ទៅ​ថត​នៅ​ខេត្ត​មណ្ឌល​គីរី ហើយ​ឱ្យ​យោបល់​ថា គាត់​បាន​ថត​រូប ឆន សុវណ្ណរាជ នៅ​ខេត្ត​នោះ​ជាមួយ​នឹង តេង លក្ខិណា … សាក​សុំ​មេ​មើល៍ យក​រូប​ រាជ ដាក់​ធ្វើ​ក្រប​តែ​ម្ដង​ទៅ។ មុន​ដំបូង​មិន​ទាន់​សម្រេច​ចិត្ត​ទេ ព្រោះ​ជាប់​មាត់​ហៅ​តួ​មក​ថត​​ទៅ​ហើយ ប៉ុន្តែ​ការងារ​ថត​នោះ​គឺ​រអាល់​រអួល​ណាស់ ហើយ​ម្យ៉ាង​តួស្រី​ដែល​នឹង​មក​ថត​នោះ មុខ​មិន​ដូច​តួស្រី​ដែល​​ខ្ញុំ​សរសេរ​​សោះ តែ​បើ​ជា​ តេង លក្ខិណា វិញ​ គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង។

គឺ​មាន​រឿង​ចៃ​ដន្យ​ល្អៗ​ជា​ច្រើន​ទៀត​ ដែល​ខ្ញុំ​រៀបរាប់​មិន​អស់ ហើយ​បើ​ទោះ​ជា​ខ្ញុំ​មិន​អាច​បោះពុម្ព​ទាន់​ពេល​តាំង​ពិព័រណ៍​មែន ក៏​ទី​បំផុត​​ខ្ញុំ​ធ្វើ​បាន​សៀវភៅ​មួយ​ក្បាល​ ដែល​ល្អ​លើស​ពី​ការ​រំពឹង​ទុក។

យប់មួយ​ដែល​ខ្ញុំ​ខំ​កែ​រឿង… កែ​ហើយ​ កែ​ទៀត ព្រោះមិនចង់ឱ្យ​អ្នក​​ដែល​គាំទ្រខ្ញុំខក​ចិត្ត!

 

Entry filed under: ប្រលោមលោក, សៀវភៅ.

ជូនចំពោះអ្នកអាន ស្នេហាសុភាពបុរស ស្រលាញ់ខ្ញុំម្ដងទៀតបានទេ?

22 មតិ Add your own

  • 1. វិចូច  |  ខែមករា 18, 2011 ម៉ោង 6:33 ល្ងាច

    ខ្ញុំ​សុំ​ជួយ​លើក​ទឹក​ចិត្ត និង គាំទ្រ​បង​ផល​យ៉ាង​ពេញ​ទំហឹង 😉 ខ្ញុំ​កំពុង​តែ​ទន្ទឹង​រង់​ចាំ​រឿង​ប្រលោម​លោក​មួយ​នេះ…….

    ឆ្លើយតប
  • 3. Neary  |  ខែមករា 18, 2011 ម៉ោង 7:25 ល្ងាច

    Me too. I will support you na oun.

    ឆ្លើយតប
  • 4. Long  |  ខែមករា 18, 2011 ម៉ោង 9:26 ល្ងាច

    រងចាំមើលជានិច្ច!

    ឆ្លើយតប
  • 5. Fidele  |  ខែមករា 18, 2011 ម៉ោង 9:58 ល្ងាច

    ទោះ​មិន​បាន​ជួយ​ជា​សំភារៈ តែ​សុំ​ជួយ​ជា​កម្លាំង​ចិត្ត! :mrgreen: ខ្ញុំ​នឹង​ចាំ​ទិញ​មើល! 😉

    ឆ្លើយតប
  • 6. Pheap  |  ខែមករា 19, 2011 ម៉ោង 3:27 ព្រឹក

    You are welcome, brother 🙂

    ឆ្លើយតប
  • 7. Pheap  |  ខែមករា 19, 2011 ម៉ោង 3:28 ព្រឹក

    Keep up your good work 😉

    ឆ្លើយតប
  • 9. ឧត្តម  |  ខែមករា 19, 2011 ម៉ោង 9:12 ព្រឹក

    ខ្ញុំចាំរឿងហ្នឹងយូរហើយបង! ប្រាប់ឲ្យហើយណា ទោះមិនដាក់លក់ ក៏ត្រូវតែសុំម៉ាក្បាលឲ្យបាន! ហិហិ 😀

    ឆ្លើយតប
  • 10. ចិត្រា  |  ខែមករា 19, 2011 ម៉ោង 11:25 ព្រឹក

    ផល! ខ្ញុំនៅប្រទេសឆ្ងាយណាស់ ធ្វើម៉េចបានអានសៀវៅរឿងដ៏គួរអោយចាប់អារម្មណ៌នេះ?! ពិតជាចង់អានណាស់។

    ឆ្លើយតប
    • 11. ចាន់ផល  |  ខែមករា 19, 2011 ម៉ោង 2:40 ល្ងាច

      យ៉ាងណា​សៀវភៅ​នេះ​នឹង​រង់ចាំ​ចិត្រា នៅ​ក្នុង​​នៅ​ស្រុក​ខ្មែរ​ណា៎! 🙂

      ឆ្លើយតប
  • 12. សំ​ឫទ្ធិ  |  ខែមករា 19, 2011 ម៉ោង 11:37 ព្រឹក

    បង​ហ្អា៎! ឥលូវ​ខ្ញុំ​ក៏​អត់​នៅ​ខ្មែរ​ដែរ ប្រហែល​កន្លះ​ឆ្នាំ​ទៀត​ទើប​ខ្ញុំ​បាន​មើល​ មើល៍​ទៅ 😦 ហ៊ីក ហ៊ីក!!​ តែ​សង្ឃឹម​ថា​​ប្រលោម​លោក​មួយ​នេះ មួយ​ក្បាល​ចប់​​ណា​បង 🙂 អត់​ចង់​ចាំ​ដូច អាលើក​មុន​ទេ 🙂

    ជូន​ពរ​ស្នាដែ​របស់​បង !! សង្ឈឹម​ថា​នឹង​មាន​ការ​គាំទ្រ​យាំង​ច្រើន !!

    ឆ្លើយតប
    • 13. ចាន់ផល  |  ខែមករា 19, 2011 ម៉ោង 2:41 ល្ងាច

      បាទ ប្រលោមលោកមួយនេះគឺមួយក្បាលចប់ 😉

      ឆ្លើយតប
  • 14. មេឃា  |  ខែមករា 19, 2011 ម៉ោង 12:00 ល្ងាច

    ស្តាប់ម៉ាង៉ៃ ហើយមិនទាន់បោះពុម្ពអាដែល…
    ចេញផ្សាយពេលណា កុំភ្លេចប្រាប់ផង នឹងអាលទៅទិញមកមើលដែរ…

    ឆ្លើយតប
  • 15. ទឹម បឿន  |  ខែមករា 19, 2011 ម៉ោង 1:44 ល្ងាច

    រង់ចាំ​អាន​សៀវភៅ​នេះ​ដែរ

    ឆ្លើយតប
  • 16. វិចិត្រ  |  ខែមករា 19, 2011 ម៉ោង 4:31 ល្ងាច

    ចាន់ផល៖ សរសេរ​សៀវភៅ​សំរាប់​បោះពុម្ពអ៊ីចឹង គេ​ត្រូវ​យក​ទំហំ​ក្រដាស ទំហំ​ក្រប​យ៉ាង​ម៉េច​ដែរ?

    ឆ្លើយតប
    • 17. ចាន់ផល  |  ខែមករា 19, 2011 ម៉ោង 4:42 ល្ងាច

      គឺកំណត់ធម្មតា ក្នុង​កម្មវិធី Word និង Photoshop ចង់បាន​ទំហំ​ប៉ុណ្ណា កំណត់ប៉ុណ្ណឹងទៅ!

      ឆ្លើយតប
      • 18. វិចិត្រ  |  ខែមករា 19, 2011 ម៉ោង 10:37 ល្ងាច

        ខ្ញុំ​ស្មាន​តែ​គេ​មាន​ទំហំ​ស្តង់​ដារបស់គេ 😀

  • 19. lykalyane  |  ខែមករា 19, 2011 ម៉ោង 6:17 ល្ងាច

    រង់ចាំទិញមួយក្បាលដែរ តែបែបមិនទាន់អ្នកមុនៗខាងលើទេមើលទៅ​ព្រោះឮថាបោះពុម្ពតិចផង។ ហ៊ឺ…
    សូមជូនពរលោកជួបជោគជ័យជានិច្ច។

    ឆ្លើយតប
  • 20. pisitnseiha  |  ខែមករា 19, 2011 ម៉ោង 9:46 ល្ងាច

    ខ្ញុំនឹងមិនទិញអាកូពីទេ ទិញរបស់អូរីជីណលវិញ ដើម្បីគាំទ្រដល់អ្នកនិពន្ធដូច ចាន់ផលនេះ។ ហើយសុំហត្ថលិខាពីចាន់ផលទៀត!

    ឆ្លើយតប
  • 22. Vy sreymao  |  ខែសីហា 3, 2018 ម៉ោង 10:27 ល្ងាច

    បងនៅទីនេះអាចអានខែរងាពេញទេ នឹកខែរងាណាស់ ចង់អានម្តងទៀត។ សៀវភៅដែលទិញពីមុននោះគេខ្ចី មិនទុំសោះ។

    ឆ្លើយតប

បញ្ចេញមតិ

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,683 hits
Visit Cute-Spot.com!