សួស្ដី?
ខែកញ្ញា 17, 2016 at 3:06 ល្ងាច មតិ ១
តាំងពីតូច ពេលជួបអ្នកណា ខ្ញុំតែងតែញញឹមដាក់គេ។ មានអារម្មណ៍ថា មិនអស់ចិត្ត បើមិនបានបង្ហាញការរាក់ទាក់ទៅអ្នកស្គាល់ ពេលជួបគ្នា ហើយពេលនេះខ្ញុំទើបតែយល់ហេតុផល ថានេះជាសុជីវធម៌ រីឯការញញឹមនោះគឺជំនួសនូវពាក្យសួស្ដី?
ខ្ញុំមិនចេះនិយាយរាក់ទាក់ទេ ក្រៅពីញញឹម ហើយខ្ញុំចូលចិត្តសង្កេតអ្នកដទៃ ថាគេធ្វើយ៉ាងម៉េចដាក់គ្នា។ ធម្មតាខ្មែរយើង ពេលជួបគ្នាចូលចិត្តសួរសុខទុក្ខ ឬនិយាយពីអ្វីដែលគេចង់ដឹង ឬចង់ប្រាប់ឱ្យដឹង ដោយមិនទម្លាប់និយាយ «សួស្ដី» សិននោះទេ។ ខ្ញុំរកពាក្យនិយាយមិនបាន ព្រោះខ្ញុំយល់ថា មិនសូវស្និទ្ធស្នាល មិនល្មមនឹងសួរគេពីបញ្ហា ខ្លាចគេទើសទាល់។ មែនហើយ គឺ «សួស្ដី» នេះហើយ ដែលវប្បធម៌បរទេសចូលចិត្តនិយាយបំផុតពេលជួបគ្នា ហើយដោយខ្លាចថានិយាយដដែលៗ គេក៏បង្កើតពាក្យនិយាយផ្សេងទៀត ដោយអត្ថន័យដូចគ្នានឹង «សួស្ដី» ដូចជា អរុណសួស្ដី ទិវាសួស្ដី ព្រលប់សួស្ដី រាត្រីសួស្ដី ជាដើម។
ខ្ញុំទើបតែដឹងថា ខ្ញុំជាមនុស្សម្នាក់ចូលចិត្តវិភាគពីវប្បធម៌ ហើយក៏នឹកឃើញពីចម្លើយរបស់សំណួរមួយ ដែលគេចូលចិត្តសួរថា ធ្វើម៉េចខ្លះដើម្បីក្លាយជាអ្នកនិពន្ធ? គឺត្រូវពូកែវិភាគ វិភាគពីវប្បធម៌ វិភាគពីជីវិត វិភាគពីមនុស្ស វិភាគពីអារម្មណ៍ វិភាគពីធម្មជាតិ ដែលទាំងនេះជាទុនដ៏សំខាន់ក្នុងអាជីពជាអ្នកនិពន្ធ បន្ថែមពីលើទេពកោសល្យអក្សរសាស្ត្រ។ ស្នាដៃនិពន្ធ ឬសំណេររបស់យើងនឹងកាន់តែមានតម្លៃ នៅពេលដែលយើងមានការវិភាគកាន់តែខ្ពស់។
Entry filed under: កម្សាន្ត, ទស្សនវិជ្ជា.
1.
កូន ចាបមាស | ខែតុលា 7, 2016 ម៉ោង 1:38 ល្ងាច
ខ្ញុំចូលចិត្តណាស់ ទៅទីណាក៏ដោយ ឲ្យតែបានជួបគេ គឺពាក្យសួស្ដីនេះហើយ ដែលខ្ញុំតែងនិយាយ។ កាលពីដំបូង ពេលមកដល់សាលារៀននៅភ្នំពេញដំបូងមានអារម្មណ៍ថាធុញនឹងនិយាយពាក្យនេះណាស់ ព្រោះនៅសាលាមានសិស្សរហូតដល់២០០នាក់ ជួបគ្នាពេលណាលឺតែគេនិយាយពាក្យហ្នឹងរហូត។ គេនិយមប្រើពាក្យថា សួស្ដីសិស្សច្បង ឬសួស្ដីសិស្សប្អូនជាដើម។ ដល់ពេលរៀនចប់នៅទីនោះពីរឆ្នាំ ខ្ញុំក៏ក្លាយជាមានទម្លាប់ដោយស្វ័យប្រវត្ដិ គឺអាចនិយាយបានរត់មាត់ហើយពេលនេះ ហាហា 😀