ប្រលោមលោកនៃ ខែ រងា

ខែវិច្ឆិកា 7, 2009 at 9:18 ព្រឹក មតិ 7

Bong Chanphal5

 

Cambodia Winter

 

IMG_0707

Picture 017

Picture 019

 

ឆ្នាំ២០០៦

 

ឱ! ភួយខ្នើយអើយ ព្រឹកនេះអ្នកសែនកក់ក្តៅម៉េ្លះទេ! ទម្រាំតែខ្ញុំតាំងចិត្ត ក្រោកសាមុងបាន ត្រូវចំណាយពេលស្ទើរតែកន្លះម៉ោងទៅហើយ។ ខ្ញុំបង់កក្រមា ដើរចេញទៅក្រៅផ្ទះ រួចសំដៅទៅរកពាងទឹក។ ទឹកនៅក្នុងពាងដូចជាត្រជាក់ពេកហើយ ទាំងពាងនិងផ្តិលក៏ដោយ ធ្វើឲ្យខ្ញុំគិតតែ​ឈរឱនមើលស្រមោលខ្លួនឯងអស់មួយ្រសបក់ ទើបហ៊ានលូកដៃកាន់ផ្តិលដួសទឹកយកមកលុបមុខ។ គ្រាន់តែប៉ះទឹកភ្លាម ខ្យល់ដ៏ត្រជាក់ស្រឹបក៏បក់មកអង្រួនថ្គាមរបស់ខ្ញុំ​ឲ្យរងាញ័រទាំងប្រាណ។

ស្វាគមន៍ខែរងា!

ឆ្នាំនេះប្រទេសខ្មែរចូលដល់ខែរងាបានប្រមាណបីថ្ងៃហើយ គឺចាប់ផ្តើមនៅពាក់កណ្ដាលខែធ្នូនេះ។ តាំងពីកើតមក ខ្ញុំចម្រើនវ័យឆ្លងកាត់ខែរងាអស់ចំនួនម្ភៃបីដង។ ខ្ញុំហាក់ដូចជាមាននិស្ស័យជាមួយខែរងាណាស់! ឲ្យតែចូលដល់ខែរងា អារម្មណ៍របស់ខ្ញុំតែងតែអណ្ដែតត្រសែតទៅរកអនុស្សាវរីយ៍ដ៏ស្រណោះស្រណោក តែហាក់ស្រពេចស្រពិលប្រៀបបាននឹងផ្សែងអ័ព្ទរសាត់ ហើយមានសភាពជាស្រមោល ភ្នែកមើលមិនឃើញ មានតែចិត្តទើបអាចមើលឃើញ។

ខ្ញុំយកក្រមាជូតមុខ រួចរត់ចូលក្នុងផ្ទះវិញ ដោះអាវចេញ ហើយក៏ស្រាប់តែអស់សំណើចខ្លួនឯង ព្រោះភ្លេចថាថ្ងៃនេះជាថ្ងៃអាទិត្យ។ ខំតែត្រដរក្រោកធ្វើអី ថ្ងៃនេះមិនធ្វើការផង? ធាតុអាកាសបែបនេះត្រូវដេកដណ្ដប់ភួយបន្តទៀតវិញ។

…ពិភពរូបារម្មណ៍មួយ រសាត់តាមខ្យល់ទិសខាងជើង… ខ្ញុំរវើរវាយថា ខ្លួនឯងកំពុងស្ថិតនៅក្នុងព្រៃស្រល់ខេត្តមណ្ឌលគិរី…

នាកណ្ដាលទេសភាពដ៏ស្រស់ត្រកាល ក្រោមពន្លឺព្រះអាទិត្យភ្លឺចិញ្ចាចដូចពន្លឺកែវចរណៃ ខ្ញុំពាក់អាវរងាធ្វើពីរោមសត្វដ៏ក្រាស់ កំពុងតែចរយាត្រាយឺតៗ ក្រោមកំណួចវាយោដែលហោះហើរមកប្រលោមដើមស្រល់ទាំងឡាយ ឲ្យរេរាំទន់ភ្លន់ដូចកាយវិការនាងនាដកា។ ក្លិនពិដោរនៃធម្មជាតិផាត់ជ្រាបពេញបេះដូងរបស់ខ្ញុំ ធ្វើឲ្យអារម្មណ៍ខ្ញុំរំភើប ដូចបានអណ្ដែតផុតចុងស្រល់ រួចហោះហើរបន្តដល់លើពពក។  ប៉ុន្តែរំពេចនោះស្រាប់តែឮសំឡេងមួយស្រែកឡើង៖

-ជួយខ្ញុំផង! ជួយខ្ញុំផង…!

សំឡេងនោះរសាត់តាមខ្យល់លាន់រអឹក ហើយស្រួយស្រែស ប្រាកដចេញពីម្ចាស់សំឡេង ដែលជានារីម្នាក់ប្រកបដោយរូបឆោមស្រស់បំព្រង​ ដូចបុប្ផានាព្រឹកព្រលឹម… ខ្ញុំខំក្រឡេករំពៃមើលជុំវិញខ្លួន រួចក៏ឃើញម្ចាស់សំឡេងនោះរត់ដង្ហក់សំដៅមករកខ្ញុំ។ ស្រីស្រស់ស្រែកឲ្យខ្ញុំជួយបណ្ដើរ ហើយក៏ស្រវាឱបខ្លួនខ្ញុំ… (O_0)

-អ្នកនាងមានរឿងអ្វី?

ឆោមនារីឱបប្រាណខ្ញុំស្វិតដូចស្ករតាំម៉ែ លុះត្រាតែឮសម្តីខ្ញុំ ទើបនាងភ្ញាក់ពីក្តីភ័យខ្លាច រួចក៏ត្រឡប់ជាអៀនឡើងក្រហមថ្ពាល់ ហើយប្រឡេះដៃចេញពីខ្ញុំវិញ៖

-សូមទោសលោក!

តរុណីស្រដីទាំងស្នាមញញឹម ធ្វើឲ្យដួងចិត្តខ្ញុំវង្វេងវង្វាន់អស់ហើយ។ ខ្ញុំសារភាពថាចាញ់ពន្លឺនេត្រារបស់នាង ហើយលង់អារម្មណ៍នឹងបបូរមាត់ដ៏តូចពណ៌ផ្កាឈូក ដែលស្ថិតក្រោមច្រមុះទន់ល្មើយ មើលទៅគួរឲ្យប្រតិព័ទ្ធពេកណាស់។ សរសៃសក់ពណ៌ខ្មៅទន់រលោងរបស់នួនល្អងធ្លាក់មកប្រឡែងនឹងស្មា រំលេចចេញនូវទម្រង់មុខតូចស្តើង មានសាច់ស្បែកហ្មត់ខៃ ច្នៃសម្រស់នារីឲ្យល្អផុតស្រីក្នុងលោកា។  គ្រានោះខ្ញុំក៏អៀននឹងនាងណាស់ដែរ និយាយពុំសូវរអិលទេ៖  

-តើអ្នកនាងជួបរឿងអ្វីឬ?

-ចា៎ះ! មិញនាងខ្ញុំដើរប៊ិះជាន់ពស់ទៅហើយ! អូយ! ភ័យណាស់!

មាណវីមិនមែនជាកូនក្រមុំជនជាតិនាដែនដីឦសាននោះឡើយ នាងគឺជាអ្នកទេសចរម្នាក់មកពីក្រុងភ្នំពេញ ហើយបានវង្វេងផ្លូវតែម្នាក់ឯង​ កណ្ដាលព្រៃព្រឹក្សានោះ។ សំណាងបានជួបសុភាពបុរសដូចជារូបខ្ញុំ ព្រមជួយយកអាសានាង ដោយដួងចិត្តស្ម័គ្រស្មោះ។

-អ្នកនាងអាចប្រាប់ខ្ញុំបានទេ តើហេតុអ្វីបានជាអ្នកនាងវង្វេងផ្លូវពីគេឯងបែបនេះ?

-គឺ…គឺមកពីខ្ញុំ…ចង់រកកន្លែង…

-អ្នកនាងមិនបាច់និយាយទៀតទេ ខ្ញុំដឹងហើយ!

នាងពិបាកនិយាយបែបនេះ ប្រាកដជាមានន័យថា នាងចង់រកកន្លែងបត់ជើងតូចហើយ ប៉ុន្តែដល់ពេលបានជួបពស់ ក៏ក្លាយជាភ័យបាត់ឈឺបត់ជើងតូចអស់ ហើយថែមទាំងរត់គ្មានដឹងទិសតំបន់ រហូតមកជួបនឹងរូបខ្ញុំតែម្តងទៅ។

-នេះមកពីពួកយើងទាំងទ្វេ មាននិស្ស័យនឹងគ្នាហើយ តើមែនទេអ្នកនាង?

-ច៎ះលោក! នាងខ្ញុំក៏យល់អ៊ីចឹងដែរចាស! ហេតុនេះនាងខ្ញុំសូមផ្ញើវាសនា ឲ្យលោកជួយយកអាសាផង!

-សូមអ្នកនាងកុំព្រួយឲ្យសោះ! ទុកចិត្តលើរូបខ្ញុំចុះណា៎! ថ្វីបើពួកយើងមិនដែលបានជួបគ្នាពីមុនមកមែន តែក្នុងនាមជាកូនប្រុសដើមទ្រូង…បី…បួន…ប្រាំហត្ថ ខ្ញុំបាទសូមសន្យាថា នឹងជួយជូនដំណើរអ្នកនាង ទោះបីជួបឧបសគ្គយ៉ាងណា ក៏មិនរាថយឡើយ!  តោះពួកយើងប្រញាប់ស្រូតទៅណា៎!

បាតដៃរបស់ខ្ញុំក៏ក្តោបជាប់ម្រាមដៃទន់ស្រឡូនរបស់ស្រីស្រស់ ដើរឆ្លងកាត់ព្រៃស្រល់ដ៏ធំល្វឹងល្វើយ ដូចតួឯកក្នុងខ្សែភាពយន្ត… អ៊ើ ទេ! ដូចតួឯកក្នុងរឿងល្ខោនបាសាក់ត្រូវជាង! 🙂

ឈប់រវើរវាយទៀតហើយ… ហត់ណាស់! ស្រមៃឡើងឆ្អែត លទ្ឋផលចុងក្រោយនៅសល់តែសំបកខ្លួនស្រាលស្ងើកដូចសំឡី។ ឱ! ខែរងាអើយ! ដួងចិត្តខ្ញុំរែងរងាកំព្រាឯកា សោតឯភួយទោះក្រាស់យ៉ាងណា ក៏មិនអាចកក់ក្តៅដល់ដួងចិត្តបានឡើយ។ បេះដូងរងាចេះតែស្រែកទាមទាររកម្ចាស់គ្រប់គ្រង លុះរកមិនទាន់ឃើញ ក៏កើតជាក្តីស្រមើស្រមៃតែផ្តេសផ្តាស គ្មានកោះគ្មានត្រើយ។ ចំណែកសុភមង្គលមានពន្លឺដូចសត្វអំពិលអំពែកនោះ ក៏រលាយខ្លួន ក្លាយជារឿងកំប្លែងសើចតែម្នាក់ឯង…

Advertisements

Entry filed under: ប្រលោមលោក, សៀវភៅ.

រស់ព្រោះអនុស្សាវរីយ៍ ខែរងា ១

7 មតិ Add your own

  • 1. ចាន់ផល  |  ខែវិច្ឆិកា 7, 2009 ម៉ោង 9:53 ព្រឹក

    ប្រលោមលោកនេះ ខ្ញុំសរសេរកាលពីខែរងាឆ្នាំ ២០០៦ គឺបរិយាកាសខែរងានោះបានផ្តល់សាច់រឿងនេះឱ្យខ្ញុំ… ឆ្នាំ ២០០៦ ស្រុកខ្មែរចូលខែរងានៅពាក់កណ្ដាលខែធ្នូ មានរយៈពេលខ្លីទេ តែល្មមនឹងខ្ញុំអាចសរសេរប្រលោមលោកមួយនេះចប់។ សាច់រឿងនេះពីដើមដល់ចប់ គឺកើតឡើងចំតែខែរងាប៉ុណ្ណោះ គឺ ឆ្នាំ ២០០៦ ឆ្នាំ ២០០៧ និង ឆ្នាំ ២០០៨ ។ ខ្ញុំមិនទាន់បានបោះពុម្ពសៀវភៅនេះនៅឡើយទេ សង្ឃឹមថាអាចបោះពុម្ពនៅខែរងាឆ្នាំ ២០១០ ទៅចុះ!

    ឆ្លើយតប
  • 2. khmernewstoday  |  ខែវិច្ឆិកា 9, 2009 ម៉ោង 8:54 ព្រឹក

    HI, thanks for your comment
    any way, can you put my blog to your site?
    thanks you

    ឆ្លើយតប
  • 4. សុភា  |  ខែវិច្ឆិកា 9, 2009 ម៉ោង 12:57 ល្ងាច

    គ្រាន់តែចូលខែរងារ ស្រម៉ៃអីវែងឆ្ងាយម្លេះៗៗ 😆

    ឆ្លើយតប
  • 5. វឌ្ឍនា  |  ខែវិច្ឆិកា 10, 2009 ម៉ោង 7:48 ល្ងាច

    ខ្ញុំឃើញខែរងារអញ្ចឹង ខំប្រឹងយកកន្សែងរុំក ពាក់ស្រោមដៃស្រោមជើង ឡើងជិត បើកម៉ាស៊ីនកំដៅទៀត ទើបហ៊ានអាន… ព្រោះរងារពេកខ្លាច កក….

    ឆ្លើយតប
  • 6. កុមារចម្បាំង  |  ខែវិច្ឆិកា 17, 2009 ម៉ោង 11:01 ព្រឹក

    អនុស្សាវរីយ៍ កាលងូតទឹកស្លៀកលីអូ ពេលខែរងាមែនទេបង?
    ស្រមៃយូៗម្ល៉េះ?

    ឆ្លើយតប
  • 7. បញ្ញា  |  ខែតុលា 29, 2010 ម៉ោង 11:24 ព្រឹក

    បើដើរតួរ មុខខ្ញុំនឹងអាក្រក់ដូចចឹងឬ? ហេហ ហេហ!!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: