ខែរងា ១

ខែវិច្ឆិកា 9, 2009 at 10:18 ព្រឹក មតិ 23

IMG_0711

សញ្ជប់សញ្ជឹងក្នុងគំនិតឥតប្រាកដនិយមឡើងឆ្អែតឆ្អន់ហើយ ទើបខ្ញុំរួសរាន់ក្រោកជាថ្មីម្តងទៀត។ អាកាសធាតុត្រជាក់ថ្លាអារម្មណ៍នាព្រឹកនេះ ស័ក្តិសមតែដើរលេង បង្កើតការចងចាំល្អៗ ជាជាងនៅជាមួយភាពរាយមាយម្នាក់ឯង។ ខ្ញុំក៏ជិះកង់ចេញពីផ្ទះ ដោយកាត់តាមផ្លូវដែលមានដើមផ្កាចំប៉ី ប្រកបដោយផ្ការីកស្គុសស្គាយចោលក្លិនក្រអូបសាយ។

រថយន្តផ្សាយរឿងភាពយន្តមួយបើកកាត់ផ្លូវនោះ ដោយឮសំឡេងខ្មោចលងឡើងខ្ទ័រត្រចៀក។ ខ្ញុំក៏នឹកឃើញចង់មើលកុន តែមិនមែនកុនខ្មោចទេ។ មើលរឿងស្នេហាដ៏រ៉ូម៉េនទិក ទើបសមនឹងបរិយាកាសដ៏រងានេះ។ មែនហើយ! គំនិតនេះល្អណាស់! ខ្ញុំប្រហែលជាអាចស្វែងរកក្តីស្រមៃរបស់ខ្ញុំនៅក្នុងខ្សែភាពយន្តបានទៀតផង។

ទីបំផុតខ្ញុំក៏ជិះកង់ស្វែងរករោងភាពយន្ត ដែលដាក់បញ្ចាំងរឿងស្នេហាបានដូចបំណង។ ពេលដើរទៅកន្លែងលក់សំបុត្រ ខ្ញុំឃើញគេសុទ្ធតែទិញសំបុត្រពីរ ធ្វើឲ្យខ្ញុំទៅជារអៀសខ្លួន ព្រោះទិញសំបុត្រតែមួយខុសគេ។ វាមិនចម្លែកប៉ុន្មានទេ ការដែលខ្ញុំចូលចិត្តមកមើលកុនតែម្នាក់ឯងបែបនេះ ប៉ុន្តែបើគេចំណាំមុខបាន ខ្ញុំ ចេះតែខ្លាចគេឆ្ងល់ថា ហេតុអ្វីអាម្នាក់នេះយូរហើយនៅតែគ្មានដៃគូមកមើលកុនជាមួយទៀត?  បន់ឲ្យតែគេមិនចាប់អារម្មណ៍ទៅចុះលោក!

ទិដ្ឋភាពនៅក្នុងរោងភាពយន្តងងឹតគួរឲ្យចង់ដេកដល់ហើយ! ដើរចេញពីកន្លែងភ្លឺមកកន្លែងងងឹត រួចដល់បានអង្គុយលើកៅអីទន់ៗ ឯរឿងភាពយន្តក៏មិនទាន់ចាប់ផ្តើមបញ្ចាំងទៀត ខ្ញុំក៏ផ្អែកក្បាលបិទភ្នែកដេកលក់អស់មួយស្រលេតទៅ…

លុះដល់បើកភ្នែកវិញ គេបានបញ្ចាំងរឿងកុនហួសបន្តិចទៅហើយ ចំណែកឯនៅកៅអីជាប់ខ្ញុំ ស្រាប់តែមានស្រីស្អាតម្នាក់អង្គុយមើលរឿងកុននោះ ដោយយកចិត្តទុកដាក់។ មើលពីចំហៀងទៅ ច្រមុះរបស់នាងស្រួចសមណាស់ រីឯភ្នែកមិនសូវជាធំប៉ុន្មានទេ តែមានរោមភ្នែកងខ្ទើត និងរោមចិញ្ចើមកោងល្អមែនទែន។ នាងចងសក់ស្រឡះពីកញ្ចឹងក និងអត់មានពាក់គ្រឿងអលង្ការសោះ។ របៀបតែងខ្លួនសាមញ្ញបែបនេះ ធ្វើឲ្យខ្ញុំចេះតែចង់មើលមុខរបស់នាងឲ្យច្បាស់។ ប្រសិនជានាងងាកមុខមកនិយាយរកខ្ញុំ ម្ល៉េះសមខ្ញុំនឹងបានយល់សម្រស់ល្អឯកហើយ។ គិតឃើញបែបនេះ ខ្ញុំក៏ក្រឡាស់អណ្ដាតបង្ហើរសំឡេងទៅរកនាង៖

-សូមទោសអ្នកនាង! មិញ…

កាលណាស្រស់កែវកល្យាណងាកមុខមកភ្លាម កែវភ្នែកខ្ញុំក្លាយជាស្រវាំងអស់ សោតឯដួងចិត្តវិញក៏ហាក់ក្លាយជាវង្វេងដូចកំពុងស្ថិតនៅឋានសុបិន។ ខ្ញុំភ្លឹកវិញ្ញាណហើយ! នៅជុំវិញខ្លួនរបស់ខ្ញុំឃើញតែរូបបេះដូងហោះទៅហោះមក… វាគឺដូចមនុស្សបែកអំពិលអំពែក តែអំពិលអំបែកនោះគឺជាបេះដូង… បេះដូង… បេះដូង!

-លោកមានការអ្វីអេះ?

សំឡេងរបស់នាងបានដាស់ឲ្យខ្ញុំភ្ញាក់ស្មារតីវិញ។ ទឹកដមសំឡេងពីរោះណាស់! មិនដឹងថាខ្ញុំធ្លាប់ឮនៅឯណាទេ? សំឡេងរបស់នាងហាក់ស្និទ្ធស្នាល នឹងជីវិតខ្ញុំអ្វីម្ល៉េះទេ! ប្រហែលជាខ្ញុំធ្លាប់ស្តាប់នៅក្នុងយល់សប្តិ ឬក៏ធ្លាប់ស្តាប់ពីអតីតជាតិផងក៏មិនដឹង។ សំឡេងនេះមានភាពដូចជាខ្យល់ ពោលគឺទន់ភ្លន់ តែអង់អាចក្លាហានមិនចេះខ្លាចអ្វី។ អាចនិយាយថា មានតែមនុស្សស្រីប្រកបដោយកិរិយាក្នុងក្តីស្រមៃរបស់ខ្ញុំទេ ទើបស័ក្តិសមជាម្ចាស់នៃសំឡេងនេះ។

ឱ! សំឡេងដ៏ពីរោះ! ឱ! ម្ចាស់សំឡេងដែលមានរូបឆោមល្អ…ល្អ… …តើឲ្យខ្ញុំពណ៌នាយ៉ាងណាទៅ? នាងល្អណាស់! ល្អរកគ្មាន…! តាំងពីរូបខ្ញុំកើតមក មិនធ្លាប់ឃើញស្រីណាមានសម្រស់ស្រស់ត្រកាលបែបនេះទេ! ទោះបីសម្រស់នារីដែលខ្ញុំធ្លាប់រវើរវាយក៏មិនដូច ឯសម្រស់នារីដែលវិចិត្រករដៃឯកគូរ ក៏ប្រៀបមិនបាន។ សម្រស់របស់នាងស្រស់ដូចធម្មជាតិ។ កែវភ្នែកនាងភ្លឺស្រទន់ ដូចពន្លឺតំណក់ទឹកសន្សើមចាំងរស្មីព្រះសុរិយា សោតឯបបូរមាត់ដិតជាប់ស្នាមញញឹមរហូត។ នាងមិនបាច់សើចស្ញេញចេញធ្មេញអីទេ ទោះធ្វើមុខមាំក៏នៅតែស្រស់! រង្វង់មុខនាងវិញគឺមូល…ទេ! មិនមែនមូលទេ…គឺពងក្រពើ។ ពិតជាស្រស់ផូរផង់អស់ទាស់ហើយ! …អូ! រវល់តែរៀបរាប់ពីសម្រស់ទេពកញ្ញា ភ្លេចប្រាប់ថាខ្ញុំបានឆ្លើយតបទៅនាង៖

-…គឺមិញនេះខ្ញុំគេងលក់អស់មួយភ្លែត អត់បានដឹងសាច់រឿងនេះពីដំបូង។ តើអ្នកនាងអាចនិយាយប្រាប់ខ្ញុំផងបានទេ?

-ចា៎ះ! តើលោកឆ្ងល់ត្រឹមណា?

-គឺ…….អូ! តើម្នាក់នោះជាតួឯកមែនទេ? អ៊ីចឹងសូមអ្នកនាងជួយសង្ខេបប្រវត្តិរូបរបស់គេឲ្យខ្ញុំស្តាប់ផង!

-ចា៎ះ! ដើមឡើយ…

ឱកាសនេះរឿងភាពយន្តអ្វីក៏ខ្ញុំលែងចាប់អារម្មណ៍ហើយ។ ខ្ញុំគ្រាន់តែចង់និយាយឆ្លើយឆ្លងជាមួយនាង និងលួចមើលមុខរបស់នាងតែប៉ុណ្ណោះ។ ហេតុនេះ លុះពេលនាងនិយាយសាច់រឿងកុនឲ្យខ្ញុំស្តាប់ហើយ ខ្ញុំក៏ខ្វល់ខ្វាយ រកនឹករឿងនិយាយជាមួយនាងបន្តទៀតមិនឃើញ។ និយាយត្រង់ទៅ សុភាពបុរសដូចជាខ្ញុំនេះ ពីដើមមកមិនធ្លាប់ចេះញ៉ែស្រីទេ ធ្លាប់តែស្រីមកញ៉ែខ្ញុំវិញ។ ប៉ុន្តែម្តងនេះ បេះដូងខ្ញុំវាស្រែកប្រាប់ខ្ញុំថា «នែលោកម្ចាស់! នារីម្នាក់ដែលអង្គុយក្បែរខ្លួនលោកក្នុងពេលនេះគឺជាគូព្រេងរបស់លោកហើយ ដឹងទេ? រូបនាងនេះហើយដែលធ្វើឲ្យខ្ញុំអាចរំភើបបាន ហើយគឺរូបនាងនេះហើយគឺជានារីក្នុងក្តីស្រមៃរបស់លោក។ ខ្ញុំត្រូវការរូបនាងជាម្ចាស់ស្រីគ្រប់គ្រងខ្ញុំ! ចាំដល់ពេលណាទៀត? ម៉េចក៏មិនលៃលកចែចង់នាងទៅ? កុំល្ងង់ឲ្យសោះណា! ប្រយ័ត្នឱកាសពិសេសកន្លងទៅដោយឥតប្រយោជន៍! នេះគឺជានិស្ស័យចារឲ្យលោកបានជួបនាងហើយ!»

មែន! បេះដូងខ្ញុំនិយាយត្រូវទាំងអស់! និស្ស័យចារឲ្យខ្ញុំបានជួបនាង បើមិនក្តាប់ឱកាសនេះឲ្យជាប់ទេ ថ្ងៃក្រោយប្រហែលពុំមានឱកាសអ៊ីចឹងទៀតឡើយ។ ប៉ុន្តែខ្ញុំទើបតែជួបនាងលើកដំបូង តើឲ្យនិយាយអ្វីទៅរកនាង? ស្រួលមិនស្រួលគេថាយើងឈ្លើយទៅ? អេ! ទោះទើបតែជួបគ្នាលើកទីមួយមែន តែអារម្មណ៍ខ្ញុំទៅលើនាងគឺពិសេសខ្លាំងណាស់! ជាងពីរទសវត្សរ៍មកហើយ ទម្រាំតែបានជួបនារីម្នាក់ដែលអាចផ្តល់អារម្មណ៍ពិសេសបែបនេះដល់ខ្លួនបាន។ ហេតុនេះ ខ្ញុំប្រាកដជាហ៊ានលះបង់ភាពជាកំលោះបរិសុទ្ធជូននាង ហើយទៅខ្លាចអីគ្រាន់តែលះបង់កិត្តិយសជាប្រុសថ្លៃថ្នូរ ដើម្បីតាមចែចង់នាងនោះ? រឿងស្នេហាត្រូវពឹងលើនិស្ស័យ និងលើអារម្មណ៍! គេថាមនុស្សពីរនាក់មានអារម្មណ៍ដូចគ្នា! ខ្ញុំស្រលាញ់នាង នាងក៏ស្រលាញ់ខ្ញុំ។  ប្រហែលជានាងកំពុងបន់ឲ្យខ្ញុំនិយាយទៅរកនាងផងក៏មិនដឹង? «កុំព្រួយសម្លាញ់បេះដូង! ខ្ញុំមិនធ្វើឲ្យឯងខកចិត្តទេ! ថ្ងៃនេះខ្ញុំនឹងបញ្ចេញទេពកោសល្យនៃសិល្បៈញ៉ែស្រី ឲ្យឯងភ្លឺភ្នែកម្តង!»

នឹកគុណដល់គ្រូបាធ្យាយ ដល់ខ្មោចជីដូនជីតា សូមលោកជួយបន្ទន់ចិត្តស្រីឲ្យបាក់ស្រិបលើរូបខ្ញុំមក៍! បើកាលណាខ្ញុំស្រដីទៅរកនាង សុំឲ្យនាងឆ្លើយឆ្លងមកខ្ញុំវិញកុំបីខាន!

-និយាយទៅ! ខ្ញុំអរគុណអ្នកនាងណាស់ ដែលមានចិត្តល្អនិយាយសាច់រឿងនេះប្រាប់ខ្ញុំ! កុំអីខ្ញុំនៅមិនអស់ចិត្តទេ!

-លោកស្តាយថ្លៃសំបុត្រអេះ?

បានឮនាងសួរត្រឡប់មកវិញ ខ្ញុំអរព្រួច ហើយខំឆ្លើយទាន់ចិត្តតបទៅវិញ៖

-មិនមែនមានន័យអ៊ីចឹងឡើយ! មកពីខ្ញុំជាមនុស្សចូលចិត្តដឹងអ្វីមួយច្បាស់លាស់ មិនចង់រំលងត្រង់ណាទេ។  ខ្ញុំតែងយល់ថា បើមនុស្សចូលចិត្តស្មានអ្វីដែលពួកគេមិនដឹងច្បាស់នោះ  វាជាហេតុអាចបង្កើតជាការយល់ច្រឡំដោយអចេតនា។   ចំណែករឿងមើលកុនក៏ដូចគ្នាដែរ បើសិនមិនបានមើលឈុតដំបូងទេ យើងប្រាកដជាមិនដឹងថាតួនោះចេញមកពីប្រភពណា? គេមានគោលបំណងអ្វី? រួចក៏ធ្វើឲ្យយើងមើលរឿងនោះមិនសូវជក់ ឬក៏គ្មានអារម្មណ៍ទាក់ទងនឹងសាច់រឿង ហើយក៏ត្រឡប់ជាយល់ថា  ហ៊ឹះ! រឿងនេះមើលមិនកើត!  តើអ្នកនាងគិតដូចខ្ញុំទេ?

-លោកចេះវិភាគបានល្អណាស់តើ!

-កុំសរសើរខ្ញុំអី! នេះគ្រាន់តែជានិស្ស័យរបស់មនុស្សទេ! …និយាយ អ៊ីចឹង តើអ្នកនាងមកមើលកុនតែម្នាក់ឯងទេ មែនទេ?

-ច៎ះ! មានអ្វីប្លែកឬ?

-អត់ទេ! តែខ្ញុំក៏ឧស្សាហ៍មកមើលកុនម្នាក់ឯងដែរ។ ប្រហែលជាពួកយើងមានចំណង់ចំណូលចិត្តដូចគ្នាហើយមើល៍ទៅ! ខ្ញុំយល់ថាមនុស្សដែលអាចដើរលេងម្នាក់ឯងបាន ប្រាកដជាមនុស្សដែលស្រលាញ់សេរីភាពហើយ។ …តាមពិតខ្ញុំមានមិត្តភក្តិប៉ុន្មាននាក់ដែរ តែពួកគេគ្មានម្នាក់ណាចូលចិត្តមើលកុនសោះ! បើហៅឲ្យមកមើលកុនជាមួយ ទាល់តែថែមលុយឲ្យគេទៀត! គេចេះតែយល់ថា ការមើលកុនគឺសម្រាប់តែគូសង្សារតែប៉ុណ្ណោះ តែខ្ញុំយល់ថាមកពីពួកគេមិនចូលចិត្តមើលកុនទៅវិញទេ។ ហេតុអ្វីក៏គេមិនចេះរីករាយនឹងការមើលកុន ដូចជាពួកយើងហ្ន៎? …តើអ្នកនាងដឹងទេ? ម៉េចក៏មានមនុស្សមិនចូលចិត្តមើលកុន?

-ខ្ញុំមិនដឹងទេ! ណេះលោកញ៉ាំនំនេះទៅ!

ថ្វីបើសម្តីរបស់នាងរាងកំបុតបន្តិចមែន តែសំណាងត្រង់នាងហុចនំឲ្យខ្ញុំញ៉ាំ។ នាងប្រាកដជាមានអារម្មណ៍ល្អចំពោះខ្ញុំហើយ ព្រោះឲ្យនំញ៉ាំមានន័យថា ព្រមរាប់អាន។ តើមានអ្វីគួរឲ្យឆ្ងល់ទៀតទៅ? រូបរាងខ្ញុំសង្ហា បបូរមាត់មានមន្តស្នេហ៍ ពិសេសបំផុតគ្រប់ពេលដែលខ្ញុំនិយាយទៅរកនាង គឺតែងប្រើក្រសែភ្នែកស្រទន់ ប្រាកដជាធ្វើឲ្យបេះដូងនាងរំជើបរំជួល រួចលោតឌុកឌាក់ខុសចង្វាក់ ទើបនាងយកនំឲ្យខ្ញុំញ៉ាំ បញ្ឈប់សម្តីខ្ញុំមួយភ្លែត ដើម្បីទុកឱកាសសម្រួលអារម្មណ៍ឲ្យប្រក្រតីវិញ។

ខ្ញុំមិនមែនជាមនុស្សពូកែខាងអួតទេ តែពាក្យពេចន៍សរសើរខ្លួនឯងបែបនេះ គឺខ្ញុំធ្លាប់ឮស្រីៗដែលតាមស្រលាញ់ខ្ញុំប្រាប់ខ្ញុំ ហើយដល់ពេលខ្ញុំឆ្លុះកញ្ចក់ទៅ ក៏ឃើញអ៊ីចឹងមែន។ នៅមានទៀត! ក្រៅពីសម្រស់ស្រស់ស្អាតហើយ ខ្ញុំថែមទាំងមានប្រាជ្ញាមុតថ្លាដូចទឹក។ បើទោះជានាងជានារីមិនចាប់ភ្លឹកនឹងរូបសម្រស់របស់ខ្ញុំ ក៏នៅតែគេចមិនផុតពីចុះចាញ់នឹងប្រាជ្ញាខ្ញុំដែរ គឺវាដូចជានាងអមរាចុះចាញ់ប្រាជ្ញា ព្រះមហោសថអ៊ីចឹង។

ខ្ញុំញ៉ាំនំរបស់នាងឲ្យមកខ្ញុំនោះម្តងមួយម៉ាត់ៗ ល្មមតែនួនល្អងបាត់ក្តុកក្តួលដួងចិត្តបន្តិច ទើបខ្ញុំបន្លឺទៅរកនាងសាជាថ្មី៖

-និយាយអ៊ីចឹងខ្ញុំឈ្មោះ កត្តិក ! ចុះចំណែកអ្នកនាងវិញអាចប្រាប់ឈ្មោះឲ្យខ្ញុំ បានស្គាល់ផង តើបានដែរទេ?

-ថាម៉េច? លោកឈ្មោះ កត្តិក ?

-បាទ!  តើពីរោះខ្លាំងណាស់មែនទេ?

-ម៉េចក៏ម្តាយលោកដាក់ឈ្មោះឲ្យលោកអ៊ីចឹង?

-អ្នកនាងឆ្លាតមែន! ដឹងថាម្តាយខ្ញុំជាអ្នកដាក់ឈ្មោះឲ្យខ្ញុំទៀត! គឺម្តាយខ្ញុំ ដាក់តាមឈ្មោះខែកំណើតរបស់ខ្ញុំទេ។ ខ្ញុំកើតខែកត្តិក ជាខែធ្លាក់ខ្យល់ពីទិសខាងជើង និងមានធាតុអាកាសត្រជាក់ស្រួល ផ្តល់អារម្មណ៍ស្រណោះស្រណោកដល់មនុស្សលោក គឺស្រដៀងនឹងធាតុអាកាសក្នុងពេលនេះដែរ។ អ្នកនាងដឹងទេ? ឲ្យតែគេឮឈ្មោះរបស់ខ្ញុំលើកដំបូង គេតែងតែនាំគ្នាសើច…! ប្រហែលជាឈ្មោះខ្ញុំកំប្លែងពេកហើយ! តែខ្ញុំដូចជាស្រលាញ់ឈ្មោះខ្លួនឯងណាស់ ហើយគិតថា ទោះជាម្តាយខ្ញុំដាក់ឈ្មោះផ្សេងឲ្យខ្ញុំ ក៏មិនសមនឹងខ្ញុំដូចឈ្មោះនេះដែរ។ ចុះតើអ្នកនាងមានឈ្មោះអ្វីដែរទៅ?

-ខ្ញុំកើតខែមិគសិរ ឈ្មោះ មិគសិរ !

-ហាស! ហាស! តើអ្នកនាងលេងសើច ឬក៏នៅលើលោកនេះមានរឿងជួនគ្នាមែន?

-ណេ៎ះ! ខ្ញុំឲ្យនំលោកមួយកញ្ចប់ទៀត!

-អរគុណណាស់! តើអ្នកនាងតែងតែទិញនំមកចែកគេញ៉ាំក្នុងរោងកុនអ៊ីចឹងមែនទេ ឬក៏ទើបតែចែកឲ្យខ្ញុំម្នាក់ទេ?

នាងគិតតែមើលកុនអត់ងាកមកឆ្លើយនឹងសំណួរនេះសោះ។ ឬក៏នាងអៀនទេដឹង? ព្រោះសួរអ៊ីចឹងហាក់ដូចជាចង់ឲ្យនាងឆ្លើយថា «តាំងពីដើមមក៍ ឬតាំងពីចាប់ផ្តើមស្គាល់រោងកុនមក៍ ខ្ញុំមិនដែលធ្លាប់ឲ្យនំទៅបុរសណាម្នាក់ញ៉ាំឡើយ គឺទើបតែពេលនេះ ទេវតាបណ្ដាលឲ្យខ្ញុំមកអង្គុយជិតលោក ខ្ញុំក៏… ហ៊ឹះ! លោកឯងនេះ ដឹងហើយ ចាំបាច់សួរធ្វើអ្វី?» គឺមកពីបែបនេះហើយ បានជានាងអង្គុយធ្វើហីដាក់ខ្ញុំអ៊ីចឹងនោះ។

-អូហ៍! បើអ្នកនាងឈ្មោះ មិគសិរ មែន ខែនេះគឺជាខែមិគសិរហើយទេតើ! សួស្តីខែកំណើត! គិតទៅខែមិគសិរ និងខែកត្តិកមានអាកាសធាតុត្រជាក់ដូចគ្នា ទើបពួកយើងក៏មាននិស្ស័យប្រហែលគ្នាដែរ។ តើខ្ញុំនិយាយត្រូវទេ? …អេ! រួចតើអ្នកនាងគិតថា ខែរងាឆ្នាំនេះត្រជាក់ខ្លាំងឬអត់?

គ្រានោះទើបនាងងាកមកនិយាយរកខ្ញុំថា៖

-លោកពូកែនិយាយសម្បើមណាស់នៀក!  តើរាល់ថ្ងៃលោកធ្វើការអី?

ឱ! ម្តេចក៏នាងសរសើរខ្ញុំអីត្រង់ៗម្ល៉េះ? មុននេះឃើញនាងឈប់និយាយមួយភ្លែត ខ្ញុំស្មានតែនាងលែងខ្វល់នឹងរូបខ្ញុំទៅហើយ! ដឹងអីពេលនេះដល់ថ្នាក់ សួរថាធ្វើការអីទៀត! មិននឹកស្មានថា នាងស្ងៀមស្ងាត់នឹងធឹងសោះ តែបែរជារហ័សខាងស្នេហាបែបនេះទៅវិញ។ មិនអីទេ! តបស្នងនឹងការចាប់អារម្មណ៍របស់នាងមកលើរូបខ្ញុំ និងដើម្បីអាចជួបមុខនាងលើកក្រោយៗទៀត ខ្ញុំនឹងឆ្លើយឲ្យនាងរឹតតែរំភើបចង់ស្គាល់ខ្ញុំទ្វេឡើង ក្នុងជំហានទីមួយ៖

-លាក់បាំងអី! តាមពិតខ្ញុំគឺជាពិធីករវិទ្យុម្នាក់…

ស្រាប់តែនាងសើចឃឹកៗ មិនដឹងព្រោះរឿងអ្វី? បែបមកពីនាងមិននឹកស្មានថា បានស្គាល់ពិធីករវិទ្យុទេដឹង?

-តើអ្នកនាង មិគសិរ សើចអ្វីហ្នឹង?

-អត់អីទេ!  គឺខ្ញុំមិននឹកស្មានថា អាចស្គាល់លោកជាពិធីករវិទ្យុនៅកន្លែងនេះ។

ថាអីចេះខុស!  បែបនេះចូលដល់ជំហានទីពីររបស់ខ្ញុំហើយ៖

-រឿងស្មានមិនដល់លើលោកនេះច្រើនណាស់! ខ្ញុំធ្វើពិធីករក្នុងកម្មវិធីប្រកាសលេខទូរស័ព្ទរាប់អានមិត្តភក្តិ ស្គាល់តែសំឡេងប្រិយមិត្ត មិនស្គាល់មុខមាត់របស់គេ។ ដល់បានជួបគ្នាម្តងៗ សុទ្ឋតែហួសពីការស្មាន! អ្នកខ្លះសំឡេងតិចៗ ស្រាប់តែរូបរាងធាត់ដូចដំរី ឯអ្នកខ្លះទៀតសំឡេងក្មេងដល់មុខឲ្យកញ្ចាស់ រួចតាំងមានម្នាក់នោះសំឡេងជាសុភាពបុរស តែដល់បានជួបមុខខ្ទើយសុទ្ឋ! ហាស! ហាស! តើអ្នកនាងដឹងទេ? ខ្ញុំមិនមែនស្អាតសង្ហាអីណាស់ណាទេ តែម្នាក់ៗឲ្យតែបានជួបខ្ញុំចេះតែសរសើរ ទាល់តែខ្ញុំឡើងរឹងខ្លួនអស់! ស្រីៗសរសើរមិនសូវអីទេ តែប្រុសៗដូចគ្នាកោតតែមកសរសើរខ្ញុំទៅរួច! …មែនហើយ! អ្នកនាងចង់ប្រកាសលេខទូរស័ព្ទក្នុងកម្មវិធីរបស់ខ្ញុំទេ?

-អូចា៎ះ! មិនបាច់រំខានលោកទេ!  សព្វថ្ងៃខ្ញុំមានមិត្តភក្តិគ្រប់គ្រាន់ហើយ!

-ប៉ុន្តែគ្មានមនុស្សណាសាញថា ខ្លួនឯងមានមិត្តច្រើនជ្រុលនោះឡើយ! មានមិត្តភក្តិកាន់តែច្រើន ជីវិតកាន់តែមានន័យ!

-ខ្ញុំមើលទៅលោកមានអារម្មណ៍ល្អយ៉ាងនេះ ជីវិតប្រាកដជាមានន័យខ្លាំងហើយ!

-ច្បាស់ណាស់! ជីវិតមានន័យឬអត់ស្ថិតនៅលើចិត្តមនុស្សជាអ្នកកំណត់ទេតើ! មនុស្សរស់នៅរាល់ថ្ងៃប្រឈមមុខតែរឿងពីរទេ គឺសប្បាយនិងទុក្ខសោក។ អ្នកនាងថាទៅមើល៍ តើយើងគួរជ្រើសរើសមួយណា? កើតទុក្ខក៏រស់មួយថ្ងៃ សប្បាយចិត្តក៏រស់មួយថ្ងៃ ម្តេចក៏មនុស្សមិនជ្រើសរើសយកសប្បាយចិត្តទៅ?

ខ្ញុំវិភាគទ្រឹស្តីជីវិតបានល្អយ៉ាងនេះ មិនដឹងថា នាងកោតស្ញប់ស្ញែងនឹងខ្ញុំប៉ុណ្ណាទៅហើយទេ? លើកនេះប្រាកដជាព្រមប្រាប់លេខទូរស័ព្ទដល់ខ្ញុំមិនខាន!

-អ្នកនាង មិគសិរ !  បើមិនយល់ទាស់ទេ តើពួកយើងអាចរាប់អានគ្នាជាមិត្តបានអត់?

-មិនបានទេ! លោកជាពិធីករវិទ្យុសម្បូរមិត្តរាប់អានច្រើនហើយ ខ្វះខ្ញុំ ម្នាក់ក៏មិនស្លាប់ដែរ!

ឆ្លើយបែបនេះខ្ញុំដឹងថា គ្រាន់តែជាល្បិចលើកកិត្តិយសខ្លួនតែប៉ុណ្ណោះ គឺនាងខ្លាចខ្ញុំយល់ថា នាងជាស្រីចិត្តងាយ។  មិនអីទេ! លើកនេះច្បាស់ជាគ្មានបញ្ហាអីចោទទៀតទេ!

-អត់ទេអ្នកនាង! ថ្វីបើមានមិត្តភក្តិច្រើនមែន ប៉ុន្តែមិត្តល្អពិតប្រាកដនោះ ពិបាកនឹងមានណាស់! កល្យាណមិត្តភាគច្រើនគឺកើតឡើងដោយសារនិស្ស័យ! ពួកយើងបានស្គាល់គ្នានៅក្នុងរោងកុន ហើយបានអង្គុយកៅអីក្បែរគ្នាទៀត ខ្ញុំយល់ថា នេះជានិស្ស័យឲ្យយើងរាប់អានគ្នាហើយ!

-មិនអីទេ! បើលោកជឿលើនិស្ស័យបែបនេះ ទុកឲ្យនិស្ស័យចងមិត្តភាពយើងទៅចុះ មិនចាំបាច់ខំប្រឹងឲ្យហួសនិស្ស័យទេ!

ឱ! ខ្ញុំមិនសមនឹងប្រកែកនឹងនាងទៀតឡើយ ជៀសវាងការថ្នាំងថ្នាក់នឹងគ្នា នាំខូចការ។ ឥឡូវមានតែសម្របតាមចិត្តនាងទៅចុះ៖

-បាទ! អ្នកនាងនិយាយត្រូវណាស់! ទុកឲ្យនិស្ស័យសម្រេចទៅចុះ…!

គិតទៅមនុស្សស្រីកាច់ឫកមែន បើស្រលាញ់ខ្ញុំហើយ ម៉េចចាំបាច់ធ្វើកាយវិការព្រងើយកន្តើយដាក់ខ្ញុំទៀត? សុខចិត្តមើលកុនធ្វើហី ចង់ឲ្យខ្ញុំទ្រមែនទេ? មិនខ្ចីទ្រទេអ្នកនាងអើយ! ទុកឲ្យទៅផ្ទះវិញដេកស្តាយ «អូយ! មិនគួរបដិសេធអត់រាប់អាននឹងគេសោះ! រូបរាងគេសង្ហាថ្នាក់នេះទៅហើយ… ស្តាយ ណាស់…ណាស់!ៗៗ» តែមើលទៅមិនបាច់ទៅដល់ផ្ទះបានស្តាយទេ ឲ្យតែខ្ញុំមិនមាត់ទៅរកតែបន្តិចទៀត ប្រាកដជាទ្រាំមិនបានងាកមកនិយាយរកខ្ញុំមុនហើយ! ចាំមើល៍ចុះ! ខ្ញុំរាប់ដល់មួយរយ ប្រាកដជាងាកមកនិយាយរកខ្ញុំមិនខាន! ចាប់ផ្តើម រាប់ហើយណា៎! ……..១……២……៣

-អេលោក!

ស្រេចបាត់! រាប់ទើបតែបានបីសោះ ក៏និយាយមករកខ្ញុំបាត់ទៅហើយ! លើកនេះដល់វេនខ្ញុំកាច់ឫកដាក់នាងម្តង! តាំងពីជាតិមុនមក ខ្ញុំធ្លាប់តែគេសុំរាប់អានមុន។ ឥឡូវក៏ដូចគ្នា! ចាំមើល៍ៗ តើនាងនិយាយជាមួយខ្ញុំថាម៉េចទៅ?

-អ្នកនាងមានការអីជាមួយខ្ញុំអ្ហេះ?

-ខ្ញុំចង់សួរលោកថា ម៉េចក៏លោកចេះតែសម្លឹងមើលមុខរបស់ខ្ញុំ? តើមុខខ្ញុំមានកុនអ្ហេះ?

-ទេ! មុខរបស់អ្នកនាងគ្មានកុនទេ!

-អ៊ីចឹងម៉េចក៏មិនមើលកុន? ក្រែងមុននេះឲ្យខ្ញុំនិយាយសាច់រឿងដំបូងឲ្យស្តាប់ ព្រោះចង់មើលកុនឲ្យជក់មែនទេ?

-មែន! តែមើលយ៉ាងណាក៏មិនជក់! អ្នកនាងមិនយល់ថារឿងមួយនេះ អន់ពេកទេអេះ? មើលតែតួសម្តែងចុះ មិនទំនងអីបន្តិច! តួម្តាយនិងតួកូនមានវ័យចំណាស់គ្នា ទោះជាចង់កុហកថា ម្តាយសាច់ចាំដូចទេវតាក៏ទៅមិនរួចឡើយ! រីឯសិស្សវិទ្យាល័យវិញអាយុប្រហែលសាមសិបឆ្នាំទៅហើយ បើទោះជាមនុស្សល្ងង់ រៀនត្រួតថ្នាក់យ៉ាងណា ក៏គង់តែឈប់រៀនបាត់ទៅហើយដែរ។ នៅមានទៀត! អ្នកនាងមើលតួឯកស្រីទៅមើល៍ ជួបបញ្ហាតិចតួចសោះ មិនគិតរកវិធីដោះស្រាយ បែរជាមកយំរៀបរាប់ដដែលៗ… ពូកែតែខាងយំ បែបចង់ឲ្យគេដាក់ឈ្មោះតារាទឹកភ្នែកឲ្យហើយមើល៍ទៅ! តួឯកចរិតទន់ខ្សោយបែបនេះណា រកគេយកគំរូតាម ក៏មិនកើតដែរ! ណាមួយខ្លួនក្រសោះ តែតែងខ្លួននោះតែង…..!

-អ្នកក្រតែងខ្លួនមិនបានអ្ហ៊ៃ? លោកឯងអីក៏ជំនាញខាងរិះគន់គេម្ល៉េះ? គ្រាន់តែគេខ្វះតួសម្តែង រើសតួមិនសមបន្តិចក៏រិះគន់អីដល់ថ្នាក់ហ្នឹង? បើគ្រាន់បើ ម៉េចក៏មិនទៅធ្វើកុនមើលខ្លួនឯងទៅ! មុននឹងរិះគន់គេ រិះគន់ខ្លួនឯងមុនផង!

-អេ! ហេតុអ្វីក៏អ្នកនាងក្លាយជាខឹងដល់ថ្នាក់ហ្នឹង? តើរឿងមួយនេះ គឺឪពុករបស់អ្នកនាងផលិតឬមិនមែន?  ខ្ញុំគ្រាន់តែរិះគន់ស្ថាបនាទេតើ!

-ទោះយ៉ាងណាលោកជាកូនខ្មែរដែរ គួរណាតែលើកទឹកចិត្តកុនខ្មែរខ្លះផងទៅ!

-បើគិតតែលើកទឹកចិត្តបញ្ជោរចុះបញ្ជោរឡើង រករីកចម្រើនម្តេចនឹងឃើញ? បើឃើញខុសហើយមិនថា គេនឹងថាមនុស្សអត់ចិត្ត! តាមពិតខ្ញុំនេះលើកទឹកចិត្តកុនខ្មែរណាស់ទៅហើយ ទើបបានជាមកមើលនេះ! ឯអ្នកដែលមិនចង់លើកទឹកចិត្ត គេមិនខ្ចីស្រណោះមកចំណាយពេលឥតប្រយោជន៍ទេ! អ្នកនាងក៏ឃើញដែរ រោងកុនមួយទាំងមូលមានមនុស្សមើលតែប៉ុន្មាននាក់…. សល់សុទ្ធតែកៅអី…

-មែន! កៅអីសល់ច្រើនណាស់! ខ្ញុំភ្លេចគិតថា អាចអង្គុយនៅកន្លែងផ្សេងបាន! សូមលោកនៅប្រាជ្ញព្រោកម្នាក់ឯងចុះ!  ខ្ញុំលាសិនហើយ!

អេ! ហេតុអ្វីក្លាយទៅជាបែបនេះ? បើនាងចង់កាច់ឫកក៏មិនបាច់ប្តូរកន្លែងអង្គុយឆ្ងាយពីខ្ញុំដែរ? នៅថាឲ្យខ្ញុំប្រាជ្ញព្រោកទៀត! តើខ្ញុំនិយាយច្រើន ពិតមែន? ខ្ញុំមិនទាន់ប្រាប់នាងថា បានជាខ្ញុំចេះតែសម្លឹងមើលមុខនាង ព្រោះមុខនាងល្អមើលជាងមើលកុនផង!

Entry filed under: ប្រលោមលោក.

ប្រលោមលោកនៃ ខែ រងា ញ៉ាំបាយឆាម្ទេស

23 មតិ Add your own

  • 1. សុភា  |  ខែវិច្ឆិកា 9, 2009 ម៉ោង 5:55 ល្ងាច

    ហេហេ សរសេរបានល្ម សប្បាយមើល សប្បាយសើច។ ខ្ញុំចងមុងចាំភាគបន្តរទៀត 😆

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែវិច្ឆិកា 11, 2009 ម៉ោង 2:18 ព្រឹក

      ល្ម ប្រហែល ល្អ ហើយមើលទៅ! អេ… ប្រហែលចូលចិត្តព្រោះតួអង្គកើត ខែកក្ដិក ដូច សុភា ដែរដឹង? មិនបាច់ចងមុងក៏បានដែរ ខែរងា មូសវារងាវា គ្មានហ៊ានបង្ហាញខ្លួនទេ!

      ឆ្លើយតប
  • 3. ផ្កាយ​Novels  |  ខែវិច្ឆិកា 10, 2009 ម៉ោង 2:26 ព្រឹក

    ធ្លាប់​អាន​ម្តង​… យូរ​ហើយ​! តាំង​ពី​អ្នក​និពន្ធ​ផ្ញើ​មក​ថ្ងៃ​ដំបូង​ម្ល៉េះ រហូត​ភ្លេច​សាច់​រឿង​ភ្លេច​តួអង្គ​អស់​ហើយ! ចាំ​ទៅ​រក​អាន​ម្តង​ទៀត​សិន… តែ​បើ​អាន​នៅ​ទីនេះ​បែបល្អ ក្រែង​អ្នក​និពន្ធកែ..

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែវិច្ឆិកា 11, 2009 ម៉ោង 10:37 ព្រឹក

      ខ្ញុំកាត់ចោលកន្លែងណាតាប៉ែ ខ្លះៗ តែកន្លែងតាប៉ែខ្លះស្ដាយ ទុកដដែល!

      ឆ្លើយតប
  • 5. វឌ្ឍនា  |  ខែវិច្ឆិកា 10, 2009 ម៉ោង 7:50 ល្ងាច

    ខ្ញុំជញ្ជូនខ្នើយដេកចាំអានក្នុងមុងជាមួយសុភាដែរ…

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែវិច្ឆិកា 11, 2009 ម៉ោង 2:21 ព្រឹក

      ជញ្ជូនអាវរងាក្រាស់ៗផ្ញើខ្ញុំផងណា៎! អរគុណទុកមុន! ផ្ទះខ្ញុំអត់មានដំបូលផង ខ្យល់ខ្លាំង ប្រយ័ត្នផ្ដាសាយ!

      ឆ្លើយតប
      • 7. វឌ្ឍនា  |  ខែវិច្ឆិកា 18, 2009 ម៉ោង 11:39 ព្រឹក

        ងាប់ហើយ ធ្វើផ្ទះអីអត់ដំបូល? ចូលចិត្តគេងហាលភ្លៀងហ្អី?

      • 8. ចាន់ផល  |  ខែវិច្ឆិកា 18, 2009 ម៉ោង 12:37 ល្ងាច

        ឥឡូវធ្វើដំបូលហើយ! កាលមុនស្រលាញ់ធម្មជាតិពេក ក៏ខ្ជិលធ្វើដំបូល ណាព្រោះខ្ញុំមិនគេងនៅទីនេះផង ទើបតែឥឡូវមានមិត្តភក្តិមកលេងច្រើន ខ្លាចគេផ្ដាសាយ!

  • 9. ចាន់ផល  |  ខែវិច្ឆិកា 11, 2009 ម៉ោង 2:11 ព្រឹក

    ព្រឹកមិញក្រោកឡើងឃើញថ្ងៃរះយ៉ាងត្រកាល ខ្ញុំក៏បោកភួយខ្នើយហាល ទើបចេញមកធ្វើការ យាត្រាកាត់បរិយាកាសខែរងា… និយាយឱ្យជួននឹងស្រះអាអ៊ីចឹងបានឡូយ… អ៊ឹះ! ជិះម៉ូតូកណ្ដាលព្រះសុរិយា ក្ដៅក្បាលឡើងបែកញើសជោគ!

    ឆ្លើយតប
  • 10. រតនាតារាមុន្នី  |  ខែវិច្ឆិកា 12, 2009 ម៉ោង 2:58 ព្រឹក

    តើពេលណាទើបមានព្រិលនៅស្រុកខ្មែរ

    ឆ្លើយតប
    • 11. ចាន់ផល  |  ខែវិច្ឆិកា 12, 2009 ម៉ោង 8:55 ព្រឹក

      ធម្មជាតិអត់ទៀង កំណត់អត់បាន… តែបើឆាយឯងចង់បានឥឡូវ មានតែផ្តាំមិត្តភក្តិនៅប្រទេសណាកំពុងធ្លាក់ព្រិល ឱ្យគេច្រកថង់ផ្ញើមក ក្លាសេរហូតទៅ ប្រហែលអត់រលាយទេ។
      🙂 ថាលេងទេ កុំប្រកាន់!

      ឆ្លើយតប
  • 12. កុមារចម្បាំង  |  ខែវិច្ឆិកា 17, 2009 ម៉ោង 10:56 ព្រឹក

    ពេលខ្ញុំមានលុយច្រើន មានចំនេះដឹងច្រើន ខ្ញុំប្រហែលជាអាច
    ធ្វើការកែប្រែបាន មិនចាំបាច់អីដឹកពីគេមកទេ។
    ត្រៀមតែអាវរងា និងអុសទុកដុតអោយហើយទៅ ព្រោះអាកាសធាតុ
    មិនទៀងទាត់ទេ។
    នៅមណ្ឌលគីរី រតនគីរី ឆ្នាំមុនមានធ្លាក់សព្ទរងាសឹងអី។

    ឆ្លើយតប
  • 13. ចាន់ផល  |  ខែវិច្ឆិកា 18, 2009 ម៉ោង 2:20 ព្រឹក

    យប់មិញ ពេលចូលដេក ខ្យល់បក់វ៉ូៗ ព្រឹកឡើងក៏ទទួលខ្យល់បក់ទៀត ដល់ជិះម៉ូតូតាមផ្លូវ ឃើញប្រជាជនភ្នំពេញពាក់អាវរងាសឹងគ្រប់គ្នា។ មានអារម្មណ៍ល្អគួរសម នឹកឃើញចង់ដាក់ ខែរងា ២ ជូនដល់អ្នកគាំទ្រពីរបីនាក់របស់រឿងនេះអាន។

    ឆ្លើយតប
  • 14. កុមារចម្បាំង  |  ខែវិច្ឆិកា 18, 2009 ម៉ោង 8:23 ព្រឹក

    មិនបាច់ដាក់ថារងា២​រងា៣អីទេ ហៅថាខែទឹកកកតែម្តងទៅ។

    ឆ្លើយតប
  • 15. Chanphal  |  ខែវិច្ឆិកា 18, 2009 ម៉ោង 10:35 ព្រឹក

    ខែរងាត្រូវពាក់អាវរងា (ញ៉ាំការ៉េម? បើចង់ញ៉ាំក៏ញ៉ាំទៅ!) ងូតទឹកក្ដៅ ហើយអានប្រលោមលោក ខែរងា!
    សប្បាយចិត្តនឹងធាតុអាកាសដល់ហើយ ថ្ងៃនេះ! និយាយម្ដងហើយម្ដងទៀតចុះ! ឱ្យតែចេញពីបន្ទប់ គឺខ្យល់បក់ស្វាគមន៍វ៉ូៗ សម្លឹងជុំវិញខ្លួនគឺជាបរិយាកាសដែលខ្ញុំធ្លាប់ឆ្លងកាត់។ ដូច្នេះសូមរង់ចាំអាន ខែរងា ២ ឆាប់ៗនេះណា៎!
    អេ កុមារចម្បាំង បើចង់ហៅថា ខែទឹកកក ក៏ស្រេចតែចិត្តទៅ!

    ឆ្លើយតប
  • 16. កុមារចម្បាំង  |  ខែវិច្ឆិកា 19, 2009 ម៉ោង 9:24 ព្រឹក

    ដាក់ថាខែទឹកកកស្រក់លើគង្គា បក្សីហោះលើវេហា ដូចតារារះនៅលើ
    មេឃ។

    ឆ្លើយតប
  • 17. ក្មេងតូច  |  ខែវិច្ឆិកា 19, 2009 ម៉ោង 9:47 ព្រឹក

    បើញុមជានារីម្នាក់នោះវិញ ញុមដើរចេញយូរហើយ
    តាំងពីកើតមក ទើបនឹងឃើញមួយទេម៉ានុស្សតាប៉ែចឹង​ 😛

    ឆ្លើយតប
  • 18. ឧត្តម  |  ខែតុលា 30, 2010 ម៉ោង 10:28 ព្រឹក

    ចេញលក់នៅបង!!!

    ឆ្លើយតប
  • 20. panhanavin.chhun  |  ខែតុលា 30, 2010 ម៉ោង 11:12 ព្រឹក

    that’s a cool novel i’ve ever read….. i like it cause having a sense of humor 😀

    ឆ្លើយតប
  • 21. មួយលីម  |  ខែតុលា 30, 2010 ម៉ោង 3:58 ល្ងាច

    អូយ​ល្អអាន​មែន ខ្ញុំចូលចិត្ត​ជាង​គេ​គឺពាក្យពេជន៏និយាយ សាមញ្ញ កំប្លែង។
    បែបខ្ញុំត្រូវវេច​ខ្នើយមុងភួយ​ចាំអាន​ភាគបន្តហើយណា​បងផល។​ហេហេហេហេ

    ឆ្លើយតប
  • 22. Hang borin009  |  ខែវិច្ឆិកា 11, 2010 ម៉ោង 4:07 ល្ងាច

    good .I like it.

    ឆ្លើយតប
  • 23. Hang borin009  |  ខែវិច្ឆិកា 11, 2010 ម៉ោង 4:09 ល្ងាច

    La or men ten Bong Pal.

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ ចាន់ផល បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,253 hits
Visit Cute-Spot.com!