សុខ ចាន់ផល

ជីវប្រវត្តិ

ឆាកជីវិតដំបូង

 

ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ពស់​ពី​ដី​ប្រហែល​មួយ​ម៉ែត្រ ដំបូល​ប្រក់​អៀងប៉ាន់​ធ្លុះ ជញ្ជាំង​ផ្ទះ​ជា​បន្ទះ​ឈើ​ចាស់ៗ​កាន់​ស្លែ​ពណ៌​បៃ​តង។ នៅ​ខាង​ក្រោយ​ផ្ទះ​នោះ​មាន​​ផ្ទះ​បាយ​តូច​មួយ ហើយ​មាន​ដើម​ព្នៅ​មួយ​ដើម​ឈរ​ក្បែរ។ នោះ​ជា​ផ្ទះ​យាយ​តា​របស់​ខ្ញុំ តែ​​មិន​ចាំ​ថា​គ្រួសារ​យើង​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ គ្រាន់​តែ​នឹក​ឃើញ​ពី​តុ​ទាប​មួយ​ ដែល​យើង​អង្គុយ​​ទទួល​ទាន​បាយ​ជុំ​គ្នា​នា​​ពេល​យប់ ដោយ​ដាក់​ចង្កៀង​​ប្រេង​កាត​មួយ​នៅ​ចំ​កណ្ដាល។ រាល់​យប់​ខ្ញុំ​ដេក​ក្នុង​មុង​ក្បែរ​យាយ​នៅ​កណ្ដាល​ផ្ទះ ហើយ​មាន​យប់​មួយ​នោះ ​ម្ដាយ​​ខ្ញុំ​មក​លេង​ផ្ទះ និង​បាន​ទិញ​កូន​ឡាន​តូច​មួយ​​មក​ផ្ញើ​ខ្ញុំ…

ទាំង​នេះ​​ជា​ពិភព​លោក​ដំបូង​ដែល​ខ្ញុំ​ចាំ​បាន។ ខ្ញុំ​​ដើរ​​ទៅ​ងូត​ទឹក​ទន្លេ​នៅ​ខាង​ក្រោយ​ផ្ទះ​ និង​ដើរ​ទៅ​រៀន​នៅ​សាលា​បឋមសិក្សា ​ដែល​មានចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​​ផ្ទះ។ ខ្ញុំ​ចូល​រៀន​ពេល​អាយុប្រាំពីរ​ឆ្នាំ នៅ​សាលាបឋមសិក្សា​សំបួរមាស «ក» ។ ក្មេងៗ​រៀន​ជាមួយ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ណាស់។ ពួក​គេ​ដណ្ដើម​នំ​ខ្ញុំ​ស៊ី យក​លុយ​ខ្ញុំ បោះ​សៀវភៅ​​ខ្ញុំ​ចោល​ទៅ​ក្រៅ​ថ្នាក់ ហើយ​វ៉ៃ​ខ្ញុំ​ឱ្យ​យំ​ទៀត។ ខ្ញុំ​ខ្លាច​អ្នក​​គ្រូ ខ្លាច​សាលារៀន ហើយ​ក៏​អត់​ទៅ​រៀន​​អស់​ប៉ុន្មាន​ថ្ងៃ។ ដល់​​អ្នក​ផ្ទះ​បង្ខំ​ឱ្យ​ទៅ​រៀន​វិញ ខ្ញុំ​ត្រូវ​គ្រូ​ហៅ​ឱ្យ​ឈរ​ពី​មុខ​ក្ដារ​ខៀន និង​​ហៅ​សិស្ស​ទាំង​អស់​មក​វ៉ៃ​ខ្ញុំ​ម្ដង​ម្នាក់ៗ ឱ្យ​គ្រប់​មួយ​រយ​រំពាត់ ជា​ការ​ពិន័យ​ខ្ញុំ​ដែលគេច​រៀន​​យូរ​ថ្ងៃ។ ពេល​សិស្ស​ទាំង​នោះ​​កំពុង​​វ៉ៃ​ខ្ញុំ​ ខ្ញុំ​ក៏​​ស្រែក​យំ​ ធ្វើ​ឱ្យ​ពួក​គេ​ឈប់​វ៉ៃ ហើយ​ចាប់​ពី​ថ្ងៃ​នោះ​ខ្ញុំ​ក៏​ឈប់​ទៅ​រៀន​។ នឹក​ឃើញ​រឿង​នោះ ខ្ញុំ​ប្រហែល​មិន​មែន​ជា​ក្មេង​គួរ​ឱ្យ​ស្រលាញ់​ទេ ព្រោះ​សូម្បី​តែ​នៅ​ផ្ទះ​ក៏​តា​ខ្ញុំ​តែង​តែ​សម្លុត​ខ្ញុំ​គួរ​ឱ្យ​ខ្លាច ឯ​ពូ​ខ្ញុំ​វិញ​​ក៏​តែង​តែ​រក​រឿង​ធ្វើ​បាប​ខ្ញុំ។ ហេតុ​នេះ​ខ្ញុំ​តែង​សម្លឹង​​មើល​មេឃ មើល​ភ្លៀង ដូច​ខំ​ស្វែង​រក​អ្នកណា​ម្នាក់​ដែល​ព្រម​ស្រលាញ់​ការពារ​ខ្ញុំ។

ខ្ញុំ​ជា​ក្មេង​កំព្រា​ឪពុក តែ​ខ្ញុំ​មិន​ដែល​ហ៊ាន​សួរ​រក​ឪពុក​ខ្ញុំ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ខួរ​ក្បាល​ចាប់​ផ្ដើម​ចេះ​គិត ត្រចៀក​ចេះ​ស្ដាប់​យល់​ភាសា​មនុស្ស ​ខ្ញុំ​​ក៏​បាន​ដឹង​ពី​ប្រវត្តិ​ខ្លួន​ឯង​តាម​អ្នក​ជិត​ខាង។ ម្ដាយ​ឪពុក​ខ្ញុំ​បាន​លែង​លះ​​គ្នា​តាំង​ពី​ខ្ញុំ​មិន​ទាន់​កើត​ម្ល៉េះ ហើយ​ចាស់ៗ​ក្នុង​ភូមិ​​ចេះ​តែ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ឱ្យ​គាត់​ជូន​​ទៅ​លេង​ឪពុក​ខ្ញុំ​ឬ​អត់? ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ពី​រឿង​ជួប​ឪពុក​ទេ ប៉ុន្តែ​នៅ​​ថ្ងៃ​មួយ​នោះ​ខ្ញុំ​ដើរ​កាន់​បង្គី​ទៅ​ធ្វើ​ពលកម្ម​នៅ​សាលា ក៏​ឃើញ​ឪពុក​ខ្ញុំ​ជិះ​កង់​ស្រែក​ហៅ​ខ្ញុំ។ គាត់​សួរ​ឈ្មោះ​ខ្ញុំ​ និង​ហុច​លុយ​ឱ្យ​ខ្ញុំ តែ​ខ្ញុំ​ភ័យ​ក៏​រត់​គេច​ពី​គាត់។ ម្ដាយ​ខ្ញុំ​វិញ​តែង​តែ​ទៅ​​រក​ស៊ី​នៅ​ខេត្ត​ឆ្ងាយៗ ស្ទើរ​តែ​ខ្ញុំ​ចំណាំ​មុខ​គាត់​មិន​បាន។ ឱ្យ​តែ​ឮ​ថា​គាត់​មក​លេង​ផ្ទះ​ ខ្ញុំ​ក៏​រត់​យ៉ាង​លឿន​មក​ផ្ទះ​ក្នុង​អារម្មណ៍​ចង់​ឃើញ​មុខ​ម៉ែ។ ពាក្យ​«ម៉ែ»មាន​ឥទ្ធិពល​ណាស់​ក្នុង​អារម្មណ៍​ក្មេងៗ ព្រោះ​គ្រប់​ពេល​ខ្ញុំ​តូច​ចិត្ត​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន​​ដែល​មិន​​ស្រលាញ់​ខ្ញុំ ខ្ញុំ​ក៏​លួង​ខ្លួន​ឯង​ថា ខ្ញុំ​នៅ​មាន​ម៉ែ​ម្នាក់​នឹង​គេ​ដែរ។ ខ្ញុំ​សម្លឹង​មុខ​ម៉ែ​ដោយ​លួច​លាក់ ដើម្បី​ចំណាំ​មុខ​គាត់។ ម្ដាយ​កូន​យើង​មិន​សូវ​ស្និទ្ធ​ស្នាល​នឹង​​គ្នា​ទេ តែ​ពេល​ដឹង​ថា គាត់​ជា​ម្ដាយ​របស់​ខ្ញុំ ខ្ញុំ​​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់។

ទី​កន្លែង​កំណើត​របស់​ខ្ញុំ​ គឺ​ ភូមិ​សំបួរមាស «ក» ឃុំ​ពាម​ជីកង ស្រុងកងមាស ខេត្តកំពង់ចាម។ ពេល​ណា​ម្ដាយ​ខ្ញុំ​មក​លេង​ស្រុក​ម្ដងៗ ញាតិ​​ជិត​ខាង​តែង​តែ​ខ្សឹប​ប្រាប់​ម្ដាយ​ខ្ញុំ​ថា អ្នក​ផ្ទះ​​ធ្វើ​បាប​ខ្ញុំ​ណាស់ គួរ​តែ​គាត់​យក​ខ្ញុំ​ដើរ​តាម​វិញ។ កាល​ណោះ​​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ ទើប​តែ​ចូល​កង​ថ្នាក់​ទី​ពីរ ក៏​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ ទៅ​កាន់​ខេត្ត​បាត់ដំបង​​ជាមួយ​ម៉ែ។ ព្រោះ​សុខភាព​​ខ្ញុំ​ខ្សោយ​ ពេល​ជិះ​ឡាន​ឆ្លង​ខេត្ត​នោះ ខ្ញុំ​ពុល​ឡាន ក្អួត​តាម​ផ្លូវ​រហូត។ ​ទៅ​ដល់​បាត់ដំបង ម៉ែ​នាំ​ខ្ញុំ​ទៅ​រស់​នៅ​​ជាមួយ​សាច់​ញាតិ​ខាង​ឪពុក​គាត់​​ រួច​ក៏​​​ទៅ​ស៊ី​ឈ្នួល​នៅ​ផ្ទះ​អ្នក​លក់​បាយ​ម្នាក់​។ គ្រា​នោះ​​​ដែរ ខ្ញុំ​ក៏​ក្លាយ​ជា​ក្មេង​ទូល​នំ​លក់​នៅ​តាម​ផ្សារ ប៉ុន្តែ​រស់​នៅ​ខេត្ត​នោះ​បាន​មួយ​រយៈ ម៉ែ​ក៏​បាន​នាំខ្ញុំ​ទៅ​រស់​នៅ​ខេត្ត​រតនគីរី​​ម្ដង។ ការ​ធ្វើ​ដំណើរ​លើក​នោះ គឺ​ត្រូវ​ដេក​ផ្លូវ​នៅ​ខេត្ត​ស្ទឹង​ត្រែង​មួយ​យប់។ ឡាន​​ដែល​ដឹក​អ្នក​ដំណើរ​នោះ​ខ្ពស់ៗ​ណាស់ ហើយ​អត់​មាន​ដំបូល​ទេ ពេល​មេឃ​ភ្លៀង​ក៏​​នាំ​គ្នា​លា​តង់​មក​បាំង។ ឡាន​បើក​កាត់​ផ្លូវ​ព្រៃ​ទាំង​យប់ រួច​ក៏​ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ។ ពួក​យើង​បាន​ជួប​ចោរ​ព្រៃ​ពីរ​លើក ប៉ុន្តែ​គេ​ថា​ចោរ​ព្រៃ​ទាំង​នោះ​ស្លូតៗ ព្រោះ​គ្រាន់​តែ​ទារ​លុយ និង​គ្រឿង​អលង្ការ​ប៉ុណ្ណោះ មិន​បាន​ធ្វើ​បាប ឬ​សម្លាប់​មនុស្ស​​ឡើយ។

ទៅ​ដល់​រតនគីរី​ដំបូង ម៉ែ​បាន​ធ្វើ​ការ​ក្នុង​ហាង​គុយទាវ​​មួយ​របស់​មា​គាត់​​ម្នាក់​។ ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​ទី​បី នៅ​សាលាបឋមសិក្សា​ឡាបានសៀក។ រាល់​ព្រឹក​ខ្ញុំ​ដើរ​កាត់​ព្រៃ​ទៅ​សាលា​ម្នាក់​ឯង ដើរ​កាត់​ធាតុអាកាស​ត្រជាក់​ប្រកប​ដោយ​ស្បៃ​អ័ព្ទ ហើយ​ក៏​ផ្លុំ​ផ្សែង​ចេញ​ពី​មាត់​លេង។ នៅ​ស្រុក​បានលុង​នោះ ខ្ញុំ​ចូល​ចិត្ត​តាម​សម្លឹង​មើល​ជនជាតិ​ភាគតិច​ ហើយ​ក៏​នឹក​អាណិត​ ពេល​ដឹង​ថា​ខ្មែរ​យើង​ខ្លះ​មាក់ងាយ​ពួក​គេ។ ខ្ញុំ​​ជាប់​ចិត្ត​នឹង​សាលារៀន​នៅ​ស្រុក​នោះ​ណាស់​ ដែល​រៀង​​រាល់​ព្រឹក​មាន​គេ​លក់​បាយ​កញ្ចប់​ស្លឹក​ចេក​តូចៗ ជា​ប្រភេទ​អាហារ​ជនជាតិ​ភាគ​តិច ហើយ​ខ្ញុំ​ក៏​បាន​រាប់​អាន​មិត្ត​រួម​ថ្នាក់​ម្នាក់​ជា​ជន​ជាតិ​ឡាវ​ទៀត​ផង។ រាល់​សប្ដាហ៍​លោកគ្រូ​តែង​នាំ​សិស្ស​ដើរ​ចូល​ក្នុង​ព្រៃ ដើម្បី​មើល​ធម្មជាតិ ហើយ​ចាំ​ថា​សាលា​រៀន​នៅ​ទី​នោះ គឺ​ច្រៀង​បទ​គោរពទង់ជាតិ​ ទាំង​បី​វគ្គ។ ពេល​ឈប់​នៅ​ហាង​លក់​គុយ​ទាវ ម៉ែ​បាន​ជួល​ផ្ទះ​នៅ​មុខ​សាលា​រៀន​ ហើយ​គាត់​ខំ​លក់​ដូរ​ចំណី​ក្នុង​សាលានោះ តែ​ខ្ញុំ​មិន​ទាន់​ទាំង​រៀន​ចប់​ថ្នាក់​ទី​បី​ផង ពួក​យើង​ក៏​ត្រឡប់​មក​ស្រុក​កំណើត​វិញ ព្រោះ​​ទទួល​ដំណឹង​ថា ជីតា​ខ្ញុំ​ឈឺ​។

ពេល​វេលា​នោះ​ខ្ញុំ​ធ្វើ​រឿង​គ្រប់​យ៉ាង​ដោយ​ខួរក្បាល​ទទេ​ស្អាត ប៉ុន្តែ​ព្រោះ​​តែ​ការ​ផ្លាស់​​ប្ដូរ​ទី​លំនៅ​ច្រើន ខ្ញុំ​ក៏​ផ្ដើម​ស្គាល់​ចិត្ត​ស្រណោះ។ ក្នុង​និស្ស័យ​ជា​ក្មេង​ឯកោ និង​ក្បាល​រឹង​ម្នាក់​ អ្នក​ខ្លះ​ក៏​មិន​សូវ​ចូល​ចិត្ត​ខ្ញុំ​​ដែរ។ ខ្ញុំ​ចូល​ចិត្ត​នៅ​ម្នាក់​ឯង និង​​គិត​ពី​ជី​វិត​គ្រប់​ពេល។ តា​ខ្ញុំ​ស្អប់​ខ្ញុំ​ មិន​ចង់​និយាយ​ស្ដី​រក​ខ្ញុំ​ទេ ហើយ​ដៀល​ខ្ញុំ​ថា ខ្ញុំ​រៀន​អី​ក៏​មិន​ចេះ​ដែរ ព្រោះ​ខ្ញុំ​មិន​ព្រម​ស្ដាប់​គ្រូ។

រស់​នៅ​ជាមួយ​តាយាយ​មិន​បាន​ប៉ុន្មាន ខ្ញុំ​ក៏​បាន​​តាម​ម៉ែ​ទៅ​រស់​នៅ​ខេត្ត​ក្រចេះ​ជាមួយ​ម្ដាយ​មីង​ខ្ញុំ ដែល​ប្រកប​របរ​លក់​បាយម្ហូប​​នៅ​មុខ​ផ្សារ​ក្រចេះ។ ខ្ញុំ​បាន​ជួយ​ធ្វើ​ការ​​នៅ​កន្លែង​លក់​បាយ​នោះ ហើយ​ក៏​បាន​ចូល​រៀន​ថ្នាក់​ទី​បួន នៅ​សាលា​បឋមសិក្សា​ក្រចេះក្រុង។ ជីវិត​រស់​នៅ​ជាមួយ​គេ​បែប​នេះ តែង​តែ​កើត​រឿង​អន់​ចិត្ត​រហូត​ដល់​រើ​ចេញ​ចៀស​មិន​ផុត ហើយ​នៅ​ពេល​វ៉ាកង​តូច ខ្ញុំ​ក៏​​ឈប់​រស់​​នៅ​ក្រចេះ​។ ម្ដាយ​ខ្ញុំ​តែង​ស្ដី​​ឱ្យ​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​ឱ្យ​គាត់​ពិបាក​ណាស់ នៅ​កន្លែង​ណា​មិន​បាន​សុខ​ក៏​ព្រោះ​តែ​ខ្ញុំ បើ​គ្មាន​ខ្ញុំ​ គាត់​មិន​ពិបាក​ទេ។ ខ្ញុំ​ចាប់​ផ្ដើម​នឹក​តូច​ចិត្ត​​ថា ​ខ្លួន​ឯង​កើត​មក​ត្រឹម​តែ​ជា​សំពាយ​​របស់​ម្ដាយ សោត​ឯ​សាច់​ញាតិ​ក៏​មិន​សូវ​​ស្រលាញ់​ខ្ញុំ​ទៀត។

ទោះ​​យ៉ាង​ណា ខ្សែ​ជីវិត​ខ្ញុំ​ប្រាកដ​ជា​បាន​គូស​ដៅ​រួច​ជា​ស្រេច​ទៅ​ហើយ។ ម៉ែ​និង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ស្រែ​អំបិល គឺ​ជា​ពេលដែល​ខ្ញុំ​បាន​ឃើញ​ទឹក​សមុទ្រ​លើក​ដំបូង។ រស់​នៅ​ស្រុក​នោះ​ប៉ុន្មាន​ថ្ងៃ ម៉ែ​បាន​លក់​បាយ​កញ្ចប់​នៅ​​កំពង់​ផែ​ ហើយ​បន្ទាប់​មក​ពួក​យើង​ក៏​បាន​ជិះ​ទូក​ចេញ​ពី​កំពង់​ផែ​នោះ​ទៅ​កាន់​ខេត្ត​កោះកុង ។ ការ​ធ្វើ​ដំណើរ​តាម​ទូក​​កាត់​សមុទ្រ​កាល​គ្រា​នោះ គឺ​ជា​រឿង​ប្រថុយ​នឹង​ជីវិត។ ម្ដាយ​ខ្ញុំ​គាត់​មិន​ស្ដាយ​ជីវិត​ទេ ឯ​ខ្ញុំ​ក៏​យល់​ថា​ការ​ស្លាប់​រស់​ជា​រឿង​ធម្មតា​ដែរ ប៉ុន្តែ​ការ​ពុល​រលក​ទើប​ជា​រឿង​ដែល​ខ្ញុំ​ខ្លាច។ រាល់​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ខ្ញុំ​តែង​តែ​ពុល​ឡាន​ស្ទើរ​ស្លាប់​រស់ ឯលើក​នោះវិញ​ខ្ញុំ​ក៏​ជួប​នឹង​ការ​ដេក​ពុល​លើ​ទូក​កណ្ដាល​សមុទ្រ មើល​មិន​ឃើញ​ត្រើយ។ ពិបាក​ខ្លួន​ខ្លាំង​ពេក ខ្ញុំ​សឹង​តែ​ចង់​លោត​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ឱ្យ​ស្លាប់ ហើយ​ពិត​ជា​​ស្រណោះ​ខ្លួន​​ណាស់ ព្រោះ​ពេល​នោះ​មេឃ​ក៏​ធ្លាក់​ភ្លៀង​ទៀត​។ ទូក​អត់​ដំបូល​ទេ ខ្ញុំ​ក៏​ជ្រក​ក្រោម​តង់ ដោយ​អើត​ក្បាល​មើល​ខាង​ក្រៅ​ដែល​យល់​តែ​ទឹក​​គ្រប់​ទិស។

ទូក​ទៅ​ដល់​ស្រុក​ដង​ទង់​ ប្រហែល​ជា​ម៉ោង​ដប់​យប់ និង​ឃើញ​មាន​ម៉ូតូ​ឌុប​ជា​ច្រើន​​មក​ចាំ​ទទួល។ ម៉ែ​​បាន​សុំ​ផ្ទះ​​អ្នក​ម៉ូតូ​ឌុប​​ម្នាក់​សម្រាក​បាន​ដល់​មេឃ​ភ្លឺ។ បន្ទាប់​មក​ពួក​យើង​ក៏​បាន​ទៅ​ជួល​​រោង​តូច​មួយ​នៅ​មាត់​ផែ​អូប័រ ដោយ​ពេល​ថ្ងៃ​កន្លែង​នោះ​សម្រាប់​លក់​បបរ​ស និង​ពេល​យប់​ទុក​ជា​គ្រែ​ដេក។ គ្រែ​​នោះ​មាន​សណ្ឋាន​ជា​ទូ ដែល​អាច​ដាក់​អីវ៉ាន់​ទុក​ខាង​ក្នុង ឬ​ក៏​កូន​ក្មេង​ប៉ុន​ខ្ញុំ​អាច​ចូល​ដេក​បាន។ ថ្ងៃ​មួយ​ម៉ែ​បាន​ជួប​សាច់​ញាតិ​ដែល​យើង​ធ្លាប់​រស់​នៅ​​ជាមួយ​ឯ​ខេត្ត​​បាត់ដំបង​ រួច​ក៏​សម្រេច​ចិត្ត​ទៅ​ជួល​ផ្ទះ​​នៅ​ជុំគ្នា។ កាល​ណោះ​​ម៉ែ​បាន​ទិញ​ធុង​ទឹកកក​ពណ៌ក្រហម​តូច​មួយ និង​កណ្ដឹង​មួយ​ឱ្យ​ខ្ញុំ​។ ខ្ញុំ​បាន​ដើរ​តាម​គេ​ទៅ​រោង​ចក្រ​ការ៉េម ហើយ​ឈរ​​មើល​​គេ​ស្ងៀម រហូត​ដល់​ចុង​ក្រោយ​ទើប​ទទួល​បាន​ការ៉េម​ម្ភៃ​ដើម​មក​​អង្រួន​កណ្ដឹង​លក់។ ថ្ងៃ​នោះ​ខ្ញុំ​លក់​ការ៉េម​អស់ ហើយ​ចំណេញ​បាន​ប្រាក់​ប្រាំបី​រយ​រៀល រួច​គិត​ជាមួយ​ម៉ែ​ទាំង​ត្រេក​អរ​ថា ស្អែក​នឹង​ទទួល​ការ៉េម​ឱ្យ​ច្រើន​ជាង​នេះ ហើយ​ម៉ែ​ក៏​​ទៅ​ទទួល​ការ៉េម​លក់​ដូច​ខ្ញុំ​ដែរ។

រដូវ​​ផ្លាស់​ប្ដូរ ភ្លៀង​ធ្លាក់​ទាំង​យប់​ទាំង​ថ្ងៃ លក់​ការ៉េម​លែង​កើត ម៉ែ​ក៏​ធ្វើ​នំ​ឱ្យ​ខ្ញុំ​ទូល​លក់​ម្ដង។ ថាស​របស់​ខ្ញុំ​គឺ​តូច​ជាង​ថាស​របស់​ម៉ែ​។ ពេល​ភ្លៀង​កំពុង​រលឹម ខ្ញុំ​ពាក់​អាវ​ភ្លៀវ ទទូល​ឆ័ត្រ​កន្ដៀត​ថាស​នំ​ក្រូច​ដើរ​លក់។ ខ្ញុំ​ដើរ​ទៅ​មាត់​សមុទ្រ សង្ឃឹម​អ្នក​នៅ​លើ​ទូក​នេសាទ​ស្រែក​ហៅ​ទិញ។ ពេល​ឮ​គេ​ស្រែក​ហៅ​ម្ដងៗ ខ្ញុំ​អរ​ណាស់ ខំ​ដើរ​ឆ្លង​ស្ពាន​តូច​ទៅ​​លក់​ឱ្យ​គេ ទាំង​ញ័រ​ជើង​ខ្លាច​រអិល​ធ្លាក់​ចូល​សមុទ្រ។ ជួន​កាល​គេ​​​ទិញ​នំ​​ទាំង​អស់​ ខ្ញុំ​ក៏​រត់​មក​ផ្ទះ​វិញ​ទាំង​អរ​កខិបកខុប តែ​ជួនកាល​មិន​ទាន់​ទាំង​លក់​ដាច់​នំ​មួយ​ផង ខ្ញុំ​បែរ​ជា​ដើរ​រអិល​ដួល​ធ្លាក់​កំពប់​​នំ​អស់​មួយ​ថាស។ ក្រោយ​មក​ពួក​យើង​ឈប់​នៅ​ផ្ទះ​ជួល​ចូល​គ្នា​ ដោយ​​ផ្លាស់​ទៅ​ជួល​ផ្ទះ​​ខ្ទម​មួយ​នៅ​​វិញ ហើយ​ម៉ែ​ក៏​ចេះ​តែ​ធ្វើ​នំ​​​ចំណី​ផ្សេងៗ​ដើរ​លក់ ឬ​ក៏​ទទួល​នំ​​ពី​គេ​យក​មក​លក់​ក៏​មាន។ រាល់​យប់​នៅ​ក្នុង​ខ្ទម​នោះ ​មាន​សត្វ​ពស់​​ថ្លាន់​ធំ​មួយ​ចេញ​មក​ចាប់​​កណ្ដុរ ហើយ​យប់​ខ្លះ​​​ខ្ញុំ​ថែម​ទាំង​ឃើញ​ពស់​នោះ​វារ​តាម​របារ​ជញ្ជាំង​ក្បែរ​មុង ​ដែល​យើង​កំពុង​តែ​ដេក​ទៀត​ផង។

ខ្ញុំ​រស់​​នៅ​ឯ​​ខេត្ត​កោះ​កុង​​ប្រហែល​​មួយ​ឆ្នាំ ដោយ​មិន​បាន​ចូល​សាលារៀន​ឡើយ ​បាន​ត្រឹម​​ដើរ​លក់​នំ​​ក្បែរ​របង​សាលា​រៀន​ប៉ុណ្ណោះ។ ​ផ្ទះ​ចុង​ក្រោយ​​របស់​ខ្ញុំ​គឺ​នៅ​ក្នុង​រោង​ចក្រ​ការ៉េម ដែល​ខ្ញុំ​​ធ្លាប់​ទៅ​ទទួល​យក​មក​លក់​។ មីង​ថៅ​កែ​ការ៉េម​នោះ​ស្រលាញ់​ខ្ញុំ​ណាស់ ហើយ​គាត់​​ប្រាប់​ម៉ែ​ខ្ញុំ​ថា គាត់​​មាន​និស្ស័យ​នឹង​ខ្ញុំ​តាំង​ពី​ថ្ងៃ​ខ្ញុំ​មក​រោង​ចក្រ​នេះ​ដំបូង​ ព្រោះ​គាត់​ឃើញ​​ខ្ញុំ​​​​មាន​ឫក​ពា​​ស្ងៀម​ស្ងាត់​ចម្លែក​ពី​​គេ​ឯង។ ​មុខ​របរ​ថ្មី​មួយ​ទៀត​របស់​​ម៉ែ​​គឺ​រែក​នំ​បញ្ចុក​លក់​ ដោយ​​​ខ្ញុំ​ជា​អ្នក​យួរ​ធុង​ទឹក​ដើរ​តាម។ ម្ដុំ​រោង​ចក្រ​​ចាស់​នោះ​ គេ​ហៅ​ថា​ភូមិ​បួន​ ហើយ​ខ្ញុំ​បាន​ធ្វើ​សួន​ផ្កា​សិរមាន់​​មួយ​នៅ​ទី​នោះ រួច​ក៏​ឃ្លាត​ពី​ខេត្ត​នោះ​​ក្នុង​ពេល​ផ្កា​សិរ​មាន់​​ទាំង​ឡាយ​ចាប់​ផ្ដើម​​ចេញ​ផ្កា។

ខ្ញុំ​ត្រឡប់​មក​ដល់​ស្រុក​កំណើត និង​ចូល​រៀន​ថ្នាក់​ទី​ប្រាំ​នៅ​សាលា​បឋមសិក្សា​ពាមជីកង។ ខ្ញុំ​នៅ​តែ​​ជា​ក្មេង​កំសាក​​ម្នាក់​ដែល​ខ្លាច​គេ​ ប៉ុន្តែ​​ខ្ញុំ​ក៏​ក្លាយ​ជា​សិស្ស​ពូកែ​ដែល​​សិស្ស​រួម​សាលា​កោត​​សរសើរ​។ សាលារៀន​គឺ​ជា​កន្លែង​ដ៏​មាន​កិត្តិ​យស​សម្រាប់​ខ្ញុំ ខុស​ពី​នៅ​ផ្ទះ​ដែល​ជីតា​ខ្ញុំ​​ចេះ​តែ​មាន​គំនុំ​​ស្អប់​ខ្ញុំ​មិន​បាត់។ ពេល​នោះ​ផ្ទះ​ចាស់​ទី​កំណើត​ខ្ញុំ​បាន​ប្ដូរ​​ជា​ផ្ទះ​ក្បឿង​ថ្មី​។ ពេល​មិន​ទៅ​រៀន​ ខ្ញុំ​តែង​តែ​ទៅ​ចម្ការ​ជាមួយ​ម្ដាយ​ខ្ញុំ ដើម្បី​កុំ​ឱ្យ​តា​ខ្ញុំ​រក​រឿង​ថា ​ខ្ញុំ​ខ្ជិល​ធ្វើ​ការ តែ​ស៊ី​ខ្លាច​ចាញ់​គេ។ ខ្ញុំ​គ្មាន​អារម្មណ៍​កក់​ក្ដៅ​​សោះ ក៏​មិន​ចេះ​ស្រលាញ់​ផ្ទះ​ដែរ​ ព្រោះ​គ្រប់​ពេល​នៅ​ផ្ទះ​ភ្នែក​ខ្ញុំ​ដូច​នៅ​តែ​កញ្ចឹង​ក ធ្វើ​អី​ក៏​ខ្លាច​គេ​ស្ដី​ឱ្យ។ ម្ដាយ​ខ្ញុំ​ក៏​មិន​ចុះ​សម្រុង​ជាមួយ​​ឪពុក​គាត់​ដែរ ហើយ​ទ្រាំ​មិន​បាន​ម៉ែ​ក៏​​ធ្វើ​ផ្ទះ​ខ្ទម​មួយ​ក្នុង​ចម្ការ​​​​រស់​នៅ​ពីរ​​នាក់​ខ្ញុំ​។ ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​ទី​ប្រាំពីរ​នៅ​វិទ្យាល័យ​ពាមជីកង ចំណែក​ម្ដាយ​ខ្ញុំ​រក​ស៊ី​ជួញ​ផ្លែ​ក្រូច​ឆ្មារ​​យក​ទៅ​លក់​នៅ​ទីក្រុង​។ ពេល​ម៉ែ​មិន​នៅ​ផ្ទះ​ម្ដងៗ ខ្ញុំ​ក៏​ដើរ​បេះ​ត្រកួន​នៅ​ក្នុង​ចម្ការ ឬ​តាម​វាល​ស្រែ​ យក​មក​ឆា​ជាមួយ​ប្រេង​ឆា​​ធ្វើ​ម្ហូប។

វេលា​វ៉ាកង​ថ្នាក់​ទី​ប្រាំបី ម៉ែ​ក៏​សម្រេច​ចិត្ត​ទៅ​រស់​នៅ​ខេត្ត​ក្រចេះ​ជាលើក​ទី​ពីរ ដោយ​ប្រាប់​ឱ្យ​ខ្ញុំ​ផ្ទេរ​ការសិក្សា។ គ្រា​នោះ​ខ្ញុំ​អាឡោះ​​អាល័យ​សាលា​រៀន​ណាស់ តែ​គ្មាន​ជម្រើស ព្រោះ​បើ​មិន​តាម​ម្ដាយ​ក៏​មិន​ហ៊ាន​រស់​នៅ​ផ្ទះ​ជាមួយ​ជីតា​ដែរ។ ខ្ញុំ​នៅ​តែ​រស់នៅ​ជាមួយ​គ្រួសារ​ម្ដាយ​មីង​អ្នក​​លក់​បាយ ដែល​ពេល​នោះ​គាត់​បាន​បើក​ហាង​ធំ​ជាង​មុន រួច​ខ្ញុំ​ក៏​បាន​​ចូល​រៀន​ថ្នាក់​ទី​ប្រាំបួន​នៅ​អនុវិទ្យាល័យ​ក្រចេះ​ក្រុង។ ខ្ញុំ​តែង​តែ​ជិះ​កង់​កាត់​ខ្យល់​ឡើង​ទួល​ទៅ​រៀន​ ហើយ​ក៏​បាន​ប្រឡង​ជាប់​សិស្សពូកែ​អក្សរសាស្រ្ត​ខ្មែរ​ប្រចាំ​ខេត្ត។ ​ អ្វី​ដែល​​មិន​ធ្លាប់​គិត​ ទេវតា​ក៏​គិត​ឱ្យ តែ​អ្វី​ដែល​ខំ​ប៉ង​ប្រាថ្នា បែរ​ជា​គ្មាន​សំណាង។ ព្រោះ​តែ​កិត្តិយស​ថ្នាក់​ទី​ប្រាំបួន​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ជាប់​រហូត​ថា ថ្នាក់​ទី​ដប់ពីរ​នឹង​ប្រឡង​ឱ្យ​ជាប់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​។ ខ្ញុំ​​ក៏ក្លាយ​ជា​សិស្ស​វិទ្យាល័យ​ព្រះ​កុសុមៈ ហើយ​ចាប់​អារម្មណ៍​រៀន​អក្សរសាស្រ្ត​លើស​មុខ​វិជ្ជា​ផ្សេងៗ ប៉ុន្តែ​អាយុ​ខ្ញុំ​ក៏​ឈាន​ដល់​ដំណាក់​កាល​បរាជ័យ ពោល​​ដល់​ពេល​រៀន​ថ្នាក់​ទី​ដប់ពីរ​ សូម្បី​តែ​សិស្ស​ពូកែ​ប្រចាំ​សាលា​ក៏​​​ខ្ញុំ​ប្រឡង​មិន​​​ជាប់​ផង ព្រោះ​មាន​បញ្ហា​​គ្រូ​កាច់​កុង​គ្នា​​ក៏​កែ​វិញ្ញាសា​​ខ្ញុំ​ទម្លាក់។

ម្ដាយ​ខ្ញុំ​​​​រស់​នៅ​ខេត្ត​ក្រចេះ​​ប្រហែល​មួយ​ឆ្នាំ ​ក៏​​​បាន​ត្រឡប់​ទៅ​រស់​នៅ​​​ស្រុក​ជាមួយ​យាយ​តា​វិញ រី​ឯ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា​នឹង​រស់​នៅ​ទី​នោះ​រហូត​ដល់​ប្រឡង​បាក់ឌុប​​ជាប់។ ការ​សម្រេចចិត្ត​លើក​នោះ​រឹត​តែ​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ស្គាល់​ពី​ជីវិត​ច្រើន។ រស់​នៅ​ដូច​បញ្ញើ​ក្អែក ខ្ញុំប្រាប់​ខ្លួន​ឯង​ថា ជីវិត​​ខ្ញុំ​កំពុង​ផ្ញើ​លើ​គេ ត្រូវ​តែ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត រង់​ចាំ​អនាគត​ពេល​ប្រឡង​ចប់​វិទ្យាល័យ។ ពេល​វេលា​នោះ​ដើរ​យឺត​បំផុត។ ព្រះ​អាទិត្យ​រះ​និង​លិច​​​ ខ្ញុំ​រាប់​មិន​រំលង។ ខ្ញុំ​ហាក់​​រស់​នៅ​ក្នុង​អារម្មណ៍ និង​សម្លឹង​មើល​មនុស្ស​ជុំ​វិញ​ខ្លួន​ដោយ​ដួង​ចិត្ត។ ខ្ញុំ​ខ្លាច​ចិត្ត​គ្រួសារ​ម្ដាយ​មីង​ខ្ញុំ​ណាស់ ខ្លាច​គាត់​គិត​ថា គាត់​ចិញ្ចឹម​ខ្ញុំ​បំបង់​បាយ ឬ​ឱ្យ​កន្លែង​​ខ្ញុំ​ដេក​​នាំ​តែ​ចង្អៀត​ផ្ទះ។ ហេតុនេះ​ខ្ញុំ​ក៏​ខំ​សង​គុណ​ពួក​គាត់​​ ដោយ​រាល់​ថ្ងៃ​​ខ្ញុំ​តែង​​​​ជួយ​រត់​តុ​នៅ​ហាង​លក់​បាយ​របស់​មីង​​ខ្ញុំម្នាក់​ និង​​​រៀប​ចំ​ផ្ទះ​សម្បែង​នៅ​ផ្ទះ​មីង​ម្នាក់​ទៀត ​ដែល​ខ្ញុំ​ទៅ​ដេក​នា​ពេល​យប់។ សិស្ស​ម្នាក់​ដូច​ជា​ខ្ញុំ​នេះ​​ក៏​លែង​​សូវ​ចាប់​អារម្មណ៍​នឹង​​មេរៀន​សាលា ​​ រួច​​បែរ​ជា​ងប់​ងុល​នឹង​​ការ​វិភាគ​ជីវិត​​​ស្ទើរ​គ្រប់​ពេល គ្រប់​ទី​កន្លែង។

ឆ្នាំ​២០០៤ ខ្ញុំ​បាន​ជាប់​បាក់ឌុប និង​មក​រៀន​បន្ត​នៅ​ភ្នំពេញ។ ដំបូង​ខ្ញុំ​​រស់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​​សាលា​គរុកោសល្យ​ភូមិភាគ​​រាជធានី ព្រោះ​​ពូ​ខ្ញុំ​ជា​គរុ​សិស្ស​នៅ​ទី​នោះ។ ​ខ្ញុំក៏​បាន​​ចូល​រៀន​មហាវិទ្យាល័យ​អក្សរសាស្រ្ត​អង់គ្លេស​ នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា ហើយ​មាន​សំណាង​​ជួប​អ្នក​មីង​ម្នាក់ ដែល​​គាត់​អាណិត​ជួយ​ខ្ញុំ​ ឱ្យ​បាន​​ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​មួយ តួនាទី​​ជា​គ្រូ​បង្រៀន​ក្មេងៗ​ផ្ទុក​មេរោគអេដស៍។ ធ្វើ​ការ​នៅ​អង្គការ​នោះ​បាន​​មិន​ដល់​មួយ​ឆ្នាំ ខ្ញុំ​ក៏​សុំ​ឈប់ ព្រោះ​​ពិបាក​សម្រប​ខ្លួន​​នឹង​​អ្នក​រួម​ការងារ​​ និង​​មូល​ហេតុ​មួយ​ទៀត គឺ​ខ្ញុំ​បាន​ដាក់​ពាក្យ​ធ្វើ​ជា​​អ្នក​និពន្ធ​ទំនុក​ច្រៀង​​នៅ​ផលិតកម្ម​​មួយ ដោយ​ជឿ​ជាក់​ថា​ខ្ញុំ​អាច​ធ្វើ​ការងារ​នោះ​បាន។ ជា​អកុសល​ខ្ញុំ​ក៏​ក្លាយ​ជា​មនុស្ស​ទាត់​ខ្យល់ តប់​ប្រមល់​នឹង​ជីវិត រៀន​សូត្រ​ក៏​លែង​ចូល ហើយ​នោះ​​ក៏​ជា​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​រៀន​សរសេរ​រឿង​ខ្លី។​ គ្មាន​សង្ឃឹម​​នឹង​រៀន​ចប់​​ថ្នាក់​បរិញ្ញាបត្រ ខ្ញុំ​ក៏​ប្ដូរ​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង​នៅ​សាកល​វិទ្យាល័យ​​អាស៊ីអឺរ៉ុប​វិញ ហើយ​ក្រោយ​មក​ទៀត​​ក៏​បន្ត​​រៀន​ឆ្នាំ​ទី​បី​នៅ​សាកល​វិទ្យាល័យ​ធនធានមនុស្ស។

ខាង​លើនេះ​ជា​ខ្សែ​ជីវិត​ខ្ញុំ​មុន​ពេល​ក្លាយ​ជា​អ្នក​និពន្ធ។ ខ្ញុំ​យល់​ថា ជីវិត​គឺ​ជា​ការ​លះ​បង់ ដើម្បី​ទទួល​យក។ ពេល​​សរសេរ​អត្ថបទ​​នេះ​រួច​ ទើប​ដឹង​ខ្លួន​​ថា ខ្ញុំ​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន ​រឿង​​នៃ​ឆាក​ជីវិត​​ដ៏​អត្តខាត់ ដែល​មិន​នឹក​ស្មាន​ថា ខ្ញុំ​​បាន​សរសេរ​​ប្រាប់​អ្នក​​ក្នុង​ពេលនេះ​ឡើយ។ ខ្ញុំ​គួរ​តែ​ចង​ចាំ​ប្រភព​ខ្លួន​ឯង​ឱ្យ​ច្បាស់ ដើម្បី​ដាស់​ខ្លួន​ឯង​គ្រប់​ពេល​ដែល​ខ្ញុំ​ដើរ​វង្វេង​ផ្លូវ។ ផ្លូវ​ជីវិត​ប្រហែល​ជា​មិន​វែង​ពេក​ទេ តែ​​អាច​​ជា​​វេលា​សម​ល្មម​ហើយ​ បើ​យើង​ព្រម​ដើរ​លើ​ផ្លូវ​ត្រូវ​តាំង​ពី​វិនាទី​នេះ​ទៅ៕

 

ភ្នំពេញ ថ្ងៃ​ទី ១០ មេសា ២០១០

សុខ ចាន់ផល

97 មតិ Add your own

  • 1. ក្មេងទំនើង  |  ខែ​មេសា 13, 2010 ម៉ោង 1:14 ល្ងាច

    លេងពាក្យម៉េះពូ? ញុមមើលបណ្តើរ បើកវចនានុក្រមបណ្តើរ ^^

    ឆ្លើយតប
  • 2. នាយធី  |  ខែ​មេសា 13, 2010 ម៉ោង 8:03 ល្ងាច

    ក្រោយបានអានប្រវត្តិនៃដំណើរជីវិតរបស់បងហើយខ្លះមក..ទើបខ្ញុំ
    ដឹងថាបងជាមនុស្សម្នាក់ដែលបានឆ្លងកាត់និងជួបរឿងរ៉ាវជាច្រើនក្នុង
    ជីវិត។ក្នុងនាមជាកូនប្រុសកំព្រាឪពុកម្នាក់ដែលបានពន្លយខ្សែជីវិត
    រស់នៅជាមួយម្តាយគ្រប់ទីកន្លែង។ក្រោយបានអានពាក្យបងនិទាន
    ប្រាប់ខាងលើហាក់ដូចបងទទួលរងនូវជីវិតគ្រោតគ្រាតជាច្រើន។ តែគួរឱ្យសសើរបងណាស់ដែលចេះបង្រៀនជីវិតខ្លួនឯងឱ្យចេះតសូ៑
    រហូតបានទទួលបាននូវពន្លឺជីវិតភ្លឺស្វាងដូចនេះ។ តែខុសពីរូបខ្ញុំក្រ
    ទាំងទ្រព្យសម្បត្តិ​ ក្រទាំងចំណេះវិជ្ជា ការរស់នៅសព្វថ្ងៃដូចជាកង្កែប
    រស់នៅក្នុងអន្តូង គ្មានសំលឹងឃើញអ្វីក្រៅពីលំហមេឃ តែប៉ុណ្ណោះ
    ទេ។ ជាមនុស្សដែលរស់ក្រៅសង្គម គ្មានអ្នកណាចង់រាប់អានទេ។
    ខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិតជាឯកា…ជួនកាលអង្គុយពិចារណា
    ពីជីវិតខ្លួនឯង ហេតុអ្វីខ្ញុំជាមនុស្សឯកាដូចនេះ? តែគ្រប់យ៉ាង
    ប្រហែលជាមកពីខ្ញុំជាមនុស្សគ្មានអ្វីដែលធ្វើឱ្យគេចង់រាបអាន ទាំង
    រូបសម្បត្តិ ទាំងទ្រព្យសម្បត្តិ ហើយមើលទៅ…។ សំរាប់រូបខ្ញុំផ្ទាល់
    ខ្ញុំពិតជាចង់រស់នៅក្នុងសង្គមណាស់ ចង់ស្វែងពីសង្គម ចង់រៀនពី
    សង្គម ចង់ធ្វើអ្វីមួយដើម្បីសង្គម តែគ្រប់យ៉ាងខ្ញុំមិនធ្លាប់ទទួលបាន
    ឱកាសណាមួយឡើយ។ រឺមួយមកពីខ្ញុំមិនធ្លាប់សាកល្បងធ្វើទេ?
    តែខ្ញុំសង្ឃឹមថាគង់មានថ្ងៃណាមួយ ខ្ញុំនិងបានរស់នៅជាមួយសង្គម
    យ៉ាងពិតប្រាកដជាមិនខានឡើយ….។ សូមអរគុណណាស់ដែល
    បងបាននិទានពីដំណើរជីវិតអតីតកាលរហូតដល់បច្ចុប្បន្នដល់
    ខ្ញុំក៍ដូចជាបងប្អូនទាំងអស់គ្នាបានដឹងជីដណើរជីវិតរបស់បងណា..
    ។សូមអោយបងសំណាងល្អនិងសុខភាពល្អពេញបរិបូរណ៍ ដើម្បី
    បំពេញការងារអោយកាន់តែជោគជ័យទ្វេរឡើងណា…។

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​មេសា 19, 2010 ម៉ោង 12:31 ល្ងាច

      ក្នុង​លោក​នេះ​គ្មាន​គុណ​សម្បត្តិ​អី​ប្រសើរ​ដូច​ចិត្ត​ល្អ​បរិសុទ្ធ​នោះ​ទេ ហេតុ​នេះ​គោលបំណង​​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ហាត់​ចិត្ត​ខ្លួន​ឯង​ឱ្យ​ល្អ​បរិសុទ្ធ។ គ្រាន់​តែ​រស់​នៅ​ដោយ​បំណង​ល្អ​ជាមួយ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន និង​ខំ​ធ្វើ​ល្អ​តាម​លទ្ធភាព នេះ​គឺ​ជា​ជីវិត​មនុស្ស​ម្នាក់​ដ៏​គួរ​ឱ្យ​គោរព​បំផុត​ហើយ។​ សុធី មិន​ដឹង​ទេ ខ្ញុំ​ក៏​ធ្លាប់​តូច​ចិត្ត​នឹង​វាសនា​ខ្លួន​ឯង​ដែរ តែ​ពេល​នេះ​ខ្ញុំ​ក៏​រៀន​ពេញ​ចិត្ត​នឹង​វាសនា​ខ្លួន​ឯង​វិញ។ មាន​របស់​ល្អៗ​ជា​ច្រើន​ដែល​ខ្ញុំ​គ្មាន ហើយ​មាន​អារម្មណ៍​កក់​ក្ដៅ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ជួប តែ​ខ្ញុំ​ឈប់​តូច​ចិត្ត​ ព្រោះ​ខ្ញុំ​មាន​ចិត្ត​មួយ​ដែល​ចេះ​​រំភើប​នឹង​សុភមង្គល​របស់​អ្នក​ដទៃ និង​មាន​ភ្នែក​អាច​មើល​ឃើញ​អារម្មណ៍​កក់​ក្ដៅ​នានា​បាន។

      ខ្ញុំ​ជឿ​ថា ចិត្ត​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ល្អ​បរិសុទ្ធ គ្រាន់​តែ​ត្រូវ​សង្គម​ធ្វើ​ឱ្យ​ល្អក់​ពណ៌​ប៉ុណ្ណោះ ធ្វើ​ឱ្យ​​ខ្ញុំ​ហាក់​រាថយ​នឹង​ការ​​ចូល​ក្នុង​សង្គម។ យ៉ាងណា​ខ្សែ​ជីវិត​មនុស្ស​ម្នាក់ៗ​ប្រហែល​ត្រូវ​បាន​គូស​ដៅ​រួច​ហើយ… ហើយ​បើ​យើង​ជា​មនុស្ស​ភ្ញាក់​រឭក យើង​ប្រាកដ​ជា​អាច​រស់​នៅ​ជាមនុស្ស​ល្អ​ម្នាក់​បាន។

      ឆ្លើយតប
      • 4. សុផានី  |  ខែ​មេសា 19, 2010 ម៉ោង 4:54 ល្ងាច

        ក្រោយពីបានអានអត្ថបទរបស់បងខាងលើ ពិតជាធ្វើឲ្យខ្ញុំនឹកឃើញដល់អតិតកាលរបស់ខ្លួនដែរ ការពិតខ្ញុំក៏ជាក្មេងដែលធ្លាបឆ្លងកាត់ការរស់នៅដោយផ្ញើរខ្លួនជាមួយម្តាយមីងដែរ ការពិបាកដែលខ្ញុំធ្លាប់ជួបគឹប្រហាក់ប្រហែលនឹងបងដែរ តែខ្ញុំយល់ថាជីវិតគឺបែបនេះ។ ក្រៅពីភាពជាកូនកំព្រាឪពុក ខ្ញុំគឺជាកូនច្បងក្នុងគ្រួសារផងដែរ ប៉ុន្តែខ្ញុំតែងតែរស់នៅដោយផ្លូវសុទិដ្ឋិនិយមក្នុងជីវិតទើបធ្វើអោយខ្ញុំអាចកែប្រែខ្លួនដូចសព្វថ្ងៃនេះ។

  • 5. ចាន់ផល  |  ខែ​មេសា 19, 2010 ម៉ោង 11:37 ព្រឹក

    ជីវិត​ពិត​​គឺ​មិន​ដូច​ឆ្អឹង​រឿង​ដែល​ខ្ញុំ​​តែង​ទេ… ក្នុង​សៀវភៅ​ប្រលោមលោក​ដែល​ខ្ញុំ​សរសេរ ខ្ញុំ​គឺ​ជា​ម្ចាស់​វាសនា​នៃ​តួអង្គ​ទាំង​ឡាយ​​ តែ​ខ្ញុំ​មិន​អាច​ធ្វើ​ជា​ម្ចាស់​វាសនា​នៃ​​ខ្លួន​ឯង​បាន​ឡើយ។

    ឆ្លើយតប
    • 6. ថ្ងៃរះ  |  ខែ​ឧសភា 18, 2011 ម៉ោង 7:59 ល្ងាច

      និយាយបានត្រឹមត្រូវ!! អញ្ចឹងហើយបានជាខ្ញុំចូលចិត្តសរសេររឿង ព្រោះវាអាចធ្វើអោយខ្ញុំអាចក្តាប់ជាប់នៅជោគវាសនារបស់មនុស្សបាន! ធ្វើបែបនេះជីវិតពួកគេនឹងមិនកំសត់ពេកនោះទេ!

      ឆ្លើយតប
      • 7. ចាន់ផល  |  ខែ​ឧសភា 19, 2011 ម៉ោង 11:29 ព្រឹក

        🙂

  • 8. Boy  |  ខែ​មេសា 19, 2010 ម៉ោង 2:50 ល្ងាច

    that’s right

    ឆ្លើយតប
  • 9. ក្មេងស្រែ  |  ខែ​មេសា 19, 2010 ម៉ោង 7:37 ល្ងាច

    បើមនុស្សយើងសុទ្ធតែអាចធ្វើជាម្ចាស់វាសនាខ្លួនឯងបាន ម្ល៉េះមិនដឹងជាពភពលោកយើង វឹកវរប៉ុណ្ណាទេ!

    ឆ្លើយតប
  • 10. កុមារកាមទេព  |  ខែ​មេសា 20, 2010 ម៉ោង 10:20 ព្រឹក

    រឿងវាសនា និងព្រហ្មលិខិត នេះ ចែកចេញជាច្រើនចំនែកណាស់ នរណាជាវាសនា នរណាជាព្រហ្មលិខិតនោះ សូម្បីតែព្រះក៏មិនដឹងដែរ ព្រោះ អ្វីៗទាំងអស់ ព្រហ្មលិខិតជាអ្នកកំណត់ ឯវាសនានោះ មានមនុស្សតិចណាស់ដែលអាចកំណត់វាសនាខ្លួនឯងបាន!!!!

    ឆ្លើយតប
  • 11. Kimlong  |  ខែ​មេសា 24, 2010 ម៉ោង 12:18 ព្រឹក

    តើពាក្យព្រហ្មលិខិត និង វាសនាខុសគ្នាមិចទៅ ??? ខ្ញុំអត់សូវយល់សោះ !

    ឆ្លើយតប
    • 12. ចាន់ផល  |  ខែ​មេសា 24, 2010 ម៉ោង 9:56 ព្រឹក

      ​បើ​តាម​ខ្ញុំ​គិត ព្រហ្មលិខិត គឺ​ភាសា​សម្រាប់​អ្នក​កាន់​សាសនា​ព្រហ្ម ដែល​យល់​ថា ព្រះព្រហ្ម​បាន​គូស​ចារ​​​គ្រប់​យ៉ាង​ក្នុង​លោក​នេះ សោត​ឯ​ឆាក​ជីវិត​មនុស្ស​គឺ​ត្រូវ​​ប្រព្រឹត្ត​តាម​លិខិត​របស់​ព្រះ​ព្រហ្ម​នោះ។ បើ​ចំពោះ​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ ដែល​ជឿ​លើ​កម្មពៀរ យើង​អាច​និយាយ​ថា កម្មលិខិត ផង​ដែរ។ ពាក្យ​​ វាសនា​ គឺ​ស្ថិត​នៅ​ក្រោម​លិខិត​ទាំង​នោះ ឯ​អត្ថន័យ​​គឺ​សំដៅ​លើ​​​​ខ្សែ​ជីវិត​​ដែល​មាន​លក្ខណៈ​មិន​ដូច​​គ្នា ពោល​គឺ​អ្នកខ្លះ​មាន​វាសនា​ល្អ អ្នក​ខ្លះ​មាន​វាសនា​មិន​ល្អ(​អភ័ព្វ)។

      ឆ្លើយតប
      • 13. theary  |  ខែតុលា 13, 2010 ម៉ោង 2:44 ព្រឹក

        សួស្ដីចាន់ ផល ពាក្យថាវាសនា គឺអ្វីៗដែលជាប់ទាក់ទងតមកអំពីជាតិមុន

  • 14. ឧត្តម  |  ខែ​មេសា 24, 2010 ម៉ោង 10:46 ព្រឹក

    ខ្ញុំធ្លាប់បានអានសៀវភៅមួយក្បាលនិយាយថា :
    សើច យំ គឺជាធម្មជាតិនៃជីវិត
    ជួប និង ព្រាត់ជារឿងព្រហ្មលិខិត
    ព្រហ្មលិខិតជាអ្នកកំណត់វាសនា
    លើលោកនេះ គ្មានអ្វីខ្ពស់ជាងមេឃ ជ្រៅជាងសមុទ្រ និង អាថ៌កំបាំងជាងវាសនាមនុស្សនោះទេ
    សោកនាកម្មស្នេហា គ្មានអ្នកណាអាចជួយបានក្រៅពីខ្លួនឯងបានឡើយ។

    ឆ្លើយតប
  • 15. ណារ៉ាក់  |  ខែ​មេសា 25, 2010 ម៉ោង 3:33 ល្ងាច

    និយាយពីអភព្វវិញខ្ជឹលនិយាយ។ តាំងពីកើតមកមិនដែលស្គាល់មុខ កុង ម៉ាទាំងអស់ ហើយដល់ពីប៉ុន្មានឆ្នាំមុន កម៉ាក់ក៏ទៅចោលញ៉ុម ទៀត កាលពីចុងឆ្នាំទៅ បងស្រីទី២ញ៉ុមក៏ទៅចោលញ៉ុមទៀត រាល់ថ្ងៃ ធ្ចើការ បណ្តើរ រកលុយចាយបណ្តើរ រៀនបណ្តើរ ខំណាស់តែធ្វើម៉េច បើវាសនាចារមកអញ្ចឹងមិនដឹងធ្វើយ៉ាងម៉េចទេ មានតែតាម ព្រេង វាសនាទៅ។ ឥលូវគ្រាន់បើជាងមុនតិច ព្រោះមាន ការងារធ្វើ គ្រាន់រៀនសាកល។ និយាយយូរៗទៅដូច កំសត់ខ្លួនពេកឈប់និយាយទៀតហើយ។ ពីណារ៉ាក់។

    ឆ្លើយតប
  • 16. នាយធី  |  ខែ​មេសា 26, 2010 ម៉ោង 1:56 ល្ងាច

    សួស្តីបងណារ៉ាក់…ខ្ញុំគិតថាបងមិនអភ័ព្វទេ។ បងមានអ្វីជាច្រើនដែល
    មនុស្សដ៍ទៃខ្លះមិនធ្លាប់មានដូចបង។ ព្រោះបងមានការសិក្សាខ្ពង់ខ្ពស់
    មានការងារធ្វើ។ដូចនេះបងមានសមត្ថភាពអាចធ្វើជាម្ចាស់ជីវិតលើខ្លួន
    ឯងបាន ។ ខុសឆ្ងាយពីយុវជនជាច្រើននាក់ទៀត ដែលអានាថា
    គ្មានអ្វីជាបង្អែកក្នុងជីវិត សម្បីតែបន្តិច។ ទោះបីជាអ្នកម៉ាក់របស់បង
    បានឃ្លាតឆ្ងាយក៍ដោយ​​ ​។ក៍បងមានចំណេះដឹងនិងសមត្ថភាពគ្រប់គ្រាន់
    ក្នុងការកសាងអនាគតមួយដ៍ភ្លឺស្វាងបានដែរ។

    ឆ្លើយតប
  • 17. ខ្មែរសាវែន  |  ខែកក្កដា 21, 2010 ម៉ោង 12:27 ល្ងាច

    ខ្ញុំបានអានប្រវត្តិរបស់បង ពិតជាមានន័យមែន!!!
    និយាយអ‌៊ីចឹងខ្ញុំអាចពឹងបងរឿងមួយបានទេ ខ្ញុំចង់ឲ្យជួយនិពន្ធបទចម្រៀងមួយ ដែលយកលំនាំបទអង់គ្លេស
    គឺបទ​ The way you look at me ច្រៀងដោយ Christian Bautista ព្រោះថាបទនេះខ្ញុំចូលចិត្តស្តាប់ណាស់។

    ឆ្លើយតប
    • 18. ចាន់ផល  |  ខែកក្កដា 24, 2010 ម៉ោង 6:33 ល្ងាច

      ចាំ​មើល​ឱកាស​ផ្ដល់​ឱ្យ​សិន​ណា! ខ្ញុំ​ឥឡូវ​អត់​​ធ្វើការ​ជាប់​លាប់​នឹង​ចម្រៀង​​ដូច​មុន​ផង អ៊ីចឹង​អត់​ហ៊ាន​ឆ្លើយ​ពេល​នេះ​ទេ!

      ឆ្លើយតប
  • 19. ខ្មែរសាវែន  |  ខែកក្កដា 26, 2010 ម៉ោង 10:55 ព្រឹក

    មិនអីទេបង ចាំពេលណាក៏បានដែរ។

    ឆ្លើយតប
  • 20. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 28, 2010 ម៉ោង 5:45 ព្រឹក

    ទើបតែដឹងពីហេតុផលដែលបងផល ចូលចិត្តសំឡឹងមើលមេឃ មើលភ្លៀង… ហាសហា….
    ហើយមួយវិញទៀត ខ្ញុំក៏ទើបតែដឹង និងយល់ពីអត្ថន័យ រឿងជីវិតចុងក្រោយ ច្បាស់នៅពេលនេះដែរ…

    ឆ្លើយតប
  • 21. boycist  |  ខែសីហា 15, 2010 ម៉ោង 9:27 ព្រឹក

    គួរឲ្យចាប់អារម្មណ៍ រឿងជីវិតបង

    ឆ្លើយតប
  • 22. virith  |  ខែកញ្ញា 8, 2010 ម៉ោង 4:59 ល្ងាច

    ពិតជាកំសត់មែនបង។ខ្ញុំគិតថាខ្ញុំជាមនុស្សកំសត់តែតាមពិតបងកំសត់ជាងខ្ញុំទៀត។

    ឆ្លើយតប
  • 23. កំឡោះខ្មែរ  |  ខែកញ្ញា 21, 2010 ម៉ោង 10:30 ព្រឹក

    កំឡោះខ្មែរ ឃើញឈ្មោះចាន់ផលនេះយូរគួរសមហើយដែរលើពិភពវើតប្រែស តែមិនដែលមានពេលមកអានជីវប្រវត្តិរបស់ចាន់ផលនេះទេ។ មិនដឹងជាខ្យល់អី បក់កំឡោះខ្មែរអោយមកអានជិវប្រវត្តិអ្នកនិពន្ធម្នាក់នេះ។ អានបណ្តើរ ជូតទឹកភ្នែកបណ្តើរ។ អួលដើមក និយាយមិនចេញ។ ខំធ្វើជាញីភ្នែក នៅពេលបុគ្គលិកដើរកាត់បន្ទប់ធ្វើការ ខ្លាចគេដឹងថា មានភ្លៀងក្នុងភ្នែករបស់ខ្ញុំ។

    ប្រហែលមកពីផ្នែកខ្លះនៃជីវប្រវត្តិនេះ វាដូចគ្នាទៅនិងកំឡោះខ្មែរ​ ដូចជាដើរលក់នំ តែកំឡោះខ្មែរ បានត្រឹមដើរលក់ផ្កាចំប៉ា។

    ឆ្លើយតប
  • 24. ឧត្តម  |  ខែមករា 1, 2011 ម៉ោង 4:00 ល្ងាច

    បើពុំមានទុក្ខទេ ម្តេចឡើយនិងមានសុខ យ៉ាងណាមិញឧបមាដូច៖

    បើយើងពុំធ្លាប់ជួបសេចក្តីទុក្ខទេ សេចក្តីសុខនិងមានមកពីណា?

    ជីវិតគឺការតស៊ូ ៗ ដើម្បីភាពជោគជ័យ និងរុងរឿង
    ហើយអ្វីដែលសំខាន់ មនុស្សយើងមានខ្លឹមសារនៅត្រង់មានគុណធម៌ ៕

    ពី
    ឧត្តម
    (ថៃឡង់)

    ឆ្លើយតប
  • 25. ប៊ី  |  ខែ​កុម្ភៈ 2, 2011 ម៉ោង 2:08 ល្ងាច

    ​បទចម្រៀងបងនិពន្ធពិរោះៗណាស់។ ខ្ញុំចង់ក្លាយជាអ្នកនិពន្ធដូចបងដែរ ។ តើខ្ញុំអាចផ្ញើអត្ថបទចម្រៀងជូនបងបានទេ? សូមបងជួយបង្ហាញខ្ញុំផង

    ឆ្លើយតប
  • 26. PyKhmer  |  ខែ​កុម្ភៈ 20, 2011 ម៉ោង 2:21 ព្រឹក

    បទចំរៀងឈាមពេជពិតជាពិរោះនឹងមានន័យណាស់។ខ្ញុំចូលចិត្ដស្ដាប់បទចំរៀងរបស់ អ្នក។ការប្រើពាក្សប្រកបមនោសញ្ចេតនាខ្ពស់ បានស្ដាប់ធ្វើឲ្យខ្ញុំនឹកដាល់កាលខ្លួនមានស្នេហា5ឆ្នាំមុននេះ ខ្ញំនឹកស្រនោះអ្វីៗទាំងអស់ក្នុងជិវិតខ្ញុំ ។អរគុណណាស់ចំរៀងដ៏សែនពិរោះនេះ។

    ឆ្លើយតប
  • 27. ចាន់ផល  |  ខែ​មីនា 1, 2011 ម៉ោង 4:24 ល្ងាច

    ខ្ញុំ​នឹង​សរសេរ​ពាក្យ​របស់​កូន​ក្មេង​ ដើម្បី​ជជែក​​ពី​អារម្មណ៍​មនុស្សចាស់។

    ឆ្លើយតប
  • 28. chheng saonita  |  ខែ​មីនា 9, 2011 ម៉ោង 2:05 ល្ងាច

    ខ្ញុំសូមហៅលោកពូចុះព្រោះមិនដឹងហៅម៉េចទើបត្រឹមត្រូវ។
    ពូមានគ្រួសារមួយដែលមិនមានសុភមង្គលដូចខ្ញុំដែរតែខុសគ្នាត្រង់ខ្ញុំមានអ្វីទាំងអស់តែមិនមានសុភមង្គល។

    ឆ្លើយតប
  • 29. ក្មេងប្រុសសុបិន  |  ខែ​មីនា 29, 2011 ម៉ោង 9:39 ល្ងាច

    ជារឿងមួយដែលហួសពីការស្មានពីគំនិតដែលស្ថិតនៅជាសុបិននៅ
    ឡើយ ។ខ្ញុំតែងមានគំនិតចង់ក្លាយជាអ្នកនិពន្ធម្នាក់ដែលមានស្នាដៃក្រោយពីខ្ញុំត្រូវខកចិត្តរឿងស្នេហាជាលើកដំបូងក្នុងជីវិត។ខ្ញុំចំនាយពេលស្ងៀម
    ស្ងាត់សម្រាប់គិត និងសសេររឿង ឬកំណាព្យបង្ហាញពីទឹកចិត្តរបស់ខ្ញុំ ។
    អ្នកនៅក្បែរខ្លួនខ្ញុំថាខ្ញុំឆ្គួត តែខ្ញុំតែងតែបន្តធ្វើវា ដោយមិនចេះធុញទ្រាន់។
    ជីវិតគឺជាការតស៌ូ ខ្ញុំព្យាយាមតាមវិធីគ្រប់បែបយ៉ាង រហូតបាន
    ចូលក្នុងក្រុមអ្នកនិពន្ធតូចមួយនៅភ្នំពេញ ហើយព្យាយាមចេញផ្សាយ
    រឿងថ្មីៗ ទោះជាពិបាកយ៉ាងណា ក៏មួយសប្តាហ៍ខ្ញុំត្រូវឡើងទៅភ្នំពេញ ដើម្បីរៀនវិជ្ជានិពន្ធ និងទិញសៀវភៅផ្សេងៗសម្រាប់សិក្សា ។ប្រហែលជាគិតថាខ្ញុំជាសិស្សពូកែក្នុងថ្នាក់ហើយមើលទៅ តែតាមពិតមុខវិជ្ជាដែលខ្ញុំអាចធ្វើបានល្អបំផុតគឺ ភាសាខ្មែរ ចំពោះមុខវិជ្ជាផ្សេងៗដូចជាគណិត ប្រហែលជាត្រូវបត់ក្រដាសស ជូនលោកគ្រូវិញហើយ។ មែនហើយជាការសុបិនដ៏ឆ្គួតមួយ ខ្ញុំចង់សុំ
    មតិខ្លះៗពីលោកពូដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសម្រេចបំណងប្រាថ្នាមួយនេះ ។
    ពីខ្ញុំ ក្មេងប្រុសសុបិន

    ឆ្លើយតប
    • 30. ចាន់ផល  |  ខែ​មីនា 30, 2011 ម៉ោង 2:09 ល្ងាច

      ធ្វើ​អ្នក​និពន្ធ​ល្អ​ម្យ៉ាង​ត្រង់​អាច​បង្ហាញ​អារម្មណ៍​ខ្លួន​ឯង​ឱ្យ​គេ​ជួយ​​ដឹង​ឮ។ គេ​ថា​ពេល​ជួប​ស្នេហា អ្នក​នឹង​ក្លាយ​ជា​កវី​និពន្ធ គឺ​ដូច​ជា​អ្វី​ដែល​ក្មួយ​ប្រាប់​នេះ​អ៊ីចឹង។ វា​មិន​មែន​ជា​សុបិន​ឆ្កួត​អី​ទេ ព្រោះ​អ្នក​ណា​ក៏​អាច​ធ្វើ​អ្នក​និពន្ធ​បាន​ដែរ គ្រាន់​តែ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​​នឹង​គាំទ្រ​ស្នាដៃ​របស់​​យើង។ ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​ល្បី គឺ​ត្រូវ​តែ​ពឹង​លើ​ទេពកោសល្យ​ពី​កំណើត រួម​នឹង​ទុន​ជីវិត​ដែល​ធ្លាប់​ឆ្លង​កាត់។

      ឆ្លើយតប
  • 31. ក្មេងប្រុសសុបិន  |  ខែ​មីនា 31, 2011 ម៉ោង 10:32 ព្រឹក

    បាទអរគុណ ខ្ញុំសង្ឃឹមថានិងបានជួបបងដោយផ្ទាល់នៅថ្ងៃណាមួយ
    ខ្ញុំស្រលាញ់ការសសេររបស់បងខ្លាំងណាស់ ពិសេសរឿង “រដូវរងារ”
    ដែលមានរូប បងរាជ លើគ្របសៀវភៅនោះ ឡូយ! មែនទែនម៉ង ។ការពិត
    ខ្ញុំទើបតែបានអាន តាម Blog របស់អ្នកគ្រូ ប៉ិច សង្វាវ៉ានតែប៉ុណ្ណោះ
    ចំនែកសៀវភៅរឿង ខ្ញុំព្យាយាមស្វែងរកដែរ តែដូចជាមិនបានការសោះ។
    បងអាចប្រាប់ខ្ញុំបានទេ ថាតើមាននៅបណ្ណាគារ ណាមួយនៅភ្នំពេញ?
    បាទអរគុណច្រើនសម្រាប់ការឆ្លើយតប ដើម្បីអភិវឌ្ឍន៍គំនិតខាងលើ
    ខ្ញុំ ក្មេងប្រុសសុបិន

    ឆ្លើយតប
    • 32. ចាន់ផល  |  ខែ​មីនា 31, 2011 ម៉ោង 10:44 ព្រឹក

      រឿង «ខែរងា» មិនមែន «រដូវរងា» ទេ​ 😉
      សៀវភៅ​នេះ​ដាក់​លក់​នៅ​តាម​តូប​សៀវភៅ​ និង​​មាន​នៅ​បណ្ណាគារ សន្តិភាព។ ​​ចំនួន​សៀវភៅ​តិច​ ទើប​ដាក់​មិន​បាន​គ្រប់​បណ្ណាគារ។

      ឆ្លើយតប
      • 33. ក្មេងប្រុសសុបិន  |  ខែ​មេសា 1, 2011 ម៉ោង 8:19 ព្រឹក

        បាទ! អរគុណបង ប្រហែលមកពីកំហុសបច្ចេកទេសខ្លួខ្ញុំផ្ទាល់បានជារក
        មិនឃើញ នឹកឡើងចង់សើចខ្លួនឯង ខ្មាស់គេណាស់…!
        ក្មេងប្រុសសុបិន

  • 34. ចាន់ផល  |  ខែ​មេសា 6, 2011 ម៉ោង 2:05 ល្ងាច

    ជួនកាលខ្ញុំគិតថា ខ្លួនឯងមានពីរនាក់ ម្នាក់ជាអ្នកនិពន្ធ សុខ ចាន់ផល ឯម្នាក់ទៀតជាខ្ញុំ។ ខ្ញុំជាអ្នកនិពន្ធត្រឹមតែក្នុងស្នាដៃប៉ុណ្ណោះ ក្រៅពីនេះខ្ញុំគឺជាខ្ញុំ។ ជួនកាលខ្ញុំឮគេរិះគន់អ្នកនិពន្ធ សុខ ចាន់ផល ប្រាប់ខ្ញុំ។ ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ ព្រោះ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ពី​អ្នកនិពន្ធ​ម្នាក់នោះផង។

    ឆ្លើយតប
  • 35. សេង សុវណ្ណារា  |  ខែ​មេសា 16, 2011 ម៉ោង 3:11 ល្ងាច

    ខ្ញុំជាមនុស្សម្នាក់ស្រលាញ់ចំរៀង និងការនិពន្ធណាស់! រាល់បទចំរៀងដែលខ្ញុំស្តាប់ហើយពិរោះ​ ខ្ញុំតែងតែចង់ដឹងថានរណាជាអ្នកនិពន្ធ? អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនៅក្នុងបទចំរៀងគឺចុងជួនល្អ​បន្ទាប់មកពាក្យពេចន៍ល្អ​ និងប្លែក។
    ហេតុផលទាំងនេះហើយបានជាធ្វើឲ្យខ្ញុំបានឃើញឈ្មោះសុខ ចាន់ផល​ នៅក្រោមចំណងជើងនៃបទចំរៀង (អញ្ជឹងបងជាអ្នកនិពន្ធដ៏ល្អម្នាក់ក្នុងចិត្តខ្ញុំហើយ…) ខ្ញុំចង់ស្គាល់ និងចង់ឃើញមុខឈ្មោះនេះណាស់។ ទីបំផុតខ្ញុំក៏បានឃើញរូបបង តាមរយះ Facebook និង Website របស់បង។ ខ្ញុំពិតជាស្ញើចសរសើរបងណាស់ ការនិពន្ធបទចំរៀងរបស់បង ពោរពេញទៅដោយអត្ថន័យ និងអត្ថរស ទាំងចុងជួន និងពាក្យពេចន៏គួរឲ្យទាក់ទាញ។
    មុននិងបញ្ចប់សាររបស់ខ្ញុំ ខ្ញុំចង់សួរបងថា ដើម្បីក្លាយជាអ្នកនិពន្ធ តើយើងត្រូវចាប់ផ្តើមពីណាមក ត្រូវធ្វើអ្វីខ្លះ? ប្អូនជាក្មេងម្នាក់ដែលចូលចិត្តការនិពន្ធ សូមបងណែនាំប្អូនផង…

    ឆ្លើយតប
    • 36. ចាន់ផល  |  ខែ​មេសា 18, 2011 ម៉ោង 5:14 ល្ងាច

      សួស្ដី​ប្អូន! 😀 អរគុណ​​ណាស់​ដែល​ប្អូន​គាំទ្រ​បង! បង​មិន​សូវ​ដឹង​​ពី​គន្លឹះ​ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ​ទេ តែ​សម្រាប់​បង គឺ​តែង​តែ​រៀន​សូត្រ​តាម​ស្នាដៃ​របស់​អ្នក​និពន្ធ​ល្បីៗ។ មុន​ដំបូង​បង​គិត​ថា​គ្រាន់​តែ​ជា​ការ​កម្សាន្ត​ តែ​ព្រោះ​តែ​មាន​និស្ស័យ​ បង​ក៏​អាច​ក្លាយ​ជា​អ្នក​និពន្ធ​ដោយ​មិន​ដឹង​ខ្លួន។

      ឆ្លើយតប
  • 37. សេង សុវណ្ណារា  |  ខែ​មេសា 19, 2011 ម៉ោង 10:44 ល្ងាច

    អរគុណបង​ដែលបានឆ្លើយតប។ ប្អូន​នឹង​ព្យាយាមធ្វើអោយបានដូចបង។
    ជូនពរឲ្យបងជួបតែសំណាងល្អ​និង សុខភាពល្អ​ ដើម្បីនិពន្ធបទចំរៀងពិរោះៗបំរើអារម្មណ៍ប្រជាជនខ្មែរនៅលើពិភពលោកនេះ៕ ជំរាបលាបង!

    ឆ្លើយតប
  • 38. សេង សុវណ្ណារា  |  ខែ​មេសា 30, 2011 ម៉ោង 12:39 ព្រឹក

    នៅពេលនេះខួរក្បាលរបស់ខ្ញុំមានបញ្ហាហើយ យប់ជ្រៅទៅហើយខ្ញុំនៅគិតរឿងជាច្រើន ខ្ញុំគេងអត់លក់ទេ… អារម្មណ៍បែបនេះវាបានកើតឡើងប្រហែលមួយសប្តាហ៍ហើយ។ ខ្ញុំសួរខ្លួនឯងថា តើខ្ញុំកំពុងខូចចិត្ត​ រឺក៏កំពុងសប្បាយចិត្ត? បើថាសប្បាយចិត្តនោះដូចជាមិនត្រូវទេព្រោះខ្ញុំទើបតែបែកពីមនុស្ស ដែលខ្លួនស្រលាញ់ប្រហែលជាមួយខែប៉ុណ្ណោះ(មិនទាន់ភ្លេចគេបាន) តែបើថាខូចចិត្តនោះក៏មិនត្រូវដែរ​​ព្រោះមាននារីម្នាក់ទៀត ស្អាតក៏ស្អាត សុភាពក៏សុភាពកំពុងព្យាយាមយល់ចិត្តគ្នាជាមួយខ្ញុំ។
    បញ្ហាដែលត្រូវដោះស្រាយពេលនេះ គឺ ម្នាក់ចាស់ត្រលប់មកវិញ ស្របពេលដែលខ្ញុំមានអារម្មណ៍ល្អជាមួយអ្នកថ្មី តើអោយខ្ញុំធ្វើយ៉ាងណា??? អ្នកចាស់មានចំនុចល្អជាច្រើន ប៉ុន្តែគេធ្លាប់ក្បត់ខ្ញុំធ្វើអោយខ្ញុំខូចចិត្តណាស់​ អ្នកថ្មីខ្ញុំមិនសូវដឹងច្បាស់ពីគេទេព្រោះទើបស្គាល់គ្នា ដឹងត្រឹមគេស្រលាញ់ខ្ញុំ… ហ៊ឺ! បងចាន់ ផល អើយជួយប្អូនផង ប្អូន​ដោះស្រាយមិនចេញទេ!!! តើគួរសំរេចចិត្តមើលចិត្តអ្នកថ្មីបន្តទៀត ឬ​ក៏យកអ្នកចាស់? សូមបងជួយបង្ហាញផ្លូវប្អូនខ្លះផង ប្អូនគេងមិនលក់ទេ…

    ឆ្លើយតប
    • 39. ចាន់ផល  |  ខែ​មេសា 30, 2011 ម៉ោង 2:56 ល្ងាច

      ខ្ញុំយល់ថា កុំបង្ខំខ្លួនឯងឱ្យសម្រេចចិត្តអី រង់ចាំពេលវេលាសិន ដើម្បីឱ្យដឹងថា តើយើងស្រលាញ់អ្នកណាជាង ហើយអ្នកណាស្រលាញ់យើងពិត?

      ឆ្លើយតប
  • 40. ថ្ងៃរះ  |  ខែ​ឧសភា 18, 2011 ម៉ោង 8:11 ល្ងាច

    បានស្គាល់បងប្រុសចានផល តាមហ្វេសប៊ុក និង បានអានមតិរបស់មិត្តភក្តិផ្សេងៗទៀតក្នុង វ៉ឺតប្រេស ខ្ញុំកាន់តែទទួលអារម្មណ៍ថា ជីវិតនេះ ខ្ញុំមិនមែននៅតែម្នាក់ឯងណោះទេ… អរគុណសំរាប់វត្តមានរបស់អ្នកក្នងជីវិតខ្ញុំ…

    ឆ្លើយតប
  • 42. សិរី ម៉ារឌី  |  ខែកក្កដា 23, 2011 ម៉ោង 11:00 ព្រឹក

    ខ្ញុំសូមកោតសរសើរ និងពេញចិត្តនូវអ្វីដែលចាន់ផល បានតស៊ូក្នុងឆាកជីវិតនាអតីតកាល និងបានកំពុងធ្វើនាពេលបច្ចុប្បន្ន។ សូមឲ្យក្តីប្រាថ្នាទាំងឡាយរបស់ចាន់ផល ចូរមានដល់ចាន់ផល និងបានទទួលសមបំណងនូវអ្វីដែលធ្វើឲ្យជីវិតរបស់ចាន់ផលមានភាពត្រចះត្រចង់។ ពីខ្ញុំ សិរី ម៉ារឌី

    ឆ្លើយតប
    • 43. ចាន់ផល  |  ខែកក្កដា 23, 2011 ម៉ោង 11:07 ព្រឹក

      អរគុណបងប្រុស សិរី ម៉ារឌី ! ខ្ញុំរីករាយណាស់ ដែលមានឈ្មោះបងនៅក្នុងប្លកនេះ!

      ឆ្លើយតប
  • 44. Siem Reap Blog  |  ខែកក្កដា 24, 2011 ម៉ោង 4:03 ល្ងាច

    ឥឡូវនេះខ្ញុំទើបតែបានឃើញមុខមាត់ពិតរបស់អ្នកនិពន្ធដែលមានស្នាដៃលើសលប់​​នៅហង្សមាស។​ សូមទទួលការ​គោរព​ និងស្រឡាញ់ ថែមទាំងការរាប់អាន យ៉ាងស្មោះអំពីខ្ញុំ អ្នកវៃសៀមរាប​​ 🙂

    ឆ្លើយតប
    • 45. ចាន់ផល  |  ខែកក្កដា 25, 2011 ម៉ោង 8:45 ព្រឹក

      សូមអរគុណដែលបានមកដល់ទីនេះ! 🙂

      ឆ្លើយតប
  • 46. advinya  |  ខែកក្កដា 26, 2011 ម៉ោង 8:44 ល្ងាច

    បងប្រុសជីវិតមនុស្សត្រូវមានការតស៊ូទើបជីវិតមានន័យ​:-)

    ឆ្លើយតប
  • 47. សេង សុវណ្ណារា  |  ខែសីហា 20, 2011 ម៉ោង 12:25 ព្រឹក

    តើអ្នកនិពន្ធបទចំរៀងដើម្បីអ្វី?
    សំរាប់ខ្ញុំគិតថាការនិពន្ធបទចំរៀងដើម្បីបង្ហាញពីអារម្មណ៍រីករាយ​ អារម្មណ៍ស្រលាញ់ អារម្មណ៍ចូលចិត្ត អារម្មណ៍កើតទុក្ខ​ អារម្មណ៍ឈឺចាប់ របស់ខ្លួនឯង​ និងអ្នកនៅជុំវិញ​ខ្លួនខ្ញុំ។ ពេលខ្ញុំនិពន្ធបានមួយបទ​ បានន័យថាខ្ញុំអាច​​បង្ហាញនូវអារម្មណ៍មនុស្សម្នាក់​អោយទៅ​មនុស្សជាច្រើននាក់ទៀតបាន​ដឹង។ ដូចនេះអ្នកមិនឯកោទេ…!
    ចំពោះបងវិញគិតយ៉ាងណាដែរ?

    ឆ្លើយតប
    • 48. ចាន់ផល  |  ខែសីហា 22, 2011 ម៉ោង 9:36 ព្រឹក

      ចំពោះខ្ញុំ គឺស្រដៀងនឹងប្អូនដែរ ហើយក៏មកពីខ្ញុំចូលចិត្តចម្រៀង ចង់សរសេរឱ្យគេស្ដាប់ ដូចដែលខ្ញុំធ្លាប់ស្ដាប់ស្នាដៃគេ។ ខ្ញុំមានហេតុផលច្រើនណាស់ ក្នុងការសរសេរចម្រៀងមួយបទៗ 🙂

      ឆ្លើយតប
  • 49. សេង សុវណ្ណារា  |  ខែសីហា 27, 2011 ម៉ោង 9:35 ល្ងាច

    រីករាយថ្ងៃខួបកំណើត! ជូនពរបងមានសុខភាពល្អ ជោគជ័យក្នុងការងារ ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ…តែកុំភ្លេចខំប្រឹងខ្លួនឯងផងណា…

    ឆ្លើយតប
  • 50. malen  |  ខែកញ្ញា 13, 2011 ម៉ោង 3:26 ល្ងាច

    បើស្តាប់ទៅ អ្នកនិពន្ធដូចជាអស្ចារ្យណាស់។ តែខ្ញុំមិនយល់ តើអ្នកនិពន្ធសព្វថ្ងៃ តើពួក​គាត់កំពុងនិពន្ធអ្វី? បទភ្លេងឬទំនុកច្រៀង?​ ប្រហែលជាមានតែខ្ញុំទេ ដែលមានអារម្មណ៍ឈឺចាប់។

    ឆ្លើយតប
  • 51. malen  |  ខែកញ្ញា 13, 2011 ម៉ោង 3:30 ល្ងាច

    ខ្ញុំអាចជាមនុស្សឆ្កួតក្នុងចំណោមពួកអ្នក តែខ្ញុំជាមនុស្សជា សម្រាប់តែខ្លួនខ្ញុំប៉ុណ្ណោះ។ តើលោក(សុខ​ ចាន់ផល)យល់ថា ខ្ញុំកំពុងនិយាយពីអ្វីទេ?

    ឆ្លើយតប
    • 52. ចាន់ផល  |  ខែកញ្ញា 13, 2011 ម៉ោង 3:42 ល្ងាច

      លោកប្រហែលជានិយាយពីចម្រៀងខ្មែរបច្ចុប្បន្ន ដែលអ្នកនិពន្ធចម្លងភ្លេងពីគេ។ ជាអ្នកនិពន្ធម្នាក់ ខ្ញុំឈឺចាប់ជាងលោកទៅទៀត ហើយកំពុងតែរកការងារផ្សេងធ្វើក្រៅពីអ្នកនិពន្ធ ព្រោះនៅស្រុកខ្មែរបច្ចុប្បន្ននេះ ការងារមួយនេះគ្មានតម្លៃសោះ ប្រើខួរក្បាលច្រើន រកប្រាក់បានតិច តែត្រូវគេបន្ទោសច្រើន។ អ្នកនិពន្ធដូចជាអស្ចារ្យណាស់ តែអ្នកនិពន្ធស្រុកខ្មែរក្នុងសម័យនេះ ខ្សត់អ្នកឱ្យតម្លៃណាស់។

      ឆ្លើយតប
  • 53. malen  |  ខែកញ្ញា 17, 2011 ម៉ោង 12:51 ល្ងាច

    លោកឆ្លើយបានល្អណាស់! ខ្ញុំពេញចិត្តចម្លើយរបស់លោក។ ប៉ុន្តែហេតុអីក៏លោកនិយាយ​ថា ការងារជាអ្នកនិពន្ធគ្មានតម្លៃ? តើតម្លៃនេះ វាកើតចេញពីណា? ខ្ញុំដឹងថា ទោះជាលោក​លាឈប់ពីការងារនេះ ក៏បេះដូងរបស់លោក នៅតែជាបេះដូងអ្នកនិពន្ធដដែល ហើយបេះដូងនេះ នៅតែបន្តរហូតដល់លោកអស់ជីវិត។
    ទោះយ៉ាងណា ខ្ញុំយល់ថា លោកបានផ្តល់នូវចម្លើយពិត អារម្មណ៍ពិតរបស់លោកចំពោះខ្ញុំ។ អរគុណលោកណាស់។

    ឆ្លើយតប
    • 54. ចាន់ផល  |  ខែកញ្ញា 17, 2011 ម៉ោង 2:36 ល្ងាច

      ខ្ញុំនិយាយថា នៅស្រុកខ្មែរបច្ចុប្បន្ននេះ ការងារមួយនេះគ្មានតម្លៃសោះ ព្រោះប្រើខួរក្បាលច្រើន រកប្រាក់បានតិច តែត្រូវគេបន្ទោសច្រើន ខ្សត់អ្នកឱ្យតម្លៃណាស់។

      ឆ្លើយតប
  • 55. malen  |  ខែកញ្ញា 17, 2011 ម៉ោង 1:00 ល្ងាច

    ត្រូវហើយ! លោកដឹងទេ? សិស្សថ្នាក់ទី៦របស់ខ្ញុំ បានសួរខ្ញុំថា៖ លោកគ្រូ! ហេតុអីក៏​បទ​ចម្រៀងយើង ដូចបទកូរ៉េ ចិន ថៃ? គេចម្លងយើង ឬយើងចម្លងគេ? ហេតុអី? ចម្លើយ……………………………………………………………………

    ឆ្លើយតប
    • 56. ចាន់ផល  |  ខែកញ្ញា 17, 2011 ម៉ោង 3:02 ល្ងាច

      ឆ្លើយតែតាមការពិតទៅ ថាយើងចម្លងគេ ទើបក្មេងៗជំនាន់ក្រោយចេះឈឺចាប់ ខំប្រឹងរៀន ដើម្បីអភិវឌ្ឃន៍ជាតិ។ លោកជាគ្រូគឺមានឱកាសច្រើន អាចបណ្ដុះធនធានមនុស្ស ឱ្យចេះគោរពច្បាប់ ចៀសពីគំនិតពុករលួយ មានមនសិកាជាតិ។ ប្រាប់គេផង ថាក្រៅពីចម្រៀងដែលយើងមិនចេះធ្វើខ្លួនឯង បច្ចុប្បន្នយើងនៅប្រើរបស់គេច្រើនទៀត ដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក គ្រឿងឧបភោគបរិភោគ ឱសថ រឿងតុបតែងកាយ… ហ៊ឺ… ច្រើនណាស់ គួរឱ្យឈឺចាប់ណាស់។ ម្យ៉ាងទៀត ប្រាប់ពួកគេថា ត្រូវចេះគាំទ្រផលិតផលក្នុងស្រុក ទោះជាមានគុណភាពទាបជាងផលិតនាំចូលក៏ដោយ។ ជាក់ស្ដែងដូចជាផ្នែកសិល្បៈចម្រៀង ខ្មែរយើងក៏ខំទាំងត្រដាបត្រដួសផលិតខ្លួនឯងដែរ។ ហេតុនេះសូមឱ្យពួកគេជួយទិញនូវថាសដើម (CD Original) ដើម្បីជួយលើកកម្លាំងចិត្តអ្នកស្រលាញ់ជាតិដូចគ្នា។

      សុំទោសដែលខ្ញុំនិយាយច្រើនបន្តិច តែក្នុងនាមជាខ្មែរម្នាក់ ពេលឃើញប្រព័ន្ធអប់រំស្រុកខ្មែរធូររលង់ សិស្សមិនខំរៀន ពេលប្រលងក៏លួចចម្លងគ្នាជាទម្លាប់បែបនេះ តើធនធានមនុស្សខ្មែរទៅអនាគតមានប៉ុន្មាននាក់? ខ្ញុំធ្លាប់ជាសិស្សរៀនពូកែ ប៉ុន្តែបែរជាធ្លាក់ទឹកចិត្តលែងខំរៀន… ព្រោះអ្វី? ព្រោះសិស្សពូកែមិនប្រាកដថាបានលេខ១ទេ ហើយសិស្សពូកែក៏មិនប្រាកដថាបានធ្វើការងារល្អដែរ។

      ឆ្លើយតប
  • 57. malen  |  ខែកញ្ញា 17, 2011 ម៉ោង 6:41 ល្ងាច

    ម្តងជាពីរដងទស្សនៈរបស់លោកបញ្ជាក់ថា លោកជាមនុស្សមានមនសិការណាស់។ ខ្ញុំនឹងនាំពាក្យរបស់លោក ទៅប្រាប់​សិស្សរបស់ខ្ញុំ។ ត្រូវហើយ! អីចឹង តើលោកមានគំនិត​បង្កើតបទភ្លេងដោយខ្លួនឯងទេ? តើលោកនឹងគិតធ្វើអ្វីបន្តទៀត?

    បើលោកមានឱកាសមកសៀមរាប ហើយមានពេលទំនេរនោះ លោកអាចទៅសួស្តីសិស្សរបស់​ខ្ញុំនៅសាលាបឋមសិក្សាវត្តបូព៌ក៏បាន ខ្ញុំស្វាគមន៍លោក។ ហើយម្យ៉ាងទៀត លោកក៏អាចផ្សព្វផ្សាយចំណេះដឹងរបស់លោក ទៅកាន់ពួកគេផងដែរ ព្រោះសិស្សរបស់ខ្ញុំ ជារៀងរាល់ឆ្នាំ ពួកគេពូកែតែងកំណាព្យណាស់។

    និយាយលេងទេ តែបើអាចក៏អញ្ចើញមកចុះ។

    សំណាងល្អណា!!

    សង្ឃឹមថា បានស្តាប់បទភ្លេងថ្មី ទំនុកថ្មីរបស់លោក។

    ឆ្លើយតប
    • 58. ចាន់ផល  |  ខែកញ្ញា 19, 2011 ម៉ោង 11:24 ព្រឹក

      តាមពិត ខ្ញុំក៏បានសរសេរទំនុកសម្រាប់បទភ្លេងខ្មែរនិពន្ធថ្មីច្រើនដែរ ដូចជាបទ បេះដូងខ្មែរ អ្នកមិនឯកា សាយ័ណ្ហឯកា អ្នកជាកូនប្រុស ស្រលាញ់គឺស្រលាញ់ ហេតុអ្វីស្គាល់បង? រនោចខ្លោចចិត្ត គ្រប់ពេលវេលាបងស្រលាញ់អូន បែកទាំងបង្ខំអារម្មណ៍ បងប្រុសដែលអូនស្អប់… ហើយបើខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ ខ្ញុំនឹងបង្កើតផលិតកម្មចម្រៀងមួយ ដែលផលិតបទនិពន្ធថ្មីដោយខ្មែរ ឈប់ចម្លងពីគេ។

      អរគុណចំពោះការរាប់អាន! ជូនពរលោកមានសំណាងល្អ សុខភាពល្អ ដើម្បីបន្តការងារអប់រំក្មេងៗ ឱ្យក្លាយជាធនធានមនុស្សទៅថ្ងៃអនាគត។

      ឆ្លើយតប
  • 59. សេង សុវណ្ណារា  |  ខែកញ្ញា 18, 2011 ម៉ោង 6:33 ល្ងាច

    សុំទោសដែលចូលរួមមតិជាមួយមនុស្សចាស់​ ខ្ញុំជាក្មេងម្នាក់ដែលមាននិស្ស័យ​និងស្រលាញ់ការនិពន្ធ ខ្ញុំមិនដឹងថាការគិតរបស់ខ្ញុំខុសឬត្រូវទេ? ខ្ញុំយល់ថាសិល្បះស្រុកខ្មែរយើងនៅមានកំរិត។​ លោកពូ លោកអ៊ំ ដែលគាត់បានឆ្លងកាត់សម័យដ៏រីកចំរើនផ្នែកសិល្បះនាទស្សវត្សទី៦០ គាត់នៅមានផ្នត់គំនិតថាការនិពន្ធសសម័យនេះអន់ជាងសម័យមុនខ្លាំងណាស់ ខ្ញុំទទួលស្គាល់ថាវាអន់ជាងមែន ប៉ុន្តែវាមិនមែនអន់រហូតទេ វាកំពុងតែរីកចំរើនហើយតើ។​ គាត់ភ្លេចគិតថាប្រទេសយើងបានរងការខូចខាតជាច្រើននៅរបបវាលពិឃាតទាំងអ្នកនិពន្ធ​និងអ្នកចំរៀងស្លាប់ស្ទើរទាំងអស់។ មួយវិញទៀតតើមានមនុស្សប៉ុន្មាននាក់ដែលព្រម អោយកូនខ្លួនឯងទៅរៀននិពន្ធបទភ្លងនោះ បើសព្វថ្ងៃអ្នករាល់គ្នាមិនអោយតំលៃគាត់ផង! ពេលចេញវ៉ុលថ្មីតើមានមនុស្សប៉ុន្មាននាក់ទិញDisc Original នោះ?
    ទោះបីជាសព្វថ្ងៃយើងនៅលួចចំលងបទភ្លេងពីគេក៏ដោយ អោយតែទំនុកច្រៀងរបស់យើងមានន័យ មានឃ្លោងឃ្លា មានចុងជួនល្អ ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ។ កុំអោយតែអ្នកនិពន្ធខ្លះនិពន្ធរកស្តាប់អត្ថន័យមិនបាន ចុងជួនមិនដឹងនៅឯណា?។ ការនិពន្ធបទភ្លេងខ្ញុំសង្ឈឹមថានឹងរីកចំរើនតាមក្រោយ។
    អ្នកធ្វើគឺតែងតែខុសអញ្ចឹងហើយណាបង ចាន់ផល បងត្រូវតែតស៊ូណា!

    ឆ្លើយតប
  • 60. malen  |  ខែកញ្ញា 20, 2011 ម៉ោង 8:25 ព្រឹក

    តើអាចប្រាប់ខ្ញុំផងបានទេ ថាសាលានិពន្ធបទភ្លេងមាននៅឯណាខ្លះ? ខ្ញុំសង្ឃឹមថា នឹងអាច​មានឱកាសទៅរៀន។
    សួស្តីសុវណ្ណារា! ត្រឹមត្រូវណាស់! តើមានប៉ុន្មាននាក់ដែលទិញDisc Original? សូម្បីតែខ្ញុំ ខ្លួនឯងផ្ទាល់ រាល់ថ្ងៃនេះ ក៏ខ្ញុំទិញDisចម្លងដែរ។ តើប្អូនដឹងទេ ថាផ្នត់គំនិតខ្ញុំ ខ្ញុំគិតបែប​ណា? បើតាមគំនិតខ្ញុំជាអតិថិជនម្នាក់ មកពីខ្ញុំគិតថា បទចម្រៀងគ្មានជារបស់ខ្លួនឯងផង ទៅទិញdisដើម នាំតែខាតប្រាក់ប៉ុណ្ណោះ។ ដូចនេះ ទិញDisចម្លងទៅ ស្តាប់តែម្តងហើយគឺបោះចោល។ សូមទោសណា! ខ្ញុំនិយាយពីអារម្មណ៍ របស់ខ្ញុំពិតមែន។
    លោកចាន់ផល! ខ្ញុំគាំទ្រលោកពេញទី ចំពោះគំនិតបើកផលិតកម្មថ្មីរបស់លោក។
    ខ្ញុំជឿថា បើយើងព្រមធ្វើទាំងអស់គ្នា អ្នកស្តាប់គេប្រាកដជាស្តាប់។

    សូមសំណាងល្អទាំងអស់គ្នា!!!

    ឆ្លើយតប
    • 61. ចាន់ផល  |  ខែកញ្ញា 20, 2011 ម៉ោង 9:39 ព្រឹក

      ខ្ញុំធ្លាប់ឃើញត្រឹមមានវគ្គសិក្សាខ្លីៗពីភ្លេង តែមិនដែលដឹងពីសាលារៀននិពន្ធបទភ្លេងឡើយ។

      ឆ្លើយតប
  • 62. malen  |  ខែកញ្ញា 26, 2011 ម៉ោង 8:14 ព្រឹក

    អរគុណ!

    ឆ្លើយតប
  • 63. ក្មេងប្រុសសុបិន  |  ខែធ្នូ 2, 2011 ម៉ោង 8:28 ព្រឹក

    កុសុមៈសព្វថ្ងៃក៏នៅតែបែបនេះដែរ ខ្ញុំក៏ដូចបងដែរធ្លាក់យ៉ាងអាម៉ាស់ព្រោះតែរឿងគ្រូៗ អ្នកចេញវិញ្ញាសាគឺដូចវិញ្ញាសាគាត់បង្រៀនទាំងអស់ ៥ នាក់ កូនសិស្សគាត់៤នាក់ រៀប តាមលំដាប់លេខ១ដល់លេខ៤អស់ហើយ មានកន្លែងណាឲ្យគេទៀត ។ ថ្ងៃប្រលងគ្រាន់តែ ឃើញវិញ្ញាសាខ្ញុំសឹងបោកក្បាលនៅនឹងតុ វិញ្ញាសាដូចបេះដាក់គឺ Copy វិញ្ញាសារគាត់ បង្រៀនយកមកដាក់តែម្តង ! ឈឺចិត្តណាស់ ! តែពេលនេះខ្ញុំក៏ដឹងវាជាទម្លាប់របស់ពួកគាត់ ទៅហើយពេលដែលខ្ញុំដឹងថាពេលប្រលងបងក៏ដូចខ្ញុំដែរ !

    ឆ្លើយតប
  • 64. ចាន់ផល  |  ខែធ្នូ 3, 2011 ម៉ោង 9:29 ព្រឹក

    ខ្ញុំមានចំណុងល្អមួយ គឺមិនងាយប្រកាន់ខឹងអ្នកណាទេ
    តែខ្ញុំក៏មានចំណុចអាក្រក់មួយដែរ គឺបើខឹងអ្នកណាហើយ មិនងាយភ្លេចឡើយ។

    ឆ្លើយតប
  • 65. ចាន់ផល  |  ខែធ្នូ 3, 2011 ម៉ោង 10:02 ព្រឹក

    មិនខ្វល់ថាគេជាអ្នកណា មិនខ្វល់ថាគេមានប្រយោជន៍ចំពោះខ្ញុំ ខ្ញុំនឹងមិនព្យាយាមរាប់អានគេឡើយ បើខ្ញុំមានសម្ពាធពេលនៅជាមួយគេ។

    ឆ្លើយតប
  • 66. youngwriter2011  |  ខែមករា 25, 2012 ម៉ោង 10:15 ព្រឹក

    អូយ! ខ្ញុំ​អាន​ឡើង​ឈឺ​ភ្នែក កំពុង​តែ​មីញ៉ូប​ផង តែ​ពិត​ជា​មាន​ន័យ​មែន។

    ឆ្លើយតប
  • 67. Nida  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 3:08 ល្ងាច

    ខ្ញុំតាមដាន​ការឆ្លងឆ្លើយរបស់ធនធានមនុស្សជំនាន់ក្រោយឡើងជក់ចិត្តដិតអារម្មណ៍​ និងសប្បាយចិត្តនៅពេលបានដឹងថា​ នៅមានមនុស្សជាច្រើននៅមានឧត្តមគិតល្អៗ ប៉ុន្តែឈឺចិត្ត ដោយសារទំពាំងដែលត្រូវស្នងឫស្សីកំពុងមានសំណាងមិនល្អ និងទទួលរងឥទ្ធិពលពីមនុស្សមិនល្អបច្ចុប្បន្ន និងជំនាន់មុនជាច្រើន ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងបោះបង់អំពើមិនគម្បីចោល ហ៊ាននិយាយពិត ចេះទទួលកំហុស។​​ សូមសរសើរចាន់ផល

    ឆ្លើយតប
    • 68. ចាន់ផល  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 3:16 ល្ងាច

      អរគុណ Nida ដែល​បាន​ចូល​មក​អាន! 🙂

      ឆ្លើយតប
  • 69. សុធារត្ន័  |  ខែ​កុម្ភៈ 12, 2012 ម៉ោង 10:12 ល្ងាច

    បងចាន់ផង ខ្ញុំសូមសួររឿងមួយ តើរឿងខែរងារមានលក់នៅតាមបណ្តាលទីផ្សារទេ? ខ្ញុំចូលចិត្តស្នាដៃរបស់បង និងចង់អានរឿងនោះយូរមកហើយដែរ

    ឆ្លើយតប
    • 70. ចាន់ផល  |  ខែ​កុម្ភៈ 13, 2012 ម៉ោង 1:55 ល្ងាច

      បាទ គឺមានដាក់លក់នៅបណ្ណាគារ PBC និង IBC ដែរ តែមិនគ្រប់សាខាទេ ព្រោះខ្ញុំ​រក​អ្នក​ចែក​ចាយ​សៀវភៅ​មិន​បាន។

      ឆ្លើយតប
  • 71. សុធារត្ន័  |  ខែ​កុម្ភៈ 14, 2012 ម៉ោង 10:30 ល្ងាច

    អរគុណ! ខ្ញុំនឹងទៅរកមើល

    ឆ្លើយតប
  • 72. បេតិកភ័ណ្ឌ  |  ខែ​កុម្ភៈ 20, 2012 ម៉ោង 9:55 ព្រឹក

    ប្រវត្តរូបបងស្តាប់ទៅគួរអោយស្រណោះ និងចូលចិត្តអាន និងចងចាំជានិច្ច។

    ឆ្លើយតប
  • 73. Huy Sen  |  ខែ​កុម្ភៈ 29, 2012 ម៉ោង 9:31 ព្រឹក

    ហ៊ើយ អានឡើងចង់ក្តៅភ្នែក តែត្រជាក់ចិត្ត ដែលបានមកលេងមកផ្ទះបងផល។

    ឆ្លើយតប
  • 74. Theavy Lam  |  ខែ​មីនា 2, 2012 ម៉ោង 5:01 ល្ងាច

    សួស្តីចាន់ផល!
    ខ្ញុំចូលចិត្តអានសៀវភៅណាស់។ ខែមុនខ្ញុំទៅអំពេញទៅទិញសៀវភៅមយកមកអាន ខ្ញុំដើររើសសៀវភៅណាដែលប្លែកនឹងទាន់សម័យ។ខ្ញុំរើសបានសៀវភៅច្រើនហើយទាំងសម័យមុនសម័យក្រោយ។ ហើយខ្ញុំឃើញសៀវភៅចង្កៀងនិទានរឿងខ្មោច, ខ្ញុំគិតថាទិញឬមិនទិញ បែរមើលនៅក្រោយក្របសៀវភៅ អន្ទិតម្នាក់ធ្វើមាត់ស្ញេញដាក់ខ្ញុំ ohខ្ជិលទិញណាស់ អ្នកនិពន្ធល្អគេមិនដាក់រូបគេឡើយ ព្រោះខ្លាចអ្នកអានអស់អារម្មណ៍តែពេលដើរទៅដើរមកអត់បានសៀវភៅផ្សេងក៏សំរេចចិត្តសាកទិញសៀវភៅចង្កៀងនិទានរឿងខ្មោចលមើល។ ខ្ញុំសូមសរសើរ ខ្ញុំចូលចិត្តជាងគេគឺរឿង ជ្រកភ្លៀង ចង្កៀងនិទានរឿងខ្មោច និងរឿង កាបូបលុយ។ ខ្ញុំសើចជាងគេគឺរឿងចង្កៀងនិទានរឿងខ្មោច ចំណែករឿង កាបូបលុយនិងរឿងជ្រកភ្លៀងមានន័យពិចារណាល្អអស់ទាស់។ ចង់សួរថា ចេញស្នាដៃបោះពុម្ភ បានប៉ុន្មានក្បាលហើយព្រោះខ្ញុំឃើញមានតែមួយ។ ខ្ញុំចូលចិត្តអានរឿងខ្លីៗឆាប់ចប់ និងមិនគិតច្រើនថាតើមានអីកើតឡើងដល់តួនេះតួនោះ ខ្ញុំគិតថាខ្ញុំយ៉ាប់មហាសែនយ៉ាប់។
    ខ្ញុំទើបតែមានពេលមកមើលទំព័រនេះ ពិតជាឡួយមែន! សូមបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ខ្ញុំកំពុងចាំមើល. សំណាងល្អ

    ឆ្លើយតប
    • 75. ចាន់ផល  |  ខែ​មីនា 3, 2012 ម៉ោង 4:09 ល្ងាច

      សួស្ដី! អរគុណណា ដែល​បាន​អាន​សៀវភៅ​ខ្ញុំ រហូត​បាន​មក​ដល់​ទី​នេះ 🙂 និយាយ​ដល់​ស្នាដៃ​របស់​ខ្ញុំ គឺ​បាន​បោះពុម្ព​ប៉ុន្មាន​ចំណងជើង​ដែរ មាន​ប្រលោម​លោក​ពីរ​រឿង ស្នេហាសុភាពបុរស និង ខែរងា ក្រៅ​ពី​នេះ​គឺ​សៀវភៅ​រឿង​ខ្លី ចង្កៀងនិទានរឿងខ្មោច នោះ​ឯង ហើយ​នេះ​គឺ​រឿង​ដែល​ខ្ញុំ​ផ្សាយ​តាម​អនឡាញ៖ http://www.facebook.com/media/set/?set=a.10150632272688816.401326.330715723815&type=3
      សុខភាពល្អ!

      ឆ្លើយតប
  • 76. krousarrikreay  |  ខែ​មីនា 24, 2012 ម៉ោង 9:53 ព្រឹក

    សួស្តីបង!
    ខ្ញុំធ្លាប់តែស្គាល់ និងកោតសរសើរបងក្នុងនាមជាអ្នកនិពន្ធ តែក្រោយពីអានប្រវត្តិបងហើយខ្ញុំរិតតែសរសើរបងថែមទៀត។ បងបានឆ្លងកាត់រឿងព្យុះភ្លៀងច្រើនណាស់ ប៉ុន្តែបងនៅតែអាចជំនះដើរមកដល់ចំនុចនេះ។ បងជាគំរូល្អដល់សំរាប់ក្មេងៗជំនាន់ក្រោយ រួមទាងខ្ញុំផងដែរ!!! 🙂

    ឆ្លើយតប
  • 77. ហៃ ប៉ាហ៊ិន  |  ខែ​មីនា 28, 2012 ម៉ោង 3:54 ល្ងាច

    ស្ដាប់ប្រវត្តិរូបបងពិតជាកំសត់លើសពីប្រលោមលោកដែលខ្ញុំធ្លប់អានទៅទៀត ។ បងប្រុស ! ជីវិតគឺជាការតស៊ួ ។ មនុស្សដូចបងគឺខ្វះភាពកក់ក្ដៅខ្លាំងណាស់
    ហើយក៏ជាមនុស្សដែលស្រមើស្រមៃខ្ពស់ណាស់ដែរ ។ តែពេលអនាគតបងនឹងក្លាយ
    ជាមនុស្សដែលរស់នៅក្នុងឆាកជីវិតដ៏មានន័យពីព្រោះអ្វីៗដែលបងមានគឺសុទ្ធតែជារបស់បងម្នាក់គត់ ។

    ឆ្លើយតប
  • 78. មនុស្សចម្លែក  |  ខែ​មេសា 9, 2012 ម៉ោង 6:22 ល្ងាច

    សួស្តី បងចាន់ផល! ខ្ញុំបានអានប្រលោមលោករឿង ខែរងាររបស់បងរួចហើយ។ វាពិតជាស្នាដៃបទនិពន្ឋប្លែកគេសំរាប់យុវនិពន្ឋសម័យថ្មី។ ខ្ញុំមិននឹកស្មានថាស្នាដៃរបស់បងមានអត្ថន័យ អត្ថរសល្អដល់ប៉ុណ្ណឹងសោះ។ ក្នុងតួអង្គនោះខ្ញុំចូលចិត្តតួអង្គប្រភាខ្លាំងណាស់ នាងជាស្រីឆ្នាស់ ជាស្រីចូលចិត្តវិភាគចរិករបស់មនុស្ស ស្រលាញ់ឪពុកម្តាយខ្លាំងណាស់។បងចេះ​និពន្ឋយកខែរងាធ្វើជាប្រធានបទ តែស្តាយណាស់ឆ្នាំ ២០១២នេះគ្មានខែរងារសោះ បើ​មានត្រឹមតែរយះពេលខ្លីសោះ។ មិនដូចកាលពីឆ្នាំមុនៗទេ។ ខ្ញុំពិតជាចូលចិត្តអានរឿងខែរងារណាស់ មិនចេះធុញទ្រាន់ឡើយ។

    ឆ្លើយតប
  • 79. Ravy Yuth  |  ខែ​ឧសភា 20, 2012 ម៉ោង 11:41 ព្រឹក

    😥 កំសត់រកតែនិយាយមិនចេញទេ។ ជិតពាក់កណ្តាលជីវិតហើយ ដូចមិនទាន់បានស្គាល់ថាសុខទៀតបង។ ហឺម… ខ្ញុំជូនពរអោយជីវិតបន្ទាប់របស់បង ទៅមុខទៀត ទទួលបានតែសេចក្តីសុខ សុភក្រមង្គលណាបង!

    រាល់តែដងហ្នឹង មើលអត្ថបទកំសត់របស់គេរួចទើបដឹងថាខ្លួនឯងមានសំណាង!! ចេះតែភ្លេចថាខ្លួនឯងមានសំណាង មានពេលខ្លេះមកអន់ចិត្តហ្នឹងខ្លួនឯងថែមទៀង យ៉ាប់ហ្នងងង។

    ឆ្លើយតប
    • 80. ចាន់ផល  |  ខែ​ឧសភា 21, 2012 ម៉ោង 11:35 ល្ងាច

      នឿយមុនស្រណុកក្រោយ ខ្ញុំជឿថាជីវិតខ្ញុំគឺដើរតាមពាក្យមួយឃ្លានេះ! 😀

      ឆ្លើយតប
  • 81. vidavy  |  ខែ​ឧសភា 28, 2012 ម៉ោង 3:49 ល្ងាច

    Sour sdey Mr.Chanphal, i really like your song that you wrote..All the songs so have good meaning and emotion, I also like write song and want to be a poetry in the future but i now i am very busy with my work so much..So dont have free time for write drama and song..How ever poetry can not make money a lot as you said, But i love when i was young…any ways now day i dont know the school that teach write drama neng sor..

    ឆ្លើយតប
  • 83. vidavy  |  ខែ​ឧសភា 28, 2012 ម៉ោង 8:24 ល្ងាច

    Many thanks, I will follow by your comment….Mr.Chanphal pit chea jet laor man.

    ឆ្លើយតប
  • 84. Sronglong Chhem  |  ខែសីហា 21, 2012 ម៉ោង 10:44 ព្រឹក

    មិនធ្លាប់គិតសោះថា អ្នកនិពន្ធរបស់រស្មីហង្សមាសដ៏ល្បីឈោ្មះម្នាក់ ធ្លាប់មានស្រុកកំនេិីត និង រៀនសាលាបឋមសិក្សា ដូូចរូបខ្ញុំដែរ។ តែនេះជាការពិត ឃុំ​ពាម​ជីកង ស្រុងកងមាស ខេត្តកំពង់ចាម និង សាលាបឋមសិក្សា ពាមជីកង។

    ឆ្លើយតប
  • 85. setharatana  |  ខែកញ្ញា 6, 2012 ម៉ោង 3:59 ល្ងាច

    សាលាឋមសិក្សាសំបួរមាស ក៏ជាសាលាខ្ញុំដែរ…​

    ឆ្លើយតប
  • 86. Tharm  |  ខែ​កុម្ភៈ 8, 2013 ម៉ោង 5:18 ល្ងាច

    សួស្ដីបងកវីរស្មីហង្សមាស​ ខ្ញុំក៏មានស្រុកកំណើតខេត្តកំពង់ចាមដូចបងដែរ​តែខ្ញុំនៅស្រុកព្រៃឈរ​។​ បងពិត​ជាមានការតស៊ូល្អមែន​ សូមសរសើ។ តាមពិតទៅ ខ្ញុំមានក្ដីស្រម៉ៃមួយ ហើយក៏ធ្លាប់​តស៊ូរព្យាយាមដែរ តែរាល់លើកខ្ញុំតែងទទួលភាពបរាជ័យ។ ក្ដីស្រម៉ៃនោះគឺអ្នកចំរៀង ​តើបងអាចជួយណែនាំ បង្ហាញផ្លូវ
    អ្នកជនបទដូចខ្ញុំខ្លះបានទេបង?

    ឆ្លើយតប
    • 87. ចាន់ផល  |  ខែ​កុម្ភៈ 8, 2013 ម៉ោង 5:37 ល្ងាច

      ប្អូនគួរតែព្យាយាមបន្តទៀត ព្រោះខ្ញុំជឿថា បើប្អូនមានទឹកដមសំឡេងល្អ ខាងផលិតកម្មនឹងទទួលប្អូនមិនខាន។ ទោះជាយ៉ាងណា ក៏ប្អូនកុំធ្លាក់ទឹកចិត្ត ហើយត្រូវគិតពីអ្វីដែលប្អូនអាចធ្វើបានល្អជាងការច្រៀង។ ប្អូនត្រូវគិតថា មានមនុស្សជាច្រើនដែលចង់ធ្វើជាអ្នកចម្រៀង ហើយក្នុងចំណោមពួកគេ អ្នកខ្លះក៏ល្បី អ្នកខ្លះក៏បានត្រឹមច្រៀងតាមក្រុមភ្លេងនានា ឯអ្នកខ្លះទៀតក៏បានត្រឹមច្រៀងខារ៉ាអូខេលេង… តែពួកគេមិនឈប់ច្រៀងទេ ព្រោះពួកគេចូលចិត្តច្រៀង។ ហេតុនេះក្ដីស្រមៃមនុស្សមិនសុទ្ធតែអាចក្លាយជាការពិតទេ ប៉ុន្តែមនុស្សត្រូវឆ្លាត ចេះស្រមៃអ្វីតាមលទ្ធភាព ឬសម្ថភាពខ្លួន ទើបមិនជួបរឿងខកចិត្ត។

      ប្អូនអាចផ្ញើសំឡេងប្អូនមកខ្ញុំ តាម៖ chanphalsok@yahoo.com ឬក៏ផ្ញើទៅក្រុមហ៊ុនហង្សមាសតែម្ដង។

      ឆ្លើយតប
  • 88. Tharm  |  ខែ​កុម្ភៈ 13, 2013 ម៉ោង 3:43 ល្ងាច

    អរគុណណាស់បងដែលបងផ្ដល់កិត្តិយស់ឆ្លើយតបមកខ្ញុំវិញ ខ្ញុំពិតជាសប្បាយចិត្តណាស់ ពេលដែលបានស្ដាប់ប្រសាសន៏ ក៏ដូចជាការណែនាំរបស់បង ។ ហើយខ្ញុំនឹងផ្ញើបទចំរៀងរបស់ខ្ញុំទៅបងចាប់ៗនេះ ហើយក៏សូមអោយបងជួយផ្ដល់ជាមតិខ្លះៗ សំរាប់ជាការកែតំរូវនូវចំនុចខ្វះខាត់របស់ប្អូន។

    ឆ្លើយតប
  • 89. Tharm  |  ខែ​កុម្ភៈ 14, 2013 ម៉ោង 5:25 ល្ងាច

    សួស្ដីបង ខ្ញុំបានផ្ញើបទចំរៀងរបស់ខ្ញុំអោយបងហើយ សង្ឃឹមថាបងបានស្ដាប់ និងជួយផ្ដល់ជាមតិខ្លះៗសំរាប់ប្អូនទុកជាការកែតំរូវ។ ហើយសូមបងអធ្យាស្រ័យផង ដោយសាប្អូនពុំមានបទចំរៀងច្រើន ទើបផ្ញើទៅបងតែមួយបទ។ ហើយបទនេះដែរខ្ញុំបានថតកាលពីពេលដែល ខ្ញុំមករៀននៅភ្នំពេញតំបូង ប្រហែលជាបួនប្រាំខែមុន។

    ឆ្លើយតប
  • 90. Dalin  |  ខែ​មេសា 19, 2013 ម៉ោង 4:31 ល្ងាច

    កំសត់ណាស់បង

    ឆ្លើយតប
  • 91. Chenda  |  ខែមករា 24, 2014 ម៉ោង 12:58 ល្ងាច

    សូរស្តីបង!ខុំ្ញជាសមាជិកថ្មី​ដែលព្យាយាម​ស្វែងរកវីធីទាក់ទងនិង​បង ព្រោះខុំ្ញមានបំណង​និងចង់ក្លាយជាអ្នកនិពន្ធម្នាក់ តើបងអាចជួយផ្តល់នូវវិធីសាស្រ្តក្នុងការស្វែងយល់អំពីរឿងនេះបានទេបង?

    ឆ្លើយតប
    • 92. ចាន់ផល  |  ខែមករា 24, 2014 ម៉ោង 4:25 ល្ងាច

      ប្អូនអាចអាននៅទីនេះ គឺខ្ញុំមានសរសេរបទពិសោធន៍យ៉ាងច្រើន។ វិធីសាស្ត្រមិនអាចនិយាយតែពីរបីឃ្លាបានទេ គឺទាមទារឱ្យស្វែងយល់ខ្លួនឯង ដែលកើតចេញពីការអានស្នាដៃល្អៗរបស់អ្នកនិពន្ធពូកែៗ។ បើយើងមានទេពកោសល្យ អានហើយ ក៏សរសេរបាន។

      ឆ្លើយតប
  • 93. ទេពច្យុតសន្តិការិកា  |  ខែ​មីនា 11, 2014 ម៉ោង 1:59 ល្ងាច

    សួស្តីបងប្រុស!​ ខ្សែជីវិតដែលបងបានសរសេរនេះខ្ញុំសឹងតែមិនជឿថាមានពិត ខ្ញុំចូល ចិត្តវិជ្ជានិពន្ធខ្លាំងណាស់ វាជាភាពចៃដន្យ រឺចេតនាខ្ញុំក៏អត់ដឹងដែរដែលខ្ញុំអាចសរសេរ រឿងបានប៉ុន្តែបញ្ហាត្រង់ថាខ្ញុំមិនអាចសរសេររឿងដែលបង្ហាញពីជីវិតការតស៊ូចេញសោះ
    ចង់ប្រឌិតក៏ស្រម៉ៃមិនចេញ ខំទៅមើលភាពយន្តដែលបង្ហាញពីជីវិតមើលបានតែបន្តិច ក៏យល់ថាសង្គមអយុត្តិធម៌ជ្រុលពេកក៏លែងចង់មើល។ ការពិតទៅខ្ញុំក៏មិនបានរស់នៅ ជាមួយប៉ាម៉ាក់តាំងពីថ្នាក់បឋមដែរតែក៏មិនដែលជួបជីវិតដែលលំបាកស្មុគស្មាញអីដែរ ទើបមិនយល់ មិនចង់ជឿថាជីវិតអាចមានបែបនឹង

    ឆ្លើយតប
  • 94. Venerable vichai  |  ខែធ្នូ 18, 2014 ម៉ោង 12:33 ព្រឹក

    អានបណ្តើរទឹកភ្នែកអាត្មាវាក៏ស្រក់ចុះបណ្តើរ តាមការរៀបរាប់របស់បងខាងលើ ដូចជាមិនសូវខុសគ្នាប៉ុន្មានឡើយ ការផ្លាស់ប្តូទីកន្លែង ការផ្លាស់ប្តូរមុខរបរ ដើរលក់នំ ទទូល និង ធ្វើដោយម្តាយ មិនខុសគ្នាទេបង..! អានអត្ថបទបងក៏ហាក់បីដូចជាហេតុការណ៍នោះទើបតែកើតថ្មីៗ..! លោកប្អូនក៏មានស្ថានភាពស្រដៀងនិងបងដែរ. តែអាត្មាមិនពូកែររៀបរាប់ដូចបងទេ

    ឆ្លើយតប
  • 95. លីម បញ្ញា  |  ខែធ្នូ 29, 2014 ម៉ោង 4:48 ល្ងាច

    ជីវប្រវត្តរបស់បង ធ្វើឲ្យខ្ញុំអានទឹកភ្នែកហូរដោយមិនដឹងខ្លួន ឆាកជីវិតបងទម្រាំបានដល់ថ្ងៃនេះ បងឆ្លងកាត់ការនិរទេសស្រុកភូមិទីស្នាក់អាស្រ័យម្តងហើយម្តងទៀត ឆាកជីវិតកាលណាផ្លាស់ប្តូរទីកន្លែងរស់នៅពីមួយទីមួយវាមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះ ខ្ញុំមានអារម្មណ៍ថាបងពិតជាពិបាក​ កាលនៅតូចបងត្រូវទទួលបានអារម្មណ៍មួយ គឺអារម្មណ៍ខ្វះក្តីស្រលាញ់ពីមនុស្សនៅជុំវិញខ្លួនបង ខ្ញុំពិតជាមានមោទន:ភាពចំពោះបងប្រុសណាស់ តែបងបានពុះពារក្នុងជីវិតដ៏កម្សត់មួយនេះ ហើយបងបានទទួលភាពជោគជ័យមួយសម្រាប់ជីវិតបន្ទាប់ពីបងបានជួបប្រទះការលំបាកអស់ជាច្រើន ខ្ញុំមានតែជូនពរបងប្រុស ឲ្យបងជួបតែភាពជោគជ័យក្នុងជីវិតរហូតទៅ ទទួលបានភាពកក់ក្តៅ ក្តីស្រលាញ់ពីមនុស្សនៅក្បែរខ្លួន មានសុខភាពល្អ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងណាបងប្រុស កវី វ័យក្មេង

    ឆ្លើយតប
  • 96. ជួន ច័ន្ទធីតា  |  ខែធ្នូ 30, 2014 ម៉ោង 12:22 ព្រឹក

    ខ្ញុំតែងតែគិតថាជិវិតរបស់ខ្ញុំពិបាកណាស់ តែក្រោយពីបានចំនាយពេលអានពីជិវិតរបស់បងធ្វើអោយខ្ញុំគិតថាជិវិតរបស់ខ្ញុំលំបាកមិនបានំមួយភាគរបស់បងផង។ មានការតស៊ូ ទើបជោគជ័យបានមកដោយមានន័យ។

    ឆ្លើយតប
  • 97. កូន ចាបមាស  |  ខែវិច្ឆិកា 30, 2016 ម៉ោង 2:17 ល្ងាច

    កំសត់ណាស់បង ជីវិតពិតជាមានគ្រប់រសជាតិ សប្បាយ រីករាយ ហើយអតីកាលបានបន្សល់អនុស្សាវរីដែលតែងធ្វើឲ្យយើងនឹកជានិច្ច។ ទោះពីមុនធ្លាប់រស់នៅបែបណា ដំណើរជីវិតបែបណា តែឥឡូវនេះ បងប្រុសក៏បានដើរនៅលើវិថីជីវិតមួយដែលប្រសើរហើយ។ ជូនពរបងមានសុខភាពល្អ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


%d bloggers like this: