Posts tagged ‘Writer’

ពីពីចង់មានផ្ទះ ^_^

កន្លងមក ខ្ញុំដឹងថា ខ្លួនឯងជាមនុស្សស្រលាញ់ឆ្កែ តែពេលនេះខ្ញុំកំពុងតែចិញ្ចឹមកូនឆ្មា និងចាប់ផ្ដើមស្វែងយល់ពីឆ្មា៖

C91DECD3-FF42-44EB-9CC8-9EADE04E498D

កាលពីអាទិត្យមុន កូនឆ្មាពណ៌ខ្មៅកំពុងតែឃ្លានមួយដើរមកមុខផ្ទះរបស់ខ្ញុំ ទើបខ្ញុំយកអាហារពីក្នុងផ្ទះមកឱ្យវាស៊ី។ ខ្ញុំគិតថា ជាកូនរបស់មេឆ្មាអនាថាមួយនៅម្ដុំនេះ ដែលមេវាក៏ធ្លាប់មកស៊ីចំណីនៅផ្ទះរបស់ខ្ញុំដែរ ប៉ុន្តែស្រាប់តែមេឆ្មានោះដើរចូលមកក៏គ្រហ៊ឹមចង់ខាំកូនតូច ធ្វើឱ្យខ្ញុំកាត់ស្មានថា ទេ! កូនឆ្មានេះប្រហែលជាកូនឆ្មាផ្សេង ដែលគេទើបតែយកមកលែងទេមើលទៅ ព្រោះវាហ៊ានចូលមកជិតមនុស្ស ខុសពីកូនឆ្មាទាំងប៉ុន្មានរបស់មេឆ្មានេះ ដែលមានចរិតដូចសត្វព្រៃខ្លាចរអាលមនុស្ស។ ចិត្តខ្ញុំមួយចាប់ផ្ដើមគិតថា បើវាគ្មានមេ គ្មានផ្ទះ ខ្ញុំអាចចិញ្ចឹមវាបាន ប៉ុន្តែវាក៏ដើរចេញបាត់ទៅ។ ក្រោយមក ក្មេងស្រីនៅក្បែរផ្ទះខ្ញុំក៏នាំខ្ញុំនិយាយពីកូនឆ្មាខ្មៅមួយហ្នឹង នាងថាវាចូលចិត្តមកនៅក្នុងផ្ទះរបស់នាង បើទោះជានាងខំចាប់ឱ្យទៅនៅជាមួយមេជាច្រើនដង តែក៏រត់មកវិញ។ ខ្ញុំសួរបញ្ជាក់ថា ពិតទេ ថាវាជាកូនមេឆ្មានោះ? ក្មេងស្រីបញ្ជាក់ថាច្បាស់ណាស់ ទើបខ្ញុំប្រាប់ថា មេវាចង់ខាំវាកាលពីថ្ងៃមុន អ៊ីចឹងគ្នាមិនហ៊ានទៅនៅជាមួយមេទេ។ ខ្ញុំក្លាយជាឆ្ងល់ថា តើគ្រួសារឆ្មាកើតបញ្ហាអ្វីទៅ ហើយខ្ញុំក៏និយាយរឿងទាំងអស់នេះជាមួយនឹងមិត្តភក្តិដែលជាអ្នកស្រលាញ់ឆ្មា ពួកគេថា ករណីនេះអាចកើតឡើងមែន ពោលកូនឆ្មាមួយនោះអាចជាកូនសម្អប់។ ខ្ញុំក៏ស្រាប់តែនឹកក្នុងចិត្តថា ឱ! អ៊ីចឹងហ្ន៎?

207A1B69-C7AE-4C68-92E1-C50C67B5AE6F

ខ្ញុំក៏ចាប់ផ្ដើមអាណិតខ្លាំង និងឱ្យចំណីស៊ី ហើយសង្កេតឃើញថា វាស្លូត និងរួសរាយណាស់ ព្រោះវាចុះសម្រុងនឹងកូនឆ្មាជំទង់ពណ៌លឿងមួយក្បាល ដែលក៏ជាកូនមេរបស់វាផងដែរ កំពុងតែរស់នៅមុខផ្ទះបារាំងម្នាក់ក្បែរនោះ។ ខ្ញុំចេះតែយករឿងឆ្មានេះមកជជែកជាមួយនឹងមិត្តភក្តិដដែល ស៊ីណេត និង ស៊ីណា សួរពួកគេពីរបៀបចិញ្ចឹមឆ្មា ហើយពិចារណាថាចង់ចិញ្ចឹមនៅក្នុងផ្ទះ ព្រោះវាមានតែក្បាលមួយ គួរឱ្យអាណិតខ្លាំងណាស់។ ប៉ុន្តែក្នុងផ្ទះខ្ញុំសុទ្ធតែសៀវភៅ និងឥវ៉ាន់ តើនឹងទៅជាយ៉ាងណាបើមានឆ្មានៅ… ខ្ញុំបារម្ភពីរឿងនេះ ម្យ៉ាងម៉ែធ្លាប់ផ្ដាំថា ឱ្យចិញ្ចឹមឆ្មាក្រៅផ្ទះទៅ កុំឱ្យវានៅក្នុងផ្ទះ វានឹងជុះអាចម៍នោម ព្រមទាំងបំផ្លាញរបស់របរជាមិនខាន។ ព្រឹកស្អែកឡើង ពេលក្រោកពីដេកចុះមក ខ្ញុំស្រាប់តែឃើញកូនឆ្មាពណ៌លឿងនោះនៅក្នុងផ្ទះ។ តាមពិតទៅ ខ្ញុំស្រលាញ់កូនឆ្មាមួយនេះណាស់ តែវាមានម្ចាស់ឱ្យចំណីរាល់ថ្ងៃ គ្រាន់តែគាត់មិនឱ្យវានៅក្នុងផ្ទះ ទើបវាដេកនៅមុខផ្ទះរបស់គាត់។ ប៉ុន្តែដឹងថាមានអ្វីកើតឡើងនៅក្នុងផ្ទះខ្ញុំទេ ពេលវានៅពេញមួយយប់នោះ? ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ព្រោះវាធ្វើឱ្យធ្លាក់សៀវភៅ និងរបស់របរនៅក្នុងផ្ទះ និងថែមទាំងជុះអាចម៍ទៀតផង គឺដូចម៉ែធ្លាប់ប្រាប់មិនខុស។

FE3C3AAF-0E2A-4F76-8728-EC00DC71A832

ចុះកូនឆ្មាខ្មៅនោះ? មិនដឹងថាយប់នោះវាទៅដេកនៅណាទេ ប៉ុន្តែខ្ញុំក៏ឃើញវាមកក្រវែលៗ សុំអាហារស៊ីដដែល។ ស៊ីណេត គាំទ្រឱ្យខ្ញុំយកកូនឆ្មាខ្មៅនោះមកចិញ្ចឹម និងនិយាយដល់រឿងគំនូរជីវចលរបស់ជប៉ុនមួយ គឺ គីគី និង ជីជី ឆ្មារបស់នាង (Jiji delivery Cat) ហើយគាត់ប្រាប់ពីរបៀបបង្រៀនឆ្មាឱ្យចេះជុះអាចម៍ត្រឹមត្រូវ។ ខ្ញុំបានទិញចំណីឱ្យវាស៊ី និងងូតទឹកដុសសាប៊ូឱ្យវា ប៉ុន្តែព្រោះតែបទពិសោធន៍កាលពីយប់មិញ ខ្ញុំមិនទាន់អនុញ្ញាតឱ្យវាចូលដេកក្នុងផ្ទះទេ ទើបរៀបកន្លែងឱ្យដេកនៅក្រៅផ្ទះ។ គួរឱ្យអាណិតណាស់ តែកាលពីថ្ងៃនោះ ខ្ញុំក៏បានបង្រៀនវាឱ្យចេះជុះអាចម៍នៅក្នុងចានខ្សាច់ ព្រោះដោយចៃដន្យ ខ្ញុំក៏ស្រាប់តែឃើញទាន់វាកំពុងតែជុះនៅចំហៀងផ្ទះ ខ្ញុំក៏ចាប់ញ៉ឹងកញ្ចឹងក និងចាប់ឱ្យវាហិតអាចម៍ខ្លួនឯង រួចក៏នាំមកចានខ្សាច់ដែលរៀបដាក់នៅខាងមុខផ្ទះ។ ខ្ញុំដាក់ពិន័យវាទាំងនឹកគិតថា តាមពិតចំហៀងផ្ទះកន្លែងដែលវាជុះនោះ គឺបញ្ជាក់ថាគ្នាមានមាយាទល្អទៅហើយ ព្រោះមានដី និងស្មៅ តែខ្ញុំបែរជាមកបង្រៀនឱ្យជុះនៅមុខផ្ទះវិញ តើខ្ញុំខុសទេដឹង? ស្រាប់តែរសៀលក៏ឃើញវាជុះអាចម៍ម្ដងទៀត ដោយត្រឡប់មកចំហៀងផ្ទះម្ខាងទៀតវិញ ខ្ញុំក៏ចាប់ទាំងកំពុងតែជុះអាចម៍យកមកកន្លែងដែលខ្ញុំរៀបចំឱ្យនោះ។ ខ្ញុំធ្វើបាបគ្នាសម្បើមណាស់ សុំទោស!

3633FDE4-E08F-4496-B357-EBA629C65A8A

ស្អែកឡើងកូនឆ្មាខ្មៅនៅមុខផ្ទះខ្ញុំដដែល ហើយពេលខ្ញុំចេញពីផ្ទះ ខ្ញុំក៏សាកទុកវាចោលនៅក្នុងផ្ទះ ចាំអ៊ុតមើលថាវាមានអត្តចរិតយ៉ាងម៉េច តែគ្មានអ្វីរញ៉េរញ៉ៃសោះ ហើយពិសេសពេលបើកទ្វារចេញមកក្រៅ វាស្រាប់តែចេះទៅជុះអាចម៍ ជុះនោម នៅកន្លែងដែលខ្ញុំបង្រៀននោះ។ ខ្ញុំរំភើបជាខ្លាំង ព្រោះដឹងថាវាស្ដាប់ខ្ញុំយល់ ហើយយប់ឡើងខ្ញុំក៏ព្រមឱ្យចូលដេកនៅក្នុងផ្ទះ។ នៅមានរឿងធំមួយដែលខ្ញុំមិនទាន់បានប្រាប់ គឺថា បើសិនជាខ្ញុំមិនឱ្យចូលផ្ទះ ជីវិតរបស់វាក៏ប្រហែលជាមិនគង់ដែរ។ ដឹងទេ? ទាំងមេទាំងបារបស់វាគឺចេះតែមកក្រវែលៗ ដែលដំបូងឡើយ ខ្ញុំស្មានថាពួកវាចង់មករកអីស៊ីទេតើ តែពេលខ្ញុំដើរចូលក្នុងផ្ទះស្រាប់តែវាចូលមកខាំកូនឆ្មាខ្មៅរបស់ខ្ញុំ។ ខ្ញុំហួសចិត្តណាស់ លក្ខណៈថាមិនចិញ្ចឹមគ្នាហើយ ចង់ខាំសម្លាប់គ្នាចោលទៀត ហើយដល់តែពួកវាធ្វើអីកូនឆ្មាមិនបាន ពួកវាក៏មួរម៉ៅឈ្លោះគ្នា មិនខុសពីក្នុងរឿងទេ។ អ្នកខ្លះថា អាចមកពីកូនឆ្មាហ្នឹងឈ្មោល ទើបបាវាចង់សម្លាប់ តែអ្នកដែលចេះមើលភេទឆ្មា គាត់ប្រាប់ខ្ញុំថា ជាកូនឆ្មាញីទេ។

F4F7DAA9-D1E5-4348-B04B-00F92F31BE26

ដោយសារតែឆ្មាញី ខ្ញុំក៏ដាក់ឈ្មោះឱ្យថា ពីពី ឱ្យស្រដៀងនឹង ជីជី ហេហេ ខ្ញុំសម្រេចដាក់ឈ្មោះ និងឱ្យនៅក្នុងផ្ទះ កាលពីយប់ម្សិលមិញនេះឯង ពោលគឺថ្ងៃទី ២១ តុលា ២០១៩ ។ ខ្ញុំបានប្រាប់រឿងនេះទៅមិត្តភក្តិប៉ុន្មាននាក់របស់ខ្ញុំ ពិសេសគឺអ្នកស្រលាញ់ឆ្មា ហើយយប់មិញនេះខ្ញុំមើលវីដេអូស្ដីពីឆ្មាដល់ម៉ោងជាងបីភ្លឺ ហាហាហា ចេះតែមាន ខ្ញុំស្រាប់តែស្រលាញ់និងអាណិតកូនឆ្មានេះយ៉ាងខ្លាំង។ នៅពេលដើរផ្សារទិញចំណី ឬរបស់លេងឱ្យវា ខ្ញុំស្រាប់តែនឹកក្នុងចិត្តថា តើខ្ញុំកំពុងតែមានកូនហើយមែនទេ? ថ្ងៃមុនខ្ញុំកក់សាប៊ូមនុស្សឱ្យ ថ្ងៃនេះខ្ញុំក៏កក់សាប៊ូឆ្មាឱ្យ និងកាត់ក្រចកឱ្យវា។ កូនឆ្មាខ្លាចទឹកណាស់ តែវាយល់ពីចេតនាល្អរបស់ខ្ញុំ ទើបព្រមឱ្យខ្ញុំងូតទឹកឱ្យ មិនសូវជាពិបាកចាប់ប៉ុន្មានទេ។ និយាយទៅក្រចករបស់វាវែងៗមែនទែន និងជាអកុសល ថ្ងៃនេះខ្ញុំបានធ្វើខុសដាក់គ្នាមួយ គឺពេលកាត់ក្រចកឱ្យ ខ្ញុំស្រាប់តែកាត់ជ្រុលដល់ចេញឈាម T_T សុំទោស! ខ្ញុំដឹងថា ឈឺណាស់ តែពីពីនៅតែមិនរត់ ហើយព្រមឱ្យខ្ញុំកាត់ក្រចករហូតរួចរាល់។

F9A216BD-A822-4033-968E-FBBC19DE7885

ខ្សែភ្នែកដែលពីពីសម្លឹងមើលមកខ្ញុំ បង្ហាញពីអារម្មណ៍ចង់មានផ្ទះ ប្រកបដោយការគោរព និងខ្លាចរអាល។ ខ្ញុំមើលដឹងថា វាបារម្ភខ្លាចខ្ញុំខឹង ខ្លាចខ្ញុំដាក់ពិន័យនៅពេលវាធ្វើអ្វីមួយខុស។ គិតទៅ ទាល់តែចិញ្ចឹមឆ្មានេះ ទើបខ្ញុំដឹងថា ខ្ញុំក៏ជាមនុស្សស្រលាញ់ឆ្មាដែរ ចំណែកឯឆ្មាក៏មានអ្វីជាច្រើនដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក។ 22/10/2019

ខែតុលា 22, 2019 at 6:07 ល្ងាច មតិ 3

ហេតុអ្វីក្របសៀវភៅខែរងា គឺជាលោក ឆន សុវណ្ណរាជ?

សៀវភៅប្រលោមលោកមួយ ដែលចូលរួមលើកស្ទួយការអាននៅកម្ពុជា មានចំណងជើងថា «ខែរងា» ពីអ្នកនិពន្ធ សុខ ចាន់ផល ទន្ទឹមនឹងទទួលបាននូវការគាំទ្រពីសំណាក់មិត្តអ្នកអាន ក៏មានសំណួរសួរថា ហេតុអ្វីក្របសៀវភៅគឺជា លោក ឆន សុវណ្ណរាជ?

Promotion Reach copy

ជាទូទៅសៀវភៅប្រលោមលោកនៅស្រុកយើង និយមរចនាគម្របដោយរូបគំនូររបស់វិចិត្រករ ជាសិល្បៈគំនូរដ៏មានទេពកោសល្យ ផ្ដល់នូវតម្លៃមួយកម្រិតថែមទៀតដល់ស្នាដៃសៀវភៅ ដោយឡែកសៀវភៅប្រលោមលោក ខែរងា ដែលបោះពុម្ពផ្សាយលើកទី១ តាំងពីឆ្នាំ ២០១០ បែរជាយករូបថតរបស់តារាល្បីមកធ្វើជាគម្របសៀវភៅទៅវិញ ដែលធ្វើឱ្យអ្នកស្រលាញ់សៀវភៅខ្លះរិះគន់។

តបទៅនឹងចម្ងល់ខាងលើនេះ អ្នកនិពន្ធផ្ទាល់មានយោបល់ថា «ការរចនាសៀវភៅគឺជាសិល្បៈម្យ៉ាង ដែលតែងតែផ្សារភ្ជាប់ទៅនឹងសិល្បៈផ្សេងៗដូចជាគំនូរជាដើម ហើយរូបថតក៏ជាសិល្បៈមួយដែលកំពុងតែពេញនិយម។ នៅបរទេស ក្របសៀវភៅប្រលោមលោករបស់គេ ក៏និយមយករូបថតមកប្រើផងដែរ មិនមែនតែនៅខ្មែរយើងទេ។ ចំពោះខ្ញុំ ខ្ញុំក៏ចូលចិត្តក្របសៀវភៅជាគំនូរ តែខ្ញុំក៏ចង់ធ្វើអ្វីដែលថ្មីប្លែកនៅប្រទេសយើងដែរ។»

លោកបន្តទៀតថា «មានហេតុផលផ្សេងៗទៀត ក្នុងការជ្រើសរើសរូបថតរបស់លោក ឆន សុវណ្ណរាជ ជាក្របសៀវភៅ។ ទី១ រាជ មានអត្តចរិតស្រដៀងនឹងតួអង្គឯកក្នុងរឿងនេះ ឈ្មោះកត្តិត ។ កត្តិត និង រាជ បើថាជាមនុស្សសុភាពរាបសារក៏មិនចំ ព្រោះពេលខ្លះក៏លេងសើច ហើយប៉ិនស្រមើស្រមៃ។ ទី២ ឆន សុវណ្ណរាជ ជាតារាចម្រៀងល្បី តែមិនវាយឫក រាប់អានស្និទ្ធស្នាលជាមួយនឹងក្រុមការងារ ធ្វើឱ្យគ្រប់គ្នាស្រលាញ់ និងឱ្យតម្លៃគាត់។ ទី៣ រូបថតមួយសន្លឹកនេះជាស្នាដៃរបស់លោក ខាំ ភូរិ អ្នកដឹកនាំសម្ដែងដ៏ល្បីឈ្មោះ ដែលកាន់តែផ្ដល់តម្លៃ និងអនុស្សាវរីយ៍រួមគ្នានៅក្នុងសៀវភៅប្រលោមលោកខ្មែរមួយនេះ។

អ្នកនិពន្ធប្រកបដោយមនោសញ្ចេតនា និងចូលចិត្តថែរក្សាអនុស្សាវរីយ៍រូបនេះ ក៏មិនភ្លេចផ្ញើសេចក្ដីថ្លែងអំណរគុណដល់អ្នកដែលបានរួមចំណែកនៅក្នុងសៀវភៅនេះឡើយ ដោយគាត់បានរៀបរាប់ឈ្មោះ មានដូចជា លោក ឆន សុវណ្ណរាជ លោក ខាំ ភូរិ លោក កៅ សីហា លោក ហេង សុខម៉េង លោក ធី សុផាន់ណា លោក ហួត លី លោក ឈុន ឃុនវិរីយ៉ា លោក លីម គីមឈុន លោក ហេង ឧត្តម លោកស្រី សាត បញ្ញា លោក មាន កុសល និង លោក អ៊ាង គារវៈ ។

24296701_714545548748992_7694229760055587347_n

លោក សុខ ចាន់ផល បានសម្ដែងអារម្មណ៍រំភើបរីករាយ ពេលបាននិយាយដល់អ្នកគាំទ្រសៀវភៅប្រលោមលោកខែរងានេះ ដោយមានប្រសាសន៍ថា «ការខំប្រឹងប្រែងរបស់ខ្ញុំហាក់ដូចជាមានរូបរាងឡើង នៅពេលបានឃើញសៀវភៅដែលបោះពុម្ពផ្សាយមានការគាំទ្រជាបន្តបន្ទាប់។ ខ្ញុំនៅតែប្រឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន តែលទ្ធផលគឺបានមកពីការចូលរួមពីប្រជាជនខ្មែរទូទាំងប្រទេស។ ការនិពន្ធសៀវភៅនេះ បើនិយាយពីផលចំណេញនោះ គឺមិនទាន់ប្រៀបធៀបនឹងការងារដែលខ្ញុំធ្វើរាល់ថ្ងៃ ដូចជាសរសេរចម្រៀង ឬអត្ថបទភាពយន្តឡើយ ប៉ុន្តែនេះជាកិច្ចការមួយ ដែលខ្ញុំផ្ដល់តម្លៃឱ្យខ្លួនឯង ដើម្បីចូលរួមកសាងវប្បធម៌អាននៅប្រទេសយើង។ ខ្ញុំមានសុទិដ្ឋិនិយមថា ចាប់ពីថ្ងៃនេះទៅ អ្នកនិពន្ធខ្មែរនឹងចេញផ្សាយស្នាដៃច្រើនជាងមុន ហើយប្រជាជនខ្មែរក៏នឹងងាកមកការអានកាន់តែផុសផុរ។ ការអានគឺជាវប្បធម៌ដ៏ថ្លៃថ្នូរបំផុត ដែលខ្ញុំស្រលាញ់។»

គួរលើកផងដែរថា លោក សុខ ចាន់ផល ជាអ្នកនិពន្ធប្រចាំនៅក្រុមហ៊ុនហង្សមាស ផ្នែកនិពន្ធទំនុកច្រៀង និងសាច់រឿងភាពយន្ត ដែលក្នុងនោះបទចម្រៀងល្បីៗជាស្នាដៃទំនុកច្រៀងរបស់លោក សម្រាប់លោក ឆន សុវណ្ណរាជ មានដូចជា នឹក A ស្រលាញ់ B សួរទឹកភ្នែករកស្នេហ៍ពិត បេះដូងខ្មែរ មនុស្សដែលគេមើលរំលង កន្លែងណាព្រមទទួលខ្ញុំ? ចំណែកលើស សុំស្រលាញ់ សុំ Password លួចស្រលាញ់អូនបីឆ្នាំ ឈាមពេជ្រ ជាដើម។ លោកបានបោះពុម្ពផ្សាយនូវស្នាដៃជាសៀវភៅបានជាច្រើនចំណងជើង និងធ្លាប់បានទទួលពានរង្វាន់ SAE Write Award 2013 នៅប្រទេសថៃ។ នៅក្នុងឆ្នាំ២០១៧នេះលោកក៏បានផលិតនូវភាពយន្តខ្លីមួយ ដែលមានចំណងជើងថា «កាបូបលុយ» និងបានបោះពុម្ពផ្សាយនូវសៀវភៅ «មនោសញ្ចេតនា» ។

អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត

ខែធ្នូ 7, 2017 at 6:48 ព្រឹក បញ្ចេញមតិ

អ្វីដែលនៅពីក្រោយភាពជោគជ័យរបស់ ឱក សុគន្ធកញ្ញា

ជាតារាចម្រៀងដែលមានការអភិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់។ ពីក្មេងស្រីមិនសូវចេះនិយាយស្ដីនៅពេលឡើងឆាក ក្លាយជា Coach និង Judge ដ៏ពូកែនិយាយក្នុងកម្មវិធីល្បីៗរបស់ទូរទស្សន៍ហង្សមាស។ ពិតជាមិនសរសើរមិនបាន ចំពោះតារារូបនេះ! ប៉ុន្តែឆ្ងល់ដែរទេ តើមានអ្វីនៅពីក្រោយខ្នងរបស់គាត់?

22854939_10203880645812517_428866727_n

«ការងាររបស់ខ្ញុំរាល់ថ្ងៃ គឺពឹងលើការអាន បើខ្ញុំមិនអាន គឺខ្ញុំមិនដឹងថា ពាក្យដែលខ្ញុំយកទៅនិយាយជាមួយនឹងទស្សនិកជន ឬកូនក្រុមរបស់ខ្ញុំ​​​​ ត្រូវនិយាយថាម៉េចនោះទេ តែគឺខ្ញុំតែងតែសិក្សាយកពីសៀវភៅ ទើបខ្ញុំអាចយល់ដឹងពីការរស់នៅ ការប្រើប្រាស់ភាសា សិល្បៈនៃការនិយាយ តើថាយ៉ាងណាខ្លះ… »

ជាសម្ដីប្រកបដោយទឹកមុខរំភើប ជាមួយនឹងសៀវភៅនៅក្នុងដៃ ដែលធ្វើឱ្យយើងមើលដឹងថា គាត់ចូលចិត្តសៀវភៅកម្រិតណា។ ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏លេចធ្លោនាពេលបច្ចប្បន្នកំពុងតែកាន់សៀវភៅថ្មី ស្នាដៃលោក សុខ ចាន់ផល មានចំណងជើងថា «មនោសញ្ចេតនា» ដែលក្របសៀវភៅគឺជារូបនារីម្នាក់ ប្រកបដោយទឹកមុខស្រគត់ស្រគំពោរពេញដោយមនោសញ្ចេតនា ហាក់ដូចជាស្របតាមចំណងជើងសៀវភៅប្រលោមលោកនេះ ហើយដែលនារីម្នាក់នោះគ្មានអ្នកណាក្រៅពី ឱក សុគន្ធកញ្ញា ផ្ទាល់ឡើយ។

22854599_10203880646412532_1253843743_n

បច្ចប្បន្ន យុវវ័យខ្មែរហាក់កំពុងតែស្វែងរកខ្លួនឯង ព្រមទាំងប្រណាំងប្រជែងនឹងភាពរីកចម្រើននៃសកលលោក។ ពួកគេផ្ដើមចាប់អារម្មណ៍ និងចាប់យកអ្វីៗពីលោកខាងក្រៅ យ៉ាងឆាប់រហ័ស។ តើពួកគេចូលចិត្តអានទេ? តើពួកគេគាំទ្រស្នាដៃជាតិរបស់ខ្លួនទេ? មិនទាន់ឆ្លើយបានទេ តែពួកគេកំពុងតែរង់ចាំទទួលនូវវប្បធម៌ទាំងនោះហើយ។ ម្លោះហើយ ការសាបព្រោះនូវវប្បធម៌ល្អៗ គឺប្រៀបបាននឹងពរជ័យចំពោះពួកគេ។ រាងកាយត្រូវការអាហារ ខួរក្បាលត្រូវការគំនិត។ ក្នុងន័យនេះ វប្បធម៌នៃការអានសៀវភៅគឺជារឿងមួយដែលខ្វះមិនបាន មិនថាសៀវភៅបែបកំសាន្ត ឬបែបផ្នត់គំនិត គឺពិតជាចំណែកនៃការអភិវឌ្ឍខ្លួនទៅអនាគតដ៏វែងឆ្ងាយ។

ដោយឡែក កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់សិល្បករ នឹងកាន់តែឃើញតម្លៃនៅពេលដែលពួកគេបានយកវាមកប្រើជាប្រយោជន៍ដល់សង្គមជាតិ។ លោក សុខ ចាន់ផល អ្នកនិពន្ធប្រចាំក្រុមហ៊ុនហង្សមាស ដែលទើបតែចេញផ្សាយស្នាដៃសៀវភៅថ្មី បាននិយាយសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ថា «គាត់គ្មានភាពរារែកក្នុងការថតរូបក្របសៀវភៅថ្មី សម្រាប់ស្នាដៃខ្ញុំឡើយ ដែលសបញ្ជាក់ឱ្យឃើញថា កញ្ញា គឺជាអ្នកចូលចិត្តអាន និងឱ្យតម្លៃសៀវភៅ។»

22854514_10203880646212527_1105336495_n

ការអានគឺជាការផ្សងព្រេងមួយដែលគ្មានទីបញ្ចប់។ ហេតុនេះហើយ ទើប ឱក សុគន្ធកញ្ញា លើកឡើងថា «ក្នុងមួយទំព័រៗគឺមានពាក្យពេចន៍ច្រើនណាស់។ ដូច្នេះមនុស្សម្នាក់អានសៀវភៅចប់មួយក្បាល នឹងទទួលចំណេះរាប់ម៉ឺនរាប់សែនពាក្យ យកមកប្រើមិនអស់ផង។ សៀវភៅមួយក្បាលផ្ដល់ចំណេះដឹងឱ្យអ្នកអានច្រើនលើសលប់ លើសពីអ្វីដែលយើងគិតទុក។ ហើយក្នុងទស្សនៈខ្ញុំ អ្នកនិពន្ធគឺជាមនុស្សដែលរៀនបានច្រើនមែនទែន គឺច្រើនជាងអ្វីដែលយើងកំពុងតែអាននោះផង។»

ចុះចំពោះការច្រៀង? កញ្ញា ឆ្លើយថា «អ្នកនិពន្ធបានសរសេរចម្រៀងជាមួយនឹងមនោសញ្ចេតនា អ្នកច្រៀងក៏ត្រូវយល់ពីមនោសញ្ចេតនានៃសាច់រឿងនោះ។ អ៊ីចឹងហើយ ចំណងជើងសៀវភៅនេះ មនោសញ្ចេតនា គឺប៉ះអារម្មណ៍ខ្ញុំតែម្ដង! បើទោះជាមិនទាន់បានអាន ក៏ខ្ញុំជឿថា នៅខាងក្នុងនេះផ្ទុកទៅដោយមនោសញ្ចេតនារាប់មិនអស់​ ព្រោះម្យ៉ាងគឺជាស្នាដៃរបស់អ្នកនិពន្ធ ដែលពោរពេញដោយមនោសញ្ចេតនា​ សុខ ចាន់ផល ទៅហើយ!»

22687548_1963465120531715_8671651940521518058_n

បើយើងក្លាយជាអ្នកដទៃ គ្មានថ្ងៃអូនមិនយំ អារម្មណ៍ពេលខ្លះ នឹកផ្ទះ ចង់ចាកចេញពីទីនេះ កុហកទឹកភ្នែក គេល្អគ្រប់យ៉ាងតែអូនស្រលាញ់បង មានបទចម្រៀងមួយណាធ្វើឱ្យបងនឹកអូន? ស្ដាប់បទចម្រៀងហូរទឹកភ្នែក ក្រោកឈរ ស្រលាញ់គឺលះបង់… សុទ្ធសឹងជាស្នាដៃបទចម្រៀងជោគជ័យរបស់កវី សុខ ចាន់ផល និង តារាចម្រៀង ឱក សុគន្ធកញ្ញា ហេតុនេះហើយ ជឿថា ស្នាដៃសៀវភៅថ្មីនេះក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នា។

គួរលើកផងដែរថា តារាចម្រៀងដ៏ល្បីល្បាញ ឆន សុវណ្ណរាជ ក៏បានចូលរួមគាំទ្រនូវស្នាដៃថ្មី មនោសញ្ចេតនា នេះយ៉ាងពេញទំហឹង។ លោក ឆន សុវណ្ណរាជ ក៏ជាតួអង្គក្របសៀវភៅរបស់អ្នកនិពន្ធ សុខ ចាន់ផល ដែលមានចំណងជើងថា ខែរងា ហើយនៅគ្រានេះ រាជក៏ជួយផ្សាយគាំទ្រសៀវភៅថ្មី និងបាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ឱ្យងាកមកការអានសៀវភៅផងដែរ។

22894812_10203880646052523_1832046742_n

សៀវភៅរឿងខ្លី បែបប្រលោមលោក ចំណងជើងមនោសញ្ចេតនា ចេញផ្សាយដោយអ្នកនិពន្ធវេទមន្ត ក្នុងគោលបំណងជំរុញវប្បធម៌នៃការអានសៀវភៅនៅកម្ពុជា។ ប្រិយមិត្តអាចរកជាវនៅថ្ងៃនេះបាននៅតាមហាង ន ស ២ រ និង បណ្ណាល័យបញ្ញវន្ត ឬក៏តាមរយៈទូរស័ព្ទលេខ ០៩៣ ៤៨២ ៥៧៨ និង ០៧៧ ៧៦៥ ០៦៣

អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត

 

 

ខែតុលា 28, 2017 at 9:06 ព្រឹក បញ្ចេញមតិ

សង្សារ១៤ថ្ងៃ

SS 14 Days

ស្អែកគឺ១៤កុម្ភៈ ហើយយើងទាំងពីរនាក់ក៏មានឈ្មោះជាសង្សារបាន១៤ថ្ងៃដែរ។ (សើច) 😆 មនុស្សគ្រប់គ្នានៅតែមិនជឿថាពួកយើងជាសង្សារ សូម្បីតែពួកម៉ាកខ្ញុំក៏ហួសចិត្តនឹងខ្ញុំដែរ។ ចំណែកអ្នកខ្លះហាក់ដូចជាចង់បញ្ជាក់ណាស់ ថាអ្វីដែលខ្ញុំកំពុងតែជួបគឺជារឿងក្លែងក្លាយ។ ពួកគេចង់ដឹងជាងខ្ញុំទៅទៀត ហិហិហិ

អ្នកភូមិប្លក់ដែលកំពុងតែអាននេះ ប្រាកដជាមិនដឹងថាម៉េចក៏បែបនេះ ឬក៏កំពុងតែឆ្ងល់ថា ខ្ញុំកំពុងតែនិយាយពីអី មែនទេ?

មានបុរសម្នាក់ដែលខ្ញុំលួចស្រលាញ់ ក៏ជាបុរសដែលមនុស្សស្រីជាច្រើនលួចស្រលាញ់ ហើយពេលនេះគេក៏ក្លាយជាសង្សារខ្ញុំ តែមនុស្សគ្រប់គ្នានៅតែមិនជឿ និងប្រើពាក្យថា «សង្សារតែឈ្មោះ» សារភាពថាគេសង្ហាខ្លាំង តែខ្ញុំ… ហាក់មិនសមគ្នានឹងគេសោះ។ មិនមែនខ្ញុំមិនដឹងខ្លួនទេ តែបើវាជាឱកាស ហេតុអ្វីខ្ញុំត្រូវបោះបង់? ហេតុនេះខ្ញុំមានតែព្យាយាមបង្កើតមនោសញ្ចេតនារវាងពួកយើងទាំងពីរ។

ស្អែកនេះគឺជាថ្ងៃដែលគូស្នេហ៍បង្ហាញក្ដីស្រលាញ់ដាក់គ្នា… ពួកគេរំពឹងចង់បានកាដូពីភាគីម្ខាងទៀត។ ខ្ញុំក៏ដូចគ្នា តែគ្មានអ្នកណាជឿទេថា ម្នាក់នោះនឹងមានកាដូជូនខ្ញុំ។ ប្រាប់ត្រង់ខ្ញុំក៏ខូចចិត្តដែរ បើអ្វីដែលពួកគេគិតក្លាយជាការពិត តែ… ខ្ញុំបានត្រៀមកាដូសម្រាប់គេវិញ ហើយខ្ញុំជឿថា ស្នេហាកើតឡើងពីការចាប់ផ្ដើម​ មិនថាប្រុសឬស្រី សុទ្ធតែអាចធ្វើជាអ្នកចាប់ផ្ដើមបានដូចគ្នា។

យ៉ាងណា ក៏ចង់បានយោបល់ពីអ្នកអានទាំងអស់គ្នា ជួយប្រាប់ខ្ញុំម្នាក់មួយម៉ាត់មកថា ក្នុងនាមជាមនុស្សស្រី ការធ្វើបែបនេះ គឺល្ងង់ កំពុងតែបន្ទាបតម្លៃខ្លួនឯង ឬក៏គាំទ្រខ្ញុំ?

(ប្រកាសមួយនេះជាឈុតនៅក្នុងរឿង)

ខែសីហា 9, 2017 at 5:42 ល្ងាច មតិ 6

អានសៀវភៅធ្វើអ្វី?

ក្នុងកម្មវិធី «ជំនួបអ្នកនិពន្ធ» ធ្វើឡើងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ13925959_1761444850810338_8819263383550710541_o
 
កាលណោះមានសំណួរមួយដែលគេនិយមសួរគ្នា ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា ដោយហេតុផលថា ប្រជាជនយើងមិនសូវអានសៀវភៅ។ គេសួរថា តើគួរតែធ្វើយ៉ាងណា? ខ្ញុំបានគិតជាប់រហូត ហើយពេលនោះខ្ញុំក៏និយាយពីអ្វីដែលខ្ញុំយល់ឃើញ។
 
យើងមិនអាចបន្ទោសប្រជាជនដែលមិនចូលចិត្តអានទេ យើងគួរស្វែងយល់ពីមូលហេតុដែលធ្វើឱ្យពួកគេមិនចូលចិត្តអានឱ្យឃើញ។ ខ្ញុំបានលើកពីអ្វីដែលខ្ញុំបានឆ្លងកាត់ ដើម្បីទាញចូលទៅក្នុងបញ្ហា ពោលគឺសតិអារម្មណ៍របស់ប្រជាជនខ្មែរ។ កាលខ្ញុំនៅរៀន សិស្សមួយថ្នាក់ មានអ្នកខំរៀនសូត្រតិចគ្នាណាស់ ឯអ្នកដែលខំរៀនមែនទែនស្ទើរតែគ្មាន។ ពួកគេបានរស់នៅក្នុងបរិយាយពុករលួយ និងរៀនចេះពីអំពើពុករលួយដោយមិនបាច់ប្រឹង។ ពួកគេរៀនចេះសូកលុយ រៀនចេះបើកព្រុយយ៉ុង… ពួកគេគិតពីអនាគត ដោយពឹងលើខ្សែរយៈ ចង់ធ្វើការអ្វីមួយ តើមានអ្នកណាជួយ? កម្រមានអ្នកណាដែលគិតថាចំណេះដឹងសំខាន់ណាស់ បក្សពួកទើបសំខាន់។ បញ្ហានេះប្រៀបដូចជាជំងឺមហារីក អ្នកណាក៏ដឹង តែគ្មានអ្នកណាដោះស្រាយបាន។
 
នេះជាមូលហេតុ៖ នៅពេលដែលមនុស្សមិនឱ្យតម្លៃលើចំណេះដឹង សួរថា គេចូលចិត្តរៀនទេ? នៅពេលមនុស្សមិនចូលចិត្តរៀន គេអានសៀវភៅធ្វើអ្វី?
 
ជាលទ្ធផល កម្រិតនៃការគិតរបស់ប្រជាជនខ្មែរបច្ចុប្បន្នគឺទាបណាស់ ដោះស្រាយទំនាស់តាមអារម្មណ៍ ងាយជឿ ងាយនឹងឱ្យគេបង្វែរទៅណាក៏បាន។
 
អ្នកដែលចូលចិត្តអាន គឺជាមនុស្សដែលចូលចិត្តវិភាគ អ្នកដែលចូលចិត្តវិភាគ គឺជាមនុស្សដែលប្រើហេតុផល អ្នកដែលប្រើហេតុផល គឺជាមនុស្សមានបញ្ញា។ #សុខចាន់ផល

ខែសីហា 16, 2016 at 4:57 ល្ងាច បញ្ចេញមតិ

ពិតប្រាកដ

 

image

កំណាព្យ «ពិតប្រាកដ»

សុភមង្គលកើតមានពិត ពេលមនុស្សលែងគិតរឿងខ្វល់ខ្វាយ
ព្រោះមានបញ្ញានៅជាប់កាយ ដួងចិត្តស្រស់ស្រាយគ្រប់ជំហាន។

ធាតុពិតនៃពាក្យថាជោគជ័យ គឺពេញចិត្តអ្វីដែលខ្លួនមាន
ជោគជ័យនេះដូចបាននិព្វាន គ្មានថ្ងៃបាត់បង់ទៅវិញឡើយ។

សុខពិតប្រាកដគឺចិត្តស្ងប់ លែងមានចិត្តស្អប់អ្វីទៀតហើយ
ស្រលាញ់ខ្លួនឯងជាចម្លើយ ក្ដីសុខនេះហើយដែលស្ថិតស្ថេរ។

២៣ មិថុនា ២០១៦ #សុខចាន់ផល

 

ខែមិថុនា 23, 2016 at 3:46 ល្ងាច មតិ 2

ស្នេហា និង ខ្មោច

ស្នេហា និង ខ្មោច ជារបស់ពីរយ៉ាង ដែលគ្រប់គ្នាចូលចិត្តលើកមកនិយាយ តែមានអ្នកតិចណាស់ ដែលបានស្គាល់ ហើយក៏មិនដឹងប្រាប់យ៉ាងម៉េចឱ្យគេយល់ បើគេមិនបានជួបខ្លួនឯង។ ជាប្រយោគនៅក្នុងកុន ដែលខ្ញុំទើបតែមើលមុននេះ ទៅមើលកុនម្នាក់ឯង «ម្នាក់ឯង តែមិនឯកា» អារម្មណ៍នេះ ក៏ខ្ញុំទើបតែយល់ដែរ ហើយធ្វើឱ្យខ្ញុំដឹងថា ពេលវេលាជាកត្តាសំខាន់ក្នុងការយល់ពីរឿងអ្វីមួយ ពោលបើពេលវេលាមកដល់ យើងនឹងយល់ច្បាស់មិនខាន។

image

កាលពីមុន ខ្ញុំនិយាយអ្វីដែលគ្រាន់តែជាក្ដីស្រមៃ ថាខ្ញុំអាចធ្វើបាន ដូចជាថា ខ្ញុំចូលចិត្តមើលកុនម្នាក់ឯង តែធាតុពិតខ្ញុំឯកោខ្លាំងណាស់។ តែពេលនេះ ខ្ញុំមិនមែននិយាយឱ្យគេសរសើរទៀតទេ គឺខ្ញុំពិតជាមិនឯកាមែន ថែមទាំងទទួលអារម្មណ៍នៃសេរីភាពពេញទី។ ចុះបើមានគ្នាយ៉ាងម៉េច? ក៏សប្បាយតាមរបៀបមានគ្នា តែបើមានគ្នាមានបញ្ហា ឬនាំឱ្យរំខាន គឺត្រូវតែសម្រេចចិត្តថា តើគួរមានគ្នាឬអត់។

ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានខែនេះ បន្ទាប់ពីរំដោះខ្លួនចេញពីទស្សនៈជីវិតឥតន័យបាន។ ខ្ញុំយល់ច្បាស់ពីឥទ្ធិពលនៃការគិត ហើយក៏ខំរៀនបង្វែរការគិតអវិជ្ជមាន មកជាការគិតវិជ្ជមាន ចំពោះគ្រប់រឿងដែលខ្ញុំបានជួប។ ក្នុងហេតុការណ៍នីមួយៗ មនុស្សអាចយកមកគិតខុសៗគ្នា តែនៅពេលនេះ ខ្ញុំចង់ឱ្យមនុស្សដែលស្គាល់ខ្ញុំ ចេះជ្រើសរើសការគិតណាដែលមានប្រយោជន៍ គិតដើម្បីដោះស្រាយ គិតដើម្បីសប្បាយចិត្ត៖

~ពេលបាត់របស់អ្វី ចូរគិតថា «គ្មានរបស់ណាបាត់ទេ គ្រាន់តែវាប្ដូរម្ចាស់» វាមិនមែនជារឿងកំប្លែងទេ គឺជាការពិតក្នុងលោកនេះ។

~ពេលធ្វើការហត់ខ្លាំង ចូរជឿថា យើងនឹងបានផលតបស្នងច្រើនដូចគ្នា ដែលផលនោះនឹងកើតឡើងពិតមែន ចំពោះអ្នកដែលព្រមធ្វើការដោយសុទ្ធចិត្ត។

~ពេលឱ្យអ្វីទៅគេ ឬក៏ជួយគេ កុំស្ដាយ ឬគិតថាគេរមើលគុណ ចូរជឿថា យើងនឹងបានមកវិញច្រើនជាង ហើយយើងនឹងមានអ្នកផ្សេងទៀត ជួយយើងវិញមិនខាន ដែលនេះគឺជាច្បាប់នៃការស្របទាញ។

~ពេលត្រូវបានអ្នកណាម្នាក់ធ្វើបាប ចូរអាណិតគេ ព្រោះគេកំពុងតែដើរផ្លូវខុស ជីវិតគេនឹងមិនសប្បាយចិត្ត ព្រោះគេគិតរឿងមិនល្អ ហើយជំនួសដោយមិនស្អប់ ចូរអរគុណគេ ដែលធ្វើឱ្យយើងដឹងថា អ្នកណាល្អនឹងយើងពិតប្រាកដ។

~ពេលជួបរឿងអាក្រក់ កុំអស់សង្ឃឹម ឬបាក់ទឹកចិត្ត ហើយត្រូវរក្សាជំហជាមនុស្សល្អ បន្តស្វែងយល់និងដោះស្រាយ ហើយជឿទៅ បញ្ហាកាន់តែធំ រង្វាន់ក៏កាន់តែធំដែរ។

~ពេលធ្វើអ្វីតែម្នាក់ឯង កុំគិតថាគ្មានអ្នកណាស្រលាញ់ តែត្រូវចេះប្រើសេរីភាព ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយត្រូវដឹងថា នេះជាឱកាសសាងខ្លួនឯងឱ្យរឹងមាំពិតប្រាកដ។

*ខ្ញុំជឿថា ប្រាកដជាមានអ្នកបានឆ្លងកាត់បទពិសោធន៍បែបនេះរួចហើយ ដែលធ្វើឱ្យជីវិតកាន់តែប្រសើរ ព្រោះរឿងល្អៗក៏ចូលមកតាមរយៈការគិតបែបវិជ្ជមាន អ៊ីចឹងជួយសរសេរមតិចែករំលែកបន្ថែមផង ថាពេលជួបបញ្ហា តើគួរគិតបែបណា ដើម្បីប្រើការគិតជាប្រយោជន៍ និងចាកផុតពីការគិតអាក្រក់ៗ រកច្រកចេញមិនឃើញ រហូតដល់គិតខ្លី ពិតជាគួរឱ្យខ្លាចណាស់។ ត្រូវចាំថា យើងមិនអាចបញ្ឈប់ការគិតអ្វីមួយបានទេ តែយើងអាចបង្វែរការគិតបាន។ ខណៈដែលរឿងល្អៗចូលមកក្នុងខួរក្បាលយើងកាន់តែច្រើន ការចងចាំរឿងអាក្រក់ៗនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ។ #សុខចាន់ផល

ខែមិថុនា 23, 2016 at 1:26 ល្ងាច បញ្ចេញមតិ

និស្ស័យ

ខ្ញុំទើបតែឆ្ងល់ថា ដំបូងឡើងតើនិស្ស័យកើតដោយរបៀបណា? ក៏មិនទាន់យល់ច្បាស់ ថាស្អីជានិស្ស័យដែរ។ បើកវចនានុក្រមមើល ចួនកាលក៏ជួយឱ្យយល់ស៊ីជម្រៅមិនបាន តែប្រហែលជានិស្ស័យហើយ ដែលធ្វើឱ្យខ្ញុំបានយល់នៅថ្ងៃនេះ។ ខ្ញុំស្រាប់តែនឹកថា ឬក៏ខ្ញុំទើបតែយល់រឿងខ្លះនៅក្នុងជាតិនេះ… ខ្ញុំនឹងឱ្យនិយមន័យនិស្ស័យ តាមការយល់ឃើញរបស់ខ្ញុំ។

image

មនុស្សដែលស្រលាញ់គ្នាបាន គឺដោយសារតែពួកគេមាននិស្ស័យជាមួយគ្នា ដែលយើងត្រូវនិយាយដល់រឿងអតីតជាតិ ក៏ធ្វើឱ្យខ្ញុំឆ្ងល់ថា អ្វីជាចំណុចផ្ដើមដែលធ្វើឱ្យមនុស្សពីរនាក់មាននិស្ស័យនឹងគ្នា? ខ្ញុំសូមឱ្យនិយមន័យថា និស្ស័យគឺជាការជួបគ្នានាខណៈមួយ ដោយសារធ្លាប់ជួយគ្នាពីអតីតកាល។

ខ្ញុំចាប់គិតពីមនុស្សដែលបានចូលមកក្នុងជីវិតខ្ញុំ។ អ្នកខ្លះមកមួយភ្លែត ក៏ត្រឡប់ទៅវិញ អ្នកខ្លះនៅក្បែរគ្នារាល់ថ្ងៃ តែខ្ញុំបែរជាមិនខ្វល់នឹងគេ។ មាននិស្ស័យជាមួយគ្នាតិច នៅជាមួយគ្នាខ្លី តែយើងក៏អាចកសាងនិស្ស័យបន្ត ឬបង្កើតនិស្ស័យថ្មីបាន។ កាលដែលបានស្គាល់គ្នាគឺជានិស្ស័យតិចតួច តែកាលដែលជួយគ្នា គឺជាការកសាងនិស្ស័យបន្ថែម។ ទំនាក់ទំនងនៅលើផែនដីនេះគឺប្រាកដជាស៊ាំញ៉ាំណាស់ ហើយបើនិស្ស័យពីរឿងគូព្រេងវិញ គឺប្រាកដជាធ្លាក់លើមនុស្សដែលយើងមាននិស្ស័យនឹងគ្នាច្រើនជាងគេ ប៉ុន្តែអ្នកទាំងពីរក៏អាចបែកគ្នា បើសិនជាមានអ្នកណាម្នាក់មិនចង់បន្តនិស្ស័យ ហើយក៏អាចទៅជួបនឹងមនុស្សម្នាក់ទៀត បើទោះជាមាននិស្ស័យតិចជាង។

ថ្ងៃនេះពេលត្រឡប់មកផ្ទះ ខ្ញុំចូលទិញតែទឹកដោះគោផឹក តែមិនចង់ផឹកតាមផ្លូវ ក៏គិតថា ទុកផឹកនៅផ្ទះ រួចក៏នឹកឃើញថា ហេតុអ្វីក៏ខ្ញុំមិនទិញផ្ញើអ្នកផ្ទះ ផឹកម្នាក់ឯងអ៊ីចឹងមិនសមទេ។ ពេលនោះ ខ្ញុំក៏ភ្ញាក់ខ្លួនភ្លាមថា នេះហើយគឺជាអ្វីដែលមនុស្សត្រូវធ្វើ។ ដំបូងយើងត្រូវដឹងគុណដល់មនុស្សដែលមាននិស្ស័យនឹងយើង ដូចជាឪពុម្ដាយ ដែលពួកគាត់បានបង្កើតយើង មានន័យថាគាត់បានជួយយើងឱ្យមានរូបរាងជាមនុស្ស ហើយចិញ្ចឹមយើងឱ្យធំឡើង ដែលបំណុលនិស្ស័យនេះ យើងត្រូវតែសងពួកគាត់វិញ រួចក៏ព្យាយាមជួយគ្រប់មនុស្សដែលយើងជួប ដើម្បីបន្តនិស្ស័យល្អជាមួយគ្នា។

ខ្ញុំជឿថា យើងនឹងមិនខ្វះញាតិទេ បើយើងចេះកសាងនិស្ស័យបែបនេះ។ សងនិស្ស័យចាស់ សាងនិស្ស័យថ្មី លោកិយនឹងក្លាយជាកន្លែងជួបជុំដ៏រីករាយ។ #សុខចាន់ផល

ខែមិថុនា 21, 2016 at 12:04 ព្រឹក បញ្ចេញមតិ

ខ្ញុំរាប់អានគេដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគេ

ជួនកាល ខ្ញុំឆ្ងល់ថា ហេតុអ្វីខ្ញុំមានមិត្តភក្តិតិច ហើយហេតុអ្វីក៏មិត្តភក្តិខ្ញុំគេមិនសូវស្រលាញ់ខ្ញុំ? តាមពិត សំណួរនេះគឺសួរត្រឡប់មកខ្លួនឯងទេតើ គឺខ្ញុំខ្លួនឯងជាអ្នកជ្រើសរើសមិត្តភក្តិ គឺខ្ញុំខ្លួនឯងដែលមិនសូវស្រលាញ់មិត្តភក្តិ។

មានមនុស្សជាច្រើនដែលល្អៗ គួរឱ្យស្រលាញ់ គួរឱ្យចង់រាប់អាន តែខ្ញុំយកពួកគេជាមិត្តភក្តិមិនបានសោះ។ ខ្ញុំអន់ចិត្តនឹងខ្លួនឯង គិតថា អាចមកពីខ្ញុំ… បន្ទាប់មកខ្ញុំក៏គិតដល់និស្ស័យ ហើយខ្ញុំក៏ព្រមជឿថា ក្នុងលោកនេះពិតជាមានឧបនិស្ស័យមែន តែខ្ញុំគ្រាន់តែឆ្ងល់ថា ហេតុអ្វីក៏ខ្ញុំអាចចូលចិត្តគេតែម្នាក់ឯង?

ខ្ញុំយល់ហើយ! បន្ថែមលើនិស្ស័យ ខ្ញុំគិតពីហេតុផល។ អ្នកខ្លះថា មិនរាប់អានអ្នកណាដើម្បីផលប្រយោជន៍ទេ។ ត្រូវ ហើយវាអាចជានិស្ស័យដែលខ្ញុំបាននិយាយ។ ខ្ញុំក៏រំឭកពីអារម្មណ៍ខ្លួនឯង នៅពេលដែលខ្ញុំចង់រាប់អានអ្នកណាម្នាក់។ ខ្ញុំចង់! ចង់ គឺមានបំណង បំណងគឺទាក់ទងនឹងផលប្រយោជន៍។ ខ្ញុំទទួលថា ខ្ញុំប្រាថ្នាផលប្រយោជន៍ពីគេយ៉ាងពិតប្រាកដ។ ផលប្រយោជន៍ដែលខ្ញុំចង់បាន មិនមែនជាលាភសក្ការៈស្អីទេ គ្រាន់តែជាក្ដីស្រលាញ់ ឬចំណេះដឹង ជាអ្វីដែលខ្ញុំត្រូវការសម្រាប់ធ្វើឱ្យជីវិតខ្ញុំមានន័យ ប៉ុន្តែខ្ញុំភ្លេចគិតថា ខ្ញុំគ្មានអ្វីផ្ដល់ឱ្យគេវិញសោះ។

ឧបមាថា ខ្ញុំចង់ជួបមនុស្សម្នាក់ ដើម្បីបានទទួលបទពិសោធន៍ការងាររបស់គាត់ បែបនេះខ្ញុំគួរតែគិតផងថា តើខ្ញុំមានរបស់អ្វីជូនគាត់វិញ ជាការតបស្នង? ជាមួយនឹងមិត្តភក្តិក៏ដូចគ្នា ខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីក៏ខ្ញុំចេះតែចង់ជួបមិត្តភក្តិរាល់ថ្ងៃ ទាំងដែលពួកគេមានរឿងរវល់ផ្ទាល់ខ្លួន។ តាមពិតព្រោះខ្ញុំអផ្សុក ត្រូវការអ្នកជជែក ត្រូវការឱ្យគេកំដរ ត្រូវការផលប្រយោជន៍ពីគេ។ ហេតុអ្វីខ្ញុំមិនគិតថា តើគេអផ្សុកឬអត់? តើគេចូលចិត្តកន្លែងដែលខ្ញុំចង់ទៅនោះដែរអត់? ដែលយើងគិតតែត្រឹមថា ខ្ញុំត្រូវការគេកំដរ នោះអារម្មណ៍របស់យើងនឹងធ្វើឱ្យគេណាយពីយើងជាមិនខាន។

ប្រហែលជាមានអ្នកឆ្ងល់ថា គ្រាន់តែរឿងប៉ុណ្ណឹង ក៏ខ្ញុំវិភាគស៊ីជម្រៅដែរ។ ខ្ញុំជាប្រភេទមនុស្សបែបនេះ គឺមិនអាចកេងចំណេញលើអ្នកណាសូម្បីតែបន្តិច មិនលើកលែងសូម្បីតែរឿងមនោសញ្ចេតនា។ ហេតុនេះ ខ្ញុំត្រូវតែមានចិត្តជ្រះថ្លានឹងគ្រប់យ៉ាងដែលខ្ញុំធ្វើ បើគិតផលប្រយោជន៍តែបន្តិច ផ្លូវរលោងនឹងក្លាយទៅជារលាក់។

ហេតុផលនេះប្រាប់ខ្ញុំថា ខ្ញុំមិនអាចរាប់អានអ្នកណាដើម្បីផលប្រយោជន៍ខ្លួនឯងតែម្ខាងទេ។ ថ្ងៃនេះ ខ្ញុំបានប្ដូរការគិតមួយទៀត។ បើខ្ញុំចង់រាប់អានអ្នកណាម្នាក់ ខ្ញុំត្រូវគិតពីគេឱ្យច្រើនជាងខ្លួនឯង។ ខ្ញុំមិនអន់ចិត្តទេ បើគេមិនរាប់អានខ្ញុំ ព្រោះថា ទោះគ្មានខ្ញុំក៏ជីវិតគេគ្មានបញ្ហា គេត្រូវការខ្ញុំធ្វើអី?

ខ្ញុំច្បាស់ថា ខ្លួនឯងមិនអាចធ្វើអ្វី ដោយគិតថា បើគេធ្វើបាន ខ្ញុំក៏ធ្វើបាននោះទេ ដែលនិយាយទៅ នេះជាអាថ៌កំបាំងនៃកំណើតរបស់មនុស្សម្នាក់ៗ។ ខ្ញុំមិនរាប់អានអ្នកណាដើម្បីផលប្រយោជន៍ខ្ញុំទេ តែខ្ញុំរាប់អានគេដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគេ។ #សុខចាន់ផល

image

ខែមិថុនា 5, 2016 at 12:05 ល្ងាច មតិ ១


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 215,499 hits
Visit Cute-Spot.com!