THE MAGIC

imageខ្ញុំទើបតែអានបានប៉ុន្មានទំព័រទេ តែចូលចិត្តសៀវភៅនេះខ្លាំងណាស់។ កន្លងមកប្រាកដជាមានអ្នកខ្លះធុញនឹងអានអត្ថបទអស់សង្ឃឹមរបស់ខ្ញុំហើយ។ ខ្ញុំងប់ងុលនឹងការគិតអវិជ្ជមានជាយូរមកហើយ ហើយខ្ញុំហាក់ដូចជាស្ដាយនូវរឿងអកុសលជាច្រើន ដែលខ្ញុំមិនព្រមបំភ្លេច។ ស្រាប់តែសៀវភៅវនេះអាចប្រាប់ខ្ញុំថា គ្មានប្រយោជន៍អ្វីដែលត្រូវស្ដាយចំពោះរឿងអកុសលនោះទេ ហើយត្រូវប្ដូរមកគិតតែរឿងល្អៗ ដើម្បីស្រូបទាញយកអ្វីល្អៗចូលមកក្នុងជីវិតរបស់យើង។ ខណៈនេះខ្ញុំភ្ញាក់នឹងខ្លួនឯងដែលកាន់តែចាស់កាន់តែល្ងង់ កាន់តែឆ្ងាយពីអារម្មណ៍ល្អៗកាលពីនៅជាកូនក្មេង។ ខ្ញុំនឹងស្វែងរកអារម្មណ៍កុមារភាពឱ្យត្រឡប់មកវិញ ហើយបន្តរស់នៅជាមួយនឹងក្ដីស្រមៃដ៏ស្រស់បំព្រង ក៏ព្យាយាមធ្វើឱ្យពិភពលោកនេះកាន់តែប្រសើរឡើង ដោយឈប់ខ្វល់នឹងគំនិតល្អក់កករទៀតហើយ។ រស់នៅដោយក្ដីដឹងគុណ ដោយក្ដីស្រលាញ់ អរគុណគ្រប់គ្នាដែលតែងបារម្ភពីខ្ញុំ ខ្ញុំស្រលាញ់មនុស្សគ្រប់គ្នា។ 💙📖🙏 #themagic

ខែ​មេសា 12, 2016 at 1:30 ព្រឹក បញ្ចេញមតិ

I’m not perfect

‘I’m not perfect’ ខ្ញុំត្រូវប្រើឃ្លានេះដើម្បីដាស់តឿនខ្លួនឯង ព្រោះខ្ញុំបានដឹងថា មូលហេតុដែលធ្វើឱ្យខ្ញុំកើតទុក្ខមករហូត គឺដោយសារខ្ញុំចង់ក្លាយជាមនុស្សល្អឥតខ្ចោះ។ វាទៅមិនរួចទេ ហើយគ្រប់ពេលដែលទទួលអារម្មណ៍ថា ខ្លួនឯងល្អមិនគ្រប់គ្រាន់ ខ្ញុំតែងតែបាក់ទឹកចិត្ត។

ពេលខ្ញុំមើលទៅអតីតកាល អ្នកដែលលេង​ facebook ជាមួយខ្ញុំជាច្រើននាក់បាន unfriend ខ្ញុំចោល។ កាលពីមុនខ្ញុំឆ្ងល់ថា ម៉េចក៏ facebook កំណត់ឱ្យយើងមានមិត្រត្រឹមតែ៥ពាន់នាក់ ពេលនេះខ្ញុំយល់ហើយ ព្រោះចំនួនប៉ុណ្ណេះវាច្រើនពេកហើយសម្រាប់មនុស្សម្នាក់ គឺជាក់ស្ដែង ទោះខ្ញុំព្យាយាមយ៉ាងណាក៏ខ្ញុំនៅតែមិនអាចថែអ្នកដែលធ្លាប់ស្គាល់ឱ្យគេនៅឱ្យតម្លៃខ្ញុំដដែល។ ពេលវេលាធ្វើឱ្យយើងដឹងថា អ្នកណាជាមិត្រភក្តិពិតប្រាកដរបស់យើង។ កន្លងមក ខ្ញុំតែងតែមានស្នាមញញឹមចំពោះមនុស្សគ្រប់គ្នា ហើយក្នុង facebook ខ្ញុំព្យាយាមឆ្លើយគ្រប់មតិ និងតបគ្រប់សារ បើទោះជាខ្ញុំមិនស្គាល់គេក៏ដោយ។ ខ្ញុំបានដឹងថា មានមនុស្សតិចណាស់ដែលគេធ្វើដូចខ្ញុំ ពិសេសមនុស្សក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រោះគេគ្មានពេលគ្រប់គ្រាន់នឹងឱ្យមនុស្សគ្រប់គ្នាដែលស្គាល់គេ។ ខ្ញុំដូចជាល្ងង់ណាស់ ធ្វើមើលតែខ្លួនឯងហ្នឹងជាទេវតា ផ្ដល់តម្លៃឱ្យមនុស្សស្មើៗគ្នា តែទីបំផុតខ្ញុំនៅសល់តែម្នាក់ឯង គ្មានអ្នកជិតដិតឡើយ។ នេះជាសេចក្ដីពិត ដែលសឹងតែគ្រប់គ្នាគេបានទទួលស្គាល់ទៅហើយ នៅឡើយតែខ្ញុំ។ ខ្ញុំជាមនុស្សលោភលន់ ចង់ឱ្យមនុស្សគ្រប់គ្នាស្រលាញ់ខ្ញុំ ហេតុនេះក៏ឧស្សាហ៍អស់សង្ឃឹម​ ពេលដឹងថាមានអ្នកណាមិនចូលចិត្តខ្ញុំ។

ជួនកាលសេចក្ដីពិតគឺឃោរឃៅណាស់ចំពោះមនុស្សដូចជាខ្ញុំ។ មិត្រភក្តិប្រៀបដូចជាពពកដែលរសាត់ទៅរសាត់មក ដោយយើងគ្មានអំណាចប្រមូលផ្ដុំពួកគេមកឱ្យនៅក្បែរយើងរហូតឡើយ។ ខ្ញុំធ្លាប់នឹកស្មានថា ពេលវេលាកាន់តែយូរ ខ្ញុំមានមិត្រកាន់តែច្រើន តែទីបំផុតទើបខ្ញុំដឹងថា ពួកគេបានប្ដូរមុខគ្នាជានិច្ច ហើយអ្នកខ្លះភ្លេចនឹកនាដល់ខ្ញុំក៏មាន។ តើខ្ញុំត្រូវមានសង្ឃឹមទៀត ឬក៏ត្រូវព្យាយាមរស់ជាមួយនឹងសេចក្ដីពិត? សេចក្ដីពិតដែលប្រាប់ថា ជីវិតគឺឯកា គ្មានអ្នកណាដែលអាចទុកចិត្តបាន គ្មានអ្នកណាដែលស្រលាញ់យើងរហូត គ្មានអ្នកណាដែលមិនផ្លាស់ប្ដូរ គ្មានអ្វីដែលស្ថិតស្ថេរ…

‘I’m not perfect’ ខ្ញុំមិនទាន់ក្លាយជាមនុស្សដែលខ្ញុំចង់ក្លាយ។ អាយុប៉ុណ្ណេះ ខ្ញុំក៏មានការគិតខ្លួនឯងហើយ មិនមែនបុរេវិនិច្ឆ័យទេ ព្រោះខ្ញុំអាចមើលដឹងពីចំណុចខ្វះខាត ឬចំណុចអាក្រក់របស់ខ្លួន។ ខ្ញុំមិនព្រងើយកន្តើយនឹងការកែប្រែខ្លួនទេ ហើយប្រហែលនេះហើយជាកិច្ចការដែលខ្ញុំត្រូវធ្វើបន្ត ជាក្ដីស្រមៃពិតប្រាកដនៃការរស់នៅរបស់ខ្ញុំ។ ឆ្លងកាត់ការរស់នៅជាមួយមនុស្សដ៏ច្រើន ខ្ញុំបានយល់ខ្លះៗពីអារម្មណ៍របស់ពួកគេ។ ពួកគេឱ្យតម្លៃខ្លាំងទៅលើទ្រព្យសម្បត្តិ ទើបកើតជាការប្រកួតប្រជែង ទាស់ទែងគ្នាមិនចេះចប់។ ខ្ញុំក៏ធ្លាប់សរសើរពួកគេ ដែលអាចស្គាល់ពីក្ដីស្រមៃរបស់ខ្លួនឯង ហើយមានកម្លាំងចិត្តប្រយុទ្ធដើម្បីបានវា។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ខ្ញុំគិតខុសពីគេ ទើបកន្លងមកខ្ញុំបន្ទោសខ្លួនឯងរហូត ថាខ្លួនឯងទន់ជ្រាយ រស់នៅគ្មានក្ដីស្រមៃ។ តាមពិតក្ដីស្រមៃរបស់ខ្ញុំមិនមែនត្រឹមតែជាសម្បត្តិក្រៅខ្លួនទេ តែគឺដួងចិត្តមួយដែលល្អបរិសុទ្ធ រហូតដល់ជួបអារម្មណ៍ពិតប្រាកដមួយ គឺសុភមង្គលកើតចេញពីក្នុងចិត្ត។

ខ្ញុំនឹងព្យាយាម៖12325385_10201396338586389_1871404232_n

 

ខែ​កុម្ភៈ 19, 2016 at 2:21 ល្ងាច បញ្ចេញមតិ

រឿងខ្លី ក្ដីស្រមៃ

ជាក្មេងកំព្រា មិនដឹងថារស់ដើម្បីអ្នកណា គ្មានអ្នកណាដែលត្រូវនឹកដល់ គ្មានក្ដីស្រមៃ បើជោគជ័យក៏គ្មានអ្នកណាចូលរួមជាមួយ… លក្ខខណ្ឌជីវិតរបស់ខ្ញុំគឺអន់ជាងអ្នកទាំងអស់គ្នាឆ្ងាយណាស់។ បញ្ហាកើតឡើងមិនឈប់ចំពោះមនុស្សឯកាម្នាក់នេះ។ កន្លងមកខ្ញុំព្យាយាមណាស់ ដើម្បីបានរស់ ដើម្បីបានរៀន ដើម្បីបានការងារ តែសង្គមគួរឱ្យខ្លាច មនុស្សអាត្មានិយម មិនចេះចែករំលែក គ្មានភាពស្មោះត្រង់ ហើយពួកគេហាក់ចង់ច្រានខ្ញុំឱ្យទៅឆ្ងាយ… ពេលនោះកម្លាំងចិត្តខ្ញុំចុះស្ទើរតែដល់សូន្យ តែមុននឹងខ្ញុំព្រមបញ្ចប់ ខ្ញុំចង់ធ្វើនូវអ្វីម្យ៉ាង… ខ្ញុំបានទៅដល់ភូមិមួយ មនុស្សម្នារស់នៅជាមួយធម្មជាតិ ហើយអ្វីដែលខ្ញុំបានទទួលពីពួកគេដំបូងនោះ គឺស្នាមញញឹមដ៏បរិសុទ្ធ។ ពួកគេមិនដឹងថាខ្ញុំជាអ្នកណា មកពីណា មានប្រវត្ថិយ៉ាងម៉េច តែពួកគេប្រហែលជាគិតថាខ្ញុំជាមនុស្សចេះដឹងម្នាក់។ ខ្ញុំសង្ឃឹមថាបានជួយអ្វីខ្លះដល់ពួកគេ មុនពេលដែលខ្ញុំទៅឆ្ងាយ។ ខ្ញុំក៏បង្រៀនអក្សរដល់ក្មេងៗ ជួយជាគំនិតផ្សេងៗដល់អ្នកភូមិ ប្រាប់ពីការថែទាំសុខភាព ជាអ្វីដែលពួកគេត្រូវការដើម្បី​រស់បន្ត។ ខ្ញុំក៏ចាប់ផ្ដើមទទួលអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍ ហើយទទួលបាននូវការស្រលាញ់រាប់អានពីមនុស្សជាច្រើន។ ខ្ញុំបានសម្រេចនូវក្ដីស្រមៃមួយដោយអចនា។ ម្ដងៗពេលគិតថាខ្លួនឯងមិនបានការ ក៏ចង់បាត់ខ្លួនពីផែនដីនេះ។ ឆាកជីវិតនេះពិតជាមិនងាយស្រួលមែន តែបើនៅតែគិតច្រើនក៏គ្មានប្រយោជន៍ ហេតុនេះត្រូវព្យាយាមធ្វើសកម្មភាពអ្វីម្យ៉ាងដើម្បីបង្ហាញពិភពលោកថា យើងនៅរស់។

ដោយ សុខ ចាន់ផល

ថ្ងៃទី១៧ កុម្ភៈ ២០១៦

(សង្ឃឹមថា ខ្ញុំអាចផលិតវីដេអូខ្លីពីសាច់រឿងមួយនេះនាពេលឆាប់ៗ)

12742261_10154083949683816_7689015191038879290_n

ខែ​កុម្ភៈ 17, 2016 at 5:37 ល្ងាច បញ្ចេញមតិ

រស់ដើម្បីអ្វី?

ជួនកាលខ្ញុំដឹងចម្លើយ ជួនកាលខ្ញុំមិនដឹងស្អីសោះ។ អត្ថបទដែលខ្ញុំសរសេរ គ្មានប្រយោជន៍សម្រាប់អ្នកណាឡើយ គ្រាន់តែកត់ទុកនូវអារម្មណ៍ស្មុគស្មាញ ដែលខ្ញុំមិនដឹងថាត្រូវប្រាប់អ្នកណា ឬដោះស្រាយយ៉ាងម៉េច។ ខ្ញុំធ្លាប់សរសេរចម្រៀង ឬអត្ថបទទាក់ទងនឹងក្ដីសង្ឃឹម ផ្ដល់កម្លាំងឱ្យអ្នកដទៃ តែនៅថ្ងៃនេះ ខ្ញុំនៅតែទន់ជ្រាយ មិនដឹងថាតើខ្លួនឯងរស់ដើម្បីអ្វីដដែល។

ក្ដីស្រលាញ់ជាកម្លាំងពិសេសដែលផ្ដល់អត្ថន័យដល់ជីវិត តែពេលនេះ ខ្ញុំយល់ថា ក្ដីស្រលាញ់ហាក់ដូចជាត្រូវរៀនស្រលាញ់ទៅវិញ។ ខ្ញុំបានមើលស្នាដៃសិល្បៈមួយចំនួន ដែលគេធ្វើឡើងដើម្បីបង្រៀនមនុស្សឱ្យចេះស្រលាញ់អ្នកមានគុណ ឬមនុស្សដែលយើងគួរតែស្រលាញ់។ វាបានផ្ដល់អារម្មណ៍ម្យ៉ាងឱ្យខ្ញុំ វាប្រៀបដូចជាជីវិតនេះត្រូវចេះរស់នៅឱ្យបានត្រឹមត្រូវ មិនមែនគ្រាន់តែរស់នៅតាមធម្មជាតិនោះទេ។ ព្រះពុទ្ធទ្រង់បានសម្រេចចិត្តបញ្ចប់វដ្ដសង្សារជីវិត ឬក៏នេះជាវិធីតែម្យ៉ាងដើម្បីរំលត់ទុក្ខ? អ៊ីចឹងតើខ្ញុំអាចមានឱកាស​រកបានឆាកជីវិតសាមញ្ញដ៏រីករាយបានដែរទេ?

ជីវិតហាក់ដូចជាកាតព្វកិច្ច រស់នៅត្រូវមានប្រយោជន៍។ គេថាសំណាងណាស់ ទម្រាំបានកើតជាមនុស្ស ហេតុនេះត្រូវចេះស្រលាញ់ជីវិត។ ខ្ញុំល្ងង់ណាស់ ខ្ញុំគិតថា បើរស់មិនសប្បាយចិត្តផង តើបន្តរស់នៅធ្វើអ្វី? មានហេតុផលខ្លះៗដែលខ្ញុំធ្លាប់ឆ្លើយ ដូចជារស់ដើម្បីអ្នកដទៃ រស់ដើម្បីជួយគេ… នេះជាកាតព្វកិច្ចរបស់មនុស្សល្អ រស់មានន័យ ស្លាប់ទៅបន្សល់កេរ្តិ៍ឈ្មោះលើផែនដី។ តើត្រូវយកគំរូជីវិតបែបនេះមែនទេ? ខ្ញុំក៏ធ្លាប់ទទួលអារម្មណ៍សប្បាយចិត្ត ពេលបានជួយអ្នកដទៃដែរ តែបន្ទាប់មកក៏ហត់នឿយទៅវិញ រួចក៏ចង់ដេកលក់ជារៀងរហូត។

ប្រហែលជាខ្ញុំខ្វះក្ដីស្រមៃ ខ្វះគោលដៅជីវិត ទើបខ្ញុំគ្មានកម្លាំងចិត្តបន្តសោះ។ តើធ្វើយ៉ាងម៉េចទើបអាចបង្កើតវាបានដូចគេ? ខ្ញុំធ្លាប់គិតថា ចង់យកសាសនាណាមួយធ្វើជាទីពឹង ឱ្យមានអារម្មណ៍កក់ក្ដៅ តែបន្ទាប់មកខ្ញុំក៏គិតថា ខ្ញុំត្រូវការជីវិតលោកិយជាង។ ពេលនេះខ្ញុំពិតជាចង់ស្ដាប់យោបល់ពីអ្នកជោគជ័យក្នុងជីវិត ថាតើមានរឿងល្អអ្វីខ្លះដែលមនុស្សត្រូវរស់បន្តទៀត?

ខែ​កុម្ភៈ 15, 2016 at 4:53 ល្ងាច បញ្ចេញមតិ

ចេះស្រលាញ់

អាចនឹងចម្លែក បើខ្ញុំសារភាពថា ខ្ញុំអត់ទាន់ចេះស្រលាញ់។ តាំងពីតូចរហូតដល់ពេលនេះ ខ្ញុំមានអារម្មណ៍ថា អត់មានអ្នកណាស្រលាញ់ខ្ញុំទេ។ ប្រហែលជាមកពីខ្ញុំចូលចិត្តប្រៀបធៀប និងចង់បានពីមនុស្សដែលខ្ញុំស្រលាញ់​​ឱ្យមកស្រលាញ់ខ្ញុំជាងគេ តែខ្ញុំទទួលយកមិនបាន។ ខ្ញុំគិតថា សាច់ញាតិខ្ញុំយកអសារខ្ញុំព្រោះតែភារកិច្ច សូម្បីតែម្ដាយបង្កើតខ្ញុំក៏ដូចគ្នា ហើយខ្ញុំចេះតែចាំពីសម្ដីរបស់ពួកគាត់ដែលស្ដីឱ្យខ្ញុំកាលពីតូច។ មកពីខ្ញុំជាក្មេងពូកែតូចចិត្តក៏ថាបាន ព្រោះខ្ញុំហាក់ដូចជាគិតធ្ងន់ទៅលើសម្ដីមួយម៉ាត់ៗរបស់មនុស្សគ្រប់គ្នា។ ម៉ែធ្លាប់និយាយថា គាត់ពិបាកណាស់ព្រោះមានខ្ញុំជាកូន ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាបន្ទុករបស់គាត់តាំងពីតូច។ ខ្ញុំតែងតាំងលួចតាំងចិត្តម្នាក់ឯងថា ខ្ញុំត្រូវចេះរស់បានដោយខ្លួនឯង មិនឱ្យអ្នកណាមកពិបាកដោយសារខ្ញុំទេ ហើយវាក៏ធ្វើឱ្យខ្ញុំកាន់តែឯកាទៅៗ។

ឪពុកខ្ញុំក៏មិនដែលខ្វល់នឹងខ្ញុំ ទុកឱ្យខ្ញុំរស់នៅតាមព្រេងសំណាង។ ជីតាខ្ញុំកាចណាស់ ហើយហាក់សម្ដែងអារម្មណ៍ប្រាប់ថា គាត់ស្អប់ខ្ញុំ មិនចង់ឃើញមុខខ្ញុំទេ។ ម៉ែក៏មិនចុះសម្រុងជាមួយនឹងតា ហើយគាត់គ្មានលទ្ធភាពចិញ្ចឹមខ្ញុំឱ្យរៀនសូត្រ ក៏យកខ្ញុំទៅរស់នៅជាមួយគ្រួសារប្អូនស្រីគាត់។ ពេលនៅជាមួយគេ ខ្ញុំមានសម្ពោធណាស់ ណាខ្លាចគេស្តីឱ្យ ណាខ្លាចគេនិយាយអាក្រក់ពីខ្ញុំប្រាប់ម៉ែ។ តាមពិតទៅ ពួកគាត់មេត្តាដល់ខ្ញុំទេ តែអារម្មណ៍ខ្លាច ធ្វើឱ្យខ្ញុំគិតថា ពួកគាត់មិនស្រលាញ់ខ្ញុំឡើយ។ ខ្ញុំក៏មិនដែលបន្ទោសអ្នកណាដែរ ព្រោះយល់ថា មនុស្សគ្រប់គ្នាគ្មានភារកិច្ចអីមកស្រលាញ់ខ្ញុំនោះទេ។

ខ្ញុំរស់ក្នុងអារម្មណ៍បែបនេះរហូតមក។ តើខ្ញុំគិតត្រូវឬខុស? ខ្ញុំគិតថាខ្លួនឯងមិនសូវល្អគ្រប់គ្រាន់ឱ្យអ្នកណាស្រលាញ់ ហើយពួកគេបានត្រឹមអាណិតជីវិតកំព្រាមួយនេះប៉ុណ្ណោះ។ ការគិតបែបនេះ ធ្វើឱ្យខ្ញុំមិនដែលឱ្យតម្លៃខ្លួនឯងទេ។ ខ្ញុំតែងតែមើលឃើញខ្លួនឯងខ្វះខាតគ្រប់ចំណុច។ ជួនកាលខ្ញុំព្យាយាមផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងដែរ តែចុងក្រោយខ្ញុំនៅតែគិតថា ខ្ញុំត្រូវតែទទួលស្គាល់ការពិត គឺខ្ញុំមិនសូវល្អទេ ទាំងរូបរាង ទាំងការប្រាស្រ័យទាក់ទង គឺខ្ញុំអន់ទាំងព្រម។ ខ្ញុំក៏ព្យាយាមកែប្រែខ្លួនឯង ដើម្បីទទួលបានការស្រលាញ់ដែរ ហើយក៏សួរខ្លួនឯង តើខំប្រឹងបែបនេះដើម្បីអ្វី? គឺដើម្បីបានក្ដីស្រលាញ់។

ឥឡូវខ្ញុំដឹងថា ក្ដីស្រលាញ់គឺត្រូវកើតចេញពីក្ដីស្រលាញ់។ មនុស្សម្នាក់ដែលមិនចេះស្រលាញ់ខ្លួនឯង គឺគ្មានអ្នកណាស្រលាញ់បាននោះទេ។ ខ្ញុំត្រូវរៀនស្រលាញ់ខ្លួនឯងជាមុនសិន បន្ទាប់ពីចេះស្រលាញ់ខ្លួនឯងហើយ ខ្ញុំប្រាកដជាចេះស្រលាញ់អ្នកដទៃ ហើយចេះថែរក្សាក្ដីស្រលាញ់ឱ្យស្ថិតស្ថេរ។

ខែ​កុម្ភៈ 13, 2016 at 4:07 ល្ងាច បញ្ចេញមតិ

ចេះមើលកុនទេ?

ពីណាក៏ចេះដែរ មែនហ្អេ? តែ… ជួនកាលរឿងដ៏ល្អបែរជាគេថាអត់ចេះមើល ហើយនាំគ្នាទៅមើលរឿងយ៉ាប់ៗ >< ខមាទោស មិនមែនបង្អាប់ទេ តែបើបែបនេះ អ្នកចេះធ្វើកុនមានន័យអីទៅ? បញ្ហានេះគឺកើតឡើងនៅស្រុកខ្មែរ! ថាទៅខ្ញុំដូចជាទើសគេពេកដែរ ជារឿងគេ ជាលុយគេ គេចូលចិត្តមើលរឿងអីក៏មើលទៅ ហេតុអ្វីខ្ញុំត្រូវស្ដាយជំនួសគេ? មែន! គឺខ្ញុំចូលចិត្តស្ដាយជំនួសគេ ពេលមើលកុនអីល្អមើល មានសារប្លែក គឺខ្ញុំចង់ឱ្យគេបានទទួលដែរ ម្យ៉ាងគាំទ្រអ្នកមានទេពកោសល្យផង។ ប៉ុន្តែតើធ្វើយ៉ាងម៉េចទៅ បើគេថាគេមើលមិនយល់។ អ៊ីចឹងបានថា សៀវភៅក៏ដោយ កុនក៏ដោយ មិនប្រាកដថាគ្រប់គ្នាសុទ្ធតែអាចមើលយល់ទេ។ តើគួរតែបើកថ្នាក់បង្រៀនឱ្យមនុស្សចេះមើលកុនទេ?

និយាយទៅស្អីក៏ត្រូវរៀនដែរ។ ពេលប្រទេសមួយមានអ្នកចេះមើលកុនច្រើន ក៏មានអ្នកចេះផលិតកុនច្រើនដូចគ្នា ហើយប្រទេសនោះក៏មិនដើរយឺតជាងពិភពលោកដែរ។ នៅស្រុកខ្មែរ ប្រហែលជាមិនសូវមានអ្នកចេះធ្វើកុន ឬក៏គេផលិតកុនតម្រូវទីផ្សារ ឬតាមចំណេះដឹងអ្នកមើល? ខ្ញុំគិតថា កាលពីតូចខ្ញុំគ្រាន់តែចូលចិត្តមើលកុនធម្មតា តែពេលធំឡើងខ្ញុំក៏ចង់ក្លាយជាអ្នកផលិតកុន ហើយខ្ញុំក៏ចេះវិភាគពីគុណភាពកុនខ្លះៗ ពិសេសលើផ្នែកអត្ថន័យរឿង។ កុនមួយដែលដក់ចិត្តខ្ញុំ គឺត្រូវមានអ្វីថ្មីផ្ដល់ឱ្យខ្ញុំ ហើយពេលខ្ញុំទទួលបាន ខ្ញុំក៏កាន់តែយល់ពីសារសំខាន់នៃការផលិតកុន។ ជាការខាតបង់ខ្លាំងណាស់ ដែលមានរបស់ល្អហើយ តែយើងមិនអាចស្រូបយកមកប្រើប្រាស់ក្នុងជីវិតបាន ខណៈដែលខ្លឹមសាររឿងដែលអ្នកនិពន្ធប្រឹងប្រើទេពកោសល្យបង្ហាញ ត្រូវបានអ្នកមើលមិនចាប់អារម្មណ៍។ ខ្ញុំជឿថា ជួនកាលបំណងពិតរបស់អ្នកផលិតកុន មិនមែនជាចំនួនសំបុត្រដែលលក់បានទេ តែគឺការទទួលបានរបស់អ្នកមើល។ កាលពីក្មេង ខ្ញុំធ្លាប់ស្ដាយជំនួសមនុស្សមិនចេះញ៉ាំធូរេន ព្រោះខ្ញុំដឹងថារសជាតិធូរេនឆ្ងាញ់។

ភ្ជាប់នឹងអត្ថបទនេះ ខ្ញុំសូមនិយាយដល់រឿង ស្ដេចស្វាស៊ុនអ៊ូខុង២ ដែលខ្ញុំទើបតែមើលពីម្សិលមិញ។ ខ្ញុំជាអ្នកមើលរឿងភាគចិនតាំងពីតូច ហើយខ្ញុំក៏យល់ពីសមត្ថភាពរបស់អ្នកនិពន្ធចិន គ្រាន់តែមួយរយៈចុងក្រោយនេះ ខ្ញុំជាប់ចិត្តនឹងរឿងភាគកូរ៉េច្រើនជាង ដោយសារចិនមិនទាន់បានធ្វើអ្វីប្លែកសម្រាប់ខ្ញុំ។ អ៊ីចឹងហើយ ចំពោះសាច់រឿង ថាំងចេង និង ស៊ុនអ៊ូខុង ដែលខ្ញុំធ្លាប់មើល ខ្ញុំពិតជាចង់ដឹងថា តើអ្នកនិពន្ធបង្ហាញយ៉ាងម៉េច ពេលគេយកមកធ្វើជាភាពយន្តខ្នាតធំ។ ខ្ញុំមើលដោយយកចិត្តទុកដាក់ ហើយខ្ញុំប្រៀបធៀបជាមួយនឹងរឿងហូលីវូដ។ ពេលទំនាស់រឿងកាន់តែស្មុគស្មាញ ខ្ញុំកាន់តែចង់ដឹងពីដំណោះស្រាយ ហើយនៅពេលនោះ ខ្ញុំក៏ឮអ្នកមើលម្នាក់និយាយថាអត់យល់។ ម្នាក់នោះគាត់សើចសប្បាយនឹងឈុតកំប្លែងនៃរឿងរហូត តែត្រង់ចំណុចសំខាន់ដែលសាច់រឿងផ្ដល់ឱ្យ គាត់បែរជាទទួលមិនបាន។ ខុសពីគាត់ ខ្ញុំរំភើបដល់ហូរទឹកភ្នែក ហើយសរសើរដល់អ្នកនិពន្ធដែលមានសមត្ថភាព។ ខ្ញុំអាចយល់ ប្រហែលជាដោយសារខ្ញុំធ្លាប់នៅក្នុងបញ្ហា ហើយខ្ញុំជាមនុស្សចូលចិត្តវិភាគ ពិសេសគឺទ្រឹស្ដីព្រះពុទ្ធ តែអ្នកមើលខ្លះ វាហាក់ដូចជាថ្មីសម្រាប់គេ និងក្លាយជារឿងគ្មានន័យទៅវិញ។

#TheMonkeyKing2 👍🐒 ខ្ញុំហូរទឹកភ្នែកនឹងពាក្យពេចន៍ថាំងចេង ប្រោសមួយជាតិមិនបាន ប្រោសមួយជាតិទៀត ចំណែក អ៊ូខុង ទទួលយល់ក៏ឆ្លើយថា ចាំមួយជាតិមិនឃើញ ចាំមួយជាតិទៀត។ ថាំងចេង លះបង់ជីវិតខ្លូនឯងដើម្បីប្រោសបិសាច បើខ្លួនឯងមិនចុះនរក ទោះយកបានគម្ពីរធម៌ តើមានន័យអ្វី? ខ្ញុំចូលចិត្តរឿងនេះតាំងពីវគ្គ១ ហើយវគ្គ២នេះ កាន់តែមានន័យ បង្ហាញពីសេចក្ដីពិត ជម្លោះក្នុងចិត្ត  «អ៊ូខុងអាចមើលឃើញការពិត ថាំងចេងអាចមើលឃើញដួងចិត្តខាងក្នុង»

12717509_10201374248434149_7694251164112737025_n

 

ខែ​កុម្ភៈ 13, 2016 at 3:02 ល្ងាច បញ្ចេញមតិ

Love H2O

maxresdefaultធ្លាប់គិតថាខ្លួនជាទឹកពេញកែវ អាចដោះស្រាយវិបត្តិស្នេហាឱ្យគេគ្រប់គ្នា តែចុងក្រោយ ក៏សារភាពថា ខ្លួនជាទឹកកន្លះកែវ មិនទាន់ស្គាល់ស្នេហាទេ…

រឿងថៃមួយនេះធ្វើឱ្យខ្ញុំនឹកឃើញដល់រឿងមួយទៀត «Single Lady» ជារឿងដែលប្រាប់អ្នកមើលឱ្យមានទំនួលខុសត្រូវចំពោះស្នេហាដែលខ្លួនបានបង្កើត។

ខ្ញុំយល់ឃើញថា នេះជាភាពប្លែកមួយទៀតនៃការនិពន្ធ បើប្រៀបធៀបទៅជំនាន់មុន ដែលរឿងស្នេហាគេនិយមសរសេរពីសោកនាដកម្មនៃគូស្នេហ៍ណាមួយ ដែលមានប្រវត្តិស្នេហ៍ដ៏រំជួលចិត្ត ដូចជារឿង ទុំទាវ ឬ Titanic ជាដើម។ សម័យនេះ គេចូលចិត្តសរសេរពីអារម្មណ៍ដ៏ជ្រៅ​នៃមនុស្សដែលចង់អភិវឌ្ឍខ្លួន ឬកំពុងស្វែងរកផ្លូវទៅកាន់សុបិន ដែលមានឆាកជីវិតជោគជ័យ ទាំងការងារនិងស្នេហា។ គេនិយាយកាន់តែស៊ីជម្រៅពីការគិតរបស់មនុស្ស ឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ ព្រមទទួលស្គាល់នូវចំណុចខ្សោយ ហើយហ៊ាននិយាយអារម្មណ៍ពិតចេញមក។

តាមរយៈរឿង Love H2O បានប្រាប់ខ្ញុំថា យើងមិនអាចវិនិច្ឆ័យមនុស្សតាមកេរ្តិ៍ឈ្មោះ ឬក៏សំបកក្រៅនោះទេ ព្រោះជួនកាលគេល្ងង់ជាងយើងទៀតក៏ថាបាន។ ក៏ដូចខ្ញុំដែរ ទោះជាខ្ញុំអាចនិពន្ធរឿងឱ្យគេអានបាន តែតាមពិតខ្ញុំគ្រាន់តែសរសេរតាមអ្វីដែលខ្ញុំធ្លាប់ដឹងប៉ុណ្ណោះ ទាំងដែលខ្ញុំមិនធ្លាប់ឆ្លងកាត់ ដែលការពិតខ្ញុំល្ងង់មែនទែន ហើយខ្ញុំមិនមែនជាមនុស្សល្អដូចជាតួអង្គដែលខ្ញុំសរសេរក៏ថាបាន។

ខែ​កុម្ភៈ 12, 2016 at 4:06 ល្ងាច បញ្ចេញមតិ

ជាមួយលោកគ្រូ គឹម ចាន់ណា

12647314_10154046548723816_4017167678163955277_nលោកគ្រូ គឹម ចាន់ណា អានសៀវភៅជាច្រើន ហេតុនេះបានជជែកជាមួយនឹងគាត់ ខ្ញុំចំណេញពេលវេលាណាស់។ មួយរយៈនេះ ខ្ញុំស្មុគស្មាញពេក ក៏ព្យាយាមទៅជជែកជាមួយនឹងមនុស្សដែលខ្ញុំស្គាល់។ ចង់ដោះស្រាយបញ្ហា ក៏ត្រូវតែព្រមបើកចិត្តស្ដាប់ ហើយជាលទ្ធផល ខ្ញុំបានធូរចិត្តច្រើន។ នៅចាំប្រលោមលោក «ខែរងា» ទេ? ពេលកត្ដិកពិបាកចិត្ត គេក៏ទៅរកមនុស្សពិភាក្សា។ ឥឡូវនេះ ខ្ញុំកំពុងតែក្លាយជាតួអង្គក្នុងសាច់រឿងដែលខ្ញុំសរសេរហើយ។

សៀវភៅមានរឿងរ៉ាវជាច្រើនដែលដូចនឹងស្ថានភាពដែលយើងកំពុងតែជួប ហើយពេលអានទៅ យើងក៏រកបានមិត្រល្អៗ ដែលជួនកាលយើងពិបាកនឹងជួបនៅក្នុងមជ្ឈដ្ឋានរបស់យើង។ ខ្ញុំជាមនុស្សខ្វះទំនុកចិត្ត មិនហ៊ានគិតថាគំនិតរបស់ខ្លួនឯងត្រូវ។ ងាកមកមនុស្សនៅជុំវិញខ្លួន ពួកគេចាំតែចាប់កំហុស​ បំបាក់ទឹកចិត្ត ដល់យូរៗទៅក៏ធ្វើឱ្យខ្ញុំយល់ថាខ្លួនឯងមិនបានការ រហូតដល់ដំណាក់កាលលែងចង់រស់។ លោកគ្រូ គឹម ចាន់ណា ថានេះជាហេតុត្រូវអានសៀវភៅ ដើម្បីពង្រឹងខ្លួនឯង កុំឱ្យទន់ជ្រាយឬទោរទន់តាមគេ។ មនុស្សភាគច្រើន មិនប្រាកដថាគិតត្រូវទេ ហើយពួកគេអាចនឹងកំពុងតែច្រឡំមានមោទកភាព។

ការដែលព្រមរស់ត្រាំក្នុងបញ្ហាគ្មានប្រយោជន៍ទេ ត្រូវតែឆាប់រំដោះខ្លួនចេញ12644943_10201335141496500_3222477021612548703_n ដោយបន្លប់ទៅធ្វើអ្វីដែលមានប្រយោជន៍ផ្សេង។ និយាយស្រួលទេ ធ្វើទើបពិបាក តែសាកល្បងទុកចិត្តលើសៀវភៅ ក្រែងអានប៉ះប្រយោគណាមួយ ដែលអាចជួយយើងបាន។ ខ្ញុំបានអានសៀវភៅ «ស្វែងរកចំណុចខ្លាំង» ហើយធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលពេលអ្នកនិពន្ធប្រាប់ថា ការដែលខំកែចំណុចខ្សោយគឺជាកំហុស ព្រោះធ្វើឱ្យខាតពេលបង្កើនចំណុចខ្លាំង។

ខែ​កុម្ភៈ 1, 2016 at 1:23 ល្ងាច បញ្ចេញមតិ

កម្មចាស់

ខ្ញុំឆ្ងល់ថា ម៉េចក៏បង្កើតខ្ញុំមកឱ្យអន់យ៉ាងនេះ? គ្រប់យ៉ាងគឺជាកម្មពៀរពីអតីតជាតិ។ ខ្ញុំប្រហែលជាមិនអាចប្រកែកបានទេ បើទោះជាជាតិនេះ ខ្ញុំមានសារជាតិល្អ ធ្វើតែអំពើល្អ តែខ្ញុំនៅតែវេទនា ព្រោះតែខ្ញុំត្រូវសងនូវកម្មចាស់ ដែលខ្ញុំបានសាង។ នេះជាការវិភាគមួយដែលខ្ញុំយល់។ ស្ថានភាពខ្ញុំក្នុងពេលនេះ សុទ្ធតែកើតឡើងពីស្ថានភាពអតីតកាលដែលខ្ញុំបានឆ្លងកាត់។ ទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ ឬក៏បញ្ញា គឺជាការកំណត់របស់ព្រហ្មលិខិត ឬកម្មលិខិត។ ខ្ញុំកើតមកមានបញ្ញា តែខ្ញុំមានទឹកចិត្តទន់ជ្រាយ នេះគឺជាវាសនារបស់ខ្ញុំ។

អារម្មណ៍ភ័យខ្លាច កើតពីផ្លូវចិត្តដែលមានរបួស រឿងហេតុដែលធ្វើឱ្យចិត្តខ្ញុំមានរបួស គឺព្រោះតែស្ថានភាពជីវិត ស្ថានភាពជីវិតគឺជាការកំណត់តាមកម្មពីអតីតជាតិ។ ខ្ញុំមិនអាចបន្ទោសអ្នកណាទាំងអស់ មិនបន្ទោសគ្រួសារដែលមិនបានផ្ដល់ភាពកក់ក្ដៅ មានតែបន្ទោសខ្លួនឯង ដែលគ្មានសំណាងបានកើតក្នុងគ្រួសារកក់ក្ដៅ។ ខ្ញុំត្រូវរស់រហូតសងកម្មនេះឱ្យអស់។

ខែមករា 30, 2016 at 3:03 ល្ងាច បញ្ចេញមតិ

អារម្មណ៍ខ្លាច

«ជីវិតមនុស្សមិនដូចគ្នាទេ ហេតុនេះកុំព្យាយាមនិយាយពីទុក្ខរបស់យើងប្រាប់អ្នកដទៃ ព្រោះពួកគេគ្រាន់តែយកលក្ខខណ្ឌជីវិតគេ ឬទស្សនៈចង្អៀតចង្អល់ មកវិនិច្ឆ័យលើយើងតែប៉ុណ្ណោះ។ ពេលនេះខ្ញុំតឹងទ្រូងខ្លាំងណាស់។ មនុស្សទូទៅនឹងនិយាយមកខ្ញុំថា បញ្ហាអ្វីក៏អាចដោះស្រាយបានដែរ ដែលការដោះស្រាយខ្លះគឺត្រួវបង្រៀនខ្លួនឯងឱ្យទទួលយកនូវស្ថានភាពដែលយើងមិនចង់។ ខ្យល់ដង្ហើមក៏ថប់ទៅៗ តើអាចទ្រាំរស់បានយូរប៉ុណ្ណា?» នេះជា Status I’ve just post on facebook.

ពេលនេះខ្ញុំយល់ថា មិនមែនបញ្ហាទេ ដែលធ្វើឱ្យខ្ញុំកើតទុក្ខ តែគឺមកពីខ្លួនឯង។ បញ្ហាមិនមែនជាបញ្ហាទេ បើយើងមានក្ដីក្លាហានដោះស្រាយវា ប៉ុន្តែខ្ញុំកំសាកខ្លាំងណាស់ ខ្លាចបញ្ហា ខ្លាចជីវិត ខ្លាចមនុស្សជុំវិញខ្លួន។ តើខ្ញុំកើតមកបែបនេះ ឬក៏មជ្ឈដ្ឋានដែលខ្ញុំឆ្លងកាត់ កែប្រែខ្ញុំឱ្យក្លាយទៅជាបែបនេះ? ខ្ញុំចូលចិត្តរស់នៅ​ឯកា មិនចង់ពាក់ព័ន្ធនឹងអ្នកណា ហើយពេលណាដែលខ្ញុំដឹងថា ខ្ញុំត្រូវស្និទ្ធស្នាលនឹងអ្នកណា ខ្ញុំក៏ទទួលអារម្មណ៍ខ្លាចជាទីបំផុត។ អារម្មណ៍មួយនេះ តើមានអ្នកណាយល់ ឬក៏ធ្លាប់ឆ្លងកាត់ទេ? តើមានដំណោះស្រាយទេ ព្រោះបើខ្ញុំនៅតែបែបនេះទៀត ខ្ញុំពិតជារស់មិនកើតទេ។

បញ្ហាជីវិតដែលខ្ញុំបានជួប គឺឪពុកម្ដាយបោះបង់ខ្ញុំឱ្យរស់ជាមួយនឹងសាច់ញាតិ។ ខ្ញុំខ្លាចគេណាស់ ហើយមិនដែលគិតថា គេស្រលាញ់ខ្ញុំទេ។ ខ្ញុំលាក់អារម្មណ៍ឯកាម្នាក់ឯងរហូត… ជីវិតកំព្រា គ្មានទីបង្អែក គ្មានអ្នកណាលើកទឹកចិត្ត… តើព្រោះតែរឿងទាំងនោះ ដែលធ្វើឱ្យខ្ញុំបាក់ស្បាតដូចសព្វថ្ងៃ? ឬមកពីខ្ញុំទន់ជ្រាយពីកំណើត? ហេតុអ្វីក៏បង្កើតឱ្យខ្ញុំអន់យ៉ាងនេះ?

ខែមករា 28, 2016 at 4:56 ល្ងាច មតិ 3

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 219,512 hits
Visit Cute-Spot.com!