ចេះមើលមនុស្សនៅហ្នឹង?

មនុស្សល្អ មាននិស្ស័យឆាប់ជឿគេ ងាយនឹងត្រូវគេបោកប្រាស់ ដល់តែគេបោកច្រើនដងក៏ទៅជាខ្លាចមនុស្ស ខូចចិត្ត ផ្លាស់ប្ដូរការគិត ឈប់ជឿអ្នកដទៃ និងមើលលោកក្នុងផ្លូវអាក្រក់ តែបើយើងរឹងមាំនឹងសេចក្ដីល្អហើយ យើងក៏មិនឱ្យអ្នកណាផ្លាស់ប្ដូរយើងបានដែរ។ ចូរប្រើបញ្ញា ចេះបែងចែកសខ្មៅ ដើម្បីកុំឱ្យមនុស្សអាក្រក់អូសទាញយើងបានឱ្យសោះ។ ចូរជឿថា ក្នុងលោកនេះពិតជាមានមនុស្សល្អ ព្រោះយ៉ាងហោចណាស់ក៏មានយើងម្នាក់កំពុងធ្វើជាមនុស្សល្អដែរ។ ជឿទេថា មនុស្សដែលមិនជឿថាគេល្អ គឺដោយសារគេបានយកសារជាតិខ្លួនឯង មកវិនិច្ឆ័យលើអ្នកដទៃ។ ចំណុចមួយនេះ ខ្ញុំចង់ចែករំលែកពីការមើលមនុស្ស៖

តើចេះមើលមនុស្សនៅហ្នឹង?

13346865_10154386447398816_8837616258808309190_n

វាលែងជាអាថ៌កំបាំងទៀតហើយ បន្ទាប់ពីមានបទពិសោធន៍ប៉ុន្មានដង ហើយខ្ញុំនឹងប្រាប់ពីរបៀបមើលមនុស្សបានយ៉ាងងាយស្រួលបំផុត។ ប្រហែលជាដឹងហើយថា មានតែយើងខ្លួនឯងទេ ទើបស្គាល់ខ្លួនឯងច្បាស់ជាងគេ ហើយអ្នកដទៃក៏ដូចគ្នាដែរ។ ចង់ដឹងថាគេជាមនុស្សយ៉ាងណា ចូរស្ដាប់ពីអ្វីដែលគេនិយាយពីអ្នកដទៃប្រាប់យើង។ ជឿទៅ គេមិនដែលស្គាល់ស៊ីជម្រៅពីមនុស្សដែលគេកំពុងតែនិយាយនោះទេ តែគឺគេកំពុងតែនិយាយពីខ្លួនរបស់គេទៅវិញ។ អ្នកដែលមកប្រាប់យើងថា បុគ្គលណាម្នាក់ចូលចិត្តនិយាយដើមគេ គឺគេកំពុងតែប្រាប់យើងថា គេខ្លួនឯងជាមនុស្សបែបនោះ។

ខ្ញុំធ្លាប់ប្រាប់គេថា អ្នកឯងទន់ខ្សោយណាស់ ឆាប់ជឿគេណាស់ ហើយខ្ញុំក៏ភ្ញាក់ខ្លួនថា ខ្ញុំបានដឹងពីចំណុចនេះច្បាស់ដោយសារនេះគឺជាចំណុចរបស់ខ្ញុំ។ ខ្ញុំនៅតែពិចារណាមិនយល់ពីមនុស្សដែលមាននិស្ស័យច្រណែនឈ្នានីសគេ បើទោះជាខ្ញុំព្យាយាមរកហេតុផលឱ្យគេយ៉ាងណាក៏ដោយ ក៏នៅតែឆ្ងល់ថា ម៉េចក៏គេអាចធ្វើឱ្យអ្នកដទៃឈឺចាប់ ដោយគ្មានចិត្តអាណិត ហើយបែរជាសប្បាយចិត្តលើគំនរទុក្ខអ្នកដទៃទៅវិញ?

អ្នកខ្លះបន្ទោសខ្ញុំថា ខ្ញុំចង់ធ្វើអ្វីមួយតែមួយឆាវៗ ហើយប្ដូរផ្លាស់ច្រើន។ អ្នកខ្លះនិយាយអាក្រក់ពីអ្នកដទៃប្រាប់ខ្ញុំថា អ្នកនោះជាមនុស្សខ្សែលើ ជាមនុស្សពិសពុល រហូតដល់ខ្ញុំខ្លាច ឬស្អប់អ្នកនោះ ទាំងមិនដែលទាក់ទងគ្នាសោះ។ ក្រោយមក ការពិតក៏បានបង្ហាញ ហើយអ្វីដែលពួកគេប្រាប់ខ្ញុំ ខ្ញុំក៏បានឃើញថាគឺពួកគេទេតើ ជាមនុស្សបែបនោះ។ មនុស្សល្អ កម្រនឹងវិនិច្ឆ័យអ្នកណាប្រាប់យើងណាស់ ព្រោះគេតែងតែមើលអ្នកដទៃក្នុងផ្លូវល្អ តែក៏មិនដល់ថ្នាក់ល្ងង់ដែរ ហើយពេលមួយគេក៏កើតមានបញ្ញា រួចក៏ក្លាយជាមនុស្សចេះដឹងម្នាក់។

ខ្ញុំគិតថា មនុស្សអាក្រក់ជាមនុស្សល្ងង់ និងភ្លើបំផុត។ មនុស្សអាក្រក់តែងតែច្រណែនអ្នកដទៃ ព្រោះអ្វី? ព្រោះគេល្ងង់ មិនអាចធ្វើបានល្អដូចមនុស្សពូកែ ពោលសមត្ថភាពមិនឈ្នះក៏កើតគំនិតរកវិធីយកឈ្នះ។ មនុស្សអាក្រក់ភ្លើ មិនអាចមើលដឹងថាអ្នកណាល្អ អ្នកណាអាក្រក់ទេ ហើយគេនឹងធ្វើឱ្យមនុស្សល្អៗបាត់ទំនុកចិត្ត ចេញឆ្ងាយពីគេ ចុងក្រោយក៏សល់តែមនុស្សអាក្រក់ៗដូចគ្នានៅក្បែរ បង្កើតជាសង្គមឆ្កែចចក។

សរុបមក ទង្វើអាក្រក់មិនមែនកើតដោយបញ្ញាទេ តែបញ្ញានឹងធ្វើឱ្យមនុស្សធ្វើអំពើល្អ។ #សុខចាន់ផល

ខែ​ឧសភា 31, 2016 at 4:34 ល្ងាច បញ្ចេញមតិ

ការគិតលើកដំបូង

បើសិនជាចំនួនមនុស្សនៅក្នុងលោកនេះជាចំនួនសេស ខ្ញុំសូមឱ្យអ្នកដែលអត់មានគូគឺជាខ្ញុំចុះ!

នេះគឺជាការគិតរបស់ខ្ញុំក្នុងពេលនេះ។ ខ្ញុំចូលចិត្តបកស្រាយគំនិត តាមរយៈស្នេហា ប្រហែលមកពីខ្ញុំជាប្រភេទមនុស្សមនោសញ្ចេតនា។ ខ្ញុំយល់ថា ការគិតលើកដំបូងគឺជាសារជាតិរបស់មនុស្ស ហើយការគិតបន្តបន្ទាប់គឺបានមកពីការសិក្សា តែយ៉ាងណាយើងនឹងត្រឡប់ទៅកាន់សារជាតិខ្លួនឯងវិញនៅថ្ងៃណាមួយ ដែលស្របនឹងពាក្យចាស់ថា សារជាតិមនុស្សមិនអាចកែបាន។ សាកល្បងគិតពីការយល់ឃើញរបស់អ្នកចំពោះរឿងស្នេហា ថាតើលើកដំបូងបំផុត អ្នកគិតថាស្នេហាគួរតែយ៉ាងម៉េច? ហើយអ្នកធ្លាប់ផ្លាស់ប្ដូរការគិតដែរឬទេ? ចុះក្នុងពេលនេះអ្នកគិតយ៉ាងម៉េចដែរ?

ចំពោះខ្ញុំ ការគិតលើកដំបូង ស្នេហាសំខាន់បំផុតសម្រាប់មនុស្ស គឺជាក្ដីស្រលាញ់មួយនឹងមួយ មួយជាតិមួយគូ មួយជាតិស្រលាញ់មនុស្សតែម្នាក់។ ប៉ុន្តែបន្ទាប់ពីមានស្នេហាខកបំណង ខ្ញុំគិតថា ស្នេហាគ្រាន់តែជាចំណែកមួយនៃជីវិត ជីវិតពិតមិនមែនដូចក្នុងរឿងនិទាន មនុស្សម្នាក់អាចមានស្នេហាច្រើនដង ហើយយើងក៏មិនអាចវិនិច្ឆ័យថាអ្នកមានដៃគូស្នេហាច្រើនគឺជាបុគ្គលមិនល្អដែរ ថែមទាំងគិតថា ស្នេហានិងតម្រូវការអារម្មណ៍ផ្លូវភេទគឺជារឿងដាច់ដោយឡែក ដែលខុសពីមុនធ្លាប់យល់ថា ទំនាក់ទំនងផ្លូវភេទអាចកើតឡើងតែជាមួយនឹងមនុស្សដែលខ្លួនឯងស្រលាញ់។ ខ្ញុំធ្លាប់គិតថា ខ្ញុំត្រូវវប្បធម៌អូសទាញ ទើបបង្កើតជាការគិតលើកដំបូង។ ទោះយ៉ាងណាខ្ញុំនៅក្នុងថ្ងៃនេះ ដែលជ្រើសរើសធ្វើនូវរឿងអ្វីមួយ គឺមិនមែនមកពីឥទ្ធិពលវប្បធម៌ ឬក៏យល់តាមផ្នត់គំនិតដែលគិតតៗគ្នាទៀតទេ តែព្រោះខ្ញុំស្គាល់ខ្លួនឯង ខ្ញុំគឺជាខ្ញុំ។ អារម្មណ៍បែបនេះគឺកើតឡើងក្រោយពីឈ្លោះនឹងខ្លួនឯងយ៉ាងយូរ ឆ្ងល់ថា គិតថាអ្វីល្អឬអ្វីត្រឹមត្រូវ ព្រោះតែវប្បធម៌ ឬក៏យល់ដោយខ្លួនឯង តែពេលនេះខ្ញុំយល់ហើយ ខ្ញុំមានអត្តចរិតស្របនឹងវប្បធម៌ មិនមែនវប្បធម៌អូសទាញខ្ញុំទេ អ៊ីចឹងខ្ញុំក៏លែងវិនិច្ឆ័យអ្នកដទៃទៀតដែរ គេគឺជាគេ។

ខ្ញុំស្រាប់តែត្រឡប់ទៅការគិតលើកដំបូងវិញ។

13237699_10201761483394781_3130833244898054328_n

ខែ​ឧសភា 25, 2016 at 2:44 ល្ងាច បញ្ចេញមតិ

តួ Background

មួយរយៈនេះខ្ញុំចូលចិត្តសរសេរអត្ថបទណាស់ គឺដូចកាលពីខ្ញុំចាប់ផ្ដើុមសរសេរប្លក់ដំបូង។ ខ្ញុំធ្លាប់ឈប់សរសេរទស្សនៈ ឬអារម្មណ៍ ព្រោះមិនចង់ធ្វើខ្លួនជាមនុស្សទ្រឹស្ដី ឬរវើរវាយ ម្យ៉ាងដោយអៀននឹងគេនិយាយថា ខ្ញុំចូលចិត្តសរសេរ Drama ។ យ៉ាងណាពេលនេះ ខ្ញុំស្គាល់ខ្លួនឯងថា ខ្ញុំកើតមកបែបនេះ ចូលចិត្តចែករំលែកអារម្មណ៍ដល់គេឯង ហើយតែងតែនឹកឃើញជ្រុងផ្សេងៗ ដែលគេភ្លេចគិតដល់ អ៊ីចឹងខ្ញុំគួរតែធ្វើជាខ្ញុំតទៅទៀត។

ឃើញរូបមួយសន្លឹកនេះ ខ្ញុំជាប់ដោយចៃដន្យ ជាតួ Background ក៏ជាអ្វីដែលខ្ញុំចូលចិត្ត។ ខ្ញុំបានដឹងថា ខ្ញុំអត់ចូលចិត្តចេញមុខ ធ្វើជាតួឯក ឬជាមនុស្សលេចធ្លោទេ។ មុនដំបូងខ្ញុំគិតថា ព្រោះតែខ្ញុំមិនជឿជាក់លើខ្លួនឯង តែពេលនេះខ្ញុំយល់ថា នេះជានិស្ស័យធម្មជាតិរបស់ខ្ញុំតែម្ដង។ ខ្ញុំបានសាកល្បងប្រឡូកក្នុងសង្គម ស្កាល់អ្នកដទៃ ដើម្បីដឹងថា ខ្ញុំសមនឹងនៅកន្លែងណាពិតប្រាកដ។ គ្រប់ពេល ខ្ញុំហាក់ដូចជាពិបាករកមិត្តភក្តិបន្តិច ព្រោះខ្ញុំចូលចិត្តស្វែងយល់ពីគេ ច្រើនជាងឱ្យគេស្វែងយល់ពីខ្ញុំ។ ខ្ញុំមិនសូវមានអ្វីនិយាយទាល់តែសោះ ហើយក៏មិនដឹងថា ធ្វើយ៉ាងណាទើបសាងសម្ព័ន្ធភាពមួយបាន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះខ្ញុំបានស្គាល់មនុស្សជាច្រើន។ មានរឿងមួយ ដែលខ្ញុំធ្លាប់បកស្រាយប្រាប់គេ ពេលដែលខ្ញុំបានលេចមុខក្នុងទស្សនាវដ្តី ឬកម្មវិធីទូរទស្សន៍ ដែលគេនិយាយថាមកពីខ្ញុំល្បី ខ្ញុំបែរជាថា ទេ គឺខ្ញុំស្គាល់អ្នកយកព័ត៌មាន ខ្ញុំស្គាល់អ្នកផលិតកម្មវិធី ពួកគេខ្វះភ្ញៀវផ្សាយ ក៏ពឹងឱ្យខ្ញុំជួយ ខ្ញុំគ្រាន់តែចង់ជួយគេប៉ុណ្ណោះ។ ជាការពិត ខ្ញុំភ្លេចថាទម្រាំតែខ្ញុំបានស្គាល់មនុស្សទាំងនោះ តើមកពីកត្តាអ្វីខ្លះ។ ខ្ញុំមើលរំលងការខំប្រឹងប្រែងរបស់ខ្លួនឯងមករហូត។

ខ្ញុំអាចនឹងមិនសំខាន់សម្រាប់គេ តែខ្ញុំតែងតែជាចំណែកនៅក្នុងរឿងសំខាន់ៗរបស់គេ។ មនុស្សបែបនេះជួនកាលក៏អន់ចិត្ត ពេលដែលត្រូវគេបំភ្លេចចោល ហើយនឹកឃើញតែពេលគេចង់ពឹងពាក់ ប៉ុន្តែខ្ញុំពេញចិត្តដែលបានដើរតួជាពន្លឺទៀន។ គិតទៅរឿងហេតុនៅក្នុងលោកនេះ គឺជ្រៅជាងចំណេះដឹងរបស់ខ្ញុំដែលអាចយល់ តែខ្ញុំជឿថា វាប្រាកដជាមានហេតុផល។

13241245_10207822424511772_5524001695219451962_n

ខែ​ឧសភា 18, 2016 at 5:14 ល្ងាច បញ្ចេញមតិ

និយាយពីការធ្វើបុណ្យ

មកដល់ពេលនេះ ខ្ញុំគិតថា គ្មានទេវតានៅចាំកាត់សេចក្ដីពីការធ្វើបុណ្យរបស់មនុស្សទៀតទេ ប៉ុន្តែធ្វើបុណ្យពិតជាបានបុណ្យ គឺបានពីខ្លួនឯង ចេញពីខ្លួនឯង។ ការដែលយើងធ្វើបុណ្យ ឬធ្វើទានលើអ្នកណាម្នាក់ដោយចិត្តជ្រះថ្លា គឺចិត្តជ្រះថ្លាដែលយើងកំពុងតែមាននេះហើយគឺជាផលបុណ្យតបស្នងមកវិញ។ ព្រោះតែគ្មានទេវតានៅចាំឱ្យពិន្ទុចំនួនបុណ្យ ទោះបីជាអ្នកធ្វើបុណ្យច្រើនយ៉ាងណា តែបើគ្មានចិត្តជ្រះថ្លា នោះអ្នកនឹងមិនទទួលបានអ្វីទាំងអស់។

គោលដៅនៃការធ្វើបុណ្យ គឺដើម្បីឱ្យយើងមានទឹកចិត្តល្អ ចេះអាណិត ចេះគិតដល់សុខទុក្ខអ្នកដទៃ ចេះចែករំលែក ចេះដឹងគុណពិភពលោក។ សូមស្រមៃថា យើងបានផ្ដល់អាហារដល់អ្នកកំពុងតែស្រេកឃ្លាន រួចយើងបានឃើញគាត់សប្បាយចិត្ត នឹងរសជាតិអាហារនោះ។ អារម្មណ៍អាណិត និងអារម្មណ៍រំភើបដែលបានឃើញពួកគេរីករាយ គឺជាផលតបស្នងនៃទង្វើរបស់យើង។ សួរថា គ្រាន់តែទទួលបានអារម្មណ៍ល្អប៉ុណ្ណឹង គឺយើងទទួលបានបុណ្យហើយឬ? ពិតមែនហើយ ព្រោះថាអារម្មណ៍ល្អនេះ នឹងធ្វើឱ្យយើងបានជួបរឿងល្អៗក្នុងជីវិតរបស់យើង។

នៅក្នុងច្បាប់ស្រូបទាញ ការគិតល្អៗនឹងស្រូបទាញរឿងរ៉ាវល្អៗចូលមក។ ខ្ញុំបានយល់ពីសារប្រយោជន៍នៃអារម្មណ៍ល្អ (ការគិតវិជ្ជមាន) ហើយខ្ញុំតែងតែប្រាប់ទៅមិត្តដើម្បីឱ្យពួកគេកាត់បន្ថយការគិតអវិជ្ជមាន ដែលបានធ្វើឱ្យគេខ្វល់ចិត្ត ហើយពិបាកនឹងធ្វើអ្វីបានសម្រេច។

ធ្វើបុណ្យ បានបុណ្យ បានចិត្តជ្រះថ្លា បានការគិតវិជ្ជមាន បានបញ្ញា ដែលជាមាគា៌នាំយើងទៅរកជីវិតកាន់តែប្រសើរ។

Green-Buddha.jpg

ខែ​ឧសភា 16, 2016 at 2:57 ល្ងាច បញ្ចេញមតិ

មូលហេតុដែលអ្នកទើសគេ

រឿងដែលមនុស្សម្នាកំពុងតែនិយាយ គិតៗទៅ មិនមែនដោយសារតែខ្លឹមសាររឿងនោះទេ តែដោយសារហេតុផលផ្សេង។ ខ្ញុំព្យាយាមរកហេតុផល ពីអ្វីដែលបណ្ដាលឱ្យរឿងធម្មតាៗក្លាយទៅជារឿងធំ។ មិនមែនមកពីអ្នកស្រលាញ់ ក៏មិនមែនមកពីអ្នកស្អប់ តែមកពីអ្នកទើស។ នៅប្រទេសខ្មែរ ចំនួនអ្នកទើសកាន់តែច្រើន ដែលពួកគេក្លាយទៅជាអ្នកទើស ដោយហេតុផលចង់ឱ្យគេគិតថាខ្លួនពូកែ ទាំងមិនដឹងថា មនុស្សពូកែគួរតែធ្វើយ៉ាងណា។ ចំណុចនេះបានបង្ហាញពីការវង្វេងខ្លួនឯង។ ពួកគេសម្ដែងមតិ ដើម្បីទទួលបានការគាំទ្រ ឬការចាប់អារម្មណ៍ មិនមែនដើម្បីបង្ហាញការយល់ឃើញ។ ពួកគេគិតថា ជោគជ័យរបស់មនុស្សគឺអាស្រ័យលើការគិតរបស់មនុស្សភាគច្រើន។ មនុស្សភាគច្រើនបានជឿថា មនុស្សជោគជ័យគឺអាស្រ័យលើមុខរបរ ដែលរកបានចំណូលខ្ពស់ រួចពួកគេក៏ព្យាយាមស្វែងរកជោគជ័យប្រភេទនោះ និងជឿទាំងស្រុងថា ភាពជោគជ័យរបស់ខ្លួនឯងគឺដូចគ្នានឹងជោគជ័យរបស់បុគ្គលគំរូ (idol)។ ម្នាក់ៗភ្លេចគិតថា ខ្លួនឯងជាអំណោយពិសេសមួយពីធម្មជាតិ ដែលមិនដូចអ្នកដទៃ ពោលគឺ រូបរាង និងទេពកោសល្យ ប្លែកពីគេឯង។ ចូរគិតដល់ចំណុចនេះ ដើម្បីស្គាល់ខ្លួនឯង ត្បិតមនុស្សម្នាក់ៗត្រូវបានកើតមកដោយហេតុផលខុសៗគ្នា។ សាកកុំជឿថា ទាល់តែក្លាយជាអ្នកមាន ទើបហៅថាជីវិតជោគជ័យ ហើយសាកស្រមៃរកអ្វីដែលធ្វើឱ្យខ្លួនឯងពេញចិត្តបំផុតចំពោះជីវិតនេះ។ ឧ.ចូរកុំ Post ព្រោះតែចង់បានឱ្យគេ like តែចូរ Post ព្រោះតែខ្លួនយើងសប្បាយចិត្តនឹង Post ។ ទីបំផុត យើងក៏បានស្គាល់ខ្លួនឯង រស់នៅជាខ្លួនឯង ចេះឱ្យតម្លៃអ្នកដទៃ គិតអ្វីទូលាយៗ ហើយពេលនោះយើងក៏លែងទើសគ្នាទៀតដែរ។image

ខែ​ឧសភា 13, 2016 at 11:59 ល្ងាច មតិ ១

ច្បាប់តបស្នង

ជឿទេ គ្រប់យ៉ាងក្នុងលោកនេះគឺសុទ្ធតែមានហេតុផល សូម្បីតែបញ្ហាលំបាកៗក៏មានបង្កប់នូវចំណុចវិជ្ជមានយ៉ាងប្រាកដ។ ខ្ញុំបានដឹងរឿងនេះ បន្ទាប់ពីឆ្លងកាត់ភាពស្មុគស្មាញជាច្រើន ដែលជាដំណាក់កាលខ្ញុំស្វែងរកខ្លួនឯង។ អ្នកខ្លះព្រងើយកន្តើយ មិនព្រមស្វែងយល់ពីឫកគល់នៃបញ្ហា ពន្យាពេលស្វែងយល់ពីខ្លួនឯង ទើបពួកគេនៅតែគិតអវិជ្ជមានទៅលើបញ្ហា។ ខ្ញុំលើកឧទាហរណ៍ពីខ្លួនឯង ជាមនុស្សមិនចេះនិយាយអ្វីជាមួយអ្នកដទៃ រហូតដល់មានអារម្មណ៍ថាខ្លួនឯងដូចជាគ្មានរូបរាងនៅពីមុខគេ។ ខ្ញុំព្យាយាមកែចំណុចខ្សោយមួយនេះ រួចខ្ញុំក៏អាចបញ្ចេញយោបល់ខ្លះៗជាមួយគេ។ ប៉ុន្តែគ្រប់ពេលបែកគ្នា ខ្ញុំមានទម្លាប់គិតបន្ត ថាតើមុននេះខ្ញុំធ្វើបានល្អប៉ុណ្ណាក្នុងទំនាក់ទំនង ហើយថាតើខ្ញុំបានបំពេញភារិច្ចដោយឈ្លាសវៃ និងត្រឹមត្រូវដែលឬទេ? ឃើញថា ខ្ញុំបារម្ភពីចំណុចខ្សោយរបស់ខ្លួនឯងជាខ្លាំង ទាំងមិនដឹងថាគ្រប់ពេលដែលខ្ញុំព្យាយាមកែ ខ្ញុំបែរជាបាត់ចំណុចខ្លាំងមួយទៅវិញ។ តាមពិតទៅ ពេលដែលខ្ញុំមិននិយាយនោះ ខ្ញុំបានទទួលចំណេះដឹងជាច្រើនពីអ្នកដែលនិយាយ ហើយក៏បានយល់ពីគេ ច្រើនជាងគេបានយល់ពីខ្ញុំ។ កាន់តែស្ងៀមស្ងាត់ កាន់តែយល់ដឹង។ បែបនេះទើបខ្ញុំយល់ថា ចំណុចខ្សោយរបស់ខ្ញុំក៏ជាចំណុចខ្លាំងរបស់ខ្ញុំដែរ ហើយយើងពិតជាអាចប្រើប្រាស់គ្រប់យ៉ាងនៅក្នុងលោកនេះជាប្រយោជន៍ នៅពេលដែលយើងបានយល់ពីវាច្បាស់។
 
អ្វីដែលខ្ញុំបានដឹងមួយទៀតនោះ ក្នុងលោកនេះ អ្នកដែលជួបបញ្ហាកាន់តែច្រើន ភ័ព្វសំណាងរបស់គេក៏កាន់តែធំ។ រូបទារកកម្សត់ម្នាក់នេះធ្វើឱ្យខ្ញុំសង្វេគណាស់។ សត្វឆ្កែបានពាំទារកដែលមនុស្សបោះបង់ចោលមក… ក្មេងម្នាក់នេះពិតជាអស្ចារ្យ ទោះជាឪពុកម្ដាយមិនត្រូវការ ក៏នៅតែមិនស្លាប់ ហើយទីបំផុតបានទទួលក្ដីស្រលាញ់ពីមនុស្សដ៏ច្រើនលើសលប់ រួមទាំងខ្ញុំម្នាក់ដែរ។ ខ្ញុំជឿថា ក្មេងម្នាក់នេះនឹងមានអនាគតល្អ លើសពីក្មេងដែលកើតក្នុងគ្រួសារល្អៗទៅទៀត តាមរយៈច្បាប់តបស្នងមួយនេះ។
 
បញ្ជាក់៖ រូបទារកកម្សត់ និងរូបនេនតូច មិនពាក់ព័ន្ធគ្នាទេ។13178995_10201717358371683_931734583150263822_n

ខែ​ឧសភា 12, 2016 at 2:31 ល្ងាច បញ្ចេញមតិ

ស្ងោរម្រះ ១០០០រៀល

13173734_10201696387207417_6875060580287402649_n

ធ្លាប់ឆ្ងល់ថា ហេតុអ្វីខ្ញុំចូលចិត្តបែបនេះ គេចូលចិត្តបែបនោះ? សំលស្ងោរម្រះនេះ ជារបស់ខ្ញុំចូលចិត្ត តែក៏មានអ្នកខ្លះស្អប់។ សំលមួយចាននេះតម្លៃ១០០០រៀល អ្នកខ្លះអាចនឹងគិតថាថោក។ ជាកន្លែងលក់បាយឱ្យអ្នកក្រីក្រ ដូចជាកម្មកររោងចក្រ ឬម៉ូតូឌុបជាដើម។ ពូម្នាក់ គាត់ហូបបាយពីរចាន ម្ហូបមួយចាន ដោយស្រូបទឹកស៊ីអ៊ីវបន្ថែមលើបាយឱ្យប្រៃ។ ខ្ញុំអង្គុយហូបបាយទល់មុខគាត់ ចេះតែចង់ចែកម្ហូបជាមួយគាត់ តែចិត្តមួយគិតថាបែបនេះជាជីវិតគាត់រាល់ថ្ងៃ។

ដឹងថាខ្ញុំចង់និយាយពីអីទេ? ខ្ញុំឧស្សាហ៍ទៅហូបបាយថោកៗបែបនេះ គឺតាំងពីខ្ញុំនៅរៀន រហូតដល់ខ្ញុំមានលុយល្មមនឹងអាចជ្រើសរើសកន្លែងហូបបាន។ ខ្ញុំឆ្ងល់ថា ហេតុអីខ្ញុំនៅតែជាប់ចិត្តនឹងកន្លែងថោកៗ? ម៉ែខ្ញុំប្រាប់ថា អាហារបែបនោះគ្មានអនាម័យទេ។ មែន ខ្ញុំយកចិត្តទុកដាក់ពីសុខភាពណាស់ ត្រូវហូបត្រីបន្លែឱ្យច្រើន កុំប្រៃពេក ហើយត្រូវជ្រើសរើសរបស់មានគុណភាព។ ប៉ុន្តែអាហារកន្លែងលក់បាយថោកៗ ទាំងសាច់ទាំងបន្លែប្រហែលសុទ្ធតែមានជាតិគីមី ចួនកាលក៏ធ្វើឱ្យខ្ញុំឈឺអ៊ីចឹងទៅ។

ទោះយ៉ាងណា បាយនៅកន្លែងនោះផ្ដល់អារម្មណ៍ពិសេសម្យ៉ាង គឺធ្វើឱ្យខ្ញុំបានស្ថិតនៅក្នុងស្ថានភាពពិតប្រាកដមួយរបស់បងប្អូនរួមជាតិខ្ញុំ។ យល់អារម្មណ៍នេះទេ? ពួកគេរស់នៅបែបនេះរាល់ថ្ងៃ បើខ្ញុំគិតថាវាមិនល្អ ខ្ញុំគួរតែរកមធ្យោបាយជួយពួកគេ តែបើខ្ញុំជួយអីមិនបាន ខ្ញុំសមនឹងរស់នៅដូចពួកគេ។ ធ្វើបែបនេះទើបខ្ញុំមានអារម្មណ៍មិនសូវខុសនឹងពួកគេ។

ខែ​ឧសភា 6, 2016 at 11:25 ព្រឹក មតិ 2

រៀនធ្វើជាមនុស្សល្អ

ថ្ងៃនេះថ្ងៃសីល សូមឱ្យមិត្តទាំងអស់ជ្រះថ្លា ហើយខ្ញុំសូមជូនអត្ថបទមួយ និយាយពី «រៀនធ្វើជាមនុស្សល្អ»
 
ដើម្បីជីវិតមានក្ដីសុខ យើងត្រូវរៀនធ្វើជាមនុស្សល្អ។ មានអ្នកខ្លះក៏គិតថា គ្រាន់តែធ្វើជាមនុស្សល្អចាំបាច់រៀនដែរ? ខ្ញុំគិតថាត្រូវរៀន ពោលគឺរៀនកាត់បន្ថយការគិតអាក្រក់ ហើយបណ្ដុះនូវការគិតល្អ។ នេះជាលក្ខណៈពិសេសខាងក្នុង ដែលមនុស្សភាគច្រើនមើលមិនឃើញ និងយកចិត្តទុកដាក់តែសំបកខាងក្រៅ។
 
រៀនធ្វើជាមនុស្សល្អ គឺត្រូវរៀនចេះដឹងគុណ ចេះស្រលាញ់ ចេះគោរព ចេះអាណិត ចេះទទួលខុសត្រូវ។ សាកស្រមៃទៅមើល តើអ្នកចូលចិត្តមនុស្សដូចដែលរៀបរាប់ទេ? នោះហើយដែលធ្វើឱ្យមនុស្សល្អទទួលបានក្ដីសុខ ពោលគឺសុខព្រោះមានអ្នកផងស្រលាញ់ សុខកើតចេញពីការគិតល្អរបស់ខ្លួន សុខដោយមិនខ្វល់ថាមានអ្នកណាគិតអាក្រក់លើខ្លួន។
 
មនុស្សគ្រប់គ្នាតែងតែជួបឧសគ្គ ដើម្បីផ្លាស់ប្ដូរខ្លួនឯង និងឈានទៅដល់ចំណុចដឹងថាខ្លួនឯងរស់ដើម្បីអ្វី? បើយើងព្យាយាមសង្កេត យើងក៏ដឹងថាផ្នត់គំនិតរបស់មនុស្សតែងតែផ្លាស់ប្ដូរ ប៉ុន្តែយើងបានឃើញច្បាស់ត្រឹមតែស្ថានភាពជីវិតប៉ុណ្ណោះ។ តាមពិត ស្ថានភាពជីវិតនិងផ្នត់គំនិតតែងតែផ្លាស់ប្ដូរដំណាលគ្នា។ ពេលយើងគិតល្អ យើងនឹងជួបរឿងល្អ ពេលយើងគិតត្រូវ យើងនឹងដើរផ្លូវត្រូវ។ តាមបទពិសោធន៍នេះ ខ្ញុំយល់ថា មនុស្សពិតជាអាចរៀបចំឆាកជីវិតខ្លួនឯង តាមរយៈការគ្រប់គ្រងការគិតរបស់ខ្លួន។

13139020_10201693659019214_5978874188517692113_n

ខែ​ឧសភា 5, 2016 at 5:31 ល្ងាច មតិ ១

អ្នកមាន

ថ្ងៃនេះខ្ញុំបានសរសេររឿងខ្លីមួយ និយាយពីទឹកចិត្ត។ ខ្ញុំបានគំនិតរឿងមួយនេះនៅតាមផ្លូវមកធ្វើការ។ ថ្ងៃនេះមេឃក្ដៅខ្លាំងណាស់ ហើយពេលឈប់ស្ដុប ខ្ញុំឃើញពូម្នាក់លក់ឈូក ខ្ញុំគិតថា បើគាត់លក់អស់ តើគាត់ចំណេញបានលុយប៉ុន្មាន? បានស្មើនឹងខ្ញុំធ្វើការនៅកន្លែងម៉ាស៊ីនត្រជាក់មួយថ្ងៃទេ? ពេលនោះខ្ញុំមិនចង់ហូបផ្លែឈូកទេ តែខ្ញុំអាណិតគាត់ ខ្ញុំក៏ទិញ រួចខ្ញុំឱ្យទៅអ្នកសុំទាននៅជិតនោះ។ ខ្ញុំស្ដាយ ដែលជួយទិញគាត់តិចពេក មិនទាន់បានចូលការិយាល័យផង ខ្ញុំឱ្យសន្តិសុខយាមក្រុមហ៊ុនអស់។ កាលពីមុន ម៉ែខ្ញុំធ្លាប់និយាយថា កុំឈប់ធ្វើការ ប្រាក់ខែខ្ញុំប៉ុណ្ណឹងច្រើនហើយ ព្រោះគាត់ដើរលក់នំមួយថ្ងៃបានតែប៉ុន្មានពាន់រៀលប៉ុណ្ណោះ។ ខ្ញុំតែងតែនឹកឃើញម៉ែ នៅពេលខ្ញុំឃើញអ្នកលក់ចំណីនៅតាមផ្លូវ។ កាលពីតូចខ្ញុំក៏ធ្លាប់ទូលនំលក់ដែរ ហើយពេលគេមកទិញ ខ្ញុំត្រេកអរណាស់។ ទឹកចិត្តមួយនេះជម្រុញឱ្យខ្ញុំជួយទិញអ្នកលក់តាមផ្លូវ។ តាមពិតទៅ ពេលចូលទៅហាងថ្លៃៗ ឬផឹកកាហ្វេមួយកែវ៤ដុល្លារ ខ្ញុំគិតខ្លាំងណាស់ ព្រោះប្រាក់ប៉ុណ្ណេះអាចជាអាហារមួយថ្ងៃសម្រាប់មនុស្សមួយគ្រួសារ។ ម៉ែខ្ញុំគាត់ស្ដាយលុយណាស់ ហើយមួយរយៈនេះខ្ញុំក៏ចាយច្រើនដែរ ហេតុនេះខ្ញុំត្រូវកាត់បន្ថយការចាយជាមួយអ្នកមាន មកចាយជាមួយអ្នកក្រវិញ។

រឿងខ្លីមួយនេះ ខ្ញុំសរសេរជារូបភាពវីដេអូអប់រំ ហើយសង្ឃឹមថានឹងបានថតនៅថ្ងៃណាមួយ។

Microsoft Word - Document1

ខែ​មេសា 21, 2016 at 5:23 ល្ងាច បញ្ចេញមតិ

ខ្ញុំទើបតែដឹង

image

គ្រប់ពេលធ្វើដំណើរ ខ្ញុំស្ងាត់ស្ងៀម ខ្ញុំគិតច្រើន ព្រោះខ្ញុំឃើញច្រើន។ ខ្ញុំកាន់តែដឹង ថាទម្រាំតែបានរស់ មនុស្សម្នាខំប្រឹងណាស់។ ជីវិតពិតជាអស្ចារ្យណាស់ហើយ ទើបពួកគេខំប្រឹងដើម្បីរស់។ អ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃ បញ្ហារញ៉េរញ៉ៃមិនស្មើនឹងបញ្ហាក្រពះ។ ដើម្បីមានលំនឹងក្នុងជីវិត មនុស្សត្រូវមានទំនាក់ទំនងល្អ។ ដើម្បីមានទំនាក់ទំនងល្អ មនុស្សត្រូវមានបញ្ញា។ ដើម្បីមានបញ្ញា មនុស្សត្រូវរៀនសូត្រ។

ចួនកាលយើងគិតថា អ្នកនោះជាមនុស្សអាក្រក់ អ្នកនោះជាមនុស្សឆ្មើង អ្នកនោះជាមនុស្សសួនតួ… តែតាមពិតយើងមិនអាចវិនិច្ឆ័យថាគេជាមនុស្សបែបណាឡើយ ព្រោះគេជាមនុស្សបែបណា គឺអាស្រ័យលើអ្នកណាដែលគេប្រាស្រ័យទាក់ទងជាមួយ។ មើលរឿង #thejunglebook គេនិយាយថា ដើម្បីរស់បាន ម៉ៅឃ្លី ត្រូវមានក្រុម។ អ៊ីចឹងអ្នកគ្រប់គ្នាសុទ្ធតែជាមនុស្សអស្ចារ្យសម្រាប់ក្រុមរបស់គេ។ ខ្ញុំសឹងតែគ្មានអ្វីនិយាយ នៅពេលដែលខ្ញុំស្ថិតក្នុងចំណោមមនុស្សដែលមានការគិតមិនដូចខ្ញុំ ហើយខ្ញុំក៏មានអារម្មណ៍ឯកា។ មិនខុសពីម៉ៅឃ្លីទេ គឺខ្ញុំកំពុងស្វែងរកក្រុមពិតប្រាកដរបស់ខ្ញុំ។

ក្រុមជាចំណែកខ្វះមិនបានរបស់មនុស្ស។ ខ្ញុំធ្លាប់ចង់រៀនរស់តែម្នាក់ឯង ប៉ុន្តែវាទៅមិនរួចនោះទេ។ ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីមនុស្សចូលចិត្តអួតគ្នា ចូលចិត្តនិយាយពីសមត្ថភាពពូកែរបស់ខ្លួនឯងប្រាប់គេ… ហើយខ្ញុំធ្លាប់លាក់បាំងសមត្ថភាពខ្លួនឯង ព្រោះចង់ដឹងថាគេឱ្យតម្លៃខ្ញុំយ៉ាងណា បើគេមិនបានស្គាល់ខ្ញុំ។ គ្មានអ្នកណាឱ្យតម្លៃខ្ញុំនោះទេ បើគេមិនស្គាល់ខ្ញុំ ហើយខ្ញុំក៏ដឹងថា ហេតុអ្វីក៏មនុស្សខំប្រឹងរកវិធីដើម្បីឱ្យគេស្គាល់ ខំប្រឹងដណ្ដើមយកភាពល្បីល្បាញ គឺកត្តាទាំងនេះឯង ដែលធ្វើឱ្យពួកគេមានអ្នកចាប់អារម្មណ៍ យករូបគេជាក្រុម។ មនុស្សត្រូវការក្រុម ត្រូវការក្ដីស្រលាញ់ ត្រូវការការការពារ ដើម្បីរស់នៅដោយសុវត្ថិភាពទៅថ្ងៃមុខ។

ខែ​មេសា 17, 2016 at 12:56 ព្រឹក មតិ ១

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

  • មិន​មាន

Blog Stats

  • 218,899 hits
Visit Cute-Spot.com!