វិភាគពីខ្លួនឯង តាមរយៈការញ៉ាំអាហារ

អានសៀវភៅធ្វើអ្វី?

អ្នកដឹកនាំក្នុងក្ដីស្រមៃ
ពេលនឹកឃើញដល់អ្នកដឹកនាំដែលខ្ញុំធ្លាប់ស្គាល់ ខ្ញុំក៏មើលឃើញថា ពួកគាត់គ្រាន់តែចេះលួង គ្រាន់តែចេះសម្ដែង គ្រាន់តែចេះលេងនយោបាយ ដើម្បីបោកគេប្រើប៉ុណ្ណោះ។ ពួកគាត់មិនដែលខ្វល់នឹងក្ដីស្រមៃរបស់កូនចៅទេ ពោលគឺមើលរំលង និងអាត្មានិយម។ ធ្លាប់ឮពាក្យមួយឃ្លាទេ? «បើយើងគ្មានសុបិន យើងនឹងត្រូវបានគេជួលទៅធ្វើការដើម្បីសុបិនរបស់គេ» អ៊ីចឹងតើហ៊ានគិតទេ ថាអ្នកអាចក្លាយជាអ្នកដឹកនាំល្អជាង? អ្នកដឹកនាំដែលមិនត្រឹមតែធ្វើតាមសុបិនខ្លួនឯង ថែមទាំងជួយសម្រេចសុបិនរបស់អ្នកដទៃ ដើម្បីសង្គមជាតិ ដើម្បីពិភពលោក ប្ដូរពីរូបភាពសួនតួដូចដែលអ្នកធ្លាប់ឃើញនេះចេញ!
ចូររស់ឱ្យមានប្រយោជន៍ (living) កុំគ្រាន់តែរស់ (exist) 😔👈
“You only live once, but if you do it right, once is enough.” – Mae West
គ្មានអ្នកណាពូកែជាងអ្នកណាទេ!
អ្នកមិនចេះធ្វើម្ហូប មិនទាន់ដឹងថា ការធ្វើម្ហូបងាយយ៉ាងម៉េចទេ។ ធ្វើម្ហូបកាន់តែឆ្ងាញ់ វិធីធ្វើកាន់តែសាមញ្ញ តែមុននឹងឈានដល់ភាពសាមញ្ញ អ្នកធ្វើត្រូវឆ្លងកាត់រឿងប្លែកៗជាច្រើន។ នេះជាលក្ខខណ្ឌនៃចក្រវាល មុននឹងព្រមឱ្យអ្វីមួយមកយើង។ មនុស្សទាំងអស់គ្នាសុទ្ធតែមានទេពកោសល្យផ្ទាល់ខ្លួន គ្រាន់តែអ្នកខ្លះអាចនឹងមិនស្គាល់ខ្លួនឯងរហូតដល់ស្លាប់ទៅវិញ ធ្វើឱ្យគិតពិបាកៗ ឆ្ងល់ថាហេតុអ្វីអ្នកដទៃពូកែម្ល៉េះ… តាមពិតក្នុងចក្រវាលនេះ គ្រប់ជីវិតកើតឡើងដើម្បីបង្គ្រប់គ្នាទៅវិញទៅមក គ្មានអ្នកណាពូកែជាងអ្នកណាទេ គេគ្រាន់តែអាចធ្វើអ្វីដែលគេចេះធ្វើប៉ុណ្ណោះ ហើយសមត្ថភាពទាំងនោះនឹងគ្មានន័យ បើសិនជាគ្មានអ្នកដទៃគាំទ្រ! ឃើញទេ? អ្នកគាំទ្រជាអ្វីដែលខ្វះមិនបាន អ៊ីចឹងតើអ្នកណាសំខាន់ជាងអ្នកណា? #សុខចាន់ផល
ពិតប្រាកដ
កំណាព្យ «ពិតប្រាកដ»
សុភមង្គលកើតមានពិត ពេលមនុស្សលែងគិតរឿងខ្វល់ខ្វាយ
ព្រោះមានបញ្ញានៅជាប់កាយ ដួងចិត្តស្រស់ស្រាយគ្រប់ជំហាន។
ធាតុពិតនៃពាក្យថាជោគជ័យ គឺពេញចិត្តអ្វីដែលខ្លួនមាន
ជោគជ័យនេះដូចបាននិព្វាន គ្មានថ្ងៃបាត់បង់ទៅវិញឡើយ។
សុខពិតប្រាកដគឺចិត្តស្ងប់ លែងមានចិត្តស្អប់អ្វីទៀតហើយ
ស្រលាញ់ខ្លួនឯងជាចម្លើយ ក្ដីសុខនេះហើយដែលស្ថិតស្ថេរ។
២៣ មិថុនា ២០១៦ #សុខចាន់ផល
ស្នេហា និង ខ្មោច
ស្នេហា និង ខ្មោច ជារបស់ពីរយ៉ាង ដែលគ្រប់គ្នាចូលចិត្តលើកមកនិយាយ តែមានអ្នកតិចណាស់ ដែលបានស្គាល់ ហើយក៏មិនដឹងប្រាប់យ៉ាងម៉េចឱ្យគេយល់ បើគេមិនបានជួបខ្លួនឯង។ ជាប្រយោគនៅក្នុងកុន ដែលខ្ញុំទើបតែមើលមុននេះ ទៅមើលកុនម្នាក់ឯង «ម្នាក់ឯង តែមិនឯកា» អារម្មណ៍នេះ ក៏ខ្ញុំទើបតែយល់ដែរ ហើយធ្វើឱ្យខ្ញុំដឹងថា ពេលវេលាជាកត្តាសំខាន់ក្នុងការយល់ពីរឿងអ្វីមួយ ពោលបើពេលវេលាមកដល់ យើងនឹងយល់ច្បាស់មិនខាន។
កាលពីមុន ខ្ញុំនិយាយអ្វីដែលគ្រាន់តែជាក្ដីស្រមៃ ថាខ្ញុំអាចធ្វើបាន ដូចជាថា ខ្ញុំចូលចិត្តមើលកុនម្នាក់ឯង តែធាតុពិតខ្ញុំឯកោខ្លាំងណាស់។ តែពេលនេះ ខ្ញុំមិនមែននិយាយឱ្យគេសរសើរទៀតទេ គឺខ្ញុំពិតជាមិនឯកាមែន ថែមទាំងទទួលអារម្មណ៍នៃសេរីភាពពេញទី។ ចុះបើមានគ្នាយ៉ាងម៉េច? ក៏សប្បាយតាមរបៀបមានគ្នា តែបើមានគ្នាមានបញ្ហា ឬនាំឱ្យរំខាន គឺត្រូវតែសម្រេចចិត្តថា តើគួរមានគ្នាឬអត់។
ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានខែនេះ បន្ទាប់ពីរំដោះខ្លួនចេញពីទស្សនៈជីវិតឥតន័យបាន។ ខ្ញុំយល់ច្បាស់ពីឥទ្ធិពលនៃការគិត ហើយក៏ខំរៀនបង្វែរការគិតអវិជ្ជមាន មកជាការគិតវិជ្ជមាន ចំពោះគ្រប់រឿងដែលខ្ញុំបានជួប។ ក្នុងហេតុការណ៍នីមួយៗ មនុស្សអាចយកមកគិតខុសៗគ្នា តែនៅពេលនេះ ខ្ញុំចង់ឱ្យមនុស្សដែលស្គាល់ខ្ញុំ ចេះជ្រើសរើសការគិតណាដែលមានប្រយោជន៍ គិតដើម្បីដោះស្រាយ គិតដើម្បីសប្បាយចិត្ត៖
~ពេលបាត់របស់អ្វី ចូរគិតថា «គ្មានរបស់ណាបាត់ទេ គ្រាន់តែវាប្ដូរម្ចាស់» វាមិនមែនជារឿងកំប្លែងទេ គឺជាការពិតក្នុងលោកនេះ។
~ពេលធ្វើការហត់ខ្លាំង ចូរជឿថា យើងនឹងបានផលតបស្នងច្រើនដូចគ្នា ដែលផលនោះនឹងកើតឡើងពិតមែន ចំពោះអ្នកដែលព្រមធ្វើការដោយសុទ្ធចិត្ត។
~ពេលឱ្យអ្វីទៅគេ ឬក៏ជួយគេ កុំស្ដាយ ឬគិតថាគេរមើលគុណ ចូរជឿថា យើងនឹងបានមកវិញច្រើនជាង ហើយយើងនឹងមានអ្នកផ្សេងទៀត ជួយយើងវិញមិនខាន ដែលនេះគឺជាច្បាប់នៃការស្របទាញ។
~ពេលត្រូវបានអ្នកណាម្នាក់ធ្វើបាប ចូរអាណិតគេ ព្រោះគេកំពុងតែដើរផ្លូវខុស ជីវិតគេនឹងមិនសប្បាយចិត្ត ព្រោះគេគិតរឿងមិនល្អ ហើយជំនួសដោយមិនស្អប់ ចូរអរគុណគេ ដែលធ្វើឱ្យយើងដឹងថា អ្នកណាល្អនឹងយើងពិតប្រាកដ។
~ពេលជួបរឿងអាក្រក់ កុំអស់សង្ឃឹម ឬបាក់ទឹកចិត្ត ហើយត្រូវរក្សាជំហជាមនុស្សល្អ បន្តស្វែងយល់និងដោះស្រាយ ហើយជឿទៅ បញ្ហាកាន់តែធំ រង្វាន់ក៏កាន់តែធំដែរ។
~ពេលធ្វើអ្វីតែម្នាក់ឯង កុំគិតថាគ្មានអ្នកណាស្រលាញ់ តែត្រូវចេះប្រើសេរីភាព ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយត្រូវដឹងថា នេះជាឱកាសសាងខ្លួនឯងឱ្យរឹងមាំពិតប្រាកដ។
*ខ្ញុំជឿថា ប្រាកដជាមានអ្នកបានឆ្លងកាត់បទពិសោធន៍បែបនេះរួចហើយ ដែលធ្វើឱ្យជីវិតកាន់តែប្រសើរ ព្រោះរឿងល្អៗក៏ចូលមកតាមរយៈការគិតបែបវិជ្ជមាន អ៊ីចឹងជួយសរសេរមតិចែករំលែកបន្ថែមផង ថាពេលជួបបញ្ហា តើគួរគិតបែបណា ដើម្បីប្រើការគិតជាប្រយោជន៍ និងចាកផុតពីការគិតអាក្រក់ៗ រកច្រកចេញមិនឃើញ រហូតដល់គិតខ្លី ពិតជាគួរឱ្យខ្លាចណាស់។ ត្រូវចាំថា យើងមិនអាចបញ្ឈប់ការគិតអ្វីមួយបានទេ តែយើងអាចបង្វែរការគិតបាន។ ខណៈដែលរឿងល្អៗចូលមកក្នុងខួរក្បាលយើងកាន់តែច្រើន ការចងចាំរឿងអាក្រក់ៗនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ។ #សុខចាន់ផល
និស្ស័យ
ខ្ញុំទើបតែឆ្ងល់ថា ដំបូងឡើងតើនិស្ស័យកើតដោយរបៀបណា? ក៏មិនទាន់យល់ច្បាស់ ថាស្អីជានិស្ស័យដែរ។ បើកវចនានុក្រមមើល ចួនកាលក៏ជួយឱ្យយល់ស៊ីជម្រៅមិនបាន តែប្រហែលជានិស្ស័យហើយ ដែលធ្វើឱ្យខ្ញុំបានយល់នៅថ្ងៃនេះ។ ខ្ញុំស្រាប់តែនឹកថា ឬក៏ខ្ញុំទើបតែយល់រឿងខ្លះនៅក្នុងជាតិនេះ… ខ្ញុំនឹងឱ្យនិយមន័យនិស្ស័យ តាមការយល់ឃើញរបស់ខ្ញុំ។
មនុស្សដែលស្រលាញ់គ្នាបាន គឺដោយសារតែពួកគេមាននិស្ស័យជាមួយគ្នា ដែលយើងត្រូវនិយាយដល់រឿងអតីតជាតិ ក៏ធ្វើឱ្យខ្ញុំឆ្ងល់ថា អ្វីជាចំណុចផ្ដើមដែលធ្វើឱ្យមនុស្សពីរនាក់មាននិស្ស័យនឹងគ្នា? ខ្ញុំសូមឱ្យនិយមន័យថា និស្ស័យគឺជាការជួបគ្នានាខណៈមួយ ដោយសារធ្លាប់ជួយគ្នាពីអតីតកាល។
ខ្ញុំចាប់គិតពីមនុស្សដែលបានចូលមកក្នុងជីវិតខ្ញុំ។ អ្នកខ្លះមកមួយភ្លែត ក៏ត្រឡប់ទៅវិញ អ្នកខ្លះនៅក្បែរគ្នារាល់ថ្ងៃ តែខ្ញុំបែរជាមិនខ្វល់នឹងគេ។ មាននិស្ស័យជាមួយគ្នាតិច នៅជាមួយគ្នាខ្លី តែយើងក៏អាចកសាងនិស្ស័យបន្ត ឬបង្កើតនិស្ស័យថ្មីបាន។ កាលដែលបានស្គាល់គ្នាគឺជានិស្ស័យតិចតួច តែកាលដែលជួយគ្នា គឺជាការកសាងនិស្ស័យបន្ថែម។ ទំនាក់ទំនងនៅលើផែនដីនេះគឺប្រាកដជាស៊ាំញ៉ាំណាស់ ហើយបើនិស្ស័យពីរឿងគូព្រេងវិញ គឺប្រាកដជាធ្លាក់លើមនុស្សដែលយើងមាននិស្ស័យនឹងគ្នាច្រើនជាងគេ ប៉ុន្តែអ្នកទាំងពីរក៏អាចបែកគ្នា បើសិនជាមានអ្នកណាម្នាក់មិនចង់បន្តនិស្ស័យ ហើយក៏អាចទៅជួបនឹងមនុស្សម្នាក់ទៀត បើទោះជាមាននិស្ស័យតិចជាង។
ថ្ងៃនេះពេលត្រឡប់មកផ្ទះ ខ្ញុំចូលទិញតែទឹកដោះគោផឹក តែមិនចង់ផឹកតាមផ្លូវ ក៏គិតថា ទុកផឹកនៅផ្ទះ រួចក៏នឹកឃើញថា ហេតុអ្វីក៏ខ្ញុំមិនទិញផ្ញើអ្នកផ្ទះ ផឹកម្នាក់ឯងអ៊ីចឹងមិនសមទេ។ ពេលនោះ ខ្ញុំក៏ភ្ញាក់ខ្លួនភ្លាមថា នេះហើយគឺជាអ្វីដែលមនុស្សត្រូវធ្វើ។ ដំបូងយើងត្រូវដឹងគុណដល់មនុស្សដែលមាននិស្ស័យនឹងយើង ដូចជាឪពុម្ដាយ ដែលពួកគាត់បានបង្កើតយើង មានន័យថាគាត់បានជួយយើងឱ្យមានរូបរាងជាមនុស្ស ហើយចិញ្ចឹមយើងឱ្យធំឡើង ដែលបំណុលនិស្ស័យនេះ យើងត្រូវតែសងពួកគាត់វិញ រួចក៏ព្យាយាមជួយគ្រប់មនុស្សដែលយើងជួប ដើម្បីបន្តនិស្ស័យល្អជាមួយគ្នា។
ខ្ញុំជឿថា យើងនឹងមិនខ្វះញាតិទេ បើយើងចេះកសាងនិស្ស័យបែបនេះ។ សងនិស្ស័យចាស់ សាងនិស្ស័យថ្មី លោកិយនឹងក្លាយជាកន្លែងជួបជុំដ៏រីករាយ។ #សុខចាន់ផល
ផលនិស្ស័យ
មួយរយៈនេះខ្ញុំសរសេរអត្ថបទផ្លូវចិត្តច្រើនណាស់។ មិនមែនខ្ញុំមានបញ្ហាផ្លូវចិត្តទេ តែខ្ញុំភ្ញាក់រឭក ទើបចង់ចែករំលែក។ មានអ្នកយល់ និងមិនយល់ តែខ្ញុំដឹងថា គ្មានអ្នកណាខុសទេ ខ្ញុំក៏មិនបាច់តានតឹងពេកដែរ ពេលវេលាមកដល់ គេនឹងយល់ហើយ។ ក្នុងលោកនេះនៅតែមានអាថ៌កំបាំង ដែលខ្ញុំស្វែងយល់មិនអស់។ ខ្ញុំយល់ថា ភាពលោភលន់ធ្វើឱ្យកើតទុក្ខ តែបើគេកំពុងតែមានសុភមង្គលនឹងភាពមានបាន ដោយមិនប៉ះពាល់ដល់ក្ដីសុខអ្នកដទៃ ក៏ខ្ញុំគ្មានហេតុផលអ្វី ទៅពន្យល់គេ ឱ្យលះបង់ទ្រព្យសម្បត្តិចោលនោះដែរ។ មនុស្សគ្រប់គ្នាពិតជាអាចរីករាយនឹងជំនឿរៀងៗខ្លួន ដោយសន្តិភាព តាមផលនិស្ស័យរបស់គេ។
ខ្ញុំរាប់អានគេដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគេ
ជួនកាល ខ្ញុំឆ្ងល់ថា ហេតុអ្វីខ្ញុំមានមិត្តភក្តិតិច ហើយហេតុអ្វីក៏មិត្តភក្តិខ្ញុំគេមិនសូវស្រលាញ់ខ្ញុំ? តាមពិត សំណួរនេះគឺសួរត្រឡប់មកខ្លួនឯងទេតើ គឺខ្ញុំខ្លួនឯងជាអ្នកជ្រើសរើសមិត្តភក្តិ គឺខ្ញុំខ្លួនឯងដែលមិនសូវស្រលាញ់មិត្តភក្តិ។
មានមនុស្សជាច្រើនដែលល្អៗ គួរឱ្យស្រលាញ់ គួរឱ្យចង់រាប់អាន តែខ្ញុំយកពួកគេជាមិត្តភក្តិមិនបានសោះ។ ខ្ញុំអន់ចិត្តនឹងខ្លួនឯង គិតថា អាចមកពីខ្ញុំ… បន្ទាប់មកខ្ញុំក៏គិតដល់និស្ស័យ ហើយខ្ញុំក៏ព្រមជឿថា ក្នុងលោកនេះពិតជាមានឧបនិស្ស័យមែន តែខ្ញុំគ្រាន់តែឆ្ងល់ថា ហេតុអ្វីក៏ខ្ញុំអាចចូលចិត្តគេតែម្នាក់ឯង?
ខ្ញុំយល់ហើយ! បន្ថែមលើនិស្ស័យ ខ្ញុំគិតពីហេតុផល។ អ្នកខ្លះថា មិនរាប់អានអ្នកណាដើម្បីផលប្រយោជន៍ទេ។ ត្រូវ ហើយវាអាចជានិស្ស័យដែលខ្ញុំបាននិយាយ។ ខ្ញុំក៏រំឭកពីអារម្មណ៍ខ្លួនឯង នៅពេលដែលខ្ញុំចង់រាប់អានអ្នកណាម្នាក់។ ខ្ញុំចង់! ចង់ គឺមានបំណង បំណងគឺទាក់ទងនឹងផលប្រយោជន៍។ ខ្ញុំទទួលថា ខ្ញុំប្រាថ្នាផលប្រយោជន៍ពីគេយ៉ាងពិតប្រាកដ។ ផលប្រយោជន៍ដែលខ្ញុំចង់បាន មិនមែនជាលាភសក្ការៈស្អីទេ គ្រាន់តែជាក្ដីស្រលាញ់ ឬចំណេះដឹង ជាអ្វីដែលខ្ញុំត្រូវការសម្រាប់ធ្វើឱ្យជីវិតខ្ញុំមានន័យ ប៉ុន្តែខ្ញុំភ្លេចគិតថា ខ្ញុំគ្មានអ្វីផ្ដល់ឱ្យគេវិញសោះ។
ឧបមាថា ខ្ញុំចង់ជួបមនុស្សម្នាក់ ដើម្បីបានទទួលបទពិសោធន៍ការងាររបស់គាត់ បែបនេះខ្ញុំគួរតែគិតផងថា តើខ្ញុំមានរបស់អ្វីជូនគាត់វិញ ជាការតបស្នង? ជាមួយនឹងមិត្តភក្តិក៏ដូចគ្នា ខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីក៏ខ្ញុំចេះតែចង់ជួបមិត្តភក្តិរាល់ថ្ងៃ ទាំងដែលពួកគេមានរឿងរវល់ផ្ទាល់ខ្លួន។ តាមពិតព្រោះខ្ញុំអផ្សុក ត្រូវការអ្នកជជែក ត្រូវការឱ្យគេកំដរ ត្រូវការផលប្រយោជន៍ពីគេ។ ហេតុអ្វីខ្ញុំមិនគិតថា តើគេអផ្សុកឬអត់? តើគេចូលចិត្តកន្លែងដែលខ្ញុំចង់ទៅនោះដែរអត់? ដែលយើងគិតតែត្រឹមថា ខ្ញុំត្រូវការគេកំដរ នោះអារម្មណ៍របស់យើងនឹងធ្វើឱ្យគេណាយពីយើងជាមិនខាន។
ប្រហែលជាមានអ្នកឆ្ងល់ថា គ្រាន់តែរឿងប៉ុណ្ណឹង ក៏ខ្ញុំវិភាគស៊ីជម្រៅដែរ។ ខ្ញុំជាប្រភេទមនុស្សបែបនេះ គឺមិនអាចកេងចំណេញលើអ្នកណាសូម្បីតែបន្តិច មិនលើកលែងសូម្បីតែរឿងមនោសញ្ចេតនា។ ហេតុនេះ ខ្ញុំត្រូវតែមានចិត្តជ្រះថ្លានឹងគ្រប់យ៉ាងដែលខ្ញុំធ្វើ បើគិតផលប្រយោជន៍តែបន្តិច ផ្លូវរលោងនឹងក្លាយទៅជារលាក់។
ហេតុផលនេះប្រាប់ខ្ញុំថា ខ្ញុំមិនអាចរាប់អានអ្នកណាដើម្បីផលប្រយោជន៍ខ្លួនឯងតែម្ខាងទេ។ ថ្ងៃនេះ ខ្ញុំបានប្ដូរការគិតមួយទៀត។ បើខ្ញុំចង់រាប់អានអ្នកណាម្នាក់ ខ្ញុំត្រូវគិតពីគេឱ្យច្រើនជាងខ្លួនឯង។ ខ្ញុំមិនអន់ចិត្តទេ បើគេមិនរាប់អានខ្ញុំ ព្រោះថា ទោះគ្មានខ្ញុំក៏ជីវិតគេគ្មានបញ្ហា គេត្រូវការខ្ញុំធ្វើអី?
ខ្ញុំច្បាស់ថា ខ្លួនឯងមិនអាចធ្វើអ្វី ដោយគិតថា បើគេធ្វើបាន ខ្ញុំក៏ធ្វើបាននោះទេ ដែលនិយាយទៅ នេះជាអាថ៌កំបាំងនៃកំណើតរបស់មនុស្សម្នាក់ៗ។ ខ្ញុំមិនរាប់អានអ្នកណាដើម្បីផលប្រយោជន៍ខ្ញុំទេ តែខ្ញុំរាប់អានគេដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគេ។ #សុខចាន់ផល
ស្រលាញ់ការងារឱ្យច្រើនជាងចង់បានលទ្ធផល
ខ្ញុំទើបតែបានឆ្លងកាត់ដំណាក់កាលដ៏ពិបាកមួយ មានអារម្មណ៍ថា គ្មានអ្នកណាម្នាក់ដែលអាចទុកចិត្តបានសោះ។ កាលណោះ ខ្ញុំគិតថា មនុស្សដែលខ្ញុំធ្លាប់គិតថាល្អ កំពុងតែព្យាយាមបោកខ្ញុំប្រើ ហើយក៏សម្លឹងមកខ្ញុំថាជាមនុស្សឆោត។ ខ្ញុំពិតជាធ្វើអីលែងបានមែន ពឹងអ្នកណាក៏មិនបាន ធ្វើម្នាក់ឯងក៏មិនកើត។ មនុស្សដែលមានសមត្ថភាព បែរជាចរិតមិនល្អ មនុស្សដែលសុភាព បែរជាពិសពុល។ អាចស្រមៃបានហើយ ថាមានតែបោះចោលក្ដីស្រមៃគ្រប់យ៉ាង ហើយរស់បន្តកំដរផែនដី រង់ចាំថ្ងៃស្លាប់។ ជាដំណាក់កាលដ៏ទន់ជ្រាយ និងគួរឱ្យខ្លាចបំផុត។
ទោះយ៉ាងណា ខ្ញុំពិតជានៅមិនសុខ បើសិនជាគ្រាន់តែរស់បែបនេះ គិតថា ស្លាប់វិញប្រសើរជាង។ ខ្ញុំត្រូវការមិត្ត ខ្ញុំត្រូវការក្រុម ដើម្បីធ្វើអ្វីដែលមានន័យ។ បញ្ហាត្រង់ថា តើខ្ញុំអាចទៅរកសមាជិកក្រុមពីណា បើម្នាក់ៗបង្រៀនខ្ញុំហើយ ថាពួកគេគិតខុសពីខ្ញុំ ពួកគេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ គិតដល់ត្រឹមនេះ ខ្ញុំក៏នឹកឃើញថា មកពីខ្ញុំគិតបែបនេះ ទើបខ្ញុំបាត់ឱកាសទាំងស្រុង ដើម្បីបានជួបមនុស្សល្អៗ។ ខ្ញុំមិនព្រមបោះបង់ក្ដីស្រមៃចោលទេ ហើយការដែលគិតអវិជ្ជមានចំពោះអ្នកដទៃ បានត្រឹមតែរុញខ្លួនឯងឱ្យកាន់តែឯកាប៉ុណ្ណោះ សួរថាមានប្រយោជន៍អត់?
ខ្ញុំក៏ធ្លាប់ដើរវង្វេងផ្លូវ អ្នកដទៃក៏ដូចគ្នា ហេតុអ្វីក៏ខ្ញុំមិនអាចអត់ឱនឱ្យពួកគេ? វាពិតជាគ្មានប្រយោជន៍សោះ ដែលខ្ញុំនៅតែមិនទុកចិត្តអ្នកដទៃ ហេតុនេះខ្ញុំត្រូវតែរកឱ្យឃើញថាអ្វីជាចំណុចល្អរបស់ពួកគេ។ ពេលវេលាគឺជាដំណោះស្រាយដ៏អស្ចារ្យមួយ។ ចង់ចេះមើលអ្នកដទៃ គឺត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់សិន។ ខ្ញុំបានដើរដល់ចំណុចមួយ ដែលដឹងថា ភាពមានបានមិនមែនជាគោលដៅរបស់ខ្ញុំទេ ត្រឹមតែសកម្មភាពដែលខ្ញុំធ្វើរាល់ថ្ងៃប៉ុណ្ណោះ ដែលជាសុភមង្គលពិតប្រាកដរបស់ខ្ញុំ។ បញ្ញានេះ ធ្វើឱ្យខ្ញុំយល់ពីហេតុផល ដែលមនុស្សជាច្រើនដើរផ្លូវខុស ដោយសារពួកគេកំពុងតែគិតថា ភាពមានបានគឺជាសុភមង្គល ដែលធ្វើឱ្យគេចាកផុតពីភាពភ័យខ្លាចនានាក្នុងជីវិត។
តាមបទពិសោធន៍របស់ខ្ញុំ យើងមិនអាចមានក្ដីសុខជាមួយនឹងភាពលោភលន់បានទេ។ មានរបស់ច្រើនប៉ុណ្ណាក៏ដោយ ក៏នៅតែចង់បានថែមទៀត វាប្រៀបដូចជាអន្ទាក់ដែលទាញយើងឱ្យដើរវង្វេងកាន់តែឆ្ងាយទៅៗ។ ភាពលោភលន់គឺជាកំហុស។ ខ្ញុំឃើញអ្នកខ្លះ បន្ទាប់ពីបានសាងកំហុសអ្វីមួយ គាត់ក៏ព្យាយាមកែប្រែកំហុសនោះ ដើម្បីឱ្យគេគិតថាគាត់ត្រូវវិញ ដោយមិនដឹងថា ទង្វើនោះនឹងធ្វើឱ្យគាត់កាន់តែខុសធ្ងន់ឡើងៗ។ បាបកម្មមិនអាចស៊ីសងគ្នាបានទេ នេះជាទ្រឹស្ដីព្រះពុទ្ធ។ យើងមិនអាចលុបលាងអតីតកាលដែលខុសឆ្គងទេ តែពេលយើងចេះទទួលកំហុស យើងអាចព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ ដើម្បីសាងមុខមាត់ថ្មីឱ្យខ្លួនឯង។
ដូចគ្នានេះដែរ យើងក៏អាចបញ្ឈប់ភាពលោភលន់ តាមរយៈការធ្វើអ្វីមួយដោយសុទ្ធចិត្ត។ តាមពិតភាពលោភលន់គឺជាគោលដៅចុងក្រោយនៃសកម្មភាពនីមួយៗ តែបើមនុស្សនោះរកឃើញភាពរីករាយក្នុងពេលកំពុងតែធ្វើ នោះភាពលោភលន់នឹងត្រូវកាត់បន្ថយ។ យប់មិញខ្ញុំនឹកឃើញពាក្យមួយឃ្លា «បើយើងធ្វើអ្វីមួយដោយគ្មានហេតុផល យើងនឹងទទួលបានរង្វាន់ដោយគ្មានហេតុផលដូចគ្នា» ខ្ញុំចេះគិតបែបនេះ បន្ទាប់ពីខ្ញុំព្រមជឿលើហេតុផលនៃធម្មជាតិ។ គ្មានអាហារណាហ្វ្រីទេក្នុងលោកនេះ។ ខ្ញុំចាប់ផ្ដើមយល់ពីវាកាន់តែច្បាស់ ហើយក៏ក្លាយជាមនុស្សស្រលាញ់ការធ្វើការជាងស្រលាញ់លទ្ធផល។ ខ្ញុំបានដឹងជាយូរមកហើយ ថាអ្វីក៏ដោយ បើជារបស់យើងគឺនៅតែជារបស់យើង បើមិនមែនជារបស់យើង ទោះបីជាយកបាន ក៏ត្រូវតែបាត់ទៅវិញ។ សួរថា មានហេតុផលអីដែលឱ្យខ្ញុំទៅដណ្ដើមជាមួយគេទៀត? #សុខចាន់ផល
អរគុណប្រយោគក្នុងរូបភាពនេះ ដែលខ្ញុំបានអានកាលពីយប់មិញ។ យ៉ាងណា ខ្ញុំមិនឯកានោះទេ ព្រោះមានគេគិតបែបនេះដែរ។
វិចារថ្មីៗ