Posts filed under ‘អារម្មណ៍’

និយាយពីការធ្វើបុណ្យ

មកដល់ពេលនេះ ខ្ញុំគិតថា គ្មានទេវតានៅចាំកាត់សេចក្ដីពីការធ្វើបុណ្យរបស់មនុស្សទៀតទេ ប៉ុន្តែធ្វើបុណ្យពិតជាបានបុណ្យ គឺបានពីខ្លួនឯង ចេញពីខ្លួនឯង។ ការដែលយើងធ្វើបុណ្យ ឬធ្វើទានលើអ្នកណាម្នាក់ដោយចិត្តជ្រះថ្លា គឺចិត្តជ្រះថ្លាដែលយើងកំពុងតែមាននេះហើយគឺជាផលបុណ្យតបស្នងមកវិញ។ ព្រោះតែគ្មានទេវតានៅចាំឱ្យពិន្ទុចំនួនបុណ្យ ទោះបីជាអ្នកធ្វើបុណ្យច្រើនយ៉ាងណា តែបើគ្មានចិត្តជ្រះថ្លា នោះអ្នកនឹងមិនទទួលបានអ្វីទាំងអស់។

គោលដៅនៃការធ្វើបុណ្យ គឺដើម្បីឱ្យយើងមានទឹកចិត្តល្អ ចេះអាណិត ចេះគិតដល់សុខទុក្ខអ្នកដទៃ ចេះចែករំលែក ចេះដឹងគុណពិភពលោក។ សូមស្រមៃថា យើងបានផ្ដល់អាហារដល់អ្នកកំពុងតែស្រេកឃ្លាន រួចយើងបានឃើញគាត់សប្បាយចិត្ត នឹងរសជាតិអាហារនោះ។ អារម្មណ៍អាណិត និងអារម្មណ៍រំភើបដែលបានឃើញពួកគេរីករាយ គឺជាផលតបស្នងនៃទង្វើរបស់យើង។ សួរថា គ្រាន់តែទទួលបានអារម្មណ៍ល្អប៉ុណ្ណឹង គឺយើងទទួលបានបុណ្យហើយឬ? ពិតមែនហើយ ព្រោះថាអារម្មណ៍ល្អនេះ នឹងធ្វើឱ្យយើងបានជួបរឿងល្អៗក្នុងជីវិតរបស់យើង។

នៅក្នុងច្បាប់ស្រូបទាញ ការគិតល្អៗនឹងស្រូបទាញរឿងរ៉ាវល្អៗចូលមក។ ខ្ញុំបានយល់ពីសារប្រយោជន៍នៃអារម្មណ៍ល្អ (ការគិតវិជ្ជមាន) ហើយខ្ញុំតែងតែប្រាប់ទៅមិត្តដើម្បីឱ្យពួកគេកាត់បន្ថយការគិតអវិជ្ជមាន ដែលបានធ្វើឱ្យគេខ្វល់ចិត្ត ហើយពិបាកនឹងធ្វើអ្វីបានសម្រេច។

ធ្វើបុណ្យ បានបុណ្យ បានចិត្តជ្រះថ្លា បានការគិតវិជ្ជមាន បានបញ្ញា ដែលជាមាគា៌នាំយើងទៅរកជីវិតកាន់តែប្រសើរ។

Green-Buddha.jpg

ខែ​ឧសភា 16, 2016 at 2:57 ល្ងាច បញ្ចេញមតិ

មូលហេតុដែលអ្នកទើសគេ

រឿងដែលមនុស្សម្នាកំពុងតែនិយាយ គិតៗទៅ មិនមែនដោយសារតែខ្លឹមសាររឿងនោះទេ តែដោយសារហេតុផលផ្សេង។ ខ្ញុំព្យាយាមរកហេតុផល ពីអ្វីដែលបណ្ដាលឱ្យរឿងធម្មតាៗក្លាយទៅជារឿងធំ។ មិនមែនមកពីអ្នកស្រលាញ់ ក៏មិនមែនមកពីអ្នកស្អប់ តែមកពីអ្នកទើស។ នៅប្រទេសខ្មែរ ចំនួនអ្នកទើសកាន់តែច្រើន ដែលពួកគេក្លាយទៅជាអ្នកទើស ដោយហេតុផលចង់ឱ្យគេគិតថាខ្លួនពូកែ ទាំងមិនដឹងថា មនុស្សពូកែគួរតែធ្វើយ៉ាងណា។ ចំណុចនេះបានបង្ហាញពីការវង្វេងខ្លួនឯង។ ពួកគេសម្ដែងមតិ ដើម្បីទទួលបានការគាំទ្រ ឬការចាប់អារម្មណ៍ មិនមែនដើម្បីបង្ហាញការយល់ឃើញ។ ពួកគេគិតថា ជោគជ័យរបស់មនុស្សគឺអាស្រ័យលើការគិតរបស់មនុស្សភាគច្រើន។ មនុស្សភាគច្រើនបានជឿថា មនុស្សជោគជ័យគឺអាស្រ័យលើមុខរបរ ដែលរកបានចំណូលខ្ពស់ រួចពួកគេក៏ព្យាយាមស្វែងរកជោគជ័យប្រភេទនោះ និងជឿទាំងស្រុងថា ភាពជោគជ័យរបស់ខ្លួនឯងគឺដូចគ្នានឹងជោគជ័យរបស់បុគ្គលគំរូ (idol)។ ម្នាក់ៗភ្លេចគិតថា ខ្លួនឯងជាអំណោយពិសេសមួយពីធម្មជាតិ ដែលមិនដូចអ្នកដទៃ ពោលគឺ រូបរាង និងទេពកោសល្យ ប្លែកពីគេឯង។ ចូរគិតដល់ចំណុចនេះ ដើម្បីស្គាល់ខ្លួនឯង ត្បិតមនុស្សម្នាក់ៗត្រូវបានកើតមកដោយហេតុផលខុសៗគ្នា។ សាកកុំជឿថា ទាល់តែក្លាយជាអ្នកមាន ទើបហៅថាជីវិតជោគជ័យ ហើយសាកស្រមៃរកអ្វីដែលធ្វើឱ្យខ្លួនឯងពេញចិត្តបំផុតចំពោះជីវិតនេះ។ ឧ.ចូរកុំ Post ព្រោះតែចង់បានឱ្យគេ like តែចូរ Post ព្រោះតែខ្លួនយើងសប្បាយចិត្តនឹង Post ។ ទីបំផុត យើងក៏បានស្គាល់ខ្លួនឯង រស់នៅជាខ្លួនឯង ចេះឱ្យតម្លៃអ្នកដទៃ គិតអ្វីទូលាយៗ ហើយពេលនោះយើងក៏លែងទើសគ្នាទៀតដែរ។image

ខែ​ឧសភា 13, 2016 at 11:59 ល្ងាច មតិ ១

ច្បាប់តបស្នង

ជឿទេ គ្រប់យ៉ាងក្នុងលោកនេះគឺសុទ្ធតែមានហេតុផល សូម្បីតែបញ្ហាលំបាកៗក៏មានបង្កប់នូវចំណុចវិជ្ជមានយ៉ាងប្រាកដ។ ខ្ញុំបានដឹងរឿងនេះ បន្ទាប់ពីឆ្លងកាត់ភាពស្មុគស្មាញជាច្រើន ដែលជាដំណាក់កាលខ្ញុំស្វែងរកខ្លួនឯង។ អ្នកខ្លះព្រងើយកន្តើយ មិនព្រមស្វែងយល់ពីឫកគល់នៃបញ្ហា ពន្យាពេលស្វែងយល់ពីខ្លួនឯង ទើបពួកគេនៅតែគិតអវិជ្ជមានទៅលើបញ្ហា។ ខ្ញុំលើកឧទាហរណ៍ពីខ្លួនឯង ជាមនុស្សមិនចេះនិយាយអ្វីជាមួយអ្នកដទៃ រហូតដល់មានអារម្មណ៍ថាខ្លួនឯងដូចជាគ្មានរូបរាងនៅពីមុខគេ។ ខ្ញុំព្យាយាមកែចំណុចខ្សោយមួយនេះ រួចខ្ញុំក៏អាចបញ្ចេញយោបល់ខ្លះៗជាមួយគេ។ ប៉ុន្តែគ្រប់ពេលបែកគ្នា ខ្ញុំមានទម្លាប់គិតបន្ត ថាតើមុននេះខ្ញុំធ្វើបានល្អប៉ុណ្ណាក្នុងទំនាក់ទំនង ហើយថាតើខ្ញុំបានបំពេញភារិច្ចដោយឈ្លាសវៃ និងត្រឹមត្រូវដែលឬទេ? ឃើញថា ខ្ញុំបារម្ភពីចំណុចខ្សោយរបស់ខ្លួនឯងជាខ្លាំង ទាំងមិនដឹងថាគ្រប់ពេលដែលខ្ញុំព្យាយាមកែ ខ្ញុំបែរជាបាត់ចំណុចខ្លាំងមួយទៅវិញ។ តាមពិតទៅ ពេលដែលខ្ញុំមិននិយាយនោះ ខ្ញុំបានទទួលចំណេះដឹងជាច្រើនពីអ្នកដែលនិយាយ ហើយក៏បានយល់ពីគេ ច្រើនជាងគេបានយល់ពីខ្ញុំ។ កាន់តែស្ងៀមស្ងាត់ កាន់តែយល់ដឹង។ បែបនេះទើបខ្ញុំយល់ថា ចំណុចខ្សោយរបស់ខ្ញុំក៏ជាចំណុចខ្លាំងរបស់ខ្ញុំដែរ ហើយយើងពិតជាអាចប្រើប្រាស់គ្រប់យ៉ាងនៅក្នុងលោកនេះជាប្រយោជន៍ នៅពេលដែលយើងបានយល់ពីវាច្បាស់។
 
អ្វីដែលខ្ញុំបានដឹងមួយទៀតនោះ ក្នុងលោកនេះ អ្នកដែលជួបបញ្ហាកាន់តែច្រើន ភ័ព្វសំណាងរបស់គេក៏កាន់តែធំ។ រូបទារកកម្សត់ម្នាក់នេះធ្វើឱ្យខ្ញុំសង្វេគណាស់។ សត្វឆ្កែបានពាំទារកដែលមនុស្សបោះបង់ចោលមក… ក្មេងម្នាក់នេះពិតជាអស្ចារ្យ ទោះជាឪពុកម្ដាយមិនត្រូវការ ក៏នៅតែមិនស្លាប់ ហើយទីបំផុតបានទទួលក្ដីស្រលាញ់ពីមនុស្សដ៏ច្រើនលើសលប់ រួមទាំងខ្ញុំម្នាក់ដែរ។ ខ្ញុំជឿថា ក្មេងម្នាក់នេះនឹងមានអនាគតល្អ លើសពីក្មេងដែលកើតក្នុងគ្រួសារល្អៗទៅទៀត តាមរយៈច្បាប់តបស្នងមួយនេះ។
 
បញ្ជាក់៖ រូបទារកកម្សត់ និងរូបនេនតូច មិនពាក់ព័ន្ធគ្នាទេ។13178995_10201717358371683_931734583150263822_n

ខែ​ឧសភា 12, 2016 at 2:31 ល្ងាច បញ្ចេញមតិ

ស្ងោរម្រះ ១០០០រៀល

13173734_10201696387207417_6875060580287402649_n

ធ្លាប់ឆ្ងល់ថា ហេតុអ្វីខ្ញុំចូលចិត្តបែបនេះ គេចូលចិត្តបែបនោះ? សំលស្ងោរម្រះនេះ ជារបស់ខ្ញុំចូលចិត្ត តែក៏មានអ្នកខ្លះស្អប់។ សំលមួយចាននេះតម្លៃ១០០០រៀល អ្នកខ្លះអាចនឹងគិតថាថោក។ ជាកន្លែងលក់បាយឱ្យអ្នកក្រីក្រ ដូចជាកម្មកររោងចក្រ ឬម៉ូតូឌុបជាដើម។ ពូម្នាក់ គាត់ហូបបាយពីរចាន ម្ហូបមួយចាន ដោយស្រូបទឹកស៊ីអ៊ីវបន្ថែមលើបាយឱ្យប្រៃ។ ខ្ញុំអង្គុយហូបបាយទល់មុខគាត់ ចេះតែចង់ចែកម្ហូបជាមួយគាត់ តែចិត្តមួយគិតថាបែបនេះជាជីវិតគាត់រាល់ថ្ងៃ។

ដឹងថាខ្ញុំចង់និយាយពីអីទេ? ខ្ញុំឧស្សាហ៍ទៅហូបបាយថោកៗបែបនេះ គឺតាំងពីខ្ញុំនៅរៀន រហូតដល់ខ្ញុំមានលុយល្មមនឹងអាចជ្រើសរើសកន្លែងហូបបាន។ ខ្ញុំឆ្ងល់ថា ហេតុអីខ្ញុំនៅតែជាប់ចិត្តនឹងកន្លែងថោកៗ? ម៉ែខ្ញុំប្រាប់ថា អាហារបែបនោះគ្មានអនាម័យទេ។ មែន ខ្ញុំយកចិត្តទុកដាក់ពីសុខភាពណាស់ ត្រូវហូបត្រីបន្លែឱ្យច្រើន កុំប្រៃពេក ហើយត្រូវជ្រើសរើសរបស់មានគុណភាព។ ប៉ុន្តែអាហារកន្លែងលក់បាយថោកៗ ទាំងសាច់ទាំងបន្លែប្រហែលសុទ្ធតែមានជាតិគីមី ចួនកាលក៏ធ្វើឱ្យខ្ញុំឈឺអ៊ីចឹងទៅ។

ទោះយ៉ាងណា បាយនៅកន្លែងនោះផ្ដល់អារម្មណ៍ពិសេសម្យ៉ាង គឺធ្វើឱ្យខ្ញុំបានស្ថិតនៅក្នុងស្ថានភាពពិតប្រាកដមួយរបស់បងប្អូនរួមជាតិខ្ញុំ។ យល់អារម្មណ៍នេះទេ? ពួកគេរស់នៅបែបនេះរាល់ថ្ងៃ បើខ្ញុំគិតថាវាមិនល្អ ខ្ញុំគួរតែរកមធ្យោបាយជួយពួកគេ តែបើខ្ញុំជួយអីមិនបាន ខ្ញុំសមនឹងរស់នៅដូចពួកគេ។ ធ្វើបែបនេះទើបខ្ញុំមានអារម្មណ៍មិនសូវខុសនឹងពួកគេ។

ខែ​ឧសភា 6, 2016 at 11:25 ព្រឹក មតិ 2

រៀនធ្វើជាមនុស្សល្អ

ថ្ងៃនេះថ្ងៃសីល សូមឱ្យមិត្តទាំងអស់ជ្រះថ្លា ហើយខ្ញុំសូមជូនអត្ថបទមួយ និយាយពី «រៀនធ្វើជាមនុស្សល្អ»
 
ដើម្បីជីវិតមានក្ដីសុខ យើងត្រូវរៀនធ្វើជាមនុស្សល្អ។ មានអ្នកខ្លះក៏គិតថា គ្រាន់តែធ្វើជាមនុស្សល្អចាំបាច់រៀនដែរ? ខ្ញុំគិតថាត្រូវរៀន ពោលគឺរៀនកាត់បន្ថយការគិតអាក្រក់ ហើយបណ្ដុះនូវការគិតល្អ។ នេះជាលក្ខណៈពិសេសខាងក្នុង ដែលមនុស្សភាគច្រើនមើលមិនឃើញ និងយកចិត្តទុកដាក់តែសំបកខាងក្រៅ។
 
រៀនធ្វើជាមនុស្សល្អ គឺត្រូវរៀនចេះដឹងគុណ ចេះស្រលាញ់ ចេះគោរព ចេះអាណិត ចេះទទួលខុសត្រូវ។ សាកស្រមៃទៅមើល តើអ្នកចូលចិត្តមនុស្សដូចដែលរៀបរាប់ទេ? នោះហើយដែលធ្វើឱ្យមនុស្សល្អទទួលបានក្ដីសុខ ពោលគឺសុខព្រោះមានអ្នកផងស្រលាញ់ សុខកើតចេញពីការគិតល្អរបស់ខ្លួន សុខដោយមិនខ្វល់ថាមានអ្នកណាគិតអាក្រក់លើខ្លួន។
 
មនុស្សគ្រប់គ្នាតែងតែជួបឧសគ្គ ដើម្បីផ្លាស់ប្ដូរខ្លួនឯង និងឈានទៅដល់ចំណុចដឹងថាខ្លួនឯងរស់ដើម្បីអ្វី? បើយើងព្យាយាមសង្កេត យើងក៏ដឹងថាផ្នត់គំនិតរបស់មនុស្សតែងតែផ្លាស់ប្ដូរ ប៉ុន្តែយើងបានឃើញច្បាស់ត្រឹមតែស្ថានភាពជីវិតប៉ុណ្ណោះ។ តាមពិត ស្ថានភាពជីវិតនិងផ្នត់គំនិតតែងតែផ្លាស់ប្ដូរដំណាលគ្នា។ ពេលយើងគិតល្អ យើងនឹងជួបរឿងល្អ ពេលយើងគិតត្រូវ យើងនឹងដើរផ្លូវត្រូវ។ តាមបទពិសោធន៍នេះ ខ្ញុំយល់ថា មនុស្សពិតជាអាចរៀបចំឆាកជីវិតខ្លួនឯង តាមរយៈការគ្រប់គ្រងការគិតរបស់ខ្លួន។

13139020_10201693659019214_5978874188517692113_n

ខែ​ឧសភា 5, 2016 at 5:31 ល្ងាច មតិ ១

អ្នកមាន

ថ្ងៃនេះខ្ញុំបានសរសេររឿងខ្លីមួយ និយាយពីទឹកចិត្ត។ ខ្ញុំបានគំនិតរឿងមួយនេះនៅតាមផ្លូវមកធ្វើការ។ ថ្ងៃនេះមេឃក្ដៅខ្លាំងណាស់ ហើយពេលឈប់ស្ដុប ខ្ញុំឃើញពូម្នាក់លក់ឈូក ខ្ញុំគិតថា បើគាត់លក់អស់ តើគាត់ចំណេញបានលុយប៉ុន្មាន? បានស្មើនឹងខ្ញុំធ្វើការនៅកន្លែងម៉ាស៊ីនត្រជាក់មួយថ្ងៃទេ? ពេលនោះខ្ញុំមិនចង់ហូបផ្លែឈូកទេ តែខ្ញុំអាណិតគាត់ ខ្ញុំក៏ទិញ រួចខ្ញុំឱ្យទៅអ្នកសុំទាននៅជិតនោះ។ ខ្ញុំស្ដាយ ដែលជួយទិញគាត់តិចពេក មិនទាន់បានចូលការិយាល័យផង ខ្ញុំឱ្យសន្តិសុខយាមក្រុមហ៊ុនអស់។ កាលពីមុន ម៉ែខ្ញុំធ្លាប់និយាយថា កុំឈប់ធ្វើការ ប្រាក់ខែខ្ញុំប៉ុណ្ណឹងច្រើនហើយ ព្រោះគាត់ដើរលក់នំមួយថ្ងៃបានតែប៉ុន្មានពាន់រៀលប៉ុណ្ណោះ។ ខ្ញុំតែងតែនឹកឃើញម៉ែ នៅពេលខ្ញុំឃើញអ្នកលក់ចំណីនៅតាមផ្លូវ។ កាលពីតូចខ្ញុំក៏ធ្លាប់ទូលនំលក់ដែរ ហើយពេលគេមកទិញ ខ្ញុំត្រេកអរណាស់។ ទឹកចិត្តមួយនេះជម្រុញឱ្យខ្ញុំជួយទិញអ្នកលក់តាមផ្លូវ។ តាមពិតទៅ ពេលចូលទៅហាងថ្លៃៗ ឬផឹកកាហ្វេមួយកែវ៤ដុល្លារ ខ្ញុំគិតខ្លាំងណាស់ ព្រោះប្រាក់ប៉ុណ្ណេះអាចជាអាហារមួយថ្ងៃសម្រាប់មនុស្សមួយគ្រួសារ។ ម៉ែខ្ញុំគាត់ស្ដាយលុយណាស់ ហើយមួយរយៈនេះខ្ញុំក៏ចាយច្រើនដែរ ហេតុនេះខ្ញុំត្រូវកាត់បន្ថយការចាយជាមួយអ្នកមាន មកចាយជាមួយអ្នកក្រវិញ។

រឿងខ្លីមួយនេះ ខ្ញុំសរសេរជារូបភាពវីដេអូអប់រំ ហើយសង្ឃឹមថានឹងបានថតនៅថ្ងៃណាមួយ។

Microsoft Word - Document1

ខែ​មេសា 21, 2016 at 5:23 ល្ងាច បញ្ចេញមតិ

ខ្ញុំទើបតែដឹង

image

គ្រប់ពេលធ្វើដំណើរ ខ្ញុំស្ងាត់ស្ងៀម ខ្ញុំគិតច្រើន ព្រោះខ្ញុំឃើញច្រើន។ ខ្ញុំកាន់តែដឹង ថាទម្រាំតែបានរស់ មនុស្សម្នាខំប្រឹងណាស់។ ជីវិតពិតជាអស្ចារ្យណាស់ហើយ ទើបពួកគេខំប្រឹងដើម្បីរស់។ អ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃ បញ្ហារញ៉េរញ៉ៃមិនស្មើនឹងបញ្ហាក្រពះ។ ដើម្បីមានលំនឹងក្នុងជីវិត មនុស្សត្រូវមានទំនាក់ទំនងល្អ។ ដើម្បីមានទំនាក់ទំនងល្អ មនុស្សត្រូវមានបញ្ញា។ ដើម្បីមានបញ្ញា មនុស្សត្រូវរៀនសូត្រ។

ចួនកាលយើងគិតថា អ្នកនោះជាមនុស្សអាក្រក់ អ្នកនោះជាមនុស្សឆ្មើង អ្នកនោះជាមនុស្សសួនតួ… តែតាមពិតយើងមិនអាចវិនិច្ឆ័យថាគេជាមនុស្សបែបណាឡើយ ព្រោះគេជាមនុស្សបែបណា គឺអាស្រ័យលើអ្នកណាដែលគេប្រាស្រ័យទាក់ទងជាមួយ។ មើលរឿង #thejunglebook គេនិយាយថា ដើម្បីរស់បាន ម៉ៅឃ្លី ត្រូវមានក្រុម។ អ៊ីចឹងអ្នកគ្រប់គ្នាសុទ្ធតែជាមនុស្សអស្ចារ្យសម្រាប់ក្រុមរបស់គេ។ ខ្ញុំសឹងតែគ្មានអ្វីនិយាយ នៅពេលដែលខ្ញុំស្ថិតក្នុងចំណោមមនុស្សដែលមានការគិតមិនដូចខ្ញុំ ហើយខ្ញុំក៏មានអារម្មណ៍ឯកា។ មិនខុសពីម៉ៅឃ្លីទេ គឺខ្ញុំកំពុងស្វែងរកក្រុមពិតប្រាកដរបស់ខ្ញុំ។

ក្រុមជាចំណែកខ្វះមិនបានរបស់មនុស្ស។ ខ្ញុំធ្លាប់ចង់រៀនរស់តែម្នាក់ឯង ប៉ុន្តែវាទៅមិនរួចនោះទេ។ ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីមនុស្សចូលចិត្តអួតគ្នា ចូលចិត្តនិយាយពីសមត្ថភាពពូកែរបស់ខ្លួនឯងប្រាប់គេ… ហើយខ្ញុំធ្លាប់លាក់បាំងសមត្ថភាពខ្លួនឯង ព្រោះចង់ដឹងថាគេឱ្យតម្លៃខ្ញុំយ៉ាងណា បើគេមិនបានស្គាល់ខ្ញុំ។ គ្មានអ្នកណាឱ្យតម្លៃខ្ញុំនោះទេ បើគេមិនស្គាល់ខ្ញុំ ហើយខ្ញុំក៏ដឹងថា ហេតុអ្វីក៏មនុស្សខំប្រឹងរកវិធីដើម្បីឱ្យគេស្គាល់ ខំប្រឹងដណ្ដើមយកភាពល្បីល្បាញ គឺកត្តាទាំងនេះឯង ដែលធ្វើឱ្យពួកគេមានអ្នកចាប់អារម្មណ៍ យករូបគេជាក្រុម។ មនុស្សត្រូវការក្រុម ត្រូវការក្ដីស្រលាញ់ ត្រូវការការការពារ ដើម្បីរស់នៅដោយសុវត្ថិភាពទៅថ្ងៃមុខ។

ខែ​មេសា 17, 2016 at 12:56 ព្រឹក មតិ ១

THE MAGIC

imageខ្ញុំទើបតែអានបានប៉ុន្មានទំព័រទេ តែចូលចិត្តសៀវភៅនេះខ្លាំងណាស់។ កន្លងមកប្រាកដជាមានអ្នកខ្លះធុញនឹងអានអត្ថបទអស់សង្ឃឹមរបស់ខ្ញុំហើយ។ ខ្ញុំងប់ងុលនឹងការគិតអវិជ្ជមានជាយូរមកហើយ ហើយខ្ញុំហាក់ដូចជាស្ដាយនូវរឿងអកុសលជាច្រើន ដែលខ្ញុំមិនព្រមបំភ្លេច។ ស្រាប់តែសៀវភៅវនេះអាចប្រាប់ខ្ញុំថា គ្មានប្រយោជន៍អ្វីដែលត្រូវស្ដាយចំពោះរឿងអកុសលនោះទេ ហើយត្រូវប្ដូរមកគិតតែរឿងល្អៗ ដើម្បីស្រូបទាញយកអ្វីល្អៗចូលមកក្នុងជីវិតរបស់យើង។ ខណៈនេះខ្ញុំភ្ញាក់នឹងខ្លួនឯងដែលកាន់តែចាស់កាន់តែល្ងង់ កាន់តែឆ្ងាយពីអារម្មណ៍ល្អៗកាលពីនៅជាកូនក្មេង។ ខ្ញុំនឹងស្វែងរកអារម្មណ៍កុមារភាពឱ្យត្រឡប់មកវិញ ហើយបន្តរស់នៅជាមួយនឹងក្ដីស្រមៃដ៏ស្រស់បំព្រង ក៏ព្យាយាមធ្វើឱ្យពិភពលោកនេះកាន់តែប្រសើរឡើង ដោយឈប់ខ្វល់នឹងគំនិតល្អក់កករទៀតហើយ។ រស់នៅដោយក្ដីដឹងគុណ ដោយក្ដីស្រលាញ់ អរគុណគ្រប់គ្នាដែលតែងបារម្ភពីខ្ញុំ ខ្ញុំស្រលាញ់មនុស្សគ្រប់គ្នា។ 💙📖🙏 #themagic

ខែ​មេសា 12, 2016 at 1:30 ព្រឹក បញ្ចេញមតិ

I’m not perfect

‘I’m not perfect’ ខ្ញុំត្រូវប្រើឃ្លានេះដើម្បីដាស់តឿនខ្លួនឯង ព្រោះខ្ញុំបានដឹងថា មូលហេតុដែលធ្វើឱ្យខ្ញុំកើតទុក្ខមករហូត គឺដោយសារខ្ញុំចង់ក្លាយជាមនុស្សល្អឥតខ្ចោះ។ វាទៅមិនរួចទេ ហើយគ្រប់ពេលដែលទទួលអារម្មណ៍ថា ខ្លួនឯងល្អមិនគ្រប់គ្រាន់ ខ្ញុំតែងតែបាក់ទឹកចិត្ត។

ពេលខ្ញុំមើលទៅអតីតកាល អ្នកដែលលេង​ facebook ជាមួយខ្ញុំជាច្រើននាក់បាន unfriend ខ្ញុំចោល។ កាលពីមុនខ្ញុំឆ្ងល់ថា ម៉េចក៏ facebook កំណត់ឱ្យយើងមានមិត្រត្រឹមតែ៥ពាន់នាក់ ពេលនេះខ្ញុំយល់ហើយ ព្រោះចំនួនប៉ុណ្ណេះវាច្រើនពេកហើយសម្រាប់មនុស្សម្នាក់ គឺជាក់ស្ដែង ទោះខ្ញុំព្យាយាមយ៉ាងណាក៏ខ្ញុំនៅតែមិនអាចថែអ្នកដែលធ្លាប់ស្គាល់ឱ្យគេនៅឱ្យតម្លៃខ្ញុំដដែល។ ពេលវេលាធ្វើឱ្យយើងដឹងថា អ្នកណាជាមិត្រភក្តិពិតប្រាកដរបស់យើង។ កន្លងមក ខ្ញុំតែងតែមានស្នាមញញឹមចំពោះមនុស្សគ្រប់គ្នា ហើយក្នុង facebook ខ្ញុំព្យាយាមឆ្លើយគ្រប់មតិ និងតបគ្រប់សារ បើទោះជាខ្ញុំមិនស្គាល់គេក៏ដោយ។ ខ្ញុំបានដឹងថា មានមនុស្សតិចណាស់ដែលគេធ្វើដូចខ្ញុំ ពិសេសមនុស្សក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រោះគេគ្មានពេលគ្រប់គ្រាន់នឹងឱ្យមនុស្សគ្រប់គ្នាដែលស្គាល់គេ។ ខ្ញុំដូចជាល្ងង់ណាស់ ធ្វើមើលតែខ្លួនឯងហ្នឹងជាទេវតា ផ្ដល់តម្លៃឱ្យមនុស្សស្មើៗគ្នា តែទីបំផុតខ្ញុំនៅសល់តែម្នាក់ឯង គ្មានអ្នកជិតដិតឡើយ។ នេះជាសេចក្ដីពិត ដែលសឹងតែគ្រប់គ្នាគេបានទទួលស្គាល់ទៅហើយ នៅឡើយតែខ្ញុំ។ ខ្ញុំជាមនុស្សលោភលន់ ចង់ឱ្យមនុស្សគ្រប់គ្នាស្រលាញ់ខ្ញុំ ហេតុនេះក៏ឧស្សាហ៍អស់សង្ឃឹម​ ពេលដឹងថាមានអ្នកណាមិនចូលចិត្តខ្ញុំ។

ជួនកាលសេចក្ដីពិតគឺឃោរឃៅណាស់ចំពោះមនុស្សដូចជាខ្ញុំ។ មិត្រភក្តិប្រៀបដូចជាពពកដែលរសាត់ទៅរសាត់មក ដោយយើងគ្មានអំណាចប្រមូលផ្ដុំពួកគេមកឱ្យនៅក្បែរយើងរហូតឡើយ។ ខ្ញុំធ្លាប់នឹកស្មានថា ពេលវេលាកាន់តែយូរ ខ្ញុំមានមិត្រកាន់តែច្រើន តែទីបំផុតទើបខ្ញុំដឹងថា ពួកគេបានប្ដូរមុខគ្នាជានិច្ច ហើយអ្នកខ្លះភ្លេចនឹកនាដល់ខ្ញុំក៏មាន។ តើខ្ញុំត្រូវមានសង្ឃឹមទៀត ឬក៏ត្រូវព្យាយាមរស់ជាមួយនឹងសេចក្ដីពិត? សេចក្ដីពិតដែលប្រាប់ថា ជីវិតគឺឯកា គ្មានអ្នកណាដែលអាចទុកចិត្តបាន គ្មានអ្នកណាដែលស្រលាញ់យើងរហូត គ្មានអ្នកណាដែលមិនផ្លាស់ប្ដូរ គ្មានអ្វីដែលស្ថិតស្ថេរ…

‘I’m not perfect’ ខ្ញុំមិនទាន់ក្លាយជាមនុស្សដែលខ្ញុំចង់ក្លាយ។ អាយុប៉ុណ្ណេះ ខ្ញុំក៏មានការគិតខ្លួនឯងហើយ មិនមែនបុរេវិនិច្ឆ័យទេ ព្រោះខ្ញុំអាចមើលដឹងពីចំណុចខ្វះខាត ឬចំណុចអាក្រក់របស់ខ្លួន។ ខ្ញុំមិនព្រងើយកន្តើយនឹងការកែប្រែខ្លួនទេ ហើយប្រហែលនេះហើយជាកិច្ចការដែលខ្ញុំត្រូវធ្វើបន្ត ជាក្ដីស្រមៃពិតប្រាកដនៃការរស់នៅរបស់ខ្ញុំ។ ឆ្លងកាត់ការរស់នៅជាមួយមនុស្សដ៏ច្រើន ខ្ញុំបានយល់ខ្លះៗពីអារម្មណ៍របស់ពួកគេ។ ពួកគេឱ្យតម្លៃខ្លាំងទៅលើទ្រព្យសម្បត្តិ ទើបកើតជាការប្រកួតប្រជែង ទាស់ទែងគ្នាមិនចេះចប់។ ខ្ញុំក៏ធ្លាប់សរសើរពួកគេ ដែលអាចស្គាល់ពីក្ដីស្រមៃរបស់ខ្លួនឯង ហើយមានកម្លាំងចិត្តប្រយុទ្ធដើម្បីបានវា។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ខ្ញុំគិតខុសពីគេ ទើបកន្លងមកខ្ញុំបន្ទោសខ្លួនឯងរហូត ថាខ្លួនឯងទន់ជ្រាយ រស់នៅគ្មានក្ដីស្រមៃ។ តាមពិតក្ដីស្រមៃរបស់ខ្ញុំមិនមែនត្រឹមតែជាសម្បត្តិក្រៅខ្លួនទេ តែគឺដួងចិត្តមួយដែលល្អបរិសុទ្ធ រហូតដល់ជួបអារម្មណ៍ពិតប្រាកដមួយ គឺសុភមង្គលកើតចេញពីក្នុងចិត្ត។

ខ្ញុំនឹងព្យាយាម៖12325385_10201396338586389_1871404232_n

 

ខែ​កុម្ភៈ 19, 2016 at 2:21 ល្ងាច បញ្ចេញមតិ

រស់ដើម្បីអ្វី?

ជួនកាលខ្ញុំដឹងចម្លើយ ជួនកាលខ្ញុំមិនដឹងស្អីសោះ។ អត្ថបទដែលខ្ញុំសរសេរ គ្មានប្រយោជន៍សម្រាប់អ្នកណាឡើយ គ្រាន់តែកត់ទុកនូវអារម្មណ៍ស្មុគស្មាញ ដែលខ្ញុំមិនដឹងថាត្រូវប្រាប់អ្នកណា ឬដោះស្រាយយ៉ាងម៉េច។ ខ្ញុំធ្លាប់សរសេរចម្រៀង ឬអត្ថបទទាក់ទងនឹងក្ដីសង្ឃឹម ផ្ដល់កម្លាំងឱ្យអ្នកដទៃ តែនៅថ្ងៃនេះ ខ្ញុំនៅតែទន់ជ្រាយ មិនដឹងថាតើខ្លួនឯងរស់ដើម្បីអ្វីដដែល។

ក្ដីស្រលាញ់ជាកម្លាំងពិសេសដែលផ្ដល់អត្ថន័យដល់ជីវិត តែពេលនេះ ខ្ញុំយល់ថា ក្ដីស្រលាញ់ហាក់ដូចជាត្រូវរៀនស្រលាញ់ទៅវិញ។ ខ្ញុំបានមើលស្នាដៃសិល្បៈមួយចំនួន ដែលគេធ្វើឡើងដើម្បីបង្រៀនមនុស្សឱ្យចេះស្រលាញ់អ្នកមានគុណ ឬមនុស្សដែលយើងគួរតែស្រលាញ់។ វាបានផ្ដល់អារម្មណ៍ម្យ៉ាងឱ្យខ្ញុំ វាប្រៀបដូចជាជីវិតនេះត្រូវចេះរស់នៅឱ្យបានត្រឹមត្រូវ មិនមែនគ្រាន់តែរស់នៅតាមធម្មជាតិនោះទេ។ ព្រះពុទ្ធទ្រង់បានសម្រេចចិត្តបញ្ចប់វដ្ដសង្សារជីវិត ឬក៏នេះជាវិធីតែម្យ៉ាងដើម្បីរំលត់ទុក្ខ? អ៊ីចឹងតើខ្ញុំអាចមានឱកាស​រកបានឆាកជីវិតសាមញ្ញដ៏រីករាយបានដែរទេ?

ជីវិតហាក់ដូចជាកាតព្វកិច្ច រស់នៅត្រូវមានប្រយោជន៍។ គេថាសំណាងណាស់ ទម្រាំបានកើតជាមនុស្ស ហេតុនេះត្រូវចេះស្រលាញ់ជីវិត។ ខ្ញុំល្ងង់ណាស់ ខ្ញុំគិតថា បើរស់មិនសប្បាយចិត្តផង តើបន្តរស់នៅធ្វើអ្វី? មានហេតុផលខ្លះៗដែលខ្ញុំធ្លាប់ឆ្លើយ ដូចជារស់ដើម្បីអ្នកដទៃ រស់ដើម្បីជួយគេ… នេះជាកាតព្វកិច្ចរបស់មនុស្សល្អ រស់មានន័យ ស្លាប់ទៅបន្សល់កេរ្តិ៍ឈ្មោះលើផែនដី។ តើត្រូវយកគំរូជីវិតបែបនេះមែនទេ? ខ្ញុំក៏ធ្លាប់ទទួលអារម្មណ៍សប្បាយចិត្ត ពេលបានជួយអ្នកដទៃដែរ តែបន្ទាប់មកក៏ហត់នឿយទៅវិញ រួចក៏ចង់ដេកលក់ជារៀងរហូត។

ប្រហែលជាខ្ញុំខ្វះក្ដីស្រមៃ ខ្វះគោលដៅជីវិត ទើបខ្ញុំគ្មានកម្លាំងចិត្តបន្តសោះ។ តើធ្វើយ៉ាងម៉េចទើបអាចបង្កើតវាបានដូចគេ? ខ្ញុំធ្លាប់គិតថា ចង់យកសាសនាណាមួយធ្វើជាទីពឹង ឱ្យមានអារម្មណ៍កក់ក្ដៅ តែបន្ទាប់មកខ្ញុំក៏គិតថា ខ្ញុំត្រូវការជីវិតលោកិយជាង។ ពេលនេះខ្ញុំពិតជាចង់ស្ដាប់យោបល់ពីអ្នកជោគជ័យក្នុងជីវិត ថាតើមានរឿងល្អអ្វីខ្លះដែលមនុស្សត្រូវរស់បន្តទៀត?

ខែ​កុម្ភៈ 15, 2016 at 4:53 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 215,500 hits
Visit Cute-Spot.com!