Posts filed under ‘អារម្មណ៍’
ទេសចរណ៍ឋាននរក
ភាពយន្តនេះគឺជាការឆ្លើយតបដ៏រំភើបមួយពីខ្ញុំទៅកាន់អ្នកគាំទ្រ។ ពេលនេះ ចំណងជើងតូចមួយ #ទេសចរណ៍ឋាននរក នៅក្នុងសៀវភៅ #ចង្កៀងនិទានរឿងខ្មោច បានលេចចេញជារូបរាងភាពយន្តហើយ។ បើទោះជាវាមិនល្អឥតខ្ចោះដូចក្នុងក្ដីស្រមៃ តែវាបានបង្រៀនខ្ញុំយ៉ាងច្រើនពីការងារផលិត និងផ្ដល់ឱ្យខ្ញុំយ៉ាងច្រើននូវបទពិសោធន៍ជីវិត ទើបខ្ញុំចាត់ទុកថា ស្នាដៃមួយនេះជាចំណុចផ្ដើមដ៏មានតម្លៃក្នុងជីវិត។ ក្នុងសាច់រឿងនេះ មានប្រយោគមួយនិយាយថា «បើយើងជាមនុស្សល្អ ពេលវេលានឹងនាំយកមនុស្សដែលមិនល្អ ឱ្យចាកចេញពីជីវិតយើង» ដែលនេះជាកម្លាំងចិត្តមួយ ធ្វើឱ្យខ្ញុំកាន់តែស្រលាញ់ការធ្វើល្អ។ ធ្វើល្អ ទោះជាមិនបានផលក្នុងពេលនេះ តែវានឹងមានផ្លែផ្កានៅថ្ងៃក្រោយ។ ឆាកជីវិតមិនគួរឱ្យខ្លាចពេកទេ បើយើងព្យាយាមយល់ឱ្យច្បាស់។ មានប្រយោគមួយទៀត ដែលខ្ញុំទើបតែអាន គឺ «បើមានអារម្មណ៍ថា ខ្លួនឯងដូចកំពុងតែធ្លាក់នរក អ៊ីចឹងទៅលេងនរកឱ្យស្គាល់ម្ដងទៅ»
សង្ខេបរឿង #ទេចរណ៍ឋាននរក៖ វាសនាជាអ្នកនិពន្ធ ចង់សរសេររឿងខ្មោចឱ្យល្បី ត្រូវទីផ្សារ ហើយនៅយប់មួយគេក៏បានទទួលទូរស័ព្ទពីក្រុមហ៊ុនទេសចរណ៍ឋាននរក អញ្ជើញគេទៅទស្សនា និងសិក្សា ដើម្បីការងាររបស់គេ។ នៅឋាននរក វាសនាបានជួបនឹង បញ្ញា ជាមគ្គុទេសនាំផ្លូវគេ។ បញ្ញា ធ្វើឱ្យវាសនាមើលដឹងថា នាងខ្លាចប៉ូលីស ព្រោះនាងជាជនអន្តោប្រវេសន៍ខុសច្បាស់នៅឋាននរក។ សាច់រឿងរបស់បញ្ញា ពិតជាធ្វើឱ្យវាសនាចាប់អារម្មណ៍ ហើយបន្ទាប់មកក៏កើតចិត្តអាណិត និងស្រលាញ់នាង តែក៏ដល់ពេលដែលគេត្រូវត្រឡប់មកឋានមនុស្សវិញ។
អ្នកដឹកនាំក្នុងក្ដីស្រមៃ
ពេលនឹកឃើញដល់អ្នកដឹកនាំដែលខ្ញុំធ្លាប់ស្គាល់ ខ្ញុំក៏មើលឃើញថា ពួកគាត់គ្រាន់តែចេះលួង គ្រាន់តែចេះសម្ដែង គ្រាន់តែចេះលេងនយោបាយ ដើម្បីបោកគេប្រើប៉ុណ្ណោះ។ ពួកគាត់មិនដែលខ្វល់នឹងក្ដីស្រមៃរបស់កូនចៅទេ ពោលគឺមើលរំលង និងអាត្មានិយម។ ធ្លាប់ឮពាក្យមួយឃ្លាទេ? «បើយើងគ្មានសុបិន យើងនឹងត្រូវបានគេជួលទៅធ្វើការដើម្បីសុបិនរបស់គេ» អ៊ីចឹងតើហ៊ានគិតទេ ថាអ្នកអាចក្លាយជាអ្នកដឹកនាំល្អជាង? អ្នកដឹកនាំដែលមិនត្រឹមតែធ្វើតាមសុបិនខ្លួនឯង ថែមទាំងជួយសម្រេចសុបិនរបស់អ្នកដទៃ ដើម្បីសង្គមជាតិ ដើម្បីពិភពលោក ប្ដូរពីរូបភាពសួនតួដូចដែលអ្នកធ្លាប់ឃើញនេះចេញ!
ចូររស់ឱ្យមានប្រយោជន៍ (living) កុំគ្រាន់តែរស់ (exist) 😔👈
“You only live once, but if you do it right, once is enough.” – Mae West
ស្នេហា និង ខ្មោច
ស្នេហា និង ខ្មោច ជារបស់ពីរយ៉ាង ដែលគ្រប់គ្នាចូលចិត្តលើកមកនិយាយ តែមានអ្នកតិចណាស់ ដែលបានស្គាល់ ហើយក៏មិនដឹងប្រាប់យ៉ាងម៉េចឱ្យគេយល់ បើគេមិនបានជួបខ្លួនឯង។ ជាប្រយោគនៅក្នុងកុន ដែលខ្ញុំទើបតែមើលមុននេះ ទៅមើលកុនម្នាក់ឯង «ម្នាក់ឯង តែមិនឯកា» អារម្មណ៍នេះ ក៏ខ្ញុំទើបតែយល់ដែរ ហើយធ្វើឱ្យខ្ញុំដឹងថា ពេលវេលាជាកត្តាសំខាន់ក្នុងការយល់ពីរឿងអ្វីមួយ ពោលបើពេលវេលាមកដល់ យើងនឹងយល់ច្បាស់មិនខាន។
កាលពីមុន ខ្ញុំនិយាយអ្វីដែលគ្រាន់តែជាក្ដីស្រមៃ ថាខ្ញុំអាចធ្វើបាន ដូចជាថា ខ្ញុំចូលចិត្តមើលកុនម្នាក់ឯង តែធាតុពិតខ្ញុំឯកោខ្លាំងណាស់។ តែពេលនេះ ខ្ញុំមិនមែននិយាយឱ្យគេសរសើរទៀតទេ គឺខ្ញុំពិតជាមិនឯកាមែន ថែមទាំងទទួលអារម្មណ៍នៃសេរីភាពពេញទី។ ចុះបើមានគ្នាយ៉ាងម៉េច? ក៏សប្បាយតាមរបៀបមានគ្នា តែបើមានគ្នាមានបញ្ហា ឬនាំឱ្យរំខាន គឺត្រូវតែសម្រេចចិត្តថា តើគួរមានគ្នាឬអត់។
ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានខែនេះ បន្ទាប់ពីរំដោះខ្លួនចេញពីទស្សនៈជីវិតឥតន័យបាន។ ខ្ញុំយល់ច្បាស់ពីឥទ្ធិពលនៃការគិត ហើយក៏ខំរៀនបង្វែរការគិតអវិជ្ជមាន មកជាការគិតវិជ្ជមាន ចំពោះគ្រប់រឿងដែលខ្ញុំបានជួប។ ក្នុងហេតុការណ៍នីមួយៗ មនុស្សអាចយកមកគិតខុសៗគ្នា តែនៅពេលនេះ ខ្ញុំចង់ឱ្យមនុស្សដែលស្គាល់ខ្ញុំ ចេះជ្រើសរើសការគិតណាដែលមានប្រយោជន៍ គិតដើម្បីដោះស្រាយ គិតដើម្បីសប្បាយចិត្ត៖
~ពេលបាត់របស់អ្វី ចូរគិតថា «គ្មានរបស់ណាបាត់ទេ គ្រាន់តែវាប្ដូរម្ចាស់» វាមិនមែនជារឿងកំប្លែងទេ គឺជាការពិតក្នុងលោកនេះ។
~ពេលធ្វើការហត់ខ្លាំង ចូរជឿថា យើងនឹងបានផលតបស្នងច្រើនដូចគ្នា ដែលផលនោះនឹងកើតឡើងពិតមែន ចំពោះអ្នកដែលព្រមធ្វើការដោយសុទ្ធចិត្ត។
~ពេលឱ្យអ្វីទៅគេ ឬក៏ជួយគេ កុំស្ដាយ ឬគិតថាគេរមើលគុណ ចូរជឿថា យើងនឹងបានមកវិញច្រើនជាង ហើយយើងនឹងមានអ្នកផ្សេងទៀត ជួយយើងវិញមិនខាន ដែលនេះគឺជាច្បាប់នៃការស្របទាញ។
~ពេលត្រូវបានអ្នកណាម្នាក់ធ្វើបាប ចូរអាណិតគេ ព្រោះគេកំពុងតែដើរផ្លូវខុស ជីវិតគេនឹងមិនសប្បាយចិត្ត ព្រោះគេគិតរឿងមិនល្អ ហើយជំនួសដោយមិនស្អប់ ចូរអរគុណគេ ដែលធ្វើឱ្យយើងដឹងថា អ្នកណាល្អនឹងយើងពិតប្រាកដ។
~ពេលជួបរឿងអាក្រក់ កុំអស់សង្ឃឹម ឬបាក់ទឹកចិត្ត ហើយត្រូវរក្សាជំហជាមនុស្សល្អ បន្តស្វែងយល់និងដោះស្រាយ ហើយជឿទៅ បញ្ហាកាន់តែធំ រង្វាន់ក៏កាន់តែធំដែរ។
~ពេលធ្វើអ្វីតែម្នាក់ឯង កុំគិតថាគ្មានអ្នកណាស្រលាញ់ តែត្រូវចេះប្រើសេរីភាព ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយត្រូវដឹងថា នេះជាឱកាសសាងខ្លួនឯងឱ្យរឹងមាំពិតប្រាកដ។
*ខ្ញុំជឿថា ប្រាកដជាមានអ្នកបានឆ្លងកាត់បទពិសោធន៍បែបនេះរួចហើយ ដែលធ្វើឱ្យជីវិតកាន់តែប្រសើរ ព្រោះរឿងល្អៗក៏ចូលមកតាមរយៈការគិតបែបវិជ្ជមាន អ៊ីចឹងជួយសរសេរមតិចែករំលែកបន្ថែមផង ថាពេលជួបបញ្ហា តើគួរគិតបែបណា ដើម្បីប្រើការគិតជាប្រយោជន៍ និងចាកផុតពីការគិតអាក្រក់ៗ រកច្រកចេញមិនឃើញ រហូតដល់គិតខ្លី ពិតជាគួរឱ្យខ្លាចណាស់។ ត្រូវចាំថា យើងមិនអាចបញ្ឈប់ការគិតអ្វីមួយបានទេ តែយើងអាចបង្វែរការគិតបាន។ ខណៈដែលរឿងល្អៗចូលមកក្នុងខួរក្បាលយើងកាន់តែច្រើន ការចងចាំរឿងអាក្រក់ៗនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ។ #សុខចាន់ផល
និស្ស័យ
ខ្ញុំទើបតែឆ្ងល់ថា ដំបូងឡើងតើនិស្ស័យកើតដោយរបៀបណា? ក៏មិនទាន់យល់ច្បាស់ ថាស្អីជានិស្ស័យដែរ។ បើកវចនានុក្រមមើល ចួនកាលក៏ជួយឱ្យយល់ស៊ីជម្រៅមិនបាន តែប្រហែលជានិស្ស័យហើយ ដែលធ្វើឱ្យខ្ញុំបានយល់នៅថ្ងៃនេះ។ ខ្ញុំស្រាប់តែនឹកថា ឬក៏ខ្ញុំទើបតែយល់រឿងខ្លះនៅក្នុងជាតិនេះ… ខ្ញុំនឹងឱ្យនិយមន័យនិស្ស័យ តាមការយល់ឃើញរបស់ខ្ញុំ។
មនុស្សដែលស្រលាញ់គ្នាបាន គឺដោយសារតែពួកគេមាននិស្ស័យជាមួយគ្នា ដែលយើងត្រូវនិយាយដល់រឿងអតីតជាតិ ក៏ធ្វើឱ្យខ្ញុំឆ្ងល់ថា អ្វីជាចំណុចផ្ដើមដែលធ្វើឱ្យមនុស្សពីរនាក់មាននិស្ស័យនឹងគ្នា? ខ្ញុំសូមឱ្យនិយមន័យថា និស្ស័យគឺជាការជួបគ្នានាខណៈមួយ ដោយសារធ្លាប់ជួយគ្នាពីអតីតកាល។
ខ្ញុំចាប់គិតពីមនុស្សដែលបានចូលមកក្នុងជីវិតខ្ញុំ។ អ្នកខ្លះមកមួយភ្លែត ក៏ត្រឡប់ទៅវិញ អ្នកខ្លះនៅក្បែរគ្នារាល់ថ្ងៃ តែខ្ញុំបែរជាមិនខ្វល់នឹងគេ។ មាននិស្ស័យជាមួយគ្នាតិច នៅជាមួយគ្នាខ្លី តែយើងក៏អាចកសាងនិស្ស័យបន្ត ឬបង្កើតនិស្ស័យថ្មីបាន។ កាលដែលបានស្គាល់គ្នាគឺជានិស្ស័យតិចតួច តែកាលដែលជួយគ្នា គឺជាការកសាងនិស្ស័យបន្ថែម។ ទំនាក់ទំនងនៅលើផែនដីនេះគឺប្រាកដជាស៊ាំញ៉ាំណាស់ ហើយបើនិស្ស័យពីរឿងគូព្រេងវិញ គឺប្រាកដជាធ្លាក់លើមនុស្សដែលយើងមាននិស្ស័យនឹងគ្នាច្រើនជាងគេ ប៉ុន្តែអ្នកទាំងពីរក៏អាចបែកគ្នា បើសិនជាមានអ្នកណាម្នាក់មិនចង់បន្តនិស្ស័យ ហើយក៏អាចទៅជួបនឹងមនុស្សម្នាក់ទៀត បើទោះជាមាននិស្ស័យតិចជាង។
ថ្ងៃនេះពេលត្រឡប់មកផ្ទះ ខ្ញុំចូលទិញតែទឹកដោះគោផឹក តែមិនចង់ផឹកតាមផ្លូវ ក៏គិតថា ទុកផឹកនៅផ្ទះ រួចក៏នឹកឃើញថា ហេតុអ្វីក៏ខ្ញុំមិនទិញផ្ញើអ្នកផ្ទះ ផឹកម្នាក់ឯងអ៊ីចឹងមិនសមទេ។ ពេលនោះ ខ្ញុំក៏ភ្ញាក់ខ្លួនភ្លាមថា នេះហើយគឺជាអ្វីដែលមនុស្សត្រូវធ្វើ។ ដំបូងយើងត្រូវដឹងគុណដល់មនុស្សដែលមាននិស្ស័យនឹងយើង ដូចជាឪពុម្ដាយ ដែលពួកគាត់បានបង្កើតយើង មានន័យថាគាត់បានជួយយើងឱ្យមានរូបរាងជាមនុស្ស ហើយចិញ្ចឹមយើងឱ្យធំឡើង ដែលបំណុលនិស្ស័យនេះ យើងត្រូវតែសងពួកគាត់វិញ រួចក៏ព្យាយាមជួយគ្រប់មនុស្សដែលយើងជួប ដើម្បីបន្តនិស្ស័យល្អជាមួយគ្នា។
ខ្ញុំជឿថា យើងនឹងមិនខ្វះញាតិទេ បើយើងចេះកសាងនិស្ស័យបែបនេះ។ សងនិស្ស័យចាស់ សាងនិស្ស័យថ្មី លោកិយនឹងក្លាយជាកន្លែងជួបជុំដ៏រីករាយ។ #សុខចាន់ផល
ផលនិស្ស័យ
មួយរយៈនេះខ្ញុំសរសេរអត្ថបទផ្លូវចិត្តច្រើនណាស់។ មិនមែនខ្ញុំមានបញ្ហាផ្លូវចិត្តទេ តែខ្ញុំភ្ញាក់រឭក ទើបចង់ចែករំលែក។ មានអ្នកយល់ និងមិនយល់ តែខ្ញុំដឹងថា គ្មានអ្នកណាខុសទេ ខ្ញុំក៏មិនបាច់តានតឹងពេកដែរ ពេលវេលាមកដល់ គេនឹងយល់ហើយ។ ក្នុងលោកនេះនៅតែមានអាថ៌កំបាំង ដែលខ្ញុំស្វែងយល់មិនអស់។ ខ្ញុំយល់ថា ភាពលោភលន់ធ្វើឱ្យកើតទុក្ខ តែបើគេកំពុងតែមានសុភមង្គលនឹងភាពមានបាន ដោយមិនប៉ះពាល់ដល់ក្ដីសុខអ្នកដទៃ ក៏ខ្ញុំគ្មានហេតុផលអ្វី ទៅពន្យល់គេ ឱ្យលះបង់ទ្រព្យសម្បត្តិចោលនោះដែរ។ មនុស្សគ្រប់គ្នាពិតជាអាចរីករាយនឹងជំនឿរៀងៗខ្លួន ដោយសន្តិភាព តាមផលនិស្ស័យរបស់គេ។
ខ្ញុំរាប់អានគេដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគេ
ជួនកាល ខ្ញុំឆ្ងល់ថា ហេតុអ្វីខ្ញុំមានមិត្តភក្តិតិច ហើយហេតុអ្វីក៏មិត្តភក្តិខ្ញុំគេមិនសូវស្រលាញ់ខ្ញុំ? តាមពិត សំណួរនេះគឺសួរត្រឡប់មកខ្លួនឯងទេតើ គឺខ្ញុំខ្លួនឯងជាអ្នកជ្រើសរើសមិត្តភក្តិ គឺខ្ញុំខ្លួនឯងដែលមិនសូវស្រលាញ់មិត្តភក្តិ។
មានមនុស្សជាច្រើនដែលល្អៗ គួរឱ្យស្រលាញ់ គួរឱ្យចង់រាប់អាន តែខ្ញុំយកពួកគេជាមិត្តភក្តិមិនបានសោះ។ ខ្ញុំអន់ចិត្តនឹងខ្លួនឯង គិតថា អាចមកពីខ្ញុំ… បន្ទាប់មកខ្ញុំក៏គិតដល់និស្ស័យ ហើយខ្ញុំក៏ព្រមជឿថា ក្នុងលោកនេះពិតជាមានឧបនិស្ស័យមែន តែខ្ញុំគ្រាន់តែឆ្ងល់ថា ហេតុអ្វីក៏ខ្ញុំអាចចូលចិត្តគេតែម្នាក់ឯង?
ខ្ញុំយល់ហើយ! បន្ថែមលើនិស្ស័យ ខ្ញុំគិតពីហេតុផល។ អ្នកខ្លះថា មិនរាប់អានអ្នកណាដើម្បីផលប្រយោជន៍ទេ។ ត្រូវ ហើយវាអាចជានិស្ស័យដែលខ្ញុំបាននិយាយ។ ខ្ញុំក៏រំឭកពីអារម្មណ៍ខ្លួនឯង នៅពេលដែលខ្ញុំចង់រាប់អានអ្នកណាម្នាក់។ ខ្ញុំចង់! ចង់ គឺមានបំណង បំណងគឺទាក់ទងនឹងផលប្រយោជន៍។ ខ្ញុំទទួលថា ខ្ញុំប្រាថ្នាផលប្រយោជន៍ពីគេយ៉ាងពិតប្រាកដ។ ផលប្រយោជន៍ដែលខ្ញុំចង់បាន មិនមែនជាលាភសក្ការៈស្អីទេ គ្រាន់តែជាក្ដីស្រលាញ់ ឬចំណេះដឹង ជាអ្វីដែលខ្ញុំត្រូវការសម្រាប់ធ្វើឱ្យជីវិតខ្ញុំមានន័យ ប៉ុន្តែខ្ញុំភ្លេចគិតថា ខ្ញុំគ្មានអ្វីផ្ដល់ឱ្យគេវិញសោះ។
ឧបមាថា ខ្ញុំចង់ជួបមនុស្សម្នាក់ ដើម្បីបានទទួលបទពិសោធន៍ការងាររបស់គាត់ បែបនេះខ្ញុំគួរតែគិតផងថា តើខ្ញុំមានរបស់អ្វីជូនគាត់វិញ ជាការតបស្នង? ជាមួយនឹងមិត្តភក្តិក៏ដូចគ្នា ខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីក៏ខ្ញុំចេះតែចង់ជួបមិត្តភក្តិរាល់ថ្ងៃ ទាំងដែលពួកគេមានរឿងរវល់ផ្ទាល់ខ្លួន។ តាមពិតព្រោះខ្ញុំអផ្សុក ត្រូវការអ្នកជជែក ត្រូវការឱ្យគេកំដរ ត្រូវការផលប្រយោជន៍ពីគេ។ ហេតុអ្វីខ្ញុំមិនគិតថា តើគេអផ្សុកឬអត់? តើគេចូលចិត្តកន្លែងដែលខ្ញុំចង់ទៅនោះដែរអត់? ដែលយើងគិតតែត្រឹមថា ខ្ញុំត្រូវការគេកំដរ នោះអារម្មណ៍របស់យើងនឹងធ្វើឱ្យគេណាយពីយើងជាមិនខាន។
ប្រហែលជាមានអ្នកឆ្ងល់ថា គ្រាន់តែរឿងប៉ុណ្ណឹង ក៏ខ្ញុំវិភាគស៊ីជម្រៅដែរ។ ខ្ញុំជាប្រភេទមនុស្សបែបនេះ គឺមិនអាចកេងចំណេញលើអ្នកណាសូម្បីតែបន្តិច មិនលើកលែងសូម្បីតែរឿងមនោសញ្ចេតនា។ ហេតុនេះ ខ្ញុំត្រូវតែមានចិត្តជ្រះថ្លានឹងគ្រប់យ៉ាងដែលខ្ញុំធ្វើ បើគិតផលប្រយោជន៍តែបន្តិច ផ្លូវរលោងនឹងក្លាយទៅជារលាក់។
ហេតុផលនេះប្រាប់ខ្ញុំថា ខ្ញុំមិនអាចរាប់អានអ្នកណាដើម្បីផលប្រយោជន៍ខ្លួនឯងតែម្ខាងទេ។ ថ្ងៃនេះ ខ្ញុំបានប្ដូរការគិតមួយទៀត។ បើខ្ញុំចង់រាប់អានអ្នកណាម្នាក់ ខ្ញុំត្រូវគិតពីគេឱ្យច្រើនជាងខ្លួនឯង។ ខ្ញុំមិនអន់ចិត្តទេ បើគេមិនរាប់អានខ្ញុំ ព្រោះថា ទោះគ្មានខ្ញុំក៏ជីវិតគេគ្មានបញ្ហា គេត្រូវការខ្ញុំធ្វើអី?
ខ្ញុំច្បាស់ថា ខ្លួនឯងមិនអាចធ្វើអ្វី ដោយគិតថា បើគេធ្វើបាន ខ្ញុំក៏ធ្វើបាននោះទេ ដែលនិយាយទៅ នេះជាអាថ៌កំបាំងនៃកំណើតរបស់មនុស្សម្នាក់ៗ។ ខ្ញុំមិនរាប់អានអ្នកណាដើម្បីផលប្រយោជន៍ខ្ញុំទេ តែខ្ញុំរាប់អានគេដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគេ។ #សុខចាន់ផល
ស្រលាញ់ការងារឱ្យច្រើនជាងចង់បានលទ្ធផល
ខ្ញុំទើបតែបានឆ្លងកាត់ដំណាក់កាលដ៏ពិបាកមួយ មានអារម្មណ៍ថា គ្មានអ្នកណាម្នាក់ដែលអាចទុកចិត្តបានសោះ។ កាលណោះ ខ្ញុំគិតថា មនុស្សដែលខ្ញុំធ្លាប់គិតថាល្អ កំពុងតែព្យាយាមបោកខ្ញុំប្រើ ហើយក៏សម្លឹងមកខ្ញុំថាជាមនុស្សឆោត។ ខ្ញុំពិតជាធ្វើអីលែងបានមែន ពឹងអ្នកណាក៏មិនបាន ធ្វើម្នាក់ឯងក៏មិនកើត។ មនុស្សដែលមានសមត្ថភាព បែរជាចរិតមិនល្អ មនុស្សដែលសុភាព បែរជាពិសពុល។ អាចស្រមៃបានហើយ ថាមានតែបោះចោលក្ដីស្រមៃគ្រប់យ៉ាង ហើយរស់បន្តកំដរផែនដី រង់ចាំថ្ងៃស្លាប់។ ជាដំណាក់កាលដ៏ទន់ជ្រាយ និងគួរឱ្យខ្លាចបំផុត។
ទោះយ៉ាងណា ខ្ញុំពិតជានៅមិនសុខ បើសិនជាគ្រាន់តែរស់បែបនេះ គិតថា ស្លាប់វិញប្រសើរជាង។ ខ្ញុំត្រូវការមិត្ត ខ្ញុំត្រូវការក្រុម ដើម្បីធ្វើអ្វីដែលមានន័យ។ បញ្ហាត្រង់ថា តើខ្ញុំអាចទៅរកសមាជិកក្រុមពីណា បើម្នាក់ៗបង្រៀនខ្ញុំហើយ ថាពួកគេគិតខុសពីខ្ញុំ ពួកគេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ គិតដល់ត្រឹមនេះ ខ្ញុំក៏នឹកឃើញថា មកពីខ្ញុំគិតបែបនេះ ទើបខ្ញុំបាត់ឱកាសទាំងស្រុង ដើម្បីបានជួបមនុស្សល្អៗ។ ខ្ញុំមិនព្រមបោះបង់ក្ដីស្រមៃចោលទេ ហើយការដែលគិតអវិជ្ជមានចំពោះអ្នកដទៃ បានត្រឹមតែរុញខ្លួនឯងឱ្យកាន់តែឯកាប៉ុណ្ណោះ សួរថាមានប្រយោជន៍អត់?
ខ្ញុំក៏ធ្លាប់ដើរវង្វេងផ្លូវ អ្នកដទៃក៏ដូចគ្នា ហេតុអ្វីក៏ខ្ញុំមិនអាចអត់ឱនឱ្យពួកគេ? វាពិតជាគ្មានប្រយោជន៍សោះ ដែលខ្ញុំនៅតែមិនទុកចិត្តអ្នកដទៃ ហេតុនេះខ្ញុំត្រូវតែរកឱ្យឃើញថាអ្វីជាចំណុចល្អរបស់ពួកគេ។ ពេលវេលាគឺជាដំណោះស្រាយដ៏អស្ចារ្យមួយ។ ចង់ចេះមើលអ្នកដទៃ គឺត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់សិន។ ខ្ញុំបានដើរដល់ចំណុចមួយ ដែលដឹងថា ភាពមានបានមិនមែនជាគោលដៅរបស់ខ្ញុំទេ ត្រឹមតែសកម្មភាពដែលខ្ញុំធ្វើរាល់ថ្ងៃប៉ុណ្ណោះ ដែលជាសុភមង្គលពិតប្រាកដរបស់ខ្ញុំ។ បញ្ញានេះ ធ្វើឱ្យខ្ញុំយល់ពីហេតុផល ដែលមនុស្សជាច្រើនដើរផ្លូវខុស ដោយសារពួកគេកំពុងតែគិតថា ភាពមានបានគឺជាសុភមង្គល ដែលធ្វើឱ្យគេចាកផុតពីភាពភ័យខ្លាចនានាក្នុងជីវិត។
តាមបទពិសោធន៍របស់ខ្ញុំ យើងមិនអាចមានក្ដីសុខជាមួយនឹងភាពលោភលន់បានទេ។ មានរបស់ច្រើនប៉ុណ្ណាក៏ដោយ ក៏នៅតែចង់បានថែមទៀត វាប្រៀបដូចជាអន្ទាក់ដែលទាញយើងឱ្យដើរវង្វេងកាន់តែឆ្ងាយទៅៗ។ ភាពលោភលន់គឺជាកំហុស។ ខ្ញុំឃើញអ្នកខ្លះ បន្ទាប់ពីបានសាងកំហុសអ្វីមួយ គាត់ក៏ព្យាយាមកែប្រែកំហុសនោះ ដើម្បីឱ្យគេគិតថាគាត់ត្រូវវិញ ដោយមិនដឹងថា ទង្វើនោះនឹងធ្វើឱ្យគាត់កាន់តែខុសធ្ងន់ឡើងៗ។ បាបកម្មមិនអាចស៊ីសងគ្នាបានទេ នេះជាទ្រឹស្ដីព្រះពុទ្ធ។ យើងមិនអាចលុបលាងអតីតកាលដែលខុសឆ្គងទេ តែពេលយើងចេះទទួលកំហុស យើងអាចព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ ដើម្បីសាងមុខមាត់ថ្មីឱ្យខ្លួនឯង។
ដូចគ្នានេះដែរ យើងក៏អាចបញ្ឈប់ភាពលោភលន់ តាមរយៈការធ្វើអ្វីមួយដោយសុទ្ធចិត្ត។ តាមពិតភាពលោភលន់គឺជាគោលដៅចុងក្រោយនៃសកម្មភាពនីមួយៗ តែបើមនុស្សនោះរកឃើញភាពរីករាយក្នុងពេលកំពុងតែធ្វើ នោះភាពលោភលន់នឹងត្រូវកាត់បន្ថយ។ យប់មិញខ្ញុំនឹកឃើញពាក្យមួយឃ្លា «បើយើងធ្វើអ្វីមួយដោយគ្មានហេតុផល យើងនឹងទទួលបានរង្វាន់ដោយគ្មានហេតុផលដូចគ្នា» ខ្ញុំចេះគិតបែបនេះ បន្ទាប់ពីខ្ញុំព្រមជឿលើហេតុផលនៃធម្មជាតិ។ គ្មានអាហារណាហ្វ្រីទេក្នុងលោកនេះ។ ខ្ញុំចាប់ផ្ដើមយល់ពីវាកាន់តែច្បាស់ ហើយក៏ក្លាយជាមនុស្សស្រលាញ់ការធ្វើការជាងស្រលាញ់លទ្ធផល។ ខ្ញុំបានដឹងជាយូរមកហើយ ថាអ្វីក៏ដោយ បើជារបស់យើងគឺនៅតែជារបស់យើង បើមិនមែនជារបស់យើង ទោះបីជាយកបាន ក៏ត្រូវតែបាត់ទៅវិញ។ សួរថា មានហេតុផលអីដែលឱ្យខ្ញុំទៅដណ្ដើមជាមួយគេទៀត? #សុខចាន់ផល
អរគុណប្រយោគក្នុងរូបភាពនេះ ដែលខ្ញុំបានអានកាលពីយប់មិញ។ យ៉ាងណា ខ្ញុំមិនឯកានោះទេ ព្រោះមានគេគិតបែបនេះដែរ។
ចេះមើលមនុស្សនៅហ្នឹង?
មនុស្សល្អ មាននិស្ស័យឆាប់ជឿគេ ងាយនឹងត្រូវគេបោកប្រាស់ ដល់តែគេបោកច្រើនដងក៏ទៅជាខ្លាចមនុស្ស ខូចចិត្ត ផ្លាស់ប្ដូរការគិត ឈប់ជឿអ្នកដទៃ និងមើលលោកក្នុងផ្លូវអាក្រក់ តែបើយើងរឹងមាំនឹងសេចក្ដីល្អហើយ យើងក៏មិនឱ្យអ្នកណាផ្លាស់ប្ដូរយើងបានដែរ។ ចូរប្រើបញ្ញា ចេះបែងចែកសខ្មៅ ដើម្បីកុំឱ្យមនុស្សអាក្រក់អូសទាញយើងបានឱ្យសោះ។ ចូរជឿថា ក្នុងលោកនេះពិតជាមានមនុស្សល្អ ព្រោះយ៉ាងហោចណាស់ក៏មានយើងម្នាក់កំពុងធ្វើជាមនុស្សល្អដែរ។ ជឿទេថា មនុស្សដែលមិនជឿថាគេល្អ គឺដោយសារគេបានយកសារជាតិខ្លួនឯង មកវិនិច្ឆ័យលើអ្នកដទៃ។ ចំណុចមួយនេះ ខ្ញុំចង់ចែករំលែកពីការមើលមនុស្ស៖
តើចេះមើលមនុស្សនៅហ្នឹង?
វាលែងជាអាថ៌កំបាំងទៀតហើយ បន្ទាប់ពីមានបទពិសោធន៍ប៉ុន្មានដង ហើយខ្ញុំនឹងប្រាប់ពីរបៀបមើលមនុស្សបានយ៉ាងងាយស្រួលបំផុត។ ប្រហែលជាដឹងហើយថា មានតែយើងខ្លួនឯងទេ ទើបស្គាល់ខ្លួនឯងច្បាស់ជាងគេ ហើយអ្នកដទៃក៏ដូចគ្នាដែរ។ ចង់ដឹងថាគេជាមនុស្សយ៉ាងណា ចូរស្ដាប់ពីអ្វីដែលគេនិយាយពីអ្នកដទៃប្រាប់យើង។ ជឿទៅ គេមិនដែលស្គាល់ស៊ីជម្រៅពីមនុស្សដែលគេកំពុងតែនិយាយនោះទេ តែគឺគេកំពុងតែនិយាយពីខ្លួនរបស់គេទៅវិញ។ អ្នកដែលមកប្រាប់យើងថា បុគ្គលណាម្នាក់ចូលចិត្តនិយាយដើមគេ គឺគេកំពុងតែប្រាប់យើងថា គេខ្លួនឯងជាមនុស្សបែបនោះ។
ខ្ញុំធ្លាប់ប្រាប់គេថា អ្នកឯងទន់ខ្សោយណាស់ ឆាប់ជឿគេណាស់ ហើយខ្ញុំក៏ភ្ញាក់ខ្លួនថា ខ្ញុំបានដឹងពីចំណុចនេះច្បាស់ដោយសារនេះគឺជាចំណុចរបស់ខ្ញុំ។ ខ្ញុំនៅតែពិចារណាមិនយល់ពីមនុស្សដែលមាននិស្ស័យច្រណែនឈ្នានីសគេ បើទោះជាខ្ញុំព្យាយាមរកហេតុផលឱ្យគេយ៉ាងណាក៏ដោយ ក៏នៅតែឆ្ងល់ថា ម៉េចក៏គេអាចធ្វើឱ្យអ្នកដទៃឈឺចាប់ ដោយគ្មានចិត្តអាណិត ហើយបែរជាសប្បាយចិត្តលើគំនរទុក្ខអ្នកដទៃទៅវិញ?
អ្នកខ្លះបន្ទោសខ្ញុំថា ខ្ញុំចង់ធ្វើអ្វីមួយតែមួយឆាវៗ ហើយប្ដូរផ្លាស់ច្រើន។ អ្នកខ្លះនិយាយអាក្រក់ពីអ្នកដទៃប្រាប់ខ្ញុំថា អ្នកនោះជាមនុស្សខ្សែលើ ជាមនុស្សពិសពុល រហូតដល់ខ្ញុំខ្លាច ឬស្អប់អ្នកនោះ ទាំងមិនដែលទាក់ទងគ្នាសោះ។ ក្រោយមក ការពិតក៏បានបង្ហាញ ហើយអ្វីដែលពួកគេប្រាប់ខ្ញុំ ខ្ញុំក៏បានឃើញថាគឺពួកគេទេតើ ជាមនុស្សបែបនោះ។ មនុស្សល្អ កម្រនឹងវិនិច្ឆ័យអ្នកណាប្រាប់យើងណាស់ ព្រោះគេតែងតែមើលអ្នកដទៃក្នុងផ្លូវល្អ តែក៏មិនដល់ថ្នាក់ល្ងង់ដែរ ហើយពេលមួយគេក៏កើតមានបញ្ញា រួចក៏ក្លាយជាមនុស្សចេះដឹងម្នាក់។
ខ្ញុំគិតថា មនុស្សអាក្រក់ជាមនុស្សល្ងង់ និងភ្លើបំផុត។ មនុស្សអាក្រក់តែងតែច្រណែនអ្នកដទៃ ព្រោះអ្វី? ព្រោះគេល្ងង់ មិនអាចធ្វើបានល្អដូចមនុស្សពូកែ ពោលសមត្ថភាពមិនឈ្នះក៏កើតគំនិតរកវិធីយកឈ្នះ។ មនុស្សអាក្រក់ភ្លើ មិនអាចមើលដឹងថាអ្នកណាល្អ អ្នកណាអាក្រក់ទេ ហើយគេនឹងធ្វើឱ្យមនុស្សល្អៗបាត់ទំនុកចិត្ត ចេញឆ្ងាយពីគេ ចុងក្រោយក៏សល់តែមនុស្សអាក្រក់ៗដូចគ្នានៅក្បែរ បង្កើតជាសង្គមឆ្កែចចក។
សរុបមក ទង្វើអាក្រក់មិនមែនកើតដោយបញ្ញាទេ តែបញ្ញានឹងធ្វើឱ្យមនុស្សធ្វើអំពើល្អ។ #សុខចាន់ផល
ការគិតលើកដំបូង
បើសិនជាចំនួនមនុស្សនៅក្នុងលោកនេះជាចំនួនសេស ខ្ញុំសូមឱ្យអ្នកដែលអត់មានគូគឺជាខ្ញុំចុះ!
នេះគឺជាការគិតរបស់ខ្ញុំក្នុងពេលនេះ។ ខ្ញុំចូលចិត្តបកស្រាយគំនិត តាមរយៈស្នេហា ប្រហែលមកពីខ្ញុំជាប្រភេទមនុស្សមនោសញ្ចេតនា។ ខ្ញុំយល់ថា ការគិតលើកដំបូងគឺជាសារជាតិរបស់មនុស្ស ហើយការគិតបន្តបន្ទាប់គឺបានមកពីការសិក្សា តែយ៉ាងណាយើងនឹងត្រឡប់ទៅកាន់សារជាតិខ្លួនឯងវិញនៅថ្ងៃណាមួយ ដែលស្របនឹងពាក្យចាស់ថា សារជាតិមនុស្សមិនអាចកែបាន។ សាកល្បងគិតពីការយល់ឃើញរបស់អ្នកចំពោះរឿងស្នេហា ថាតើលើកដំបូងបំផុត អ្នកគិតថាស្នេហាគួរតែយ៉ាងម៉េច? ហើយអ្នកធ្លាប់ផ្លាស់ប្ដូរការគិតដែរឬទេ? ចុះក្នុងពេលនេះអ្នកគិតយ៉ាងម៉េចដែរ?
ចំពោះខ្ញុំ ការគិតលើកដំបូង ស្នេហាសំខាន់បំផុតសម្រាប់មនុស្ស គឺជាក្ដីស្រលាញ់មួយនឹងមួយ មួយជាតិមួយគូ មួយជាតិស្រលាញ់មនុស្សតែម្នាក់។ ប៉ុន្តែបន្ទាប់ពីមានស្នេហាខកបំណង ខ្ញុំគិតថា ស្នេហាគ្រាន់តែជាចំណែកមួយនៃជីវិត ជីវិតពិតមិនមែនដូចក្នុងរឿងនិទាន មនុស្សម្នាក់អាចមានស្នេហាច្រើនដង ហើយយើងក៏មិនអាចវិនិច្ឆ័យថាអ្នកមានដៃគូស្នេហាច្រើនគឺជាបុគ្គលមិនល្អដែរ ថែមទាំងគិតថា ស្នេហានិងតម្រូវការអារម្មណ៍ផ្លូវភេទគឺជារឿងដាច់ដោយឡែក ដែលខុសពីមុនធ្លាប់យល់ថា ទំនាក់ទំនងផ្លូវភេទអាចកើតឡើងតែជាមួយនឹងមនុស្សដែលខ្លួនឯងស្រលាញ់។ ខ្ញុំធ្លាប់គិតថា ខ្ញុំត្រូវវប្បធម៌អូសទាញ ទើបបង្កើតជាការគិតលើកដំបូង។ ទោះយ៉ាងណាខ្ញុំនៅក្នុងថ្ងៃនេះ ដែលជ្រើសរើសធ្វើនូវរឿងអ្វីមួយ គឺមិនមែនមកពីឥទ្ធិពលវប្បធម៌ ឬក៏យល់តាមផ្នត់គំនិតដែលគិតតៗគ្នាទៀតទេ តែព្រោះខ្ញុំស្គាល់ខ្លួនឯង ខ្ញុំគឺជាខ្ញុំ។ អារម្មណ៍បែបនេះគឺកើតឡើងក្រោយពីឈ្លោះនឹងខ្លួនឯងយ៉ាងយូរ ឆ្ងល់ថា គិតថាអ្វីល្អឬអ្វីត្រឹមត្រូវ ព្រោះតែវប្បធម៌ ឬក៏យល់ដោយខ្លួនឯង តែពេលនេះខ្ញុំយល់ហើយ ខ្ញុំមានអត្តចរិតស្របនឹងវប្បធម៌ មិនមែនវប្បធម៌អូសទាញខ្ញុំទេ អ៊ីចឹងខ្ញុំក៏លែងវិនិច្ឆ័យអ្នកដទៃទៀតដែរ គេគឺជាគេ។
ខ្ញុំស្រាប់តែត្រឡប់ទៅការគិតលើកដំបូងវិញ។
តួ Background
មួយរយៈនេះខ្ញុំចូលចិត្តសរសេរអត្ថបទណាស់ គឺដូចកាលពីខ្ញុំចាប់ផ្ដើុមសរសេរប្លក់ដំបូង។ ខ្ញុំធ្លាប់ឈប់សរសេរទស្សនៈ ឬអារម្មណ៍ ព្រោះមិនចង់ធ្វើខ្លួនជាមនុស្សទ្រឹស្ដី ឬរវើរវាយ ម្យ៉ាងដោយអៀននឹងគេនិយាយថា ខ្ញុំចូលចិត្តសរសេរ Drama ។ យ៉ាងណាពេលនេះ ខ្ញុំស្គាល់ខ្លួនឯងថា ខ្ញុំកើតមកបែបនេះ ចូលចិត្តចែករំលែកអារម្មណ៍ដល់គេឯង ហើយតែងតែនឹកឃើញជ្រុងផ្សេងៗ ដែលគេភ្លេចគិតដល់ អ៊ីចឹងខ្ញុំគួរតែធ្វើជាខ្ញុំតទៅទៀត។
ឃើញរូបមួយសន្លឹកនេះ ខ្ញុំជាប់ដោយចៃដន្យ ជាតួ Background ក៏ជាអ្វីដែលខ្ញុំចូលចិត្ត។ ខ្ញុំបានដឹងថា ខ្ញុំអត់ចូលចិត្តចេញមុខ ធ្វើជាតួឯក ឬជាមនុស្សលេចធ្លោទេ។ មុនដំបូងខ្ញុំគិតថា ព្រោះតែខ្ញុំមិនជឿជាក់លើខ្លួនឯង តែពេលនេះខ្ញុំយល់ថា នេះជានិស្ស័យធម្មជាតិរបស់ខ្ញុំតែម្ដង។ ខ្ញុំបានសាកល្បងប្រឡូកក្នុងសង្គម ស្កាល់អ្នកដទៃ ដើម្បីដឹងថា ខ្ញុំសមនឹងនៅកន្លែងណាពិតប្រាកដ។ គ្រប់ពេល ខ្ញុំហាក់ដូចជាពិបាករកមិត្តភក្តិបន្តិច ព្រោះខ្ញុំចូលចិត្តស្វែងយល់ពីគេ ច្រើនជាងឱ្យគេស្វែងយល់ពីខ្ញុំ។ ខ្ញុំមិនសូវមានអ្វីនិយាយទាល់តែសោះ ហើយក៏មិនដឹងថា ធ្វើយ៉ាងណាទើបសាងសម្ព័ន្ធភាពមួយបាន។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះខ្ញុំបានស្គាល់មនុស្សជាច្រើន។ មានរឿងមួយ ដែលខ្ញុំធ្លាប់បកស្រាយប្រាប់គេ ពេលដែលខ្ញុំបានលេចមុខក្នុងទស្សនាវដ្តី ឬកម្មវិធីទូរទស្សន៍ ដែលគេនិយាយថាមកពីខ្ញុំល្បី ខ្ញុំបែរជាថា ទេ គឺខ្ញុំស្គាល់អ្នកយកព័ត៌មាន ខ្ញុំស្គាល់អ្នកផលិតកម្មវិធី ពួកគេខ្វះភ្ញៀវផ្សាយ ក៏ពឹងឱ្យខ្ញុំជួយ ខ្ញុំគ្រាន់តែចង់ជួយគេប៉ុណ្ណោះ។ ជាការពិត ខ្ញុំភ្លេចថាទម្រាំតែខ្ញុំបានស្គាល់មនុស្សទាំងនោះ តើមកពីកត្តាអ្វីខ្លះ។ ខ្ញុំមើលរំលងការខំប្រឹងប្រែងរបស់ខ្លួនឯងមករហូត។
ខ្ញុំអាចនឹងមិនសំខាន់សម្រាប់គេ តែខ្ញុំតែងតែជាចំណែកនៅក្នុងរឿងសំខាន់ៗរបស់គេ។ មនុស្សបែបនេះជួនកាលក៏អន់ចិត្ត ពេលដែលត្រូវគេបំភ្លេចចោល ហើយនឹកឃើញតែពេលគេចង់ពឹងពាក់ ប៉ុន្តែខ្ញុំពេញចិត្តដែលបានដើរតួជាពន្លឺទៀន។ គិតទៅរឿងហេតុនៅក្នុងលោកនេះ គឺជ្រៅជាងចំណេះដឹងរបស់ខ្ញុំដែលអាចយល់ តែខ្ញុំជឿថា វាប្រាកដជាមានហេតុផល។
វិចារថ្មីៗ