Posts filed under ‘សៀវភៅ’
ពីពីចង់មានផ្ទះ ^_^
កន្លងមក ខ្ញុំដឹងថា ខ្លួនឯងជាមនុស្សស្រលាញ់ឆ្កែ តែពេលនេះខ្ញុំកំពុងតែចិញ្ចឹមកូនឆ្មា និងចាប់ផ្ដើមស្វែងយល់ពីឆ្មា៖
កាលពីអាទិត្យមុន កូនឆ្មាពណ៌ខ្មៅកំពុងតែឃ្លានមួយដើរមកមុខផ្ទះរបស់ខ្ញុំ ទើបខ្ញុំយកអាហារពីក្នុងផ្ទះមកឱ្យវាស៊ី។ ខ្ញុំគិតថា ជាកូនរបស់មេឆ្មាអនាថាមួយនៅម្ដុំនេះ ដែលមេវាក៏ធ្លាប់មកស៊ីចំណីនៅផ្ទះរបស់ខ្ញុំដែរ ប៉ុន្តែស្រាប់តែមេឆ្មានោះដើរចូលមកក៏គ្រហ៊ឹមចង់ខាំកូនតូច ធ្វើឱ្យខ្ញុំកាត់ស្មានថា ទេ! កូនឆ្មានេះប្រហែលជាកូនឆ្មាផ្សេង ដែលគេទើបតែយកមកលែងទេមើលទៅ ព្រោះវាហ៊ានចូលមកជិតមនុស្ស ខុសពីកូនឆ្មាទាំងប៉ុន្មានរបស់មេឆ្មានេះ ដែលមានចរិតដូចសត្វព្រៃខ្លាចរអាលមនុស្ស។ ចិត្តខ្ញុំមួយចាប់ផ្ដើមគិតថា បើវាគ្មានមេ គ្មានផ្ទះ ខ្ញុំអាចចិញ្ចឹមវាបាន ប៉ុន្តែវាក៏ដើរចេញបាត់ទៅ។ ក្រោយមក ក្មេងស្រីនៅក្បែរផ្ទះខ្ញុំក៏នាំខ្ញុំនិយាយពីកូនឆ្មាខ្មៅមួយហ្នឹង នាងថាវាចូលចិត្តមកនៅក្នុងផ្ទះរបស់នាង បើទោះជានាងខំចាប់ឱ្យទៅនៅជាមួយមេជាច្រើនដង តែក៏រត់មកវិញ។ ខ្ញុំសួរបញ្ជាក់ថា ពិតទេ ថាវាជាកូនមេឆ្មានោះ? ក្មេងស្រីបញ្ជាក់ថាច្បាស់ណាស់ ទើបខ្ញុំប្រាប់ថា មេវាចង់ខាំវាកាលពីថ្ងៃមុន អ៊ីចឹងគ្នាមិនហ៊ានទៅនៅជាមួយមេទេ។ ខ្ញុំក្លាយជាឆ្ងល់ថា តើគ្រួសារឆ្មាកើតបញ្ហាអ្វីទៅ ហើយខ្ញុំក៏និយាយរឿងទាំងអស់នេះជាមួយនឹងមិត្តភក្តិដែលជាអ្នកស្រលាញ់ឆ្មា ពួកគេថា ករណីនេះអាចកើតឡើងមែន ពោលកូនឆ្មាមួយនោះអាចជាកូនសម្អប់។ ខ្ញុំក៏ស្រាប់តែនឹកក្នុងចិត្តថា ឱ! អ៊ីចឹងហ្ន៎?
ខ្ញុំក៏ចាប់ផ្ដើមអាណិតខ្លាំង និងឱ្យចំណីស៊ី ហើយសង្កេតឃើញថា វាស្លូត និងរួសរាយណាស់ ព្រោះវាចុះសម្រុងនឹងកូនឆ្មាជំទង់ពណ៌លឿងមួយក្បាល ដែលក៏ជាកូនមេរបស់វាផងដែរ កំពុងតែរស់នៅមុខផ្ទះបារាំងម្នាក់ក្បែរនោះ។ ខ្ញុំចេះតែយករឿងឆ្មានេះមកជជែកជាមួយនឹងមិត្តភក្តិដដែល ស៊ីណេត និង ស៊ីណា សួរពួកគេពីរបៀបចិញ្ចឹមឆ្មា ហើយពិចារណាថាចង់ចិញ្ចឹមនៅក្នុងផ្ទះ ព្រោះវាមានតែក្បាលមួយ គួរឱ្យអាណិតខ្លាំងណាស់។ ប៉ុន្តែក្នុងផ្ទះខ្ញុំសុទ្ធតែសៀវភៅ និងឥវ៉ាន់ តើនឹងទៅជាយ៉ាងណាបើមានឆ្មានៅ… ខ្ញុំបារម្ភពីរឿងនេះ ម្យ៉ាងម៉ែធ្លាប់ផ្ដាំថា ឱ្យចិញ្ចឹមឆ្មាក្រៅផ្ទះទៅ កុំឱ្យវានៅក្នុងផ្ទះ វានឹងជុះអាចម៍នោម ព្រមទាំងបំផ្លាញរបស់របរជាមិនខាន។ ព្រឹកស្អែកឡើង ពេលក្រោកពីដេកចុះមក ខ្ញុំស្រាប់តែឃើញកូនឆ្មាពណ៌លឿងនោះនៅក្នុងផ្ទះ។ តាមពិតទៅ ខ្ញុំស្រលាញ់កូនឆ្មាមួយនេះណាស់ តែវាមានម្ចាស់ឱ្យចំណីរាល់ថ្ងៃ គ្រាន់តែគាត់មិនឱ្យវានៅក្នុងផ្ទះ ទើបវាដេកនៅមុខផ្ទះរបស់គាត់។ ប៉ុន្តែដឹងថាមានអ្វីកើតឡើងនៅក្នុងផ្ទះខ្ញុំទេ ពេលវានៅពេញមួយយប់នោះ? ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ព្រោះវាធ្វើឱ្យធ្លាក់សៀវភៅ និងរបស់របរនៅក្នុងផ្ទះ និងថែមទាំងជុះអាចម៍ទៀតផង គឺដូចម៉ែធ្លាប់ប្រាប់មិនខុស។
ចុះកូនឆ្មាខ្មៅនោះ? មិនដឹងថាយប់នោះវាទៅដេកនៅណាទេ ប៉ុន្តែខ្ញុំក៏ឃើញវាមកក្រវែលៗ សុំអាហារស៊ីដដែល។ ស៊ីណេត គាំទ្រឱ្យខ្ញុំយកកូនឆ្មាខ្មៅនោះមកចិញ្ចឹម និងនិយាយដល់រឿងគំនូរជីវចលរបស់ជប៉ុនមួយ គឺ គីគី និង ជីជី ឆ្មារបស់នាង (Jiji delivery Cat) ហើយគាត់ប្រាប់ពីរបៀបបង្រៀនឆ្មាឱ្យចេះជុះអាចម៍ត្រឹមត្រូវ។ ខ្ញុំបានទិញចំណីឱ្យវាស៊ី និងងូតទឹកដុសសាប៊ូឱ្យវា ប៉ុន្តែព្រោះតែបទពិសោធន៍កាលពីយប់មិញ ខ្ញុំមិនទាន់អនុញ្ញាតឱ្យវាចូលដេកក្នុងផ្ទះទេ ទើបរៀបកន្លែងឱ្យដេកនៅក្រៅផ្ទះ។ គួរឱ្យអាណិតណាស់ តែកាលពីថ្ងៃនោះ ខ្ញុំក៏បានបង្រៀនវាឱ្យចេះជុះអាចម៍នៅក្នុងចានខ្សាច់ ព្រោះដោយចៃដន្យ ខ្ញុំក៏ស្រាប់តែឃើញទាន់វាកំពុងតែជុះនៅចំហៀងផ្ទះ ខ្ញុំក៏ចាប់ញ៉ឹងកញ្ចឹងក និងចាប់ឱ្យវាហិតអាចម៍ខ្លួនឯង រួចក៏នាំមកចានខ្សាច់ដែលរៀបដាក់នៅខាងមុខផ្ទះ។ ខ្ញុំដាក់ពិន័យវាទាំងនឹកគិតថា តាមពិតចំហៀងផ្ទះកន្លែងដែលវាជុះនោះ គឺបញ្ជាក់ថាគ្នាមានមាយាទល្អទៅហើយ ព្រោះមានដី និងស្មៅ តែខ្ញុំបែរជាមកបង្រៀនឱ្យជុះនៅមុខផ្ទះវិញ តើខ្ញុំខុសទេដឹង? ស្រាប់តែរសៀលក៏ឃើញវាជុះអាចម៍ម្ដងទៀត ដោយត្រឡប់មកចំហៀងផ្ទះម្ខាងទៀតវិញ ខ្ញុំក៏ចាប់ទាំងកំពុងតែជុះអាចម៍យកមកកន្លែងដែលខ្ញុំរៀបចំឱ្យនោះ។ ខ្ញុំធ្វើបាបគ្នាសម្បើមណាស់ សុំទោស!
ស្អែកឡើងកូនឆ្មាខ្មៅនៅមុខផ្ទះខ្ញុំដដែល ហើយពេលខ្ញុំចេញពីផ្ទះ ខ្ញុំក៏សាកទុកវាចោលនៅក្នុងផ្ទះ ចាំអ៊ុតមើលថាវាមានអត្តចរិតយ៉ាងម៉េច តែគ្មានអ្វីរញ៉េរញ៉ៃសោះ ហើយពិសេសពេលបើកទ្វារចេញមកក្រៅ វាស្រាប់តែចេះទៅជុះអាចម៍ ជុះនោម នៅកន្លែងដែលខ្ញុំបង្រៀននោះ។ ខ្ញុំរំភើបជាខ្លាំង ព្រោះដឹងថាវាស្ដាប់ខ្ញុំយល់ ហើយយប់ឡើងខ្ញុំក៏ព្រមឱ្យចូលដេកនៅក្នុងផ្ទះ។ នៅមានរឿងធំមួយដែលខ្ញុំមិនទាន់បានប្រាប់ គឺថា បើសិនជាខ្ញុំមិនឱ្យចូលផ្ទះ ជីវិតរបស់វាក៏ប្រហែលជាមិនគង់ដែរ។ ដឹងទេ? ទាំងមេទាំងបារបស់វាគឺចេះតែមកក្រវែលៗ ដែលដំបូងឡើយ ខ្ញុំស្មានថាពួកវាចង់មករកអីស៊ីទេតើ តែពេលខ្ញុំដើរចូលក្នុងផ្ទះស្រាប់តែវាចូលមកខាំកូនឆ្មាខ្មៅរបស់ខ្ញុំ។ ខ្ញុំហួសចិត្តណាស់ លក្ខណៈថាមិនចិញ្ចឹមគ្នាហើយ ចង់ខាំសម្លាប់គ្នាចោលទៀត ហើយដល់តែពួកវាធ្វើអីកូនឆ្មាមិនបាន ពួកវាក៏មួរម៉ៅឈ្លោះគ្នា មិនខុសពីក្នុងរឿងទេ។ អ្នកខ្លះថា អាចមកពីកូនឆ្មាហ្នឹងឈ្មោល ទើបបាវាចង់សម្លាប់ តែអ្នកដែលចេះមើលភេទឆ្មា គាត់ប្រាប់ខ្ញុំថា ជាកូនឆ្មាញីទេ។
ដោយសារតែឆ្មាញី ខ្ញុំក៏ដាក់ឈ្មោះឱ្យថា ពីពី ឱ្យស្រដៀងនឹង ជីជី ហេហេ ខ្ញុំសម្រេចដាក់ឈ្មោះ និងឱ្យនៅក្នុងផ្ទះ កាលពីយប់ម្សិលមិញនេះឯង ពោលគឺថ្ងៃទី ២១ តុលា ២០១៩ ។ ខ្ញុំបានប្រាប់រឿងនេះទៅមិត្តភក្តិប៉ុន្មាននាក់របស់ខ្ញុំ ពិសេសគឺអ្នកស្រលាញ់ឆ្មា ហើយយប់មិញនេះខ្ញុំមើលវីដេអូស្ដីពីឆ្មាដល់ម៉ោងជាងបីភ្លឺ ហាហាហា ចេះតែមាន ខ្ញុំស្រាប់តែស្រលាញ់និងអាណិតកូនឆ្មានេះយ៉ាងខ្លាំង។ នៅពេលដើរផ្សារទិញចំណី ឬរបស់លេងឱ្យវា ខ្ញុំស្រាប់តែនឹកក្នុងចិត្តថា តើខ្ញុំកំពុងតែមានកូនហើយមែនទេ? ថ្ងៃមុនខ្ញុំកក់សាប៊ូមនុស្សឱ្យ ថ្ងៃនេះខ្ញុំក៏កក់សាប៊ូឆ្មាឱ្យ និងកាត់ក្រចកឱ្យវា។ កូនឆ្មាខ្លាចទឹកណាស់ តែវាយល់ពីចេតនាល្អរបស់ខ្ញុំ ទើបព្រមឱ្យខ្ញុំងូតទឹកឱ្យ មិនសូវជាពិបាកចាប់ប៉ុន្មានទេ។ និយាយទៅក្រចករបស់វាវែងៗមែនទែន និងជាអកុសល ថ្ងៃនេះខ្ញុំបានធ្វើខុសដាក់គ្នាមួយ គឺពេលកាត់ក្រចកឱ្យ ខ្ញុំស្រាប់តែកាត់ជ្រុលដល់ចេញឈាម T_T សុំទោស! ខ្ញុំដឹងថា ឈឺណាស់ តែពីពីនៅតែមិនរត់ ហើយព្រមឱ្យខ្ញុំកាត់ក្រចករហូតរួចរាល់។
ខ្សែភ្នែកដែលពីពីសម្លឹងមើលមកខ្ញុំ បង្ហាញពីអារម្មណ៍ចង់មានផ្ទះ ប្រកបដោយការគោរព និងខ្លាចរអាល។ ខ្ញុំមើលដឹងថា វាបារម្ភខ្លាចខ្ញុំខឹង ខ្លាចខ្ញុំដាក់ពិន័យនៅពេលវាធ្វើអ្វីមួយខុស។ គិតទៅ ទាល់តែចិញ្ចឹមឆ្មានេះ ទើបខ្ញុំដឹងថា ខ្ញុំក៏ជាមនុស្សស្រលាញ់ឆ្មាដែរ ចំណែកឯឆ្មាក៏មានអ្វីជាច្រើនដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក។ 22/10/2019
ហេតុអ្វីក្របសៀវភៅខែរងា គឺជាលោក ឆន សុវណ្ណរាជ?
សៀវភៅប្រលោមលោកមួយ ដែលចូលរួមលើកស្ទួយការអាននៅកម្ពុជា មានចំណងជើងថា «ខែរងា» ពីអ្នកនិពន្ធ សុខ ចាន់ផល ទន្ទឹមនឹងទទួលបាននូវការគាំទ្រពីសំណាក់មិត្តអ្នកអាន ក៏មានសំណួរសួរថា ហេតុអ្វីក្របសៀវភៅគឺជា លោក ឆន សុវណ្ណរាជ?
ជាទូទៅសៀវភៅប្រលោមលោកនៅស្រុកយើង និយមរចនាគម្របដោយរូបគំនូររបស់វិចិត្រករ ជាសិល្បៈគំនូរដ៏មានទេពកោសល្យ ផ្ដល់នូវតម្លៃមួយកម្រិតថែមទៀតដល់ស្នាដៃសៀវភៅ ដោយឡែកសៀវភៅប្រលោមលោក ខែរងា ដែលបោះពុម្ពផ្សាយលើកទី១ តាំងពីឆ្នាំ ២០១០ បែរជាយករូបថតរបស់តារាល្បីមកធ្វើជាគម្របសៀវភៅទៅវិញ ដែលធ្វើឱ្យអ្នកស្រលាញ់សៀវភៅខ្លះរិះគន់។
តបទៅនឹងចម្ងល់ខាងលើនេះ អ្នកនិពន្ធផ្ទាល់មានយោបល់ថា «ការរចនាសៀវភៅគឺជាសិល្បៈម្យ៉ាង ដែលតែងតែផ្សារភ្ជាប់ទៅនឹងសិល្បៈផ្សេងៗដូចជាគំនូរជាដើម ហើយរូបថតក៏ជាសិល្បៈមួយដែលកំពុងតែពេញនិយម។ នៅបរទេស ក្របសៀវភៅប្រលោមលោករបស់គេ ក៏និយមយករូបថតមកប្រើផងដែរ មិនមែនតែនៅខ្មែរយើងទេ។ ចំពោះខ្ញុំ ខ្ញុំក៏ចូលចិត្តក្របសៀវភៅជាគំនូរ តែខ្ញុំក៏ចង់ធ្វើអ្វីដែលថ្មីប្លែកនៅប្រទេសយើងដែរ។»
លោកបន្តទៀតថា «មានហេតុផលផ្សេងៗទៀត ក្នុងការជ្រើសរើសរូបថតរបស់លោក ឆន សុវណ្ណរាជ ជាក្របសៀវភៅ។ ទី១ រាជ មានអត្តចរិតស្រដៀងនឹងតួអង្គឯកក្នុងរឿងនេះ ឈ្មោះកត្តិត ។ កត្តិត និង រាជ បើថាជាមនុស្សសុភាពរាបសារក៏មិនចំ ព្រោះពេលខ្លះក៏លេងសើច ហើយប៉ិនស្រមើស្រមៃ។ ទី២ ឆន សុវណ្ណរាជ ជាតារាចម្រៀងល្បី តែមិនវាយឫក រាប់អានស្និទ្ធស្នាលជាមួយនឹងក្រុមការងារ ធ្វើឱ្យគ្រប់គ្នាស្រលាញ់ និងឱ្យតម្លៃគាត់។ ទី៣ រូបថតមួយសន្លឹកនេះជាស្នាដៃរបស់លោក ខាំ ភូរិ អ្នកដឹកនាំសម្ដែងដ៏ល្បីឈ្មោះ ដែលកាន់តែផ្ដល់តម្លៃ និងអនុស្សាវរីយ៍រួមគ្នានៅក្នុងសៀវភៅប្រលោមលោកខ្មែរមួយនេះ។
អ្នកនិពន្ធប្រកបដោយមនោសញ្ចេតនា និងចូលចិត្តថែរក្សាអនុស្សាវរីយ៍រូបនេះ ក៏មិនភ្លេចផ្ញើសេចក្ដីថ្លែងអំណរគុណដល់អ្នកដែលបានរួមចំណែកនៅក្នុងសៀវភៅនេះឡើយ ដោយគាត់បានរៀបរាប់ឈ្មោះ មានដូចជា លោក ឆន សុវណ្ណរាជ លោក ខាំ ភូរិ លោក កៅ សីហា លោក ហេង សុខម៉េង លោក ធី សុផាន់ណា លោក ហួត លី លោក ឈុន ឃុនវិរីយ៉ា លោក លីម គីមឈុន លោក ហេង ឧត្តម លោកស្រី សាត បញ្ញា លោក មាន កុសល និង លោក អ៊ាង គារវៈ ។
លោក សុខ ចាន់ផល បានសម្ដែងអារម្មណ៍រំភើបរីករាយ ពេលបាននិយាយដល់អ្នកគាំទ្រសៀវភៅប្រលោមលោកខែរងានេះ ដោយមានប្រសាសន៍ថា «ការខំប្រឹងប្រែងរបស់ខ្ញុំហាក់ដូចជាមានរូបរាងឡើង នៅពេលបានឃើញសៀវភៅដែលបោះពុម្ពផ្សាយមានការគាំទ្រជាបន្តបន្ទាប់។ ខ្ញុំនៅតែប្រឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន តែលទ្ធផលគឺបានមកពីការចូលរួមពីប្រជាជនខ្មែរទូទាំងប្រទេស។ ការនិពន្ធសៀវភៅនេះ បើនិយាយពីផលចំណេញនោះ គឺមិនទាន់ប្រៀបធៀបនឹងការងារដែលខ្ញុំធ្វើរាល់ថ្ងៃ ដូចជាសរសេរចម្រៀង ឬអត្ថបទភាពយន្តឡើយ ប៉ុន្តែនេះជាកិច្ចការមួយ ដែលខ្ញុំផ្ដល់តម្លៃឱ្យខ្លួនឯង ដើម្បីចូលរួមកសាងវប្បធម៌អាននៅប្រទេសយើង។ ខ្ញុំមានសុទិដ្ឋិនិយមថា ចាប់ពីថ្ងៃនេះទៅ អ្នកនិពន្ធខ្មែរនឹងចេញផ្សាយស្នាដៃច្រើនជាងមុន ហើយប្រជាជនខ្មែរក៏នឹងងាកមកការអានកាន់តែផុសផុរ។ ការអានគឺជាវប្បធម៌ដ៏ថ្លៃថ្នូរបំផុត ដែលខ្ញុំស្រលាញ់។»
គួរលើកផងដែរថា លោក សុខ ចាន់ផល ជាអ្នកនិពន្ធប្រចាំនៅក្រុមហ៊ុនហង្សមាស ផ្នែកនិពន្ធទំនុកច្រៀង និងសាច់រឿងភាពយន្ត ដែលក្នុងនោះបទចម្រៀងល្បីៗជាស្នាដៃទំនុកច្រៀងរបស់លោក សម្រាប់លោក ឆន សុវណ្ណរាជ មានដូចជា នឹក A ស្រលាញ់ B សួរទឹកភ្នែករកស្នេហ៍ពិត បេះដូងខ្មែរ មនុស្សដែលគេមើលរំលង កន្លែងណាព្រមទទួលខ្ញុំ? ចំណែកលើស សុំស្រលាញ់ សុំ Password លួចស្រលាញ់អូនបីឆ្នាំ ឈាមពេជ្រ ជាដើម។ លោកបានបោះពុម្ពផ្សាយនូវស្នាដៃជាសៀវភៅបានជាច្រើនចំណងជើង និងធ្លាប់បានទទួលពានរង្វាន់ SAE Write Award 2013 នៅប្រទេសថៃ។ នៅក្នុងឆ្នាំ២០១៧នេះលោកក៏បានផលិតនូវភាពយន្តខ្លីមួយ ដែលមានចំណងជើងថា «កាបូបលុយ» និងបានបោះពុម្ពផ្សាយនូវសៀវភៅ «មនោសញ្ចេតនា» ។
អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត
អ្វីដែលនៅពីក្រោយភាពជោគជ័យរបស់ ឱក សុគន្ធកញ្ញា
ជាតារាចម្រៀងដែលមានការអភិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់។ ពីក្មេងស្រីមិនសូវចេះនិយាយស្ដីនៅពេលឡើងឆាក ក្លាយជា Coach និង Judge ដ៏ពូកែនិយាយក្នុងកម្មវិធីល្បីៗរបស់ទូរទស្សន៍ហង្សមាស។ ពិតជាមិនសរសើរមិនបាន ចំពោះតារារូបនេះ! ប៉ុន្តែឆ្ងល់ដែរទេ តើមានអ្វីនៅពីក្រោយខ្នងរបស់គាត់?
«ការងាររបស់ខ្ញុំរាល់ថ្ងៃ គឺពឹងលើការអាន បើខ្ញុំមិនអាន គឺខ្ញុំមិនដឹងថា ពាក្យដែលខ្ញុំយកទៅនិយាយជាមួយនឹងទស្សនិកជន ឬកូនក្រុមរបស់ខ្ញុំ ត្រូវនិយាយថាម៉េចនោះទេ តែគឺខ្ញុំតែងតែសិក្សាយកពីសៀវភៅ ទើបខ្ញុំអាចយល់ដឹងពីការរស់នៅ ការប្រើប្រាស់ភាសា សិល្បៈនៃការនិយាយ តើថាយ៉ាងណាខ្លះ… »
ជាសម្ដីប្រកបដោយទឹកមុខរំភើប ជាមួយនឹងសៀវភៅនៅក្នុងដៃ ដែលធ្វើឱ្យយើងមើលដឹងថា គាត់ចូលចិត្តសៀវភៅកម្រិតណា។ ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏លេចធ្លោនាពេលបច្ចប្បន្នកំពុងតែកាន់សៀវភៅថ្មី ស្នាដៃលោក សុខ ចាន់ផល មានចំណងជើងថា «មនោសញ្ចេតនា» ដែលក្របសៀវភៅគឺជារូបនារីម្នាក់ ប្រកបដោយទឹកមុខស្រគត់ស្រគំពោរពេញដោយមនោសញ្ចេតនា ហាក់ដូចជាស្របតាមចំណងជើងសៀវភៅប្រលោមលោកនេះ ហើយដែលនារីម្នាក់នោះគ្មានអ្នកណាក្រៅពី ឱក សុគន្ធកញ្ញា ផ្ទាល់ឡើយ។
បច្ចប្បន្ន យុវវ័យខ្មែរហាក់កំពុងតែស្វែងរកខ្លួនឯង ព្រមទាំងប្រណាំងប្រជែងនឹងភាពរីកចម្រើននៃសកលលោក។ ពួកគេផ្ដើមចាប់អារម្មណ៍ និងចាប់យកអ្វីៗពីលោកខាងក្រៅ យ៉ាងឆាប់រហ័ស។ តើពួកគេចូលចិត្តអានទេ? តើពួកគេគាំទ្រស្នាដៃជាតិរបស់ខ្លួនទេ? មិនទាន់ឆ្លើយបានទេ តែពួកគេកំពុងតែរង់ចាំទទួលនូវវប្បធម៌ទាំងនោះហើយ។ ម្លោះហើយ ការសាបព្រោះនូវវប្បធម៌ល្អៗ គឺប្រៀបបាននឹងពរជ័យចំពោះពួកគេ។ រាងកាយត្រូវការអាហារ ខួរក្បាលត្រូវការគំនិត។ ក្នុងន័យនេះ វប្បធម៌នៃការអានសៀវភៅគឺជារឿងមួយដែលខ្វះមិនបាន មិនថាសៀវភៅបែបកំសាន្ត ឬបែបផ្នត់គំនិត គឺពិតជាចំណែកនៃការអភិវឌ្ឍខ្លួនទៅអនាគតដ៏វែងឆ្ងាយ។
ដោយឡែក កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់សិល្បករ នឹងកាន់តែឃើញតម្លៃនៅពេលដែលពួកគេបានយកវាមកប្រើជាប្រយោជន៍ដល់សង្គមជាតិ។ លោក សុខ ចាន់ផល អ្នកនិពន្ធប្រចាំក្រុមហ៊ុនហង្សមាស ដែលទើបតែចេញផ្សាយស្នាដៃសៀវភៅថ្មី បាននិយាយសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ថា «គាត់គ្មានភាពរារែកក្នុងការថតរូបក្របសៀវភៅថ្មី សម្រាប់ស្នាដៃខ្ញុំឡើយ ដែលសបញ្ជាក់ឱ្យឃើញថា កញ្ញា គឺជាអ្នកចូលចិត្តអាន និងឱ្យតម្លៃសៀវភៅ។»
ការអានគឺជាការផ្សងព្រេងមួយដែលគ្មានទីបញ្ចប់។ ហេតុនេះហើយ ទើប ឱក សុគន្ធកញ្ញា លើកឡើងថា «ក្នុងមួយទំព័រៗគឺមានពាក្យពេចន៍ច្រើនណាស់។ ដូច្នេះមនុស្សម្នាក់អានសៀវភៅចប់មួយក្បាល នឹងទទួលចំណេះរាប់ម៉ឺនរាប់សែនពាក្យ យកមកប្រើមិនអស់ផង។ សៀវភៅមួយក្បាលផ្ដល់ចំណេះដឹងឱ្យអ្នកអានច្រើនលើសលប់ លើសពីអ្វីដែលយើងគិតទុក។ ហើយក្នុងទស្សនៈខ្ញុំ អ្នកនិពន្ធគឺជាមនុស្សដែលរៀនបានច្រើនមែនទែន គឺច្រើនជាងអ្វីដែលយើងកំពុងតែអាននោះផង។»
ចុះចំពោះការច្រៀង? កញ្ញា ឆ្លើយថា «អ្នកនិពន្ធបានសរសេរចម្រៀងជាមួយនឹងមនោសញ្ចេតនា អ្នកច្រៀងក៏ត្រូវយល់ពីមនោសញ្ចេតនានៃសាច់រឿងនោះ។ អ៊ីចឹងហើយ ចំណងជើងសៀវភៅនេះ មនោសញ្ចេតនា គឺប៉ះអារម្មណ៍ខ្ញុំតែម្ដង! បើទោះជាមិនទាន់បានអាន ក៏ខ្ញុំជឿថា នៅខាងក្នុងនេះផ្ទុកទៅដោយមនោសញ្ចេតនារាប់មិនអស់ ព្រោះម្យ៉ាងគឺជាស្នាដៃរបស់អ្នកនិពន្ធ ដែលពោរពេញដោយមនោសញ្ចេតនា សុខ ចាន់ផល ទៅហើយ!»
បើយើងក្លាយជាអ្នកដទៃ គ្មានថ្ងៃអូនមិនយំ អារម្មណ៍ពេលខ្លះ នឹកផ្ទះ ចង់ចាកចេញពីទីនេះ កុហកទឹកភ្នែក គេល្អគ្រប់យ៉ាងតែអូនស្រលាញ់បង មានបទចម្រៀងមួយណាធ្វើឱ្យបងនឹកអូន? ស្ដាប់បទចម្រៀងហូរទឹកភ្នែក ក្រោកឈរ ស្រលាញ់គឺលះបង់… សុទ្ធសឹងជាស្នាដៃបទចម្រៀងជោគជ័យរបស់កវី សុខ ចាន់ផល និង តារាចម្រៀង ឱក សុគន្ធកញ្ញា ហេតុនេះហើយ ជឿថា ស្នាដៃសៀវភៅថ្មីនេះក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នា។
គួរលើកផងដែរថា តារាចម្រៀងដ៏ល្បីល្បាញ ឆន សុវណ្ណរាជ ក៏បានចូលរួមគាំទ្រនូវស្នាដៃថ្មី មនោសញ្ចេតនា នេះយ៉ាងពេញទំហឹង។ លោក ឆន សុវណ្ណរាជ ក៏ជាតួអង្គក្របសៀវភៅរបស់អ្នកនិពន្ធ សុខ ចាន់ផល ដែលមានចំណងជើងថា ខែរងា ហើយនៅគ្រានេះ រាជក៏ជួយផ្សាយគាំទ្រសៀវភៅថ្មី និងបាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ឱ្យងាកមកការអានសៀវភៅផងដែរ។
សៀវភៅរឿងខ្លី បែបប្រលោមលោក ចំណងជើងមនោសញ្ចេតនា ចេញផ្សាយដោយអ្នកនិពន្ធវេទមន្ត ក្នុងគោលបំណងជំរុញវប្បធម៌នៃការអានសៀវភៅនៅកម្ពុជា។ ប្រិយមិត្តអាចរកជាវនៅថ្ងៃនេះបាននៅតាមហាង ន ស ២ រ និង បណ្ណាល័យបញ្ញវន្ត ឬក៏តាមរយៈទូរស័ព្ទលេខ ០៩៣ ៤៨២ ៥៧៨ និង ០៧៧ ៧៦៥ ០៦៣
អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត
អានសៀវភៅធ្វើអ្វី?

THE MAGIC
ខ្ញុំទើបតែអានបានប៉ុន្មានទំព័រទេ តែចូលចិត្តសៀវភៅនេះខ្លាំងណាស់។ កន្លងមកប្រាកដជាមានអ្នកខ្លះធុញនឹងអានអត្ថបទអស់សង្ឃឹមរបស់ខ្ញុំហើយ។ ខ្ញុំងប់ងុលនឹងការគិតអវិជ្ជមានជាយូរមកហើយ ហើយខ្ញុំហាក់ដូចជាស្ដាយនូវរឿងអកុសលជាច្រើន ដែលខ្ញុំមិនព្រមបំភ្លេច។ ស្រាប់តែសៀវភៅវនេះអាចប្រាប់ខ្ញុំថា គ្មានប្រយោជន៍អ្វីដែលត្រូវស្ដាយចំពោះរឿងអកុសលនោះទេ ហើយត្រូវប្ដូរមកគិតតែរឿងល្អៗ ដើម្បីស្រូបទាញយកអ្វីល្អៗចូលមកក្នុងជីវិតរបស់យើង។ ខណៈនេះខ្ញុំភ្ញាក់នឹងខ្លួនឯងដែលកាន់តែចាស់កាន់តែល្ងង់ កាន់តែឆ្ងាយពីអារម្មណ៍ល្អៗកាលពីនៅជាកូនក្មេង។ ខ្ញុំនឹងស្វែងរកអារម្មណ៍កុមារភាពឱ្យត្រឡប់មកវិញ ហើយបន្តរស់នៅជាមួយនឹងក្ដីស្រមៃដ៏ស្រស់បំព្រង ក៏ព្យាយាមធ្វើឱ្យពិភពលោកនេះកាន់តែប្រសើរឡើង ដោយឈប់ខ្វល់នឹងគំនិតល្អក់កករទៀតហើយ។ រស់នៅដោយក្ដីដឹងគុណ ដោយក្ដីស្រលាញ់ អរគុណគ្រប់គ្នាដែលតែងបារម្ភពីខ្ញុំ ខ្ញុំស្រលាញ់មនុស្សគ្រប់គ្នា។ 💙📖🙏 #themagic
ជាមួយលោកគ្រូ គឹម ចាន់ណា
លោកគ្រូ គឹម ចាន់ណា អានសៀវភៅជាច្រើន ហេតុនេះបានជជែកជាមួយនឹងគាត់ ខ្ញុំចំណេញពេលវេលាណាស់។ មួយរយៈនេះ ខ្ញុំស្មុគស្មាញពេក ក៏ព្យាយាមទៅជជែកជាមួយនឹងមនុស្សដែលខ្ញុំស្គាល់។ ចង់ដោះស្រាយបញ្ហា ក៏ត្រូវតែព្រមបើកចិត្តស្ដាប់ ហើយជាលទ្ធផល ខ្ញុំបានធូរចិត្តច្រើន។ នៅចាំប្រលោមលោក «ខែរងា» ទេ? ពេលកត្ដិកពិបាកចិត្ត គេក៏ទៅរកមនុស្សពិភាក្សា។ ឥឡូវនេះ ខ្ញុំកំពុងតែក្លាយជាតួអង្គក្នុងសាច់រឿងដែលខ្ញុំសរសេរហើយ។
សៀវភៅមានរឿងរ៉ាវជាច្រើនដែលដូចនឹងស្ថានភាពដែលយើងកំពុងតែជួប ហើយពេលអានទៅ យើងក៏រកបានមិត្រល្អៗ ដែលជួនកាលយើងពិបាកនឹងជួបនៅក្នុងមជ្ឈដ្ឋានរបស់យើង។ ខ្ញុំជាមនុស្សខ្វះទំនុកចិត្ត មិនហ៊ានគិតថាគំនិតរបស់ខ្លួនឯងត្រូវ។ ងាកមកមនុស្សនៅជុំវិញខ្លួន ពួកគេចាំតែចាប់កំហុស បំបាក់ទឹកចិត្ត ដល់យូរៗទៅក៏ធ្វើឱ្យខ្ញុំយល់ថាខ្លួនឯងមិនបានការ រហូតដល់ដំណាក់កាលលែងចង់រស់។ លោកគ្រូ គឹម ចាន់ណា ថានេះជាហេតុត្រូវអានសៀវភៅ ដើម្បីពង្រឹងខ្លួនឯង កុំឱ្យទន់ជ្រាយឬទោរទន់តាមគេ។ មនុស្សភាគច្រើន មិនប្រាកដថាគិតត្រូវទេ ហើយពួកគេអាចនឹងកំពុងតែច្រឡំមានមោទកភាព។
ការដែលព្រមរស់ត្រាំក្នុងបញ្ហាគ្មានប្រយោជន៍ទេ ត្រូវតែឆាប់រំដោះខ្លួនចេញ ដោយបន្លប់ទៅធ្វើអ្វីដែលមានប្រយោជន៍ផ្សេង។ និយាយស្រួលទេ ធ្វើទើបពិបាក តែសាកល្បងទុកចិត្តលើសៀវភៅ ក្រែងអានប៉ះប្រយោគណាមួយ ដែលអាចជួយយើងបាន។ ខ្ញុំបានអានសៀវភៅ «ស្វែងរកចំណុចខ្លាំង» ហើយធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលពេលអ្នកនិពន្ធប្រាប់ថា ការដែលខំកែចំណុចខ្សោយគឺជាកំហុស ព្រោះធ្វើឱ្យខាតពេលបង្កើនចំណុចខ្លាំង។
SEA Write A Ward 2013
ខ្ញុំជាអ្នកនិពន្ធវ័យក្មេងជាងគេ ហើយក៏ធ្វើរឿងខុសច្រើនជាងគេ នៅពេលនោះ… ខ្ញុំដឹងខ្លួន! …ពានរង្វាន់នេះគឺជាពានរង្វាន់ជីវិតដែលខ្ញុំមិនបានព្រាងទុក តែជាក្ដីស្រមៃលេងសើចដែលខ្ញុំធ្លាប់គិត «គេថាអ្នកនិពន្ធទាល់តែស្លាប់ទើបមានការទទួលស្គាល់ ខ្ញុំមិនយកបែបហ្នឹងទេ ខ្ញុំចង់ល្បីឱ្យលឿនបំផុត ល្បីនៅវ័យក្មេងបំផុត ព្រោះខ្ញុំចង់ស្គាល់អារម្មណ៍ល្បីថាតើវាយ៉ាងម៉េច?» ខ្ញុំគិតថា គ្រប់គ្រាន់ហើយសម្រាប់អាជីពមួយនេះ ទោះបីមិនទាន់បានជាប់រង្វាន់ណូប៊ែលក៏ដោយ ទោះបីនៅក្នុងស្រុកមិនទាន់មានការលើកតម្កើងក៏ដោយ ក៏ខ្ញុំគិតថា មិនអត់ប្រយោជន៍ទេ ដែលខ្ញុំបានធ្វើជាអ្នកនិពន្ធ។
ជីវិតជាអ្វី? គឺជាការឆ្លងកាត់…? ខ្ញុំនៅតែវិភាគរាល់ថ្ងៃនៅឡើយ ហើយព្រោះតែការចូលចិត្តវិភាគនេះហើយ ទើបខ្ញុំក្លាយជាអ្នកនិពន្ធ…
E-Book ស្នាដៃខ្ញុំ
ចាប់ពីពេលនេះទៅ ខ្ញុំនឹងធ្វើ E-Book ស្នាដៃខ្ញុំ សម្រាប់មិត្តអ្នកអានលើអ៊ីនធើណេត។ ស្នាដៃដំបូង ដែលខ្ញុំបាន Upload គឺ រឿង កាបូបលុយ
បន្ទាប់មកគឺប្រលោមលោក រឿង ខែរងា វគ្គ ១
សង្ឃឹមថា បងប្អូនខ្មែរទូទាំងពិភពលោកសុទ្ធតែបានអានបទនិពន្ធរបស់ខ្ញុំ ហើយខ្ញុំសូមអរគុណដល់បងស្រី លឹម សន្តិភាព ដែលបានណែនាំខ្ញុំពី E-Book ហើយខ្ញុំក៏សូមណែនាំពីគេហទំព័រ សមាគម សេរីភាព http://khmerphnompenh.wordpress.com/ ដែលកំពុងធ្វើការផ្សាយពី E-Book ភាសាខ្មែរ ដោយខ្ញុំផ្ទាល់ជាអ្នកទទួលខុសត្រូវក្រុមសៀវភៅយុវវ័យ។
សមាគម សេរីភាព (Liberty Association) បង្កើតឡើងចាប់ពីឆ្នាំ 2009 ក្នុងគោលបំណង ជួយលើកកំពស់វិស័យអក្សរសាស្រ្ត និងអក្សរសិល្ប៍ នៅក្នុងប្រទេសកម្ពុជា។
ក្នុងពេលបច្ចុប្បន្ន សមាគមបង្កើត គេហទំព័រសៀវភៅជាភាសាខ្មែរ សំរាប់អ្នកអានជនជាតិខ្មែរ ដែលនៅទូទាំងពិភពលោក។
ពិព័រណ៍សៀវភៅនៅកម្ពុជា (២៥-២៧ វិច្ឆិកា ២០១១)
នេះជាការពិព័រណ៍សៀវភៅ លើកទី១ រៀបចំដោយបណ្ណាល័យជាតិ! តើអ្នកចូលចិត្តសៀវភៅទេ? អ៊ីចឹងកុំភ្លេចទៅចូលរួមណា៎! 😀 ខ្ញុំក៏នឹងចូលរួមតាំងសៀវភៅចំនួនបីក្បាល ស្នាដៃខ្ញុំដែរ៖
I have written some novels, but i decided to publish it first coz i really love it… It’s awesome, my readers said, and this make me proud.
ខ្ញុំមិនទាន់បានសរសេរភាគបន្តនៅឡើយទេ តែសង្ឃឹមថា មិត្តអ្នកអាននឹងរង់ចាំបាន! រឿងនេះទទួលបានការគាំទ្រច្រើនដែរ ពិតជាអរគុណ អរគុណ អរគុណ! 😉
The second novel after Gentleman’s Love You will see how is winter in Cambodia… Do you like winter?
ពេលនេះគួរតែដល់ខែរងាហើយ មិនសូវត្រជាក់ទេ តែមានខ្យល់បក់រវិចៗរាល់ព្រឹក ហេហេ នេះជាប្រលោមលោកដ៏គួរឱ្យស្រលាញ់ ពិសេសបើអានក្នុងខែរងា។ កើតចេញពីអារម្មណ៍ស្រណោះខែរងា ទើបខ្ញុំសរសេររឿងនេះ។
This about some short stories and also my life.
ជីវិតពិតផ្ដល់សម្ពាធឱ្យខ្ញុំណាស់ តែខ្ញុំបានរកឃើញសេរីភាពវិញ ពេលបានក្លាយជាអ្នកនិពន្ធរឿងប្រឌិត។ នេះជាសៀវភៅចុងក្រោយ ដែលខ្ញុំបានចេញផ្សាយ ហើយកំពុងគិតថា ចាំមានលុយ ចាំបោះពុម្ពសៀវភៅថ្មី។ នៅសល់រឿងជាច្រើនទៀត ដែលខ្ញុំបានសរសេរចប់ មុនពេលខ្ញុំធ្វើការជាអ្នកនិពន្ធទំនុកច្រៀង។
វិចារថ្មីៗ