Posts filed under ‘បទនិពន្ធ’

ចេះមើលកុនទេ?

ពីណាក៏ចេះដែរ មែនហ្អេ? តែ… ជួនកាលរឿងដ៏ល្អបែរជាគេថាអត់ចេះមើល ហើយនាំគ្នាទៅមើលរឿងយ៉ាប់ៗ >< ខមាទោស មិនមែនបង្អាប់ទេ តែបើបែបនេះ អ្នកចេះធ្វើកុនមានន័យអីទៅ? បញ្ហានេះគឺកើតឡើងនៅស្រុកខ្មែរ! ថាទៅខ្ញុំដូចជាទើសគេពេកដែរ ជារឿងគេ ជាលុយគេ គេចូលចិត្តមើលរឿងអីក៏មើលទៅ ហេតុអ្វីខ្ញុំត្រូវស្ដាយជំនួសគេ? មែន! គឺខ្ញុំចូលចិត្តស្ដាយជំនួសគេ ពេលមើលកុនអីល្អមើល មានសារប្លែក គឺខ្ញុំចង់ឱ្យគេបានទទួលដែរ ម្យ៉ាងគាំទ្រអ្នកមានទេពកោសល្យផង។ ប៉ុន្តែតើធ្វើយ៉ាងម៉េចទៅ បើគេថាគេមើលមិនយល់។ អ៊ីចឹងបានថា សៀវភៅក៏ដោយ កុនក៏ដោយ មិនប្រាកដថាគ្រប់គ្នាសុទ្ធតែអាចមើលយល់ទេ។ តើគួរតែបើកថ្នាក់បង្រៀនឱ្យមនុស្សចេះមើលកុនទេ?

និយាយទៅស្អីក៏ត្រូវរៀនដែរ។ ពេលប្រទេសមួយមានអ្នកចេះមើលកុនច្រើន ក៏មានអ្នកចេះផលិតកុនច្រើនដូចគ្នា ហើយប្រទេសនោះក៏មិនដើរយឺតជាងពិភពលោកដែរ។ នៅស្រុកខ្មែរ ប្រហែលជាមិនសូវមានអ្នកចេះធ្វើកុន ឬក៏គេផលិតកុនតម្រូវទីផ្សារ ឬតាមចំណេះដឹងអ្នកមើល? ខ្ញុំគិតថា កាលពីតូចខ្ញុំគ្រាន់តែចូលចិត្តមើលកុនធម្មតា តែពេលធំឡើងខ្ញុំក៏ចង់ក្លាយជាអ្នកផលិតកុន ហើយខ្ញុំក៏ចេះវិភាគពីគុណភាពកុនខ្លះៗ ពិសេសលើផ្នែកអត្ថន័យរឿង។ កុនមួយដែលដក់ចិត្តខ្ញុំ គឺត្រូវមានអ្វីថ្មីផ្ដល់ឱ្យខ្ញុំ ហើយពេលខ្ញុំទទួលបាន ខ្ញុំក៏កាន់តែយល់ពីសារសំខាន់នៃការផលិតកុន។ ជាការខាតបង់ខ្លាំងណាស់ ដែលមានរបស់ល្អហើយ តែយើងមិនអាចស្រូបយកមកប្រើប្រាស់ក្នុងជីវិតបាន ខណៈដែលខ្លឹមសាររឿងដែលអ្នកនិពន្ធប្រឹងប្រើទេពកោសល្យបង្ហាញ ត្រូវបានអ្នកមើលមិនចាប់អារម្មណ៍។ ខ្ញុំជឿថា ជួនកាលបំណងពិតរបស់អ្នកផលិតកុន មិនមែនជាចំនួនសំបុត្រដែលលក់បានទេ តែគឺការទទួលបានរបស់អ្នកមើល។ កាលពីក្មេង ខ្ញុំធ្លាប់ស្ដាយជំនួសមនុស្សមិនចេះញ៉ាំធូរេន ព្រោះខ្ញុំដឹងថារសជាតិធូរេនឆ្ងាញ់។

ភ្ជាប់នឹងអត្ថបទនេះ ខ្ញុំសូមនិយាយដល់រឿង ស្ដេចស្វាស៊ុនអ៊ូខុង២ ដែលខ្ញុំទើបតែមើលពីម្សិលមិញ។ ខ្ញុំជាអ្នកមើលរឿងភាគចិនតាំងពីតូច ហើយខ្ញុំក៏យល់ពីសមត្ថភាពរបស់អ្នកនិពន្ធចិន គ្រាន់តែមួយរយៈចុងក្រោយនេះ ខ្ញុំជាប់ចិត្តនឹងរឿងភាគកូរ៉េច្រើនជាង ដោយសារចិនមិនទាន់បានធ្វើអ្វីប្លែកសម្រាប់ខ្ញុំ។ អ៊ីចឹងហើយ ចំពោះសាច់រឿង ថាំងចេង និង ស៊ុនអ៊ូខុង ដែលខ្ញុំធ្លាប់មើល ខ្ញុំពិតជាចង់ដឹងថា តើអ្នកនិពន្ធបង្ហាញយ៉ាងម៉េច ពេលគេយកមកធ្វើជាភាពយន្តខ្នាតធំ។ ខ្ញុំមើលដោយយកចិត្តទុកដាក់ ហើយខ្ញុំប្រៀបធៀបជាមួយនឹងរឿងហូលីវូដ។ ពេលទំនាស់រឿងកាន់តែស្មុគស្មាញ ខ្ញុំកាន់តែចង់ដឹងពីដំណោះស្រាយ ហើយនៅពេលនោះ ខ្ញុំក៏ឮអ្នកមើលម្នាក់និយាយថាអត់យល់។ ម្នាក់នោះគាត់សើចសប្បាយនឹងឈុតកំប្លែងនៃរឿងរហូត តែត្រង់ចំណុចសំខាន់ដែលសាច់រឿងផ្ដល់ឱ្យ គាត់បែរជាទទួលមិនបាន។ ខុសពីគាត់ ខ្ញុំរំភើបដល់ហូរទឹកភ្នែក ហើយសរសើរដល់អ្នកនិពន្ធដែលមានសមត្ថភាព។ ខ្ញុំអាចយល់ ប្រហែលជាដោយសារខ្ញុំធ្លាប់នៅក្នុងបញ្ហា ហើយខ្ញុំជាមនុស្សចូលចិត្តវិភាគ ពិសេសគឺទ្រឹស្ដីព្រះពុទ្ធ តែអ្នកមើលខ្លះ វាហាក់ដូចជាថ្មីសម្រាប់គេ និងក្លាយជារឿងគ្មានន័យទៅវិញ។

#TheMonkeyKing2 👍🐒 ខ្ញុំហូរទឹកភ្នែកនឹងពាក្យពេចន៍ថាំងចេង ប្រោសមួយជាតិមិនបាន ប្រោសមួយជាតិទៀត ចំណែក អ៊ូខុង ទទួលយល់ក៏ឆ្លើយថា ចាំមួយជាតិមិនឃើញ ចាំមួយជាតិទៀត។ ថាំងចេង លះបង់ជីវិតខ្លូនឯងដើម្បីប្រោសបិសាច បើខ្លួនឯងមិនចុះនរក ទោះយកបានគម្ពីរធម៌ តើមានន័យអ្វី? ខ្ញុំចូលចិត្តរឿងនេះតាំងពីវគ្គ១ ហើយវគ្គ២នេះ កាន់តែមានន័យ បង្ហាញពីសេចក្ដីពិត ជម្លោះក្នុងចិត្ត  «អ៊ូខុងអាចមើលឃើញការពិត ថាំងចេងអាចមើលឃើញដួងចិត្តខាងក្នុង»

12717509_10201374248434149_7694251164112737025_n

 

ខែ​កុម្ភៈ 13, 2016 at 3:02 ល្ងាច បញ្ចេញមតិ

Love H2O

maxresdefaultធ្លាប់គិតថាខ្លួនជាទឹកពេញកែវ អាចដោះស្រាយវិបត្តិស្នេហាឱ្យគេគ្រប់គ្នា តែចុងក្រោយ ក៏សារភាពថា ខ្លួនជាទឹកកន្លះកែវ មិនទាន់ស្គាល់ស្នេហាទេ…

រឿងថៃមួយនេះធ្វើឱ្យខ្ញុំនឹកឃើញដល់រឿងមួយទៀត «Single Lady» ជារឿងដែលប្រាប់អ្នកមើលឱ្យមានទំនួលខុសត្រូវចំពោះស្នេហាដែលខ្លួនបានបង្កើត។

ខ្ញុំយល់ឃើញថា នេះជាភាពប្លែកមួយទៀតនៃការនិពន្ធ បើប្រៀបធៀបទៅជំនាន់មុន ដែលរឿងស្នេហាគេនិយមសរសេរពីសោកនាដកម្មនៃគូស្នេហ៍ណាមួយ ដែលមានប្រវត្តិស្នេហ៍ដ៏រំជួលចិត្ត ដូចជារឿង ទុំទាវ ឬ Titanic ជាដើម។ សម័យនេះ គេចូលចិត្តសរសេរពីអារម្មណ៍ដ៏ជ្រៅ​នៃមនុស្សដែលចង់អភិវឌ្ឍខ្លួន ឬកំពុងស្វែងរកផ្លូវទៅកាន់សុបិន ដែលមានឆាកជីវិតជោគជ័យ ទាំងការងារនិងស្នេហា។ គេនិយាយកាន់តែស៊ីជម្រៅពីការគិតរបស់មនុស្ស ឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ ព្រមទទួលស្គាល់នូវចំណុចខ្សោយ ហើយហ៊ាននិយាយអារម្មណ៍ពិតចេញមក។

តាមរយៈរឿង Love H2O បានប្រាប់ខ្ញុំថា យើងមិនអាចវិនិច្ឆ័យមនុស្សតាមកេរ្តិ៍ឈ្មោះ ឬក៏សំបកក្រៅនោះទេ ព្រោះជួនកាលគេល្ងង់ជាងយើងទៀតក៏ថាបាន។ ក៏ដូចខ្ញុំដែរ ទោះជាខ្ញុំអាចនិពន្ធរឿងឱ្យគេអានបាន តែតាមពិតខ្ញុំគ្រាន់តែសរសេរតាមអ្វីដែលខ្ញុំធ្លាប់ដឹងប៉ុណ្ណោះ ទាំងដែលខ្ញុំមិនធ្លាប់ឆ្លងកាត់ ដែលការពិតខ្ញុំល្ងង់មែនទែន ហើយខ្ញុំមិនមែនជាមនុស្សល្អដូចជាតួអង្គដែលខ្ញុំសរសេរក៏ថាបាន។

ខែ​កុម្ភៈ 12, 2016 at 4:06 ល្ងាច បញ្ចេញមតិ

The Mic Cambodia Original Song Contest

12459904_926624637392671_880243242_n copyដូចជាមានមុខមានមាត់ណាស់ខ្ញុំ គេអញ្ជើញឱ្យធ្វើជាគណៈកម្មការកម្មវិធីប្រលងចម្រៀង ជាមួយតារាចម្រៀងនិងតន្ត្រីករល្បីៗ។ ចង់បដិសេធដែរ តែខ្លាចចិត្ត ម្យ៉ាងចង់ជួយ ម្យ៉ាងខ្ញុំជាអ្នកគាំទ្រអ្នកចម្រៀងសំឡេងពេជ្រ ម៉េង កែវពេជ្ជតា ផង ងាយឯណាបានធ្វើការជាមួយ Idol ក៏ប្រកែកមិនកើត ហេហេ ជាកិត្តិយសមួយដែលខ្ញុំនឹកស្មានមិនដល់ ធ្លាប់តែជាអ្នកចូលចិត្តស្ដាប់ចម្រៀង ក៏ក្លាយជាអ្នកនិពន្ធចម្រៀង ហើយមានការទទួលស្គាល់ពីមហាជន រហូតបានឈរនៅតំណែងស្មើនឹងមនុស្សដែលខ្ញុំធ្លាប់សរសើរ។ តាមពិតខ្ញុំក៏ធ្លាប់ជាគណៈកម្មការជម្រុះបេក្ខជនឱ្យក្រុមហ៊ុនហង្សមាស កម្មវិធីល្បីៗ The Voice​ និង Cambodian Idol ដែរ តែលើកនេះជាបទពិសោធន៍ថ្មីមួយទៀត ដែលដូចជាចេញមុខជាងមុន ព្រោះត្រូវអង្គុយនៅពីមុខទស្សនិជនដ៏ច្រើនកុះករ ថែមទាំងត្រូវបញ្ចេញមតិបន្តិចបន្តួចទៀត។

1455868_1039102492820344_553892018828877907_n

អារម្មណ៍ខ្ញុំនៅតែគិតថាខ្លួនឯងធម្មតា មិនទាន់ហ៊ានធ្វើការអីធំៗទេ ប៉ុន្តែពេលជួបឱកាស ខ្ញុំក៏មិនហ៊ានបដិសេធដែរ ព្រោះវាអាចជាវិញ្ញាសារជីវិតមួយ សម្រាប់មនុស្សមិនក្លាហាន មិនជឿជាក់ដូចជាខ្ញុំ។ ខ្ញុំធ្វើបានហើយ ធ្វើបាននូវរឿងជាច្រើន ដែលមានមនុស្សជាច្រើនចង់ធ្វើដូចជាខ្ញុំដែរ។ យ៉ាងណា ខ្ញុំនៅតែគិតថា ខ្ញុំសិក្តសមជាមនុស្សនៅពីក្រោយឆាកច្រើនជាង។ ប្រៀបធៀបនឹងគណៈកម្មការទាំងបី ពួកគាត់សុទ្ធតែជាអ្នកសិល្បៈ ការនិយាយស្ដី និងការសម្ដែងចេញ សក្តិសមមិនឆ្គងដូចជាខ្ញុំសោះ។ នេះគឺជាទេពកោសល្យ និងបទពិសោធន៍ ប៉ុន្តែខ្ញុំស្រលាញ់ភាពជាអ្នកនិពន្ធលាក់មុខជាង ហេហេ អាចគិតថាមកពីកំសាក តែក៏គួរតែធ្វើអ្វីតាមអត្តចរិតខ្លួនឯងដែរ។

ព័ន្ធពាន់នឹងកម្មវិធី ជឿថានឹងមានអ្នកចង់ដឹងពីចំណាប់អារម្មណ៍របស់ខ្ញុំ ព្រោះថ្ងៃនោះក៏មានអ្នកមកសម្ភាសខ្ញុំប៉ុន្មាននាក់ដែរ ប៉ុន្តែដូចដែលដឹងហើយ ថាខ្ញុំសរសេរពូកែជាងនិយាយ។ ខ្ញុំគាំទ្រនូវកម្មវីធីប្រលងចម្រៀងថ្មីតែងដោយខ្លួនឯង ទើបខ្ញុំព្រមធ្វើជាគណៈកម្មការ ហើយខ្ញុំសង្ឃឹមថា វិស័យចម្រៀងខ្មែរនឹងរីកចម្រើន។ ខ្មែរទាំងអស់គ្នាត្រូវចូលរួម ទើបក្ដីសុបិនមួយនេះក្លាយជាការពិត ត្បិតថាប្រទេសយើងក្រ ប្រជាជនតិច ទីផ្សារតូច សួរថាលក់បទចម្រៀង អាចចិញ្ចឹមជីវិតបានអត់? ខ្ញុំគិតយូរហើយ បើយើងលក់បានច្រើន អ្នកផលិតនឹងបានលុយច្រើន ប៉ុន្តែបើទីផ្សារយើងតូចបែបនេះ អ្នកសិល្បៈត្រូវតែមានការងារចិញ្ចឹមជីវិតមួយទៀត ឬក៏រដ្ឋាភិបាលចិញ្ចឹមតែម្ដង។ តើធ្លាប់គិតចំណុចនេះទេ? ខ្មែរយើងខ្លះ បានប្រៀបធៀបខ្លួនទៅនឹងប្រទេសអភិវឌ្ឍន៍ ឬប្រទេសធំៗ សួរថាអាចប្រៀបធៀបកើតទេ? គូរតែប្រៀបធៀបទៅប្រទេសតូចៗវិញ ដូចជាសឹង្ហបុរី ដែលគេប្រើភាសាអង់គ្លេស ភាសាចិន ដែលសុទ្ធតែភាសាមានទីផ្សារធំ សួរថា បទចម្រៀងសឹង្ហបុរីធ្វើបានប៉ុណ្ណា? ចំណែកអ្នកស្ដាប់ភាសាខ្មែរយើង តើមានប៉ុន្មាននាក់? ខ្ញុំក៏ទើបតែយល់ ថាហេតុអ្វីបានសិល្បករខ្មែរខ្លះចេញបទចម្រៀងជាភាសាអង់គ្លេស ព្រោះគេដឹងថា មិនអាចរកលុយបានច្រើនពីបទចម្រៀងភាសាខ្មែរទេ។

សិល្បៈកើតចេញពីចិត្តស្រលាញ់ និងការគាំទ្រ សូមឱ្យអ្នកគាំទ្រសិល្បៈមានតែទឹកចិត្តស្រលាញ់ និងជួយគ្នា ដើម្បីឱ្យសិល្បៈនៅក្នុងប្រទេសក្រីក្រនេះបានរីកចម្រើន។

ខ្ញុំគិតថា ចង់ប្រមូលបទចម្រៀង Original Song ដែលខ្ញុំសរសេរទំនុកច្រៀង upload in https://soundcloud.com/chanphal-sok តែដាក់បានប៉ុន្មានបទក៏ខ្ជិល 😉 ទើបតែដឹងថា តាមពិតខ្ញុំសរសេរបទចម្រៀង Original Song បានច្រើនបទណាស់ ជាមួយអ្នកភ្លេងក្មេងចាស់ក្នុងសម័យនេះ។

ខែធ្នូ 28, 2015 at 4:38 ល្ងាច បញ្ចេញមតិ

ឯកាគ្រាន់បើជាងឈឺចាប់

មិនមែនខ្ញុំមិនជឿជាក់លើអ្នកដទៃទេ តែខ្ញុំមិនជឿជាក់លើខ្លួនឯង។ ខ្ញុំចេះតែខ្លាចចិត្តមិនហ៊ានពឹងគេ មានអារម្មណ៍ថារំខានគេ ព្រោះខ្លួនមិនមែនជាមនុស្សសំខាន់។ ធ្វើម៉េចទើបអាចជឿជាក់លើខ្លួនឯងជាងនេះបន្តិច?

អារម្មណ៍មួយនេះ ខ្ញុំក៏បានសរសេរចូលក្នុងបទចម្រៀង ‘ឯកាគ្រាន់បើជាងឈឺចាប់’ ទំនុកច្រៀងបង្ហាញពីអារម្មណ៍ដ៏ទន់ជ្រាយ ដែលកប់ក្នុងស្នាមញញឹមរាល់ថ្ងៃនៃមនុស្សឯកា។

image

ខែធ្នូ 22, 2015 at 9:42 ល្ងាច បញ្ចេញមតិ

Cambodian Idol

ពីរបីថ្ងៃនេះខ្ញុំនៅដល់យប់ជ្រៅជាមួយនឹងកម្មវិធីនេះ។ ការងារក្នុងសិល្បៈក៏សប្បាយម្យ៉ាងដែរ មែនទេ? មានមនុស្សជាច្រើនច្រណែននឹងខ្ញុំ ហើយខ្ញុំក៏ក្លាយជា Idol របស់អ្នកគាំទ្រខ្ញុំប៉ុន្មាននាក់។ ខ្ញុំរំភើបចិត្ត និងសួរខ្លួនឯងថា តើគួរធ្វើខ្លួនយ៉ាងម៉េច? ជានិមិត្តរូបអ្នកនិពន្ធរបស់គេ តើនៅតែធ្វើចរិតដូចកូនក្មេងអ៊ីចឹង ឬក៏នៅតែខ្វះការជឿជាក់ នៅតែគិតល្ងង់ៗថា រស់ធ្វើអីទៀតដដែល?

កាលពីមុន ខ្ញុំតែងតែសរសេរអារម្មណ៍ ឬក៏កំណត់ហេតុជាច្រើននៅទីនេះ តែយូរៗទៅ ស្ទើរតែភ្លេចផ្ទះនេះទៅហើយ… មានកំណត់ត្រាជីវិតជាច្រើនដែលខ្ញុំខ្ជិលសរសេរ ខ្ជិលប្រាប់គេ ខ្ជិលៗៗៗៗៗៗៗៗៗ ធ្វើអ៊ីចឹងធ្វើអី? ប្រាប់គេធ្វើអី? ក៏ចេះតែលាក់ទុកក្នុងចិត្ត… ខ្ញុំជាអ្នកនិពន្ធម្នាក់ដែលចូលចិត្តការសរសេរប្លក់ ហើយក៏ទីនេះដែរ ដែលខ្ញុំអាចនិយាយបានច្រើនជាងនៅជាមួយពួកម៉ាក ឬក៏ facebook. ​មែនហើយ សរសេរច្រើនយ៉ាងណាក៏នៅតែដដែលៗ ទើបចេះតែខ្ជិលសរសេរ តែពេលសរសេរហើយក៏ធូរស្រាលចិត្តខ្លះ។ ជីវិតគឺបែបនេះ អាយុប៉ុននេះទៅហើយនៅតែមិនទាន់ចេះរស់នៅឱ្យស្រួលបួលទៀត។

IMG_6723 IMG_6689

ខែ​ឧសភា 27, 2015 at 9:30 ល្ងាច មតិ 2

The Voice Cambodia

ម្សិលមិញខ្ញុំទៅធ្វើជាគណៈកម្មការជម្រុះបក្ខជនតាំងពីព្រលឹមដល់អាធ្រាត្រ។ មានរឿងកំប្លែង ក៏ដូចជារឿងត្រូវគិតផុសឡើងជារឿយៗ។ ប្រហែលស្អីក៏ដោយ សុទ្ធតែមានអត្ថន័យនិងប្រយោជន៍របស់វា ហេតុនេះកុំខ្ជិលនឹងធ្វើ ឬឆ្លងកាត់។

នឹកឡើងវិញ មេបានទូរស័ព្ទមកខ្ញុំ ថាទំនេរទេ អាទិត្យក្រោយជួយការងារ The Voice នៅកោះពេជ្រ។ និយាយត្រង់ ខ្ញុំខ្ជិលណាស់ ខ្ញុំចង់ធ្វើកិច្ចការខ្ញុំជាង ហើយអត់ចូលចិត្តការងារជួបជុំគ្នាច្រើនទេ ធុញ ពិបាករៀបឫក ហាហា តែអត់ហ៊ានប្រកែក ម្យ៉ាងគិតថាទៅមើលកម្មវិធីគេម្ដងចុះ។

ពីព្រលឹមដល់យប់ ខ្ញុំល្វើយណាស់ តែខ្ញុំប្រាប់ខ្លួនឯងថា ត្រូវញញឹមដាក់បេក្ខជនប្រលង។ ខ្ញុំសួរពួកគេ ដែលអ្នកខ្លះថាអត់ទាន់ញ៉ាំបាយ អ្នកខ្លះមកពីខេត្តឆ្ងាយ អ្នកខ្លះសុំច្បាប់ការងារ… ចិត្តចាប់ផ្ដើមអាណិតពួកគេខ្លាំងឡើងៗ ហើយស្រមៃរឿងខ្លួនឯង កាលដែលចង់ចូលធ្វើការក្នុងសិល្បៈពេលមកដល់ភ្នំពេញដំបូង និងប្រវត្ថិខ្លះៗទាក់ទងនឹងការដាក់ពាក្យធ្វើការ។ ស៊ូ! ស៊ូ! ខ្ញុំគិតក្នុងចិត្ត ហើយញញឹមប្រាប់បេក្ខជនកុំឱ្យភ័យ។ ធម្មតាសមត្ថភាពមនុស្សខុសគ្នា មានអ្នកពូកែ មានអ្នកធម្មតា តែថាព្រោះតែអាណិត ខ្ញុំពិតជាចង់ឱ្យពួកគេបានចូលទូរទស្សន៍ទាំងអស់គ្នា។ ក្នុងចំណោមពួកគេ ប្រាកដជាមានអ្នកខឹង តែអ្នកខ្លះក៏នៅតែញញឹម ហើយហាក់ត្រេកអរណាស់ឱ្យតែដល់វេនបង្ហាញខ្លួន។ ចាំមួយថ្ងៃពេញ អ្នកខ្លះក៏ឈានដល់លើសពីដប់ម៉ោង ទម្រាំដល់វេនខ្លួន ហើយគ្រាន់តែច្រៀងពីរបីម៉ាត់គេក៏ឱ្យឈប់ ហ៊ឺ ព្រោះតែបែបនេះ ខ្ញុំចេះតែទុកឱ្យពួកគេច្រៀងបានយូរបន្តិច!

យ៉ាងណា ពួកគេពូកែណាស់ ហើយបានបង្រៀនខ្ញុំបន្ថែមពីឆាកជីវិត ពីចិត្តស្រលាញ់ និងពីការតស៊ូ!

10417511_10152123908311724_8460425129901591208_n10392307_4255694206565_9104987913774877136_n10320574_10152537564348816_1881988462580089388_n10365972_4259330417468_1177481510470488567_n

 

 

 

ខែមិថុនា 1, 2014 at 3:47 ល្ងាច មតិ 7

SEA Write A Ward 2013

ខ្ញុំជាអ្នកនិពន្ធវ័យក្មេងជាងគេ ហើយក៏ធ្វើរឿងខុសច្រើនជាងគេ នៅពេលនោះ… ខ្ញុំដឹងខ្លួន! …ពានរង្វាន់នេះគឺជាពានរង្វាន់ជីវិតដែលខ្ញុំមិនបានព្រាងទុក តែជាក្ដីស្រមៃលេងសើចដែលខ្ញុំធ្លាប់គិត «គេថាអ្នកនិពន្ធទាល់តែស្លាប់ទើបមានការទទួលស្គាល់ ខ្ញុំមិនយកបែបហ្នឹងទេ ខ្ញុំចង់ល្បីឱ្យលឿនបំផុត ល្បីនៅវ័យក្មេងបំផុត ព្រោះខ្ញុំចង់ស្គាល់អារម្មណ៍ល្បីថាតើវាយ៉ាងម៉េច?» ខ្ញុំគិតថា គ្រប់គ្រាន់ហើយសម្រាប់អាជីពមួយនេះ ទោះបីមិនទាន់បានជាប់រង្វាន់ណូប៊ែលក៏ដោយ ទោះបីនៅក្នុងស្រុកមិនទាន់មានការលើកតម្កើងក៏ដោយ ក៏ខ្ញុំគិតថា មិនអត់ប្រយោជន៍ទេ ដែលខ្ញុំបានធ្វើជាអ្នកនិពន្ធ។

ជីវិតជាអ្វី? គឺជាការឆ្លងកាត់…? ខ្ញុំនៅតែវិភាគរាល់ថ្ងៃនៅឡើយ ហើយព្រោះតែការចូលចិត្តវិភាគនេះហើយ ទើបខ្ញុំក្លាយជាអ្នកនិពន្ធ…_MG_7462 _MG_7561 _MG_7577 _MG_7725 _MG_8119 _MG_8881_MG_7751 _MG_7790 _MG_7894 _MG_7949 _MG_7955 _MG_7971 _MG_8073 _MG_8111 _MG_8160 _MG_8233 _MG_8252 _MG_8288 _MG_8292 _MG_8400 _MG_8711 _MG_8720 _MG_8738 _MG_8776 _MG_8842

 

 

 

IMG_0172 IMG_0304 IMG_0365 IMG_0836 IMG_0859 IMG_1006 IMG_1010 IMG_1212 IMG_9796 IMG_9911

 

 

ខែ​មេសា 4, 2014 at 6:58 ល្ងាច មតិ 4

ចម្រៀងឆ្នាំថ្មី

ជាលើកដំបូងដែលខ្ញុំសរសេរចម្រៀងអបអរបុណ្យចូលឆ្នាំថ្មី 😀 ៤ បទរបស់ខ្ញុំ អត្ថន័យ និងចំណងជើង គឺបានមកពីមិត្ត facebook 🙂 You can listen by click on the title: ក្រមុំ 360, ពេលស្រវឹងទើបដឹងចេះរាំ, ប្រពន្ធចាញ់កូន, ក្នុងខ្លួនចេះតែយ៉ាងម៉េច?

1981766_10152387331023816_128826699_n

ខែ​មីនា 27, 2014 at 4:18 ល្ងាច បញ្ចេញមតិ

សារលាក់ស្នេហ៍ (Message)

ចុចស្ដាប់បទនេះ..

ឮសំឡេងសារថ្មើរណាក៏ញញឹម ពេលអស់សង្ឃឹមធុញថប់ជីវិត រូបអូនប្រៀបដូចនៅក្នុងដួងចិត្ត ផ្ញើពាក្យពេចន៍ឱ្យបងសប្បាយ អូនហាក់យល់ពីបងគ្រប់យ៉ាង…

ផ្ញើសាររាប់រយធ្វើឱ្យខ្ញុំលង់ស្នេហ៍អ្នក…

ធ្លាប់ស្ដាប់បទនេះទេ? និយាយពីមនុស្សពីរនាក់ដែលតែងតែផ្ញើសារជជែកគ្នាដល់ថ្នាក់ស្និទ្ធស្នាល អាចហៅថាស្នេហាហើយ តែពេលជួបគ្នា គេបែរជាធ្វើដូចមិនធ្លាប់ស្គាល់គ្នាទៅវិញ… ធ្លាប់អ៊ីចឹងទេ?

បទនេះខ្ញុំតែងកាលពីឆ្នាំ២០០៩ ជាបទភ្លេងនិពន្ធថ្មីរបស់លោកគ្រូ ម៉ម សុគន្ធា ។ ទំនុកច្រៀងមួយនេះបង្ហាញពីទឹកដៃដ៏ក្មេងខ្ចីរបស់ខ្ញុំ ស្ដាប់ទៅនៅមិនទាន់មានបទពិសោធន៍ ទាំងរឿងស្នេហា ទាំងការតែងនិពន្ធ… របស់ខ្លះគឺបែបនេះ តែវាមានតម្លៃជាអនុស្សាវរីយ៍…

ខែ​មីនា 26, 2014 at 3:32 ល្ងាច មតិ ១

យល់សប្ដិ

Nightmare front coverNightmare back coverជាសៀវភៅថ្មីរបស់ខ្ញុំ… គឺឱ្យតែចុងឆ្នាំ ខ្ញុំតែងតែធ្វើសៀវភៅមួយក្បាល ហេហេ សៀវភៅនេះនឹងធ្វើឱ្យអ្នកអាន​ឈឺក្បាលបន្តិចហើយ ហើយពិតជាត្រូវនឹង​មនុស្សចូលចិត្តគិតច្រើន គិតច្រើនដូចជាអ្នកនិពន្ធម្នាក់នេះ! 😉

Oh, មានកំណត់ហេតុនៅទីនេះ ក្នុងសៀវភៅដែរ!

ខែវិច្ឆិកា 22, 2013 at 6:40 ល្ងាច មតិ 2

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 215,499 hits
Visit Cute-Spot.com!