Posts filed under ‘ល្ខោននិយាយ’
ល្ខោននិយាយ រឿង «រដូវនៃជីវិត»
ជាប្រភេទល្ខោននិយាយវិទ្យុ ដែលខ្ញុំទើបតែសរសេរចប់! ខ្ញុំសរសេរល្ខោននិយាយនៅ វិទ្យុដើមអម្ពិល។ ប្រហែលមិនយូរទេ បងប្អូននឹងបានស្ដាប់រឿងនេះហើយ! មិនជាអស្ខារ្យអីទេ គ្រាន់តែសរសេរចប់ រំភើបពេក ក៏យកមកផ្សាយអួតគេបន្តិចទៅ! ហ៊ឺ! តាំងពីចេះសរសេររឿងមក ពិបាកជាងគេ គឺល្ខោននិយាយវិទ្យុនេះហើយ ព្រោះវាទាមទារឱ្យតួអង្គប្រាជ្ញព្រោកគ្នា ឱ្យកើតជាដំណើររឿង តែខ្ញុំជាមនុស្សមិនចូលចិត្តនិយាយផង … យ៉ាងណាអរគុណ លោកគ្រូ ពេជ្រ ពណ្ណរាយ ណាស់ ព្រោះគាត់ជឿជាក់ថា ខ្ញុំអាចធ្វើបាន ហើយព្យាយាមបង្ហាត់បង្រៀនខ្ញុំមករហូត។ គិតទៅខ្ញុំសរសេរបីខែបានចប់ តែសម្រេចចុងក្រោយគឺបួនខែ… មួយខែចុងក្រោយនេះខ្ញុំជួបរឿងរ៉ាវច្រើនដល់ក… ខូចហាដឌីស បាត់ឯកសារខ្ទេច រឿងដែលសរសេរចប់ ក៏ត្រូវវាយជាថ្មី ព្រោះត្រូវកែសម្រួលខ្លះៗ ហើយស្ដាយបំផុត គឺរឿងថ្មីដែលខ្ញុំសរសេរបានជាងម្ភៃទំព័រទៅហើយ បែរជាបាត់ទៅតាមខ្មោចហាដឌីសខ្ទេច 😥 រឿងថ្មីនោះសរសេរបានល្អណាស់ ធ្វើឱ្យខ្ញុំអស់អារម្មណ៍សរសេរម្ដងទៀត ហើយរហូតមកដល់ថ្ងៃនេះក៏មិនទាន់បានសរសេររឿងថ្មីនោះឡើងវិញដែរ 😀 … ខ្ញុំប្រាប់ខ្លួនឯងថា ត្រូវគិតសុទិដ្ឋិនិយម ព្រោះក្នុង រឿង «រដូវនៃជីវិត» នេះក៏ខ្ញុំអប់រំគេអ៊ីចឹងដែរ។
អានឈុតខ្លះៗនៃល្ខោននិយាយវិទ្យុ រឿង «រដូវនៃជីវិត»
-សំឡេងបរិយាកាសរាត្រីដ៏ស្រងេះស្រងោច
វិសុទ្ធ ៖ តើយប់នេះលក្ខិណាមានបញ្ហាអី?
លក្ខិណា ៖ (និយាយដោយរវើរវាយ) តើបងធ្លាប់ស្គាល់ស្នេហាដែរទេ?
វិសុទ្ធ ៖ លក្ខិណាមានទុក្ខព្រោះរឿងស្នេហាអ្ហេះ?
លក្ខិណា ៖ ស្នេហាមកដល់ភ្លាមៗ រកត្រៀមខ្លួនក៏មិនទាន់។ មុនដំបូងខ្ញុំមិនដឹងថា ស្នេហាអាចធ្វើឱ្យខ្ញុំពិបាកចិត្តដល់ថ្នាក់ហ្នឹងសោះ។ យើងស្រលាញ់គេ តែគេស្រលាញ់អ្នកដទៃ តើឈឺចាប់ប៉ុណ្ណា? បងដឹងទេ?
-ស្ងាត់បន្តិច
វិសុទ្ធ ៖ (ដកដង្ហើមគិត) តាមពិតស្នេហាល្អណាស់ មិនមែនល្វីងជូរចត់នោះទេ គឺមនុស្សយើងទេ ដែលចូលចិត្តថាស្នេហាល្វីងជូរចត់នោះ…
លក្ខិណា ៖ បងមិនធ្លាប់ឆ្លងកាត់ផង បងម្តេចនឹងដឹងទៅ?
វិសុទ្ធ ៖ ម៉េចក៏ដឹងថាបងមិនធ្លាប់ឆ្លងកាត់?
លក្ខិណា ៖ បងធ្លាប់អ្ហេះ? បងធ្លាប់ស្រលាញ់អ្នកណា?
វិសុទ្ធ ៖ …បងចង់និយាយថាមនុស្សមានបេះដូង ទោះជាមិនធ្លាប់មានស្នេហា ក៏ធ្លាប់មានលួចស្រលាញ់គេដែរ។
លក្ខិណា ៖ ធ្លាប់លួចស្រលាញ់គេក៏ដោយ បើដឹងថាគេមិនស្រលាញ់បងវិញ តើបងមិនឈឺចាប់ទេ? បើអ៊ីចឹងគឺមកពីបងមិនទាន់ស្គាល់ស្នេហាពិតហ្នឹង។
វិសុទ្ធ ៖ មិនមែនអ៊ីចឹងទេ! មនុស្សដែលស្គាល់ស្នេហាពិតប្រាកដនោះហើយ ទើបគេដឹងថា ស្នេហាល្អសម្រាប់រូបគេនោះ។
លក្ខិណា ៖ ខ្ញុំមិនយល់ទេ!
វិសុទ្ធ ៖ តាមពិតស្នេហាពិតគឺមហិមាណាស់! អូនឯងធ្លាប់មើលកុនស្នេហា ឃើញតួហ៊ានលះបង់ជីវិតដើម្បីមនុស្សដែលគេស្រលាញ់ទេ?
លក្ខិណា ៖ ធ្លាប់តើ!
វិសុទ្ធ ៖ បើធ្លាប់គឺអាចយល់ហើយ! អូនគិតមើល៍! គេហ៊ានលះបង់សូម្បីតែជីវិត ដើម្បីស្នេហារបស់គេ ហេតុនេះតើមានអ្វីទៀត ដែលគេមិនអាចលះបង់បាននោះ? ស្នេហាបរិសុទ្ធគឺមិនមែនគ្រាន់តែចង់ឱ្យគេស្រលាញ់យើង ដូចយើងស្រលាញ់គេនោះទេ។ ប៉ុន្តែគឺជាការលះបង់ ដើម្បីសុភមង្គលរបស់មនុស្សដែលយើងស្រលាញ់។
លក្ខិណា ៖ តើលះបង់យ៉ាងម៉េច?
វិសុទ្ធ ៖ គឺដូចស្ថានភាពរបស់អូនឯងពេលនេះអ៊ីចឹង… អូនឯងស្រលាញ់គេ គេស្រលាញ់អ្នកផ្សេង ហេតុនេះយើងត្រូវចេះលះបង់ឱ្យគេមានសុភមង្គលជាមួយមនុស្សដែលគេស្រលាញ់។ យើងធ្វើបែបនេះ តើមានស្នេហាល្វីងជូរចត់ទៀតទេ បើយើងបានសម្រេចបំណងស្នេហាផ្អែមល្ហែមរួចទៅហើយ?
លក្ខិណា ៖ បែបហ្នឹងក៏ហៅថាស្នេហាទៅរួចដែរ?
វិសុទ្ធ ៖ បែបហ្នឹងហើយ ដែលហៅថាស្នេហាពិតប្រាកដនោះ! ក្រែងយើងស្រលាញ់គេ មែនទេ? ការស្រលាញ់គ្មានអ្វីក្រៅពីចង់ឃើញគេបានសុខនោះទេ។
លក្ខិណា ៖ (និយាយដោយគិតបណ្តើរ) សម្តីរបស់បងសមហេតុផលណាស់! ស្នេហាល្វីងជូរចត់ គឺមនុស្សយើងជាអ្នកបង្កើតឡើង។ ស្រលាញ់មនុស្សម្នាក់មិនមែនមានន័យថា ត្រូវរស់នៅជាមួយគេនោះទេ ហើយក៏មិនមែនមានន័យថាត្រូវឱ្យគេស្រលាញ់យើងវិញដែរ។ ខ្ញុំយល់ហើយ! អរគុណបងវិសុទ្ធ!
វិសុទ្ធ ៖ គឺមកពីអូនឯងឆ្លាត ទើបអាចយល់ការវិភាគដ៏ពិបាកស្តាប់របស់បងបាន! បងត្រូវអរគុណអូនឯងវិញទេ!
លក្ខិណា ៖ បងឯងនេះប៉ិនលួងចិត្តគេណាស់! បើតាមស្តាប់បងនិយាយមិញនេះ មិនដឹងធ្លាប់ខូចចិត្តព្រោះស្នេហាប៉ុន្មានលានដងទេ…! (សើច)
វិសុទ្ធ ៖ ឈប់កើតទុក្ខហើយអ្ហេះ? មុននេះបងពិបាកមើលមុខរបស់អូនឯងណាស់…
លក្ខិណា ៖ ម៉ោះ! ចាប់ដៃគ្នាមួយទៅ!
វិសុទ្ធ ៖ ចាប់ដៃគ្នាដើម្បីអី?
លក្ខិណា ៖ ខ្ញុំដឹងថា ពេលខ្ញុំកើតទុក្ខអាក្រក់មើលណាស់ មែនទេ? ពួកយើងចាប់ដៃគ្នាសន្យាថា ថ្ងៃក្រោយខ្ញុំលែងកើតទុក្ខឱ្យខាតពេលទៀតហើយ!
វិសុទ្ធ ៖ (សើច) ត្រូវហើយ! កើតមកជាមនុស្ស សប្បាយចិត្តក៏ត្រូវរស់ កើតទុក្ខក៏ត្រូវរស់ ម៉េចក៏យើងមិនព្រមសប្បាយចិត្ត?
លក្ខិណា ៖ បងវិសុទ្ធឯងកាន់តែពូកែទ្រឹស្តីហើយ! ខ្ញុំអរគុណម្តងទៀត ព្រោះមុននេះខ្ញុំគិតថា ប្រុងទៅលួចទូរស័ព្ទប៉ា ហៅទៅកម្មវិធីដោះស្រាយវិបត្តិក្នុងវិទ្យុហើយតើ តែបងស្រាប់តែលេចមុខទាន់ មិនឱ្យខ្ញុំពិបាក…
-ទាំងពីរនាក់សើចសប្បាយចិត្ត
រឿងនេះនិយាយពី វិសុទ្ធ ជាកូនកំព្រា… រស់នៅជាមួយគេតាំងពីតូច មិនកក់ក្ដៅទេ តែគេរៀនស្គាល់ពីគុណធម៌ ពីការខ្លាចចិត្តអ្នកដទៃ ក៏ក្លាយជាយុវជនម្នាក់ពោរពេញដោយការគិតពិចារណា… គេស្រលាញ់ អមរា ជាបងស្រីរបស់ លក្ខិណា ដែលគេបានជជែកគ្នានៅខាងលើនោះ ហើយនេះហ៍គឺជាកំណាព្យ ដែលគេបានសរសេរពីដួងចិត្តរបស់គេ គឺគេសរសេរដាក់នៅក្នុងសរសេររៀនគួរគណិតវិទ្យាហ្នឹងណា៖
វិសុទ្ធ ៖ (សូត្រកំណាព្យ ៖ ទេពច្យុត)
យប់យន់ស្អុះស្អាប់អត់វាយោ ហ្វូងផ្កាយគោចរជ្រែករាត្រី ជ្រែកទាំងបេះដូងជនក្រក្រី ក្លាយជាកវីតែងកំណាព្យ។
យប់នេះសែនស្ងាត់បាត់សំឡេង យានយន្តគ្រឹកគ្រេងប្រែស្ងាត់ជ្រាប កន្ទេលធ្លាប់ដេកក្លាយជាស្កៀប គ្រែបាក់រនាបមុងរហែក។
សម្លឹងមើលមេឃតាមបង្អួច ដួងចិត្តលបលួចទួញយំយែក មេឃដីសែនឆ្ងាយគ្នាអនេក តំណក់ទឹកភ្នែកស្រែកតូចចិត្ត។
អាសូរទន្សាយឆ្ងាយដួងចន្ទ ផុតហត្ថឈោងកាន់បាននែបនិត្យ ស្តាយចិត្តស្តាយកាយស្តាយស្នេហ៍ស្និទ្ធ ស្តាយព្រហ្មលិខិតឥតមេត្តា។
ឯស្នេហាខ្ញុំខុសទន្សាយ ប៉ុន្តែពាក្យស្តាយមានដូចគ្នា ស្តាយខ្លួនគ្មានសិទ្ធិប៉ងប្រាថ្នា ទោះបីកាយាជិតបង្កើយ។
រស់ឈ្មោះបងប្អូនតាំងពីតូច មិនសមចិត្តឆ្កួតស្នេហ៍ស្រីឡើយ ពេលនេះទោសស្នេហ៍ផ្តល់ទុក្ខហើយ ឱ!រាត្រីអើយកុំឌឺដង។
ដឹងច្បាស់ថាចិត្តស្រីស្នេហ៍គេ ដឹងថាមាសមេមិនស្នេហ៍បង ដឹងថាគេសមគ្នាកន្លង ដឹងទៀតថាបងត្រូវឈប់គិត។
ងើយមើលទៅមេឃគិតថ្ងៃស្អែក ពន្លឺចម្លែកញែកងងឹត ឬនេះគឺជាទេពនិម្មិត ច្យុតចុះពិនិត្យភពលោកា?
ខ្ញុំក៏លើកដៃឡើងប្រណម្យ ប្រមូលអារម្មណ៍បិទនេត្រា ឱ!ទេពច្យុតអើយខ្ញុំប្រាថ្នា ជួយស្រាយបញ្ហាដួងចិត្តផង។
លក្ខិណា ៖ ពីរោះលន្លង់លន្លោចអ្វីម៉្លេះទេ! មិនដឹងថា ពេលកំពុងតែងកំណាព្យមួយនេះ តើ បងវិសុទ្ធ មានអារម្មណ៍បែបណាទេហ្ន? រស់ឈ្មោះបងប្អូនតាំងពីតូច មិនគួរចិត្តឆ្កួតស្នេហ៍ស្រីឡើយ… ស្រីនោះគឺជារូបបងប្រាកដណាស់! បងវិសុទ្ធតែងកំណាព្យស្នេហា ថ្វីត្បិតតែបុរាណបន្តិចមែន តែធ្វើដូចគាត់ជាតួឯកប្រុសនៅក្នុងប្រលោមលោកអ៊ីចឹង។ ឱ! រូបបងក្លាយជាតួឯកស្រីដែលគាត់លួចស្រលាញ់… យ៉ាងម៉េច រំភើបរហូតនិយាយអ្វីលែងចេញហើយ មែនទេ? ខ្ញុំទៅយកសៀវភៅរៀនគួរគណិត របស់គាត់មករៀនសោះ បែរជាមកដឹងរឿងគាត់លួចស្រលាញ់បងស្រីឯងទៅវិញ! បងវិសុទ្ធ សរសេរកំណាព្យស្នេហាលួចស្រលាញ់គេដាក់ក្នុងសៀវភៅរៀនគួរ (សើច) ប្រហែលជាគាត់ដឹងថាបាត់សៀវភៅនេះហើយមើល៍ទៅ ហើយប្រហែលកំពុងតែភ័យផងក៏មិនដឹង! នែ៎! ម៉េចក៏បងស្រីខ្ញុំនៅធ្មឹង បាត់មាត់បាត់កអ៊ីចឹង? ឥឡូវតើបងគិតយ៉ាងម៉េច បើដឹងថាបងវិសុទ្ធក៏លួចស្រលាញ់បងដែរនោះ? ឬក៏យប់នេះបងសារភាពប្រាប់គាត់វិញថា បងស្រលាញ់គាត់ដូចគ្នាតែម្តងទៅ។
អមរា ៖ ឆ្កួត! បងមិនមែនជាស្រីចិត្តងាយបែបហ្នឹងទេ!
លក្ខិណា ៖ ត្រូវហើយ! បើបងចិត្តងាយអ៊ីចឹងក៏បងវិសុទ្ធមិនស្រលាញ់បងដែរ។ តែខ្ញុំមានវិធីមួយ… បងគិតទៅមើល៍! សៀវភៅមួយក្បាលនេះគឺជាអាថ៌កំបាំងដួងចិត្តរបស់គាត់ មែនទេ?
អមរា ៖ រួចវាយ៉ាងម៉េច?
លក្ខិណា ៖ គឺបងមិនបាច់សារភាពប្រាប់គាត់មុនទេ ទុកឱ្យគាត់និយាយមុនវិញ។ បងត្រូវធ្វើតាមខ្ញុំ! ដល់យប់ពេលបងវិសុទ្ធមកដល់ បងត្រូវហុចសៀវភៅនេះទៅគាត់ ដោយធ្វើឫកខឹងលាយម្ញ៉ិកម្ញ៉ក់ផង។ ពេលនោះបេះដូងរបស់គាត់ក៏ចាប់ផ្តើមលោត ភ័យបែកញើសថ្ងាស រួចក៏សួរបងថា “ហេតុអ្វីក៏សៀវភៅខ្ញុំនៅនឹងដៃរបស់ អមរា ទៅវិញ? តើ អមរា បានអានវាហើយមែនទេ?” បងក៏ធ្វើឫកអៀន ដោយឆ្លើយទៅវិញថា “អានវាស្អី? ខ្ញុំមិនបានអានកំណាព្យរបស់បងនោះទេ…! ស្អប់ណាស់…!”
អមរា ៖ អូយ! ដូចជាមាយាម៉្លេះ! បងមិនចេះទេ។ ស្រួលមិនស្រួល និយាយតាមឯងនេះ គាត់ថាបងក្តៅខ្លួនទៀត។
លក្ខិណា ៖ បើបងមិនចូលចិត្តរបៀបនេះទេ មានរបៀបមួយទៀត! ពេលបងវិសុទ្ធសួរថា បានអានកំណាព្យឬអត់ បងឆ្លើយទៅវិញថា បានអានហើយ តែមិនទាន់យល់ន័យ ហើយឱ្យគាត់ពន្យល់បង។ …វានឹងដូចក្នុងរឿងមាលាដួងចិត្ត នៅពេលទីឃាវុធពន្យល់ចន្ទមុនី រួចបងក៏ធ្វើដូចចន្ទមុនីសួរដេញដោលគាត់ ទាល់តែគាត់លុតជង្គង់ សារភាពស្នេហ៍ពិតប្រាប់បងតែម្តង!
អមរា ៖ (សើច) ចុះបើសួរចុះសួរឡើង គាត់ថាគាត់ស្រលាញ់វិច្ឆិកាទៅវិញ តើយ៉ាងម៉េច?
លក្ខិណា ៖ បងមិនមែនសៀមអត់ចេះអក្សរខ្មែរដូច ចន្ទមុនី ឯណា? ក្រែងគាត់សរសេរថា រស់ឈ្មោះបងប្អូនតាំងពីតូចអ្ហេះ ម៉េចនឹងអាចជា វិច្ឆិកា កើត?
អមរា ៖ បងមិនមែនចន្ទមុនី គាត់ក៏មិនមែនទីឃាវុធ។ ចិត្តគាត់យ៉ាងម៉េច បងក៏ស្គាល់ខ្លះដែរ។ ប្រហែលបើឱ្យសៀវភៅទៅគាត់ គាត់យកហើយ ដើរចូលបន្ទប់ធ្វើមិនដឹងផង។
លក្ខិណា ៖ ទោះជាគាត់ដើរចេញមែន ក៏បងនៅតែអាចសួរគាត់បានដែរ ព្រោះក្នុងនាមបងខឹងនឹងគាត់ណា៎!
អមរា ៖ ប៉ុន្តែបើគាត់ឆ្លើយថា គាត់សរសេរលេង វាចប់គ្នាទៅហើយ។ ឬក៏ថាមនុស្សស្រី ដែលគាត់សរសេរនោះគឺជារូបឯងក៏អាចដែរ។
លក្ខិណា ៖ មិនអាចទៅរួចមួយពាន់ភាគរយ! គាត់មិនអាចស្រលាញ់ខ្ញុំទេ! គាត់ស្រលាញ់បង បងស្រលាញ់គាត់… តើមានអ្វីត្រូវគិតទៀត?
ដំណើររឿងស្មុគស្មាញបំផុត នៅពេលដែលវិសុទ្ធបានជួបនឹងឪពុកបង្កើតរបស់គេវិញ… គេទទួលមិនបានពេលឃើញឪពុកគេគឺជាអ្នកមាន និងមានប្រពន្ធថ្មី បោះបង់គេឱ្យរស់នៅរងាអស់ម្ភៃឆ្នាំ… ក្នុងថ្ងៃនោះដែរ ខួរក្បាលវិសុទ្ធក្លាយជាវិលវ៉ុល ព្រោះគេបានច្រានអ្នកបម្រើម្នាក់ឱ្យធ្លាក់ពីលើកាំជណ្ដើរ រហូតសន្លប់៖
វិសុទ្ធ ៖ (ដេកគិតរវើរវាយ) “ ហ៊ើយ! តើពូអ្នកបម្រើម្នាក់នោះគាត់យ៉ាងម៉េចទៅហើយ ហើយហេតុអីក៏ខ្ញុំជិះកង់រត់មិនព្រមជួយមើលគាត់? ប៉ុន្តែហេតុអី ក៏គាត់ធ្វើឱ្យខ្ញុំខឹងបែបនេះ? តើនេះជាវាសនាអាក្រក់របស់ខ្ញុំ មែនទេ? ឱ! បញ្ហាស្មុគស្មាញបែបនេះ ខ្ញុំធ្លាប់ស្គាល់ហើយ! អារម្មណ៍ព្រួយបារម្ភបែបនេះ ខ្ញុំក៏ឧស្សាហ៍ជួបណាស់ដែរ។ ទាំងនេះព្រោះខ្ញុំជាកូនកំព្រា ទើបត្រូវដេកព្រួយម្នាក់ឯងអ៊ីចឹង។ ខ្ញុំជាកូនកំព្រា ហើយខ្ញុំក៏ស៊ាំនឹងជីវិតនេះហើយ។ ហេតុអ្វីក៏ឥឡូវស្រាប់តែខ្ញុំដឹងថា ខ្ញុំមានឪពុកម្នាក់ជាអ្នកមានទៅវិញ? ទេ! ខ្ញុំគ្មានឪពុកជាអ្នកមានឡើយ។ ខ្ញុំគឺជាក្មេងកំព្រា ដែលឪពុកម្តាយបោះបង់ចោល…!”
មិននឹកស្មានថា ថ្ងៃបន្ទាប់ វិសុទ្ធ ក៏ដឹងថា អ្នកបម្រើនោះស្លាប់បាត់ទៅហើយ តែឃាតករគឺជាអ្នកផ្សេង ដែលកំពុងជាប់ឃុំក្នុងគុក។ គ្មានអ្នកណាដឹងថា គេបានធ្វើរឿងនេះទេ តែគេក៏នៅមិនស្ងប់៖
-បរិយាយពេលយប់នៅតាមសួនច្បារ យូរៗមានយានជំនិះបើកកាត់មួយ
វិសុទ្ធ ៖ (អង្គុយសំកុកនៅលើបង់ គិតរវើរវាយ) ហេតុអីក៏រឿងហេតុក្លាយជាធំដល់ថ្នាក់នេះ? គឺរូបខ្ញុំទេ ទើបជាឃាតករពិតប្រាកដ លោកម៉េងអ៊ី គាត់មិនបានដឹងរឿងនេះទេ! តើខ្ញុំគួរធ្វើយ៉ាងណា? ពេលនេះទោះជាខ្ញុំទទួលស្គាល់លោកប៉ារបស់ខ្ញុំវិញ តើមានប្រយោជន៍អីទៅ បើខ្ញុំក្លាយជាឃាតករសម្លាប់មនុស្សទៅហើយ! ឱ! ទេវតាអើយ! ហេតុអីក៏ខ្ញុំត្រូវមកជួបរឿងរ៉ាវអកុសលបែបនេះ? ឱ! ជីវិតខ្ញុំអើយ! តើខ្ញុំគ្មានថ្ងៃស្គាល់សុភមង្គលទេ មែនទេ?
ទោះយ៉ាងណា នេះជារដូវនៃជីវិត ដែលមនុស្សត្រូវឆ្លងកាត់៖
ម៉េងហ៊ុន ៖ ម៉េចមកអង្គុយនៅក្រោមផ្ទះម្នាក់ឯងអ៊ីចឹង អមរា?
អមរា ៖ ខ្ញុំកំពុងគិតពីរឿងរ៉ាវជីវិតដែលទើបតែកន្លងផុត។
ម៉េងអ៊ី ៖ គ្រប់យ៉ាងគឺក្លាយទៅជាអតីតកាលអស់ទៅហើយ។
អមរា ៖ បងដឹងទេ? ពេលបងត្រូវប៉ូលិសចាប់… ពេលវិសុទ្ធទៅសារភាព… ខ្ញុំមានអារម្មណ៍ដូចជាកំពុងតែយល់សប្តិ។ ខ្ញុំបានបន់ថា សូមឱ្យរឿងអាក្រក់ដែលខ្ញុំកំពុងជួបនេះគឺជាក្តីស្រមៃ។ ឥឡូវនេះវាពិតជាដូចក្តីស្រមៃមែន។
ម៉េងអ៊ី ៖ មនុស្សល្អ គ្មានរឿងអាក្រក់កើតឡើងចំពោះខ្លួនពិតប្រាកដទេ។ វាគ្រាន់តែជាក្តីស្រមៃ ដើម្បីឱ្យយើងរៀនតស៊ូជម្នះនឹងជីវិត រួចវាក៏រសាត់តាមខ្យល់អស់ទៅវិញ។ ក្រោយពេលភ្លៀងមេឃស្រឡះ ឱ្យតែយើងអាចរង់ចាំដល់ពេលភ្លៀងរាំងបាន នោះយើងមុខជាបានឃើញពន្លឺព្រះអាទិត្យរះ។ អមរាជឿទេ? រឿងអាក្រក់មិនអាចធ្វើបាបមនុស្សល្អបានទេ។
អមរា ៖ ជឿ! ឆ្លងកាត់រឿងរ៉ាវម្តងនេះធ្វើឱ្យខ្ញុំដឹងថា មនុស្សមិនចាំបាច់ខ្វល់ពីរឿងអាក្រក់ៗដែលខ្លួនកំពុងតែជួបប្រទះឡើយ។ ឱ្យតែយើងជឿថាខ្លួនឯងជាមនុស្សល្អ ទេវតាប្រាកដជាតាមថែរក្សា ហើយខ្ញុំនឹងប្រកាន់គំនិតសុទិដ្ឋិនិយមមួយថា រឿងរ៉ាវអាក្រក់ទាំងឡាយនឹងកន្លងជាមួយពេលវេលា ដោយជំនួសតែរឿងដ៏សប្បាយរីករាយមកវិញ។
ម៉េងអ៊ី ៖ (និយាយទាំងអៀន) ពេលខ្ញុំត្រូវប៉ូលិសចាប់ អមរាពិបាកចិត្តណាស់មែនទេ? (ស្ងាត់បន្តិច) ខ្ញុំអរគុណសន្តានចិត្តរបស់អមរាណាស់! អរគុណចំពោះការជឿទុកចិត្តលើរូបខ្ញុំ។ ពេលខ្ញុំនៅក្នុងមន្ទីរឃុំឃាំង ខ្ញុំបានផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងថា ជីវិតខ្ញុំនៅមានលោកប៉ា និងមាន…អមរា។ ខ្ញុំត្រូវមានសង្ឃឹមថា ខ្ញុំនឹងអាចរកយុត្តិធម៌ឱ្យខ្លួនឯងបាន។ អមរា! ខ្ញុំមានពាក្យ មួយដែលចង់ប្រាប់អមរាជាយូរមកហើយ។ ខ្ញុំ…
អមរា ៖ (និយាយកាត់) គិតទៅបើបងវិសុទ្ធមិនទៅសារភាពទេ បងក៏មិនអាចទៅប្តឹងប៉ូលិសឱ្យចាប់បងម៉េងហ៊ុន និងចឹកលាងនោះបានដែរ។
ម៉េងអ៊ី ៖ ពិតហើយ! បើមិនមែនជាវិសុទ្ធ ប្រហែលជាគេទុកឱ្យខ្ញុំដេកក្នុងគុករហូតហើយ។ ប៉ុន្តែមនុស្សល្អដូចជាគេ ចុងក្រោយក៏មិនមែនជាឃាតករពិតប្រាកដ។ ខ្ញុំគិតថា បើគេមិនទៅសារភាពទេ រឿងពិតក៏មិនអាចលាតត្រដាង ហើយមួយជីវិតនេះគេប្រាកដជាស្មានថា ខ្លួនគេគឺជាអ្នកសម្លាប់ពូបុតរហូត។ (ស្ងាត់បន្តិច) អមរាកំពុងគិតរឿងអីទៀតហើយ?
អមរា ៖ …អត់ទេ! តែថ្ងៃនេះវិសុទ្ធគាត់ទៅរស់នៅជាមួយប៉ារបស់គាត់ហើយ។
វិចារថ្មីៗ