Posts filed under ‘រឿងខ្លី’

Me on PPP ^^

Sitting on a chair and smiling in front of the Khmer Writers Association, Sok Chanphal, a 27-year-old author and song writer, was showing his new novel Winter Love to other writers to get their feedback.

Winter Love costs 6,000 riel and it is about love during the winter.

To write a good novel is not easy and the author has to know how to develop a story and write well.

Chanphal, who has written novels for two years and has many readers, said he can make his novels interesting and popular with his readers because he always uses simple words and correct grammar, making them easy to understand.

“I also write jokes or funny sentences or paragraphs to add colour to my novels,” he said. “Most novels don’t have real pictures or photos, but mine do.”

Tale of the lamp, The letter of love, Gentlemen love, and Winter love are the titles of Chanphal’s novels, which are on sale to the public.

All his novels have become popular and have gained a lot of support among Cambodian youth.

“I always receive good comments or praise via phone calls, text messages and Facebook,” he said.

By looking at the real situation of Cambodian society, Chanphal is interested in writing love stories in his novels. He uses his imagination and reflects what happens in society.

“What my audiences like, I will do,” he said. “I also want to educate my readers about love as well.”

 

 

ខែ​មីនា 9, 2011 at 10:27 ព្រឹក មតិ 2

កម្មវិធី អរុណសួស្ដីកម្ពុជា ទទក

ជាលើក​ទី​មួយ​សម្រាប់​ខ្ញុំ ដែល​បាន​ចូល​រួម​​ក្នុង​កម្មវិធី​ទូរទស្សន៍ 😉 ធ្វើ​អ្វី​ក៏​ដោយ​គឺ​ត្រូវ​តែ​មាន​លើក​ទី​មួយ។ ពេល​គេ​អញ្ជើញ​ខ្ញុំ ខ្ញុំ​មិន​បាន​​រារែក​​ទេ តែ​លួច​គិត​ក្នុង​ចិត្ត​ថា តើ​ខ្លួន​ឯង​ធ្វើ​បាន​ល្អ​ឬ​អត់? មិន​មែន​ចង់​ចូល​ទូរទស្សន៍​ទេ តែ​គិត​ថា​ក្នុង​នាម​ជា​បុគ្គល​សាធារណៈ​ម្នាក់ ការ​បង្ហាញ​ខ្លួន​គឺ​ជា​រឿង​ចៀស​មិន​ផុត។ អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​​សម្រេច​ចិត្ត​​ជួប​បទ​ពិសោធន៍​លើក​ដំបូង​មួយ​​នេះ។ ពេល​កម្មវិធី​គេ​ចាប់​ផ្ដើម ខ្ញុំ​មិន​ភ័យ​ទេ តែ​នឹក​បារម្ភ​ថា បើ​និយាយ​ខុស​ អាច​និយាយ​ម្ដង​ទៀត​ឬ​អត់? លុះ​​ចុង​ក្រោយ​ក៏​នឹក​ភ័យ​ថា តើ​ខ្លួន​ឯង​បាន​និយាយ​ស្អី​ខ្លះ​អ៊ីចេះ? កម្មវិធី​ដូច​ជា​ធ្វើ​ដំណើរ​ទៅ​មុខ​លឿន​ណាស់ មិន​ទុក​ពេល​ឱ្យ​​ខ្ញុំ​ត្រៀម​ខ្លួន​​​សោះ។ ខ្ញុំ​ដឹង​ខ្លួន​ឯង​ថា​​និយាយ​មិន​បាន​ល្អ​នោះ​ទេ តែ​ខ្ញុំ​ក៏​មិន​បន្ទោស​ខ្លួន​ឯង​ពេក​​ដែរ ព្រោះ​​ខ្ញុំ​មិន​មែន​ជា​អ្នក​និយាយ​ឯណា ខ្ញុំ​ជា​អ្នក​សរសេរ​ទេ​តើ!

 

 

ខែ​មីនា 3, 2011 at 1:24 ល្ងាច មតិ 3

ចំណាប់អារម្មណ៍របស់ លោកជំទាវ ប៉ិច សង្វាវ៉ាន

លោកជំទាវ ឬ​អ្នក​មីង​ ប៉ិច សង្វាវ៉ាន គឺ​ជា​អ្នក​គ្រូ​ម្នាក់​របស់​ខ្ញុំ ហើយ​គឺ​ជា​អ្នក​និពន្ធ​ជើង​ចាស់​មួយ​រូប និង​ជា​អ្នក​សារព័ត៌មាន​ដ៏​ល្បី​ល្បាញ​ប្រចាំ​​វិទ្យុ​បារាំង​អន្តរជាតិ RFI ​ដែល​អ្នក​មីង​ធ្លាប់​យក​ស្នាដៃ​ដំបូងៗ​របស់​ខ្ញុំ​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពណ៌នា​បង្ហាញ​ក្នុង​កម្មវិធី​អក្សរ​សិល្ប៍​របស់​គាត់។ ស្នាដៃ​ដំបូង​របស់​មនុស្ស​រៀន​សរសេរ​ម្នាក់ គឺ​កម្រ​នឹង​មាន​​គេ​ចាប់​អារម្មណ៍​អាន​ណាស់ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​បាន​ទទួល​កម្លាំង​ចិត្ត​ពី​​រៀម​ច្បង​អ្នក​និពន្ធ​ជើង​ចាស់​​ជា​ច្រើន ដែល​លោក​ទាំង​អស់​យល់​ថា ស្នាដៃ​ខ្ញុំ​ជា​​ប្រភេទ​អក្សរសិល្ប៍​ទស្សនវិជ្ជា។

ស្ដាប់​រឿង​កំណប់ ដែល​វិភាគ​ដោយ​អ្នក​មីង​ ប៉ិច សង្វាវ៉ាន

អាន​អត្ថបទ ដំណើរជុំវិញអ្នកនិពន្ឋម្នាក់ ៖​ សុខ​​ ចាន់​ផល តាមរយៈ៖ «ខែរងា»

នេះ​គឺ​ជា​រូប​ថត​អនុស្សាវរីយ៍​មួយ​សន្លឹក នៅ​គ្រា​ដែល​ខ្ញុំ​បាន​​រៀន​សូត្រ​ជា​មួយ​អ្នក​មីង៖

នឹក​ឃើញ​កាល​ណោះ ពេល​បាន​ស្ដាប់​សម្ដី​របស់​អ្នកគ្រូ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា អ្នក​គ្រូ​និង​ខ្ញុំ​មាន​បុគ្គលិក​លក្ខណៈ​ដូច​គ្នា​ច្រើន​ណាស់។ ខ្ញុំ​កាន់​តែ​គោរព​ស្រលាញ់​អ្នក​គ្រូ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ទៅ​រាក់​ទាក់​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​គាត់​ទេ ត្បិត​យល់​ថា​ គាត់​មាន​ឋានៈ​ខ្ពស់​ខ្ពស់ និង​ល្បី​ល្បាញ​ណាស់។ ខ្ញុំ​សូម​ស្រង់​ប្រសាសន៍​​របស់​គាត់ មក​ផ្សាយ​នៅ​ទី​នេះ៖

ឆ្នាំ​២០០៧​ លោក​ខូតារា​ឬទិ្ឋ ប្រធាន​សមាគម​អក្សរសិល្ប៍​នូហាច​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្ញុំ ​ក្នុង​ការ​និពន្ឋ​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ការ​ និពន្ឋប្រលោមលោក​ ​ក្រោយ​ពី​សិក្ខា​សាលា​ដែលបានរៀបចំដោយសមាគម​អក្សរសិល្ប៍​នូហាច​​សមាគម​អ្នក​​សាបព្រោះ​ ​និង​សមាគម​អ្នក​និពន្ឋ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំង។

ក្នុង​ចំណោម​សិក្ខាកាម​មួយ​​ក្រុមដែលមានចំនួន​ជិត​ម្ភៃ​នាក់​ មាន​សិក្ខាកាម​ប្រមាណជាប្រាំឬ​ប្រាំមួយនាក់បាន​នាំ​គ្នា​មក​ជួប​សំណេះ​សំណាល ​ជា​មួយ​ខ្ញុំ​ដល់​ផ្ទះ។

នៅក្នុង​​ចំណោម​សិក្ខាកាម​មួយ​ចំនួន​នេះ​​ សុខ ​ចាន់​ផល ជា​យុវជន​ម្នាក់ដូច​ជាយុវជន​យុវតី​មួយ​ក្រុម​នេះ​ដែរ មាន​ការ​គោរព​ខ្ញុំដែលជា​អ្នក​និពន្ឋ​ចាស់​ទុំ​រៀម​ច្បង​មួយ​រូប​។​ ឆ្នាំបន្ទាប់​មក​ទៀត​ សុខ​ ចាន់​ផល​បាន​យក​រឿង​របស់​គេមួយ​ក្បាលដែលមានចំណងជើងថា«កំណប់»​មក​ឲ្យ​ខ្ញុំ​​ ។​ ជា​កម្រង​រឿង​ខ្លី​ៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាន​បណ្តើរ​សរសើរ​ទេព​កោសល្យ​របស់​​យុវអ្នកនិពន្ឋ​នេះ​បណ្តើរ។ ​ ដោយយល់​ថា​កម្រងរឿងខ្លីៗ​មាន​ឧត្តមគតិ​ ​និង​មាន​ទស្សនវិជ្ជា ទើប​​ខ្ញុំ​​គិត​ថា ​មិន​គួរទុក​​ឲ្យ​រឿង​ដ៏ល្អ​ៗ​នេះ​ឲ្យស្ថិត​នៅ​តែ​​ក្នុង​ទំព័រ​សៀវភៅទេ​។​ ​ខ្ញុំ​ក៏បាន​យក​រឿង​ពីរ​គឺ​រឿង «កំណប់» និង​រឿង«​ចន្ទកក្តិក»​ មក​វិភាគផ្សាយ​តាម​រលក​អាកាស​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ ដោយមានអន្តរាគមន៍ពី​សុខ ចាន់ផល។

ពេលវេលាកន្លងទៅមែន ​តែ​សុខ​ ចាន់ផល តែង​តែ​រក្សា​ទំនាក់​ទំនង​ល្អ​តាម​អ៊ីម៉ែល​ជាមួយ​ខ្ញុំ ហើយ​គេ​ក៏​មិន​ដែល​ភ្លេច​ទេ​​នៅ​ពេល​ណា គេ​ផ្ញើ​ចម្រៀង​ដែល​គេ​បាន​តែង​ទៅ​ឲ្យ​មិត្តភក្តិ​​គេ​ស្តាប់ គេ​ក៏​តែង​តែ​ផ្ញើ​មក​ខ្ញុំ​ដែរ។​ នៅ​​ពាក់​​កណ្តាល​ខែ​​កុម្ភះ​​ឆ្នាំ​២០១១​ យុវអ្នក​និពន្ឋ​​សុខ ចាន់​ផល​ បាន​​យក​​រឿង​«ខែរងា»​ដែល​​ទើប​នឹង​​ចេញ​​ផ្សាយ​​មក​ឲ្យ​​ខ្ញុំ​​មួយ​​ក្បាល​ទៀត​ដល់​ផ្ទះ​។

ពេល​អាន​រឿង​នេះ​ ​ខ្ញុំ​ភ្ញាក់​ព្រើតនឹង​ទឹក​ដៃ​និពន្ឋ​របស់​សុខ​ចាន់​ផល ​ដែល​រីក​ចម្រើន​​យ៉ាងខ្លាំង​។​ ជាយុវ​អ្នកនិពន្ឋ​ម្នាក់​សុភាព​រាបសា​ មិន​សូវ​និយាយ​ស្តី​ជាមួយ​ខ្ញុំមែន​ ប៉ុន្តែ​ក្នុង​ការ​និពន្ឋ​រឿង ​​គេ​សម្បូណ៍​ពាក្យ​ពេចន៍​វាក្យសព្ទ​ពិរោះ​ប្លែក សម្បូណ៍​គំនិត​ណាស់​ និង​ជា​អ្នក​និពន្ឋ​វៃ​ឆ្លាត​។​ គេ​មាន​លក្ខណៈ​មួយទៀត គឺ​ចេះ​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​យុវអ្នកនិពន្ឋ​ម្នាក់​ក្នុង​ក្រសែ​ភ្នែក​អ្នក​​ដទៃ​។​ ខ្ញុំ​ជឿ​ជាក់​ថា ​សុខចាន់ផល​ ជា​ទំពាំង​ស្នង​ឬស្សី​ និង​ជា​យុវអ្នក​និពន្ឋ​ដ៏​ល្បី​មួយ​រូប​ ចាប់​ពី​ពេល​នេះ​ត​ទៅ​។ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ សុខ​ ចាន់​ផល​នៅ​តែ​ប្រកាន់​ចរិយា​សម្បត្តិ​ល្អ សុភាព​រាបសារ​ដដែល​ មិន​ក្រអឺត​ក្រទម​ មិនវាយឫក ហើយ​មិន​ឈ្លក់​នឹង​ជោគ​ជ័យ​របស់​ខ្លួន​។

ឆាក​ជី​វិត​នេះ ខ្ញុំ​ជួប​រឿង​ខក​បំណង​តាំង​ពី​តូច ប៉ុន្តែ​ខ្ញុំ​យល់​ថា នេះ​គឺ​ជា​វាសនា​អ្នក​និពន្ធ​របស់​ខ្ញុំ។ ខ្ញុំ​មិន​អះ​អាង​ថា​ខ្លួន​ឯង​ជា​មនុស្ស​ល្អ​ទេ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​អំពើ​ល្អ ហើយ​ខ្លាច​អំពើ​អាក្រក់។ ខ្ញុំ​ចាំ​​អ្នក​មីង​ប្រាប់​ថា អ្នក​មីង​ជា​មនុស្ស​ពូកែ​ខ្លាច​ចិត្ត​គេ​ណាស់ ដែល​ចំណុច​មួយ​នេះ​គឺ​មិន​ខុស​ពី​ខ្ញុំ​ឡើយ។ ជួន​កាល​ខ្ញុំ​ជា​មនុស្ស​ទន់​ជ្រាយ​បំផុត ប៉ុន្តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ស៊ូ​ឱ្យ​គេ​ធ្វើ​បាប​ខ្ញុំ ក៏​ខ្ញុំ​មិន​ធ្វើ​បាប​គេ​ដែរ។ ខ្ញុំ​តែង​បារម្ភ​​ខ្លាច​ខ្លួន​ឯង​​ធ្វើ​អ្វី​ខុស​លើ​អ្នក​ដទៃ។

ចំពោះ​កិត្តិយស​ជា​អ្នក​និពន្ធ​ម្នាក់ គឺ​ជា​អ្វី​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ខ្ញុំ​​ជា​អ្នក​និពន្ធ​ល្បី ឬ​ជា​អ្នក​និពន្ធ​មិន​ល្បី ឬ​ក៏​ជា​មនុស្ស​ធម្មតា​ម្នាក់ ក៏​ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ។ កិត្តិយស​គឺ​ជា​តម្លៃ​ដែល​គេ​ផ្ដល់​ឱ្យ​ ប៉ុន្តែ​សុភមង្គល​​​​គឺ​​ជា​ការ​កំណត់​ដោយ​ខ្លួន​ឯង។ ខ្ញុំ​តែង​ទទួល​បាន​នូវ​ការ​ស្ញើច​សរសើរ​ និង​ការ​និយាយ​​បង្អាប់​ក្នុង​ពេល​ដំណាល​គ្នា ដែល​វា​ដូច​ជា​ប្រាប់​ខ្ញុំ​ថា កុំ​ត្រេក​អរ​ពេក តែ​ក៏​កុំ​កើត​ទុក្ខ​អី។ តាម​ពិត​ទៅ ខ្ញុំ​មាន​សមត្ថភាព​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ខំ​ប្រឹង​ប្រើ​សមត្ថភាព​ធម្មតា​របស់​ខ្លួន ដើម្បី​បង្ហាញ​ដល់​ពិភព​លោក។ វា​នឹង​មិន​ល្អ​ឥត​ខ្ចោះ តែ​ក៏​គង់​មាន​អ្នក​ផ្ដល់​តម្លៃ​ឱ្យ​ស្នាដៃ​ខ្ញុំ។ ជួន​កាល​ខ្ញុំ​ក៏​វិភាគ​ពី​ទឹក​ដៃ​អក្សរ​សិល្ប៍​ខ្លួន​ឯង។ វា​សាមញ្ញ​ណាស់ តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​សមត្ថភាព​ដែល​ទេវតា​ប្រទាន​ឱ្យ​ខ្ញុំ… ប្រើ​វា​ឱ្យ​អស់​ទៅ ហើយ​កុំ​ខ្មាស​នឹង​​បង្ហាញ​ដល់​អ្នក​ដទៃ។ ជីវិត​​ជា​អ្នក​និពន្ធ​នេះ​ពិត​ជា​ត្រូវ​ការ​ទាំង​អ្នក​គាំ​ទ្រ និង​អ្នក​បន្ទច់​បង្អាក់។ ខ្ញុំ​ក៏​ធ្លាប់​មាន​មោទកភាព​នឹង​ខ្លួន​ឯង​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​​យល់​​ផ្សេង​ថា ខ្លួន​ឯង​​គ្មាន​អី​អស្ចារ្យ​ឡើយ ហើយ​នៅ​ពេល​នេះ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​​ជីវិត​ខ្ញុំ​តែង​តែ​​រស់​នៅ​ភ្ជាប់​នឹង​​​ស្មារតី​ភ្ញាក់​រឭក។

 

ខែ​មីនា 1, 2011 at 3:38 ល្ងាច បញ្ចេញមតិ

កម្មវិធី​ផ្ទះតារា FM 104.5

មិន​ដឹង​និយាយ​ពី​អី​ទេ​នេះហ៍… 😉 ដំបូង​រាង​ភ័យៗ ហើយ​មាន​​អារម្មណ៍​ថា ខ្លួន​ឯង​និយាយ​ខុសៗ… អត់​សូវ​ហ៊ាន​និយាយ​ទេ​ខ្ញុំ ព្រោះ​ខ្ញុំ​​ប៉ិន​​ខាង​សរសេរ​ជាង ណា​មួយ​​គិត​ថា ខ្លួន​ឯង​ជា​អ្នក​និពន្ធ​ម្នាក់​ដែរ បើ​និយាយ​ខុស​អី ប្រាកដ​ជា​ខ្មាស​គេ​ហើយ! ទោះ​យ៉ាង​ណា បន្ទាប់​មក​ពិត​ជា​រីករាយ​ណាស់ ពិសេស​ព្រោះ​មាន​ការ​ចូល​រួម​ពី លោកគ្រូ ប៊ិន ដាវីដ និង អ្នកគ្រូ ប៉ិច សង្វាវ៉ាន លោក​គ្រូ​អ្នកគ្រូ ដែល​សុទ្ធ​សឹង​ជា​អ្នក​ល្បី​ល្បាញ​ក្នុង​វិថី​សិល្បៈ បាន​​ផ្ដល់​កិត្តិយស ចូល​រួម​ផ្ដល់​កម្លាំង​ចិត្ត​ខ្ញុំ។

(រូបថត ថ្ងៃទី ១៩ កុម្ភៈ ២០១១ ក្នុង Studio វិទ្យុហង្សមាស កម្មវិធីផ្ទះតារា)

អរគុណ​ Nana ដែល​បាន​​ថត​រូប​នេះ និង​​បាន​សរសេរ​​ជីវ​ប្រវត្តិ​ខ្ញុំ​យ៉ាង​ក្បោះ​ក្បាយ! អរគុណមិត្តភក្តិ facebook និងមិត្តភក្តិបងប្អូនទាំងអស់​គ្នា ដែលបានផ្ដល់កម្លាំងចិត្តឱ្យខ្ញុំនាពេលនោះ!

 

ខែ​កុម្ភៈ 19, 2011 at 2:50 ល្ងាច មតិ 7

ធ្វើឱ្យខ្ញុំលែងយល់

ឆ្ងល់​ឆ្លើយ​មិន​ចេញ ក៏​សរសេរ​ទុក… គឺ​វា​ជា​រឿង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឆ្ងល់ ហើយ​ប្រហែល​ជា​ធ្វើ​ឱ្យ​អ្នក​ឆ្ងល់​ដែរ។ ពិត​ជា​មាន​រឿង​ច្រើន​ណាស់ ដែល​ខ្ញុំ​ឆ្ងល់ ឆ្ងល់ ឆ្ងល់… ថា​ម៉េច​បាន​អ៊ីចឹង? ហេតុអីហ្ន៎?

និយាយ​អ៊ីចឹង រឿង​នេះ​គឺ​ជា​រឿង​ហ្កេយ៍ 😉 គឺ​ថា ខ្ញុំ​ប៉ង​យូរ​ហើយ ថា​នឹង​​សរសេរ​រឿង​ប្រលោមលោក​ហ្កេយ៍​មួយ ជូន​ដល់​បង​ប្អូន​ហ្កេយ៍​ទាំង​ឡាយ… ដូច​ដឹង​ស្រាប់​ថា នៅ​ភូមិ​យើង​សម្បូរ​ហ្កេយ៍ ហេហេ!

ធ្វើឱ្យខ្ញុំលែងយល់

ថ្ងៃទី៩ ឧសភា ២០០៩

ដោយ សុខ ចាន់ផល

ធ្វើ​ម៉េចអាចស្គាល់អ្នកដទៃ  បើ​មិន​ទាំង​ស្គាល់​ខ្លួន​ឯង​ច្បាស់​ផង។ សូម្បី​តែ​មុខ​មាត់​រូបរាង ក៏​មើល​មិន​ដឹង​ថា  ស្អាត​ឬ​អាក្រក់​ផង កុំ​ថា​ឡើយ​អាច​យល់​ចិត្ត​ដែល​ចេះ​តែ​ប្រែប្រួល​នោះ…

កាលរៀននៅវិទ្យាល័យ អាច​និយាយ​ថា ខ្ញុំ​មាន​មិត្ត​ភក្តិ​ពីរ​នាក់ តែ​ពួកយើង​ចាប់​ផ្ដើម​​ស្និទ្ធស្នាល​​គ្នា​មែន​ទែន ទាល់​តែ​ពេល​មក​រៀន​បន្ត​នៅ​ភ្នំពេញ ជួល​បន្ទប់​នៅ​ជាមួយ​គ្នា។ អាពីរ​នាក់​នោះ​​​មាន​មិត្តភក្តិ​ច្រើន​គួរ​សម តែ​ខ្ញុំ​វិញ​ថេរ​តែ​វា​ពីរ​នាក់​ហ្នឹង ហើយ​រៀន​នៅ​សាកល​វិទ្យាល័យ​រាល់​ថ្ងៃ  ខ្ញុំ​បាន​​ត្រឹម​តែ​ស្គាល់​គេ​​​ធម្មតាៗ​​តែ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដឹង​ក្បួន ដើម្បី​មាន​មិត្ត​ភក្តិ​ទេ ហើយ​ភ្លេច​​ទាំង​ហេតុអី​​ទើប​ខ្ញុំ​​ចាត់​ទុក​អាពីរ​នាក់​នោះ​ជា​មិត្ត​ភក្តិ​បាត់​ទៅ​ហើយ។

«អញមានអារម្មណ៍ហេលហាលណាស់!»

នេះជាសម្តីរបស់អាឡាយ នៅ​ពេល​វា​ខូច​ចិត្ត ដោយ​សារ​សង្សារ​រៀបការ​ចោល​វា។ ពីរ​នាក់​នោះ​​គេ​ស្រលាញ់​គ្នា​តាំង​ពី​រៀន​ថ្នាក់​ទី​៩ ហើយ​ស្រលាញ់​គ្នា​ខ្លាំង​ដែរ​ហ្នឹង ពិសេស​ខ្ញុំ​ដឹង​ខាង​អាឡាយ​​ គឺ​វា​​ស្មោះ​ណាស់ ហើយ​ធ្លាប់​ប្រាប់​ខ្ញុំ​ពី​ក្តី​ស្រមៃ​របស់​វា ថា​ចង់​សាង​គ្រួសារ​ជាមួយ​គ្នា​យ៉ាង​ម៉េចៗ​ទៀត មាន​ទាំង​គម្រោង​យក​កូន​ប៉ុន្មាន​នាក់​ទៀត​ផង។ រីឯ​ម្នាក់​ស្រី​សង្សារ​វា​ហ្នឹង​ក៏​ខ្ញុំ​គិត​ថា​ស្រឡាញ់​​ស្មោះ​នឹង​វា​​ដែរ ហើយ​ហេតុ​ផល​ដែល​នាង​រៀបការ​ចោល​ក៏​ដោយ​សារ​គ្មាន​វិធី​​ប្រឆាំង​នឹង​ម៉ែ​ឪ មិន​​មែន​​​នាង​មាន​ចិត្ត​ក្បត់​អី​ទេ។

និយាយទៅពេលនោះខ្ញុំអាណិតអាឡាយណាស់។ ថ្វី​បើ​ខ្ញុំ​មើល​ទៅ​ដូច​មិន​សូវ​មាន​​មនោសញ្ចេតនា​ប៉ុន្មាន តែ​ខ្ញុំ​ពូកែ​អាណិត​ស្នេហា​គេ ស្ទើរ​តែ​យំ​ទៅ​ហើយ នៅ​ពេល​ឃើញ​មនុស្ស​ពីរ​នាក់​​ស្រលាញ់​គ្នា​មិន​បាន​ជួប​គ្នា​អ៊ីចឹង​នោះ។ ខ្ញុំ​ចេះ​តែ​ជួយ​ប្រាប់​អាឡាយ​ឱ្យ​វា​កាត់​ចិត្ត ទៅ​គិត​រឿង​ថ្មីៗ​​​មាន​ប្រយោជន៍​វិញ រួច​ក្រោយ​មក​វា​ក៏​ដូចជា​គិត​យល់​ ហើយ​ក្លាយ​ជា​មាន​អារម្មណ៍​ធម្មតា​វិញ​បាន។

អាឡាយនិយាយប្រាប់ខ្ញុំថា «ប្រហែល​ជា​អញ​មិន​ទាន់​ស្គាល់​អ្វី​ជា​ស្នេហា​ពិត​ប្រាកដ​ហើយ​មើល៍​ទៅ! នាង​មិន​មែន​ជា​ស្នេហា​ពិត​របស់​អញ​ទេ។ អញ​បំភ្លេច​នាង​បាន​ហើយ។»

ចាប់ពីពេលនោះអាឡាយតែងមានអារម្មណ៍រីករាយ ហើយ​ស្គាល់​មនុស្ស​ស្រី​ជា​ច្រើន ព្រោះ​ឧស្សាហ៍​ឮ​វា​និយាយ​ទូរស័ព្ទ ណាត់​គ្នា​ទៅ​ណេះ​ទៅ​ណោះ​រាល់​តែ​អាទិត្យ។ រវាង​ពួក​យើង​ទាំង​បី​នាក់​អាឡាយ​វា​ជា​កូន​អ្នក​មាន ហើយ​ស្អាត​ជាង​គេ ចំណែក​ខ្ញុំ​និង​អារិទ្ធ ពុក​ម៉ែ​មិន​សូវ​ធូរ​ធារ​ប៉ុន្មាន​ទេ។

«ម៉ែអញលក់ដូរ​មិនសូវដាច់ដូចពីមុនទេ! អញ​ត្រូវ​តែ​មាន​ការងារ​ធ្វើ​ដូច​អ្ហែង​ដែរ បាន​អញ​អាច​​ចប់​បរិញ្ញា​បាន។»

អារិទ្ធវាពឹងខ្ញុំឱ្យជួយណែនាំវាធ្វើការនៅកន្លែងខ្ញុំ។ អាមួយ​នេះ​រូប​មិនសូវ​បាន​ដូច​អាឡាយ​ទេ តែ​ពូកែ​សម្ដី ទាក់​ស្រី​មិន​ដឹង​បាន​ប៉ុន្មាន​នាក់​ទៅ​ហើយ​ តែ​វា​គ្រាន់​ទុក​ជា​ការ​លេង​សើច ឱ្យ​គេ​កោត​វា​ថា​មាន​មន្ត​ស្នេហ៍​ប៉ុណ្ណោះ វា​គ្មាន​ស្រលាញ់​​មួយ​ណា​ទេ ហើយ​មាន​តែ​ហែក​កេរ្តិ៍​ស្រី​ដែល​វា​ញ៉ែ​​បាន​​ប្រាប់​ពួក​យើង។ តាម​ពិត​ចរិត​អាមួយ​ហ្នឹង​ដូច​យ៉ាប់​តាំង​ពី​ដើម​ម្ល៉េះ តែ​ខ្ញុំ​បែរ​ជា​នៅ​តែ​រាប់​អាន​វា មិន​ដឹង​ថា​ជា​និស្ស័យ ឬ​ក៏​ជា​កម្មពៀរ​ទេ។

គិតទៅអារឿងខ្ញុំមានការងារធ្វើហ្នឹងដូចជាសំណាងដែរ ព្រោះ​ខ្ញុំ​ស្គាល់​លោក​គ្រូ​នៅ​សាកល​វិទ្យាល័យ​ម្នាក់ ដែល​គាត់​ដឹង​ពី​សមត្ថភាព​ខ្ញុំ ក៏​ជួយ​ចូក​ចែវ​នាំ​ខ្ញុំ​ឱ្យ​មាន​ការងារ​ធ្វើ បាន​ប្រាក់​ខែ​តិច​តួច ជួយ​សម្រាល​ម៉ែ​នៅ​ផ្ទះ។ តាម​ពិត​ខ្ញុំ​រៀន​ពូកែ​ណាស់​ដែរ គឺ​រៀន​ផ្នែក​អក្សរសាស្រ្ត ហើយ​ឆាប់​យល់​ខាង​​​ប្រើ​ពាក្យ​ពេចន៍​ឃ្លោង​ឃ្លា ឯ​អាការ​​តែង​រឿង​តែង​កំណាព្យ​ក៏​យក​ជា​ការ​បាន អ៊ីចឹង​ហើយ​ទើប​លោកគ្រូ​​នោះ​​គាត់​នាំ​ខ្ញុំ​ទៅ​ធ្វើ​ជំនួយ​ការ​គាត់​នៅ​ទស្សនាវដ្ដី។ លោកគ្រូ​ហ្នឹង​ជា​និពន្ធ​នាយក​រង​ប្រចាំ​ក្រុមហ៊ុន​​​ទស្សនា​វដ្ដី​ ហើយ​​គាត់​ពូកែ​ខាង​ប្រើ​ពាក្យ​ពេចន៍​យល់​ចិត្ត​​ណាស់ មើល​ទៅ​គឺ​គាត់​អាណិត​ស្រលាញ់​ខ្ញុំ​​អស់​ពី​ពោះ​ពុង ហើយ​ក៏​ជា​ហេតុ​ដែល​ខ្ញុំ​គោរព​ស្រលាញ់​​គាត់ ទុក​គាត់​ដូចជា​ឪពុក​ម្នាក់ គាត់​ប្រើ​អី​​ក៏​ខំ​ធ្វើ​​អស់​​ពី​សមត្ថភាព។ អន់​ចិត្ត​មួយ​ដែរ​ គឺ​គាត់​ចូល​ចិត្ត​យក​គុណ​សម្បត្តិ​ខ្ញុំ​​ប្រើ​ជា​​របស់​គាត់ ទាំង​ទុក​ខ្ញុំ​ថា​​ជា​​មនុស្ស​ល្ងង់​​មិន​ចេះ​អន់​ចិត្ត។

ជារឿងសប្បាយចិត្តមួយដែរ ដែល​ខ្ញុំ​មាន​ឱកាស​ជួយ​ឱ្យ​អារិទ្ធ​មាន​ការងារ​ធ្វើ ផ្នែក​ទីផ្សារ​ប្រចាំ​ទស្សនាវដ្ដី ហើយ​ពេល​វា​ចូល​ទៅ​ធ្វើការ​ក៏​មិន​ធ្វើ​ឱ្យ​ខ្ញុំ​បាក់​មុខ​ដែរ ព្រោះ​វា​ឆ្លាត​អាច​រក​ពាណិជ្ជកម្ម​ល្អៗ​ឱ្យ​ក្រុមហ៊ុន​ ហើយ​បាន​មាត់​បាន​ក​ផង មេៗ​សុទ្ធ​តែ​ស្រលាញ់​វា ពិសេស​គឺ​លោកគ្រូ​ខ្ញុំ​តែ​ម្ដង គឺ​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​វា​សម្បើម​ណាស់។

អាឡាយ មិនសូវស្រលាញ់អារិទ្ធ ប៉ុន្មានទេ ព្រោះ​វា​ប្រាប់​ខ្ញុំ​ថា អាហ្នឹង​ខ្សែ​លើ​គេ​ពេក។ វា​បាន​នាំ​ខ្ញុំ​ឱ្យ​ស្គាល់​មិត្ត​ភក្តិ​របស់​​វា តែ​វា​មិន​ខ្វល់​ឱ្យ​អារិទ្ធ​ ស្គាល់​ទេ។ ខ្ញុំ​ក៏​បាន​ស្គាល់​និសិ្សត​ស្រី​ពីរ​នាក់ តាម​រយៈ​អាឡាយ ដែល​មើល​ទៅ​ពួក​នាង​ស្អាតៗ សុទ្ធ​សឹង​ជា​អ្នក​រៀន​ពូកែ។ នារី​ពីរ​នាក់​ហ្នឹង​គឺ​ស្និទ្ធ​ស្នាល​នឹង​អាឡាយ ណាស់ តែ​ដូច​ត្រឹម​តែ​មិត្តភាព​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​ខ្ញុំ​ក៏​ដូចជា​ស្និទ្ធ​ស្នាល​នឹង​ពីរ​នាក់​នោះ​ដែរ ព្រោះ​ពួក​នាង​ចិត្ត​ល្អ​គួរ​សម ពេល​ទៅ​ញ៉ាំ​អី​ជុំ​គ្នា មិន​ត្រឹម​​តែ​មិន​​ឱ្យ​ពួក​ខ្ញុំ​ប៉ាវ​ទេ ពេល​ខ្លះ​ខ្ញុំ​អត់​លុយ​អី​ហ្នឹង គេ​ចេញ​ឱ្យ​ខ្ញុំ​ទៀត។ អ៊ីចឹង​ខ្ញុំ​ក៏​ទទួល​អារម្មណ៍​ថា ខ្លួន​ឯង​​មាន​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត​ហើយ។

ពេលនោះនៅកន្លែងធ្វើការខ្ញុំរាងស្មុគស្មាញបន្តិច ប៉ុន្តែ​ខ្ញុំ​តែង​មាន​អារម្មណ៍​ល្អ​ពេល​បាន​ជជែក​ជាមួយ​មិត្ត​ថ្មី​ទាំង​ពីរ ហើយ​ថ្ងៃ​ខ្លះ​ខ្ញុំ​ក៏​ទៅ​ជួប​ពួក​នាង​ ដោយ​គ្មាន​អាឡាយ​ទៀត។ ម្នាក់​ដែល​ខ្ញុំ​ចូល​ចិត្ត​និយាយ​លេង​ជាមួយ​នោះ​ឈ្មោះ​ សក្ខណា ព្រោះ​ជា​មនុស្ស​ពេញ​ដោយ​ការ​គិត​ពិចារណា និង​និយាយ​ច្រើន រីឯ​ម្នាក់​ទៀត​មិន​សូវ​ប៉ុន្មាន​ទេ ព្រោះ​នាង​មិន​សូវ​បាន​មាត់​​បាន​ក ពេល​ជួប​គ្នា​ម្តងៗ​​នាង​និយាយ​​តិច​​ជាង​គេ តែ​មើល​ទៅ​ដូច​គិត​ច្រើន​ជាង​គេ។

ល្ងាចនោះខ្ញុំណាត់ជួបសក្ខណា តែពីរនាក់ ហើយ​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​គ្នា​ទៅវិញ​​ទៅ​មក។

នាងពោលថា «ខ្ញុំចូលចិត្តប្រើពាក្យ “ហេតុអ្វី” ណាស់។ មិន​ដឹង​ហេតុអី​ដែរ គឺ​ពេល​ខ្លះ​ខ្ញុំ​ប្រើ​ពាក្យ​នេះ​​ដោយ​អត់​មូល​ហេតុ ហើយ​ក៏​មក​ពី… មិន​យល់​ចិត្ត​មនុស្ស​នៅ​ជុំវិញ​ខ្លួន… ហេតុ​អី​ហ្ន៎?»

ខ្ញុំតបទៅនាងវិញថា «ថ្ងៃខ្លះគេញញឹមដាក់យើង ថ្ងៃ​ខ្លះ​គេ​ធ្វើ​មុខ​ក្រញ៉ូវ​ដាក់​យើង ដែល​យើង​មិន​អាច​ដឹង​ថា​ ដោយ​សារ​ហេតុអ្វី​នោះ​ទេ។»

«មនុស្សទាំងអស់ដូចឆ្កួតអ៊ីចឹង! បើយកចិត្តទុកដាក់គិតពីពួកគេ យើង​ប្រហែល​ជា​អាច​ឆ្កួត​ដែរ។»

ខ្ញុំក៏សើច «មែនហើយ! មនុស្សសុទ្ធតែឆ្កួតមែនហ្នឹង! ខ្ញុំ​ចូល​ធ្វើការ​នៅ​កន្លែង​ហ្នឹង​យូរ​ហើយ នៅ​តែ​មិន​ទាន់​ចូល​គេ​ចុះ…»

«ប្រហែលមកពីយើងជាមនុស្សជាតែឯងហើយ!»

«មិនដឹងយ៉ាងម៉េចដែរ កាលខ្ញុំចូលធ្វើការដំបូង នាយក​ទស្សនាវដ្ដី​នោះ​ដូច​ជា​មាន​អារម្មណ៍​ល្អ​នឹង​ខ្ញុំ​ដែរ តែ​យូរ​ទៅ​ដើរ​ជល់​គ្នា​ក៏​គាត់​មិន​ខ្ចី​មើល​មុខ​ខ្ញុំ ហើយ​បុគ្គលិក​ផ្សេងៗ​ក៏​អ៊ីចឹង​ដែរ ដូច​ធ្វើ​តាម​គ្នា​យ៉ាងម៉េច​ទេ ស្គាល់​គ្នា​កាន់​តែ​យូរ កាន់​តែ​គ្មាន​រឿង​និយាយ​គ្នា។ រាល់​ថ្ងៃ​ខ្ញុំ​ខំ​ធ្វើ​ការ​តែ​ម្នាក់​ឯង តាម​ពិត​មិន​បន់​ឱ្យ​គ្រប់​គ្នា​ស្រលាញ់​ទេ តែ​សូម​ត្រឹម​ការ​ប្រាស្រ័យ​ទាក់​ទង​ការងារ​ធម្មតា​ក៏​យ៉ាប់​ដែរ។ ខឹង​បំផុត​គឺ​ពេល​យើង​និយាយ​ជាមួយ​គេ គេ​ធ្វើ​មិន​ចង់​ស្ដាប់​យើង។»

នាងដកដង្ហើមធំ «ចុះលោកគ្រូរបស់ភក្ដីឯងយ៉ាងម៉េចដែរ? ក្រែង​ធ្លាប់​ប្រាប់​ខ្ញុំ​ថា គាត់​ស្រលាញ់​ភក្ដី​ឯង​ដូច​កូន​អ្ហេះ?»

ខ្ញុំស្រាប់តែចង់សើច ហើយឆ្លើយទៅនាងថា «មនុស្ស​ចូលចិត្ត​ប្រើ​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ហាក់​ដូច​ជា​ភ្លឺ​ភ្នែក​ថា លោក​គ្រូ​ខ្ញុំ​ហ្នឹង​គ្រាន់​តែ​បោក​ខ្ញុំ​ប្រើ​ប៉ុណ្ណោះ។ តែ​ខ្ញុំ​ក៏​ព្រម​ឱ្យ​គាត់​បោក​ប្រើ​​ដែរ​ គ្រាន់​តែ​មាន​អារម្មណ៍​ធុញ​នឹង​ធ្វើ​ល្ងង់​បន្តិច។»

ខ្ញុំប្រាប់នាងតែប៉ុណ្ណេះ មិន​ហ៊ាន​ប្រាប់​រឿង​ខ្មាស​គេ​មួយ​ទៀត គឺ​សូម្បី​តែ​ប្រាក់​ខែ​ខ្ញុំ​រាល់​ខែ ក៏​ខ្ញុំ​​​បើក​ពី​លោក​គ្រូ​ខ្ញុំ​ដែរ​។​ និយាយ​ទៅ​ការងារ​របស់​ខ្ញុំ​ទាំង​មូល​គឺ​ត្រូវ​ឆ្លង​កាត់​គាត់​ទាំង​អស់ គ្រាន់​តែ​អត់​​ដឹង​ថា​គាត់​ស៊ី​លើ​ក្បាល​ខ្ញុំ​ប៉ុន្មាន​​ប៉ុណ្ណោះ។ ថា​ទៅ​បើ​កុំ​តែ​បាន​គាត់ ខ្ញុំ​ក៏​គ្មាន​ការងារ​ធ្វើ​ដែរ ហេតុនេះ​ក៏​សុខចិត្ត​សង​គុណ​គាត់​ចុះ តែ​ក៏​មក​ពី​ខ្ញុំ​ជា​​មនុស្ស​ល្ងង់ ខ្ជិល​មាន​រឿង​ជាមួយ​មនុស្ស​ឆ្លាត​ដែរ។

ប្រឈមមុខនឹងអារម្មណ៍អ្នកដទៃយ៉ាប់ខ្លាំងណាស់។ រស់​មួយ​ថ្ងៃ​ដូច​តម្រូវ​ឱ្យ​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​មួយ​អ៊ីចឹង។ ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ​គឺ​ខ្ញុំ​ធ្វើ​ការ​មែន ហើយ​មិន​ខ្វល់​ទៅ​ជ្រៀក​ជ្រែក​ការងារ​អ្នកណា​ទេ តែ​គេ​វិញ​ធ្វើ​ដូច​ជា​ទើស​ភ្នែក​នឹង​ខ្ញុំ​ណាស់​អ៊ីចឹង។ រឿង​ដែល​ខ្ញុំ​ស្មុគ​ស្មាញ​គឺ​វា​មាន​ចាប់​ពី​រឿង​ប៉ុន​​ល្អង​ធូលី​ឡើង​ទៅ ហើយ​ជឿ​ខ្ញុំ​ទៅ មនុស្ស​ដែល​យល់​ពី​អារម្មណ៍​អ្នក​ដទៃ​នេះ គឺ​ត្រូវ​អ្នក​ដទៃ​ធ្វើ​បាប​​វិញ​ដោយ​គេ​មិន​ខ្វល់​នឹង​យល់​ពី​អារម្មណ៍​យើង​ឡើយ។

ថ្ងៃខ្លះខ្ញុំឆ្ងល់ខ្លាំងណាស់ ថា​ខ្ញុំ​ធ្វើ​អី​ពួក​គេ បាន​ជា​ម្នាក់ៗ​​នាំ​​គ្នា​ធ្វើ​មុខ​ងាប់​ដាក់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​ធ្វើ​ម៉េច​ទើប​ផ្គាប់​ចិត្ត​ពួក​ហ្នឹង​បាន​ទេ ហើយ​ឆ្ងល់​ថា​អារម្មណ៍​របស់​ពួក​គេ តើ​មាន​​អ្នកណា​បញ្ជា​មែន​ទេ?​ គិត​ទៅ​តាំង​​ពី​ខ្ញុំ​ចាប់​ផ្ដើម​មាន​ការងារ​ធ្វើ ខ្ញុំ​ក៏​មាន​រឿង​ដែល​ត្រូវ​គិត​ច្រើន ហើយ​ធ្វើ​ឱ្យ​រវល់​ដល់​គ្មាន​​ពេល​មើល​មេរៀន​នៅ​សាលា រួច​ការ​សិក្សា​របស់​ខ្ញុំ​ក៏​ធ្លាក់​ចុះ ដល់​ថ្នាក់​ពេល​ខ្លះ​​ធុញ​ថប់​អស់​អារម្មណ៍​​រៀន​រលីង​ពី​ខ្លួន។

និយាយពីអាមួយប្រធានផ្នែករចនាទំព័រនៅទស្សនាវដ្ដីនោះ កាល​ខ្ញុំ​ចូល​ធ្វើ​ការ​ដំបូង​ វា​ធ្វើ​ដូច​ជា​ចូលចិត្ត​ខ្ញុំ​សម្បើម​ណាស់ ជួប​គ្នា​ពេល​ណា​ក៏​ញញឹម​ដាក់​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​​ក៏​ខំ​កត់​សម្គាល់​ថា ម្នាក់​ហ្នឹង​មាន​ឫកពា​គួរ​ឱ្យ​គោរព​ជាង​គេ អាច​រាប់​អាន​គ្នា​បាន។ ប៉ុន្តែ​លោក​គ្រូ​ខ្ញុំ​វិញ​​គាត់​មិន​សូវ​ចូល​ចិត្ត​​ម្នាក់​ហ្នឹង​ទេ ថា​ម្នាក់​ហ្នឹង​គ្មាន​ចេះ​ស្អី អាង​លើ​ជាប់​សាច់​ឈាម​ជាមួយ​មេ​ធំ ទើប​បាន​ធ្វើ​ប្រធាន​គេ ហើយ​ឱ្យ​ខ្ញុំ​ប្រយ័ត្ន​ប្រយែង​ជាមួយ​ម្នាក់​ហ្នឹង​ផង។ តែ​ខ្ញុំ​មិន​ទាន់​ទាំង​បាន​ប្រយ័ត្ន​ប្រយែង​អី​ជាមួយ​គេ​ផង ស្រាប់​តែ​​មើល​ទៅ​គេ​ដូច​ជា​ប្រយ័ត្ន​ជាមួយ​ខ្ញុំ​វិញ ហើយ​ត្រឡប់​ជា​ប្ដូរ​ចរិត​ឡប់​ដាក់​ខ្ញុំ គឺ​ធ្វើ​ដូច​អត់​ធ្លាប់​ស្គាល់​​ខ្ញុំ​សោះ ទាំង​ដែល​មនុស្ស​ធ្លាប់​និយាយ​ត្រូវ​រូវ​គ្នា​សឹង​អី​ហ្នឹង​ណា៎។​ ចម្លែក​ជាង​ហ្នឹង​ទៅ​ទៀត គឺ​ម្នាក់​​ហ្នឹង​បែរ​ជា​ឧស្សាហ៍​និយាយ​ខ្សឹប​ខ្សៀវ​ជាមួយ​លោកគ្រូ​ខ្ញុំ ហើយ​ទៅ​ជា​ត្រូវ​គ្នា​ធ្វើ​ឱ្យ​ខ្ញុំ​​គិត​​លែង​យល់។ មិន​ដឹង​លោក​គ្រូ​ខ្ញុំ​និយាយ​ស្អី​ខ្លះ​ជាមួយ​ម្នាក់​ហ្នឹង​ទេ ប៉ុន្តែ​ពេល​នៅ​តែ​ពីរ​នាក់​​នឹង​ខ្ញុំ​​ គឺ​គាត់​​និយាយ​ដើម​ម្នាក់​ហ្នឹង​ប្រាប់​ខ្ញុំ​ហូរ​ហែ។ និយាយ​ទៅ​គឺ​គាត់​ចូល​ចិត្ត​និយាយ​អាក្រក់​ពី​គេ​តែ​ម្ដង​ អ្នកណា​ក៏​មិន​លើក​លែង​ដែរ ពិសេស​គឺ​និយាយ​ដើម​ប្រធាន​ក្រុមហ៊ុន ទាល់​តែ​ម្ដងៗ​​ខ្ញុំ​មាន​អារម្មណ៍​ថា ប្រធាន​ក្រុមហ៊ុន​នឹង​ដេញ​ខ្ញុំ​ចោល​ឆាប់ៗ​មិន​ខាន។ ​និយាយ​ពី​រឿង​ហ្នឹង​ក៏​ចូល​ដល់​និយាយ​ដើម​គេ​​ដែរ តែ​បើ​វា​អ៊ីចឹង​មែន គឺ​ជំពូក​មនុស្ស​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ ពូកែ​និយាយ​ដើម​គេ​ជាប់​ថ្នាក់​ហើយ មិន​មែន​ចាំ​តែ​ស្រី​ទើប​ចេះ​អេច​អូច​ទេ ប្រុសៗ​សោះ​ហ្នឹង​ណា៎ ក៏​ចំណាប់​ដែរ។

ឆ្ងល់មួយទៀត បុគ្គលិក​គ្រប់​គ្នា​ហ្នឹង​ពូកែ​ទម្លាក់​កំហុស​ដាក់​គ្នា​ណាស់ អត់​ព្រម​មាន​ទំនួល​ខុស​ត្រូវ​​អី​ទេ។ ម្ដង​នោះ​​ការ​ងារ​យឺត និពន្ធ​នាយក​​ទម្លាក់​ដាក់​និពន្ធ​នាយក​រង ដល់​និពន្ធ​នាយក​​រង​ហ្នឹង​ក៏​ទម្លាក់​ឱ្យ​ខ្ញុំ​រង​បន្ត​ធ្វើ​ហី ហើយ​និយាយ​ទាំង​អត់​មើល​មុខ​ខ្ញុំ​ទៀត​ណា៎! 😦 គឺ​រង​ថ្ម​បាក់​ពី​គេ​ហ្នឹង​ហើយ វា​ពិបាក​ទ្រាំ​ណាស់។ គុណ​សម្បត្តិ​យើង​គេ​យក​ទាំង​អស់ ដល់​គុណ​វិបត្តិ​​គេ​ផ្ទេរ​មក​ឱ្យ​យើង​ទទួល។ ប្រាក់​ខែ​តិច​ជាង​គេ​ដាច់ តែ​ភារកិច្ច​វិញ​ឱ្យ​គេ​ប្រើ​ប្រាស់​បាន​តាម​ចិត្ត ដូច​ឯង​មិន​មែន​មនុស្ស។ ម៉ែ​អើយ! នឹក​ឃើញ​ដល់​រឿង​នេះ​​ចង់​ឈប់​ធ្វើការ តែ​អាណិត​ម៉ែ​នៅ​ស្រុក បើ​មិន​អ៊ីចឹង​ទេ អ្ហែង​ពូកែ​ធ្វើ​បាប​អញ​អ្ហេះ ចាំ​មើល​អញ​ឈប់​ធ្វើ​ការ​មើល៍ អ្ហែង​បាន​អាណា​ធ្វើ​បាប​ទៀត? មិន​ចង់​និយាយ​ទេ តែ​ឃ្លា​​ហ្នឹង​ត្រូវ​មែន ធ្វើ​បាប​ល្មមៗ​ចេះ​តែ​ខំ​ត្រដរ តែ​បើ​ធ្វើ​បាប​ដល់​ក ឱ្យ​ក្ដ​ដើរ​ចេញ​បាត់​ឥឡូវ។

ម្ដងនោះគឺវេនអារិទ្ធវាធ្វើបាបខ្ញុំ ធ្វើបាប​ឱ្យ​ខ្ញុំ​និយាយ​លែង​ចេញ ហើយ​មិន​ដឹង​សង​សឹក​អី​វា​កើត។

«ជួយអញម្តងទៅណា! អញ​គ្រាន់​តែ​ខ្ចី​លុយ​ក្រុមហ៊ុន​ប៉ុន្មាន​ថ្ងៃ​ទេ ថា​យូរ​បំផុត​ប្រាំ​ថ្ងៃ​ចុះ។ អ្ហែង​គិត​មើល៍ ធ្វើការ​ឱ្យ​គេ​ថ្ងៃ​ណា​បាន​មាន​លុយ​ចិញ្ចឹម​ម៉ែ​ឪ​វិញ? ទាន់​មាន​ឱកាស​រក​ស៊ី អញ​មិន​អាច​បោះ​បង់​វា​បាន​ទេ។ យើង​មិន​អាច​ធ្វើ​ខ្ញុំ​គេ​មួយ​ជីវិត​ទេ​ណា៎ អ្ហែង​ត្រូវ​ដឹង។ បើ​អញ​រក​ស៊ី​បាន​សម្រេច អញ​ក៏​មិន​ភ្លេច​អ្ហែង​ដែរ។ អ្ហែង​ជួយ​អញ​ឱ្យ​បាន​ការងារ​នេះ​ធ្វើ អញ​មិន​ទាន់​បាត់​អរគុណ​អ្ហែង​នៅ​ឡើយ​ទេ ហើយ​បើ​អ្ហែង​ព្រម​ជួយ​អញ​រឿង​មួយ​នេះ​ទៀត ថ្ងៃ​ក្រោយ​ទ្រព្យ​សម្បត្តិ​អញ អញ​ចែក​​ឱ្យ​អ្ហែង​ពាក់​កណ្ដាល។ អញ​ហ៊ាន​និយាយ គឺ​អញ​ហ៊ាន​ធ្វើ!»

«កុំឡូយពេក! អញដូចមិនទាន់យល់​ថា​អ្ហែង​ចង់​ធ្វើ​អី​ប្រាកដ​​ផង។»

ខ្ញុំមិនយល់ថាវាចង់រកស៊ីយ៉ាងម៉េចទេ ត្រូវ​ការ​ដើម​តែ​ប្រាំ​ពាន់​ដុល្លារ ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​នៃ​ផ្សារ​ទំនើប​មួយ។ វា​ព្យាយាម​ពន្យល់​ខ្ញុំ​ណាស់ តែ​ស្ដាប់​ទៅ​ដូច​វា​ស្រួល​ពេក ហើយ​បើ​ស្រួល​ម្លឹងៗ ម៉េច​ក៏​គ្រប់​គ្នា​មិន​ក្លាយ​ជា​អ្នក​មាន​អស់​ហើយ។

«អញខ្លាចតែចាញ់បោកគេទេអ្ហា៎!» ខ្ញុំ​នៅតែ​និយាយ​ឱ្យ​វា​គិត​ឱ្យ​ច្បាស់។

«ធ្វើមនុស្សត្រូវហ៊ានសម្រេចចិត្តណា៎! វា​គ្មាន​ពេល​វេលា​យូរ​ឱ្យ​យើង​សម្រេច​ចិត្ត​ទេ។ មនុស្ស​មិន​ក្លាយ​ជា​អ្នក​មាន​ទាំង​អស់​នោះ គឺ​មក​ពី​សម្រេច​ចិត្ត​មិន​ទាន់​គេ។»

«ឥឡូវអ្ហែងចង់ឱ្យអញជួយយ៉ាងម៉េច?»

«អញនិយាយរឿងនេះជាមួយ​លោកគ្រូ​រួច​ហើយ។ គាត់​នឹង​និយាយ​ជាមួយ​ខាង​រោង​ពុម្ព​​ពន្យា​ពេល​​ប្រគល់​លុយ​ប្រាំ​ថ្ងៃ។ ហើយ​គាត់​នឹង​ប្រគល់​ភារកិច្ច​ឱ្យ​អ្ហែង​យក​លុយ​ទៅ​ឱ្យ​រោង​ពុម្ព។ ពេល​នោះ​​​ប្រាក់​គឺ​នៅ​ក្នុង​ដៃ​របស់​យើង​ហើយ។»

«ចុះប្រាំថ្ងៃក្រោយ?»

ប្រាំថ្ងៃក្រោយ អាងាប់រិទ្ធរត់ចោល​ការងារ​បាត់! ទោះ​ខ្ញុំ​ចង់​ស្បថ​ឈប់​ជឿ​មនុស្ស​ក៏​ហួស​ពេល​អស់​ដែរ។ គិត​ទៅ​មក​ពី​ខ្ញុំ​ហ្នឹង យល់​ថា​វា​មិន​ទំនង​ដែរ តែ​ចិត្ត​មិន​ដាច់ វា​ខំ​ពឹង​ហើយ​ មិន​ដឹង​ប្រកែក​ម៉េច ទាល់​តែ​ជាប់​ទោស​ដោយសារ​​​វា​អ៊ីចឹង​ទៅ។ តាម​ពិត​អារឿង​រក​ស៊ី​នោះ គឺ​អារិទ្ធ ​វា​គិត​មែន​ទែន ហើយ​សូម្បី​តែ​លោក​គ្រូ​នាយករង​​ខ្ញុំ​​ដែល​តាំង​ខ្លួន​ជា​អ្នក​ឆ្លាត​នោះ ក៏​​ជឿ​ចង់​ប្រថុយ​ជាមួយ​វា​ដែរ តែ​អាខ្មោច​នោះ​វា​ឆ្លាត​ជាង ព្រោះ​ក្រោយ​​ពី​​វា​បាន​​ដឹង​ថា​ជា​ជំនួញ​បោក​ប្រាស វា​ក៏​ប្តូរ​ឈប់​រក​ស៊ី​ហ្នឹង តែ​វា​មិន​យក​លុយ​មក​ឱ្យ​ខ្ញុំ​វិញ​ទេ បែ​ជា​រត់​​ចោល​​ស្រុក​​ទៅ​​ណា​បាត់។

មនុស្សក្នុងក្រុមហ៊ុនមួយទាំងមូលគ្មានអាណា​មើល​មុខ​ខ្ញុំ​ទេ… អេ!​ មើល​ដែរ​ តែ​មើល​របៀប​ដៀង​​កន្ទុយ​ភ្នែក​​លួច​និយាយ​​ដើម។ ពេល​​នោះ​​វ័ណ្ឌ​ក​​ខ្ញុំ​មែន​​ទែន​ ព្រោះ​​​គេ​ថែម​ទាំង​ចង់​ប្ដឹង​ខ្ញុំ​ទៀត រីឯ​លោកគ្រូ​ខ្ញុំ​​ធ្វើ​ដូច​គាត់​អត់​ដឹង​អី​ទាំងអស់ ហើយ​និយាយ​ដូច​ចង់​ជួយ​ខ្ញុំ​ណាស់ គឺ​បញ្ចេះ​ឱ្យ​ខ្ញុំ​រត់​ចោល​ស្រុក។ ពិត​ទៅ​គាត់​ភ័យ​ខ្លាំង​ខ្លាច​ខ្ញុំ​និយាយ​ការ​ពិត​រាល​ដាល​ដល់​ខ្លួន​គាត់ តែ​ខ្ញុំ​អា​រឿង​ឆ្លើយ​ដាក់​គេ​យក​រួច​​ខ្លួន​ហ្នឹង​ដូច​អត់​ចេះ​សោះ ហើយ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា​ខ្ញុំ​ជា​អ្នក​ខុស​ដែរ ហើយ​ខ្ញុំ​ខុស​មែន ព្រោះ​ល្ងង់​​ពេក។

«ខ្ញុំនឹងសងប្រាក់នេះវិញ!»

ខ្ញុំអះអាងប្រាប់ប្រធានក្រុមហ៊ុន និង​មនុស្ស​គ្រប់​គ្នា ទាំង​មិន​ដឹង​ថា​​នឹង​ទៅ​រក​ប្រាក់​បាន​​មក​ពី​ណា​ឡើយ។ កន្លែង​ហ្នឹង​ខ្ញុំ​នៅ​តែ​អរគុណ​លោកគ្រូ​ខ្ញុំ​ដែរ ព្រោះ​គាត់​ជួយ​និយាយ​គេ​ថា គាត់​អាច​ធានា​ឱ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​និស្សិត​អាហា​រូបករណ៍​ត្រឹមត្រូវ និង​មាន​សារជាតិ​ស្មោះ​ត្រង់ ប្រាកដ​ជា​មិន​បោក​ប្រាស​ទេ រួច​គាត់​ថែម​ទាំង​និយាយ​ថា​ប្រាក់​នោះ​គឺ​អារិទ្ធ​ ជា​អ្នក​លួច​តែ​ម្នាក់​ឯង​ទេ។ ប៉ុន្តែ​​ពេល​​នោះ​ខ្ញុំ​ក៏​ដឹង​ថា កន្លង​មក​លោក​គ្រូ​គាត់​ពិសា​ប្រាក់​ខែ​ខ្ញុំ​អស់​ប៉ុន្មាន គឺ​គាត់​យក​ពី​ខ្ញុំ​អស់​​ជាង​ហុក​សិប​​ភាគ​រយ។ ខ្ញុំ​ដឹង​ព្រោះ​ប្រធាន​ក្រុមហ៊ុន​បាន​ទូទាត់​ប្រាក់​ខែ​ខ្ញុំ​និង​ចំនួន​ប្រាក់​ដែល​ខ្ញុំ​​ជំពាក់​ក្រុមហ៊ុន ថា​​ខ្ញុំ​ត្រូវ​​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់​ខែ​រយៈ​ពេល​ប៉ុន្មាន​ទើប​រួច ទើប​ខ្ញុំ​ដឹង​ថា​រាល់ថ្ងៃ​នេះ​ក្រុមហ៊ុន​​ឱ្យ​ប្រាក់​​ខែ​ខ្ញុំ​​ប៉ុន្មាន។

យប់នោះពិបាកចិត្តពេក ដោះ​ស្រាយ​មិន​ចេញ​ខ្ញុំ​មាន​តែ​ដេក​យំ…

ស្លេះ​ប៉ុណ្ណឹង​សិន ឱ្យ​បង​ប្អូន​មិត្ត​អ្នក​អាន​​សម្រាក​ខួរក្បាល​បន្តិច! តែ​ប្រហែល​ជា​មាន​អ្នក​ឆ្ងល់​ថា រឿង​ហ្កេយ៍​ខ្មោច​កាច់​អី​អ៊ីចឹង? 😆 ចុះ​នរណា​ថា រឿង​ហ្កេយ៍​ត្រូវ​និយាយ​តែ​ពី​ស្នេហា​នោះ?

វគ្គ​បន្ត​នឹង​ដាក់​ជូន​នៅ​​ខាង​ក្រោម​នេះ ប្រហែល​ជា…ថ្ងៃ​សុក្រ!

&&&&&&&&&&&&&&

អារិទ្ធ​ទៅ​បាត់​ហើយ រាល់​យប់​​ខ្ញុំ​ដេក​គ្រែ​ពីរ​នាក់​វា នឹក​ឃើញ​ដេក​គ្រែ​ជាមួយ​វា​ខ្ញុំ​ខឹង​ភ្លាម មិន​គួរ​ណា​វា​ហ៊ាន​ធ្វើបាប​ខ្ញុំ​​ដល់​​ថ្នាក់​​នេះ។ អាឡាយ​វា​ដេក​គ្រែ​មួយ​តែ​ម្នាក់​ឯង​ទេ ដល់​វា​ឃើញ​ខ្ញុំ​ដេក​យំ វា​ក៏​មក​ដេក​ក្បែរ​ខ្ញុំ។ វា​អង្អែល​ស្មាល​ខ្ញុំ​ឱ្យ​បាត់​យំ ហើយ​វា​ប្រាប់​ខ្ញុំ​ថា ចាំ​វា​ជួយ​សង​គេ​ឱ្យ​ខ្ញុំ។

ខ្ញុំគ្រាន់តែស្ដាប់អាឡាយនិយាយចោល មិន​មាន​ប្រតិកម្ម​អី​តប​វា​ទេ តែ​ក៏​នឹក​អរគុណ​វា​​ដែល​ហ៊ាន​និយាយ​បែប​នេះ។ ដឹង​អី​ស្អែក​ឡើង​អាឡាយ​ហៅ​ខ្ញុំ​ទៅ​ធនាគារ​បើក​លុយ​ឱ្យ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឱ្យ​យក​លុយ​ទៅ​សង​គេ នឹង​​អាល​​ឈប់​ទៅ​ធ្វើការ​នៅ​ទី​នោះ​ទៀត។ ខ្ញុំ​​ពិត​​ជា​​គិត​មិន​ដល់​ថា​វា​ចិត្ត​បាន​ដាក់​ខ្ញុំ​ដល់​ថ្នាក់​ហ្នឹង​សោះ។ វា​ឱ្យ​ខ្ញុំ​ឈប់​ធ្វើ​ការ​នៅ​កន្លែង​នោះ ក៏​ព្រោះ​តែ​វា​ធ្លាប់​ដឹង​​ពី​​ស្ថានភាព​​ខ្ញុំ​​វេទនា​កន្លង​មក តែ​ខ្ញុំ​នៅ​នឹក​ស្ដាយ​ប្រាក់​ខែ​​ដែល​រាល់​ដង​លោក​គ្រូ​ខ្ញុំ​ស៊ី​នោះ គិត​ថា​បើ​​ធ្វើ​​ទៀត​​មុខ​តែ​បាន​ប្រាក់​ខែ​ច្រើន​ជាង​មុន ណា​មួយ​បើ​មាន​ការ​ងារ​ធ្វើ​ទៅ ឆាប់​មាន​លុយ​សង​​អាឡាយ​​វិញ​ផង។ តែ​មើល​ទៅ​អាឡាយ វា​មិន​ខ្វល់​​នឹង​រឿង​សង​លុយ​នោះ​ទេ ថែម​ទាំង​ប្រាប់​ខ្ញុំ​ថា មិន​ចង់​ឱ្យ​ខ្ញុំ​​នៅ​​ឱ្យ​មនុស្ស​អាក្រក់​ធ្វើ​បាប​ទៀត​ទេ ចាំ​វា​ជួយ​រក​ការ​ងារ​ថ្មី​ឱ្យ ព្រោះ​វា​ស្គាល់​គេ​ច្រើន។ តែ​យ៉ាងណា​​ខ្ញុំ​ក៏​មិន​ដឹង​ប្រឈម​មុខ​ធ្វើ​ការ​ជាមួយ​មនុស្ស​ឆ្កួត​ទាំង​អស់​នោះ​ទៀត​យ៉ាងណា​ដែរ គឺ​នៅ​តែ​មាន​ផ្លូវ​​ដើរ​​តែ​មួយ​ គឺ​ឈប់​ធ្វើ​ការ​និង​ឈប់​ទៅ​ឱ្យ​គេ​ឃើញ​មុខ។

«មិនបាច់គិតរឿងសងលុយហ្នឹងទេ! លុយ​ហ្នឹង​អញ​ឱ្យ​អ្ហែង!»

អាឡាយនិយាយអ៊ីចឹងហើយ​ក៏ដើរចេញទៅ។ ខ្ញុំ​ក្លាយ​​ជា​ញញឹម ព្រោះ​​ខ្ញុំ​មាន​មិត្ត​ដ៏​ល្អ​ម្នាក់ ហើយ​គិត​ថា​តើ​ខ្ញុំ​អាច​ធ្វើ​អ្វី ដើម្បី​សង​នូវ​ទឹក​ចិត្ត​របស់​វា​នេះ។

ខ្ញុំខានទាក់ទងទៅសក្ខណា ជាង​មួយ​អាទិត្យ ទើប​ខ្ញុំ​ទូរស័ព្ទ​ណាត់​នាង​​មក​និយាយ​រឿង​ឆ្កួតៗ​ដែល​ខ្ញុំ​បាន​ជួប ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ ត្បិត​តែ​អត់​ការងារ​ធ្វើ តែ​ពេល​ឃើញ​នាង​មក​ ខ្ញុំ​សើច​ដាក់​នាង​ស្រស់​ខ្លាំង​ណាស់។ សក្ខណា​ដើរ​មក​ជួប​ខ្ញុំ​នៅ​សួន​ច្បារ​តែ​ម្នាក់​ឯង អត់​ឃើញ​ដៃ​គូ​របស់​នាង​ទេ ខ្ញុំ​និយាយ​អ៊ីចឹង​ព្រោះ​ពួក​គេ​កម្រ​បែក​គ្នា​ណាស់។

«មកតែម្នាក់ឯងទេ? ឯណាអេនធី?» ខ្ញុំ​សួរ​នាង។

សក្ខណាគ្រាន់តែញញឹម ហើយ​ដើរ​មក​អង្គុយ​ក្បែរ​ខ្ញុំ។ ខ្ញុំ​ចាប់​អារម្មណ៍​ខ្លួន​ឯង​ថា ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ជាមួយ​នាង​ណាស់ ឱ្យ​តែ​ពេល​នៅ​តែ​ពីរ​នាក់ ហើយ​ខ្ញុំ​ដូច​ជា​នឹក​នាង​ខ្លាំង​​ប្លែក។

«ស្គាល់មនុស្សម្នាក់ គឺបន្ថែមបញ្ហា​មួយ​ឱ្យ​ជីវិត​មែន​ទេ?» នាង​ចាប់​ផ្ដើមនិយាយ​មក​ខ្ញុំ។

«ចង់និយាយថា សក្ខណា​ស្គាល់​ខ្ញុំ ធ្វើ​ឱ្យ​សក្ខណា រវល់​មក​ជួប​ខ្ញុំ​មែន​ទេ?»

នាងអស់សំណើចនឹងសំណួរខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ទម្លាប់​និយាយ​ពាក្យ​សក​បែប​នេះ​ពី​មុន​មក​ដែរ ទើប​តែ​ជាមួយ​នាង​ប៉ុណ្ណោះ ហើយ​ពេល​នោះ​ខ្ញុំ​ភ្នក​គិត​ថា ខ្ញុំ​ប្រហែល​ជា​កំពុង​ស្រលាញ់​សក្ខណា ​ហើយ។

«ខ្ញុំឈប់ទាក់ទងជាមួយអេនធី ហើយ!»

ខ្ញុំបើកភ្នែកសម្លឹងមុខនាង ហើយ​សួរ​បញ្ជាក់​ចង់​ដឹង​ហេតុផល «ហេតុអី?»

«អេនធីជា lesbian!»

«ស្អីគេ lesbian?»

«គឺស្រីស្រលាញ់ស្រីដូចគ្នា។ កន្លង​មក​​នាង​គ្រាន់​តែ​បោក​ប្រាស់​មិត្ត​ភាព​ខ្ញុំ​ប៉ុណ្ណោះ។ នាង​ថា​នាង​ស្រលាញ់​ខ្ញុំ​យូរ​មក​ហើយ តែ​មិន​ហ៊ាន​ប្រាប់។ ពិបាក​រក​មិត្ត​ពិត​ប្រាកដ​ណាស់ ម្នាក់ៗ​គិត​តែ​រឿង​ស្នេហា… រាប់​អាន​គ្នា​ជា​មិត្ត មិន​ប្រាកដ​ជា​មិត្ត…»

សម្តីនាងប៉ះចិត្តរបស់ខ្ញុំផាច់ ធ្វើ​ម៉េច​ខ្ញុំ​អាច​ស្រលាញ់​នាង​បាន​ទៅ បើ​នាង​និយាយ​អ៊ីចឹង​ទៅ​ហើយ? ខ្ញុំ​គិត​ថា សក្ខណា​ជា​មនុស្ស​មាន​អារម្មណ៍​បរិសុទ្ធ​ណាស់។ នាង​រាប់​អាន​​មិត្ត​ទោះ​ប្រុស​ឬ​ស្រី​​ក៏​នាង​គិត​ត្រឹម​ជា​មិត្ត​ដូច​គ្នា។ បែប​នេះ​ប្រហែល​ជា​ខ្ញុំ​អាច​ធ្វើ​ត្រឹម​តែ​មិត្ត​របស់​នាង​តែ​ប៉ុណ្ណោះ។

នាងនិយាយបន្តទៀតថា «ខ្ញុំ​​លែង​​ចង់​​ស្គាល់​​អ្នក​ណា​​ហើយ។ យើង​​មិន​​ដឹង​​ថា មិត្ត​ភក្តិ​រ​បស់​យើង​​គេ​​គិត​​​អ្វី​​ខ្លះ​​ជាមួយ​​យើង​​ទេ។»

ខ្ញុំនៅស្ងៀមមួយស្របក់ ទើប​និយាយ​ថា «តែ​ពេល​យើង​ជួប​ទុក្ខ​ក៏​មាន​មិត្ត​ជួយ​យើង​ដែរ។ ថ្មីៗ​នេះ​​មិត្ត​ខ្ញុំ​ម្នាក់​បាន​ធ្វើ​បាប​ខ្ញុំ តែ​មិត្ត​ខ្ញុំ​ម្នាក់​ទៀត​បាន​ជួយ​ខ្ញុំ។ ក្នុង​លោក​នេះ​នៅ​តែ​មាន​​មនុស្ស​ល្អ បើ​ទោះ​ជា​មាន​មនុស្ស​អាក្រក់​ច្រើន​ក៏​ដោយ។ មុន​នេះ​ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង យល់​ថា​ខ្លួន​ឯង​ដូច​ជា​ធុង​សំរាម​អ៊ីចឹង ខំ​ធ្វើ​ល្អ​ដាក់​គេ​គ្រប់​គ្នា តែ​គ្មាន​អ្នកណា​គេ​អាណិត​ទេ គេ​គ្រាន់​តែ​ចង់​​ប្រើ​​ប្រាស់​ខ្ញុំ​ប៉ុណ្ណោះ។ ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​អ៊ីចឹង មនុស្ស​ដែល​ខ្ញុំ​គោរព​ស្រលាញ់​ដូច​ឪពុក តែ​គាត់​មិន​ដឹង​ទុក​ខ្ញុំ​ដូច​ស្អី​ទេ…»

«ប្រហែលជាទុកដូចធុងសំរាមហើយ! មនុស្ស​ធុង​សំរាម

«ទោះ​ធ្វើជាធុងសំរាមក៏មានតម្លៃជាង​​មនុស្ស​ដែល​មិន​​ស្គាល់​​តម្លៃ​ធុង​សំរាម​ដែរ។ ខ្ញុំ​សុខ​ចិត្ត​ឱ្យ​​គេ​​ធ្វើ​បាប តែ​ខ្ញុំ​មិន​ធ្វើ​បាប​គេ​ទេ។

«ពិតមែនអ្ហ៊ៃ?»

សក្ខណានាងសើចដាក់ខ្ញុំ រួចក៏ប្រាប់ខ្ញុំថា «ហ្ន៎! មក​ដល់​ហើយ!»

អាឡាយដើរមកធ្វើមុខស្មើ ហើយ​រុញ​ខ្ញុំ​ខិត​ទៅ​ជិត​សក្ខណា ទើប​អង្គុយ​ចុះ។ គេ​សួរ​ពួក​ខ្ញុំ​ថា «អេនធី​ អត់​មក​ទេ​អ្ហេះ?»

សក្ខណាអត់ឆ្លើយថាម៉េចទេ ខ្ញុំ​ក៏​មិន​ដឹង​និយាយ​ធ្វើ​អី ធ្វើ​ឱ្យ​អាឡាយ វា​និយាយ​ដូច​ខឹង​ពួក​យើង «ម៉េច​ស្ងាត់​ឈឹង​អ៊ីចឹង? ខ្ញុំ​មក​រំខាន​ពីរ​នាក់​ហ្នឹង​ទេ​ដឹង ខ្ញុំ​ទៅ​វិញ។»

«វ៉ៃងាប់ឥឡូវហើយឡាយឯង!»

ខ្ញុំសើចនឹងពួកគេ ហើយ​ពួក​យើង​នៅ​ជជែក​គ្នា​ដល់​ម៉ោង​ប្រាំពីរ​យប់ ទើប​បែក​គ្នា។

ពេលចូលដេកអាឡាយវាមកដេកគ្រែជាមួយខ្ញុំទៀត។ វា​សួរ​ខ្ញុំ​ថា «ដឹង​ថា​​អេន​ធី​ជា lesbian ដែរ​ទេ?»

«ដឹងហើយ។ ចុះឯងដឹងមកពីណាដែរ?»

«សក្ខណាប្រាប់!»

វាដេកយកដៃគងថ្ងាស អត់ព្រមបិទភ្លើងទេ ហើយ​សួរ​ខ្ញុំ​ថា «អ្ហែង​គិត​យ៉ាង​ម៉េច​ដែរ​រឿង​នេះ?»

«ពិភពលោកក្រឡាប់ចាក់អស់ហើយដឹង បាន​ជា​ចេះ​តែ​កើត​រឿង​ឆ្កួតៗ​អ៊ីចឹង!»

វានៅស្ងៀមមួយសន្ទុះ មិនដឹងគិតស្អីខ្លះទេ រួច​​ក៏​ឮ​និយាយ​តិចៗ «តាម​ពិត​រឿង​បែប​នេះ​កើត​ឡើង​​យូរ​ហើយ គ្រាន់​តែ​យើង​មិន​ដឹង។»

ពេលនោះពួកយើងដេកផ្ងាររៀងខ្លួន ហើយ​ខ្ញុំ​ក៏​ប្រះ​​បែរ​ខ្នង​ពី​វា​ដើម្បី​សំងំ​ដេក។ ខ្ញុំ​ដេក​រៀប​លក់​​ទៅ​ហើយ ក៏​ឮ​សំឡេង​សារ​ទីត​ទីត។ អាឡាយ​មើល​សារ​រួច ក៏​ដាក់​ដៃ​វា​លើ​ស្មា​ខ្ញុំ​និយាយ​ថា «មាន​រឿង​ខ្លះ​ទោះ​ចង់​ដឹង​ប៉ុណ្ណា​ តែ​មិន​អាច​សួរ…»

យប់នោះវាលេងសារជាមួយអ្នកណាមិនដឹងទេ! ខ្ញុំ​ក៏​ដេក​លក់​បាត់​ទៅ។

ដឹង​ថា​ ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អី​កើត​ឡើង​ទេ? នរណា​ លេង SMS ជាមួយ​អាឡាយ? វគ្គ​ក្រោយ​ចប់​ហើយ ហើយ​គ្រប់​យ៉ាង​​​នឹង…

&&&&&&&&&&&&&&

ស្អែកឡើង អាឡាយទៅផ្សារទិញ​ម្ហូប​យក​មក​ធ្វើ​ច្រើន​ណាស់ ឯ​ខ្ញុំ​ដេក​ស្ទើរ​តែ​ដល់​ពេល​បាយ​ទើប​ក្រោក។ អារម្មណ៍​ខ្ញុំ​ស្មុគ​ស្មាញ​អត់​ដឹង​មក​ពី​រឿង​អី​ពិត​ប្រាកដ ដូច​ជា​​វិល​វល់​ច្រើន​រឿង​ពេក រហូត​មិន​ដឹង​គិត​អាណា ចោល​អាណា ក៏​មាន​តែ​ដេក​ខ្ជិល​ក្រោក។ ខ្ញុំ​ដើរ​ទៅ​​ងូត​​ទឹក ឃើញ​អាឡាយ​កំពុង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ម្ហូប ដូចជា​ធ្វើ​សម្រាប់​ថ្ងៃ​ពិសេស​អី​មួយ។

ដល់ពេលបាយទើបខ្ញុំបាន​ដឹង។

«ថ្ងៃនេះគឺថ្ងៃខួបកំណើតអាយុ២៣ឆ្នាំ…​ អញ​យល់​ដឹង​ច្រើន​ពី​ជីវិត ក៏​ស្គាល់​ខ្លួន​ឯង​ច្បាស់​ដែរ​ ហើយ​ក៏​ត្រូវ​តែ​ក្លាហាន​ដែរ។»

ខ្ញុំក៏ងើបមុខសម្លឹងវា ហើយ​យក​ដៃ​ញី​សក់​ខ្លួន​ឯង​និយាយ​ថា «និយាយ​ប្លែកៗ​វ៉ី!»

អាឡាយដួសបាយឱ្យខ្ញុំ រួចនិយាយថា «ថ្ងៃ​នេះ​អញ​បាន​ឆ្លង​ថ្ងៃ​ខួប​កំណើត​ជាមួយ​អ្ហែង​ជា​លើក​ទី​មួយ​ហើយ។»

«អញអត់ចេះច្រៀងបទ Happy Birthday ទេ! ព្រោះ​មិន​ធ្លាប់​ធ្វើ​ខួប​កំណើត​ផង! តិច​​ឱ្យ​​អញ​ច្រៀង គឺ​ទៅ​មិន​រួច​ទេ!» ខ្ញុំ​និយាយ​ទាំង​សើច​ផង។

អាឡាយតបមកខ្ញុំវិញដោយសំឡេងស្ងប់ «តាម​ពិត​អញ​មិន​ដែល​ចង់​បាន​អី​ពី​អ្ហែង​ទេ រហូត​មក​ដល់​ពេល​នេះ​ក៏​ដោយ។»

ខ្ញុំមានអារម្មណ៍ប្លែកណាស់ ហើយ​មិន​ដឹង​ត្រូវ​និយាយ​ស្អី​ជាមួយ​វា​ទេ ក៏​ដួស​ម្ហូប​ញ៉ាំ។ កាល​ណោះ​​វា​ដូច​ជា​ឈុត​នៅ​ក្នុង​កុន​អ៊ីចឹង ដែល​មាន​គ្រាប់​បាយ​ជាប់​មាត់​ខ្ញុំ អាឡាយ​ក៏​លូក​ដៃ​មក​បេះ​ចេញ​ឱ្យ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ទាំង​លួច​ញញឹម​ថា «ឆ្ងាញ់​អត់?»

«ឆ្ងាញ់!» ខ្ញុំឆ្លើយទាំងងក់ក្បាល ព្រោះ​ថា​ទៅ​អាមួយ​នេះ​ធ្វើ​ម្ហូប​ឆ្ងាញ់​តាំង​ពី​ដើម។

វាក៏និយាយប្រាប់ខ្ញុំថា «យប់មិញ​អញ​គិត​ច្រើន​ណាស់ គឺ​រឿង​អី​ក៏​ត្រូវ​តែ​មាន​ចុង​បញ្ចប់​​ដែរ។ ថ្ងៃ​នេះ​ខួប​កំណើត​អញ អញ​សុំ​អ្ហែង​មួយ​បាន​អត់… អាច​និយាយ​ពី​មនុស្ស​ដែល​អ្ហែង​ស្រលាញ់​​ជាង​​គេ​ ប្រាប់​បាន​ទេ?»

ខ្ញុំនៅទ្រឹងបន្តិច ទើបឆ្លើយ «អញ​ស្រលាញ់​ម៉ែ​អញ​ជាង​ប៉ា​អញ…»

«អញចង់ដឹងរឿងស្នេហា!»

ខ្ញុំមើលមុខវា រួច​ក៏​គិត​ថា​ត្រូវ​និយាយ​ពី​អារម្មណ៍​ពិត​របស់​ខ្ញុំ​ប្រាប់​វា «អ្ហែង​ក៏​ដឹង​ដែរ​ថា​អញ​មិន​ធ្លាប់​មាន​សង្សារ​ទេ។» វា​ឱន​មុខ​ចាំ​ស្ដាប់​ខ្ញុំ ហាក់​ប្រាប់​ខ្ញុំ​ថា​ត្រូវតែ​និយាយ​ឱ្យ​វា​ដឹង​ក្នុង​ពេល​នេះ។ ខ្ញុំ​ក៏​​បន្ត «តែ​​មួយ​រយៈ​នេះ​អញ​ដូច​ជា​ចូល​ចិត្ត​សក្ខណា​ ណាស់។ អញ​គិត​ថា អញ​ប្រហែល​ជា​​ស្រលាញ់​​នាង​ហើយ។ តែ​មើល​ទៅ​នាង​រាប់​អាន​អញ​ត្រឹម​មិត្ត​ប៉ុណ្ណោះ។ អញ​ជា​មនុស្ស​ដឹង​​ថា​អ្វី​អាច​​ទៅ​រួច​ អ្វី​ទៅ​មិន​រួច ហេតុ​នេះ​វា​មិន​សំខាន់​ប៉ុន្មាន​ទេ​សម្រាប់​អញ អា​រឿង​មនោសញ្ចេតនា​ហ្នឹង​នោះ។ គ្មាន​ប្រយោជន៍​អី​ឱ្យ​អញ​ទៅ​សាង​ស្នេហា​គ្មាន​សង្ឃឹម​នោះ​ទេ។»

ខ្ញុំឈប់និយាយ ឯអាឡាយវា​អត់​ព្រម​ស៊ី​បាយ​ទេ ហើយ​នៅ​ស្ងៀម ទាល់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លាច​អារម្មណ៍​វា។ បន្ទាប់​មក​ទើប​វា​មើល​មុខ​ខ្ញុំ និយាយ​ថា «ដឹង​ថា​យប់​មិញ​នរណា​ផ្ញើ SMS មក​អញ​ទេ?»

«អាណាដឹង?» ខ្ញុំឆ្លើយធ្វើព្រងើយ។

ស្រាប់តែវាប្រាប់ខ្ញុំថា «សក្ខណាស្រលាញ់អញ! យប់​មិញ​នាង​ផ្ញើ SMS ប្រាប់​អញ…»

ខ្ញុំមើលមុខវាវិញរបៀបមិនខ្វល់ មិន​អន់​ចិត្ត រួច​ខំ​និយាយ​បន្លប់​អារម្មណ៍ «ចុះ​អ្ហែង​ស្រលាញ់​នាង​អត់?»

«អញប្រាប់នាងហើយ អញ​អត់​ស្រលាញ់​នាង​ទេ!»

រឿងស្នេហាត្រឡប់ត្រឡិន សម្រាប់ខ្ញុំ ខ្ញុំ​យល់​ថា​ធម្មតា​ទៅ​ហើយ តែ​ខ្ញុំ​មិន​អស់​ចិត្ត​ត្រង់​ថា ខ្ញុំ​ស្រលាញ់​សក្ខណា​ តែ​មិន​ហ៊ាន​ប្រាប់​នាង ព្រោះ​ខ្លាច​នាង​គិត​ថា​ខ្ញុំ​គិត​តែ​រឿង​ស្នេហា បោក​ប្រាស់​មិត្តភាព​នាង ប៉ុន្តែ​ដល់​នាង​វិញ​បែរ​ជា​ហ៊ាន​ប្រាប់​ថា នាង​ស្រលាញ់​អាឡាយ​ទៅវិញ។

«ចុះនាងតបមកវិញថាម៉េច?»

អាឡាយអត់ឆ្លើយនឹងខ្ញុំទេ តែ​ភ្នែក​វា​សម្លឹង​ភ្នែក​ខ្ញុំ​ស្ទើរ​ហូរ​​ទឹក​ភ្នែក រួច​ក៏​ហូរ​ពាក្យ​ចេញ​ពី​មាត់​​វា​ថា «ភក្ដី! ខ្ញុំ​ស្រលាញ់…»

ចប់!

កប់យោបល់ អស់អីសរសេរទៀតហើយ ហេតុនេះរឿងនេះ​សន្មត​ថា​ចប់​ត្រឹម​ហ្នឹង!

ខែកញ្ញា 7, 2010 at 10:51 ល្ងាច មតិ 12

ជីវិត​ចុងក្រោយ (អ្វីជារឿងខ្លី?)

ខ្ញុំ​នឹង​​​ប្រាប់​​អ្នក​ពី​​​អ្វី​ជា​​រឿង​ខ្លី។ រឿង​ខ្លី​ពិបាក​សរសេរ​ជាង​រឿង​វែង ព្រោះ​​​​​អ្នក​​ត្រូវ​ប៉ិន​ប្រសព្វ​​រក​វិធី​សាស្រ្ត​តែង​ដែល​ប្រើ​តួ​អក្សរ​តិច។ នេះ​ជា​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ ក៏​ជា​បទ​ពិសោធន៍ មិន​មែន​ជា​មេរៀន​​អី​នោះ​​​ទេ។ ខ្ញុំ​តែង​ផ្ចិត​ផ្ចង់​លើ​កាល​អាកាស​របស់​ដំណើរ​រឿង ពោល​គឺ​ខ្ញុំ​ប្រើ​ពេល និង​ទី​កន្លែង​តិច​បំផុត​ តាម​តែ​អាច​ធ្វើ​បាន។ ​កាល​អាកាស​តិច តែ​​មាន​លទ្ធភាព​​បក​ស្រាយ​គំនិត​រឿង​បាន​ទូលំ​ទូលាយ ដោយ​​រចនា​ផ្នត់​សាច់​រឿង​សាមញ្ញ ប្រកប​ដោយ​មូល​ន័យ​​​នៃ​ទស្សនវិជ្ជា។

ខ្ញុំ​នឹង​លើក​ឧទាហរណ៍​ពី​រឿង​ខ្លី​របស់​ខ្ញុំ​ប្រាប់​អ្នក៖

«កាបូបលុយ» និយាយ​ពី​រឿង​ក្មេង​ស្រី​ម្នាក់​រើស​បាន​កាបូប​លុយ​របស់​លោកវេជ្ជបណ្ឌិត។ ខ្ញុំ​បាន​ពណ៌នា​ចាប់​ពី​លោកគ្រូ​ពេទ្យ​បើក​ឡាន​ចេញ​ពី​​ធ្វើ​ការ ជា​ទម្លាប់​ប្រចាំ​ថ្ងៃ និង​ការ​គិត​ពិចារណា​របស់​គាត់ ហើយ​បណ្ដាល​ឱ្យ​គាត់​បាន​ជួប​ក្មេង​ស្រី ​រហូត​ធ្វើ​ឱ្យ​គាត់​ត្រឡប់​មក​កន្លែង​ធ្វើ​ការ​វិញ​ដោយ​​ភ្ញាក់​រឭក។ ដំណើរ​រឿង​ប្រើ​ពេល​​ត្រឹម​តែ​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ឯ​ការ​​បញ្ចប់​សាច់​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​អាន​​រំភើប​ភ្ញាក់​ផ្អើល​គឺ​ជា​លក្ខណៈ​ពិសេស​របស់​រឿង​ខ្លី។

«ឋានសួគ៌លោកិយ» គឺ​ជា​សុបិន​មួយ ផ្ដើម​ចេញ​ពី​ការ​ប្រយុទ្ធ​ដណ្ដើម​​គ្នា​រស់ រហូត​ធ្វើ​ឱ្យ​តួអង្គ​ម្នាក់​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ រសាត់​អណ្ដែត​ទៅ​ដល់​បរម​ស្ថាន​មួយ ជា​កន្លែង​ដែល​​​ផ្ដល់ក្ដី​សង្ឃឹម​ដល់​​គេ និង​ប្រាប់​គេ​ឱ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ដោយ​សេចក្ដី​ក្លាហាន។ តួ​អង្គ​ដែល​អ្នក​លើក​មក​និទាន​គប្បី​ចេះ​អភិវឌ្ឍ​ខ្លួន​ឯង​ជា​គំរូ​​របស់​អ្នក​អាន។

«កំណប់» ពេល​ភ្ញាក់​ពី​ដេក តួ​អង្គ​ក៏​នឹក​ឃើញ​​រឿង​យល់​សប្តិ​ពី​យប់ ហើយ​ចាប់​ផ្ដើម​ស្វែង​រក​ទី​កន្លែង​ក្នុង​យល់​សប្តិ រួច​ក៏​​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា អ្នក​ភូមិ​ទាំង​អស់​សុទ្ធ​តែ​បាន​យល់​សប្តិ​​ដូច​គ្នា។ សាច់​រឿង​កាន់​តែ​ស្មុគ​ស្មាញ និង​អស្ចារ្យ។ គំនិត​រឿង​ចាប់​ផ្ដើម​លាត​ត្រដាង តាម​រយៈ​សកម្មភាព​ហួង​ហែង​ច្រណែន​គ្នា រហូត​កើត​អំពើ​ហិង្សា។ ដំណោះ​ស្រាយ​គឺ​ជា​ការ​អប់​រំ អ្នក​ណា​លោភលន់​ជាង​គេ នៅ​ជិត​កំណប់​ជាង​គេ នឹង​ទទួល​បាន​នូវ​ការ​តប​ស្នង​ខ្លាំង​ជាង​គេ។

«ខេមរា» អ្វី​ដែល​អ្នក​អាច​រក​ឃើញ​ក្នុង​រឿង​នេះ គឺ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​​ពី​ងងឹត​មក​ភ្លឺ ពី​ភាព​ព្រិល​ស្រអាប់​មក​ភាព​ស្រឡះ​ចែស។

នៅ​ពេល​សាច់​រឿង​របស់​អ្នក​មាន​គោល​គំនិត និង​កាល​អាកាស​ច្បាស់​លាស់​ អ្នក​ក៏​មាន​គោល​ដៅ​ក្នុង​ការ​សរសេរ មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ស្នាដៃ ហើយ​ក៏​ងាយ​ស្រួល​ប្រាប់​គេ​ថា​រឿង​របស់​អ្នក​និយាយ​ពី​អ្វី និង​កើត​ឡើង​នៅ​កន្លែង​ណា។

សូម​អាន​រឿង​ខាង​ក្រោម​ ហើយ​ស្វែង​យល់​បន្ថែម​ពី​អ្វី​ដែល​ខ្ញុំ​ប្រាប់​៖

 

ជីវិតចុងក្រោយ

អាន​រឿង​នេះ​ជា​ភាសា​អង់គ្លេស នៅ យុវអ្នកនិពន្ធខ្មែរ


ល្ងាចមួយដែលខ្ញុំដើរលម្ហែតាមមាត់សមុទ្រ ខ្ញុំ​បាន​ជួប​បុរស​ម្នាក់​អាយុ​ប្រហែល​៣០ឆ្នាំ កំពុង​អង្គុយ​គូរ​គំនូរ​នៅ​ក្រោម​ដើម​ស្រល់ ដែល​រេរាំ​តាម​សំឡេង​ទឹក​រលក។ នៅ​ក្នុង​ផ្ទាំង​គំនូរ​របស់​គាត់​មាន​ពណ៌​ចំរុះ​នៃ​ពពក និង​ទឹក​សមុទ្រ​ពេល​ព្រះអាទិត្យ​អស្តង្គត។ គាត់​មាន​កាយ​វិការ​ប្រៀប​បាន​នឹង​វិចិត្រករ​ដ៏​ចំណាន ប៉ុន្តែ​រូបភាព​ដែល​គាត់​កំពុង​គូរ​នោះ​មិន​ស្អាត​នោះ​ទេ។ វា​ស្រដៀង​នឹង​គំនូរ​របស់​កូន​ក្មេង​ដែល​មាន​ដួងចិត្ត​បរិសុទ្ធ​បំផុត។

បុរសនោះសួរខ្ញុំថា “តើលោកយល់ថា វាស្អាតណាស់មែនទេ?”

ខ្ញុំឆ្លើយទាំងសើចថា “វាដូចជាគំនូររបស់កូនក្មេងអ៊ីចឹង។”

គាត់នៅតែបន្តយកជក់ជ្រលក់ពណ៌ក្រហម គូរ​ព្រះអាទិត្យ​ធំ​មួយ​នៅ​ក្នុង​ពពក រួច​សួរ​ខ្ញុំ​ទៀត​ថា “តើ​លោក​យល់​ថា ព្រះ​អាទិត្យ​នេះ​ធំ​ពេក ឬ​ក៏​តូច​ពេក?”

ខ្ញុំឆ្លើយថា “វាធំពេក។”

“វាធំមែន!” រាល់​លើក​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ គាត់​មិន​ងាក​មើល​មុខ​ខ្ញុំ​ទេ។ គាត់​ពោល​បន្ត​ទៀត​ថា “តែ​ខ្ញុំ​ស្រលាញ់​ព្រះអាទិត្យ​រៀប​លិច​ធំ​អ៊ីចឹង ទើប​ខ្ញុំ​គូរ​វា​ឱ្យ​ធំ។”

“តែវាខុសពីធម្មជាតិ។” ខ្ញុំ​តប​ទៅ​គាត់។

“តែខុសពីធម្មជាតិក៏វាជាធម្មជាតិដែរ។” ឆ្លើយ​ឃ្លា​នេះ​រួច ទើប​គាត់​ងាក​មុខ​មើល​ខ្ញុំ។ ភ្នែក​របស់​គាត់​ទន់​ត្រជាក់ និង​មាន​រោម​ចិញ្ចើម​ក្រាស់​ឃ្មឹក។ គាត់​ញញឹម​ដាក់​ខ្ញុំ​ចេញ​ពី​កែវ​ភ្នែក រួច​បន្លឺ​ថា “តើ​ប្អូន​កំពុង​មាន​ជីវិត​រីករាយ​ទេ?”

ខ្ញុំមើលទៅផ្ទាំងគំនូររបស់គាត់ អត់​ទាន់​ឆ្លើយ​ទៅ​គាត់​ទេ ទើប​គាត់​ពោល​បន្ត “ប្អូន​ដឹង​ទេ? ខ្ញុំ​គិត​ថា​ពិភពលោក​នេះ​គួរ​ឱ្យ​អស់​សំណើច… មនុស្ស​ឧស្សាហ៍​ហត់ មនុស្ស​ខ្ជិល​ស្រណុក មនុស្ស​ឆ្លាត​សយ មនុស្ស​ល្ងង់​សំណាង… មនុស្ស​ល្អ​តែង​ត្រូវ​មនុស្ស​អាក្រក់​ធ្វើ​បាប ធ្វើ​ល្អ​ដាក់​គេ គេ​ធ្វើ​អាក្រក់​តប​មក​វិញ… មនុស្ស​ហ្មត់ចត់​បែរ​ជា​ត្រូវ​ស្តាប់​បង្គាប់​មនុស្ស​ខ្ជី​ខ្ជា… មនុស្ស​សន្សំ​លុយ​បែរ​ជា​យក​លុយ​ឱ្យ​មនុស្ស​ខ្ជះ​ខ្ជាយ​ចាយ… មនុស្ស​តស៊ូ​នៅ​តែ​តស៊ូ​រហូត… គិត​ទៅ​បើ​ខ្ញុំ​មិន​កើត​មហារីក​ទេ ខ្ញុំ​ប្រហែល​ត្រូវ​តស៊ូ​ដល់​ងាប់​ហើយ!”

ខ្ញុំសួរគាត់ថា “បងមានជំងឺមហារីកអ្ហេះ?”

“ត្រូវហើយ!” គាត់​ញញឹម​យ៉ាង​ស្រស់​ដាក់​ខ្ញុំ “តែ​ប្អូន​មិន​បាច់​អាណិត​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​គឺ​ជា​អ្នក​ជំងឺ​ដែល​សប្បាយ​ចិត្ត​ជាង​គេ។“

“ហេតុអ្វី?”

“ជំងឺមហារីកបំផ្លាញអនាគតរបស់ខ្ញុំ តែ​ផ្តល់​បច្ចុប្បន្ន​ដ៏​មាន​ន័យ​ឱ្យ​ខ្ញុំ។ ប្អូន​មើល៍ ពេល​នេះ​ខ្ញុំ​មាន​សេរីភាព​ណាស់! អង្គុយ​គូរ​រូប​តាម​តែ​ចិត្ត​នឹក​ឃើញ មិន​បាច់​ខ្វល់​ថា​ត្រូវ​គូរ​ឱ្យ​ស្អាត ឱ្យ​អ្នក​ណា​ពេញ​ចិត្ត​ឡើយ។”

“ប៉ុន្តែហេតុអ្វីក៏ដោយសារតែជំងឺ?”

“ព្រោះជំងឺនេះធ្វើឱ្យខ្ញុំមានជីវិតចុងក្រោយដែលខ្ញុំចង់បាន។ បើ​ខ្ញុំ​មិន​ដឹង​ខ្លួន​ថា ជីវិត​ខ្ញុំ​ជិត​បញ្ចប់ ខ្ញុំ​ប្រាកដ​ជា​កំពុង​ប្រឹង​ធ្វើការ ធ្វើ​បាប​ខ្លួន​ឯង​ហើយ។ តាំង​ពី​តូច​មក​ខ្ញុំ​ចូលចិត្ត​ធ្វើ​បាប​ខ្លួន​ឯង​ណាស់។ ខ្ញុំ​ខំ​រៀន​ស្ទើរ​សរសៃ​ប្រសាទ។ ខ្ញុំ​ក្បត់​ខ្លួន​ឯង​រហូត មិន​ដែល​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ទេ។ ខ្ញុំ​ចង់​អាន​សៀវភៅ​រឿង​កំសាន្ត​ណាស់ តែ​ខ្ញុំ​គិត​ថា​វា​គ្មាន​ប្រយោជន៍​ដូច​ជា​សៀវភៅ​មេរៀន។ ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ចម្រៀង​ណាស់ តែ​ខ្ញុំ​បង្ខំ​ខ្លួន​ឯង​ស្តាប់​ព័ត៌មាន។”

គាត់និយាយដល់ត្រឹមនេះ ខ្ញុំ​ស្រាប់​តែ​សើច។ គាត់​យក​ដៃ​ទះ​ស្មា​ខ្ញុំ ហើយ​ប្រាប់​ឱ្យ​ខ្ញុំ​អង្គុយ​ចុះ ទើប​សួរ​ខ្ញុំ​ថា “តើ​ប្អូន​យល់​ថា​ជីវិត​គឺ​ជា​ការ​តស៊ូ​ឬ​អត់?”

“មិនមែនទេ! ខ្ញុំយល់ថាជីវិតគឺជាក្តីសង្ឃឹម។”

គាត់នៅទ្រឹងស្ងៀមមួយស្របក់ ទើប​និយាយ​ថា “តាម​ពិត​ជីវិត​ខ្ញុំ​ឥឡូវ​នេះ​ល្អ​ណាស់។ ខ្ញុំ​អាច​ដេក​ឆ្អែត អាច​ដើរ​លេង អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ… គ្មាន​សម្ពាធ​ជីវិត​បញ្ជា​ខ្ញុំ​ទេ។ តើ​ខ្ញុំ​ពិត​ជា​ត្រូវ​សង្ឃឹម​ទៀត​មែន​ឬ?”

វិច្ឆិកា ២០០៧

 

ខែសីហា 30, 2010 at 11:34 ល្ងាច មតិ 12

ខេមរា (បទពិសោធន៍និពន្ធរឿង)

សួស្ដីមិត្តអ្នកអានទាំងអស់ ជាពិសេសមិត្តទាំងឡាយដែល​ចង់​រៀន​សរសេរ​រឿង​ 🙂 ថ្ងៃ​នេះ​គឺ​ខ្ញុំ​ដាក់​ប្រកាស​រឿង​ខ្លី​មួយ និង​រៀបរាប់​ពី​បទ​ពិសោធន៍​​សរសេរ​​របស់​ខ្ញុំ​ដល់​គ្រប់​គ្នា។ វា​ជា​របៀប​ដែល​ខ្ញុំ​ធ្វើ​ការ ក៏​ជា​មេរៀន​សម្រាប់​អ្នក​ដែរ។ ខ្ញុំ​មិន​គិត​ថា ការ​តែង​និពន្ធ​អាច​រៀន​ចេះ​ឡើយ តែ​អាច​ស្វែង​យល់​បន្ថែម​តាម​បទ​ពិសោធន៍​របស់​​អ្នក​ដទៃ។ សម្រាប់​ខ្ញុំ គ្រូ​​ដ៏​ពូកែ​​គឺ​បទ​និពន្ធ​មួយ​ដ៏​ល្អ ពោល​គឺ​បើ​អ្នក​មាន​ទេពកោសល្យ​ផ្នែក​នេះ អ្នក​ប្រាកដ​ជា​អាច​រៀន​តាម​ស្នាដៃ​ទាំង​ឡាយ​ដែល​អ្នក​បាន​អាន មើល ឬ​ស្ដាប់។

ហេតុអ្វី​បាន​​ជានឹក​ឃើញ​​សរសេរ​រឿង​នេះ? ព្រោះ​វា​ជា​រឿង​ដែល​ខ្ញុំ​បំភ្លេច​មិន​បាន ហើយ​ចង់​ប្រាប់​គេ​​ពី​អារម្មណ៍​ពិត​របស់​ខ្ញុំ។ អ្វី​ក៏​ដោយ​ត្រូវ​​តែ​មាន​គោល​បំណង។ គោល​បំណង​នៃ​ការ​សរសេរ​រឿង គឺ​ការ​ចង់​ប្រាប់​រឿង​នោះ​ដល់​អ្នក​ដទៃ។ អ្នក​មិន​បាច់​តាំង​ខ្លួន​ឯង​ជា​អ្នក​និពន្ធ​​​អី​នោះ​ឡើយ តែ​អ្នក​ត្រូវ​មាន​អារម្មណ៍​រំភើប​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​សរសេរ និង​មាន​​ចេតនា​បរិសុទ្ធ​ចង់​ប្រាប់​រឿង​នោះ​ដល់​អ្នក​អាន​របស់​អ្នក។ អាច​ធ្វើ​អារម្មណ៍​ដូច​អ្នក​កំពុង​តែ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​កាន់​មិត្ត​សម្លាញ់​របស់​អ្នក ប្រាប់​គេ​ពី​ហេតុការណ៍​ដ៏​​អស្ចារ្យ​មួយ ​ដែល​អ្នក​បាន​ជួប​ក្រោយ​ពេល​បែក​គ្នា។ វា​ជា​​អារម្មណ៍​ចែក​រំលែក និង​ជា​អារម្មណ៍​ពិត។

ប្រើ​បេះដូង​សរសេរ នឹង​បាន​ភាសា​បេះដូង តែ​បើ​ប្រើ​វិធីសាស្រ្ត​សរសេរ​នឹង​បាន​មេរៀន។ ទោះ​បី​វា​ជា​រឿង​ប្រឌិត តែ​អ្នក​ត្រូវ​ប្រើ​អារម្មណ៍​ពិត​សរសេរ​ចេញ​មក។ អ៊ីចឹង​តើ​​អ្នក​បាន​អារម្មណ៍​ពិត​នោះ​មក​ពី​ណា? នោះ​ជា​បទ​ពិសោធន៍​ជីវិត ព្រោះ​​ការ​ងារ​ជា​អ្នក​និពន្ធ​គឺ​ការងារ​ជីវិត។ រឿង​​ «ខេមរា» ខ្ញុំ​បាន​សរសេរ​ពី​អារម្មណ៍​ក្មេង​ម្នាក់​ដែល​ខ្វះ​ភាព​កក់​ក្ដៅ សរសេរ​ពី​យប់​មួយ​ដែល​គេ​ត្រូវ​ខ្មោច​សង្កត់។ ខ្ញុំ​បាន​ប្រើ​អារម្មណ៍​​ខ្លួន​ឯង​សរសេរ នៅ​ពាក់​កណ្ដាល​យប់​​ដែល​ខ្ញុំ​យល់​សប្ដិ​អាក្រក់។ អារម្មណ៍​ពេល​នោះ​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ពី​ភាព​ឯកោ​របស់​ក្មេង​កំព្រា ពី​រស​ទឹក​ភ្នែក​ដែល​តែង​តែ​ហូរ​កាត់​ថ្ពាល់​។ អ្នក​ដែល​មិន​ធ្លាប់​ហូរ​ទឹក​ភ្នែក​ចូល​មាត់ ប្រាកដ​ជា​មិន​ដឹង​ថា​​ទឹក​ភ្នែក​មាន​រស​ជាតិយ៉ាង​ណា​ទេ ហើយ​ក៏​ពណ៌នា​អារម្មណ៍​ហូរ​ទឹក​ភ្នែក​​នោះ​មិន​ត្រូវ​ដែរ។ ហេតុ​នេះ​ហើយ ពេល​មាន​អ្នក​សួរ​ខ្ញុំ​ថា ធ្វើ​យ៉ាង​ណា​ទើប​អាច​​ក្លាយ​ជា​អ្នកនិពន្ធ​ ខ្ញុំ​​ក៏​​គិត​ថា គឺ​ជីវិត​ផ្ដល់​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​និពន្ធ។

ជួនកាល​ខ្ញុំ​អាច​និយាយ​ថា ស្នាដៃ​ខ្ញុំ​មិន​មែន​ខ្ញុំ​សរសេរ​ទេ តែ​ជា​អារម្មណ៍​ខ្ញុំ​សរសេរ។ តើ​ខ្ញុំ​ចេះ​អ្វី​​ខ្លះ​ទៅ បាន​ជា​ខ្ញុំ​អាច​សរសេរ​រឿង​ឱ្យ​អ្នក​ដទៃ​អាន​បាន? ជា​សំណួរ​ដែល​ខ្ញុំ​នៅ​តែ​សួរ​ខ្លួន​ឯង ព្រោះ​ខ្ញុំ​ដឹង​ថា នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត ដែល​ពួក​គេ​ចេះ​ដឹង​ជាង​ខ្ញុំ មាន​គំនិត​ល្អ​ជាង​ខ្ញុំ តែ​​បែរ​ជា​ព្រម​​អាន​គំនិត​របស់​ខ្ញុំ​ទៅ​វិញ។ នេះ​អាច​បញ្ជាក់​ពី​ទេពកោសល្យ​ខុស​គ្នា​របស់​មនុស្ស។ ខ្ញុំ​មិន​សូវ​ចេះ​​និយាយ​ទេ តែ​ខ្ញុំ​ចេះ​សរសេរ ហើយ​ការ​សរសេរ​ជា​ការងារ​មួយ​ដែល​ខ្ញុំ​ត្រូវ​បំពេញ​ឱ្យ​ជីវិត​ខ្ញុំ។ ទោះ​យ៉ាងណា​ ចំណេះ​ដឹង​ទូទៅ​ពិត​ជា​សំខាន់​ណាស់។ អារម្មណ៍​របស់​អ្នក​នឹង​រឹត​តែ​មាន​តម្លៃ​បើ​វា​​​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដទៃ។ ចំណេះ​ដឹង​ទូទៅ​នេះ​ក៏​រាប់​បញ្ចូល​ទាំង​រចនា​បថ​នៃ​ការ​សរសេរ ឬ​ក៏​ការ​ប្រើ​ប្រាស់​ភាសា​​​ដែរ ពោល​អ្នក​និពន្ធ​ត្រូវ​យល់​ដឹង​ពី​ភាសា​ជ្រៅ​ជ្រះ មិន​មែន​ចេះ​តែ​សរសេរ​បាយ​បិណ្ឌ​ចូល​បាយ​បាត្រ​នោះ​​ទេ។

បេះដូង​ធំ អារម្មណ៍​ទូលាយ គួរ​តែ​ជា​លក្ខណៈ​របស់​អ្នក​និពន្ធ។ មិន​មែន​ត្រឹម​​តែ​ចេះ​​វិភាគ​បាន​​វែង​ឆ្ងាយ​ មិន​មែន​ត្រឹម​តែ​​ក្ដី​ស្រមៃ​ដែល​គេ​គិត​មិន​ដល់ តែ​អ្នក​ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​សិល្បៈ​ប្រើ​ពាក្យ​ពេចន៍ ឃ្លាឃ្លោង ដឹង​ឆ្គង ដឹង​ខុស។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ស្រាប់​តែ​ចេះ​ប្រើ​ពាក្យ​ពេចន៍​ត្រូវ​តាម​​កាលទេសៈ​ ទាំង​ដែល​មិន​ធ្លាប់​មាន​អ្នកណា​បង្រៀន​ដែរ​ឬ​ទេ? វា​ជា​សមត្ថភាព​​​ពី​កំណើត​មួយ​ដែល​​ឧបនិស្ស័យ​ផ្ដល់​ឱ្យ​អ្នក​​​ងាយ​យល់​ជាង​អ្នក​ដទៃ។ បើ​ចង់​ប្រាប់​ថា ​អ្នក​​កំពុង​តែ​គេង​ក្នុង​ពេទ្យ តើ​អ្នក​នឹង​សរសេរ​យ៉ាង​ម៉េច? ពេល​អាន​រឿង​ខាង​ក្រោម​នេះ សូម​ចាប់​អារម្មណ៍​លើ​ការ​ពណ៌នា​របស់​ខ្ញុំ។  ព្រឹត្តការណ៍​មួយ​ដូច​គ្នា តែ​​មាន​រស​​ខុស​គ្នា​ បើ​សរសេរ​ដោយ​មនុស្ស​ខុស​គ្នា។

បើអ្នក​មាន​និស្ស័យ​នឹង​ការ​តែង​​និពន្ធ អ្នក​ប្រាកដ​ជា​យល់​ពី​អ្វី​ដែល​ខ្ញុំនិយាយ!

ខេមរា

ម៉ោងដប់ពីរអធ្រាត្រ…

ខ្ញុំយល់សប្តិអាក្រក់ៗណាស់។ សុបិន​ទាំងនោះ​សុទ្ធ​តែ​ច្បាស់​ក្រឡែត ប៉ុន្តែ​មិន​ដឹង​និយាយ​ពី​អ្វី​ឱ្យ​ពិត​ប្រាកដ។ វា​គឺ​ជា​សុបិន​ដែល​មាន​វិការដ្ឋាន​ផ្សេងៗ​នៅ​ក្នុង​ពិភព​ស្រមោល​ដ៏​គួរ​ឱ្យ​ខ្លាច។ នៅ​ក្នុង​ព្រៃ​ភ្នំ​ដ៏​ងងឹត ខ្ញុំ​មើល​ឃើញ​តែ​ផ្សែង​ហុយ​ទ្រលោម។ ខ្ញុំ​ខំ​ដើរ​រក​ច្រក​ចេញ​យ៉ាង​លំបាក​លំបិន តែ​នៅ​តែ​មិន​ដឹង​ថា​ត្រូវ​ដើរ​ទៅ​ណា​ឡើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ដៃ​ដ៏​ធំ​មួយ​មក​ចាប់​ទាញ​ដៃ​របស់​ខ្ញុំ​ទៅ។ ខ្ញុំ​ខំ​រើ​បម្រះ​ខ្លួន​ជាមួយ​នឹង​ចង្វាក់​បេះដូង​ដង្ហក់ ប៉ុន្តែ​ខ្លួន​ប្រាណ​ខ្ញុំ​ក្លាយ​ជា​រឹង​កំព្រឹស។ កម្លាំង​ចិត្ត​ខំ​ប្រឹង​ជម្នះ​រើ​ខ្លួន តែ​សូម្បី​តែ​ម្រាម​ដៃ​ក៏​កម្រើក​មិន​កើត…

ខ្ញុំដេកម្នាក់ឯងនៅក្នុងបន្ទប់ងងឹតសូន្យ ហើយ​នឹក​ខ្លាច​ពី​ទី​កន្លែង​នៅ​ក្នុង​សុបិន។ បេះដូង​ខ្ញុំ​នៅតែ​លោត​មិន​ឈប់។ ខ្ញុំ​គិត​ថា​ដៃ​ដែល​លូក​មក​ចាប់​ខ្ញុំ​បំបាញ់​មិញ​នេះ​គឺ​ជា​ដៃ​របស់​ខ្មោច។ ខ្ញុំ​ខំ​កម្លា​ចិត្ត​ខ្លួន​ឯង​ថា វា​គ្រាន់​តែ​ជា​សុបិន​ទេ។ សំងំ​ដេក​ឱ្យ​លក់​ម្តង​ទៀត​ទៅ ភ្ញាក់​ឡើង​វិញ​នឹង​ដល់​ពេល​ភ្លឺ​ហើយ។ ខ្ញុំ​ក៏​បាន​ដេក​លក់​ម្តង​ទៀត ប៉ុន្តែ​រូប​ខ្ញុំ​នៅតែ​កំពុង​ដើរ​ក្នុង​ពិភព​ព្រឺព្រួច​ដដែល។ ម្តង​នេះ​ខ្ញុំ​កំពុង​ដើរ​នៅ​លើ​វាល​ស្រែ​ដ៏​ក្រៀម​ក្រោះ។ ខ្ញុំ​ឮ​សំឡេង​គ្រាប់​មីន​ផ្ទុះ​ស្ទើរ​លោះ​ព្រលឹង រួច​ឃើញ​មនុស្ស​ផ្អើល​ឈូឆរ​ស្រែក​ខ្លាំងៗ​ថា ឪពុក​ខ្ញុំ​ស្លាប់​ហើយ!!! ខ្ញុំ​នឹក​ថា អ្វី​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ​នេះ​គ្រាន់​តែ​ជា​រូប​ភាព​បំភាន់​ភ្នែក​ប៉ុណ្ណោះ។ កុំ​ខ្លាច​ឱ្យ​សោះ។ ឆាប់​ភ្ញាក់​ឱ្យ​លឿន ខ្ញុំ​នឹង​ចេញ​ផុត​ពី​ទី​កន្លែង​នេះ​ហើយ។ តាំង​ចិត្ត​រួច ខ្ញុំ​ក៏​បាន​ចេញ​ផុត​ពី​ភព​សុបិន​នោះ​មែន។

ខ្ញុំ​ក្រោកបើកបង្អួចមើលយល់ផែនដីសែនអាប់អួ។ ទិដ្ឋភាព​នៅ​ជុំ​វិញ​ខ្លួន​ហាក់​ស្រពេច​ស្រពិល​ចម្លែក។ វា​មិន​មែន​ជា​ថ្ងៃ​សូរ្យ​គ្រាស​ទេ តែ​ប្រហែល​ជា​ថ្ងៃ​មួយ​ដែល​មាន​ព្យុះ​អ័ព្ភ​បាំង​ពន្លឺ​ព្រះអាទិត្យ​ជិត។ ខ្ញុំ​ឮ​សំឡេង​លោក​យាយ​ខ្ញុំ កំពុង​និយាយ​គ្នា​ជាមួយ​អ្នក​ជិត​ខាង​ម្នាក់។ រាល់​ថ្ងៃ​លោក​យាយ​ចូល​ចិត្ត​និយាយ​ដើម​ម្តាយ​របស់​ខ្ញុំ​ប្រាប់​គេ​គ្រប់​គ្នា ហាក់​មិន​ចេះ​ធុញ​ទ្រាន់។ គាត់​ស្រែក​ឡូងៗ​ថា ម្តាយ​ខ្ញុំ​ជា​មនុស្ស​ស្រី​អាក្រក់​ណាស់ ទាល់​តែ​ខ្ញុំ​ទ្រាំ​មិន​បាន​ច្រាន​ទ្វារ​បន្ទប់ ដើរ​ទៅ​រក​គាត់។

“គឺម៉ែឯងហ្នឹងហើយ ដែលធ្វើឱ្យឪពុកឯងស្លាប់!” លោក​យាយ​សម្លុត​ខ្ញុំ គ្រាន់​តែ​ឃើញ​មុខ​ខ្ញុំ​ភ្លាម។

“លោកយាយ!” ខ្ញុំ​ខឹង​លោក​យាយ​​ឡើង​ញ័រ​ខ្លួន។ “លោក​យាយ​មាន​ប្រសាសន៍​មិន​ពិត​ទេ! ពុក​ខូច​ព្រោះ​មីន។ ម៉ែ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់! ម៉េច​ក៏​លោក​យាយ​នៅ​តែ​បន្ទោស​គាត់​ទៀត?”

“អញចង់បន្ទោសគឺអញបន្ទោស! ម៉េច? ឯង​​កាន់​ជើង​ម៉ែ​ឯង​យ៉ាង​ហ្នឹង ចង់​ទៅ​នៅ​ជាមួយ​វា​អ្ហេះ? ឯង​ទៅៗ! ចាំ​មើល​វា​ស្រលាញ់​ឯង​ដូច​អញ​ទេ? ម៉្លេះ​សម​វា​យក​ប្តី​ថ្មី​បាត់​ទៅ​ហើយ។ វា​មិន​ស្រណោះ​ចិញ្ចឹម​អា​កូន​ប្រុស​សំណល់​ដូច​ឯង​ទេ។” គាត់​និយាយ​រួច ពេប​មាត់​ដាក់​ខ្ញុំ។

ខ្ញុំរត់ចេញពីផ្ទះវឹង ស្រាប់តែ​មាន​ដៃ​មួយ​ចាប់​ទាញ​ខ្ញុំ​ចូល​ផ្ទះ​វិញ។ ដៃ​នោះ​ធំ​ណាស់ មិន​មែន​ជា​ដៃ​របស់​លោក​យាយ​ទេ តែ​គឺ​ដៃ​ដដែល ដែល​ចាប់​ខ្ញុំ​នៅ​ក្នុង​សុបិន​នោះ​ហើយ។ រូប​កាយ​ខ្ញុំ​ក៏​រឹង​ស្តូក​ម្តង​ទៀត។ ខ្ញុំ​ខំ​រើ​បម្រះ ស្ទើរ​ដាច់​ដង្ហើម ទើប​បាន​ដឹង​ខ្លួន​វិញ។

ចាកផុតពីសុបិនក្នុងសុបិននោះមក ខ្លួន​ប្រាណ​ខ្ញុំ​ព្រឺ​ខ្ញាកៗ​ដូច​កំពុង​តែ​គ្រុន​ក្តៅ។ អារម្មណ៍​ដ៏​ភិត​ភ័យ​ប្រែ​ក្លាយ​ទៅ​ជា​អារម្មណ៍​ដ៏​សង្វេគ។ ទឹក​ភ្នែក​ខ្ញុំ​ចាប់​ផ្តើម​ហូរ​កាត់​ថ្ពាល់ ចូល​រន្ធ​ត្រចៀក​និង​មាត់។ ទឹក​ភ្នែក​មាន​រស​ប្រៃ​លាយ​ល្វីង។ ខ្ញុំ​ចាប់​ផ្តើម​ស្គាល់​រស​ទឹក​ភ្នែក​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឪពុក​ខ្ញុំ​ស្លាប់ ហើយ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​រាល់​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​ឃ្លាត​ពី​ម្តាយ​ខ្ញុំ។ ខ្ញុំ​បែក​ពី​ម្តាយ​ខ្ញុំ​មួយ​ឆ្នាំ​ហើយ។ កាល​នៅ​ក្បែរ​គាត់​ខ្ញុំ​មិន​សូវ​ខ្លាច​សុបិន​អាក្រក់​ទេ ព្រោះ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឱ្យ​ខ្ញុំ​ដេក​ឱប​គាត់​ឱ្យ​ជាប់ បើ​ទោះ​ជា​សុបិន​អាក្រក់​យ៉ាង​ណា ក៏​ខ្ញុំ​មាន​គាត់​នៅ​ក្បែរ​ដែរ។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ខ្លាច​ពេល​យប់​ណាស់ ព្រោះ​ពេល​ខ្ញុំ​ដេក​លក់​យល់​សប្តិ​អាក្រក់ ខ្ញុំ​គ្មាន​គាត់​នៅ​ក្បែរ​ខ្ញុំ​ឡើយ។

“អ្នកម៉ែអើយ! តើម៉ែនៅឯណា? ម៉ែមាននឹកកូនទេ?”

ពេលល្ងាចស្នូរជួងនៅសាលាបឋមសិក្សារបស់ខ្ញុំលាន់​ឮ​ឡើង។ សិស្ស​ទាំង​ឡាយ​រត់​ចេញ​ពី​ថ្នាក់​រៀន​ដូច​កូន​ចាប​ហើរ​ចេញ​ពី​សំបុក។ ខ្ញុំ​ឈរ​គោរព​ទង់​ជាតិ និង​ច្រៀង​បទ​នគរ​រាជ​លាន់​រងំ​ពេញ​សាលា។ នេះ​គឺ​ជា​បទ​ចម្រៀង​ជាតិ​របស់​មាតុភូមិ​ខ្ញុំ។ ខ្ញុំ​ចូល​ចិត្ត​ច្រៀង​ចម្រៀង​នេះ​ណាស់ ព្រោះ​ជា​ចម្រៀង​ដែល​ម្តាយ​ខ្ញុំ​បង្រៀន​ខ្ញុំ​ឱ្យ​ចេះ​ច្រៀង។ ម្តាយ​ខ្ញុំ​តែង​ប្រាប់​ឱ្យ​ខ្ញុំ​ខំ​រៀន ថ្ងៃ​ក្រោយ​អាច​បម្រើ​ប្រទេស​ជាតិ និង​អភិវឌ្ឈ​ខេត្ត​ឧត្តរមានជ័យ​ឱ្យ​សម្បូរ​សប្បាយ។ កាល​ពី​មុន ខ្ញុំ​រស់​នៅ​ជា​មួយ​ពុក​ម៉ែ​នៅ​ស្រុក​បន្ទាយ​អំពិល។ ​ថ្ងៃ​មួយ​ពុក​ទៅ​ស្រែ​​ក៏​​ដើរ​​ជាន់​​គ្រោះ​​មីន​​ផ្ទុះ​​ស្លាប់​​ចោល​​ពួក​​ខ្ញុំ។ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​នូវ​ទិដ្ឋភាព​ដែល​ម៉ែ​រន្ធត់​ចិត្ត​រហូត​សន្លប់​បាត់​ស្មារតី តែ​លោក​យាយ​​មិន​អាណិត​គាត់​សោះ បែរ​ជា​ចេះ​តែ​និយាយ​ថា ម្តាយ​ខ្ញុំ​ប្រើ​ពុក​ទាល់​តែ​ស្លាប់។ ហេតុនេះ​ហើយ​ទើប​លោក​យាយ​នាំ​ខ្ញុំ​មក​នៅ​ស្រុក​សំរោង​ជាមួយ​គាត់ ដោយ​ហាម​ផ្តាច់​មិន​ឱ្យ​ម៉ែ​​មក​លេង​ខ្ញុំ​ឡើយ។

ខ្ញុំដើរយឺតៗមកដល់ខ្លោងទ្វារសាលា ស្រាប់តែ​មាន​សំឡេង​មួយ​ស្រែក​ហៅ​ខ្ញុំ “ខេមរា! កូនម្តាយ” វា​គឺ​ជា​សំឡេង​ដ៏​ស្រួយ​ស្រែស​របស់​ម្តាយ​កម្សត់​ខ្ញុំ។ គាត់​ញញឹម​ទាំង​ទឹក​ភ្នែក ហើយ​រត់​មក​ឱប​ខ្ញុំ “កូន​ប្រុស​ម្តាយ! ម្តាយ​នឹក​កូន​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ!”

ទឹកភ្នែកម្តាយខ្ញុំស្រក់លើអាវពណ៌សរបស់ខ្ញុំ។ ខ្ញុំ​មិន​ទាន់​និយាយ​អ្វី​ទៅ​គាត់​ទេ។ ខ្ញុំ​ឱប​គាត់​យ៉ាង​ណែន ដើម្បី​ឱ្យ​ដឹង​ថា វា​ជា​ការ​ពិត​ឬ​សុបិន ហើយ​ខ្ញុំ​យំ​សសឹក​ដើម្បី​ប្រាប់​គាត់​ថា ខ្ញុំ​ត្រេកអរ​រហូត​និយាយ​មិន​ចេញ។

“ម៉ែ! ម៉ែអើយ!” ខ្ញុំចាប់ផ្តើមហៅគាត់។

ម្តាយកូនយើងនៅតែឱបគ្នាមិនឆ្អែត។ រំពេច​នោះ​ខ្ញុំ​ឃើញ​បុរស​ម្នាក់​វ័យ​ស្របាល​នឹង​ឪពុក​ខ្ញុំ ដើរ​មក​រក​ពួក​ខ្ញុំ ព្រម​ទាំង​ញញឹម​ដាក់​ខ្ញុំ “ក្មួយ​ឈ្មោះ​ខេមរា​មែន​ទេ?” សំឡេង​បុរស​នោះ។

ឮសំឡេងគាត់ ម្តាយខ្ញុំលែងឱបខ្ញុំ។ គាត់​ក្រោក​ឈរ​ជូត​ទឹក​ភ្នែក​ចេញ រួច​ញញឹម​ទៅ​រក​បុរស​ចម្លែក និង​ណែនាំ​ខ្ញុំ​ឱ្យ​គាត់​នោះ​ស្គាល់ “នេះ​ហើយ​គឺ​ជា​កូន​ប្រុស​របស់​ខ្ញុំ​ណា៎​បង!”

ខ្ញុំស្តាប់ឮម្តាយខ្ញុំប្រើពាក្យដែលគាត់ធ្លាប់តែហៅឪពុកខ្ញុំ ទៅ​ហៅ​បុរស​ម្នាក់​នោះ អារម្មណ៍​ខ្ញុំ​ក៏​ប្រែ​ជា​ភាន់​ភាំង។ ខ្ញុំ​សម្លឹង​មើល​ស្នាម​ញញឹម​ដ៏​មាន​សុភមង្គល​របស់​ម្តាយ​ខ្ញុំ រួច​ខ្ញុំ​សម្លឹង​មុខ​បុរស​ចម្លែក​នោះ។

“ខេមរាកូន! ឆាប់ជម្រាបសួរលោកពូទៅកូន!” បញ្ជា​របស់​ម្តាយ​ខ្ញុំ។

ខ្ញុំមិនធ្វើតាមអ្វីដែលម្តាយខ្ញុំប្រាប់ទេ។ ខ្ញុំ​រត់​វឹង​ចេញ​ពី​ពួក​គាត់ ឆ្លង​កាត់​ថ្នល់…

បាតដៃរបស់ខ្ញុំកំពុងមានដៃដ៏ទន់មួយគូក្រសោបជាប់ ហើយ​​ដូច​​ជា​​មាន​​ទឹក​​ភ្លៀង​​ពីរ​​បី​​តំណក់​​ស្រក់​​លើ​​ផង។ ខ្ញុំ​​បើក​​ភ្នែក រួច​​ឮ​​សំឡេង​​ម្តាយ​​ខ្ញុំ “ខេមរា! កូន​​ម្តាយ​​ដឹង​​ខ្លួន​​វិញ​​ហើយ!” ខ្ញុំ​ក៏​ដឹង​ថា​ដៃ​ដ៏​ទន់​ទាំង​គូ​នោះ​គឺ​ជា​ដៃ​របស់​ម្តាយ​ខ្ញុំ រី​ឯ​ទឹក​ភ្លៀង​ពីរ​បី​តំណក់​នោះ​គឺ​ជា​ទឹក​ភ្នែក​របស់​គាត់។ រូប​ភាព​ទាំង​ឡាយ​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ប្តូរ​ផ្លាស់​ពី​ព្រឹល​ស្រអាប់ ក្លាយ​ទៅ​ជា​ភ្លឺ​ច្បាស់​វិញ។ ខ្ញុំ​កំពុង​តែ​ដេក​នៅ​លើ​គ្រែ​ពណ៌​ស នៅ​ក្នុង​បន្ទប់​មួយ​ដែល​ជញ្ជាំង​ក៏​លាប​ថ្នាំ​ពណ៌​ស​ដែរ។ ក្រៅ​ពី​ម្តាយ​ខ្ញុំ​ដែល​អង្គុយ​ជិត​ខ្ញុំ​ជាង​គេ ខ្ញុំ​ឃើញ​លោក​យាយ​ខ្ញុំ និង​លោក​ពូ​ម្នាក់​នោះ​ទៀត។

“កូនប្រុសម្តាយ!” សំឡេង​ម្តាយ​ខ្ញុំ​ស្រដី​ទាំង​ទឹក​ភ្នែក​ហូរ​រហាម។ “កូន​យល់​ច្រឡំ​នឹង​ម្តាយ​ហើយ។ អ្វីៗ​មិន​ដូច​កូន​គិត​ទេ។ លោក​ពូ​សុវណ្ណ​គឺ​ជា​មិត្ត​ដ៏​ល្អ​របស់​ឪពុក​កូន។ គាត់​បាន​ជូន​ម្តាយ​មក​រក​កូន ព្រោះ​គាត់​ចង់​ស្គាល់​រូប​កូន ដែល​ជា​និម្មិត​រូប​នៃ​មិត្ត​សម្លាញ់​របស់​គាត់។ សូម​កូន​កុំ​ខឹង​នឹង​ម្តាយ​ណា​កូន!”

“ពូគឺជាមិត្តភក្តិរបស់ឪពុកក្មួយ និងជាមិត្តភក្តិរបស់ម្តាយក្មួយដែរ។” លោកពូ​សុវណ្ណ​និយាយ​ដោយ​ពាក្យ​ទន់​ភ្លន់​ដាក់​ខ្ញុំ។ គាត់​ញញឹម​សម្លឹង​ភ្នែក​របស់​ខ្ញុំ ទើប​បន្ត​ទៀត “ពូ​បែក​ពី​ឪពុក​ក្មួយ​យូរ​ហើយ។ ពូ​សោក​ស្តាយ​ណាស់ ដែល​គ្មាន​ឱកាស​បាន​ឃើញ​គាត់​ម្តង​ទៀត។ ក្មួយ​ប្រុស​គឺ​ជា​រូប​គាត់…” គាត់​ហាក់​ដូច​ជា​ក្តុក​ក្តួល “ឥឡូវ​ពូ​ធ្វើ​ការ​នៅ​អង្គការ​កំចាត់មីន។ ពូ​សន្យា​នឹង​ក្មួយ​ថា ពូ​នឹង​កំចាត់​មីន​ឱ្យ​អស់​ពី​លើ​ដី​ខ្មែរ មិន​ឱ្យ​មាន​ឪពុក​ណា​ស្លាប់​ចោល​កូន ដោយ​សារ​គ្រាប់​មីន​ទៀត​ឡើយ។”

លោកពូសុវណ្ណបន្លឺប្រាប់ខ្ញុំរួច ក៏​ងាក​ទៅ​រក​លោក​យាយ​ខ្ញុំ “អ៊ំ​ស្រី! សូម​អ៊ំ​ស្រី​ឈប់​គិត​ថា ម្តាយ​ខេមរា​ជា​អ្នក​ធ្វើ​ឱ្យ​ប្តី​ស្លាប់​ទៀត​ទៅ! ឃាតករ​ពិត​ប្រាកដ​គឺ​មីន… មីន​ដែល​សេស​សល់​ពី​សង្គ្រាម​រ៉ាំ​រ៉ៃ។ ស្រុក​ទេស​យើង​សុខសាន្ត​ត្រាណ​ហើយ អ៊ំ​ស្រី​ម៉េច​ក៏​ដាច់​ចិត្ត​ឱ្យ​ម្តាយ​កូន​ពីរ​នាក់​រស់​នៅ​បែក​គ្នា​ទៀត? ការ​ដែល​អ៊ំ​ស្រី​ទុក​នូវ​កំហឹង​ចំពោះ​ការ​ឃ្លាត​ទៅ​នៃ​ឪពុក​របស់​ខេមរា​នេះ គឺ​ប្រៀប​ដូច​ជា​ការ​​ថែ​រក្សា​ទុក​នូវ​គ្រាប់​មីន​ចំពោះ​ការ​ឃ្លាត​ទៅ​នៃ​សង្គ្រាម​ដូច្នេះ​ដែរ។”

លោកយាយយកដៃផ្តិតទឹកភ្នែករបស់គាត់ ទើប​ពោល​ថា “ពេល​ដឹង​ថា​ខេមរា​ត្រូវ​ម៉ូតូ​បុក ខ្ញុំ​ភ័យ​ស្ទើរ​តែ​ស្លាប់​បាត់​ទៅ​ហើយ។ ពេល​នេះ​ចៅ​ខ្ញុំ​ផុត​គ្រោះ​ថ្នាក់ ខ្ញុំ​ក៏​លែង​ចង់​បាន​អ្វី​ទៀត​ដែរ។ តើ​ខ្ញុំ​នៅ​មាន​ហេតុផល​អ្វី​បំបែក​ម្តាយ​កូន​គេ​ទៀត?” រួច​លោក​យាយ​ចាប់​ដៃ​ម្តាយ​ខ្ញុំ “កូន​ស្រី! ថ្ងៃ​នេះ​ម៉ែ​បាន​សម្លឹង​ទឹក​មុខ​កូន​ច្បាស់ ទើប​ម៉ែ​បាន​យល់​ពី​ទឹក​ចិត្ត​កូន។ ឱ្យ​ម៉ែ​សុំ​​ទោស​ផង​កូន! ឪពុក​ខេមរា​គឺ​ជា​គ្រាប់​ពេជ្រ​​តែ​មួយ​របស់​ម៉ែ ទើប​ម៉ែ​ខឹង​កូន ហើយ​យក​រូប​កូន​ធ្វើ​ជា​អ្នក​ទោស​ជំនួស​មីន​ដែល​គ្មាន​វិញ្ញាណ។ លោក​ក្មួយ​មាន​ប្រសាសន៍​ត្រូវ​ណាស់! កំហុស​ឆ្គង​របស់​ម៉ែ​នេះ គឺ​ដូច​ចង់​​បន្សល់​ទុក​គ្រាប់​មីន ក្រោយ​ពេល​សង្គ្រាម​បញ្ចប់​​អ៊ីចឹង។ ឥឡូវ​ស្រុក​ខ្មែរ​លែង​មាន​សង្គ្រាម​ហើយ ប្រជាជន​ខ្មែរ​ក៏​មាន​តែ​ដួង​ចិត្ត​សន្តិភាព។ ម៉ែ​​សង្ឃឹម​​ថា​​កូន​​ស្រី​​នឹង​​លើក​លែង​​ទោស​​ឱ្យ​​ម៉ែ។ ប៉ុន្តែ​​ម៉ែ​​មាន​​សំណូម​ពរ​​មួយ​​ទៀត… សូម​​កូន​កុំ​យក​ខេមរា​ទៅ​ចោល​ម៉ែ​អី! ម៉ែ​ប្រាថ្នា​ចង់​រស់​ក្បែរ​កូន​ចៅ មុន​ពេល​ដែល​ម៉ែ​ស្លាប់​ទៅ។ សូម​កូន​មក​រស់​នៅ​ជាមួយ​នឹង​ម៉ែ​មក៍!”

“ម៉ែ!” ម្តាយខ្ញុំក្រសោបម្រាមដៃលោកយាយ ដាក់​លើ​ប្រអប់​ទ្រូង​របស់​គាត់ “កូន​សូម​អរគុណ​ម៉ែ​ណាស់!” រួច​គាត់​យក​ដៃ​អង្អែល​ក្បាល​ខ្ញុំ ដែល​កំពុង​ដេក​សម្លឹង​មើល​ពួក​គាត់​ភ្លឹះៗ “ខេមរា​កូន! ម្តាយ​បាន​រស់​ក្បែរ​កូន​រហូត​ហើយ!”

គ្រានោះអារម្មណ៍ខ្ញុំរំភើបពន់ប្រមាណ។

កក្កដា ២០០៧

ខែសីហា 19, 2010 at 11:22 ល្ងាច មតិ 12

យល់សប្តិក៏មានទោសដែរ!

អក្សរសិល្ប៍​មិន​មែន​សុទ្ធ​តែ​រឿង​រ៉ាវ​​ស្នេហា​នោះ​ឡើយ… រឿងខ្លីនេះមិននិយាយពីស្នេហា តែអ្នកអាចនឹងចូលចិត្តអាន!

សូមឧទ្ទិសស្នាដៃនេះជូនមនុស្សនិងខ្មោចអយុត្តិធម៌ទាំងអស់ ជាពិសេសដល់អ្នកដែលបានតែគិតមិនបានធ្វើ!

យល់សប្តិក៏មានទោសដែរ!


ថ្ងៃនេះគឺជាថ្ងៃសៅរ៍ ថ្ងៃមួម៉ៅ ថ្ងៃក្តៅក្រហាយ… ពាក្យ​សម្តី​លោក​ប្រធាន​ចង្រៃ​របស់​ខ្ញុំ​នៅ​តែ​ឮ​ជាប់​ក្រដាស​ត្រចៀក។ អា​តា​កញ្ចាស់​ហ្នឹង​ស្តី​ឱ្យ​ខ្ញុំ​ថា “ម៉េច​ក៏​ម្សិល​មិញ​អត់​មក​ធ្វើ​ការ?”

“បាទ! ខ្ញុំមិនស្រួលខ្លួន ហើយ​ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​មក​សុំ​ច្បាប់​ដែរ​តើ ទាន!” ខ្ញុំ​ឆ្លើយ​តប​យ៉ាង​សុភាព ខុស​ពី​ចិត្ត​ដែល​ចង់​តែ​ស្រែក​ចំទាល​ថា ម៉េច​ក៏​លោក​ឯង​អត់​ដឹង​ខ្យល់​អី​សោះ​អ៊ីចឹង?

“រួចម៉េចក៏ថ្ងៃនេះមកធ្វើការបាន?”

ខ្ញុំលួចសម្លក់គាត់បន្តិច ទើប​ឱន​មុខ​ឆ្លើយ​យ៉ាង​សុភាព​ទៀត “ថ្ងៃ​នេះ​ស្រួល​ខ្លួន​បន្តិច​វិញ​ហើយ!”

“ឈឺអីក៏ឆាប់ជាម៉្លេះអ្ហា៎?”

យី! ឆាប់ជាក៏មិនបានដែរអាតានេះ! តែ​ខ្ញុំ​នៅ​តែ​ឆ្លើយ​ឱ្យ​សុភាព “ឈឺ​ក្បាល​ទាន!”

“គ្រាន់តែឈឺក្បាលក៏មកធ្វើការមិនបានដែរ! ឯង​ជា​ប្រុស​ឬ​មិន​មែន?”

ខ្ញុំនៅតែឱនក្បាលគោរពគាត់អត់មាត់ក រង់​ចាំ​ឱ្យ​ប្រធាន​ឆ្កួត​ស្តី​ឱ្យ​ទៀត​ថា “ការងារ​ឱ្យ​គរ​ដូច​ភ្នំ បែរ​ជា​ទៅ​ឈឺ​អត់​មក​ធ្វើ​ការ! ខ្ញុំ​​មិន​មែន​ល្ងង់ មិន​ដឹង…”

ដល់ត្រឹមនេះទូរស័ព្ទដៃគាត់លាន់ចម្រៀងឡើង។ តា​ព្រើល​​ប្តូរ​ទឹក​មុខ យក​ទូរស័ព្ទ​ដែល​ញ័រ​ទទ្រើក​ពី​លើ​តុ​មក​ចុច​ទទួល “អាឡូ! ព្រលឹង​បង!…” រួច​ធ្វើ​មុខ​ស្ញេញ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ញ៉ូ។ ប៉ុន្តែ​គាត់​ក៏​ចុច​ត្រឡប់​ទៅ​វិញ ដោយ​និយាយ​ផ្អែម​រលួយ​ជាមួយ​ស្រី​កំណាន់​អាយុ​ស្មើ​កូន​ស្រី​ពៅ អស់​ប្រាំ​មួយ​ប្រាំ​ពីរ​នាទី​ទើប​បញ្ចប់​ថា “ប៉ុណ្ណឹង​ហើយ​ណា៎! បង​រវល់​ប្រជុំ​បន្តិច…! ចាំ​ចេញ​ពី​ធ្វើការ​បង​ទៅ​ជួប​អូន!”

តាអើយតា! សុខចិត្ត​ឱ្យ​ខ្ញុំ​ឈរ​ស្តាប់​ពាក្យ​​ញ៉ែ​តាប៉ែ​របស់​ខ្លួន ជាមួយ​ស្រី​លលាម​ណា​ធ្វើ​ព្រងើយ។ ឆ្ងល់​ដែរ! ក្មេង​ស្រី​អស់​ហ្នឹង វា​ជ្រើម​នោះ​ជ្រើម! អាង​តែ​បោក​លុយ​តា​ហ្នឹង​ស្រួល វា​គ្មាន​គិត​កិត្តិយស​ស្រី​អី​ទេ។ សូម្បី​តែ​ខ្ញុំ​កំលោះ​សង្ហា​នេះ ក៏​វា​មើល​មិន​ឃើញ​ដែរ។

“និយាយដល់ណាមិញ?” តាកញ្ចាស់សួរខ្ញុំ… អូ! គាត់​ឈ្មោះ នរាយ! និយាយ​ដើម​យូរ​ហើយ ភ្លេច​ប្រាប់​ឈ្មោះ។

“បាទ! ដល់ចាំចេញពីធ្វើការលោកចេញទៅទទួលនាង។”

“ចង់និយាយរឿងរបស់ឯង!” គាត់សម្លុតខ្ញុំ។

“បាទ! ដល់លោកថា ខ្លួនលោកមិនមែនល្ងង់ទេ…”

“អើ!” តានរាយកាត់សម្តីខ្ញុំវ៉ាប់ “ធ្វើការ​ដូច​ឯង​រាល់​ថ្ងៃ​នេះ និយាយ​ឱ្យ​ខ្លី​ទៅ គឺ​រក​អនាគត​មិន​ឃើញ​ទេ! បើ​ឯង​ពូកែ​ឈឺ​ទៀត ប្រយ័ត្ន​អត់​ការងារ​ធ្វើ។ ឥឡូវ​ឆាប់​ទៅ​ធ្វើការ​នៅ​លើ​តុ​របស់​ឯង​ឱ្យ​អស់! លោក​ប្រធាន​ធំ​ដាក់​កំហិត​មក​ខ្លាំង​ណាស់! អាទិត្យ​ក្រោយ​ត្រូវ​មាន​ប្រជុំ​ធំ​ជាមួយ​ក្រុមហ៊ុន​មក​ពី​បរទេស។ ការងារ​ធ្វើ​មិន​រួច​មិន​បាន​ដាច់​ខាត!”

ទូរស័ព្ទរោទ៍ស៊ីញ៉ូម្តងទៀត ទើប​គាត់​ធ្វើ​សញ្ញា​ឱ្យ​ខ្ញុំ​ចេញ​ទៅ​ក្រៅ។ ពាក្យ​សម្តី​តាឡប់​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ក្តៅ​មុខ​ភាយៗ ចង់​ស្ទុះ​ទៅ​ចាប់​ច្របាច់​ក​ឱ្យ​លៀន​អណ្តាត​ស្លាប់។ ឃើញ​ខ្ញុំ​មិន​មាត់ៗ​មើល​ងាយ​នោះ​មើល​ងាយ! ឈឺ​សុំ​ច្បាប់​ក៏​មិន​បាន! សាក​គាត់​ឈឺ​វិញ​មើ បើ​មិន​សុំ​ច្បាប់​ទៅ​ដេក​ជាមួយ​ស្រី​ស្នេហ៍​មួយ​អាទិត្យ ខ្ញុំ​ឱ្យ​ធាក់! រួច​ឈឺ​អាណា​រើស​ពេល​ទំនេរ​ឈឺ​បាន? និយាយ​ចេញ​មក​បាន​តែ​ចាប់​កាត់​អណ្តាត​ឱ្យ​និយាយ​មិន​ឮ​ទេ។ មើល​ទៅ​ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ! អត់​ការងារ​ធ្វើ​ក៏​អត់​ទៅ មិន​នៅ​ទ្រ​ពង​អាតា​ហ្នឹង​ទៀត​ទេ។ គំរាម​បញ្ឈប់​ការងារ​ខ្ញុំ​ផង! បើ​មិន​មែន​ខ្ញុំ តើ​អ្នកណា​ធ្វើ​ការងារ​នេះ​បាន? ប្រធាន​ខ្មោច​កាច់​ស្អី មួយ​ថ្ងៃៗ​មក​តែ​អង្គុយ​ញ៉ែ​ស្រី​តាម​ទូរស័ព្ទ រួច​រុញ​ការងារ​ឱ្យ​ខ្ញុំ​ធ្វើ ដូច​ខ្ញុំ​មិន​មែន​មនុស្ស។ ក្តៅ​ណាស់! មក​ពី​ក្រ ហើយ​មិន​ស្គាល់​កន្លែង​ធ្វើការ​ណា​ផ្សេង បាន​ជា​ទ្រាំ​នៅ​ឱ្យ​គេ​គាប​សង្កត់​ផ្លូវ​ចិត្ត​ផ្លូវ​កាយ​បែប​នេះ!

ហ៊ឹះ! ទោះ​យ៉ាងណាក៏ទ្រាំទៀតមិនកើតដែរ! មិន​មែន​ជា​រុក្ខជាតិ​ឬ​សត្វ ឱ្យ​គេ​ធ្វើ​អ្វី​លើ​ខ្លួន​តាម​ចិត្ត​ឯណា! ការ​ងារ​ស្អី! មិន​ខ្ចី​ធ្វើ​ទេ! ក្តៅ​បំផុត គឺ​ពាក្យ​អាតា​នរាយ​ថា ខ្ញុំ​រក​អនាគត​មិន​ឃើញ! អនាគត​ស្អី​វា? អនាគត​ងាប់​ដូច​តែ​គ្នា​​ទេ! មើល​តែ​ខ្លួន​ជា​គ្រូ​ទាយ​ល្បី​ល្បាញ​អេះ បាន​ជា​មក​ដើរ​កំណត់​អនាគត​របស់​គេ? ទ្រាំ​លែង​បាន​ហើយ! អ្នក​ដែល​គ្មាន​អនាគត​គឺ​តា​ឯង​វិញ​ទេ!

ខ្ញុំដើរចេញពីក្រុមហ៊ុន ទុកការងារឱ្យខ្មោចធ្វើជំនួសទៅ! ទៅ​ផ្ទះ​ដេក​ខឹង​អាតា​នរាយ ប្រធាន​លេលា​ហ្នឹង​វិញ។ ជីវិត​ខ្ញុំ​អើយ! អី​ក៏​អភ័ព្វ​ម៉្លេះ? តើ​ឱ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច? ខ្ញុំ​មិន​បន្ទោស​ខ្លួន​ឯង​ទេ គឺ​បន្ទោស​ប្រធាន​ឃោរឃៅ​របស់​ខ្ញុំ។ នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ចុះ​ពី​តា​នរាយ​គឺ​ខ្ញុំ។ អាតា​ហ្នឹង​គ្មាន​ចេះ​ស្អី​ទេ ធ្វើការ​ចេះ​តែ​ធ្វើ​បាប​ខ្ញុំ រួច​ដណ្តើម​គុណ​សម្បត្តិ​ខ្ញុំ… ចេះ​ដែរ តែ​ចេះ​ខាង​អាក្រក់! បើ​ខ្ញុំ​ក្លាយ​ទៅ​ជា​ប្រធាន​វិញ ម៉្លេះ​សម​ក្រុមហ៊ុន​រីក​ចម្រើន​ជាង​នេះ​ដប់​ដង។ ប៉ុន្តែ​ប្រធាន​ធំ​ខ្ញុំ​ល្ងង់​ដូច​គោ គ្មាន​ដឹង​អ្នកណា​ចេះ អ្នកណា​ល្ងង់​ទេ! សម​មុខ​ហើយ ដែល​ត្រូវ​តា​នរាយ​កិប​ប្រាក់​ក្រុមហ៊ុន​មក​រហូត​នោះ! អើយ! តែ​ដល់​គេ​ល្ងង់​មើល​មិន​ដឹង​ថា​ខ្ញុំ​ពូកែ គេ​ទុក​ឱ្យ​តា​នរាយ​ធ្វើ​បាប​ខ្ញុំ ឥឡូវ​ខ្ញុំ​ទ្រាំ​លែង​បាន អ្នក​អត់​ការងារ​ធ្វើ​នៅតែ​ខ្ញុំ! …មនុស្ស​អាក្រក់​ជាង​គេ​គឺ​តា​នរាយ! បើ​គាត់​អត់​អនាគត ខ្ញុំ​នឹង​មាន​អនាគត។ មែន! ចិត្ត​មិន​ដាច់​ធ្វើ​ស្តេច​មិន​កើត​ទេ! សម្លាប់! ត្រូវតែ​សម្លាប់​តា​នរាយ​ចោល…!

តើសម្លាប់យ៉ាងម៉េច? ងាយទេ! តា​កញ្ចាស់​ហ្នឹង​ល្មោភ​ស្រី​ណាស់! ខ្ញុំ​នឹង​ដើរ​រក​ស្រី​ក្មេង​ស្អាត​ តែ​ផ្ទុក​មេរោគ​អេដស៍ ឱ្យ​មក​ទាក់​ទង​គាត់ រួច​ចម្លង​មេរោគ​អេដស៍​ឱ្យ​គាត់។ ហាស! ហាស! ពេល​នោះ​មិន​យូរ​មិន​ឆាប់​តានរាយ​នឹង​ឈឺ​ស្លាប់ ឯ​ឃាតករ​គឺ​អេដស៍ គ្មាន​អ្នក​ណា​ដឹង​ថា ខ្ញុំ​ជា​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​ទេ! ហាស ហា!

ទេ! អត់បានទេ! ជំងឺអេដស៍ក្រស្លាប់ណាស់ ហើយ​​តា​នរាយ​មាន​លុយ​ច្រើន ប្រាកដ​ជា​ទិញ​ថ្នាំ​ពន្យា​ជីវិត ឬ​ទៅ​ដូរ​ឈាម ឬ​ក៏​ហាត់​ប្រាណ​ឱ្យ​មាន​សុខភាព​ល្អ គាត់​ប្រាកដ​ជា​រស់​បាន​យូរ​ទៀត។ ចំណែក​ខ្ញុំ​ប្រាកដ​ជា​នៅ​តែ​រស់​រីង​រៃ ក្រោម​អំណាច​ផ្តាច់​ការ​របស់​គាត់​បន្ត​ដដែល! អូយ! តា​ចាស់​ហ្នឹង​ត្រូវតែ​ឆាប់​ស្លាប់​ដាច់​ខាត! ដើម្បី​គេ​ដំឡើង​ឋានៈ​ខ្ញុំ​ជំនួស​គាត់ និង​ដើម្បី​អនាគត​ឆាប់ៗ​របស់​ខ្ញុំ។ គិត​ម៉េច​អ៊ីចេះ? ជួល​ឃាតករ​ខ្លាច​បែក​ការណ៍! ដាក់​ថ្នាំ​បំពុល​ក្នុង​កាហ្វេ​របស់​គាត់​ល្អ​ទេ? ទេ! ថោក​ទាប​ណាស់! នៅ​អាច​ទម្លាក់​កំហុស​ដល់​អ្នក​ឆុង​កាហ្វេ​ស្លូត​ត្រង់ អត់​ដឹង​រឿង​ទៀត!

…នឹកឃើញហើយ! តែកុំមាត់ឱ្យអ្នកណាដឹង! ខ្លាចបែកការណ៍!

ចាំអានរឿងបន្តនៅប្រកាសដដែលនេះណា៎! …ជួយរកមធ្យាបាយណាល្អ ដើម្បីសម្លាប់តានរាយផង ហេហេ!

ផែនការណ៍សម្លាប់របស់ខ្ញុំក៏លេចរូបរាងឡើង… ព្រឹក​ថ្ងៃ​អាទិត្យ តា​នរាយ​នៅ​ផ្ទះ​វីឡា​មួយ​ឯ​ជាយ​ក្រុង​តែ​ម្នាក់​ឯង ដើម្បី​រង់ចាំ​ស្រី​ស្នេហ៍​ឈ្មោះ ឆវី​មក​ជួប។ ខ្ញុំ​ទូរស័ព្ទ​ទៅ​ឆវី “អាឡូឆវី! ព្រឹក​នេះ​លោក​ប្រធាន​ខ្ញុំ​ឱ្យ​ឆវី ទៅ​រង់ចាំ​គាត់​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ ដើម្បី​ប្តូរ​បរិយាស។ ឆវី​មិន​បាច់​ទៅ​ផ្ទះ​គាត់​ឯ​ជាយ​ក្រុង​នោះ​ទេ!”

“យី! តានេះនឹកឃើញប្លែកៗ!” ឆវី​និយាយ​សើច​រលាក់​ខឹកៗ។

“អ៊ីចឹងបានហើយណា៎!”

“ចាសអរគុណច្រើនបងស្នាយ! ចាំ​ថ្ងៃ​ណា​មួយ​ណាត់​បង​ឯង​សង​គុណ​ម្តង! Bye!”

ខ្ញុំញញឹមជាមួយកែវភ្នែកដ៏ពិសពុល រួច​ខ្ញុំ​ញ័រ​ពោះ​ផើតៗ ខ្លាច​ឆវី​ ទូរស័ព្ទ​ទៅ​សួរ​តានរាយ នោះ​ផែន​ការណ៍​ដ៏​អាថ៌កំបាំង​របស់​ខ្ញុំ​នឹង​បរាជ័យ។ ខ្ញុំ​ក៏​ចាប់​ផ្តើម​អនុវត្ត​ផែន​ការណ៍​របស់​ខ្ញុំ​មិន​បង្អង់។ ព្រះអាទិត្យ​រះ​ចាំង​មក​លើ​ក្បាល​ខ្ញុំ ដូច​អំពូល​ភ្លើង​នៅ​លើ​ក្បាល​ដំណេក​ចាំង​មក​លើ​ក្បាល​ខ្ញុំ​ដែរ។ ខ្ញុំ​ហៅ​ម៉ូតូ​ឌុប​ជិះ​ទៅ​ផ្ទះ​វីឡា​តានរាយ។ ខ្ញុំ​ឈប់​នៅ​ឆ្ងាយ​ពី​ផ្ទះ​នោះ រួច​ដើរ​ទៅ​ដោយ​ខ្លួន​ឯង កុំ​ឱ្យ​អ្នក​ម៉ូតូ​ឌុប​ឃើញ​ខ្ញុំ​ចូល​ផ្ទះ​នោះ។ ខ្ញុំ​ចុច​កណ្តឹង​ទ្វារ​ក្រឺងៗ… ទ្វារ​របើក​លេច​រូប​តា​កញ្ចាស់​នរាយ​និយាយ​ទាំង​ភ្ញាក់​ផ្អើល “គឺឯងទេ?”

ខ្ញុំធ្វើពុតជានិយាយ “បាទលោកប្រធាន! ខ្ញុំ​បាទ​មាន​ការងារ​សំខាន់ ត្រូវ​​ពិភាក្សា​​ជាមួយ​​លោក​បន្តិច!”

“ការងារអីនៅថ្ងៃអាទិត្យហ្នឹង?”

គាត់ធ្វើឫកដាក់ខ្ញុំឈ្លើយណាស់ ដូច​សព្វ​ដង​អ៊ីចឹង។ ប៉ុន្តែ​មិន​អី​ទេ! បន្តិច​ទៀត​លែង​បាន​ឈ្លើយ​ហើយ។ ខ្ញុំ​ក៏​ឆ្លើយ​ដោយ​សុភាព​ដូច​សព្វ​ដង​ដែរ​ថា “ការងារ​នេះ​គឺ​ទាក់​ទង​នឹង​រឿង​លោក​កិប​កេង​ប្រាក់​ក្រុមហ៊ុន…”

តាប្រធានធ្វើភ្នែកស្លឺ អត់​មាត់​អត់​ក​ទេ ទុក​ឱ្យ​ខ្ញុំ​លេង​ល្បិច​បន្ត​ទៀត “គឺ​លោក​ប្រធាន​ធំ​បាន​ទូរស័ព្ទ​មក​រក​ខ្ញុំ ថា​គាត់​ស៊ើប​ដឹង​រឿង​នេះ រួច​សួរ​ខ្ញុំ​ឱ្យ​និយាយ​ការ​ពិត តែ…”

ភ្នែកតានរាយពណ៌សដូចភ្នែកត្រីស្ងោរ ទើប​ខ្ញុំ​បន្លឺ “តោះ​ចូល​ទៅ​ក្នុង​ផ្ទះ​សិន ចាំ​ខ្ញុំ​ប្រាប់​ឱ្យ​អស់!”

គាត់ដើរញ័រជើងទទ្រើតនាំមុខខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​លួច​សើច ថែម​ទាំង​សម្លក់​ខ្នង​គាត់​ស្ទើរ​តែ​ធ្លុះ។ ចូល​ដល់​ក្នុង​ផ្ទះ​ភ្លាម​សំឡេង​ទូរស័ព្ទ​លើ​តុ​រោទ៍​ភ្លាម។ ខ្ញុំ​ប្រញាប់​ស្រែក​ឃាត់ “កុំ​ទទួល​ទូរស័ព្ទ​ឱ្យ​សោះ​ទាន!”

គាត់ចុចទូរស័ព្ទបិទតាមខ្ញុំប្រាប់ រួច​ងើប​មុខ​មើល​ខ្ញុំ… មុខ​ខ្ញុំ​សើច​ដូចជា​បិសាច ហាស…! ហាស…!…

“កាំបិត!” តាកញ្ចាស់ស្រែកភ្លាត់សំឡេង។

“ត្រូវហើយគឺកាំបិត!” ខ្ញុំនៅតែសើចយ៉ាងស្រស់។

“ឯងប្រុងធ្វើអីហ្នឹងអាស្នាយ?”

សួរបណ្តើរគាត់ចុចទូរស័ព្ទបណ្តើរ។ កាំបិត​ហោះ​វ៉េវ​ចេញ​ពី​ដៃ​របស់​ខ្ញុំ រហ័ស​មើល​មិន​ទាន់ ឈាម​ក្រហម​ឆ្អៅ​ហូរ​ចេញ​ពី​ខ្នង​ដៃ​តា​នរាយ។ ទូរស័ព្ទ​ធ្លាក់​ផ្លោង​ទៅ​ឆ្ងាយ។ តា​កញ្ចាស់​ភ័យ​ញ័រ​ដូច​សត្វ​រុយ​ធ្លាក់​ចូល​ទឹក​សាប៊ូ។

“ហាស! ហាស! ចេះភ័យដែរ អាកញ្ចាស់? ម៉េច​ក៏​មិន​ស្តី​ឱ្យ​ខ្ញុំ …អញ​ទៀត​ទៅ?”

“ឯងចង់ធ្វើអ្វី?” គាត់និយាយឡើងញ័របបូរមាត់។

“ចង់សម្លាប់! ហាស! ហាស! សម្លាប់មនុស្ស! ហាស! ហាស! មនុស្សនោះគឺឯង!”

“ម៉េច…ម៉េច…ក៏…ចង់…សម…សម្លាប់ខ្ញុំ?”

“ហាស! ហាស!… អីក៏ញ័រម៉្លេះ? បាន​ជា​ចង់​សម្លាប់ ព្រោះ​តា​កញ្ចាស់​ឯង​ធ្វើ​បាប​យើង​ណាស់​កន្លង​មក​នេះ! ហាស! ហាស! ម៉េច​ក៏​មិន​ស្រែក​សម្លុត​យើង​ទៀត​ទៅ?”

“ខ្ញុំលែងហ៊ានហើយស្នាយ…!” គាត់ចាប់ផ្តើមលុតជង្គង់អង្វរខ្ញុំ។

ខ្ញុំនិយាយឡើងថា “យើង​មិន​មែន​ជា​លោក​ម្ចាស់​ប៉ាវ​នៅ​ក្នុង​រឿង​ចិន​ទេ តែ​បើ​ឯង​លុត​ជង្គង់​អ៊ីចឹង យើង​ដូចជា​ចង់​ឱ្យ​ឯង​រៀប​រាប់​ពី​ទោស​កំហុស​របស់​ឯង​ឱ្យ​យើង​ស្តាប់! ឆាប់​សារភាព​ភ្លាម ថា​កន្លង​មក​ឯង​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​ខ្លះ​មក​លើ​យើង?

តានរាយចាប់ផ្តើមសារភាព “ខ្ញុំ​អាក្រក់​ណាស់! ខ្ញុំ​មើល​ងាយ​ឯង! ខ្ញុំ​ធ្វើ​បាប​ឱ្យ​ឯង​ធ្វើ​ការ​ច្រើន រួច​ចេះ​តែ​ដណ្តើម​គុណ​សម្បត្តិ​របស់​ឯង… ខ្ញុំ… ខ្ញុំ…អាក្រក់​ច្រើន​ពេក និយាយ​ដល់​ល្ងាច​ក៏​មិន​អស់​ដែរ។”

“អ៊ីចឹងទូទឹកកកផ្ទះឯងនៅឯណា យើង​ទៅ​យក​ទឹក​ក្រូច យក​នំ​មក​អង្គុយ​ស៊ី ស្តាប់​ឯង​និយាយ!”

“បាទ! នៅខាងនោះ! ដើរទៅត្រង់ រួចបត់ឆ្វេង នឹងឃើញ…”

“ហាស! ហាស! ឯងស្មានថាយើងល្ងង់អ្ហេះ? ឆាប់​និយាយ​ទៀត​មក នឹង​អាល​យើង​សម្លាប់​ចោល!”

“…ខ្ញុំ…ខ្ញុំដឹងខុសហើយ! សូម​ក្មួយ​លើក​លែង​ទោស​ឱ្យ​ខ្ញុំ​ផង!”

“ក្មួយ! យើងមិនមែនជាក្មួយឯងទេ! យើង​គឺ​ជា​មនុស្ស​ដែល​ឯង​មើល​ងាយ!”

“លោកក្មួយ! អាណិតខ្ញុំទៅ! ខ្ញុំចាស់ហើយ! ខ្ញុំ​រស់​មិន​បាន​យូរ​ទេ! រាល់​ថ្ងៃ​ខ្ញុំ​ធ្វើ​អាក្រក់​ដើម្បី​តែ​ជីវិត​ចុង​ក្រោយ​ដ៏​ខ្លី​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ!”

“និយាយសុទ្ធតែទស្សនវិជ្ជា! ចង់​ឱ្យ​យើង​រំភើប​ចិត្ត​អេះ? គ្មាន​ផ្លូវ​ទេ!”

“ក្មួយអាណិតខ្ញុំផង! ខ្ញុំចង់ឃើញកូនស្រីពៅខ្ញុំ​រៀបការ​សិន ចាំ​ស្លាប់! ឥឡូវ​ខ្ញុំ​ស្លាប់​មិន​អស់​ចិត្ត​ទេ!”

“កូនស្រីពៅរបស់ឯង ប្រាកដ​ជា​ក្លាយ​ទៅ​ជា​ស្រី​លួច​លាក់​របស់​ថៅកែ​ល្មោភ​កាម​ណា​ម្នាក់ ដូច​ស្រី​ក្មេងៗ​របស់​ឯង​ដែរ​មិន​ខាន! មិន​បាច់​ចាំ​មើល នាំ​ឱ្យ​ឈឺ​ចិត្ត​ទេ!”

“ទេ! ទោះខ្ញុំខិលខូចស្រីញីមែន តែ​ខ្ញុំ​ស្រលាញ់​កូន​ខ្ញុំ​ណាស់! ស្នាយ! បើ​ក្មួយ​ទុក​ជីវិត​ឱ្យ​ខ្ញុំ ខ្ញុំ​នឹង​កែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ​វិញ។ ខ្ញុំ​ឈប់​ធ្វើ​បាប​ស្នាយ​ឯង​ទៀត​ហើយ! ឆ្លង​កាត់​ថ្ងៃ​នេះ​ខ្ញុំ​យល់​ដឹង​ពី​វដ្ត​សង្សារ​ច្បាស់​ណាស់!”

“អូ! បើយល់ដឹងអ៊ីចឹង ស្លាប់ឱ្យហើយទៅ! ខ្ជិល​រស់​នៅ​ធ្វើ​អី​ទៀត!”

“…តែជីវិតខ្ញុំចាប់ពីពេលនេះទៅគឺរស់ដើម្បីប្រទេសជាតិ ដើម្បី​គ្រួសារ ខ្ញុំ​មិន​ធ្វើ​អំពើ​អាក្រក់​ទៀត​ទេ! ក្មួយ​ត្រូវ​យល់​ចិត្ត​ខ្ញុំ​ជា​ឪពុក​ម្នាក់។ ខ្ញុំ​ចង់​ឃើញ​កូន​ខ្ញុំ​មាន​សុភមង្គល…”

“កុំមកចង់បោកយើង! ឯង​និយាយ​ពី​កូន ពី​គ្រួសារ​គ្មាន​ស្រក់​ទឹក​ភ្នែក​សោះ! ឯង​គ្រាន់​តែ​យក​ពួក​គេ​ដើម្បី​ការពារ​ជីវិត​ខ្លួន​ឯង!”

“អូ៎មែនហើយ! បើក្មួយមិនសម្លាប់ខ្ញុំ ខ្ញុំ​នឹង​លើក​កូន​ស្រី​ពៅ​ខ្ញុំ​ឱ្យ!”

អីយ៉ា! កូនក្រមុំគាត់ស្អាតដូចបវរកញ្ញា បើ​បាន​ប្រពន្ធ​ស្អាត​អ៊ីចឹង ម៉្លេះ…

“ងាប់ទៅ!”

ចុងកាំបិតប៊ិះតែចាក់បេះដូងខ្ញុំទៅហើយ តែ…​ស្មាន​តែ​ខ្ញុំ​វង្វេង​វង្វាន់ ព្រោះ​សម្រស់​កូន​ស្រី​គាត់​អ្ហេះ? ខ្ញុំ​ចាប់​ដៃ​តា​កញ្ចាស់​ជាប់ រួច​ច្រាន​គាត់​ឱ្យ​ដួល​បះ​ជើង។

ខ្ញុំបោះសម្តីទៅគាត់ថា “ហ៊ឹះ! យើង​ខ្ពើម​នឹង​ធ្វើ​កូន​ប្រសា​តា​ឯង​ណាស់!”

“ស្នាយ! កុំសម្លាប់ខ្ញុំអី! ខ្ញុំសូមអង្វរ! ខ្ញុំ​នឹង​ឱ្យ​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ទៅ​ស្នាយ​ទាំងអស់!”

ខ្ញុំឈរយ៉ាងសង្ហា សម្លឹង​រាង​បាក់​ស្បាត​របស់​តា​នរាយ រួច​ភ្ញាក់​ព្រើត! យី! នៅ​សាំតាប៉ែ​ជាមួយ​តា​ហ្នឹង​ដល់​ណា៎? តិច​គេ​មក​ទាន់ លែង​បាន​សម្លាប់!

ខ្ញុំពោលយ៉ាងឡូយថា “និយាយពាក្យមួយម៉ាត់​ចុង​ក្រោយ​មក​ចុះ! យើង​មិន​នៅ​ចរចា​ជាមួយ​ឯង​ឱ្យ​ខាត​ពេល​ទេ!”

“ស្នាយ!”

ឈុច! ឈុច! ឈុច! ខ្ញុំ​ចាក់​ចំ​បេះដូង​តា​នរាយ​បី​កាំបិត មាន​ផ្លូវ​អី​រស់​ទៀត? ឱ្យ​និយាយ​ពាក្យ​មួយ​ម៉ាត់​ចុង​ក្រោយ បែរ​ជា​មក​ហៅ​ឈ្មោះ​ខ្ញុំ… អេ! ដឹង​អ៊ីចឹង​ឱ្យ​និយាយ​ដប់​ម៉ាត់​អី​ទៅ ក្រែង​លោ​គាត់​និយាយ​បន្ត​ប្រាប់​កន្លែង​កប់​កំណប់​របស់​គាត់! ស្តាយ​ដែរ… តែ​ម៉េចៗ កុំ​តែ​មក​ចង​ពៀរ​ខ្ញុំ​បាន​ហើយ!

ខ្ញុំមិនដកកាំបិតចុងក្រោយចេញពីខ្លួនរបស់តានរាយទេ។ គាត់​ដង្ហក់​ដង្ហើម​រួច​ស្លាប់​បិទ​មាត់​ឈឹង ទាំង​ធ្វើ​ភ្នែក​ស្លឺ។ ខ្ញុំសើច ហាស! ហាស! ហាស!…

រឿងទាំងអស់គ្រាន់តែជាសុបិនសោះ តែ​ពេល​ភ្ញាក់​ដឹង​ខ្លួន ខ្ញុំ​ញ័រ​ទ្រូង​មិន​ឈប់ រួច​បែក​ញើស​ថ្ងាស​ប៉ុនៗ​​គ្រាប់​​ពោត។ គម្រោងការ​សម្លាប់​មនុស្ស​របស់​ខ្ញុំ បាន​ក្លាយ​ជា​ការពិត​នៅ​ក្នុង​សុបិន ហើយ​តានរាយ​ដ៏​គួរ​ឱ្យ​ស្អប់ ក៏​បាន​ស្លាប់​បាត់ ដោយ​សារ​ដៃ​ខ្ញុំ​នៅ​ក្នុង​សុបិន​នោះ​ដែរ។ …នឹក​ឃើញ​រូបភាព​នៅ​ក្នុង​សុបិន​នោះ ខ្ញុំ​ឡើង​ខ្លាច​ខ្លួន​ឯង…! អូយ! ខ្ញុំ​អី​ក៏​សាហាវ​ម៉្លេះ?

ស្អែកឡើងខ្ញុំកំពុងអង្គុយហូបមី និង​គិត​ថា​រត់​ចោល​ការងារ​ប៉ុណ្ណឹង​ហើយ គ្មាន​អ្នកណា​ទូរស័ព្ទ​មក​ជេរ​សោះ ឬ​ក៏​គេ​មិន​ត្រូវការ​ខ្ញុំ​មែន? ប្រាក់​ខែ​កន្លះ​ខែ​មិន​បាច់​ស្តាយ​ទេ! មិន​ស្រណោះ​ទៅ​មើល​មុខ​អ្នក​ណា​ទៀត​ឡើយ! ឱ្យ​វា​ចប់​ស្រឡះ​ត្រឹម​នេះ​ចុះ! …ប៉ុន្តែ​តើ​ទៅ​រក​ការងារ​ថ្មី​ឯណា​បាន​ធ្វើ? គិត​ថា​ចង់​ការ​ប្រពន្ធ​ឆ្នាំ​ក្រោយ​ផង តើ​បាន​អ្វី​ចិញ្ចឹម​គេ? បើ​ទៅ​ដណ្តឹង​កូន​អ្នក​មាន ខ្ញុំ​អត់​ការងារ​ធ្វើ​ក៏​គេ​មិន​ឱ្យ។ បើ​ទៅ​ដណ្តឹង​កូន​អ្នក​ក្រ រៀបការ​រួច​មាន​តែ​បបួល​គ្នា​ដើរ​សុំ​ទាន? ខ្វល់​ចិត្ត​ណាស់ខ្ញុំ! អូ! នរណា​ទូរស័ព្ទ​មក​រក​ខ្ញុំ​អ៊ីចេះ?

“អាឡូ!” ខ្ញុំទទួលទូរស័ព្ទ។

“…ស្នាយ…ស្នាយ! មកផ្ទះខ្ញុំ…!”

សំឡេងអ្នកណា? គឺ​សំឡេង​អាតាប៉ិ​កញ្ចាស់​នរាយ​ទេ​តើ! រួច​ប្រញាប់​ឈប់​និយាយ​ម៉្លេះ? ហៅ​ខ្ញុំ​ទៅ​ផ្ទះ​ធ្វើ​អី? មិន​ទៅ​ឱ្យ​តា​ឯង​ស្តី​ឱ្យ​ទេ! សុខ​ចិត្ត​អត់​ការងារ​ធ្វើ​ក៏​មិន​ទៅ​ទ្រ​ដែរ! …តិច​ហៅ​ទៅ​អង្វរ​ខ្លាច​ខ្ញុំ​ឈប់​ធ្វើការ​ទេ​ដឹង? បែប​ប្រុង​ដំឡើង​ប្រាក់​ខែ រួច​និយាយ​សារភាព​កំហុស​ដូច​ក្នុង​សុបិន​ខ្ញុំ​ហើយ!

ខ្ញុំហូបមីមិនទាន់អស់ពីចានផង ក៏​ប្រញាប់​ស្រូត​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​តា​នរាយ នៅ​ឯ​ជាយ​ក្រុង​នោះ។ ទ្វារ​របង​អត់​បិទ​ទេ ប្រហែល​ជា​បើក​ទុក​ឱ្យ​ខ្ញុំ​ហើយ! ទ្វារ​ផ្ទះ​ក៏​អត់​បិទ​ដែរ ប្រហែល​ជា​តា​នរាយ​អង្គុយ​ចាំ​ទទួល​ខ្ញុំ​ហើយ! ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ក៏​ឃើញ​គាត់​ដេក​ផ្កាប់​មុខ។

“លោកប្រធាន! ជំងឺបេះដូងរើ ឬក៏លើសឈាម?”

ខ្ញុំចាប់ផ្ងារខ្លួនគាត់ ស្រាប់តែ​ឃើញ​កាំបិត​មួយ​ដោត​ជាប់​ដើម​ទ្រូង​របស់​គាត់។ តា​នរាយ​ស្លាប់​ហើយ! ទេ! ខ្ញុំ​គ្រាន់​តែ​យល់​សប្តិ​តើ! ម៉េច​ក៏​គាត់​ស្លាប់​បាន? គាត់​ទូរស័ព្ទ​ហៅ​ខ្ញុំ​ដោយ​សំឡេង​ដាច់ៗ បាន​ន័យ​ថា​ពេលនោះ​មាន​មនុស្ស​ម្នាក់​គំរាម​សម្លាប់​គាត់​ហើយ។ តើ​អ្នកណា​សម្លាប់​គាត់?

ខ្ញុំ​ងាក​ទៅ​ក្រោយ​ខ្នង ប៉ូលិស​បួន​ប្រាំ​នាក់​ដើរ​ចូល​ប្រដាប់​ដោយ​កាំភ្លើង តម្រង់​មក​ខ្ញុំ។ ខ្ញុំ​មើល​ទៅ​ដៃ​របស់​ខ្ញុំ​ឃើញ​ប្រឡាក់​សុទ្ធ​តែ​ឈាម។ ខ្ញុំ​និយាយ​តតាក់​តតាំ “ទេ! ខ្ញុំ​អត់​សម្លាប់​គាត់​ទេ!”

“ប្រគល់ខ្លួនឱ្យយើងចាប់តាមសម្រួល!” សំឡេង​ប៉ូលិស​ម្នាក់​បន្លឺ​មក​ខ្ញុំ។

ខ្ញុំលើកដៃឡើងលើ ហើយនៅតែនិយាយដដែល “ខ្ញុំ​អត់​សម្លាប់​គាត់​ទេ!”

ប៉ូលិសម្នាក់យកខ្នោះដាក់ដៃខ្ញុំភ្លឹប រួច​នាំ​ខ្ញុំ​យក​ទៅ​ដាក់​គុក។ ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ខ្ញុំ​សម្លាប់​តា​នរាយ​ដោយ​ចេតនា ព្រោះ​ខ្ញុំ​គុំ​កួន​នឹង​គាត់ ដែល​ស្តី​បន្ទោស​ឱ្យ​ខ្ញុំ​កាល​ពី​ម្សិល​មិញ។

ខ្ញុំបានត្រឹមតែឆ្លើយថា “ខ្ញុំគ្រាន់តែយល់សប្តិក៏មានទោសដែរ!”

ខ្ញុំត្រូវជាប់គុករងទុក្ខវេទនាពីរឆ្នាំ ទើប​គេ​រក​ឃើញ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​តា​នរាយ។ គឺ​ជា​អ្នក​ក្រោម​ឱវាទ​របស់​គាត់​ម្នាក់ ដែល​ត្រូវ​គាត់​ធ្វើ​បាប រួច​បណ្តេញ​ឱ្យ​ឈប់​ធ្វើ​ការ។ ដល់​អត់​ការងារ​ធ្វើ ខឹង​ពេក​ក៏​មក​សម្លាប់​តា​នរាយ​ចោល​តែ​ម្តង។ ចំណែក​រូប​ខ្ញុំ​វិញ គ្រាន់​តែ​គិត និង​ដេក​យល់​សប្តិ ក៏​ជាប់​គុក​ពីរ​ឆ្នាំ​ដែរ។

កញ្ញា ២០០៧

ខែកក្កដា 17, 2010 at 10:33 ព្រឹក មតិ 31

គ្រាន់តែយល់សប្តិក៏មានទោសដែរ!

ឆាប់ៗនេះហើយ!

រឿងនេះ​​គឺ​ខ្ញុំសរសេរ​កាល​ខ្ញុំ​ធ្វើការ​នៅ​ទស្សនាវដ្ដី… ខ្ញុំ​សរសេរ​រឿង​ខ្លី​ច្រើន​ណាស់​កាល​ហ្នឹង! អាន​ចំណង​ជើង​នេះ អាច​ទាយ​បាន​ទេ ថា​រឿង​និយាយ​ពី​អី? គ្រាន់​តែ​ប្រាប់​ថា រឿង​ហ្នឹង​ល្អ​អាន​ណាស់ កំប្លែង​​ខ្លាំង​ទៀត (អ្នកនិពន្ធ​តែង​តែ​អួត​ស្នាដៃ​ខ្លួន​ឯង​អ៊ីចឹង​ហើយ ហេហេ) 😉

😀 តែ​ពេល​រង់​ចាំ​អាន​រឿង​​នៅ​ប្លក​នេះ បង​ប្អូន​អញ្ជើញ​ទៅ​អាន​រឿង ឋានសួគ៌លោកិយ នៅ​ យុវអ្នកនិពន្ធខ្មែរ សិន​ទៅ​ណា! ជា​រឿង​ដែល​ខ្ញុំ​សរសេរ​តាំង​ពី​ឆ្នាំ២០០៦ ម្ល៉េះ គឺ​អំឡុង​ពេល​ខ្ញុំ​រៀន​សរសេរ​រឿង​ខ្លី… ក៏​មិន​ធម្មតា​ដែរ​រឿង​ហ្នឹង (អួត​មួយ​ទៀត ហូហូ) 😆 តែ​និយាយ​មែន អាន​ទៅ​ដឹង​ហើយ! ព្រោះ​មាន​អ្នកអាន​ជា​ច្រើន​បានសរសើរ​! អូហ៍! មែន​ហើយ រឿង​ហ្នឹង​គឺ​ជាប់​លេខ​មួយ​ទៀត​ផង គឺ​​ជាប់​ក្នុង​ក្រុម​យុវជនទ្រទ្រង់​ព្រះពុទ្ធសាសនា 🙂 មាន​កិត្តិយស​ណាស់ នឹក​ឃើញ​កាល​ហ្នឹង ទោះ​ជា​រង្វាន់​ត្រឹម​តែ ៤០ ដុល្លា ក៏​ដោយ!

ខែកក្កដា 8, 2010 at 5:22 ល្ងាច មតិ 5

ស្ដាប់រឿងកំណប់!

ខ្ញុំ​ទើប​តែ​បង្កើត​ប្លក​មួយ​ថ្មី​ឱ្យ​ប្រលោមលោក​ខ្ញុំ ស្នេហាសុភាពបុរស 🙂 អបអរសាទរ​ខួប​មួយ​ឆ្នាំ​ដែល​រឿង​នេះ​ចេញ​ផ្សាយ​លើ​ទី​ផ្សារ​ប្រលោមលោក​ខ្មែរ។ បងប្អូន​អាច​ទៅ​អាន​រឿង​នេះ​នៅ​ទី​នោះ… ប៉ុន្តែ​ខ្ញុំ​ដាក់​ម្ដង​តែ​មួយ​វគ្គ​ទេ ខ្លាច​​បង​ប្អូន​គ្មាន​ពេល​អាន 😀 ណា​​ព្រោះ​ខ្ញុំ​ចង់​បាន​វិចារ​តាម​វគ្គ​នីមួយៗ​ដែរ។

Now​ ខ្ញុំ​មាន​ប្លក​ពីរ​(WordPress)ហើយ​! ហេហេ 😉 ប្លក​ទីមួយ​របស់​ខ្ញុំ​គឺ​ប្លក​នេះ ឈ្មោះ​ថា អនុស្សាវរីយ៍ ដែល​បាន​កត់​ទុក​អនុស្សាវរីយ៍​របស់​ខ្ញុំ​ជាមួយ​ញាតិ​មិត្ត​បងប្អូន​​គ្រប់​គ្នា។ ដាក់​ឈ្មោះ​ថា​អនុស្សាវរីយ៍​នេះ​មិន​ខុស​ទេ ព្រោះ​​ខ្ញុំ​ស្រលាញ់​អនុស្សាវរីយ៍ ហើយ​ចង់​ថែ​អនុស្សាវរីយ៍​ទុក គ្រាន់​ពេល​ណា​ទំនេរ អាច​​អង្គុយ​នឹក​អនុស្សាវរីយ៍​លេង!

រឿង ​កំណប់ នេះ​ក៏​ជា​អនុស្សាវរីយ៍​របស់​ខ្ញុំមួយ​ដែរ ដែល​កាលណោះ​គេ​ហៅ​ខ្ញុំ​ថា យុវអ្នកនិពន្ធ​ពេញ​មាត់ តែ​ឥឡូវ​នេះ​ ឮ​គេ​ហៅ​អ៊ីចឹង​អៀន​ខ្លួន​ណាស់! មាន​​អារម្មណ៍​ថា ខ្លួន​ឯង​ចាស់​ទុំ​ហើយ រួច​ដល់​ស្ដាប់​សំឡេង​ខ្លួន​ឯង​កាល​ អ្នកមីង ប៉ិច សង្វាវ៉ាន សម្ភាស​នោះ ក៏​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​កាល​ណោះ​ល្ងង់ណាស់ ដូច​ឥឡូវ​អ៊ីចឹង 😆

តោះ! ស្ដាប់​ម្ដង​ទៀត​ជាមួយ​ខ្ញុំ​ណា៎!

ខែ​ឧសភា 8, 2010 at 6:22 ល្ងាច មតិ 11

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 215,499 hits
Visit Cute-Spot.com!