Posts filed under ‘ភាពយន្ត’

Can you hear my ♥ ?

គិតទៅ គ្មាននណាអាចបង្ខំឱ្យយើងសរសើរ​អ្វី​មួយឡើយ តែ​បើ​យើង​ពិត​ជា​ពេញ​ចិត្ត​ ក៏​គ្មាន​អ្នក​ណាអាច​ហាម​មិន​ឱ្យ​យើង​​សរសើរបានដែរ​។ ជាតិ​ជា​មនុស្ស​ចូល​ចិត្ត​មើល​រឿង​ភាគ​ទូរទស្សន៍​ម្នាក់ ពេល​នេះ​ខ្ញុំ​មិន​សរសើរ​​រឿង​ភាគ​​កូរ៉េ​មិន​បាន​មែន។ ខ្ញុំ​ទើប​តែ​មើល​រឿង​ «Can you hear my heart?» នេះ​ បាន​ប៉ុន្មាន​ភាគ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​វា​ខ្លាំង​ណាស់។ គួរនិយាយ​ថា ព្រោះ​តែ​វា​ចាក់​ចំ​បេះដូង​ខ្ញុំ ឬ​ក៏​យ៉ាង​ម៉េច? អ្នក​និពន្ធ​នេះ​ពិត​ជា​ពូកែ​ដាស់អារម្មណ៍​មនុស្ស​ខ្លាំង​ណាស់។ ក្មេង​ស្រី​ម្នាក់​កើត​មកក្នុងវាសនាអភ័ព្វ ប៉ុន្តែ​នាង​នៅតែសើច​បាន ធ្វើ​ឱ្យ​ខ្ញុំយំ​ទៅ​វិញ។ សង្វេគ​ណាស់​នៅ​ពេល​ឃើញ​ក្មេង​ម្នាក់ ដែល​គ្មាន​សូម្បី​តែ​ឈ្មោះ មាន​តែ​ម្ដាយ​ម្នាក់​ជា​មនុស្ស​គ ​ថ្ងៃ​មួយ​ម្ដាយ​នាង​ក៏​ក្លាយ​ជា​ប្រពន្ធ​មនុស្ស​មិន​គ្រប់​ទឹក​ម្នាក់ ក្នុង​គ្រួសារ​​ដ៏ក្រីក្រ។ មនុស្ស​មិន​គ្រប់​ទឹក​ តែ​មាន​បេះដូង​ពោល​ពេញ​ដោយ​ក្ដី​ស្រលាញ់ ក្មេង​ស្រី​ក៏​មាន​គ្រួសារ​នឹង​គេ តែ​ភ្លាមៗ​ម្ដាយ​ក៏​ត្រូវ​ស្លាប់​ក្នុង​ភ្លើង​ឆេះ​រោង​ចក្រ។ ក្មេង​ស្រី​នៅ​តែ​អាច​រស់​ដោយរីករាយបាន… :cry:

ខែធ្នូ 27, 2011 at 2:09 ល្ងាច មតិ 4

មនុស្សលើមនុស្ស

មើលឃើញកម្រិតមនុស្សលើមនុស្សក្នុងរឿង «Bread, Love and Dreams» ។ អ្នក​និពន្ធ​បាន​យក​ញាណ​ពិសេស​របស់​ខ្លួន មក​សរសេរ​ពី​​​ឃាន​វិញ្ញាណ​ពូកែ​គ្មាន​គូ​ប្រៀប​របស់​តួអង្គ គីម ថាក់គូ ។ ពេល​មើល​ឃើញ​ទេពកោសល្យ​តួ​អង្គ ខ្ញុំ​ក៏​មើល​ឃើញ​ពី​ទេព​កោសល្យ​របស់​អ្នក​និពន្ធ។ មិន​គួរ​ឱ្យ​ជឿ​ថា​ អ្នក​និពន្ធ​នេះ​អាច​​សរសេរ​អារម្មណ៍​​របស់​ខ្ញុំ​ចេញ​មក​ទាំង​អស់។ បាន​មើល​ភាព​យន្ត​នេះ ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​នៅ​មិន​សុខ តែ​ក៏​​​ទទួល​អារម្មណ៍​ស្ងប់​សុខ ព្រោះ​​បាន​ជួប​​នឹង​ស្នាដៃ​មនុស្ស​លើ​មនុស្ស​ពិត​ប្រាកដ។

ថ្ងៃ​នេះ​ខ្ញុំ​ជួប​នឹង​អារម្មណ៍​មួយ «មិន​មែន​មនុស្ស​គ្រប់​គ្នា​សប្បាយ​នឹង​ឃើញ​យើង​ចេះ​ដឹង​ទេ ហេតុ​នេះ​ដើម្បី​សន្តិភាព​ជួន​កាល​​យើង​ក៏​ត្រូវ​​ធ្វើ​ខ្លួន​ល្ងង់» បើ​អ្នក​ជា​មនុស្ស​ពូកែ មិន​ដឹង​ថា​ជា​សំណាង​ឬ​អភ័ព្វ​ទេ ព្រោះ​ទេវតា​បង្កើត​មនុស្ស​ល្ងង់​ច្រើន​ជាង​មនុស្ស​ឆ្លាត ​អ្នក​ក៏​ត្រូវ​​​​ប្រឈម​មុខ​​ច្រើន​នឹង​មនុស្ស​ល្ងង់ ដែល​ពួក​គេ​មិន​ចេះ​យល់​ពី​អ្នក។ គិតទៅ​ ដើម្បី​ការ​ទទួល​ស្គាល់​ពី​មនុស្ស​ដូច​គ្នា យើង​​លំបាក​ណាស់ ខំ​តស៊ូ​នឹង​ជីវិត​ ក៏​ដូច​ជា​​ប្រយុទ្ធ​នឹង​​មនុស្ស​ជុំ​វិញ​ខ្លួន តែ​ទី​បំផុត​ក៏​ដឹង​ថា ដៃ​គូ​ប្រយុទ្ធ​ពិត​ប្រាកដ​គឺ​ជា​វាសនា។

ខែតុលា 6, 2011 at 11:17 ព្រឹក មតិ 10

ទៅ​ថត​កុន​កាល​ពី​ថ្ងៃ​អង្គារ

នាង​ឈរ​ក្រោម​កំដៅ​ថ្ងៃ នាងតស៊ូ​ឈរ​មិនខ្លាច​ខូច​ស្បែក នាង​ឈរចាំ​សង្សារនាង ដើម្បី​និយាយ​ថា នាង​ចង់​បែក​គ្នា… 😥

ស្អាត​ទេ? ឥឡូវ​គេ​ហៅ​ថា​ cute 😀 នេះហើយ​តួឯកស្រី​ក្នុង​រឿង​ ស្នេហាមួយនៅវិទ្យាល័យ (និយាយ​ពីរឡិករឡក់នោះ!!!!) នាង​ថត​ជាមួយ​អ្នក​និពន្ធ​ល្បី គឺ លោក ទឹម ម៉ានី (ស្មេរ) 🙂 គ្មានអ្នកណា​មើល​ដឹងថា គាត់​អាយុ​ជាង​ហុកសិប​ឆ្នាំ​នោះទេ hehe ខ្ញុំ​ហៅ​គាត់​ ថា បង​ម៉ានី ព្រោះ​ខ្ញុំ​នេះ​ទ្រង់​ចាស់ជាង​វ័យ ហើយ​គាត់​ក្មេង​ជាងវ័យ និយាយ​ឱ្យ​ខ្លី​ប្រហែល​មកពី​គាត់​មាន​លុយ​ចាយ​ សប្បាយ​ចិត្ត ទើប​មិន​ព្រម​ចាស់​សោះ ហើយ​គាត់​បាន​ប្រាប់​រូបមន្ត​រក្សា​វ័យ​ ថា​ត្រូវ​​ញ៉ាំ​ស្អី​ទេ ភ្លេច​បាត់​ហើយ! មែន​ហើយ មួក​ដែល ​អា​ឡាង (ហៅ​អ៊ីចឹង​ទើប​ស្និទ្ធស្នាល) ពាក់​នោះ គឺ​ជា​របស់​ បង​ម៉ានី ហើយ​មួក​ដែល ​បងម៉ានី ​ពាក់​នោះគឺ​ជារបស់ខ្ញុំ (>.<) ត្រឡប់​ត្រឡិន​អស់​ហើយ!

រូប​ខ្ញុំ​ដាក់​តូច​​បាន​ហើយ 😀 សើច​អ៊ីចឹង​ខ្ញុំ! 😆 មុន​ដំបូង​យល់​ថា​រូប​នេះ​អាក្រក់​ណាស់ តែ​ឱ្យ​គេ​មើល​រូប​អាក្រក់​ខ្លះ​ទៅ វា​យ៉ាង​ម៉េច? អាក្រក់​​ឬ​ស្អាត​ក៏​ជា​ខ្ញុំ​ដែរ ហាហា 🙂

!!!!!!!!!!!!!!!!!!!!!!!!

និយាយរឿង​​ថ្ងៃ​នោះ​ឱ្យ​ស្ដាប់​សិន! …កំពុង​តែ​យល់​សប្តិ ទូរស័ព្ទ​រោទិ៍ 😦 បង​សីហា​ សួរ​ថា នៅ​ណា​ហ្នឹង… ??? យប់​មិញ​ភ្លេច​ដាក់​ម៉ោង​រោទិ៍ ^^ sorry! …ក៏​ប្រញាប់ទៅ​មុខ​វាំង ទៅ​ដល់​​មិន​សូវ​ហ៊ាន​មើល​មុខ​អ្នក​ណា​ទេ ព្រោះ​យឺត​តែ​ឯង…

បន្ទាប់​​មក​យើង​ត្រូវ​ថត​ច្រើន​កន្លែង តាម​ផ្លូវ ក្នុង​ផ្សារ​ ក្នុង​ហាង​ញ៉ាំ​អីៗ… ស្ពាយ​កាតាប​ឡើង​ជាំ​​សាច់​អស់​ម៉ា​ដុំ 😥 (ពិនិត្យ​ខ្លួន​ប្រាណ​ពេល​ទៅ​ដល់​ផ្ទះ) ទៅ​ដល់​ផ្ទះ​នោះ​គឺ​មាន​ពីរ​លើក៖

លើកទី១ ទៅ​ដល់​ផ្ទះ​ប្រហែល​ជា​ម៉ោង ១០ យប់ សុំ​គេ​មក​មុន ព្រោះ​ផ្ទះ​ឆ្ងាយ! តែ​ទៅ​ដល់​ ចិត​ផ្លែ​​សារី​ញ៉ាំ​បាន​មួយ មើល​សារ​​ទូរស័ព្ទ​មួយ (ទេ! ពីរ) មិន​ទាន់​ទាំង​បាន​តប​ផង ស្រាប់​តែ!!!  …គេ​ថត​អស់​ថេប​ហើយ ឯ​ថេប​ថ្មី​ គឺ​នៅ​ជាប់​នឹង​ខ្ញុំ… អត់​បាន​ទេ មាន​តែ​ទៅ​វិញ… ជិះ​ម៉ូតូ​ចេញ​មក​ថ្នល់ ហៅ​ម៉ូតូ​ឌុប​​​ឱ្យ​ជូន​​មក​ផ្ទះ រួច​ជូន​ទៅ​វឹប!!! មែន​ 😀 គ្រប់​គ្នា​អង្គុយ​ចាំ​ថេប​ពី​ខ្ញុំ គ្រាន់​តែ​ទៅ​ដល់​ គេ​ទះ​ដៃ​ ចាប់​ផ្ដើម​ថត​បន្ត ហើយ​ បង​សីហា ក៏​ឃាត់​ថា​ចាំ​ទៅ​​ផ្ទះ​វិញ​ជាមួយ​គាត់​តែ​ម្ដង​ទៅ… ក៏​ម្យ៉ាង​ដែរ មិន​ដែល​បាន​នៅ​​ដល់​ថត​ចប់​ម្ដង​ផង នៅ​ឱ្យ​ស្គាល់​ជាតិ​ទៅ!

លើកទី២ ដល់​ផ្ទះ​ប្រហែល​ជា​ម៉ោង​ ០១ យប់ ហាហា! 😦

(ចប់)

អូហ៍! ថត​ឈុត​យប់​អធ្រាត្រ​នោះ គឺ​ឈុត​លក់​ខ្លួន​តាម​ផ្លូវ… 😆 តែ​យក​អត់​បាន ព្រោះ​ងងឹត​មើល​មុខ​អ្នក​លក់​ខ្លួន​អត់​ឃើញ (ខ្លាច​គេ​អត់​ល្បី)​ ដោយសារ​ភ្លេច​​យក​ភ្លើង​មក​ជំនួយ។

ខែ​កុម្ភៈ 19, 2010 at 2:04 ល្ងាច មតិ 20

ស្គាល់​ហើយ​ការ​ថត​កុន!

នេះ​ហើយ​ឬ ជា​ការ​ថត​កុន? សប្បាយ​គួរសម ពេល​កំពុង​តែ​ធ្វើការ ពួក​ខ្ញុំ​និយាយ​គ្នា​ថា ស្គាល់​ហើយ​ការ​ថត​កុន… កាល​ពី​មុន​ធ្លាប់​តែ​ឈរ​មើល​គេ ឥឡូវ​ប្រឡូក​ខ្លួន​ឯង ក៏​គិត​ថា អ៊ីចឹង​សោះ​ហ្ន៎! ហត់​ដែរ​ហ្នឹង ទាល់​តែ​​ឆ្លៀត​ឱកាស​ជជែកគ្នា​​តិចតួច ទើប​សប្បាយ​ បើ​អស់​រឿង​កំប្លែង​និយាយ ក៏​​កែ​ពាក្យ​សន្ទនា​តួអង្គ​​ដែល​កំពុង​សម្តែង​ឱ្យ​កំប្លែង ដើម្បី​សើចលេង។

ភារកិច្ច​​របស់​ខ្ញុំ​គឺ​​កត់ត្រា​ប្លង់​ ដែល​ដូច​ជា​វេទនា​តិច​ដែរ ព្រោះ​ត្រូវ​តាម​ស្រែក​សួរ ពូ ជា ឈីម ដែល​ជួនកាល​គាត់​នៅ​ខ្ពស់​បែប​នេះហ៍៖

គាត់​គឺ​ជា​អ្នក​ក្លាហាន មិន​ខ្លាច​ញញើត​ទី​ខ្ពស់ទេ ឱ្យ​តែ​ថត​បាន​ប្លង់​ស្អាតៗ​!

នេះ​វិញ គឺ​ទិដ្ឋភាព​ក្រុមការងារ​នៅ​ក្នុង​ផ្ទះ៖

បង សីហា ពូកែ​ជួល​ផ្ទះ​​ថត​បានល្អ​ណាស់​ ពិសេស​​គឺ​មាន​ដំបូលឡូយ!

ម្នាក់​ដែល​អង្គុយ​លើ​ដំបូល​ផ្ទះ​នេះ ឈ្មោះ សិលា គាត់​អង្គុយ​ស្រណោះ​ស្រណោករឿង​អតីត​ នឹក​ដល់​មិត្ត​សម្លាញ់​របស់​គាត់​ដែល​ស្លាប់​ចោល​គាត់!

ហេហេ! ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែនដី​ចាស់៖

ខែ​កុម្ភៈ 9, 2010 at 5:27 ល្ងាច មតិ 21

Something Happened in Bali

 

ខ្ញុំ​ចូល​ចិត្ត​រឿង​ភាគ​កូរ៉េ មួយ​នេះ​ណាស់ កាល​បញ្ចាំង​នៅ​​ប៉ុស្តិ៍​លេខ​៥ ដាក់​ចំណង​ជើង​ថា «បាលី​អនុស្សា» ខ្ញុំ​ធ្លាប់​ដើរ​រក​ទិញ​មក​ទុក​ដែរ តែ​រក​មិន​ទាន់ឃើញ… តួ​អង្គ​ក្នុង​រឿង​នេះ​សុទ្ធ​តែ​មុខ​ឌឺ ហើយ​ចិត្ត​អាក្រក់ៗ​ណាស់… វា​មាន​អារម្មណ៍​​ជា​ច្រើន​ដែល​មិន​អាច​​ពណ៌នា​បាន​នៅ​ក្នុង​រឿង​មួយ​នេះ… សកម្មភាព​តួអង្គ​​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​ក្នុង​ភាព​ច្បាស់លាស់ ហើយ​ខ្ញុំ​ស្មាន​មិន​ដល់​ថា នា​ល្ងាច​មួយ​នោះ​តួប្រុស​ក៏​បាន​បាញ់​សម្លាប់​ខ្លួន​នៅ​ឆ្នេរ​​កោះ​បាលី ក្រោយ​ពី​គេ​បាន​បាញ់​សម្លាប់​តួស្រី និង​តួ​ប្រុស​ម្នាក់​ទៀត​ដែល​កំពុង​គេង​ឱប​គ្នា​លើគ្រែ។ ពេល​បាញ់​សម្លាប់​អ្នក​ទាំង​ពីរ​នោះ គេ​ប្រហែល​ជា​គិត​ថា តួ​ស្រី​មិន​ធ្លាប់​ស្រលាញ់​គេ​តិច​តួច​ឡើយ គឺ​នាង​បាន​​ពង្រត់​គ្នា​​ជាមួយ​អ្នក​ដែល​នាង​ស្រលាញ់​មក​រស់​នៅ​​លើ​កោះ​នោះ​​ចោល​រូប​គេ​ ឯ​ខ្ញុំ​ក៏​គិត​អ៊ីចឹង​ដែរ តែ​តាម​​ពិត​តួស្រី​នោះ​កំពុង​តែ​និយាយ​ជាមួយ​បុរស​ដែល​គេង​ជិត​ខ្លួន​ថា ពេល​នេះ​​ចិត្ត​នាង​កំពុង​តែ​នៅ​ក្រុង​សេអ៊ូ នឹក​មនុស្ស​ម្នាក់… តែ​នៅ​ពេល​មនុស្ស​នោះ​បង្ហាញ​ខ្លួន គេ​ក៏​សម្លាប់​នាង​ភ្លាម ហេតុនេះ​នាង​បាន​ត្រឹម​ប្រាប់​ម្នាក់​នោះ​មុន​នាង​ផុត​ដង្ហើម​ថា នាង​ស្រលាញ់​គេ… នាង​មិន​ដែល​និយាយ​អារម្មណ៍​នេះ​ប្រាប់​តួប្រុស​នោះ​ទេ…

ខែមករា 27, 2010 at 5:48 ល្ងាច មតិ 7

High School Love’s Story

High School Love’s Story គឺជាខ្សែភាពយន្តខ្នាតធំ ដែលនិពន្ធ និងដឹកនាំសម្ដែងដោយ លោក កៅ សីហា ជំនួយការដឹកនាំសម្ដែង លោក ឆយ វិជ័យ ថតដោយ លោក ជា ឈីម រីឯខ្ញុំមានតួនាទីជាជំនួយការទូទៅ ដែលមិនទាន់ដឹងថាត្រូវធ្វើអីខ្លះនៅឡើយទេ។

ទិដ្ឋភាពពិធីសែនក្រុងពាលី ចាប់ផ្ដើមថត រឿង High School Love’s Story

នេះជាអត្ថបទចម្រៀង ដែលខ្ញុំបានសរសេរបញ្ចូលក្នុងខ្សែភាពយន្តនេះ៖

នេះជាស្នេហាពិត

វេលានៅជិតអ្នកខ្ញុំស្គាល់ជីវិត ចេះកុហកចេះក្បត់ការពិតដូចគ្មានគិតអ្វី ត្រឹមជាអ្នកស្និទ្ធស្នាលក៏រស់មានន័យ មិនខ្វល់ថាជាអ្វីគ្រាន់ចង់មើលថែ។

បើពេលណាអ្នកឯកា ប្រាថ្នាអង្គុយនៅក្បែរ កាន់ដៃអ្នកក្រោមដួងខែ ប្រាប់ឱ្យអ្នកកុំខូចចិត្ត។

តើនៅពេលនេះអ្នកនៅទីណា? ខ្ញុំនៅត្រង់នេះរង់ចាំអ្នករាល់ថ្ងៃ នៅចងចាំសម្ដីអ្នកសួរថា មានទេស្នេហាពិត?

ហេតុអ្វីពេលនេះអ្នកទុកខ្ញុំចោល? ឱ្យរស់តែលតោលក្នុងព្រហ្មលិខិត គឺអ្នកនេះហើយជាស្នេហាពិតរបស់ខ្ញុំ។

 

រឿងដែលគិតថាអ្នកទទួលមិនបាន ក៏មិនស្មានថាខ្លួនឯងហ៊ាននិយាយចេញដែរ ស្រលាញ់អ្នកខ្លាំងណាស់ អ្នកមិនដឹងទេ នេះគឺជាក្ដីស្នេហ៍ដែលដឹងតែខ្ញុំ។

ទីបំផុតអ្នកព្រមប្រាប់ ថារូបអ្នកក៏ស្រលាញ់ខ្ញុំ តែជាពេលដែលខ្ញុំយំ ព្រោះឃ្លាតអ្នករៀងរហូត។

តើនៅពេលនេះអ្នកនៅទីណា? ខ្ញុំនៅត្រង់នេះរង់ចាំអ្នករាល់ថ្ងៃ នៅចងចាំសម្ដីអ្នកសួរថា មានទេស្នេហាពិត?

ហេតុអ្វីពេលនេះអ្នកទុកខ្ញុំចោល? ឱ្យរស់តែលតោលក្នុងព្រហ្មលិខិត គឺអ្នកនេះហើយជាស្នេហាពិតរបស់ខ្ញុំ។

 

ខែមករា 1, 2010 at 7:35 ល្ងាច មតិ 38

ផែនដីតូច

អត្តចរិតខ្ញុំគឺជាពិភពលោករបស់ខ្ញុំ!

ពិភពលោកដ៏តូចរបស់ខ្ញុំ នៅសល់តែមួយចំហៀង នៅពេលដែលពិភពលោកមួយចំហៀងបានចាកចេញពីខ្ញុំ… ចាកចេញព្រោះតែហេតុផល ដើម្បីបំពេញបំណងមនុស្សដែលចង់បំផ្លាញពិភពលោករបស់ខ្ញុំ…

កាលពីយប់មិញ ខ្ញុំបានរកនឹកឃើញសាច់រឿងដែលខ្ញុំនឹងសរសេរហើយ៖

«កុមារាម្នាក់រស់នៅក្នុងភាពឯកោជាមួយគ្រួសារអ្នកសរសេរប្រវត្តិសាស្រ្តមួយ… ការប្រៀនប្រដៅពីអ្នកសរសេរប្រវត្តិសាស្ត្រ រួមនឹងឧបនិស្ស័យពីកំណើត បានធ្វើឱ្យកុមារារូបនោះក្លាយជាមនុស្សដ៏អាថ៌កំបាំង សូម្បីតែខ្លួនឯងក៏មិនស្គាល់ថាខ្លួនឯងជាអ្នកណា គេដឹងត្រឹមស្ដាប់តាមឱវាទអាណាព្យាបាល ដោយខំហ្វឹកហាត់ខ្លួនឱ្យក្លាយជាបុគ្គលដ៏អស្ចារ្យម្នាក់។ អារម្មណ៍របស់គេត្រូវបែងចែកជាពីរ មួយគឺប្រវត្តិសាស្រ្តនៃប្រទេសមួយ ដែលធ្វើឱ្យបេះដូងគេឆាបឆួល មួយទៀតគឺទឹកដីដែលគេកំពុងសាងអនុស្សាវរីយ៍ដោយមិនដឹងខ្លួន…»

គួរឱ្យចាប់អារម្មណ៍ខ្លះទេ? នេះជាទម្លាប់មួយដែលខ្ញុំតែងតែនឹកឃើញ និងកត់ត្រាទុករង់ចាំពេលសរសេរ។ ដឹងទេ? អារម្មណ៍រំភើបនៅពេលនឹកឃើញសាច់រឿងមួយគឺអស្ចារ្យណាស់ ប៉ុន្តែខ្ញុំក៏ត្រូវព្រួយបារម្ភ… រកបានសាច់រឿងមួយដ៏ល្អ គឺត្រូវការសមត្ថភាពដ៏ពូកែដើម្បីសរសេរ… វាមិនពិបាកទេ គ្រាន់តែសរសេររឿងមួយ ប៉ុន្តែបើចង់សរសេររឿងមួយដ៏ល្អ គឺពិបាកខ្លាំងណាស់! អ្នកជឿទេ? ជួនកាលអព្ភូតហេតុកើតឡើង ខ្ញុំអាចយល់សប្តិឃើញអ្វីដែលខ្ញុំត្រូវសរសេរ… គឺខ្ញុំចេះតែបន់ឱ្យបែបនេះ ព្រោះសរសេរយ៉ាងម៉េច បើសាច់រឿងដែលខ្ញុំនឹកឃើញនោះមិនមែននៅក្នុងសម័យយើងនេះផង! ខ្ញុំដឹងថាខ្ញុំត្រូវអានសៀវភៅប្រវត្តិសាស្រ្តឱ្យច្រើន តែសៀវភៅទាំងនោះក្រាស់ៗណាស់ ហើយខ្ញុំចង់ឱ្យមានឆាកប្រយុទ្ធ មានយុទ្ធគុន យ៉ាងរស់រវើកនៅក្នុងបទនិពន្ធរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនចូលចិត្តវ៉ៃគ្នាផង តើឱ្យខ្ញុំសរសេរយ៉ាងម៉េច? តែយ៉ាងណាឱ្យតែមានចិត្ត ខ្ញុំនឹងមានសិល្ប៍អាចធ្វើបាន!

ខែវិច្ឆិកា 14, 2009 at 9:38 ព្រឹក មតិ 7

និយាយពីអត្ថបទភាពយន្តខ្មែរ

និយាយពីខ្សែវីដេអូភាគទូរទស្សន៍បន្តិចសិន!

ចាប់ផ្ដើមពីណាមុនអ៊ីចេះ? ចាប់ពីយប់មិញសើចឡើងចុកពោះជាមួយប្អូនៗជីដូនមួយខ្ញុំ ព្រោះតែធ្វើត្រាប់តាមសម្ដីតួនៅក្នុងរឿង ត្រៀមចិត្តសម្រាប់ឈឺ។ មិនថាអីទេ រឿងហ្នឹងទាក់ចិត្តណាស់តើ ហើយប្អូនខ្ញុំថាគ្រាន់បើជាងរឿង ដងវិថីតារា ព្រោះមើលម្ដងណាក៏ចំតែកន្លែងគេថតចម្រៀងខារ៉ាអូខេ។ ខ្ញុំជាប់រៀនយប់ មិនសូវបានមើលទេ តែប៉ុន្មានថ្ងៃហ្នឹងចេញពីរៀនក៏មើលរឿង ត្រៀមចិត្តសម្រាប់ឈឺ ហើយចាប់អារម្មណ៍បំផុតត្រង់ពាក្យសម្ដីដែលតួអង្គនិយាយគ្នា…

-នាងខ្ញុំសុំចូលខ្លួនទៅដាំបាយសិនហើយ…

-នៀក! ជាការពិតទេដែលថា… -ល-

មិនថាអីទេ! គ្រាន់តែពួកខ្ញុំអត់ទម្លាប់និយាយស្ទាយអ៊ីចឹង ដល់ស្ដាប់ទៅចេះតែសើច ហើយគិតថាបែបរឿងហ្នឹងនិយាយពីពួកអភិជន សង្ស័យស្ទាយនិយាយរបស់ពួកគេខុសពីពួកខ្ញុំ​ ក៏មិនដឹង។ និយាយទៅទាំងរឿងនៅប៉ុស្តិ៍ CTN និងប៉ុស្តិ៍បាយន្ត អត្ថបទសន្ទនាគឺសុទ្ធតែគោរពតាមក្បួនច្បាប់វេយ្យាករណ៍បានល្អមែនទែន ប៉ុន្តែគ្រាន់តែថា វាអត់… មិនដឹងនិយាយថាម៉េចទេ តែមានអារម្មណ៍ថា ពួកគេនិយាយដូចនៅក្នុងប្រលោមលោកយ៉ាងម៉េចទេ ខុសពីភាសានិយាយខ្មែរយើងដែលប្រើរាល់ថ្ងៃ។

ថាទៅ តាំងពីយូរហើយ ខ្ញុំចូលចិត្តមើលរឿងភាគទូរទស្សន៍សម្បើមណាស់ មើលទាល់តែចេះសរសេររឿងបានខ្លួនឯង។ ខ្ញុំមើលមុនគេគឺរឿងចិន ហើយចេះបែងចែងតាំងពីតូច ពីបែបបទខុសគ្នារបស់ផលិតកម្មនីមួយៗ ផលិតកម្មសិង្ហបុរី, ហុងកុង, តៃវ៉ាន់, ប៉េកាំង ឬក៏ សៀងហៃ គឺគេធ្វើអត់ឱ្យដូចគ្នាទេ ទាំងសាច់រឿង អត្ថបទនិយាយ ប្លក់ថត ឬក៏ពន្លឺ… បន្ទាប់មកក៏ស្គាល់រឿងឥណ្ឌា រឿងថៃ ភីលីពីន ម៉ិចស៊ិចកូ ហើយឥឡូវនេះគឺរឿងកូរ៉េ ជប៉ុន អាមេរិក…។ នឹកដល់រឿងរបស់គេពិតជាឡូយៗមែន មិនបាច់និយាយដល់សាច់រឿងទេ ត្រឹមតែការសម្ដែង-តួអង្គគេមិនបាច់និយាយផង ប្រើតែខ្សែភ្នែកសម្លឹងកាមេរ៉ាហ្នឹង ក៏យល់សាច់រឿងដែរ តែរឿងខ្មែរយើងវិញ គឺនិយមប្រាប់សាច់រឿងតាមពាក្យសន្ទនារបស់តួអង្គ ហើយពាក្យសន្ទនាហ្នឹងទៀត ស្ដាប់ទៅគឺភាសាអ្នកនិពន្ធសុទ្ធ គាត់បញ្ចូលទស្សនៈអប់រំរបស់គាត់ស្ទើរគ្រប់ម៉ាត់ ធ្វើឱ្យអ្នកទស្សនាដឹងថាអ្នកនិពន្ធពិតជាមនុស្សចេះដឹងរបស់គេមែន ហើយស្ដាប់ទៅអាចប្រើរូបបារម្ភស្រមៃឃើញមុខអ្នកនិពន្ធបានទៀត… មិនដឹងអ្នកនិពន្ធ គាត់មានទស្សនៈយ៉ាងណា ខ្ញុំមិនដឹង!

ខែកញ្ញា 10, 2009 at 4:45 ព្រឹក មតិ 22

អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

  • មិន​មាន

Blog Stats

  • 218,899 hits
Visit Cute-Spot.com!