Posts filed under ‘ភាពយន្ត’

សង្សារ១៤ថ្ងៃ

SS 14 Days

ស្អែកគឺ១៤កុម្ភៈ ហើយយើងទាំងពីរនាក់ក៏មានឈ្មោះជាសង្សារបាន១៤ថ្ងៃដែរ។ (សើច) 😆 មនុស្សគ្រប់គ្នានៅតែមិនជឿថាពួកយើងជាសង្សារ សូម្បីតែពួកម៉ាកខ្ញុំក៏ហួសចិត្តនឹងខ្ញុំដែរ។ ចំណែកអ្នកខ្លះហាក់ដូចជាចង់បញ្ជាក់ណាស់ ថាអ្វីដែលខ្ញុំកំពុងតែជួបគឺជារឿងក្លែងក្លាយ។ ពួកគេចង់ដឹងជាងខ្ញុំទៅទៀត ហិហិហិ

អ្នកភូមិប្លក់ដែលកំពុងតែអាននេះ ប្រាកដជាមិនដឹងថាម៉េចក៏បែបនេះ ឬក៏កំពុងតែឆ្ងល់ថា ខ្ញុំកំពុងតែនិយាយពីអី មែនទេ?

មានបុរសម្នាក់ដែលខ្ញុំលួចស្រលាញ់ ក៏ជាបុរសដែលមនុស្សស្រីជាច្រើនលួចស្រលាញ់ ហើយពេលនេះគេក៏ក្លាយជាសង្សារខ្ញុំ តែមនុស្សគ្រប់គ្នានៅតែមិនជឿ និងប្រើពាក្យថា «សង្សារតែឈ្មោះ» សារភាពថាគេសង្ហាខ្លាំង តែខ្ញុំ… ហាក់មិនសមគ្នានឹងគេសោះ។ មិនមែនខ្ញុំមិនដឹងខ្លួនទេ តែបើវាជាឱកាស ហេតុអ្វីខ្ញុំត្រូវបោះបង់? ហេតុនេះខ្ញុំមានតែព្យាយាមបង្កើតមនោសញ្ចេតនារវាងពួកយើងទាំងពីរ។

ស្អែកនេះគឺជាថ្ងៃដែលគូស្នេហ៍បង្ហាញក្ដីស្រលាញ់ដាក់គ្នា… ពួកគេរំពឹងចង់បានកាដូពីភាគីម្ខាងទៀត។ ខ្ញុំក៏ដូចគ្នា តែគ្មានអ្នកណាជឿទេថា ម្នាក់នោះនឹងមានកាដូជូនខ្ញុំ។ ប្រាប់ត្រង់ខ្ញុំក៏ខូចចិត្តដែរ បើអ្វីដែលពួកគេគិតក្លាយជាការពិត តែ… ខ្ញុំបានត្រៀមកាដូសម្រាប់គេវិញ ហើយខ្ញុំជឿថា ស្នេហាកើតឡើងពីការចាប់ផ្ដើម​ មិនថាប្រុសឬស្រី សុទ្ធតែអាចធ្វើជាអ្នកចាប់ផ្ដើមបានដូចគ្នា។

យ៉ាងណា ក៏ចង់បានយោបល់ពីអ្នកអានទាំងអស់គ្នា ជួយប្រាប់ខ្ញុំម្នាក់មួយម៉ាត់មកថា ក្នុងនាមជាមនុស្សស្រី ការធ្វើបែបនេះ គឺល្ងង់ កំពុងតែបន្ទាបតម្លៃខ្លួនឯង ឬក៏គាំទ្រខ្ញុំ?

(ប្រកាសមួយនេះជាឈុតនៅក្នុងរឿង)

ខែសីហា 9, 2017 at 5:42 ល្ងាច មតិ 6

ថ្ងៃសម្ពោធរឿង ទេសចរឋាននរក

image

អរគុណមិត្តសិល្បករ ដែលបានមកចូលរួមកាលពីម្សិលមិញ ហើយសុំទោសមិត្តភក្តិខ្ញុំទាំងឡាយ ដែលខ្ញុំអត់បានអញ្ជើញមកចូលរួម ព្រោះសំបុត្រអស់ត្រឹមតារា តែក្នុងចិត្តខ្ញុំ មិត្តភក្តិជាអ្នកនិពន្ធ ជាអ្នកដឹកនាំសម្ដែង ជាអ្នកចូលចិត្តមើលកុន និងអ្នកគាំទ្រខ្ញុំទាំងអស់គ្នា ពិតជាសំខាន់បំផុត ❤

PS: មិត្តភក្តិសរសើរថា រឿង #ទេសចរណ៍ឋាននរក ល្អមើល ស្រមើស្រមៃ Creative តែខ្ញុំមិនសូវជឿទេ ព្រោះមិត្តភក្តិតែងតែនិយាយលើកទឹកចិត្តអ៊ីចឹងហើយ តែដល់គិតៗទៅ បើមិនជឿមិត្តភក្តិ ឱ្យទៅជឿអ្នកណា?

ខែកញ្ញា 29, 2016 at 12:02 ល្ងាច មតិ ១

ទេសចរណ៍ឋាននរក

14368914_599656900194961_5779987087689123432_n

ភាពយន្តនេះគឺជាការឆ្លើយតបដ៏រំភើបមួយពីខ្ញុំទៅកាន់អ្នកគាំទ្រ។ ពេលនេះ ចំណងជើងតូចមួយ #ទេសចរណ៍ឋាននរក នៅក្នុងសៀវភៅ #ចង្កៀងនិទានរឿងខ្មោច បានលេចចេញជារូបរាងភាពយន្តហើយ។ បើទោះជាវាមិនល្អឥតខ្ចោះដូចក្នុងក្ដីស្រមៃ តែវាបានបង្រៀនខ្ញុំយ៉ាងច្រើនពីការងារផលិត និងផ្ដល់ឱ្យខ្ញុំយ៉ាងច្រើននូវបទពិសោធន៍ជីវិត ទើបខ្ញុំចាត់ទុកថា ស្នាដៃមួយនេះជាចំណុចផ្ដើមដ៏មានតម្លៃក្នុងជីវិត។ ក្នុងសាច់រឿងនេះ មានប្រយោគមួយនិយាយថា «បើយើងជាមនុស្សល្អ ពេលវេលានឹងនាំយកមនុស្សដែលមិនល្អ ឱ្យចាកចេញពីជីវិតយើង» ដែលនេះជាកម្លាំងចិត្តមួយ ធ្វើឱ្យខ្ញុំកាន់តែស្រលាញ់ការធ្វើល្អ។ ធ្វើល្អ ទោះជាមិនបានផលក្នុងពេលនេះ តែវានឹងមានផ្លែផ្កានៅថ្ងៃក្រោយ។ ឆាកជីវិតមិនគួរឱ្យខ្លាចពេកទេ បើយើងព្យាយាមយល់ឱ្យច្បាស់។ មានប្រយោគមួយទៀត ដែលខ្ញុំទើបតែអាន គឺ «បើមានអារម្មណ៍ថា ខ្លួនឯងដូចកំពុងតែធ្លាក់នរក អ៊ីចឹងទៅលេងនរកឱ្យស្គាល់ម្ដងទៅ»

14446088_10154706559333816_3959253699343623186_nសង្ខេបរឿង #ទេចរណ៍ឋាននរក៖ វាសនាជាអ្នកនិពន្ធ ចង់សរសេររឿងខ្មោចឱ្យល្បី ត្រូវទីផ្សារ ហើយនៅយប់មួយគេក៏បានទទួលទូរស័ព្ទពីក្រុមហ៊ុនទេសចរណ៍ឋាននរក អញ្ជើញគេទៅទស្សនា និងសិក្សា ដើម្បីការងាររបស់គេ។ នៅឋាននរក វាសនាបានជួបនឹង បញ្ញា ជាមគ្គុទេសនាំផ្លូវគេ។ បញ្ញា ធ្វើឱ្យវាសនាមើលដឹងថា នាងខ្លាចប៉ូលីស ព្រោះនាងជាជនអន្តោប្រវេសន៍ខុសច្បាស់នៅឋាននរក។ សាច់រឿងរបស់បញ្ញា ពិតជាធ្វើឱ្យវាសនាចាប់អារម្មណ៍ ហើយបន្ទាប់មកក៏កើតចិត្តអាណិត និងស្រលាញ់នាង តែក៏ដល់ពេលដែលគេត្រូវត្រឡប់មកឋានមនុស្សវិញ។

14352174_1743263385890921_6770260106891600380_o

ខែកញ្ញា 24, 2016 at 2:58 ល្ងាច បញ្ចេញមតិ

ស្នេហា និង ខ្មោច

ស្នេហា និង ខ្មោច ជារបស់ពីរយ៉ាង ដែលគ្រប់គ្នាចូលចិត្តលើកមកនិយាយ តែមានអ្នកតិចណាស់ ដែលបានស្គាល់ ហើយក៏មិនដឹងប្រាប់យ៉ាងម៉េចឱ្យគេយល់ បើគេមិនបានជួបខ្លួនឯង។ ជាប្រយោគនៅក្នុងកុន ដែលខ្ញុំទើបតែមើលមុននេះ ទៅមើលកុនម្នាក់ឯង «ម្នាក់ឯង តែមិនឯកា» អារម្មណ៍នេះ ក៏ខ្ញុំទើបតែយល់ដែរ ហើយធ្វើឱ្យខ្ញុំដឹងថា ពេលវេលាជាកត្តាសំខាន់ក្នុងការយល់ពីរឿងអ្វីមួយ ពោលបើពេលវេលាមកដល់ យើងនឹងយល់ច្បាស់មិនខាន។

image

កាលពីមុន ខ្ញុំនិយាយអ្វីដែលគ្រាន់តែជាក្ដីស្រមៃ ថាខ្ញុំអាចធ្វើបាន ដូចជាថា ខ្ញុំចូលចិត្តមើលកុនម្នាក់ឯង តែធាតុពិតខ្ញុំឯកោខ្លាំងណាស់។ តែពេលនេះ ខ្ញុំមិនមែននិយាយឱ្យគេសរសើរទៀតទេ គឺខ្ញុំពិតជាមិនឯកាមែន ថែមទាំងទទួលអារម្មណ៍នៃសេរីភាពពេញទី។ ចុះបើមានគ្នាយ៉ាងម៉េច? ក៏សប្បាយតាមរបៀបមានគ្នា តែបើមានគ្នាមានបញ្ហា ឬនាំឱ្យរំខាន គឺត្រូវតែសម្រេចចិត្តថា តើគួរមានគ្នាឬអត់។

ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានខែនេះ បន្ទាប់ពីរំដោះខ្លួនចេញពីទស្សនៈជីវិតឥតន័យបាន។ ខ្ញុំយល់ច្បាស់ពីឥទ្ធិពលនៃការគិត ហើយក៏ខំរៀនបង្វែរការគិតអវិជ្ជមាន មកជាការគិតវិជ្ជមាន ចំពោះគ្រប់រឿងដែលខ្ញុំបានជួប។ ក្នុងហេតុការណ៍នីមួយៗ មនុស្សអាចយកមកគិតខុសៗគ្នា តែនៅពេលនេះ ខ្ញុំចង់ឱ្យមនុស្សដែលស្គាល់ខ្ញុំ ចេះជ្រើសរើសការគិតណាដែលមានប្រយោជន៍ គិតដើម្បីដោះស្រាយ គិតដើម្បីសប្បាយចិត្ត៖

~ពេលបាត់របស់អ្វី ចូរគិតថា «គ្មានរបស់ណាបាត់ទេ គ្រាន់តែវាប្ដូរម្ចាស់» វាមិនមែនជារឿងកំប្លែងទេ គឺជាការពិតក្នុងលោកនេះ។

~ពេលធ្វើការហត់ខ្លាំង ចូរជឿថា យើងនឹងបានផលតបស្នងច្រើនដូចគ្នា ដែលផលនោះនឹងកើតឡើងពិតមែន ចំពោះអ្នកដែលព្រមធ្វើការដោយសុទ្ធចិត្ត។

~ពេលឱ្យអ្វីទៅគេ ឬក៏ជួយគេ កុំស្ដាយ ឬគិតថាគេរមើលគុណ ចូរជឿថា យើងនឹងបានមកវិញច្រើនជាង ហើយយើងនឹងមានអ្នកផ្សេងទៀត ជួយយើងវិញមិនខាន ដែលនេះគឺជាច្បាប់នៃការស្របទាញ។

~ពេលត្រូវបានអ្នកណាម្នាក់ធ្វើបាប ចូរអាណិតគេ ព្រោះគេកំពុងតែដើរផ្លូវខុស ជីវិតគេនឹងមិនសប្បាយចិត្ត ព្រោះគេគិតរឿងមិនល្អ ហើយជំនួសដោយមិនស្អប់ ចូរអរគុណគេ ដែលធ្វើឱ្យយើងដឹងថា អ្នកណាល្អនឹងយើងពិតប្រាកដ។

~ពេលជួបរឿងអាក្រក់ កុំអស់សង្ឃឹម ឬបាក់ទឹកចិត្ត ហើយត្រូវរក្សាជំហជាមនុស្សល្អ បន្តស្វែងយល់និងដោះស្រាយ ហើយជឿទៅ បញ្ហាកាន់តែធំ រង្វាន់ក៏កាន់តែធំដែរ។

~ពេលធ្វើអ្វីតែម្នាក់ឯង កុំគិតថាគ្មានអ្នកណាស្រលាញ់ តែត្រូវចេះប្រើសេរីភាព ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយត្រូវដឹងថា នេះជាឱកាសសាងខ្លួនឯងឱ្យរឹងមាំពិតប្រាកដ។

*ខ្ញុំជឿថា ប្រាកដជាមានអ្នកបានឆ្លងកាត់បទពិសោធន៍បែបនេះរួចហើយ ដែលធ្វើឱ្យជីវិតកាន់តែប្រសើរ ព្រោះរឿងល្អៗក៏ចូលមកតាមរយៈការគិតបែបវិជ្ជមាន អ៊ីចឹងជួយសរសេរមតិចែករំលែកបន្ថែមផង ថាពេលជួបបញ្ហា តើគួរគិតបែបណា ដើម្បីប្រើការគិតជាប្រយោជន៍ និងចាកផុតពីការគិតអាក្រក់ៗ រកច្រកចេញមិនឃើញ រហូតដល់គិតខ្លី ពិតជាគួរឱ្យខ្លាចណាស់។ ត្រូវចាំថា យើងមិនអាចបញ្ឈប់ការគិតអ្វីមួយបានទេ តែយើងអាចបង្វែរការគិតបាន។ ខណៈដែលរឿងល្អៗចូលមកក្នុងខួរក្បាលយើងកាន់តែច្រើន ការចងចាំរឿងអាក្រក់ៗនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ។ #សុខចាន់ផល

ខែមិថុនា 23, 2016 at 1:26 ល្ងាច បញ្ចេញមតិ

ខ្ញុំទើបតែដឹង

image

គ្រប់ពេលធ្វើដំណើរ ខ្ញុំស្ងាត់ស្ងៀម ខ្ញុំគិតច្រើន ព្រោះខ្ញុំឃើញច្រើន។ ខ្ញុំកាន់តែដឹង ថាទម្រាំតែបានរស់ មនុស្សម្នាខំប្រឹងណាស់។ ជីវិតពិតជាអស្ចារ្យណាស់ហើយ ទើបពួកគេខំប្រឹងដើម្បីរស់។ អ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃ បញ្ហារញ៉េរញ៉ៃមិនស្មើនឹងបញ្ហាក្រពះ។ ដើម្បីមានលំនឹងក្នុងជីវិត មនុស្សត្រូវមានទំនាក់ទំនងល្អ។ ដើម្បីមានទំនាក់ទំនងល្អ មនុស្សត្រូវមានបញ្ញា។ ដើម្បីមានបញ្ញា មនុស្សត្រូវរៀនសូត្រ។

ចួនកាលយើងគិតថា អ្នកនោះជាមនុស្សអាក្រក់ អ្នកនោះជាមនុស្សឆ្មើង អ្នកនោះជាមនុស្សសួនតួ… តែតាមពិតយើងមិនអាចវិនិច្ឆ័យថាគេជាមនុស្សបែបណាឡើយ ព្រោះគេជាមនុស្សបែបណា គឺអាស្រ័យលើអ្នកណាដែលគេប្រាស្រ័យទាក់ទងជាមួយ។ មើលរឿង #thejunglebook គេនិយាយថា ដើម្បីរស់បាន ម៉ៅឃ្លី ត្រូវមានក្រុម។ អ៊ីចឹងអ្នកគ្រប់គ្នាសុទ្ធតែជាមនុស្សអស្ចារ្យសម្រាប់ក្រុមរបស់គេ។ ខ្ញុំសឹងតែគ្មានអ្វីនិយាយ នៅពេលដែលខ្ញុំស្ថិតក្នុងចំណោមមនុស្សដែលមានការគិតមិនដូចខ្ញុំ ហើយខ្ញុំក៏មានអារម្មណ៍ឯកា។ មិនខុសពីម៉ៅឃ្លីទេ គឺខ្ញុំកំពុងស្វែងរកក្រុមពិតប្រាកដរបស់ខ្ញុំ។

ក្រុមជាចំណែកខ្វះមិនបានរបស់មនុស្ស។ ខ្ញុំធ្លាប់ចង់រៀនរស់តែម្នាក់ឯង ប៉ុន្តែវាទៅមិនរួចនោះទេ។ ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីមនុស្សចូលចិត្តអួតគ្នា ចូលចិត្តនិយាយពីសមត្ថភាពពូកែរបស់ខ្លួនឯងប្រាប់គេ… ហើយខ្ញុំធ្លាប់លាក់បាំងសមត្ថភាពខ្លួនឯង ព្រោះចង់ដឹងថាគេឱ្យតម្លៃខ្ញុំយ៉ាងណា បើគេមិនបានស្គាល់ខ្ញុំ។ គ្មានអ្នកណាឱ្យតម្លៃខ្ញុំនោះទេ បើគេមិនស្គាល់ខ្ញុំ ហើយខ្ញុំក៏ដឹងថា ហេតុអ្វីក៏មនុស្សខំប្រឹងរកវិធីដើម្បីឱ្យគេស្គាល់ ខំប្រឹងដណ្ដើមយកភាពល្បីល្បាញ គឺកត្តាទាំងនេះឯង ដែលធ្វើឱ្យពួកគេមានអ្នកចាប់អារម្មណ៍ យករូបគេជាក្រុម។ មនុស្សត្រូវការក្រុម ត្រូវការក្ដីស្រលាញ់ ត្រូវការការការពារ ដើម្បីរស់នៅដោយសុវត្ថិភាពទៅថ្ងៃមុខ។

ខែ​មេសា 17, 2016 at 12:56 ព្រឹក មតិ ១

ចេះមើលកុនទេ?

ពីណាក៏ចេះដែរ មែនហ្អេ? តែ… ជួនកាលរឿងដ៏ល្អបែរជាគេថាអត់ចេះមើល ហើយនាំគ្នាទៅមើលរឿងយ៉ាប់ៗ >< ខមាទោស មិនមែនបង្អាប់ទេ តែបើបែបនេះ អ្នកចេះធ្វើកុនមានន័យអីទៅ? បញ្ហានេះគឺកើតឡើងនៅស្រុកខ្មែរ! ថាទៅខ្ញុំដូចជាទើសគេពេកដែរ ជារឿងគេ ជាលុយគេ គេចូលចិត្តមើលរឿងអីក៏មើលទៅ ហេតុអ្វីខ្ញុំត្រូវស្ដាយជំនួសគេ? មែន! គឺខ្ញុំចូលចិត្តស្ដាយជំនួសគេ ពេលមើលកុនអីល្អមើល មានសារប្លែក គឺខ្ញុំចង់ឱ្យគេបានទទួលដែរ ម្យ៉ាងគាំទ្រអ្នកមានទេពកោសល្យផង។ ប៉ុន្តែតើធ្វើយ៉ាងម៉េចទៅ បើគេថាគេមើលមិនយល់។ អ៊ីចឹងបានថា សៀវភៅក៏ដោយ កុនក៏ដោយ មិនប្រាកដថាគ្រប់គ្នាសុទ្ធតែអាចមើលយល់ទេ។ តើគួរតែបើកថ្នាក់បង្រៀនឱ្យមនុស្សចេះមើលកុនទេ?

និយាយទៅស្អីក៏ត្រូវរៀនដែរ។ ពេលប្រទេសមួយមានអ្នកចេះមើលកុនច្រើន ក៏មានអ្នកចេះផលិតកុនច្រើនដូចគ្នា ហើយប្រទេសនោះក៏មិនដើរយឺតជាងពិភពលោកដែរ។ នៅស្រុកខ្មែរ ប្រហែលជាមិនសូវមានអ្នកចេះធ្វើកុន ឬក៏គេផលិតកុនតម្រូវទីផ្សារ ឬតាមចំណេះដឹងអ្នកមើល? ខ្ញុំគិតថា កាលពីតូចខ្ញុំគ្រាន់តែចូលចិត្តមើលកុនធម្មតា តែពេលធំឡើងខ្ញុំក៏ចង់ក្លាយជាអ្នកផលិតកុន ហើយខ្ញុំក៏ចេះវិភាគពីគុណភាពកុនខ្លះៗ ពិសេសលើផ្នែកអត្ថន័យរឿង។ កុនមួយដែលដក់ចិត្តខ្ញុំ គឺត្រូវមានអ្វីថ្មីផ្ដល់ឱ្យខ្ញុំ ហើយពេលខ្ញុំទទួលបាន ខ្ញុំក៏កាន់តែយល់ពីសារសំខាន់នៃការផលិតកុន។ ជាការខាតបង់ខ្លាំងណាស់ ដែលមានរបស់ល្អហើយ តែយើងមិនអាចស្រូបយកមកប្រើប្រាស់ក្នុងជីវិតបាន ខណៈដែលខ្លឹមសាររឿងដែលអ្នកនិពន្ធប្រឹងប្រើទេពកោសល្យបង្ហាញ ត្រូវបានអ្នកមើលមិនចាប់អារម្មណ៍។ ខ្ញុំជឿថា ជួនកាលបំណងពិតរបស់អ្នកផលិតកុន មិនមែនជាចំនួនសំបុត្រដែលលក់បានទេ តែគឺការទទួលបានរបស់អ្នកមើល។ កាលពីក្មេង ខ្ញុំធ្លាប់ស្ដាយជំនួសមនុស្សមិនចេះញ៉ាំធូរេន ព្រោះខ្ញុំដឹងថារសជាតិធូរេនឆ្ងាញ់។

ភ្ជាប់នឹងអត្ថបទនេះ ខ្ញុំសូមនិយាយដល់រឿង ស្ដេចស្វាស៊ុនអ៊ូខុង២ ដែលខ្ញុំទើបតែមើលពីម្សិលមិញ។ ខ្ញុំជាអ្នកមើលរឿងភាគចិនតាំងពីតូច ហើយខ្ញុំក៏យល់ពីសមត្ថភាពរបស់អ្នកនិពន្ធចិន គ្រាន់តែមួយរយៈចុងក្រោយនេះ ខ្ញុំជាប់ចិត្តនឹងរឿងភាគកូរ៉េច្រើនជាង ដោយសារចិនមិនទាន់បានធ្វើអ្វីប្លែកសម្រាប់ខ្ញុំ។ អ៊ីចឹងហើយ ចំពោះសាច់រឿង ថាំងចេង និង ស៊ុនអ៊ូខុង ដែលខ្ញុំធ្លាប់មើល ខ្ញុំពិតជាចង់ដឹងថា តើអ្នកនិពន្ធបង្ហាញយ៉ាងម៉េច ពេលគេយកមកធ្វើជាភាពយន្តខ្នាតធំ។ ខ្ញុំមើលដោយយកចិត្តទុកដាក់ ហើយខ្ញុំប្រៀបធៀបជាមួយនឹងរឿងហូលីវូដ។ ពេលទំនាស់រឿងកាន់តែស្មុគស្មាញ ខ្ញុំកាន់តែចង់ដឹងពីដំណោះស្រាយ ហើយនៅពេលនោះ ខ្ញុំក៏ឮអ្នកមើលម្នាក់និយាយថាអត់យល់។ ម្នាក់នោះគាត់សើចសប្បាយនឹងឈុតកំប្លែងនៃរឿងរហូត តែត្រង់ចំណុចសំខាន់ដែលសាច់រឿងផ្ដល់ឱ្យ គាត់បែរជាទទួលមិនបាន។ ខុសពីគាត់ ខ្ញុំរំភើបដល់ហូរទឹកភ្នែក ហើយសរសើរដល់អ្នកនិពន្ធដែលមានសមត្ថភាព។ ខ្ញុំអាចយល់ ប្រហែលជាដោយសារខ្ញុំធ្លាប់នៅក្នុងបញ្ហា ហើយខ្ញុំជាមនុស្សចូលចិត្តវិភាគ ពិសេសគឺទ្រឹស្ដីព្រះពុទ្ធ តែអ្នកមើលខ្លះ វាហាក់ដូចជាថ្មីសម្រាប់គេ និងក្លាយជារឿងគ្មានន័យទៅវិញ។

#TheMonkeyKing2 👍🐒 ខ្ញុំហូរទឹកភ្នែកនឹងពាក្យពេចន៍ថាំងចេង ប្រោសមួយជាតិមិនបាន ប្រោសមួយជាតិទៀត ចំណែក អ៊ូខុង ទទួលយល់ក៏ឆ្លើយថា ចាំមួយជាតិមិនឃើញ ចាំមួយជាតិទៀត។ ថាំងចេង លះបង់ជីវិតខ្លូនឯងដើម្បីប្រោសបិសាច បើខ្លួនឯងមិនចុះនរក ទោះយកបានគម្ពីរធម៌ តើមានន័យអ្វី? ខ្ញុំចូលចិត្តរឿងនេះតាំងពីវគ្គ១ ហើយវគ្គ២នេះ កាន់តែមានន័យ បង្ហាញពីសេចក្ដីពិត ជម្លោះក្នុងចិត្ត  «អ៊ូខុងអាចមើលឃើញការពិត ថាំងចេងអាចមើលឃើញដួងចិត្តខាងក្នុង»

12717509_10201374248434149_7694251164112737025_n

 

ខែ​កុម្ភៈ 13, 2016 at 3:02 ល្ងាច បញ្ចេញមតិ

Love H2O

maxresdefaultធ្លាប់គិតថាខ្លួនជាទឹកពេញកែវ អាចដោះស្រាយវិបត្តិស្នេហាឱ្យគេគ្រប់គ្នា តែចុងក្រោយ ក៏សារភាពថា ខ្លួនជាទឹកកន្លះកែវ មិនទាន់ស្គាល់ស្នេហាទេ…

រឿងថៃមួយនេះធ្វើឱ្យខ្ញុំនឹកឃើញដល់រឿងមួយទៀត «Single Lady» ជារឿងដែលប្រាប់អ្នកមើលឱ្យមានទំនួលខុសត្រូវចំពោះស្នេហាដែលខ្លួនបានបង្កើត។

ខ្ញុំយល់ឃើញថា នេះជាភាពប្លែកមួយទៀតនៃការនិពន្ធ បើប្រៀបធៀបទៅជំនាន់មុន ដែលរឿងស្នេហាគេនិយមសរសេរពីសោកនាដកម្មនៃគូស្នេហ៍ណាមួយ ដែលមានប្រវត្តិស្នេហ៍ដ៏រំជួលចិត្ត ដូចជារឿង ទុំទាវ ឬ Titanic ជាដើម។ សម័យនេះ គេចូលចិត្តសរសេរពីអារម្មណ៍ដ៏ជ្រៅ​នៃមនុស្សដែលចង់អភិវឌ្ឍខ្លួន ឬកំពុងស្វែងរកផ្លូវទៅកាន់សុបិន ដែលមានឆាកជីវិតជោគជ័យ ទាំងការងារនិងស្នេហា។ គេនិយាយកាន់តែស៊ីជម្រៅពីការគិតរបស់មនុស្ស ឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ ព្រមទទួលស្គាល់នូវចំណុចខ្សោយ ហើយហ៊ាននិយាយអារម្មណ៍ពិតចេញមក។

តាមរយៈរឿង Love H2O បានប្រាប់ខ្ញុំថា យើងមិនអាចវិនិច្ឆ័យមនុស្សតាមកេរ្តិ៍ឈ្មោះ ឬក៏សំបកក្រៅនោះទេ ព្រោះជួនកាលគេល្ងង់ជាងយើងទៀតក៏ថាបាន។ ក៏ដូចខ្ញុំដែរ ទោះជាខ្ញុំអាចនិពន្ធរឿងឱ្យគេអានបាន តែតាមពិតខ្ញុំគ្រាន់តែសរសេរតាមអ្វីដែលខ្ញុំធ្លាប់ដឹងប៉ុណ្ណោះ ទាំងដែលខ្ញុំមិនធ្លាប់ឆ្លងកាត់ ដែលការពិតខ្ញុំល្ងង់មែនទែន ហើយខ្ញុំមិនមែនជាមនុស្សល្អដូចជាតួអង្គដែលខ្ញុំសរសេរក៏ថាបាន។

ខែ​កុម្ភៈ 12, 2016 at 4:06 ល្ងាច បញ្ចេញមតិ

ខ្ញុំចង់ក្លាយជាអ្នកផលិតភាពយន្ត

មនុស្សតែងតែគិតថា ខ្លួនឯងជាមនុស្សល្អ ខណៈដែលក្នុងលោកនេះបែរជាសម្បូរដោយមនុស្សអាក្រក់។ ដល់បែបនេះ ខ្ញុំក៏លែងរំភើបដែលឮគេប្រាប់ថា គេជាមនុស្សល្អ ហើយបែរជាសរសើរទៅវិញ ចំពោះអ្នកដែលប្រាប់ថា គេជាមនុស្សអាក្រក់។ ក្រៅពីក្នុងសង្គមផ្ទាល់ មនុស្សអាក្រក់ និងល្អ ក៏អាចមើលឃើញតាមរយៈស្នាដៃសិល្បៈ។ ភាពយន្តគឺជាកញ្ចក់ឆ្លុះមួយ ឱ្យគិតថា តើខ្ញុំដូចតួអង្គណា ឬក៏គួរតែធ្វើដូចតួអង្គណា ទើបរស់នៅមានន័យ។

ភាពយន្តបានបង្រៀនខ្ញុំឱ្យកាន់តែមានក្ដីស្រលាញ់។ ដើមឡើយខ្ញុំជាមនុស្សឯកា និងអាត្មានិយម ពោលបើគេស្អប់ខ្ញុំ ខ្ញុំក៏មិនអាចស្រលាញ់គេដែរ។ ប៉ុន្តែក្រោយមក ខ្ញុំបែរជារៀនចេះស្រលាញ់ និងថែរក្សា ចំពោះក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ… ពួកគេមិនសុទ្ធតែល្អដាក់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែព្យាយាមស្រលាញ់ពួកគេ តាមដែលអាចធ្វើបាន។ អារម្មណ៍បែបនេះ គឺមានចំណែករបស់រឿងភាគកូរ៉េ ដែលអ្នកនិពន្ធនិងអ្នកដឹកនាំរឿង មានសមត្ថភាពហួសពីការគិតរបស់ខ្ញុំ អាចបង្កើតសាច់រឿងឱ្យខ្ញុំរំភើបជាបន្តបន្ទាប់។

បើអាច ទៅថ្ងៃក្រោយខ្ញុំចង់ក្លាយជាអ្នកផលិតភាពយន្តម្នាក់។ ខ្ញុំមិនទាន់យល់ពីកិច្ចការនេះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមានក្ដីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះកិច្ចការនេះ។ ក្នុងខ្សែភ្នែកខ្ញុំ ខ្មែរបច្ចុប្បន្នពិតជាខ្សោយសិល្បៈណាស់ គ្រាន់តែរកភាពយន្តមើលឱ្យចូលភ្នែកមួយក៏ពិបាក។ ខ្ញុំមិនថាខ្ញុំអាចធ្វើបានទេ ប៉ុន្តែខ្ញុំពិតជាចេះមើលថាអ្វីល្អ អ្វីមិនកើត។ ខ្ញុំកំពុងស្រម៉ៃថា អាចមានឱកាសទៅសិក្សាភាពយន្តពីប្រទេសដ៏ខ្លាំងៗ ដើម្បីធ្វើភាពយន្តខ្មែរឱ្យបានល្អនាពេលអនាគត។

ក្ដីស្រមៃគឺជាក្ដីស្រមៃ ប៉ុន្តែខ្ញុំនៅតែហ៊ានគិត ព្រោះខ្ញុំយល់ថា មិនមែនជារឿងគួរឱ្យខ្មាសអៀនអីទេ បើទោះជាមិនអាចសម្រេចបានក៏ដោយ។ ធ្វើជាមនុស្សត្រូវតែស្មោះត្រង់នឹងខ្លួនឯង រួមទាំងអ្នកដទៃ ហ៊ាននិយាយអ្វីដែលខ្លួនកំពុងគិត ទើបហៅថាមនុស្សស្មោះស។

ខែ​មេសា 26, 2012 at 3:36 ល្ងាច មតិ 11

Love Buffet

និយាយពីភាពយន្ត ខ្ញុំដូចជាចូលចិត្តមើលរឿងភាគ ជាងរឿងបញ្ចាំងក្នុងរោង។ អាចថា មកពីខ្ញុំមើលរឿងភាគច្រើនជាងក៏បាន ព្រោះធម្មតាបើញ៉ាំបាយរាល់ថ្ងៃ ប្រាកដជាចូលចិត្តបាយជាងនំប៉័ង។ ដឹងទេ? ពេលនេះខ្ញុំក៏ចាប់ផ្ដើមសរសេររឿងភាគដែរ ហើយខ្ញុំជឿជាក់ណាស់ ថាខ្ញុំសរសេរបានល្អ ព្រោះខ្ញុំមានបទពិសោធន៍មើលរឿងភាគរាប់ឆ្នាំហើយ។ 😉

ចូលដល់ភាគយន្តក្នុងចិត្តខ្ញុំនាពេលនេះម្ដង! កន្លងមកខ្ញុំធ្លាប់និយាយពីរឿងកូរ៉េ តែពេលនេះសូមលើកពីរឿងតៃវ៉ាន់ម្ដងវិញ! Love Buffet ចំណងជើងពិតជាទាក់ចិត្តសម្បើមណាស់ ជាពិសេសខ្ញុំចូលចិត្តការពណ៌នាអារម្មណ៍តួអង្គ ដែលប្រហែលជាយកប្រលោមលោកមកថតក៏មិនដឹង។ រឿងនេះសរសេរពីអារម្មណ៍ក្មេងស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ កំពុងតែប្រើខួរក្បាល និងបេះដូងរបស់នាង ស្វែងយល់ពីស្នេហា។ គេអាចពណ៌នាពីអារម្មណ៍ស្នេហាបានពិន្ទុ១០០ 😀 ដូចជាឃ្លាថា ស្នេហាគឺសាមញ្ញអ៊ីចឹងមែនទេ? យកមិនបាន A ក៏ជ្រើស B មិនបាន B ក៏សម្លឹង C ទៀត! ពេលស្រលាញ់អ្នកណាម្នាក់ ធ្វើម៉េចទៅទើបដឹងថាជាក្ដីស្រលាញ់ពិត? ក្ដីស្រលាញ់ និងក្ដីឈឺចាប់នោះ វាហួសហើយ តែវាមិនមែនជាការយល់ច្រឡំទេ។

ប៊ូហ្វេស្នេហា ទាល់តែមានលុយចូលហាងប៊ូហ្វេ ទើបអាចជ្រើសរើសតាមចិត្តបាន ហេហេ

ខ្ញុំធ្លាប់ថា ខ្ញុំមិនចូលចិត្តអាន គេក៏សួរថា ម៉េចក៏ខ្ញុំចេះតែងនិពន្ធ បើអ្នកនិពន្ធស្ទើរតែទាំងអស់សុទ្ធតែផ្ដើមដោយការចូលចិត្តអាន? គ្មានអ្វីដែលត្រូវមួយរយភាគរយទេ ព្រោះហេតុផលខ្ញុំគឺព្រោះខ្ញុំចូលចិត្តមើលភាពយន្ត ដែលវាមិនមែនជាការមើលធម្មតាទេ គឺមើលជក់ រហូតលួចរៀនតាមគេទាំងមិនដឹងខ្លួន។

ខែ​មីនា 19, 2012 at 1:21 ល្ងាច មតិ 4

អ្នកជឿជាក់លើស្នេហា?

ប្រហែលជាអ្នកក៏ដូចខ្ញុំ ធម្មតាគឺតែងតែដេកគិតថា ខ្លួនបានធ្វើអ្វីខ្លះ? វាជាទម្លាប់តាំងពីតូចរហូតមកដល់ពេលនេះ ហើយក៏នៅតែបន្ទោសខ្លួនឯងជារឿយៗ ថាខ្លួនឯងល្ងង់ មិនទាន់ចេះរស់ឱ្យមានប្រយោជន៍។ មួយរយៈនេះ ខ្ញុំក្លាយជាទីប្រឹក្សាស្នេហារបស់អ្នកខូចចិត្ត ហើយបាននិយាយពីភាពផុយស្រួយនៃអារម្មណ៍ស្មោះ ភាពបោកបញ្ឆោតនៃស្នេហា។ ខ្ញុំថាកុំល្ងង់ កុំចាញ់បោកស្នេហាទៀត។ ពាក្យសម្ដីបែបនេះស្រាប់តែចេញពីមាត់ខ្ញុំ… ប្រហែលព្រោះខ្ញុំកំពុងមើលស្នេហាក្នុងបេះដូងខ្មៅងងឹត ក្នុងគំនិតអារាត់អារាយនៃអារម្មណ៍ឈឺចាប់ដោយសារស្នេហា។

យប់មិញខ្ញុំមើលភាពយន្តមួយរហូតដល់ម៉ោងជិតពីរយប់។ ខ្ញុំព្យាយាមយល់សម្ដីគ្រប់ម៉ាត់របស់តួអង្គក្នុងរឿងនោះ។ គេថា «ខ្ញុំលែងជឿជាក់លើស្នេហាទៀតហើយ ទោះបីពេលនេះខ្ញុំស្រលាញ់អ្នកខ្លាំងក៏ដោយ ក៏ក្នុងចិត្តតែងតែគិតថា មិនយូរមិនឆាប់ស្នេហានេះនឹងសាបរលាប…» យូរៗម្ដងខ្ញុំក៏អាចជួបរឿងដែលប៉ះអារម្មណ៍ខ្ញុំខ្លាំងបែបនេះ ដេកហើយភ្ញាក់ឡើងក៏នឹកឃើញពីវាទៀត។ ខ្ញុំចេះតែគិតរហូតថា មកពីអារម្មណ៍ជឿជាក់របស់ពួកគេទន់ខ្សោយពេកមែនទេ បានជាមិនបានជួបគ្នានៅក្នុងជីវិតសេសសល់? បែបនេះប្រហែលពួកគេខុស ហើយខ្ញុំក៏ខុសមករហូតដែរ ដែលលែងជឿជាក់ស្នេហា។ ស្នេហាមិនមែនជាការតាំងចិត្តទេ វាកើតឡើងដោយចៃដន្យបំផុតពេលយើងកំពុងដកដង្ហើមតាមធម្មតា។

ខែ​កុម្ភៈ 25, 2012 at 8:57 ព្រឹក មតិ 19

អត្ថបទ​ចាស់​ជាង​នេះ​


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

  • មិន​មាន

Blog Stats

  • 230,359 hits
Visit Cute-Spot.com!