Posts filed under ‘ប្រលោមលោក’

Chanphal Sok: Love Still Exists In Silly Mobile Phone Generation

គេហទំព័រ Khmer Bird បាន​ផ្សាយ​អត្ថបទ​​មួយកាល​ពី​ម្សិល​មិញ។ វា​កើត​ឡើង​ដោយ​​​ការ​សម្ភាស​​តាម​ facebook Message រវាង​ខ្ញុំ និង​បងប្រុស Santel PHIN ដែល​យើង​បាន​ជជែក​ពី​​ចម្ងល់​ខ្លះៗ ជុំ​វិញ​ការ​ផលិត​បទ​ចម្រៀង​ក្នុង​ស្រុក​ខ្មែរ​នា​បច្ចុប្បន្ន​នេះ។ អរគុណ​បងប្រុស Santel PHIN ដែល​ចាប់​អារម្មណ៍ និង​ឱ្យ​តម្លៃលើ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់​ខ្ញុំ។ ខ្ញុំ​សូម​ចុះ​ផ្សាយ​អត្ថបទ​ដើម​ទាំង​ស្រុង​ឡើង​វិញ​នៅ​ទី​នេះ៖

 

by Santel PHIN on 02/24/2011

I can write only when Vitou is sleeping. He is now 1 month and half and his weight is 6 kgs already. He is growing fast!

I was busy with my son and I didn’t write anything seriously lately but I believed you are enjoying posts from Lyda, our new editor.

It was on a bus to Saigon that I have chance to watch music video of Hang Meas production RHM Vol 424. I like the two series of Calltune songs. That was not the first time that I realized their lyrics have been improved. I started to realized since the day I discovered a song sang by Sokun Kanha about an impossible love story. I admired the talent of the writer that could find a simple way to express an impossible and complicated love story. I discovered just after I published the post, some Facebook friends referred me to the Thai original song.

I was a bit disappointed to learned about this. I used to exchange some discussion with people working with Hang Meas. I have asked about their vision if they plan to produce original song. I got confirmation that Hang Meas always encourage their people to produce original song. I am not sure about their target when they are capable to produce 100% original songs. I doubt they also got some difficulties to find good original songs to circle in the market. They might need to mix some original and some copied songs but soon or later they need to stop copy from others. It’s against the International copyright. I believed they understand this point better than me.

I have another chance to read about the new lyric writer of Hang Meas on a magazine while I had lunch in Siem Reap last week. That was a good trace for me to contact the writer. I got his name and have learn a few details about his background and his works as a lyric writer. In fact he is on my Facebook friend list already.

His name is Chanphal Sok. We have exchanged some conversation since yesterday. What make me interesting the most in Chanphal’s lyrics are its simplicities, realistic stories and good harmony of words (I guess we call it verse or poetry) to tell about human feeling.

We have a lot of golden old songs from 60s and 70s but those songs didn’t describe about the current situation anymore. Time passed, the human feeling changed. Those 60s, 70s songs have a very deep meaning of love but the young people of Internet period couldn’t find any good connection between those classic songs and their daily life. The idea is to use some words from those old golden songs to tell about today love story. This is not a simple work to do. I used to sit many nights to write a song lyric, I finally finished up with an empty paper.

Chanphal found his way to do a good projection of classic love story into silly mobile phone generation. “Call Mok Bong Pel Ke Bos Borng Oun” (Call me when he dump you) became quickly a very popular song. Chanphal confirmed me that 100% of the lyric composed by himself but some melodies are original, some are copied.

I love when he used speaking language in his lyrics. Each word he used in his songs have a deep meaning. I don’t know how much time he spent to write a lyric but I am sure he need to spend time to tell a complicated impossible love story in a very simple way. He did a wonderful job. You can find below some of my Q&A with him.

Santel: First, thank you for this lovely song Calltune Dom Nang Jet Smos, does this song is original composed by you? or is it adapted from others?

Chanphal: The lyric is composed by me, but the melody I believed it is original from Vietnam. For this two songs of Calltune, I created the story on my own. I didn’t translate or adapted the story from its original. I think the lyrics I wrote are even better than its original. Hang Meas uses different word if you pay enough attention to the song’s credit. If it is original we use “written by” and if it is copied we use “adapted by”. You may notice that the lyrics I wrote have been credited as: Lyric written by Chanphal Sok.

Santel: How long have you been working for Hang Meas? Sorry to be frank with you, you don’t have to reply if you think it is your privacy, do you feel uncomfortable with the company that still continue to copy songs from others?

Chanphal: I’ve started my work with Hang Meas since 2009 Jan, so it’s over two years now. I am not feel comfortable with it. I am proud that I can compose good and popular lyrics but when I heard people said the melodies are copied from other countries is made me so sad. Since my first song “Chheam Pich” I met this problem. Even I write the lyric in Khmer style but the melody is not original Khmer.

Sometime people need to open their heart and accept the fact that we don’t have many song composers in Cambodia. On the other hand, artists will not exist without supporters. Cambodian copyright law is not practiced yet. It is hard for artists to ear a living from their works, when you can find copied CD everywhere in the market.

I hope government would help to eliminate the piracy in Cambodian market. This would give more opportunities for young artists to rise as we have system that protect their works.

By the way, Hang Meas have produced some original songs both melody and lyric, for example, “Besdong Khmer” of Angkor beer, “Sayon Eaka” and other many songs.

Santel: How many songs have wrote since so far, I believed Calltune is right now a very popular song?

Chanphal: I’ve written over 100 lyrics. Most of the songs I wrote have been well received.
Some of my popular songs are:

Santel: To become a writer, do you join the training somewhere or with someone before? I have seen you posted few books, did you write novel and publish book too?

Chanphal: That’s right. I always try my best to develop my writing skill with a lot of people. So far, I have joined Khmer Writer Association, Nou hach Literature Association. In fact I was a novelist before song writer. I like to write book so much and now I just publish a novel is called “Winter Love“.

Santel: The lyric of calltune is very romantic and I like the most when you express “If I cannot become someone you love, let me be the one who love you”. This phrase is simple but it goes from the ears and stays in people’s heart. It expresses how deep love can go. Does the story taken from someone experience or you just create it on observation?

Chanphal: I think I have heard this phrase some time ago, but I don’t remember when or where. It’s all mixed together from my own experiences and on observation the others.

Santel: If someone want to become a song writer, what are the 3 principal things you can advice?

Chanphal:

  1. Don’t create anything that doesn’t exist, look around you and find a realistic story to write.
  2. Spend time to find the right words, make good harmony and arrange the word to poetry form as much as you can.
  3. Make it simple and easy to remember and sing !

 

ខែ​កុម្ភៈ 25, 2011 at 11:50 ព្រឹក មតិ 3

បេះដូងស្រពោន…

«មនុស្ស​ម្នាក់ៗ​រង​ទុក្ខ​ដោយ​សារ​តែ​មនោសញ្ចេតនា​ខ្លួន​ឯង។ កញ្ញា​ស្រលាញ់​ខ្ញុំ តែ​ខ្ញុំ​ស្រលាញ់​ប្រភា ឯ​​ប្រភា ​​មិន​ស្រលាញ់​ខ្ញុំ… ហេតុអ្វី​ក៏​ព្រហ្មលិខិត​មិន​ព្រម​ចារ​ឲ្យ​មនុស្ស​គ្រប់​គ្នា ស្រលាញ់​តែ​អ្នក​ណា​ដែល​ស្រលាញ់​ខ្លួន​ទៅ?»

អារម្មណ៍​បែប​នេះ​ខ្ញុំ​យល់​តាំង​ពី​ខ្ញុំ​សរសេរ​រឿង «ខែរងា» ម្ល៉េះ! វា​ធ្វើ​ឱ្យ​ខ្ញុំ​ទន់​ដៃ​ទន់​ជើង… ​នឿយ​ហត់​ណាស់… បេះដូង​​អស់​សង្ឃឹម ហើយ​ឈឺ​​​ខ្ទោកៗ… ប្រាប់​ខ្លួន​ឯង​ឱ្យ​ឈប់​គិត តែ​ចិត្ត​​ឈឺ​ចាប់​មិន​បាត់… ខ្ញុំ​ពិត​ជា​ស្រលាញ់​គេ​ខ្លាំង​ណាស់… ឃើញ​ភ្នែក​គេ ក៏​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់… ចង់​បំភ្លេច​គេ តែ​ភ្លេច​មិន​បាន… ចង់​សាង​ស្នេហា​ថ្មី តែ​ដឹង​ថា​បេះដូង​នៅ​តែ​រង់​ចាំ​គេ… ពិបាក​ទ្រាំ​ណាស់ តើ​ឱ្យ​ធ្វើ​យ៉ាង​ម៉េច​ទៅ? 😥

 

ខែ​កុម្ភៈ 24, 2011 at 9:58 ព្រឹក មតិ 8

កម្មវិធី​ផ្ទះតារា FM 104.5

មិន​ដឹង​និយាយ​ពី​អី​ទេ​នេះហ៍… 😉 ដំបូង​រាង​ភ័យៗ ហើយ​មាន​​អារម្មណ៍​ថា ខ្លួន​ឯង​និយាយ​ខុសៗ… អត់​សូវ​ហ៊ាន​និយាយ​ទេ​ខ្ញុំ ព្រោះ​ខ្ញុំ​​ប៉ិន​​ខាង​សរសេរ​ជាង ណា​មួយ​​គិត​ថា ខ្លួន​ឯង​ជា​អ្នក​និពន្ធ​ម្នាក់​ដែរ បើ​និយាយ​ខុស​អី ប្រាកដ​ជា​ខ្មាស​គេ​ហើយ! ទោះ​យ៉ាង​ណា បន្ទាប់​មក​ពិត​ជា​រីករាយ​ណាស់ ពិសេស​ព្រោះ​មាន​ការ​ចូល​រួម​ពី លោកគ្រូ ប៊ិន ដាវីដ និង អ្នកគ្រូ ប៉ិច សង្វាវ៉ាន លោក​គ្រូ​អ្នកគ្រូ ដែល​សុទ្ធ​សឹង​ជា​អ្នក​ល្បី​ល្បាញ​ក្នុង​វិថី​សិល្បៈ បាន​​ផ្ដល់​កិត្តិយស ចូល​រួម​ផ្ដល់​កម្លាំង​ចិត្ត​ខ្ញុំ។

(រូបថត ថ្ងៃទី ១៩ កុម្ភៈ ២០១១ ក្នុង Studio វិទ្យុហង្សមាស កម្មវិធីផ្ទះតារា)

អរគុណ​ Nana ដែល​បាន​​ថត​រូប​នេះ និង​​បាន​សរសេរ​​ជីវ​ប្រវត្តិ​ខ្ញុំ​យ៉ាង​ក្បោះ​ក្បាយ! អរគុណមិត្តភក្តិ facebook និងមិត្តភក្តិបងប្អូនទាំងអស់​គ្នា ដែលបានផ្ដល់កម្លាំងចិត្តឱ្យខ្ញុំនាពេលនោះ!

 

ខែ​កុម្ភៈ 19, 2011 at 2:50 ល្ងាច មតិ 7

«ខែរងា» ដល់ហើយ!

ខែរងា​ដល់​ម្ដង​ទៀត​ហើយ ហេហេ 😉 Why? ព្រោះ​​សៀវភៅ​ប្រលោមលោកខ្ញុំ ទីបំផុត​បោះពុម្ព​រួច​រាល់​ហើយ! 😀 ​ខ្ញុំ​ក៏​បាន​ប្រគល់​ឱ្យ​អ្នក​ចែក​ចាយ​​រួច​រាល់​ហើយ​ដែរ ហើយ​គេ​សន្យា​ថា​នឹង​​ដាក់​លក់​ឱ្យ​បាន​ច្រើន​កន្លែង រួម​ទាំង​នៅ​តាម​ខេត្ត​ផង​។

 

 

ជូនចំពោះមនុស្ស​គ្រប់​គ្នា ដែលស្រលាញ់អនុស្សាវរីយ៍

 

 

ឆ្នាំ ២០០៦

 

ឱ! ភួយ​ខ្នើយ​អើយ ព្រឹក​នេះ​អ្នក​សែន​កក់​ក្តៅ​ម៉េ្លះ​ទេ! ទម្រាំ​តែ​ខ្ញុំ​តាំង​ចិត្ត​ក្រោក​សាមុង​បាន ត្រូវ​ចំណាយ​ពេល​ស្ទើរ​តែ​កន្លះ​ម៉ោង​ទៅ​ហើយ។ ខ្ញុំ​បង់​ក​ក្រមា​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ សំដៅ​ទៅ​រក​ពាង​ទឹក រួច​ឈរ​ឱន​មើល​ស្រមោល​ខ្លួន​ឯង​ ក្នុង​ទឹក​ពាង​នោះ​​អស់​ឡើង​មួយ​ស្របក់ ទើប​ដាច់​ចិត្ត​លូក​ដៃ​កាន់​ផ្តិល​ដួស​ទឹក​ យក​មក​លុប​មុខ។ គ្រាន់​តែ​ប៉ះ​ទឹក​ភ្លាម ខ្យល់​ដ៏​ត្រជាក់​ស្រឹប​ក៏​បក់​មក​ប៉ះ​ប្រាណ​​ខ្ញុំ​ ​ឲ្យ​រងា​រណ្ដំ​ថ្គាម។

សួស្ដី​ខែរងា!

ឆ្នាំនេះ ​ប្រទេស​ខ្មែរ​ចូល​ដល់​ខែ​រងា​បាន​ប្រមាណ​បី​ថ្ងៃ​ហើយ គឺ​ចាប់​ផ្តើម​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ហើយ​បើ​រាប់​តាម​អាយុ​ខ្ញុំ​ពេល​នេះ ខ្ញុំក៏​​បានឆ្លង​កាត់​ខែ​រងា​ចំនួន​ម្ភៃ​បី​ដង​ហើយ​ដែរ​។ ឲ្យ​តែ​ចូល​ដល់​ខែ​​រងា អារម្មណ៍​​ខ្ញុំ​តែង​តែ​អណ្ដែត​ត្រសែត​ ទៅ​រក​អនុស្សាវរីយ៍​​ដ៏​ស្រណោះ​ស្រណោក តែ​ហាក់​ស្រពេច​ស្រពិល​ប្រៀប​បាន​នឹង​ផ្សែង​អ័ព្ទ​រសាត់ ហើយមាន​សភាព​ជា​ស្រមោល ភ្នែក​មើល​មិន​ឃើញ មាន​តែ​ចិត្ត​​ទេ​ទើប​អាច​មើល​ឃើញ។

ខ្ញុំ​យក​ក្រមា​ជូត​មុខ រួច​រត់​ចូល​​ទៅ​ក្នុង​ផ្ទះ​វិញ ដោះ​អាវ​ចេញ ហើយ​ក៏​ស្រាប់​តែ​អស់​សំណើច​ខ្លួន​ឯង ព្រោះ​ភ្លេច​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ។ ខំ​តែ​ត្រដរ​ក្រោក​ធ្វើ​អី ថ្ងៃ​នេះ​មិន​ធ្វើ​ការ​ផង? ធាតុ​អាកាស​បែបនេះ​ត្រូវ​ដេក​ដណ្ដប់​ភួយ​បន្ត​ទៀត​វិញ។

^^^

 

គេ​ឈ្មោះ​ កត្តិក​ ហើយ​គេ​គឺ​បែប​នេះ រាង​ឡប់ៗ 😆 …ហើយ​​ចូល​ចិត្ត​មើល​កុន និង​ស្ដាប់​ចម្រៀង​តាម​វិទ្យុ ជា​ហេតុ​ឱ្យ​គេ​បាន​ជួប​ ប្រភា នៅ​ក្នុង​រោង​កុន។ ព្រោះ​ចាប់​អារម្មណ៍​លើ​ស្រី​ស្អាត កត្តិត និយាយ​ច្រើន​​រហូត​ធ្វើ​ឱ្យ ប្រភា ធុញ ដូរ​កន្លែង​ ឈប់​អង្គុយ​ក្បែរ។ ​មិន​នឹក​ស្មាន​ថា យប់​ឡើង​ កត្តិក​ បើក​វិទ្យុ​ស្ដាប់​ ក៏​ឮ​ ប្រភា ធ្វើ​ពិធីករ​ក្នុង​កម្ម​វិធី​មួយ ដែល​នាង​ស្រាប់​តែ​​​និយាយ​ពី​រឿង​នៅ​ក្នុង​រោង​កុន​កាល​ពី​ព្រឹក​​ក្នុង​កម្មវីធី​​នោះ។ កត្តិត​ ចាប់​ផ្ដើម​ស្រលាញ់​ ប្រភា តែ​ម្នាក់​ឯង​ខ្លាំង​ឡើងៗ ហើយ​ចៃ​ដន្យ​គេ​ក៏​បាន​ជួប​នាង​​ជា​លើក​ទី​ពីរ។ គេ​យល់​ថា នោះ​ជា​និស្ស័យ តែ​នាង​មិន​ជឿ​លើ​និស្ស័យ​ឡើយ ហើយ​ដល់​ថ្ងៃ​​មួយ កត្តិក ក៏​លែង​ឮ​​សំឡេង​របស់ ប្រភា 😥 មួយ​ឆ្នាំ​កន្លង​ផុត ទើប​និស្ស័យ​ខ្យល់​ខែ​រងា បក់​ឱ្យ​កើត​រឿង​ចៃ​ដន្យ​មួយ​ទៀត ដោយ​ធ្វើ​ឱ្យ​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត… ខ្ជិល​និយាយ​ទៀត​ណាស់! ខ្លាច​ដឹង​រឿង​នេះ​​អស់​ទៅ​ លែង​មាន​អ្នក​ណា​​ទៅទិញ​សៀវភៅ! 😉

 

 

ខែ​កុម្ភៈ 16, 2011 at 7:52 ល្ងាច មតិ 22

Sabay New Online «ខែរងា»

ថ្ងៃនេះ​​គេហទំព័រ Sabay ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ពី​ស្នាដៃ​ថ្មី​របស់ខ្ញុំ៖ http://news.sabay.com.kh/articles/64929

 

“ខែ​រងា”

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានកម្សាន្ត ដោយ វណ្ណា

 

ក្រៅ​ពី​បទចម្រៀង​ អ្នក​និពន្ធ​ សុខ ចាន់ផល​ ក៏​មាន​សៀវភៅ​រឿង​ប្រលោមលោក​មនោសញ្ចេតនា​សម្រាប់​កំដរ​អារម្មណ៍​ប្រិយមិត្ត​​ដែរ!​  “ខែ​រងា” ​ឬ​ ”Winter Love” ​របស់​អ្នក​និពន្ធ​រូប​នេះ​នឹង​ចេញ​មក​ស្វាគមន៍​ប្រិយមិត្ត​ឆាប់ៗ​ខាង​​មុខ។

អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​នេះ​បាន​ប្រាប់​ Sabay​ ថា​ “ខែរងា”​ គឺ​ជា​ប្រលោមលោក​និយាយ​ពី​ស្នេហា​រវាង​បុរស​និង​នារី​មួយ​គូ​ ដែល​​បាន​ជួប​គ្នា​ដំបូង​នៅ​ខែ​រងា​​ឆ្នាំ​២០០៦​ ហើយ​ក៏​ជួប​គ្នា​ម្ដង​ទៀត​នៅ​ខែ​រងា​ឆ្នាំ​២០០៧។​ ក្រោយ​មក​ពួកគេ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ និង​ឈ្លោះ​គ្នា​ រហូត​ដល់​ខែ​រងា​​ឆ្នាំ​២០០៨​ទើប​បាន​ជួប​គ្នា​ម្ដង​ទៀត។

ពេល​សួរ​រក​ពី​មូល​ហេតុ​នៃ​ការ​សរសេរ​រឿង​នេះ​ លោក​ សុខ ចាន់ផល​ តប​ថា​ “បរិយាកាស​ខែ​រងា​កាល​ណោះ​ផ្ដល់​គំនិត​រឿង​នេះ​ឱ្យ…​ ខ្ញុំ​ចង់​សរសេរ​សៀវភៅ​មួយ​ឱ្យ​អ្នក​អាន​មាន​​អារម្មណ៍​ដិតដាម​នឹង​ខែ​រងា…​ ព្រោះខ្ញុំចូលចិត្តខែរងា…”។​ គាត់​បាន​ឱ្យ​ដឹង​ទៀត​ថា ​លោក​បាន​រៀបចំ​បោះពុម្ព​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ ម៉ុងរ៉េអាល់​ ប្រទេស​កាណាដា ។​ ជាមួយ​គ្នា​នេះ​លោក​សរសេរ​ជូន​ជា​ពិសេស​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​ស្រលាញ់​អនុស្សាវរីយ៍​ ហើយ​ពួកគាត់​ជាពិសេស​ប្រជាជន​ខ្មែរ​រស់​នៅ​បរទេស​នឹង​នឹក​ស្រមៃ​ឃើញ​ខែ​រងា​​នៅ​ស្រុក​ខ្មែរ​ ពេល​អាន​បទ​និពន្ធ​មួយ​នេះ។

ចំពោះ​រយៈពេល​នៃ​ការ​សរសេរ​រឿង​នេះ​ លោក​ប្រាប់​ថា​មិន​យូរ​ទេ​គឺ​ប្រហែល​១​ខែ​ក្នុង​បរិយាកាស​ខែ​រងា​ឆ្នាំ​២០០៦ ​ ប៉ុន្តែ​ត្រូវ​បាន​កែ​សម្រួល​ច្រើន​មុន​នឹង​សម្រេច​បោះពុម្ព។​ ចំណែក​រឿង​បោះពុម្ព​ផ្សាយ​គឺ​លោក​ចង់​ឱ្យ​ទាន់​រដូវ​រងា​ដែរ​ តែ​ខាង​រោងពុម្ព​យឺត​បន្តិច​ ដូច្នេះ​លោក​សង្ឃឹម​ថា​វា​អាច​នឹង​ចេញ​លក់​ក្នុង​ខែ​កុម្ភៈ​នេះ។ លោក​ថា ​ “…នឹង​មាន​ការ​គាំទ្រ​ច្រើន​ព្រោះ​ជា​រចនាបថ​ប្លែក​មួយ​ទៀត​របស់​សៀវភៅ​ខ្មែរ…”។

ចំពោះ​ផ្នែក​សៀវភៅ​រឿង​ “ខែ​រងា”​ គឺ​ជា​ស្នាដៃ​ទី​៤​របស់​ លោក​ សុខ ចាន់ផល បន្ទាប់​ពី​រឿង​ “ចង្កៀង​និទាន​រឿង​ខ្មោច”,​  “កំណត់​ហេតុ​ស្នេហ៍”​ និង​ “ស្នេហា​សុភាព​បុរស”។​ ចំពោះ​ផ្នែក​តន្ត្រី​វិញ​ អ្នក​និពន្ធ​រូប​នេះ​មាន​បទ​ចម្រៀង​កំពុង​ពេញ​និយម​ជា​ច្រើន​ដូច​ជា​ “Call​មក​បង​ពេល​គេ​បោះបង់​អូន”,​  “ស្រលាញ់​គឺ​លះ​បង់”,​  “ក្រៅ​ពី​អូន​មិន​យក​ប្រពន្ធ”,​  “Calltune​សុំទោស” ​ជា​ដើម។

អត្ថបទ៖ ឌុច ប៊ុណ្ណាឡម

 

ខែមករា 27, 2011 at 12:41 ល្ងាច បញ្ចេញមតិ

ការបោះពុម្ពសៀវភៅខែរងា

ជូនចំពោះមនុស្សគ្រប់គ្នា ដែលស្រលាញ់អនុស្សាវរីយ៍


ដូចខ្ញុំធ្លាប់សរសេរអត្ថបទមួយ «ប្រលោមលោកនៃខែរងា» ដោយប្រាប់​គេ​ថា «ប្រលោមលោកនេះ ខ្ញុំសរសេរកាលពីខែរងាឆ្នាំ ២០០៦ គឺបរិយាកាសខែរងានោះបានផ្តល់សាច់រឿងនេះឱ្យខ្ញុំ… ឆ្នាំ ២០០៦ ស្រុកខ្មែរចូលខែរងានៅពាក់កណ្ដាលខែធ្នូ មានរយៈពេលខ្លីទេ តែល្មមនឹងខ្ញុំអាចសរសេរប្រលោមលោកមួយនេះចប់។ សាច់រឿងនេះពីដើមដល់ចប់ គឺកើតឡើងចំតែខែរងាប៉ុណ្ណោះ គឺ ឆ្នាំ ២០០៦ ឆ្នាំ ២០០៧ និង ឆ្នាំ ២០០៨ ។ ខ្ញុំមិនទាន់បានបោះពុម្ពសៀវភៅនេះនៅឡើយទេ សង្ឃឹមថាអាចបោះពុម្ពនៅខែរងាឆ្នាំ ២០១០ ទៅចុះ!»

ប៉ុន្តែដល់ខែរងាឆ្នាំ២០១០ ខ្ញុំគ្មាន​សង្ឃឹម​ថា​អាច​បោះពុម្ព​បាន​សោះ… ស្រាប់​តែ​​ក្រុម យុវអ្នកនិពន្ធខ្មែរ បាន​រៀបចំ​កម្មវិធី​ជួប​ជុំ​មួយ ហើយ​មិត្តភក្តិ​ជា​ច្រើន​ចង់​ឱ្យ​ខ្ញុំ​បោះពុម្ព​សៀវភៅ​យក​ទៅ​តាំង​ពិព័រណ៍។ ព្រោះ​ជា​ឱកាស​ល្អ ខ្ញុំ​ក៏​សម្រេច​រៀបចំ​កែ​រឿង​ទាំង​មូល​ដើម្បី​បោះពុម្ព​ជា​សៀវភៅ ក្នុង​ចំនួន​តិច​តួច​ដើម្បី​ដាក់​តាំង​ស្នាដៃ ក៏​ដូច​ជា​ធ្វើ​តាម​ក្តី​រំពឹង​ខ្លួន​ឯង​ ដែល​ចង់​ចេញ​ផ្សាយ​សៀវភៅ​នេះ​ក្នុងខែងា​ឆ្នាំ​២០១០​ផង។

ខ្ញុំ​បាន​ផ្ញើ​សំណេរដើម​នេះ​ទៅ​មិត្ត​ជា​ច្រើន​ ដើម្បី​ឱ្យ​ពួក​គេ​ជួយ​កែ និង​ផ្ដល់​គំនិត​ស្ថាបនា​មុន​នឹង​ផ្សាយ ដែល​ក្នុង​នោះ​​ក៏​មាន​បង​ស្រី​ លឹម សន្តិភាព ​ម្នាក់​ដែរ។ បងស្រី​រស់​នៅ​ប្រទេស​កាណាដា ហើយ​តែង​តែ​រាប់​អាន​ និង​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​ខ្ញុំ ថែម​ទាំង​ធ្លាប់​ផ្ដាំ​ផ្ញើ​ថា បើ​មាន​ស្នាដៃ​ចង់​ចេញ​ផ្សាយ ឱ្យ​ប្រាប់​គាត់ ព្រោះ​គាត់​មាន​មិត្ត​ភក្តិ​ល្អៗ​ជា​ច្រើន​ដែល​ចូល​ចិត្ត​ជួយ​គ្នា។ បែប​នេះ​ខ្ញុំ​ក៏​ហ៊ាន​បង្ហើប​រឿង​នេះ​ដល់​គាត់ បើ​ទោះ​ជា​មិន​សូវ​មាន​សង្ឃឹម​ក៏​ដោយ។

វា​ប្រថុញ​ញ៉ុច​បំផុត​ ដើម្បី​ធ្វើ​សៀវភៅ​ដាក់​តាំង​ឱ្យ​ទាន់​ពេល ទើប​ខ្ញុំ​ខំ​តឿន​មិត្ត​ភក្តិ​ឱ្យ​ជួយ​ខ្ញុំ រហូត​ដល់​ខ្លាច​ចិត្ត​​ពួក​គេ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ខ្ញុំ​​បាន​ទទួល​ម៉ែល​ឆ្លើយ​តប​ពី​បង​ស្រី សន្តិភាព រាល់​ថ្ងៃ… ដែល​ដំបូង​គាត់​ប្រាប់​ថា គាត់​បាន​ប្រាប់​មិត្ត​ភក្តិ​ហើយ តែ​​​​ខ្ញុំ​​មិន​សំណាង​ទេ។ ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ដោយ​រំភើប​ថា អត់​អី​ទេ ព្រោះ​ការ​ខ្វល់​ខ្វាយ​ជួយ​របស់​គាត់​​ធ្វើ​ឱ្យ​ខ្ញុំ​កក់​ក្ដៅ​ណាស់​ហើយ។ ខ្ញុំ​មិន​​អស់​សង្ឃឹម​ទេ ព្រោះ​មក​ពី​ខ្ញុំ​​គ្មាន​ជំនឿ​ចិត្ត​ថា​អាច​រក​បាន​ជំនួយ ប៉ុន្តែ​មិន​ស្មាន​ថា​ស្អែក​ឡើង​ ខ្ញុំ​ក៏​បាន​ទទួល​ម៉ែល​ពី​គាត់​​ទៀត ដែល​​​បែរ​ជា​ប្រាប់​ថា​មាន​​មិត្ត​ភក្តិ​គាត់​ជា​ច្រើន​​ចង់​​ជួយ​ខ្ញុំ។

យប់មួយ​នោះ ប្រហែល​ជា​ម៉ោង​១២​យប់ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​កាណាដា គឺ​បង​​សន្តិភាព ទូរស័ព្ទ​មក​ទាំង​រីក​រាយ​… គាត់​ថា​​ទ្រាំ​មិន​ប្រាប់​មិនបាន​ទេ​ ព្រោះ​មាន​លោកពូ​​ម្នាក់​បាន​ជួយ​ខ្ញុំ​ដល់​ទៅ​៥០០​​ដុល្លារ។ វា​ជិត​គ្រប់​សម្រាប់​បោះពុម្ព​សៀវភៅ​មួយ​ពាន់​ក្បាល​ហើយ ព្រោះ​មិត្តភក្តិ​របស់​គាត់​ជា​ច្រើន​ទៀត​បាន​សន្យា​ជួយ​​ខ្ញុំ​ម្នាក់​ ២០ ឬ​៣០​ដុល្លារ​​ផង​ដែរ។ ខ្ញុំ​រំភើប​ណាស់ មាន​អារម្មណ៍​ថា​«ពិត​មែន​អ្ហ?» ខ្ញុំ​ពិត​ជា​ទទួល​ការ​ជួយ​ជ្រោម​ជ្រែង​បែប​នេះ​ឬ?

វា​ជា​កម្លាំង​ចិត្ត​ដ៏​ខ្លាំង​ក្លា​មួយ​​ក្នុង​ជីវិត​ខ្ញុំ។ វា​បាន​មក​ពី​ក្តី​ស្រលាញ់​អាណិត និង​ការ​ទុក​ចិត្ត​ពី​មនុស្ស​ដែល​ខ្ញុំ​បាន​ស្គាល់។ មួយ​រយៈ​នោះ​ខ្ញុំ​ស្ទើរ​តែ​ចោល​ការងារ​ក្រុមហ៊ុន​ទាំង​ស្រុង ហើយ​ខំ​ធ្វើ​សៀវភៅ​ទាំង​យប់ រហូត​ដល់​ឈឺ។ រៀង​រាល់​ថ្ងៃ​ខ្ញុំ​និង​បង​ស្រី​បាន​ជជែក​ពី​ការងារ​នេះ​តាម​ម៉ែល និង​ទូរស័ព្ទ។ ខ្ញុំ​តាំង​ចិត្ត​ថា ខ្ញុំ​នឹង​ធ្វើ​សៀវភៅ​នោះ​ឱ្យ​បាន​ល្អ​បំផុត។

ខ្ញុំ​បាន​ជួប​​រឿង​ចៃ​ដន្យ​ច្រើន​ណាស់​​ក្នុង​ការងារ​​ដ៏​​តក់​ក្រហល់​មួយ​នេះ។ ក្រៅ​ពី​បងភាព ខ្ញុំ​ពិត​ជា​អរគុណ​មិត្តភក្តិ​ប៉ុន្មាន​នាក់ ដែលពួក​គេ​ក៏​​បាន​ជួយ​ជ្រោម​ជ្រែង​ខ្ញុំ​។ ក្នុង​នោះ​គឺ​មាន​រឿង​មួយ​ទាក់​ទង​នឹង​ក្រប​សៀវភៅ… បង​ កៅ សីហា ​ខំ​ជួយ​ណាត់​តួ​​មក​ថត​ឱ្យ​ខ្ញុំ តែ​តួ​បែរ​ជា​រវល់ ត្រូវ​លើក​ថ្ងៃ ធ្វើ​ឱ្យ​ខ្ញុំ​បារម្ភ​មែន​ទែន ខ្លាច​​បោះពុម្ព​មិន​ទាន់​ថ្ងៃដាក់​តាំង។ ចៃដន្យ​ពេល​ខ្ញុំ​សុំ​​ស្ទូឌីយូ​​បង ខាំ​ ភូរិ ថត​រូប គាត់​ក៏​ប្រាប់​ថា រឿង​ខែរងា​អ៊ីចឹង​សម​តែ​ទៅ​ថត​នៅ​ខេត្ត​មណ្ឌល​គីរី ហើយ​ឱ្យ​យោបល់​ថា គាត់​បាន​ថត​រូប ឆន សុវណ្ណរាជ នៅ​ខេត្ត​នោះ​ជាមួយ​នឹង តេង លក្ខិណា … សាក​សុំ​មេ​មើល៍ យក​រូប​ រាជ ដាក់​ធ្វើ​ក្រប​តែ​ម្ដង​ទៅ។ មុន​ដំបូង​មិន​ទាន់​សម្រេច​ចិត្ត​ទេ ព្រោះ​ជាប់​មាត់​ហៅ​តួ​មក​ថត​​ទៅ​ហើយ ប៉ុន្តែ​ការងារ​ថត​នោះ​គឺ​រអាល់​រអួល​ណាស់ ហើយ​ម្យ៉ាង​តួស្រី​ដែល​នឹង​មក​ថត​នោះ មុខ​មិន​ដូច​តួស្រី​ដែល​​ខ្ញុំ​សរសេរ​​សោះ តែ​បើ​ជា​ តេង លក្ខិណា វិញ​ គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង។

គឺ​មាន​រឿង​ចៃ​ដន្យ​ល្អៗ​ជា​ច្រើន​ទៀត​ ដែល​ខ្ញុំ​រៀបរាប់​មិន​អស់ ហើយ​បើ​ទោះ​ជា​ខ្ញុំ​មិន​អាច​បោះពុម្ព​ទាន់​ពេល​តាំង​ពិព័រណ៍​មែន ក៏​ទី​បំផុត​​ខ្ញុំ​ធ្វើ​បាន​សៀវភៅ​មួយ​ក្បាល​ ដែល​ល្អ​លើស​ពី​ការ​រំពឹង​ទុក។

យប់មួយ​ដែល​ខ្ញុំ​ខំ​កែ​រឿង… កែ​ហើយ​ កែ​ទៀត ព្រោះមិនចង់ឱ្យ​អ្នក​​ដែល​គាំទ្រខ្ញុំខក​ចិត្ត!

 

ខែមករា 18, 2011 at 5:50 ល្ងាច មតិ 22

ត្រៀមផ្សាយប្រលោមលោក

នេះជារឿងប្រលោមលោក​ដំបូងដែលខ្ញុំបានសរសេរ តែដាក់ចំណងជើងថា «ជីវិតចុងក្រោយ» ម្យ៉ាងដែរ! 😀 សាច់រឿង​ធម្មតាៗ និយាយ​ពី​គ្រួសារ ស្នេហា មិត្តភក្តិ ការរកស៊ី… និយាយទៅ​គឺ​ជា​រឿង​របស់​មនុស្ស​ម្នា ស្គាល់​គ្នា បែក​គ្នា​ទៅ​តាម​និស្ស័យ ដំណើរ​រឿង​កើត​ឡើង​មាន​យប់ ​មាន​ថ្ងៃ មាន​រស់ មាន​ក្ស័យ ដែល​ខ្ញុំ​ចេះ​តែ​នឹក​ឃើញ ហេហេ 😉

មួយ​អន្លើ 🙂 រឿង​នេះ​​បង្ហាញ​ពី​ការ​ជ្រើសរើស​ជីវិត គឺ​ថា​អ្នក​មាន​​កុំ​គិត​តែ​អរ អ្ន​ក​ក្រ​ក៏​កុំ​ទៅ​ខ្វល់​ពេក គ្រាន់​តែ​ពេល​ក្រោក​ពី​ដេក​ឱ្យ​ចេះ​សួរ​ខ្លួន​ឯង​ថា ថ្ងៃ​នេះ​គួរ​ធ្វើ​អ្វី​? សុភមង្គល​មិន​មែន​រក​បាន​ដោយ​ងាយ​ទេ តែ​ក៏​មិន​ពិបាក​រក​អី​ដែរ… ដដែល 😆 ​ចង់​ថា រស់​នៅ​ត្រូវ​ពេញ​ចិត្ត​អ្វី​​ដែល​ខ្លួន​មាន ហើយ​ចេះ​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍ កុំ​ធ្វើ​អី​ឱ្យ​គេ​ក្ដៅ​ក្រហាយ​ មិន​សប្បាយ​ចិត្ត ប្រយ័ត្ន​មាន​វិប្បដិសារៈ!

មែន​ហើយ! ក្រប​សៀវភៅ​ខាង​លើ​នេះ មិន​ទាន់​យក​ជា​ការ​ទេ ហេតុនេះ​សូម​​បងប្អូន​ជួយ​រិះ​គន់​លេងផង!

បញ្ជាក់ ៖ រឿង​នេះ​កម្សត់! 😀

ខែកក្កដា 26, 2010 at 11:42 ព្រឹក មតិ 26

វគ្គឈ្លើយជាងគេ

រឿង ស្នេហាសុភាពបុរស គ្រប់​ពេល​​អាន​ឡើង​វិញ ខ្ញុំ​ហួស​ចិត្ត​នឹង​ខ្លួន​ឯង ដែល​​សរសេរ​ឈ្លើយ​​នោះ​ឈ្លើយ​។ កាល​ពី​មុន ខ្ញុំ​ឈ្លើយ​អ៊ីចឹង​យ៉ាង! ខ្ញុំ​គិត​ថា ចាស់ៗ ជា​ពិសេស​ស្រីៗ​ប្រាកដ​ជា​ខឹង ឬ​ជេរ​ខ្ញុំ​​មួយ​ទំហឹង​ហើយ បើ​​បាន​អាន​រឿង​នេះ។ 😉 ហើយ​​ពេល​នេះ​ខ្ញុំ​កំពុង​ប្រកាស​វគ្គ​ដែល​ឈ្លើយ និង​អាសអាភាស​ជាង​គេ នៃ​រឿង​នេះ។ សូម​អញ្ជើញ​ទៅ​អាន​លេង និង​រិះ​គន់​ខ្ញុំ​ផង​ណា! នេះហ៍ វគ្គទី៣

I am sorry ^^ ព្រោះ​ជួនកាល​ខ្ញុំ​ធ្វើ​រឿង​ឆ្កួតៗ!

ខែ​ឧសភា 31, 2010 at 1:08 ល្ងាច មតិ ១

ខែរងា ២

រាត្រីយប់យន់គ្មានដួងចន្ទឲ្យគយគន់សោះ! យប់នេះជាយប់រនោចងងឹតជាងគេបំផុត ដែលខ្ញុំធ្លាប់ជួបតាំងពីកើតមក។ បើគ្មានព្រះចន្ទហើយក៏ហីចុះ តែសូម្បីតែផ្កាយមួយក៏មិនព្រមរះទៀតណា៎! តើផែនដីថ្ងៃនេះវិលខុសគន្លងទេដឹង?

ស្មុគ្រស្មាញណាស់! មិនគួរព្រឹកមិញជួប… គិតទៅនាងពិតជាឆ្នាស់មែន ចំណែកឯខ្ញុំវិញក៏មិនដឹងយ៉ាងម៉េច? ពេលនៅជិតនាងដូចជារករៀបចំឫកពាមិនត្រូវសោះ។ ពីមុនមកមិនធ្លាប់មានអារម្មណ៍ជ្រួលជ្រើមជាមួយស្រីណាសោះ ស្រាប់តែបានជួបនាងក៏ប្រែជាដូចមនុស្សប្រកាច់ចាប់មិនឈ្នះ គិតតែពីនិយាយព្រោកប្រាជ្ញរកទប់មិនជាប់។ ឱ! ប្រហែលជានាងគិតថាខ្ញុំជាប្រុសអន់ចរិតហើយមើល៍ទៅ! កន្លងមកតើអ្នកណាគេមិនសរសើរខ្ញុំថាជាប្រុសគ្រប់លក្ខណ៍។ មិនគួរមកជាមួយស្រីដែលខ្លួនចាប់អារម្មណ៍ បែរជាធ្វើចរិតដូចប្រុសព្រានទៅវិញ។ ឬក៏ទង្វើទាំងនេះគឺជាឥទ្ធិពលនៃស្នេហា? ស្នេហាខ្ញុំអីក៏ចមែ្លកម្ល៉េះ? គ្រាន់តែឃើញភ្លាមស្រលាញ់ភ្លែត! ខ្ញុំដូចជាច្បាស់ថា ខ្លួនឯងស្រលាញ់នាងតែម្តង! បើមានគ្រូទាយណាឆុត ចង់តែទៅឲ្យទាយមើល៍!  តើអារម្មណ៍របស់ខ្ញុំនេះគឺព្រោះនាងជាគូពីអតីតរបស់ខ្ញុំឬ?

ពីមួយនាទីទៅមួយនាទី ចិត្តស្រលាញ់នាងរឹតតែធំឡើងៗ។ មួយថ្ងៃនេះ ខ្ញុំនឹកឃើញរូបនាងរហូត។ ហេតុនេះក្រោយពីចាកចេញពីរោងកុន ខ្ញុំបានទៅទិញផ្កាអ័ដគីដេមួយផើងយកមកព្យួរនៅមុខផ្ទះ គ្រាន់បានគយគន់និងថែទាំរាល់ថ្ងៃ សម្រាប់ឧបកិច្ចជារូបស្រីជាទីស្រលាញ់របស់ខ្ញុំ។ យ៉ាងណាផ្កានោះវាមិនស្អាតដូចរូបនាងទេ តែគួរសមជាងគ្មានស្អីមើលដែរ។ មិនដឹងថា តើពេលណាទើបបានជួបគ្នាម្តងទៀតនោះទេ? បើជួបលើកក្រោយត្រូវតែរៀបចំខ្លួនជាសុភាពបុរសឲ្យបាន ដើម្បីឲ្យនាងគិតថា «តាមពិតចរិតពិតប្រាកដរបស់គេល្អណាស់! ជួបគ្នាគ្រាមុន គ្រាន់តែរំភើបពេក ទប់អារម្មណ៍នឹងសម្រស់ខ្ញុំមិនបានទេតើ!» ហើយពេលនោះនាងប្រាកដជា…  អស់ទាស់…!

អូ! ទឹករបស់ខ្ញុំដាំពុះហើយ! ខែរងាត្រូវដាំទឹកក្តៅងូតទើបស្រួលខ្លួន។ ងូតទឹករួចហើយ ពាក់អាវពីរបីជាន់ រួចពាក់ស្រោមជើង ទើបចូលឃ្លុំភួយដេកឲ្យបានកក់ក្តៅ តែកុំភ្លេចបើកវិទ្យុស្តាប់ចម្រៀងផង។ ខ្ញុំចូលចិត្តដេកស្តាប់វិទ្យុណាស់ ហើយនិយមបើកចោលទើសភ្លឺ។ ស្តាប់ចម្រៀង គ្មានពេលណាស្តាប់ទៅពីរោះដូចពេលយប់ទេ ពិសេសគឺពេលពាក់កណ្ដាលអធ្រាត្រ ពិតជាពីរោះរកលេខដាក់គ្មាន ហើយបើសិនជួបអារម្មណ៍នៅពេលដឹងខ្លួន បានឮចម្រៀងល្វើយៗក្បែរត្រចៀក ឬក៏់ចម្រៀងចូលទៅក្នុងសុបិនទៀតនោះ មិនដឹងត្រូវនិយាយថា ពិសេសកម្រិតណាទេ! 

-សួស្តីខែរងា! សួស្តីប្រិយមិត្ត! រាត្រីនេះនាងខ្ញុំ ប្រភា បានចូលខ្លួនអត្ថាធិប្បាយក្នុងកម្មវិធី “សំឡេងរាត្រី” តាមសន្យា។ សង្ឃឹមថា ជនជាតិខ្មែរគ្រប់រូបសុទ្ធតែរីករាយទទួលខ្យល់ត្រជាក់ក្នុងខែរងានារាត្រីនេះ។ និយាយទៅពន្លឺព្រះអាទិត្យនៅខែរងាភ្លឺត្រចះត្រចង់គួរឲ្យស្រលាញ់ណាស់ តើមែនទេ? ប៉ុន្តែពេលយប់គ្មានរស្មីព្រះអាទិត្យឡើយ ឯធាតុអាកាសរឹតតែត្រជាក់ ហេតុនេះសូមប្រិយមិត្តកុំភ្លេចពាក់អាវរងាក្រាស់ៗណា៎! មែនហើយ! នាងខ្ញុំចង់ដឹងថា តើកាលពីខែរងាឆ្នាំមុន លោកអ្នកបានស្តាប់បទចម្រៀងអ្វី? លោកអ្នកប្រាកដជាស្រណោះនិងចង់ស្តាប់ម្តងទៀតហើយត្រូវទេ? បន្តិចទៀត កុំភ្លេចទូរស័ព្ទមកប្រាប់នាងខ្ញុំណា៎! ប៉ុន្តែពេលនេះ សូមអញ្ជើញលោកអ្នកស្តាប់បទចម្រៀងមួយបទសិន ជាសំនៀងអ្នកស្រី អ្នកស្រី ប៉ែន រ៉ន (…?) មានចំណងជើងថា “ខ្យល់រងា”…

សំឡេងរបស់អ្នកអត្ថាធិប្បាយក្នុងកម្មវិធីវិទ្យុម្នាក់នេះ ស្តាប់ទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែកណាស់! ខ្ញុំទទួលស្គាល់ថា នាងនិយាយពីរោះ សោតឯពាក្យពេចន៍ក៏មានអត្ថន័យល្អ តែលើសពីនេះទៀត សំឡេងនាងដូចជាយ៉ាងម៉េចជាមួយនឹងខ្ញុំទេ! មុនៗខ្ញុំស្តាប់តែចម្រៀងទេ ពេលមនុស្សនិយាយខ្ញុំប្តូរប៉ុស្តិ៍ហើយ ដល់លើកនេះដូចជាមិនដាច់ចិត្តប្តូរសោះ!  …នឹកឃើញហើយ! សំឡេងនេះគឺស្រដៀងនឹងសំឡេងរបស់នាងនៅរោងកុនកាលពីព្រឹកមិញ! អ៊ីចឹងតើ! បានដូចជាប្រហែលៗធ្លាប់ស្តាប់នៅកន្លែងណាម្តង… មិនមែនស្រដៀងទេ! ស្តាប់ឲ្យច្បាស់ទៅគឺដូចគ្នាតែម្តង! តើអាចជាមនុស្សតែម្នាក់ទេហ្ន៎?  តែមិនគួរជួនគ្នាដល់ម្លឹងទេ! …អូ៎ះ! ពិធីការិនីនេះនិយាយទៀតហើយ៖

-តើពេលស្តាប់បទចម្រៀងមួយបទនេះចប់ ប្រិយមិត្តមានអារម្មណ៍បែបណាទៅ? នាងខ្ញុំតែងឆ្ងល់ថា ហេតុអ្វីក៏អត្ថន័យបទចម្រៀងភាគច្រើនជាបទកម្សត់អ៊ីចឹង? ប្រហែលមកពីអ្នកនិពន្ធភាគច្រើនជាមនុស្សកម្សត់ឬ? តាមមើល៍នៅក្នុងលោកនេះប្រាកដជាមានរឿងកម្សត់ច្រើនណាស់ហើយ សោតឯអ្នកនិពន្ធក៏ចូលចិត្តយករឿងទាំងេនាះ មកតែងទុកជាការចងចាំទៀត។ ហេតុអ្វីគេមិនចាប់អារម្មណ៍រឿងរីករាយឲ្យច្រើនទៅវិញ? ចរិតមនុស្សពិតជាគួរឲ្យចង់សើចមែន! ហាក់ដូចជាចូលចិត្តរឿងកម្សត់ជាងរឿងរីករាយ។ បើដឹងថារឿងនោះកម្សត់ហើយ នៅតែគិតពីវាទៀត។ កាលពីព្រឹកមិញ នាងខ្ញុំបានទៅមើលកុន ក៏ជួបមនុស្សប្រុសម្នាក់ ដែលគេនិយាយថាកើតទុក្ខក៏រស់មួយថ្ងៃ សប្បាយចិត្តក៏រស់មួយថ្ងៃ ហេតុអ្វីក៏មនុស្សមិនជ្រើសរើសឲ្យខ្លួនឯងសប្បាយចិត្ត? គេនិយាយដូចជាត្រូវណាស់ ព្រោះមនុស្សប្រាកដជាអាចសម្រេចខ្សែជីវិតដោយខ្លួនឯង។ ទោះបីជីវិតមនុស្សជាឆាកល្ខោន ប៉ុន្តែមនុស្សក៏អាចជ្រើសរើសសាច់រឿងរបស់ខ្លួនឯងបានដែរ។ តើចាំបាច់អីត្រូវធ្វើជាតួកម្សត់នោះ? ទោះជាយ៉ាងណា ប្រហែលមនុស្សដែលគិតបែបនេះមានមិនច្រើនទេ ព្រោះមនុស្សត្រឹមត្រូវថ្លៃថ្នូរសម្បូរតែជាមនុស្សរស់ត្រាំក្នុងទុក្ខសោក ចំណែកឯមនុស្សដែលគិតតែសប្បាយចិត្តនោះ គឺមានឫកពាដូចមិនសូវគ្រប់ទឹកទៅវិញ។ ពោលគឺដូចមនុស្សដែលនាងខ្ញុំជួបកាលពីព្រឹកមិញអ៊ីចឹង ចរិតឲ្យលលាម ឃើញស្រីមិនបាន រួចពូកែតែខាងអួត និងរិះគន់គេ… អូ៎យ! នឹកឃើញឡើងនាងខ្ញុំក្តៅក្រហាយដល់ហើយ! មនុស្សស្អីក៏ពូកែព្រោកប្រាជ្ញថ្នាក់ហ្នឹង និយាយរំខាននាងខ្ញុំរកមើលកុនមិនបាន។ ដល់នាងខ្ញុំឲ្យនំញ៉ាំ ក្រែងលោស្ងាត់មាត់ខ្លះ ក៏នៅតែមិនដឹងខ្លួន គិតតែសួរនេះសួរនោះមិនឈប់ ទាល់តែនាងខ្ញុំទ្រាំមិនបាន ប្តូរកន្លែងអង្គុយ។ នឹកឡើងគួរឲ្យចង់សើចដែរ! កោតតែមកគេងលក់នៅក្នុងរោងកុន អត់ចេះខ្មាសគេ! នាងខ្ញុំសង្ស័យតែគេម្នាក់នោះកើតមិនគ្រប់ខែផង ហើយបើមិនស្រួលជាមនុស្សគ្រាសកន្លងក៏អាចថាបាន! 

អេ! ដល់កហើយខ្ញុំ! គឺពិតជាមនុស្សតែម្នាក់មែនតើ! អូយ! ហើយក្តៅ ក្រហាយនឹងខ្ញុំអីក៏ដល់ថ្នាក់ហ្នឹង រហូតមកនិយាយហែកកេរ្តិ៍តាមវិទ្យុ? ថាខ្ញុំជាមនុស្សគ្រាសកន្លងផង! ម៉េចក៏មិនចេះគិតសោះ? មនុស្សគ្រាសកន្លងឆ្លាតអ៊ីចឹងអ្ហ៊ៃ? ហ៎ះ! ហើយកោតតែហ៊ានថាឲ្យខ្ញុំជាមនុស្សពូកែរិះគន់គេ តាមពិតស្តាប់នាងនិយាយមិញ មានទៅចាញ់ខ្ញុំឯណា? រិះគន់ខ្ញុំឡើងភ្លេចដកដង្ហើមទៅហើយ! មិនអីទេ! បើខឹងខ្ញុំថ្នាក់ហ្នឹង មួយជាតិនេះប្រាកដជាភ្លេចខ្ញុំមិនបានឡើយ! គឺល្អម្យ៉ាងដែរតើ! កុំតែខ្ញុំមិនស្គាល់លេខទូរស័ព្ទកម្មវិធីនេះ កុំអីតេទៅញ៉ែតាមរលកធាតុអាកាស ឲ្យនាងកាន់តែក្តៅក្រហាយនឹងខ្ញុំបែន្ថមទៀត!

-ក្រោយពីនិយាយដើមគេរួចហើយ នាងខ្ញុំសូមបកត្រឡប់មកកម្មវិធីយើងវិញ ដោយសូមអនុញ្ញាតទទួលទូរស័ព្ទប្រិយមិត្តទីមួយ! អាឡូ! ជម្រាបសួរ!

មិនបាច់ចាត់ទុករូបខ្ញុំជាគេទេ! ចង់និយាយដើមខ្ញុំ និយាយរាល់ថ្ងៃទៅ ខ្ញុំមានទៅថាអី?

-អាឡូ! សួស្តីពិធីការិនីប្រកបដោយទឹកសំឡេងដ៏សែនពីរោះ!

អាណាហ្នឹង? សម្តីចេញមកគ្មានទឹកដមសោះ! ធ្វើឯងសរសើរស្រីស្រស់របស់ខ្ញុំសុទ្ធតែទឹកសំឡេងពីរោះ! ទឹកសំឡេងមើលតែទឹកត្នោតអេះ? មនុស្សប្រុសសំឡេងអ៊ីចឹង រូបរាងប្រាកដជាស្គមដូចកុកហើយមើល៍ទៅ!

-ចាសអរគុណណាស់!  តើលោកទូរស័ព្ទមកពីខាងណា?

-ខ្ញុំតេទៅពីស្រែ។ កញ្ញាដឹងទេ? នៅស្រុកស្រែរងាដល់ហើយ! កាលណាខ្យល់បក់ប៉ះកាយម្តងៗ ខ្ញុំមានអារម្មណ៍រសេះរសោះខ្លួនយ៉ាងម៉េចមិនដឹងទេ!

អាមួយនេះជាមនុស្សសាំតាប៉ែតែម្តងហើយវ៉ើយ!

-បើរងាអ៊ីចឹង បង្កាត់ភ្នក់ភ្លើងទៅលោក ទើបកក់ក្តៅស្រួល!

-មិនបាច់បង្កាត់ភ្នក់ភ្លើងឲ្យហត់ធ្វើអីទេ! យកដៃគងប៉ាន់ទៅ ជួយបានខ្លះហើយ!

ងាប់! ម៉េចក៏គ្មានកេរ្តិ៍ខ្មាសសោះ មកលាតត្រដាងអាថ៌កំបាំងតាមវិទ្យុទៅរួច? ដកដៃសិន កុំធ្វើដូចអាខ្មោចនេះ!

-សូមទោស!  តើលោកឈ្មោះអ្វី?

ហេតុអ្វីមិនស្តីឲ្យទៅ នៅមកសួរឈ្មោះគេធ្វើអីទៀត? ជាមួយខ្ញុំវិញជាបុរសសុភាពសោះ ម៉េចក៏ឆ្នាស់ដាក់ខ្ញុំបាន?

-ខ្ញុំឈ្មោះ ចយ !

អ៊ឹះ! មើល៍ឈ្មោះគេ! ដាក់ឈ្មោះមើលតែខ្វះឈ្មោះដាក់! ពីខែ មិគសិរ ដល់ កត្តិក ម៉េចក៏មិនយកមកដាក់?

-នាងខ្ញុំសូមស្វាគមន៍លោក ចយ ក្នុងកម្មវិធី”សំឡេងរាត្រី”!  តើ…

-អូមែនហើយ!  តើមនុស្សប្រុសដែលកញ្ញាជួបពីព្រឹកមិញនោះ ឈ្មោះអ្វីដែរ?

យី! ចេះមកនិយាយកាត់ពិធីករអ៊ីចឹងទៅ? ហើយមកចង់ស្គាល់ឈ្មោះឯងទៀត ចង់ប្រកាសឈ្មោះឲ្យខ្ញុំខ្មាសគេមួយជាន់ទៀតអ្ហ៊ៃ? អាចង្រៃ! បើមានអ្នកណាគេស្គាល់ខ្ញុំកំពុងស្តាប់ដែរ វាមិនវីវរទៅហើយទេ!  វាគ្មានរឿងនិយាយអី បានជាមករាលដាលដល់ឯងហ្នឹង?

-គេប្រាប់ខ្ញុំថាឈ្មោះ កត្តិក តែដឹងកុហកឬអត់ទេ?

កុហកស្អី? ខ្ញុំឈ្មោះ កត្តិក មែន! រួចទៅប្រាប់ឈ្មោះខ្ញុំឲ្យគេដឹងធ្វើអីទៅ អ្នកនាងអើយ? ម៉េចក៏ស្លូតបូតជាមួយអាម្នាក់ហ្នឹងម្ល៉េះ?  កុំប្រាប់ថាចង់ព្រួតគ្នា និយាយដើមខ្ញុំទៀតណា៎!

-ខ្ញុំគិតថាអាម្នាក់នោះ បើមិនគ្រាសកន្លងដូចកញ្ញានិយាយ ក៏ជាមនុស្សកើតរោគចិត្តដែរ!

អាប្រកាច់! ឯងទើបកើតរោគចិត្ត! បើបានជួបឯងណា ចាប់ទះមាត់ឲ្យឆ្អែតទើបអស់ចិត្ត។ បើមិនអ៊ីចឹងចាប់ព្យួរជើង ធ្វើទារុណកម្មដោយចាក់ក្រឡេក ឲ្យដឹងរសើប ទាល់តែឯងស្រែកអង្វរករថា «ទៅថ្ងៃក្រោយ ខ្ញុំឈប់ថាលោកកើតរោគចិត្តទៀតហើយ លោកម្ចាស់!»

-ឈប់និយាយពីគេទៅលោក!  តើលោកចង់ស្តាប់បទចម្រៀងអ្វីដែរក្នុងយប់នេះ?

និយាយអ៊ីចឹងបានត្រឹមត្រូវ! ស្មានតែចូលដៃជាមួយគេនិយាយដើមខ្ញុំបាត់ទៅហើយ!

-ថាម៉េច?

អាថ្លង់! ស្តាប់ប៉ុណ្ណឹងក៏មិនបានដែរ! នាងសួរឯងថាចង់ស្តាប់បទអី? មុខឯងគួរតែស្តាប់បទស្មូត្របុណ្យខ្មោចទៅ ក្រែងវាមិនសូវឈ្លើយ!

-នាងខ្ញុំចង់ដឹងពីបទចម្រៀងដែលលោកពេញចិត្ត!

-អូ! ចាក់បទណាញាក់ៗទៅទើបបាត់រងា! មែនហើយ ខែរងាគួរតែចាក់បទចង់បានប្រពន្ធ… ព្រោះខ្ញុំចង់បានប្រពន្ធដល់ហើយនៀក! ចាស់ៗថា ខែរងាទាល់តែមានភួយសាច់ទើបកក់ក្តៅ! តើកញ្ញាពិធីករមានអារម្មណ៍ចង់បានភួយសាច់អត់?  តើមាននឹកឃើញចង់បានអីអត់ហ្នឹង?

អាមួយនេះចំជាឈ្លើយពេញទី! មនុស្សកែលែងឡើងហើយហ្នឹង កោតតែនាងនៅសំងំឲ្យវាញ៉ែទៀត?

-នែ៎លោក!  មិនខ្លាចខ្ញុំបិទទូរស័ព្ទលោកឯងទេអី?

ហាស! ហាស! ហាស! អ៊ីចឹងបានសមមុខវា! រួចយូរហើយទើបនឹកឃើញស្តីឲ្យ? ខ្ញុំប្រាប់ថា ស្តីឲ្យវាខ្មាសគេដូចខ្ញុំយូរហើយតើ!

-អេ! ពិធីករអីឆ្នាស់ម្ល៉េះ?

ឆ្នាស់អ៊ីចឹងហើយ បានយើងស្រលាញ់នោះ!

-ឆ្នាស់អ៊ីចឹងហើយ!  លោកឯងគ្មានម៉ែឪប្រដៅទេអេះ?

ស្តីឲ្យបានល្អ! ជេរទៀតរឹតតែល្អ! មនុស្សអ៊ីចេះទោះមានម៉ែឪក៏វាមិនឲ្យប្រដៅដែរ។ កុំទៅឆ្ងល់ពេក!

-ហើយបទចម្រៀងចង់បានប្រពន្ធរបស់លោកឯងនោះ សូមអញ្ជើញទៅទិញយកមកចាក់ស្តាប់ម្នាក់ឯងទៅ!

ហេ! និយាយស្តីកាន់តែពេញចិត្តខ្ញុំមែនទែនហើយតើ! បិទទូរស័ព្ទវាចោលទៅ! លោកអើយ! បទចម្រៀងឲ្យមួយគំនរអត់ចង់ស្តាប់ បែរជាទៅចង់ស្តាប់បទញាក់ទទ្រាក់ទទ្រើតទាំងកណ្ដាលយប់! មនុស្សនេះដូចជាគ្មានមនោសញ្ចេតនាអីសោះ! បើសិនជាខ្ញុំវិញណា ប្រាកដជានិយាយប្រាប់ពិធីការិនីម្ចាស់ដួងចិត្តខ្ញុំថា «បាទអ្នកនាង! នាកណ្ដាលយប់យន់ស្ងាត់សូន្យឈឹងអ៊ីចឹង ខ្ញុំចង់ឲ្យអ្នកនាងចាក់បទ “រាត្រីជួបស្នេហ៍” ឲ្យខ្ញុំស្តាប់! តើអ្នកនាងចូលចិត្តបទចម្រៀងនេះឬទេ? សម្រាប់រូបខ្ញុំវិញ វាធ្វើឲ្យខ្ញុំលន្លង់លន្លោចខ្លាំងណាស់ណា! …រាត្រីដែលបានជួបនឹងនួនល្អង នៅបាត់ដំបង មាត់ស្ទឹងសង្កែ…»

-នាងខ្ញុំសូមអភ័យទោសចំពោះប្រិយមិត្តកំពុងស្តាប់កម្មវិធីនេះផង! លោកម្នាក់មិញនេះធ្វើឲ្យនាងខ្ញុំទ្រាំមិនបានសោះ!

មិនបាច់សូមទោសថ្វីទេ ខ្ញុំគាំទ្រសោះហ្នឹង! ហើយមនុស្សធឺហ្នឹងមិនបាច់ហៅលោកគោរពស្អីទេ ហៅថាវាតែម្តងទៅ!

-ថ្ងៃនេះប្រហែលជាថ្ងៃស៊យរបស់នាងខ្ញុំហើយ បានជាពេលព្រឹកជួបមនុស្សមួយប្រភេទ លុះដល់ពេលយប់ទទួលប្រិយមិត្តដំបូង ក៏មកជួបនឹងមនុស្សមួយប្រភេទមិញនេះទៀត!

ទេ! ទេ! ទេ! មនុស្សប្រភេទស្អីគេ? មនុស្សយប់ជាប្រភេទមនុស្សឈ្លើយ ខុសស្រឡះពីខ្ញុំមនុស្សព្រឹក! យកមកនិយាយចូលគ្នាមិនបានទេ ព្រោះខ្ញុំម៉េចនឹងស្មោកគ្រោកដូចអាចង្រៃនោះទៅ? រួចបើចង់ដឹងថ្ងៃស៊យឬអត់ មិនព្រមស្តាប់ក្បួនហោរាសាស្ត្រពេលព្រលឹមឡើងទេ គិតតែហាមាត់ម៉ៃផ្តេសផ្តាស! សង្ស័យតែក្បួនគេនិយាយថា ថ្ងៃនេះពេលព្រឹកបើទៅមើលកុន នឹងជួបគូព្រេងផងក៏មិនដឹង!

-កុំឲ្យលោកអ្នកស្តាប់តានតឹងអារម្មណ៍ពេក នាងខ្ញុំសូមប្តូរបរិយាកាសចាក់បទចម្រៀងមួយបទ ក្រោមចំណងជើងថា “រាត្រីជួបស្នេហ៍” សំនៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ។ សង្ឃឹមថា ចម្រៀងមួយបទនេះស័ក្តិសមនឹងបរិយាកាសដ៏រងានារាត្រីកាលនេះ និងសូមឲ្យប្រិយមិត្តទាំងឡាយបង្ហើរអារម្មណ៍ជាមួយតន្ត្រីមួយបទនេះ ទៅដល់ស្ទឹងសង្កែជាមួយនាងខ្ញុំ…

អស្ចារ្យណាស់! តើនាងដឹងថាខ្ញុំកំពុងចង់ស្តាប់ចម្រៀងមួយបទនេះ ដោយរបៀបណាទៅ? ទេ! គឺព្រោះចិត្តពួកយើងទាំងពីរនាក់ដូចគ្នា! កុំទាន់គិតអី! បង្ហើរអារម្មណ៍ឲ្យហោះហើរទៅរកស្ទឹងសង្កែរជាមួយនឹងនាងសិន…

ខែវិច្ឆិកា 20, 2009 at 5:37 ព្រឹក មតិ 5

ខែរងា ១

IMG_0711

សញ្ជប់សញ្ជឹងក្នុងគំនិតឥតប្រាកដនិយមឡើងឆ្អែតឆ្អន់ហើយ ទើបខ្ញុំរួសរាន់ក្រោកជាថ្មីម្តងទៀត។ អាកាសធាតុត្រជាក់ថ្លាអារម្មណ៍នាព្រឹកនេះ ស័ក្តិសមតែដើរលេង បង្កើតការចងចាំល្អៗ ជាជាងនៅជាមួយភាពរាយមាយម្នាក់ឯង។ ខ្ញុំក៏ជិះកង់ចេញពីផ្ទះ ដោយកាត់តាមផ្លូវដែលមានដើមផ្កាចំប៉ី ប្រកបដោយផ្ការីកស្គុសស្គាយចោលក្លិនក្រអូបសាយ។

រថយន្តផ្សាយរឿងភាពយន្តមួយបើកកាត់ផ្លូវនោះ ដោយឮសំឡេងខ្មោចលងឡើងខ្ទ័រត្រចៀក។ ខ្ញុំក៏នឹកឃើញចង់មើលកុន តែមិនមែនកុនខ្មោចទេ។ មើលរឿងស្នេហាដ៏រ៉ូម៉េនទិក ទើបសមនឹងបរិយាកាសដ៏រងានេះ។ មែនហើយ! គំនិតនេះល្អណាស់! ខ្ញុំប្រហែលជាអាចស្វែងរកក្តីស្រមៃរបស់ខ្ញុំនៅក្នុងខ្សែភាពយន្តបានទៀតផង។

ទីបំផុតខ្ញុំក៏ជិះកង់ស្វែងរករោងភាពយន្ត ដែលដាក់បញ្ចាំងរឿងស្នេហាបានដូចបំណង។ ពេលដើរទៅកន្លែងលក់សំបុត្រ ខ្ញុំឃើញគេសុទ្ធតែទិញសំបុត្រពីរ ធ្វើឲ្យខ្ញុំទៅជារអៀសខ្លួន ព្រោះទិញសំបុត្រតែមួយខុសគេ។ វាមិនចម្លែកប៉ុន្មានទេ ការដែលខ្ញុំចូលចិត្តមកមើលកុនតែម្នាក់ឯងបែបនេះ ប៉ុន្តែបើគេចំណាំមុខបាន ខ្ញុំ ចេះតែខ្លាចគេឆ្ងល់ថា ហេតុអ្វីអាម្នាក់នេះយូរហើយនៅតែគ្មានដៃគូមកមើលកុនជាមួយទៀត?  បន់ឲ្យតែគេមិនចាប់អារម្មណ៍ទៅចុះលោក!

ទិដ្ឋភាពនៅក្នុងរោងភាពយន្តងងឹតគួរឲ្យចង់ដេកដល់ហើយ! ដើរចេញពីកន្លែងភ្លឺមកកន្លែងងងឹត រួចដល់បានអង្គុយលើកៅអីទន់ៗ ឯរឿងភាពយន្តក៏មិនទាន់ចាប់ផ្តើមបញ្ចាំងទៀត ខ្ញុំក៏ផ្អែកក្បាលបិទភ្នែកដេកលក់អស់មួយស្រលេតទៅ…

លុះដល់បើកភ្នែកវិញ គេបានបញ្ចាំងរឿងកុនហួសបន្តិចទៅហើយ ចំណែកឯនៅកៅអីជាប់ខ្ញុំ ស្រាប់តែមានស្រីស្អាតម្នាក់អង្គុយមើលរឿងកុននោះ ដោយយកចិត្តទុកដាក់។ មើលពីចំហៀងទៅ ច្រមុះរបស់នាងស្រួចសមណាស់ រីឯភ្នែកមិនសូវជាធំប៉ុន្មានទេ តែមានរោមភ្នែកងខ្ទើត និងរោមចិញ្ចើមកោងល្អមែនទែន។ នាងចងសក់ស្រឡះពីកញ្ចឹងក និងអត់មានពាក់គ្រឿងអលង្ការសោះ។ របៀបតែងខ្លួនសាមញ្ញបែបនេះ ធ្វើឲ្យខ្ញុំចេះតែចង់មើលមុខរបស់នាងឲ្យច្បាស់។ ប្រសិនជានាងងាកមុខមកនិយាយរកខ្ញុំ ម្ល៉េះសមខ្ញុំនឹងបានយល់សម្រស់ល្អឯកហើយ។ គិតឃើញបែបនេះ ខ្ញុំក៏ក្រឡាស់អណ្ដាតបង្ហើរសំឡេងទៅរកនាង៖

-សូមទោសអ្នកនាង! មិញ…

កាលណាស្រស់កែវកល្យាណងាកមុខមកភ្លាម កែវភ្នែកខ្ញុំក្លាយជាស្រវាំងអស់ សោតឯដួងចិត្តវិញក៏ហាក់ក្លាយជាវង្វេងដូចកំពុងស្ថិតនៅឋានសុបិន។ ខ្ញុំភ្លឹកវិញ្ញាណហើយ! នៅជុំវិញខ្លួនរបស់ខ្ញុំឃើញតែរូបបេះដូងហោះទៅហោះមក… វាគឺដូចមនុស្សបែកអំពិលអំពែក តែអំពិលអំបែកនោះគឺជាបេះដូង… បេះដូង… បេះដូង!

-លោកមានការអ្វីអេះ?

សំឡេងរបស់នាងបានដាស់ឲ្យខ្ញុំភ្ញាក់ស្មារតីវិញ។ ទឹកដមសំឡេងពីរោះណាស់! មិនដឹងថាខ្ញុំធ្លាប់ឮនៅឯណាទេ? សំឡេងរបស់នាងហាក់ស្និទ្ធស្នាល នឹងជីវិតខ្ញុំអ្វីម្ល៉េះទេ! ប្រហែលជាខ្ញុំធ្លាប់ស្តាប់នៅក្នុងយល់សប្តិ ឬក៏ធ្លាប់ស្តាប់ពីអតីតជាតិផងក៏មិនដឹង។ សំឡេងនេះមានភាពដូចជាខ្យល់ ពោលគឺទន់ភ្លន់ តែអង់អាចក្លាហានមិនចេះខ្លាចអ្វី។ អាចនិយាយថា មានតែមនុស្សស្រីប្រកបដោយកិរិយាក្នុងក្តីស្រមៃរបស់ខ្ញុំទេ ទើបស័ក្តិសមជាម្ចាស់នៃសំឡេងនេះ។

ឱ! សំឡេងដ៏ពីរោះ! ឱ! ម្ចាស់សំឡេងដែលមានរូបឆោមល្អ…ល្អ… …តើឲ្យខ្ញុំពណ៌នាយ៉ាងណាទៅ? នាងល្អណាស់! ល្អរកគ្មាន…! តាំងពីរូបខ្ញុំកើតមក មិនធ្លាប់ឃើញស្រីណាមានសម្រស់ស្រស់ត្រកាលបែបនេះទេ! ទោះបីសម្រស់នារីដែលខ្ញុំធ្លាប់រវើរវាយក៏មិនដូច ឯសម្រស់នារីដែលវិចិត្រករដៃឯកគូរ ក៏ប្រៀបមិនបាន។ សម្រស់របស់នាងស្រស់ដូចធម្មជាតិ។ កែវភ្នែកនាងភ្លឺស្រទន់ ដូចពន្លឺតំណក់ទឹកសន្សើមចាំងរស្មីព្រះសុរិយា សោតឯបបូរមាត់ដិតជាប់ស្នាមញញឹមរហូត។ នាងមិនបាច់សើចស្ញេញចេញធ្មេញអីទេ ទោះធ្វើមុខមាំក៏នៅតែស្រស់! រង្វង់មុខនាងវិញគឺមូល…ទេ! មិនមែនមូលទេ…គឺពងក្រពើ។ ពិតជាស្រស់ផូរផង់អស់ទាស់ហើយ! …អូ! រវល់តែរៀបរាប់ពីសម្រស់ទេពកញ្ញា ភ្លេចប្រាប់ថាខ្ញុំបានឆ្លើយតបទៅនាង៖

-…គឺមិញនេះខ្ញុំគេងលក់អស់មួយភ្លែត អត់បានដឹងសាច់រឿងនេះពីដំបូង។ តើអ្នកនាងអាចនិយាយប្រាប់ខ្ញុំផងបានទេ?

-ចា៎ះ! តើលោកឆ្ងល់ត្រឹមណា?

-គឺ…….អូ! តើម្នាក់នោះជាតួឯកមែនទេ? អ៊ីចឹងសូមអ្នកនាងជួយសង្ខេបប្រវត្តិរូបរបស់គេឲ្យខ្ញុំស្តាប់ផង!

-ចា៎ះ! ដើមឡើយ…

ឱកាសនេះរឿងភាពយន្តអ្វីក៏ខ្ញុំលែងចាប់អារម្មណ៍ហើយ។ ខ្ញុំគ្រាន់តែចង់និយាយឆ្លើយឆ្លងជាមួយនាង និងលួចមើលមុខរបស់នាងតែប៉ុណ្ណោះ។ ហេតុនេះ លុះពេលនាងនិយាយសាច់រឿងកុនឲ្យខ្ញុំស្តាប់ហើយ ខ្ញុំក៏ខ្វល់ខ្វាយ រកនឹករឿងនិយាយជាមួយនាងបន្តទៀតមិនឃើញ។ និយាយត្រង់ទៅ សុភាពបុរសដូចជាខ្ញុំនេះ ពីដើមមកមិនធ្លាប់ចេះញ៉ែស្រីទេ ធ្លាប់តែស្រីមកញ៉ែខ្ញុំវិញ។ ប៉ុន្តែម្តងនេះ បេះដូងខ្ញុំវាស្រែកប្រាប់ខ្ញុំថា «នែលោកម្ចាស់! នារីម្នាក់ដែលអង្គុយក្បែរខ្លួនលោកក្នុងពេលនេះគឺជាគូព្រេងរបស់លោកហើយ ដឹងទេ? រូបនាងនេះហើយដែលធ្វើឲ្យខ្ញុំអាចរំភើបបាន ហើយគឺរូបនាងនេះហើយគឺជានារីក្នុងក្តីស្រមៃរបស់លោក។ ខ្ញុំត្រូវការរូបនាងជាម្ចាស់ស្រីគ្រប់គ្រងខ្ញុំ! ចាំដល់ពេលណាទៀត? ម៉េចក៏មិនលៃលកចែចង់នាងទៅ? កុំល្ងង់ឲ្យសោះណា! ប្រយ័ត្នឱកាសពិសេសកន្លងទៅដោយឥតប្រយោជន៍! នេះគឺជានិស្ស័យចារឲ្យលោកបានជួបនាងហើយ!»

មែន! បេះដូងខ្ញុំនិយាយត្រូវទាំងអស់! និស្ស័យចារឲ្យខ្ញុំបានជួបនាង បើមិនក្តាប់ឱកាសនេះឲ្យជាប់ទេ ថ្ងៃក្រោយប្រហែលពុំមានឱកាសអ៊ីចឹងទៀតឡើយ។ ប៉ុន្តែខ្ញុំទើបតែជួបនាងលើកដំបូង តើឲ្យនិយាយអ្វីទៅរកនាង? ស្រួលមិនស្រួលគេថាយើងឈ្លើយទៅ? អេ! ទោះទើបតែជួបគ្នាលើកទីមួយមែន តែអារម្មណ៍ខ្ញុំទៅលើនាងគឺពិសេសខ្លាំងណាស់! ជាងពីរទសវត្សរ៍មកហើយ ទម្រាំតែបានជួបនារីម្នាក់ដែលអាចផ្តល់អារម្មណ៍ពិសេសបែបនេះដល់ខ្លួនបាន។ ហេតុនេះ ខ្ញុំប្រាកដជាហ៊ានលះបង់ភាពជាកំលោះបរិសុទ្ធជូននាង ហើយទៅខ្លាចអីគ្រាន់តែលះបង់កិត្តិយសជាប្រុសថ្លៃថ្នូរ ដើម្បីតាមចែចង់នាងនោះ? រឿងស្នេហាត្រូវពឹងលើនិស្ស័យ និងលើអារម្មណ៍! គេថាមនុស្សពីរនាក់មានអារម្មណ៍ដូចគ្នា! ខ្ញុំស្រលាញ់នាង នាងក៏ស្រលាញ់ខ្ញុំ។  ប្រហែលជានាងកំពុងបន់ឲ្យខ្ញុំនិយាយទៅរកនាងផងក៏មិនដឹង? «កុំព្រួយសម្លាញ់បេះដូង! ខ្ញុំមិនធ្វើឲ្យឯងខកចិត្តទេ! ថ្ងៃនេះខ្ញុំនឹងបញ្ចេញទេពកោសល្យនៃសិល្បៈញ៉ែស្រី ឲ្យឯងភ្លឺភ្នែកម្តង!»

នឹកគុណដល់គ្រូបាធ្យាយ ដល់ខ្មោចជីដូនជីតា សូមលោកជួយបន្ទន់ចិត្តស្រីឲ្យបាក់ស្រិបលើរូបខ្ញុំមក៍! បើកាលណាខ្ញុំស្រដីទៅរកនាង សុំឲ្យនាងឆ្លើយឆ្លងមកខ្ញុំវិញកុំបីខាន!

-និយាយទៅ! ខ្ញុំអរគុណអ្នកនាងណាស់ ដែលមានចិត្តល្អនិយាយសាច់រឿងនេះប្រាប់ខ្ញុំ! កុំអីខ្ញុំនៅមិនអស់ចិត្តទេ!

-លោកស្តាយថ្លៃសំបុត្រអេះ?

បានឮនាងសួរត្រឡប់មកវិញ ខ្ញុំអរព្រួច ហើយខំឆ្លើយទាន់ចិត្តតបទៅវិញ៖

-មិនមែនមានន័យអ៊ីចឹងឡើយ! មកពីខ្ញុំជាមនុស្សចូលចិត្តដឹងអ្វីមួយច្បាស់លាស់ មិនចង់រំលងត្រង់ណាទេ។  ខ្ញុំតែងយល់ថា បើមនុស្សចូលចិត្តស្មានអ្វីដែលពួកគេមិនដឹងច្បាស់នោះ  វាជាហេតុអាចបង្កើតជាការយល់ច្រឡំដោយអចេតនា។   ចំណែករឿងមើលកុនក៏ដូចគ្នាដែរ បើសិនមិនបានមើលឈុតដំបូងទេ យើងប្រាកដជាមិនដឹងថាតួនោះចេញមកពីប្រភពណា? គេមានគោលបំណងអ្វី? រួចក៏ធ្វើឲ្យយើងមើលរឿងនោះមិនសូវជក់ ឬក៏គ្មានអារម្មណ៍ទាក់ទងនឹងសាច់រឿង ហើយក៏ត្រឡប់ជាយល់ថា  ហ៊ឹះ! រឿងនេះមើលមិនកើត!  តើអ្នកនាងគិតដូចខ្ញុំទេ?

-លោកចេះវិភាគបានល្អណាស់តើ!

-កុំសរសើរខ្ញុំអី! នេះគ្រាន់តែជានិស្ស័យរបស់មនុស្សទេ! …និយាយ អ៊ីចឹង តើអ្នកនាងមកមើលកុនតែម្នាក់ឯងទេ មែនទេ?

-ច៎ះ! មានអ្វីប្លែកឬ?

-អត់ទេ! តែខ្ញុំក៏ឧស្សាហ៍មកមើលកុនម្នាក់ឯងដែរ។ ប្រហែលជាពួកយើងមានចំណង់ចំណូលចិត្តដូចគ្នាហើយមើល៍ទៅ! ខ្ញុំយល់ថាមនុស្សដែលអាចដើរលេងម្នាក់ឯងបាន ប្រាកដជាមនុស្សដែលស្រលាញ់សេរីភាពហើយ។ …តាមពិតខ្ញុំមានមិត្តភក្តិប៉ុន្មាននាក់ដែរ តែពួកគេគ្មានម្នាក់ណាចូលចិត្តមើលកុនសោះ! បើហៅឲ្យមកមើលកុនជាមួយ ទាល់តែថែមលុយឲ្យគេទៀត! គេចេះតែយល់ថា ការមើលកុនគឺសម្រាប់តែគូសង្សារតែប៉ុណ្ណោះ តែខ្ញុំយល់ថាមកពីពួកគេមិនចូលចិត្តមើលកុនទៅវិញទេ។ ហេតុអ្វីក៏គេមិនចេះរីករាយនឹងការមើលកុន ដូចជាពួកយើងហ្ន៎? …តើអ្នកនាងដឹងទេ? ម៉េចក៏មានមនុស្សមិនចូលចិត្តមើលកុន?

-ខ្ញុំមិនដឹងទេ! ណេះលោកញ៉ាំនំនេះទៅ!

ថ្វីបើសម្តីរបស់នាងរាងកំបុតបន្តិចមែន តែសំណាងត្រង់នាងហុចនំឲ្យខ្ញុំញ៉ាំ។ នាងប្រាកដជាមានអារម្មណ៍ល្អចំពោះខ្ញុំហើយ ព្រោះឲ្យនំញ៉ាំមានន័យថា ព្រមរាប់អាន។ តើមានអ្វីគួរឲ្យឆ្ងល់ទៀតទៅ? រូបរាងខ្ញុំសង្ហា បបូរមាត់មានមន្តស្នេហ៍ ពិសេសបំផុតគ្រប់ពេលដែលខ្ញុំនិយាយទៅរកនាង គឺតែងប្រើក្រសែភ្នែកស្រទន់ ប្រាកដជាធ្វើឲ្យបេះដូងនាងរំជើបរំជួល រួចលោតឌុកឌាក់ខុសចង្វាក់ ទើបនាងយកនំឲ្យខ្ញុំញ៉ាំ បញ្ឈប់សម្តីខ្ញុំមួយភ្លែត ដើម្បីទុកឱកាសសម្រួលអារម្មណ៍ឲ្យប្រក្រតីវិញ។

ខ្ញុំមិនមែនជាមនុស្សពូកែខាងអួតទេ តែពាក្យពេចន៍សរសើរខ្លួនឯងបែបនេះ គឺខ្ញុំធ្លាប់ឮស្រីៗដែលតាមស្រលាញ់ខ្ញុំប្រាប់ខ្ញុំ ហើយដល់ពេលខ្ញុំឆ្លុះកញ្ចក់ទៅ ក៏ឃើញអ៊ីចឹងមែន។ នៅមានទៀត! ក្រៅពីសម្រស់ស្រស់ស្អាតហើយ ខ្ញុំថែមទាំងមានប្រាជ្ញាមុតថ្លាដូចទឹក។ បើទោះជានាងជានារីមិនចាប់ភ្លឹកនឹងរូបសម្រស់របស់ខ្ញុំ ក៏នៅតែគេចមិនផុតពីចុះចាញ់នឹងប្រាជ្ញាខ្ញុំដែរ គឺវាដូចជានាងអមរាចុះចាញ់ប្រាជ្ញា ព្រះមហោសថអ៊ីចឹង។

ខ្ញុំញ៉ាំនំរបស់នាងឲ្យមកខ្ញុំនោះម្តងមួយម៉ាត់ៗ ល្មមតែនួនល្អងបាត់ក្តុកក្តួលដួងចិត្តបន្តិច ទើបខ្ញុំបន្លឺទៅរកនាងសាជាថ្មី៖

-និយាយអ៊ីចឹងខ្ញុំឈ្មោះ កត្តិក ! ចុះចំណែកអ្នកនាងវិញអាចប្រាប់ឈ្មោះឲ្យខ្ញុំ បានស្គាល់ផង តើបានដែរទេ?

-ថាម៉េច? លោកឈ្មោះ កត្តិក ?

-បាទ!  តើពីរោះខ្លាំងណាស់មែនទេ?

-ម៉េចក៏ម្តាយលោកដាក់ឈ្មោះឲ្យលោកអ៊ីចឹង?

-អ្នកនាងឆ្លាតមែន! ដឹងថាម្តាយខ្ញុំជាអ្នកដាក់ឈ្មោះឲ្យខ្ញុំទៀត! គឺម្តាយខ្ញុំ ដាក់តាមឈ្មោះខែកំណើតរបស់ខ្ញុំទេ។ ខ្ញុំកើតខែកត្តិក ជាខែធ្លាក់ខ្យល់ពីទិសខាងជើង និងមានធាតុអាកាសត្រជាក់ស្រួល ផ្តល់អារម្មណ៍ស្រណោះស្រណោកដល់មនុស្សលោក គឺស្រដៀងនឹងធាតុអាកាសក្នុងពេលនេះដែរ។ អ្នកនាងដឹងទេ? ឲ្យតែគេឮឈ្មោះរបស់ខ្ញុំលើកដំបូង គេតែងតែនាំគ្នាសើច…! ប្រហែលជាឈ្មោះខ្ញុំកំប្លែងពេកហើយ! តែខ្ញុំដូចជាស្រលាញ់ឈ្មោះខ្លួនឯងណាស់ ហើយគិតថា ទោះជាម្តាយខ្ញុំដាក់ឈ្មោះផ្សេងឲ្យខ្ញុំ ក៏មិនសមនឹងខ្ញុំដូចឈ្មោះនេះដែរ។ ចុះតើអ្នកនាងមានឈ្មោះអ្វីដែរទៅ?

-ខ្ញុំកើតខែមិគសិរ ឈ្មោះ មិគសិរ !

-ហាស! ហាស! តើអ្នកនាងលេងសើច ឬក៏នៅលើលោកនេះមានរឿងជួនគ្នាមែន?

-ណេ៎ះ! ខ្ញុំឲ្យនំលោកមួយកញ្ចប់ទៀត!

-អរគុណណាស់! តើអ្នកនាងតែងតែទិញនំមកចែកគេញ៉ាំក្នុងរោងកុនអ៊ីចឹងមែនទេ ឬក៏ទើបតែចែកឲ្យខ្ញុំម្នាក់ទេ?

នាងគិតតែមើលកុនអត់ងាកមកឆ្លើយនឹងសំណួរនេះសោះ។ ឬក៏នាងអៀនទេដឹង? ព្រោះសួរអ៊ីចឹងហាក់ដូចជាចង់ឲ្យនាងឆ្លើយថា «តាំងពីដើមមក៍ ឬតាំងពីចាប់ផ្តើមស្គាល់រោងកុនមក៍ ខ្ញុំមិនដែលធ្លាប់ឲ្យនំទៅបុរសណាម្នាក់ញ៉ាំឡើយ គឺទើបតែពេលនេះ ទេវតាបណ្ដាលឲ្យខ្ញុំមកអង្គុយជិតលោក ខ្ញុំក៏… ហ៊ឹះ! លោកឯងនេះ ដឹងហើយ ចាំបាច់សួរធ្វើអ្វី?» គឺមកពីបែបនេះហើយ បានជានាងអង្គុយធ្វើហីដាក់ខ្ញុំអ៊ីចឹងនោះ។

-អូហ៍! បើអ្នកនាងឈ្មោះ មិគសិរ មែន ខែនេះគឺជាខែមិគសិរហើយទេតើ! សួស្តីខែកំណើត! គិតទៅខែមិគសិរ និងខែកត្តិកមានអាកាសធាតុត្រជាក់ដូចគ្នា ទើបពួកយើងក៏មាននិស្ស័យប្រហែលគ្នាដែរ។ តើខ្ញុំនិយាយត្រូវទេ? …អេ! រួចតើអ្នកនាងគិតថា ខែរងាឆ្នាំនេះត្រជាក់ខ្លាំងឬអត់?

គ្រានោះទើបនាងងាកមកនិយាយរកខ្ញុំថា៖

-លោកពូកែនិយាយសម្បើមណាស់នៀក!  តើរាល់ថ្ងៃលោកធ្វើការអី?

ឱ! ម្តេចក៏នាងសរសើរខ្ញុំអីត្រង់ៗម្ល៉េះ? មុននេះឃើញនាងឈប់និយាយមួយភ្លែត ខ្ញុំស្មានតែនាងលែងខ្វល់នឹងរូបខ្ញុំទៅហើយ! ដឹងអីពេលនេះដល់ថ្នាក់ សួរថាធ្វើការអីទៀត! មិននឹកស្មានថា នាងស្ងៀមស្ងាត់នឹងធឹងសោះ តែបែរជារហ័សខាងស្នេហាបែបនេះទៅវិញ។ មិនអីទេ! តបស្នងនឹងការចាប់អារម្មណ៍របស់នាងមកលើរូបខ្ញុំ និងដើម្បីអាចជួបមុខនាងលើកក្រោយៗទៀត ខ្ញុំនឹងឆ្លើយឲ្យនាងរឹតតែរំភើបចង់ស្គាល់ខ្ញុំទ្វេឡើង ក្នុងជំហានទីមួយ៖

-លាក់បាំងអី! តាមពិតខ្ញុំគឺជាពិធីករវិទ្យុម្នាក់…

ស្រាប់តែនាងសើចឃឹកៗ មិនដឹងព្រោះរឿងអ្វី? បែបមកពីនាងមិននឹកស្មានថា បានស្គាល់ពិធីករវិទ្យុទេដឹង?

-តើអ្នកនាង មិគសិរ សើចអ្វីហ្នឹង?

-អត់អីទេ!  គឺខ្ញុំមិននឹកស្មានថា អាចស្គាល់លោកជាពិធីករវិទ្យុនៅកន្លែងនេះ។

ថាអីចេះខុស!  បែបនេះចូលដល់ជំហានទីពីររបស់ខ្ញុំហើយ៖

-រឿងស្មានមិនដល់លើលោកនេះច្រើនណាស់! ខ្ញុំធ្វើពិធីករក្នុងកម្មវិធីប្រកាសលេខទូរស័ព្ទរាប់អានមិត្តភក្តិ ស្គាល់តែសំឡេងប្រិយមិត្ត មិនស្គាល់មុខមាត់របស់គេ។ ដល់បានជួបគ្នាម្តងៗ សុទ្ឋតែហួសពីការស្មាន! អ្នកខ្លះសំឡេងតិចៗ ស្រាប់តែរូបរាងធាត់ដូចដំរី ឯអ្នកខ្លះទៀតសំឡេងក្មេងដល់មុខឲ្យកញ្ចាស់ រួចតាំងមានម្នាក់នោះសំឡេងជាសុភាពបុរស តែដល់បានជួបមុខខ្ទើយសុទ្ឋ! ហាស! ហាស! តើអ្នកនាងដឹងទេ? ខ្ញុំមិនមែនស្អាតសង្ហាអីណាស់ណាទេ តែម្នាក់ៗឲ្យតែបានជួបខ្ញុំចេះតែសរសើរ ទាល់តែខ្ញុំឡើងរឹងខ្លួនអស់! ស្រីៗសរសើរមិនសូវអីទេ តែប្រុសៗដូចគ្នាកោតតែមកសរសើរខ្ញុំទៅរួច! …មែនហើយ! អ្នកនាងចង់ប្រកាសលេខទូរស័ព្ទក្នុងកម្មវិធីរបស់ខ្ញុំទេ?

-អូចា៎ះ! មិនបាច់រំខានលោកទេ!  សព្វថ្ងៃខ្ញុំមានមិត្តភក្តិគ្រប់គ្រាន់ហើយ!

-ប៉ុន្តែគ្មានមនុស្សណាសាញថា ខ្លួនឯងមានមិត្តច្រើនជ្រុលនោះឡើយ! មានមិត្តភក្តិកាន់តែច្រើន ជីវិតកាន់តែមានន័យ!

-ខ្ញុំមើលទៅលោកមានអារម្មណ៍ល្អយ៉ាងនេះ ជីវិតប្រាកដជាមានន័យខ្លាំងហើយ!

-ច្បាស់ណាស់! ជីវិតមានន័យឬអត់ស្ថិតនៅលើចិត្តមនុស្សជាអ្នកកំណត់ទេតើ! មនុស្សរស់នៅរាល់ថ្ងៃប្រឈមមុខតែរឿងពីរទេ គឺសប្បាយនិងទុក្ខសោក។ អ្នកនាងថាទៅមើល៍ តើយើងគួរជ្រើសរើសមួយណា? កើតទុក្ខក៏រស់មួយថ្ងៃ សប្បាយចិត្តក៏រស់មួយថ្ងៃ ម្តេចក៏មនុស្សមិនជ្រើសរើសយកសប្បាយចិត្តទៅ?

ខ្ញុំវិភាគទ្រឹស្តីជីវិតបានល្អយ៉ាងនេះ មិនដឹងថា នាងកោតស្ញប់ស្ញែងនឹងខ្ញុំប៉ុណ្ណាទៅហើយទេ? លើកនេះប្រាកដជាព្រមប្រាប់លេខទូរស័ព្ទដល់ខ្ញុំមិនខាន!

-អ្នកនាង មិគសិរ !  បើមិនយល់ទាស់ទេ តើពួកយើងអាចរាប់អានគ្នាជាមិត្តបានអត់?

-មិនបានទេ! លោកជាពិធីករវិទ្យុសម្បូរមិត្តរាប់អានច្រើនហើយ ខ្វះខ្ញុំ ម្នាក់ក៏មិនស្លាប់ដែរ!

ឆ្លើយបែបនេះខ្ញុំដឹងថា គ្រាន់តែជាល្បិចលើកកិត្តិយសខ្លួនតែប៉ុណ្ណោះ គឺនាងខ្លាចខ្ញុំយល់ថា នាងជាស្រីចិត្តងាយ។  មិនអីទេ! លើកនេះច្បាស់ជាគ្មានបញ្ហាអីចោទទៀតទេ!

-អត់ទេអ្នកនាង! ថ្វីបើមានមិត្តភក្តិច្រើនមែន ប៉ុន្តែមិត្តល្អពិតប្រាកដនោះ ពិបាកនឹងមានណាស់! កល្យាណមិត្តភាគច្រើនគឺកើតឡើងដោយសារនិស្ស័យ! ពួកយើងបានស្គាល់គ្នានៅក្នុងរោងកុន ហើយបានអង្គុយកៅអីក្បែរគ្នាទៀត ខ្ញុំយល់ថា នេះជានិស្ស័យឲ្យយើងរាប់អានគ្នាហើយ!

-មិនអីទេ! បើលោកជឿលើនិស្ស័យបែបនេះ ទុកឲ្យនិស្ស័យចងមិត្តភាពយើងទៅចុះ មិនចាំបាច់ខំប្រឹងឲ្យហួសនិស្ស័យទេ!

ឱ! ខ្ញុំមិនសមនឹងប្រកែកនឹងនាងទៀតឡើយ ជៀសវាងការថ្នាំងថ្នាក់នឹងគ្នា នាំខូចការ។ ឥឡូវមានតែសម្របតាមចិត្តនាងទៅចុះ៖

-បាទ! អ្នកនាងនិយាយត្រូវណាស់! ទុកឲ្យនិស្ស័យសម្រេចទៅចុះ…!

គិតទៅមនុស្សស្រីកាច់ឫកមែន បើស្រលាញ់ខ្ញុំហើយ ម៉េចចាំបាច់ធ្វើកាយវិការព្រងើយកន្តើយដាក់ខ្ញុំទៀត? សុខចិត្តមើលកុនធ្វើហី ចង់ឲ្យខ្ញុំទ្រមែនទេ? មិនខ្ចីទ្រទេអ្នកនាងអើយ! ទុកឲ្យទៅផ្ទះវិញដេកស្តាយ «អូយ! មិនគួរបដិសេធអត់រាប់អាននឹងគេសោះ! រូបរាងគេសង្ហាថ្នាក់នេះទៅហើយ… ស្តាយ ណាស់…ណាស់!ៗៗ» តែមើលទៅមិនបាច់ទៅដល់ផ្ទះបានស្តាយទេ ឲ្យតែខ្ញុំមិនមាត់ទៅរកតែបន្តិចទៀត ប្រាកដជាទ្រាំមិនបានងាកមកនិយាយរកខ្ញុំមុនហើយ! ចាំមើល៍ចុះ! ខ្ញុំរាប់ដល់មួយរយ ប្រាកដជាងាកមកនិយាយរកខ្ញុំមិនខាន! ចាប់ផ្តើម រាប់ហើយណា៎! ……..១……២……៣

-អេលោក!

ស្រេចបាត់! រាប់ទើបតែបានបីសោះ ក៏និយាយមករកខ្ញុំបាត់ទៅហើយ! លើកនេះដល់វេនខ្ញុំកាច់ឫកដាក់នាងម្តង! តាំងពីជាតិមុនមក ខ្ញុំធ្លាប់តែគេសុំរាប់អានមុន។ ឥឡូវក៏ដូចគ្នា! ចាំមើល៍ៗ តើនាងនិយាយជាមួយខ្ញុំថាម៉េចទៅ?

-អ្នកនាងមានការអីជាមួយខ្ញុំអ្ហេះ?

-ខ្ញុំចង់សួរលោកថា ម៉េចក៏លោកចេះតែសម្លឹងមើលមុខរបស់ខ្ញុំ? តើមុខខ្ញុំមានកុនអ្ហេះ?

-ទេ! មុខរបស់អ្នកនាងគ្មានកុនទេ!

-អ៊ីចឹងម៉េចក៏មិនមើលកុន? ក្រែងមុននេះឲ្យខ្ញុំនិយាយសាច់រឿងដំបូងឲ្យស្តាប់ ព្រោះចង់មើលកុនឲ្យជក់មែនទេ?

-មែន! តែមើលយ៉ាងណាក៏មិនជក់! អ្នកនាងមិនយល់ថារឿងមួយនេះ អន់ពេកទេអេះ? មើលតែតួសម្តែងចុះ មិនទំនងអីបន្តិច! តួម្តាយនិងតួកូនមានវ័យចំណាស់គ្នា ទោះជាចង់កុហកថា ម្តាយសាច់ចាំដូចទេវតាក៏ទៅមិនរួចឡើយ! រីឯសិស្សវិទ្យាល័យវិញអាយុប្រហែលសាមសិបឆ្នាំទៅហើយ បើទោះជាមនុស្សល្ងង់ រៀនត្រួតថ្នាក់យ៉ាងណា ក៏គង់តែឈប់រៀនបាត់ទៅហើយដែរ។ នៅមានទៀត! អ្នកនាងមើលតួឯកស្រីទៅមើល៍ ជួបបញ្ហាតិចតួចសោះ មិនគិតរកវិធីដោះស្រាយ បែរជាមកយំរៀបរាប់ដដែលៗ… ពូកែតែខាងយំ បែបចង់ឲ្យគេដាក់ឈ្មោះតារាទឹកភ្នែកឲ្យហើយមើល៍ទៅ! តួឯកចរិតទន់ខ្សោយបែបនេះណា រកគេយកគំរូតាម ក៏មិនកើតដែរ! ណាមួយខ្លួនក្រសោះ តែតែងខ្លួននោះតែង…..!

-អ្នកក្រតែងខ្លួនមិនបានអ្ហ៊ៃ? លោកឯងអីក៏ជំនាញខាងរិះគន់គេម្ល៉េះ? គ្រាន់តែគេខ្វះតួសម្តែង រើសតួមិនសមបន្តិចក៏រិះគន់អីដល់ថ្នាក់ហ្នឹង? បើគ្រាន់បើ ម៉េចក៏មិនទៅធ្វើកុនមើលខ្លួនឯងទៅ! មុននឹងរិះគន់គេ រិះគន់ខ្លួនឯងមុនផង!

-អេ! ហេតុអ្វីក៏អ្នកនាងក្លាយជាខឹងដល់ថ្នាក់ហ្នឹង? តើរឿងមួយនេះ គឺឪពុករបស់អ្នកនាងផលិតឬមិនមែន?  ខ្ញុំគ្រាន់តែរិះគន់ស្ថាបនាទេតើ!

-ទោះយ៉ាងណាលោកជាកូនខ្មែរដែរ គួរណាតែលើកទឹកចិត្តកុនខ្មែរខ្លះផងទៅ!

-បើគិតតែលើកទឹកចិត្តបញ្ជោរចុះបញ្ជោរឡើង រករីកចម្រើនម្តេចនឹងឃើញ? បើឃើញខុសហើយមិនថា គេនឹងថាមនុស្សអត់ចិត្ត! តាមពិតខ្ញុំនេះលើកទឹកចិត្តកុនខ្មែរណាស់ទៅហើយ ទើបបានជាមកមើលនេះ! ឯអ្នកដែលមិនចង់លើកទឹកចិត្ត គេមិនខ្ចីស្រណោះមកចំណាយពេលឥតប្រយោជន៍ទេ! អ្នកនាងក៏ឃើញដែរ រោងកុនមួយទាំងមូលមានមនុស្សមើលតែប៉ុន្មាននាក់…. សល់សុទ្ធតែកៅអី…

-មែន! កៅអីសល់ច្រើនណាស់! ខ្ញុំភ្លេចគិតថា អាចអង្គុយនៅកន្លែងផ្សេងបាន! សូមលោកនៅប្រាជ្ញព្រោកម្នាក់ឯងចុះ!  ខ្ញុំលាសិនហើយ!

អេ! ហេតុអ្វីក្លាយទៅជាបែបនេះ? បើនាងចង់កាច់ឫកក៏មិនបាច់ប្តូរកន្លែងអង្គុយឆ្ងាយពីខ្ញុំដែរ? នៅថាឲ្យខ្ញុំប្រាជ្ញព្រោកទៀត! តើខ្ញុំនិយាយច្រើន ពិតមែន? ខ្ញុំមិនទាន់ប្រាប់នាងថា បានជាខ្ញុំចេះតែសម្លឹងមើលមុខនាង ព្រោះមុខនាងល្អមើលជាងមើលកុនផង!

ខែវិច្ឆិកា 9, 2009 at 10:18 ព្រឹក មតិ 23

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 215,499 hits
Visit Cute-Spot.com!