Posts filed under ‘ប្រលោមលោក’

ហេតុអ្វីក្របសៀវភៅខែរងា គឺជាលោក ឆន សុវណ្ណរាជ?

សៀវភៅប្រលោមលោកមួយ ដែលចូលរួមលើកស្ទួយការអាននៅកម្ពុជា មានចំណងជើងថា «ខែរងា» ពីអ្នកនិពន្ធ សុខ ចាន់ផល ទន្ទឹមនឹងទទួលបាននូវការគាំទ្រពីសំណាក់មិត្តអ្នកអាន ក៏មានសំណួរសួរថា ហេតុអ្វីក្របសៀវភៅគឺជា លោក ឆន សុវណ្ណរាជ?

Promotion Reach copy

ជាទូទៅសៀវភៅប្រលោមលោកនៅស្រុកយើង និយមរចនាគម្របដោយរូបគំនូររបស់វិចិត្រករ ជាសិល្បៈគំនូរដ៏មានទេពកោសល្យ ផ្ដល់នូវតម្លៃមួយកម្រិតថែមទៀតដល់ស្នាដៃសៀវភៅ ដោយឡែកសៀវភៅប្រលោមលោក ខែរងា ដែលបោះពុម្ពផ្សាយលើកទី១ តាំងពីឆ្នាំ ២០១០ បែរជាយករូបថតរបស់តារាល្បីមកធ្វើជាគម្របសៀវភៅទៅវិញ ដែលធ្វើឱ្យអ្នកស្រលាញ់សៀវភៅខ្លះរិះគន់។

តបទៅនឹងចម្ងល់ខាងលើនេះ អ្នកនិពន្ធផ្ទាល់មានយោបល់ថា «ការរចនាសៀវភៅគឺជាសិល្បៈម្យ៉ាង ដែលតែងតែផ្សារភ្ជាប់ទៅនឹងសិល្បៈផ្សេងៗដូចជាគំនូរជាដើម ហើយរូបថតក៏ជាសិល្បៈមួយដែលកំពុងតែពេញនិយម។ នៅបរទេស ក្របសៀវភៅប្រលោមលោករបស់គេ ក៏និយមយករូបថតមកប្រើផងដែរ មិនមែនតែនៅខ្មែរយើងទេ។ ចំពោះខ្ញុំ ខ្ញុំក៏ចូលចិត្តក្របសៀវភៅជាគំនូរ តែខ្ញុំក៏ចង់ធ្វើអ្វីដែលថ្មីប្លែកនៅប្រទេសយើងដែរ។»

លោកបន្តទៀតថា «មានហេតុផលផ្សេងៗទៀត ក្នុងការជ្រើសរើសរូបថតរបស់លោក ឆន សុវណ្ណរាជ ជាក្របសៀវភៅ។ ទី១ រាជ មានអត្តចរិតស្រដៀងនឹងតួអង្គឯកក្នុងរឿងនេះ ឈ្មោះកត្តិត ។ កត្តិត និង រាជ បើថាជាមនុស្សសុភាពរាបសារក៏មិនចំ ព្រោះពេលខ្លះក៏លេងសើច ហើយប៉ិនស្រមើស្រមៃ។ ទី២ ឆន សុវណ្ណរាជ ជាតារាចម្រៀងល្បី តែមិនវាយឫក រាប់អានស្និទ្ធស្នាលជាមួយនឹងក្រុមការងារ ធ្វើឱ្យគ្រប់គ្នាស្រលាញ់ និងឱ្យតម្លៃគាត់។ ទី៣ រូបថតមួយសន្លឹកនេះជាស្នាដៃរបស់លោក ខាំ ភូរិ អ្នកដឹកនាំសម្ដែងដ៏ល្បីឈ្មោះ ដែលកាន់តែផ្ដល់តម្លៃ និងអនុស្សាវរីយ៍រួមគ្នានៅក្នុងសៀវភៅប្រលោមលោកខ្មែរមួយនេះ។

អ្នកនិពន្ធប្រកបដោយមនោសញ្ចេតនា និងចូលចិត្តថែរក្សាអនុស្សាវរីយ៍រូបនេះ ក៏មិនភ្លេចផ្ញើសេចក្ដីថ្លែងអំណរគុណដល់អ្នកដែលបានរួមចំណែកនៅក្នុងសៀវភៅនេះឡើយ ដោយគាត់បានរៀបរាប់ឈ្មោះ មានដូចជា លោក ឆន សុវណ្ណរាជ លោក ខាំ ភូរិ លោក កៅ សីហា លោក ហេង សុខម៉េង លោក ធី សុផាន់ណា លោក ហួត លី លោក ឈុន ឃុនវិរីយ៉ា លោក លីម គីមឈុន លោក ហេង ឧត្តម លោកស្រី សាត បញ្ញា លោក មាន កុសល និង លោក អ៊ាង គារវៈ ។

24296701_714545548748992_7694229760055587347_n

លោក សុខ ចាន់ផល បានសម្ដែងអារម្មណ៍រំភើបរីករាយ ពេលបាននិយាយដល់អ្នកគាំទ្រសៀវភៅប្រលោមលោកខែរងានេះ ដោយមានប្រសាសន៍ថា «ការខំប្រឹងប្រែងរបស់ខ្ញុំហាក់ដូចជាមានរូបរាងឡើង នៅពេលបានឃើញសៀវភៅដែលបោះពុម្ពផ្សាយមានការគាំទ្រជាបន្តបន្ទាប់។ ខ្ញុំនៅតែប្រឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន តែលទ្ធផលគឺបានមកពីការចូលរួមពីប្រជាជនខ្មែរទូទាំងប្រទេស។ ការនិពន្ធសៀវភៅនេះ បើនិយាយពីផលចំណេញនោះ គឺមិនទាន់ប្រៀបធៀបនឹងការងារដែលខ្ញុំធ្វើរាល់ថ្ងៃ ដូចជាសរសេរចម្រៀង ឬអត្ថបទភាពយន្តឡើយ ប៉ុន្តែនេះជាកិច្ចការមួយ ដែលខ្ញុំផ្ដល់តម្លៃឱ្យខ្លួនឯង ដើម្បីចូលរួមកសាងវប្បធម៌អាននៅប្រទេសយើង។ ខ្ញុំមានសុទិដ្ឋិនិយមថា ចាប់ពីថ្ងៃនេះទៅ អ្នកនិពន្ធខ្មែរនឹងចេញផ្សាយស្នាដៃច្រើនជាងមុន ហើយប្រជាជនខ្មែរក៏នឹងងាកមកការអានកាន់តែផុសផុរ។ ការអានគឺជាវប្បធម៌ដ៏ថ្លៃថ្នូរបំផុត ដែលខ្ញុំស្រលាញ់។»

គួរលើកផងដែរថា លោក សុខ ចាន់ផល ជាអ្នកនិពន្ធប្រចាំនៅក្រុមហ៊ុនហង្សមាស ផ្នែកនិពន្ធទំនុកច្រៀង និងសាច់រឿងភាពយន្ត ដែលក្នុងនោះបទចម្រៀងល្បីៗជាស្នាដៃទំនុកច្រៀងរបស់លោក សម្រាប់លោក ឆន សុវណ្ណរាជ មានដូចជា នឹក A ស្រលាញ់ B សួរទឹកភ្នែករកស្នេហ៍ពិត បេះដូងខ្មែរ មនុស្សដែលគេមើលរំលង កន្លែងណាព្រមទទួលខ្ញុំ? ចំណែកលើស សុំស្រលាញ់ សុំ Password លួចស្រលាញ់អូនបីឆ្នាំ ឈាមពេជ្រ ជាដើម។ លោកបានបោះពុម្ពផ្សាយនូវស្នាដៃជាសៀវភៅបានជាច្រើនចំណងជើង និងធ្លាប់បានទទួលពានរង្វាន់ SAE Write Award 2013 នៅប្រទេសថៃ។ នៅក្នុងឆ្នាំ២០១៧នេះលោកក៏បានផលិតនូវភាពយន្តខ្លីមួយ ដែលមានចំណងជើងថា «កាបូបលុយ» និងបានបោះពុម្ពផ្សាយនូវសៀវភៅ «មនោសញ្ចេតនា» ។

អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត

ខែធ្នូ 7, 2017 at 6:48 ព្រឹក បញ្ចេញមតិ

អ្វីដែលនៅពីក្រោយភាពជោគជ័យរបស់ ឱក សុគន្ធកញ្ញា

ជាតារាចម្រៀងដែលមានការអភិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់។ ពីក្មេងស្រីមិនសូវចេះនិយាយស្ដីនៅពេលឡើងឆាក ក្លាយជា Coach និង Judge ដ៏ពូកែនិយាយក្នុងកម្មវិធីល្បីៗរបស់ទូរទស្សន៍ហង្សមាស។ ពិតជាមិនសរសើរមិនបាន ចំពោះតារារូបនេះ! ប៉ុន្តែឆ្ងល់ដែរទេ តើមានអ្វីនៅពីក្រោយខ្នងរបស់គាត់?

22854939_10203880645812517_428866727_n

«ការងាររបស់ខ្ញុំរាល់ថ្ងៃ គឺពឹងលើការអាន បើខ្ញុំមិនអាន គឺខ្ញុំមិនដឹងថា ពាក្យដែលខ្ញុំយកទៅនិយាយជាមួយនឹងទស្សនិកជន ឬកូនក្រុមរបស់ខ្ញុំ​​​​ ត្រូវនិយាយថាម៉េចនោះទេ តែគឺខ្ញុំតែងតែសិក្សាយកពីសៀវភៅ ទើបខ្ញុំអាចយល់ដឹងពីការរស់នៅ ការប្រើប្រាស់ភាសា សិល្បៈនៃការនិយាយ តើថាយ៉ាងណាខ្លះ… »

ជាសម្ដីប្រកបដោយទឹកមុខរំភើប ជាមួយនឹងសៀវភៅនៅក្នុងដៃ ដែលធ្វើឱ្យយើងមើលដឹងថា គាត់ចូលចិត្តសៀវភៅកម្រិតណា។ ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏លេចធ្លោនាពេលបច្ចប្បន្នកំពុងតែកាន់សៀវភៅថ្មី ស្នាដៃលោក សុខ ចាន់ផល មានចំណងជើងថា «មនោសញ្ចេតនា» ដែលក្របសៀវភៅគឺជារូបនារីម្នាក់ ប្រកបដោយទឹកមុខស្រគត់ស្រគំពោរពេញដោយមនោសញ្ចេតនា ហាក់ដូចជាស្របតាមចំណងជើងសៀវភៅប្រលោមលោកនេះ ហើយដែលនារីម្នាក់នោះគ្មានអ្នកណាក្រៅពី ឱក សុគន្ធកញ្ញា ផ្ទាល់ឡើយ។

22854599_10203880646412532_1253843743_n

បច្ចប្បន្ន យុវវ័យខ្មែរហាក់កំពុងតែស្វែងរកខ្លួនឯង ព្រមទាំងប្រណាំងប្រជែងនឹងភាពរីកចម្រើននៃសកលលោក។ ពួកគេផ្ដើមចាប់អារម្មណ៍ និងចាប់យកអ្វីៗពីលោកខាងក្រៅ យ៉ាងឆាប់រហ័ស។ តើពួកគេចូលចិត្តអានទេ? តើពួកគេគាំទ្រស្នាដៃជាតិរបស់ខ្លួនទេ? មិនទាន់ឆ្លើយបានទេ តែពួកគេកំពុងតែរង់ចាំទទួលនូវវប្បធម៌ទាំងនោះហើយ។ ម្លោះហើយ ការសាបព្រោះនូវវប្បធម៌ល្អៗ គឺប្រៀបបាននឹងពរជ័យចំពោះពួកគេ។ រាងកាយត្រូវការអាហារ ខួរក្បាលត្រូវការគំនិត។ ក្នុងន័យនេះ វប្បធម៌នៃការអានសៀវភៅគឺជារឿងមួយដែលខ្វះមិនបាន មិនថាសៀវភៅបែបកំសាន្ត ឬបែបផ្នត់គំនិត គឺពិតជាចំណែកនៃការអភិវឌ្ឍខ្លួនទៅអនាគតដ៏វែងឆ្ងាយ។

ដោយឡែក កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់សិល្បករ នឹងកាន់តែឃើញតម្លៃនៅពេលដែលពួកគេបានយកវាមកប្រើជាប្រយោជន៍ដល់សង្គមជាតិ។ លោក សុខ ចាន់ផល អ្នកនិពន្ធប្រចាំក្រុមហ៊ុនហង្សមាស ដែលទើបតែចេញផ្សាយស្នាដៃសៀវភៅថ្មី បាននិយាយសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ថា «គាត់គ្មានភាពរារែកក្នុងការថតរូបក្របសៀវភៅថ្មី សម្រាប់ស្នាដៃខ្ញុំឡើយ ដែលសបញ្ជាក់ឱ្យឃើញថា កញ្ញា គឺជាអ្នកចូលចិត្តអាន និងឱ្យតម្លៃសៀវភៅ។»

22854514_10203880646212527_1105336495_n

ការអានគឺជាការផ្សងព្រេងមួយដែលគ្មានទីបញ្ចប់។ ហេតុនេះហើយ ទើប ឱក សុគន្ធកញ្ញា លើកឡើងថា «ក្នុងមួយទំព័រៗគឺមានពាក្យពេចន៍ច្រើនណាស់។ ដូច្នេះមនុស្សម្នាក់អានសៀវភៅចប់មួយក្បាល នឹងទទួលចំណេះរាប់ម៉ឺនរាប់សែនពាក្យ យកមកប្រើមិនអស់ផង។ សៀវភៅមួយក្បាលផ្ដល់ចំណេះដឹងឱ្យអ្នកអានច្រើនលើសលប់ លើសពីអ្វីដែលយើងគិតទុក។ ហើយក្នុងទស្សនៈខ្ញុំ អ្នកនិពន្ធគឺជាមនុស្សដែលរៀនបានច្រើនមែនទែន គឺច្រើនជាងអ្វីដែលយើងកំពុងតែអាននោះផង។»

ចុះចំពោះការច្រៀង? កញ្ញា ឆ្លើយថា «អ្នកនិពន្ធបានសរសេរចម្រៀងជាមួយនឹងមនោសញ្ចេតនា អ្នកច្រៀងក៏ត្រូវយល់ពីមនោសញ្ចេតនានៃសាច់រឿងនោះ។ អ៊ីចឹងហើយ ចំណងជើងសៀវភៅនេះ មនោសញ្ចេតនា គឺប៉ះអារម្មណ៍ខ្ញុំតែម្ដង! បើទោះជាមិនទាន់បានអាន ក៏ខ្ញុំជឿថា នៅខាងក្នុងនេះផ្ទុកទៅដោយមនោសញ្ចេតនារាប់មិនអស់​ ព្រោះម្យ៉ាងគឺជាស្នាដៃរបស់អ្នកនិពន្ធ ដែលពោរពេញដោយមនោសញ្ចេតនា​ សុខ ចាន់ផល ទៅហើយ!»

22687548_1963465120531715_8671651940521518058_n

បើយើងក្លាយជាអ្នកដទៃ គ្មានថ្ងៃអូនមិនយំ អារម្មណ៍ពេលខ្លះ នឹកផ្ទះ ចង់ចាកចេញពីទីនេះ កុហកទឹកភ្នែក គេល្អគ្រប់យ៉ាងតែអូនស្រលាញ់បង មានបទចម្រៀងមួយណាធ្វើឱ្យបងនឹកអូន? ស្ដាប់បទចម្រៀងហូរទឹកភ្នែក ក្រោកឈរ ស្រលាញ់គឺលះបង់… សុទ្ធសឹងជាស្នាដៃបទចម្រៀងជោគជ័យរបស់កវី សុខ ចាន់ផល និង តារាចម្រៀង ឱក សុគន្ធកញ្ញា ហេតុនេះហើយ ជឿថា ស្នាដៃសៀវភៅថ្មីនេះក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នា។

គួរលើកផងដែរថា តារាចម្រៀងដ៏ល្បីល្បាញ ឆន សុវណ្ណរាជ ក៏បានចូលរួមគាំទ្រនូវស្នាដៃថ្មី មនោសញ្ចេតនា នេះយ៉ាងពេញទំហឹង។ លោក ឆន សុវណ្ណរាជ ក៏ជាតួអង្គក្របសៀវភៅរបស់អ្នកនិពន្ធ សុខ ចាន់ផល ដែលមានចំណងជើងថា ខែរងា ហើយនៅគ្រានេះ រាជក៏ជួយផ្សាយគាំទ្រសៀវភៅថ្មី និងបាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ឱ្យងាកមកការអានសៀវភៅផងដែរ។

22894812_10203880646052523_1832046742_n

សៀវភៅរឿងខ្លី បែបប្រលោមលោក ចំណងជើងមនោសញ្ចេតនា ចេញផ្សាយដោយអ្នកនិពន្ធវេទមន្ត ក្នុងគោលបំណងជំរុញវប្បធម៌នៃការអានសៀវភៅនៅកម្ពុជា។ ប្រិយមិត្តអាចរកជាវនៅថ្ងៃនេះបាននៅតាមហាង ន ស ២ រ និង បណ្ណាល័យបញ្ញវន្ត ឬក៏តាមរយៈទូរស័ព្ទលេខ ០៩៣ ៤៨២ ៥៧៨ និង ០៧៧ ៧៦៥ ០៦៣

អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត

 

 

ខែតុលា 28, 2017 at 9:06 ព្រឹក បញ្ចេញមតិ

ស្នេហាសុភាពបុរស I & II

ជាកាដូឆ្នាំថ្មី ២០១៣ ជូនចំពោះមិត្តអ្នកអាន និងខ្លួនឯងផ្ទាល់! 😉

Gentleman's Love

«ស្នេហាសុភាពបុរស» អានសើចចុកពោះ ព្រោះចរិតតួឡប់ៗ អង្រួនអារម្មណ៍មិនស្ងប់ជាមួយនឹងស្នេហាត្រីកោណ ជាល្ខោនជីវិត អានគិតៗហូរទឹកភ្នែកដោយមិនដឹងខ្លួន…

download

អ្នកអានទាំងអស់គ្នាជាទីស្រលាញ់!

ជិតផុតឆ្នាំ ២០១២ ទៅហើយ ពិភពលោកមិនទាន់រលាយឯណា! ជួនកាលពេលពិបាកចិត្តខ្លាំង ក៏ធ្លាប់គិតថា កាលណាបានផែនដីរលាយ ឱ្យស្លាប់ទាំងអស់គ្នាទៅ? ប៉ុន្តែខ្ញុំពិតជាស្លាប់ដោយមិនអស់ចិត្តទេ បើខ្ញុំមិនទាន់បានសរសេរបញ្ចប់រឿងមួយនេះ។ អរគុណណាស់ ដែលគាំទ្រ ហើយព្រមរង់ចាំអានវគ្គបញ្ចប់ ហើយពិតជាសុំទោសដែលខ្ញុំទុកឱ្យអ្នករង់ចាំយូរយ៉ាងនេះ។
ឆាកជីវិតពិតជារវល់មែន! តាមពិតទៅ ខ្ញុំគ្រាន់តែចង់ធ្វើជាអ្នកនិពន្ធប្រលោមលោកម្នាក់ អាចសរសេរអ្វីដែលចង់សរសេរ ប៉ុន្តែបែរជាឆ្លៀតពេលស្ទើរមិនបាន។ បន្ទាប់ពីរវល់សិក្សា ក៏រវល់ធ្វើការ ដល់អ៊ីចឹងទៅ ក្ដីប្រាថ្នាចេះតែខុសពីការពិត។ យ៉ាងណាពេលនេះខ្ញុំបានបញ្ចប់សៀវភៅប៉ុន្មានក្បាលហើយ ក៏មានអ្នកអានចូលចិត្តសៀវភៅខ្ញុំច្រើននាក់ដែរ។ ស្កប់ស្កល់ហើយ គ្រាន់តែបើអាច គឺខ្ញុំចង់សរសេរឱ្យបានច្រើន ហើយឱ្យកាន់តែល្អឡើង។

ភ្នំពេញ ០៧ កក្កដា ២០១២
សុខ ចាន់ផល

ខែមករា 12, 2013 at 3:13 ល្ងាច មតិ 4

សង្សារ A B C

មាន​រឿង​ថ្មី ដាក់​ជូន​ប្រិយ​មិត្ត​អាន គឺ​ទើប​តែ​សរសេរ​កាល​ពីយប់​មិញ​នេះ​ឯង! ទើប​តែ​ដឹង​ថា បទ​និពន្ធ​ខ្លះ​កើត​ឡើង​ដោយ​សារ​អ្នក​និពន្ធ​ដេក​មិន​លក់ lol កុំ​ឱ្យ​ខាត​ពេល សូម​ជូន​រឿងៗៗៗៗៗៗ «សង្សារ A B C» ហេហេ

មក​ទល់​នឹង​ពេល​នេះ​ខ្ញុំ​សរសេរ​ទំនុក​ច្រៀង​ជាង​មួយរយ​បទ​ហើយ ទើប​គិត​ថា​គួរ​តែ​សរសេរ​រឿង​មួយ​ដែល​ទាក់​ទង​នឹង​អាជីព​មួយ​នេះ​ រួច​ក៏​យក​បទ​ចម្រៀង​ប៉ុន្មាន​បទ​មក​ធ្វើ​ជា​តួ​អង្គ​តែ​ម្ដង ហេហេ ម្យ៉ាង… មនុស្ស​បច្ចុប្បន្ន​​ចាប់​អារម្មណ៍​ស្ដាប់​ចម្រៀង​ជាង​អាន​រឿង។ ជា​ការ​ពិត​ណាស់ វិស័យ​តែង​និពន្ធ​​សៀវភៅ​រឿង​នៅ​ស្រុក​ខ្មែរ ​ហាក់​ដូច​ជា​កប់​បាត់​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ មាន​អ្នក​និពន្ធ​រឿង​ថ្មី​ៗប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​គេ​ស្គាល់ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​អត់​ចាប់​អារម្មណ៍ ​នឹង​ការ​អាន​ប្រលោមលោក​សោះ ដូច​ឈ្មោះ​របស់​​ខ្ញុំ​អ៊ីចឹង ខ្ញុំ​ជឿ​ថា​មាន​ក្មេងៗ​ជា​ច្រើន​ស្គាល់​​ឈ្មោះ​ខ្ញុំ​ថា​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា ខ្ញុំ​ចេះ​សរសេរ​រឿង​ទេ។ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​អាច​គាំ​ទ្រ​ស្នាដៃ​សរសេរ​រឿង​របស់​ខ្ញុំ​ដូច​ដែល​ពួក​គេ​ចូល​ចិត្ត​ស្ដាប់​ទំនុក​ច្រៀង​របស់​ខ្ញុំ​ដែរ ពោល​គឺ​ខ្ញុំ​ចង់​ឱ្យ​​ពួក​គេ​រៀន​អាន ទន្ទឹម​នឹង​ខ្ញុំ​រៀន​សរសេរ។

និយាយ​អ៊ីចឹង តើ​មាន​មិត្តណា​ខ្លះ​មិនចូល​ចិត្ត​អាន​សៀវភៅ? ខ្ញុំ​មួយ ហេហេ ខ្ញុំ​ខ្ចិល​អាន​ផុត​លេខ​ហើយ តែ​ពេល​ក្លាយ​ជា​អ្នក​និពន្ធ​ក៏​រៀន​អាន ហេតុ​នេះ​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​យល់​ចិត្ត​អ្នក​មិន​ចូល​ចិត្ត​អាន​បាន​ខ្លះ… ដូច​ជា ​ព្រោះ​តែ​អ្នក​និពន្ធ​សរសេរ​ផ្លូវ​ការ​ពេក​មែន​ទេ? 😉 តួ​អក្សរ​ក៏​មាន​ជីវិត​ដែរ បើ​​អ្នក​និពន្ធ​ចេះ​រៀប​រាប់ ពួកវា​នឹង​រស់​រវើក ពេល​គេ​អាន​ទៅ​គឺ​ប្រៀប​ដូច​​កំពុង​មើល​កុន 3D អ៊ីចឹង​ ហេហេ មាន​ហេតុផល​មួយ​ទៀត ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​ទិញ​សៀវភៅ ព្រោះ​ខ្វះ​លុយ​ហ្នឹង​ណា៎! បែប​នេះ​ពេល​នេះ​មិន​បាច់​ទិញ​សៀវភៅ​ក៏​អាចអាន​បាន​ដែរ ព្រោះ​សម័យ​ជឿន​លឿន​ទៅ​ហើយ ឱ្យ​តែ​ប្រើ​អ៊ីនធើណេត តើ​មែន​ទេ? ងាយណាស់ ពេល​ឃើញ​រូប​សៀវភៅ គ្រាន់​តែ​ចុច​លើ​វា​ទៅ ទំព័រ​សៀវភៅ​ក៏​ហោះ​មក​ឱ្យ​យើង​អាន ខ្លាច​តែ​យើង​ខ្ចិល​អាន​តើ! នេះ​​គេ​ហៅ​ថា​ E-Book តើ​មិត្ត​ភក្តិ​របស់​អ្នក​ធ្លាប់​អាន​សៀវភៅ​អនឡាញ​បែប​នេះ​ឬ​នៅ? បើ​នៅ​ជួយ​ប្រាប់​ពួក​គេ​ផង​ណា ប្រាប់​ថា​ពួក​គេ​នឹង​ចូល​ចិត្ត!

ខែមករា 27, 2012 at 6:11 ល្ងាច មតិ 12

ពិព័រណ៍សៀវភៅនៅកម្ពុជា (២៥-២៧ វិច្ឆិកា ២០១១)

នេះជាការពិព័រណ៍សៀវភៅ លើកទី១ រៀបចំដោយបណ្ណាល័យជាតិ! តើអ្នកចូលចិត្ត​សៀវភៅ​ទេ? អ៊ីចឹង​កុំ​ភ្លេច​ទៅ​ចូល​រួម​ណា៎! 😀 ខ្ញុំក៏​នឹងចូល​រួម​តាំង​សៀវភៅ​ចំនួន​បី​ក្បាល ស្នាដៃ​ខ្ញុំ​ដែរ៖

ស្នេហាសុភាពបុរស

I have written some novels, but i decided to publish it first coz i really love it… It’s awesome, my readers said, and this make me proud.

ខ្ញុំមិនទាន់បាន​សរសេរ​ភាគបន្ត​នៅ​ឡើយ​ទេ តែ​សង្ឃឹម​ថា មិត្ត​អ្នកអាន​នឹង​រង់​ចាំ​បាន! ​រឿង​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ ពិត​ជា​អរគុណ អរគុណ អរគុណ! 😉

ខែរងា

The second novel after Gentleman’s Love You will see how is winter in Cambodia… Do you like winter?

ពេលនេះ​គួរតែដល់​ខែរងាហើយ មិន​សូវ​ត្រជាក់​ទេ តែ​មាន​ខ្យល់​បក់​រវិចៗ​រាល់​ព្រឹក ហេហេ នេះ​ជា​ប្រលោមលោក​ដ៏គួរ​ឱ្យ​ស្រលាញ់ ពិសេស​បើ​​អាន​ក្នុង​ខែ​រងា។ កើត​ចេញ​ពី​អារម្មណ៍​ស្រណោះ​ខែរងា ទើប​ខ្ញុំ​សរសេរ​រឿង​នេះ។

ចង្កៀងនិទានរឿងខ្មោច

This about some short stories and also my life.

ជីវិតពិតផ្ដល់សម្ពាធឱ្យខ្ញុំណាស់ តែខ្ញុំបានរកឃើញសេរីភាពវិញ ពេលបានក្លាយជាអ្នកនិពន្ធរឿងប្រឌិត។ នេះជា​សៀវភៅ​ចុង​ក្រោយ ដែល​ខ្ញុំ​បាន​ចេញ​ផ្សាយ ហើយ​កំពុង​គិត​ថា ចាំ​មាន​លុយ ចាំ​បោះពុម្ព​សៀវភៅ​ថ្មី​​។ នៅ​សល់​រឿង​ជា​ច្រើន​ទៀត ដែល​ខ្ញុំ​បាន​សរសេរ​ចប់ មុន​ពេល​ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង។

ខែវិច្ឆិកា 24, 2011 at 5:45 ល្ងាច មតិ 6

១១១១១១

ថ្ងៃពិសេស ព្រះអាទិត្យរះត្រចះ ឃើញច្បាស់ផ្លូវដើរទៅថ្ងៃមុខ! បងប្អូនអ្នកភូមិជាទីមេត្រី សង្ឃឹមថាទាំងអស់គ្នាសុទ្ធតែរីករាយក្នុងថ្ងៃពិសេស ១១-១១-១១ នេះ ជាមួយនឹងខ្ញុំណា៎! មានក្ដីសុបិនអ្វី សូមបួងសួងនៅក្នុងថ្ងៃនេះ 😉 ចំពោះខ្ញុំគ្មានក្ដីសុបិនអីច្រើនទេ គ្រាន់តែចង់រស់នៅបាន​សប្បាយចិត្ត នៅក្នុងសុបិនដែលព្រះប្រទានឱ្យខ្ញុំនេះ។ ឆាកជីវិតដូចជាខ្លីណាស់ បើសុបិនច្រើនពេក ពិតជាហត់នឿយ ខាតពេលសោយសុខ…

ខ្ញុំទទួលអារម្មណ៍ខែរងាទៀតហើយ គឺ​ធ្វើ​ឱ្យ​ខ្ញុំ​រឹត​តែ​ស្រលាញ់​ប្រលោមលោក «ខែរងា» ស្នាដៃខ្ញុំ។ សប្បាយ​នឹង​អ្វី​ដែល​ខ្លួន​ឯង​មាន និងអ្វី​ដែល​ខ្លួន​ឯង​អាច​ធ្វើ​បាន 🙂 មែន​! ធាតុអាកាស​បែប​នេះ​​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​​រវើរវាយ​ណាស់! ខ្ញុំ​ចង់​អង្គុយ​សរសេរ​សៀវភៅ​រឿង​​… ចង់​ដើរ​កម្សាន្ត… ឆាក​ជីវិត​ពិត​ជា​ឯកា​ណាស់ ហើយ​មួយ​រយៈ​នេះ​អារម្មណ៍​ខ្ញុំ​ក៏​តាន​តឹង​ខ្លាំង។ ជួន​កាល​មាន​អារម្មណ៍​រងា​មែន​ទែន ដូច​ជា​រស់​ម្នាក់​ឯង​នៅ​លើ​ផែន​ដី​នេះ។ ពេល​ខ្លះ​ខ្ញុំ​ក៏​តូច​ចិត្ត​ថា ព្រះ​​ចិត្ត​អាក្រក់​​ដាក់​ខ្ញុំ​ម្ល៉េះ តែ​ខ្ញុំ​ដឹង​ថា​មិន​អ៊ីចឹង​ទេ ព្រោះ​លើ​លោក​នេះ​គ្មាន​អ្នកណា​ចិត្ត​អាក្រក់​ឡើយ បើ​ខ្ញុំ​​ខ្លួន​ឯង​មាន​ចិត្ត​ល្អ​ពិត​ប្រាកដ។ អាយុ​​ប៉ុណ្ណេះ​មិន​ទាន់​ស្គាល់​ន័យ​ជីវិត​ច្បាស់​ឡើយ ហើយ​ខ្ញុំ​​តែង​តែ​ធ្វើ​បាប​ខ្លួន​ឯង​ដោយ​អារម្មណ៍​ខឹង​ស្អប់​អ្នក​ដទៃ។ ថ្ងៃ​នេះ​ខ្ញុំ​សច្ចារ​ថា ខ្ញុំ​ឈប់​ខឹង​ស្អប់​អ្នកណា​ហើយ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ជា​មិត្ត​ល្អ​របស់​មនុស្ស​គ្រប់​គ្នា។

គ្មាន​អ្វី​ហួស​ពេល​ឡើយ​ ខ្ញុំ​ចាប់​ផ្ដើម​យល់​ពី​ចំណុច​នេះ។ តាំង​ចិត្ត​​ធ្វើ​ជា​អ្នក​លះបង់ ប្រាកដ​ជា​ទទួល​បាន​រង្វាន់​​មក​វិញ នា​ថ្ងៃ​ណា​មួយ។ អារម្មណ៍​ខ្វល់​ខ្វាយ​​ជា​ច្រើន​ គឺ​កើត​មក​ពី​សេចក្ដី​ភ័យ​ខ្លាច។ ខ្ញុំ​តែង​តែ​​ខ្លាច​ការបាត់​បង់​ ដែល​តាម​ពិត​ទៅ​គ្មាន​អ្វី​ស្ថិត​ស្ថេរ​ទាល់​តែ​សោះ ហេតុ​នេះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ចង​ចាំ គឺ​ខ្ញុំ​នឹង​ទទួល​បាន​នូវ​ការ​តប​ស្នង​ដ៏​ល្អ​នា​ពេល​អនាគត។

អត្ថបទ​នេះ​គ្មាន​ន័យ​អ្វី​ជាក់​លាក់​ទេ គ្រាន់​តែ​ជា​កំណត់​ហេតុ​មួយ​ដែល​ខ្ញុំ​ចង់​សរសេរ​ក្នុង​ថ្ងៃ​នេះ។ ខ្ញុំ​ត្រូវ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង ដែល​អាច​រស់​មក​ដល់​ថ្ងៃ​នេះ ឆ្លង​កាត់​រឿង​ស្មុគស្មាញ​ច្រើន​ដល់​ថ្នាក់​នេះ… ហើយ​ខ្ញុំ​អរគុណ​ខ្លួន​​ឯង​ដែល​មិន​​ចុះ​ចាញ់​ឆាក​ជីវិត និង​​អាច​យក​ឈ្នះ​ចិត្ត​អាក្រក់​​រហូត​មក។

ខែវិច្ឆិកា 11, 2011 at 3:00 ល្ងាច មតិ 6

មានលក់សៀវភៅ ^_^

ខែមិថុនា 25, 2011 at 3:04 ល្ងាច មតិ 15

Me on PPP ^^

Sitting on a chair and smiling in front of the Khmer Writers Association, Sok Chanphal, a 27-year-old author and song writer, was showing his new novel Winter Love to other writers to get their feedback.

Winter Love costs 6,000 riel and it is about love during the winter.

To write a good novel is not easy and the author has to know how to develop a story and write well.

Chanphal, who has written novels for two years and has many readers, said he can make his novels interesting and popular with his readers because he always uses simple words and correct grammar, making them easy to understand.

“I also write jokes or funny sentences or paragraphs to add colour to my novels,” he said. “Most novels don’t have real pictures or photos, but mine do.”

Tale of the lamp, The letter of love, Gentlemen love, and Winter love are the titles of Chanphal’s novels, which are on sale to the public.

All his novels have become popular and have gained a lot of support among Cambodian youth.

“I always receive good comments or praise via phone calls, text messages and Facebook,” he said.

By looking at the real situation of Cambodian society, Chanphal is interested in writing love stories in his novels. He uses his imagination and reflects what happens in society.

“What my audiences like, I will do,” he said. “I also want to educate my readers about love as well.”

 

 

ខែ​មីនា 9, 2011 at 10:27 ព្រឹក មតិ 2

កម្មវិធី អរុណសួស្ដីកម្ពុជា ទទក

ជាលើក​ទី​មួយ​សម្រាប់​ខ្ញុំ ដែល​បាន​ចូល​រួម​​ក្នុង​កម្មវិធី​ទូរទស្សន៍ 😉 ធ្វើ​អ្វី​ក៏​ដោយ​គឺ​ត្រូវ​តែ​មាន​លើក​ទី​មួយ។ ពេល​គេ​អញ្ជើញ​ខ្ញុំ ខ្ញុំ​មិន​បាន​​រារែក​​ទេ តែ​លួច​គិត​ក្នុង​ចិត្ត​ថា តើ​ខ្លួន​ឯង​ធ្វើ​បាន​ល្អ​ឬ​អត់? មិន​មែន​ចង់​ចូល​ទូរទស្សន៍​ទេ តែ​គិត​ថា​ក្នុង​នាម​ជា​បុគ្គល​សាធារណៈ​ម្នាក់ ការ​បង្ហាញ​ខ្លួន​គឺ​ជា​រឿង​ចៀស​មិន​ផុត។ អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​​សម្រេច​ចិត្ត​​ជួប​បទ​ពិសោធន៍​លើក​ដំបូង​មួយ​​នេះ។ ពេល​កម្មវិធី​គេ​ចាប់​ផ្ដើម ខ្ញុំ​មិន​ភ័យ​ទេ តែ​នឹក​បារម្ភ​ថា បើ​និយាយ​ខុស​ អាច​និយាយ​ម្ដង​ទៀត​ឬ​អត់? លុះ​​ចុង​ក្រោយ​ក៏​នឹក​ភ័យ​ថា តើ​ខ្លួន​ឯង​បាន​និយាយ​ស្អី​ខ្លះ​អ៊ីចេះ? កម្មវិធី​ដូច​ជា​ធ្វើ​ដំណើរ​ទៅ​មុខ​លឿន​ណាស់ មិន​ទុក​ពេល​ឱ្យ​​ខ្ញុំ​ត្រៀម​ខ្លួន​​​សោះ។ ខ្ញុំ​ដឹង​ខ្លួន​ឯង​ថា​​និយាយ​មិន​បាន​ល្អ​នោះ​ទេ តែ​ខ្ញុំ​ក៏​មិន​បន្ទោស​ខ្លួន​ឯង​ពេក​​ដែរ ព្រោះ​​ខ្ញុំ​មិន​មែន​ជា​អ្នក​និយាយ​ឯណា ខ្ញុំ​ជា​អ្នក​សរសេរ​ទេ​តើ!

 

 

ខែ​មីនា 3, 2011 at 1:24 ល្ងាច មតិ 3

ចំណាប់អារម្មណ៍របស់ លោកជំទាវ ប៉ិច សង្វាវ៉ាន

លោកជំទាវ ឬ​អ្នក​មីង​ ប៉ិច សង្វាវ៉ាន គឺ​ជា​អ្នក​គ្រូ​ម្នាក់​របស់​ខ្ញុំ ហើយ​គឺ​ជា​អ្នក​និពន្ធ​ជើង​ចាស់​មួយ​រូប និង​ជា​អ្នក​សារព័ត៌មាន​ដ៏​ល្បី​ល្បាញ​ប្រចាំ​​វិទ្យុ​បារាំង​អន្តរជាតិ RFI ​ដែល​អ្នក​មីង​ធ្លាប់​យក​ស្នាដៃ​ដំបូងៗ​របស់​ខ្ញុំ​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពណ៌នា​បង្ហាញ​ក្នុង​កម្មវិធី​អក្សរ​សិល្ប៍​របស់​គាត់។ ស្នាដៃ​ដំបូង​របស់​មនុស្ស​រៀន​សរសេរ​ម្នាក់ គឺ​កម្រ​នឹង​មាន​​គេ​ចាប់​អារម្មណ៍​អាន​ណាស់ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​បាន​ទទួល​កម្លាំង​ចិត្ត​ពី​​រៀម​ច្បង​អ្នក​និពន្ធ​ជើង​ចាស់​​ជា​ច្រើន ដែល​លោក​ទាំង​អស់​យល់​ថា ស្នាដៃ​ខ្ញុំ​ជា​​ប្រភេទ​អក្សរសិល្ប៍​ទស្សនវិជ្ជា។

ស្ដាប់​រឿង​កំណប់ ដែល​វិភាគ​ដោយ​អ្នក​មីង​ ប៉ិច សង្វាវ៉ាន

អាន​អត្ថបទ ដំណើរជុំវិញអ្នកនិពន្ឋម្នាក់ ៖​ សុខ​​ ចាន់​ផល តាមរយៈ៖ «ខែរងា»

នេះ​គឺ​ជា​រូប​ថត​អនុស្សាវរីយ៍​មួយ​សន្លឹក នៅ​គ្រា​ដែល​ខ្ញុំ​បាន​​រៀន​សូត្រ​ជា​មួយ​អ្នក​មីង៖

នឹក​ឃើញ​កាល​ណោះ ពេល​បាន​ស្ដាប់​សម្ដី​របស់​អ្នកគ្រូ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា អ្នក​គ្រូ​និង​ខ្ញុំ​មាន​បុគ្គលិក​លក្ខណៈ​ដូច​គ្នា​ច្រើន​ណាស់។ ខ្ញុំ​កាន់​តែ​គោរព​ស្រលាញ់​អ្នក​គ្រូ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ទៅ​រាក់​ទាក់​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​គាត់​ទេ ត្បិត​យល់​ថា​ គាត់​មាន​ឋានៈ​ខ្ពស់​ខ្ពស់ និង​ល្បី​ល្បាញ​ណាស់។ ខ្ញុំ​សូម​ស្រង់​ប្រសាសន៍​​របស់​គាត់ មក​ផ្សាយ​នៅ​ទី​នេះ៖

ឆ្នាំ​២០០៧​ លោក​ខូតារា​ឬទិ្ឋ ប្រធាន​សមាគម​អក្សរសិល្ប៍​នូហាច​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្ញុំ ​ក្នុង​ការ​និពន្ឋ​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ការ​ និពន្ឋប្រលោមលោក​ ​ក្រោយ​ពី​សិក្ខា​សាលា​ដែលបានរៀបចំដោយសមាគម​អក្សរសិល្ប៍​នូហាច​​សមាគម​អ្នក​​សាបព្រោះ​ ​និង​សមាគម​អ្នក​និពន្ឋ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំង។

ក្នុង​ចំណោម​សិក្ខាកាម​មួយ​​ក្រុមដែលមានចំនួន​ជិត​ម្ភៃ​នាក់​ មាន​សិក្ខាកាម​ប្រមាណជាប្រាំឬ​ប្រាំមួយនាក់បាន​នាំ​គ្នា​មក​ជួប​សំណេះ​សំណាល ​ជា​មួយ​ខ្ញុំ​ដល់​ផ្ទះ។

នៅក្នុង​​ចំណោម​សិក្ខាកាម​មួយ​ចំនួន​នេះ​​ សុខ ​ចាន់​ផល ជា​យុវជន​ម្នាក់ដូច​ជាយុវជន​យុវតី​មួយ​ក្រុម​នេះ​ដែរ មាន​ការ​គោរព​ខ្ញុំដែលជា​អ្នក​និពន្ឋ​ចាស់​ទុំ​រៀម​ច្បង​មួយ​រូប​។​ ឆ្នាំបន្ទាប់​មក​ទៀត​ សុខ​ ចាន់​ផល​បាន​យក​រឿង​របស់​គេមួយ​ក្បាលដែលមានចំណងជើងថា«កំណប់»​មក​ឲ្យ​ខ្ញុំ​​ ។​ ជា​កម្រង​រឿង​ខ្លី​ៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាន​បណ្តើរ​សរសើរ​ទេព​កោសល្យ​របស់​​យុវអ្នកនិពន្ឋ​នេះ​បណ្តើរ។ ​ ដោយយល់​ថា​កម្រងរឿងខ្លីៗ​មាន​ឧត្តមគតិ​ ​និង​មាន​ទស្សនវិជ្ជា ទើប​​ខ្ញុំ​​គិត​ថា ​មិន​គួរទុក​​ឲ្យ​រឿង​ដ៏ល្អ​ៗ​នេះ​ឲ្យស្ថិត​នៅ​តែ​​ក្នុង​ទំព័រ​សៀវភៅទេ​។​ ​ខ្ញុំ​ក៏បាន​យក​រឿង​ពីរ​គឺ​រឿង «កំណប់» និង​រឿង«​ចន្ទកក្តិក»​ មក​វិភាគផ្សាយ​តាម​រលក​អាកាស​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ ដោយមានអន្តរាគមន៍ពី​សុខ ចាន់ផល។

ពេលវេលាកន្លងទៅមែន ​តែ​សុខ​ ចាន់ផល តែង​តែ​រក្សា​ទំនាក់​ទំនង​ល្អ​តាម​អ៊ីម៉ែល​ជាមួយ​ខ្ញុំ ហើយ​គេ​ក៏​មិន​ដែល​ភ្លេច​ទេ​​នៅ​ពេល​ណា គេ​ផ្ញើ​ចម្រៀង​ដែល​គេ​បាន​តែង​ទៅ​ឲ្យ​មិត្តភក្តិ​​គេ​ស្តាប់ គេ​ក៏​តែង​តែ​ផ្ញើ​មក​ខ្ញុំ​ដែរ។​ នៅ​​ពាក់​​កណ្តាល​ខែ​​កុម្ភះ​​ឆ្នាំ​២០១១​ យុវអ្នក​និពន្ឋ​​សុខ ចាន់​ផល​ បាន​​យក​​រឿង​«ខែរងា»​ដែល​​ទើប​នឹង​​ចេញ​​ផ្សាយ​​មក​ឲ្យ​​ខ្ញុំ​​មួយ​​ក្បាល​ទៀត​ដល់​ផ្ទះ​។

ពេល​អាន​រឿង​នេះ​ ​ខ្ញុំ​ភ្ញាក់​ព្រើតនឹង​ទឹក​ដៃ​និពន្ឋ​របស់​សុខ​ចាន់​ផល ​ដែល​រីក​ចម្រើន​​យ៉ាងខ្លាំង​។​ ជាយុវ​អ្នកនិពន្ឋ​ម្នាក់​សុភាព​រាបសា​ មិន​សូវ​និយាយ​ស្តី​ជាមួយ​ខ្ញុំមែន​ ប៉ុន្តែ​ក្នុង​ការ​និពន្ឋ​រឿង ​​គេ​សម្បូណ៍​ពាក្យ​ពេចន៍​វាក្យសព្ទ​ពិរោះ​ប្លែក សម្បូណ៍​គំនិត​ណាស់​ និង​ជា​អ្នក​និពន្ឋ​វៃ​ឆ្លាត​។​ គេ​មាន​លក្ខណៈ​មួយទៀត គឺ​ចេះ​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​យុវអ្នកនិពន្ឋ​ម្នាក់​ក្នុង​ក្រសែ​ភ្នែក​អ្នក​​ដទៃ​។​ ខ្ញុំ​ជឿ​ជាក់​ថា ​សុខចាន់ផល​ ជា​ទំពាំង​ស្នង​ឬស្សី​ និង​ជា​យុវអ្នក​និពន្ឋ​ដ៏​ល្បី​មួយ​រូប​ ចាប់​ពី​ពេល​នេះ​ត​ទៅ​។ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ សុខ​ ចាន់​ផល​នៅ​តែ​ប្រកាន់​ចរិយា​សម្បត្តិ​ល្អ សុភាព​រាបសារ​ដដែល​ មិន​ក្រអឺត​ក្រទម​ មិនវាយឫក ហើយ​មិន​ឈ្លក់​នឹង​ជោគ​ជ័យ​របស់​ខ្លួន​។

ឆាក​ជី​វិត​នេះ ខ្ញុំ​ជួប​រឿង​ខក​បំណង​តាំង​ពី​តូច ប៉ុន្តែ​ខ្ញុំ​យល់​ថា នេះ​គឺ​ជា​វាសនា​អ្នក​និពន្ធ​របស់​ខ្ញុំ។ ខ្ញុំ​មិន​អះ​អាង​ថា​ខ្លួន​ឯង​ជា​មនុស្ស​ល្អ​ទេ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​អំពើ​ល្អ ហើយ​ខ្លាច​អំពើ​អាក្រក់។ ខ្ញុំ​ចាំ​​អ្នក​មីង​ប្រាប់​ថា អ្នក​មីង​ជា​មនុស្ស​ពូកែ​ខ្លាច​ចិត្ត​គេ​ណាស់ ដែល​ចំណុច​មួយ​នេះ​គឺ​មិន​ខុស​ពី​ខ្ញុំ​ឡើយ។ ជួន​កាល​ខ្ញុំ​ជា​មនុស្ស​ទន់​ជ្រាយ​បំផុត ប៉ុន្តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ស៊ូ​ឱ្យ​គេ​ធ្វើ​បាប​ខ្ញុំ ក៏​ខ្ញុំ​មិន​ធ្វើ​បាប​គេ​ដែរ។ ខ្ញុំ​តែង​បារម្ភ​​ខ្លាច​ខ្លួន​ឯង​​ធ្វើ​អ្វី​ខុស​លើ​អ្នក​ដទៃ។

ចំពោះ​កិត្តិយស​ជា​អ្នក​និពន្ធ​ម្នាក់ គឺ​ជា​អ្វី​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ខ្ញុំ​​ជា​អ្នក​និពន្ធ​ល្បី ឬ​ជា​អ្នក​និពន្ធ​មិន​ល្បី ឬ​ក៏​ជា​មនុស្ស​ធម្មតា​ម្នាក់ ក៏​ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ។ កិត្តិយស​គឺ​ជា​តម្លៃ​ដែល​គេ​ផ្ដល់​ឱ្យ​ ប៉ុន្តែ​សុភមង្គល​​​​គឺ​​ជា​ការ​កំណត់​ដោយ​ខ្លួន​ឯង។ ខ្ញុំ​តែង​ទទួល​បាន​នូវ​ការ​ស្ញើច​សរសើរ​ និង​ការ​និយាយ​​បង្អាប់​ក្នុង​ពេល​ដំណាល​គ្នា ដែល​វា​ដូច​ជា​ប្រាប់​ខ្ញុំ​ថា កុំ​ត្រេក​អរ​ពេក តែ​ក៏​កុំ​កើត​ទុក្ខ​អី។ តាម​ពិត​ទៅ ខ្ញុំ​មាន​សមត្ថភាព​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ខំ​ប្រឹង​ប្រើ​សមត្ថភាព​ធម្មតា​របស់​ខ្លួន ដើម្បី​បង្ហាញ​ដល់​ពិភព​លោក។ វា​នឹង​មិន​ល្អ​ឥត​ខ្ចោះ តែ​ក៏​គង់​មាន​អ្នក​ផ្ដល់​តម្លៃ​ឱ្យ​ស្នាដៃ​ខ្ញុំ។ ជួន​កាល​ខ្ញុំ​ក៏​វិភាគ​ពី​ទឹក​ដៃ​អក្សរ​សិល្ប៍​ខ្លួន​ឯង។ វា​សាមញ្ញ​ណាស់ តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា នេះ​ជា​សមត្ថភាព​ដែល​ទេវតា​ប្រទាន​ឱ្យ​ខ្ញុំ… ប្រើ​វា​ឱ្យ​អស់​ទៅ ហើយ​កុំ​ខ្មាស​នឹង​​បង្ហាញ​ដល់​អ្នក​ដទៃ។ ជីវិត​​ជា​អ្នក​និពន្ធ​នេះ​ពិត​ជា​ត្រូវ​ការ​ទាំង​អ្នក​គាំ​ទ្រ និង​អ្នក​បន្ទច់​បង្អាក់។ ខ្ញុំ​ក៏​ធ្លាប់​មាន​មោទកភាព​នឹង​ខ្លួន​ឯង​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​​យល់​​ផ្សេង​ថា ខ្លួន​ឯង​​គ្មាន​អី​អស្ចារ្យ​ឡើយ ហើយ​នៅ​ពេល​នេះ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​​ជីវិត​ខ្ញុំ​តែង​តែ​​រស់​នៅ​ភ្ជាប់​នឹង​​​ស្មារតី​ភ្ញាក់​រឭក។

 

ខែ​មីនា 1, 2011 at 3:38 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

  • មិន​មាន

Blog Stats

  • 230,359 hits
Visit Cute-Spot.com!