Posts filed under ‘ចម្រៀង’

ចម្រៀងជីវិត

បទល្បីៗ សុទ្ធ​តែ​និយាយ​ពីរឿង​ស្នេហា តែ​តាម​ពិតជីវិត​មិន​មែនមាន​តែ​រឿង​ស្នេហា​ឯណា ទើប​ខ្ញុំ​ព្យាយាម​សរសេរ​ន័យ​ផ្សេងៗ​ទៀត ដូច​ជា​ប៉ុន្មាន​បទ​ខាង​ក្រោម​នេះ៖

ចម្រៀងរឿងមិត្តភក្តិ

នឹកផ្ទះ

មិត្តមួយថ្ងៃ មិត្តមួយជីវិត

និស្សិតស្រី

ឈាមពេជ្រ

ក្រោកឈរ

អ្នកជាកូនប្រុស

ព្រោះយើងជាមិត្ត

អ្នកមិនឯកា

កម្លាំងចិត្តបេះដូងខ្មែរ

បេះដូងខ្មែរ

ខែកញ្ញា 1, 2012 at 4:38 ល្ងាច បញ្ចេញមតិ

ស្នាមស្នេហ៍ត្នោតទេរ

បទចម្រៀងនេះ គឺខ្ញុំតែងជាពិសេស ដើម្បីឧទ្ទិសជូនព្រលឹង លោក ជុំ ប៊ុនធឿន ឆ្លើយតបទៅស្នាដៃដ៏ល្បីល្បាញរបស់គាត់ បទ «ខ្លុយស្នេហ៍ត្នោតទេ» ស្ដាយណាស់ ដែលខ្ញុំមិនដែលបានជួបគាត់ ព្រោះគាត់បានលាចាកលោក មុនពេលដែលខ្ញុំក្លាយជាអ្នកនិពន្ធទៅទៀត។ ប៉ុន្តែស្នាដៃរបស់គាត់នៅតែពីរោះ ដូចឃ្លាដែលខ្ញុំសរសេរថា «សំឡេងខ្លុយក្នុងហឫទ័យស្មោះ នៅតែឮនៅតែពីរោះ ស្រណោះឈ្មោះប្រុសឆោមឆ្លៅ…»

ខែកក្កដា 12, 2012 at 11:41 ល្ងាច មតិ 8

ស្រលាញ់មនុស្សម្នាក់ មិនខ្វល់ពីអតីតកាល

ខ្ញុំខានសរសេរប្រកាសនៅទីនេះយូរដែរហើយ ថ្ងៃនេះក៏មានតែចម្រៀងមួយបទឱ្យស្ដាប់។ ជាបទចម្រៀងដំបូង ដែលខ្ញុំសរសេរឱ្យ យក់ ថិតរដ្ឋា នៅក្នុងផលិតកម្ម រស្មីហង្សមាស។ ស្រលាញ់មនុស្សម្នាក់ខ្ញុំមិនខ្វល់ពីអតីតកាលរបស់គេទេ ប៉ុន្តែក៏ត្រូវតែច្បាស់ដែរ ថាពេលនេះគេជាមនុស្សដែលអាចទុកចិត្តបាន។

ខែមិថុនា 16, 2012 at 5:17 ល្ងាច បញ្ចេញមតិ

ស្រលាញ់មិនបាន ឬ មិនបានស្រលាញ់?

សម្លឹងផ្កាយ  រះសែនឆ្ងាយ  ស្នេហ៍ខ្ញុំក៏ឆ្ងាយសន្លឹម  ដួងចិត្តស្មោះអស់សង្ឃឹម  តែប្រឹងញញឹមដាក់អូន  រាត្រីត្រជាក់  លួចស្នេហ៍មនុស្សម្នាក់  មិនអាចលាក់ដល់ថ្ងៃសូន្យ  តែពេលបង្ហើបប្រាប់ទៅអូន  អូនឆ្លើយធ្វើមិនដឹង។

បេះដូងឈឺៗ  គ្រាន់តែឮប៉ុណ្ណឹង  តែខ្លាចអូនដឹង  ខំញញឹម  ហ៊ឺ… ហ៊ឺ…

អូនថាយើងមិត្តល្អស្រលាញ់មិនបាន  អូនចូលចិត្តរាប់អាន  ព្រោះបងគួរឱ្យស្រលាញ់  តើស្រលាញ់មិនបាន ឬក៏មិនបានស្រលាញ់?  ខ្លាចអូនប្រកាន់  ទើបមនុស្សមិនសំខាន់មិនហ៊ានសារភាព។

(ភ្លេង)

យប់រនោច  ដែលមានតែផ្កាយ  ប៉ុន្តែផ្កាយហាក់ស្ដាយពន្លឺ  យប់មួយនេះមិនអាចភ្លឺ  ជំងឺស្នេហាព្យាបាលមិនជា  អូនមានជម្រើស  មនុស្សដែលអូនជ្រើស  ប្រាកដជាមនុស្សអស្ចារ្យ  តែរូបបងមនុស្សធម្មតា  អូនថាមិនបាច់ប្រឹង។

ខែមិថុនា 2, 2012 at 11:51 ល្ងាច មតិ 3

បីបទកត់ការចងចាំ

គឺបីឆ្នាំហើយ ដែលខ្ញុំចាប់ផ្ដើមសរសេរទំនុកច្រៀង ហើយនេះជាស្នាដៃដំបូងៗ ដែលខ្ញុំយកមកធ្វើជាវីដេអូបង្ហោះនៅ Youtube ^_^

ខែ​ឧសភា 23, 2012 at 3:07 ល្ងាច មតិ 4

អក្សរដៃ ម៉ា ឡៅពី (ទំនុកច្រៀង)

ក្រដាសមួយសន្លឹកនេះ ជាទំនុកច្រៀងរបស់ លោក ម៉ា ឡៅពី ជាអក្សរផ្ទាល់ដៃរបស់គាត់ទៀត! អស្ចារ្យណាស់! ពិតជាត្រូវអរគុណអ្នកដែលបានថែទុក។ មែនហើយ! លោក ម៉ា ឡៅពី គឺជាអ្នកនិពន្ធទំនុកច្រៀងពីសង្គម ដែលខ្ញុំចូលចិត្តបំផុត ព្រោះបទដែលគាត់តែងសុទ្ធសឹងតែពីរោះ ជ្រាលជ្រៅ និយាយទៅខ្ញុំគិតថា មានរូបបារម្មណ៍ទស្សនវិជ្ជានៅក្នុងនោះ… ឧទាហរណ៍ដូចជាបទ «ផ្ការីកក្នុងចិត្ត» គ្រាន់តែចំណងជើងក៏ចង់ឱ្យគិត កម្រិតនៃការតែងនិពន្ធខ្ពស់ណាស់ ច្បាស់ទាំងអារម្មណ៍ ពូកែទាំងរចនាបថ ជាប្រភេទអក្សរសិល្ប៍ខ្លីតែខ្លឹម។

ក៏មិនមែនថា ខ្ញុំចូលចិត្តតែគាត់ដែរ នៅមានអ្នកពូកែៗជាច្រើនទៀតលើផ្នែកទំនុកច្រៀងនេះ គ្រាន់តែសិល្ប៍វិធីរបស់ពួកគាត់ប្លែកៗគ្នា។ ខ្ញុំចូលចិត្តការប្រើពាក្យពេចន៍សាមញ្ញៗរបស់ លោក ស៊ីន ស៊ីសាមុត និងចូលចិត្តអារម្មណ៍ទន់ភ្លន់របស់គាត់ក្នុងអត្ថន័យចម្រៀង។ ហើយខ្ញុំក៏កោតសរសើរទេពកោសល្យលេងពាក្យរបស់ លោក គង្គ ប៊ុនឈឿន ពីរសភាសានៃកាព្យឃ្លោង ដែលខ្ញុំតែងតែគិតថា ស្នាដៃបែបនោះហើយ ទើបហៅថាជាស្នាដៃកវី។ ពាក្យថា «កវី» មិនមែនសុទ្ធតែអាចហៅអ្នកសរសេរធម្មតាៗបានទេ សូម្បីតែខ្ញុំជាអ្នកនិពន្ធម្នាក់ដែរ ពេលដែលឮគេហៅបែបនេះ ក៏តែងតែរអៀសខ្លួន។

រូបភាព

ស្ដាប់បទនេះ៖

ខែ​ឧសភា 16, 2012 at 7:44 ល្ងាច មតិ 28

មិត្តមួយថ្ងៃ មិត្តមួយជីវិត

ពួកម៉ាកប្រៀបដូចជាដើមបន្លា កាន់តែស្និទ្ធស្នាល ពួកគេកាន់តែមានឱកាសចាក់យើង។ អាចថាមកពីគិតបែបនេះទើបមិនដែលមានមិត្តស្និទ្ធស្នាលនឹងគេ តែក៏អាចថា មកពីមានបទពិសោធន៍ទើបគិតបែបនេះ។ សម្ដីនេះមិនខុសទេ តែក៏មិនត្រូវទាំងស្រុងដែរ។ សំខាន់ថាតើអ្នកជ្រើសរើសការគិតបែបណា ដែលវាមិនខុសអីពីការដឹងថា ធ្វើជាមនុស្សល្អត្រូវគេធ្វើបាប ក៏នៅតែសម្រេចចិត្តធ្វើជាមនុស្សល្អ ព្រោះតែយើងកើតមកដើម្បីធ្វើជាមនុស្សល្អ ទើបគ្មានហេតុផលធ្វើជាមនុស្សអាក្រក់។

ទាក់ទងនឹងរឿងមិត្តភាពនេះ ខ្ញុំក៏បានសរសេរចម្រៀងមួយបទ បកស្រាយដោយ លោក ព្រាប សុវត្ថិ ។ ចម្រៀងនេះក៏សរសេរតាមសំណូមពររបស់ប្រិយមិត្ត ដែលចង់ស្ដាប់សាច់រឿងមិត្តភាព។ មិត្តមួយថ្ងៃមិត្តមួយជីវិត ជាអារម្មណ៍របស់មិត្តម្នាក់ ទោះជាយ៉ាងណាក៏មិនស្ដាយក្រោយ ដែលបានរាប់អានគ្នា គ្រាន់តែស្ដាយដែលមិត្តភាពមួយនេះត្រូវគេបញ្ចប់។

ខែ​ឧសភា 4, 2012 at 5:24 ល្ងាច មតិ 8

សោះកក្រោះ

អាកាសធាតុថ្ងៃនេះ ដូចជាសោះក្រោះ អត់ជាតិ ធ្វើឱ្យជីវិតខ្ញុំក្លាយជាអស់ន័យ… តែបើនិយាយឱ្យយុត្តិធម៌ គួរតែមិនមែនកំហុសអាកាសធាតុទេ គឺជាអារម្មណ៍ខ្លួនឯង។ មានអារម្មណ៍ដូចជាកំពុងបាត់បង់ស្នេហា 😉 ទាំងដែលគ្មានស្នេហាឱ្យបាត់បង់ផង!

ពីអារម្មណ៍ដ៏តានតឹងនាព្រឹកនេះ ខ្ញុំមានពាក្យមួយឃ្លា «អាចចិត្តងាយបាន តែសម្ដី និងកាយវិការកុំងាយឱ្យសោះ!» 😆 អារម្មណ៍បាត់បង់ស្នេហ៍ ជារឿងពិបាកទ្រាំណាស់។ ខ្ញុំធ្លាប់សាកគិតថា ចង់ធ្វើជាមនុស្សគិតងាយៗក្នុងរឿងស្នេហា បាត់បង់ស្នេហ៍គ្មានអ្វីអស្ចារ្យ ចាស់មិនទៅថ្មីមិនមក… តែពេលនេះសារភាពថា មិនចេះធ្វើទេ ឈឺចាប់អ្ហា៎… ហេតុនេះត្រូវច្បាស់លាស់ចំពោះមនោសញ្ចេតនាខ្លួនឯង កុំងាយនឹងសាងស្នេហា បើខ្លាចការបាត់បង់ទៅវិញ។ ស្នេហាជារឿងងាយចង តែមិនងាយស្រាយ មុននឹងប្រាប់អ្នកណាថាស្រលាញ់គេ ត្រូវតែច្បាស់ពីចិត្តខ្លួនឯង និងគេ កុំឱ្យរឿងស្នេហាធ្វើបាបជីវិត។ ស្នេហាគឺជាអារម្មណ៍កក់ក្ដៅ មានសុវត្ថិភាពភាព ដែលអាចផ្ដល់ឱ្យគ្នាយូរអង្វែង។

ពេលនេះមានអារម្មណ៍ទទេស្អាត គ្រប់យ៉ាងគ្រាន់តែជាសុបិន រលាយអស់រលីង តែនៅតែត្រូវរស់បន្តទៀត ដូចបទចម្រៀងដែលខ្ញុំសរសេរនេះ «រៀនរស់ដោយគ្មានគេ»

ខែ​មេសា 2, 2012 at 11:00 ព្រឹក បញ្ចេញមតិ

មានចម្រៀងមួយណាធ្វើឱ្យបងនឹកអូន?

ស្ដាប់បទថ្មីៗក្នុងស៊ីឌីថ្មី រស្មីហង្សមាស វ៉ុល ៤៥០ 😉

គួរប្រាប់អ្នកណាពីអារម្មណ៍ឯកា… ពេលឃើញខែ ពេលឃើញភ្លៀង ពេលស្ដាប់បទចម្រៀងស្នេហា… បេះដូងចេះតែសួរថា តើស្នេហាដែលកើតមានសម្រាប់តែបំភ្លេចចោលឬ?

 

ប្រុស៖ គេម្នាក់នោះគឺជាអ្នកណា? មើលទៅគេមនុស្សល្អ… អាចមើលថែបេះដូងដែលបងធ្វើឱ្យរបួស…

ស្រី៖ គេម្នាក់នោះគឺជាមនុស្សល្អ គេល្អគ្រប់យ៉ាង ប៉ុន្តែអូនគ្មានសំណាងនឹងគេទេ…

 

ស្នេហា? ជួនកាលគឺសាមញ្ញៗ មានលុយទើបមានស្នេហា អ្នកណាគេមកស្រលាញ់យើងរហូតនោះ…? ស្នេហាមិនសំខាន់ទេ ដែលសំខាន់គឺពេលនេះអត់លុយ 😉 តែអត់អីទេ! ស្អែកបើកប្រាក់ខែហើយ! ហ៊ូ!… ហ៊ូ!…

 

ខែ​មីនា 30, 2012 at 2:52 ល្ងាច មតិ 4

ស្នាមញញឹមសង្សារចាស់

មិនថាអូនទៅដល់ទីណា មិនថាអូននឹងមានអ្នកក្រោយ សង្សារអើយ… បងនៅតែមានស្នាមញញឹមសម្រាប់អូន! មនុស្សធ្លាប់ស្រលាញ់គ្នាយ៉ាងណាក៏នៅសល់ចិត្តស្រលាញ់ ប៉ុន្តែគ្រាន់តែត្រូវប្រើពាក្យសុំទោស… គេថា ខាងក្រោយពាក្យ «សុំទោស» តែងតែមានរឿងធ្វើឱ្យគេខូចចិត្ត ប៉ុន្តែទោះមិនចង់ឮក៏ប្រកែកមិនបាន។ យ៉ាងណាក៏ទទួលស្គាល់ថា ក្ដីស្រលាញ់ និងការឈឺចាប់កន្លងមកមិនមែនជាការយល់ច្រឡំទេ។ អ្វីដែលគិតមិនយល់គឺថា តើធ្វើយ៉ាងណាទើបពួកយើងអាចជួបស្នេហាពិត?

សាកស្ដាប់បទនេះណា៎! រាជ ជាអ្នកច្រៀងតែងតែប្រាប់ខ្ញុំថា គាត់ចូលចិត្តបទនេះណាស់។

ខែ​មីនា 22, 2012 at 6:10 ល្ងាច មតិ 5

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

  • មិន​មាន

Blog Stats

  • 218,899 hits
Visit Cute-Spot.com!