Posts filed under ‘ចម្រៀង’

ហេតុអ្វីក្របសៀវភៅខែរងា គឺជាលោក ឆន សុវណ្ណរាជ?

សៀវភៅប្រលោមលោកមួយ ដែលចូលរួមលើកស្ទួយការអាននៅកម្ពុជា មានចំណងជើងថា «ខែរងា» ពីអ្នកនិពន្ធ សុខ ចាន់ផល ទន្ទឹមនឹងទទួលបាននូវការគាំទ្រពីសំណាក់មិត្តអ្នកអាន ក៏មានសំណួរសួរថា ហេតុអ្វីក្របសៀវភៅគឺជា លោក ឆន សុវណ្ណរាជ?

Promotion Reach copy

ជាទូទៅសៀវភៅប្រលោមលោកនៅស្រុកយើង និយមរចនាគម្របដោយរូបគំនូររបស់វិចិត្រករ ជាសិល្បៈគំនូរដ៏មានទេពកោសល្យ ផ្ដល់នូវតម្លៃមួយកម្រិតថែមទៀតដល់ស្នាដៃសៀវភៅ ដោយឡែកសៀវភៅប្រលោមលោក ខែរងា ដែលបោះពុម្ពផ្សាយលើកទី១ តាំងពីឆ្នាំ ២០១០ បែរជាយករូបថតរបស់តារាល្បីមកធ្វើជាគម្របសៀវភៅទៅវិញ ដែលធ្វើឱ្យអ្នកស្រលាញ់សៀវភៅខ្លះរិះគន់។

តបទៅនឹងចម្ងល់ខាងលើនេះ អ្នកនិពន្ធផ្ទាល់មានយោបល់ថា «ការរចនាសៀវភៅគឺជាសិល្បៈម្យ៉ាង ដែលតែងតែផ្សារភ្ជាប់ទៅនឹងសិល្បៈផ្សេងៗដូចជាគំនូរជាដើម ហើយរូបថតក៏ជាសិល្បៈមួយដែលកំពុងតែពេញនិយម។ នៅបរទេស ក្របសៀវភៅប្រលោមលោករបស់គេ ក៏និយមយករូបថតមកប្រើផងដែរ មិនមែនតែនៅខ្មែរយើងទេ។ ចំពោះខ្ញុំ ខ្ញុំក៏ចូលចិត្តក្របសៀវភៅជាគំនូរ តែខ្ញុំក៏ចង់ធ្វើអ្វីដែលថ្មីប្លែកនៅប្រទេសយើងដែរ។»

លោកបន្តទៀតថា «មានហេតុផលផ្សេងៗទៀត ក្នុងការជ្រើសរើសរូបថតរបស់លោក ឆន សុវណ្ណរាជ ជាក្របសៀវភៅ។ ទី១ រាជ មានអត្តចរិតស្រដៀងនឹងតួអង្គឯកក្នុងរឿងនេះ ឈ្មោះកត្តិត ។ កត្តិត និង រាជ បើថាជាមនុស្សសុភាពរាបសារក៏មិនចំ ព្រោះពេលខ្លះក៏លេងសើច ហើយប៉ិនស្រមើស្រមៃ។ ទី២ ឆន សុវណ្ណរាជ ជាតារាចម្រៀងល្បី តែមិនវាយឫក រាប់អានស្និទ្ធស្នាលជាមួយនឹងក្រុមការងារ ធ្វើឱ្យគ្រប់គ្នាស្រលាញ់ និងឱ្យតម្លៃគាត់។ ទី៣ រូបថតមួយសន្លឹកនេះជាស្នាដៃរបស់លោក ខាំ ភូរិ អ្នកដឹកនាំសម្ដែងដ៏ល្បីឈ្មោះ ដែលកាន់តែផ្ដល់តម្លៃ និងអនុស្សាវរីយ៍រួមគ្នានៅក្នុងសៀវភៅប្រលោមលោកខ្មែរមួយនេះ។

អ្នកនិពន្ធប្រកបដោយមនោសញ្ចេតនា និងចូលចិត្តថែរក្សាអនុស្សាវរីយ៍រូបនេះ ក៏មិនភ្លេចផ្ញើសេចក្ដីថ្លែងអំណរគុណដល់អ្នកដែលបានរួមចំណែកនៅក្នុងសៀវភៅនេះឡើយ ដោយគាត់បានរៀបរាប់ឈ្មោះ មានដូចជា លោក ឆន សុវណ្ណរាជ លោក ខាំ ភូរិ លោក កៅ សីហា លោក ហេង សុខម៉េង លោក ធី សុផាន់ណា លោក ហួត លី លោក ឈុន ឃុនវិរីយ៉ា លោក លីម គីមឈុន លោក ហេង ឧត្តម លោកស្រី សាត បញ្ញា លោក មាន កុសល និង លោក អ៊ាង គារវៈ ។

24296701_714545548748992_7694229760055587347_n

លោក សុខ ចាន់ផល បានសម្ដែងអារម្មណ៍រំភើបរីករាយ ពេលបាននិយាយដល់អ្នកគាំទ្រសៀវភៅប្រលោមលោកខែរងានេះ ដោយមានប្រសាសន៍ថា «ការខំប្រឹងប្រែងរបស់ខ្ញុំហាក់ដូចជាមានរូបរាងឡើង នៅពេលបានឃើញសៀវភៅដែលបោះពុម្ពផ្សាយមានការគាំទ្រជាបន្តបន្ទាប់។ ខ្ញុំនៅតែប្រឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន តែលទ្ធផលគឺបានមកពីការចូលរួមពីប្រជាជនខ្មែរទូទាំងប្រទេស។ ការនិពន្ធសៀវភៅនេះ បើនិយាយពីផលចំណេញនោះ គឺមិនទាន់ប្រៀបធៀបនឹងការងារដែលខ្ញុំធ្វើរាល់ថ្ងៃ ដូចជាសរសេរចម្រៀង ឬអត្ថបទភាពយន្តឡើយ ប៉ុន្តែនេះជាកិច្ចការមួយ ដែលខ្ញុំផ្ដល់តម្លៃឱ្យខ្លួនឯង ដើម្បីចូលរួមកសាងវប្បធម៌អាននៅប្រទេសយើង។ ខ្ញុំមានសុទិដ្ឋិនិយមថា ចាប់ពីថ្ងៃនេះទៅ អ្នកនិពន្ធខ្មែរនឹងចេញផ្សាយស្នាដៃច្រើនជាងមុន ហើយប្រជាជនខ្មែរក៏នឹងងាកមកការអានកាន់តែផុសផុរ។ ការអានគឺជាវប្បធម៌ដ៏ថ្លៃថ្នូរបំផុត ដែលខ្ញុំស្រលាញ់។»

គួរលើកផងដែរថា លោក សុខ ចាន់ផល ជាអ្នកនិពន្ធប្រចាំនៅក្រុមហ៊ុនហង្សមាស ផ្នែកនិពន្ធទំនុកច្រៀង និងសាច់រឿងភាពយន្ត ដែលក្នុងនោះបទចម្រៀងល្បីៗជាស្នាដៃទំនុកច្រៀងរបស់លោក សម្រាប់លោក ឆន សុវណ្ណរាជ មានដូចជា នឹក A ស្រលាញ់ B សួរទឹកភ្នែករកស្នេហ៍ពិត បេះដូងខ្មែរ មនុស្សដែលគេមើលរំលង កន្លែងណាព្រមទទួលខ្ញុំ? ចំណែកលើស សុំស្រលាញ់ សុំ Password លួចស្រលាញ់អូនបីឆ្នាំ ឈាមពេជ្រ ជាដើម។ លោកបានបោះពុម្ពផ្សាយនូវស្នាដៃជាសៀវភៅបានជាច្រើនចំណងជើង និងធ្លាប់បានទទួលពានរង្វាន់ SAE Write Award 2013 នៅប្រទេសថៃ។ នៅក្នុងឆ្នាំ២០១៧នេះលោកក៏បានផលិតនូវភាពយន្តខ្លីមួយ ដែលមានចំណងជើងថា «កាបូបលុយ» និងបានបោះពុម្ពផ្សាយនូវសៀវភៅ «មនោសញ្ចេតនា» ។

អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត

ខែធ្នូ 7, 2017 at 6:48 ព្រឹក បញ្ចេញមតិ

The Mic Cambodia Original Song Contest

12459904_926624637392671_880243242_n copyដូចជាមានមុខមានមាត់ណាស់ខ្ញុំ គេអញ្ជើញឱ្យធ្វើជាគណៈកម្មការកម្មវិធីប្រលងចម្រៀង ជាមួយតារាចម្រៀងនិងតន្ត្រីករល្បីៗ។ ចង់បដិសេធដែរ តែខ្លាចចិត្ត ម្យ៉ាងចង់ជួយ ម្យ៉ាងខ្ញុំជាអ្នកគាំទ្រអ្នកចម្រៀងសំឡេងពេជ្រ ម៉េង កែវពេជ្ជតា ផង ងាយឯណាបានធ្វើការជាមួយ Idol ក៏ប្រកែកមិនកើត ហេហេ ជាកិត្តិយសមួយដែលខ្ញុំនឹកស្មានមិនដល់ ធ្លាប់តែជាអ្នកចូលចិត្តស្ដាប់ចម្រៀង ក៏ក្លាយជាអ្នកនិពន្ធចម្រៀង ហើយមានការទទួលស្គាល់ពីមហាជន រហូតបានឈរនៅតំណែងស្មើនឹងមនុស្សដែលខ្ញុំធ្លាប់សរសើរ។ តាមពិតខ្ញុំក៏ធ្លាប់ជាគណៈកម្មការជម្រុះបេក្ខជនឱ្យក្រុមហ៊ុនហង្សមាស កម្មវិធីល្បីៗ The Voice​ និង Cambodian Idol ដែរ តែលើកនេះជាបទពិសោធន៍ថ្មីមួយទៀត ដែលដូចជាចេញមុខជាងមុន ព្រោះត្រូវអង្គុយនៅពីមុខទស្សនិជនដ៏ច្រើនកុះករ ថែមទាំងត្រូវបញ្ចេញមតិបន្តិចបន្តួចទៀត។

1455868_1039102492820344_553892018828877907_n

អារម្មណ៍ខ្ញុំនៅតែគិតថាខ្លួនឯងធម្មតា មិនទាន់ហ៊ានធ្វើការអីធំៗទេ ប៉ុន្តែពេលជួបឱកាស ខ្ញុំក៏មិនហ៊ានបដិសេធដែរ ព្រោះវាអាចជាវិញ្ញាសារជីវិតមួយ សម្រាប់មនុស្សមិនក្លាហាន មិនជឿជាក់ដូចជាខ្ញុំ។ ខ្ញុំធ្វើបានហើយ ធ្វើបាននូវរឿងជាច្រើន ដែលមានមនុស្សជាច្រើនចង់ធ្វើដូចជាខ្ញុំដែរ។ យ៉ាងណា ខ្ញុំនៅតែគិតថា ខ្ញុំសិក្តសមជាមនុស្សនៅពីក្រោយឆាកច្រើនជាង។ ប្រៀបធៀបនឹងគណៈកម្មការទាំងបី ពួកគាត់សុទ្ធតែជាអ្នកសិល្បៈ ការនិយាយស្ដី និងការសម្ដែងចេញ សក្តិសមមិនឆ្គងដូចជាខ្ញុំសោះ។ នេះគឺជាទេពកោសល្យ និងបទពិសោធន៍ ប៉ុន្តែខ្ញុំស្រលាញ់ភាពជាអ្នកនិពន្ធលាក់មុខជាង ហេហេ អាចគិតថាមកពីកំសាក តែក៏គួរតែធ្វើអ្វីតាមអត្តចរិតខ្លួនឯងដែរ។

ព័ន្ធពាន់នឹងកម្មវិធី ជឿថានឹងមានអ្នកចង់ដឹងពីចំណាប់អារម្មណ៍របស់ខ្ញុំ ព្រោះថ្ងៃនោះក៏មានអ្នកមកសម្ភាសខ្ញុំប៉ុន្មាននាក់ដែរ ប៉ុន្តែដូចដែលដឹងហើយ ថាខ្ញុំសរសេរពូកែជាងនិយាយ។ ខ្ញុំគាំទ្រនូវកម្មវីធីប្រលងចម្រៀងថ្មីតែងដោយខ្លួនឯង ទើបខ្ញុំព្រមធ្វើជាគណៈកម្មការ ហើយខ្ញុំសង្ឃឹមថា វិស័យចម្រៀងខ្មែរនឹងរីកចម្រើន។ ខ្មែរទាំងអស់គ្នាត្រូវចូលរួម ទើបក្ដីសុបិនមួយនេះក្លាយជាការពិត ត្បិតថាប្រទេសយើងក្រ ប្រជាជនតិច ទីផ្សារតូច សួរថាលក់បទចម្រៀង អាចចិញ្ចឹមជីវិតបានអត់? ខ្ញុំគិតយូរហើយ បើយើងលក់បានច្រើន អ្នកផលិតនឹងបានលុយច្រើន ប៉ុន្តែបើទីផ្សារយើងតូចបែបនេះ អ្នកសិល្បៈត្រូវតែមានការងារចិញ្ចឹមជីវិតមួយទៀត ឬក៏រដ្ឋាភិបាលចិញ្ចឹមតែម្ដង។ តើធ្លាប់គិតចំណុចនេះទេ? ខ្មែរយើងខ្លះ បានប្រៀបធៀបខ្លួនទៅនឹងប្រទេសអភិវឌ្ឍន៍ ឬប្រទេសធំៗ សួរថាអាចប្រៀបធៀបកើតទេ? គូរតែប្រៀបធៀបទៅប្រទេសតូចៗវិញ ដូចជាសឹង្ហបុរី ដែលគេប្រើភាសាអង់គ្លេស ភាសាចិន ដែលសុទ្ធតែភាសាមានទីផ្សារធំ សួរថា បទចម្រៀងសឹង្ហបុរីធ្វើបានប៉ុណ្ណា? ចំណែកអ្នកស្ដាប់ភាសាខ្មែរយើង តើមានប៉ុន្មាននាក់? ខ្ញុំក៏ទើបតែយល់ ថាហេតុអ្វីបានសិល្បករខ្មែរខ្លះចេញបទចម្រៀងជាភាសាអង់គ្លេស ព្រោះគេដឹងថា មិនអាចរកលុយបានច្រើនពីបទចម្រៀងភាសាខ្មែរទេ។

សិល្បៈកើតចេញពីចិត្តស្រលាញ់ និងការគាំទ្រ សូមឱ្យអ្នកគាំទ្រសិល្បៈមានតែទឹកចិត្តស្រលាញ់ និងជួយគ្នា ដើម្បីឱ្យសិល្បៈនៅក្នុងប្រទេសក្រីក្រនេះបានរីកចម្រើន។

ខ្ញុំគិតថា ចង់ប្រមូលបទចម្រៀង Original Song ដែលខ្ញុំសរសេរទំនុកច្រៀង upload in https://soundcloud.com/chanphal-sok តែដាក់បានប៉ុន្មានបទក៏ខ្ជិល 😉 ទើបតែដឹងថា តាមពិតខ្ញុំសរសេរបទចម្រៀង Original Song បានច្រើនបទណាស់ ជាមួយអ្នកភ្លេងក្មេងចាស់ក្នុងសម័យនេះ។

ខែធ្នូ 28, 2015 at 4:38 ល្ងាច បញ្ចេញមតិ

ឯកាគ្រាន់បើជាងឈឺចាប់

មិនមែនខ្ញុំមិនជឿជាក់លើអ្នកដទៃទេ តែខ្ញុំមិនជឿជាក់លើខ្លួនឯង។ ខ្ញុំចេះតែខ្លាចចិត្តមិនហ៊ានពឹងគេ មានអារម្មណ៍ថារំខានគេ ព្រោះខ្លួនមិនមែនជាមនុស្សសំខាន់។ ធ្វើម៉េចទើបអាចជឿជាក់លើខ្លួនឯងជាងនេះបន្តិច?

អារម្មណ៍មួយនេះ ខ្ញុំក៏បានសរសេរចូលក្នុងបទចម្រៀង ‘ឯកាគ្រាន់បើជាងឈឺចាប់’ ទំនុកច្រៀងបង្ហាញពីអារម្មណ៍ដ៏ទន់ជ្រាយ ដែលកប់ក្នុងស្នាមញញឹមរាល់ថ្ងៃនៃមនុស្សឯកា។

image

ខែធ្នូ 22, 2015 at 9:42 ល្ងាច បញ្ចេញមតិ

Cambodian Idol

ពីរបីថ្ងៃនេះខ្ញុំនៅដល់យប់ជ្រៅជាមួយនឹងកម្មវិធីនេះ។ ការងារក្នុងសិល្បៈក៏សប្បាយម្យ៉ាងដែរ មែនទេ? មានមនុស្សជាច្រើនច្រណែននឹងខ្ញុំ ហើយខ្ញុំក៏ក្លាយជា Idol របស់អ្នកគាំទ្រខ្ញុំប៉ុន្មាននាក់។ ខ្ញុំរំភើបចិត្ត និងសួរខ្លួនឯងថា តើគួរធ្វើខ្លួនយ៉ាងម៉េច? ជានិមិត្តរូបអ្នកនិពន្ធរបស់គេ តើនៅតែធ្វើចរិតដូចកូនក្មេងអ៊ីចឹង ឬក៏នៅតែខ្វះការជឿជាក់ នៅតែគិតល្ងង់ៗថា រស់ធ្វើអីទៀតដដែល?

កាលពីមុន ខ្ញុំតែងតែសរសេរអារម្មណ៍ ឬក៏កំណត់ហេតុជាច្រើននៅទីនេះ តែយូរៗទៅ ស្ទើរតែភ្លេចផ្ទះនេះទៅហើយ… មានកំណត់ត្រាជីវិតជាច្រើនដែលខ្ញុំខ្ជិលសរសេរ ខ្ជិលប្រាប់គេ ខ្ជិលៗៗៗៗៗៗៗៗៗ ធ្វើអ៊ីចឹងធ្វើអី? ប្រាប់គេធ្វើអី? ក៏ចេះតែលាក់ទុកក្នុងចិត្ត… ខ្ញុំជាអ្នកនិពន្ធម្នាក់ដែលចូលចិត្តការសរសេរប្លក់ ហើយក៏ទីនេះដែរ ដែលខ្ញុំអាចនិយាយបានច្រើនជាងនៅជាមួយពួកម៉ាក ឬក៏ facebook. ​មែនហើយ សរសេរច្រើនយ៉ាងណាក៏នៅតែដដែលៗ ទើបចេះតែខ្ជិលសរសេរ តែពេលសរសេរហើយក៏ធូរស្រាលចិត្តខ្លះ។ ជីវិតគឺបែបនេះ អាយុប៉ុននេះទៅហើយនៅតែមិនទាន់ចេះរស់នៅឱ្យស្រួលបួលទៀត។

IMG_6723 IMG_6689

ខែ​ឧសភា 27, 2015 at 9:30 ល្ងាច មតិ 2

The Voice Cambodia

ម្សិលមិញខ្ញុំទៅធ្វើជាគណៈកម្មការជម្រុះបក្ខជនតាំងពីព្រលឹមដល់អាធ្រាត្រ។ មានរឿងកំប្លែង ក៏ដូចជារឿងត្រូវគិតផុសឡើងជារឿយៗ។ ប្រហែលស្អីក៏ដោយ សុទ្ធតែមានអត្ថន័យនិងប្រយោជន៍របស់វា ហេតុនេះកុំខ្ជិលនឹងធ្វើ ឬឆ្លងកាត់។

នឹកឡើងវិញ មេបានទូរស័ព្ទមកខ្ញុំ ថាទំនេរទេ អាទិត្យក្រោយជួយការងារ The Voice នៅកោះពេជ្រ។ និយាយត្រង់ ខ្ញុំខ្ជិលណាស់ ខ្ញុំចង់ធ្វើកិច្ចការខ្ញុំជាង ហើយអត់ចូលចិត្តការងារជួបជុំគ្នាច្រើនទេ ធុញ ពិបាករៀបឫក ហាហា តែអត់ហ៊ានប្រកែក ម្យ៉ាងគិតថាទៅមើលកម្មវិធីគេម្ដងចុះ។

ពីព្រលឹមដល់យប់ ខ្ញុំល្វើយណាស់ តែខ្ញុំប្រាប់ខ្លួនឯងថា ត្រូវញញឹមដាក់បេក្ខជនប្រលង។ ខ្ញុំសួរពួកគេ ដែលអ្នកខ្លះថាអត់ទាន់ញ៉ាំបាយ អ្នកខ្លះមកពីខេត្តឆ្ងាយ អ្នកខ្លះសុំច្បាប់ការងារ… ចិត្តចាប់ផ្ដើមអាណិតពួកគេខ្លាំងឡើងៗ ហើយស្រមៃរឿងខ្លួនឯង កាលដែលចង់ចូលធ្វើការក្នុងសិល្បៈពេលមកដល់ភ្នំពេញដំបូង និងប្រវត្ថិខ្លះៗទាក់ទងនឹងការដាក់ពាក្យធ្វើការ។ ស៊ូ! ស៊ូ! ខ្ញុំគិតក្នុងចិត្ត ហើយញញឹមប្រាប់បេក្ខជនកុំឱ្យភ័យ។ ធម្មតាសមត្ថភាពមនុស្សខុសគ្នា មានអ្នកពូកែ មានអ្នកធម្មតា តែថាព្រោះតែអាណិត ខ្ញុំពិតជាចង់ឱ្យពួកគេបានចូលទូរទស្សន៍ទាំងអស់គ្នា។ ក្នុងចំណោមពួកគេ ប្រាកដជាមានអ្នកខឹង តែអ្នកខ្លះក៏នៅតែញញឹម ហើយហាក់ត្រេកអរណាស់ឱ្យតែដល់វេនបង្ហាញខ្លួន។ ចាំមួយថ្ងៃពេញ អ្នកខ្លះក៏ឈានដល់លើសពីដប់ម៉ោង ទម្រាំដល់វេនខ្លួន ហើយគ្រាន់តែច្រៀងពីរបីម៉ាត់គេក៏ឱ្យឈប់ ហ៊ឺ ព្រោះតែបែបនេះ ខ្ញុំចេះតែទុកឱ្យពួកគេច្រៀងបានយូរបន្តិច!

យ៉ាងណា ពួកគេពូកែណាស់ ហើយបានបង្រៀនខ្ញុំបន្ថែមពីឆាកជីវិត ពីចិត្តស្រលាញ់ និងពីការតស៊ូ!

10417511_10152123908311724_8460425129901591208_n10392307_4255694206565_9104987913774877136_n10320574_10152537564348816_1881988462580089388_n10365972_4259330417468_1177481510470488567_n

 

 

 

ខែមិថុនា 1, 2014 at 3:47 ល្ងាច មតិ 7

ចម្រៀងឆ្នាំថ្មី

ជាលើកដំបូងដែលខ្ញុំសរសេរចម្រៀងអបអរបុណ្យចូលឆ្នាំថ្មី 😀 ៤ បទរបស់ខ្ញុំ អត្ថន័យ និងចំណងជើង គឺបានមកពីមិត្ត facebook 🙂 You can listen by click on the title: ក្រមុំ 360, ពេលស្រវឹងទើបដឹងចេះរាំ, ប្រពន្ធចាញ់កូន, ក្នុងខ្លួនចេះតែយ៉ាងម៉េច?

1981766_10152387331023816_128826699_n

ខែ​មីនា 27, 2014 at 4:18 ល្ងាច បញ្ចេញមតិ

សារលាក់ស្នេហ៍ (Message)

ចុចស្ដាប់បទនេះ..

ឮសំឡេងសារថ្មើរណាក៏ញញឹម ពេលអស់សង្ឃឹមធុញថប់ជីវិត រូបអូនប្រៀបដូចនៅក្នុងដួងចិត្ត ផ្ញើពាក្យពេចន៍ឱ្យបងសប្បាយ អូនហាក់យល់ពីបងគ្រប់យ៉ាង…

ផ្ញើសាររាប់រយធ្វើឱ្យខ្ញុំលង់ស្នេហ៍អ្នក…

ធ្លាប់ស្ដាប់បទនេះទេ? និយាយពីមនុស្សពីរនាក់ដែលតែងតែផ្ញើសារជជែកគ្នាដល់ថ្នាក់ស្និទ្ធស្នាល អាចហៅថាស្នេហាហើយ តែពេលជួបគ្នា គេបែរជាធ្វើដូចមិនធ្លាប់ស្គាល់គ្នាទៅវិញ… ធ្លាប់អ៊ីចឹងទេ?

បទនេះខ្ញុំតែងកាលពីឆ្នាំ២០០៩ ជាបទភ្លេងនិពន្ធថ្មីរបស់លោកគ្រូ ម៉ម សុគន្ធា ។ ទំនុកច្រៀងមួយនេះបង្ហាញពីទឹកដៃដ៏ក្មេងខ្ចីរបស់ខ្ញុំ ស្ដាប់ទៅនៅមិនទាន់មានបទពិសោធន៍ ទាំងរឿងស្នេហា ទាំងការតែងនិពន្ធ… របស់ខ្លះគឺបែបនេះ តែវាមានតម្លៃជាអនុស្សាវរីយ៍…

ខែ​មីនា 26, 2014 at 3:32 ល្ងាច មតិ ១

Khmer Melody

ថ្ងៃនេះខ្ញុំបានដាក់ទំនុកច្រៀងមួយបទនៅ facebook ហើយក៏ទទួលបានមតិមួយ (មើលរូបខាងក្រោម) គាត់និយាយមិនខុសទេ ហើយខ្ញុំឆ្លើយតបក៏មិនសូវត្រូវដែរ។ ហេតុអ្វីក៏បទចម្រៀងស្រុកខ្មែរចម្លងពីគេច្រើនម្ល៉េះ? គួរដោះស្រាយយ៉ាងណា ឬក៏ខ្ញុំគួរតែឈប់សរសេរចម្រៀងទៀត?

Copy Song copyខ្ញុំកើតមក ក៏ស្ដាប់បទចម្រៀងចម្លងភ្លេងពីគេទៅហើយ ទើបគិតថាជារឿងធម្មតា ហើយយល់ថាខ្លួនឯងពូកែ ដែលសរសេរទំនុកច្រៀងមិនបកប្រែ បើទោះជាចម្លងភ្លេងមែន ហាហា ខ្ញុំសរសេរចម្រៀង ព្រោះខ្ញុំចូលចិត្តចម្រៀង ហើយមនុស្សខ្ញុំ ថាចិត្តទូលាយក៏បាន ថាល្ងង់ក៏បាន គឺខ្ញុំមិនចេះប្រកាន់ឬបែងចែកអីទេ ចម្រៀងគេពីរោះខ្ញុំសរសើរ ចង់ស្ដាប់បទនោះជាភាសាខ្មែរដែរ… សូម្បីតែព្រំដែនប្រទេសក៏ខ្ញុំមិនដែលគិត គឺគិតថាក្រោមមេឃតែមួយ ជនជាតិទាំងអស់សុទ្ធតែជាបងប្អូន ចែករំលែកតន្ត្រី អ្វីៗដែលសប្បាយៗ… ប៉ុន្តែឥឡូវខ្ញុំយល់ច្រើនហើយ មនុស្សចិត្តចង្អៀតចង្អល់ណាស់ ពិភពលោកមួយនេះក៏តូចណាស់ដែរ មិនមែនធំដូចអ្វីដែលខ្ញុំធ្លាប់គិតទេ។ ហ៊ឺ… តើខ្ញុំឆ្កួតមែនទេ? តើរស់នៅកន្លែងណាទើបសមនឹងខ្ញុំ?

បើសិនជាអាច ខ្ញុំពិតជាចង់ឈប់សរសេរចម្រៀងឱ្យភ្លេងចម្លងទៀតហើយ… ហើយបើសិនជាមានលុយច្រើន ខ្ញុំនឹងបង្កើតផលិតកម្មចម្រៀងមួយ ផលិតតែបទថ្មីសុទ្ធសាធ។ ម៉េចក៏មានរឿងច្រើនម៉េះ ហួសពីសមត្ថភាព ដែលខ្ញុំអាចធ្វើបាន…?

រហូតមកដល់ពេលនេះ ខ្ញុំសរសេរទំនុកច្រៀងដាក់បទភ្លេងថ្មី Khmer Melody បាន… បេះដូងខ្មែរ, អ្នកមិនឯកា, ចម្រៀងផ្ញើអ្នកម្ដាយ, បាត់បង់ស្នេហាគ្មានអ្វីអស្ចារ្យទេ, ១២ឆ្នាំមុន, ក្មេងល្ងង់របស់បង, បេះដូងមានកម្ម, ស្រលាញ់អូនចង់តែយំ, សាយ័ណ្ហឯកា, បែកទាំងបង្ខំអារម្មណ៍, អូនផ្ដើមតែមិនបញ្ចប់, បងប្រុសដែលអូនស្អប់, ទឹកភ្នែកមិនដឹងកំហុស, ស្រលាញ់ព្រោះស្រលាញ់, អ្នកជាកូនប្រុស, ឥទ្ធិពលស្នេហ៍, គ្រប់ពេលវេលាបងស្រលាញ់អូន, ហេតុអ្វីស្គាល់បង?, រនោចខ្លោចចិត្ត, ធ្លាប់ស្រលាញ់ខ្ញុំទេ?, សារលាក់ស្នេហ៍, I Like Your Missed Call, រីកចម្រើនជាមួយគ្នា, Online គ្រប់ពេល… នៅសល់ច្រើនបទទៀតមិនទាន់ចេញលក់ ហើយនៅសល់រឹតតែច្រើនបទទៀតនៅក្នុងគម្រោង ជាសម្ដីលួងលោមខ្ញុំថា ចាំកម្មសិទ្ធិបញ្ញាស្រុកខ្មែរអនុវត្តពិតប្រាកដ យើងនឹងធ្វើភ្លេងថ្មីមួយរយភាគរយ តែមិនដឹងថាខ្ញុំអាចចាំដល់ពេលហ្នឹងឬអត់ទេ!

ខែ​ឧសភា 12, 2013 at 10:19 ល្ងាច មតិ 20

ស្នេហាជាអ្វី?

ខ្ញុំបានសរសេរចម្រៀងមួយបទ ពីអារម្មណ៍មិនស្គាល់ស្នេហា ទាំងមានសង្សារហើយក៏ដោយ ក៏នៅតែសួរថា ស្នេហាជាអ្វី?

ពេលខ្ញុំនិយាយថា ខ្ញុំមិនយល់ថាស្នេហាជាអ្វី អ្នកខ្លះក៏ថា អ្នកនិពន្ធម្ដេចក៏មិនយល់ពីស្នេហា? ពិតមែន សរសេរពីស្នេហាកាន់តែច្រើន ក៏ដឹងពីអារម្មណ៍ស្នេហាកាន់តែច្រើន តែដល់ដឹងកាន់តែច្រើន ក៏ធ្វើឱ្យគិតមិនយល់… ខ្ញុំនៅតែឆ្ងល់ថា ម៉េចក៏មនុស្សពីរនាក់ស្រលាញ់គ្នា? ព្រោះរូបរាងស្អាត? ព្រោះចរិតស្រដៀងគ្នា? មិនមែនទេ! មានមនុស្សរូបរាងស្អាតច្រើនណាស់ ឯមនុស្សដែលមានចរិតស្រដៀងគ្នា ក៏មិនមែនមានតែម្នាក់ដែរ បើអ៊ីចឹង ឯណាស្នេហាពិត? ចុងក្រោយ មានតែនិយាយដល់រឿងនិស្ស័យ ទើបអាចផ្ដល់ចម្លើយឱ្យខ្ញុំបាត់ស្មុគស្មាញខ្លះ…

ខ្ញុំមិនជឿជាក់ស្នេហាទេ។ ខ្ញុំសម្លឹងស្នេហា ដូចសម្លឹងមនុស្សស្អាតម្នាក់ គ្រាន់តែជាអារម្មណ៍រំភើបមួយរយៈ បន្ទាប់ពីស្គាល់គ្នានឹងបាត់បង់ទៅវិញ។ ធ្វើម្ដេចទើបអាចរក្សាអារម្មណ៍រំភើបនោះឱ្យស្ថិតស្ថេរ? ប្រហែលត្រូវពឹងលើអនុស្សាវរីយ៍? មានរឿងជាច្រើនដែលខ្ញុំបណ្ដោយ ទុកឱ្យអារម្មណ៍បញ្ជា ព្រោះមនុស្សពីរនាក់ស្រលាញ់គ្នា មិនមែនជាកាតព្វកិច្ច។ ស្នេហាពិតគឺជាការលះបង់ ខ្ញុំពិតជាចង់ដឹងណាស់ថា តើស្រលាញ់កម្រិតណា​ទើបហ៊ានលះបង់ខ្លួនឯងដើម្បីគេ? ចុះឡើងៗ ខ្ញុំពិតជាមិនទាន់ស្គាល់ស្នេហាមែន។

យ៉ាងណា នៅថ្ងៃនេះខ្ញុំក៏បាននឹកឃើញពីនិយមន័យមួយ ដែលខ្ញុំបានយល់ពីស្នេហា «ស្នេហាគឺជាអារម្មណ៍រំភើបម្យ៉ាង ដែលយើងពិបាកថែរក្សា។»

ខែ​កុម្ភៈ 8, 2013 at 2:50 ល្ងាច មតិ 4

Blog ឯកា

Blog ឯកា ម្ចាស់វាមិនដែល Post អីសោះ រវល់តែលេង facebook 😉 ហេហេ មិនដឹងថា រាល់ថ្ងៃមានអ្នកចូលមើលអត់ទេ តែថ្ងៃនេះត្រូវតែ Post អីបន្តិច… គ្មានអីច្រើន មានតែចម្រៀងស្រីៗពីរបទ ដែលទើបតែចេញលក់! ពីរបទនេះដើម្បីស្រីរឹងមាំ (សួរថា ហេតុអីក៏សរសេរតែបទអ៊ីចឹងៗឱ្យស្រី… ចុះប្រុស? ព្រោះតែស្រីមិនសូវរឹងមាំដូចប្រុស)។

«បាត់បង់ស្នេហាគ្មានអីអស្ចារ្យទេ!» 😥 ហិហិ ចាំតែគ្មានអីអស្ចារ្យតើ ប៉ុន្តែត្រូវតែទទួលយកការពិតជាមួយចម្រៀងមួយបទនេះ។ ជាបទភ្លេងនិពន្ធដោយខ្មែរ មិនចម្លងពីណាទេ។ ម៉េចដែរ ពីរោះគ្រាន់បើទេ? ស្ដាប់ទៅមើល៍!

 

«សង្សារគ្រាន់តែជាអ្នកដទៃ» កុំច្រឡំ! មិនមែនបញ្ជោះឱ្យសង្សារគេឈ្លោះគ្នាទេ 😀 គ្រាន់តែចង់ប្រាប់អ្នកដែលបាត់បង់ស្នេហា ត្រូវសង្សារធ្វើបាប រួចក៏ធ្វើបាបខ្លួនឯងព្រោះតែគេ ភ្លេចឪម៉ែ ដល់ថ្នាក់ហ៊ានសម្លាប់ខ្លួនព្រោះតែសង្សារ 😦 សួរថាសមអត់? អ្នកខ្លះមកតវ៉ា មិនយល់ស្របថា សង្សារគ្រាន់តែជាអ្នកដទៃទេ។ អូខេ! បទនេះគឺសរសេរក្នុងន័យលើកទឹកចិត្តអ្នកបាត់បង់ស្នេហាតើ មិនមែនគ្រប់ពេល គ្រប់កាលទេសៈ ឱ្យគិតដូចចំណងជើងនេះឯណា? ទាល់តែចេះបែងចែកអ៊ីចឹង បានគេថាមនុស្សយល់ដឹងខ្ពស់!

ខែវិច្ឆិកា 14, 2012 at 2:55 ល្ងាច មតិ ១

អត្ថបទ​ចាស់​ជាង​នេះ​


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 229,301 hits
Visit Cute-Spot.com!