Posts filed under ‘កំណាព្យ’
ពិតប្រាកដ
កំណាព្យ «ពិតប្រាកដ»
សុភមង្គលកើតមានពិត ពេលមនុស្សលែងគិតរឿងខ្វល់ខ្វាយ
ព្រោះមានបញ្ញានៅជាប់កាយ ដួងចិត្តស្រស់ស្រាយគ្រប់ជំហាន។
ធាតុពិតនៃពាក្យថាជោគជ័យ គឺពេញចិត្តអ្វីដែលខ្លួនមាន
ជោគជ័យនេះដូចបាននិព្វាន គ្មានថ្ងៃបាត់បង់ទៅវិញឡើយ។
សុខពិតប្រាកដគឺចិត្តស្ងប់ លែងមានចិត្តស្អប់អ្វីទៀតហើយ
ស្រលាញ់ខ្លួនឯងជាចម្លើយ ក្ដីសុខនេះហើយដែលស្ថិតស្ថេរ។
២៣ មិថុនា ២០១៦ #សុខចាន់ផល
កំណាព្យខ្ញុំ
នៅទីនេះ! My Poem
ទាំងនេះគឺជាអនុស្សាវរីយ៍របស់ខ្ញុំក្នុងកំណាព្យខ្មែរ។ ខ្ញុំមើលឃើញពណ៌ស្រាលៗនៃកំណាព្យដែលខ្ញុំសរសេរ ហើយដឹងថាខ្លួនឯងមិនសូវមានទេពកោសល្យខាងតែងកំណាព្យទេ ប៉ុន្តែខ្ញុំស្រលាញ់កំណាព្យ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានអានកំណាព្យដ៏ល្អៗ របស់អ្នកមានទេពកោសល្យកំណាព្យពិតប្រាកដ។
ភ្លៀងធ្លាក់ក្នុងកុមារភាព
ភ្លៀងធ្លាក់ក្នុងកុមារភាព
បទពាក្យ៧
ថ្ងៃបាក់រសៀលលាកម្ដៅ
ពពកពណ៌ខ្មៅមីររសាត់
ព្រះពាយមិនស្ងៀមប្រឹងផាយផាត់
ធម្មជាតិលែងស្ងាត់ផ្ដើមតន្រ្តី។
វស្សានរដូវមេឃភ្លៀងធំ
រុក្ខារលំដេកដួលដី
ផ្គរស្រែកគំរាមប្រាប់ព្រឹកព្រៃ
រន្ទះវឹងវៃជ្រែកអាកាស។
ភ្លឺផ្លេកបន្ទោរជះភ្លែតៗ
រង្សីក្រឡែតភ្លឺត្រចះ
មិត្តភក្តិស្រែកហៅពីក្រៅផ្ទះ
រួសរាន់រូតរះរត់ចូលភ្លៀង។
រូបកាយទទេគ្មានជំពាក់
តំណក់ទឹកធ្លាក់សព្វសព៌ាង្គ
គង្គាបរិសុទ្ធឥតល្អក់ល្អៀង
ប្រៀបដូចចង់លាងភពលោកា។
សរសៃទឹកភ្លៀងធ្លាក់ពីមេឃ
តើនៅលើមេឃល្អយ៉ាងណា?
មានពពកសមានទឹកថ្លា
មានទេវតាមានឥន្ទ្រព្រហ្ម។
ភ្លៀងធ្លាក់រណ្ដំដូចចម្រៀង
កង្កែបហ៊ីងច្រៀងលាន់រងំ
គ្រួសារទាំងមូលនៅជួបជុំ
ដណ្ដប់ផាហ៊ុមឱ្យរូបខ្ញុំ។
ទឹកភ្លៀងត្រជាក់សែនកក់ក្ដៅ
យាយតាកូនចៅពូមីងអ៊ំ
គ្រួសារធ្លាប់តូចប្រែជាធំ
រស់សុខដុមក្នុងពេលភ្លៀង៕
តែងនៅថ្ងៃទី១០មេសា២០០៨
សុខចាន់ផល
វិចារថ្មីៗ