Posts filed under ‘បទនិពន្ធ’
ហេតុអ្វីក្របសៀវភៅខែរងា គឺជាលោក ឆន សុវណ្ណរាជ?
សៀវភៅប្រលោមលោកមួយ ដែលចូលរួមលើកស្ទួយការអាននៅកម្ពុជា មានចំណងជើងថា «ខែរងា» ពីអ្នកនិពន្ធ សុខ ចាន់ផល ទន្ទឹមនឹងទទួលបាននូវការគាំទ្រពីសំណាក់មិត្តអ្នកអាន ក៏មានសំណួរសួរថា ហេតុអ្វីក្របសៀវភៅគឺជា លោក ឆន សុវណ្ណរាជ?
ជាទូទៅសៀវភៅប្រលោមលោកនៅស្រុកយើង និយមរចនាគម្របដោយរូបគំនូររបស់វិចិត្រករ ជាសិល្បៈគំនូរដ៏មានទេពកោសល្យ ផ្ដល់នូវតម្លៃមួយកម្រិតថែមទៀតដល់ស្នាដៃសៀវភៅ ដោយឡែកសៀវភៅប្រលោមលោក ខែរងា ដែលបោះពុម្ពផ្សាយលើកទី១ តាំងពីឆ្នាំ ២០១០ បែរជាយករូបថតរបស់តារាល្បីមកធ្វើជាគម្របសៀវភៅទៅវិញ ដែលធ្វើឱ្យអ្នកស្រលាញ់សៀវភៅខ្លះរិះគន់។
តបទៅនឹងចម្ងល់ខាងលើនេះ អ្នកនិពន្ធផ្ទាល់មានយោបល់ថា «ការរចនាសៀវភៅគឺជាសិល្បៈម្យ៉ាង ដែលតែងតែផ្សារភ្ជាប់ទៅនឹងសិល្បៈផ្សេងៗដូចជាគំនូរជាដើម ហើយរូបថតក៏ជាសិល្បៈមួយដែលកំពុងតែពេញនិយម។ នៅបរទេស ក្របសៀវភៅប្រលោមលោករបស់គេ ក៏និយមយករូបថតមកប្រើផងដែរ មិនមែនតែនៅខ្មែរយើងទេ។ ចំពោះខ្ញុំ ខ្ញុំក៏ចូលចិត្តក្របសៀវភៅជាគំនូរ តែខ្ញុំក៏ចង់ធ្វើអ្វីដែលថ្មីប្លែកនៅប្រទេសយើងដែរ។»
លោកបន្តទៀតថា «មានហេតុផលផ្សេងៗទៀត ក្នុងការជ្រើសរើសរូបថតរបស់លោក ឆន សុវណ្ណរាជ ជាក្របសៀវភៅ។ ទី១ រាជ មានអត្តចរិតស្រដៀងនឹងតួអង្គឯកក្នុងរឿងនេះ ឈ្មោះកត្តិត ។ កត្តិត និង រាជ បើថាជាមនុស្សសុភាពរាបសារក៏មិនចំ ព្រោះពេលខ្លះក៏លេងសើច ហើយប៉ិនស្រមើស្រមៃ។ ទី២ ឆន សុវណ្ណរាជ ជាតារាចម្រៀងល្បី តែមិនវាយឫក រាប់អានស្និទ្ធស្នាលជាមួយនឹងក្រុមការងារ ធ្វើឱ្យគ្រប់គ្នាស្រលាញ់ និងឱ្យតម្លៃគាត់។ ទី៣ រូបថតមួយសន្លឹកនេះជាស្នាដៃរបស់លោក ខាំ ភូរិ អ្នកដឹកនាំសម្ដែងដ៏ល្បីឈ្មោះ ដែលកាន់តែផ្ដល់តម្លៃ និងអនុស្សាវរីយ៍រួមគ្នានៅក្នុងសៀវភៅប្រលោមលោកខ្មែរមួយនេះ។
អ្នកនិពន្ធប្រកបដោយមនោសញ្ចេតនា និងចូលចិត្តថែរក្សាអនុស្សាវរីយ៍រូបនេះ ក៏មិនភ្លេចផ្ញើសេចក្ដីថ្លែងអំណរគុណដល់អ្នកដែលបានរួមចំណែកនៅក្នុងសៀវភៅនេះឡើយ ដោយគាត់បានរៀបរាប់ឈ្មោះ មានដូចជា លោក ឆន សុវណ្ណរាជ លោក ខាំ ភូរិ លោក កៅ សីហា លោក ហេង សុខម៉េង លោក ធី សុផាន់ណា លោក ហួត លី លោក ឈុន ឃុនវិរីយ៉ា លោក លីម គីមឈុន លោក ហេង ឧត្តម លោកស្រី សាត បញ្ញា លោក មាន កុសល និង លោក អ៊ាង គារវៈ ។
លោក សុខ ចាន់ផល បានសម្ដែងអារម្មណ៍រំភើបរីករាយ ពេលបាននិយាយដល់អ្នកគាំទ្រសៀវភៅប្រលោមលោកខែរងានេះ ដោយមានប្រសាសន៍ថា «ការខំប្រឹងប្រែងរបស់ខ្ញុំហាក់ដូចជាមានរូបរាងឡើង នៅពេលបានឃើញសៀវភៅដែលបោះពុម្ពផ្សាយមានការគាំទ្រជាបន្តបន្ទាប់។ ខ្ញុំនៅតែប្រឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន តែលទ្ធផលគឺបានមកពីការចូលរួមពីប្រជាជនខ្មែរទូទាំងប្រទេស។ ការនិពន្ធសៀវភៅនេះ បើនិយាយពីផលចំណេញនោះ គឺមិនទាន់ប្រៀបធៀបនឹងការងារដែលខ្ញុំធ្វើរាល់ថ្ងៃ ដូចជាសរសេរចម្រៀង ឬអត្ថបទភាពយន្តឡើយ ប៉ុន្តែនេះជាកិច្ចការមួយ ដែលខ្ញុំផ្ដល់តម្លៃឱ្យខ្លួនឯង ដើម្បីចូលរួមកសាងវប្បធម៌អាននៅប្រទេសយើង។ ខ្ញុំមានសុទិដ្ឋិនិយមថា ចាប់ពីថ្ងៃនេះទៅ អ្នកនិពន្ធខ្មែរនឹងចេញផ្សាយស្នាដៃច្រើនជាងមុន ហើយប្រជាជនខ្មែរក៏នឹងងាកមកការអានកាន់តែផុសផុរ។ ការអានគឺជាវប្បធម៌ដ៏ថ្លៃថ្នូរបំផុត ដែលខ្ញុំស្រលាញ់។»
គួរលើកផងដែរថា លោក សុខ ចាន់ផល ជាអ្នកនិពន្ធប្រចាំនៅក្រុមហ៊ុនហង្សមាស ផ្នែកនិពន្ធទំនុកច្រៀង និងសាច់រឿងភាពយន្ត ដែលក្នុងនោះបទចម្រៀងល្បីៗជាស្នាដៃទំនុកច្រៀងរបស់លោក សម្រាប់លោក ឆន សុវណ្ណរាជ មានដូចជា នឹក A ស្រលាញ់ B សួរទឹកភ្នែករកស្នេហ៍ពិត បេះដូងខ្មែរ មនុស្សដែលគេមើលរំលង កន្លែងណាព្រមទទួលខ្ញុំ? ចំណែកលើស សុំស្រលាញ់ សុំ Password លួចស្រលាញ់អូនបីឆ្នាំ ឈាមពេជ្រ ជាដើម។ លោកបានបោះពុម្ពផ្សាយនូវស្នាដៃជាសៀវភៅបានជាច្រើនចំណងជើង និងធ្លាប់បានទទួលពានរង្វាន់ SAE Write Award 2013 នៅប្រទេសថៃ។ នៅក្នុងឆ្នាំ២០១៧នេះលោកក៏បានផលិតនូវភាពយន្តខ្លីមួយ ដែលមានចំណងជើងថា «កាបូបលុយ» និងបានបោះពុម្ពផ្សាយនូវសៀវភៅ «មនោសញ្ចេតនា» ។
អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត
អ្វីដែលនៅពីក្រោយភាពជោគជ័យរបស់ ឱក សុគន្ធកញ្ញា
ជាតារាចម្រៀងដែលមានការអភិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់។ ពីក្មេងស្រីមិនសូវចេះនិយាយស្ដីនៅពេលឡើងឆាក ក្លាយជា Coach និង Judge ដ៏ពូកែនិយាយក្នុងកម្មវិធីល្បីៗរបស់ទូរទស្សន៍ហង្សមាស។ ពិតជាមិនសរសើរមិនបាន ចំពោះតារារូបនេះ! ប៉ុន្តែឆ្ងល់ដែរទេ តើមានអ្វីនៅពីក្រោយខ្នងរបស់គាត់?
«ការងាររបស់ខ្ញុំរាល់ថ្ងៃ គឺពឹងលើការអាន បើខ្ញុំមិនអាន គឺខ្ញុំមិនដឹងថា ពាក្យដែលខ្ញុំយកទៅនិយាយជាមួយនឹងទស្សនិកជន ឬកូនក្រុមរបស់ខ្ញុំ ត្រូវនិយាយថាម៉េចនោះទេ តែគឺខ្ញុំតែងតែសិក្សាយកពីសៀវភៅ ទើបខ្ញុំអាចយល់ដឹងពីការរស់នៅ ការប្រើប្រាស់ភាសា សិល្បៈនៃការនិយាយ តើថាយ៉ាងណាខ្លះ… »
ជាសម្ដីប្រកបដោយទឹកមុខរំភើប ជាមួយនឹងសៀវភៅនៅក្នុងដៃ ដែលធ្វើឱ្យយើងមើលដឹងថា គាត់ចូលចិត្តសៀវភៅកម្រិតណា។ ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏លេចធ្លោនាពេលបច្ចប្បន្នកំពុងតែកាន់សៀវភៅថ្មី ស្នាដៃលោក សុខ ចាន់ផល មានចំណងជើងថា «មនោសញ្ចេតនា» ដែលក្របសៀវភៅគឺជារូបនារីម្នាក់ ប្រកបដោយទឹកមុខស្រគត់ស្រគំពោរពេញដោយមនោសញ្ចេតនា ហាក់ដូចជាស្របតាមចំណងជើងសៀវភៅប្រលោមលោកនេះ ហើយដែលនារីម្នាក់នោះគ្មានអ្នកណាក្រៅពី ឱក សុគន្ធកញ្ញា ផ្ទាល់ឡើយ។
បច្ចប្បន្ន យុវវ័យខ្មែរហាក់កំពុងតែស្វែងរកខ្លួនឯង ព្រមទាំងប្រណាំងប្រជែងនឹងភាពរីកចម្រើននៃសកលលោក។ ពួកគេផ្ដើមចាប់អារម្មណ៍ និងចាប់យកអ្វីៗពីលោកខាងក្រៅ យ៉ាងឆាប់រហ័ស។ តើពួកគេចូលចិត្តអានទេ? តើពួកគេគាំទ្រស្នាដៃជាតិរបស់ខ្លួនទេ? មិនទាន់ឆ្លើយបានទេ តែពួកគេកំពុងតែរង់ចាំទទួលនូវវប្បធម៌ទាំងនោះហើយ។ ម្លោះហើយ ការសាបព្រោះនូវវប្បធម៌ល្អៗ គឺប្រៀបបាននឹងពរជ័យចំពោះពួកគេ។ រាងកាយត្រូវការអាហារ ខួរក្បាលត្រូវការគំនិត។ ក្នុងន័យនេះ វប្បធម៌នៃការអានសៀវភៅគឺជារឿងមួយដែលខ្វះមិនបាន មិនថាសៀវភៅបែបកំសាន្ត ឬបែបផ្នត់គំនិត គឺពិតជាចំណែកនៃការអភិវឌ្ឍខ្លួនទៅអនាគតដ៏វែងឆ្ងាយ។
ដោយឡែក កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់សិល្បករ នឹងកាន់តែឃើញតម្លៃនៅពេលដែលពួកគេបានយកវាមកប្រើជាប្រយោជន៍ដល់សង្គមជាតិ។ លោក សុខ ចាន់ផល អ្នកនិពន្ធប្រចាំក្រុមហ៊ុនហង្សមាស ដែលទើបតែចេញផ្សាយស្នាដៃសៀវភៅថ្មី បាននិយាយសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ថា «គាត់គ្មានភាពរារែកក្នុងការថតរូបក្របសៀវភៅថ្មី សម្រាប់ស្នាដៃខ្ញុំឡើយ ដែលសបញ្ជាក់ឱ្យឃើញថា កញ្ញា គឺជាអ្នកចូលចិត្តអាន និងឱ្យតម្លៃសៀវភៅ។»
ការអានគឺជាការផ្សងព្រេងមួយដែលគ្មានទីបញ្ចប់។ ហេតុនេះហើយ ទើប ឱក សុគន្ធកញ្ញា លើកឡើងថា «ក្នុងមួយទំព័រៗគឺមានពាក្យពេចន៍ច្រើនណាស់។ ដូច្នេះមនុស្សម្នាក់អានសៀវភៅចប់មួយក្បាល នឹងទទួលចំណេះរាប់ម៉ឺនរាប់សែនពាក្យ យកមកប្រើមិនអស់ផង។ សៀវភៅមួយក្បាលផ្ដល់ចំណេះដឹងឱ្យអ្នកអានច្រើនលើសលប់ លើសពីអ្វីដែលយើងគិតទុក។ ហើយក្នុងទស្សនៈខ្ញុំ អ្នកនិពន្ធគឺជាមនុស្សដែលរៀនបានច្រើនមែនទែន គឺច្រើនជាងអ្វីដែលយើងកំពុងតែអាននោះផង។»
ចុះចំពោះការច្រៀង? កញ្ញា ឆ្លើយថា «អ្នកនិពន្ធបានសរសេរចម្រៀងជាមួយនឹងមនោសញ្ចេតនា អ្នកច្រៀងក៏ត្រូវយល់ពីមនោសញ្ចេតនានៃសាច់រឿងនោះ។ អ៊ីចឹងហើយ ចំណងជើងសៀវភៅនេះ មនោសញ្ចេតនា គឺប៉ះអារម្មណ៍ខ្ញុំតែម្ដង! បើទោះជាមិនទាន់បានអាន ក៏ខ្ញុំជឿថា នៅខាងក្នុងនេះផ្ទុកទៅដោយមនោសញ្ចេតនារាប់មិនអស់ ព្រោះម្យ៉ាងគឺជាស្នាដៃរបស់អ្នកនិពន្ធ ដែលពោរពេញដោយមនោសញ្ចេតនា សុខ ចាន់ផល ទៅហើយ!»
បើយើងក្លាយជាអ្នកដទៃ គ្មានថ្ងៃអូនមិនយំ អារម្មណ៍ពេលខ្លះ នឹកផ្ទះ ចង់ចាកចេញពីទីនេះ កុហកទឹកភ្នែក គេល្អគ្រប់យ៉ាងតែអូនស្រលាញ់បង មានបទចម្រៀងមួយណាធ្វើឱ្យបងនឹកអូន? ស្ដាប់បទចម្រៀងហូរទឹកភ្នែក ក្រោកឈរ ស្រលាញ់គឺលះបង់… សុទ្ធសឹងជាស្នាដៃបទចម្រៀងជោគជ័យរបស់កវី សុខ ចាន់ផល និង តារាចម្រៀង ឱក សុគន្ធកញ្ញា ហេតុនេះហើយ ជឿថា ស្នាដៃសៀវភៅថ្មីនេះក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នា។
គួរលើកផងដែរថា តារាចម្រៀងដ៏ល្បីល្បាញ ឆន សុវណ្ណរាជ ក៏បានចូលរួមគាំទ្រនូវស្នាដៃថ្មី មនោសញ្ចេតនា នេះយ៉ាងពេញទំហឹង។ លោក ឆន សុវណ្ណរាជ ក៏ជាតួអង្គក្របសៀវភៅរបស់អ្នកនិពន្ធ សុខ ចាន់ផល ដែលមានចំណងជើងថា ខែរងា ហើយនៅគ្រានេះ រាជក៏ជួយផ្សាយគាំទ្រសៀវភៅថ្មី និងបាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ឱ្យងាកមកការអានសៀវភៅផងដែរ។
សៀវភៅរឿងខ្លី បែបប្រលោមលោក ចំណងជើងមនោសញ្ចេតនា ចេញផ្សាយដោយអ្នកនិពន្ធវេទមន្ត ក្នុងគោលបំណងជំរុញវប្បធម៌នៃការអានសៀវភៅនៅកម្ពុជា។ ប្រិយមិត្តអាចរកជាវនៅថ្ងៃនេះបាននៅតាមហាង ន ស ២ រ និង បណ្ណាល័យបញ្ញវន្ត ឬក៏តាមរយៈទូរស័ព្ទលេខ ០៩៣ ៤៨២ ៥៧៨ និង ០៧៧ ៧៦៥ ០៦៣
អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត
សង្សារ១៤ថ្ងៃ
ស្អែកគឺ១៤កុម្ភៈ ហើយយើងទាំងពីរនាក់ក៏មានឈ្មោះជាសង្សារបាន១៤ថ្ងៃដែរ។ (សើច) 😆 មនុស្សគ្រប់គ្នានៅតែមិនជឿថាពួកយើងជាសង្សារ សូម្បីតែពួកម៉ាកខ្ញុំក៏ហួសចិត្តនឹងខ្ញុំដែរ។ ចំណែកអ្នកខ្លះហាក់ដូចជាចង់បញ្ជាក់ណាស់ ថាអ្វីដែលខ្ញុំកំពុងតែជួបគឺជារឿងក្លែងក្លាយ។ ពួកគេចង់ដឹងជាងខ្ញុំទៅទៀត ហិហិហិ
អ្នកភូមិប្លក់ដែលកំពុងតែអាននេះ ប្រាកដជាមិនដឹងថាម៉េចក៏បែបនេះ ឬក៏កំពុងតែឆ្ងល់ថា ខ្ញុំកំពុងតែនិយាយពីអី មែនទេ?
មានបុរសម្នាក់ដែលខ្ញុំលួចស្រលាញ់ ក៏ជាបុរសដែលមនុស្សស្រីជាច្រើនលួចស្រលាញ់ ហើយពេលនេះគេក៏ក្លាយជាសង្សារខ្ញុំ តែមនុស្សគ្រប់គ្នានៅតែមិនជឿ និងប្រើពាក្យថា «សង្សារតែឈ្មោះ» សារភាពថាគេសង្ហាខ្លាំង តែខ្ញុំ… ហាក់មិនសមគ្នានឹងគេសោះ។ មិនមែនខ្ញុំមិនដឹងខ្លួនទេ តែបើវាជាឱកាស ហេតុអ្វីខ្ញុំត្រូវបោះបង់? ហេតុនេះខ្ញុំមានតែព្យាយាមបង្កើតមនោសញ្ចេតនារវាងពួកយើងទាំងពីរ។
ស្អែកនេះគឺជាថ្ងៃដែលគូស្នេហ៍បង្ហាញក្ដីស្រលាញ់ដាក់គ្នា… ពួកគេរំពឹងចង់បានកាដូពីភាគីម្ខាងទៀត។ ខ្ញុំក៏ដូចគ្នា តែគ្មានអ្នកណាជឿទេថា ម្នាក់នោះនឹងមានកាដូជូនខ្ញុំ។ ប្រាប់ត្រង់ខ្ញុំក៏ខូចចិត្តដែរ បើអ្វីដែលពួកគេគិតក្លាយជាការពិត តែ… ខ្ញុំបានត្រៀមកាដូសម្រាប់គេវិញ ហើយខ្ញុំជឿថា ស្នេហាកើតឡើងពីការចាប់ផ្ដើម មិនថាប្រុសឬស្រី សុទ្ធតែអាចធ្វើជាអ្នកចាប់ផ្ដើមបានដូចគ្នា។
យ៉ាងណា ក៏ចង់បានយោបល់ពីអ្នកអានទាំងអស់គ្នា ជួយប្រាប់ខ្ញុំម្នាក់មួយម៉ាត់មកថា ក្នុងនាមជាមនុស្សស្រី ការធ្វើបែបនេះ គឺល្ងង់ កំពុងតែបន្ទាបតម្លៃខ្លួនឯង ឬក៏គាំទ្រខ្ញុំ?
(ប្រកាសមួយនេះជាឈុតនៅក្នុងរឿង)
ថ្ងៃសម្ពោធរឿង ទេសចរឋាននរក
អរគុណមិត្តសិល្បករ ដែលបានមកចូលរួមកាលពីម្សិលមិញ ហើយសុំទោសមិត្តភក្តិខ្ញុំទាំងឡាយ ដែលខ្ញុំអត់បានអញ្ជើញមកចូលរួម ព្រោះសំបុត្រអស់ត្រឹមតារា តែក្នុងចិត្តខ្ញុំ មិត្តភក្តិជាអ្នកនិពន្ធ ជាអ្នកដឹកនាំសម្ដែង ជាអ្នកចូលចិត្តមើលកុន និងអ្នកគាំទ្រខ្ញុំទាំងអស់គ្នា ពិតជាសំខាន់បំផុត ❤
PS: មិត្តភក្តិសរសើរថា រឿង #ទេសចរណ៍ឋាននរក ល្អមើល ស្រមើស្រមៃ Creative តែខ្ញុំមិនសូវជឿទេ ព្រោះមិត្តភក្តិតែងតែនិយាយលើកទឹកចិត្តអ៊ីចឹងហើយ តែដល់គិតៗទៅ បើមិនជឿមិត្តភក្តិ ឱ្យទៅជឿអ្នកណា?
ទេសចរណ៍ឋាននរក
ភាពយន្តនេះគឺជាការឆ្លើយតបដ៏រំភើបមួយពីខ្ញុំទៅកាន់អ្នកគាំទ្រ។ ពេលនេះ ចំណងជើងតូចមួយ #ទេសចរណ៍ឋាននរក នៅក្នុងសៀវភៅ #ចង្កៀងនិទានរឿងខ្មោច បានលេចចេញជារូបរាងភាពយន្តហើយ។ បើទោះជាវាមិនល្អឥតខ្ចោះដូចក្នុងក្ដីស្រមៃ តែវាបានបង្រៀនខ្ញុំយ៉ាងច្រើនពីការងារផលិត និងផ្ដល់ឱ្យខ្ញុំយ៉ាងច្រើននូវបទពិសោធន៍ជីវិត ទើបខ្ញុំចាត់ទុកថា ស្នាដៃមួយនេះជាចំណុចផ្ដើមដ៏មានតម្លៃក្នុងជីវិត។ ក្នុងសាច់រឿងនេះ មានប្រយោគមួយនិយាយថា «បើយើងជាមនុស្សល្អ ពេលវេលានឹងនាំយកមនុស្សដែលមិនល្អ ឱ្យចាកចេញពីជីវិតយើង» ដែលនេះជាកម្លាំងចិត្តមួយ ធ្វើឱ្យខ្ញុំកាន់តែស្រលាញ់ការធ្វើល្អ។ ធ្វើល្អ ទោះជាមិនបានផលក្នុងពេលនេះ តែវានឹងមានផ្លែផ្កានៅថ្ងៃក្រោយ។ ឆាកជីវិតមិនគួរឱ្យខ្លាចពេកទេ បើយើងព្យាយាមយល់ឱ្យច្បាស់។ មានប្រយោគមួយទៀត ដែលខ្ញុំទើបតែអាន គឺ «បើមានអារម្មណ៍ថា ខ្លួនឯងដូចកំពុងតែធ្លាក់នរក អ៊ីចឹងទៅលេងនរកឱ្យស្គាល់ម្ដងទៅ»
សង្ខេបរឿង #ទេចរណ៍ឋាននរក៖ វាសនាជាអ្នកនិពន្ធ ចង់សរសេររឿងខ្មោចឱ្យល្បី ត្រូវទីផ្សារ ហើយនៅយប់មួយគេក៏បានទទួលទូរស័ព្ទពីក្រុមហ៊ុនទេសចរណ៍ឋាននរក អញ្ជើញគេទៅទស្សនា និងសិក្សា ដើម្បីការងាររបស់គេ។ នៅឋាននរក វាសនាបានជួបនឹង បញ្ញា ជាមគ្គុទេសនាំផ្លូវគេ។ បញ្ញា ធ្វើឱ្យវាសនាមើលដឹងថា នាងខ្លាចប៉ូលីស ព្រោះនាងជាជនអន្តោប្រវេសន៍ខុសច្បាស់នៅឋាននរក។ សាច់រឿងរបស់បញ្ញា ពិតជាធ្វើឱ្យវាសនាចាប់អារម្មណ៍ ហើយបន្ទាប់មកក៏កើតចិត្តអាណិត និងស្រលាញ់នាង តែក៏ដល់ពេលដែលគេត្រូវត្រឡប់មកឋានមនុស្សវិញ។
ពិតប្រាកដ
កំណាព្យ «ពិតប្រាកដ»
សុភមង្គលកើតមានពិត ពេលមនុស្សលែងគិតរឿងខ្វល់ខ្វាយ
ព្រោះមានបញ្ញានៅជាប់កាយ ដួងចិត្តស្រស់ស្រាយគ្រប់ជំហាន។
ធាតុពិតនៃពាក្យថាជោគជ័យ គឺពេញចិត្តអ្វីដែលខ្លួនមាន
ជោគជ័យនេះដូចបាននិព្វាន គ្មានថ្ងៃបាត់បង់ទៅវិញឡើយ។
សុខពិតប្រាកដគឺចិត្តស្ងប់ លែងមានចិត្តស្អប់អ្វីទៀតហើយ
ស្រលាញ់ខ្លួនឯងជាចម្លើយ ក្ដីសុខនេះហើយដែលស្ថិតស្ថេរ។
២៣ មិថុនា ២០១៦ #សុខចាន់ផល
ស្នេហា និង ខ្មោច
ស្នេហា និង ខ្មោច ជារបស់ពីរយ៉ាង ដែលគ្រប់គ្នាចូលចិត្តលើកមកនិយាយ តែមានអ្នកតិចណាស់ ដែលបានស្គាល់ ហើយក៏មិនដឹងប្រាប់យ៉ាងម៉េចឱ្យគេយល់ បើគេមិនបានជួបខ្លួនឯង។ ជាប្រយោគនៅក្នុងកុន ដែលខ្ញុំទើបតែមើលមុននេះ ទៅមើលកុនម្នាក់ឯង «ម្នាក់ឯង តែមិនឯកា» អារម្មណ៍នេះ ក៏ខ្ញុំទើបតែយល់ដែរ ហើយធ្វើឱ្យខ្ញុំដឹងថា ពេលវេលាជាកត្តាសំខាន់ក្នុងការយល់ពីរឿងអ្វីមួយ ពោលបើពេលវេលាមកដល់ យើងនឹងយល់ច្បាស់មិនខាន។
កាលពីមុន ខ្ញុំនិយាយអ្វីដែលគ្រាន់តែជាក្ដីស្រមៃ ថាខ្ញុំអាចធ្វើបាន ដូចជាថា ខ្ញុំចូលចិត្តមើលកុនម្នាក់ឯង តែធាតុពិតខ្ញុំឯកោខ្លាំងណាស់។ តែពេលនេះ ខ្ញុំមិនមែននិយាយឱ្យគេសរសើរទៀតទេ គឺខ្ញុំពិតជាមិនឯកាមែន ថែមទាំងទទួលអារម្មណ៍នៃសេរីភាពពេញទី។ ចុះបើមានគ្នាយ៉ាងម៉េច? ក៏សប្បាយតាមរបៀបមានគ្នា តែបើមានគ្នាមានបញ្ហា ឬនាំឱ្យរំខាន គឺត្រូវតែសម្រេចចិត្តថា តើគួរមានគ្នាឬអត់។
ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានខែនេះ បន្ទាប់ពីរំដោះខ្លួនចេញពីទស្សនៈជីវិតឥតន័យបាន។ ខ្ញុំយល់ច្បាស់ពីឥទ្ធិពលនៃការគិត ហើយក៏ខំរៀនបង្វែរការគិតអវិជ្ជមាន មកជាការគិតវិជ្ជមាន ចំពោះគ្រប់រឿងដែលខ្ញុំបានជួប។ ក្នុងហេតុការណ៍នីមួយៗ មនុស្សអាចយកមកគិតខុសៗគ្នា តែនៅពេលនេះ ខ្ញុំចង់ឱ្យមនុស្សដែលស្គាល់ខ្ញុំ ចេះជ្រើសរើសការគិតណាដែលមានប្រយោជន៍ គិតដើម្បីដោះស្រាយ គិតដើម្បីសប្បាយចិត្ត៖
~ពេលបាត់របស់អ្វី ចូរគិតថា «គ្មានរបស់ណាបាត់ទេ គ្រាន់តែវាប្ដូរម្ចាស់» វាមិនមែនជារឿងកំប្លែងទេ គឺជាការពិតក្នុងលោកនេះ។
~ពេលធ្វើការហត់ខ្លាំង ចូរជឿថា យើងនឹងបានផលតបស្នងច្រើនដូចគ្នា ដែលផលនោះនឹងកើតឡើងពិតមែន ចំពោះអ្នកដែលព្រមធ្វើការដោយសុទ្ធចិត្ត។
~ពេលឱ្យអ្វីទៅគេ ឬក៏ជួយគេ កុំស្ដាយ ឬគិតថាគេរមើលគុណ ចូរជឿថា យើងនឹងបានមកវិញច្រើនជាង ហើយយើងនឹងមានអ្នកផ្សេងទៀត ជួយយើងវិញមិនខាន ដែលនេះគឺជាច្បាប់នៃការស្របទាញ។
~ពេលត្រូវបានអ្នកណាម្នាក់ធ្វើបាប ចូរអាណិតគេ ព្រោះគេកំពុងតែដើរផ្លូវខុស ជីវិតគេនឹងមិនសប្បាយចិត្ត ព្រោះគេគិតរឿងមិនល្អ ហើយជំនួសដោយមិនស្អប់ ចូរអរគុណគេ ដែលធ្វើឱ្យយើងដឹងថា អ្នកណាល្អនឹងយើងពិតប្រាកដ។
~ពេលជួបរឿងអាក្រក់ កុំអស់សង្ឃឹម ឬបាក់ទឹកចិត្ត ហើយត្រូវរក្សាជំហជាមនុស្សល្អ បន្តស្វែងយល់និងដោះស្រាយ ហើយជឿទៅ បញ្ហាកាន់តែធំ រង្វាន់ក៏កាន់តែធំដែរ។
~ពេលធ្វើអ្វីតែម្នាក់ឯង កុំគិតថាគ្មានអ្នកណាស្រលាញ់ តែត្រូវចេះប្រើសេរីភាព ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយត្រូវដឹងថា នេះជាឱកាសសាងខ្លួនឯងឱ្យរឹងមាំពិតប្រាកដ។
*ខ្ញុំជឿថា ប្រាកដជាមានអ្នកបានឆ្លងកាត់បទពិសោធន៍បែបនេះរួចហើយ ដែលធ្វើឱ្យជីវិតកាន់តែប្រសើរ ព្រោះរឿងល្អៗក៏ចូលមកតាមរយៈការគិតបែបវិជ្ជមាន អ៊ីចឹងជួយសរសេរមតិចែករំលែកបន្ថែមផង ថាពេលជួបបញ្ហា តើគួរគិតបែបណា ដើម្បីប្រើការគិតជាប្រយោជន៍ និងចាកផុតពីការគិតអាក្រក់ៗ រកច្រកចេញមិនឃើញ រហូតដល់គិតខ្លី ពិតជាគួរឱ្យខ្លាចណាស់។ ត្រូវចាំថា យើងមិនអាចបញ្ឈប់ការគិតអ្វីមួយបានទេ តែយើងអាចបង្វែរការគិតបាន។ ខណៈដែលរឿងល្អៗចូលមកក្នុងខួរក្បាលយើងកាន់តែច្រើន ការចងចាំរឿងអាក្រក់ៗនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ។ #សុខចាន់ផល
អ្នកមាន
ថ្ងៃនេះខ្ញុំបានសរសេររឿងខ្លីមួយ និយាយពីទឹកចិត្ត។ ខ្ញុំបានគំនិតរឿងមួយនេះនៅតាមផ្លូវមកធ្វើការ។ ថ្ងៃនេះមេឃក្ដៅខ្លាំងណាស់ ហើយពេលឈប់ស្ដុប ខ្ញុំឃើញពូម្នាក់លក់ឈូក ខ្ញុំគិតថា បើគាត់លក់អស់ តើគាត់ចំណេញបានលុយប៉ុន្មាន? បានស្មើនឹងខ្ញុំធ្វើការនៅកន្លែងម៉ាស៊ីនត្រជាក់មួយថ្ងៃទេ? ពេលនោះខ្ញុំមិនចង់ហូបផ្លែឈូកទេ តែខ្ញុំអាណិតគាត់ ខ្ញុំក៏ទិញ រួចខ្ញុំឱ្យទៅអ្នកសុំទាននៅជិតនោះ។ ខ្ញុំស្ដាយ ដែលជួយទិញគាត់តិចពេក មិនទាន់បានចូលការិយាល័យផង ខ្ញុំឱ្យសន្តិសុខយាមក្រុមហ៊ុនអស់។ កាលពីមុន ម៉ែខ្ញុំធ្លាប់និយាយថា កុំឈប់ធ្វើការ ប្រាក់ខែខ្ញុំប៉ុណ្ណឹងច្រើនហើយ ព្រោះគាត់ដើរលក់នំមួយថ្ងៃបានតែប៉ុន្មានពាន់រៀលប៉ុណ្ណោះ។ ខ្ញុំតែងតែនឹកឃើញម៉ែ នៅពេលខ្ញុំឃើញអ្នកលក់ចំណីនៅតាមផ្លូវ។ កាលពីតូចខ្ញុំក៏ធ្លាប់ទូលនំលក់ដែរ ហើយពេលគេមកទិញ ខ្ញុំត្រេកអរណាស់។ ទឹកចិត្តមួយនេះជម្រុញឱ្យខ្ញុំជួយទិញអ្នកលក់តាមផ្លូវ។ តាមពិតទៅ ពេលចូលទៅហាងថ្លៃៗ ឬផឹកកាហ្វេមួយកែវ៤ដុល្លារ ខ្ញុំគិតខ្លាំងណាស់ ព្រោះប្រាក់ប៉ុណ្ណេះអាចជាអាហារមួយថ្ងៃសម្រាប់មនុស្សមួយគ្រួសារ។ ម៉ែខ្ញុំគាត់ស្ដាយលុយណាស់ ហើយមួយរយៈនេះខ្ញុំក៏ចាយច្រើនដែរ ហេតុនេះខ្ញុំត្រូវកាត់បន្ថយការចាយជាមួយអ្នកមាន មកចាយជាមួយអ្នកក្រវិញ។
រឿងខ្លីមួយនេះ ខ្ញុំសរសេរជារូបភាពវីដេអូអប់រំ ហើយសង្ឃឹមថានឹងបានថតនៅថ្ងៃណាមួយ។
ខ្ញុំទើបតែដឹង
គ្រប់ពេលធ្វើដំណើរ ខ្ញុំស្ងាត់ស្ងៀម ខ្ញុំគិតច្រើន ព្រោះខ្ញុំឃើញច្រើន។ ខ្ញុំកាន់តែដឹង ថាទម្រាំតែបានរស់ មនុស្សម្នាខំប្រឹងណាស់។ ជីវិតពិតជាអស្ចារ្យណាស់ហើយ ទើបពួកគេខំប្រឹងដើម្បីរស់។ អ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃ បញ្ហារញ៉េរញ៉ៃមិនស្មើនឹងបញ្ហាក្រពះ។ ដើម្បីមានលំនឹងក្នុងជីវិត មនុស្សត្រូវមានទំនាក់ទំនងល្អ។ ដើម្បីមានទំនាក់ទំនងល្អ មនុស្សត្រូវមានបញ្ញា។ ដើម្បីមានបញ្ញា មនុស្សត្រូវរៀនសូត្រ។
ចួនកាលយើងគិតថា អ្នកនោះជាមនុស្សអាក្រក់ អ្នកនោះជាមនុស្សឆ្មើង អ្នកនោះជាមនុស្សសួនតួ… តែតាមពិតយើងមិនអាចវិនិច្ឆ័យថាគេជាមនុស្សបែបណាឡើយ ព្រោះគេជាមនុស្សបែបណា គឺអាស្រ័យលើអ្នកណាដែលគេប្រាស្រ័យទាក់ទងជាមួយ។ មើលរឿង #thejunglebook គេនិយាយថា ដើម្បីរស់បាន ម៉ៅឃ្លី ត្រូវមានក្រុម។ អ៊ីចឹងអ្នកគ្រប់គ្នាសុទ្ធតែជាមនុស្សអស្ចារ្យសម្រាប់ក្រុមរបស់គេ។ ខ្ញុំសឹងតែគ្មានអ្វីនិយាយ នៅពេលដែលខ្ញុំស្ថិតក្នុងចំណោមមនុស្សដែលមានការគិតមិនដូចខ្ញុំ ហើយខ្ញុំក៏មានអារម្មណ៍ឯកា។ មិនខុសពីម៉ៅឃ្លីទេ គឺខ្ញុំកំពុងស្វែងរកក្រុមពិតប្រាកដរបស់ខ្ញុំ។
ក្រុមជាចំណែកខ្វះមិនបានរបស់មនុស្ស។ ខ្ញុំធ្លាប់ចង់រៀនរស់តែម្នាក់ឯង ប៉ុន្តែវាទៅមិនរួចនោះទេ។ ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីមនុស្សចូលចិត្តអួតគ្នា ចូលចិត្តនិយាយពីសមត្ថភាពពូកែរបស់ខ្លួនឯងប្រាប់គេ… ហើយខ្ញុំធ្លាប់លាក់បាំងសមត្ថភាពខ្លួនឯង ព្រោះចង់ដឹងថាគេឱ្យតម្លៃខ្ញុំយ៉ាងណា បើគេមិនបានស្គាល់ខ្ញុំ។ គ្មានអ្នកណាឱ្យតម្លៃខ្ញុំនោះទេ បើគេមិនស្គាល់ខ្ញុំ ហើយខ្ញុំក៏ដឹងថា ហេតុអ្វីក៏មនុស្សខំប្រឹងរកវិធីដើម្បីឱ្យគេស្គាល់ ខំប្រឹងដណ្ដើមយកភាពល្បីល្បាញ គឺកត្តាទាំងនេះឯង ដែលធ្វើឱ្យពួកគេមានអ្នកចាប់អារម្មណ៍ យករូបគេជាក្រុម។ មនុស្សត្រូវការក្រុម ត្រូវការក្ដីស្រលាញ់ ត្រូវការការការពារ ដើម្បីរស់នៅដោយសុវត្ថិភាពទៅថ្ងៃមុខ។
រឿងខ្លី ក្ដីស្រមៃ
ជាក្មេងកំព្រា មិនដឹងថារស់ដើម្បីអ្នកណា គ្មានអ្នកណាដែលត្រូវនឹកដល់ គ្មានក្ដីស្រមៃ បើជោគជ័យក៏គ្មានអ្នកណាចូលរួមជាមួយ… លក្ខខណ្ឌជីវិតរបស់ខ្ញុំគឺអន់ជាងអ្នកទាំងអស់គ្នាឆ្ងាយណាស់។ បញ្ហាកើតឡើងមិនឈប់ចំពោះមនុស្សឯកាម្នាក់នេះ។ កន្លងមកខ្ញុំព្យាយាមណាស់ ដើម្បីបានរស់ ដើម្បីបានរៀន ដើម្បីបានការងារ តែសង្គមគួរឱ្យខ្លាច មនុស្សអាត្មានិយម មិនចេះចែករំលែក គ្មានភាពស្មោះត្រង់ ហើយពួកគេហាក់ចង់ច្រានខ្ញុំឱ្យទៅឆ្ងាយ… ពេលនោះកម្លាំងចិត្តខ្ញុំចុះស្ទើរតែដល់សូន្យ តែមុននឹងខ្ញុំព្រមបញ្ចប់ ខ្ញុំចង់ធ្វើនូវអ្វីម្យ៉ាង… ខ្ញុំបានទៅដល់ភូមិមួយ មនុស្សម្នារស់នៅជាមួយធម្មជាតិ ហើយអ្វីដែលខ្ញុំបានទទួលពីពួកគេដំបូងនោះ គឺស្នាមញញឹមដ៏បរិសុទ្ធ។ ពួកគេមិនដឹងថាខ្ញុំជាអ្នកណា មកពីណា មានប្រវត្ថិយ៉ាងម៉េច តែពួកគេប្រហែលជាគិតថាខ្ញុំជាមនុស្សចេះដឹងម្នាក់។ ខ្ញុំសង្ឃឹមថាបានជួយអ្វីខ្លះដល់ពួកគេ មុនពេលដែលខ្ញុំទៅឆ្ងាយ។ ខ្ញុំក៏បង្រៀនអក្សរដល់ក្មេងៗ ជួយជាគំនិតផ្សេងៗដល់អ្នកភូមិ ប្រាប់ពីការថែទាំសុខភាព ជាអ្វីដែលពួកគេត្រូវការដើម្បីរស់បន្ត។ ខ្ញុំក៏ចាប់ផ្ដើមទទួលអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍ ហើយទទួលបាននូវការស្រលាញ់រាប់អានពីមនុស្សជាច្រើន។ ខ្ញុំបានសម្រេចនូវក្ដីស្រមៃមួយដោយអចនា។ ម្ដងៗពេលគិតថាខ្លួនឯងមិនបានការ ក៏ចង់បាត់ខ្លួនពីផែនដីនេះ។ ឆាកជីវិតនេះពិតជាមិនងាយស្រួលមែន តែបើនៅតែគិតច្រើនក៏គ្មានប្រយោជន៍ ហេតុនេះត្រូវព្យាយាមធ្វើសកម្មភាពអ្វីម្យ៉ាងដើម្បីបង្ហាញពិភពលោកថា យើងនៅរស់។
ដោយ សុខ ចាន់ផល
ថ្ងៃទី១៧ កុម្ភៈ ២០១៦
(សង្ឃឹមថា ខ្ញុំអាចផលិតវីដេអូខ្លីពីសាច់រឿងមួយនេះនាពេលឆាប់ៗ)
វិចារថ្មីៗ