Posts filed under ‘ទស្សនវិជ្ជា’

កម្មចាស់

ខ្ញុំឆ្ងល់ថា ម៉េចក៏បង្កើតខ្ញុំមកឱ្យអន់យ៉ាងនេះ? គ្រប់យ៉ាងគឺជាកម្មពៀរពីអតីតជាតិ។ ខ្ញុំប្រហែលជាមិនអាចប្រកែកបានទេ បើទោះជាជាតិនេះ ខ្ញុំមានសារជាតិល្អ ធ្វើតែអំពើល្អ តែខ្ញុំនៅតែវេទនា ព្រោះតែខ្ញុំត្រូវសងនូវកម្មចាស់ ដែលខ្ញុំបានសាង។ នេះជាការវិភាគមួយដែលខ្ញុំយល់។ ស្ថានភាពខ្ញុំក្នុងពេលនេះ សុទ្ធតែកើតឡើងពីស្ថានភាពអតីតកាលដែលខ្ញុំបានឆ្លងកាត់។ ទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ ឬក៏បញ្ញា គឺជាការកំណត់របស់ព្រហ្មលិខិត ឬកម្មលិខិត។ ខ្ញុំកើតមកមានបញ្ញា តែខ្ញុំមានទឹកចិត្តទន់ជ្រាយ នេះគឺជាវាសនារបស់ខ្ញុំ។

អារម្មណ៍ភ័យខ្លាច កើតពីផ្លូវចិត្តដែលមានរបួស រឿងហេតុដែលធ្វើឱ្យចិត្តខ្ញុំមានរបួស គឺព្រោះតែស្ថានភាពជីវិត ស្ថានភាពជីវិតគឺជាការកំណត់តាមកម្មពីអតីតជាតិ។ ខ្ញុំមិនអាចបន្ទោសអ្នកណាទាំងអស់ មិនបន្ទោសគ្រួសារដែលមិនបានផ្ដល់ភាពកក់ក្ដៅ មានតែបន្ទោសខ្លួនឯង ដែលគ្មានសំណាងបានកើតក្នុងគ្រួសារកក់ក្ដៅ។ ខ្ញុំត្រូវរស់រហូតសងកម្មនេះឱ្យអស់។

ខែមករា 30, 2016 at 3:03 ល្ងាច បញ្ចេញមតិ

អារម្មណ៍ខ្លាច

«ជីវិតមនុស្សមិនដូចគ្នាទេ ហេតុនេះកុំព្យាយាមនិយាយពីទុក្ខរបស់យើងប្រាប់អ្នកដទៃ ព្រោះពួកគេគ្រាន់តែយកលក្ខខណ្ឌជីវិតគេ ឬទស្សនៈចង្អៀតចង្អល់ មកវិនិច្ឆ័យលើយើងតែប៉ុណ្ណោះ។ ពេលនេះខ្ញុំតឹងទ្រូងខ្លាំងណាស់។ មនុស្សទូទៅនឹងនិយាយមកខ្ញុំថា បញ្ហាអ្វីក៏អាចដោះស្រាយបានដែរ ដែលការដោះស្រាយខ្លះគឺត្រួវបង្រៀនខ្លួនឯងឱ្យទទួលយកនូវស្ថានភាពដែលយើងមិនចង់។ ខ្យល់ដង្ហើមក៏ថប់ទៅៗ តើអាចទ្រាំរស់បានយូរប៉ុណ្ណា?» នេះជា Status I’ve just post on facebook.

ពេលនេះខ្ញុំយល់ថា មិនមែនបញ្ហាទេ ដែលធ្វើឱ្យខ្ញុំកើតទុក្ខ តែគឺមកពីខ្លួនឯង។ បញ្ហាមិនមែនជាបញ្ហាទេ បើយើងមានក្ដីក្លាហានដោះស្រាយវា ប៉ុន្តែខ្ញុំកំសាកខ្លាំងណាស់ ខ្លាចបញ្ហា ខ្លាចជីវិត ខ្លាចមនុស្សជុំវិញខ្លួន។ តើខ្ញុំកើតមកបែបនេះ ឬក៏មជ្ឈដ្ឋានដែលខ្ញុំឆ្លងកាត់ កែប្រែខ្ញុំឱ្យក្លាយទៅជាបែបនេះ? ខ្ញុំចូលចិត្តរស់នៅ​ឯកា មិនចង់ពាក់ព័ន្ធនឹងអ្នកណា ហើយពេលណាដែលខ្ញុំដឹងថា ខ្ញុំត្រូវស្និទ្ធស្នាលនឹងអ្នកណា ខ្ញុំក៏ទទួលអារម្មណ៍ខ្លាចជាទីបំផុត។ អារម្មណ៍មួយនេះ តើមានអ្នកណាយល់ ឬក៏ធ្លាប់ឆ្លងកាត់ទេ? តើមានដំណោះស្រាយទេ ព្រោះបើខ្ញុំនៅតែបែបនេះទៀត ខ្ញុំពិតជារស់មិនកើតទេ។

បញ្ហាជីវិតដែលខ្ញុំបានជួប គឺឪពុកម្ដាយបោះបង់ខ្ញុំឱ្យរស់ជាមួយនឹងសាច់ញាតិ។ ខ្ញុំខ្លាចគេណាស់ ហើយមិនដែលគិតថា គេស្រលាញ់ខ្ញុំទេ។ ខ្ញុំលាក់អារម្មណ៍ឯកាម្នាក់ឯងរហូត… ជីវិតកំព្រា គ្មានទីបង្អែក គ្មានអ្នកណាលើកទឹកចិត្ត… តើព្រោះតែរឿងទាំងនោះ ដែលធ្វើឱ្យខ្ញុំបាក់ស្បាតដូចសព្វថ្ងៃ? ឬមកពីខ្ញុំទន់ជ្រាយពីកំណើត? ហេតុអ្វីក៏បង្កើតឱ្យខ្ញុំអន់យ៉ាងនេះ?

ខែមករា 28, 2016 at 4:56 ល្ងាច មតិ 3

បញ្ញា

បញ្ញាគឺជាការដឹងច្បាស់នូវសេចក្ដីពិត។ ខ្ញុំចូលចិត្តគិត ហើយការគិតក៏បង្កើតនូវបញ្ញា ហើយបញ្ញាក៏ធ្វើឱ្យខ្ញុំចេះមើលដឹងពីកម្រិតបញ្ញារបស់អ្នកដទៃ។ ការដែលដឹងច្រើន តើមានផលល្អដែរទេ? ជួនកាលខ្ញុំស្មុគស្មាញជាងគេ គិតខុសពីគេ ក៏គ្មានអ្នកណាអាចយល់ពីខ្ញុំ។ ជីវិតបែបនេះគឺឯកាណាស់។ ខ្ញុំចង់មានជីវិតសាមញ្ញ តែទេវតាផ្ដល់កំណើត និងខ្សែជីវិតដ៏ស្មុគស្មាញមួយដល់ខ្ញុំ។ ខ្ញុំហត់នឿយណាស់ ហើយខ្ញុំក៏នឹកគិតដល់កម្មពីអតីតជាតិ។ តាមពិត ខ្ញុំជាមនុស្សដែលមានកម្មពៀរច្រើន។ ធ្លាប់ឮគេនិយាយថា មនុស្សល្ងង់មានសំណាង។ កាន់តែមានបញ្ញា កាន់តែដឹងខុសត្រូវ កាន់តែមានសម្ពាធ កាន់តែមានការឈឺចាប់។ សេចក្ដីពិតទាំងនេះ បានធ្វើឱ្យខ្ញុំរារែកក្នុងការរស់នៅ។ តើបំណងពិតប្រាកដរបស់ព្រះគឺជាអ្វី? ផែនដីនេះស្រស់ស្អាតណាស់ ខ្ញុំក៏ចង់រស់នៅឱ្យបានយូរ ជាមួយនឹងក្ដីសុខសាមញ្ញៗដូចដែលមនុស្សទូទៅចង់បាន ប៉ុន្តែខ្ញុំបែរជាកើតមកជាមួយនឹងចំណោទជីវិត ដែលពិបាកឱ្យខ្ញុំមានក្ដីសុខទៅវិញ។ តើទីបញ្ចប់ ខ្ញុំនឹងត្រូវទៅទីណា?

ខែមករា 26, 2016 at 3:02 ល្ងាច មតិ 2

ឯកាគ្រាន់បើជាងឈឺចាប់

មិនមែនខ្ញុំមិនជឿជាក់លើអ្នកដទៃទេ តែខ្ញុំមិនជឿជាក់លើខ្លួនឯង។ ខ្ញុំចេះតែខ្លាចចិត្តមិនហ៊ានពឹងគេ មានអារម្មណ៍ថារំខានគេ ព្រោះខ្លួនមិនមែនជាមនុស្សសំខាន់។ ធ្វើម៉េចទើបអាចជឿជាក់លើខ្លួនឯងជាងនេះបន្តិច?

អារម្មណ៍មួយនេះ ខ្ញុំក៏បានសរសេរចូលក្នុងបទចម្រៀង ‘ឯកាគ្រាន់បើជាងឈឺចាប់’ ទំនុកច្រៀងបង្ហាញពីអារម្មណ៍ដ៏ទន់ជ្រាយ ដែលកប់ក្នុងស្នាមញញឹមរាល់ថ្ងៃនៃមនុស្សឯកា។

image

ខែធ្នូ 22, 2015 at 9:42 ល្ងាច បញ្ចេញមតិ

មានរឿងអ្វីអាចធ្វើឱ្យខ្ញុំសប្បាយចិត្ត?

ថ្ងៃនេះខ្ញុំទទួលបានអ៊ីម៉ែលពីអ្នកផលិតភាពយន្តបរទេស ទាក់ទងការងារមកខ្ញុំ ហើយក៏ទទួលសារពីធនាគារឱ្យខ្ចីលុយ 😀 ខ្ញុំគួរតែសប្បាយចិត្ត តែខ្ញុំនៅតែមិនសប្បាយចិត្ត។ អ៊ីចឹងខ្ញុំសួរខ្លួនឯងនូវសំណួរដ៏ឆ្កួតដដែលៗមួយថា «មានរឿងអ្វីអាចធ្វើឱ្យខ្ញុំសប្បាយចិត្ត?»

ខ្ញុំនៅតែមិនចុះសម្រុងនឹងជីវិត ចូលចិត្តគិតច្រើន ហើយឈ្លោះគ្នានឹងទេវតា ព្រោះខ្ញុំគិតថា ខ្ញុំជាកូនអុករបស់គេ ហើយខ្ញុំអត់ចង់រស់នៅទាំងមិនអាចធ្វើអ្វីបានដោយខ្លួនឯងអ៊ីចឹងទេ។ ប្រហែលជាមានអ្នកគិតថាខ្ញុំឆ្កួត ហើយក៏ប្រហែលជាមានអ្នកដែលគិតដូចខ្ញុំដែរ។

ដើម្បីរស់ មនុស្សដូចជាខំប្រឹងណាស់ អ្នកខ្លះធ្វើនេះ អ្នកខ្លះធ្វើនោះ… ខ្ញុំសរសើរពួកគេ ហើយមើលងាយខ្លួនឯងខ្លាំងណាស់។ មែន! កាលពីក្មេងខ្ញុំទទួលបាននូវជីវិតដ៏អត្តខាត់ ខុសពីក្មេងទាំងឡាយ រហូតធ្វើឱ្យខ្ញុំគិតថា រស់ក៏បាន ស្លាប់ក៏បាន ហើយក៏បណ្ដាលឱ្យខ្ញុំក្លាយជាមនុស្សក្បាលរឹងរហូតមកដល់ពេលនេះ។ ពីណាអ្នកកំណត់ជីវិតខ្ញុំ? ខ្ញុំខឹងខ្លាំងណាស់។ គេឱ្យខ្ញុំស្គាល់ទុក្ខវេទនា ដើម្បីឱ្យខ្ញុំចេះសរសេររឿង ចេះតែងនិពន្ធ ហើយឱ្យខ្ញុំក្លាយជាបុគ្គលល្បីទៅថ្ងៃក្រោយ… ល្បីទៅណា​ បើឱ្យខ្ញុំស្លាប់ដដែលៗ?

ខ្ញុំដឹងថាខ្ញុំសរសេរអត្តបទបានល្អ ប៉ុន្តែខ្ញុំខានសរសេរយូរហើយ ព្រោះខ្ជិល ព្រោះខ្ញុំចង់ឈ្នះ តែខ្ញុំនៅតែមិនឈ្នះ។ ខ្ញុំនៅតែចាញ់រហូតអ្ហ? គ្មានអ្នកណាគេខ្វល់នោះទេ គេគ្រាន់តែខំធ្វើការ ខំរស់នៅ ខំរកសេចក្ដីសុខ ចុះម៉េចក៏ខ្ញុំខុសគេ? ព្រោះខ្ញុំពិបាករកសេចក្ដីសុខពេក ទើបខ្ញុំក្លាយជាបែបនេះ? បែបនេះខ្ញុំក៏មិនខ្វល់ទៀតដែរ គ្រាន់តែឆ្ងល់ថា មានរឿងអ្វីអាចធ្វើឱ្យខ្ញុំសប្បាយចិត្ត?

កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានគិតថា ខ្ញុំនឹងខំធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ប្រទេសខ្ញុំ និងសម្រាប់មនុស្សជាតិ បើទោះជាអ្វីដែលខ្ញុំធ្វើមិនអាចកែប្រែអ្វី មិនអាចជួយអ្នកណា ក៏ខ្ញុំព្យាយាមធ្វើនូវអ្វីដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំដឹងថា ទេវតាចង់ឱ្យខ្ញុំគិតបែបនេះ មែនទេ?

ខែធ្នូ 22, 2015 at 5:25 ល្ងាច បញ្ចេញមតិ

ច្រណែន?

ស្រលាញ់មនុស្សម្នាក់មិនខុសនោះទេ តែបើគេមិនស្រលាញ់យើងទៅស្រលាញ់អ្នកផ្សេង យើងក៏មានអារម្មណ៍ខឹងគេភ្លាម….

មានរឿងមួយដែលស្មុគស្មាញ។ មនុស្សដែលមានសង្សារច្រើន ឬគេងជាមនុស្សច្រើននាក់ សម្រាប់អ្នកតើយល់យ៉ាងម៉េច? ជាមនុស្សចិត្តងាយ ខ្លួនងាយ បែបហ្នឹងល្អដែរទេ ឬក៏អន់ចរិត? ក្នុងសង្គមនេះគេហាក់ដូចជាមិនឱ្យតម្លៃប្រភេទមនុស្សបែបនេះទេ ដោយគិតថា មនុស្សបែបខាងលើមាននិស្ស័យមិនល្អ ប៉ុន្តែតើមានអ្វីមកបញ្ជាក់ថាពួកគេមិនល្អ ឬក៏សម្ដីទាំងនេះគ្រាន់តែកើតមកពីការច្រណែន?

មនុស្សមានសិទ្ធិដូចគ្នា វប្បធម៌ប្រពៃណីហាក់ដូចជាកំណត់ព្រំដែនសុភមង្គលរបស់ពួកគេ ហើយក្លាយជាការរើសអើង។ ចំពោះរូបខ្ញុំផ្ទាល់ ដែលទទួលឥទ្ធិពលខ្លាំងពីវប្បធម៌ប្រពៃណី តែងតែមានការគិតអវិជ្ជមានចំពោះអត្តចរិតមនុស្សមានគូស្នេហាច្រើន។ ប៉ុន្តែពេលដែលគិតឱ្យឆ្ងាយ ពួកគេគ្រាន់តែធ្វើដើម្បីសេចក្ដីសុខខ្លួនឯងទេតើ ហើយបើវាមិនប៉ះពាល់ដល់អ្នកដទៃ តើមានអ្វីដែលខុសឆ្គង? ខ្ញុំភ្ញាក់ព្រើត!

ទទួលស្គាល់ថា ខ្ញុំជាមនុស្សស្មុគស្មាញ គិតច្រើន មិនដាច់ស្រេច… ពេលនេះខ្ញុំគិតថា ពួកគេមិនខុសនោះទេ ប៉ុន្តែខ្ញុំចង់ស្ដាប់ការបកស្រាយរបស់មនុស្សឯទៀតដែរ ព្រោះថា បើទោះជាខ្ញុំគិតថាពួកគេមិនខុស ក៏ខ្ញុំនៅតែមិនអាចធ្វើដូចពួកគេ ហើយពួកគេក៏មិនមែនជាមនុស្សដែលខ្ញុំស្រលាញ់។ ហេតុអ្វីក៏ខ្ញុំនៅតែប្រកាន់? តើព្រោះតែខ្ញុំនៅមានចិត្តលម្អៀង? ហេតុអ្វីក៏ចាំបាច់ឱ្យគេគិតដូចគ្នា? ច្រណែន?

ខែធ្នូ 22, 2015 at 4:41 ល្ងាច បញ្ចេញមតិ

Cambodian Idol

ពីរបីថ្ងៃនេះខ្ញុំនៅដល់យប់ជ្រៅជាមួយនឹងកម្មវិធីនេះ។ ការងារក្នុងសិល្បៈក៏សប្បាយម្យ៉ាងដែរ មែនទេ? មានមនុស្សជាច្រើនច្រណែននឹងខ្ញុំ ហើយខ្ញុំក៏ក្លាយជា Idol របស់អ្នកគាំទ្រខ្ញុំប៉ុន្មាននាក់។ ខ្ញុំរំភើបចិត្ត និងសួរខ្លួនឯងថា តើគួរធ្វើខ្លួនយ៉ាងម៉េច? ជានិមិត្តរូបអ្នកនិពន្ធរបស់គេ តើនៅតែធ្វើចរិតដូចកូនក្មេងអ៊ីចឹង ឬក៏នៅតែខ្វះការជឿជាក់ នៅតែគិតល្ងង់ៗថា រស់ធ្វើអីទៀតដដែល?

កាលពីមុន ខ្ញុំតែងតែសរសេរអារម្មណ៍ ឬក៏កំណត់ហេតុជាច្រើននៅទីនេះ តែយូរៗទៅ ស្ទើរតែភ្លេចផ្ទះនេះទៅហើយ… មានកំណត់ត្រាជីវិតជាច្រើនដែលខ្ញុំខ្ជិលសរសេរ ខ្ជិលប្រាប់គេ ខ្ជិលៗៗៗៗៗៗៗៗៗ ធ្វើអ៊ីចឹងធ្វើអី? ប្រាប់គេធ្វើអី? ក៏ចេះតែលាក់ទុកក្នុងចិត្ត… ខ្ញុំជាអ្នកនិពន្ធម្នាក់ដែលចូលចិត្តការសរសេរប្លក់ ហើយក៏ទីនេះដែរ ដែលខ្ញុំអាចនិយាយបានច្រើនជាងនៅជាមួយពួកម៉ាក ឬក៏ facebook. ​មែនហើយ សរសេរច្រើនយ៉ាងណាក៏នៅតែដដែលៗ ទើបចេះតែខ្ជិលសរសេរ តែពេលសរសេរហើយក៏ធូរស្រាលចិត្តខ្លះ។ ជីវិតគឺបែបនេះ អាយុប៉ុននេះទៅហើយនៅតែមិនទាន់ចេះរស់នៅឱ្យស្រួលបួលទៀត។

IMG_6723 IMG_6689

ខែ​ឧសភា 27, 2015 at 9:30 ល្ងាច មតិ 2

Happy Birthday To Me ^^

ថ្ងៃនេះខ្ញុំអាយុ៣១ឆ្នាំហើយ។ មុនដំបូងចង់អរគុណដល់ក្ដីស្រលាញ់របស់មនុស្សជាច្រើន។ ខ្ញុំដឹងថាជីវិតមួយនេះមានតម្លៃណាស់ ព្រោះមានអ្នកស្រលាញ់ អ្នកគាំទ្រ អ្នកជឿជាក់។ ខ្ញុំក៏ប្រាប់ខ្លួនឯងជារឿយៗ ស៊ូ! ស៊ូ! មិនថាមានរឿងអ្វីទេ ត្រូវតែរស់ដោយរីករាយ។

10505375_4551360158029_2754878123591778964_n

យ៉ាងណាខ្ញុំក៏ចង់និយាយពីអារម្មណ៍នៅពេលនេះ… មិនដឹងថាថ្ងៃស្អែក ខានស្អែក នឹងមានអ្វីកើតឡើង ហើយខ្ញុំនឹងមានអារម្មណ៍បែបណាទៀតទេ តែថ្ងៃនេះខ្ញុំមានអារម្មណ៍អស់សង្ឃឹមណាស់។ ខ្ញុំនៅតែរកចម្លើយ ថាហេតុអ្វីខ្ញុំត្រូវរស់បន្តទៀតមិនទាន់បាន… មិនមែនថាខ្ញុំចង់ស្លាប់ទេ តែខ្ញុំមិនដឹងថាត្រូវរស់ដើម្បីអ្វី។ នេះជាអារម្មណ៍ដែលដក់ត្រាំក្នុងចិត្តខ្ញុំយូរមកហើយ។ ជួនកាលក៏សើច ជួនកាលក៏ដេកយំ។ ខ្ញុំអាត្មានិយមណាស់មែនទេ? អ្វីដែលខ្ញុំនិយាយនេះគឺហាក់ដូចជាខ្ញុំមិនបានខ្វល់ពីអ្នកណាសោះ។

បើជីវិតនេះនៅតែបន្ត សូមទេវតាផ្ដល់ហេតុផលរស់ឱ្យខ្ញុំពេញលេញផង!

ខែសីហា 27, 2014 at 9:55 ព្រឹក មតិ 5

SEA Write A Ward 2013

ខ្ញុំជាអ្នកនិពន្ធវ័យក្មេងជាងគេ ហើយក៏ធ្វើរឿងខុសច្រើនជាងគេ នៅពេលនោះ… ខ្ញុំដឹងខ្លួន! …ពានរង្វាន់នេះគឺជាពានរង្វាន់ជីវិតដែលខ្ញុំមិនបានព្រាងទុក តែជាក្ដីស្រមៃលេងសើចដែលខ្ញុំធ្លាប់គិត «គេថាអ្នកនិពន្ធទាល់តែស្លាប់ទើបមានការទទួលស្គាល់ ខ្ញុំមិនយកបែបហ្នឹងទេ ខ្ញុំចង់ល្បីឱ្យលឿនបំផុត ល្បីនៅវ័យក្មេងបំផុត ព្រោះខ្ញុំចង់ស្គាល់អារម្មណ៍ល្បីថាតើវាយ៉ាងម៉េច?» ខ្ញុំគិតថា គ្រប់គ្រាន់ហើយសម្រាប់អាជីពមួយនេះ ទោះបីមិនទាន់បានជាប់រង្វាន់ណូប៊ែលក៏ដោយ ទោះបីនៅក្នុងស្រុកមិនទាន់មានការលើកតម្កើងក៏ដោយ ក៏ខ្ញុំគិតថា មិនអត់ប្រយោជន៍ទេ ដែលខ្ញុំបានធ្វើជាអ្នកនិពន្ធ។

ជីវិតជាអ្វី? គឺជាការឆ្លងកាត់…? ខ្ញុំនៅតែវិភាគរាល់ថ្ងៃនៅឡើយ ហើយព្រោះតែការចូលចិត្តវិភាគនេះហើយ ទើបខ្ញុំក្លាយជាអ្នកនិពន្ធ…_MG_7462 _MG_7561 _MG_7577 _MG_7725 _MG_8119 _MG_8881_MG_7751 _MG_7790 _MG_7894 _MG_7949 _MG_7955 _MG_7971 _MG_8073 _MG_8111 _MG_8160 _MG_8233 _MG_8252 _MG_8288 _MG_8292 _MG_8400 _MG_8711 _MG_8720 _MG_8738 _MG_8776 _MG_8842

 

 

 

IMG_0172 IMG_0304 IMG_0365 IMG_0836 IMG_0859 IMG_1006 IMG_1010 IMG_1212 IMG_9796 IMG_9911

 

 

ខែ​មេសា 4, 2014 at 6:58 ល្ងាច មតិ 4

បុណ្យសពជីតាខ្ញុំ

ជីតាខ្ញុំទទួលអនិច្ចកម្ម នៅថ្ងៃ១កើត ម៉ោងប្រាំព្រឹក ឆ្នាំម្សាញ់ ក្នុងជន្មាយុ៨១ឆ្នាំ ហើយនៅយប់នោះ ព្រលឹងគាត់ស្រាប់តែចូលសណ្ឋិតក្នុងខ្លួនក្មួយស្រីរបស់គាត់… គាត់និយាយទាំងអត់ដឹងថាខ្លួនឯងខូចទេ សួរថាម៉េចក៏គ្រប់គ្នាស្លៀកពាក់សអ៊ីចឹង ធ្វើឱ្យកូនចៅយំខ្លាំងណាស់ តែគាត់ប្រាប់ថាកុំឲ្យយំ យំធ្វើអី…

គ្រួសារខ្ញុំជឿអបិយជំនឿណាស់ ដូចជារឿងព្រលឹងវិញ្ញាណនេះ ពួកយើងជឿស្ទើរមួយរយភាគរយ ពោលជាញឹកញាប់ព្រលឹងអ៊ុំធំរបស់ខ្ញុំតែងតែចូលសណ្ឋិតប្អូនស្រីរបស់គាត់ ជជែកគ្នាដូចកាលគាត់នៅរស់។ អ៊ំកាលនៅរស់កាន់សិល្ប៍ ពិសារបួស ហើយចាកលោកទៅទាំងនៅក្រមុំ… ម្ដាយខ្ញុំមានបងប្អូនស្រី៧នាក់ និងប្អូនប្រុសពៅម្នាក់។ បន្ទាប់ពីព្រលឹងតាចេញទៅ ព្រលឹងអ៊ុំខ្ញុំក៏មកសណ្ឋិតក្នុងខ្លួនម្ដាយមីងខ្ញុំ។ ខ្ញុំតែងតែជួបស្ថានភាពបែបនេះស្ទើរគ្រប់ឱកាសជួបជុំគ្រួសារធំ។ អ៊ុំចូលមកលើកនេះ មិនយំទេ ព្រោះគាត់តែងតែយំពេលតាឈឺ ម្ដងនេះគាត់នាំឲ្យយើងសប្បាយតាមបណ្ដាំតា រហូតពួកយើងសើចភ្លេចខ្លួនថាកំពុងកាន់ទុក្ខមរណភាពតា។ អ៊ំថា ពេលវេលាដែលតាផុតដង្ហើម គឺគាត់គិតដល់កូនចៅ ពោលមិនឲ្យកូនចៅឆុងឆ្នាំ ថែមទាំងទុកអាហារឲ្យកូនចៅទាំងបីពេល (ជំនឿដែលផុតដង្ហើមមុនពេលអាហារ)។ ខ្ញុំជឿលើវិញ្ញាណអ៊ំខ្ញុំណាស់ ហើយនៅតែនឹកឃើញកាលពីខ្ញុំនៅក្មេងធ្លាប់យកផ្កាមួយបាច់ទៅដាក់នៅផ្នូរគាត់ បន់ឱ្យមេឃភ្លៀង ព្រោះខ្ជិលស្រោចទឹកចម្ការក្រូចឆ្មារ ស្រាប់តែមេឃភ្លៀងស្ទើរបាក់មេឃ។ មានរឿងអបិយជំនឿជាច្រើនទៀត ដែលមិននឹកស្មានថាខ្ញុំបានជួប។

នៅភូមិខ្ញុំគេក៏ជឿលើរឿងចាប់កំណើតដែរ។ ភាគច្រើន ជីដូនជីតាតែងតែមកចាប់កំណើតជាមួយចៅណាដែលគាត់ស្រលាញ់។ ជឿទេ ប្អូនជីដូនមួយខ្ញុំមានកូនពីរនាក់ សុទ្ធតែជាជីដូនជីតានាងមកចាប់ជាតិ។ ធម្មតាគេដឹងតាមរយៈការយប់សប្តិ ឃើញថាពួកគាត់មកសុំនៅជាមួយ រួចក៏ចាញ់កូនតែម្ដង។

ការកាត់សប្តិ ចាក់ឆ្នោត ក៏នៅតែពេញនិយមដដែលនៅភូមិស្រុកខ្ញុំ។ ខ្ញុំនៅតែឆ្ងល់ ហេតុនេះក៏សប្តិអាចប្រាប់លេខឆ្នោតបាន។ វាស្ដែងៗ ដែលគេកាត់សប្តិ ចាក់ឆ្នោតត្រូវនៅនឹងមុខខ្ញុំ… សម័យនេះហើយ ខ្ញុំបានត្រឹមតែគិតថា មិនគួរឱ្យជឿ!

IMG_2373IMG_2388IMG_2547IMG_2668

ខែ​មេសា 19, 2013 at 4:17 ល្ងាច មតិ 3

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 219,513 hits
Visit Cute-Spot.com!