Posts filed under ‘កម្សាន្ត’

ចេះមើលកុនទេ?

ពីណាក៏ចេះដែរ មែនហ្អេ? តែ… ជួនកាលរឿងដ៏ល្អបែរជាគេថាអត់ចេះមើល ហើយនាំគ្នាទៅមើលរឿងយ៉ាប់ៗ >< ខមាទោស មិនមែនបង្អាប់ទេ តែបើបែបនេះ អ្នកចេះធ្វើកុនមានន័យអីទៅ? បញ្ហានេះគឺកើតឡើងនៅស្រុកខ្មែរ! ថាទៅខ្ញុំដូចជាទើសគេពេកដែរ ជារឿងគេ ជាលុយគេ គេចូលចិត្តមើលរឿងអីក៏មើលទៅ ហេតុអ្វីខ្ញុំត្រូវស្ដាយជំនួសគេ? មែន! គឺខ្ញុំចូលចិត្តស្ដាយជំនួសគេ ពេលមើលកុនអីល្អមើល មានសារប្លែក គឺខ្ញុំចង់ឱ្យគេបានទទួលដែរ ម្យ៉ាងគាំទ្រអ្នកមានទេពកោសល្យផង។ ប៉ុន្តែតើធ្វើយ៉ាងម៉េចទៅ បើគេថាគេមើលមិនយល់។ អ៊ីចឹងបានថា សៀវភៅក៏ដោយ កុនក៏ដោយ មិនប្រាកដថាគ្រប់គ្នាសុទ្ធតែអាចមើលយល់ទេ។ តើគួរតែបើកថ្នាក់បង្រៀនឱ្យមនុស្សចេះមើលកុនទេ?

និយាយទៅស្អីក៏ត្រូវរៀនដែរ។ ពេលប្រទេសមួយមានអ្នកចេះមើលកុនច្រើន ក៏មានអ្នកចេះផលិតកុនច្រើនដូចគ្នា ហើយប្រទេសនោះក៏មិនដើរយឺតជាងពិភពលោកដែរ។ នៅស្រុកខ្មែរ ប្រហែលជាមិនសូវមានអ្នកចេះធ្វើកុន ឬក៏គេផលិតកុនតម្រូវទីផ្សារ ឬតាមចំណេះដឹងអ្នកមើល? ខ្ញុំគិតថា កាលពីតូចខ្ញុំគ្រាន់តែចូលចិត្តមើលកុនធម្មតា តែពេលធំឡើងខ្ញុំក៏ចង់ក្លាយជាអ្នកផលិតកុន ហើយខ្ញុំក៏ចេះវិភាគពីគុណភាពកុនខ្លះៗ ពិសេសលើផ្នែកអត្ថន័យរឿង។ កុនមួយដែលដក់ចិត្តខ្ញុំ គឺត្រូវមានអ្វីថ្មីផ្ដល់ឱ្យខ្ញុំ ហើយពេលខ្ញុំទទួលបាន ខ្ញុំក៏កាន់តែយល់ពីសារសំខាន់នៃការផលិតកុន។ ជាការខាតបង់ខ្លាំងណាស់ ដែលមានរបស់ល្អហើយ តែយើងមិនអាចស្រូបយកមកប្រើប្រាស់ក្នុងជីវិតបាន ខណៈដែលខ្លឹមសាររឿងដែលអ្នកនិពន្ធប្រឹងប្រើទេពកោសល្យបង្ហាញ ត្រូវបានអ្នកមើលមិនចាប់អារម្មណ៍។ ខ្ញុំជឿថា ជួនកាលបំណងពិតរបស់អ្នកផលិតកុន មិនមែនជាចំនួនសំបុត្រដែលលក់បានទេ តែគឺការទទួលបានរបស់អ្នកមើល។ កាលពីក្មេង ខ្ញុំធ្លាប់ស្ដាយជំនួសមនុស្សមិនចេះញ៉ាំធូរេន ព្រោះខ្ញុំដឹងថារសជាតិធូរេនឆ្ងាញ់។

ភ្ជាប់នឹងអត្ថបទនេះ ខ្ញុំសូមនិយាយដល់រឿង ស្ដេចស្វាស៊ុនអ៊ូខុង២ ដែលខ្ញុំទើបតែមើលពីម្សិលមិញ។ ខ្ញុំជាអ្នកមើលរឿងភាគចិនតាំងពីតូច ហើយខ្ញុំក៏យល់ពីសមត្ថភាពរបស់អ្នកនិពន្ធចិន គ្រាន់តែមួយរយៈចុងក្រោយនេះ ខ្ញុំជាប់ចិត្តនឹងរឿងភាគកូរ៉េច្រើនជាង ដោយសារចិនមិនទាន់បានធ្វើអ្វីប្លែកសម្រាប់ខ្ញុំ។ អ៊ីចឹងហើយ ចំពោះសាច់រឿង ថាំងចេង និង ស៊ុនអ៊ូខុង ដែលខ្ញុំធ្លាប់មើល ខ្ញុំពិតជាចង់ដឹងថា តើអ្នកនិពន្ធបង្ហាញយ៉ាងម៉េច ពេលគេយកមកធ្វើជាភាពយន្តខ្នាតធំ។ ខ្ញុំមើលដោយយកចិត្តទុកដាក់ ហើយខ្ញុំប្រៀបធៀបជាមួយនឹងរឿងហូលីវូដ។ ពេលទំនាស់រឿងកាន់តែស្មុគស្មាញ ខ្ញុំកាន់តែចង់ដឹងពីដំណោះស្រាយ ហើយនៅពេលនោះ ខ្ញុំក៏ឮអ្នកមើលម្នាក់និយាយថាអត់យល់។ ម្នាក់នោះគាត់សើចសប្បាយនឹងឈុតកំប្លែងនៃរឿងរហូត តែត្រង់ចំណុចសំខាន់ដែលសាច់រឿងផ្ដល់ឱ្យ គាត់បែរជាទទួលមិនបាន។ ខុសពីគាត់ ខ្ញុំរំភើបដល់ហូរទឹកភ្នែក ហើយសរសើរដល់អ្នកនិពន្ធដែលមានសមត្ថភាព។ ខ្ញុំអាចយល់ ប្រហែលជាដោយសារខ្ញុំធ្លាប់នៅក្នុងបញ្ហា ហើយខ្ញុំជាមនុស្សចូលចិត្តវិភាគ ពិសេសគឺទ្រឹស្ដីព្រះពុទ្ធ តែអ្នកមើលខ្លះ វាហាក់ដូចជាថ្មីសម្រាប់គេ និងក្លាយជារឿងគ្មានន័យទៅវិញ។

#TheMonkeyKing2 👍🐒 ខ្ញុំហូរទឹកភ្នែកនឹងពាក្យពេចន៍ថាំងចេង ប្រោសមួយជាតិមិនបាន ប្រោសមួយជាតិទៀត ចំណែក អ៊ូខុង ទទួលយល់ក៏ឆ្លើយថា ចាំមួយជាតិមិនឃើញ ចាំមួយជាតិទៀត។ ថាំងចេង លះបង់ជីវិតខ្លូនឯងដើម្បីប្រោសបិសាច បើខ្លួនឯងមិនចុះនរក ទោះយកបានគម្ពីរធម៌ តើមានន័យអ្វី? ខ្ញុំចូលចិត្តរឿងនេះតាំងពីវគ្គ១ ហើយវគ្គ២នេះ កាន់តែមានន័យ បង្ហាញពីសេចក្ដីពិត ជម្លោះក្នុងចិត្ត  «អ៊ូខុងអាចមើលឃើញការពិត ថាំងចេងអាចមើលឃើញដួងចិត្តខាងក្នុង»

12717509_10201374248434149_7694251164112737025_n

 

ខែ​កុម្ភៈ 13, 2016 at 3:02 ល្ងាច បញ្ចេញមតិ

Love H2O

maxresdefaultធ្លាប់គិតថាខ្លួនជាទឹកពេញកែវ អាចដោះស្រាយវិបត្តិស្នេហាឱ្យគេគ្រប់គ្នា តែចុងក្រោយ ក៏សារភាពថា ខ្លួនជាទឹកកន្លះកែវ មិនទាន់ស្គាល់ស្នេហាទេ…

រឿងថៃមួយនេះធ្វើឱ្យខ្ញុំនឹកឃើញដល់រឿងមួយទៀត «Single Lady» ជារឿងដែលប្រាប់អ្នកមើលឱ្យមានទំនួលខុសត្រូវចំពោះស្នេហាដែលខ្លួនបានបង្កើត។

ខ្ញុំយល់ឃើញថា នេះជាភាពប្លែកមួយទៀតនៃការនិពន្ធ បើប្រៀបធៀបទៅជំនាន់មុន ដែលរឿងស្នេហាគេនិយមសរសេរពីសោកនាដកម្មនៃគូស្នេហ៍ណាមួយ ដែលមានប្រវត្តិស្នេហ៍ដ៏រំជួលចិត្ត ដូចជារឿង ទុំទាវ ឬ Titanic ជាដើម។ សម័យនេះ គេចូលចិត្តសរសេរពីអារម្មណ៍ដ៏ជ្រៅ​នៃមនុស្សដែលចង់អភិវឌ្ឍខ្លួន ឬកំពុងស្វែងរកផ្លូវទៅកាន់សុបិន ដែលមានឆាកជីវិតជោគជ័យ ទាំងការងារនិងស្នេហា។ គេនិយាយកាន់តែស៊ីជម្រៅពីការគិតរបស់មនុស្ស ឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ ព្រមទទួលស្គាល់នូវចំណុចខ្សោយ ហើយហ៊ាននិយាយអារម្មណ៍ពិតចេញមក។

តាមរយៈរឿង Love H2O បានប្រាប់ខ្ញុំថា យើងមិនអាចវិនិច្ឆ័យមនុស្សតាមកេរ្តិ៍ឈ្មោះ ឬក៏សំបកក្រៅនោះទេ ព្រោះជួនកាលគេល្ងង់ជាងយើងទៀតក៏ថាបាន។ ក៏ដូចខ្ញុំដែរ ទោះជាខ្ញុំអាចនិពន្ធរឿងឱ្យគេអានបាន តែតាមពិតខ្ញុំគ្រាន់តែសរសេរតាមអ្វីដែលខ្ញុំធ្លាប់ដឹងប៉ុណ្ណោះ ទាំងដែលខ្ញុំមិនធ្លាប់ឆ្លងកាត់ ដែលការពិតខ្ញុំល្ងង់មែនទែន ហើយខ្ញុំមិនមែនជាមនុស្សល្អដូចជាតួអង្គដែលខ្ញុំសរសេរក៏ថាបាន។

ខែ​កុម្ភៈ 12, 2016 at 4:06 ល្ងាច បញ្ចេញមតិ

ជាមួយលោកគ្រូ គឹម ចាន់ណា

12647314_10154046548723816_4017167678163955277_nលោកគ្រូ គឹម ចាន់ណា អានសៀវភៅជាច្រើន ហេតុនេះបានជជែកជាមួយនឹងគាត់ ខ្ញុំចំណេញពេលវេលាណាស់។ មួយរយៈនេះ ខ្ញុំស្មុគស្មាញពេក ក៏ព្យាយាមទៅជជែកជាមួយនឹងមនុស្សដែលខ្ញុំស្គាល់។ ចង់ដោះស្រាយបញ្ហា ក៏ត្រូវតែព្រមបើកចិត្តស្ដាប់ ហើយជាលទ្ធផល ខ្ញុំបានធូរចិត្តច្រើន។ នៅចាំប្រលោមលោក «ខែរងា» ទេ? ពេលកត្ដិកពិបាកចិត្ត គេក៏ទៅរកមនុស្សពិភាក្សា។ ឥឡូវនេះ ខ្ញុំកំពុងតែក្លាយជាតួអង្គក្នុងសាច់រឿងដែលខ្ញុំសរសេរហើយ។

សៀវភៅមានរឿងរ៉ាវជាច្រើនដែលដូចនឹងស្ថានភាពដែលយើងកំពុងតែជួប ហើយពេលអានទៅ យើងក៏រកបានមិត្រល្អៗ ដែលជួនកាលយើងពិបាកនឹងជួបនៅក្នុងមជ្ឈដ្ឋានរបស់យើង។ ខ្ញុំជាមនុស្សខ្វះទំនុកចិត្ត មិនហ៊ានគិតថាគំនិតរបស់ខ្លួនឯងត្រូវ។ ងាកមកមនុស្សនៅជុំវិញខ្លួន ពួកគេចាំតែចាប់កំហុស​ បំបាក់ទឹកចិត្ត ដល់យូរៗទៅក៏ធ្វើឱ្យខ្ញុំយល់ថាខ្លួនឯងមិនបានការ រហូតដល់ដំណាក់កាលលែងចង់រស់។ លោកគ្រូ គឹម ចាន់ណា ថានេះជាហេតុត្រូវអានសៀវភៅ ដើម្បីពង្រឹងខ្លួនឯង កុំឱ្យទន់ជ្រាយឬទោរទន់តាមគេ។ មនុស្សភាគច្រើន មិនប្រាកដថាគិតត្រូវទេ ហើយពួកគេអាចនឹងកំពុងតែច្រឡំមានមោទកភាព។

ការដែលព្រមរស់ត្រាំក្នុងបញ្ហាគ្មានប្រយោជន៍ទេ ត្រូវតែឆាប់រំដោះខ្លួនចេញ12644943_10201335141496500_3222477021612548703_n ដោយបន្លប់ទៅធ្វើអ្វីដែលមានប្រយោជន៍ផ្សេង។ និយាយស្រួលទេ ធ្វើទើបពិបាក តែសាកល្បងទុកចិត្តលើសៀវភៅ ក្រែងអានប៉ះប្រយោគណាមួយ ដែលអាចជួយយើងបាន។ ខ្ញុំបានអានសៀវភៅ «ស្វែងរកចំណុចខ្លាំង» ហើយធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលពេលអ្នកនិពន្ធប្រាប់ថា ការដែលខំកែចំណុចខ្សោយគឺជាកំហុស ព្រោះធ្វើឱ្យខាតពេលបង្កើនចំណុចខ្លាំង។

ខែ​កុម្ភៈ 1, 2016 at 1:23 ល្ងាច បញ្ចេញមតិ

My love from another star

ស្រាប់តែនឹកឃើញរឿងនេះ! ស៊ុងអ៊ី ត្រូវម្ដាយនាំចូលសិល្បៈតាំងពីតូច ហើយក៏ក្លាយជាកំពូលតារានៅកូរ៉េ។ ក្លាយជាមនុស្សរបស់មហាជន មានគេស្រលាញ់ មានគេជេរ តែគ្មានអ្នកណាយល់ចិត្ត។ ចរិតឡប់ៗកើតពីអារម្មណ៍ពិបាកទ្រាំ។ អារម្មណ៍ពិបាកទ្រាំនោះ ត្រូវបានតួសម្ដែងលេងបានសមបំផុត។ មនុស្សដែលមានកេរ្តិ៍ឈ្មោះម្នាក់ ហាក់ដូចជាកំពុងរស់តែម្នាក់ឯងក្នុងលោកនេះ។ ជាកូនក្នុងគ្រួសារបាក់បែក មានម្ដាយដែលនាំតែបញ្ហា និងលេចមុខពេលណាដែលត្រូវការលុយ។ នាងដឹងតាំងពីតូច ថាម្ដាយទុកនាងជាឧបករណ៍រកប្រាក់។ កាលពីតូចនាងស្រលាញ់ឪពុកណាស់ តែពេលពួកគាត់ឈ្លោះគ្នា ដណ្ដើមកូនគ្នា ឪពុកនាងជ្រុលមាត់និយាយទៅម្ដាយនាងថា «រឿងអីដែលខ្ញុំល្ងង់ទុកស៊ុងអី ដែលអាចរកលុយបានឱ្យនាង?» សម្ដីនេះឃោរឃៅណាស់ ហើយវាដក់ក្នុងចិត្ត ជីវិតគ្មានអ្នកណាដែលស្រលាញ់នាងពិតប្រាកដ។ It’s the f**king life that some people can’t feel it. ‪#‎Koreandrama‬

ខែមករា 27, 2016 at 5:12 ល្ងាច បញ្ចេញមតិ

The Mic Cambodia Original Song Contest

12459904_926624637392671_880243242_n copyដូចជាមានមុខមានមាត់ណាស់ខ្ញុំ គេអញ្ជើញឱ្យធ្វើជាគណៈកម្មការកម្មវិធីប្រលងចម្រៀង ជាមួយតារាចម្រៀងនិងតន្ត្រីករល្បីៗ។ ចង់បដិសេធដែរ តែខ្លាចចិត្ត ម្យ៉ាងចង់ជួយ ម្យ៉ាងខ្ញុំជាអ្នកគាំទ្រអ្នកចម្រៀងសំឡេងពេជ្រ ម៉េង កែវពេជ្ជតា ផង ងាយឯណាបានធ្វើការជាមួយ Idol ក៏ប្រកែកមិនកើត ហេហេ ជាកិត្តិយសមួយដែលខ្ញុំនឹកស្មានមិនដល់ ធ្លាប់តែជាអ្នកចូលចិត្តស្ដាប់ចម្រៀង ក៏ក្លាយជាអ្នកនិពន្ធចម្រៀង ហើយមានការទទួលស្គាល់ពីមហាជន រហូតបានឈរនៅតំណែងស្មើនឹងមនុស្សដែលខ្ញុំធ្លាប់សរសើរ។ តាមពិតខ្ញុំក៏ធ្លាប់ជាគណៈកម្មការជម្រុះបេក្ខជនឱ្យក្រុមហ៊ុនហង្សមាស កម្មវិធីល្បីៗ The Voice​ និង Cambodian Idol ដែរ តែលើកនេះជាបទពិសោធន៍ថ្មីមួយទៀត ដែលដូចជាចេញមុខជាងមុន ព្រោះត្រូវអង្គុយនៅពីមុខទស្សនិជនដ៏ច្រើនកុះករ ថែមទាំងត្រូវបញ្ចេញមតិបន្តិចបន្តួចទៀត។

1455868_1039102492820344_553892018828877907_n

អារម្មណ៍ខ្ញុំនៅតែគិតថាខ្លួនឯងធម្មតា មិនទាន់ហ៊ានធ្វើការអីធំៗទេ ប៉ុន្តែពេលជួបឱកាស ខ្ញុំក៏មិនហ៊ានបដិសេធដែរ ព្រោះវាអាចជាវិញ្ញាសារជីវិតមួយ សម្រាប់មនុស្សមិនក្លាហាន មិនជឿជាក់ដូចជាខ្ញុំ។ ខ្ញុំធ្វើបានហើយ ធ្វើបាននូវរឿងជាច្រើន ដែលមានមនុស្សជាច្រើនចង់ធ្វើដូចជាខ្ញុំដែរ។ យ៉ាងណា ខ្ញុំនៅតែគិតថា ខ្ញុំសិក្តសមជាមនុស្សនៅពីក្រោយឆាកច្រើនជាង។ ប្រៀបធៀបនឹងគណៈកម្មការទាំងបី ពួកគាត់សុទ្ធតែជាអ្នកសិល្បៈ ការនិយាយស្ដី និងការសម្ដែងចេញ សក្តិសមមិនឆ្គងដូចជាខ្ញុំសោះ។ នេះគឺជាទេពកោសល្យ និងបទពិសោធន៍ ប៉ុន្តែខ្ញុំស្រលាញ់ភាពជាអ្នកនិពន្ធលាក់មុខជាង ហេហេ អាចគិតថាមកពីកំសាក តែក៏គួរតែធ្វើអ្វីតាមអត្តចរិតខ្លួនឯងដែរ។

ព័ន្ធពាន់នឹងកម្មវិធី ជឿថានឹងមានអ្នកចង់ដឹងពីចំណាប់អារម្មណ៍របស់ខ្ញុំ ព្រោះថ្ងៃនោះក៏មានអ្នកមកសម្ភាសខ្ញុំប៉ុន្មាននាក់ដែរ ប៉ុន្តែដូចដែលដឹងហើយ ថាខ្ញុំសរសេរពូកែជាងនិយាយ។ ខ្ញុំគាំទ្រនូវកម្មវីធីប្រលងចម្រៀងថ្មីតែងដោយខ្លួនឯង ទើបខ្ញុំព្រមធ្វើជាគណៈកម្មការ ហើយខ្ញុំសង្ឃឹមថា វិស័យចម្រៀងខ្មែរនឹងរីកចម្រើន។ ខ្មែរទាំងអស់គ្នាត្រូវចូលរួម ទើបក្ដីសុបិនមួយនេះក្លាយជាការពិត ត្បិតថាប្រទេសយើងក្រ ប្រជាជនតិច ទីផ្សារតូច សួរថាលក់បទចម្រៀង អាចចិញ្ចឹមជីវិតបានអត់? ខ្ញុំគិតយូរហើយ បើយើងលក់បានច្រើន អ្នកផលិតនឹងបានលុយច្រើន ប៉ុន្តែបើទីផ្សារយើងតូចបែបនេះ អ្នកសិល្បៈត្រូវតែមានការងារចិញ្ចឹមជីវិតមួយទៀត ឬក៏រដ្ឋាភិបាលចិញ្ចឹមតែម្ដង។ តើធ្លាប់គិតចំណុចនេះទេ? ខ្មែរយើងខ្លះ បានប្រៀបធៀបខ្លួនទៅនឹងប្រទេសអភិវឌ្ឍន៍ ឬប្រទេសធំៗ សួរថាអាចប្រៀបធៀបកើតទេ? គូរតែប្រៀបធៀបទៅប្រទេសតូចៗវិញ ដូចជាសឹង្ហបុរី ដែលគេប្រើភាសាអង់គ្លេស ភាសាចិន ដែលសុទ្ធតែភាសាមានទីផ្សារធំ សួរថា បទចម្រៀងសឹង្ហបុរីធ្វើបានប៉ុណ្ណា? ចំណែកអ្នកស្ដាប់ភាសាខ្មែរយើង តើមានប៉ុន្មាននាក់? ខ្ញុំក៏ទើបតែយល់ ថាហេតុអ្វីបានសិល្បករខ្មែរខ្លះចេញបទចម្រៀងជាភាសាអង់គ្លេស ព្រោះគេដឹងថា មិនអាចរកលុយបានច្រើនពីបទចម្រៀងភាសាខ្មែរទេ។

សិល្បៈកើតចេញពីចិត្តស្រលាញ់ និងការគាំទ្រ សូមឱ្យអ្នកគាំទ្រសិល្បៈមានតែទឹកចិត្តស្រលាញ់ និងជួយគ្នា ដើម្បីឱ្យសិល្បៈនៅក្នុងប្រទេសក្រីក្រនេះបានរីកចម្រើន។

ខ្ញុំគិតថា ចង់ប្រមូលបទចម្រៀង Original Song ដែលខ្ញុំសរសេរទំនុកច្រៀង upload in https://soundcloud.com/chanphal-sok តែដាក់បានប៉ុន្មានបទក៏ខ្ជិល 😉 ទើបតែដឹងថា តាមពិតខ្ញុំសរសេរបទចម្រៀង Original Song បានច្រើនបទណាស់ ជាមួយអ្នកភ្លេងក្មេងចាស់ក្នុងសម័យនេះ។

ខែធ្នូ 28, 2015 at 4:38 ល្ងាច បញ្ចេញមតិ

Crazy thing I’ve met in Singapore

មិនជឿមិនបានថាខ្ញុំមានក្រយ៉ៅជួបរឿងប្លែកៗ >< Passport សល់មិនដល់៣ខែ ផុតកំណត់ តែចេញរួចពីខ្មែរ មកមានរឿងនៅសឹង្ហបុរី។ និយាយទៅមុននឹងទៅដើរលេង ខ្ញុំពិបាកចិត្តណាស់ គិតថាបើនៅស្មុគក្នុងភ្នំពេញខ្លាចគិតខ្លី ហុហុ ក៏សម្រេចចិត្តថាទៅឱ្យស្គាល់សឹង្ហបុរី និងម៉ាឡាស៊ី ចង់ដឹងថា តើការដើរលេងអាចជួយកែស្ថានភាពបានអត់។

ពេលចុះពីយន្តហោះសប្បាយចិត្តគ្រាន់បើ ព្រោះថាបានជាន់ដីសឹង្ហបុរីហើយ តែដល់ពេលពិនិត្យ Passport ក៏មានរឿង ក៏ដឹងរឿង វាឆ្កួតពេកហើយ ដែលខ្ញុំចេះតែគិតថា Passport ខ្លួនឯងនៅសល់យូរទៀតទើបផុតកំណត់ ម្យ៉ាងទុកចិត្តលើក្រុមហ៊ុនទេសចរណ៍ ទៅដឹងអីថាគ្រប់គ្នាសុទ្ធតែប្រហែស តាំងពីអ្នកលក់សំបុត្រយន្តហោះ រហូតដល់ប៉ូលីសពិនិត្យនៅព្រលានខ្មែរ ក៏អុកត្រាឱ្យខ្ញុំចេញទាំងញញឹម។ ដើរលេងទាំងអារម្មណ៍មិនល្អ មានរឿងគឺមានរឿងមែន  តែចុងក្រោយគេឱ្យចូលប្រទេសគេ២ថ្ងៃ រួចក៏ទៅស្ថានទូតខ្មែរនៅទីនោះពន្យា Passport ទើបអាចចូលប្រទេសម៉ាឡេស៊ីបាន។

ខែធ្នូ 17, 2015 at 4:47 ល្ងាច បញ្ចេញមតិ

Cambodian Idol

ពីរបីថ្ងៃនេះខ្ញុំនៅដល់យប់ជ្រៅជាមួយនឹងកម្មវិធីនេះ។ ការងារក្នុងសិល្បៈក៏សប្បាយម្យ៉ាងដែរ មែនទេ? មានមនុស្សជាច្រើនច្រណែននឹងខ្ញុំ ហើយខ្ញុំក៏ក្លាយជា Idol របស់អ្នកគាំទ្រខ្ញុំប៉ុន្មាននាក់។ ខ្ញុំរំភើបចិត្ត និងសួរខ្លួនឯងថា តើគួរធ្វើខ្លួនយ៉ាងម៉េច? ជានិមិត្តរូបអ្នកនិពន្ធរបស់គេ តើនៅតែធ្វើចរិតដូចកូនក្មេងអ៊ីចឹង ឬក៏នៅតែខ្វះការជឿជាក់ នៅតែគិតល្ងង់ៗថា រស់ធ្វើអីទៀតដដែល?

កាលពីមុន ខ្ញុំតែងតែសរសេរអារម្មណ៍ ឬក៏កំណត់ហេតុជាច្រើននៅទីនេះ តែយូរៗទៅ ស្ទើរតែភ្លេចផ្ទះនេះទៅហើយ… មានកំណត់ត្រាជីវិតជាច្រើនដែលខ្ញុំខ្ជិលសរសេរ ខ្ជិលប្រាប់គេ ខ្ជិលៗៗៗៗៗៗៗៗៗ ធ្វើអ៊ីចឹងធ្វើអី? ប្រាប់គេធ្វើអី? ក៏ចេះតែលាក់ទុកក្នុងចិត្ត… ខ្ញុំជាអ្នកនិពន្ធម្នាក់ដែលចូលចិត្តការសរសេរប្លក់ ហើយក៏ទីនេះដែរ ដែលខ្ញុំអាចនិយាយបានច្រើនជាងនៅជាមួយពួកម៉ាក ឬក៏ facebook. ​មែនហើយ សរសេរច្រើនយ៉ាងណាក៏នៅតែដដែលៗ ទើបចេះតែខ្ជិលសរសេរ តែពេលសរសេរហើយក៏ធូរស្រាលចិត្តខ្លះ។ ជីវិតគឺបែបនេះ អាយុប៉ុននេះទៅហើយនៅតែមិនទាន់ចេះរស់នៅឱ្យស្រួលបួលទៀត។

IMG_6723 IMG_6689

ខែ​ឧសភា 27, 2015 at 9:30 ល្ងាច មតិ 2

ភូមា ២០១៥

ក្រៅពីការងារ ខ្ញុំស្ទើរតែគ្មានអ្វីទាំងអស់ ហេតុនេះក៏មានតែដើរលេង… មនុស្សខ្លះដែលដើរលេង មិនប្រាកដថាគេសប្បាយទេ តែគេកំពុងព្យាយាមរកកម្លាំងចិត្តរស់បន្ត បង្កើតក្ដីស្រមៃឱ្យឆាកជីវិតឯកា… សេក្ដីសុខពិតប្រាកដកើតចេញពីក្នុងចិត្ត បើចិត្តរីករាយហើយ នៅតែក្នុងផ្ទះក៏មានសុភមង្គលដែរ។

ភូមាជាប្រទេសនៃវប្បធម៌មួយ ដែលខ្ញុំបានទៅដល់។ មិនជាសប្បាយអីណាស់ណាទេ តែក៏គួរឱ្យចាប់អារម្មណ៍។ បងប្អូនមើលរូបដែលខ្ញុំលាបម្សៅ និងស្លៀកសារ៉ុងនោះទៅ… សម័យនេះហើយ អ្នកស្រុកនោះនៅតែរក្សាប្រពៃណីគេបានទៀត។ ប្រៀងធៀបនឹងខ្មែរ យើងដូចជាភ្លើតភ្លើនជាងគេ!

IMG_5991 IMG_6085 IMG_6108 IMG_6340 IMG_6173 IMG_6223 IMG_6412 IMG_6382 IMG_6451

ខែ​ឧសភា 27, 2015 at 9:03 ល្ងាច បញ្ចេញមតិ

រដូវផ្ការីកនៅជប៉ុន

កុំគិតច្រើន ជីវិតអ៊ីចឹង ក្លែងក្លាយ គ្មានអ្វីស្ថិតស្ថេរ… ឈឺចាប់ ឬក៏យំបាន តែចាត់ទុកវាជាភាពយន្ត ដែលយើងមើលទៅចុះ! នៅសល់រឿងច្រើនទៀត ដែលយើងត្រូវជួប។ ចាំមើល តើចុងក្រោយជីវិតឱ្យអីមកយើង?

មុននឹងមកទីនេះ ខ្ញុំរារែក គិតថាចង់ទុកលុយរកស៊ី ឬក៏ធ្វើអីមានប្រយោជន៍នៅស្រុកវិញ… តែពេលនេះបានដឹងថា ខ្ញុំត្រូវតែមក! ធ្វើជាអ្នកនិពន្ធត្រូវយល់ដឹងឱ្យច្រើន ទើបសរសេរចេញមកមិនភ្លាវ? អឹមមម ជប៉ុនជឿនលឿនជាងការគិតរបស់ខ្ញុំ!

រាល់ថ្ងៃ តាមផ្លូវដើរទៅមកផ្ទះ ក្លិនផ្កាសាយប៉ះច្រមុះក្រអូបណាស់… ស្រុកនេះសុទ្ធតែផ្កា!!! មកលើកនេះក៏សប្បាយខ្លាំង ព្រោះបានជួបមិត្តភក្តិជាច្រើន ដែលខ្លះបែកគ្នាតាំងពីវិទ្យាល័យ ហើយបានស្គាល់មិត្តភក្តិថ្មីៗទៀតផង! ពួកគេជូនខ្ញុំដើរម្នាក់ម្ដងៗ តាមកាលវិភាគទំនេរ ^_*

ដែលពិសេសគឺខ្ញុំទៅចំពេលផ្កាសាគូរ៉ារីក…

IMG_2232 IMG_2274 IMG_2325 IMG_2665IMG_2193 IMG_2764 IMG_2783 IMG_2818 IMG_3024 IMG_3076 IMG_3155 IMG_3285 IMG_3347 IMG_3743 IMG_4037 IMG_4351 IMG_4382 IMG_4516 IMG_4773 IMG_4953 IMG_5221 IMG_2148 IMG_2044

ខែ​ឧសភា 2, 2015 at 10:12 ព្រឹក មតិ ១

Happy Birthday To Me ^^

ថ្ងៃនេះខ្ញុំអាយុ៣១ឆ្នាំហើយ។ មុនដំបូងចង់អរគុណដល់ក្ដីស្រលាញ់របស់មនុស្សជាច្រើន។ ខ្ញុំដឹងថាជីវិតមួយនេះមានតម្លៃណាស់ ព្រោះមានអ្នកស្រលាញ់ អ្នកគាំទ្រ អ្នកជឿជាក់។ ខ្ញុំក៏ប្រាប់ខ្លួនឯងជារឿយៗ ស៊ូ! ស៊ូ! មិនថាមានរឿងអ្វីទេ ត្រូវតែរស់ដោយរីករាយ។

10505375_4551360158029_2754878123591778964_n

យ៉ាងណាខ្ញុំក៏ចង់និយាយពីអារម្មណ៍នៅពេលនេះ… មិនដឹងថាថ្ងៃស្អែក ខានស្អែក នឹងមានអ្វីកើតឡើង ហើយខ្ញុំនឹងមានអារម្មណ៍បែបណាទៀតទេ តែថ្ងៃនេះខ្ញុំមានអារម្មណ៍អស់សង្ឃឹមណាស់។ ខ្ញុំនៅតែរកចម្លើយ ថាហេតុអ្វីខ្ញុំត្រូវរស់បន្តទៀតមិនទាន់បាន… មិនមែនថាខ្ញុំចង់ស្លាប់ទេ តែខ្ញុំមិនដឹងថាត្រូវរស់ដើម្បីអ្វី។ នេះជាអារម្មណ៍ដែលដក់ត្រាំក្នុងចិត្តខ្ញុំយូរមកហើយ។ ជួនកាលក៏សើច ជួនកាលក៏ដេកយំ។ ខ្ញុំអាត្មានិយមណាស់មែនទេ? អ្វីដែលខ្ញុំនិយាយនេះគឺហាក់ដូចជាខ្ញុំមិនបានខ្វល់ពីអ្នកណាសោះ។

បើជីវិតនេះនៅតែបន្ត សូមទេវតាផ្ដល់ហេតុផលរស់ឱ្យខ្ញុំពេញលេញផង!

ខែសីហា 27, 2014 at 9:55 ព្រឹក មតិ 5

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 219,514 hits
Visit Cute-Spot.com!