Posts filed under ‘កម្សាន្ត’

ពិតប្រាកដ

 

image

កំណាព្យ «ពិតប្រាកដ»

សុភមង្គលកើតមានពិត ពេលមនុស្សលែងគិតរឿងខ្វល់ខ្វាយ
ព្រោះមានបញ្ញានៅជាប់កាយ ដួងចិត្តស្រស់ស្រាយគ្រប់ជំហាន។

ធាតុពិតនៃពាក្យថាជោគជ័យ គឺពេញចិត្តអ្វីដែលខ្លួនមាន
ជោគជ័យនេះដូចបាននិព្វាន គ្មានថ្ងៃបាត់បង់ទៅវិញឡើយ។

សុខពិតប្រាកដគឺចិត្តស្ងប់ លែងមានចិត្តស្អប់អ្វីទៀតហើយ
ស្រលាញ់ខ្លួនឯងជាចម្លើយ ក្ដីសុខនេះហើយដែលស្ថិតស្ថេរ។

២៣ មិថុនា ២០១៦ #សុខចាន់ផល

 

ខែមិថុនា 23, 2016 at 3:46 ល្ងាច មតិ 2

ស្នេហា និង ខ្មោច

ស្នេហា និង ខ្មោច ជារបស់ពីរយ៉ាង ដែលគ្រប់គ្នាចូលចិត្តលើកមកនិយាយ តែមានអ្នកតិចណាស់ ដែលបានស្គាល់ ហើយក៏មិនដឹងប្រាប់យ៉ាងម៉េចឱ្យគេយល់ បើគេមិនបានជួបខ្លួនឯង។ ជាប្រយោគនៅក្នុងកុន ដែលខ្ញុំទើបតែមើលមុននេះ ទៅមើលកុនម្នាក់ឯង «ម្នាក់ឯង តែមិនឯកា» អារម្មណ៍នេះ ក៏ខ្ញុំទើបតែយល់ដែរ ហើយធ្វើឱ្យខ្ញុំដឹងថា ពេលវេលាជាកត្តាសំខាន់ក្នុងការយល់ពីរឿងអ្វីមួយ ពោលបើពេលវេលាមកដល់ យើងនឹងយល់ច្បាស់មិនខាន។

image

កាលពីមុន ខ្ញុំនិយាយអ្វីដែលគ្រាន់តែជាក្ដីស្រមៃ ថាខ្ញុំអាចធ្វើបាន ដូចជាថា ខ្ញុំចូលចិត្តមើលកុនម្នាក់ឯង តែធាតុពិតខ្ញុំឯកោខ្លាំងណាស់។ តែពេលនេះ ខ្ញុំមិនមែននិយាយឱ្យគេសរសើរទៀតទេ គឺខ្ញុំពិតជាមិនឯកាមែន ថែមទាំងទទួលអារម្មណ៍នៃសេរីភាពពេញទី។ ចុះបើមានគ្នាយ៉ាងម៉េច? ក៏សប្បាយតាមរបៀបមានគ្នា តែបើមានគ្នាមានបញ្ហា ឬនាំឱ្យរំខាន គឺត្រូវតែសម្រេចចិត្តថា តើគួរមានគ្នាឬអត់។

ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានខែនេះ បន្ទាប់ពីរំដោះខ្លួនចេញពីទស្សនៈជីវិតឥតន័យបាន។ ខ្ញុំយល់ច្បាស់ពីឥទ្ធិពលនៃការគិត ហើយក៏ខំរៀនបង្វែរការគិតអវិជ្ជមាន មកជាការគិតវិជ្ជមាន ចំពោះគ្រប់រឿងដែលខ្ញុំបានជួប។ ក្នុងហេតុការណ៍នីមួយៗ មនុស្សអាចយកមកគិតខុសៗគ្នា តែនៅពេលនេះ ខ្ញុំចង់ឱ្យមនុស្សដែលស្គាល់ខ្ញុំ ចេះជ្រើសរើសការគិតណាដែលមានប្រយោជន៍ គិតដើម្បីដោះស្រាយ គិតដើម្បីសប្បាយចិត្ត៖

~ពេលបាត់របស់អ្វី ចូរគិតថា «គ្មានរបស់ណាបាត់ទេ គ្រាន់តែវាប្ដូរម្ចាស់» វាមិនមែនជារឿងកំប្លែងទេ គឺជាការពិតក្នុងលោកនេះ។

~ពេលធ្វើការហត់ខ្លាំង ចូរជឿថា យើងនឹងបានផលតបស្នងច្រើនដូចគ្នា ដែលផលនោះនឹងកើតឡើងពិតមែន ចំពោះអ្នកដែលព្រមធ្វើការដោយសុទ្ធចិត្ត។

~ពេលឱ្យអ្វីទៅគេ ឬក៏ជួយគេ កុំស្ដាយ ឬគិតថាគេរមើលគុណ ចូរជឿថា យើងនឹងបានមកវិញច្រើនជាង ហើយយើងនឹងមានអ្នកផ្សេងទៀត ជួយយើងវិញមិនខាន ដែលនេះគឺជាច្បាប់នៃការស្របទាញ។

~ពេលត្រូវបានអ្នកណាម្នាក់ធ្វើបាប ចូរអាណិតគេ ព្រោះគេកំពុងតែដើរផ្លូវខុស ជីវិតគេនឹងមិនសប្បាយចិត្ត ព្រោះគេគិតរឿងមិនល្អ ហើយជំនួសដោយមិនស្អប់ ចូរអរគុណគេ ដែលធ្វើឱ្យយើងដឹងថា អ្នកណាល្អនឹងយើងពិតប្រាកដ។

~ពេលជួបរឿងអាក្រក់ កុំអស់សង្ឃឹម ឬបាក់ទឹកចិត្ត ហើយត្រូវរក្សាជំហជាមនុស្សល្អ បន្តស្វែងយល់និងដោះស្រាយ ហើយជឿទៅ បញ្ហាកាន់តែធំ រង្វាន់ក៏កាន់តែធំដែរ។

~ពេលធ្វើអ្វីតែម្នាក់ឯង កុំគិតថាគ្មានអ្នកណាស្រលាញ់ តែត្រូវចេះប្រើសេរីភាព ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយត្រូវដឹងថា នេះជាឱកាសសាងខ្លួនឯងឱ្យរឹងមាំពិតប្រាកដ។

*ខ្ញុំជឿថា ប្រាកដជាមានអ្នកបានឆ្លងកាត់បទពិសោធន៍បែបនេះរួចហើយ ដែលធ្វើឱ្យជីវិតកាន់តែប្រសើរ ព្រោះរឿងល្អៗក៏ចូលមកតាមរយៈការគិតបែបវិជ្ជមាន អ៊ីចឹងជួយសរសេរមតិចែករំលែកបន្ថែមផង ថាពេលជួបបញ្ហា តើគួរគិតបែបណា ដើម្បីប្រើការគិតជាប្រយោជន៍ និងចាកផុតពីការគិតអាក្រក់ៗ រកច្រកចេញមិនឃើញ រហូតដល់គិតខ្លី ពិតជាគួរឱ្យខ្លាចណាស់។ ត្រូវចាំថា យើងមិនអាចបញ្ឈប់ការគិតអ្វីមួយបានទេ តែយើងអាចបង្វែរការគិតបាន។ ខណៈដែលរឿងល្អៗចូលមកក្នុងខួរក្បាលយើងកាន់តែច្រើន ការចងចាំរឿងអាក្រក់ៗនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ។ #សុខចាន់ផល

ខែមិថុនា 23, 2016 at 1:26 ល្ងាច បញ្ចេញមតិ

និស្ស័យ

ខ្ញុំទើបតែឆ្ងល់ថា ដំបូងឡើងតើនិស្ស័យកើតដោយរបៀបណា? ក៏មិនទាន់យល់ច្បាស់ ថាស្អីជានិស្ស័យដែរ។ បើកវចនានុក្រមមើល ចួនកាលក៏ជួយឱ្យយល់ស៊ីជម្រៅមិនបាន តែប្រហែលជានិស្ស័យហើយ ដែលធ្វើឱ្យខ្ញុំបានយល់នៅថ្ងៃនេះ។ ខ្ញុំស្រាប់តែនឹកថា ឬក៏ខ្ញុំទើបតែយល់រឿងខ្លះនៅក្នុងជាតិនេះ… ខ្ញុំនឹងឱ្យនិយមន័យនិស្ស័យ តាមការយល់ឃើញរបស់ខ្ញុំ។

image

មនុស្សដែលស្រលាញ់គ្នាបាន គឺដោយសារតែពួកគេមាននិស្ស័យជាមួយគ្នា ដែលយើងត្រូវនិយាយដល់រឿងអតីតជាតិ ក៏ធ្វើឱ្យខ្ញុំឆ្ងល់ថា អ្វីជាចំណុចផ្ដើមដែលធ្វើឱ្យមនុស្សពីរនាក់មាននិស្ស័យនឹងគ្នា? ខ្ញុំសូមឱ្យនិយមន័យថា និស្ស័យគឺជាការជួបគ្នានាខណៈមួយ ដោយសារធ្លាប់ជួយគ្នាពីអតីតកាល។

ខ្ញុំចាប់គិតពីមនុស្សដែលបានចូលមកក្នុងជីវិតខ្ញុំ។ អ្នកខ្លះមកមួយភ្លែត ក៏ត្រឡប់ទៅវិញ អ្នកខ្លះនៅក្បែរគ្នារាល់ថ្ងៃ តែខ្ញុំបែរជាមិនខ្វល់នឹងគេ។ មាននិស្ស័យជាមួយគ្នាតិច នៅជាមួយគ្នាខ្លី តែយើងក៏អាចកសាងនិស្ស័យបន្ត ឬបង្កើតនិស្ស័យថ្មីបាន។ កាលដែលបានស្គាល់គ្នាគឺជានិស្ស័យតិចតួច តែកាលដែលជួយគ្នា គឺជាការកសាងនិស្ស័យបន្ថែម។ ទំនាក់ទំនងនៅលើផែនដីនេះគឺប្រាកដជាស៊ាំញ៉ាំណាស់ ហើយបើនិស្ស័យពីរឿងគូព្រេងវិញ គឺប្រាកដជាធ្លាក់លើមនុស្សដែលយើងមាននិស្ស័យនឹងគ្នាច្រើនជាងគេ ប៉ុន្តែអ្នកទាំងពីរក៏អាចបែកគ្នា បើសិនជាមានអ្នកណាម្នាក់មិនចង់បន្តនិស្ស័យ ហើយក៏អាចទៅជួបនឹងមនុស្សម្នាក់ទៀត បើទោះជាមាននិស្ស័យតិចជាង។

ថ្ងៃនេះពេលត្រឡប់មកផ្ទះ ខ្ញុំចូលទិញតែទឹកដោះគោផឹក តែមិនចង់ផឹកតាមផ្លូវ ក៏គិតថា ទុកផឹកនៅផ្ទះ រួចក៏នឹកឃើញថា ហេតុអ្វីក៏ខ្ញុំមិនទិញផ្ញើអ្នកផ្ទះ ផឹកម្នាក់ឯងអ៊ីចឹងមិនសមទេ។ ពេលនោះ ខ្ញុំក៏ភ្ញាក់ខ្លួនភ្លាមថា នេះហើយគឺជាអ្វីដែលមនុស្សត្រូវធ្វើ។ ដំបូងយើងត្រូវដឹងគុណដល់មនុស្សដែលមាននិស្ស័យនឹងយើង ដូចជាឪពុម្ដាយ ដែលពួកគាត់បានបង្កើតយើង មានន័យថាគាត់បានជួយយើងឱ្យមានរូបរាងជាមនុស្ស ហើយចិញ្ចឹមយើងឱ្យធំឡើង ដែលបំណុលនិស្ស័យនេះ យើងត្រូវតែសងពួកគាត់វិញ រួចក៏ព្យាយាមជួយគ្រប់មនុស្សដែលយើងជួប ដើម្បីបន្តនិស្ស័យល្អជាមួយគ្នា។

ខ្ញុំជឿថា យើងនឹងមិនខ្វះញាតិទេ បើយើងចេះកសាងនិស្ស័យបែបនេះ។ សងនិស្ស័យចាស់ សាងនិស្ស័យថ្មី លោកិយនឹងក្លាយជាកន្លែងជួបជុំដ៏រីករាយ។ #សុខចាន់ផល

ខែមិថុនា 21, 2016 at 12:04 ព្រឹក បញ្ចេញមតិ

ផលនិស្ស័យ

មួយរយៈនេះខ្ញុំសរសេរអត្ថបទផ្លូវចិត្តច្រើនណាស់។ មិនមែនខ្ញុំមានបញ្ហាផ្លូវចិត្តទេ តែខ្ញុំភ្ញាក់រឭក ទើបចង់ចែករំលែក។ មានអ្នកយល់ និងមិនយល់ តែខ្ញុំដឹងថា គ្មានអ្នកណាខុសទេ ខ្ញុំក៏មិនបាច់តានតឹងពេកដែរ ពេលវេលាមកដល់ គេនឹងយល់ហើយ។ ក្នុងលោកនេះនៅតែមានអាថ៌កំបាំង ដែលខ្ញុំស្វែងយល់មិនអស់។ ខ្ញុំយល់ថា ភាពលោភលន់ធ្វើឱ្យកើតទុក្ខ តែបើគេកំពុងតែមានសុភមង្គលនឹងភាពមានបាន ដោយមិនប៉ះពាល់ដល់ក្ដីសុខអ្នកដទៃ ក៏ខ្ញុំគ្មានហេតុផលអ្វី ទៅពន្យល់គេ ឱ្យលះបង់ទ្រព្យសម្បត្តិចោលនោះដែរ។ មនុស្សគ្រប់គ្នាពិតជាអាចរីករាយនឹងជំនឿរៀងៗខ្លួន ដោយសន្តិភាព តាមផលនិស្ស័យរបស់គេ។

image

ខែមិថុនា 6, 2016 at 2:26 ព្រឹក មតិ ១

តួ Background

មួយរយៈនេះខ្ញុំចូលចិត្តសរសេរអត្ថបទណាស់ គឺដូចកាលពីខ្ញុំចាប់ផ្ដើុមសរសេរប្លក់ដំបូង។ ខ្ញុំធ្លាប់ឈប់សរសេរទស្សនៈ ឬអារម្មណ៍ ព្រោះមិនចង់ធ្វើខ្លួនជាមនុស្សទ្រឹស្ដី ឬរវើរវាយ ម្យ៉ាងដោយអៀននឹងគេនិយាយថា ខ្ញុំចូលចិត្តសរសេរ Drama ។ យ៉ាងណាពេលនេះ ខ្ញុំស្គាល់ខ្លួនឯងថា ខ្ញុំកើតមកបែបនេះ ចូលចិត្តចែករំលែកអារម្មណ៍ដល់គេឯង ហើយតែងតែនឹកឃើញជ្រុងផ្សេងៗ ដែលគេភ្លេចគិតដល់ អ៊ីចឹងខ្ញុំគួរតែធ្វើជាខ្ញុំតទៅទៀត។

ឃើញរូបមួយសន្លឹកនេះ ខ្ញុំជាប់ដោយចៃដន្យ ជាតួ Background ក៏ជាអ្វីដែលខ្ញុំចូលចិត្ត។ ខ្ញុំបានដឹងថា ខ្ញុំអត់ចូលចិត្តចេញមុខ ធ្វើជាតួឯក ឬជាមនុស្សលេចធ្លោទេ។ មុនដំបូងខ្ញុំគិតថា ព្រោះតែខ្ញុំមិនជឿជាក់លើខ្លួនឯង តែពេលនេះខ្ញុំយល់ថា នេះជានិស្ស័យធម្មជាតិរបស់ខ្ញុំតែម្ដង។ ខ្ញុំបានសាកល្បងប្រឡូកក្នុងសង្គម ស្កាល់អ្នកដទៃ ដើម្បីដឹងថា ខ្ញុំសមនឹងនៅកន្លែងណាពិតប្រាកដ។ គ្រប់ពេល ខ្ញុំហាក់ដូចជាពិបាករកមិត្តភក្តិបន្តិច ព្រោះខ្ញុំចូលចិត្តស្វែងយល់ពីគេ ច្រើនជាងឱ្យគេស្វែងយល់ពីខ្ញុំ។ ខ្ញុំមិនសូវមានអ្វីនិយាយទាល់តែសោះ ហើយក៏មិនដឹងថា ធ្វើយ៉ាងណាទើបសាងសម្ព័ន្ធភាពមួយបាន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះខ្ញុំបានស្គាល់មនុស្សជាច្រើន។ មានរឿងមួយ ដែលខ្ញុំធ្លាប់បកស្រាយប្រាប់គេ ពេលដែលខ្ញុំបានលេចមុខក្នុងទស្សនាវដ្តី ឬកម្មវិធីទូរទស្សន៍ ដែលគេនិយាយថាមកពីខ្ញុំល្បី ខ្ញុំបែរជាថា ទេ គឺខ្ញុំស្គាល់អ្នកយកព័ត៌មាន ខ្ញុំស្គាល់អ្នកផលិតកម្មវិធី ពួកគេខ្វះភ្ញៀវផ្សាយ ក៏ពឹងឱ្យខ្ញុំជួយ ខ្ញុំគ្រាន់តែចង់ជួយគេប៉ុណ្ណោះ។ ជាការពិត ខ្ញុំភ្លេចថាទម្រាំតែខ្ញុំបានស្គាល់មនុស្សទាំងនោះ តើមកពីកត្តាអ្វីខ្លះ។ ខ្ញុំមើលរំលងការខំប្រឹងប្រែងរបស់ខ្លួនឯងមករហូត។

ខ្ញុំអាចនឹងមិនសំខាន់សម្រាប់គេ តែខ្ញុំតែងតែជាចំណែកនៅក្នុងរឿងសំខាន់ៗរបស់គេ។ មនុស្សបែបនេះជួនកាលក៏អន់ចិត្ត ពេលដែលត្រូវគេបំភ្លេចចោល ហើយនឹកឃើញតែពេលគេចង់ពឹងពាក់ ប៉ុន្តែខ្ញុំពេញចិត្តដែលបានដើរតួជាពន្លឺទៀន។ គិតទៅរឿងហេតុនៅក្នុងលោកនេះ គឺជ្រៅជាងចំណេះដឹងរបស់ខ្ញុំដែលអាចយល់ តែខ្ញុំជឿថា វាប្រាកដជាមានហេតុផល។

13241245_10207822424511772_5524001695219451962_n

ខែ​ឧសភា 18, 2016 at 5:14 ល្ងាច បញ្ចេញមតិ

និយាយពីការធ្វើបុណ្យ

មកដល់ពេលនេះ ខ្ញុំគិតថា គ្មានទេវតានៅចាំកាត់សេចក្ដីពីការធ្វើបុណ្យរបស់មនុស្សទៀតទេ ប៉ុន្តែធ្វើបុណ្យពិតជាបានបុណ្យ គឺបានពីខ្លួនឯង ចេញពីខ្លួនឯង។ ការដែលយើងធ្វើបុណ្យ ឬធ្វើទានលើអ្នកណាម្នាក់ដោយចិត្តជ្រះថ្លា គឺចិត្តជ្រះថ្លាដែលយើងកំពុងតែមាននេះហើយគឺជាផលបុណ្យតបស្នងមកវិញ។ ព្រោះតែគ្មានទេវតានៅចាំឱ្យពិន្ទុចំនួនបុណ្យ ទោះបីជាអ្នកធ្វើបុណ្យច្រើនយ៉ាងណា តែបើគ្មានចិត្តជ្រះថ្លា នោះអ្នកនឹងមិនទទួលបានអ្វីទាំងអស់។

គោលដៅនៃការធ្វើបុណ្យ គឺដើម្បីឱ្យយើងមានទឹកចិត្តល្អ ចេះអាណិត ចេះគិតដល់សុខទុក្ខអ្នកដទៃ ចេះចែករំលែក ចេះដឹងគុណពិភពលោក។ សូមស្រមៃថា យើងបានផ្ដល់អាហារដល់អ្នកកំពុងតែស្រេកឃ្លាន រួចយើងបានឃើញគាត់សប្បាយចិត្ត នឹងរសជាតិអាហារនោះ។ អារម្មណ៍អាណិត និងអារម្មណ៍រំភើបដែលបានឃើញពួកគេរីករាយ គឺជាផលតបស្នងនៃទង្វើរបស់យើង។ សួរថា គ្រាន់តែទទួលបានអារម្មណ៍ល្អប៉ុណ្ណឹង គឺយើងទទួលបានបុណ្យហើយឬ? ពិតមែនហើយ ព្រោះថាអារម្មណ៍ល្អនេះ នឹងធ្វើឱ្យយើងបានជួបរឿងល្អៗក្នុងជីវិតរបស់យើង។

នៅក្នុងច្បាប់ស្រូបទាញ ការគិតល្អៗនឹងស្រូបទាញរឿងរ៉ាវល្អៗចូលមក។ ខ្ញុំបានយល់ពីសារប្រយោជន៍នៃអារម្មណ៍ល្អ (ការគិតវិជ្ជមាន) ហើយខ្ញុំតែងតែប្រាប់ទៅមិត្តដើម្បីឱ្យពួកគេកាត់បន្ថយការគិតអវិជ្ជមាន ដែលបានធ្វើឱ្យគេខ្វល់ចិត្ត ហើយពិបាកនឹងធ្វើអ្វីបានសម្រេច។

ធ្វើបុណ្យ បានបុណ្យ បានចិត្តជ្រះថ្លា បានការគិតវិជ្ជមាន បានបញ្ញា ដែលជាមាគា៌នាំយើងទៅរកជីវិតកាន់តែប្រសើរ។

Green-Buddha.jpg

ខែ​ឧសភា 16, 2016 at 2:57 ល្ងាច បញ្ចេញមតិ

មូលហេតុដែលអ្នកទើសគេ

រឿងដែលមនុស្សម្នាកំពុងតែនិយាយ គិតៗទៅ មិនមែនដោយសារតែខ្លឹមសាររឿងនោះទេ តែដោយសារហេតុផលផ្សេង។ ខ្ញុំព្យាយាមរកហេតុផល ពីអ្វីដែលបណ្ដាលឱ្យរឿងធម្មតាៗក្លាយទៅជារឿងធំ។ មិនមែនមកពីអ្នកស្រលាញ់ ក៏មិនមែនមកពីអ្នកស្អប់ តែមកពីអ្នកទើស។ នៅប្រទេសខ្មែរ ចំនួនអ្នកទើសកាន់តែច្រើន ដែលពួកគេក្លាយទៅជាអ្នកទើស ដោយហេតុផលចង់ឱ្យគេគិតថាខ្លួនពូកែ ទាំងមិនដឹងថា មនុស្សពូកែគួរតែធ្វើយ៉ាងណា។ ចំណុចនេះបានបង្ហាញពីការវង្វេងខ្លួនឯង។ ពួកគេសម្ដែងមតិ ដើម្បីទទួលបានការគាំទ្រ ឬការចាប់អារម្មណ៍ មិនមែនដើម្បីបង្ហាញការយល់ឃើញ។ ពួកគេគិតថា ជោគជ័យរបស់មនុស្សគឺអាស្រ័យលើការគិតរបស់មនុស្សភាគច្រើន។ មនុស្សភាគច្រើនបានជឿថា មនុស្សជោគជ័យគឺអាស្រ័យលើមុខរបរ ដែលរកបានចំណូលខ្ពស់ រួចពួកគេក៏ព្យាយាមស្វែងរកជោគជ័យប្រភេទនោះ និងជឿទាំងស្រុងថា ភាពជោគជ័យរបស់ខ្លួនឯងគឺដូចគ្នានឹងជោគជ័យរបស់បុគ្គលគំរូ (idol)។ ម្នាក់ៗភ្លេចគិតថា ខ្លួនឯងជាអំណោយពិសេសមួយពីធម្មជាតិ ដែលមិនដូចអ្នកដទៃ ពោលគឺ រូបរាង និងទេពកោសល្យ ប្លែកពីគេឯង។ ចូរគិតដល់ចំណុចនេះ ដើម្បីស្គាល់ខ្លួនឯង ត្បិតមនុស្សម្នាក់ៗត្រូវបានកើតមកដោយហេតុផលខុសៗគ្នា។ សាកកុំជឿថា ទាល់តែក្លាយជាអ្នកមាន ទើបហៅថាជីវិតជោគជ័យ ហើយសាកស្រមៃរកអ្វីដែលធ្វើឱ្យខ្លួនឯងពេញចិត្តបំផុតចំពោះជីវិតនេះ។ ឧ.ចូរកុំ Post ព្រោះតែចង់បានឱ្យគេ like តែចូរ Post ព្រោះតែខ្លួនយើងសប្បាយចិត្តនឹង Post ។ ទីបំផុត យើងក៏បានស្គាល់ខ្លួនឯង រស់នៅជាខ្លួនឯង ចេះឱ្យតម្លៃអ្នកដទៃ គិតអ្វីទូលាយៗ ហើយពេលនោះយើងក៏លែងទើសគ្នាទៀតដែរ។image

ខែ​ឧសភា 13, 2016 at 11:59 ល្ងាច មតិ ១

អ្នកមាន

ថ្ងៃនេះខ្ញុំបានសរសេររឿងខ្លីមួយ និយាយពីទឹកចិត្ត។ ខ្ញុំបានគំនិតរឿងមួយនេះនៅតាមផ្លូវមកធ្វើការ។ ថ្ងៃនេះមេឃក្ដៅខ្លាំងណាស់ ហើយពេលឈប់ស្ដុប ខ្ញុំឃើញពូម្នាក់លក់ឈូក ខ្ញុំគិតថា បើគាត់លក់អស់ តើគាត់ចំណេញបានលុយប៉ុន្មាន? បានស្មើនឹងខ្ញុំធ្វើការនៅកន្លែងម៉ាស៊ីនត្រជាក់មួយថ្ងៃទេ? ពេលនោះខ្ញុំមិនចង់ហូបផ្លែឈូកទេ តែខ្ញុំអាណិតគាត់ ខ្ញុំក៏ទិញ រួចខ្ញុំឱ្យទៅអ្នកសុំទាននៅជិតនោះ។ ខ្ញុំស្ដាយ ដែលជួយទិញគាត់តិចពេក មិនទាន់បានចូលការិយាល័យផង ខ្ញុំឱ្យសន្តិសុខយាមក្រុមហ៊ុនអស់។ កាលពីមុន ម៉ែខ្ញុំធ្លាប់និយាយថា កុំឈប់ធ្វើការ ប្រាក់ខែខ្ញុំប៉ុណ្ណឹងច្រើនហើយ ព្រោះគាត់ដើរលក់នំមួយថ្ងៃបានតែប៉ុន្មានពាន់រៀលប៉ុណ្ណោះ។ ខ្ញុំតែងតែនឹកឃើញម៉ែ នៅពេលខ្ញុំឃើញអ្នកលក់ចំណីនៅតាមផ្លូវ។ កាលពីតូចខ្ញុំក៏ធ្លាប់ទូលនំលក់ដែរ ហើយពេលគេមកទិញ ខ្ញុំត្រេកអរណាស់។ ទឹកចិត្តមួយនេះជម្រុញឱ្យខ្ញុំជួយទិញអ្នកលក់តាមផ្លូវ។ តាមពិតទៅ ពេលចូលទៅហាងថ្លៃៗ ឬផឹកកាហ្វេមួយកែវ៤ដុល្លារ ខ្ញុំគិតខ្លាំងណាស់ ព្រោះប្រាក់ប៉ុណ្ណេះអាចជាអាហារមួយថ្ងៃសម្រាប់មនុស្សមួយគ្រួសារ។ ម៉ែខ្ញុំគាត់ស្ដាយលុយណាស់ ហើយមួយរយៈនេះខ្ញុំក៏ចាយច្រើនដែរ ហេតុនេះខ្ញុំត្រូវកាត់បន្ថយការចាយជាមួយអ្នកមាន មកចាយជាមួយអ្នកក្រវិញ។

រឿងខ្លីមួយនេះ ខ្ញុំសរសេរជារូបភាពវីដេអូអប់រំ ហើយសង្ឃឹមថានឹងបានថតនៅថ្ងៃណាមួយ។

Microsoft Word - Document1

ខែ​មេសា 21, 2016 at 5:23 ល្ងាច បញ្ចេញមតិ

ខ្ញុំទើបតែដឹង

image

គ្រប់ពេលធ្វើដំណើរ ខ្ញុំស្ងាត់ស្ងៀម ខ្ញុំគិតច្រើន ព្រោះខ្ញុំឃើញច្រើន។ ខ្ញុំកាន់តែដឹង ថាទម្រាំតែបានរស់ មនុស្សម្នាខំប្រឹងណាស់។ ជីវិតពិតជាអស្ចារ្យណាស់ហើយ ទើបពួកគេខំប្រឹងដើម្បីរស់។ អ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃ បញ្ហារញ៉េរញ៉ៃមិនស្មើនឹងបញ្ហាក្រពះ។ ដើម្បីមានលំនឹងក្នុងជីវិត មនុស្សត្រូវមានទំនាក់ទំនងល្អ។ ដើម្បីមានទំនាក់ទំនងល្អ មនុស្សត្រូវមានបញ្ញា។ ដើម្បីមានបញ្ញា មនុស្សត្រូវរៀនសូត្រ។

ចួនកាលយើងគិតថា អ្នកនោះជាមនុស្សអាក្រក់ អ្នកនោះជាមនុស្សឆ្មើង អ្នកនោះជាមនុស្សសួនតួ… តែតាមពិតយើងមិនអាចវិនិច្ឆ័យថាគេជាមនុស្សបែបណាឡើយ ព្រោះគេជាមនុស្សបែបណា គឺអាស្រ័យលើអ្នកណាដែលគេប្រាស្រ័យទាក់ទងជាមួយ។ មើលរឿង #thejunglebook គេនិយាយថា ដើម្បីរស់បាន ម៉ៅឃ្លី ត្រូវមានក្រុម។ អ៊ីចឹងអ្នកគ្រប់គ្នាសុទ្ធតែជាមនុស្សអស្ចារ្យសម្រាប់ក្រុមរបស់គេ។ ខ្ញុំសឹងតែគ្មានអ្វីនិយាយ នៅពេលដែលខ្ញុំស្ថិតក្នុងចំណោមមនុស្សដែលមានការគិតមិនដូចខ្ញុំ ហើយខ្ញុំក៏មានអារម្មណ៍ឯកា។ មិនខុសពីម៉ៅឃ្លីទេ គឺខ្ញុំកំពុងស្វែងរកក្រុមពិតប្រាកដរបស់ខ្ញុំ។

ក្រុមជាចំណែកខ្វះមិនបានរបស់មនុស្ស។ ខ្ញុំធ្លាប់ចង់រៀនរស់តែម្នាក់ឯង ប៉ុន្តែវាទៅមិនរួចនោះទេ។ ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីមនុស្សចូលចិត្តអួតគ្នា ចូលចិត្តនិយាយពីសមត្ថភាពពូកែរបស់ខ្លួនឯងប្រាប់គេ… ហើយខ្ញុំធ្លាប់លាក់បាំងសមត្ថភាពខ្លួនឯង ព្រោះចង់ដឹងថាគេឱ្យតម្លៃខ្ញុំយ៉ាងណា បើគេមិនបានស្គាល់ខ្ញុំ។ គ្មានអ្នកណាឱ្យតម្លៃខ្ញុំនោះទេ បើគេមិនស្គាល់ខ្ញុំ ហើយខ្ញុំក៏ដឹងថា ហេតុអ្វីក៏មនុស្សខំប្រឹងរកវិធីដើម្បីឱ្យគេស្គាល់ ខំប្រឹងដណ្ដើមយកភាពល្បីល្បាញ គឺកត្តាទាំងនេះឯង ដែលធ្វើឱ្យពួកគេមានអ្នកចាប់អារម្មណ៍ យករូបគេជាក្រុម។ មនុស្សត្រូវការក្រុម ត្រូវការក្ដីស្រលាញ់ ត្រូវការការការពារ ដើម្បីរស់នៅដោយសុវត្ថិភាពទៅថ្ងៃមុខ។

ខែ​មេសា 17, 2016 at 12:56 ព្រឹក មតិ ១

រឿងខ្លី ក្ដីស្រមៃ

ជាក្មេងកំព្រា មិនដឹងថារស់ដើម្បីអ្នកណា គ្មានអ្នកណាដែលត្រូវនឹកដល់ គ្មានក្ដីស្រមៃ បើជោគជ័យក៏គ្មានអ្នកណាចូលរួមជាមួយ… លក្ខខណ្ឌជីវិតរបស់ខ្ញុំគឺអន់ជាងអ្នកទាំងអស់គ្នាឆ្ងាយណាស់។ បញ្ហាកើតឡើងមិនឈប់ចំពោះមនុស្សឯកាម្នាក់នេះ។ កន្លងមកខ្ញុំព្យាយាមណាស់ ដើម្បីបានរស់ ដើម្បីបានរៀន ដើម្បីបានការងារ តែសង្គមគួរឱ្យខ្លាច មនុស្សអាត្មានិយម មិនចេះចែករំលែក គ្មានភាពស្មោះត្រង់ ហើយពួកគេហាក់ចង់ច្រានខ្ញុំឱ្យទៅឆ្ងាយ… ពេលនោះកម្លាំងចិត្តខ្ញុំចុះស្ទើរតែដល់សូន្យ តែមុននឹងខ្ញុំព្រមបញ្ចប់ ខ្ញុំចង់ធ្វើនូវអ្វីម្យ៉ាង… ខ្ញុំបានទៅដល់ភូមិមួយ មនុស្សម្នារស់នៅជាមួយធម្មជាតិ ហើយអ្វីដែលខ្ញុំបានទទួលពីពួកគេដំបូងនោះ គឺស្នាមញញឹមដ៏បរិសុទ្ធ។ ពួកគេមិនដឹងថាខ្ញុំជាអ្នកណា មកពីណា មានប្រវត្ថិយ៉ាងម៉េច តែពួកគេប្រហែលជាគិតថាខ្ញុំជាមនុស្សចេះដឹងម្នាក់។ ខ្ញុំសង្ឃឹមថាបានជួយអ្វីខ្លះដល់ពួកគេ មុនពេលដែលខ្ញុំទៅឆ្ងាយ។ ខ្ញុំក៏បង្រៀនអក្សរដល់ក្មេងៗ ជួយជាគំនិតផ្សេងៗដល់អ្នកភូមិ ប្រាប់ពីការថែទាំសុខភាព ជាអ្វីដែលពួកគេត្រូវការដើម្បី​រស់បន្ត។ ខ្ញុំក៏ចាប់ផ្ដើមទទួលអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍ ហើយទទួលបាននូវការស្រលាញ់រាប់អានពីមនុស្សជាច្រើន។ ខ្ញុំបានសម្រេចនូវក្ដីស្រមៃមួយដោយអចនា។ ម្ដងៗពេលគិតថាខ្លួនឯងមិនបានការ ក៏ចង់បាត់ខ្លួនពីផែនដីនេះ។ ឆាកជីវិតនេះពិតជាមិនងាយស្រួលមែន តែបើនៅតែគិតច្រើនក៏គ្មានប្រយោជន៍ ហេតុនេះត្រូវព្យាយាមធ្វើសកម្មភាពអ្វីម្យ៉ាងដើម្បីបង្ហាញពិភពលោកថា យើងនៅរស់។

ដោយ សុខ ចាន់ផល

ថ្ងៃទី១៧ កុម្ភៈ ២០១៦

(សង្ឃឹមថា ខ្ញុំអាចផលិតវីដេអូខ្លីពីសាច់រឿងមួយនេះនាពេលឆាប់ៗ)

12742261_10154083949683816_7689015191038879290_n

ខែ​កុម្ភៈ 17, 2016 at 5:37 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

  • មិន​មាន

Blog Stats

  • 218,899 hits
Visit Cute-Spot.com!