Posts filed under ‘កម្សាន្ត’

ថ្ងៃសម្ពោធរឿង ទេសចរឋាននរក

image

អរគុណមិត្តសិល្បករ ដែលបានមកចូលរួមកាលពីម្សិលមិញ ហើយសុំទោសមិត្តភក្តិខ្ញុំទាំងឡាយ ដែលខ្ញុំអត់បានអញ្ជើញមកចូលរួម ព្រោះសំបុត្រអស់ត្រឹមតារា តែក្នុងចិត្តខ្ញុំ មិត្តភក្តិជាអ្នកនិពន្ធ ជាអ្នកដឹកនាំសម្ដែង ជាអ្នកចូលចិត្តមើលកុន និងអ្នកគាំទ្រខ្ញុំទាំងអស់គ្នា ពិតជាសំខាន់បំផុត ❤

PS: មិត្តភក្តិសរសើរថា រឿង #ទេសចរណ៍ឋាននរក ល្អមើល ស្រមើស្រមៃ Creative តែខ្ញុំមិនសូវជឿទេ ព្រោះមិត្តភក្តិតែងតែនិយាយលើកទឹកចិត្តអ៊ីចឹងហើយ តែដល់គិតៗទៅ បើមិនជឿមិត្តភក្តិ ឱ្យទៅជឿអ្នកណា?

ខែកញ្ញា 29, 2016 at 12:02 ល្ងាច មតិ ១

ទេសចរណ៍ឋាននរក

14368914_599656900194961_5779987087689123432_n

ភាពយន្តនេះគឺជាការឆ្លើយតបដ៏រំភើបមួយពីខ្ញុំទៅកាន់អ្នកគាំទ្រ។ ពេលនេះ ចំណងជើងតូចមួយ #ទេសចរណ៍ឋាននរក នៅក្នុងសៀវភៅ #ចង្កៀងនិទានរឿងខ្មោច បានលេចចេញជារូបរាងភាពយន្តហើយ។ បើទោះជាវាមិនល្អឥតខ្ចោះដូចក្នុងក្ដីស្រមៃ តែវាបានបង្រៀនខ្ញុំយ៉ាងច្រើនពីការងារផលិត និងផ្ដល់ឱ្យខ្ញុំយ៉ាងច្រើននូវបទពិសោធន៍ជីវិត ទើបខ្ញុំចាត់ទុកថា ស្នាដៃមួយនេះជាចំណុចផ្ដើមដ៏មានតម្លៃក្នុងជីវិត។ ក្នុងសាច់រឿងនេះ មានប្រយោគមួយនិយាយថា «បើយើងជាមនុស្សល្អ ពេលវេលានឹងនាំយកមនុស្សដែលមិនល្អ ឱ្យចាកចេញពីជីវិតយើង» ដែលនេះជាកម្លាំងចិត្តមួយ ធ្វើឱ្យខ្ញុំកាន់តែស្រលាញ់ការធ្វើល្អ។ ធ្វើល្អ ទោះជាមិនបានផលក្នុងពេលនេះ តែវានឹងមានផ្លែផ្កានៅថ្ងៃក្រោយ។ ឆាកជីវិតមិនគួរឱ្យខ្លាចពេកទេ បើយើងព្យាយាមយល់ឱ្យច្បាស់។ មានប្រយោគមួយទៀត ដែលខ្ញុំទើបតែអាន គឺ «បើមានអារម្មណ៍ថា ខ្លួនឯងដូចកំពុងតែធ្លាក់នរក អ៊ីចឹងទៅលេងនរកឱ្យស្គាល់ម្ដងទៅ»

14446088_10154706559333816_3959253699343623186_nសង្ខេបរឿង #ទេចរណ៍ឋាននរក៖ វាសនាជាអ្នកនិពន្ធ ចង់សរសេររឿងខ្មោចឱ្យល្បី ត្រូវទីផ្សារ ហើយនៅយប់មួយគេក៏បានទទួលទូរស័ព្ទពីក្រុមហ៊ុនទេសចរណ៍ឋាននរក អញ្ជើញគេទៅទស្សនា និងសិក្សា ដើម្បីការងាររបស់គេ។ នៅឋាននរក វាសនាបានជួបនឹង បញ្ញា ជាមគ្គុទេសនាំផ្លូវគេ។ បញ្ញា ធ្វើឱ្យវាសនាមើលដឹងថា នាងខ្លាចប៉ូលីស ព្រោះនាងជាជនអន្តោប្រវេសន៍ខុសច្បាស់នៅឋាននរក។ សាច់រឿងរបស់បញ្ញា ពិតជាធ្វើឱ្យវាសនាចាប់អារម្មណ៍ ហើយបន្ទាប់មកក៏កើតចិត្តអាណិត និងស្រលាញ់នាង តែក៏ដល់ពេលដែលគេត្រូវត្រឡប់មកឋានមនុស្សវិញ។

14352174_1743263385890921_6770260106891600380_o

ខែកញ្ញា 24, 2016 at 2:58 ល្ងាច បញ្ចេញមតិ

សួស្ដី?

13920761_10154581471078816_8628534057386673156_n

តាំងពីតូច ពេលជួបអ្នកណា ខ្ញុំតែងតែញញឹមដាក់គេ។ មានអារម្មណ៍ថា មិនអស់ចិត្ត បើមិនបានបង្ហាញការរាក់ទាក់ទៅអ្នកស្គាល់ ពេលជួបគ្នា ហើយពេលនេះខ្ញុំទើបតែយល់ហេតុផល ថានេះជាសុជីវធម៌ រីឯការញញឹមនោះគឺជំនួសនូវពាក្យសួស្ដី?

ខ្ញុំមិនចេះនិយាយរាក់ទាក់ទេ ក្រៅពីញញឹម  ហើយខ្ញុំចូលចិត្តសង្កេតអ្នកដទៃ ថាគេធ្វើយ៉ាងម៉េចដាក់គ្នា។ ធម្មតាខ្មែរយើង ពេលជួបគ្នាចូលចិត្តសួរសុខទុក្ខ ឬនិយាយពីអ្វីដែលគេចង់ដឹង ឬចង់ប្រាប់ឱ្យដឹង ដោយមិនទម្លាប់និយាយ «សួស្ដី» សិននោះទេ។ ខ្ញុំរកពាក្យនិយាយមិនបាន ព្រោះខ្ញុំយល់ថា មិនសូវស្និទ្ធស្នាល មិនល្មមនឹងសួរគេពីបញ្ហា ខ្លាចគេទើសទាល់។ មែនហើយ គឺ «សួស្ដី» នេះហើយ ដែលវប្បធម៌បរទេសចូលចិត្តនិយាយបំផុតពេលជួបគ្នា ហើយដោយខ្លាចថានិយាយដដែលៗ គេក៏បង្កើតពាក្យនិយាយផ្សេងទៀត ដោយអត្ថន័យដូចគ្នានឹង «សួស្ដី» ដូចជា អរុណសួស្ដី ទិវាសួស្ដី ព្រលប់សួស្ដី រាត្រីសួស្ដី ជាដើម។

ខ្ញុំទើបតែដឹងថា ខ្ញុំជាមនុស្សម្នាក់ចូលចិត្តវិភាគពីវប្បធម៌ ហើយក៏នឹកឃើញពីចម្លើយរបស់សំណួរមួយ ដែលគេចូលចិត្តសួរថា ធ្វើម៉េចខ្លះដើម្បីក្លាយជាអ្នកនិពន្ធ? គឺត្រូវពូកែវិភាគ វិភាគពីវប្បធម៌ វិភាគពីជីវិត វិភាគពីមនុស្ស វិភាគពីអារម្មណ៍ វិភាគពីធម្មជាតិ ដែលទាំងនេះជាទុនដ៏សំខាន់ក្នុងអាជីពជាអ្នកនិពន្ធ បន្ថែមពីលើទេពកោសល្យអក្សរសាស្ត្រ។ ស្នាដៃនិពន្ធ ឬសំណេររបស់យើងនឹងកាន់តែមានតម្លៃ នៅពេលដែលយើងមានការវិភាគកាន់តែខ្ពស់។

ខែកញ្ញា 17, 2016 at 3:06 ល្ងាច មតិ ១

វិភាគពីខ្លួនឯង តាមរយៈការញ៉ាំអាហារ

14359161_10202220551671201_915137842611532552_n
បាយថ្ងៃត្រង់មិញនេះ អ្នកលក់បាយសួរខ្ញុំថា ចេះហូបល្វីងទេ ព្រោះក្រូចណាំង៉ូវថ្ងៃនេះល្វីង… ខ្ញុំចូលចិត្តល្វីង ហើយខ្ញុំក៏ទើបតែដឹងថ្មីៗនេះដែរ។ មួយរយៈចុងក្រោយនៅពេលឆាកជីវិតដដែលៗពេក និងមានការបារម្ភច្រើន ខ្ញុំក៏ចាប់ផ្ដើមយកចិត្តទុកដាក់ពីបុគ្គលិកលក្ខណៈខ្លួនឯងយ៉ាងខ្លាំង ដើម្បីស្គាល់ខ្លួនឯង ហើយចេះរស់តាមរបៀបខ្លួនឯង។ ខ្ញុំបន្ទោសខ្លួនឯងនៅពេលបែងចែកមិនដាច់ថា ខ្លួនឯងចូលចិត្តអី មិនចូលចិត្តអី ហើយក្រោយមកខ្ញុំក៏ដឹងជាបន្តបន្ទាប់ពីចំណង់ចំណូលចិត្តខ្លួនឯង។ ដំណាក់កាលដំបូង ខ្ញុំចាប់ផ្ដើមស្វែងរករសជាតិដើមនៃអាហារផ្សេងៗ ហើយខ្ញុំក៏ចេះឱ្យតម្លៃដល់ម្ចាស់រសជាតិដើម (អ្នកដែលបង្កើតឡើងមុនគេ) ដែលផ្ទុយពីកាលមុន កាហ្វេដាក់ស្ករផង ទឹកដោះគោខាប់ផង ស្រស់ផង ខ្ទឹះដូងផង វ៉ាន់នីឡាផង… តែដើម្បីអាចបញ្ចូលរសជាតិផ្សេងៗបានត្រឹមត្រូវ ដំបូងយើងត្រូវដឹងពីរសជាតិដើមរបស់វានីមួយឱ្យច្បាស់សិន។
ការវិភាគពីបុគ្គលិកលក្ខណៈតាមរយៈការទទួលទានអាហារ ពិតជាអាចបង្ហាញបានមែន។ ខ្ញុំបានយកខ្លួនឯងមកពិសោធន៍ អាចថាពិសោធន៍ប្រហែល៣០ឆ្នាំហើយ។ កាលពីតូចខ្ញុំពិតជាមិនដឹងថាខ្លួនឯងចូលចិត្តរសជាតិយ៉ាងម៉េចទេ។ ធំឡើង ការគិតរបស់ខ្ញុំក៏ផ្សំដោយសង្គមដែលខ្ញុំកំពុងរស់នៅ។ ពួកគេថាអ្វីល្អ ខ្ញុំក៏ចង់ដឹង… ខ្ញុំចូលចិត្តរសជាតិកែច្នៃ ឧទាហរណ៍ ទឹកស៊ុបចូលចិត្តដាក់ម្ស៉ៅស៊ុបដែលគេល្បីចូលឱ្យច្រើន។ មែនហើយ ខ្ញុំមិនចេះញ៉ាំបន្លែល្វីងទេ ហើយក៏មិនយល់ថា ហេតុអ្វីក៏ចាស់ៗញ៉ាំវាកើត??
កាន់តែធំ ឆ្លងកាត់បញ្ហាកាន់តែច្រើន អត្តចរិតខ្ញុំក៏ផ្លាស់ប្ដូរទៀត។ ខ្ញុំចាប់ផ្ដើមចេះញ៉ាំល្វីង ហើយលែងចូលចិត្តអាហារដែលប្រើគ្រឿងផ្សំច្រើន។ ខណៈនោះខ្ញុំកំពុងតែព្យាយាមរំដោះខ្លួនពីឥទ្ធិពលសង្គមហើយ ហើយរហូតមកដល់ពេលនេះ ខ្ញុំក៏លែងគិតអវិជ្ជមានចំពោះរសជាតិល្វីងដូចពីក្មេង ថែមទាំងដឹងថា ខ្ញុំចូលចិត្តរសល្វីង។ ល្វីងជារសជាតិមួយបែប ផ្សេងពី ផ្អែម ជូរ ប្រៃ សាប … គ្មានរសជាតិណាដែលមិនល្អទេ! #សុខចាន់ផល

ខែកញ្ញា 17, 2016 at 2:07 ល្ងាច បញ្ចេញមតិ

គ្មានអ្នកណាពូកែជាងអ្នកណាទេ!

អ្នកមិនចេះធ្វើម្ហូប មិនទាន់ដឹងថា ការធ្វើម្ហូបងាយយ៉ាងម៉េចទេ។ ធ្វើម្ហូបកាន់តែឆ្ងាញ់ វិធីធ្វើកាន់តែសាមញ្ញ តែមុននឹងឈានដល់ភាពសាមញ្ញ អ្នកធ្វើត្រូវឆ្លងកាត់រឿងប្លែកៗជាច្រើន។ នេះជាលក្ខខណ្ឌនៃចក្រវាល មុននឹងព្រមឱ្យអ្វីមួយមកយើង។ មនុស្សទាំងអស់គ្នាសុទ្ធតែមានទេពកោសល្យផ្ទាល់ខ្លួន គ្រាន់តែអ្នកខ្លះអាចនឹងមិនស្គាល់ខ្លួនឯងរហូតដល់ស្លាប់ទៅវិញ ធ្វើឱ្យគិតពិបាកៗ ឆ្ងល់ថាហេតុអ្វីអ្នកដទៃពូកែម្ល៉េះ… តាមពិតក្នុងចក្រវាលនេះ គ្រប់ជីវិតកើតឡើងដើម្បីបង្គ្រប់គ្នាទៅវិញទៅមក គ្មានអ្នកណាពូកែជាងអ្នកណាទេ គេគ្រាន់តែអាចធ្វើអ្វីដែលគេចេះធ្វើប៉ុណ្ណោះ ហើយសមត្ថភាពទាំងនោះនឹងគ្មានន័យ បើសិនជាគ្មានអ្នកដទៃគាំទ្រ! ឃើញទេ? អ្នកគាំទ្រជាអ្វីដែលខ្វះមិនបាន អ៊ីចឹងតើអ្នកណាសំខាន់ជាងអ្នកណា? #សុខចាន់ផល

ខែកក្កដា 17, 2016 at 1:23 ល្ងាច បញ្ចេញមតិ

ពិតប្រាកដ

 

image

កំណាព្យ «ពិតប្រាកដ»

សុភមង្គលកើតមានពិត ពេលមនុស្សលែងគិតរឿងខ្វល់ខ្វាយ
ព្រោះមានបញ្ញានៅជាប់កាយ ដួងចិត្តស្រស់ស្រាយគ្រប់ជំហាន។

ធាតុពិតនៃពាក្យថាជោគជ័យ គឺពេញចិត្តអ្វីដែលខ្លួនមាន
ជោគជ័យនេះដូចបាននិព្វាន គ្មានថ្ងៃបាត់បង់ទៅវិញឡើយ។

សុខពិតប្រាកដគឺចិត្តស្ងប់ លែងមានចិត្តស្អប់អ្វីទៀតហើយ
ស្រលាញ់ខ្លួនឯងជាចម្លើយ ក្ដីសុខនេះហើយដែលស្ថិតស្ថេរ។

២៣ មិថុនា ២០១៦ #សុខចាន់ផល

 

ខែមិថុនា 23, 2016 at 3:46 ល្ងាច មតិ 2

ស្នេហា និង ខ្មោច

ស្នេហា និង ខ្មោច ជារបស់ពីរយ៉ាង ដែលគ្រប់គ្នាចូលចិត្តលើកមកនិយាយ តែមានអ្នកតិចណាស់ ដែលបានស្គាល់ ហើយក៏មិនដឹងប្រាប់យ៉ាងម៉េចឱ្យគេយល់ បើគេមិនបានជួបខ្លួនឯង។ ជាប្រយោគនៅក្នុងកុន ដែលខ្ញុំទើបតែមើលមុននេះ ទៅមើលកុនម្នាក់ឯង «ម្នាក់ឯង តែមិនឯកា» អារម្មណ៍នេះ ក៏ខ្ញុំទើបតែយល់ដែរ ហើយធ្វើឱ្យខ្ញុំដឹងថា ពេលវេលាជាកត្តាសំខាន់ក្នុងការយល់ពីរឿងអ្វីមួយ ពោលបើពេលវេលាមកដល់ យើងនឹងយល់ច្បាស់មិនខាន។

image

កាលពីមុន ខ្ញុំនិយាយអ្វីដែលគ្រាន់តែជាក្ដីស្រមៃ ថាខ្ញុំអាចធ្វើបាន ដូចជាថា ខ្ញុំចូលចិត្តមើលកុនម្នាក់ឯង តែធាតុពិតខ្ញុំឯកោខ្លាំងណាស់។ តែពេលនេះ ខ្ញុំមិនមែននិយាយឱ្យគេសរសើរទៀតទេ គឺខ្ញុំពិតជាមិនឯកាមែន ថែមទាំងទទួលអារម្មណ៍នៃសេរីភាពពេញទី។ ចុះបើមានគ្នាយ៉ាងម៉េច? ក៏សប្បាយតាមរបៀបមានគ្នា តែបើមានគ្នាមានបញ្ហា ឬនាំឱ្យរំខាន គឺត្រូវតែសម្រេចចិត្តថា តើគួរមានគ្នាឬអត់។

ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានខែនេះ បន្ទាប់ពីរំដោះខ្លួនចេញពីទស្សនៈជីវិតឥតន័យបាន។ ខ្ញុំយល់ច្បាស់ពីឥទ្ធិពលនៃការគិត ហើយក៏ខំរៀនបង្វែរការគិតអវិជ្ជមាន មកជាការគិតវិជ្ជមាន ចំពោះគ្រប់រឿងដែលខ្ញុំបានជួប។ ក្នុងហេតុការណ៍នីមួយៗ មនុស្សអាចយកមកគិតខុសៗគ្នា តែនៅពេលនេះ ខ្ញុំចង់ឱ្យមនុស្សដែលស្គាល់ខ្ញុំ ចេះជ្រើសរើសការគិតណាដែលមានប្រយោជន៍ គិតដើម្បីដោះស្រាយ គិតដើម្បីសប្បាយចិត្ត៖

~ពេលបាត់របស់អ្វី ចូរគិតថា «គ្មានរបស់ណាបាត់ទេ គ្រាន់តែវាប្ដូរម្ចាស់» វាមិនមែនជារឿងកំប្លែងទេ គឺជាការពិតក្នុងលោកនេះ។

~ពេលធ្វើការហត់ខ្លាំង ចូរជឿថា យើងនឹងបានផលតបស្នងច្រើនដូចគ្នា ដែលផលនោះនឹងកើតឡើងពិតមែន ចំពោះអ្នកដែលព្រមធ្វើការដោយសុទ្ធចិត្ត។

~ពេលឱ្យអ្វីទៅគេ ឬក៏ជួយគេ កុំស្ដាយ ឬគិតថាគេរមើលគុណ ចូរជឿថា យើងនឹងបានមកវិញច្រើនជាង ហើយយើងនឹងមានអ្នកផ្សេងទៀត ជួយយើងវិញមិនខាន ដែលនេះគឺជាច្បាប់នៃការស្របទាញ។

~ពេលត្រូវបានអ្នកណាម្នាក់ធ្វើបាប ចូរអាណិតគេ ព្រោះគេកំពុងតែដើរផ្លូវខុស ជីវិតគេនឹងមិនសប្បាយចិត្ត ព្រោះគេគិតរឿងមិនល្អ ហើយជំនួសដោយមិនស្អប់ ចូរអរគុណគេ ដែលធ្វើឱ្យយើងដឹងថា អ្នកណាល្អនឹងយើងពិតប្រាកដ។

~ពេលជួបរឿងអាក្រក់ កុំអស់សង្ឃឹម ឬបាក់ទឹកចិត្ត ហើយត្រូវរក្សាជំហជាមនុស្សល្អ បន្តស្វែងយល់និងដោះស្រាយ ហើយជឿទៅ បញ្ហាកាន់តែធំ រង្វាន់ក៏កាន់តែធំដែរ។

~ពេលធ្វើអ្វីតែម្នាក់ឯង កុំគិតថាគ្មានអ្នកណាស្រលាញ់ តែត្រូវចេះប្រើសេរីភាព ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយត្រូវដឹងថា នេះជាឱកាសសាងខ្លួនឯងឱ្យរឹងមាំពិតប្រាកដ។

*ខ្ញុំជឿថា ប្រាកដជាមានអ្នកបានឆ្លងកាត់បទពិសោធន៍បែបនេះរួចហើយ ដែលធ្វើឱ្យជីវិតកាន់តែប្រសើរ ព្រោះរឿងល្អៗក៏ចូលមកតាមរយៈការគិតបែបវិជ្ជមាន អ៊ីចឹងជួយសរសេរមតិចែករំលែកបន្ថែមផង ថាពេលជួបបញ្ហា តើគួរគិតបែបណា ដើម្បីប្រើការគិតជាប្រយោជន៍ និងចាកផុតពីការគិតអាក្រក់ៗ រកច្រកចេញមិនឃើញ រហូតដល់គិតខ្លី ពិតជាគួរឱ្យខ្លាចណាស់។ ត្រូវចាំថា យើងមិនអាចបញ្ឈប់ការគិតអ្វីមួយបានទេ តែយើងអាចបង្វែរការគិតបាន។ ខណៈដែលរឿងល្អៗចូលមកក្នុងខួរក្បាលយើងកាន់តែច្រើន ការចងចាំរឿងអាក្រក់ៗនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ។ #សុខចាន់ផល

ខែមិថុនា 23, 2016 at 1:26 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,665 hits
Visit Cute-Spot.com!