ពីពីចង់មានផ្ទះ ^_^

ខែតុលា 22, 2019 at 6:07 ល្ងាច មតិ 3

កន្លងមក ខ្ញុំដឹងថា ខ្លួនឯងជាមនុស្សស្រលាញ់ឆ្កែ តែពេលនេះខ្ញុំកំពុងតែចិញ្ចឹមកូនឆ្មា និងចាប់ផ្ដើមស្វែងយល់ពីឆ្មា៖

C91DECD3-FF42-44EB-9CC8-9EADE04E498D

កាលពីអាទិត្យមុន កូនឆ្មាពណ៌ខ្មៅកំពុងតែឃ្លានមួយដើរមកមុខផ្ទះរបស់ខ្ញុំ ទើបខ្ញុំយកអាហារពីក្នុងផ្ទះមកឱ្យវាស៊ី។ ខ្ញុំគិតថា ជាកូនរបស់មេឆ្មាអនាថាមួយនៅម្ដុំនេះ ដែលមេវាក៏ធ្លាប់មកស៊ីចំណីនៅផ្ទះរបស់ខ្ញុំដែរ ប៉ុន្តែស្រាប់តែមេឆ្មានោះដើរចូលមកក៏គ្រហ៊ឹមចង់ខាំកូនតូច ធ្វើឱ្យខ្ញុំកាត់ស្មានថា ទេ! កូនឆ្មានេះប្រហែលជាកូនឆ្មាផ្សេង ដែលគេទើបតែយកមកលែងទេមើលទៅ ព្រោះវាហ៊ានចូលមកជិតមនុស្ស ខុសពីកូនឆ្មាទាំងប៉ុន្មានរបស់មេឆ្មានេះ ដែលមានចរិតដូចសត្វព្រៃខ្លាចរអាលមនុស្ស។ ចិត្តខ្ញុំមួយចាប់ផ្ដើមគិតថា បើវាគ្មានមេ គ្មានផ្ទះ ខ្ញុំអាចចិញ្ចឹមវាបាន ប៉ុន្តែវាក៏ដើរចេញបាត់ទៅ។ ក្រោយមក ក្មេងស្រីនៅក្បែរផ្ទះខ្ញុំក៏នាំខ្ញុំនិយាយពីកូនឆ្មាខ្មៅមួយហ្នឹង នាងថាវាចូលចិត្តមកនៅក្នុងផ្ទះរបស់នាង បើទោះជានាងខំចាប់ឱ្យទៅនៅជាមួយមេជាច្រើនដង តែក៏រត់មកវិញ។ ខ្ញុំសួរបញ្ជាក់ថា ពិតទេ ថាវាជាកូនមេឆ្មានោះ? ក្មេងស្រីបញ្ជាក់ថាច្បាស់ណាស់ ទើបខ្ញុំប្រាប់ថា មេវាចង់ខាំវាកាលពីថ្ងៃមុន អ៊ីចឹងគ្នាមិនហ៊ានទៅនៅជាមួយមេទេ។ ខ្ញុំក្លាយជាឆ្ងល់ថា តើគ្រួសារឆ្មាកើតបញ្ហាអ្វីទៅ ហើយខ្ញុំក៏និយាយរឿងទាំងអស់នេះជាមួយនឹងមិត្តភក្តិដែលជាអ្នកស្រលាញ់ឆ្មា ពួកគេថា ករណីនេះអាចកើតឡើងមែន ពោលកូនឆ្មាមួយនោះអាចជាកូនសម្អប់។ ខ្ញុំក៏ស្រាប់តែនឹកក្នុងចិត្តថា ឱ! អ៊ីចឹងហ្ន៎?

207A1B69-C7AE-4C68-92E1-C50C67B5AE6F

ខ្ញុំក៏ចាប់ផ្ដើមអាណិតខ្លាំង និងឱ្យចំណីស៊ី ហើយសង្កេតឃើញថា វាស្លូត និងរួសរាយណាស់ ព្រោះវាចុះសម្រុងនឹងកូនឆ្មាជំទង់ពណ៌លឿងមួយក្បាល ដែលក៏ជាកូនមេរបស់វាផងដែរ កំពុងតែរស់នៅមុខផ្ទះបារាំងម្នាក់ក្បែរនោះ។ ខ្ញុំចេះតែយករឿងឆ្មានេះមកជជែកជាមួយនឹងមិត្តភក្តិដដែល ស៊ីណេត និង ស៊ីណា សួរពួកគេពីរបៀបចិញ្ចឹមឆ្មា ហើយពិចារណាថាចង់ចិញ្ចឹមនៅក្នុងផ្ទះ ព្រោះវាមានតែក្បាលមួយ គួរឱ្យអាណិតខ្លាំងណាស់។ ប៉ុន្តែក្នុងផ្ទះខ្ញុំសុទ្ធតែសៀវភៅ និងឥវ៉ាន់ តើនឹងទៅជាយ៉ាងណាបើមានឆ្មានៅ… ខ្ញុំបារម្ភពីរឿងនេះ ម្យ៉ាងម៉ែធ្លាប់ផ្ដាំថា ឱ្យចិញ្ចឹមឆ្មាក្រៅផ្ទះទៅ កុំឱ្យវានៅក្នុងផ្ទះ វានឹងជុះអាចម៍នោម ព្រមទាំងបំផ្លាញរបស់របរជាមិនខាន។ ព្រឹកស្អែកឡើង ពេលក្រោកពីដេកចុះមក ខ្ញុំស្រាប់តែឃើញកូនឆ្មាពណ៌លឿងនោះនៅក្នុងផ្ទះ។ តាមពិតទៅ ខ្ញុំស្រលាញ់កូនឆ្មាមួយនេះណាស់ តែវាមានម្ចាស់ឱ្យចំណីរាល់ថ្ងៃ គ្រាន់តែគាត់មិនឱ្យវានៅក្នុងផ្ទះ ទើបវាដេកនៅមុខផ្ទះរបស់គាត់។ ប៉ុន្តែដឹងថាមានអ្វីកើតឡើងនៅក្នុងផ្ទះខ្ញុំទេ ពេលវានៅពេញមួយយប់នោះ? ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ព្រោះវាធ្វើឱ្យធ្លាក់សៀវភៅ និងរបស់របរនៅក្នុងផ្ទះ និងថែមទាំងជុះអាចម៍ទៀតផង គឺដូចម៉ែធ្លាប់ប្រាប់មិនខុស។

FE3C3AAF-0E2A-4F76-8728-EC00DC71A832

ចុះកូនឆ្មាខ្មៅនោះ? មិនដឹងថាយប់នោះវាទៅដេកនៅណាទេ ប៉ុន្តែខ្ញុំក៏ឃើញវាមកក្រវែលៗ សុំអាហារស៊ីដដែល។ ស៊ីណេត គាំទ្រឱ្យខ្ញុំយកកូនឆ្មាខ្មៅនោះមកចិញ្ចឹម និងនិយាយដល់រឿងគំនូរជីវចលរបស់ជប៉ុនមួយ គឺ គីគី និង ជីជី ឆ្មារបស់នាង (Jiji delivery Cat) ហើយគាត់ប្រាប់ពីរបៀបបង្រៀនឆ្មាឱ្យចេះជុះអាចម៍ត្រឹមត្រូវ។ ខ្ញុំបានទិញចំណីឱ្យវាស៊ី និងងូតទឹកដុសសាប៊ូឱ្យវា ប៉ុន្តែព្រោះតែបទពិសោធន៍កាលពីយប់មិញ ខ្ញុំមិនទាន់អនុញ្ញាតឱ្យវាចូលដេកក្នុងផ្ទះទេ ទើបរៀបកន្លែងឱ្យដេកនៅក្រៅផ្ទះ។ គួរឱ្យអាណិតណាស់ តែកាលពីថ្ងៃនោះ ខ្ញុំក៏បានបង្រៀនវាឱ្យចេះជុះអាចម៍នៅក្នុងចានខ្សាច់ ព្រោះដោយចៃដន្យ ខ្ញុំក៏ស្រាប់តែឃើញទាន់វាកំពុងតែជុះនៅចំហៀងផ្ទះ ខ្ញុំក៏ចាប់ញ៉ឹងកញ្ចឹងក និងចាប់ឱ្យវាហិតអាចម៍ខ្លួនឯង រួចក៏នាំមកចានខ្សាច់ដែលរៀបដាក់នៅខាងមុខផ្ទះ។ ខ្ញុំដាក់ពិន័យវាទាំងនឹកគិតថា តាមពិតចំហៀងផ្ទះកន្លែងដែលវាជុះនោះ គឺបញ្ជាក់ថាគ្នាមានមាយាទល្អទៅហើយ ព្រោះមានដី និងស្មៅ តែខ្ញុំបែរជាមកបង្រៀនឱ្យជុះនៅមុខផ្ទះវិញ តើខ្ញុំខុសទេដឹង? ស្រាប់តែរសៀលក៏ឃើញវាជុះអាចម៍ម្ដងទៀត ដោយត្រឡប់មកចំហៀងផ្ទះម្ខាងទៀតវិញ ខ្ញុំក៏ចាប់ទាំងកំពុងតែជុះអាចម៍យកមកកន្លែងដែលខ្ញុំរៀបចំឱ្យនោះ។ ខ្ញុំធ្វើបាបគ្នាសម្បើមណាស់ សុំទោស!

3633FDE4-E08F-4496-B357-EBA629C65A8A

ស្អែកឡើងកូនឆ្មាខ្មៅនៅមុខផ្ទះខ្ញុំដដែល ហើយពេលខ្ញុំចេញពីផ្ទះ ខ្ញុំក៏សាកទុកវាចោលនៅក្នុងផ្ទះ ចាំអ៊ុតមើលថាវាមានអត្តចរិតយ៉ាងម៉េច តែគ្មានអ្វីរញ៉េរញ៉ៃសោះ ហើយពិសេសពេលបើកទ្វារចេញមកក្រៅ វាស្រាប់តែចេះទៅជុះអាចម៍ ជុះនោម នៅកន្លែងដែលខ្ញុំបង្រៀននោះ។ ខ្ញុំរំភើបជាខ្លាំង ព្រោះដឹងថាវាស្ដាប់ខ្ញុំយល់ ហើយយប់ឡើងខ្ញុំក៏ព្រមឱ្យចូលដេកនៅក្នុងផ្ទះ។ នៅមានរឿងធំមួយដែលខ្ញុំមិនទាន់បានប្រាប់ គឺថា បើសិនជាខ្ញុំមិនឱ្យចូលផ្ទះ ជីវិតរបស់វាក៏ប្រហែលជាមិនគង់ដែរ។ ដឹងទេ? ទាំងមេទាំងបារបស់វាគឺចេះតែមកក្រវែលៗ ដែលដំបូងឡើយ ខ្ញុំស្មានថាពួកវាចង់មករកអីស៊ីទេតើ តែពេលខ្ញុំដើរចូលក្នុងផ្ទះស្រាប់តែវាចូលមកខាំកូនឆ្មាខ្មៅរបស់ខ្ញុំ។ ខ្ញុំហួសចិត្តណាស់ លក្ខណៈថាមិនចិញ្ចឹមគ្នាហើយ ចង់ខាំសម្លាប់គ្នាចោលទៀត ហើយដល់តែពួកវាធ្វើអីកូនឆ្មាមិនបាន ពួកវាក៏មួរម៉ៅឈ្លោះគ្នា មិនខុសពីក្នុងរឿងទេ។ អ្នកខ្លះថា អាចមកពីកូនឆ្មាហ្នឹងឈ្មោល ទើបបាវាចង់សម្លាប់ តែអ្នកដែលចេះមើលភេទឆ្មា គាត់ប្រាប់ខ្ញុំថា ជាកូនឆ្មាញីទេ។

F4F7DAA9-D1E5-4348-B04B-00F92F31BE26

ដោយសារតែឆ្មាញី ខ្ញុំក៏ដាក់ឈ្មោះឱ្យថា ពីពី ឱ្យស្រដៀងនឹង ជីជី ហេហេ ខ្ញុំសម្រេចដាក់ឈ្មោះ និងឱ្យនៅក្នុងផ្ទះ កាលពីយប់ម្សិលមិញនេះឯង ពោលគឺថ្ងៃទី ២១ តុលា ២០១៩ ។ ខ្ញុំបានប្រាប់រឿងនេះទៅមិត្តភក្តិប៉ុន្មាននាក់របស់ខ្ញុំ ពិសេសគឺអ្នកស្រលាញ់ឆ្មា ហើយយប់មិញនេះខ្ញុំមើលវីដេអូស្ដីពីឆ្មាដល់ម៉ោងជាងបីភ្លឺ ហាហាហា ចេះតែមាន ខ្ញុំស្រាប់តែស្រលាញ់និងអាណិតកូនឆ្មានេះយ៉ាងខ្លាំង។ នៅពេលដើរផ្សារទិញចំណី ឬរបស់លេងឱ្យវា ខ្ញុំស្រាប់តែនឹកក្នុងចិត្តថា តើខ្ញុំកំពុងតែមានកូនហើយមែនទេ? ថ្ងៃមុនខ្ញុំកក់សាប៊ូមនុស្សឱ្យ ថ្ងៃនេះខ្ញុំក៏កក់សាប៊ូឆ្មាឱ្យ និងកាត់ក្រចកឱ្យវា។ កូនឆ្មាខ្លាចទឹកណាស់ តែវាយល់ពីចេតនាល្អរបស់ខ្ញុំ ទើបព្រមឱ្យខ្ញុំងូតទឹកឱ្យ មិនសូវជាពិបាកចាប់ប៉ុន្មានទេ។ និយាយទៅក្រចករបស់វាវែងៗមែនទែន និងជាអកុសល ថ្ងៃនេះខ្ញុំបានធ្វើខុសដាក់គ្នាមួយ គឺពេលកាត់ក្រចកឱ្យ ខ្ញុំស្រាប់តែកាត់ជ្រុលដល់ចេញឈាម T_T សុំទោស! ខ្ញុំដឹងថា ឈឺណាស់ តែពីពីនៅតែមិនរត់ ហើយព្រមឱ្យខ្ញុំកាត់ក្រចករហូតរួចរាល់។

F9A216BD-A822-4033-968E-FBBC19DE7885

ខ្សែភ្នែកដែលពីពីសម្លឹងមើលមកខ្ញុំ បង្ហាញពីអារម្មណ៍ចង់មានផ្ទះ ប្រកបដោយការគោរព និងខ្លាចរអាល។ ខ្ញុំមើលដឹងថា វាបារម្ភខ្លាចខ្ញុំខឹង ខ្លាចខ្ញុំដាក់ពិន័យនៅពេលវាធ្វើអ្វីមួយខុស។ គិតទៅ ទាល់តែចិញ្ចឹមឆ្មានេះ ទើបខ្ញុំដឹងថា ខ្ញុំក៏ជាមនុស្សស្រលាញ់ឆ្មាដែរ ចំណែកឯឆ្មាក៏មានអ្វីជាច្រើនដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក។ 22/10/2019

Advertisement

Entry filed under: កម្សាន្ត, សត្វចិញ្ចឹម, សៀវភៅ. Tags: , .

ហេតុអ្វីក្របសៀវភៅខែរងា គឺជាលោក ឆន សុវណ្ណរាជ?

3 មតិ Add your own

  • 1. ចាន់ផល  |  ខែតុលា 23, 2019 ម៉ោង 11:15 ព្រឹក

    💛🏡

    ឆ្លើយតប
  • 2. វង សុឃី  |  ខែវិច្ឆិកា 19, 2019 ម៉ោង 12:58 ព្រឹក

    សូមអរគុណសម្រាប់ការចែករំលែកបង និងខ្ញុំសូមចែករំលែកក្តីស្រលាញ់របស់ខ្ញុំចំពោះពីពីផង។ តាមការពិតទៅ កាលពីមុនខ្ញុំមិនមែនជាអ្នកចូលចិត្តឆ្មាប៉ុន្មាននោះទេ ជាពិសេសគឺមិនចូលចិត្តវាត្រង់របៀបបន្ទោរបង់របស់វាហ្នឹងតែម្តង ហើយនៅជាន់រួមខ្ញុំក៏មានឆ្មាពីរក្បាលផងដែរ ប៉ុន្តែលុះដើរទៅដើរមករាល់កាត់មុខពួកវារាល់ថ្ងៃឃើញគ្នាធ្វើមុខស្ញូញៗដូចឃ្លានក៏កើតចិត្តអាណិតពួកវា។ ឥឡូវនេះឲ្យតែខ្ញុំត្រូវទិញអីមកញ៉ាំបាយម្តងៗចេះតែនឹកឃើញដល់ពួកវា ទាល់តែទាំងខ្ញុំក៏ញ៉ាំកើត ហើយឆ្មាក៏ស៊ីកើតដែរទើបខ្ញុំទិញ។ បានអានអត្ថបទរបស់បងហើយធ្វើឲ្យខ្ញុំរឹតតែអាណិតពួកវាមួយកម្រិតទៀត។

    ឆ្លើយតប
  • 3. Ang Seanghai  |  ខែ​មេសា 17, 2021 ម៉ោង 9:29 ល្ងាច

    សួស្តីលោកពូ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

  • មិន​មាន

Blog Stats

  • 230,359 hits
Visit Cute-Spot.com!

%d bloggers like this: