ហេតុអ្វីក្របសៀវភៅខែរងា គឺជាលោក ឆន សុវណ្ណរាជ?
ខែធ្នូ 7, 2017 at 6:48 ព្រឹក បញ្ចេញមតិ
សៀវភៅប្រលោមលោកមួយ ដែលចូលរួមលើកស្ទួយការអាននៅកម្ពុជា មានចំណងជើងថា «ខែរងា» ពីអ្នកនិពន្ធ សុខ ចាន់ផល ទន្ទឹមនឹងទទួលបាននូវការគាំទ្រពីសំណាក់មិត្តអ្នកអាន ក៏មានសំណួរសួរថា ហេតុអ្វីក្របសៀវភៅគឺជា លោក ឆន សុវណ្ណរាជ?
ជាទូទៅសៀវភៅប្រលោមលោកនៅស្រុកយើង និយមរចនាគម្របដោយរូបគំនូររបស់វិចិត្រករ ជាសិល្បៈគំនូរដ៏មានទេពកោសល្យ ផ្ដល់នូវតម្លៃមួយកម្រិតថែមទៀតដល់ស្នាដៃសៀវភៅ ដោយឡែកសៀវភៅប្រលោមលោក ខែរងា ដែលបោះពុម្ពផ្សាយលើកទី១ តាំងពីឆ្នាំ ២០១០ បែរជាយករូបថតរបស់តារាល្បីមកធ្វើជាគម្របសៀវភៅទៅវិញ ដែលធ្វើឱ្យអ្នកស្រលាញ់សៀវភៅខ្លះរិះគន់។
តបទៅនឹងចម្ងល់ខាងលើនេះ អ្នកនិពន្ធផ្ទាល់មានយោបល់ថា «ការរចនាសៀវភៅគឺជាសិល្បៈម្យ៉ាង ដែលតែងតែផ្សារភ្ជាប់ទៅនឹងសិល្បៈផ្សេងៗដូចជាគំនូរជាដើម ហើយរូបថតក៏ជាសិល្បៈមួយដែលកំពុងតែពេញនិយម។ នៅបរទេស ក្របសៀវភៅប្រលោមលោករបស់គេ ក៏និយមយករូបថតមកប្រើផងដែរ មិនមែនតែនៅខ្មែរយើងទេ។ ចំពោះខ្ញុំ ខ្ញុំក៏ចូលចិត្តក្របសៀវភៅជាគំនូរ តែខ្ញុំក៏ចង់ធ្វើអ្វីដែលថ្មីប្លែកនៅប្រទេសយើងដែរ។»
លោកបន្តទៀតថា «មានហេតុផលផ្សេងៗទៀត ក្នុងការជ្រើសរើសរូបថតរបស់លោក ឆន សុវណ្ណរាជ ជាក្របសៀវភៅ។ ទី១ រាជ មានអត្តចរិតស្រដៀងនឹងតួអង្គឯកក្នុងរឿងនេះ ឈ្មោះកត្តិត ។ កត្តិត និង រាជ បើថាជាមនុស្សសុភាពរាបសារក៏មិនចំ ព្រោះពេលខ្លះក៏លេងសើច ហើយប៉ិនស្រមើស្រមៃ។ ទី២ ឆន សុវណ្ណរាជ ជាតារាចម្រៀងល្បី តែមិនវាយឫក រាប់អានស្និទ្ធស្នាលជាមួយនឹងក្រុមការងារ ធ្វើឱ្យគ្រប់គ្នាស្រលាញ់ និងឱ្យតម្លៃគាត់។ ទី៣ រូបថតមួយសន្លឹកនេះជាស្នាដៃរបស់លោក ខាំ ភូរិ អ្នកដឹកនាំសម្ដែងដ៏ល្បីឈ្មោះ ដែលកាន់តែផ្ដល់តម្លៃ និងអនុស្សាវរីយ៍រួមគ្នានៅក្នុងសៀវភៅប្រលោមលោកខ្មែរមួយនេះ។
អ្នកនិពន្ធប្រកបដោយមនោសញ្ចេតនា និងចូលចិត្តថែរក្សាអនុស្សាវរីយ៍រូបនេះ ក៏មិនភ្លេចផ្ញើសេចក្ដីថ្លែងអំណរគុណដល់អ្នកដែលបានរួមចំណែកនៅក្នុងសៀវភៅនេះឡើយ ដោយគាត់បានរៀបរាប់ឈ្មោះ មានដូចជា លោក ឆន សុវណ្ណរាជ លោក ខាំ ភូរិ លោក កៅ សីហា លោក ហេង សុខម៉េង លោក ធី សុផាន់ណា លោក ហួត លី លោក ឈុន ឃុនវិរីយ៉ា លោក លីម គីមឈុន លោក ហេង ឧត្តម លោកស្រី សាត បញ្ញា លោក មាន កុសល និង លោក អ៊ាង គារវៈ ។
លោក សុខ ចាន់ផល បានសម្ដែងអារម្មណ៍រំភើបរីករាយ ពេលបាននិយាយដល់អ្នកគាំទ្រសៀវភៅប្រលោមលោកខែរងានេះ ដោយមានប្រសាសន៍ថា «ការខំប្រឹងប្រែងរបស់ខ្ញុំហាក់ដូចជាមានរូបរាងឡើង នៅពេលបានឃើញសៀវភៅដែលបោះពុម្ពផ្សាយមានការគាំទ្រជាបន្តបន្ទាប់។ ខ្ញុំនៅតែប្រឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន តែលទ្ធផលគឺបានមកពីការចូលរួមពីប្រជាជនខ្មែរទូទាំងប្រទេស។ ការនិពន្ធសៀវភៅនេះ បើនិយាយពីផលចំណេញនោះ គឺមិនទាន់ប្រៀបធៀបនឹងការងារដែលខ្ញុំធ្វើរាល់ថ្ងៃ ដូចជាសរសេរចម្រៀង ឬអត្ថបទភាពយន្តឡើយ ប៉ុន្តែនេះជាកិច្ចការមួយ ដែលខ្ញុំផ្ដល់តម្លៃឱ្យខ្លួនឯង ដើម្បីចូលរួមកសាងវប្បធម៌អាននៅប្រទេសយើង។ ខ្ញុំមានសុទិដ្ឋិនិយមថា ចាប់ពីថ្ងៃនេះទៅ អ្នកនិពន្ធខ្មែរនឹងចេញផ្សាយស្នាដៃច្រើនជាងមុន ហើយប្រជាជនខ្មែរក៏នឹងងាកមកការអានកាន់តែផុសផុរ។ ការអានគឺជាវប្បធម៌ដ៏ថ្លៃថ្នូរបំផុត ដែលខ្ញុំស្រលាញ់។»
គួរលើកផងដែរថា លោក សុខ ចាន់ផល ជាអ្នកនិពន្ធប្រចាំនៅក្រុមហ៊ុនហង្សមាស ផ្នែកនិពន្ធទំនុកច្រៀង និងសាច់រឿងភាពយន្ត ដែលក្នុងនោះបទចម្រៀងល្បីៗជាស្នាដៃទំនុកច្រៀងរបស់លោក សម្រាប់លោក ឆន សុវណ្ណរាជ មានដូចជា នឹក A ស្រលាញ់ B សួរទឹកភ្នែករកស្នេហ៍ពិត បេះដូងខ្មែរ មនុស្សដែលគេមើលរំលង កន្លែងណាព្រមទទួលខ្ញុំ? ចំណែកលើស សុំស្រលាញ់ សុំ Password លួចស្រលាញ់អូនបីឆ្នាំ ឈាមពេជ្រ ជាដើម។ លោកបានបោះពុម្ពផ្សាយនូវស្នាដៃជាសៀវភៅបានជាច្រើនចំណងជើង និងធ្លាប់បានទទួលពានរង្វាន់ SAE Write Award 2013 នៅប្រទេសថៃ។ នៅក្នុងឆ្នាំ២០១៧នេះលោកក៏បានផលិតនូវភាពយន្តខ្លីមួយ ដែលមានចំណងជើងថា «កាបូបលុយ» និងបានបោះពុម្ពផ្សាយនូវសៀវភៅ «មនោសញ្ចេតនា» ។
អត្ថបទដោយ #អ្នកនិពន្ធវេទមន្ត
Entry filed under: កម្សាន្ត, ចម្រៀង, ប្រលោមលោក, សៀវភៅ. Tags: Cambodia, Khmer, Reading, Sok Chanphal, Writer.
Trackback this post | Subscribe to the comments via RSS Feed