រឿងខ្លី ក្ដីស្រមៃ
ខែកុម្ភៈ 17, 2016 at 5:37 ល្ងាច មតិ ១
ជាក្មេងកំព្រា មិនដឹងថារស់ដើម្បីអ្នកណា គ្មានអ្នកណាដែលត្រូវនឹកដល់ គ្មានក្ដីស្រមៃ បើជោគជ័យក៏គ្មានអ្នកណាចូលរួមជាមួយ… លក្ខខណ្ឌជីវិតរបស់ខ្ញុំគឺអន់ជាងអ្នកទាំងអស់គ្នាឆ្ងាយណាស់។ បញ្ហាកើតឡើងមិនឈប់ចំពោះមនុស្សឯកាម្នាក់នេះ។ កន្លងមកខ្ញុំព្យាយាមណាស់ ដើម្បីបានរស់ ដើម្បីបានរៀន ដើម្បីបានការងារ តែសង្គមគួរឱ្យខ្លាច មនុស្សអាត្មានិយម មិនចេះចែករំលែក គ្មានភាពស្មោះត្រង់ ហើយពួកគេហាក់ចង់ច្រានខ្ញុំឱ្យទៅឆ្ងាយ… ពេលនោះកម្លាំងចិត្តខ្ញុំចុះស្ទើរតែដល់សូន្យ តែមុននឹងខ្ញុំព្រមបញ្ចប់ ខ្ញុំចង់ធ្វើនូវអ្វីម្យ៉ាង… ខ្ញុំបានទៅដល់ភូមិមួយ មនុស្សម្នារស់នៅជាមួយធម្មជាតិ ហើយអ្វីដែលខ្ញុំបានទទួលពីពួកគេដំបូងនោះ គឺស្នាមញញឹមដ៏បរិសុទ្ធ។ ពួកគេមិនដឹងថាខ្ញុំជាអ្នកណា មកពីណា មានប្រវត្ថិយ៉ាងម៉េច តែពួកគេប្រហែលជាគិតថាខ្ញុំជាមនុស្សចេះដឹងម្នាក់។ ខ្ញុំសង្ឃឹមថាបានជួយអ្វីខ្លះដល់ពួកគេ មុនពេលដែលខ្ញុំទៅឆ្ងាយ។ ខ្ញុំក៏បង្រៀនអក្សរដល់ក្មេងៗ ជួយជាគំនិតផ្សេងៗដល់អ្នកភូមិ ប្រាប់ពីការថែទាំសុខភាព ជាអ្វីដែលពួកគេត្រូវការដើម្បីរស់បន្ត។ ខ្ញុំក៏ចាប់ផ្ដើមទទួលអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍ ហើយទទួលបាននូវការស្រលាញ់រាប់អានពីមនុស្សជាច្រើន។ ខ្ញុំបានសម្រេចនូវក្ដីស្រមៃមួយដោយអចនា។ ម្ដងៗពេលគិតថាខ្លួនឯងមិនបានការ ក៏ចង់បាត់ខ្លួនពីផែនដីនេះ។ ឆាកជីវិតនេះពិតជាមិនងាយស្រួលមែន តែបើនៅតែគិតច្រើនក៏គ្មានប្រយោជន៍ ហេតុនេះត្រូវព្យាយាមធ្វើសកម្មភាពអ្វីម្យ៉ាងដើម្បីបង្ហាញពិភពលោកថា យើងនៅរស់។
ដោយ សុខ ចាន់ផល
ថ្ងៃទី១៧ កុម្ភៈ ២០១៦
(សង្ឃឹមថា ខ្ញុំអាចផលិតវីដេអូខ្លីពីសាច់រឿងមួយនេះនាពេលឆាប់ៗ)
1.
សុិធីតា | ខែកញ្ញា 11, 2022 ម៉ោង 3:09 ល្ងាច
រឿងខ្លីណឹងគឺជាឃ្លារបស់តួអង្គវិចិត្រក្នុងរឿងលម្អងដួងចិត្ត☺តើវាអាចទេដែលរឿងដែលបងនិពន្ធនីមួយៗសុទ្ធតែព្រឹត្តិការណ៍ដែលបងធ្លាប់ជួប🤔