Khmer Melody
ខែឧសភា 12, 2013 at 10:19 ល្ងាច មតិ 20
ថ្ងៃនេះខ្ញុំបានដាក់ទំនុកច្រៀងមួយបទនៅ facebook ហើយក៏ទទួលបានមតិមួយ (មើលរូបខាងក្រោម) គាត់និយាយមិនខុសទេ ហើយខ្ញុំឆ្លើយតបក៏មិនសូវត្រូវដែរ។ ហេតុអ្វីក៏បទចម្រៀងស្រុកខ្មែរចម្លងពីគេច្រើនម្ល៉េះ? គួរដោះស្រាយយ៉ាងណា ឬក៏ខ្ញុំគួរតែឈប់សរសេរចម្រៀងទៀត?
ខ្ញុំកើតមក ក៏ស្ដាប់បទចម្រៀងចម្លងភ្លេងពីគេទៅហើយ ទើបគិតថាជារឿងធម្មតា ហើយយល់ថាខ្លួនឯងពូកែ ដែលសរសេរទំនុកច្រៀងមិនបកប្រែ បើទោះជាចម្លងភ្លេងមែន ហាហា ខ្ញុំសរសេរចម្រៀង ព្រោះខ្ញុំចូលចិត្តចម្រៀង ហើយមនុស្សខ្ញុំ ថាចិត្តទូលាយក៏បាន ថាល្ងង់ក៏បាន គឺខ្ញុំមិនចេះប្រកាន់ឬបែងចែកអីទេ ចម្រៀងគេពីរោះខ្ញុំសរសើរ ចង់ស្ដាប់បទនោះជាភាសាខ្មែរដែរ… សូម្បីតែព្រំដែនប្រទេសក៏ខ្ញុំមិនដែលគិត គឺគិតថាក្រោមមេឃតែមួយ ជនជាតិទាំងអស់សុទ្ធតែជាបងប្អូន ចែករំលែកតន្ត្រី អ្វីៗដែលសប្បាយៗ… ប៉ុន្តែឥឡូវខ្ញុំយល់ច្រើនហើយ មនុស្សចិត្តចង្អៀតចង្អល់ណាស់ ពិភពលោកមួយនេះក៏តូចណាស់ដែរ មិនមែនធំដូចអ្វីដែលខ្ញុំធ្លាប់គិតទេ។ ហ៊ឺ… តើខ្ញុំឆ្កួតមែនទេ? តើរស់នៅកន្លែងណាទើបសមនឹងខ្ញុំ?
បើសិនជាអាច ខ្ញុំពិតជាចង់ឈប់សរសេរចម្រៀងឱ្យភ្លេងចម្លងទៀតហើយ… ហើយបើសិនជាមានលុយច្រើន ខ្ញុំនឹងបង្កើតផលិតកម្មចម្រៀងមួយ ផលិតតែបទថ្មីសុទ្ធសាធ។ ម៉េចក៏មានរឿងច្រើនម៉េះ ហួសពីសមត្ថភាព ដែលខ្ញុំអាចធ្វើបាន…?
រហូតមកដល់ពេលនេះ ខ្ញុំសរសេរទំនុកច្រៀងដាក់បទភ្លេងថ្មី Khmer Melody បាន… បេះដូងខ្មែរ, អ្នកមិនឯកា, ចម្រៀងផ្ញើអ្នកម្ដាយ, បាត់បង់ស្នេហាគ្មានអ្វីអស្ចារ្យទេ, ១២ឆ្នាំមុន, ក្មេងល្ងង់របស់បង, បេះដូងមានកម្ម, ស្រលាញ់អូនចង់តែយំ, សាយ័ណ្ហឯកា, បែកទាំងបង្ខំអារម្មណ៍, អូនផ្ដើមតែមិនបញ្ចប់, បងប្រុសដែលអូនស្អប់, ទឹកភ្នែកមិនដឹងកំហុស, ស្រលាញ់ព្រោះស្រលាញ់, អ្នកជាកូនប្រុស, ឥទ្ធិពលស្នេហ៍, គ្រប់ពេលវេលាបងស្រលាញ់អូន, ហេតុអ្វីស្គាល់បង?, រនោចខ្លោចចិត្ត, ធ្លាប់ស្រលាញ់ខ្ញុំទេ?, សារលាក់ស្នេហ៍, I Like Your Missed Call, រីកចម្រើនជាមួយគ្នា, Online គ្រប់ពេល… នៅសល់ច្រើនបទទៀតមិនទាន់ចេញលក់ ហើយនៅសល់រឹតតែច្រើនបទទៀតនៅក្នុងគម្រោង ជាសម្ដីលួងលោមខ្ញុំថា ចាំកម្មសិទ្ធិបញ្ញាស្រុកខ្មែរអនុវត្តពិតប្រាកដ យើងនឹងធ្វើភ្លេងថ្មីមួយរយភាគរយ តែមិនដឹងថាខ្ញុំអាចចាំដល់ពេលហ្នឹងឬអត់ទេ!
1.
YuKio | ខែឧសភា 12, 2013 ម៉ោង 11:04 ល្ងាច
ខ្ញុំចូលចិត្តបទមួយបំផុតគឺនិពន្ធបទភ្លេងដោយ បង សុខ រក្សា និង និពន្ធទំនុកច្រៀងដោយបទផ្ទាល់តែម្តង គឺបទ ហេតុអ្វីស្គាល់បង ។ ពិតជាពិរោះខ្លាំងណាស់។
2.
no no | ខែឧសភា 13, 2013 ម៉ោង 12:34 ល្ងាច
បងកុំសូវខ្វល់សំដីរបស់គាត់ពេក សំរាប់ខ្ញុំ ខ្ញុំគិតថាបងព្យាយាមធ្វើបានល្អបំផុតហើយ…….បើប្រៀបធៀបពេលនេះទៅនឹងដប់ម្ភៃឆ្នាំមុន ក្មេងៗសម័យនេះស្ដាប់បងចំរៀងខ្មែរច្រើន កាលពីមុនក្មេងៗដូចខ្ញុំចូលចិត្តស្ដាប់បទថៃជាងបទខ្មែរ …ខ្ញុំទទួលស្គាល់ថាការចំលងបទពីគេគឺខុស ប៉ុន្តែបើយើងធ្វើខ្លួនឯងសុទ្ធសាធ ក្រុមហ៊ុនប្រហែលជាដូលរលំ ឧទាហរណ៍ជាក់ស្ដែងក្រុមហ៊ុនរ៉ុក ដោយសារច្បាប់មិនទាន់បានអនុវត្តបានល្អក្នុងការគ្រប់គ្រងការថតចំលង……ការផលិតដោយខ្លួនឯងសុទ្ធសាធពិតជាចំណាយច្រើន………ខំប្រឹងទៀតទៅបង ព្រោះខ្ញុំពិតជាចូលចិត្តទឹកដៃបង…..បទរបស់បងប្រើពាក្យសាមញ្ញប៉ុន្តែចំៗន័យល្អណាស់…..ដូចជាបទក្នុងអាល់បុម គូស្នេហ៍6ឆ្នាំ បទមានជាតិក្រោយចាំជួបគ្នា ព្រមបែកព្រោះស្រលាញ់ ស្ដាប់ហើយមានអារម្មណ៍ថាខ្លួនឯងដូចជាតួក្នុងបទចំរៀង យល់ពីអាម្មណ៍ស្នេហាដែលមានគំនាបវណ្ណៈគ្រួសារ….…..ថ្វីត្បិតតែខ្មែរភាគច្រើនទទួលស្គាល់ស្នាដៃអ្នកនិពន្ធជំនាន់មុន សំរាប់ខ្ញុំចូលចិត្តបទរបស់បងជាងព្រោះអត្ថន័យវាត្រូវនឹងសម័យរបស់ខ្ញុំជាងបទសម័យពីដើម……..ខ្ញុំក៏សុំមួយដែរ….កុំចេញពីហង្សមាសអី ព្រោះខ្ញុំគាំទ្រហង្សមាស ហើយបើបងចេញ ខ្ញុំត្រូវងាកទៅនោះផង ខាងនេះផង……..
3.
ចាន់ផល | ខែឧសភា 13, 2013 ម៉ោង 3:30 ល្ងាច
អរគុណប្អូន! ខ្ញុំមានមោទនភាពណាស់ ពេលបានអានមតិរបស់ប្អូន។
4.
mido omida | ខែឧសភា 13, 2013 ម៉ោង 7:26 ល្ងាច
ខ្ញុំស្រលាញ់តារា ហង្សមាសខ្លាំងណាស់ ។ ហើយជាពិសេសពេលដែលខ្ញុំមើលខារាអូខេ ខ្ញុំតែងតែរកមើលឈ្មោះអ្នកនិពន្វ ។ ខ្ញុំមិនខ្វល់់ពីការចម្លងនោះទេ សំខាន់ឲ្យតែមានការគាំទ្រ និងពិរោះស្ដាប់
សូមសួរថា តើអ្នកដែលពូកែរិះគន់គេ នឹងមានសមត្ថភាពដូចគេទេ ?មួយវិញទៀត បង សុខ ចាន់ផល កុំខ្វល់ច្រើនធ្វើអី សំខាន់ ខំព្យាយាមនិពន្វ ឲ្យបានច្រើនហើយប្លែកៗដើម្បី វាយផ្ដាច់តារា សាន់ដេ ។ជាក់ស្ដែង លោក ឆន សុវណ្ណារាជ និង កញ្ញា សួស វីស្សា ពិរោះៗ ខ្លាំងណាស់ មួយវិញទៀង លោក វីរៈសិទ្ច សំលេងគាត់ក៏ពិរោះដែរ បើគាត់ចេញចំរៀងល្អៗដូច តារាទាំងពីខាងលើ នោះ ហង្សមាស នឹងកាន់តែអស្ចារ្យ ព្រោះការចេញចម្រៀងក៏មិនស្ទះ តារាល្អៗច្រើន ។ខ្ញុំស្រលាញ់ ហង្សមាស ខ្លាំងណាស់
រររឺង
ដ
្ន
5.
តា ម៉ាប់ | ខែឧសភា 14, 2013 ម៉ោង 10:13 ល្ងាច
ធម្មតាទេ ការចម្លងទៅចម្លងមក សូម្បីជំនាន់លោក ស៊ីន ស៊ីសាមុត នៅមានបទចម្លង ចុះម៉េចក៏មកហាមតែឥឡូវ ។ បើថាឲ្យដាច់នោះគ្មានដាច់ទេ បើត្រឹមថាបន្ថយអាចបានខ្លះ ។
6.
ចាន់ផល | ខែឧសភា 14, 2013 ម៉ោង 11:32 ល្ងាច
គិតទៅមកពីពួកគេមើលតែមួយជ្រុង… និយាយឱ្យអស់ តន្ត្រីសម័យមិនមែនខ្មែរអ្នកបង្កើតទេ ហ្គីតា ព្យាណូហ្នឹង របស់សាសន៍ណា? សំខាន់យើងចេះយកមកកែច្នៃ។ សូម្បីតែវប្បធម៌ខ្មែរ អក្សរខ្មែរ ភាសាខ្មែរ ក៏យើងចម្លងមកពីឥណ្ឌាដែរ តែបើគិតចង្អៀតចង្អល់ដូចអ្នកជ្រុលនិយម ខ្មែរប្រហែលមិនទាន់ចេះស្លៀកពាក់ទេ។ ស្ថានភាពស្រុកយើងបច្ចុប្បន្នវិញ ក្រៅពីសិល្បៈកម្សាន្តនេះ តើខ្មែរចេះធ្វើអ្វីខ្លះខ្លួនឯង? មើលមួយតួខ្លួនទៅ ប៉ុន្មានភាគរយដែលជារបស់ខ្មែរ? ខោអាវ ស្បែកជើង ទូរស័ព្ទ កុំព្យូទ័រ យានជំនិះ អាហារ ថ្នាំពេទ្យ គ្រឿងសម្អាង ។ល។ សូម្បីតែប្រាក់ក៏ចាយដុល្លារដែរមែនទេ? ហើយក្រៅពីចម្រៀងនេះ ចុះភាពយន្ត? ក្រែងទូរទស្សន៍រាល់ថ្ងៃចាក់តែរឿងបរទេសតើអ្ហៃ? ហ៊ឺ…
7.
Mc Oudom | ខែឧសភា 15, 2013 ម៉ោង 5:08 ល្ងាច
បងផល ខ្ញុំគឺជាអ្នកគាំទ្រគ្រប់បទចម្រៀងដែលបងបានសរសេរ អត្ថន័យល្អ ខុសពីអ្នកនិពន្ធដទៃនាពេលបច្ចុប្បន្ន បងមានគំនិតចាស់ទុំ និងជ្រាលជ្រៅ ខ្ញុំតែងតែជឿជាក់លើបងចំពោះការនិពន្ធទំនុកច្រៀង ក៏ដូចជាបទភ្លេង ដោយសារបងទើបផលិតកម្មហង្សមាសប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពល្បីល្បាញខ្លាំងឡើងវិញ បន្ទាប់ពីផលិតកម្មបានបាត់បង់លោកគ្រូជុំ ប៊ុនធឿនដែលជាកវីនិពន្ធដ៏ឆ្នើមម្នាក់។ ខ្ញុំដឹងថាមានអ្នកខ្លះមករិះគន់ដោយមិនបានវិភាគឱ្យគ្រប់ជ្រុងជ្រោយទេ ចាំតែថាឱ្យគេ គ្មានគិតស្ថានភាពនាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់អ្នកគាំទ្រជាច្រើននាក់នៅតែចាំផ្ដល់កម្លាំងចិត្ត និងចាំមើល និងស្ដាប់ រាល់ស្នាដៃរបស់បងជានិច្ច។
8.
no no | ខែឧសភា 15, 2013 ម៉ោង 10:48 ល្ងាច
ខ្ញុំក៏យល់ស្របតាមMc Oudom ដែរ ពាក្យពេចន៍ដែលបងប្រើគឺសាមញ្ញតែត្រូវចំៗដូចចាក់ចំបេះដូងចឹង…..មិនសូវបង្កបន័យជ្រៅដូចទឹកដៃអ្នកនិពន្ធជំនាន់មុន នេះជាចំនុចដែលខ្ញុំចូលចិត្ត…….បងកុំពិបាកចិត្តនឹងអ្នកតិទានអី…..ខ្ញុំគិតថាវាអាចនឹងទាក់ទងជាមួយនយោបាយ ព្រោះមួយរយៈនេះដូចជាមានសកម្មភាពរិះគុណថ្នាក់់ដឹកនាំច្រើនណាស់……ម៉្យាងទៀតពីមុនមកមិនរិះគុណទើបពេលជិតបោះឆ្នោតបានចេញសកម្មភាពរិះគុណពីការចំលងបទបរទេស……
9.
Phal MV | ខែឧសភា 15, 2013 ម៉ោង 11:30 ល្ងាច
Suon Lath ក្នុងពិភពលោក បទភ្លេង អោយតែគេនិយម គេតែងតែចម្លងយកមកតែងជា ទំនុកច្រៀង ក្នុងប្រទេសនោះ ក្នុងសម័យមុន លោក វ៉ោយ ហូរ ក៏បានយក បទភ្លេងរបស់ហុងកុងមកអោយ លោក ស៊ីន ស៊ីសាមុត ច្រៀង ដូចជាបទ ថ្ងៃនេះមិនចូលផ្ទះ និងបទទឹកហូរឆ្ងាយ ដែលច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ ជាដើម បទភ្លេងសុទ្ធ មិនថាសាសន៍ណាទេ គឺអាចស្តាប់បានទាំង អស់ គ្រាន់តែយើងស្តាប់ភាសាមិនបានប៉ុណ្ណោះ សូមចាំថា បទភ្លេង និង កីឡា គ្រប់ជាតិសាសន័និយមដូចគ្នា ។
10.
Lydeth Chea | ខែឧសភា 17, 2013 ម៉ោង 10:39 ព្រឹក
លោកផល លោកយល់ពីកម្មសិទ្ធិបញ្ញាទេ? ចាយលុយដុល្លារមិនមែនបានន័យថារំលោភសិទ្ធិរបស់អាមេរិចទេ ។ តែការលួចបទចម្រៀងចិន យួន សៀមមកសរសេរទំនុកច្រៀងខ្មែរទើបហៅថារំលោភ ។ សាសន៍គេមើលឃើញ គេសើចពេបជ្រាយថាអ្នកពិន្ធខ្មែរអន់ណាស់ ចូលចិត្តតែលួចបទគេស្រាប់ៗ ។ នៅសម័យលោកស៊ិន ស៊ីសាមុតក៏មានយកបទបរទេសមកច្រៀងដែរ តែមានបរិមាណតិចតួចបំផុត បើធៀបនឹងបទដែលនិពន្ធបទភ្លេងខ្លួនឯង ។ អ្នកនិពន្ធសម័យនោះភាគច្រើន ចេះអក្សរភ្លេង ។ បើ អ្នកនិពន្ធណាមិនចេះអក្សរភ្លេង ដូចជាលោកម៉ា ឡៅពីជាដើម គាត់តែងពឹងពាក់អ្នកចេះភ្លេងនិពន្ធបទភ្លេងឲ្យគាត់ មិនមែងអង្គុយចាំមើលបទចិន សៀម យួនណាល្បី យកមកច្រៀងតាមទេ សូមជ្រាប ។ អរគុណ ។
11.
ចាន់ផល | ខែឧសភា 17, 2013 ម៉ោង 2:20 ល្ងាច
លោកមិនយល់ពីខ្ញុំនិយាយ ក៏មិនយល់ពីស្ថានភាពស្រុកយើងដែរ! កម្មសិទ្ធិបញ្ញាស្រុកខ្មែរ? លោកអាចព្យាយាមគិតឱ្យគ្រប់ជ្រុងជ្រោយម្ដងទៀត ឬក៏បន្តការគិតអ៊ីចឹងទៀតចុះ! 😦
12.
Lydeth Chea | ខែឧសភា 21, 2013 ម៉ោង 9:29 ព្រឹក
ខ្ញុំមិនមែនមិនដឹងពីស្ថានភាពសព្វថ្ងៃទេ ។ ហើយលោកកុំលើកតែបញ្ហាក្រពះតែមួយមុខគត់នោះ ។ សូមលោកអានអត្ថបទនេះ http://news.sabay.com.kh/articles/421691 ។
លោកឈឺទេ ពេលវៀតណាមមើលងាយយើង ធ្វើមើលតែយើងជាចោរ ។ សង្ឃឹមថា លោកនិងមិននិយាយថា “គេចម្លងគ្រប់តែគ្នា ឬក៏ចម្លងទៅវិញទៅមក” ទេ ។ សង្ឃឹមដែរថា អ្នកនិពន្ធខ្មែរសម័យនេះមួយចំនួនទៀតឈប់មុខក្រាស់លួចបទគេទៀត ។ វាពិតជាមិនថ្លៃថ្នូរទេដែលយើងលួចចម្លងតាមគេដូចនេះ ។
13.
Lydeth Chea | ខែឧសភា 21, 2013 ម៉ោង 9:31 ព្រឹក
ខ្ញុំមិនមែនមិនដឹងពីស្ថានភាពសព្វថ្ងៃទេ ។ ហើយលោកកុំលើកតែបញ្ហាក្រពះតែមួយមុខគត់នោះ ។ សូមលោកអានអត្ថបទនេះ http://news.sabay.com.kh/articles/421691 ។
លោកឈឺទេ ពេលវៀតណាមមើលងាយយើង ធ្វើមើលតែយើងជាចោរ ។ សង្ឃឹមថា លោកនិងមិននិយាយថា “គេចម្លងគ្រប់តែគ្នា ឬក៏ចម្លងទៅវិញទៅមក” ទេ ។ សង្ឃឹមដែរថា អ្នកនិពន្ធខ្មែរសម័យនេះមួយចំនួនទៀតឈប់មុខក្រាស់លួចបទគេទៀត ។ វាពិតជាមិនថ្លៃថ្នូរទេដែលយើងលួចចម្លងតាមគេដូចនេះ ។
14.
ចាន់ផល | ខែឧសភា 17, 2013 ម៉ោង 4:27 ល្ងាច
Suon Lath នៅកម្ពុជា មិនទាន់មានក្រុមហ៊ុនណាផលិតបទចម្រៀងដោយចុះកិច្ចសន្យាជាមួយនឹងអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកច្រៀងនៅឡើយ ទោះបីជាតារាចម្រៀងល្បីៗក៏ដោយ គឺក្រុមហ៊ុនបានអោយថ្លៃឈ្នួល ក្នុងមួយបទៗ ប៉ុណ្ណោះ បើនៅប្រទេសគេ មានដូចជាហុងកុង អាមេរិក អង់គ្លេស បារាំងជាដើម បើអ្នកនិពន្ធ បទភ្លេង ទំនុកច្រៀង និងតារាចម្រៀងល្បីៗ គេពុំអោយតំលៃឈ្នួលទេ គឺក្រុមហ៊ុនផលិត CD VCD ចុះកិច្ចសន្យា ដោយកំណត់ចេញលើកដំបូងចំនួនប៉ិន្មានលានថាស CD VCD ហើយកាត់អោយអ្នកនិពន្ធ និង អ្នកច្រៀង តែថាសមួយ = USD 1 ក៏បានរាប់លានដុល្លាដែរ ក្នុងនោះមានអ្នកនិពន្ធអង់គ្លេស Elton John ជាដើម ក្នុងមួយ បទៗ គាត់បានពី 10 ទៅ 20 លានដុល្លា US ។ ងាកមកមើលអ្នកនិពន្ធនៅស្រុកយើងវិញ ក្នុងមួយបទបាន ច្រើនបំផុតប្រហែលជា 100 ដុល្លា ចង់ក្រុមហ៊ុនផលិតប៉ុន្មាន CD VCD វាជាសិទ្ធរបស់ក្រុមហ៊ុន ។
15.
រ៉េន | ខែមិថុនា 19, 2013 ម៉ោង 3:42 ល្ងាច
ជំរាបសួរបងខ្ញុំតាមដានយូហើយទើបចេះសសេរតើអាចអោយលេខទូរសពបានអត់ចង់រាប់អាន
16.
ចាន់ផល | ខែមិថុនា 19, 2013 ម៉ោង 4:55 ល្ងាច
ខ្ញុំអត់សូវចូលចិត្តប្រើទូរស័ព្ទទេ តែអាចទាក់ទងខ្ញុំតាមម៉ែលបាន៖ chanphalsok@yahoo.com
17.
រ៉េន | ខែមិថុនា 19, 2013 ម៉ោង 5:42 ល្ងាច
អត់ចេះប្រើអ៊ីម៉ែលផងបន្តែចាំឲ្យពួកម៉ាកខ្ញុំបង្រៀនសំទោសល្ងង់តិចហើយ:-)
18.
Smile | ខែកក្កដា 25, 2013 ម៉ោង 5:59 ល្ងាច
hello បងប្រុស name is smile can friend with you
19.
សុផាត | ខែវិច្ឆិកា 23, 2013 ម៉ោង 3:52 ល្ងាច
សុំដកដង្ហើមធំមួយ
ហ៊ឺម……………………. -_-
20.
Koeuy Chetra | ខែមីនា 28, 2014 ម៉ោង 8:16 ព្រឹក
ព្យាយាមគង់បានសម្រេចទេផល។ ខ្ញុំក៏ជូនពរឲ្យផលអាចសម្រេចសេចក្ដីប្រាថ្នាបាន គឺបើកផលិតកម្មផ្ទាល់ខ្លួនមួយដែលនិពន្ធបទភ្លេង និងទំនុកច្រៀនថ្មីសុទ្ធសាធ។ ខ្ញុំគាំទ្ររឿងនេះមួយរយភាគរយ។