មានអ្នកណាយល់ពីខ្ញុំ?

ខែ​កុម្ភៈ 18, 2013 at 10:38 ល្ងាច មតិ 17

មនុស្សគឺកម្ម មិន​មែន​តែ​ខ្ញុំ​ទេ ដែល​មាន​ទុក្ខ អ្នក​ផ្សេង​ក៏​មាន​ទុក្ខ​របស់​គេ គ្រាន់​តែ​ខ្ញុំ​មិន​ដឹង​ថា គេ​កើត​ទុក្ខ​រឿង​អី។ ពេល​ខ្លះ​ពិត​ជា​ចង់​យំ​ណាស់ ចង់​ឱ្យ​ទឹក​ភ្នែក​លួង​លោម​អារម្មណ៍​ពិបាក​ទ្រាំ​ខ្លះ ដែល​គ្មាន​អ្នក​ណា​ចង់​ដឹង។ មិន​ដឹង​ថា​មក​ពី​អី បើ​ទឹក​ភ្នែក​ហូរ​មក ក៏​គ្រាន់​ធូរ​ស្រាល​អារម្មណ៍​។ ការ​ដែល​មិន​បាន​និយាយ ដល់​បាន​សរសេរ​ចេញ​មក​ក៏​រសាយ​បាន​ខ្លះ។

ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​តូច​ចិត្ត​ណាស់ បន្ទាប់​ពី​និយាយ​ស្ដី​មិន​សូវ​ល្អ​ដាក់​ម្ដាយ​ខ្ញុំ។ ខ្ញុំ​ចេះ​តែ​បែប​នេះ គ្មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​ម្ដាយ​សោះ។ ខ្ញុំ​តែង​តែ​បន្ទោស​ខ្លួន​ឯង ប្រឹង​ប្រែង​រក​អារម្មណ៍​ល្អៗ​ជាមួយ​គាត់ តែ​តែង​តែ​បរជ័យ។ កាល​ពី​មុន​គាត់​កាច​ដាក់​ខ្ញុំ សឹង​នឹង​ថា​មិន​ធ្លាប់​សម្ដែង​អារម្មណ៍​ថា​ស្រលាញ់​ខ្ញុំទេ។ ហេតុ​នេះ ទោះ​​ជា​ពេល​នេះ​គាត់​ស្លូត​ដាក់​ខ្ញុំ​ តែ​​ព្រោះ​គាត់​ធ្លាប់​បាន​គូស​បន្ទាត់​កម្រិត​មនោសញ្ចេតនា​ពួក​យើង ខ្ញុំ​ក៏​នៅ​តែ​មិន​អាច​ចូល​ទៅ​ស្និទ្ធស្នាល​នឹង​គាត់​ដដែល។ ខ្ញុំ​តូច​ចិត្ត​ណាស់ ដែល​មិន​អាច​ធ្វើ​ដូច​​ម្ដាយ​កូន​គេ​ដទៃ។ តើ​ខ្ញុំ​គួរ​និយាយ​អារម្មណ៍​ទាំង​នេះ​ប្រាប់​គេ​ទេ? គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​ប្រាប់​ ទៅ​ម្ដាយ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​ខ្លាច​គាត់​យំ ប៉ុន្តែ​ខ្ញុំ​គួរ​តែ​សរសេរ​វា​ទុក ដោយ​សង្ឃឹម​ថា វា​នឹង​ក្លាយ​ជា​សៀវភៅ​មេរៀន​មួយ​ ដើម្បី​ដាស់​តឿន​កែ​ប្រែ​កំហុស​ឆ្គង​ខ្លួន​ឯង។

កាល​ពី​តូច​ខ្ញុំ​នៅ​ជាមួយ​យាយតា ពេល​ណា​ឮ​ថា​ម្ដាយ​មក​លេង ខ្ញុំ​អរ​ណាស់ រត់​ទៅ​រក​គាត់​ហើយ… ម៉ែ! ម៉ែ! ខ្ញុំ​ហៅ​គាត់​បែប​នេះ។ ខ្ញុំ​មិន​ដែល​ស្គាល់​មុខ​ឪពុក​ទេ ហើយ​ខួរ​ក្បាល​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ក៏​មាន​ម៉ែ​ម្នាក់​ដូច​គេ​ឯង​ដែរ គ្រាន់​តែ​គាត់​ផ្ញើ​ខ្ញុំ​នឹង​យាយតា។ ខ្ញុំ​ក៏​ស្រលាញ់​យាយ​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​​លួច​តូច​ចិត្ត ព្រោះ​គាត់​ស្រលាញ់​កូន​ពៅ​គាត់​ជាង​ខ្ញុំ។ យ៉ាងណា​ខ្ញុំ​គ្រាន់​តែ​ជា​ចៅ​ម្នាក់​ប៉ុណ្ណោះ ខុស​ពី​កូន​ប្រុស​ពៅ​តែ​មួយ​គ្រាប់​របស់​គាត់។ ហេតុ​នេះ​ខ្ញុំ​ឱប​យាយ​មិន​បាន​យូរ​ទេ ព្រោះ​កូន​គាត់​ច្រណែន។ យល់​ថា​ខ្ញុំ​ជា​ក្មេង​ប៉ិន​តូច​ចិត្ត​ណាស់​មែន​ទេ? នេះ​ជា​អារម្មណ៍​ក្មេង​កំព្រា ស្រវា​អី​ក៏​មិន​ស្និទ្ធ ឱប​អ្នកណា​ក៏​មិន​កក់​ក្ដៅ មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​​​គ្រាន់​តែ​ជា​​ទី​បង្អែក​បណ្ដោះ​អាសន្ន ត្រូវ​ស្ដាប់​បង្គាប់​ទើប​ពួក​គាត់​ស្រលាញ់។ បាន​ត្រឹម​តែ​លួច​ច្រណែន​គេ​ប៉ុណ្ណោះ គ្មាន​ផ្លូវ​មាន​អ្វី​ដូច​គេ ក៏​​ដេក​ហូរ​ទឹក​ភ្នែក​ស្ទើរ​រាល់​យប់។ មិន​ដែល​ស្គាល់​អារម្មណ៍​លេខ​មួយ​ក្នុង​ចិត្ត​អ្នកណា​ទេ សូម្បី​តែ​ម៉ែ។

រូប​ភាព​យប់​មួយ​នោះ​​ស្ថិត​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​រហូត… បាន​ជួប​ម៉ែ​ម្ដងៗ ប៉ង​ដេក​ក្បែរ​ម៉ែ ឱប​ម៉ែ ប៉ុន្តែ… ម៉ែ​ខ្ញុំ​បេះ​ដៃ​ខ្ញុំ​ចេញ ស្រែក​ឱ្យ​ខ្ញុំ​ដេក​ឆ្ងាយ​ពី​គាត់ ព្រោះ​គាត់​ស្អុះ។ ខ្ញុំ​ជឿ​ថា រហូត​ទៅ​ម៉ែ​គ្មាន​ថ្ងៃ​ដឹង​ថា យប់​នោះ​ខ្ញុំ​ដេក​យំ​យូរ​ប៉ុណ្ណា​ទេ។ យំ​ដោយ​គិត​បណ្ដើរ​ថា ក្នុង​លោក​នេះ​សូម្បី​ម៉ែ​តែ​ម្នាក់​របស់​ខ្ញុំ​ក៏​មិន​ស្រលាញ់​ខ្ញុំ​ដែរ ខ្ញុំ​អស់​ហើយ គ្មាន​អ្នកណា​ឱ្យ​ខ្ញុំ​ឱប​ទេ។ កូន​ក្មេង​​មិន​ទាន់​ចូល​រៀន​ផង​ក៏​តាំង​ចិត្ត​ម្នាក់​ឯង​ថា ខ្ញុំ​គ្មាន​អ្នកណា​ស្រលាញ់​ទេ ហើយ​ឈប់​ប៉ង​ឱប​អ្នកណា​ទៀត​ទៅ ដេក​ឱប​ដៃ​ខ្លួន​ទៅ ​ទើប​ជា​របស់​ខ្លួន​ឯង​ពិត​ប្រាកដ។ តាំង​ពី​យប់​នោះ​មក ទោះ​ជា​ខ្ញុំ​នឹក​ម៉ែ​ប៉ុណ្ណា​ក៏​ខ្ញុំ​មិន​ដែល​ទៅ​ជិត​គាត់​ដែរ។

អាច​មក​ពី​គិត​ថា​ម៉ែ​មិន​ស្រលាញ់​ខ្លួន ខ្ញុំ​ក៏​លែង​ចេះ​ខ្លាច​ម៉ែ ហើយ​ចេះ​តែ​ឈ្លោះ​គ្នា​នឹង​គាត់។ វា​ដូច​ជា​អារម្មណ៍​សង​សឹក​តប​ទៅ​មនុស្ស​ដែល​យើង​ស្រលាញ់ ដែល​គេ​មិន​ស្រលាញ់​យើង។ ម៉ែ​ស្រលាញ់​ក្មួយៗ​​គាត់​ណាស់ មក​ពី​ពួក​គេ​ស្អាតៗ​ជាង​ខ្ញុំ។ មនុស្ស​គឺ​បែប​នេះ​ ស្រលាញ់​តែ​គុណ​សម្បត្តិ​គ្នា​ប៉ុណ្ណោះ ទោះ​អ្នក​នោះ​ជា​សាច់​ឈាម​បង្កើត​យើង​ក៏​ដោយ។ ខ្ញុំ​គ្មាន​អី​ល្អ​នោះ​ទេ ក្រៅ​ពី​រៀន​ពូកែ។ ខណៈ​ដែល​ខ្ញុំ​រស់​នៅ​ជាមួយ​ម្ដាយ​មីង​រហូត​រៀន​ចប់​បាក់​ឌុប យូរៗ​ទើប​ខ្ញុំ​ជួប​ម៉ែ​ម្ដង។ ខ្ញុំ​លែង​ជា​កូន​ក្មេង​នឹក​ម៉ែ​ទៀត​ហើយ ព្រោះ​ខ្ញុំ​ទម្លាប់​ខ្លួន​នឹង​ការ​រស់​នៅ​ជាមួយ​គេ​បាន​ហើយ។ នៅ​ឆ្ងាយ​ពី​ម៉ែ ខ្ញុំ​តាំង​ចិត្ត​ធ្វើ​ជា​ក្មេង​ល្អ កុំ​ឱ្យ​គេ​និយាយ​ដើម ដល់​ថ្នាក់​ឈឺ​ក៏​មិន​ហ៊ាន​ប្រាប់​គេ​ដែរ កុំ​ឱ្យ​គេ​គិត​ថា​ជា​មនុស្ស​ទម្រន់។ ម៉ែ​កាន់​​តែ​ស្រលាញ់​ខ្ញុំ​បន្តិច​ម្ដងៗ ពេល​ដែល​ពួក​យើង​មិន​នៅ​ជុំ​គ្នា ព្រោះ​ខ្ញុំ​មិន​ដែល​បង្ក​បញ្ហា​ដល់​អ្នកណា មាន​តែ​ជួយ​ធ្វើការ​គេ ថែម​ទាំង​រៀន​ក្លាយ​ជា​សិស្ស​ពូកែ លើក​មុខ​ម៉ាត់​ម៉ែ​មក​រហូត។

ពេល​ប្រលង​ធំៗ មិន​ថា​តែ​ថ្នាក់​ជាតិ ឬ​ក៏​សិស្ស​ពូកែ ខ្ញុំ​ទៅ​តែ​ម្នាក់​ឯង។ អ៊ីចឹង​ហើយ​ ដល់​ពេល​ខ្ញុំ​ឃើញ​គេ​ ដែល​មាន​ម៉ែ​ឪ​បង​ប្អូន​ជូន​ទៅ​មក ខ្ញុំ​ស្រាប់​តែ​អស់​សំណើច នឹក​ថា​ប៉ុណ្ណឹង​សោះ​ធ្វើ​ដូច​អស្ចារ្យ​ម្ល៉េះ បន្ទាប់​មក​ក៏​តាំង​នឹក​ស្រណោះ​ខ្លួន​ឯង។ គិត​ទៅ អាច​និយាយ​ថា​ ខ្ញុំ​តែង​តែ​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក​បំផុត​តែ​ម្នាក់​ឯង។ ថាទៅ​មើ ដល់​ពេល​រីករាយ​ តើ​ខ្ញុំ​អាច​ឆ្លង​ជាមួយ​អ្នកណា? មាន​អ្នក​ខ្លះ​ព្យាយាម​ឱ្យ​ខ្ញុំ​ស្និទ្ធ​ស្នាល​នឹង​ម៉ែ ឱ្យ​ដូច​ដែល​ពួក​គេ​បាន​ធ្វើ ហើយ​ថា​ឱ្យ​ខ្ញុំ តែ​ពួក​គេ​មិន​ដែល​ដឹង​សោះ​ថា ​ស្ថាន​ភាព​គេ​និង​ខ្ញុំ​ខុស​គ្នា​ប៉ុណ្ណា។ មាន​អ្នកណា​យល់​ពី​ខ្ញុំ?

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

ម្នាក់ឯង ទេវតាមិនលម្អៀង

17 មតិ Add your own

  • 1. Sotheavy Nhep  |  ខែ​កុម្ភៈ 18, 2013 ម៉ោង 11:32 ល្ងាច

    អារម្មណ័មួយដែលពិបាកនឹងនិយាយប្រាប់ទៅមនុស្សទូទៅ។​ គេប្រហែលជាមិនយល់ រឺក៏ធ្វើជាយល់។​ វាជាការពិតទាំងអារម្មណ័មួយប្រភេទដែល​មានតែអ្នកធ្លាប់ជួបផ្លាល់បានយល់ ។

    ឆ្លើយតប
  • 2. billyphnompenh  |  ខែ​កុម្ភៈ 19, 2013 ម៉ោង 9:34 ព្រឹក

    ចូរធ្វើល្អហ្នឹងគាត់ គ្មានម្តាយណាដែលមិនស្រលាញ់កូនទេ គាត់មានហេតុផលរបស់គាត់ដែលត្រូវឃ្លាតឆ្ងាយពីអ្នក ចូរគិតថាពេលវេលាតិចណាស់ដែលគាត់ហ្នឹងអាចនៅជាមួយយើងតទៅទៀត ចឹងគួរធ្វើអោយល្អបំផុតដើម្បីគាត់ ធ្វើអោយដូចគាត់ពេលស្រលាញ់អ្នកដោយគ្មានលក្ខខណ្ឌ!

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​កុម្ភៈ 19, 2013 ម៉ោង 11:57 ព្រឹក

      ខ្ញុំយប់ពីបញ្ហានេះ ទើបខ្ញុំខំប្រឹងដូចដែលបានសរសេរ ប៉ុន្តែវាពិបាកដូចទឹកហូរឡើងភ្នំ។ យ៉ាងណាខ្ញុំក៏មិនដែលធ្វើអាក្រក់អីដាក់គាត់ដែរ តែងតែគិតពីគាត់ មិនដែលធ្វើអីឱ្យគាត់បារម្ភពីខ្ញុំឡើយ គ្រាន់តែខ្ញុំចូលចិត្តរស់នៅម្នាក់ឯង ព្រោះគាត់ទម្លាប់ឱ្យជីវិតខ្ញុំក្លាយជាបែបនេះ។ កាលពីតូចគាត់មិនមើលថែខ្ញុំ ជាហេតុដែលខ្ញុំគ្មានភាពស្និទ្ធស្នាលនឹងគាត់។ ក្នុងលោកនេះគ្មានអ្នកណាស្រលាញ់ខ្ញុំដោយគ្មានលក្ខខណ្ឌទេ បើខ្ញុំមិនល្អ ក៏គ្មានអ្នកស្រលាញ់ខ្ញុំដែរ។

      ឆ្លើយតប
      • 4. billyphnompenh  |  ខែ​កុម្ភៈ 19, 2013 ម៉ោង 1:38 ល្ងាច

        ខ្ញុំយល់ពីអារម្មណ៏អ្នក តែអ្នកគួរគិតថាគាត់មានមូលហេតុគាត់ដែលត្រូវទុកអ្នកចោល គ្មានម្តាយណាមិនចង់រស់នៅជួបជុំកូននិគ្រួសារនោះទេ អ្នកសំណាងណាស់ដែលមានគាត់ អ្នកខ្លះកើតមកមិនមានម្តាយឪពុកសម្រាប់ហៅដូចគេផង!!!

      • 5. Dewyn  |  ខែ​មីនា 1, 2013 ម៉ោង 1:54 ល្ងាច

        Touching my heart! I am a mother, I understand why your mother acted that to you at that time. No nephew or niece can replace her son, but she was acting, she pretended for the situation she’s facing. It must be hurt than never in her life to know that you were hurt because of her MV at that time.

      • 6. ចាន់សន  |  ខែធ្នូ 9, 2015 ម៉ោង 2:39 ល្ងាច

        ចង់ប្រាប់ថាខ្ញុំពិតជាកោតសរសើរនឹងភាពតស៊ូប្រឹងប្រែងរបស់បងខ្លាំងណាស់ (ជាពិសេសគឺបងមានទឹកដៃការសរសេរដែលធ្វើអោយអ្នកអានមានអារម្មណ័ថាដូចបាននៅក្នុងសាច់រឿងរបស់បងដែលកំពុងរៀបរាប់ បើមានឧ៝កាសបានទៅខ្មែរ ខ្ញុំនឹងទៅរកទិញសៀវភៅប្រលោមលោកដែលបងសរសេរមកអានអោយបានច្រើន ពេលនេះមានឧ៝កាសបានអានត្រឹមរឿងដែលបងយកមកសរសេរក្នុងប្លុកបន្តិចបន្តួច ស្តាយដល់ហើយ)

  • 7. ហេង ឧត្តម  |  ខែ​កុម្ភៈ 19, 2013 ម៉ោង 12:37 ល្ងាច

    មាន​តែ​អ្នក​ធ្លាប់ ទើប​យល់…
    ហ៊ឹម.. ជីវិត​ជា​ជន​រសាត់​អណ្តែត ពិតជា​លំបាក​រក​កោះត្រើយ​ណាស់​បង​អើយ!! ខ្ញុំ​ក៏​ជា​ជន​ជំពូក​នេះ​ដែរ!!

    ឆ្លើយតប
  • 8. Chanphal Sok  |  ខែ​កុម្ភៈ 20, 2013 ម៉ោង 12:07 ព្រឹក

    ក្នុងរឿង ក្ដីស្រមៃរបស់តួឯក ច្រើនតែបានសម្រេចនៅចុងបញ្ចប់ ប៉ុន្តែក្នុងជីវិតពិត ក្ដីស្រមៃនៅតែជាក្ដីស្រមៃ… តើមកពីអ្វី? ឬមកពីយើងមិនមែនជាតួឯក?

    ឆ្លើយតប
    • 9. PR  |  ខែមករា 24, 2014 ម៉ោង 4:11 ល្ងាច

      ពី ព្រោះរឿងឋិតនៅលើចុងបុិចរបស់អ្នកនិព្ធន តែជីវិតយើង គឺជារបស់យើង… ការស្រមៃសម្រេចបាន រឺអត់ គឺនៅលើការខំប្រឹងប្រែងរបស់យើង. … ការពិតយើងគឺជាតួ សំរាប់ខ្លួនយើង…. គ្រាន់តែអត់ ដឹងថាយើង គិតថាខ្លួនយើង ជាតួរឺអត់….

      ឆ្លើយតប
  • 10. ចាន់ផល  |  ខែ​កុម្ភៈ 24, 2013 ម៉ោង 12:37 ព្រឹក

    មនុស្សនឹងលែងឯកា នៅពេលណាដែលគេចេះស្រលាញ់ខ្លួនឯង…

    ឆ្លើយតប
  • 11. Kun Kandol Sar  |  ខែ​មីនា 3, 2013 ម៉ោង 2:01 ល្ងាច

    បន្ទាប់ពីបានអានអត្ថបទអ្នករួច ​​វាស្ទើរតែធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក​ នឹងមានអារម្មណ៍ថាដូចជាមានភាពក្តុកក្តួលក្នុងចិត្ត។ ​ព្រោះអ្វីដែលខ្ញុំបានអាន វាហ៊ាក់បីដូចជាមានរៀងជាច្រើនដែលអាចនឹងស្រដៀងនឹងខ្ញុំផ្ទាល់។ តែខុស បន្តិចត្រង់ថាខ្ញុំមានទាំងម៉ែនិងប៉ា​ ​ហើ​​យខ្ញុំក៏ប្រាថាចង់គេងឲ្យបពួកគាត់ទាំងពីដូច​រូបអ្នកដែ តែតាំងតែពីតូចរហូតមកដល់ពេលនេះខ្ញុំប្រៀដូចជាកូនចាបមួយដែ​​​ដែលត្រូវបានបង្កើតមកហើយត្រូវតែរៀនរស់នឹងរកទីពុំនឹងដោយខ្លួបឯង។ពេលខ្លះខ្ញុំលួចច្រណែននឹងគ្រួសារគេពេលដែលឪពុក​​ម្តាយគេចេះថ្នាក់ថ្មមនឹកផ្តល់ភាពកក់ក្តៅទៅដល់កូនៗរបស់ពួកគេ។ប្រហែលនេះមកពីគេមានសំណាងតែ​​យើងគ្មានសំណាងដូចគេ។
    តែទោះបីជាយ៉ាងណាខ្ញុំនៅតែស្រលាញ់ម៉ែនឹងប៉ារបស់ខ្ញុំ ហើយទោះបីជាគាត់ពុំបានផ្តល់សេចក្តីស្រលាញ់ដូចជាគ្រួសារគេដ៏ទៃក៏ដោយ​​​ តែខ្ញុំសង្ឃឹមថាពេលដែលខ្ញុំបានជោគជ័យ​ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹងមានឲ្យកាស់ធ្វើឲ្យគាត់ដឹងថា កូនម្នាក់នេះស្រលាញ់ពួកគាត់។(*.*;)

    ឆ្លើយតប
  • 12. ចាន់ផល  |  ខែ​មីនា 3, 2013 ម៉ោង 10:06 ល្ងាច

    ចួនកាលបណ្ដាលមកពីការយល់ដឹងរបស់ឪពុកម្ដាយ… ម៉ែខ្ញុំធ្វើឱ្យខ្ញុំអន់ចិត្តជាច្រើនរឿង ដែលគាត់មិនបានដឹងខ្លួន។ កាលពីម្សិលមិញ ខ្ញុំឮម្ដាយម្នាក់និយាយទូរស័ព្ទទៅកូនដែលកំពុងឈឺ​ដោយពាក្យផ្អែមល្អែម យកចិត្តទុកដាក់ ធ្វើឱ្យខ្ញុំនឹកឃើញខ្លួនឯង… កាលពីតូចខ្ញុំពុលឡាន ពុលរលក ពេលទៅណាជាមួយម៉ែម្ដងៗ ម៉ែតែងតែនិយាយដោយមួរម៉ៅថា «ថ្ងៃក្រោយអញលែងនាំដើរជាមួយទៀតហើយ!» ខ្ញុំកំពុងតែឈឺ គាត់បែរជានិយាយបែបនេះ ហ៊ឺ… តែយ៉ាងណាក៏មានតែគាត់ដែរ ដែលបារម្ភខ្ញុំជាងគេ គ្រប់ពេលដែលខ្ញុំឈឺ។

    ឆ្លើយតប
    • 13. Kun Kandol Sar  |  ខែ​មីនា 4, 2013 ម៉ោង 11:02 ល្ងាច

      និយាយរឿងនឹកវាបានធ្វើឲ្យ​ខ្ញុំនឹកដល់រឿងមួយដែ​​​ កាលពីខ្ញុំរៀនថ្នាក់ប្រហែលជាទី២​ឬទី៣​ខ្ញុំចាប់មិនច្បាស់ មានថ្ងៃមួយខ្ញុំត្រឡប់មកពីសាលាវិញ នៅតាមផ្លូវមកផ្ទះខ្ញុំបានឈ្លោះជាមួយមិត្តភក្តិម្នាក់ គេរៀនថ្នាក់ជា​មួយគ្នារ​ តែគេមានអាយុរច្រើនជាងខ្ញុំប្រហែលជាពីរឬបីឆ្នាំ ហើគេមានមាឌធំនឹងខ្ពស់ជាងខ្ញុំ​​​ហើយគេក៏ជាំក្មេងដែកខិលខូចជាងគេប្រចាំភូមិដែរ។ មកដល់ផ្ទះវិញខ្ញុំបាននិយាយប្រាប់ម៉ែ​​​ ម៉ែបានដឹកដៃខ្ញុំទៅផ្ទះគេដើម្បីសួរមូលហេតុ ទៅដល់ផ្ទះគេម៉ែបានសួរគេ(ខ្ញុំពុំចាំថាគាត់សួរអីខ្លះទេទៅគេពេលនោះ ហើយគាត់ក៏បានសួរខ្ញុំដែ​​តែភ្លេចហើយពេលនេះ)​​​ បន្ទាប់ពីបានសួររូចរាល់ហើយគាត់ពុំបានស្តីបន្ទោសគេទេ​ តែបែជានៅតាមផ្លូវត្រឡប់មកផ្ទះគាត់បានស្តីបន្ទោសខ្លាំងៗដាក់ខ្ញុំ បន្ទាប់មកគាត់ក៏បានទះកំផ្លៀងខ្ញុំមួយដៃ ឈាមក៏បានហូរចេញតាមច្រមុះរបស់ខ្ញុំយ៉ាងច្រើន ខ្ញុំក៏បានរត់គេចពីគាត់នឹង​រត់ទៅរកប្រលាយ​​ដើម្បីលាងជុំរះ។ពេលនោះខ្ញុំសែនតូចចិត្តណាស់ហេតុអីបានជាម៉ែ​ ធ្វើបែបនេះ ។​ ពេលនោះដែខ្ញុំសែនមានសេចក្តីឈឺផ្សាស្ទើតែរកអីប្រៀបផ្ទឹមពុំបាន​ នឹកស្ទើរតែរត់ចេញពីផ្ទះ​​ មិនចងើឲ្យឃើញមុនម៉ែ (​នៅពេលនោះខ្ញុំនៅក្មេងខ្ចីណាស់អាយុប្រហែល​៨ទៅ៩​ឆ្នាំ)​​ តែទោះបីជាយ៉ាងណាគាត់នៅតែជាអ្នកមានគុណរបស់ខ្ញុំ។ ឆាកជីវិតពិតជាអយុត្តិធម៍ចំពោះខ្ញុំណាស់។

      ឆ្លើយតប
  • 14. ចាន់ផល  |  ខែ​មីនា 7, 2013 ម៉ោង 11:52 ល្ងាច

    តាមពិតទៅ មានអត្ថបទជាច្រើនបានសរសេរពីទឹកចិត្តម៉ែ ប៉ុន្តែកូនក៏មានរឿងក្នុងចិត្ត ដែលម៉ែគួរតែដឹងដែរ! នេះជាកំណត់ហេតុរបស់ខ្ញុំ ដែលមិនហ៊ានឱ្យម៉ែខ្ញុំអាន។

    ឆ្លើយតប
  • 15. កៅ សុកជា  |  ខែ​មីនា 12, 2013 ម៉ោង 8:40 ព្រឹក

    ពេលខ្លះភាពកំសាក និងការគេចវេសមិនមែនជាដំណោះស្រាយឡើយ វាអាចនឹងធ្វើឱ្យអ្នកមានវិប្បដិសារីអស់មួយជីវិត។ ផ្ទុយទៅវិញ បើសិនជា​អ្នកក្លាហានហ៊ាននិយាយជាមួយគាត់ នោះស្ថានភាពប្រហែលជាអាចប្រ​សើរជាងនេះ។ ឧទាហរណ៍អ្នកឈឺក្រពះទេ តែបែរជាលេបថ្នាំផ្តាសាយ តើរយៈពេល​ប៉ុន្មានទៅទើបជម្ងឺអ្នកបានជា។ វាមិនអាចទៅរួចទេ ថ្ងៃណាមួយវាកកើត​ជាជម្ងឺរ៉ាំរ៉ៃ ដែលគ្មានថ្ងៃនឹងសះស្បើយឡើយ។
    ចុងក្រោយ ខ្ញុំលើកទឹកចិត្តអ្នកឱ្យហ៊ានយករឿងនេះទៅនិយាយជាមួយ​គាត់ បើទោះជាគាត់ស្តាប់ ឬ មិនស្តាប់នោះជារឿងរបស់គាត់ តែសំខាន់​អ្នកបានធ្វើរឿងដែលអ្នកគួរតែធ្វើ។

    ឆ្លើយតប
  • 16. Nich  |  ខែមិថុនា 2, 2015 ម៉ោង 9:15 ល្ងាច

    Understanded! But no idea what to reply……

    ឆ្លើយតប
  • 17. Mean Kosal  |  ខែធ្នូ 15, 2015 ម៉ោង 3:31 ល្ងាច

    ក្នុងលោកនេះគ្មានអ្នកណាស្រលាញ់ខ្ញុំដោយគ្មានលក្ខខណ្ឌទេ បើខ្ញុំមិនល្អ ក៏គ្មានអ្នកស្រលាញ់ខ្ញុំដែរ សម្ដីរបស់បងផលមួយម៉ាត់នេះខ្ញុំស្ដាប់ទៅដូចភ្ញាក់ពីយល់សប្ដិចឹងល្អខ្លាំងណាស់

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,441 hits
Visit Cute-Spot.com!

%d bloggers like this: