ខ្ញុំ និង ការនិពន្ធទំនុកច្រៀង
ខែមីនា 10, 2012 at 4:25 ល្ងាច មតិ 20
ពេលមានគេសួរថា ម៉េចក៏ខ្ញុំចេះសរសេរចម្រៀង ខ្ញុំក៏ខំរកនឹកពីដើមហេតុ។ រឿងខ្លះបើមិនកត់ទុកពិតជាត្រូវពេលវេលាធ្វើឱ្យភ្លេចមិនខាន។ ខ្ញុំចាប់ផ្ដើមនឹកឃើញរឿងមួយសិន គឺពេលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំចេះចាប់អារម្មណ៍នឹងពាក្យពេចន៍អ្នកប្រាជ្ញ ដោយលួចគិតថា ចង់ក្លាយជាដូចពួកគាត់ អាចសរសេរឃ្លាឱ្យគេឯងគិត រួចក៏ចេះតែសរសេរគំនិតដែលខ្លួនឯងនឹកឃើញទុក ទាំងដែលគិតថា មនុស្សសម័យនេះទៅហើយ ទោះនឹកឃើញអ្វីក៏ក្រោយគេដែរ 😀 ក្រោយមកទៀតខ្ញុំក៏យល់ថា មិនមែនឱ្យតែចង់ធ្វើគឺសុទ្ធតែអាចធ្វើបានទេ ហើយអ្នកប្រាជ្ញទាំងនោះក៏ប្រហែលជាគ្មានចេតនាឱ្យអ្នកណាចាំឈ្មោះខ្លួនក៏ថាបាន ដោយពួកគាត់គ្រាន់តែធ្វើអ្វីដែលខ្លួនចង់ធ្វើទាន់ពេលមិនទាន់ស្លាប់។ មនុស្សជាអ្នកធ្វើ ព្រះជាអ្នកសម្រេច ឬក៏អាចនិយាយថា ខ្ញុំជាអ្នកធ្វើ អ្នកជាអ្នកសម្រេច។
បន្តមកទៀត ខ្ញុំក៏នឹកត្រឡប់ទៅកាន់តែឆ្ងាយទៀត ទៅដល់ពេលដែលចាប់ផ្ដើមចូលចិត្តស្ដាប់ចម្រៀងខ្លាំង។ ពេលនោះខ្ញុំចូលរៀនអនុវិទ្យាល័យ ហើយដោយរំភើបនឹងបទចម្រៀងពេក នៅថ្នាក់ទី៨ ខ្ញុំក៏បានសរសេរទំនុកច្រៀងទីមួយ តាមលំនាំបទចម្រៀងដែលខ្ញុំចូលចិត្ត។ វាមិនបានការអីទេ ហើយដែលខ្ញុំធ្វើនៅពេលនោះក៏ព្រោះខ្ញុំមានសៀវភៅគំនូរមួយ ទើបចង់ចេះសរសេរចម្រៀងដាក់ក្នុងសៀវភៅនោះដែរ។ សរសេរចម្រៀងមិនបានល្អទេ តែក៏អាចយកទៅច្រៀងបាន តែគំនូរដែលខ្ញុំគូរគឺល្អណាស់ 😉
ខ្ញុំដូចជាបានសរសេរចម្រៀងមួយឬក៏ពីរបទ រួចក៏ទុកកិច្ចការនេះចោល រហូតដល់ខ្ញុំចូលរៀនថ្នាក់ទីប្រាំបួន។ កាលហ្នឹងខ្ញុំរៀនកំណាព្យឆាប់ចេះណាស់ ឬក៏អាចនិយាយថា កំណាព្យគ្មានអីលំបាកយល់ផង គ្រាន់តែសរសេរឱ្យជួនៗទៅបានហើយ។ នោះជាទុនមួយដែលខ្ញុំបានមកពីចូលចិត្តស្ដាប់ចម្រៀង ស្ដាប់បទល្បីៗនាសម័យនោះ ព្រមទាំងបទចម្រៀងសល់ពីសម័យសង្គម ពោលវាជាមេរៀនចាប់ចុងជួនរបស់ខ្ញុំ។ ក្រោយមកខ្ញុំអាចក្លាយជាសិស្សពូកែអក្សរសាស្ត្រខ្មែរប្រចាំខេត្តក្រចេះ ក៏ព្រោះតែខ្ញុំប៉ិនតែងកំណាព្យ។
ខ្ញុំចាប់ផ្ដើមតែងចម្រៀងម្ដងទៀត ពេលរៀនថ្នាក់ទី១១ គឺតែងឱ្យមិត្តរួមថ្នាក់ច្រៀង មានបទ «ព្រែកកាំពីផ្ដើមស្នេហ៍» នេះជាដើម។
ពេលនោះខ្ញុំចាប់ផ្ដើមយល់ច្បាស់ពីចំណាប់ជួនក្នុងចម្រៀង ហើយពេលស្ដាប់ចម្រៀងចេញថ្មីៗនាសម័យនោះ ខ្ញុំក៏ឱ្យពិន្ទុលើទឹកដៃរបស់អ្នកនិពន្ធ ថាតើអ្នកណាចេះតែងជួនឆ្លងល្បះដូចកំណាព្យ អ្នកណាដែលសរសេរឱ្យតែបាន ដោយមិនខ្វល់ពីក្បួនកំណាព្យ។ ទំនុកច្រៀងហាក់ដូចជាកើតចេញពីកំណាព្យអ៊ីចឹង ពោលបទចម្រៀងអង់គ្លេសគឺមានលំនាំដូចពាក្យកាព្យអង់គ្លេស រីឯចម្រៀងខ្មែរគឺមានលំនាំដូចពាក្យកាព្យខ្មែរ។
ខ្ញុំចាប់ផ្ដើមចេះសរសេរទំនុកច្រៀងតាំងពីពេលនោះ ដែលមានមិត្តភក្តិក្នុងសាលាជាច្រើនគាំទ្រ ប៉ុន្តែអនាគតអាចក្លាយជាអ្នកនិពន្ធទំនុកច្រៀងឬអត់ គ្មានអ្នកណាទាយដឹងទេ។ ខ្ញុំនៅតែបន្តសរសេរចម្រៀងតាមបទចម្រៀងដែលខ្ញុំចូលចិត្ត រហូតដល់ពេលមករៀនសាកលវិទ្យាល័យនៅភ្នំពេញ ហើយមានឱកាសសរសេរទំនុកច្រៀងឱ្យក្រុមហ៊ុនហង្សមាស ពេលខ្ញុំរៀនឆ្នាំទី៣។ ការដែលបានចូលជាអ្នកនិពន្ធទំនុកច្រៀងនេះ ក៏ព្រោះហេតុផលជាច្រើន ហើយដែលសំខាន់គឺខ្ញុំព្យាយាមប្រឡូកក្នុងវិស័យតែងនិពន្ធគ្រប់ប្រភេទ មានទាំងការនិពន្ធប្រលោមលោក និងរឿងខ្លីជាដើម។
នេះគឺជាគំនូសចំណាប់ចុងចួនដែលខ្ញុំចង់បង្ហាញ តាមរយៈស្នាដៃខ្ញុំ៖
1.
writing songs lovers | ខែមីនា 11, 2012 ម៉ោង 8:12 ព្រឹក
បន្ទាប់ពីខ្ញុំបានអានអត្ថបទនេះហើយ ខ្ញុំសង្កេតឃើញថា ការពិតទៅរឿងរបស់បងគឺប្រហាក់ប្រហែលនឹងខ្ញុំដែរ ។ តាមពិតទៅខ្ញុំស្រឡាញ់លើការតែងនិពន្ធនេះណាស់ តាំងពីខ្ញុំរៀនអនុវិទ្យាល័យម្ល៉េះ ហើយខ្ញុំបាននឹងកំពុង សរសេរបទចំរៀងមួយចំនួនដោយយក លំនាំបទភ្លេង ពីសម័យលោកតាអធិរាជសំលេងមាស ស៊ិន ស៊ីសាមុត នាពេលបច្ចុប្បន្ននេះ ។ ប៉ន្តែ ខ្ញុំមិនដឹងថា តើខ្ញុំអាចក្លាយជាអ្នកនិពន្ធដូចបងផល ដែរ ឬទេ? ពេលនេះខ្ញុំមានសំនួរមួយសូមសួរដល់បង តើបទចំរៀងមួយបទ រវាងទំនុកច្រៀង និង ទំនុកភ្លេង មួយណាកើតមុន?
សុំទោសទុកមុន ប្រសិនបើមានកំហុសឆ្គងក្នុងការសរសេរដោយអចេតនា ជាពិសេសគឺអក្ខរាវិរុទ្ធ ៕
2.
ចាន់ផល | ខែមីនា 12, 2012 ម៉ោង 2:05 ល្ងាច
ទំនុកច្រៀង និង បទភ្លេង មួយណាកើតមុនក៏បានដែរ ពោលគឺតាមអារម្មណ៍ផ្ដល់ឱ្យទៅអ្នកសរសេរ ជួនកាលក៏សរសេរបទភ្លេងមុន រង់ចាំទំនុកច្រៀង ជួនកាលទៀតក៏សរសេរទំនុកច្រៀងមុន រង់ចាំបទភ្លេង ហើយជួនកាលបទភ្លេងនិងទំនុកច្រៀងក៏កើតឡើងក្នុងពេលតែមួយទៀតផង។
3.
writing songs lovers | ខែមីនា 13, 2012 ម៉ោង 8:34 ព្រឹក
ច៊ឹងខ្លុំសុំសួរបងមួយទៀត នៅពេលបងសរសេរបទចំរៀងដែលបទភ្លេងនិពន្ធថ្មី ដូចជាបទ ហេតុអ្វីស្គាល់បង រនោចខ្លោចចិត្ត អ្នកជាកូនប្រុស ជាដើមជាទូទៅ(ភាគច្រើន) តើបងសរសេរទំនុកច្រៀងមុន ឬ ក៏គេនិពន្ធបទភ្លេងមុន ឬ ក៏ធ្វើការសហការជាមួយគ្នា ? ខ្ញុំពិតជាចង់ដឹងត្រងចំនុចនេះណាស់បង៕
4.
ចាន់ផល | ខែមីនា 13, 2012 ម៉ោង 1:19 ល្ងាច
ចំពោះបទដែលប្អូនលើកឡើងទាំងនេះ គឺខ្ញុំបានសរសេរទំនុកច្រៀងក្រោយបទភ្លេង។ ការសរសេរទំនុកច្រៀងមុនបទភ្លេងគឺមានសភាពល្ហល្ហៀវបន្តិច ព្រោះយើងត្រូវធ្វើឱ្យមានក្បួតខ្នាតត្រឹមត្រូវ ដើម្បីងាយដល់អ្នកនិពន្ធបទភ្លេង។ ទោះយ៉ាងណា ខ្ញុំធ្លាប់សួរលោកគ្រូភ្លេងមួយចំនួន គាត់ថា បើមានទំនុកច្រៀងមុន គាត់ងាយនឹងធ្វើភ្លេងតាមជាង។
5.
writing songs lovers | ខែមីនា 14, 2012 ម៉ោង 8:40 ព្រឹក
ដល់បងនិយាយអញ្ចឹង គឺធ្វើអោយខ្ញុំកាន់តែមានចម្ងល់ទៀតហើយ ។ បងបាននិយាយថា បងសរសេរទំនុកច្រៀងក្រោយ ទំនុកភ្លេង ចឹងតើបងអាចសរសេរទៅតាមបទភ្លេងយ៉ាងម៉េចទៅ ពីព្រោះខ្ញុំធ្លាប់អានការសន្ទនារបស់បង និង ប្រិយមិត្រុម្នាក់ បងប្រាប់ថា បងអត់ចេះភ្លេងផងហ្នឹង? សួមបងជួយផ្តល់ការណែនាំដល់ប្ងូនផង៕
6.
ចាន់ផល | ខែមីនា 14, 2012 ម៉ោង 1:38 ល្ងាច
ខ្ញុំអត់ចេះភ្លេង មានន័យថា ខ្ញុំអត់ចេះលេងភ្លេង តែខ្ញុំអាចស្ដាប់ភ្លេងបាន ហើយចំពោះបទដែលគេតែងភ្លេងមុន អ្នកភ្លេងក៏បានគ្រហ៊ឹមសំឡេងច្រៀង ឬក៏ចុចព្យាណូជាសំឡេងច្រៀងឱ្យខ្ញុំស្ដាប់ ដើម្បីដឹងថាត្រូវដាក់ពាក្យប៉ុន្មានម៉ាត់។
7.
writing songs lovers | ខែមីនា 15, 2012 ម៉ោង 8:35 ព្រឹក
បានលឺបងប្រាប់ដូច្នេះ ទំរាំបានចំរៀងមួយបទៗ ពុំមែនជារឿងងាយស្រួលនោះទេ តែទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថា បងនឹងខិតខំសរសេរបទថ្មីៗ ដើម្បីអោយលោកគ្រូភ្លេងសរសេរបទភ្លេងថ្មីៗ ដើម្បីទុកជាកេរ្តិ៍ដំនែលដល់កូនខ្មែរជំនាន់ក្រោយ ៕ បើតាមខ្ញុំស្តាប់ចំរៀង ជាពិសេសគឺចំរៀងកាលពី សម័យបុរាណ ខ្ញុំសង្កេតឃើញថា កវីនិពន្ធទំនុកច្រៀងភាគច្រើន គឺតែងនិយមប្រើកំណាព្យបទពាក្យប្រំាបី នៅក្នុងទំនុកច្រៀងរបស់ពួកគាត់ ។ ចុះបងយល់ឃើញយ៉ាងណាដែរ ? សួមអរគុណចំពោះរាល់ការឆ្លើបតបរបស់បង ៕
8.
ចាន់ផល | ខែមីនា 15, 2012 ម៉ោង 5:00 ល្ងាច
ខ្ញុំក៏សង្កេតឃើញអ៊ីចឹងដែរ ភាគច្រើនគឺសរសេរតាមបទពាក្យប្រាំបី។
9.
អ្នកស្នេហាជាតិខ្មែរ | ខែមីនា 11, 2012 ម៉ោង 12:56 ល្ងាច
ខ្ញុំឃើញថាបងសំណាងណាស់ ផ្ទុយពីខ្ញុំស្រឡះ ដែលពុំដែលមាន សំណាងនេះឡើយ។ ខ្ញុំក៏បាននិពន្ធទំនុកច្រៀងជាងដប់បទដែរ ហើយក្នុងនោះមាន៧បទគឺទំនុកច្រៀងថ្មីពុំមានយកលំនាំអ្នកណាទេ ប៉ុន្តែទោះជាទំនុកច្រៀង ពាក្យពេចន៍ ល្អរហូតដល់មិត្តភក្តិសរសើរគ្រប់គ្នាក៏ដោយ ក៏ទំនុកច្រៀងទាំងនោះពុំបានចេញផ្សាយដែរ។ បងដឹងទេ? ខ្ញុំបានផ្ញើរទំនុកច្រៀងប្រាំបទទៅអ្នកកាសែតម្នាក់(សុំមិនបញ្ចេញឈ្មោះ)ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងគួរសមផ្នែកសិល្បៈនៅរាជធានីភ្នំពេញ ដែលកំឡុងពេលនោះគាត់បានមកធ្វើជាពិធីករនៅក្នុងស្ថានីយ៍វិទ្យុមួយក្នុងខេត្តរបស់ខ្ញុំ (បន្ទាយមានជ័យ) បន្ទាប់ពីខ្ញុំបានផ្ញើរអត្ថបទប្រលោមលោកមួយ ដែលមិត្តភក្តិជាច្រើនក្នុងវិទ្យាល័យខ្ញុំសរសើរគ្រប់ៗគ្នាថាវាល្អ ទៅជូនគាត់១ សប្តាហ៍មុន។ ខ្ញុំហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពី១ឆ្នាំក្រោយ(គឺពេលខ្ញុំរៀនថ្នាក់ទី១១) ទាំងអត្ថបទចម្រៀង ទាំងប្រលោមលោកពុំត្រូវបានចេញផ្សាយឡើយ ទោះជាពេលនោះខ្ញុំបានលុតជង្គង់អង្វរគាត់ឲ្យជួយយកវាទៅដាក់តាមផលិតកម្ម ហើយខ្ញុំមិនទាមទារថ្លៃអត្ថបទសរសេរទេ សុំត្រិមតែវាបានចេញផ្សាយនោះ។ ដោយហេតុតែខ្ញុំសម្លឹងឃើញថាពេលនោះបទចម្រៀងភាគច្រើនយកលំនាំពីគេ(ឆ្នាំ២០០៨) ដូច្នេះខ្ញុំចង់ឲ្យមានចម្រៀងដែលមានទំនុកច្រៀងផ្ទាល់ដោយខ្លួនឯងមានកាន់តែច្រៀងទើបខ្ញុំខំសរសេរយ៉ាងផ្ចិតផ្ចង់ ហើយផ្ញើរទៅ។ ដោយសាររឿងនេះខ្ញុំក៏លែងនិពន្ធចាប់ពីពេលនោះទៅ ហើយខ្ញុំក៏មិនដឹងថាមានវិធីណាអាចឲ្យ អត្ថបទទាំងនោះចេញផ្សាយទេ ព្រោះខ្ញុំក្រ។តែវិស័យកំណាព្យខ្ញុំនៅតែនិពន្ធ ហើយរាល់អត្ថបទកាព្យរបស់ខ្ញុំ ខ្ញុំតែងតែគិតជានិច្ចពីបញ្ហាជួន ដោយខ្ញុំតែងឲ្យជួយល្អបំផុត ដោយឲ្យពួក«អ» ជួនពួក«អ» ឯពួក«អ៊»ត្រូវជួនពួក«អ៊»។ រហូតថ្នាក់ទី១២ (ឆ្នាំ២០១២) ខែត្តរបស់ខ្ញុំតម្រូវឲ្យវិទ្យាល័យនីមួយៗយកកំណាព្យរបស់សិស្សដែលទុករយៈពេលឲ្យតែង២ថ្ងៃក្រោមប្រធានបទគ្រឿងញៀន ក្នុងនោះកំណាព្យរបស់ខ្ញុំត្រូវបានទទួលចំណាប់អារម្មណ៍ខ្លាំងជាងគេលើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរទៅទៀត ទោះជាពេលនោះខ្ញុំគ្រងដំណែងសិស្សពូកែផ្នែករូបវិទ្យាលេខ១ប្រចាំខេត្តក្តី។និយាយទៅដូចជាអួតបន្តិច តែវាជាការពិត។ពេលខ្លះខ្ញុំក៏ចង់តែងចម្រៀងវិញដែរ តែពេលនឹកដល់រឿងកាលពីថ្នាក់ទី១០ ខ្ញុំក៏ឈប់ និពន្ធវិញ ខ្ញុំប្រហែលជាគ្មានវាសនាផ្នែកហ្នឹងទេមើលទៅ ម្យ៉ាងសព្វថ្ងៃខ្ញុំបានចូលសិក្សាផ្នែកវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) មិនមែនផ្នែកសិល្បៈតែងនិពន្ធផង។តែខ្ញុំសូមជូនពរបងឲ្យជោគជ័យក្នុងវិស័យតែងនិពន្ធនេះ ព្រោះបងនិពន្ធមានចំណាប់ជួនត្រឹមត្រូវ ខ្ញុំសូមសរសើរ ។មិនដូចកវីនិពន្ធមួយចំនួនចេះតែនិពន្ធឲ្យតែបានគ្មានត្រឹមត្រូវតាមក្បួនកាព្យខ្មែរសោះ គេទាំងនោះមិនស័ក្តិសមជាអ្នកនិពន្ធទេ។
10.
ចាន់ផល | ខែមីនា 12, 2012 ម៉ោង 2:39 ល្ងាច
បានអានរឿងរបស់ប្អូន ពិតជាគួរឱ្យសរសើរណាស់។ ការតែងនិពន្ធគឺជាចំណង់ចំណូលចិត្ត និងក្ដីស្រមៃ ហេតុនេះបើថ្ងៃក្រោយប្អូនមានលទ្ធភាព ប្អូនពិតជាអាចសម្រេចវាបាន ពោលគឺមានលទ្ធភាពដោយមិនបាច់ពឹងអ្នកណាឱ្យជួយឡើយ។ ដូចខ្ញុំក្នុងពេលនេះអ៊ីចឹង ក្នុងដៃមានទំនុកច្រៀង និងបទភ្លេងជាប់ខ្លួនជាច្រើនបទ ដែលមិនបានចេញផ្សាយ តែខ្ញុំថែទុក រង់ចាំថ្ងៃដែលខ្ញុំមានលទ្ធភាពអាចចេញផ្សាយខ្លួនឯង។ បើយើងមានការតាំងចិត្ត អ្វីក៏អាចធ្វើបានដែរ តែយើងត្រូវស្មោះត្រង់នឹងការតាំងចិត្តនោះ មិនមែនចេះតែតាំងចិត្តលើកិច្ចការរាប់មិនអស់ តើនឹងអាចសម្រេចបានទាំងអស់ម្ដេចនឹងកើត?
11.
អ្នកស្នេហាជាតិខ្មែរ | ខែមីនា 12, 2012 ម៉ោង 6:16 ល្ងាច
អគុណបងផល ចំពោះពាក្យក្រើនរំឭកដ៏ល្អនេះ។ ខ្ញុំនឹងយកពាក្យទាំងនេះរក្សាទុកក្នុងក្រអៅបេះដូងជានិច្ច។
12.
writing songs lovers | ខែមីនា 16, 2012 ម៉ោង 7:47 ព្រឹក
រីករាយណាស់ ដែលបងបានបង្កើតទំព័រ អនុស្សាវរីយ៍ នេះ ហើយធ្វើអោយខ្ញុំមានឱកាសជជែក សាកសួរ ពីបញ្ហាផ្សេងៗ ទាក់ទងនឹង ការនិពន្ធទំនុកច្រៀង ៕ ខ្ញុំនឹងរង់ចាំទទួលយកនូវបទពិសោធន៍ក៏ដូចជា ចំនេះដឹងជាច្រើនទៀត ពីបង៕ អរគុណមែនទែន សំរាប់ការចំនាយពេល ឆ្លើយតប ៕ Hmm I wonder why can I not add you as my friend at facebook? I wanna chat with you whenever we online at the same time…
13.
ចាន់ផល | ខែមីនា 16, 2012 ម៉ោង 1:08 ល្ងាច
On facebook, i’ve never online at all lol my friends now are over 5000 can’t have more friends but you can like my page and write comment with me as well. This is my page on facebook: http://www.facebook.com/pages/Sok-Chanphal-Khmer-Writer/330715723815
14.
writing songs lovers | ខែមីនា 17, 2012 ម៉ោង 8:25 ព្រឹក
hmmm do you have accounts on facebook? which one do you prefer play? I saw another one account put your name and picture…
15.
writing songs lovers | ខែមីនា 17, 2012 ម៉ោង 8:30 ព្រឹក
oh, I mean do you have two accounts? but I forget to write the word Two… 😀 sorry, bart:D
16.
ចាន់ផល | ខែមីនា 17, 2012 ម៉ោង 10:57 ព្រឹក
It’s my account facebook i play: http://www.facebook.com/profile.php?id=1712131547 beside this please ignore.
17.
writing songs lovers | ខែមីនា 18, 2012 ម៉ោង 8:04 ព្រឹក
hmmmm In fact, I had added you for long time, but you have not yet accepted me… You have 5,004 friends, so I can’t be you friend…
18.
boxent | ខែកក្កដា 4, 2012 ម៉ោង 4:12 ល្ងាច
សូមអភ័យទោសបងផល! ខ្ញុំមិនមានពេលច្រើនសម្រាប់អានមតិទាំងអស់ខាងលើទេ ទើបមិនបានដឹងថាគេជជែកពីអ្វីខ្លះ។ ប៉ុន្តែ ខ្ញុំចាប់អារម្មណ៍ណាស់ចំពោះអត្ថបទមួយនេះ ព្រោះបងបានបង្ហាញពីការចាប់ចុងជួនក្នុងអត្ថបទកំណាព្យ និងចម្រៀង។ វាល្អណាស់សំរាប់អ្នកទាំងអស់គ្នាក្នុងការយល់ពីការសរសេរកំណាព្យ ហើយក៏ជាទុនដ៏ធំសម្រាប់អ្នកសរសេរអត្ថបទចម្រៀងដែរ។ “សន្យាមុនគេង” របស់ សុគន្ធ កញ្ញា សរសេរបានល្អណាស់ ចាប់ចុងជួនត្រូវល្អ! ដោយឡែក “សន្យាមុនគេង” របស់ រិន សាវ៉េត, ហេតុអ្វីក៏រដិបរដុបម៉្លេះ? អ្នកណាជាអ្នកសរសេរបទនេះដែរ?
19.
Chamroeun | ខែវិច្ឆិកា 27, 2019 ម៉ោង 11:22 ព្រឹក
តើអាចជួយបង្ហាញបន្តិចបានទេ តើការតែងកំណាព្យ និងចម្រៀង វាខុសគ្នា ឬដូចគ្នាទេ?
20.
Phear Kimthuon | ខែមីនា 24, 2021 ម៉ោង 2:01 ល្ងាច
សួស្តីបង! ខ្ញុំបានអានអត្ថបទរបស់បងខាងលើដោយយកចិត្តទុកដាក់ ហើយពិនិត្យឃើញថាបងជាអ្នកនិពន្ធដ៏មានគុណភាព និងការតាំងចិត្តខ្ពស់ម្នាក់។ តាំងពីដើមមកខ្ញុំចូលចិត្តវិស័យតែងនិពន្ធនេះជាខ្លាំង (ផ្នែកកំណាព្យ)។ ខ្ញុំពិតជាចង់ចេះនិពន្ធបទចម្រៀងដូចបងណាស់តែខ្ញុំហាក់ពុំទាន់យល់ពីបែបបទនៃការតែងនិពន្ធបទចម្រៀងថ្មីសុទ្ធសាធនៅឡើយ។ ជាក់ស្តែងខ្ញុំអាចនិពន្ធកំណាព្យ និងបទចម្រៀងតាមលំនាំបទចាស់ៗបាន ប៉ុន្តែខ្ញុំមិនទាន់ចេះនិពន្ធបទចម្រៀងដែលមានទំនុកច្រៀងថ្មីនៅឡើយ។ ខ្ញុំហាក់នៅស្រពិចស្រពិលត្រង់ចំណុចនេះថាត្រូវចាប់ចុងចួន ឬគោរពតាមគោលការណ៍តែងនិពន្ធណាមួយជាក់លាក់ដើម្បីអាចសរសេរបទចម្រៀងថ្មីបាន។ ឬមួយមកពីខ្ញុំមិនចេះភ្លេង? ឬមួយខ្ញុំត្រូវអភិវឌ្ឍជំនាញអ្វីមួយបន្ថែម? សូមបងជួយណែនាំផង!!!