នេះជាបេះដូងខ្មែរ

ខែសីហា 26, 2011 at 3:53 ល្ងាច មតិ 20

ខ្ញុំចង់ឃើញខ្មែរស្រលាញ់គ្នាដូចក្នុងបទចម្រៀងនេះ…

ប្រហែល​ជា​លោកអ្នកជ្រាបហើយ មានមតិរិះគន់ជាច្រើន ចំពោះសិល្បៈចម្រៀងខ្មែរបច្ចុប្បន្ន ហើយខ្ញុំមានពាក្យជាច្រើនដែលមិនដែលនិយាយ… បើនិយាយច្រើន មានខុសអ្វីពីការពារខ្លួនឯង ព្រោះខ្ញុំក៏ជាមនុស្សម្នាក់ក្នុងសិល្បៈ។ បែបនេះខ្ញុំក៏ចេះតែគិតថា តើគួរនិយាយឬមិនគួរ… ប៉ុន្តែដោយតាំងខ្លួនជាមនុស្សស្មោះត្រង់ តើមានរឿងអ្វីដែលគួរលាក់បាំងនោះ? អ៊ីចឹងខ្ញុំក៏សរសេរអត្ថបទនេះ ដើម្បីបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្ញុំ។ …គឺដូចខ្មែរគ្រប់គ្នាអ៊ីចឹង ខ្ញុំចង់ឃើញសិល្បៈខ្មែរល្បី ហើយខ្ញុំមិនចង់សរសេរទំនុកច្រៀងឱ្យបទភ្លេងចម្លងគេទេ ព្រោះទោះជាខ្ញុំខំប្រឹងរកអត្ថន័យចម្រៀងខ្លួនឯងយ៉ាងណា ក៏នៅតែមានឈ្មោះថាបទភ្លេងចម្លងគេ។ ប៉ុន្តែខ្ញុំបែរជាធ្វើវារាល់ថ្ងៃ ហេតុនេះខ្ញុំសង្ឃឹមថា អ្នកដែលមានសុភវិនិឆ្ឆ័យនឹងយល់អារម្មណ៍ខ្ញុំ។

ក្នុងជីវិតមនុស្សប្រហែលជាមានរឿងពីរសំខាន់ មួយគឺក្រពះ ពីរគឺឧត្តមគតិ។ ចំពោះអ្នកមាន ពួកគេអាចលែងខ្វល់ពីក្រពះ គិតតែម្យ៉ាងគឺឧត្តមគតិ។ ប៉ុន្តែចំពោះអ្នកក្រដូចជាខ្ញុំ ដើម្បីរស់សម្រេចឧត្តមគតិ ត្រូវតែគិតពីក្រពះសិន។ ហេតុនេះខ្ញុំក៏ទ្រាំសរសេរទំនុកច្រៀងឱ្យបទភ្លេងចម្លង ដើម្បីអាចមានឱកាសសរសេរទំនុកច្រៀងឱ្យបទភ្លេងខ្មែរនិពន្ធថ្មីៗ និងដើម្បីបង្ហាញគំនិតអប់រំមួយចំនួនក្នុងបទចម្រៀង ពោលបើទោះជាបទភ្លេងចម្លង តែក៏មានអត្ថន័យជួយសង្គមបានខ្លះ ដូចជាបទ ក្រោកឈរ ឈាមពេជ្រ ព្រោះយើងជាមិត្ត និស្សិតជួបស្នេហ៍ ស្រលាញ់គឺលះបង់ ស្នេហ៍ស្មោះពិតជាមាន និងបទផ្សេងៗទៀត ដែលខ្ញុំព្យាយាមរកន័យលួងលោមអ្នកស្ដាប់ឱ្យរៀនរស់ដោយចិត្តត្រជាក់ លះបង់អារម្មណ៍ស្អប់ខ្ពើមគ្នា។ ជាលទ្ធផល រហូតមកដល់ពេលនេះ ខ្ញុំសរសេរទំនុកច្រៀងបានរាប់រយបទ ដែលក្នុងនោះមានបទភ្លេងខ្មែរនិពន្ធថ្មីរាប់សិនបទផងដែរ ទាំងបានចេញលក់ និងមិនទាន់ចេញលក់។

ដូចដែលលើកឡើងនេះ ខ្ញុំចង់បញ្ជាក់ថា បើខ្ញុំមិនព្រមតែងទំនុកច្រៀងឱ្យបទភ្លេងចម្លង ខ្ញុំក៏គ្មានឱកាសតែងបទថ្មីរបស់ខ្មែរ ក៏មិនអាចបញ្ចេញគំនិតអប់រំរបស់ខ្លួន។ ដូចគ្នា បើផលិតកម្មស្រុកខ្មែរមិនចម្លងបទភ្លេងគេខ្លះ ផលិតកម្មនោះក៏មិនអាចឈរខ្លួនហ្នឹង ត្បិតលក្ឌខណ្ឌស្រុកទេសមិនទាន់អំណោយផលក្នុងការផលិតស្នាដៃថ្មីនៅឡើយ។ អ្នកស្ដាប់មួយចំនួនបន្ទោសអ្នកផលិត ខណៈដែលអ្នកស្ដាប់ជាច្រើនមិនទាន់ឱ្យតម្លៃស្នាដៃផលិតថ្មីសោះ។ ប៉ុន្តែការបន្ទោសនេះមិនទាន់មានប្រសិទ្ធភាព ក៏មិនមែនជាដំណោះស្រាយ ផ្ទុយទៅវិញបានត្រឹមតែជម្លោះ ព្រោះខ្មែរមិនយល់អារម្មណ៍គ្នា។

ជួនកាលខ្ញុំគិតជ្រៅពីសិល្បៈខ្មែរ ថាតើដល់ពេលណាទើបរីកចម្រើន សម័យកូនខ្ញុំ ឬក៏ចៅខ្ញុំ? សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ខ្ញុំរស់មិនយូរទេ ក៏មិនចង់ឱ្យអ្នកណាស្អប់ឈ្មោះខ្ញុំដែរ។ និយាយបែបនេះមិនមែនខ្ញុំចង់កែប្រែចិត្តអ្នកដែលរិះគន់ខ្ញុំឱ្យស្រលាញ់ខ្ញុំទេ តែខ្ញុំចង់ឃើញខ្មែរចេះស្រលាញ់គ្នាច្រើនជាងនេះ ហើយចាប់ដៃគ្នាដើម្បីអនាគត។ បើឃើញបងប្អូនយើងធ្វើចោរ យើងត្រូវរកមូលហេតុ ហើយជួយសង្គ្រោះគ្នា មិនមែនឈ្លោះគ្នាប្រកាសតាមអ៊ីនធើណេតទេ។ ធ្វើបែបនេះដើម្បីអ្វី? តើអ្នកឈរជាខ្មែរឬក៏ជាតិណា? នេះមិនមែនហៅថា មានមនសិកាជាតិទេ គឺជាន់ជាតិឯង ព្រោះនៅតាមអ៊ីនធើណេត តើមានជាតិណាខ្លះដែលបានឃើញ? តើពួកគេនឹងយល់យ៉ាងម៉េច? ខ្ញុំបែរជាសរសើរជាតិគេ ពេលឃើញគេចេះការពារគ្នា ចេះលាក់បាំងរឿងអាស្រូវគ្នា ព្រោះពួកគេពិតជាស្រលាញ់គ្នាដូចបងប្អូនមែន។

ពេលនេះខ្មែរមិនមែនទន់ខ្សោយតែផ្នែកសិល្បៈទេ តែបើយើងចង់ដោះស្រាយផ្នែកសិល្បៈមុន គឺដូចខ្ញុំនិយាយអ៊ីចឹង ត្រូវស្រលាញ់គ្នាជាមុនសិន ហើយលើកទឹកចិត្តគ្នាឱ្យផលិតស្នាដៃថ្មីៗដោយខ្លួនឯង។ រឿងមួយនេះមិនមែនម្នាក់ឯងធ្វើបានទេ តែទាល់តែផ្ដើមពីអ្នក ហើយទាល់តែអ្នកជួយណែនាំដល់មិត្តភក្តិបងប្អូនអ្នក។ គិតទៅមើល បើម្នាក់ៗសុទ្ធតែគាំទ្រស្នាដៃផលិតថ្មី ហើយឈប់ទិញស្នាដៃចម្លង តើក្រុមហ៊ុនផលិតចម្រៀងផលិតបទភ្លេងចម្លងទៀតទេ? ខ្ញុំជាអ្នកនិពន្ធម្នាក់ នឹងសប្បាយចិត្តបំផុត ហើយខ្ញុំជឿថា ពេលនោះតម្លៃជាអ្នកនិពន្ធខ្មែរនឹងប្រសើរជាងពេលនេះ។

បើមានទាស់ខុសអី សូមអនុគ្រោះផង! ខ្ញុំស្រលាញ់ខ្មែរ ស្រលាញ់បងប្អូនខ្មែរគ្រប់គ្នា!

ពីខ្ញុំ សុខ ចាន់ផល

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង, អារម្មណ៍.

ខ្ញុំក៏ឯកាដែរ… ហេតុនេះអ្នកមិនឯកាឡើយ! សួស្ដីថ្ងៃខួបកំណើត!

20 មតិ Add your own

  • 1. ឧត្តម  |  ខែសីហា 26, 2011 ម៉ោង 4:31 ល្ងាច

    ខ្ញុំ​មិន​ចូលចិត្តការ​កុពី​ចម្លង​ពី​គេទេ! តែខ្ញុំ​យល់ពីអ្វី​ដែល​​បងកំពុងធ្វើ! ហើយ​បង​គួរ​បន្តធ្វើទៀតចុះដើម្បីក្រពះ រហូ​ត​ដល់បង​មាន​ជម្រើស! ស្រុកទេសយើង​នៅបែបនេះនៅឡើយ ដុំបាយ​សំខាន់ជាង! បងមិន​ទាន់ក្លាយ​ជា​អ្នក​មាន​នៅឡើយ​ទេ រក្សាឧត្តម​គតិទុកមួយឡែកសិនចុះ!

    ឆ្លើយតប
    • 2. Cheata  |  ខែសីហា 26, 2011 ម៉ោង 4:59 ល្ងាច

      ខ្ញំុមិនចូលចិត្តការថតចំលង ហង្សមាស ជាផលិតកម្មធំជាង េគនៅ កម្ពុជា។ សង្ឃឹមថា នឹងអាច បងេ្កីតអី្វែដលជារបស់ ខ្លួនឋង ខ្លះផង។ េឃីញ មាន បទថ្មីរហូត បុែន្ត ចំលងពី េគ។

      ឆ្លើយតប
      • 3. ចាន់ផល  |  ខែសីហា 26, 2011 ម៉ោង 5:18 ល្ងាច

        អ្នកណាក៏ចង់ល្អ អ្នកណាក៏មិនចង់ឮគេជេរដែរ ប៉ុន្តែកាលទេសៈ… តើសេដ្ឋកិច្ចខ្មែរយ៉ាងម៉េចពេលនេះ? តើមានខ្មែរប៉ុន្មាននាក់មានលុយទៅទិញថាសចម្រៀងថ្លៃៗ ដូចនៅប្រទេសគេ? តើអ្នកនិពន្ធខ្មែរមានជីវភាពបែបណា? ចុះតើក្រៅពីចម្រៀងដែលចម្លងគេ តើខ្មែរមានផលិតផលផ្ទាល់ខ្លួនអ្វីខ្លះហើយ? រួចសូមក្រឡេកមើលទៅប្រទេស ដែលយើងចម្លងបទភ្លេងពីគេនោះមើល៍ ហើយសូមសួរសំណួរដូចគ្នានេះម្ដងទៀត ថាតើការអនុវត្តច្បាប់ក្នុងប្រទេសទាំងពីរខុសគ្នាយ៉ាងម៉េច?

        ហេតុនេះ ខ្ញុំចង់ឱ្យ Cheata ក៏ដូចជាមិត្តផ្សេងទៀត ជួយលើកតម្កើងអ្វីដែលយើងធ្វើបាន ជាជាងចាំដៀលត្មះអ្វីដែលយើងធ្វើមិនបាន ព្រោះបើសិនអ្នកជាអ្នកធ្វើ អ្នកនឹងដឹងថា សម្ដីអ្នកមួយម៉ាត់ៗប៉ះពាល់អារម្មណ៍គេប៉ុណ្ណា។ ហេតុអ្វីក៏អ្នកមិនសរសើរដល់កម្មករ ដែលខំធ្វើការក្នុងកាលទេសៈដ៏យ៉ាប់យឺននេះ? ផ្លូវឆ្ពោះទៅកាន់ជោគជ័យ គឺគំនិតសុទិដ្ឋិនិយម មិនមែនទុទ្ទិដ្ឋិនិយមទេ។ សាកបើកចិត្តខ្លួនឯងឱ្យទូលាយមើល៍ អ្នកនឹងមានអារម្មណ៍ធូរស្រាល ហើយយើងនឹងអាចនិយាយគ្នាដោយស្នាមញញឹម។ តើអ្នកចូលចិត្តអារម្មណ៍រីករាយទេ? បានទេ… សូមប្រើអារម្មណ៍ជាមនុស្សដែលមានឈាមជ័រដូចគ្នា ដូចក្នុងចម្រៀង«បេះដូងខ្មែរ»នេះ?

      • 4. សុផាត  |  ខែសីហា 26, 2011 ម៉ោង 9:20 ល្ងាច

        ចង់សួរថា តើអ្នកបានទិញ Disk originalបានប៉ុន្មានវ៉ុលហើយ?

  • 5. ចាន់ផល  |  ខែសីហា 26, 2011 ម៉ោង 4:55 ល្ងាច

    ច្រើនដងណាស់ ដែលខ្ញុំចង់ឈប់ធ្វើការងារនេះ ប៉ុន្តែពិតជាអរគុណចំពោះគ្រប់គ្នាដែលគាំទ្រខ្ញុំ… ខ្ញុំដឹងថាមានច្រើននាក់ ទើបខ្ញុំនៅតែមានកម្លាំងធ្វើការងារនេះ។ ខ្ញុំនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើជាអ្នកនិពន្ធល្អម្នាក់របស់ខ្មែរ។ ខ្ញុំមិននិយាយច្រើនទៀតទេ គឺសូមឱ្យខ្មែរគ្រប់គ្នាតាមដានទង្វើខ្ញុំវិញ ពោលបើឃើញខ្ញុំធ្វើអ្វីខុស សូមប្រាប់ខ្ញុំផង ដោយមេត្តាទុកខ្ញុំជាបងប្អូនម្នាក់ផងចុះ ព្រោះយើងជាខ្មែរដូចគ្នា។

    ឆ្លើយតប
    • 6. erururaito  |  ខែសីហា 27, 2011 ម៉ោង 8:44 ល្ងាច

      ដូចជាប្រទេសជិតខាងកាលពីប៉ុន្មានឆ្នាំមុនគេមិនមានចេញបទ​ចម្រៀងទេ ក៏ព្រោះតែវិស័យនិពន្ឋរបស់គេមិនទាន់រីកចម្រើន ហើយ​ក៏មិនឃើញគេចម្លងបទរបស់ប្រទេសជិតខាងយកមកច្រៀងដែរ ប៉ុន្តែ សព្វថ្ងៃគេអាចចេញនូវបទចម្រៀងអោយខ្មែរកុពីតាមទៀត។ សូមសួរចិត្តបងប្រុសផល តិចណា ពាក្យថាកូពីបទចម្រៀងគេ បងប្រុស ជាអ្នកនិពន្ឋម្នាក់មានអារម្មណ៍យ៉ាងមិចដែរ? បើយើងនាំគ្នា​បង្កើតបទចម្រៀងខ្លួន​ឯងទៅ ទោះពិរោះក្តី​ មិនពិរោះក្តី ក៏ជាមោទនភាព ជាតិខ្មែរដែរ។

      ឆ្លើយតប
      • 7. ចាន់ផល  |  ខែសីហា 29, 2011 ម៉ោង 10:03 ព្រឹក

        ព្រោះតែពាក្យកុពីគេនេះហើយ ទើបខ្ញុំអស់សង្ឃឹម លែងចង់សរសេរចម្រៀង។ ខ្ញុំស្ទើរតែមិនហ៊ានណែនាំខ្លួនប្រាប់គេថា ខ្ញុំជាអ្នកនិពន្ធទំនុកច្រៀង ព្រោះខ្ញុំខ្លាចគេនិយាយពាក្យដែលធ្វើឱ្យខ្ញុំឆ្អែត។ ប៉ុន្តែ សូមអរគុណណាស់ ចំពោះ T_T ! បានអានមតិរបស់គាត់ ធ្វើឱ្យខ្ញុំដឹងថា ខ្មែរពិតជាមានមនុស្សដែលមានសុភវិច្ឆ័យ ចេះប្រៀបធៀប ព្រោះយល់ដឹងទូលំទួលាយ។

  • 8. ឧត្តម  |  ខែសីហា 26, 2011 ម៉ោង 7:38 ល្ងាច

    ជាតា! អារម្មណ៍របស់​អ្នក​មិន​ខុសទេ វា​ដូច​ដែលអ្វី​ដែលខ្ញុំ​ធ្លាប់គិត។ តែក្រោយ​មក​ខ្ញុំ​បានគិត​​សារជាថ្មី។ តើ​មាន​ប្រយោជន៍អ្វី​ដែល​យើង​និយាយ​ហើយ​និយាយទៀត តែ​ដដែលៗធ្វើអី។ វា​មិន​ទាន់​មាន​ច្រកចេញបាន​ទេក្នុង​កាលៈទេសៈ​ប្រទេស​យើង​បែបនេះ។ តើ​គួរ​ដាក់កំហុស​ទៅ​លើ​នរណា? អ្នក​និពន្ធ អ្នកចម្រៀង អ្នក​ចម្លង អ្នក​ស្តាប់
    ដូច​ជា​រង្វង់មួយ កំហុសគឺរត់​នៅលើរង្វង់នេះឯង។ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ ហើយ​តើ​នរណាជាអ្នកបញ្ឍប់​រង្វង់មួយ​នេះ​ មិនឲ្យវិល។
    ការ​ដែល​យើង​និយាយចុះនិយាយ​ឡើង​បែបនេះ បាន​ត្រឹម​តែការ​អាក់អន់ស្រពន់ចិត្តគ្នា​ទៅវិញទៅមកប៉ុណ្នោះ។ ចូរ​យើង​បើកចិត្តឲ្យទូលាយ ហើយ​ទទួល​យក​មិត្តភាពរវាង​គ្នា​នឹង​គ្នា​ទៅ បន្ទាប់មក​ចាប់ច្រវ៉ាទាំងអស់គ្នា ហើយ​អុំរក​ផ្លូវ​ចេញពី​រង្វង់កំហុសនេះ នោះ​យើងនឹង​ទទួលបាន​ជោគជ័យ​ ព្រម​ជាមួយ​នឹង​ស្នាមញញឹម​នៃមិត្តភាព..

    ឆ្លើយតប
  • 9. សុផាត  |  ខែសីហា 26, 2011 ម៉ោង 9:23 ល្ងាច

    តែបទនេះជាបទភ្លេងថ្មី មែនអត់បងផល?

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែសីហា 27, 2011 ម៉ោង 9:02 ព្រឹក

      បាទ ជាបទថ្មី តែងដោយខ្មែរ ទាំងបទភ្លេង និងទំនុកច្រៀង ហើយនេះជាអ្វីដែលយើងកំពុងព្យាយាមធ្វើ ដើម្បីសិល្បៈខ្មែរ។

      ឆ្លើយតប
      • 11. សុផាត  |  ខែសីហា 27, 2011 ម៉ោង 11:54 ព្រឹក

        ចង់ឲ្យបងបញ្ជាក់ថាជាបទភ្លេងថ្មីផង បើសិនហង្សមាស និងរស្មីហង្សមាស ផលិតថ្មី។ កន្លងមក ញ៉ុមឃើញថា ទោះបីហង្សមាសផលិតបទថ្មី តែអ្នកមិនដឹង នៅតែគិតថាចម្លងពីគេដែរ។

  • 12. T_T  |  ខែសីហា 27, 2011 ម៉ោង 9:57 ល្ងាច

    i understand Phol’s points, and i also agree with Sophat ideas. We have made so many famous and beautiful songs such as “អ្នកស្រែដូចយើង” “ទឹកភ្នែកអាណិតម្ចាស់” “បាក់ចន្ទល់” “សំបុត្រស្នេហ៏ក្នុងកន្រ្តកកង់” and so on. these songs are so well known and beautiful, but how many people know they are originally made by Khmers? I heard my friend complimented one originally khmer song, so i went and told him that the song was originally made by Khmers, but he didnt believe. who to blame in this point? listeners do not give encouragement to khmer composers? or the company does not advertise ENOUGH?

    Also, in term of copying music from others. I think we are still better, compare to our neighbour, Vietnam. Cambodia only has a small market out of its population of 14 million people and still has a lack of human resources in making original music, so “copying music” should not be a surprise for us. Vietnam, however, has the population of over 88 million people, and has sufficient human resources, but still copies music from China, Thailand, Korea and US… so in this case, i think VN is really worse than us.

    However, if ask we copy, they also copy, but why people seem to have a really negative mind toward us more? that’s the main question. I think I have talked too much, but hope you all will look at a bigger picture 🙂

    ឆ្លើយតប
    • 13. erururaito  |  ខែសីហា 28, 2011 ម៉ោង 6:00 ល្ងាច

      Song: ” I am sorry” . we are weaker than them.

      ឆ្លើយតប
      • 14. T_T  |  ខែសីហា 28, 2011 ម៉ោង 9:45 ល្ងាច

        i think it depends on how we define the word “better” and “weaker”. i personally think that our “I Am Sorry” is better than theirs. Meas Soksophea did a good job on this 🙂

  • 15. ក្មេងស្រែ  |  ខែសីហា 29, 2011 ម៉ោង 9:12 ព្រឹក

    LIKE ទាំង​ទំនុកភ្លេង, ទាំង​ទំនុកច្រៀង, ទាំង​អត្ថបទ, ទាំងវាចារ​ខាង​លើ!

    ឆ្លើយតប
  • 16. L  |  ខែសីហា 29, 2011 ម៉ោង 9:13 ព្រឹក

    i think it depends on how we define the word “ better” and “ weaker” . i personally think that our “ I Am Sorry” is better than theirs. Meas Soksophea did a good job on this 🙂

    ឆ្លើយតប
  • 17. ថ្ងៃរះ  |  ខែសីហា 31, 2011 ម៉ោង 7:31 ល្ងាច

    ខ្ញុំចូលចិត្តអត្តន័យចំរៀងរបស់បងផល!!! ពាក្យថា “បេះដូងខ្មែរ” គួរតែគ្រប់គ្រាន់សម្រាប់អោយពួកយើងជាខ្មែរចេះស្រលាញ់និងគាំទ្រគ្នា។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលខ្លួនឯងបានលឺ បទចំរៀងរបស់ខ្មែរ និពន្ធដោយអ្នកនិពន្ធខ្មែរ លេចមុខលេចមាត់ជាថ្មី។ វាធ្វើអោយខ្ញុំអាចស្រែកច្រៀងបទទាំងនោះ ដោយញញឹម។ ខ្ញុំមិនខ្វល់ថា មានចំរៀង កូពីពីបរទេសចេញលក់ក្នុងស្រុកយើងប៉ុណ្ណាទេ ខ្ញុំដឹងត្រឹមតែថា អ្នកនិយាយ គឺមិនដូចអ្នកធ្វើនោះទេ។ ខ្ញុំក៏ជាខ្មែរម្នាក់ដែរ ខ្ញុំស្រលាញ់ទឹកដីនេះ ប្រជាជននេះ ហើយរីករាយនឹងគាំទ្រអ្នកផលិត ទាំងអស់ រួមគ្នាដើរទៅរកការអភិវឌ្ឍន៍ដ៏ពេញលេញមួយជាមួយគ្នា។ សូមបន្តការខិតខំរបស់អ្នកទាំងអស់គ្នាតទៅទៀត ខ្ញុំជឿថា ខ្មែរ នៅតែមានបេះដូងជាខ្មែរ! ខ្ញុំចង់លឺការផ្សាយពាណិជ្ជកម្មពី វ៉ុលថ្មីៗ របស់ហង្សមាសណាដែលមានបទចំរៀងរបស់ខ្មែរសុទ្ធសាធ ត្រូវបានគេលើកដម្កើងជាពិសេស ធ្វើដូច្នេះ ទស្សនិកជនអាចនឹងដឹងថា ខ្មែរ បានផលិតបទថ្មីដោយខ្លួនឯងបានប៉ុណ្ណាហើយ។ សូមអរគុណ! ^_^

    ឆ្លើយតប
  • 18. davithpheap  |  ខែកញ្ញា 14, 2011 ម៉ោង 12:24 ព្រឹក

    បើខ្មែរមិនចេះស្រលាញ់ខ្មែរ តើនរណានឹងមកស្រលាញ់យើង?

    ឆ្លើយតប
  • 19. Lydeth  |  ខែវិច្ឆិកា 4, 2011 ម៉ោង 11:31 ព្រឹក

    ខ្ញុំទទួលស្គាល់ថា ក្រពះធំជាងអ្វីៗដទៃ (តាមលោកចាន់ផល ក្រពះរបស់លោកធំជាងឧត្តមគតិលោកទៅទៀត) ។
    ពេលឃ្លានហើយមនុស្សធ្វើអ្វីៗក៏បានដែរ ។ តែតាមពិតទៅ លោកចាន់ផលមិនមែនដល់ថ្នាក់នោះទេបានន័យថាបើលោកមិន និពន្ធចម្រៀងដែលចម្លងពីគេក៏លោកមិនអត់បាយដែរមែនទេ? លោកពិតជាមានជម្រើសផ្សេង។
    ដូច្នេះលោកមិនគួរយកបញ្ហាក្រពះមកប្រៀបធៀបទេ ។ ពេលទទួល​ការរិះគន់ លោកបែរជាគិតថាខ្មែរមិនជួយគាំទ្រខ្មែរ ខ្មែរមិន​ស្រលាញ់ខ្មែរ ខ្មែរឈ្លោះគ្នាទៅវិញ ។ សូមលោក​ពិចារណា​ឡើងវិញនូវទង្វើ និងសម្តីរបស់លោកហើយកុំមាន​ទស្សនៈ​ចង្អៀតរបៀបនេះទៀត ។
    ខ្ញុំមិនស្គាល់លោកចាន់ផលទេ​ ហើយខ្ញុំក៏គ្មានជម្លោះ ឬស្អប់លោក​ផ្ទាល់ខ្លួនអ្វីទេ ។ ខ្ញុំគ្រាន់តែសម្តែងការមិនពេញចិត្ត​នូវការដែលលោក​ចម្លងបទចម្រៀងបរទេសដើម្បីអ្វីមួយដែលលោកហៅថា “ក្រពះ” ស្អីគេនោះ ។
    ប្រសិនបើអាច សូមលោកធ្វើការ​សិក្សារៀន​សូត្រពីអក្សរភ្លេង ឧបករណ៍ភ្លេង បច្ចកទេសនិពន្ធបទភ្លេងមក​បង្កើត​ស្នាដៃ​ដោយខ្​លួនឯង រួមទាំងទំនុកច្រៀងដោយខ្លួនលោក ដូចដែល​លោកធ្លាប់ធ្វើកន្លងមកទៀតនោះខ្ញុំនឹងជាអ្នកទីមួយដែលសរសើរ​លោកមុនគេ ។
    ខ្ញុំនិយាយនេះ មិនមែនសម្រាប់តែលោកម្នាក់ទេ តែសម្រាប់អ្នកនិពន្ធ​កូពីសម័យនេះទាំងអស់ ។
    សូមឲ្យសិល្បះដូរតន្ត្រី និងចម្រៀងខ្មែរមានការវីកចម្រើន កុំដេកចាំតែ​ចម្លងពីបរទេស មកបំពុលកូនខ្មែរជំនាន់ក្រោយទៀត ។

    ឆ្លើយតប
    • 20. ចាន់ផល  |  ខែវិច្ឆិកា 4, 2011 ម៉ោង 3:02 ល្ងាច

      តាមការពិតទៅ ក្រៅពីចម្រៀងដែលយើងមិនចេះធ្វើខ្លួនឯង បច្ចុប្បន្នយើងនៅប្រើរបស់គេច្រើនទៀត ដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក គ្រឿងឧបភោគបរិភោគ ឱសថ រឿងតុបតែងកាយ… ប៉ុន្តែខ្ញុំមិននិយាយការពារខ្លួនទៀតទេ ហើយខ្ញុំសុំទោសលោក Lydeth ដោយស្មោះ ព្រោះខ្ញុំក៏គ្មានហេតុផលអីចង់ឱ្យលោកយល់ពីខ្ញុំដែរ ម្យ៉ាងខ្ញុំគ្មានសមត្ថភាពតែងភ្លេងគឺជាការពិត ប៉ុន្តែខ្មែរនៅសល់អ្នកមានទេពកោសល្យច្រើនទៀត សង្ឃឹមថា លោកនឹងគាំទ្រពួកគេផង។

      ក្នុងនាមជាខ្មែរម្នាក់ អ្វីដែលខ្ញុំបារម្ភជាងវិស័យសិល្បៈនោះ គឺប្រព័ន្ធអប់រំស្រុកខ្មែរដ៏ធូររលង់ សិស្សមិនខំរៀន ពេលប្រលងក៏លួចចម្លងគ្នាជាទម្លាប់… តើធនធានមនុស្សខ្មែរទៅអនាគតមានប៉ុន្មាននាក់?

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: