ចំណាប់អារម្មណ៍របស់ លោកជំទាវ ប៉ិច សង្វាវ៉ាន
ខែមីនា 1, 2011 at 3:38 ល្ងាច បញ្ចេញមតិ
លោកជំទាវ ឬអ្នកមីង ប៉ិច សង្វាវ៉ាន គឺជាអ្នកគ្រូម្នាក់របស់ខ្ញុំ ហើយគឺជាអ្នកនិពន្ធជើងចាស់មួយរូប និងជាអ្នកសារព័ត៌មានដ៏ល្បីល្បាញប្រចាំវិទ្យុបារាំងអន្តរជាតិ RFI ដែលអ្នកមីងធ្លាប់យកស្នាដៃដំបូងៗរបស់ខ្ញុំទៅពណ៌នាបង្ហាញក្នុងកម្មវិធីអក្សរសិល្ប៍របស់គាត់។ ស្នាដៃដំបូងរបស់មនុស្សរៀនសរសេរម្នាក់ គឺកម្រនឹងមានគេចាប់អារម្មណ៍អានណាស់ ប៉ុន្តែសម្រាប់ខ្ញុំគឺបានទទួលកម្លាំងចិត្តពីរៀមច្បងអ្នកនិពន្ធជើងចាស់ជាច្រើន ដែលលោកទាំងអស់យល់ថា ស្នាដៃខ្ញុំជាប្រភេទអក្សរសិល្ប៍ទស្សនវិជ្ជា។
ស្ដាប់រឿងកំណប់ ដែលវិភាគដោយអ្នកមីង ប៉ិច សង្វាវ៉ាន
អានអត្ថបទ ដំណើរជុំវិញអ្នកនិពន្ឋម្នាក់ ៖ សុខ ចាន់ផល តាមរយៈ៖ «ខែរងា»
នេះគឺជារូបថតអនុស្សាវរីយ៍មួយសន្លឹក នៅគ្រាដែលខ្ញុំបានរៀនសូត្រជាមួយអ្នកមីង៖
នឹកឃើញកាលណោះ ពេលបានស្ដាប់សម្ដីរបស់អ្នកគ្រូ ខ្ញុំនឹកក្នុងចិត្តថា អ្នកគ្រូនិងខ្ញុំមានបុគ្គលិកលក្ខណៈដូចគ្នាច្រើនណាស់។ ខ្ញុំកាន់តែគោរពស្រលាញ់អ្នកគ្រូ ប៉ុន្តែខ្ញុំមិនហ៊ានទៅរាក់ទាក់ស្និទ្ធស្នាលជាមួយនឹងគាត់ទេ ត្បិតយល់ថា គាត់មានឋានៈខ្ពស់ខ្ពស់ និងល្បីល្បាញណាស់។ ខ្ញុំសូមស្រង់ប្រសាសន៍របស់គាត់ មកផ្សាយនៅទីនេះ៖
ឆ្នាំ២០០៧ លោកខូតារាឬទិ្ឋ ប្រធានសមាគមអក្សរសិល្ប៍នូហាចបានអញ្ជើញខ្ញុំឲ្យចែករំលែកបទពិសោធន៍របស់ខ្ញុំ ក្នុងការនិពន្ឋនៅក្នុងវគ្គបណ្តុះបណ្តាលការ និពន្ឋប្រលោមលោក ក្រោយពីសិក្ខាសាលាដែលបានរៀបចំដោយសមាគមអក្សរសិល្ប៍នូហាចសមាគមអ្នកសាបព្រោះ និងសមាគមអ្នកនិពន្ឋខ្មែរនៅបរទេសប្រចាំប្រទេសបារាំង។
ក្នុងចំណោមសិក្ខាកាមមួយក្រុមដែលមានចំនួនជិតម្ភៃនាក់ មានសិក្ខាកាមប្រមាណជាប្រាំឬប្រាំមួយនាក់បាននាំគ្នាមកជួបសំណេះសំណាល ជាមួយខ្ញុំដល់ផ្ទះ។
នៅក្នុងចំណោមសិក្ខាកាមមួយចំនួននេះ សុខ ចាន់ផល ជាយុវជនម្នាក់ដូចជាយុវជនយុវតីមួយក្រុមនេះដែរ មានការគោរពខ្ញុំដែលជាអ្នកនិពន្ឋចាស់ទុំរៀមច្បងមួយរូប។ ឆ្នាំបន្ទាប់មកទៀត សុខ ចាន់ផលបានយករឿងរបស់គេមួយក្បាលដែលមានចំណងជើងថា«កំណប់»មកឲ្យខ្ញុំ ។ ជាកម្រងរឿងខ្លីៗដែលធ្វើឲ្យខ្ញុំអានបណ្តើរសរសើរទេពកោសល្យរបស់យុវអ្នកនិពន្ឋនេះបណ្តើរ។ ដោយយល់ថាកម្រងរឿងខ្លីៗមានឧត្តមគតិ និងមានទស្សនវិជ្ជា ទើបខ្ញុំគិតថា មិនគួរទុកឲ្យរឿងដ៏ល្អៗនេះឲ្យស្ថិតនៅតែក្នុងទំព័រសៀវភៅទេ។ ខ្ញុំក៏បានយករឿងពីរគឺរឿង «កំណប់» និងរឿង«ចន្ទកក្តិក» មកវិភាគផ្សាយតាមរលកអាកាសវិទ្យុបារាំងអន្តរជាតិ RFI ដោយមានអន្តរាគមន៍ពីសុខ ចាន់ផល។
ពេលវេលាកន្លងទៅមែន តែសុខ ចាន់ផល តែងតែរក្សាទំនាក់ទំនងល្អតាមអ៊ីម៉ែលជាមួយខ្ញុំ ហើយគេក៏មិនដែលភ្លេចទេនៅពេលណា គេផ្ញើចម្រៀងដែលគេបានតែងទៅឲ្យមិត្តភក្តិគេស្តាប់ គេក៏តែងតែផ្ញើមកខ្ញុំដែរ។ នៅពាក់កណ្តាលខែកុម្ភះឆ្នាំ២០១១ យុវអ្នកនិពន្ឋសុខ ចាន់ផល បានយករឿង«ខែរងា»ដែលទើបនឹងចេញផ្សាយមកឲ្យខ្ញុំមួយក្បាលទៀតដល់ផ្ទះ។
ពេលអានរឿងនេះ ខ្ញុំភ្ញាក់ព្រើតនឹងទឹកដៃនិពន្ឋរបស់សុខចាន់ផល ដែលរីកចម្រើនយ៉ាងខ្លាំង។ ជាយុវអ្នកនិពន្ឋម្នាក់សុភាពរាបសា មិនសូវនិយាយស្តីជាមួយខ្ញុំមែន ប៉ុន្តែក្នុងការនិពន្ឋរឿង គេសម្បូណ៍ពាក្យពេចន៍វាក្យសព្ទពិរោះប្លែក សម្បូណ៍គំនិតណាស់ និងជាអ្នកនិពន្ឋវៃឆ្លាត។ គេមានលក្ខណៈមួយទៀត គឺចេះធ្វើខ្លួនឲ្យទៅជាយុវអ្នកនិពន្ឋម្នាក់ក្នុងក្រសែភ្នែកអ្នកដទៃ។ ខ្ញុំជឿជាក់ថា សុខចាន់ផល ជាទំពាំងស្នងឬស្សី និងជាយុវអ្នកនិពន្ឋដ៏ល្បីមួយរូប ចាប់ពីពេលនេះតទៅ។ ខ្ញុំក៏សង្ឃឹមដែរថា សុខ ចាន់ផលនៅតែប្រកាន់ចរិយាសម្បត្តិល្អ សុភាពរាបសារដដែល មិនក្រអឺតក្រទម មិនវាយឫក ហើយមិនឈ្លក់នឹងជោគជ័យរបស់ខ្លួន។
ឆាកជីវិតនេះ ខ្ញុំជួបរឿងខកបំណងតាំងពីតូច ប៉ុន្តែខ្ញុំយល់ថា នេះគឺជាវាសនាអ្នកនិពន្ធរបស់ខ្ញុំ។ ខ្ញុំមិនអះអាងថាខ្លួនឯងជាមនុស្សល្អទេ ប៉ុន្តែខ្ញុំស្រលាញ់អំពើល្អ ហើយខ្លាចអំពើអាក្រក់។ ខ្ញុំចាំអ្នកមីងប្រាប់ថា អ្នកមីងជាមនុស្សពូកែខ្លាចចិត្តគេណាស់ ដែលចំណុចមួយនេះគឺមិនខុសពីខ្ញុំឡើយ។ ជួនកាលខ្ញុំជាមនុស្សទន់ជ្រាយបំផុត ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថា ស៊ូឱ្យគេធ្វើបាបខ្ញុំ ក៏ខ្ញុំមិនធ្វើបាបគេដែរ។ ខ្ញុំតែងបារម្ភខ្លាចខ្លួនឯងធ្វើអ្វីខុសលើអ្នកដទៃ។
ចំពោះកិត្តិយសជាអ្នកនិពន្ធម្នាក់ គឺជាអ្វីដែលខ្ញុំមិននឹកស្មានឡើយ។ យ៉ាងណាក៏ដោយ ទោះបីខ្ញុំជាអ្នកនិពន្ធល្បី ឬជាអ្នកនិពន្ធមិនល្បី ឬក៏ជាមនុស្សធម្មតាម្នាក់ ក៏ខ្ញុំនៅតែជាខ្ញុំ។ កិត្តិយសគឺជាតម្លៃដែលគេផ្ដល់ឱ្យ ប៉ុន្តែសុភមង្គលគឺជាការកំណត់ដោយខ្លួនឯង។ ខ្ញុំតែងទទួលបាននូវការស្ញើចសរសើរ និងការនិយាយបង្អាប់ក្នុងពេលដំណាលគ្នា ដែលវាដូចជាប្រាប់ខ្ញុំថា កុំត្រេកអរពេក តែក៏កុំកើតទុក្ខអី។ តាមពិតទៅ ខ្ញុំមានសមត្ថភាពធម្មតាប៉ុណ្ណោះ ប៉ុន្តែខ្ញុំខំប្រឹងប្រើសមត្ថភាពធម្មតារបស់ខ្លួន ដើម្បីបង្ហាញដល់ពិភពលោក។ វានឹងមិនល្អឥតខ្ចោះ តែក៏គង់មានអ្នកផ្ដល់តម្លៃឱ្យស្នាដៃខ្ញុំ។ ជួនកាលខ្ញុំក៏វិភាគពីទឹកដៃអក្សរសិល្ប៍ខ្លួនឯង។ វាសាមញ្ញណាស់ តែខ្ញុំប្រាប់ខ្លួនឯងថា នេះជាសមត្ថភាពដែលទេវតាប្រទានឱ្យខ្ញុំ… ប្រើវាឱ្យអស់ទៅ ហើយកុំខ្មាសនឹងបង្ហាញដល់អ្នកដទៃ។ ជីវិតជាអ្នកនិពន្ធនេះពិតជាត្រូវការទាំងអ្នកគាំទ្រ និងអ្នកបន្ទច់បង្អាក់។ ខ្ញុំក៏ធ្លាប់មានមោទកភាពនឹងខ្លួនឯងដែរ ប៉ុន្តែក្រោយមកក៏យល់ផ្សេងថា ខ្លួនឯងគ្មានអីអស្ចារ្យឡើយ ហើយនៅពេលនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលជីវិតខ្ញុំតែងតែរស់នៅភ្ជាប់នឹងស្មារតីភ្ញាក់រឭក។
Entry filed under: ទស្សនវិជ្ជា, ប្រលោមលោក, រឿងខ្លី, សៀវភៅ.
Trackback this post | Subscribe to the comments via RSS Feed