បទសម្ភាសជាមួយទស្សនាវដ្ដីឡេឌីស៍

ខែ​កុម្ភៈ 13, 2011 at 2:04 ល្ងាច មតិ 8

នេះ​ជា​បទ​សម្ភាស​មួយ​ដ៏​ក្បោះ​ក្បាយ ដែល​ឡេឌីស៍​បាន​សួរ​ខ្ញុំ ហើយ​ក៏​ជាដំណើរ​រឿង​មួយ​ផ្នែក​ធំ​ក្នុង​អាជីព​ជាអ្នក​និពន្ធ​របស់​ខ្ញុំ ​និង​ក៏​ជា​អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​ថា ហេតុ​អ្វី​ក៏​ខ្ញុំ​ក្លាយ​ជា​អ្នក​និពន្ធ​ម្នាក់…


ឡេឌីស៍ ៖ តើលោកអាចរៀបរាប់ត្រួសៗ អំពី​ប្រវត្តិ​ខ្លី​របស់​លោក​បាន​​ដែរ​ទេ?

សុខ ចាន់ផល ៖ ខ្ញុំកើតនៅខេត្តកំពង់ចាម ឳពុក​ម្ដាយ​​ធ្វើ​កសិករ តែ​ពួក​គាត់​លែង​លះ​គ្នា… ហើយ​ខ្ញុំ​រស់​នៅ​ជាមួយ​យាយ​តា រៀន​សាលា​នៅ​ស្រុក​ដល់​ថ្នាក់​ទី​២ ក៏​ដើរ​តាម​ម្ដាយ​ខ្ញុំ​ទៅ​ខេត្ត​ឆ្ងាយៗ មាន​បាត់ដំបង រតនគីរី កោះកុង… ជួន​កាល​ក៏​បាន​ចូល​រៀន ជួន​កាល​ក៏​អត់ ហើយ​ខ្ញុំ​ដើរ​លក់​នំ​ចំណី​​ជាមួយ​​ម៉ែ… ក្រោយ​មក​ខ្ញុំ​ត្រឡប់​មក​ស្រុក​វិញ រៀន​ចប់​ថ្នាក់​ទី​៨ ក៏​ទៅ​រស់​នៅ​ខេត្ត​ក្រចេះ​ជាមួយ​គ្រួសារ​ម្ដាយ​មីង ហើយ​រៀន​នៅ​ទី​នោះ​រហូត​ប្រលង​ជាប់​បាក់​ឌុប។ ខ្ញុំ​មក​រៀន​បន្ត​នៅ​ភ្នំពេញ ក្នុង​ឆ្នាំ២០០៤ ដោយ​ដំបូង​ធ្វើការ​នៅ​អង្គការ​មួយ បន្ទាប់​មក​ក៏​រៀន​សូត្រ​វិជ្ជា​តែង​និពន្ធ ក៏​ដូចជា​រក​ការងារ​ធ្វើ​​ទាក់​ទង​នឹង​ការ​តែង​និពន្ធ ហើយ​​រៀន​ចប់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស នៅ​ឆ្នាំ​២០១០។

ឡេឌីស៍ ៖ លោក​បាន​ក្លាយ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​នេះ​ពី​ពេល​ណា? ដោយ​សារ​អ្វី?

សុខ ចាន់ផល ៖ ខ្ញុំចាប់ផ្ដើមនិពន្ធ​ទំនុក​ច្រៀង​​នៅ​ចុង​ឆ្នាំ​២០០៨… គឺ​កាល​ណោះ​ក្រុមហ៊ុន​ហង្សមាស​កំពុង​ចាប់​ផ្ដើម​​បង្កើត​វិទ្យុ ហើយ​​ខ្ញុំ​​ត្រូវ​​បាន​​ណែ​​នាំ​​​ទៅ​​​ទី​​នោះ ដោយ​លោក​គ្រូ ពេជ្រ ពណ្ណរាយ ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ទស្សនាវដ្ដី​ជាមួយ​នឹង​គាត់។ តាម​ពិត​ខ្ញុំ​ត្រូវ​ទៅ​ធ្វើការ​ខាង​វិទ្យុ​ទេ តែ​ខ្ញុំ​បាន​សុំ​ឱកាស​ពី​បង​ប្រុស អ៊ឹង លាងហុង ដើម្បី​សាក​ល្បង​​សរសេរ​​ទំនុក​ច្រៀង ហើយ​គាត់​ក៏​បាន​យល់​ព្រម។

ឡេឌីស៍ ៖ លោកអាច​ប្រាប់​ពី​គន្លឹះ​ខ្លះៗ​ទាក់​ទង​នឹង​ការ​សរសេរ ក៏​ដូច​ជា​ការ​និពន្ធ​ទំនុក​ច្រៀង​ផង​បាន​ទេ?

សុខ ចាន់ផល ៖ បាទ… តាមពិតវាពិបាក​នឹង​ប្រាប់ ព្រោះ​ជា​ការងារ​ទាក់​ទង​នឹង​អារម្មណ៍។ អ្នក​តែង​និពន្ធ​ចាំបាច់​ត្រូវ​តែ​ជា​មនុស្ស​ជ្រាល​ជ្រៅ​ក្នុង​មនោសញ្ចេតនា តែ​ក៏​ត្រូវ​ការ​ចំណេះ​ដឹង​ទូលំ​ទូលាយ ដើរ​ទាន់​សង្គម ហើយ​មនោសញ្ចេតនា​ដែល​​យើង​យក​​មក​ប្រើ គួរ​តែ​ជា​​មនោសញ្ចេតនា​ត្រជាក់​​បរិសុទ្ធ ដើម្បី​នាំ​អារម្មណ៍​មនុស្ស​​ទៅ​​រក​​សន្តិភាព​​ផ្លូវ​​ចិត្ត។

ឡេឌីស៍ ៖ តើ​បទ​ចម្រៀង​របស់​លោក​មួយ​ណា​ដែល​ទទួល​ការ​គាំ​ទ្រ​ដំបូង​គេ ដោយសារ​អ្វី? ហើយ​បទ​អ្វី​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ជា​បន្ត​បន្ទាប់​មក​ទៀត?

សុខ ចាន់ផល ៖ បទចម្រៀងដំបូងគេ​ដែល​ទទួល​បាន​ការ​គាំទ្រ គឺ​បទ «ឈាមពេជ្រ» ហើយ​​បទ​នេះ​​ក៏​​ជា​ស្នាដៃ​​ទំនុក​​ច្រៀង​​ដំបូង​​គេ​​របស់​​ខ្ញុំ ដែល​​បាន​​ចេញ​​លក់​ពី​​ផលិតកម្ម​រស្មីហង្សមាស គឺ​ស៊ីឌី​វ៉ុល ៣៨៦ ។ ឈាមពេជ្រ គឺ​ជា​​ចម្រៀង​ជីវិត ហើយ​មាន​អត្ថន័យ​​ស្រដៀង​នឹង​ជីវិត​ពិត​​របស់​​ខ្ញុំ​ដែរ គឺ​​និយាយ​​ពី​​​និស្សិត​​ម្នាក់ ជា​​​​កូន​​កំព្រា​​ឪពុក ដែល​​មក​​រៀន​​នៅ​​ភ្នំពេញ… ចម្រៀង​នោះ​​បាន​​ធ្វើ​​ឱ្យ​​អ្នក​ស្ដាប់​​ជា​​ច្រើន​​យំ ហើយ​​ក៏​​ធ្វើ​​ឱ្យ​​និស្សិត​​ក្រីក្រ ក៏​​ដូច​​ជា​​និស្សិត​​រស់​​នៅ​​ក្នុង​​វត្ត ស្រណោះ​​ខ្លួន ស្រណោះ​​ទឹក​​ចិត្ត​អ្នក​មាន​គុណ ហើយ​មាន​អ្នក​ខ្លះ​​បាន​ប្រាប់​ខ្ញុំ​ថា បទ​ចម្រៀង​នេះ​គឺ​ជា​កម្លាំង​ចិត្ត​របស់​ពួក​គាត់ នៅគ្រប់​ពេលដែលពួក​គាត់​​ជួប​​ឧបសគ្គ។ ចំពោះ​បទ​ចម្រៀង​ក្រោយៗ​មក​​ទៀត ដែល​ទទួល​បាន​ការ​គាំទ្រ​​មាន​បទ ហេតុអ្វីស្គាល់បង? រើសផ្លូវបញ្ចប់ស្នេហ៍ យើងពីរនាក់ស្រលាញ់គ្នាបានទេ? លះបង់ឱ្យអ្នកទីបី ពាក្យមួយឃ្លាដែលមិនបាននិយាយ ព្រោះយើងជាមិត្ត ចង់មានវេលាសម្រាប់យើងពីរនាក់… ហើយ​បទ​ចម្រៀង​ដែល​ទទួល​ការ​គាំទ្រ​ខ្លាំង​បំផុត​នា​ពេល​ចុង​ក្រោយ​នេះ​គឺ Call មកបងពេលគេបោះបង់អូន ហើយ​ក៏​នៅ​មាន​បទ I am sorry ស្រលាញ់គឺលះបង់ ប្រពន្ធអ្នកណាផ្ញើទឹកភ្នែកមក? បេះដូងខ្មែរ ស្នេហ៍ស្មោះពិតជាមាន និង​​ថ្មីៗ​នេះ​មាន​បទ ក្រៅពីអូនមិនយកប្រពន្ធ Calltune តំណាងចិត្តស្មោះ Calltune សុំទោស ជួបដើម្បីបែក និងបទចម្រៀងទាក់ទងនឹងមិត្តនៅ facebook ។

ឡេឌីស៍ ៖ កត្តា​អ្វី​ខ្លះ​ដែល​អាច​ញ៉ាំង​ឱ្យ​ស្នាដៃ​របស់​លោក​​ចេញ​មក​មាន​ការ​ទាក់​ទាញ?

សុខ ចាន់ផល ៖ កត្តាដែលញ៉ាំងឱ្យស្នាដៃ​របស់​យើង​មាន​ការទាក់ទាញ គឺ​ត្រូវ​តែ​​សរសេរ​​ឱ្យ​​ដល់​អារម្មណ៍នៃ​អត្ថន័យ​បទចម្រៀង ហើយ​ប្រើ​ពាក្យពេច៍ឱ្យប៉ះអារម្មណ៍​អ្នក​ស្ដាប់… ព្រោះ​​តែ​អ្នក​ស្ដាប់​មាន​ចិត្ត​ខុសៗ​គ្នា អ៊ីចឹង​យើង​ត្រូវ​ឈ្លាសវៃ​រក​ចំនុច​មួយដែល​​ត្រូវ​នឹង​អារម្មណ៍​អ្នក​ស្ដាប់​ភាគ​ច្រើន។

ឡេឌីស៍ ៖ ក្នុង​ការ​និពន្ធ​ទំនុក​ច្រៀង តើ​យើង​ត្រូវ​ពឹង​ផ្អែក​លើ​កត្តា​អ្វី​ខ្លះ?

សុខ ចាន់ផល ៖ ចំពោះការនិពន្ធទំនុកច្រៀង កត្តាសំខាន់គឺ​យើង​ត្រូវ​ចេះ​​ពី​​ចំណាប់​ចុងចួន ផ្ទួន រណ្តំ ហើយត្រូវពូកែខាងប្រើរចនាបទតែង និង​​ត្រូវ​ស្គាល់​​ពាក្យ​​ឱ្យ​​បាន​ច្រើន ដោយ​ប្រើ​ឱ្យ​ចំ​កាលទេសៈ។ ម្យ៉ាង​ទៀត​​អ្នក​និពន្ធទំនុកច្រៀងត្រូវសម្បូរសាច់រឿង​​ដើម្បី​តែង ដោយ​​សាច់​រឿង​នីមួយៗ​ត្រូវ​តែ​ប្លែកៗ​គ្នា និង​មាន​អត្ថន័យ​ច្បាស់​លាស់។ កត្តា​ពិសេស​មួយ​ទៀត គឺ​​ចំណេះ​​ដឹង​ទូទៅ​​ដែល​​ទាក់​ទង​នឹង​​អារម្មណ៍​ជាមួយ​​​នឹង​សម័យកាល ព្រោះ​វា​សំខាន់​បំផុត​សម្រាប់​ការងារ​មួយ​នេះ។

ឡេឌីស៍ ៖ ការ​តាក់​តែង​បទ​ចម្រៀង​នីមួយៗ តម្រូវ​ឱ្យ​លោក​ស្ដាប់​បទ​ភ្លេង​ជាមុន ឬ​ក៏​លោក​តែង​ទំនុក​ច្រៀង​ដោយ​គំនិត​ខ្លួន​ឯង?

សុខ ចាន់ផល ៖ ភាគច្រើននៃការងារបច្ចុប្បន្នគឺខ្ញុំស្ដាប់ភ្លេងមុន ទើបតែងទំនុកច្រៀងតាមក្រោយ ប៉ុន្តែក៏មានពេលខ្លះ ខ្ញុំបាន​តែងទំនុកច្រៀង​មុន ដើម្បីឱ្យអ្នកនិពន្ធភ្លេងធ្វើ​ភ្លេងតាមអត្ថន័យ​របស់​ខ្ញុំដែរ។

ឡេឌីស៍ ៖ ក្រៅពីការនិពន្ធទំនុកច្រៀង​នៅ​ផលិតកម្ម​រស្មីហង្សមាស តើ​លោក​មាន​និពន្ធ​អ្វី​ទៀត​ទេ?

សុខ ចាន់ផល ៖ ក្រៅពីការនិពន្ធទំនុកច្រៀង ខ្ញុំ​បាន​សរសេរ​សៀវភៅ​ប្រលោមលោក ហើយ​ក៏​ធ្វើការ​ជាមួយ​នឹង​អង្គការ ដែល​ទាក់​ទង​នឹង​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​កុមារ​ផង​ដែរ។

ឡេឌីស៍ ៖ ទាក់ទងនឹង​ការងារ​សរសេរ​ប្រលោមលោក​នេះ ​តើ​លោក​សរសេរ​បាន​ប៉ុន្មាន​រឿង​ហើយ? អ្វី​ខ្លះ? រឿង​ណា​ដែល​ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ?

សុខ ចាន់ផល ៖ រហូតមកដល់ពេលនេះខ្ញុំ​បាន​ផ្សាយ​ស្នាដៃ​សៀវភៅ​បី​ក្បាល គឺ ចង្កៀងនិទានរឿងខ្មោច កំណត់ហេតុស្នេហ៍ និង ស្នេហាសុភាពបុរស ហើយ​សៀវភៅ​ដែល​ពេញ​និយម​ជាង​គេ​គឺ រឿង ស្នេហាសុភាពបុរស ដែល​ខ្ញុំ​បាន​ផ្សាយ​នូវ​ភាគ១ ហើយ​មាន​អ្នក​អាន​យ៉ាង​ច្រើន​បាន​ប្រាប់​ថា ពួក​គាត់​កំពុង​តែ​រង់​ចាំ​ភាគ២ យ៉ាង​អន្ទះសារ។

ឡេឌីស៍ ៖ ថ្មីៗ​នេះ​តើ​លោក​មាន​ស្នាដៃ​ប្រលោមលោក​ថ្មី​ទៀត​ទេ? ចំណង​ជើង​អ្វី​ដែរ? រឿង​នេះ​លោក​ចង់​បង្ហាញ​ពី​អ្វី​សម្រាប់​ជា​សារ​ដល់​អ្នក​អាន?

សុខ ចាន់ផល ៖ បាទ គឺខ្ញុំទើបតែ​ចេញ​ផ្សាយ​ស្នាដៃ​ប្រលោមលោក​មួយ​ក្បាល​ទៀត ចំណង​ជើង​ថា «ខែរងា» រឿង​នេះ​គឺ​និយាយ​ពី​ស្នេហា​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​ខែរងា… ខ្ញុំ​សរសេរ​តាំង​ពី​ឆ្នាំ​២០០៦ ហើយ​វា​ដូច​គ្នា​នឹង​សាច់​រឿង​ដែល​តួអង្គ​ពីរ​នាក់​​បាន​ជួប​គ្នា​ដំបូង​នៅ​ខែ​រងា ឆ្នាំ​២០០៦ រួច​ក៏​ជួប​គ្នា​ម្ដង​ទៀត​នៅ​ខែ​រងា ឆ្នាំ​២០០៧ ដែល​ពូក​គេ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា និង​ឈ្លោះ​គ្នា រហូត​ដល់​ខែ​រងា ឆ្នាំ​២០០៨ ទើប​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត។ ដោយ​ឡែក​នៅ​ខែ​រងា ឆ្នាំ​២០១០ គឺ​ខ្ញុំបាន​រៀប​ចំ​រឿង​នេះ​​បោះពុម្ព ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សហគមន៍​ខ្មែរ​នៅ​​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ។ សៀវភៅ​មួយ​ក្បាល​នេះ​ដែរ គឺ​ខ្ញុំ​សរសេរ​​ជា​ពិសេស​​ជូន​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​ស្រលាញ់​អនុស្សាវរីយ៍ ហើយ​លោក​អ្នក​នឹង​​បាន​​​ស្រមៃ​​ឃើញ​​ខែ​រងា​នៅ​ស្រុក​ខ្មែរ​យើង តាម​​រយៈ​​បទ​និពន្ធ​​​មួយ​​នេះ។

ឡេឌីស៍ ៖ តើរវាងការ​សរសេរ​ប្រលោមលោក និង​ការ​និពន្ធ​ទំនុក​ច្រៀង ខុស​គ្នា​ដូច​ម្ដេច?

សុខ ចាន់ផល ៖ ការតែងនិពន្ធទាំងពីរនេះខុសគ្នា​ត្រង់​ ទំនុក​ច្រៀង​ខ្លី​​ជាង​​រឿង​ប្រលោមលោក។ ទំនុក​ច្រៀង​​ប្រើ​អក្សរ​តិច​ដើម្បី​បង្ហាញ​សាច់​រឿង តែ​ប្រលោមលោកត្រូវ​ប្រើ​អក្សរ​ដល់​ទៅ​សៀវភៅ​មួយក្បាល។ ហេតុនេះ​ការ​សរសេរ​ប្រលោមលោក​គឺ​តម្រូវ​ឱ្យ​ខ្ញុំ​ព្យាយាម​ជាង​សរសេរ​ទំនុក​ច្រៀង​ឆ្ងាយ​ណាស់។

ឡេឌីស៍ ៖ តើលោក​យល់​ឃើញ​ដូច​ម្ដេច​ចំពោះ​វិស័យ​តែង​និពន្ធ​ក្នុង​ប្រទេស​យើង​នា​​ពេល​បច្ចុប្បន្ន​នេះ?

សុខ ចាន់ផល ៖ ចំពោះខ្ញុំផ្ទាល់​យល់​ថា ការ​​តែង​និពន្ធ​​នៅ​ប្រទេស​យើង​​បច្ចុប្បន្ន​នេះ​នៅ​មាន​កម្រិត​ណាស់… យើង​​មិន​​ទាន់​​អាច​​ប្រៀប​ធៀប​​នឹង​​ការ​​តែង​និពន្ធ​​នៅ​​ប្រទេស​​ជឿន​លឿន​​បាន​​ទេ ប៉ុន្តែ​​ក៏​​មាន​​ក្មេងៗ​ដែល​មាន​ទេពកោសល្យ​ជាច្រើន​​កំពុង​​ចាប់​​អារម្មណ៍​​ក្នុង​​ផ្នែក​​នេះ។ ហេតុ​នេះ​ទាំង​​គេ ទាំង​​ខ្ញុំ មាន​​តែ​​ខំ​ប្រឹង​​ទាំង​​អស់​​គ្នា ដើម្បី​ឱ្យ​អក្សសិល្ប៍​ខ្មែរ​យើង​​បាន​​ដើរ​ទៅ​មុខ​។

ឡេឌីស៍ ៖ ចុង​ក្រោយ​តើ​លោក​អ្វី​ចង់​ផ្ដាំ​ផ្ញើ​ដល់​មិត្ត​អ្នក​អាន​របស់​ឡេឌីស៍​ដែរ​ទេ?

សុខ ចាន់ផល ៖ បាទ ចុងក្រោយ​សូម​អរគុណ​​ឡេឌីស៍​ដែល​បាន​ផ្ដល់​បទ​សម្ភាស​មក​ខ្ញុំ ហើយ​ចង់​ផ្ដាំផ្ញើ​ដល់​មិត្ត​អ្នក​អាន​ សូម​ជួយ​គាំទ្រ​ស្នាដៃ​ខ្មែរ ក៏​ដូច​ជា​ផ្ដល់​កម្លាំង​ដល់​ខ្មែរ​​គ្នា​ឯង… និង​​សូម​ជូន​ពរ​ប្រជាជន​ខ្មែរ​​ទាំង​​អស់​​ឱ្យ​ជួប​​តែ​​សេចក្ដី​សុខ និង​​​រីក​​ចម្រើន​ទៅ​មុខ៕

 

 

Advertisements

Entry filed under: កម្សាន្ត, បទនិពន្ធ, សៀវភៅ, អារម្មណ៍.

មណ្ឌលគីរី Happy Valentine’s Day

8 មតិ Add your own

  • 1. និមល  |  ខែ​កុម្ភៈ 13, 2011 ម៉ោង 3:21 ល្ងាច

    ​សម្ភាសន៍ សួរ និង ឆ្លើយ​​ល្អ​ណាស់។

    ឆ្លើយតប
  • 2. សុផាត  |  ខែ​កុម្ភៈ 13, 2011 ម៉ោង 3:35 ល្ងាច

    រូបក្នុងទស្សនាវដ្តីស្អាតណាស់ 😀

    ឆ្លើយតប
    • 3. Samady KS  |  ខែ​កុម្ភៈ 13, 2011 ម៉ោង 8:18 ល្ងាច

      តិច​ទៀត​បង​ផល នឹង​ទៅ​ថត​កុន ១​មុខ​ទៀត​ហើយ…

      ឆ្លើយតប
      • 4. សុផាត  |  ខែ​កុម្ភៈ 14, 2011 ម៉ោង 2:21 ល្ងាច

        😆

  • 5. posoky  |  ខែ​កុម្ភៈ 14, 2011 ម៉ោង 1:38 ព្រឹក

    ហាហាហា​ មុខដូចយូដីស្កូ សង្ស័យបងប្អូនហើយ ?

    ឆ្លើយតប
  • 6. cambomaths  |  ខែ​កុម្ភៈ 14, 2011 ម៉ោង 8:30 ព្រឹក

    ហេ ហេ..ល្បីទៀតហើយ បងផល!

    ឆ្លើយតប
  • 7. neary  |  ខែ​កុម្ភៈ 14, 2011 ម៉ោង 7:44 ល្ងាច

    Good question…and great answer. You are something special, oun Phal.

    ឆ្លើយតប
  • 8. ពត៌មានទូរស័ព្ទ  |  ខែ​កុម្ភៈ 14, 2011 ម៉ោង 10:50 ល្ងាច

    ជីវិតតស៊ូគូអោយកោតសសើរ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: