ការបោះពុម្ពសៀវភៅខែរងា
ខែមករា 18, 2011 at 5:50 ល្ងាច មតិ 22
ជូនចំពោះមនុស្សគ្រប់គ្នា ដែលស្រលាញ់អនុស្សាវរីយ៍
ដូចខ្ញុំធ្លាប់សរសេរអត្ថបទមួយ «ប្រលោមលោកនៃខែរងា» ដោយប្រាប់គេថា «ប្រលោមលោកនេះ ខ្ញុំសរសេរកាលពីខែរងាឆ្នាំ ២០០៦ គឺបរិយាកាសខែរងានោះបានផ្តល់សាច់រឿងនេះឱ្យខ្ញុំ… ឆ្នាំ ២០០៦ ស្រុកខ្មែរចូលខែរងានៅពាក់កណ្ដាលខែធ្នូ មានរយៈពេលខ្លីទេ តែល្មមនឹងខ្ញុំអាចសរសេរប្រលោមលោកមួយនេះចប់។ សាច់រឿងនេះពីដើមដល់ចប់ គឺកើតឡើងចំតែខែរងាប៉ុណ្ណោះ គឺ ឆ្នាំ ២០០៦ ឆ្នាំ ២០០៧ និង ឆ្នាំ ២០០៨ ។ ខ្ញុំមិនទាន់បានបោះពុម្ពសៀវភៅនេះនៅឡើយទេ សង្ឃឹមថាអាចបោះពុម្ពនៅខែរងាឆ្នាំ ២០១០ ទៅចុះ!»
ប៉ុន្តែដល់ខែរងាឆ្នាំ២០១០ ខ្ញុំគ្មានសង្ឃឹមថាអាចបោះពុម្ពបានសោះ… ស្រាប់តែក្រុម យុវអ្នកនិពន្ធខ្មែរ បានរៀបចំកម្មវិធីជួបជុំមួយ ហើយមិត្តភក្តិជាច្រើនចង់ឱ្យខ្ញុំបោះពុម្ពសៀវភៅយកទៅតាំងពិព័រណ៍។ ព្រោះជាឱកាសល្អ ខ្ញុំក៏សម្រេចរៀបចំកែរឿងទាំងមូលដើម្បីបោះពុម្ពជាសៀវភៅ ក្នុងចំនួនតិចតួចដើម្បីដាក់តាំងស្នាដៃ ក៏ដូចជាធ្វើតាមក្តីរំពឹងខ្លួនឯង ដែលចង់ចេញផ្សាយសៀវភៅនេះក្នុងខែងាឆ្នាំ២០១០ផង។
ខ្ញុំបានផ្ញើសំណេរដើមនេះទៅមិត្តជាច្រើន ដើម្បីឱ្យពួកគេជួយកែ និងផ្ដល់គំនិតស្ថាបនាមុននឹងផ្សាយ ដែលក្នុងនោះក៏មានបងស្រី លឹម សន្តិភាព ម្នាក់ដែរ។ បងស្រីរស់នៅប្រទេសកាណាដា ហើយតែងតែរាប់អាន និងផ្ដល់ក្ដីសង្ឃឹមឱ្យខ្ញុំ ថែមទាំងធ្លាប់ផ្ដាំផ្ញើថា បើមានស្នាដៃចង់ចេញផ្សាយ ឱ្យប្រាប់គាត់ ព្រោះគាត់មានមិត្តភក្តិល្អៗជាច្រើនដែលចូលចិត្តជួយគ្នា។ បែបនេះខ្ញុំក៏ហ៊ានបង្ហើបរឿងនេះដល់គាត់ បើទោះជាមិនសូវមានសង្ឃឹមក៏ដោយ។
វាប្រថុញញ៉ុចបំផុត ដើម្បីធ្វើសៀវភៅដាក់តាំងឱ្យទាន់ពេល ទើបខ្ញុំខំតឿនមិត្តភក្តិឱ្យជួយខ្ញុំ រហូតដល់ខ្លាចចិត្តពួកគេ។ ក្នុងពេលជាមួយគ្នានោះដែរ ខ្ញុំបានទទួលម៉ែលឆ្លើយតបពីបងស្រី សន្តិភាព រាល់ថ្ងៃ… ដែលដំបូងគាត់ប្រាប់ថា គាត់បានប្រាប់មិត្តភក្តិហើយ តែខ្ញុំមិនសំណាងទេ។ ខ្ញុំក៏តបទៅគាត់វិញដោយរំភើបថា អត់អីទេ ព្រោះការខ្វល់ខ្វាយជួយរបស់គាត់ធ្វើឱ្យខ្ញុំកក់ក្ដៅណាស់ហើយ។ ខ្ញុំមិនអស់សង្ឃឹមទេ ព្រោះមកពីខ្ញុំគ្មានជំនឿចិត្តថាអាចរកបានជំនួយ ប៉ុន្តែមិនស្មានថាស្អែកឡើង ខ្ញុំក៏បានទទួលម៉ែលពីគាត់ទៀត ដែលបែរជាប្រាប់ថាមានមិត្តភក្តិគាត់ជាច្រើនចង់ជួយខ្ញុំ។
យប់មួយនោះ ប្រហែលជាម៉ោង១២យប់ ខ្ញុំបានទទួលទូរស័ព្ទពីកាណាដា គឺបងសន្តិភាព ទូរស័ព្ទមកទាំងរីករាយ… គាត់ថាទ្រាំមិនប្រាប់មិនបានទេ ព្រោះមានលោកពូម្នាក់បានជួយខ្ញុំដល់ទៅ៥០០ដុល្លារ។ វាជិតគ្រប់សម្រាប់បោះពុម្ពសៀវភៅមួយពាន់ក្បាលហើយ ព្រោះមិត្តភក្តិរបស់គាត់ជាច្រើនទៀតបានសន្យាជួយខ្ញុំម្នាក់ ២០ ឬ៣០ដុល្លារផងដែរ។ ខ្ញុំរំភើបណាស់ មានអារម្មណ៍ថា«ពិតមែនអ្ហ?» ខ្ញុំពិតជាទទួលការជួយជ្រោមជ្រែងបែបនេះឬ?
វាជាកម្លាំងចិត្តដ៏ខ្លាំងក្លាមួយក្នុងជីវិតខ្ញុំ។ វាបានមកពីក្តីស្រលាញ់អាណិត និងការទុកចិត្តពីមនុស្សដែលខ្ញុំបានស្គាល់។ មួយរយៈនោះខ្ញុំស្ទើរតែចោលការងារក្រុមហ៊ុនទាំងស្រុង ហើយខំធ្វើសៀវភៅទាំងយប់ រហូតដល់ឈឺ។ រៀងរាល់ថ្ងៃខ្ញុំនិងបងស្រីបានជជែកពីការងារនេះតាមម៉ែល និងទូរស័ព្ទ។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងធ្វើសៀវភៅនោះឱ្យបានល្អបំផុត។
ខ្ញុំបានជួបរឿងចៃដន្យច្រើនណាស់ក្នុងការងារដ៏តក់ក្រហល់មួយនេះ។ ក្រៅពីបងភាព ខ្ញុំពិតជាអរគុណមិត្តភក្តិប៉ុន្មាននាក់ ដែលពួកគេក៏បានជួយជ្រោមជ្រែងខ្ញុំ។ ក្នុងនោះគឺមានរឿងមួយទាក់ទងនឹងក្របសៀវភៅ… បង កៅ សីហា ខំជួយណាត់តួមកថតឱ្យខ្ញុំ តែតួបែរជារវល់ ត្រូវលើកថ្ងៃ ធ្វើឱ្យខ្ញុំបារម្ភមែនទែន ខ្លាចបោះពុម្ពមិនទាន់ថ្ងៃដាក់តាំង។ ចៃដន្យពេលខ្ញុំសុំស្ទូឌីយូបង ខាំ ភូរិ ថតរូប គាត់ក៏ប្រាប់ថា រឿងខែរងាអ៊ីចឹងសមតែទៅថតនៅខេត្តមណ្ឌលគីរី ហើយឱ្យយោបល់ថា គាត់បានថតរូប ឆន សុវណ្ណរាជ នៅខេត្តនោះជាមួយនឹង តេង លក្ខិណា … សាកសុំមេមើល៍ យករូប រាជ ដាក់ធ្វើក្របតែម្ដងទៅ។ មុនដំបូងមិនទាន់សម្រេចចិត្តទេ ព្រោះជាប់មាត់ហៅតួមកថតទៅហើយ ប៉ុន្តែការងារថតនោះគឺរអាល់រអួលណាស់ ហើយម្យ៉ាងតួស្រីដែលនឹងមកថតនោះ មុខមិនដូចតួស្រីដែលខ្ញុំសរសេរសោះ តែបើជា តេង លក្ខិណា វិញ គឺត្រូវម៉ាច់តែម្ដង។
គឺមានរឿងចៃដន្យល្អៗជាច្រើនទៀត ដែលខ្ញុំរៀបរាប់មិនអស់ ហើយបើទោះជាខ្ញុំមិនអាចបោះពុម្ពទាន់ពេលតាំងពិព័រណ៍មែន ក៏ទីបំផុតខ្ញុំធ្វើបានសៀវភៅមួយក្បាល ដែលល្អលើសពីការរំពឹងទុក។
យប់មួយដែលខ្ញុំខំកែរឿង… កែហើយ កែទៀត ព្រោះមិនចង់ឱ្យអ្នកដែលគាំទ្រខ្ញុំខកចិត្ត!
1.
វិចូច | ខែមករា 18, 2011 ម៉ោង 6:33 ល្ងាច
ខ្ញុំសុំជួយលើកទឹកចិត្ត និង គាំទ្របងផលយ៉ាងពេញទំហឹង 😉 ខ្ញុំកំពុងតែទន្ទឹងរង់ចាំរឿងប្រលោមលោកមួយនេះ…….
2.
អែម ចាន់បុទុំ | ខែមករា 18, 2011 ម៉ោង 10:00 ល្ងាច
ខ្ញុំចាំជាវមួយដែរ បងផលអើយម៉េចម៉ាជូនខ្ញុំមួយហ្មងទៅ?
3.
Neary | ខែមករា 18, 2011 ម៉ោង 7:25 ល្ងាច
Me too. I will support you na oun.
4.
Long | ខែមករា 18, 2011 ម៉ោង 9:26 ល្ងាច
រងចាំមើលជានិច្ច!
5.
Fidele | ខែមករា 18, 2011 ម៉ោង 9:58 ល្ងាច
ទោះមិនបានជួយជាសំភារៈ តែសុំជួយជាកម្លាំងចិត្ត!
ខ្ញុំនឹងចាំទិញមើល! 😉
6.
Pheap | ខែមករា 19, 2011 ម៉ោង 3:27 ព្រឹក
You are welcome, brother 🙂
7.
Pheap | ខែមករា 19, 2011 ម៉ោង 3:28 ព្រឹក
Keep up your good work 😉
8.
ចាន់ផល | ខែមករា 19, 2011 ម៉ោង 2:06 ល្ងាច
Bart sister 😉
9.
ឧត្តម | ខែមករា 19, 2011 ម៉ោង 9:12 ព្រឹក
ខ្ញុំចាំរឿងហ្នឹងយូរហើយបង! ប្រាប់ឲ្យហើយណា ទោះមិនដាក់លក់ ក៏ត្រូវតែសុំម៉ាក្បាលឲ្យបាន! ហិហិ 😀
10.
ចិត្រា | ខែមករា 19, 2011 ម៉ោង 11:25 ព្រឹក
ផល! ខ្ញុំនៅប្រទេសឆ្ងាយណាស់ ធ្វើម៉េចបានអានសៀវៅរឿងដ៏គួរអោយចាប់អារម្មណ៌នេះ?! ពិតជាចង់អានណាស់។
11.
ចាន់ផល | ខែមករា 19, 2011 ម៉ោង 2:40 ល្ងាច
យ៉ាងណាសៀវភៅនេះនឹងរង់ចាំចិត្រា នៅក្នុងនៅស្រុកខ្មែរណា៎! 🙂
12.
សំឫទ្ធិ | ខែមករា 19, 2011 ម៉ោង 11:37 ព្រឹក
បងហ្អា៎! ឥលូវខ្ញុំក៏អត់នៅខ្មែរដែរ ប្រហែលកន្លះឆ្នាំទៀតទើបខ្ញុំបានមើល មើល៍ទៅ 😦 ហ៊ីក ហ៊ីក!! តែសង្ឃឹមថាប្រលោមលោកមួយនេះ មួយក្បាលចប់ណាបង 🙂 អត់ចង់ចាំដូច អាលើកមុនទេ 🙂
ជូនពរស្នាដែរបស់បង !! សង្ឈឹមថានឹងមានការគាំទ្រយាំងច្រើន !!
13.
ចាន់ផល | ខែមករា 19, 2011 ម៉ោង 2:41 ល្ងាច
បាទ ប្រលោមលោកមួយនេះគឺមួយក្បាលចប់ 😉
14.
មេឃា | ខែមករា 19, 2011 ម៉ោង 12:00 ល្ងាច
ស្តាប់ម៉ាង៉ៃ ហើយមិនទាន់បោះពុម្ពអាដែល…
ចេញផ្សាយពេលណា កុំភ្លេចប្រាប់ផង នឹងអាលទៅទិញមកមើលដែរ…
15.
ទឹម បឿន | ខែមករា 19, 2011 ម៉ោង 1:44 ល្ងាច
រង់ចាំអានសៀវភៅនេះដែរ
16.
វិចិត្រ | ខែមករា 19, 2011 ម៉ោង 4:31 ល្ងាច
ចាន់ផល៖ សរសេរសៀវភៅសំរាប់បោះពុម្ពអ៊ីចឹង គេត្រូវយកទំហំក្រដាស ទំហំក្របយ៉ាងម៉េចដែរ?
17.
ចាន់ផល | ខែមករា 19, 2011 ម៉ោង 4:42 ល្ងាច
គឺកំណត់ធម្មតា ក្នុងកម្មវិធី Word និង Photoshop ចង់បានទំហំប៉ុណ្ណា កំណត់ប៉ុណ្ណឹងទៅ!
18.
វិចិត្រ | ខែមករា 19, 2011 ម៉ោង 10:37 ល្ងាច
ខ្ញុំស្មានតែគេមានទំហំស្តង់ដារបស់គេ 😀
19.
lykalyane | ខែមករា 19, 2011 ម៉ោង 6:17 ល្ងាច
រង់ចាំទិញមួយក្បាលដែរ តែបែបមិនទាន់អ្នកមុនៗខាងលើទេមើលទៅព្រោះឮថាបោះពុម្ពតិចផង។ ហ៊ឺ…
សូមជូនពរលោកជួបជោគជ័យជានិច្ច។
20.
pisitnseiha | ខែមករា 19, 2011 ម៉ោង 9:46 ល្ងាច
ខ្ញុំនឹងមិនទិញអាកូពីទេ ទិញរបស់អូរីជីណលវិញ ដើម្បីគាំទ្រដល់អ្នកនិពន្ធដូច ចាន់ផលនេះ។ ហើយសុំហត្ថលិខាពីចាន់ផលទៀត!
21.
វិចូច | ខែមករា 19, 2011 ម៉ោង 9:51 ល្ងាច
ដូចគ្នាបង!
22.
Vy sreymao | ខែសីហា 3, 2018 ម៉ោង 10:27 ល្ងាច
បងនៅទីនេះអាចអានខែរងាពេញទេ នឹកខែរងាណាស់ ចង់អានម្តងទៀត។ សៀវភៅដែលទិញពីមុននោះគេខ្ចី មិនទុំសោះ។