ក្ដីស្រមៃ

ខែតុលា 28, 2010 at 8:58 ព្រឹក មតិ ១

២៧ តុលា ២០១០

ព្រឹកឡើង​ភ្ញាក់​ពី​ដេក​ទាំង​អត់​អារម្មណ៍… ខ្ញុំ​នៅ​​ដេក​ទ្រមក់​ជាង​រាល់​ថ្ងៃ​ទៅ​ទៀត លុះ​ត្រា​តែ​ប្អូន​ជីដូន​មួយ​បី​នាក់​របស់​ខ្ញុំ​ចេញ​ពី​ផ្ទះ​ស្ងាត់ ទើប​ខ្ញុំ​ក្រោក​​ចុះ​ទៅ​ក្រោម ហើយ​ធ្វើ​អាហារ​ពេល​ព្រឹក​ញ៉ាំ។ ខាន​ធ្វើ​អី​ញ៉ាំ​យូរ​ហើយ ព្រោះ​ខ្ជិល យល់​ថា​មិន​ឆ្ងាញ់​ណាស់ណា​ជាង​ដាំទឹក​ឆុង​មី​ទេ។ ប៉ុន្តែ​ថ្ងៃ​នេះ ដោយសារ​ឃើញ​មាន​សាច់​គោ និង​បន្លែ​ (​សាច់​គោ​អាំង​​សល់​ពី​យប់ ជាមួយ​នឹង​បន្លែ​អន្លក់​ទឹក​ប្រហុក សណ្ដែត​គួរ ប៉េងប៉ោះ ត្រសក់ ស្ពៃក្ដោប ជី​រណារ) ខ្ញុំ​ក៏​ឡីលក​ធ្វើ​បាយ​ឆា… ហាន់​សាច់​គោ​អាំង​ជា​ចម្រៀក​តូចៗ និង​យក​បន្លែ​ទាំង​នោះ​មក​ប្រើ​ឱ្យ​អស់​លទ្ធភាព ហើយ​ចិញ្ច្រាំ​ខ្ទឹម​ស​ទុក​ផង។ បន្ទាប់​មក​លាយ​គ្រឿង​ដោយ​ប្រើ​ទឹក​ប៉េងបោះ ស្ករស អំបិល ទឹក​ស៊ីអ៊ីវ ម្សៅស៊ុប​បន្តិច ​ហើយ​ចាក់​ចូល​ទៅ​ក្នុង​ខ្ទះ​ដែល​មាន​សាច់​គោ និង​​បន្លែ រួច​ក៏​ចាក់​បាយ​កក​ពី​យប់​ចូល ជ្រោយ​វា​ឱ្យ​សព្វ តែប៉ុន្មាន​នាទី​ក៏​ពន្លត់​ភ្លើង។ រស​ជាតិ​ទទួល​យក​បាន ហើយ​​យល់​ថា​ឆ្ងាញ់​ជាង​បាយ​ឆា​ក្នុង​ហាង​​ផង ហេតុ​អី​ក៏​ខ្ញុំ​អាច​ធ្វើ​បាន​ហ្ន៎? ហាហា…​ ស៊ី​ជោរ​តែ​ម្នាក់​ឯង!

មុន​នឹង​ចេញ​ទៅ​ធ្វើ​ការ ខ្ញុំ​ឈរ​មាត់​បង្អួច​យ៉ាង​យូរ មើល​ទៅ​ក្រៅ អត់​ដឹង​ថា​ខ្លួន​ឯង​កំពុង​តែ​គិត​អី… ជីវិត​ហាក់​នៅ​ស្ងៀម​ទ្រឹង អារម្មណ៍​ចាប់​ផ្ដើម​សោះ​កក្រោះ អារម្មណ៍​ដែល​ឧបមា​បាន​នឹង​​​​​មិត្ត​ចាស់​ គឺ​គេ​មក​សួរ​សុខ​ទុក្ខ​ទៀត​ហើយ។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​អារម្មណ៍​ខ្លួន​ឯង​ទេ ហើយ​ព្យាយាម​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ធម្មតា។ យ៉ាងណា ព្រោះ​​អារម្មណ៍​នោះ​កើត​ឡើង​ឱ្យ​ខ្ញុំ​គិត​ គឺ​គិត​ថា​ម៉េច​ក៏​ខ្ញុំ​កើត​អារម្មណ៍​នេះ។ មួយ​រយៈ​នេះ​តើ​ខ្ញុំ​បាន​ធ្វើ​អី​ខុស​មែន​ទេ? ចុះ​ខ្ញុំ​គួរ​រស់​បន្ត​ដោយ​គិត​បែប​ណា? គួរសង្ឃឹម​ដើម្បី​សប្បាយ​ចិត្ត ឬ​គួរ​កាត់​ចិត្ត​ដើម្បី​កុំឱ្យ​អស់​សង្ឃឹម។

អារម្មណ៍​ថ្ងៃ​នេះ​ គឺ​​ខ្លួន​ឯង​តូចទាប​ខ្លាំង​ណាស់ មិន​ហ៊ាន​សម្លឹង​មើល​អ្នកណា យល់​ថា​ខ្លួន​ឯង​មិន​ស្មើ​នឹង​អ្នក​ដទៃ គួរ​តែ​បិទ​មាត់​កុំ​និយាយ​ច្រើន ហើយ​ចៀសវាង​ធ្វើ​អត្តចរិត​ណា​ឱ្យ​គេ​​ចាប់​អារម្មណ៍។

វា​ល្ងាច​ហើយ មេឃ​ចាប់​ផ្ដើម​ងងឹត ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​វិញ។ ឈប់​នៅ​ស្តុប​ទួល​គោក ខ្ញុំ​ក៏​ទទួល​​បាន​ខិតប័ណ្ណ​ផ្សព្វ​ផ្សាយ​សាលា​មួយ… មែន​ហើយ! ក្មេង​ដែល​ហុច​ក្រដាស​នោះ​​មក​ខ្ញុំ វា​ធ្វើ​មុខ ឫកពា​ឈ្លើយ​សម្បើម​ណាស់ ធ្វើ​ឱ្យ​ខ្ញុំ​​អស់​សំណើច​នៅ​ពេល​​កាន់​ក្រដាស​តូច​នោះ​នៅ​ដៃ។ ខ្ញុំ​មិន​ទាន់​ដឹង​ថា គេ​ផ្សព្វ​ផ្សាយ​ពី​អី​ទេ ហើយ​កាន់​យ៉ាង​ជាប់ ទុក​យក​ទៅ​បោះ​ចោល​ក្នុង​ធុង​សំរាម​តាម​ទម្លាប់ តែ​ក៏​​ក្រឡេក​​​ឃើញ​ពាក្យ​ចុង​ភៅ… អារម្មណ៍​ក្លាយ​ជា​រស់​រវើក​បន្ទាប់​ពី​នោះ គិត​បណ្ដើរ​​ រំភើប​បណ្ដើរ​។ គឺ​ជា​ក្រដាស​ផ្សាយ​ពី​សាលា​រៀន​ធ្វើ​ម្ហូប។ ខ្ញុំ​ចង់​ទៅ​រៀន​ខ្លាំង​ណាស់ ហើយ​ចង់​មាន​ការងារ​មួយ​ទៀត​ជា​ចុង​ភៅ។ យ៉ាងហោច​ណាស់​ក៏​ខ្ញុំ​ចង់​ស្គាល់​ជំនាញ​មួយ​នេះ គ្រាន់​សរសេរ​ប្រលោមលោក​ពី​តួ​អង្គ​ចុងភៅ​ដែរ។ ហាហា… ខ្ញុំ​គួរ​តែ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន!

រស់​នៅ​គឺ​រៀន​ស្គាល់​ខ្លួន​ឯង ហើយ​នៅ​ពេល​ស្គាល់​ខ្លួន​ឯង​ហើយ ក៏​នៅ​ត្រូវ​រៀន​ទទួល​យក​ខ្លួន​ឯង​មួយ​ទៀត។ កាល​ដែល​នឹក​ឃើញ​ថា ខ្លួន​ឯង​ចូល​ចិត្ត​ធ្វើ​ម្ហូប ខ្ញុំ​ក៏​ស្រមៃ​ឃើញ​ពី​អនាគត​មួយ​ ពី​ជីវិត​មួយ ហើយ​ទទួល​​អារម្មណ៍​ធូរ​ស្រាល​ណាស់។ ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​រស់​នៅ​តាម​និស្ស័យ​ខ្លួន​ឯង ហើយ​ព្យាយាម​រស់​ឱ្យ​ត្រឹម​ត្រូវ​។ រក​នឹក​ពី​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ឯង ដែល​ហាក់​កប់​បាត់​នោះ​មក​វិញ… ខ្ញុំ​ចូល​ចិត្ត​បំផុត​គឺ​ការ​ដាំដុះ ហើយ​មួយ​ទៀត​គឺ​ច្នៃ​មុខ​អាហារ តែ​បែរ​ជា​​ធ្លាប់​នឹក​ថា ចំណង់​ចំណូល​ចិត្ត​បែប​នេះ​គ្រាន់​តែ​ជា​អារម្មណ៍​កូន​ក្មេង មិន​អាច​ក្លាយ​ជា​អាជីព​ឡើយ… ហ៎ះ… ជួន​កាល​វា​ដូចជា​​អាម៉ាស់​ណាស់ នៅ​ពេល​ស្ដាប់​ឮ​ពី​ក្ដី​ស្រមៃ​របស់​អ្នក​ដទៃ ដែល​ជា​ក្ដី​ស្រមៃ​នៃ​មោទនភាព តែ​ដល់​ពេល​សួរ​​ខ្លួន​ឯង​បែរ​ជា​មិន​ដឹង​ត្រូវ​និយាយ​ប្រាប់​គេ​ថា​ម៉េច ព្រោះ​ក្ដី​ស្រមៃ​នោះ​គ្រាន់​តែ​ជា​អ្នក​ថៃសួន​ម្នាក់។​ តែ​ពេល​នេះ… ខ្ញុំ​នឹង​ដើរ​ឆ្ពោះ​ទៅ​រក​ក្ដី​ស្រមៃ​របស់​ខ្ញុំ។

Advertisements

Entry filed under: អារម្មណ៍.

វគ្គថតរូប^^សួនមុខវត្ត ស្នេហ៍ស្មោះពិតជាមាន

1 មតិ Add your own

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: