ជីវិត​ចុងក្រោយ (អ្វីជារឿងខ្លី?)

ខែសីហា 30, 2010 at 11:34 ល្ងាច មតិ 12

ខ្ញុំ​នឹង​​​ប្រាប់​​អ្នក​ពី​​​អ្វី​ជា​​រឿង​ខ្លី។ រឿង​ខ្លី​ពិបាក​សរសេរ​ជាង​រឿង​វែង ព្រោះ​​​​​អ្នក​​ត្រូវ​ប៉ិន​ប្រសព្វ​​រក​វិធី​សាស្រ្ត​តែង​ដែល​ប្រើ​តួ​អក្សរ​តិច។ នេះ​ជា​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ ក៏​ជា​បទ​ពិសោធន៍ មិន​មែន​ជា​មេរៀន​​អី​នោះ​​​ទេ។ ខ្ញុំ​តែង​ផ្ចិត​ផ្ចង់​លើ​កាល​អាកាស​របស់​ដំណើរ​រឿង ពោល​គឺ​ខ្ញុំ​ប្រើ​ពេល និង​ទី​កន្លែង​តិច​បំផុត​ តាម​តែ​អាច​ធ្វើ​បាន។ ​កាល​អាកាស​តិច តែ​​មាន​លទ្ធភាព​​បក​ស្រាយ​គំនិត​រឿង​បាន​ទូលំ​ទូលាយ ដោយ​​រចនា​ផ្នត់​សាច់​រឿង​សាមញ្ញ ប្រកប​ដោយ​មូល​ន័យ​​​នៃ​ទស្សនវិជ្ជា។

ខ្ញុំ​នឹង​លើក​ឧទាហរណ៍​ពី​រឿង​ខ្លី​របស់​ខ្ញុំ​ប្រាប់​អ្នក៖

«កាបូបលុយ» និយាយ​ពី​រឿង​ក្មេង​ស្រី​ម្នាក់​រើស​បាន​កាបូប​លុយ​របស់​លោកវេជ្ជបណ្ឌិត។ ខ្ញុំ​បាន​ពណ៌នា​ចាប់​ពី​លោកគ្រូ​ពេទ្យ​បើក​ឡាន​ចេញ​ពី​​ធ្វើ​ការ ជា​ទម្លាប់​ប្រចាំ​ថ្ងៃ និង​ការ​គិត​ពិចារណា​របស់​គាត់ ហើយ​បណ្ដាល​ឱ្យ​គាត់​បាន​ជួប​ក្មេង​ស្រី ​រហូត​ធ្វើ​ឱ្យ​គាត់​ត្រឡប់​មក​កន្លែង​ធ្វើ​ការ​វិញ​ដោយ​​ភ្ញាក់​រឭក។ ដំណើរ​រឿង​ប្រើ​ពេល​​ត្រឹម​តែ​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ឯ​ការ​​បញ្ចប់​សាច់​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​អាន​​រំភើប​ភ្ញាក់​ផ្អើល​គឺ​ជា​លក្ខណៈ​ពិសេស​របស់​រឿង​ខ្លី។

«ឋានសួគ៌លោកិយ» គឺ​ជា​សុបិន​មួយ ផ្ដើម​ចេញ​ពី​ការ​ប្រយុទ្ធ​ដណ្ដើម​​គ្នា​រស់ រហូត​ធ្វើ​ឱ្យ​តួអង្គ​ម្នាក់​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ រសាត់​អណ្ដែត​ទៅ​ដល់​បរម​ស្ថាន​មួយ ជា​កន្លែង​ដែល​​​ផ្ដល់ក្ដី​សង្ឃឹម​ដល់​​គេ និង​ប្រាប់​គេ​ឱ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ដោយ​សេចក្ដី​ក្លាហាន។ តួ​អង្គ​ដែល​អ្នក​លើក​មក​និទាន​គប្បី​ចេះ​អភិវឌ្ឍ​ខ្លួន​ឯង​ជា​គំរូ​​របស់​អ្នក​អាន។

«កំណប់» ពេល​ភ្ញាក់​ពី​ដេក តួ​អង្គ​ក៏​នឹក​ឃើញ​​រឿង​យល់​សប្តិ​ពី​យប់ ហើយ​ចាប់​ផ្ដើម​ស្វែង​រក​ទី​កន្លែង​ក្នុង​យល់​សប្តិ រួច​ក៏​​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា អ្នក​ភូមិ​ទាំង​អស់​សុទ្ធ​តែ​បាន​យល់​សប្តិ​​ដូច​គ្នា។ សាច់​រឿង​កាន់​តែ​ស្មុគ​ស្មាញ និង​អស្ចារ្យ។ គំនិត​រឿង​ចាប់​ផ្ដើម​លាត​ត្រដាង តាម​រយៈ​សកម្មភាព​ហួង​ហែង​ច្រណែន​គ្នា រហូត​កើត​អំពើ​ហិង្សា។ ដំណោះ​ស្រាយ​គឺ​ជា​ការ​អប់​រំ អ្នក​ណា​លោភលន់​ជាង​គេ នៅ​ជិត​កំណប់​ជាង​គេ នឹង​ទទួល​បាន​នូវ​ការ​តប​ស្នង​ខ្លាំង​ជាង​គេ។

«ខេមរា» អ្វី​ដែល​អ្នក​អាច​រក​ឃើញ​ក្នុង​រឿង​នេះ គឺ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​​ពី​ងងឹត​មក​ភ្លឺ ពី​ភាព​ព្រិល​ស្រអាប់​មក​ភាព​ស្រឡះ​ចែស។

នៅ​ពេល​សាច់​រឿង​របស់​អ្នក​មាន​គោល​គំនិត និង​កាល​អាកាស​ច្បាស់​លាស់​ អ្នក​ក៏​មាន​គោល​ដៅ​ក្នុង​ការ​សរសេរ មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ស្នាដៃ ហើយ​ក៏​ងាយ​ស្រួល​ប្រាប់​គេ​ថា​រឿង​របស់​អ្នក​និយាយ​ពី​អ្វី និង​កើត​ឡើង​នៅ​កន្លែង​ណា។

សូម​អាន​រឿង​ខាង​ក្រោម​ ហើយ​ស្វែង​យល់​បន្ថែម​ពី​អ្វី​ដែល​ខ្ញុំ​ប្រាប់​៖

 

ជីវិតចុងក្រោយ

អាន​រឿង​នេះ​ជា​ភាសា​អង់គ្លេស នៅ យុវអ្នកនិពន្ធខ្មែរ


ល្ងាចមួយដែលខ្ញុំដើរលម្ហែតាមមាត់សមុទ្រ ខ្ញុំ​បាន​ជួប​បុរស​ម្នាក់​អាយុ​ប្រហែល​៣០ឆ្នាំ កំពុង​អង្គុយ​គូរ​គំនូរ​នៅ​ក្រោម​ដើម​ស្រល់ ដែល​រេរាំ​តាម​សំឡេង​ទឹក​រលក។ នៅ​ក្នុង​ផ្ទាំង​គំនូរ​របស់​គាត់​មាន​ពណ៌​ចំរុះ​នៃ​ពពក និង​ទឹក​សមុទ្រ​ពេល​ព្រះអាទិត្យ​អស្តង្គត។ គាត់​មាន​កាយ​វិការ​ប្រៀប​បាន​នឹង​វិចិត្រករ​ដ៏​ចំណាន ប៉ុន្តែ​រូបភាព​ដែល​គាត់​កំពុង​គូរ​នោះ​មិន​ស្អាត​នោះ​ទេ។ វា​ស្រដៀង​នឹង​គំនូរ​របស់​កូន​ក្មេង​ដែល​មាន​ដួងចិត្ត​បរិសុទ្ធ​បំផុត។

បុរសនោះសួរខ្ញុំថា “តើលោកយល់ថា វាស្អាតណាស់មែនទេ?”

ខ្ញុំឆ្លើយទាំងសើចថា “វាដូចជាគំនូររបស់កូនក្មេងអ៊ីចឹង។”

គាត់នៅតែបន្តយកជក់ជ្រលក់ពណ៌ក្រហម គូរ​ព្រះអាទិត្យ​ធំ​មួយ​នៅ​ក្នុង​ពពក រួច​សួរ​ខ្ញុំ​ទៀត​ថា “តើ​លោក​យល់​ថា ព្រះ​អាទិត្យ​នេះ​ធំ​ពេក ឬ​ក៏​តូច​ពេក?”

ខ្ញុំឆ្លើយថា “វាធំពេក។”

“វាធំមែន!” រាល់​លើក​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ គាត់​មិន​ងាក​មើល​មុខ​ខ្ញុំ​ទេ។ គាត់​ពោល​បន្ត​ទៀត​ថា “តែ​ខ្ញុំ​ស្រលាញ់​ព្រះអាទិត្យ​រៀប​លិច​ធំ​អ៊ីចឹង ទើប​ខ្ញុំ​គូរ​វា​ឱ្យ​ធំ។”

“តែវាខុសពីធម្មជាតិ។” ខ្ញុំ​តប​ទៅ​គាត់។

“តែខុសពីធម្មជាតិក៏វាជាធម្មជាតិដែរ។” ឆ្លើយ​ឃ្លា​នេះ​រួច ទើប​គាត់​ងាក​មុខ​មើល​ខ្ញុំ។ ភ្នែក​របស់​គាត់​ទន់​ត្រជាក់ និង​មាន​រោម​ចិញ្ចើម​ក្រាស់​ឃ្មឹក។ គាត់​ញញឹម​ដាក់​ខ្ញុំ​ចេញ​ពី​កែវ​ភ្នែក រួច​បន្លឺ​ថា “តើ​ប្អូន​កំពុង​មាន​ជីវិត​រីករាយ​ទេ?”

ខ្ញុំមើលទៅផ្ទាំងគំនូររបស់គាត់ អត់​ទាន់​ឆ្លើយ​ទៅ​គាត់​ទេ ទើប​គាត់​ពោល​បន្ត “ប្អូន​ដឹង​ទេ? ខ្ញុំ​គិត​ថា​ពិភពលោក​នេះ​គួរ​ឱ្យ​អស់​សំណើច… មនុស្ស​ឧស្សាហ៍​ហត់ មនុស្ស​ខ្ជិល​ស្រណុក មនុស្ស​ឆ្លាត​សយ មនុស្ស​ល្ងង់​សំណាង… មនុស្ស​ល្អ​តែង​ត្រូវ​មនុស្ស​អាក្រក់​ធ្វើ​បាប ធ្វើ​ល្អ​ដាក់​គេ គេ​ធ្វើ​អាក្រក់​តប​មក​វិញ… មនុស្ស​ហ្មត់ចត់​បែរ​ជា​ត្រូវ​ស្តាប់​បង្គាប់​មនុស្ស​ខ្ជី​ខ្ជា… មនុស្ស​សន្សំ​លុយ​បែរ​ជា​យក​លុយ​ឱ្យ​មនុស្ស​ខ្ជះ​ខ្ជាយ​ចាយ… មនុស្ស​តស៊ូ​នៅ​តែ​តស៊ូ​រហូត… គិត​ទៅ​បើ​ខ្ញុំ​មិន​កើត​មហារីក​ទេ ខ្ញុំ​ប្រហែល​ត្រូវ​តស៊ូ​ដល់​ងាប់​ហើយ!”

ខ្ញុំសួរគាត់ថា “បងមានជំងឺមហារីកអ្ហេះ?”

“ត្រូវហើយ!” គាត់​ញញឹម​យ៉ាង​ស្រស់​ដាក់​ខ្ញុំ “តែ​ប្អូន​មិន​បាច់​អាណិត​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​គឺ​ជា​អ្នក​ជំងឺ​ដែល​សប្បាយ​ចិត្ត​ជាង​គេ។“

“ហេតុអ្វី?”

“ជំងឺមហារីកបំផ្លាញអនាគតរបស់ខ្ញុំ តែ​ផ្តល់​បច្ចុប្បន្ន​ដ៏​មាន​ន័យ​ឱ្យ​ខ្ញុំ។ ប្អូន​មើល៍ ពេល​នេះ​ខ្ញុំ​មាន​សេរីភាព​ណាស់! អង្គុយ​គូរ​រូប​តាម​តែ​ចិត្ត​នឹក​ឃើញ មិន​បាច់​ខ្វល់​ថា​ត្រូវ​គូរ​ឱ្យ​ស្អាត ឱ្យ​អ្នក​ណា​ពេញ​ចិត្ត​ឡើយ។”

“ប៉ុន្តែហេតុអ្វីក៏ដោយសារតែជំងឺ?”

“ព្រោះជំងឺនេះធ្វើឱ្យខ្ញុំមានជីវិតចុងក្រោយដែលខ្ញុំចង់បាន។ បើ​ខ្ញុំ​មិន​ដឹង​ខ្លួន​ថា ជីវិត​ខ្ញុំ​ជិត​បញ្ចប់ ខ្ញុំ​ប្រាកដ​ជា​កំពុង​ប្រឹង​ធ្វើការ ធ្វើ​បាប​ខ្លួន​ឯង​ហើយ។ តាំង​ពី​តូច​មក​ខ្ញុំ​ចូលចិត្ត​ធ្វើ​បាប​ខ្លួន​ឯង​ណាស់។ ខ្ញុំ​ខំ​រៀន​ស្ទើរ​សរសៃ​ប្រសាទ។ ខ្ញុំ​ក្បត់​ខ្លួន​ឯង​រហូត មិន​ដែល​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ទេ។ ខ្ញុំ​ចង់​អាន​សៀវភៅ​រឿង​កំសាន្ត​ណាស់ តែ​ខ្ញុំ​គិត​ថា​វា​គ្មាន​ប្រយោជន៍​ដូច​ជា​សៀវភៅ​មេរៀន។ ខ្ញុំ​ចូល​ចិត្ត​ស្តាប់​ចម្រៀង​ណាស់ តែ​ខ្ញុំ​បង្ខំ​ខ្លួន​ឯង​ស្តាប់​ព័ត៌មាន។”

គាត់និយាយដល់ត្រឹមនេះ ខ្ញុំ​ស្រាប់​តែ​សើច។ គាត់​យក​ដៃ​ទះ​ស្មា​ខ្ញុំ ហើយ​ប្រាប់​ឱ្យ​ខ្ញុំ​អង្គុយ​ចុះ ទើប​សួរ​ខ្ញុំ​ថា “តើ​ប្អូន​យល់​ថា​ជីវិត​គឺ​ជា​ការ​តស៊ូ​ឬ​អត់?”

“មិនមែនទេ! ខ្ញុំយល់ថាជីវិតគឺជាក្តីសង្ឃឹម។”

គាត់នៅទ្រឹងស្ងៀមមួយស្របក់ ទើប​និយាយ​ថា “តាម​ពិត​ជីវិត​ខ្ញុំ​ឥឡូវ​នេះ​ល្អ​ណាស់។ ខ្ញុំ​អាច​ដេក​ឆ្អែត អាច​ដើរ​លេង អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ… គ្មាន​សម្ពាធ​ជីវិត​បញ្ជា​ខ្ញុំ​ទេ។ តើ​ខ្ញុំ​ពិត​ជា​ត្រូវ​សង្ឃឹម​ទៀត​មែន​ឬ?”

វិច្ឆិកា ២០០៧

 

Advertisements

Entry filed under: រឿងខ្លី.

អារម្មណ៍​ឆ្លង​ថ្ងៃ​ខួប​កំណើត មើលមេឃ

12 មតិ Add your own

  • 1. មេឃា  |  ខែសីហា 31, 2010 ម៉ោង 12:29 ព្រឹក

    សម្រាប់ខ្ញុំបែរជាយល់ថា រឿងខ្លី ស្រួលសរសេរជាងរឿងវែង ព្រោះមិន ដែលសរសេរបានរឿងវែងមួយចប់ផង។ ប្រសិនបើរៀងខ្លីវិញ មានអារម្មណ៍ តែបន្តិចអាចសរសេរបានហើយ បើរឿងវែងវិញ ត្រូវការអារម្មណ៍ និងពេលវេលា ច្រើន

    រឿង ជីវិតចុងក្រោយ នេះឬ ដែលផល គិតថា ហ្នឹងបោះពុម្ពក្នុងពេលឆាប់ ៗ នោះ ? អានទៅជក់ចិត្ដដល់ហើយ ! តាមពិត ខ្ញុំចូលចិត្តអានរឿងបែប​ទស្សនៈវិជ្ជា អីចឹង ! មិនមែនបញ្ជោរទេ បើសិនជា ផល បានស្គាល់ខ្ញុំ ហ្នឹងដឹងថា ខ្ញុំមិនមានជំនាញខាងបញ្ជោរគេឲ្យសប្បាយចិត្តទេ។ បើចេញលក់ពេលណា ធានាថា នឹងទិញ យកមកមើលមិនខាន !

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែសីហា 31, 2010 ម៉ោង 10:30 ព្រឹក

      អរគុណ​មេឃា​ហើយ! រឿង​ «ជីវិតចុងក្រោយ» ​ដែល​ខ្ញុំ​ប្រកាស​​​ថា​ត្រៀម​ចេញ​ផ្សាយ​គឺ​រឿង​ប្រលោមលោក​ទេ។ ចំណែក​​រឿងខ្លី​​មួយ​នេះ​ក៏​កំពុង​តែ​រៀបចំ​បោះពុម្ព​ផ្សាយ​​​ដែរ​ ដោយ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​សាស្រ្តា។

      ឆ្លើយតប
  • 3. ឌីយ៉ា  |  ខែសីហា 31, 2010 ម៉ោង 7:42 ព្រឹក

    បងអើយ! បង​ថាត្រូវណាស់​ មនុស្ស​យើ​​ង​គួរ​ធ្វើអ្វី​ដែលខ្លួន​ចង់​ធ្វើខ្លះ កុំ​ដល់​ពេល​ស្លាប់​ទៅ​ស្តាយក្រោយ ដូច​ភារម្យនិយាយ​ចឹង គាត់​ចង់​សាក​សព្វ​រសជាតិ​នៃ​ជីវិត ទ្រឹស្តី​គាត់​គឺ រស់​មួយ​ជាតិ​ធាតុ​មួយ​ចាន​ ស្អីទេ! ស៊ូ ស៊ូ សប្បាយ​ សប្បាយ

    ឆ្លើយតប
  • 4. V-Memo  |  ខែសីហា 31, 2010 ម៉ោង 8:14 ព្រឹក

    ចំពោះ​ខ្ញុំ​រឿង​ខ្លី មាន​ទំហំ​ប្រហាក់​ប្រហែលចម្រៀង​មួយ​បទ​ បើ​ការតែងនិពន្ធ​បាន​ល្អ អត្ថន័យ​ជា​សាច់រឿង​មួយ​ពេញ​បរិបូរណ៍ ដូច​បទ “ទឹក​ភ្នែក​សម្ងាត់​” របស់​​អ្នក​ស្រី​ សុង​ សេងហ៊ង ការរៀបរាប់​របស់គាត់​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​សាច់​រឿង​​របស់​នារី​ខក​ស្នេហ៍​ម្នាក់​បានយ៉ាង​ច្បាស់ ។ល។

    ឆ្លើយតប
  • 5. ឧត្តម's ប្លក  |  ខែសីហា 31, 2010 ម៉ោង 11:11 ព្រឹក

    ញុមតែងតែគាំទ្រជានិច្ចរាល់ស្នាដៃរបស់បង! ពិសេសរឿងខ្លីៗតែម្តង!
    ញុមមានលីងមួយសម្រាប់ បង និង អ្នកដែលចាប់អារម្មណ៍លើវិស័យតែងនិពន្ធ

    http://www.camnews.org/2010/08/31/%E1%9E%9C%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%90%E1%9E%B6%E1%9E%93%E2%80%8B%E1%9E%93%E1%9F%85%E2%80%8B%E1%9E%A2%E1%9E%B6%E1%9E%98%E1%9F%81%E1%9E%9A%E1%9E%B7%E1%9E%80/

    ឆ្លើយតប
  • 6. ភារម្យ  |  ខែសីហា 31, 2010 ម៉ោង 1:26 ល្ងាច

    ទើបតែអានសៀវភៅប្រលោមលោកផស់បងចប់ ស្នេហាសុភាពបុរស ! ពេញចិត្តស្តូកតែម៉ាដង! តែមិនដឹងថា បងចេញវគ្គបន្តរនៅពេលណា ហើយរឿងជីវិតចុងក្រោយនេះប្រហែលជាល្អដែរហើយមើលទៅ!

    ឆ្លើយតប
  • 7. វឌ្ឍនា  |  ខែកញ្ញា 1, 2010 ម៉ោង 5:39 ព្រឹក

    ខ្ញុំអត់ចេះសរសេររឿងខ្លីទេ… និយាយអោយចំ បើសង្ខេប រឿងរបស់ខ្ញុំ អស់ន័យតែម្តង!

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែកញ្ញា 1, 2010 ម៉ោង 12:38 ល្ងាច

      បែប​នេះ​ហើយ ទើប​ខ្ញុំ​នឹក​ឃើញ​សរសេរ​​អត្ថបទ​ខាង​លើ​នេះ ក្រែង​អាច​ជា​​គំនិត​សម្រាប់​អ្នក​ចង់​សរសេរ​រឿង​ខ្លី។

      ឆ្លើយតប
      • 9. វឌ្ឍនា  |  ខែកញ្ញា 10, 2010 ម៉ោង 4:50 ព្រឹក

        ខ្ញុំមានមូលន័យរឿងគ្រប់គ្រាន់សំរាប់បង្ហាញនិងអប់រំអ្នកអាន តែខ្ញុំចិត្ត មិនដាច់កាត់details របស់តួរអង្គចោល។ អញ្ចឹងហើយបានជាសរសេរ តែរឿងវែងៗ ហើយខ្លីណាស់ក៏17ទំព័រដែរ!

  • 10. vathanakkhmer  |  ខែកញ្ញា 1, 2010 ម៉ោង 7:04 ព្រឹក

    រឿងបងពិតជាមានន័យល្អមែន! អរគុណហើយបងនៅអ្វីដែលបានផ្តល់នៅពេលនេះ 🙂

    ឆ្លើយតប
  • 11. ផ្កាយដុះកន្ទុយ  |  ខែកញ្ញា 11, 2010 ម៉ោង 9:04 ល្ងាច

    ហាហា… បងពិតជាមានន័យល្អមែនទែន! បើតាមទស្សនៈរឿងនេះ ខ្ញុំហាក់ដូ​ចជាមិនទាន់បានប្រើជីវិតរបស់ខ្លួនឯង សមស្របទៅតាមអ្វី ដែលខ្លួនឯងចង់នៅឡើយ!!! ខ្ញុំពិតជាចង់ណាស់ តែមិនអាច!!! 🙂

    ឆ្លើយតប
  • 12. ជីវិតចុងក្រោយ | សមាគម សេរីភាព  |  ខែ​មីនា 11, 2012 ម៉ោង 8:34 ល្ងាច

    […] និពន្ធដោយ សុខ ចាន់ផល […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: