ខេមរា (បទពិសោធន៍និពន្ធរឿង)

ខែសីហា 19, 2010 at 11:22 ល្ងាច មតិ 12

សួស្ដីមិត្តអ្នកអានទាំងអស់ ជាពិសេសមិត្តទាំងឡាយដែល​ចង់​រៀន​សរសេរ​រឿង​ 🙂 ថ្ងៃ​នេះ​គឺ​ខ្ញុំ​ដាក់​ប្រកាស​រឿង​ខ្លី​មួយ និង​រៀបរាប់​ពី​បទ​ពិសោធន៍​​សរសេរ​​របស់​ខ្ញុំ​ដល់​គ្រប់​គ្នា។ វា​ជា​របៀប​ដែល​ខ្ញុំ​ធ្វើ​ការ ក៏​ជា​មេរៀន​សម្រាប់​អ្នក​ដែរ។ ខ្ញុំ​មិន​គិត​ថា ការ​តែង​និពន្ធ​អាច​រៀន​ចេះ​ឡើយ តែ​អាច​ស្វែង​យល់​បន្ថែម​តាម​បទ​ពិសោធន៍​របស់​​អ្នក​ដទៃ។ សម្រាប់​ខ្ញុំ គ្រូ​​ដ៏​ពូកែ​​គឺ​បទ​និពន្ធ​មួយ​ដ៏​ល្អ ពោល​គឺ​បើ​អ្នក​មាន​ទេពកោសល្យ​ផ្នែក​នេះ អ្នក​ប្រាកដ​ជា​អាច​រៀន​តាម​ស្នាដៃ​ទាំង​ឡាយ​ដែល​អ្នក​បាន​អាន មើល ឬ​ស្ដាប់។

ហេតុអ្វី​បាន​​ជានឹក​ឃើញ​​សរសេរ​រឿង​នេះ? ព្រោះ​វា​ជា​រឿង​ដែល​ខ្ញុំ​បំភ្លេច​មិន​បាន ហើយ​ចង់​ប្រាប់​គេ​​ពី​អារម្មណ៍​ពិត​របស់​ខ្ញុំ។ អ្វី​ក៏​ដោយ​ត្រូវ​​តែ​មាន​គោល​បំណង។ គោល​បំណង​នៃ​ការ​សរសេរ​រឿង គឺ​ការ​ចង់​ប្រាប់​រឿង​នោះ​ដល់​អ្នក​ដទៃ។ អ្នក​មិន​បាច់​តាំង​ខ្លួន​ឯង​ជា​អ្នក​និពន្ធ​​​អី​នោះ​ឡើយ តែ​អ្នក​ត្រូវ​មាន​អារម្មណ៍​រំភើប​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​សរសេរ និង​មាន​​ចេតនា​បរិសុទ្ធ​ចង់​ប្រាប់​រឿង​នោះ​ដល់​អ្នក​អាន​របស់​អ្នក។ អាច​ធ្វើ​អារម្មណ៍​ដូច​អ្នក​កំពុង​តែ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​កាន់​មិត្ត​សម្លាញ់​របស់​អ្នក ប្រាប់​គេ​ពី​ហេតុការណ៍​ដ៏​​អស្ចារ្យ​មួយ ​ដែល​អ្នក​បាន​ជួប​ក្រោយ​ពេល​បែក​គ្នា។ វា​ជា​​អារម្មណ៍​ចែក​រំលែក និង​ជា​អារម្មណ៍​ពិត។

ប្រើ​បេះដូង​សរសេរ នឹង​បាន​ភាសា​បេះដូង តែ​បើ​ប្រើ​វិធីសាស្រ្ត​សរសេរ​នឹង​បាន​មេរៀន។ ទោះ​បី​វា​ជា​រឿង​ប្រឌិត តែ​អ្នក​ត្រូវ​ប្រើ​អារម្មណ៍​ពិត​សរសេរ​ចេញ​មក។ អ៊ីចឹង​តើ​​អ្នក​បាន​អារម្មណ៍​ពិត​នោះ​មក​ពី​ណា? នោះ​ជា​បទ​ពិសោធន៍​ជីវិត ព្រោះ​​ការ​ងារ​ជា​អ្នក​និពន្ធ​គឺ​ការងារ​ជីវិត។ រឿង​​ «ខេមរា» ខ្ញុំ​បាន​សរសេរ​ពី​អារម្មណ៍​ក្មេង​ម្នាក់​ដែល​ខ្វះ​ភាព​កក់​ក្ដៅ សរសេរ​ពី​យប់​មួយ​ដែល​គេ​ត្រូវ​ខ្មោច​សង្កត់។ ខ្ញុំ​បាន​ប្រើ​អារម្មណ៍​​ខ្លួន​ឯង​សរសេរ នៅ​ពាក់​កណ្ដាល​យប់​​ដែល​ខ្ញុំ​យល់​សប្ដិ​អាក្រក់។ អារម្មណ៍​ពេល​នោះ​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ពី​ភាព​ឯកោ​របស់​ក្មេង​កំព្រា ពី​រស​ទឹក​ភ្នែក​ដែល​តែង​តែ​ហូរ​កាត់​ថ្ពាល់​។ អ្នក​ដែល​មិន​ធ្លាប់​ហូរ​ទឹក​ភ្នែក​ចូល​មាត់ ប្រាកដ​ជា​មិន​ដឹង​ថា​​ទឹក​ភ្នែក​មាន​រស​ជាតិយ៉ាង​ណា​ទេ ហើយ​ក៏​ពណ៌នា​អារម្មណ៍​ហូរ​ទឹក​ភ្នែក​​នោះ​មិន​ត្រូវ​ដែរ។ ហេតុ​នេះ​ហើយ ពេល​មាន​អ្នក​សួរ​ខ្ញុំ​ថា ធ្វើ​យ៉ាង​ណា​ទើប​អាច​​ក្លាយ​ជា​អ្នកនិពន្ធ​ ខ្ញុំ​​ក៏​​គិត​ថា គឺ​ជីវិត​ផ្ដល់​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​និពន្ធ។

ជួនកាល​ខ្ញុំ​អាច​និយាយ​ថា ស្នាដៃ​ខ្ញុំ​មិន​មែន​ខ្ញុំ​សរសេរ​ទេ តែ​ជា​អារម្មណ៍​ខ្ញុំ​សរសេរ។ តើ​ខ្ញុំ​ចេះ​អ្វី​​ខ្លះ​ទៅ បាន​ជា​ខ្ញុំ​អាច​សរសេរ​រឿង​ឱ្យ​អ្នក​ដទៃ​អាន​បាន? ជា​សំណួរ​ដែល​ខ្ញុំ​នៅ​តែ​សួរ​ខ្លួន​ឯង ព្រោះ​ខ្ញុំ​ដឹង​ថា នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត ដែល​ពួក​គេ​ចេះ​ដឹង​ជាង​ខ្ញុំ មាន​គំនិត​ល្អ​ជាង​ខ្ញុំ តែ​​បែរ​ជា​ព្រម​​អាន​គំនិត​របស់​ខ្ញុំ​ទៅ​វិញ។ នេះ​អាច​បញ្ជាក់​ពី​ទេពកោសល្យ​ខុស​គ្នា​របស់​មនុស្ស។ ខ្ញុំ​មិន​សូវ​ចេះ​​និយាយ​ទេ តែ​ខ្ញុំ​ចេះ​សរសេរ ហើយ​ការ​សរសេរ​ជា​ការងារ​មួយ​ដែល​ខ្ញុំ​ត្រូវ​បំពេញ​ឱ្យ​ជីវិត​ខ្ញុំ។ ទោះ​យ៉ាងណា​ ចំណេះ​ដឹង​ទូទៅ​ពិត​ជា​សំខាន់​ណាស់។ អារម្មណ៍​របស់​អ្នក​នឹង​រឹត​តែ​មាន​តម្លៃ​បើ​វា​​​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដទៃ។ ចំណេះ​ដឹង​ទូទៅ​នេះ​ក៏​រាប់​បញ្ចូល​ទាំង​រចនា​បថ​នៃ​ការ​សរសេរ ឬ​ក៏​ការ​ប្រើ​ប្រាស់​ភាសា​​​ដែរ ពោល​អ្នក​និពន្ធ​ត្រូវ​យល់​ដឹង​ពី​ភាសា​ជ្រៅ​ជ្រះ មិន​មែន​ចេះ​តែ​សរសេរ​បាយ​បិណ្ឌ​ចូល​បាយ​បាត្រ​នោះ​​ទេ។

បេះដូង​ធំ អារម្មណ៍​ទូលាយ គួរ​តែ​ជា​លក្ខណៈ​របស់​អ្នក​និពន្ធ។ មិន​មែន​ត្រឹម​​តែ​ចេះ​​វិភាគ​បាន​​វែង​ឆ្ងាយ​ មិន​មែន​ត្រឹម​តែ​​ក្ដី​ស្រមៃ​ដែល​គេ​គិត​មិន​ដល់ តែ​អ្នក​ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​សិល្បៈ​ប្រើ​ពាក្យ​ពេចន៍ ឃ្លាឃ្លោង ដឹង​ឆ្គង ដឹង​ខុស។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ស្រាប់​តែ​ចេះ​ប្រើ​ពាក្យ​ពេចន៍​ត្រូវ​តាម​​កាលទេសៈ​ ទាំង​ដែល​មិន​ធ្លាប់​មាន​អ្នកណា​បង្រៀន​ដែរ​ឬ​ទេ? វា​ជា​សមត្ថភាព​​​ពី​កំណើត​មួយ​ដែល​​ឧបនិស្ស័យ​ផ្ដល់​ឱ្យ​អ្នក​​​ងាយ​យល់​ជាង​អ្នក​ដទៃ។ បើ​ចង់​ប្រាប់​ថា ​អ្នក​​កំពុង​តែ​គេង​ក្នុង​ពេទ្យ តើ​អ្នក​នឹង​សរសេរ​យ៉ាង​ម៉េច? ពេល​អាន​រឿង​ខាង​ក្រោម​នេះ សូម​ចាប់​អារម្មណ៍​លើ​ការ​ពណ៌នា​របស់​ខ្ញុំ។  ព្រឹត្តការណ៍​មួយ​ដូច​គ្នា តែ​​មាន​រស​​ខុស​គ្នា​ បើ​សរសេរ​ដោយ​មនុស្ស​ខុស​គ្នា។

បើអ្នក​មាន​និស្ស័យ​នឹង​ការ​តែង​​និពន្ធ អ្នក​ប្រាកដ​ជា​យល់​ពី​អ្វី​ដែល​ខ្ញុំនិយាយ!

ខេមរា

ម៉ោងដប់ពីរអធ្រាត្រ…

ខ្ញុំយល់សប្តិអាក្រក់ៗណាស់។ សុបិន​ទាំងនោះ​សុទ្ធ​តែ​ច្បាស់​ក្រឡែត ប៉ុន្តែ​មិន​ដឹង​និយាយ​ពី​អ្វី​ឱ្យ​ពិត​ប្រាកដ។ វា​គឺ​ជា​សុបិន​ដែល​មាន​វិការដ្ឋាន​ផ្សេងៗ​នៅ​ក្នុង​ពិភព​ស្រមោល​ដ៏​គួរ​ឱ្យ​ខ្លាច។ នៅ​ក្នុង​ព្រៃ​ភ្នំ​ដ៏​ងងឹត ខ្ញុំ​មើល​ឃើញ​តែ​ផ្សែង​ហុយ​ទ្រលោម។ ខ្ញុំ​ខំ​ដើរ​រក​ច្រក​ចេញ​យ៉ាង​លំបាក​លំបិន តែ​នៅ​តែ​មិន​ដឹង​ថា​ត្រូវ​ដើរ​ទៅ​ណា​ឡើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ដៃ​ដ៏​ធំ​មួយ​មក​ចាប់​ទាញ​ដៃ​របស់​ខ្ញុំ​ទៅ។ ខ្ញុំ​ខំ​រើ​បម្រះ​ខ្លួន​ជាមួយ​នឹង​ចង្វាក់​បេះដូង​ដង្ហក់ ប៉ុន្តែ​ខ្លួន​ប្រាណ​ខ្ញុំ​ក្លាយ​ជា​រឹង​កំព្រឹស។ កម្លាំង​ចិត្ត​ខំ​ប្រឹង​ជម្នះ​រើ​ខ្លួន តែ​សូម្បី​តែ​ម្រាម​ដៃ​ក៏​កម្រើក​មិន​កើត…

ខ្ញុំដេកម្នាក់ឯងនៅក្នុងបន្ទប់ងងឹតសូន្យ ហើយ​នឹក​ខ្លាច​ពី​ទី​កន្លែង​នៅ​ក្នុង​សុបិន។ បេះដូង​ខ្ញុំ​នៅតែ​លោត​មិន​ឈប់។ ខ្ញុំ​គិត​ថា​ដៃ​ដែល​លូក​មក​ចាប់​ខ្ញុំ​បំបាញ់​មិញ​នេះ​គឺ​ជា​ដៃ​របស់​ខ្មោច។ ខ្ញុំ​ខំ​កម្លា​ចិត្ត​ខ្លួន​ឯង​ថា វា​គ្រាន់​តែ​ជា​សុបិន​ទេ។ សំងំ​ដេក​ឱ្យ​លក់​ម្តង​ទៀត​ទៅ ភ្ញាក់​ឡើង​វិញ​នឹង​ដល់​ពេល​ភ្លឺ​ហើយ។ ខ្ញុំ​ក៏​បាន​ដេក​លក់​ម្តង​ទៀត ប៉ុន្តែ​រូប​ខ្ញុំ​នៅតែ​កំពុង​ដើរ​ក្នុង​ពិភព​ព្រឺព្រួច​ដដែល។ ម្តង​នេះ​ខ្ញុំ​កំពុង​ដើរ​នៅ​លើ​វាល​ស្រែ​ដ៏​ក្រៀម​ក្រោះ។ ខ្ញុំ​ឮ​សំឡេង​គ្រាប់​មីន​ផ្ទុះ​ស្ទើរ​លោះ​ព្រលឹង រួច​ឃើញ​មនុស្ស​ផ្អើល​ឈូឆរ​ស្រែក​ខ្លាំងៗ​ថា ឪពុក​ខ្ញុំ​ស្លាប់​ហើយ!!! ខ្ញុំ​នឹក​ថា អ្វី​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ​នេះ​គ្រាន់​តែ​ជា​រូប​ភាព​បំភាន់​ភ្នែក​ប៉ុណ្ណោះ។ កុំ​ខ្លាច​ឱ្យ​សោះ។ ឆាប់​ភ្ញាក់​ឱ្យ​លឿន ខ្ញុំ​នឹង​ចេញ​ផុត​ពី​ទី​កន្លែង​នេះ​ហើយ។ តាំង​ចិត្ត​រួច ខ្ញុំ​ក៏​បាន​ចេញ​ផុត​ពី​ភព​សុបិន​នោះ​មែន។

ខ្ញុំ​ក្រោកបើកបង្អួចមើលយល់ផែនដីសែនអាប់អួ។ ទិដ្ឋភាព​នៅ​ជុំ​វិញ​ខ្លួន​ហាក់​ស្រពេច​ស្រពិល​ចម្លែក។ វា​មិន​មែន​ជា​ថ្ងៃ​សូរ្យ​គ្រាស​ទេ តែ​ប្រហែល​ជា​ថ្ងៃ​មួយ​ដែល​មាន​ព្យុះ​អ័ព្ភ​បាំង​ពន្លឺ​ព្រះអាទិត្យ​ជិត។ ខ្ញុំ​ឮ​សំឡេង​លោក​យាយ​ខ្ញុំ កំពុង​និយាយ​គ្នា​ជាមួយ​អ្នក​ជិត​ខាង​ម្នាក់។ រាល់​ថ្ងៃ​លោក​យាយ​ចូល​ចិត្ត​និយាយ​ដើម​ម្តាយ​របស់​ខ្ញុំ​ប្រាប់​គេ​គ្រប់​គ្នា ហាក់​មិន​ចេះ​ធុញ​ទ្រាន់។ គាត់​ស្រែក​ឡូងៗ​ថា ម្តាយ​ខ្ញុំ​ជា​មនុស្ស​ស្រី​អាក្រក់​ណាស់ ទាល់​តែ​ខ្ញុំ​ទ្រាំ​មិន​បាន​ច្រាន​ទ្វារ​បន្ទប់ ដើរ​ទៅ​រក​គាត់។

“គឺម៉ែឯងហ្នឹងហើយ ដែលធ្វើឱ្យឪពុកឯងស្លាប់!” លោក​យាយ​សម្លុត​ខ្ញុំ គ្រាន់​តែ​ឃើញ​មុខ​ខ្ញុំ​ភ្លាម។

“លោកយាយ!” ខ្ញុំ​ខឹង​លោក​យាយ​​ឡើង​ញ័រ​ខ្លួន។ “លោក​យាយ​មាន​ប្រសាសន៍​មិន​ពិត​ទេ! ពុក​ខូច​ព្រោះ​មីន។ ម៉ែ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់! ម៉េច​ក៏​លោក​យាយ​នៅ​តែ​បន្ទោស​គាត់​ទៀត?”

“អញចង់បន្ទោសគឺអញបន្ទោស! ម៉េច? ឯង​​កាន់​ជើង​ម៉ែ​ឯង​យ៉ាង​ហ្នឹង ចង់​ទៅ​នៅ​ជាមួយ​វា​អ្ហេះ? ឯង​ទៅៗ! ចាំ​មើល​វា​ស្រលាញ់​ឯង​ដូច​អញ​ទេ? ម៉្លេះ​សម​វា​យក​ប្តី​ថ្មី​បាត់​ទៅ​ហើយ។ វា​មិន​ស្រណោះ​ចិញ្ចឹម​អា​កូន​ប្រុស​សំណល់​ដូច​ឯង​ទេ។” គាត់​និយាយ​រួច ពេប​មាត់​ដាក់​ខ្ញុំ។

ខ្ញុំរត់ចេញពីផ្ទះវឹង ស្រាប់តែ​មាន​ដៃ​មួយ​ចាប់​ទាញ​ខ្ញុំ​ចូល​ផ្ទះ​វិញ។ ដៃ​នោះ​ធំ​ណាស់ មិន​មែន​ជា​ដៃ​របស់​លោក​យាយ​ទេ តែ​គឺ​ដៃ​ដដែល ដែល​ចាប់​ខ្ញុំ​នៅ​ក្នុង​សុបិន​នោះ​ហើយ។ រូប​កាយ​ខ្ញុំ​ក៏​រឹង​ស្តូក​ម្តង​ទៀត។ ខ្ញុំ​ខំ​រើ​បម្រះ ស្ទើរ​ដាច់​ដង្ហើម ទើប​បាន​ដឹង​ខ្លួន​វិញ។

ចាកផុតពីសុបិនក្នុងសុបិននោះមក ខ្លួន​ប្រាណ​ខ្ញុំ​ព្រឺ​ខ្ញាកៗ​ដូច​កំពុង​តែ​គ្រុន​ក្តៅ។ អារម្មណ៍​ដ៏​ភិត​ភ័យ​ប្រែ​ក្លាយ​ទៅ​ជា​អារម្មណ៍​ដ៏​សង្វេគ។ ទឹក​ភ្នែក​ខ្ញុំ​ចាប់​ផ្តើម​ហូរ​កាត់​ថ្ពាល់ ចូល​រន្ធ​ត្រចៀក​និង​មាត់។ ទឹក​ភ្នែក​មាន​រស​ប្រៃ​លាយ​ល្វីង។ ខ្ញុំ​ចាប់​ផ្តើម​ស្គាល់​រស​ទឹក​ភ្នែក​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឪពុក​ខ្ញុំ​ស្លាប់ ហើយ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​រាល់​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​ឃ្លាត​ពី​ម្តាយ​ខ្ញុំ។ ខ្ញុំ​បែក​ពី​ម្តាយ​ខ្ញុំ​មួយ​ឆ្នាំ​ហើយ។ កាល​នៅ​ក្បែរ​គាត់​ខ្ញុំ​មិន​សូវ​ខ្លាច​សុបិន​អាក្រក់​ទេ ព្រោះ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឱ្យ​ខ្ញុំ​ដេក​ឱប​គាត់​ឱ្យ​ជាប់ បើ​ទោះ​ជា​សុបិន​អាក្រក់​យ៉ាង​ណា ក៏​ខ្ញុំ​មាន​គាត់​នៅ​ក្បែរ​ដែរ។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ខ្លាច​ពេល​យប់​ណាស់ ព្រោះ​ពេល​ខ្ញុំ​ដេក​លក់​យល់​សប្តិ​អាក្រក់ ខ្ញុំ​គ្មាន​គាត់​នៅ​ក្បែរ​ខ្ញុំ​ឡើយ។

“អ្នកម៉ែអើយ! តើម៉ែនៅឯណា? ម៉ែមាននឹកកូនទេ?”

ពេលល្ងាចស្នូរជួងនៅសាលាបឋមសិក្សារបស់ខ្ញុំលាន់​ឮ​ឡើង។ សិស្ស​ទាំង​ឡាយ​រត់​ចេញ​ពី​ថ្នាក់​រៀន​ដូច​កូន​ចាប​ហើរ​ចេញ​ពី​សំបុក។ ខ្ញុំ​ឈរ​គោរព​ទង់​ជាតិ និង​ច្រៀង​បទ​នគរ​រាជ​លាន់​រងំ​ពេញ​សាលា។ នេះ​គឺ​ជា​បទ​ចម្រៀង​ជាតិ​របស់​មាតុភូមិ​ខ្ញុំ។ ខ្ញុំ​ចូល​ចិត្ត​ច្រៀង​ចម្រៀង​នេះ​ណាស់ ព្រោះ​ជា​ចម្រៀង​ដែល​ម្តាយ​ខ្ញុំ​បង្រៀន​ខ្ញុំ​ឱ្យ​ចេះ​ច្រៀង។ ម្តាយ​ខ្ញុំ​តែង​ប្រាប់​ឱ្យ​ខ្ញុំ​ខំ​រៀន ថ្ងៃ​ក្រោយ​អាច​បម្រើ​ប្រទេស​ជាតិ និង​អភិវឌ្ឈ​ខេត្ត​ឧត្តរមានជ័យ​ឱ្យ​សម្បូរ​សប្បាយ។ កាល​ពី​មុន ខ្ញុំ​រស់​នៅ​ជា​មួយ​ពុក​ម៉ែ​នៅ​ស្រុក​បន្ទាយ​អំពិល។ ​ថ្ងៃ​មួយ​ពុក​ទៅ​ស្រែ​​ក៏​​ដើរ​​ជាន់​​គ្រោះ​​មីន​​ផ្ទុះ​​ស្លាប់​​ចោល​​ពួក​​ខ្ញុំ។ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​នូវ​ទិដ្ឋភាព​ដែល​ម៉ែ​រន្ធត់​ចិត្ត​រហូត​សន្លប់​បាត់​ស្មារតី តែ​លោក​យាយ​​មិន​អាណិត​គាត់​សោះ បែរ​ជា​ចេះ​តែ​និយាយ​ថា ម្តាយ​ខ្ញុំ​ប្រើ​ពុក​ទាល់​តែ​ស្លាប់។ ហេតុនេះ​ហើយ​ទើប​លោក​យាយ​នាំ​ខ្ញុំ​មក​នៅ​ស្រុក​សំរោង​ជាមួយ​គាត់ ដោយ​ហាម​ផ្តាច់​មិន​ឱ្យ​ម៉ែ​​មក​លេង​ខ្ញុំ​ឡើយ។

ខ្ញុំដើរយឺតៗមកដល់ខ្លោងទ្វារសាលា ស្រាប់តែ​មាន​សំឡេង​មួយ​ស្រែក​ហៅ​ខ្ញុំ “ខេមរា! កូនម្តាយ” វា​គឺ​ជា​សំឡេង​ដ៏​ស្រួយ​ស្រែស​របស់​ម្តាយ​កម្សត់​ខ្ញុំ។ គាត់​ញញឹម​ទាំង​ទឹក​ភ្នែក ហើយ​រត់​មក​ឱប​ខ្ញុំ “កូន​ប្រុស​ម្តាយ! ម្តាយ​នឹក​កូន​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ!”

ទឹកភ្នែកម្តាយខ្ញុំស្រក់លើអាវពណ៌សរបស់ខ្ញុំ។ ខ្ញុំ​មិន​ទាន់​និយាយ​អ្វី​ទៅ​គាត់​ទេ។ ខ្ញុំ​ឱប​គាត់​យ៉ាង​ណែន ដើម្បី​ឱ្យ​ដឹង​ថា វា​ជា​ការ​ពិត​ឬ​សុបិន ហើយ​ខ្ញុំ​យំ​សសឹក​ដើម្បី​ប្រាប់​គាត់​ថា ខ្ញុំ​ត្រេកអរ​រហូត​និយាយ​មិន​ចេញ។

“ម៉ែ! ម៉ែអើយ!” ខ្ញុំចាប់ផ្តើមហៅគាត់។

ម្តាយកូនយើងនៅតែឱបគ្នាមិនឆ្អែត។ រំពេច​នោះ​ខ្ញុំ​ឃើញ​បុរស​ម្នាក់​វ័យ​ស្របាល​នឹង​ឪពុក​ខ្ញុំ ដើរ​មក​រក​ពួក​ខ្ញុំ ព្រម​ទាំង​ញញឹម​ដាក់​ខ្ញុំ “ក្មួយ​ឈ្មោះ​ខេមរា​មែន​ទេ?” សំឡេង​បុរស​នោះ។

ឮសំឡេងគាត់ ម្តាយខ្ញុំលែងឱបខ្ញុំ។ គាត់​ក្រោក​ឈរ​ជូត​ទឹក​ភ្នែក​ចេញ រួច​ញញឹម​ទៅ​រក​បុរស​ចម្លែក និង​ណែនាំ​ខ្ញុំ​ឱ្យ​គាត់​នោះ​ស្គាល់ “នេះ​ហើយ​គឺ​ជា​កូន​ប្រុស​របស់​ខ្ញុំ​ណា៎​បង!”

ខ្ញុំស្តាប់ឮម្តាយខ្ញុំប្រើពាក្យដែលគាត់ធ្លាប់តែហៅឪពុកខ្ញុំ ទៅ​ហៅ​បុរស​ម្នាក់​នោះ អារម្មណ៍​ខ្ញុំ​ក៏​ប្រែ​ជា​ភាន់​ភាំង។ ខ្ញុំ​សម្លឹង​មើល​ស្នាម​ញញឹម​ដ៏​មាន​សុភមង្គល​របស់​ម្តាយ​ខ្ញុំ រួច​ខ្ញុំ​សម្លឹង​មុខ​បុរស​ចម្លែក​នោះ។

“ខេមរាកូន! ឆាប់ជម្រាបសួរលោកពូទៅកូន!” បញ្ជា​របស់​ម្តាយ​ខ្ញុំ។

ខ្ញុំមិនធ្វើតាមអ្វីដែលម្តាយខ្ញុំប្រាប់ទេ។ ខ្ញុំ​រត់​វឹង​ចេញ​ពី​ពួក​គាត់ ឆ្លង​កាត់​ថ្នល់…

បាតដៃរបស់ខ្ញុំកំពុងមានដៃដ៏ទន់មួយគូក្រសោបជាប់ ហើយ​​ដូច​​ជា​​មាន​​ទឹក​​ភ្លៀង​​ពីរ​​បី​​តំណក់​​ស្រក់​​លើ​​ផង។ ខ្ញុំ​​បើក​​ភ្នែក រួច​​ឮ​​សំឡេង​​ម្តាយ​​ខ្ញុំ “ខេមរា! កូន​​ម្តាយ​​ដឹង​​ខ្លួន​​វិញ​​ហើយ!” ខ្ញុំ​ក៏​ដឹង​ថា​ដៃ​ដ៏​ទន់​ទាំង​គូ​នោះ​គឺ​ជា​ដៃ​របស់​ម្តាយ​ខ្ញុំ រី​ឯ​ទឹក​ភ្លៀង​ពីរ​បី​តំណក់​នោះ​គឺ​ជា​ទឹក​ភ្នែក​របស់​គាត់។ រូប​ភាព​ទាំង​ឡាយ​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ប្តូរ​ផ្លាស់​ពី​ព្រឹល​ស្រអាប់ ក្លាយ​ទៅ​ជា​ភ្លឺ​ច្បាស់​វិញ។ ខ្ញុំ​កំពុង​តែ​ដេក​នៅ​លើ​គ្រែ​ពណ៌​ស នៅ​ក្នុង​បន្ទប់​មួយ​ដែល​ជញ្ជាំង​ក៏​លាប​ថ្នាំ​ពណ៌​ស​ដែរ។ ក្រៅ​ពី​ម្តាយ​ខ្ញុំ​ដែល​អង្គុយ​ជិត​ខ្ញុំ​ជាង​គេ ខ្ញុំ​ឃើញ​លោក​យាយ​ខ្ញុំ និង​លោក​ពូ​ម្នាក់​នោះ​ទៀត។

“កូនប្រុសម្តាយ!” សំឡេង​ម្តាយ​ខ្ញុំ​ស្រដី​ទាំង​ទឹក​ភ្នែក​ហូរ​រហាម។ “កូន​យល់​ច្រឡំ​នឹង​ម្តាយ​ហើយ។ អ្វីៗ​មិន​ដូច​កូន​គិត​ទេ។ លោក​ពូ​សុវណ្ណ​គឺ​ជា​មិត្ត​ដ៏​ល្អ​របស់​ឪពុក​កូន។ គាត់​បាន​ជូន​ម្តាយ​មក​រក​កូន ព្រោះ​គាត់​ចង់​ស្គាល់​រូប​កូន ដែល​ជា​និម្មិត​រូប​នៃ​មិត្ត​សម្លាញ់​របស់​គាត់។ សូម​កូន​កុំ​ខឹង​នឹង​ម្តាយ​ណា​កូន!”

“ពូគឺជាមិត្តភក្តិរបស់ឪពុកក្មួយ និងជាមិត្តភក្តិរបស់ម្តាយក្មួយដែរ។” លោកពូ​សុវណ្ណ​និយាយ​ដោយ​ពាក្យ​ទន់​ភ្លន់​ដាក់​ខ្ញុំ។ គាត់​ញញឹម​សម្លឹង​ភ្នែក​របស់​ខ្ញុំ ទើប​បន្ត​ទៀត “ពូ​បែក​ពី​ឪពុក​ក្មួយ​យូរ​ហើយ។ ពូ​សោក​ស្តាយ​ណាស់ ដែល​គ្មាន​ឱកាស​បាន​ឃើញ​គាត់​ម្តង​ទៀត។ ក្មួយ​ប្រុស​គឺ​ជា​រូប​គាត់…” គាត់​ហាក់​ដូច​ជា​ក្តុក​ក្តួល “ឥឡូវ​ពូ​ធ្វើ​ការ​នៅ​អង្គការ​កំចាត់មីន។ ពូ​សន្យា​នឹង​ក្មួយ​ថា ពូ​នឹង​កំចាត់​មីន​ឱ្យ​អស់​ពី​លើ​ដី​ខ្មែរ មិន​ឱ្យ​មាន​ឪពុក​ណា​ស្លាប់​ចោល​កូន ដោយ​សារ​គ្រាប់​មីន​ទៀត​ឡើយ។”

លោកពូសុវណ្ណបន្លឺប្រាប់ខ្ញុំរួច ក៏​ងាក​ទៅ​រក​លោក​យាយ​ខ្ញុំ “អ៊ំ​ស្រី! សូម​អ៊ំ​ស្រី​ឈប់​គិត​ថា ម្តាយ​ខេមរា​ជា​អ្នក​ធ្វើ​ឱ្យ​ប្តី​ស្លាប់​ទៀត​ទៅ! ឃាតករ​ពិត​ប្រាកដ​គឺ​មីន… មីន​ដែល​សេស​សល់​ពី​សង្គ្រាម​រ៉ាំ​រ៉ៃ។ ស្រុក​ទេស​យើង​សុខសាន្ត​ត្រាណ​ហើយ អ៊ំ​ស្រី​ម៉េច​ក៏​ដាច់​ចិត្ត​ឱ្យ​ម្តាយ​កូន​ពីរ​នាក់​រស់​នៅ​បែក​គ្នា​ទៀត? ការ​ដែល​អ៊ំ​ស្រី​ទុក​នូវ​កំហឹង​ចំពោះ​ការ​ឃ្លាត​ទៅ​នៃ​ឪពុក​របស់​ខេមរា​នេះ គឺ​ប្រៀប​ដូច​ជា​ការ​​ថែ​រក្សា​ទុក​នូវ​គ្រាប់​មីន​ចំពោះ​ការ​ឃ្លាត​ទៅ​នៃ​សង្គ្រាម​ដូច្នេះ​ដែរ។”

លោកយាយយកដៃផ្តិតទឹកភ្នែករបស់គាត់ ទើប​ពោល​ថា “ពេល​ដឹង​ថា​ខេមរា​ត្រូវ​ម៉ូតូ​បុក ខ្ញុំ​ភ័យ​ស្ទើរ​តែ​ស្លាប់​បាត់​ទៅ​ហើយ។ ពេល​នេះ​ចៅ​ខ្ញុំ​ផុត​គ្រោះ​ថ្នាក់ ខ្ញុំ​ក៏​លែង​ចង់​បាន​អ្វី​ទៀត​ដែរ។ តើ​ខ្ញុំ​នៅ​មាន​ហេតុផល​អ្វី​បំបែក​ម្តាយ​កូន​គេ​ទៀត?” រួច​លោក​យាយ​ចាប់​ដៃ​ម្តាយ​ខ្ញុំ “កូន​ស្រី! ថ្ងៃ​នេះ​ម៉ែ​បាន​សម្លឹង​ទឹក​មុខ​កូន​ច្បាស់ ទើប​ម៉ែ​បាន​យល់​ពី​ទឹក​ចិត្ត​កូន។ ឱ្យ​ម៉ែ​សុំ​​ទោស​ផង​កូន! ឪពុក​ខេមរា​គឺ​ជា​គ្រាប់​ពេជ្រ​​តែ​មួយ​របស់​ម៉ែ ទើប​ម៉ែ​ខឹង​កូន ហើយ​យក​រូប​កូន​ធ្វើ​ជា​អ្នក​ទោស​ជំនួស​មីន​ដែល​គ្មាន​វិញ្ញាណ។ លោក​ក្មួយ​មាន​ប្រសាសន៍​ត្រូវ​ណាស់! កំហុស​ឆ្គង​របស់​ម៉ែ​នេះ គឺ​ដូច​ចង់​​បន្សល់​ទុក​គ្រាប់​មីន ក្រោយ​ពេល​សង្គ្រាម​បញ្ចប់​​អ៊ីចឹង។ ឥឡូវ​ស្រុក​ខ្មែរ​លែង​មាន​សង្គ្រាម​ហើយ ប្រជាជន​ខ្មែរ​ក៏​មាន​តែ​ដួង​ចិត្ត​សន្តិភាព។ ម៉ែ​​សង្ឃឹម​​ថា​​កូន​​ស្រី​​នឹង​​លើក​លែង​​ទោស​​ឱ្យ​​ម៉ែ។ ប៉ុន្តែ​​ម៉ែ​​មាន​​សំណូម​ពរ​​មួយ​​ទៀត… សូម​​កូន​កុំ​យក​ខេមរា​ទៅ​ចោល​ម៉ែ​អី! ម៉ែ​ប្រាថ្នា​ចង់​រស់​ក្បែរ​កូន​ចៅ មុន​ពេល​ដែល​ម៉ែ​ស្លាប់​ទៅ។ សូម​កូន​មក​រស់​នៅ​ជាមួយ​នឹង​ម៉ែ​មក៍!”

“ម៉ែ!” ម្តាយខ្ញុំក្រសោបម្រាមដៃលោកយាយ ដាក់​លើ​ប្រអប់​ទ្រូង​របស់​គាត់ “កូន​សូម​អរគុណ​ម៉ែ​ណាស់!” រួច​គាត់​យក​ដៃ​អង្អែល​ក្បាល​ខ្ញុំ ដែល​កំពុង​ដេក​សម្លឹង​មើល​ពួក​គាត់​ភ្លឹះៗ “ខេមរា​កូន! ម្តាយ​បាន​រស់​ក្បែរ​កូន​រហូត​ហើយ!”

គ្រានោះអារម្មណ៍ខ្ញុំរំភើបពន់ប្រមាណ។

កក្កដា ២០០៧

Advertisements

Entry filed under: រឿងខ្លី.

នេះជាទំព័រអនុស្សាវរីយ៍ អារម្មណ៍​ឆ្លង​ថ្ងៃ​ខួប​កំណើត

12 មតិ Add your own

  • 1. ឧត្តម's ប្លក  |  ខែសីហា 19, 2010 ម៉ោង 11:46 ល្ងាច

    បងដាក់ប្រកាសទាំងយប់ ពេលខ្ញុំអានពិតជាមានអាម្មណ៏ថានៅក្នុងហេតុការណ៏នោះដែរចឹង! នេះពិតជាកំពូលអ្នកសរសេរមែន! 😀

    ឆ្លើយតប
  • 2. ផ្កាយដុះកន្ទុយ  |  ខែសីហា 20, 2010 ម៉ោង 12:04 ព្រឹក

    បងផល! ពេលអាននូវអក្ខរាដែលបងបានចាររួចមក ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលណាស់… ខ្ញុំស្មានតែថា មានតែខ្ញុំម្នាក់ឯងទេតើ ដែលចូលចិត្តគេងយល់សប្តិអាក្រក់ជាប់ៗគ្នា សូម្បីតែខេមរា ដូចខ្ញុំមួយដែរ!!!

    បង! អរគុណ! ពិតជាអរគុណមែនទែន! អារម្មណ៍ និងបទពិសោធន៍ជីវិត ជាមេរៀនដ៏ល្អ នៅក្នុងការតែងនិពន្ធ!!!

    ឆ្លើយតប
  • 3. ចាន់ផល  |  ខែសីហា 20, 2010 ម៉ោង 12:24 ព្រឹក

    មែនហើយ គឺ ផ្កាយ​ដុះ​កន្ទុយ និង ឧត្តម ធ្លាប់​ចង់​ឱ្យ​ខ្ញុំ​បង្រៀន ទើប​ខ្ញុំ​នឹក​ឃើញ​សរសេរ​ពី​បទ​ពិសោធន៍​របស់​ខ្ញុំ​ខ្លះ​ៗ ភ្ជាប់​នឹង​ស្នាដៃ​មួយ​នេះ។ ខ្ញុំ​សង្ឃឹម​ថា ប្រកាស​មួយ​នេះ​នឹង​មាន​ប្រយោជន៍​ចំពោះ​អ្នក​ទាំង​ពីរ ក៏​ដូច​ជា​បង​ប្អូន​​ណា ដែល​ចាប់​អារម្មណ៍​ផ្នែក​តែង​និពន្ធ។

    ចំនុច​សំខាន់​នៃ​រឿង​មួយ គឺ​ទំនាស់ តើ​ទំនាស់​នោះ​កើតឡើង​យ៉ាង​ដូច​ម្ដេច កាន់​តែ​ស្មុគ​ស្មាញ​យ៉ាង​ណា​ខ្លះ ហើយ​តើ​គេ​ដោះ​ស្រាយ​យ៉ាង​ម៉េច? សាច់​រឿង​មាន​ខ្លឹម​សារ ដំណើរ​រឿង​មាន​ផ្ដើម​មាន​ចប់ ​កាល​អាកាស​ច្បាស់លាស់ ប្រើ​ពាក្យ​ពេចន៍​បង្ហាញ​អារម្មណ៍​បាន​ល្អ… ជឿ​ថា​អ្នក​ប្រាកដ​ជា​អាច​សរសេរ​រឿង​មួយ​បាន។

    ឆ្លើយតប
    • 4. សំប្ញទ្ធិ  |  ខែសីហា 20, 2010 ម៉ោង 2:04 ព្រឹក

      ឲ្យ​តែ​យល់​សប្តិ​របៀប​នេះ​ ខ្ញុំ​លែង​បាន​គេង​ហើយ​បង ។ នៅ​តែ​ឯង​ក្នុង​បន្ទប់​តូច​ហើយ អាន​រឿង​បង​ទៀត​ 🙂 តែ​សំណាង​ដែរ ១៨ឆ្នាំ​ហើយ ខ្ញុំ​ទើប​តែ​យល់​សប្តិ​បាន​ ៥​ដង​តែ​ប៉ុណ្ណោះ​ 😉

      ឆ្លើយតប
  • 5. ទឹម បឿន  |  ខែសីហា 20, 2010 ម៉ោង 11:49 ព្រឹក

    អត្ថបទ​ល្អ​មែន! ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​ការសរសេរ​ណាស់ ប៉ុន្តែ​មិន​មាន​ទេពកោសល្យ ។

    ឆ្លើយតប
  • 6. nimol  |  ខែសីហា 20, 2010 ម៉ោង 1:41 ល្ងាច

    សុំ​រៀន​សូត្រ​តាម​ហើយ!

    ឆ្លើយតប
  • 7. ឧត្តម's ប្លក  |  ខែសីហា 20, 2010 ម៉ោង 3:06 ល្ងាច

    ងៃណាបងបើកថ្នាក់បង្រៀន?

    ឆ្លើយតប
  • 8. kooms  |  ខែសីហា 20, 2010 ម៉ោង 3:24 ល្ងាច

    សូម​រៀន​សូត្រ​មួយ​ផង! ពិត​ជាល្អមែន​

    ឆ្លើយតប
  • 9. គីមឡុង  |  ខែសីហា 21, 2010 ម៉ោង 3:48 ព្រឹក

    ពេញចិត្តនិងរឿងនេះណាស់ ! 🙂

    ឆ្លើយតប
  • 10. ផ្កាយ NoVeLs  |  ខែសីហា 21, 2010 ម៉ោង 10:44 ព្រឹក

    អត្ថបទ​នេះ​ពិត​ជា​សរសេរ​ចេញ​ពី​បេះ​ដូង​មែន.. ផ្អែម​ត្រជាក់​ជ្រាប​ចូល​បេះ​ដូង​ពិត​ៗ..

    ឆ្លើយតប
  • […] «ខេមរា» អ្វី​ដែល​អ្នក​អាច​រក​ឃើញ​ក្នុង​រឿង​នេះ គឺ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​​ពី​ងងឹត​មក​ភ្លឺ ពី​ភាព​ព្រិល​ស្រអាប់​មក​ភាព​ស្រឡះ​ចែស។ […]

    ឆ្លើយតប
  • 12. ម៉ែន ចំរើន (@_6559175538302)  |  ខែ​មីនា 6, 2012 ម៉ោង 3:14 ល្ងាច

    ឆ្លើតប ម៉ែន ចំរើន (@_6559175538032): អ្នកកំពុងបញេ្ជញមតិដោយប្រើគណនី
    Twitter របស់អ្នក៕ ( _Log_Out / ផ្លាស់ប្លូរ_)

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: