យល់សប្តិក៏មានទោសដែរ!

ខែកក្កដា 17, 2010 at 10:33 ព្រឹក មតិ 31

អក្សរសិល្ប៍​មិន​មែន​សុទ្ធ​តែ​រឿង​រ៉ាវ​​ស្នេហា​នោះ​ឡើយ… រឿងខ្លីនេះមិននិយាយពីស្នេហា តែអ្នកអាចនឹងចូលចិត្តអាន!

សូមឧទ្ទិសស្នាដៃនេះជូនមនុស្សនិងខ្មោចអយុត្តិធម៌ទាំងអស់ ជាពិសេសដល់អ្នកដែលបានតែគិតមិនបានធ្វើ!

យល់សប្តិក៏មានទោសដែរ!


ថ្ងៃនេះគឺជាថ្ងៃសៅរ៍ ថ្ងៃមួម៉ៅ ថ្ងៃក្តៅក្រហាយ… ពាក្យ​សម្តី​លោក​ប្រធាន​ចង្រៃ​របស់​ខ្ញុំ​នៅ​តែ​ឮ​ជាប់​ក្រដាស​ត្រចៀក។ អា​តា​កញ្ចាស់​ហ្នឹង​ស្តី​ឱ្យ​ខ្ញុំ​ថា “ម៉េច​ក៏​ម្សិល​មិញ​អត់​មក​ធ្វើ​ការ?”

“បាទ! ខ្ញុំមិនស្រួលខ្លួន ហើយ​ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​មក​សុំ​ច្បាប់​ដែរ​តើ ទាន!” ខ្ញុំ​ឆ្លើយ​តប​យ៉ាង​សុភាព ខុស​ពី​ចិត្ត​ដែល​ចង់​តែ​ស្រែក​ចំទាល​ថា ម៉េច​ក៏​លោក​ឯង​អត់​ដឹង​ខ្យល់​អី​សោះ​អ៊ីចឹង?

“រួចម៉េចក៏ថ្ងៃនេះមកធ្វើការបាន?”

ខ្ញុំលួចសម្លក់គាត់បន្តិច ទើប​ឱន​មុខ​ឆ្លើយ​យ៉ាង​សុភាព​ទៀត “ថ្ងៃ​នេះ​ស្រួល​ខ្លួន​បន្តិច​វិញ​ហើយ!”

“ឈឺអីក៏ឆាប់ជាម៉្លេះអ្ហា៎?”

យី! ឆាប់ជាក៏មិនបានដែរអាតានេះ! តែ​ខ្ញុំ​នៅ​តែ​ឆ្លើយ​ឱ្យ​សុភាព “ឈឺ​ក្បាល​ទាន!”

“គ្រាន់តែឈឺក្បាលក៏មកធ្វើការមិនបានដែរ! ឯង​ជា​ប្រុស​ឬ​មិន​មែន?”

ខ្ញុំនៅតែឱនក្បាលគោរពគាត់អត់មាត់ក រង់​ចាំ​ឱ្យ​ប្រធាន​ឆ្កួត​ស្តី​ឱ្យ​ទៀត​ថា “ការងារ​ឱ្យ​គរ​ដូច​ភ្នំ បែរ​ជា​ទៅ​ឈឺ​អត់​មក​ធ្វើ​ការ! ខ្ញុំ​​មិន​មែន​ល្ងង់ មិន​ដឹង…”

ដល់ត្រឹមនេះទូរស័ព្ទដៃគាត់លាន់ចម្រៀងឡើង។ តា​ព្រើល​​ប្តូរ​ទឹក​មុខ យក​ទូរស័ព្ទ​ដែល​ញ័រ​ទទ្រើក​ពី​លើ​តុ​មក​ចុច​ទទួល “អាឡូ! ព្រលឹង​បង!…” រួច​ធ្វើ​មុខ​ស្ញេញ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ញ៉ូ។ ប៉ុន្តែ​គាត់​ក៏​ចុច​ត្រឡប់​ទៅ​វិញ ដោយ​និយាយ​ផ្អែម​រលួយ​ជាមួយ​ស្រី​កំណាន់​អាយុ​ស្មើ​កូន​ស្រី​ពៅ អស់​ប្រាំ​មួយ​ប្រាំ​ពីរ​នាទី​ទើប​បញ្ចប់​ថា “ប៉ុណ្ណឹង​ហើយ​ណា៎! បង​រវល់​ប្រជុំ​បន្តិច…! ចាំ​ចេញ​ពី​ធ្វើការ​បង​ទៅ​ជួប​អូន!”

តាអើយតា! សុខចិត្ត​ឱ្យ​ខ្ញុំ​ឈរ​ស្តាប់​ពាក្យ​​ញ៉ែ​តាប៉ែ​របស់​ខ្លួន ជាមួយ​ស្រី​លលាម​ណា​ធ្វើ​ព្រងើយ។ ឆ្ងល់​ដែរ! ក្មេង​ស្រី​អស់​ហ្នឹង វា​ជ្រើម​នោះ​ជ្រើម! អាង​តែ​បោក​លុយ​តា​ហ្នឹង​ស្រួល វា​គ្មាន​គិត​កិត្តិយស​ស្រី​អី​ទេ។ សូម្បី​តែ​ខ្ញុំ​កំលោះ​សង្ហា​នេះ ក៏​វា​មើល​មិន​ឃើញ​ដែរ។

“និយាយដល់ណាមិញ?” តាកញ្ចាស់សួរខ្ញុំ… អូ! គាត់​ឈ្មោះ នរាយ! និយាយ​ដើម​យូរ​ហើយ ភ្លេច​ប្រាប់​ឈ្មោះ។

“បាទ! ដល់ចាំចេញពីធ្វើការលោកចេញទៅទទួលនាង។”

“ចង់និយាយរឿងរបស់ឯង!” គាត់សម្លុតខ្ញុំ។

“បាទ! ដល់លោកថា ខ្លួនលោកមិនមែនល្ងង់ទេ…”

“អើ!” តានរាយកាត់សម្តីខ្ញុំវ៉ាប់ “ធ្វើការ​ដូច​ឯង​រាល់​ថ្ងៃ​នេះ និយាយ​ឱ្យ​ខ្លី​ទៅ គឺ​រក​អនាគត​មិន​ឃើញ​ទេ! បើ​ឯង​ពូកែ​ឈឺ​ទៀត ប្រយ័ត្ន​អត់​ការងារ​ធ្វើ។ ឥឡូវ​ឆាប់​ទៅ​ធ្វើការ​នៅ​លើ​តុ​របស់​ឯង​ឱ្យ​អស់! លោក​ប្រធាន​ធំ​ដាក់​កំហិត​មក​ខ្លាំង​ណាស់! អាទិត្យ​ក្រោយ​ត្រូវ​មាន​ប្រជុំ​ធំ​ជាមួយ​ក្រុមហ៊ុន​មក​ពី​បរទេស។ ការងារ​ធ្វើ​មិន​រួច​មិន​បាន​ដាច់​ខាត!”

ទូរស័ព្ទរោទ៍ស៊ីញ៉ូម្តងទៀត ទើប​គាត់​ធ្វើ​សញ្ញា​ឱ្យ​ខ្ញុំ​ចេញ​ទៅ​ក្រៅ។ ពាក្យ​សម្តី​តាឡប់​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ក្តៅ​មុខ​ភាយៗ ចង់​ស្ទុះ​ទៅ​ចាប់​ច្របាច់​ក​ឱ្យ​លៀន​អណ្តាត​ស្លាប់។ ឃើញ​ខ្ញុំ​មិន​មាត់ៗ​មើល​ងាយ​នោះ​មើល​ងាយ! ឈឺ​សុំ​ច្បាប់​ក៏​មិន​បាន! សាក​គាត់​ឈឺ​វិញ​មើ បើ​មិន​សុំ​ច្បាប់​ទៅ​ដេក​ជាមួយ​ស្រី​ស្នេហ៍​មួយ​អាទិត្យ ខ្ញុំ​ឱ្យ​ធាក់! រួច​ឈឺ​អាណា​រើស​ពេល​ទំនេរ​ឈឺ​បាន? និយាយ​ចេញ​មក​បាន​តែ​ចាប់​កាត់​អណ្តាត​ឱ្យ​និយាយ​មិន​ឮ​ទេ។ មើល​ទៅ​ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ! អត់​ការងារ​ធ្វើ​ក៏​អត់​ទៅ មិន​នៅ​ទ្រ​ពង​អាតា​ហ្នឹង​ទៀត​ទេ។ គំរាម​បញ្ឈប់​ការងារ​ខ្ញុំ​ផង! បើ​មិន​មែន​ខ្ញុំ តើ​អ្នកណា​ធ្វើ​ការងារ​នេះ​បាន? ប្រធាន​ខ្មោច​កាច់​ស្អី មួយ​ថ្ងៃៗ​មក​តែ​អង្គុយ​ញ៉ែ​ស្រី​តាម​ទូរស័ព្ទ រួច​រុញ​ការងារ​ឱ្យ​ខ្ញុំ​ធ្វើ ដូច​ខ្ញុំ​មិន​មែន​មនុស្ស។ ក្តៅ​ណាស់! មក​ពី​ក្រ ហើយ​មិន​ស្គាល់​កន្លែង​ធ្វើការ​ណា​ផ្សេង បាន​ជា​ទ្រាំ​នៅ​ឱ្យ​គេ​គាប​សង្កត់​ផ្លូវ​ចិត្ត​ផ្លូវ​កាយ​បែប​នេះ!

ហ៊ឹះ! ទោះ​យ៉ាងណាក៏ទ្រាំទៀតមិនកើតដែរ! មិន​មែន​ជា​រុក្ខជាតិ​ឬ​សត្វ ឱ្យ​គេ​ធ្វើ​អ្វី​លើ​ខ្លួន​តាម​ចិត្ត​ឯណា! ការ​ងារ​ស្អី! មិន​ខ្ចី​ធ្វើ​ទេ! ក្តៅ​បំផុត គឺ​ពាក្យ​អាតា​នរាយ​ថា ខ្ញុំ​រក​អនាគត​មិន​ឃើញ! អនាគត​ស្អី​វា? អនាគត​ងាប់​ដូច​តែ​គ្នា​​ទេ! មើល​តែ​ខ្លួន​ជា​គ្រូ​ទាយ​ល្បី​ល្បាញ​អេះ បាន​ជា​មក​ដើរ​កំណត់​អនាគត​របស់​គេ? ទ្រាំ​លែង​បាន​ហើយ! អ្នក​ដែល​គ្មាន​អនាគត​គឺ​តា​ឯង​វិញ​ទេ!

ខ្ញុំដើរចេញពីក្រុមហ៊ុន ទុកការងារឱ្យខ្មោចធ្វើជំនួសទៅ! ទៅ​ផ្ទះ​ដេក​ខឹង​អាតា​នរាយ ប្រធាន​លេលា​ហ្នឹង​វិញ។ ជីវិត​ខ្ញុំ​អើយ! អី​ក៏​អភ័ព្វ​ម៉្លេះ? តើ​ឱ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច? ខ្ញុំ​មិន​បន្ទោស​ខ្លួន​ឯង​ទេ គឺ​បន្ទោស​ប្រធាន​ឃោរឃៅ​របស់​ខ្ញុំ។ នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ចុះ​ពី​តា​នរាយ​គឺ​ខ្ញុំ។ អាតា​ហ្នឹង​គ្មាន​ចេះ​ស្អី​ទេ ធ្វើការ​ចេះ​តែ​ធ្វើ​បាប​ខ្ញុំ រួច​ដណ្តើម​គុណ​សម្បត្តិ​ខ្ញុំ… ចេះ​ដែរ តែ​ចេះ​ខាង​អាក្រក់! បើ​ខ្ញុំ​ក្លាយ​ទៅ​ជា​ប្រធាន​វិញ ម៉្លេះ​សម​ក្រុមហ៊ុន​រីក​ចម្រើន​ជាង​នេះ​ដប់​ដង។ ប៉ុន្តែ​ប្រធាន​ធំ​ខ្ញុំ​ល្ងង់​ដូច​គោ គ្មាន​ដឹង​អ្នកណា​ចេះ អ្នកណា​ល្ងង់​ទេ! សម​មុខ​ហើយ ដែល​ត្រូវ​តា​នរាយ​កិប​ប្រាក់​ក្រុមហ៊ុន​មក​រហូត​នោះ! អើយ! តែ​ដល់​គេ​ល្ងង់​មើល​មិន​ដឹង​ថា​ខ្ញុំ​ពូកែ គេ​ទុក​ឱ្យ​តា​នរាយ​ធ្វើ​បាប​ខ្ញុំ ឥឡូវ​ខ្ញុំ​ទ្រាំ​លែង​បាន អ្នក​អត់​ការងារ​ធ្វើ​នៅតែ​ខ្ញុំ! …មនុស្ស​អាក្រក់​ជាង​គេ​គឺ​តា​នរាយ! បើ​គាត់​អត់​អនាគត ខ្ញុំ​នឹង​មាន​អនាគត។ មែន! ចិត្ត​មិន​ដាច់​ធ្វើ​ស្តេច​មិន​កើត​ទេ! សម្លាប់! ត្រូវតែ​សម្លាប់​តា​នរាយ​ចោល…!

តើសម្លាប់យ៉ាងម៉េច? ងាយទេ! តា​កញ្ចាស់​ហ្នឹង​ល្មោភ​ស្រី​ណាស់! ខ្ញុំ​នឹង​ដើរ​រក​ស្រី​ក្មេង​ស្អាត​ តែ​ផ្ទុក​មេរោគ​អេដស៍ ឱ្យ​មក​ទាក់​ទង​គាត់ រួច​ចម្លង​មេរោគ​អេដស៍​ឱ្យ​គាត់។ ហាស! ហាស! ពេល​នោះ​មិន​យូរ​មិន​ឆាប់​តានរាយ​នឹង​ឈឺ​ស្លាប់ ឯ​ឃាតករ​គឺ​អេដស៍ គ្មាន​អ្នក​ណា​ដឹង​ថា ខ្ញុំ​ជា​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​ទេ! ហាស ហា!

ទេ! អត់បានទេ! ជំងឺអេដស៍ក្រស្លាប់ណាស់ ហើយ​​តា​នរាយ​មាន​លុយ​ច្រើន ប្រាកដ​ជា​ទិញ​ថ្នាំ​ពន្យា​ជីវិត ឬ​ទៅ​ដូរ​ឈាម ឬ​ក៏​ហាត់​ប្រាណ​ឱ្យ​មាន​សុខភាព​ល្អ គាត់​ប្រាកដ​ជា​រស់​បាន​យូរ​ទៀត។ ចំណែក​ខ្ញុំ​ប្រាកដ​ជា​នៅ​តែ​រស់​រីង​រៃ ក្រោម​អំណាច​ផ្តាច់​ការ​របស់​គាត់​បន្ត​ដដែល! អូយ! តា​ចាស់​ហ្នឹង​ត្រូវតែ​ឆាប់​ស្លាប់​ដាច់​ខាត! ដើម្បី​គេ​ដំឡើង​ឋានៈ​ខ្ញុំ​ជំនួស​គាត់ និង​ដើម្បី​អនាគត​ឆាប់ៗ​របស់​ខ្ញុំ។ គិត​ម៉េច​អ៊ីចេះ? ជួល​ឃាតករ​ខ្លាច​បែក​ការណ៍! ដាក់​ថ្នាំ​បំពុល​ក្នុង​កាហ្វេ​របស់​គាត់​ល្អ​ទេ? ទេ! ថោក​ទាប​ណាស់! នៅ​អាច​ទម្លាក់​កំហុស​ដល់​អ្នក​ឆុង​កាហ្វេ​ស្លូត​ត្រង់ អត់​ដឹង​រឿង​ទៀត!

…នឹកឃើញហើយ! តែកុំមាត់ឱ្យអ្នកណាដឹង! ខ្លាចបែកការណ៍!

ចាំអានរឿងបន្តនៅប្រកាសដដែលនេះណា៎! …ជួយរកមធ្យាបាយណាល្អ ដើម្បីសម្លាប់តានរាយផង ហេហេ!

ផែនការណ៍សម្លាប់របស់ខ្ញុំក៏លេចរូបរាងឡើង… ព្រឹក​ថ្ងៃ​អាទិត្យ តា​នរាយ​នៅ​ផ្ទះ​វីឡា​មួយ​ឯ​ជាយ​ក្រុង​តែ​ម្នាក់​ឯង ដើម្បី​រង់ចាំ​ស្រី​ស្នេហ៍​ឈ្មោះ ឆវី​មក​ជួប។ ខ្ញុំ​ទូរស័ព្ទ​ទៅ​ឆវី “អាឡូឆវី! ព្រឹក​នេះ​លោក​ប្រធាន​ខ្ញុំ​ឱ្យ​ឆវី ទៅ​រង់ចាំ​គាត់​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ ដើម្បី​ប្តូរ​បរិយាស។ ឆវី​មិន​បាច់​ទៅ​ផ្ទះ​គាត់​ឯ​ជាយ​ក្រុង​នោះ​ទេ!”

“យី! តានេះនឹកឃើញប្លែកៗ!” ឆវី​និយាយ​សើច​រលាក់​ខឹកៗ។

“អ៊ីចឹងបានហើយណា៎!”

“ចាសអរគុណច្រើនបងស្នាយ! ចាំ​ថ្ងៃ​ណា​មួយ​ណាត់​បង​ឯង​សង​គុណ​ម្តង! Bye!”

ខ្ញុំញញឹមជាមួយកែវភ្នែកដ៏ពិសពុល រួច​ខ្ញុំ​ញ័រ​ពោះ​ផើតៗ ខ្លាច​ឆវី​ ទូរស័ព្ទ​ទៅ​សួរ​តានរាយ នោះ​ផែន​ការណ៍​ដ៏​អាថ៌កំបាំង​របស់​ខ្ញុំ​នឹង​បរាជ័យ។ ខ្ញុំ​ក៏​ចាប់​ផ្តើម​អនុវត្ត​ផែន​ការណ៍​របស់​ខ្ញុំ​មិន​បង្អង់។ ព្រះអាទិត្យ​រះ​ចាំង​មក​លើ​ក្បាល​ខ្ញុំ ដូច​អំពូល​ភ្លើង​នៅ​លើ​ក្បាល​ដំណេក​ចាំង​មក​លើ​ក្បាល​ខ្ញុំ​ដែរ។ ខ្ញុំ​ហៅ​ម៉ូតូ​ឌុប​ជិះ​ទៅ​ផ្ទះ​វីឡា​តានរាយ។ ខ្ញុំ​ឈប់​នៅ​ឆ្ងាយ​ពី​ផ្ទះ​នោះ រួច​ដើរ​ទៅ​ដោយ​ខ្លួន​ឯង កុំ​ឱ្យ​អ្នក​ម៉ូតូ​ឌុប​ឃើញ​ខ្ញុំ​ចូល​ផ្ទះ​នោះ។ ខ្ញុំ​ចុច​កណ្តឹង​ទ្វារ​ក្រឺងៗ… ទ្វារ​របើក​លេច​រូប​តា​កញ្ចាស់​នរាយ​និយាយ​ទាំង​ភ្ញាក់​ផ្អើល “គឺឯងទេ?”

ខ្ញុំធ្វើពុតជានិយាយ “បាទលោកប្រធាន! ខ្ញុំ​បាទ​មាន​ការងារ​សំខាន់ ត្រូវ​​ពិភាក្សា​​ជាមួយ​​លោក​បន្តិច!”

“ការងារអីនៅថ្ងៃអាទិត្យហ្នឹង?”

គាត់ធ្វើឫកដាក់ខ្ញុំឈ្លើយណាស់ ដូច​សព្វ​ដង​អ៊ីចឹង។ ប៉ុន្តែ​មិន​អី​ទេ! បន្តិច​ទៀត​លែង​បាន​ឈ្លើយ​ហើយ។ ខ្ញុំ​ក៏​ឆ្លើយ​ដោយ​សុភាព​ដូច​សព្វ​ដង​ដែរ​ថា “ការងារ​នេះ​គឺ​ទាក់​ទង​នឹង​រឿង​លោក​កិប​កេង​ប្រាក់​ក្រុមហ៊ុន…”

តាប្រធានធ្វើភ្នែកស្លឺ អត់​មាត់​អត់​ក​ទេ ទុក​ឱ្យ​ខ្ញុំ​លេង​ល្បិច​បន្ត​ទៀត “គឺ​លោក​ប្រធាន​ធំ​បាន​ទូរស័ព្ទ​មក​រក​ខ្ញុំ ថា​គាត់​ស៊ើប​ដឹង​រឿង​នេះ រួច​សួរ​ខ្ញុំ​ឱ្យ​និយាយ​ការ​ពិត តែ…”

ភ្នែកតានរាយពណ៌សដូចភ្នែកត្រីស្ងោរ ទើប​ខ្ញុំ​បន្លឺ “តោះ​ចូល​ទៅ​ក្នុង​ផ្ទះ​សិន ចាំ​ខ្ញុំ​ប្រាប់​ឱ្យ​អស់!”

គាត់ដើរញ័រជើងទទ្រើតនាំមុខខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​លួច​សើច ថែម​ទាំង​សម្លក់​ខ្នង​គាត់​ស្ទើរ​តែ​ធ្លុះ។ ចូល​ដល់​ក្នុង​ផ្ទះ​ភ្លាម​សំឡេង​ទូរស័ព្ទ​លើ​តុ​រោទ៍​ភ្លាម។ ខ្ញុំ​ប្រញាប់​ស្រែក​ឃាត់ “កុំ​ទទួល​ទូរស័ព្ទ​ឱ្យ​សោះ​ទាន!”

គាត់ចុចទូរស័ព្ទបិទតាមខ្ញុំប្រាប់ រួច​ងើប​មុខ​មើល​ខ្ញុំ… មុខ​ខ្ញុំ​សើច​ដូចជា​បិសាច ហាស…! ហាស…!…

“កាំបិត!” តាកញ្ចាស់ស្រែកភ្លាត់សំឡេង។

“ត្រូវហើយគឺកាំបិត!” ខ្ញុំនៅតែសើចយ៉ាងស្រស់។

“ឯងប្រុងធ្វើអីហ្នឹងអាស្នាយ?”

សួរបណ្តើរគាត់ចុចទូរស័ព្ទបណ្តើរ។ កាំបិត​ហោះ​វ៉េវ​ចេញ​ពី​ដៃ​របស់​ខ្ញុំ រហ័ស​មើល​មិន​ទាន់ ឈាម​ក្រហម​ឆ្អៅ​ហូរ​ចេញ​ពី​ខ្នង​ដៃ​តា​នរាយ។ ទូរស័ព្ទ​ធ្លាក់​ផ្លោង​ទៅ​ឆ្ងាយ។ តា​កញ្ចាស់​ភ័យ​ញ័រ​ដូច​សត្វ​រុយ​ធ្លាក់​ចូល​ទឹក​សាប៊ូ។

“ហាស! ហាស! ចេះភ័យដែរ អាកញ្ចាស់? ម៉េច​ក៏​មិន​ស្តី​ឱ្យ​ខ្ញុំ …អញ​ទៀត​ទៅ?”

“ឯងចង់ធ្វើអ្វី?” គាត់និយាយឡើងញ័របបូរមាត់។

“ចង់សម្លាប់! ហាស! ហាស! សម្លាប់មនុស្ស! ហាស! ហាស! មនុស្សនោះគឺឯង!”

“ម៉េច…ម៉េច…ក៏…ចង់…សម…សម្លាប់ខ្ញុំ?”

“ហាស! ហាស!… អីក៏ញ័រម៉្លេះ? បាន​ជា​ចង់​សម្លាប់ ព្រោះ​តា​កញ្ចាស់​ឯង​ធ្វើ​បាប​យើង​ណាស់​កន្លង​មក​នេះ! ហាស! ហាស! ម៉េច​ក៏​មិន​ស្រែក​សម្លុត​យើង​ទៀត​ទៅ?”

“ខ្ញុំលែងហ៊ានហើយស្នាយ…!” គាត់ចាប់ផ្តើមលុតជង្គង់អង្វរខ្ញុំ។

ខ្ញុំនិយាយឡើងថា “យើង​មិន​មែន​ជា​លោក​ម្ចាស់​ប៉ាវ​នៅ​ក្នុង​រឿង​ចិន​ទេ តែ​បើ​ឯង​លុត​ជង្គង់​អ៊ីចឹង យើង​ដូចជា​ចង់​ឱ្យ​ឯង​រៀប​រាប់​ពី​ទោស​កំហុស​របស់​ឯង​ឱ្យ​យើង​ស្តាប់! ឆាប់​សារភាព​ភ្លាម ថា​កន្លង​មក​ឯង​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​ខ្លះ​មក​លើ​យើង?

តានរាយចាប់ផ្តើមសារភាព “ខ្ញុំ​អាក្រក់​ណាស់! ខ្ញុំ​មើល​ងាយ​ឯង! ខ្ញុំ​ធ្វើ​បាប​ឱ្យ​ឯង​ធ្វើ​ការ​ច្រើន រួច​ចេះ​តែ​ដណ្តើម​គុណ​សម្បត្តិ​របស់​ឯង… ខ្ញុំ… ខ្ញុំ…អាក្រក់​ច្រើន​ពេក និយាយ​ដល់​ល្ងាច​ក៏​មិន​អស់​ដែរ។”

“អ៊ីចឹងទូទឹកកកផ្ទះឯងនៅឯណា យើង​ទៅ​យក​ទឹក​ក្រូច យក​នំ​មក​អង្គុយ​ស៊ី ស្តាប់​ឯង​និយាយ!”

“បាទ! នៅខាងនោះ! ដើរទៅត្រង់ រួចបត់ឆ្វេង នឹងឃើញ…”

“ហាស! ហាស! ឯងស្មានថាយើងល្ងង់អ្ហេះ? ឆាប់​និយាយ​ទៀត​មក នឹង​អាល​យើង​សម្លាប់​ចោល!”

“…ខ្ញុំ…ខ្ញុំដឹងខុសហើយ! សូម​ក្មួយ​លើក​លែង​ទោស​ឱ្យ​ខ្ញុំ​ផង!”

“ក្មួយ! យើងមិនមែនជាក្មួយឯងទេ! យើង​គឺ​ជា​មនុស្ស​ដែល​ឯង​មើល​ងាយ!”

“លោកក្មួយ! អាណិតខ្ញុំទៅ! ខ្ញុំចាស់ហើយ! ខ្ញុំ​រស់​មិន​បាន​យូរ​ទេ! រាល់​ថ្ងៃ​ខ្ញុំ​ធ្វើ​អាក្រក់​ដើម្បី​តែ​ជីវិត​ចុង​ក្រោយ​ដ៏​ខ្លី​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ!”

“និយាយសុទ្ធតែទស្សនវិជ្ជា! ចង់​ឱ្យ​យើង​រំភើប​ចិត្ត​អេះ? គ្មាន​ផ្លូវ​ទេ!”

“ក្មួយអាណិតខ្ញុំផង! ខ្ញុំចង់ឃើញកូនស្រីពៅខ្ញុំ​រៀបការ​សិន ចាំ​ស្លាប់! ឥឡូវ​ខ្ញុំ​ស្លាប់​មិន​អស់​ចិត្ត​ទេ!”

“កូនស្រីពៅរបស់ឯង ប្រាកដ​ជា​ក្លាយ​ទៅ​ជា​ស្រី​លួច​លាក់​របស់​ថៅកែ​ល្មោភ​កាម​ណា​ម្នាក់ ដូច​ស្រី​ក្មេងៗ​របស់​ឯង​ដែរ​មិន​ខាន! មិន​បាច់​ចាំ​មើល នាំ​ឱ្យ​ឈឺ​ចិត្ត​ទេ!”

“ទេ! ទោះខ្ញុំខិលខូចស្រីញីមែន តែ​ខ្ញុំ​ស្រលាញ់​កូន​ខ្ញុំ​ណាស់! ស្នាយ! បើ​ក្មួយ​ទុក​ជីវិត​ឱ្យ​ខ្ញុំ ខ្ញុំ​នឹង​កែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ​វិញ។ ខ្ញុំ​ឈប់​ធ្វើ​បាប​ស្នាយ​ឯង​ទៀត​ហើយ! ឆ្លង​កាត់​ថ្ងៃ​នេះ​ខ្ញុំ​យល់​ដឹង​ពី​វដ្ត​សង្សារ​ច្បាស់​ណាស់!”

“អូ! បើយល់ដឹងអ៊ីចឹង ស្លាប់ឱ្យហើយទៅ! ខ្ជិល​រស់​នៅ​ធ្វើ​អី​ទៀត!”

“…តែជីវិតខ្ញុំចាប់ពីពេលនេះទៅគឺរស់ដើម្បីប្រទេសជាតិ ដើម្បី​គ្រួសារ ខ្ញុំ​មិន​ធ្វើ​អំពើ​អាក្រក់​ទៀត​ទេ! ក្មួយ​ត្រូវ​យល់​ចិត្ត​ខ្ញុំ​ជា​ឪពុក​ម្នាក់។ ខ្ញុំ​ចង់​ឃើញ​កូន​ខ្ញុំ​មាន​សុភមង្គល…”

“កុំមកចង់បោកយើង! ឯង​និយាយ​ពី​កូន ពី​គ្រួសារ​គ្មាន​ស្រក់​ទឹក​ភ្នែក​សោះ! ឯង​គ្រាន់​តែ​យក​ពួក​គេ​ដើម្បី​ការពារ​ជីវិត​ខ្លួន​ឯង!”

“អូ៎មែនហើយ! បើក្មួយមិនសម្លាប់ខ្ញុំ ខ្ញុំ​នឹង​លើក​កូន​ស្រី​ពៅ​ខ្ញុំ​ឱ្យ!”

អីយ៉ា! កូនក្រមុំគាត់ស្អាតដូចបវរកញ្ញា បើ​បាន​ប្រពន្ធ​ស្អាត​អ៊ីចឹង ម៉្លេះ…

“ងាប់ទៅ!”

ចុងកាំបិតប៊ិះតែចាក់បេះដូងខ្ញុំទៅហើយ តែ…​ស្មាន​តែ​ខ្ញុំ​វង្វេង​វង្វាន់ ព្រោះ​សម្រស់​កូន​ស្រី​គាត់​អ្ហេះ? ខ្ញុំ​ចាប់​ដៃ​តា​កញ្ចាស់​ជាប់ រួច​ច្រាន​គាត់​ឱ្យ​ដួល​បះ​ជើង។

ខ្ញុំបោះសម្តីទៅគាត់ថា “ហ៊ឹះ! យើង​ខ្ពើម​នឹង​ធ្វើ​កូន​ប្រសា​តា​ឯង​ណាស់!”

“ស្នាយ! កុំសម្លាប់ខ្ញុំអី! ខ្ញុំសូមអង្វរ! ខ្ញុំ​នឹង​ឱ្យ​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ទៅ​ស្នាយ​ទាំងអស់!”

ខ្ញុំឈរយ៉ាងសង្ហា សម្លឹង​រាង​បាក់​ស្បាត​របស់​តា​នរាយ រួច​ភ្ញាក់​ព្រើត! យី! នៅ​សាំតាប៉ែ​ជាមួយ​តា​ហ្នឹង​ដល់​ណា៎? តិច​គេ​មក​ទាន់ លែង​បាន​សម្លាប់!

ខ្ញុំពោលយ៉ាងឡូយថា “និយាយពាក្យមួយម៉ាត់​ចុង​ក្រោយ​មក​ចុះ! យើង​មិន​នៅ​ចរចា​ជាមួយ​ឯង​ឱ្យ​ខាត​ពេល​ទេ!”

“ស្នាយ!”

ឈុច! ឈុច! ឈុច! ខ្ញុំ​ចាក់​ចំ​បេះដូង​តា​នរាយ​បី​កាំបិត មាន​ផ្លូវ​អី​រស់​ទៀត? ឱ្យ​និយាយ​ពាក្យ​មួយ​ម៉ាត់​ចុង​ក្រោយ បែរ​ជា​មក​ហៅ​ឈ្មោះ​ខ្ញុំ… អេ! ដឹង​អ៊ីចឹង​ឱ្យ​និយាយ​ដប់​ម៉ាត់​អី​ទៅ ក្រែង​លោ​គាត់​និយាយ​បន្ត​ប្រាប់​កន្លែង​កប់​កំណប់​របស់​គាត់! ស្តាយ​ដែរ… តែ​ម៉េចៗ កុំ​តែ​មក​ចង​ពៀរ​ខ្ញុំ​បាន​ហើយ!

ខ្ញុំមិនដកកាំបិតចុងក្រោយចេញពីខ្លួនរបស់តានរាយទេ។ គាត់​ដង្ហក់​ដង្ហើម​រួច​ស្លាប់​បិទ​មាត់​ឈឹង ទាំង​ធ្វើ​ភ្នែក​ស្លឺ។ ខ្ញុំសើច ហាស! ហាស! ហាស!…

រឿងទាំងអស់គ្រាន់តែជាសុបិនសោះ តែ​ពេល​ភ្ញាក់​ដឹង​ខ្លួន ខ្ញុំ​ញ័រ​ទ្រូង​មិន​ឈប់ រួច​បែក​ញើស​ថ្ងាស​ប៉ុនៗ​​គ្រាប់​​ពោត។ គម្រោងការ​សម្លាប់​មនុស្ស​របស់​ខ្ញុំ បាន​ក្លាយ​ជា​ការពិត​នៅ​ក្នុង​សុបិន ហើយ​តានរាយ​ដ៏​គួរ​ឱ្យ​ស្អប់ ក៏​បាន​ស្លាប់​បាត់ ដោយ​សារ​ដៃ​ខ្ញុំ​នៅ​ក្នុង​សុបិន​នោះ​ដែរ។ …នឹក​ឃើញ​រូបភាព​នៅ​ក្នុង​សុបិន​នោះ ខ្ញុំ​ឡើង​ខ្លាច​ខ្លួន​ឯង…! អូយ! ខ្ញុំ​អី​ក៏​សាហាវ​ម៉្លេះ?

ស្អែកឡើងខ្ញុំកំពុងអង្គុយហូបមី និង​គិត​ថា​រត់​ចោល​ការងារ​ប៉ុណ្ណឹង​ហើយ គ្មាន​អ្នកណា​ទូរស័ព្ទ​មក​ជេរ​សោះ ឬ​ក៏​គេ​មិន​ត្រូវការ​ខ្ញុំ​មែន? ប្រាក់​ខែ​កន្លះ​ខែ​មិន​បាច់​ស្តាយ​ទេ! មិន​ស្រណោះ​ទៅ​មើល​មុខ​អ្នក​ណា​ទៀត​ឡើយ! ឱ្យ​វា​ចប់​ស្រឡះ​ត្រឹម​នេះ​ចុះ! …ប៉ុន្តែ​តើ​ទៅ​រក​ការងារ​ថ្មី​ឯណា​បាន​ធ្វើ? គិត​ថា​ចង់​ការ​ប្រពន្ធ​ឆ្នាំ​ក្រោយ​ផង តើ​បាន​អ្វី​ចិញ្ចឹម​គេ? បើ​ទៅ​ដណ្តឹង​កូន​អ្នក​មាន ខ្ញុំ​អត់​ការងារ​ធ្វើ​ក៏​គេ​មិន​ឱ្យ។ បើ​ទៅ​ដណ្តឹង​កូន​អ្នក​ក្រ រៀបការ​រួច​មាន​តែ​បបួល​គ្នា​ដើរ​សុំ​ទាន? ខ្វល់​ចិត្ត​ណាស់ខ្ញុំ! អូ! នរណា​ទូរស័ព្ទ​មក​រក​ខ្ញុំ​អ៊ីចេះ?

“អាឡូ!” ខ្ញុំទទួលទូរស័ព្ទ។

“…ស្នាយ…ស្នាយ! មកផ្ទះខ្ញុំ…!”

សំឡេងអ្នកណា? គឺ​សំឡេង​អាតាប៉ិ​កញ្ចាស់​នរាយ​ទេ​តើ! រួច​ប្រញាប់​ឈប់​និយាយ​ម៉្លេះ? ហៅ​ខ្ញុំ​ទៅ​ផ្ទះ​ធ្វើ​អី? មិន​ទៅ​ឱ្យ​តា​ឯង​ស្តី​ឱ្យ​ទេ! សុខ​ចិត្ត​អត់​ការងារ​ធ្វើ​ក៏​មិន​ទៅ​ទ្រ​ដែរ! …តិច​ហៅ​ទៅ​អង្វរ​ខ្លាច​ខ្ញុំ​ឈប់​ធ្វើការ​ទេ​ដឹង? បែប​ប្រុង​ដំឡើង​ប្រាក់​ខែ រួច​និយាយ​សារភាព​កំហុស​ដូច​ក្នុង​សុបិន​ខ្ញុំ​ហើយ!

ខ្ញុំហូបមីមិនទាន់អស់ពីចានផង ក៏​ប្រញាប់​ស្រូត​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​តា​នរាយ នៅ​ឯ​ជាយ​ក្រុង​នោះ។ ទ្វារ​របង​អត់​បិទ​ទេ ប្រហែល​ជា​បើក​ទុក​ឱ្យ​ខ្ញុំ​ហើយ! ទ្វារ​ផ្ទះ​ក៏​អត់​បិទ​ដែរ ប្រហែល​ជា​តា​នរាយ​អង្គុយ​ចាំ​ទទួល​ខ្ញុំ​ហើយ! ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ក៏​ឃើញ​គាត់​ដេក​ផ្កាប់​មុខ។

“លោកប្រធាន! ជំងឺបេះដូងរើ ឬក៏លើសឈាម?”

ខ្ញុំចាប់ផ្ងារខ្លួនគាត់ ស្រាប់តែ​ឃើញ​កាំបិត​មួយ​ដោត​ជាប់​ដើម​ទ្រូង​របស់​គាត់។ តា​នរាយ​ស្លាប់​ហើយ! ទេ! ខ្ញុំ​គ្រាន់​តែ​យល់​សប្តិ​តើ! ម៉េច​ក៏​គាត់​ស្លាប់​បាន? គាត់​ទូរស័ព្ទ​ហៅ​ខ្ញុំ​ដោយ​សំឡេង​ដាច់ៗ បាន​ន័យ​ថា​ពេលនោះ​មាន​មនុស្ស​ម្នាក់​គំរាម​សម្លាប់​គាត់​ហើយ។ តើ​អ្នកណា​សម្លាប់​គាត់?

ខ្ញុំ​ងាក​ទៅ​ក្រោយ​ខ្នង ប៉ូលិស​បួន​ប្រាំ​នាក់​ដើរ​ចូល​ប្រដាប់​ដោយ​កាំភ្លើង តម្រង់​មក​ខ្ញុំ។ ខ្ញុំ​មើល​ទៅ​ដៃ​របស់​ខ្ញុំ​ឃើញ​ប្រឡាក់​សុទ្ធ​តែ​ឈាម។ ខ្ញុំ​និយាយ​តតាក់​តតាំ “ទេ! ខ្ញុំ​អត់​សម្លាប់​គាត់​ទេ!”

“ប្រគល់ខ្លួនឱ្យយើងចាប់តាមសម្រួល!” សំឡេង​ប៉ូលិស​ម្នាក់​បន្លឺ​មក​ខ្ញុំ។

ខ្ញុំលើកដៃឡើងលើ ហើយនៅតែនិយាយដដែល “ខ្ញុំ​អត់​សម្លាប់​គាត់​ទេ!”

ប៉ូលិសម្នាក់យកខ្នោះដាក់ដៃខ្ញុំភ្លឹប រួច​នាំ​ខ្ញុំ​យក​ទៅ​ដាក់​គុក។ ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ខ្ញុំ​សម្លាប់​តា​នរាយ​ដោយ​ចេតនា ព្រោះ​ខ្ញុំ​គុំ​កួន​នឹង​គាត់ ដែល​ស្តី​បន្ទោស​ឱ្យ​ខ្ញុំ​កាល​ពី​ម្សិល​មិញ។

ខ្ញុំបានត្រឹមតែឆ្លើយថា “ខ្ញុំគ្រាន់តែយល់សប្តិក៏មានទោសដែរ!”

ខ្ញុំត្រូវជាប់គុករងទុក្ខវេទនាពីរឆ្នាំ ទើប​គេ​រក​ឃើញ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​តា​នរាយ។ គឺ​ជា​អ្នក​ក្រោម​ឱវាទ​របស់​គាត់​ម្នាក់ ដែល​ត្រូវ​គាត់​ធ្វើ​បាប រួច​បណ្តេញ​ឱ្យ​ឈប់​ធ្វើ​ការ។ ដល់​អត់​ការងារ​ធ្វើ ខឹង​ពេក​ក៏​មក​សម្លាប់​តា​នរាយ​ចោល​តែ​ម្តង។ ចំណែក​រូប​ខ្ញុំ​វិញ គ្រាន់​តែ​គិត និង​ដេក​យល់​សប្តិ ក៏​ជាប់​គុក​ពីរ​ឆ្នាំ​ដែរ។

កញ្ញា ២០០៧

Advertisements

Entry filed under: រឿងខ្លី.

ស្នាដៃទំនុកច្រៀង ចង់មានវេលាសម្រាប់យើងពីរនាក់

31 មតិ Add your own

  • 1. Neary  |  ខែកក្កដា 17, 2010 ម៉ោង 10:51 ព្រឹក

    oy…..paun Phal…bong read and comment moun ke hey nah…som sorseir doy smos os pi chet na. bong jol jet men jah! 🙂

    ឆ្លើយតប
  • 2. ណារ៉ាក់  |  ខែកក្កដា 17, 2010 ម៉ោង 11:35 ព្រឹក

    គ្រាន់តាយល់សប្តិក៏មានទោសដែរ? អត់ទាន់បានអានទេចាំ Copy ទៅ​print ចាំអាន។ តិចទៀតគ្រាន់តាដេក, ញ៉ាំបាយ, ដើរក៏មានទោសដែរ ហើយមើលទៅ បងប្រុញ៉ុមនេះ 🙂 គ្រាន់តាយល់សប្តិក៏មានទោសដែរ។
    ឥលូវរឿងបងផលល្បីម៉ាតាហ៊ឹងហើយ ញ៉ុម Copy ទៅ Print គេសុំមើល ច្រើនណាស់ សសើរថាឡូយសុំមើលមុខអ្នកតែងដល់ហើយ ហេ ហេ 🙂

    ឆ្លើយតប
  • 3. ណារ៉ាក់  |  ខែកក្កដា 17, 2010 ម៉ោង 2:41 ល្ងាច

    អានចប់ហើយ! ហា ហា ឡូយមែន! ញ៉ុមគិតថា ដើម្បី KILL តានរាយ ហ្នឹង គួរកាត់ហ្វ្រាំងឡានគាត់ចោលទៅ (ក្នុងរឿងអត់ប្រាប់ថាគាត់ជិះ អីទេ) បើមិនចឹងទេ គួធ្វើឲ្យគាត់ស្លាប់ដោយរីករាយទៅ គឺ៖ យកស្រីៗ ក្មេងៗបួនដប់នាក់ មកសុំស្រលាញ់គាត់ ហើយប្រាប់គាត់ថា គាត់ឡើង ប្រាក់ខែបាន $ 10000.00 ក្នុងមួយខែទៅ! ពេលគាត់លឺដំណឹងនេះ គាត់ នឹងគាំងបេះដុងស្លាប់ ដោយសាររីករាយពេក ។ នេះជាវិធីល្អរបស់ ខ្ញុំ

    ឆ្លើយតប
  • 4. SOKHEANG  |  ខែកក្កដា 17, 2010 ម៉ោង 10:38 ល្ងាច

    កុំ​ពិបាក​ពេកជេរ​គាត់​ត្រង់ៗ​តា​​ម្តង​ទៅថា តា​កញ្ជាស់តាឯងឱ្យវាល្មមៗបាន​ហើយ​ ខ្លួន​ចាស់​ហើយ​នៅ​ឃ្លាន​ក្មេងស្រី​ទៀត​ប្រយ័ត្ន​ងាប់​ចោល​កូន​ ហើយ​តាឯង​កុំ​ប៉ិន​ជេរ​ប្រទិច​ពេក​ប្រយ័ត្នងាប់​ទៅ​យម​រាជ​ចាប់​ហែក​មាត់ ។….

    ឆ្លើយតប
  • 5. SOKHEANG  |  ខែកក្កដា 17, 2010 ម៉ោង 10:40 ល្ងាច

    កុំ​ពិបាក​ពេកជេរ​គាត់​ត្រង់ៗ​តា​​ម្តង​ទៅថា តា​កញ្ជាស់តាឯងឱ្យវាល្មមៗបាន​ហើយ​ ខ្លួន​ចាស់​ហើយ​នៅ​ឃ្លាន​ក្មេងស្រី​ទៀត​ប្រយ័ត្ន​ងាប់​ចោល​កូន​ ហើយ​តាឯង​កុំ​ប៉ិន​ជេរ​ប្រទិច​ពេក​ប្រយ័ត្នងាប់​ទៅ​យម​រាជ​ចាប់​ហែក​មាត់ ។….តែ​បើ​ចង់​ឱ្យ​រក​វិធី​ធ្វើ​ឃាត​ ឱ្យ​ញ៉ុម​ស៊ុំទោស​ចុះ​ អត់ហ៊ាន​ទេ​ ខ្លាច​ក្លាយ​ជា​ជន​ផ្សំ​គំនិត ហើយ​ម៉្យាង​ខ្លាច​បាត់​បង់​អនាគត​ ព្រោះ​រៀន​ច្បាប់​ផង​ ស្រួល​មិនស្រួល​…:-D

    ឆ្លើយតប
  • 6. oudomheng  |  ខែកក្កដា 17, 2010 ម៉ោង 11:53 ល្ងាច

    ម៉េចបានចង់សម្លាប់!! 😀

    ឆ្លើយតប
  • 7. ឧត្តម's Blog  |  ខែកក្កដា 18, 2010 ម៉ោង 9:38 ព្រឹក

    ឃោឃៅ!

    ឆ្លើយតប
  • 8. ផ្កាយ NoVeLs  |  ខែកក្កដា 19, 2010 ម៉ោង 7:43 ព្រឹក

    ងាយៗ​សម្លាប់​មនុស្ស​គ្មាន​ទោស៖
    ១. ពេល​គាត់​កំពុង​ដើរ​តាម​ផ្ឡូវ​ថ្នល់​ដែល​មាន​ម៉ូតូឡាន​បើក​ច្រវេតច្រវាត់ ឬ​ត្រង់​ផ្លូវ​ដែល​មាន​រថភ្លើង​បើក​កាត់ ពេល​ឃើញ​ឡាន​ឬ​រថភ្លើង​មក​ដល់​​ទោះ​បី​ជាគាត់​មិន​នៅ​ចំចំណុច​ដែល​ឡាន​ឬ​រថភ្លើង​ត្រូវ​បុក​ក៏​ដោយ ត្រូវ​ស្រែក​ដោយ​ស្លន់​ស្លោ​ទៅ​គាត់​ថា «ចៅហ្វាយ​! ប្រយ័ត្ន!!!» ប៉ុណ្ណេះ​បើ​តា​នោះ​មិន​លស់​ព្រលឹងភ្ញាក់​ហើយ​ប្រកាច់​ចូលឡាន​ឬ​រថភ្លើង​ទេសុំ​កោត!!
    ២. បបួល​គាត់​ទៅ​លោត​ទឹក​លេង​ពីទី​ខ្ពស់ ដែ​ល​នៅបាត​ទឹក​ខាងក្រោម​នោះ​យើងដឹង​ថា​មាន​ថ្ម​ស្រួច​ធំ​ល្ម​ម​សម្លាប់​មនុស្ស​បាន។ យើង​ជា​អ្នក​លោត​មុន​ តែ​ដោយ​យើង​ដឹង​កន្លែង​នេះគ្រោះ​ថ្នាក់​យើង​ទម្លាក់​ខ្លួន​កុំ​ឲ្យ​ដល់​បាត ហើយ​ហែល​ចេញ​ទៅ។ ដល់​គាត់​អត់​ដឹង គាត់​(ហៅគាត់​ដូច​ជា​ពីរោះពេក​ទេដឹង?) ក៏​លោត​ចុះគ្រាំ!! ជុង​គូទ​ងាប់​ទៅ.. 😆 ហើយ​យើង​ក៏អត់​ទោស..

    ឆ្លើយតប
  • 9. ឧត្តម's Blog  |  ខែកក្កដា 19, 2010 ម៉ោង 9:46 ព្រឹក

    គំនិតនេះម្យ៉ាងដែរ! គំនិតញុមវិញ
    រកស្រីស្រស់ពូកែអាខាង…ម្នាក់ឲ្យគាត់ទៅ 😀 ចាំមើលគាត់ពិតជាអរគុណយើងមិនខានឡើយ។ តែចាំមើល បើមិនស្លាប់លើបង្គងធានា!!!! ហេសហេ 😀 អ្នកណាក៏អត់ជាប់ទោសអីដែរ!

    ឆ្លើយតប
  • 10. ចាន់ផល  |  ខែកក្កដា 19, 2010 ម៉ោង 10:19 ព្រឹក

    អរគុណហើយ​ចំពោះ​មតិយោបល់​ទាំងឡាយ ហេហេ 😀 ម្នាក់ៗ​ពិសពុល​ណាស់​ដែរ! តែ​ចាំ​មើល​អាគំនិត​ខ្ញុំ​វិញ​ណា៎!

    ឆ្លើយតប
  • 11. ឧត្តម's Blog  |  ខែកក្កដា 19, 2010 ម៉ោង 2:57 ល្ងាច

    ប្រហែលរិតតែពិសពុលមិនខានឡើយ! ហាស ហាស 。。。! 😀 😀

    ឆ្លើយតប
  • 12. មេឃា  |  ខែកក្កដា 19, 2010 ម៉ោង 3:30 ល្ងាច

    គំនិតអាក្រក់ម៉្លេះ… ចង់សម្លាប់មនុស្ស !?

    តា នរាយ ហ្នឹងចូលចិត្តស្រី ៗ ត្រូវរកស្រីៗណា ដែលក្មេង ស្អាត ស៊ិចស៊ី ជួយគាត់ឲ្យសប្បាយឲ្យដល់ណាណីតូវ… ចុងក្រោយ គឺស្លាប់លើបង្គងតែម្តងតូវ !… គ្មានភស្តុតាង ហើយបានបុណ្យទៀត… តា នរាយ ហ្នឹងមិនតាមលង…​ 🙂

    ឆ្លើយតប
  • 13. ក្មេងស្រែ  |  ខែកក្កដា 19, 2010 ម៉ោង 4:19 ល្ងាច

    រឿង១នេះ ក៏ដូចជាធ្លាប់បានអានដែរ ។ ដូចជាយល់សប្តិ័ថា បានសម្លាប់ ហើយក៏នឹកឃើញស្តាយ ក៏ទៅសារភាព ហើយក៏ជាប់គុគ ។ តែមិនច្បាស់ដែរ ព្រោះបានអានក្នុងសៀវភៅយូរហើយ!

    ឆ្លើយតប
  • 15. oudomheng  |  ខែកក្កដា 19, 2010 ម៉ោង 9:11 ល្ងាច

    អានចប់យើងចង់អានតទៀត ដាក់ភាគបន្តឲ្យលឿនមក៍!! ចង់ដឹងថាតើអ្នកនិពន្ធពូផលសម្លាប់តានរាយនោះ ដោយវិធីណាទៅណ៎!!!

    ឆ្លើយតប
  • 16. រតនា  |  ខែកក្កដា 20, 2010 ម៉ោង 12:52 ល្ងាច

    អូឡូយហានស​បងចាន់ផលនៀក។ហេហេ

    ឆ្លើយតប
  • 17. មេឃា  |  ខែកក្កដា 20, 2010 ម៉ោង 2:45 ល្ងាច

    ដូចជា អយុត្តិធម៌ មែន… ប្រហែលជា ឆ្នាំ ២០០៧ ស្រុកខ្មែរ ពិតជាសំបូររឿងបែបនេះ មែន ដូចជា កម្មករសំណង់ម្នាក់ អត់មានអីធើ ដើរទៅវត្តភ្នំលេង ចៃដន្យ មានចោរប្លន់ខ្សែករ ភ័យពេករត់នឹងគេដែរ ដល់ពេលគេចាប់បាន តុលាការចាប់ដាក់គុក ៥ ឆ្នាំលេង… ចោរមែនទែន ក៏ដាក់គុក ៥ ឆ្នាំ …

    រឿងនេះ ពិតជាអយុត្តិធម៌ណាស់ ដឹងថា ព្រះរាជអាជ្ញា ចោទយ៉ាងម៉េចទេ ? បើឯងមិនមែនចោរ មិនដែលទៅលេងវត្តភ្នំ អីពេលយប់អីចឹងទេ (បើគ្នាធើ្វការងារពេលថ្ងៃ ទំនេរតែពេលយប់ ម៉េចចុះ!!!?) សូម្បីតែមានអ្នកធានាថា កម្មករម្នាក់នោះ មិនមែនចោរ… សុមឲ្យតុលាការ និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តិកម្មទាំងឡាយ ជូបតែនឹងកម្មនោះវិញចុះលោក….

    ឆ្លើយតប
  • 18. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 21, 2010 ម៉ោង 1:00 ល្ងាច

    បងផលអើយ!​ បើមិននិយាយគឺមិនបាន រឿងបងឯងល្អអានដ៏ហើយនៀក… ខ្ញុំចង់ចេះសរសេររឿងឲ្យល្អមើលដូចបងឯងដែរ… ប្រហែលជាយកបងឯងធ្វើជាគ្រូហើយ… សូមទទួលការគោរពពីកូនសិស្សផង!!!!

    ឆ្លើយតប
    • 19. ចាន់ផល  |  ខែកក្កដា 24, 2010 ម៉ោង 6:43 ល្ងាច

      ហេហេ ហេតុអី​ខ្ញុំ​មិន​ធ្លាប់​នឹក​ឃើញ​រឿង​រើស​សិស្ស​បន្ត​វេទ​ហ្ន៎? 😀 ក្លាយ​ជា​គ្រូ​គេ មាន​អារម្មណ៍​ថា​ចាស់​ណាស់​! តែ​គិត​ទៅ ទម្រាំ​តែ​ខ្ញុំ​ចេះ​សរសេរ​រឿង​បាន​ប៉ុណ្ណេះ ខ្ញុំ​រៀន​ពី​គ្រូ​ច្រើន​រាប់​មិន​អស់​នោះ​ទេ ហើយ​​គ្រូៗ​ទាំង​នោះ​អត់​ស្គាល់​ខ្ញុំ​ផង 😉

      ឆ្លើយតប
      • 20. ឧត្តម's Blog  |  ខែកក្កដា 24, 2010 ម៉ោង 8:30 ល្ងាច

        ចឹងល្មមបើកថ្នាក់បង្រៀនហើយបង! ញុមចង់រៀនដែរ 😀

      • 21. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 25, 2010 ម៉ោង 10:51 ព្រឹក

        បងចាំអង្កាល់!!! រើសខ្ញុំមុនគេទៅ ខ្ញុំចង់ធ្វើជាសិស្សបន្តវេនពីបងចង់អី!!! ហើយម៉្យាងទៀត ធ្វើគ្រូគេ មិនមានអារម្មណ៍ចាស់អីផង!!!!! ខ្ញុំធ្វើជាគ្រូហ្នឹងគេដែរ តែគ្រូខាងនាំកូនក្មេងខូច មានអីសប្បាយហើយ មានអារម្មណ៍ថាក្មេងទៀតផង… បង! ខ្ញុំធានា!​ បើបងទទួលខ្ញុំ ធានាថា បងនឹងមានអារម្មណ៍ថា កាន់តែក្មេងទៅៗៗៗៗៗៗៗៗៗណាបង… 😉

      • 22. ចាន់ផល  |  ខែកក្កដា 26, 2010 ម៉ោង 10:47 ព្រឹក

        ចាំគិត​មើលសិនអ៊ីចឹង! 😀

      • 23. ឧត្តម's Blog  |  ខែកក្កដា 27, 2010 ម៉ោង 10:48 ល្ងាច

        ផ្កាយ! ចង់ឲ្យគេរើសមុន ប្រហែលចង់ធ្វើសិស្សច្បងគេហើយ! ហេសហេ 😀

      • 24. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 28, 2010 ម៉ោង 4:47 ព្រឹក

        បងផល៖ តែកុំគិតយូរពេក ប្រយ័ត្នខ្ញុំអស់ចំណាប់អារម្មណ៍ លែងចង់ធ្វើជាកូនសិស្សបន្តវេនពីបងផលឯង!
        ឧត្តម៖ មិនមែនមកពីខ្ញុំចង់ធ្វើសិស្សច្បងទេ គឺមកពីខ្ញុំចង់ក្លាយជាសិស្សជំនិតរបស់លោកគ្រូមុនគេទេតើ!!! 😉

  • 25. វិចិត្រ  |  ខែកក្កដា 23, 2010 ម៉ោង 11:03 ល្ងាច

    ប្រហែល​ប៉ូលីស​គេ​អាណិត​អត់​ការងារ​ធ្វើ ហៅ​ទៅ​ដេក​គុក​ស៊ី​បាយ​គេ​ចិញ្ចឹម​ស្រាប់​សិន 😀

    ឆ្លើយតប
  • 26. ណារ៉ាក់  |  ខែកក្កដា 24, 2010 ម៉ោង 3:01 ល្ងាច

    ល្អមើលមែន ឲ្យលេខ1

    ឆ្លើយតប
  • 27. ផ្កាយ NoVeLs  |  ខែកក្កដា 27, 2010 ម៉ោង 4:36 ល្ងាច

    ទើប​តែ​អាន​រឿងត​ចប់។ ទទួល​អារម្មណ៍​ថា​ធ្លាប់​អាន​សាច់​រឿង​ស្រដៀង​នេះ​នៅ​កន្លែង​ណា? សង្ស័យ​ក្នុង​ស្រីហិតោបទេស ឬ​ក៏​គតិ​លោក​ទេ​ ដឹង? មិន​ច្បាស់​ដែរ គ្រាន់​តែ​ដឹង​ថា​យល់​សប្តិ​​ឃើញ​សម្លាប់​មនុស្ស ហើយ​មនុស្ស​នោះ​ក៏​ស្លាប់​មែនទែន រួច​ក៏​ត្រូវ​គេ​ចាប់​ដាក់​គុក។

    ឆ្លើយតប
    • 28. ចាន់ផល  |  ខែកក្កដា 28, 2010 ម៉ោង 2:23 ល្ងាច

      ជួន​គ្នា​ម៉្លេះ! ក្មេង​ស្រែ ក៏​ថា​ដូច​ជា​ធ្លាប់​អាន​ ហើយ​ខ្ញុំ​ខ្លួន​ឯង​​ក៏​មាន​អារម្មណ៍​ថា ធ្លាប់​អាន​រឿង​ស្រដៀង​គ្នា​អ៊ីចឹង​​ដែរ តែ​រក​នឹក​មិន​ឃើញ ក៏​គិត​ថា​ប្រហែល​ធ្លាប់​អាន​ក្នុង​យល់​សប្តិ 😀

      ឆ្លើយតប
    • 29. ក្មេងស្រែ  |  ខែកក្កដា 28, 2010 ម៉ោង 4:39 ល្ងាច

      អត់ទេ សម្រាប់ញ៉ុម មិនមែនស្រដៀងទេ, តែគឺរឿងហ្នឹងតែម្តង! ដូចទាំងឈ្មោះតួរអង្គ ទាំងស្ថានភាព ។ បងមានបោះពុម្ពចេញជាសៀវភៅទេ? សង្ស័យលាក់ពួកយើង ដូចរឿង «ស្នេហាសុភាពបុរស»ដែរដឹង? ចេញជាសៀវភៅហើយ ក៏មិនប្រាប់ អោយនៅអង្គុយចាំអានឡើងចាហរមាត់!

      ឆ្លើយតប
      • 30. ចាន់ផល  |  ខែកក្កដា 30, 2010 ម៉ោង 3:01 ល្ងាច

        ខ្ញុំ​ពិត​ជា​ធ្លាប់​ធ្វើ​សៀវភៅ​មែន គឺ​សៀវភៅ «កំណប់» ដែល​មាន​​ក្រប​ពណ៌​ស​ខ្មៅ ហើយ​អ្នកមីង​ ប៉ិច សង្វាវ៉ាន ធ្លាប់​យក​ទៅ​វិភាគ​នៅ​បុស្តិ៍​បារាំង ប៉ុន្តែ​ខ្ញុំ​ធ្វើ​ជូន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ម៉េច​ក៏​ក្មេង​ស្រែ​បាន​អាន​ដែរ? ក្នុង​សៀវភៅ​នោះ​ ខ្ញុំ​ថែម​ទាំង​គូរ​រូប​​សម្រាប់​រឿង​នីមួយៗ​ទៀត​ផង។ បើ​ក្មេង​ស្រែ​អាន​សៀវភៅ​នោះ​មែន គឺ​ពិត​ជា​បាន​ឃើញ​រូប​គំនូរ​ខ្មៅដៃ ឃើញ​​តួអង្គ​កំពុង​ជាប់​គុក​មិន​ខាន!

      • 31. ក្មេងស្រែ  |  ខែកក្កដា 30, 2010 ម៉ោង 3:13 ល្ងាច

        ខ្ញុំពិតជាធ្លាប់បានអានមែន, តែមិនចាំថាសៀវភៅនោះបែបណានោះទេ ព្រោះយូរហើយ, កាលហ្នឹងដូចជាអានចេញពីសៀវភៅដែលមានច្រើន រឿង, រួមទាំងអាកំណប់មីនក្រោមដើមត្នោត ហើយនឹងរឿងខាងលើផងដែរ, តិចមានអ្នកថតចម្លងទៅ? តែដូចជាមិនចឹងទេ ។ ចាំទៅរកមើលសៀវភៅហ្នឹងមកវិញ, តែធានាថា រកមិនឃើញទេ ព្រោះប្តូរផ្ទះពីរដងទៅហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: