បាត់គូដណ្ដឹង

ខែ​ឧសភា 22, 2010 at 1:53 ល្ងាច មតិ 5

ខ្ញុំស្ញប់ស្ញែងនឹង​ជីវភាព​​​អ្នក​ជនបទ​ណាស់ ហើយ​​ខ្ញុំ​ក៏​​ស្រមៃ​ឃើញ​សាច់​រឿង​មួយ និយាយ​ពី​កំលោះ​​ជនបទ​ស្លូតបូត​ម្នាក់… អ្នក​ខ្លះ​ថា​គាត់​ល្ងង់ តែ​ខ្ញុំ​មាន​មោទនភាព​ណាស់​ ​ពេល​បាន​សរសេរ​ពី​គាត់។ គាត់​កើត​នៅ​ស្រុក​ស្រែ ហើយ​ស្រលាញ់​ស្រុក​ស្រែ និង​ស្រលាញ់​កូន​ក្រមុំ​អ្នក​ភូមិ​ម្នាក់ រហូត​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា។ នៅ​ជិត​ថ្ងៃ​ចូល​រោងការ គូដណ្ដឹង​របស់​គាត់​​កំពុង​នៅ​ឯ​ភ្នំពេញ​នៅ​ឡើយ ហើយ​អ្នកភូមិ​ខ្លះ​បាន​ប្រាប់​គាត់​ថា នាង​ទៅ​ភ្នំពេញ​ព្រោះ​ចង់​រត់​គេច​ពី​មង្គលការ​ជាមួយ​នឹង​គាត់។ យ៉ាងណា​គាត់​មិន​ជឿទេ ព្រោះ​គាត់​ជឿ​លើ​ចរិយា​សម្បត្តិ​​របស់​នារី​ដែល​គាត់​ស្រលាញ់​ច្រើន​ជាង។

ទ្រាំមិនបាន កំលោះ​ម្នាក់​នោះ​ក៏​បានទៅ​ភ្នំពេញ​តាម​រក​នាង… ទីក្រុង​ធំពេក​ហើយ​សម្រាប់​អ្នក​ស្រែ​ម្នាក់​ដូច​ជា​គាត់ ហើយ​គាត់​​ប្រាប់​ថា គាត់​បាន​ដើរ​វង្វេង។ អ្នក​ក្រុង​ក៏​មិន​មែន​ដូច​ជា​អ្នក​ភូមិ​ដែល​គាត់​ធ្លាប់​ស្គាល់​ដែរ… ពួក​គេ​គិត​ជ្រៅ​ជាង​គាត់ ពួក​គេ​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ប្រកួតប្រជែង ដណ្ដើម​គ្នា​រស់ ហើយ​នោះ​គឺ​ជា​បទ​ពិសោធន៍​មួយ​ដែល​គាត់​គិត​ថា អ្នក​ក្រុង​​គឺ​ជា​មនុស្ស​គួរ​ឱ្យ​ខ្លាច។ ប្រហែល​ជា​គាត់​ត្រូវ​បាន​គេ​បោកប្រាស់ ប៉ុន្តែ​ចិត្ត​សន្តិភាព​របស់​អ្នកជនបទ​ម្នាក់​នេះ​ មិន​បាន​ខឹង​នឹង​គេ​ទេ គ្រាន់​តែ​ធ្វើ​ឱ្យ​យល់​ថា ទី​ក្រុង​គ្មាន​អី​គួរ​ឱ្យ​អស្ចារ្យ​សោះ មេឃ​គ្មាន​ផ្កាយ​ស្អាត​ដូច​ស្រុក​ស្រែ ឯ​ចរាចរណ៍​​ក៏​ចង្អៀត មនុស្សម្នា​ទៀត​សោត​​ក៏​មិន​​សូវ​ចេះ​រាប់អាន​គ្នា​… គាត់​ចង់​ជួប មុំ គូ​ដណ្ដឹង​របស់​គាត់ ដើម្បី​ប្រាប់​នាង​ពី​អារម្មណ៍​នេះ ហើយ​នាំ​នាង​ទៅ​រស់​នៅ​ភូមិ​កំណើត​វិញ។ មធ្យោបាយ​ចុង​ក្រោយ​របស់​គាត់ គឺ​មាន​តែ​សុំ​គេ​ឡើង​ច្រៀង​ស្រែក​ហៅ​​នាង…

បាត់គូដណ្ដឹង

ម៉ុមពៅពន្លកបងមកភ្នំពេញ ទុក្ខបងរលេញ ភ្នំពេញបងដើរវង្វេង ម៉ុមនៅទីណា? ទីក្រុងគគ្រឹកគគ្រេង បងសូមច្រៀងផ្ញើតាមភ្លេង ក្រែងម៉ុមឮសំឡេងបង។

ភូមិយើងធ្លាក់ភ្លៀងលែងទៀងរដូវ ម្ដាយម៉ុមនឹកពៅ ស្រីខ្មៅធ្លាប់ហៅឆ្លើយឆ្លង រដួលដូរដី ស្រស់ស្រីកុំដូរគន្លង កន្លែងកំណើតនួនល្អង ប្អូនបងម៉ុមសុទ្ធអ្នកស្រែ។

រត់ចោលរោងការ ពាក្យដៀលថាម៉ុមស្អប់រូបខ្ញុំ ម៉ុមអើយដឹងទេបងយំ ប្រកែកថាម៉ុមមិនប្រែ ទ្រាំមិនបានឡើយ តាមរកត្រាណត្រើយត្រឡប់ទៅស្រែ ទៅជួបមាមីងពុកម៉ែ លោកថែម៉ុមមិនអភ័ព្វ។

មេឃក្រុងរងាកំព្រាគ្មានផ្កាយ មេឃឃ្លាតដីឆ្ងាយ កាយយើងមិនអាចទម្លាប់ អ្នកក្រុងគិតជ្រៅ សខ្មៅក៏ដៅមិនគាប់ ទុកយើងប្រៀបដូចទ្រនាប់ ម៉ុមមាសសំណព្វស្ងប់ទៅ។

ទីក្រុងសែនធំ ម៉ុមអើយមិនសមយើងទេ
ទីក្រុងធំណាស់ ទៅផ្ទះវិញណាមាសមេ។

(RHM CD Vol. 392)

Advertisements

Entry filed under: ចម្រៀង.

ចម្រៀងជំនាន់មុន និង ចម្រៀងជំនាន់នេះ New Solo Album from Reach

5 មតិ Add your own

  • 1. វីរិយា  |  ខែ​ឧសភា 22, 2010 ម៉ោង 2:25 ល្ងាច

    ខ្ញុំ​ចូល​ចិត្ត​បទ​ហ្នឹងណាស់ តាំង​ពីបាន​ស្តាប់​លើក​ទីមួយម៉្លេះ…អត្ថន័យ​បទ​នេះធ្វើ​ឲ្យ​ខ្ញុំ​ដែល​ជា​អ្ន​ក​ស្រុក​កំណើត​នៅ​ភ្នំពេញ​ មើល​ឃើញ​ភ្នំពេញ​​ពី​ជ្រុងមួយ​ទៀត ម្យ៉ាង​ចូល​ចិត្ត សំឡេង​លោក​ពា្រប​ សុវត្ថិ​ស្រាប់​ផង គាត់​បញ្ចូល​អារម្មណ៍​ក្នុង​ចម្រៀងបាន​ពូកែ​ ដែល​​បញ្ចេញ​ឲ្យ​អ្នក​ស្តាប់​អាច​ដឹង​បាន​តាម​រយៈទឹក​ដម​សំឡេង​របស់គាត់!!!

    ឆ្លើយតប
  • 2. ផ្កាយ NoVeLs  |  ខែ​ឧសភា 22, 2010 ម៉ោង 2:35 ល្ងាច

    តែ​ខ្ញុំ​អត់​ចូល​ចិត្ត​ការ​សម្តែង​នៅ​ក្នុង​ខារ៉ាអូខេ​ផង… ថត​សាមញ្ញ​ពេក​ហើយ! អាយ​ អ៊ែម​ យ៉ ហ្វ្រែន ណា ឃើញ​ម៉េច​ថា​ចឹង! 😉

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​ឧសភា 24, 2010 ម៉ោង 12:57 ល្ងាច

      យេស អាយស៊ី! អ៊ីចឹង​បាន​ខ្ញុំ​មិន​ដាក់​ខារ៉ាអូខេ​ហ្នឹងណា! 😉

      ឆ្លើយតប
  • 4. គីមឡុង  |  ខែ​ឧសភា 22, 2010 ម៉ោង 2:36 ល្ងាច

    ពិតជាពិរោះនិងមានន៍យមែន ! ហេហេ….:)

    ឆ្លើយតប
  • 5. ឧត្តម  |  ខែ​ឧសភា 24, 2010 ម៉ោង 2:13 ល្ងាច

    ញ៉ុមគ្មានយោបល់អីទេ ! គ្រាន់បានដឹងថាពិរោះ !

    សូមជម្រាប អាត់តារេស ផ្ទះថ្មីរបស់ញ៉ុមទៅកាន់អ្នកទាំងអស់គ្នា http://oudom-home.blogspot.com/

    អរកូនច្រើន !!!! 🙂

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: