ចម្រៀងជំនាន់មុន និង ចម្រៀងជំនាន់នេះ

ខែ​ឧសភា 14, 2010 at 1:18 ល្ងាច មតិ 24

«ហេតុអ្វីចម្រៀងជំនាន់មុននៅមានជីវិតក្នុងពិភពតន្ត្រីសព្វថ្ងៃ ថ្វីបើម្ចាស់អ្នកចម្រៀងបានធ្វើមរណកាលទៅហើយក្តី? ហើយហេតុអ្វី បានជាចម្រៀងបច្ចុប្បន្នជាច្រើនបែរជាស្លាប់បាត់ប្រិយភាព និងរូបកាយពីឆាកតន្រ្តី មុនម្ចាស់អ្នកចម្រៀងទៅវិញ?»

នេះ​គឺ​ជា​ប្រកាស​មួយ​ដែល អ្នកមីង កែវច័ន្ទបូរណ៍ បាន​ដាក់​ជា​ប្រធាន​បទ​ពិភាក្សា​នៅ http://www.facebook.com ហើយ​មាន​អ្នក​ចូល​រួមពិភាក្សា​ជា​ច្រើន ដែល​អាន​ទៅ​សុទ្ធ​តែ​ជា​យោបល់​ដ៏​មានសារ​ប្រយោជន៍។ ខ្ញុំ​គិត​ថា នេះ​ជា​ប្រធាន​បទ​មួយ​ល្អ​ណាស់ សម្រាប់​ខ្ញុំ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​សម័យ​បច្ចុប្បន្ន​ម្នាក់ និង​សម្រាប់​អ្នកចូល​ចិត្ត​វិស័យ​ចម្រៀង​ទាំង​អស់​គ្នា ទើប​ខ្ញុំ​សម្រេច​ចិត្ត​យក​ប្រធាន​បទ​នេះ​មក​ប្រកាស​នៅ​ប្លក​នេះ​ម្ដង ក្រែង​ទទួល​បាន​​យោបល់​ល្អៗ​បន្ថែម​ទៀត​ពី​បងប្អូន!

អ្នកមីង​បាន​មាន​ប្រសាសន៍ថា៖ ខ្ញុំគិតថា មាន​ចំណុច​សំខាន់​ច្រើន​​យ៉ាង ដែល​ធ្វើឱ្យ​ចម្រៀង​ខ្មែរ​សព្វថ្ងៃ ថមថយ​​រសជាតិ​របស់​ខ្លួន៖ 1/ ចម្លង​បទភ្លេង​ពី​បរទេស ធ្វើឱ្យ​បាត់បង់​រសជាតិ​សាច់ភ្លេង ដែល​​មាន​ព្រលឹង​វិញ្ញាណ​​របៀប​ជា​ខ្មែរ 2/ ការ​ផលិត​មិន​ផ្ចិតផ្ចង់ បង្ខំឱ្យ​លឿន ឆាប់​បាន​​ចេញ​លក់ ដោយ​មិន​គិត​​ពី​គុណ​ភាព 3/ ការ​និពន្ធ​ទំនុក​ច្រៀង ដោយ​មិន​ស្គាល់ មនោ​សញ្ចេតនា នៅ​ក្នុង​ចង្វាក់​ភ្លេង នៃបទ​នីមួយៗ 4/ អ្នក​និពន្ធ​បទភ្លេង​ច្រើន​​និពន្ធ​​នៅ​​ក្នុង​​បន្ទប់ ដែល​គ្មាន​បង្អួច ឬ​ពន្លឺ​ថ្ងៃ មិន​និពន្ធ​នៅ​ទី​វាល ក្រៅ​បន្ទប់ ដែល​ពុំ​មាន​ជញ្ជាំង​​រារាំង​​គំហើញ​​នូវ​ទិដ្ឋភាព នៃ​សុខុមាល​ភាព​​របស់​ជីវិត ៥/ ការ​និពន្ធ​ទំនុក ដោយ​​បក​ប្រែ​​ភាសា​​ទំនុក​​របស់គេ ហើយ​មិន​ប្រើ​គំនិត​របស់​ខ្លួន​ឯង 6/ អ្នកនិពន្ធ ចូលចិត្ត​និពន្ធ​ទំនុក ដែល​​មាន​​សម្រែក​អារម្មណ៌​អវិជ្ជមាន ដោយ​គ្មាន​ស្រាក​ស្រាន្ត។ អត្ថន័យ​អវិជ្ជមាន និង​​សម្រែក​​ឈឺចាប់ បាន​សម្លាប់​អារម្មណ៍ និង​ដួង​វិញ្ញាណ​របស់​អ្នកច្រៀង និង​អ្នក​​ស្តាប់ បន្ទាប់​​ពី​​គេ បាន​ស្រែក​ច្រើន​ដង អស់​ចិត្ត អស់​កម្លាំង 7/ ចំណាប់​ចុង​ចួន ឬ​កម្រង​កែវ ពាក្យ​ពេចន៍​​និពន្ធ មាន​សភាព​គ្រោតគ្រាត រដិប​រដុប មិន​រលូន​រលន់ ទន់​​សម្រាប់​​អារម្មណ៍​​ដើរ​​ទៅមុខ បាន​សុខសាន្ត ហើយ​សន្តិ។

លោកពូ ជាច័ន្ទបរិបូរ៍ ក៏​មាន​ប្រសាសន៍​ដែរ​ថា៖ កានិពន្ធចម្រៀងពី​សម័យដើម ដែល​មាន​នៅ​រហូត​ដល់​បច្ចប្បន្ន​នេះ​ តាម​លោក​ឪពុក​របស់​​ខ្ញុំ​​ដែល​ធ្វើ​ការ​នៅ​ឃោសនាកា​ពី​សង្គម​ចាស់ ហើយ​ជា​អ្នក​ថត (Sound Engineer) បទ​ចម្រៀង​ទាំំងនោះ គាត់​បាន​ប្រាប់​ខ្ញុំថា កានិពន្ធ​ជំនាន់​នោះ​ គឺ​នាក់​និពន្ធ​តាក់​តែង​ឡើង​​សម្រាប់​​ផ្សាយ​​វិទ្យុ​ជាតិ រាល់​កានិពន្ធ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិតៗ ពី​ទី​​កន្លែង ជីវភាព​​រស់​​នៅ​​របស់​អ្នក​និពន្ធ ហើយ​ក៏​បាន​និយាយ​រ៉ាយរាប់ ពី​ជិវិត​​ស្នេហា​របស់​ពួកគេ ឧទាហរណ៍ បទកំពង់ឆ្នាំង គឺជា​ស្នាដៃ​និពន្ធ​របស់ លោក យិន ឌីកាន ដែល​​គាត់​​និយាយ​​​ពី​ជិវិត​ស្នេហា​​របស់​គាត់ កាល​គាត់​រស់នៅ​ឯស្រុក​កំណើត (លោក យិន ឌីកាន មាន​​ស្រុក​កំណើត​ខេត្ត​កំពង់​ឆ្នាំង) ហើយ​កាលនោះ​មាន​ក្រុមហ៊ុន​ហេងៗ​​សញ្ញា​​ចាន់ឆាយា​​​ឡាក់ស៊ៀ ចង់​ទិញ​យក​ទៅ​ធ្វើ​អាជីវ​កម្ម​ក៏មក​សុំទិញ​ពី​អ្នក​និពន្ធ។ បច្ចុប្បន្ន អ្នកនិពន្ធ​ភាគច្រើន​គឺទៅ​សុំលក់​បទចម្រៀង​​ឱ្យ​​ថៅកែ​ក្រុមហ៊ុន​ ឬ​ក៏​​ថៅកែ​​បញ្ជា​ឱ្យ​​អ្នក​និពន្ធ ចម្លង​​បទ​ពី​បរទេស។ល។ ដោយ​ជីវភាព​ខ្វះខាត មាន​អ្នក​និពន្ធ​​ខ្លះ​​ចេះ​តែ​​សរសេរ​ឱ្យ​តែ​បានៗ​ទៅ ដោយ​មិនបាន​សរសេរ​តាម​អារម្មណ៍​​របស់​ខ្លួន។ ពេលខ្លះ​​មាន​ការ​ដេញ​ថ្លៃ​គ្នា​​ក្នុង​ចំណោម​អ្នក​និពន្ធ​ទៀត​ផង ៕ល៕ មាន​រឿង​ជាច្រើន​ទៀត​ដែល​ពាក់​ព័ន្ធ​និង​បញ្ហា​នេះ។ សិល្បះ​​ជា​​កញ្ចក់​​ឆ្លុះ​សង្គម។

ខ្ញុំ​ក៏​បានចូលរួម​យោបល់​ដែរ​ ហើយ​ខាងក្រោម​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ៖

អរគុណអ្នកមីងដែលបានដាក់ប្រធានបទនេះ​ ឱ្យអ្នកស្រលាញ់សិល្បៈចម្រៀង​ទាំងអស់​បាន​ចូលរួម​វិភាគវែកញែក… ដូចអ្នកមីងមានប្រសាសន៍អ៊ីចឹង ខ្ញុំជាអ្នកនិពន្ធ​ទំនុក​ច្រៀង​​សម័យនេះម្នាក់ ការសរសេររបស់ខ្ញុំគឺនៅតែក្នុងបន្ទប់ប៉ុណ្ណោះ… ហើយ​ដូច​លោកពូ បរិបូរ ធ្លាប់ជ្រាប​អ៊ីចឹង ពេលណាថៅកែឱ្យបទខ្ញុំសរសេរ ខ្ញុំត្រូវសរសេរ​ឱ្យលឿន​ឱ្យ​ក្រុមហ៊ុន មួយថ្ងៃអាចសរសេរបានប្រាំបទក៏មាន… ខ្ញុំនៅតែខំផ្ចិតផ្ចង់ក្នុងការងារ​លឿន​បែបនេះ តែវាពិតជាមិនអាចដូចការងារដែលធ្វើតាមអារម្មណ៍នោះទេ… តាមពិត​គួរ​ឱ្យ​​អាណិត​អ្នកនិពន្ធ​ចម្រៀងបច្ចុប្បន្នណាស់ ព្រោះតម្លៃនៃស្នាដៃខ្លួនតិចតួច​បំផុត។ ខ្ញុំ​មិន​ដឹងថា កាលជំនាន់មុនតម្លៃស្នាដៃយ៉ាងម៉េចទេ ប៉ុន្តែបច្ចុប្បន្ននេះ សរសេរ​បាន​១០​បទ មិនគ្រប់ចាយមួយខែផង… ពួកយើងទទួលបានថវិការតិចមែនទែន តែខ្ញុំ​សប្បាយ​នឹង​សរសេ​រឱ្យគ្រប់គ្នាស្ដាប់ ព្រោះខ្ញុំស្រលាញ់ការងារមួយនេះ។ ចម្រៀង​ខ្មែរ​បច្ចុប្បន្ន​គ្មាន​គុណភាព វាជាបញ្ហាស្មុគស្មាញដូចអំបោះជំពាក់មុខអ៊ីចឹង តើបន្ទោស​អ្នកណា​ទៅ…? លោកអ្នកអាចបន្ទោសថា អ្នកនិពន្ធបច្ចុប្បន្នគ្មានសមត្ថភាព តែខ្ញុំមិនគិត​អ៊ីចឹង​ទេ។ ខ្ញុំបានស្គាល់ទឹកដៃ លោកពូ បរិបូរ ហើយខ្ញុំសរសើរស្នាដៃគាត់ណាស់ ហើយ​យើង​នៅ​មាន​អ្នកមានសមត្ថភាពខាងតន្រ្តីនេះច្រើននាក់ទៀត ដែលអត់ទាន់​បាន​ប្រើ​ទេពកោសល្យ​ខ្លួនឯ​ងតាមចិត្ត។ ប្អូន បញ្ញា ក៏ជាស្រករក្រោយម្នាក់​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ដែរ ហើយខ្ញុំតែងតែរំភើបថា នៅថ្ងៃខាងមុខអ្នកមាន​ទេពកោសល្យ​ទាំង​អស់​អាចរួមគ្នា​ដោះស្រាយបញ្ហាសិល្បៈមួយនេះ។

ក្រុមការងារផលិតចម្រៀងសព្វថ្ងៃ​គឺ​ស្ថិត​នៅ​ក្រោម​ការងារ​ក្រុមហ៊ុន… ពួក​យើង​ធ្វើ​ការ​តម្រូវ​ទីផ្សារ​ច្រើន ព្រោះ​ជា​ឆ្នាំង​បាយ​របស់​យើង។ បើ​សិន​យើង​តែង​ចម្រៀង​តាម​អារម្មណ៍​របស់​ខ្លួន​ឯង គឺ​យើង​ត្រូវ​រក​ន្លែង​ចេញ​ផ្សាយ​ផ្សេង​ពី​ក្រុម​ហ៊ុន​… វា​ពិបាក​ចេញ​ណាស់ ដូច​មាន​ស្នាដៃ​ខ្ញុំ​ខ្លះ​គឺ​ត្រូវ​កប់​ទុកឯ​ផ្ទះ​នៅ​ឡើយ ហើយ​បទទាំង​​នោះ​ហើយ​ដែល​និយាយ​ពី​ការ​តស៊ូ ពី​ជីវិត ពី​ក្ដី​សង្ឃឹម ពី​ធម្មជាតិ​ដ៏​អស្ចារ្យ​របស់​ខ្មែរ។ ប៉ុន្តែ​យូរៗ​ម្ដង ខ្ញុំ​ក៏​ខំ​ឆ្លៀត​ស្នើ​ជូន​ក្រុម​ហ៊ុន​នូវ​បទ​ដែល​ជា​ចេតនា​របស់​ខ្ញុំ​បាន​ខ្លះ ដូច​ជា​បទ កូនកំព្រា អូនអាចរស់ដោយគ្មានបង អរគុណដែលអូនស្រលាញ់បង ទឹកភ្នែកថ្លា ម៉ែអើយ ចម្រៀងក្នុងអារម្មណ៍​​(និយាយពីនារីគរម្នាក់)… ដែល​បទ​ទាំង​នេះ​​នឹង​ចេញ​ផ្សាយ​បន្តបន្ទាប់​​នៅ​ពេល​ខាង​មុខ​… ក្រៅពីនេះ​ខ្ញុំ​ធ្លាប់​និយាយ​យ៉ាង​រីករាយ​ជាមួយ​លោកគ្រូ ប៊ិន ដាវីដ (គ្រូភ្លេង) ថា​នៅ​ថ្ងៃ​ក្រោយ​ខ្ញុំ​ជាមួយ​គាត់​នឹងសហការ​គ្នា​ ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​មួយ គឺ​សរសេរ​បទ​​ចម្រៀង​ដែល​មាន​ន័យ​​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ប្រជាជន​ខ្មែរ​យើង​ ហើយ​ដើរ​រក​អ្នកឧត្តម្ភ​​ការ​ផ្សាយ​ស្នាដៃ… ខ្ញុំ​សង្ឃឹម​ថា​គោល​បំណង​មួយ​នេះ​អាច​មាន​រូបរាង​ឆាប់ៗ។

ចំពោះ​ពាក្យ​ថា​ទី​ផ្សារ​ ក្មេងៗ​សម័យ​នេះ​ចូលចិត្ត​ស្ដាប់​បទ​បែប​ណា ពួក​យើង​ក៏​ខំ​ធ្វើ​តម្រូវ​ចិត្ត​ពួក​គេ។ សរសេរបទ​រៀបរាប់​ទេសភាព​ដូច​សម័យ​មុន ក្មេងៗ​សម័យ​នេះ​មិន​សូវ​ចេះ​ស្ដាប់​ទេ ព្រោះ​​​ពួក​គេ​ក៏​មិន​សូវ​ចេះ​ស្ដាប់​បទ​ពីដើម​ដែរ ហើយ​ពួក​គេ​ថា​បទ​ឥឡូវ​ពីរោះ​ជាង… ប៉ុន្តែ​ហេតុអី​ក៏​បទ​ឥឡូវ​មិន​មាន​អាយុ​ស្ថិតស្ថេរ​? ព្រោះ​បទ​សម័យ​ឥឡូវ​ចេញ​ជាបន្តបន្ទាប់ ពួក​គេ​មាន​ជម្រើស​ច្រើន​ណាស់ ទោះ​គ្មាន​បទ​ខ្មែរ​ស្ដាប់ ក៏​អាច​ទិញ​ចម្រៀង​បរទេស​មក​ស្ដាប់​បាន​ដែរ។ សម័យ​នេះ​ខុស​ឆ្ងាយ​ពី​សម័យ​មុន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទូលំទូលាយ សិល្បៈសម្បូរ​បែប សោត​ឯ​រស​និយម​របស់​មនុស្ស​ក៏​ប្រែប្រួល​តាម​សម័យ​កាល ដែល​តែង​តែ​ផ្សារភ្ជាប់​នឹង​ទំនោរ​ខ្លឹម​សារ​របស់​អ្នក​និពន្ធ។ ចម្រៀង​សម័យ​នេះ​និយាយ​ច្រើន​ពី​ស្នេហា​មុំបី… ព្រោះ​ក្មេង​ៗ​សម័យ​នេះ​ពួក​គេ​មាន​ស្នេហា​បែប​នេះ។ ម៉េច​ក៏​យើង​មិន​សរសេរ​ស្នាដៃ​អប់​រំ​ពួក​គេ​ ឱ្យ​មាន​ស្នេហា​ស្មោះ​ស្ម័គ្រ​វិញ? យើង​បាន​សរសេរ​រួច​ហើយ ប៉ុន្តែ​សិល្បៈ​​​គឺ​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ ទើប​តម្រូវ​ឱ្យ​សរសេរ​រឿង​ពិត​របស់​យុវវ័យ​ខ្លះ ហើយ​បើ​អ្នក​និពន្ធ​មាន​សិល្បវិធី​សរសេរ​ល្អ គេ​ក៏​បាន​រៀប​រាប់​ពី​ផលវិបាក​នៃ​ស្នេហា​មុំបី​នេះ ដែល​មាន​តែ​ការ​ឈឺចាប់​នៅ​ទីបំផុត។ យុវវ័យ​ដែល​បាន​ស្ដាប់​ចម្រៀង​ត្រូវ​សាច់​​រឿង​របស់​ខ្លួន ពួក​គេ​យំ ពួក​គេ​ភ្ញាក់​រឭក ហើយ​ពួក​គេ​ដឹង​ថា សិល្បៈ​នេះ​បាន​ផ្សារ​ភ្ជាប់​នឹង​ជីវិត​របស់​គេ​មិន​អាច​ខ្វះ​បាន។

ចម្រៀង​សម័យ​នេះ​មាន​បទ​ពីរោះ​ជាច្រើន​ដែល​មិន​ទាន់​អាច​និយាយ​ថា​ ពួក​វា​នឹង​ស្ថិត​ស្ថេរ​ឬ​ក៏​អត់ ព្រោះ​យើង​កំពុង​តែ​វិភាគ​ក្នុង​សម័យ​កាល​​នេះ​នៅ​ឡើយ… ខ្ញុំ​គិត​ថា​ នៅ​សម័យ​កាល​មួយ​ទៀត ដែល​យុវវ័យ​សម័យ​នេះ​ក្លាយ​ជា​មនុស្ស​ចាស់ តើ​មនុស្ស​ចាស់​សម័យ​ថ្មី​មួយ​នោះ នឹង​គិត​យ៉ាង​ម៉េច​ចំពោះ​ចម្រៀង​សម័យ​ថ្មី​នៅ​ពេលនោះ ហើយ​តើ​ពួក​គេ​នឹង​រំឮក​យ៉ាង​ម៉េច​ពី​ចម្រៀង​សម័យ​បច្ចុប្បន្ន​នេះ? ចម្រៀង​ លោក ស៊ីន ស៊ីសាមុត ជា​បរិមាណ​កំណត់​​មួយ​ដែល​ពួក​យើង​ថែ​រក្សា ដែល​យើងបានចាត់​ទុក​ថា​ជា​ស្នាដៃ​បេតិកភណ្ឌជាតិ។ នេះ​ជា​តម្លៃ​មួយ​ដែល​បាន​ផ្ដល់​ភាព​ស្ថិតស្ថេរ​ឱ្យ​ចម្រៀងទាំង​​នោះរួច​​ទៅ​ហើយ។ នៅ​ស្រុក​ខ្មែរ​ លោក ​ស៊ីន ស៊ីសាមុត មាន​សំឡេង​​ពីរោះ​គ្មាន​គូប្រៀប​ គ្រប់​គ្នា​បាន​ឮ​សំឡេង​គាត់​តាំង​ពី​តូច សោត​ឯ​ចម្រៀង​ដែល​មិន​មាន​ចេញ​បន្ថែម​នោះ យើង​ក៏​ស្ដាប់​បទ​ដដែលៗ​រហូត​ដល់​ចាំ​គ្រប់​គ្នា។ ចម្រៀង​របស់​គាត់​គឺ​ជា​ចម្រៀង​សម័យ​​ជំនាន់​ដំបូង​គេ​​របស់​ស្រុក​ខ្មែរ​យើង ហើយ​ក៏​គ្មាន​ជំនាន់​មុន​គាត់​ដើម្បី​យក​មក​ប្រៀប​ធៀប​ដែរ។

អ្នក​ចម្រៀង​សម័យ​នេះ​មិន​ទាន់​មាន​អ្នកណា​មាន​សំឡេង​ពីរោះ​ស្មើ លោក​ ស៊ីន ស៊ីសាមុត ទេ ហើយទឹកដម​​សំឡេង​នេះ​ហើយ​គឺ​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​កំណត់​តម្លៃ​ឱ្យ​បទ​ចម្រៀង​។ ទំនុក​ច្រៀង និង​បទភ្លេង​ពី​សម័យ​មុខ​ខ្លះ ក៏​មិន​សូវ​ពីរោះ​ដែរ តែ​ត្រូវ​បាន​ច្រៀង​ដោយ​អធិរាជ្យ​សំឡេង​មាស ដែល​វា​មាន​អត្ថន័យ​​ដូច​នឹង​សម្ដី​ដូច​គ្នា តែ​និយាយ​ចេញ​ពី​មាត់​មនុស្ស​ខុស​គ្នា ត្រូវបាន​គេ​ផ្តល់​អត្ថន័យ​ឱ្យ​ខុស​គ្នា​អ៊ីចឹង​ដែរ។ ក្នុង​អារម្មណ៍​ខ្ញុំ​ បទ​​ចម្រៀង​សម័យ​ក្រោយ​នេះ​មិន​មែន​មិន​អាច​ប្រៀប​ធៀប​នឹង​ចម្រៀង​សម័យ​មុន​បាន​នោះទេ ដូច​ជា​បទ «ដឹកប្រពន្ធទៅរាំ» និពន្ធទំនុក​ច្រៀង​​ដោយ លោក ប៊ី ប៊ុនធួក បទ «រំដួលដូរដី» ដោយ លោក ថៃ នរសត្យា «នឹកតែបងមួយ» ដោយ លោក ហ៊ុន ហេង និង​បទ​មួយ​ចំនួន​ទៀត​ដែល​ខ្ញុំ​ចូល​ចិត្ត តែ​​មិនបាន​ស្គាល់​អ្នក​និពន្ធ មាន​ដូចជា «អនុស្សាវរីយ៍ពោធិ៍ចិនតុង» «យំព្រោះស្ដាយបង»  «អូនក្រណាស់បង»… ខ្ញុំ​ដក់​អារម្មណ៍​ចំពោះ​បទ​ទាំង​នេះ​មិន​ចាញ់​បទ​ពីដើម​ទេ ហើយ​ខ្ញុំ​ស្រមៃ​ថា បើ​សិន​បទ​ទាំង​នេះ​ច្រៀង​ដោយ ​លោក ស៊ីន ស៊ីសាមុត ម្ល៉េះ​សម​បទ​ទាំង​នេះ​ល្បី​ជាង​នេះ​មិន​ខាន។ ខ្ញុំ​ដែល​ជា​អ្នក​ស្រលាញ់​ស្នាដៃ​​ទាំង​នេះ ក៏​កំពុង​បារម្ភ​ខ្លាច​ពួក​វា​បាត់​ឈ្មោះ​អ្នក​និពន្ធ ដូច​​បារម្ភ​ចំពោះ​ស្នាដៃ ​លោក ស៊ីន ស៊ីសាមុត អ៊ីចឹង ព្រោះ​ខ្ញុំ​ស្ដាប់​ទៅ វា​ជា​បទ​ភ្លេង​សម័យ​របស់​ខ្មែរ​ពិត​ប្រាកដ និង​បាន​សរសេរ​ចេញ​ពី​បេះ​ដូង​ខ្មែរ​ពិត​ប្រាកដ។

សម័យ​កាល​ខុស​គ្នា គឺ​ជា​ហេតុផល​សំខាន់​មួយ​​របស់​សំណួរ​ខាង​លើ​! អ្នក​ដែល​ស្ដាប់​ចម្រៀង​​បច្ចុប្បន្ន​ថា​មិន​ពីរោះ​សោះ គឺ​មក​ពី​អារម្មណ៍​ពួក​គេ​ទទួល​ចម្រៀង​សម័យ​នេះ​មិន​បាន… ប៉ុន្តែ​ពួក​គេ​អត់​ចាប់​អារម្មណ៍​ថា ម៉េច​ក៏​មាន​អ្នក​ខ្លះ​ចូលចិត្តស្ដាប់​ចម្រៀង​សម័យ​នេះ​ ​តែ​បែរ​ជា​គិត​តែ​មួយ​មុខ​ថា អ្នក​ដែល​យល់​ខុស​ពី​ខ្លួន​​ឯង​គឺ​ជា​មនុស្ស​ឆ្កួត… (និយាយលេង​ទេ!) ដក​ចិត្ត​ប្រកាន់​មួយ​ចោល ហើយ​បើក​ចិត្ត​ឱ្យ​ធំ​ទូលាយ​ដើម្បី​​ប្រៀប​ធៀប​គ្នា នោះ​យើង​នឹង​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​វិភាគ រួច​​ទើប​អាច​រក​ដំណោះ​ស្រាយ​ឃើញ។

ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​ពី​លោកតា​របស់​ខ្ញុំ! គាត់​គឺ​ជា​មនុស្ស​សម័យ​ចម្រៀងលោក​ ស៊ីន ស៊ីសាមុត តែ​គាត់​មិន​សូវ​ចូលចិត្ត​ស្ដាប់​ចម្រៀង​លោក​ ស៊ីន ស៊ីសាមុត​ ទេ បែរ​ជា​ចូល​ចិត្ត​ចម្រៀង លោក មាស ហុកសេង ហើយ​ក្រោយ​មក​ក៏​ជាប់​ចិត្ត​នឹង​សំឡេង លោក កែវ​ សារ៉ាត ម្នាក់​ទៀត។ នេះ​បញ្ជាក់​ថា ចិត្ត​មនុស្ស​ខុស​គ្នា​ ហើយ​បើ​ស្រមៃ​ទៅ​សម័យកាល ​​លោក ស៊ីន ស៊ីសាមុត ដែល​មិន​ទាន់​មាន​ការផ្សាយ​ទូលាយ​ដូច​បច្ចុប្បន្ន និង​មាន​ជម្រើស​ស្ដាប់​​តែ​តិច​​តួច​នោះ ក៏​ប្រាកដ​ជា​មាន​មនុស្ស​ដែល​មិន​ចូល​ចិត្ត​សំឡេង​ លោក ស៊ីន ស៊ីសាមុត ដែរ គឺ​អាច​ប្រៀប​ធៀប​នឹង​បច្ចុប្បន្ន​ដែល​ លោក ព្រាប សុវត្ថិ កំពុង​តែ​មាន​ការ​គាំទ្រ បែរ​ជា​មាន​អ្នក​ពេក​ជ្រាយ​ថា​សំឡេង​គាត់​មិន​កើត។

ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​តាំង​ពីតូច ហើយ​​ខ្ញុំ​អាច​ចូល​ចិត្ត​គ្រប់​ប្រភេទ​នៃ​ចម្រៀង។ ខ្ញុំ​ធ្វើ​ការ​នៅ​ផលិតកម្ម ហង្សមាស តែ​ខ្ញុំ​ក៏​ស្ដាប់​បទ​ផលិតកម្ម​​ផ្សេងៗ ហើយ​ពេល​ខ្ញុំ​ដឹង​ថា យុវវ័យ​បច្ចុប្បន្ន​កំពុង​តែ​ចូល​ចិត្ត​សំឡេង លោក ខេមរៈ សេរីមុន ខ្ញុំ​ក៏​ស្ដាប់​នឹង​គេ ហើយ​ខ្ញុំ​ក៏​អាច​​​ស្ដាប់​ឮ​ថា ខេមរៈ សេរីមុន ច្រៀង​ពីរោះ​មែន ទើប​​មាន​មនុស្ស​ចូល​ចិត្ត​ស្ដាប់​ច្រើន។ ការ​វិភាគ​លើ​ចំណូល​ចិត្ត​មនុស្ស​នេះ ខ្ញុំ​ធ្លាប់​ប្រៀប​ធៀប​ទៅ​នឹង​ការ​បរិភោគ​ផ្លែឈើ ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្លួន​ឯង​មាន​សំណាង​ណាស់ ដែល​ចេះញ៉ាំ​ផ្លែឈើ​ស្ទើរ​តែ​គ្រប់​មុខ ដឹង​ថា​វា​មាន​ឱជារស​ប្លែកៗ​គ្នា ហើយ​បើ​​ខ្ញុំ​មិន​ចេះ​ញ៉ាំ​ផ្លែឈើ​ណាមួយ ខ្ញុំ​ប្រាកដជា​ស្ដាយ​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មិន​ចេះ​ញ៉ាំ​ផ្លែ​ទុរេន ពួក​គេ​មិន​​បាន​គិត​ថា វា​ជា​រឿង​ដែល​គួរ​ឱ្យ​ស្ដាយ​ចំពោះ​ការ​ដែល​មិន​អាច​ស្គាល់​រសជាតិ​ដ៏​ឈ្លុយ​ឆ្ងាញ់​របស់​ផ្លែឈើ​មួយ​នេះ​ទេ គេ​បែរ​ជា​ប្រាប់​ខ្ញុំ​ថា ទោះ​ថែម​​លុយ​ឱ្យ​គេ​ទៀត ក៏​គេ​មិន​ញ៉ាំ​ដែរ … ​ខ្ញុំ​បែរ​ជា​ស្ដាយ​ជំនួស​គេ​ទៅ​វិញ!

ខ្ញុំ​សុំលើក​មតិរបស់​ប្អូន បញ្ញា មក​ដាក់​ជូន​ដែរ៖ តាមពិត ខ្ញុំក៏ជាអ្នកដែលស្ដាប់​បទ លោកតា​​ក្រោយ ស្ដាប់បទលោក ព្រាប សុវត្តិទេ តែឃើញថា បើស្ដាប់កាន់តែ​យូរ លោក​មាន​ទស្សនៈ​កាន់តែវែង។ ខ្ញុំមិនយល់សោះ តើ​ហេតុអ្វី​ចាំបាច់​បែងចែក​សម័យកាល​នៃ​បទ​ចម្រៀង តាមពិត​ចម្រៀងទាំងនោះសុទ្ធតែជារបស់ខ្មែរ​ទាំងអស់​តើ! នាំ​គ្នា​លើក​តម្កើង និង​អភិរក្សវិញប្រសើរជាង។ លោកព្រាប សុវត្តិ និង​តារា​ចម្រៀង​បច្ចុប្បន្ន បានធ្វើឲ្យ​ខ្ញុំ​ស្គាល់ពីភាព​យុវវ័យ​របស់​ខ្ញុំ ឯ​លោក ស៊ីន ស៊ីសាមុត និង​អ្នក​ចម្រៀង​ស្រករ​គាត់ បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្គាល់​អ្វី​ល្អ អ្វី​អាក្រក់​ដែល​ខ្ញុំ​មាន។ ពេលខ្លះ ខ្ញុំ​ក៏​លួច​សរសើរ​អ្នកនិពន្ធ​សម័យ​ឥឡូវ​ដែរ និយាយ​ចំ​គឺ នៅ​ហង្សមាស​តែ​ម្ដង ខ្ញុំពេញចិត្តនឹងគំនិង​និង​ការ​រៀបចំ​ណាស់ ពិសេស​គឺ​ដល់​ជំនាន់បងផល​ តែម្ដង គឺកាន់​តែ Logic បើ​ប្រៀបធៀប​នឹង​ជំនាន់​លោកតា អាច​ថា​ម្នាក់​ម្យ៉ាង តែ​ការនិពន្ធ​បទភ្លេង​នៅតិច​ជាង ខ្ញុំគិត​ថា បើការ​បង្កើន​ស្នាដៃក្នុង​ស្រុក​កាន់តែ​ច្រើន ម្ល៉េះ​សម​មិនចាញ់​បរទេស​ប៉ុន្មាន​ទេ។ តាម​ពិត ខ្ញុំ​សរសើរ​ជាងគេ​គឺ​ទំនុក​ច្រៀង មាន​លក្ខណៈ ​សិល្បៈ​ច្នៃប្រឌិត​ច្រើន​ជាទីមោទនៈណាស់ ដូចបទបេះដូងបងខុសខ្នាត មាន​ពាក្យ​កាព្យ​ច្រើន…ខ្ញុំមិន​និយាយ​ចំពោះ​ផលិតកម្មដទៃ​ក្រៅ​ពី​ហង្សមាស​ទេ ព្រោះ ខ្លាច​ប៉ះពាល់… សំនៀងពីរោះ​ហើយ តែ​បែរ​ជា​ការ​រៀបចំ បែក​ការពិត​ជ្រុល! ដូច​បទ ទៅ​យក​ប្ដី​បារាំង.. ខ្ញុំពិតជាគាំទ្រ ចំពោះសម្រែក​ដ៏ខ្ពស់​របស់​បង​មុន តែ​ន័យ​របស់​បទ​បែរជា​ទម្លាក់​អ្នកចម្រៀង​នៅ​ពេល​អនាគត​ទៅវិញ។ បុរសខ្មែរសុទ្ធតែ ផឹកស៊ី មិនបាន​ការ​ចឹង​ទាំងអស់​ឬ? នេះសំដៅតែបុគ្គលមួយ បែរជា​និយាយដូចទូទៅ… ណាមួយចម្រៀង​នេះ តម្រូវ​អ្នក​ជនបទ​ទៀត វាអាចនឹងធ្វើឲ្យជនមិនចេះអក្សរធ្វើគំរូ​តាមច្រើន… សូមទោស អ្នកមីង​ច័ន្ទបូរណ៍ និងបងផលផង ខុសឆ្គងអីគ្រាន់តែជាគំនិត និង​ការ​រិះគន់ ដើម្បី​ស្ថាបនា​​សិល្បៈ​​យើង​​របស់​​ខ្ញុំ​​ម្នាក់​​ប៉ុណ្ណោះ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​នឹង​កេរ្តី៍​ឈ្មោះ​​ជួយ​ជាតិ ប្រសើរ​​ជាង​​ស្លាប់​ដោយ​កេរ្តិ៍​ឈ្មោះ​ក្បត់ជាតិ…

តប​ទៅ​បញ្ញា ខ្ញុំ​សុំ​និយាយ​បន្ថែម​បន្តិច! តាម​ពិត​ទោះ​យើង​មិន​បែង​ចែក​សម័យ​កាល ក៏​សិល្បៈ​នេះ​បាន​បែងចែក​សម័យ​កាល​ដោយ​ខ្លួន​ឯង​រួច​ទៅ​ហើយ! ជា​សិល្បៈ​ចម្រៀង​សម័យ​ខ្មែរ​ដូច​គ្នា តែ​ក៏​គង់​មាន​ពណ៌​ខុស​គ្នា​តាម​ពេល​វេលា តាម​ធាតុអាកាស… ចាស់ៗ​ថា ខែ​រងា​នៅ​ស្រុក​ខ្មែរ​សម័យ​មុន​ត្រជាក់​ជាង​ឥឡូវ ទើប​អ្នក​និពន្ធ​សម័យ​មុន​អាច​សរសេរ​ពី​បទ​ភ្លេង​ខែ​រងារ​ដ៏​ត្រជាក់​នោះ​បាន តែ​បើ​​ខែរងា​ឥឡូវ​មិន​សូវ​ត្រជាក់​ផង តើ​រក​អារម្មណ៍​ត្រជាក់​ឯណា​មក​សរសេរបាន? ត្រូវ​ស្រមៃ​មែន​ទេ? រឿង​ហេតុ​លើ​លោក​នេះ​គឺ​សុទ្ធ​តែ​មាន​ហេតុផល បទនិពន្ធ​មួយ​ដែល​ល្អ​ឬ​មិន​ល្អ​ក៏​មាន​ហេតុផល​ជា​ច្រើន​ ព្រោះ​សូម្បី​តែ​ព្រេង​សំណាង​ក៏​មាន​ហេតុផល​របស់​វា​ដែរ។ ថ្វី​បើ​ខ្ញុំ​បែង​ចែក​សម័យ​កាល​ចម្រៀង​មែន តែ​ខ្ញុំ​ក៏​នៅ​ស្រលាញ់​ស្នាដៃ​គ្រប់​សម័យ​កាល​ ហើយ​អាច​មើល​ឃើញ​លក្ខណៈ​ពិសេស​របស់​សម័យ​កាល​នីមួយៗ​បាន​ទៀត… តែ​ការ​ដែល​​ជាប់​ចិត្ត​នៅ​សម័យ​កាល​ណា​ច្រើន​ជាង​គេ គឺ​ត្រូវ​ឋិត​នៅ​លើ​ហេតុផល​អនុស្សាវរីយ៍។ ទោះ​យ៉ាង​ណា បញ្ញា​ ពិត​ជា​អាច​សង្កេត​ឃើញ​ថា សម័យ​កាល​របស់​មនុស្ស​គឺ​វិល​ជុំ សិល្បៈ​របស់​​មនុស្ស​ក៏​វិល​ជុំ​ដែរ ហើយ​សិល្បៈ​នេះ​ហើយ​ដែល​បាន​ថត​ជាប់​ជីវភាព​ ឬ​ក៏​សន្ដាន​ចិត្ត​មនុស្ស​ក្នុង​សម័យ​នីមួយៗ។

ក្ដី​​ស្រមៃ​មួយ​​​របស់​ខ្ញុំ​ក្នុង​វិស័យ​ចម្រៀងនេះ​​ គឺ​​ថ្ងៃ​អនាគត​ទេវតា​នឹង​​ប្រទាន​កំពូល​អ្នក​ចម្រៀង​​​ម្នាក់​ទៀត​ មក​ចាប់​កំណើត​​លើទឹក​​ដី​ខ្មែរ!

អរគុណ​អ្នកមីង​បូរណ៍ និង​អ្នក​បាន​អាន​ទាំង​អស់ ហើយ​សង្ឃឹម​ថា លោក​អ្នក​នឹង​អាធ្យាស្រ័យ​​ចំពោះ​ពាក្យ​​ធ្ងន់​ស្រាល​​របស់​ខ្ញុំ​! ការចូលរួម​ជជែក​លើ​ប្រធានបទមួយ​នេះ​ពិត​ជា​ក្លាយ​ជា​ពន្លឺ​នៃ​ដំណោះស្រាយ​ ចំពោះ​​បញ្ហា​សិល្បៈចម្រៀង​សម័យ​បច្ចុប្បន្ន​របស់​ខ្មែរ​យើង!

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង.

គ្រប់ពេលវេលាបងស្រលាញ់អូន បាត់គូដណ្ដឹង

24 មតិ Add your own

  • 1. បញ្ញា  |  ខែ​ឧសភា 14, 2010 ម៉ោង 4:03 ល្ងាច

    សូមអរគុណចំពោះការលើកយកការពិភាក្សានៃប្រធានបទដ៏ល្អមួយនេះ នៅទីណា ណាបង! ហើយឲ្យខ្ញុំសូមទៅចំពោះពាក្យពេចន៍ខុសឆ្គងរបស់ ខ្ញុំផង។ នេះគ្រាន់តែជាទស្សនៈដោយឡែក របស់ខ្ញុំប៉ុណ្ណោះមិនមាន ទាក់ទងដល់អ្នកណាម្នាក់ឡើយ! ហើយពិសេស ឲ្យខ្ញុំសូមអភ័យទោសផងចំពោះបងផល បើការសរសេរទៅមានប៉ះពាល់ ដល់អាជីពវិជ្ជាជីវៈរបស់បង… តាមពិត ខ្ញុំក៏ជាសិក្ខាកាមអ្នកនិពន្ធខ្មែរដែរ ដូច្នេះ សូមបងអាធ្យាស្រ័យដល់ប្អូនប្រុសម្នាក់នេះផង។ សូមទោស!!!!

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​ឧសភា 14, 2010 ម៉ោង 6:21 ល្ងាច

      ប្អូន​អត់​មាន​និយាយ​អី​ប៉ះពាល់​ដល់​បង​ទេ! ទស្សនៈ​ដែល​មាន​ហេតុផល​សុទ្ធ​តែ​ជា​ទស្សនៈ​ដ៏​គួរ​ឱ្យ​គោរព។ បង​ជា​អ្នក​និពន្ធ​ម្នាក់ បើ​បង​មិន​បើក​ចិត្ត​ស្ដាប់​គំនិត​ទស្សនៈ​របស់​អ្នក​ដទៃ ស្នាដៃ​បង​ប្រាកដ​ជា​និយាយ​តែ​ពី​អារម្មណ៍​របស់​បង​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​វា​នឹង​គ្មាន​ភាព​សម្បូរ​បែប​ឡើយ! ក្នុង​បទ​និពន្ធ​របស់​បង មាន​ពេល​ខ្លះ​បង​សរសេរ​ពី​ទស្សនៈ​របស់​អ្នក​ដទៃ​សុទ្ធ​សាធ មិន​មែន​ជា​បទ​ពិសោធន៍​របស់​បង តែ​បង​អាច​រក​ឃើញ​ពី​អារម្មណ៍​អ្នក​ដទៃ ហើយ​បង​អាច​យល់​ពី​ហេតុផល​នៃ​ទស្សនៈ​របស់​គេ។ ចំពោះ​បង​ម្នាក់ បង​មិន​ធ្លាប់​ខឹង​នឹង​អ្នក​ណា​ដែល​មក​ប្រកែក​ជាមួយ​បង​ទេ ហើយ​បង​ក៏​មិន​មែន​ជា​មនុស្ស​ប្រកែក​គ្នា​យក​ឈ្នះ​ចាញ់​ដែរ គឺ​ជជែក​​រក​ដំណោះ​ស្រាយ ជជែក​ដោយ​អារម្មណ៍​​យល់​ចិត្ត​គ្នា ហើយ​បង​ក៏​រើស​អ្នក​ជជែក​ជាមួយ​​ដែរ ពោល​គឺ​​ត្រូវ​ជា​មនុស្ស​​និយាយ​ហេតុផល​ទើប​ការ​ជជែក​គ្នា​មាន​ប្រយោជន៍។ តើ​មាន​មនុស្ស​ណា​ដែល​ល្អ​គ្រប់​ដប់​នោះ? តែ​បើ​យើង​ជា​មនុស្ស​មាន​អារម្មណ៍​រៀន​សូត្រ និង​ភ្ញាក់​រឭក​ខ្ពស់​នោះ បង​ជឿថា​យើង​អាច​នឹង​ល្អបាន​៨ទៅ៩​ដែរ។

      ឆ្លើយតប
    • 3. lavorn  |  ខែមិថុនា 5, 2010 ម៉ោង 3:36 ល្ងាច

      បញ្ញា​ ហេតុអ្វី​ថា​សរសើរ​ហង្ស​មាស​?​ ដឹង​ទេ​ ហង្សមាស​នេះ​ហើយ​ជា​ផលិត​កម្ម​ធំ​ជាង​គេ​តែ​មិន​ព្រម​និពន្ធ​ទំនុក​ភ្លេង​ខ្លួន​ឯង​ទេ​។ ចំលង​តែ​បទ​បរទេស​។ ពី​មុន​គេ​មិន​សូវ​ស្គាល់​ខ្មែរ​ មិន​អី​ទេ​ តែ​ឥលូវ​បរទេស​គេ​ស្គាល់​និង​ចាប់​អារម្មណ៍​កម្ពុជា​យើង​ច្រើន​ណាស់​។ មក​ពី​ចំលង​បទ​ថៃ​/ បរទេស​នឹង​ហើយ​ទើប​ធ្វើ​ឲ្យ​បរទេស​គេ​យល់​ថា​វប្បធម៌​យើង​ក៏ចំលង​គេ​ដែរ​ ជា​ពិសេស​បាន​ដៃ​ថៃ​តែ​ម្តង​។

      ឆ្លើយតប
  • 4. ឧត្តម  |  ខែ​ឧសភា 15, 2010 ម៉ោង 11:28 ព្រឹក

    បើតាមគំនិតរបស់ខ្ញុំ ខ្ញុំយល់ថា៖
    បទចម្រៀងសម៍យណាក៏ដូចគ្នាតែទាំងអស់ មានពិរោះ មានអត់ពិរោះ
    វាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកស្តាប់តែប៉ុណ្ណោះ !

    បទចម្រៀងសម័យដើមខ្ញុំមិនដឹងថាមានចម្លងតាមគេឬអត់នោះទេ ?
    ខ្ញុំធ្លាប់ចាក់បទចម្រៀងលោកតា ស៊ិន ស៊ីសាមុត មួយបទស្តាប់ នៅជិតជនជាតិចិនតៃវាន់ម្នាកមានវ៍យប្រហែល 50ផ្លាយឆ្នាំ! គាត់សម្តែងការភ្ញាក់ផ្អើលបន្តិច ព្រោះបទនេះក៏មានជាភាសាចិនដែរ គាត់ធ្លាប់ស្តាប់តាំងពីក្មេង។
    សូរថា​ ៖ ខ្មែរសម័យនោះចម្លងគេ ឬគេចម្លងខ្មែរ ?
    មិនដឹងជារកចម្លើយនៅឯណាទេ ? ព្រោះវាជាអតីតកាលបាត់ទៅហើយ!

    ឆ្លើយតប
  • 5. ឧត្តម  |  ខែ​ឧសភា 15, 2010 ម៉ោង 11:30 ព្រឹក

    គឺបទ (សង្សារសំណប់ចិត្ត)

    ឆ្លើយតប
  • 6. បញ្ញា  |  ខែ​ឧសភា 15, 2010 ម៉ោង 3:10 ល្ងាច

    ឧត្ដម! តាមពិត បទពីសម័យដើមក៏មានយកតាមគេដែរ តែភាគតិចណាស់ គឺគេនិយមក្នុងស្រុកជាង។ តែដោយសារតែ ចម្រៀងខ្មែរនាជំនាន់នោះឡើងដល់កម្រិតកំពូល ពោលគឺឧស្សាហកម្ម ចម្រៀងនោះ ខ្មែរយើងក៏ចាប់ផ្ដើមផ្លាស់ប្ដូរបទពិសោធន៍ពីបរទេស ដោយការកែច្នៃ…(មិនឲ្យដូចទាំងស្រុងទេ) ជាក់ស្ដែង ដូចបទ ខ្ញុំរងចាំ តាមការសាកសួរជាមួយលោកគ្រូស៊ីន ច័ន្ទឆាយា​ដែលបទនេះច្រៀងជាភាសាបារាំង និងភាសាខ្មែរ គឺលោកបកពីបារាំង តែការបកជាលើកដំបូងនោះត្រូវខាងបារាំងប្ដឹង ព្រោះមិនបានសុំសិទ្ធិ ពីម្ចាស់ដើម។ ដោយហេតុនេះហើយ ទើបក្រោយៗមកពេលយក គេសុំសិទ្ធិច្បាស់លាស់ណាស់។
    ទោះជាយ៉ាងណាក៏ដោយ បទចម្រៀងរបស់បរទេសក៏មានចម្លងពី​ ខ្មែរដែរ ដូចបទ ឆ្នាំមុន ថ្នមចិត្ត និងបទមួយរបស់អ្នកស្រីប៉ែន រ៉ន គឺត្រូវបានសៀម និងអាមេរិចយកទៅកែដូចគ្នា។ ឯបទសម័យក៏ ពិរោះម្យ៉ាងដែរ មានបទខ្លះតែងច្មី ឯបទខ្លះកែពីគេក៏ពិរោះដែរ ដូចបទ យំប្រាប់មេឃ ថ្ងៃដែលបែកគ្នា ឬបទពីព្រោះយើងជាមិត្ត សុទ្ធតែពិរោះណាស់។

    ឆ្លើយតប
  • 7. ឧត្តម  |  ខែ​ឧសភា 15, 2010 ម៉ោង 5:11 ល្ងាច

    សំខាន់គឺ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ! មែនទេបង !

    ឆ្លើយតប
  • 8. Neary  |  ខែ​ឧសភា 15, 2010 ម៉ោង 9:03 ល្ងាច

    «ហេតុអ្វីចម្រៀងជំនាន់មុននៅមានជីវិតក្នុងពិភពតន្ត្រីសព្វថ្ងៃ ថ្វីបើម្ចាស់អ្នកចម្រៀងបានធ្វើមរណកាលទៅហើយក្តី?”
    I think and believe that “Absence makes the heart grow fonder” is my right answer. More than that I kove and 100% agree with paoun Phal and and Pangna on these points below:

    ចំពោះ​ពាក្យ​ថា​ទី​ផ្សារ​ ក្មេងៗ​សម័យ​នេះ​ចូលចិត្ត​ស្ដាប់​បទ​បែប​ណា ពួក​យើង​ក៏​ខំ​ធ្វើ​តម្រូវ​ចិត្ត​ពួក​គេ។ សរសេរបទ​រៀបរាប់​ទេសភាព​ដូច​សម័យ​មុន ក្មេងៗ​សម័យ​នេះ​មិន​សូវ​ចេះ​ស្ដាប់​ទេ ព្រោះ​​​ពួក​គេ​ក៏​មិន​សូវ​ចេះ​ស្ដាប់​បទ​ពីដើម​ដែរ ហើយ​ពួក​គេ​ថា​បទ​ឥឡូវ​ពីរោះ​ជាង… ប៉ុន្តែ​ហេតុអី​ក៏​បទ​ឥឡូវ​មិន​មាន​អាយុ​ស្ថិតស្ថេរ​? ព្រោះ​បទ​សម័យ​ឥឡូវ​ចេញ​ជាបន្តបន្ទាប់ ពួក​គេ​មាន​ជម្រើស​ច្រើន​ណាស់ ទោះ​គ្មាន​បទ​ខ្មែរ​ស្ដាប់ ក៏​អាច​ទិញ​ចម្រៀង​បរទេស​មក​ស្ដាប់​បាន​ដែរ។ សម័យ​នេះ​ខុស​ឆ្ងាយ​ពី​សម័យ​មុន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទូលំទូលាយ សិល្បៈសម្បូរ​បែប សោត​ឯ​រស​និយម​របស់​មនុស្ស​ក៏​ប្រែប្រួល​តាម​សម័យ​កាល ដែល​តែង​តែ​ផ្សារភ្ជាប់​នឹង​ទំនោរ​ខ្លឹម​សារ​របស់​អ្នក​និពន្ធ។ ចម្រៀង​សម័យ​នេះ​និយាយ​ច្រើន​ពី​ស្នេហា​មុំបី… ព្រោះ​ក្មេង​ៗ​សម័យ​នេះ​ពួក​គេ​មាន​ស្នេហា​បែប​នេះ។ ម៉េច​ក៏​យើង​មិន​សរសេរ​ស្នាដៃ​អប់​រំ​ពួក​គេ​ ឱ្យ​មាន​ស្នេហា​ស្មោះ​ស្ម័គ្រ​វិញ? យើង​បាន​សរសេរ​រួច​ហើយ ប៉ុន្តែ​សិល្បៈ​​​គឺ​សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ ទើប​តម្រូវ​ឱ្យ​សរសេរ​រឿង​ពិត​របស់​យុវវ័យ​ខ្លះ ហើយ​បើ​អ្នក​និពន្ធ​មាន​សិល្បវិធី​សរសេរ​ល្អ គេ​ក៏​បាន​រៀប​រាប់​ពី​ផលវិបាក​នៃ​ស្នេហា​មុំបី​នេះ ដែល​មាន​តែ​ការ​ឈឺចាប់​នៅ​ទីបំផុត។ យុវវ័យ​ដែល​បាន​ស្ដាប់​ចម្រៀង​ត្រូវ​សាច់​​រឿង​របស់​ខ្លួន ពួក​គេ​យំ ពួក​គេ​ភ្ញាក់​រឭក ហើយ​ពួក​គេ​ដឹង​ថា សិល្បៈ​នេះ​បាន​ផ្សារ​ភ្ជាប់​នឹង​ជីវិត​របស់​គេ​មិន​អាច​ខ្វះ​បាន។

    ចម្រៀង​សម័យ​នេះ​មាន​បទ​ពីរោះ​ជាច្រើន​ដែល​មិន​ទាន់​អាច​និយាយ​ថា​ ពួក​វា​នឹង​ស្ថិត​ស្ថេរ​ឬ​ក៏​អត់ ព្រោះ​យើង​កំពុង​តែ​វិភាគ​ក្នុង​សម័យ​កាល​​នេះ​នៅ​ឡើយ… ខ្ញុំ​គិត​ថា​ នៅ​សម័យ​កាល​មួយ​ទៀត ដែល​យុវវ័យ​សម័យ​នេះ​ក្លាយ​ជា​មនុស្ស​ចាស់ តើ​មនុស្ស​ចាស់​សម័យ​ថ្មី​មួយ​នោះ នឹង​គិត​យ៉ាង​ម៉េច​ចំពោះ​ចម្រៀង​សម័យ​ថ្មី​នៅ​ពេលនោះ ហើយ​តើ​ពួក​គេ​នឹង​រំឮក​យ៉ាង​ម៉េច​ពី​ចម្រៀង​សម័យ​បច្ចុប្បន្ន​នេះ?”

    “ខ្ញុំ​សរសើរ​ជាងគេ​គឺ​ទំនុក​ច្រៀង មាន​លក្ខណៈ ​សិល្បៈ​ច្នៃប្រឌិត​ច្រើន​ជាទីមោទនៈណាស់ ដូចបទបេះដូងបងខុសខ្នាត មាន​ពាក្យ​កាព្យ​ច្រើន…ខ្ញុំមិន​និយាយ​ចំពោះ​ផលិតកម្មដទៃ​ក្រៅ​ពី​ហង្សមាស​ទេ ព្រោះ ខ្លាច​ប៉ះពាល់… សំនៀងពីរោះ​ហើយ តែ​បែរ​ជា​ការ​រៀបចំ បែក​ការពិត​ជ្រុល! ដូច​បទ ទៅ​យក​ប្ដី​បារាំង.. ខ្ញុំពិតជាគាំទ្រ ចំពោះសម្រែក​ដ៏ខ្ពស់​របស់​បង​មុន តែ​ន័យ​របស់​បទ​បែរជា​ទម្លាក់​អ្នកចម្រៀង​នៅ​ពេល​អនាគត​ទៅវិញ។ បុរសខ្មែរសុទ្ធតែ ផឹកស៊ី មិនបាន​ការ​ចឹង​ទាំងអស់​ឬ? នេះសំដៅតែបុគ្គលមួយ បែរជា​និយាយដូចទូទៅ… មួយចម្រៀង​នេះ តម្រូវ​អ្នក​ជនបទ​ទៀត វាអាចនឹងធ្វើឲ្យជនមិនចេះអក្សរធ្វើគំរូ​តាមច្រើន………….. 🙂

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែ​ឧសភា 17, 2010 ម៉ោង 10:20 ព្រឹក

      “Absence makes the heart grow fonder” yeah, i find this meaning with many situations 🙂

      ឆ្លើយតប
  • 10. ភារ:  |  ខែ​ឧសភា 18, 2010 ម៉ោង 8:59 ល្ងាច

    ថ្ងៃមុនចូលមកលេងដែរតែខ្ញុំអត់បានអាន ឃើញវែងពេក ណាពេលវាលាខ្លី…ឥឡូវបានអាន អានចប់ហើយ ហើយស្ងួតបរបូមាត់ 😀
    ខ្ញុំគិតថា រឿងសិល្ប:ចំរៀងហ្នឹង មានឥទ្ធពលធំធេងណាស់ដល់ស្មារតីអ្នកស្តាប់ មនុស្សយើងម្នាក់ៗ អ្នកណាក៏ត្រូវការកំសាន្ត ត្រូវការសប្បាយ តែខ្ញុំហ្នឹងក៏អីចឹងដែរ ជួនកាលដៃជើងរវល់ធ្វើនេះធ្វើនោះ មរមាញឹកយ៉ាងម៉េចក៏ខំស្រែកច្រៀងបន្លប់ បានមួយឃ្លាពីរដែរ ជួនច្រៀងមិនកើតក៏នៅតែខំហួច…ហួច…ហួច 😉 តាមទំនុកភ្លេង។សំរាប់ខ្ញុំ ចំរៀងពិរោះមិនពិរោះ មិនមែនអាស័្រយតែលើអ្នកច្រៀងម្នាក់ឯកឯងនោះទេ។ ខ្ញុំចាំបានថា មុននេះខ្ញុំអត់ចេះស្តាប់ចំរៀងរបស់ ” ឆន សុវណ្ណារាជ ” ទេ តែក្រោយពីបទ ” ឈាមពេជ្រ ” បន្តៗមក ខ្ញុំក៏ចាប់ផ្តើមចូលចិត្តបទចំរៀងរបស់គាត់។ ដូចពាក្យរបស់ បញ្ញា បាននិយាយនោះ ខ្ញុំនឹកដល់បទចំរៀង ” សុំមេមាន់មួយ ” ខ្ញុំលឺគេដាក់បទហ្នឹងម្តងៗ ដូចជាខ្នើសចិត្តអើយខ្នើស … មួយទៀត ពីការសំដែង។ បទខ្លះ ខ្ញុំស្តាប់ឡើងម៉ាអើយ ក៏ដូចជាចូលចិត្តទៀត តែដល់ពេលបានមើលការសំដែង ដូចជា ខារ៉ាអូខេ អីនោះ ស្រាប់តែជិនណាយភ្លាមៗ យ៉ាងម៉េចមិនដឹង។ គ្រប់រូបភាពទាំងអស់ គឺសុទ្ធតែមានឥទ្ធពលដល់អារម្មណ៍ ដល់ស្មារតីអ្នកស្តាប់ អីចឹង ដើម្បីទទួលបានផលិតផលមួយដែលល្អ គឺជាការងារមួយដ៏លំបាក មុនរឺក្រោយពីមានការគាំទ្ររបស់មហាជន ។

    ឆ្លើយតប
  • 11. sambatt  |  ខែ​ឧសភា 19, 2010 ម៉ោង 9:34 ព្រឹក

    សូមអរគុណលោកផល ដែលបានលើកប្រធានបទនេះ
    ដ៏គួរជាទីចាប់់អារម្មណ៏ ។ក្នុងនាមលោកជាអ្នកនិពន្ធបទចំរៀងខ្មែរសម៥យថ្មីពិតជា
    ត្រូវការមតិឫយោបល់់ផ្សេងៗពីអ្នកស្រលាញ់់វិស័យចំរៀង
    ខ្មែរ ដែលលោកចូលចិត្តទាំងអស់់មិនថាសម័យមុនឫសម័យនេះ។
    ខ្ញុំក៏អញ្ចឹងដែរ។យោបល់់ខ្ញុំ៖ ចំរៀងសម័យមុន គឺជាបឋមសម័យដែលខ្មែរ
    ចាប់់ផ្ដើមមានប្រដាប់់ប្រគុំភ្លេងសម័យគឺ តន្រ្តីប្រគុំដោយប្រើអគ្គីសនី ដែលនាំអោយឃើញថាប្លែក និងពិរោះជាងភ្លេងបុរាណ។ចឹងហើយ
    បានជាមានប្រជាប្រិយភាពពេលដែលខ្មែរកាន់់តែកើនប្ជាជនក្នុង
    ជំនាន់់នោះ (6 ឫ 7 លាននាក់់) ដែលកាលពីសម័យមុនឆ្នាំ១៩០០
    ខ្មែរមានប្រជាជនមិនទាំងដល់់មួយលាន់់នាក់់ផង។ចឹងសន្ទុះនៃការ
    ចាប់់ផ្ដើមចំណូលចិត្តវិស័យសិល្បៈខ្មែរចំនាន់់នោះក៏កើនខ្ពស់់ខ្លាំង
    ហើយជាភ័ព្វសំណាងពេលនោះយើងមានកំពូលអ្នកចំរឿង
    លោកស៊ីន ស៊ីសាមុត និងអ្នកចំរៀងដ៏ចំណាប់់ៗជាច្រើនទៀត
    ដែលបាននាំអោយវិស័យសិល្បៈចំរឿងខ្មែរមកស្ថិតនៅដក់់ជាប់់ក្នុង
    បេះដូងខ្មែរគ្រប់់ៗគ្នារហូតមក..ទាល់់តែក្លាយជាចំរឿងដែលclassic
    ខ្ញុំមិនដឹងថាម៉េច តែចង់់ប្រាប់់ថាមិនចេះសាបសូន្យ មិនចេះហួសសម័យ …ទោះក្នុងអនាគតដវែងឆ្ងាយទៅមុខ។ម្យ៉ាងទៀត សម័យមុន អ្នកចំរៀង មិនមានច្រើនពេកដូចសម័យនេះទេ..សម័យនេះអ្នកចំរៀង
    កើតមានច្រើនពាសពេញដោយម្យ៉ាងមកពីស្រួលរៀនច្រឿងតាម
    រយៈនៃចំរៀងkaraoké ..ចឹងហើយ ធម្មតាទេ បរិមាណ នាំអោយស្មុគស្មាញ មានការច្របូកច្របល់់ ពីអ្នកចូលចិត្ត
    ស្ដាប់់និងទស្សនាចំរៀង។សព្វថ្ងៃ យើងមានបរិមាណ មិនសូវមានគុណភាព។មនអ្នកចំរៀងច្រើនពេកសព្វថ្ងៃនេះ ដែល
    ប្រកួតប្រជែងគ្នា ..ហើយជាលទ្ធផល គឺ អ្នកដែលមិនបានជោគជ័យ
    នឹងត្រូវសាបសូន្យបន្តិចម្ដងៗ រហូតបាត់់ស្រមោលតែម្ដង….រីឯចំរៀង
    របស់់លោកស៊ីន ស៊ីសាមុតឫ ចំរៀងសម័យដើម នៅតែទទួលការនិយមរាប់់អានពីព្រោះចំរៀងសម័យដើមមានគ្រប់់
    អស់់ទៅហើយសំរាប់់ការនិយមរាប់់អានរបស់់ប្រជារាស្រ្តខ្មែរក្នុងឱកាស
    បុណ្យប្រពៃណីជាតិផ្សេងៗ ដែលសម័យនេះ អ្នកចំរៀងច្រើនចំលង
    យកមកច្រៀងឡើងវិញ ដោយមួយភាគធំ គ្រាន់់តែប្រែប៉ារូល តែប៉ុណ្ណោះ។រីឯចំរៀងដែលថាយុវជន យុវនារី សម័យបច្ចុប្បន្ន និយមរាប់់អាន នោះច្រើនតែមិនមែនជាចំរៀងខ្មែរនិពន្ធសុទ្ធសាធនោះ
    ទេ..គឺជាចំរៀងចំលង ឫ កែក្រឡៃមកពីបទចំរៀងមកពីប្រទេសថៃ
    ឫ ចិន ដែលចាស់់មិនសូវចំណូល ព្រោះមិនទាក់់ទងមនោសញ្ចេតនា
    របស់់ខ្មែរពិតៗ ដូចសម័យរបស់់លោកស៊ី ស៊ីសាមុត។ខ្ញុំធ្លាប់់គិត
    ថាពេលចាស់់ៗស្លាប់់អស់់ទៅ ..ប្រជាប្រិយភាពចំរៀងសម័យកំពុងពេញនិយមរបស់់យុវជន យុវនារី
    បច្ចុប្បន្ននឹងកើនខ្ពស់់…តែតាមពិតមិនចឹងទេ ព្រោះចាស់់ៗ មិនដែលស្លាប់់អស់់ទេ..ក្មេងៗដល់់ពេលចាស់់នឹងប្រែចំណូលចិត្ត
    របស់់ខ្លួន មកនិយមរាប់់អាន ចំរៀងខ្មែរស៊ីន ស៊ីសាមុត និងខ្មែរប្រពៃណី វិញដែលជាក្រអៅបេះដូងខ្មែរពិតៗ ហើយមិនចេះសាបសូន្យ។​
    សូមអស់់យោបល់់ត្រឹមនេះហើយ ។គ្រាន់់តែជាយោបល់់របស់់ខ្ញុំទេ!
    សូមអរគុណលោកផលម្ដងទៀត!

    ឆ្លើយតប
  • 12. ឆាន  |  ខែ​ឧសភា 19, 2010 ម៉ោង 5:42 ល្ងាច

    ់ខ្្ញុំពិតជាមានចំណាប់អារម្មណ៌ចំពោះប្រធានបទនេះណាស់។​​​បងចាន់​ផល​គឺជាយុវអ្នកនិពន្ធដ៏មានឧត្តមគតិមួយរូប​​​​​​ ដែលខ្ញុំតែងតែកោតសរ សើរ។​ ខ្ញុំសុំគាំទ្ររាល់គំនិត និងសកម្មភាពរបស់បងចំពោះវិស័យ​ អក្សរ​ សិលុ្បៈក្នុងនាមកូនខ្មែរម្នាក់។​ សិល្បៈគឺពិតជាផ្សាភ្ឰាប់ជាមួយមនុស្ស​កាត់​ ផ្តាច់មិនបានគ្រប់សម័យកាល។​​ ពីមុន​ កាលខ្ញុំនៅតូច​ មិនសូវមានអ្នកចម្រៀងច្រើនដូចបច្ចុប្បន្ន ធ្លាប់ស្តាប់តែបទអ្នកច្រៀងពី​ សម័យដើមជំនាន់លោកសិន​ សីសាមុតគិតថាពិរោះអស្ចារ្យណាស់ ​ ែតពលក្រោយៗមកទៀត​ ក៏មានលេចអ្នកចម្រៀងថ្មីតាមលំដាប់មកទៀត ខ្ញុំក៏តែងតែមានអ្នក​ រូបណាម្នាក់ជាទីពេញចិត្តជានិច្ច េនះដោយសារតែសម័យកាល​ ផ្លាស់ប្តូរ ហើយជម្រើសមានច្រើន តែ​ដល់សម័យឥឡូវ​ មានអ្នក​ ចម្រៀងថ្មីៗដុះឡើងដូចផ្សិត ធ្វើអោយខ្ញុំកាន់តែមានជម្រើសក្នុងការ​ រើសយកផលិតកម្មដែលខ្លួនពេញចិត្តណាមួយ តែអ្វីដែលគួរអោយ​ គឺគុណភាពចម្រៀងខ្មែរដូចជាកាន់តែវិវឌ្ឍទៅរកភាពគ្មានន័យខ្លឹម សារកាន់់តែច្រើនឡើង​ ទាំងផ្នែកអត្ថរូប​ អត្ថន័យ អត្ថរស ។​ ពីសម័យ​ មុនថា​ ចម្រៀងខ្មែរមានលំនាំមកពីបទកំណាព្យ ែតបទចម្រៀងសព្វ ថ្ងៃគ្មានចំណាប់ជួនសូម្បីតែបន្តិច ᧰ណាទៅរូបារម្មណ៍សិល្បៈ? ពិត ណាស់ថា​ ពិភពលោកសព្វថ្ងៃកំពុងតែខិតជិតជា​(ពិភពលោកនីយ​កម្ម) ខ្ញុំគាំទ្រ ក្នុងសម័យទំនើបបច្ចេកវិទ្យានេះ យើងមិនអាចរស់នៅ​ ឯកឯងកើត តែយីងគួរតែគិតពីអ្វីដែលជារបស់ជាតិខ្លួនផ្ទាល់ផង ដូចអ្នកចម្រៀងខ្លៈ ខំស្រែកក្តែងៗថា​ ធ្េវីដើម្បីជាតិ ែតបែជានាំអោយ​យុវជនខ្មែរវង្វងទៅវិញ

    ឆ្លើយតប
  • 13. ចាន់ផល  |  ខែ​ឧសភា 20, 2010 ម៉ោង 12:57 ល្ងាច

    សូមអរគុណ​ចំពោះយោបល់​អ្នក​ទាំង​អស់​គ្នា! មិញ​នេះ​ខ្ញុំ​​បាន​ស្ដាប់​ លោកគ្រូ ពេជ្រ ពណ្ណរាយ និយាយ​ពី​សម័យ​សង្គម​ឱ្យ​ស្ដាប់ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ពី​ហេតុ​ផល​សំខាន់ៗ​បន្ថែម​​ទៀត! យ៉ាង​ណា ខ្ញុំ​ចង់​និយាយ​មួយ​ឃ្លា​មុន​ថា​ «ខ្មែរយើងពូកែខ្លាំងណាស់»

    តាម​លោកគ្រូ គាត់​ថា សេដ្ឋកិច្ចខ្មែរ​សម័យ​មុន​ខ្លាំង​ជាង​សព្វ​ថ្ងៃ​ឆ្ងាយ​ណាស់! ​សេដ្ឋកិច្ច​គឺ​ជា​ចលករ​សំខាន់​បំផុត​នៃ​ជាតិ​មួយ។ សេដ្ឋកិច្ច​សម័យ​នោះ​ខ្លាំង សិល្បៈ​ខ្មែរ​ក៏​ខ្លាំង… ហើយ​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង គឺ​យើង​មាន​មោទនភាព​បំផុត។ ផ្អែក​លើ​កត្តា​នេះ ខ្ញុំ​អាច​យល់​ថា តម្លៃ​កម្មសិទ្ធ​បញ្ញា​សម័យ​មុន​គឺ​ច្រើន​ជាង​សម័យ​នេះ​​​ឆ្ងាយ។ មនុស្ស​មិន​ឱ្យ​តម្លៃ​លើ​ប្រាក់​ទេ តែ​ខ្ញុំ​ជឿ​ថា​ប្រាក់​​បាន​ឱ្យ​តម្លៃ​មក​មនុស្ស​វិញ។ អ្នក​ច្នៃ​ប្រឌិត​ម្នាក់​ដែល​មាន​កម្លាំង​ចិត្ត​គ្រប់​គ្រាន់ គេ​ប្រាកដ​ជា​អាច​ប្រើ​ព្រលឹង​ទាំង​មូល​របស់​ខ្លួន​​ មក​ធ្វើ​កិច្ចការ​របស់​គេ​ដោយ​រំភើប​ចិត្ត។ វា​ខុស​ពី​អ្នក​ច្នៃ​ប្រឌិត​ម្នាក់​ដែល​គ្មាន​កម្លាំង​ចិត្ត តែ​ខំ​ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​ពុះពារ​លើ​កិច្ចការ​របស់​ខ្លួន​ទាំង​ត្រដាបត្រដួល… ការ​តាំង​ចិត្ត​ម៉េច​នឹង​ដូច​អារម្មណ៍​ធម្មជាតិ? ហើយ​ដែល​សំខាន់​នោះ គឺ​ការងារ​របស់​យើង​ជា​​ការងារ​ក្រុម… ខ្ញុំ​អាច​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត តើ​អ្នក​ព្រម​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​អត់?

    អ្នក​ភ្លេង​ខ្លះ​​បាន​និយាយ​លេង​ថា បើ​ចង់​បាន​បទ​ថ្មី​ល្អ​ឱ្យ​លុយ​ឱ្យ​ដល់​មក គឺ​បាន​ហើយ! ខ្ញុំ​យល់​ន័យ​នេះ ប៉ុន្តែ​អ្នក​ដែល​មិន​យល់​អាច​ឆ្ងល់​ថា សម្ដី​នេះ​មាន​ន័យ​ថា ភ្លេង​ដែល​គាត់​និពន្ធ​កន្លង​មក​មិន​បាន​ប្រឹង​អស់​ពីសមត្ថភាព​ទេ? គ្មាន​អ្នក​ណា​ធ្វើការ​ងារ​លេងៗ​ទេ តែ​គ្រាន់​តែ​គេ​ចេះ​កំណត់​អារម្មណ៍​ឱ្យ​ស្មើនឹង​ពេលវេលា។ បើ​មួយ​ខែ​សរសេរ​បាន​តែ​មួយ​បទ ប្រពន្ធ​កូន​នៅ​ផ្ទះ​ប្រាកដ​ជា​ដាច់​ពោះ​ស្លាប់។ ចុះ​បើ​​សរសេរ​តែ​មួយ​បទ​​អាច​ចាយ​គ្រប់​មួយ​ខែ ឬ​អាច​ដើរ​លេង​ស្វែង​រក​អារម្មណ៍​ប្លែកៗ? ការ​ប្រៀប​ធៀប​នេះ វា​មិន​ខុស​ពី​ខ្ញុំ​ធ្លាប់​ឮ​គេ​ប្រៀបធៀប​ គ្រូបង្រៀន​ជំនាន់​មុន និង គ្រូបង្រៀន​ជំនាន់​នេះ​នោះ​ទេ!

    ការ​បាក់​ទឹក​ចិត្ត​មួយ​ទៀត​របស់​អ្នក​ច្នៃ​ប្រឌិត​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ គឺ​​​ជា​ការ​អប់រំ​ទឹក​ចិត្ត​របស់​ប្រជាជន​យើង គឺ​​ពួក​យើង​ខ្វះ​មនសិការ​ជាតិ។ ខ្ញុំ​គិត​ថា ខ្មែរ​បច្ចុប្បន្ន​ដែល​​មាន​មនសិការ​ជាតិ​ ភាគ​ច្រើន​គឺ​បាន​រៀន​បណ្ដុះ​អារម្មណ៍​នេះ​ដោយ​ខ្លួន​ឯង ដែល​​ពិតទៅ​​​​ វា​គួរ​តែ​មាន​ការ​ជម្រុញ​ឱ្យ​បាន​ច្រើន​ជាង​នេះ។ ផ្ទុយ​ទៅ​វិញ​សម័យ​នេះ​មិន​ត្រឹម​តែ​មិន​សូវ​មាន​អ្នក​ជម្រុញ​ទេ បែរ​ជា​សម្បូរ​អ្នក​បំបាក់​ទឹក​ចិត្ត​គ្នា​ទៅ​វិញ។ យូរៗ​ទៅ គេ​ទុក​រឿង​គ្មាន​មនសិការ​ជាតិ​ជារឿង​ធម្មតា ហើយ​អ្នក​ខ្លះ​ក៏​យក​ពាក្យ​លេង​សើច​ដូច​ជា «ស្រលាញ់​ជាតិ​បាន​ស៊ី?» មក​និយាយ​លេង លេង​យូរៗ​ក៏​គិត​មែន​ទែន រួច​ម្នាក់ៗ​បែរ​ជា​បណ្ដុះអារម្មណ៍​ក្បត់​ជាតិ​ដោយ​មិន​ដឹង​ខ្លួន។

    ទាក់​ទង​នឹង​បញ្ហា​មនសិការ​ជាតិ​នេះ ធ្វើ​ឱ្យ​ប្រជាជន​បន្ទោស​លើ​សេដ្ឋកិច្ច​ទៀត​ហើយ។ គេ​ថា​តើ​ទៅ​រក​​លុយ​ឯណា​មក​ទិញ​ថាស​ចម្រៀង​ដើម​នោះ បើ​ថាស​ចម្រៀង​ចម្លង​ថោក​ជាង​ច្រើន​​ដង​យ៉ាង​នេះ… សោត​ឯ​ការ​ថត​ចម្លង​នេះ​គឺ​ទុក​ឱ្យ​អ្នក​ច្បាប់​និយាយ​វិញ។ បញ្ហា​បន្ត​កន្ទុយ​គ្នា​បែប​នេះ! ប៉ុន្តែ​ទៅ​ថ្ងៃ​មុន​ប្រាកដ​ជា​ប្រសើរ ព្រោះ​កូន​ខ្មែរ​ស្នេហា​ជាតិ​ក៏​​បាន​កើន​ចំនួន​ជា​បន្ត​បន្ទាប់។

    ខ្ញុំ​ចង់​និយាយ​អារម្មណ៍​ខ្លួន​ឯង​មួយ​ទៀត! ខ្ញុំ​ចង់​ឱ្យ​ខ្មែរ​យើង​មាន​អារម្មណ៍​លម្អៀង​មក​ជាតិ​ខ្លួន​ ពោល​គឺ​បើ​ចម្រៀង​ខ្មែរ​ធ្វើ​មិន​ដល់​បរទេស ក៏​សូម​ជួយ​លើក​ទឹក​ចិត្ត​គ្នា តែ​បើ​ចម្រៀង​ខ្មែរ​ធ្វើ​​បាន​ប្រហាក់​ប្រហែល​នឹង​បរទេស សូម​​ស្រលាញ់​ចម្រៀង​ខ្មែរ​ឱ្យ​ច្រើន​​ជាង​ចម្រៀង​បរទេស… ខ្មែរ​លើក​តម្កើង​ខ្មែរ​។

    ឆ្លើយតប
  • 14. ផ្កាយ NoVeLs  |  ខែ​ឧសភា 21, 2010 ម៉ោង 12:12 ល្ងាច

    មនោស​ញ្ចេត​នា​ជា​រឿង​សំខាន់​សម្រាប់​បទ​ចម្រៀង​នីមួយ​ៗ។ បើ​អ្នក​និពន្ធ​ប្រើ​មនោសញ្ចេតនា​ផ្ទាល់​​ខ្លួន​សម្រាប់​តាក់​តែង​បទ​ចម្រៀងមួយ​បទ​ៗ ​ហើយ​​អ្នក​ចម្រៀងក៏​​ដាក់​អារម្មណ៍​និង​បញ្ចូល​មនោសញ្ចេត​នា​​បាន​ល្អ​​នៅ​ពេល​ខ្លួន​ចាប់​ច្រៀង​បទ​ទាំង​នោះ ខ្ញុំ​ជឿ​ថា​ចម្រៀង​​នឹង​ចេញ​មក​ពី​រោះ​ខុស​ពី​ធម្មតា។ នៅ​ពេល​​អ្នក​ស្តាប់​បាន​ស្តាប់​ក៏​អាច​ជ្រួត​ជ្រាប​បាន​ពី​អារម្មណ៍​​​របស់​អ្នក​​និពន្ធ​និង​អ្នក​ច្រៀង ដែល​នេះ​អាច​ជាកត្តា​មួយ​ធ្វើ​ឲ្យ​អ្នក​ស្តាប់​​ជាប់​ចិត្ត​នឹង​បទ​ចម្រៀង​របស់​ពួក​គេ​បាន​យូរ​អង្វែង​ដែរ។

    ចំ​ពោះ​រឿង​មនោសញ្ចេតនា​នេះ​ខ្ញុំ​សុំ​លើក​យក​​បទ​«​ព្រោះ​យើង​ជា​មិត្ត​»​ មក​និយាយ… ខ្ញុំ​មិន​ដឹង​ថា​អ្នក​ដទៃ​​ស្តាប់​បទ​នេះ​ទៅ​ទទួល​អារម្មណ៍​ដូច​ខ្ញុំ​ឬ​ក៏​អត់​នោះ​ទេ? ថ្វី​បើ​បទ​នេះ​ធ្លាប់​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​​ទឹក​ភ្នែក​ម្តង​ដែរ​ តែ​​គ្រប់់​ពេល​ដែល​ខ្ញុំ​ស្តាប់​ ការ​ដាក់​មនោសញ្ចេតនា​​មិន​ចូល​គ្នា​របស់​អ្នក​ចម្រៀង​ទាំង​ពីរ​ ធ្វើ​ឲ្យ​ខ្ញុំ​កើត​ក្តី​រំខាន​មែន​ទែន​ គឹ​​ចង់​និយាយ​ថា​បទ​នេះ​ត្រូវ​ធ្លាក់​ចុះ​មួយ​កម្រិត​ដោយ​សារ​តែ​​មនោសញ្ចេត​នា​របស់​តារា​ចម្រៀង​ទាំង​ពី​រ​​​មិន​ចូល​គ្នា​។

    ឆ្លៀត​ពេល​នេះ​ក៏​ចង់​និយាយ​រឿង​ចំនាប់​ចួន​ដែរ។ ចម្រៀង​ខ្លះ​មិន​បាច់​ប្រើ​ចំនាប់​ចួន​ក៏​ពិរោះ(តែត្រូវ​ប្រើ​អត្ថន័យ​​ជា​រឿង​សំខាន់) តែ​បទ​ខ្លះ​ទៀត​​បើ​មិន​ប្រើ​ចំនាប់​ចួន​ឲ្យ​ល្អ​ ស្តាប់​ទៅ​ក៏​គ្មា​នជាតិ​ជៅ។ រឿង​ចំនាប់​ចួន​នេះ​ សុំ​លើក​​យក​បទ​មួយ​របស់​សុខ​ ជំនោរ​មក​និយាយ​ តែ​ភ្លេច​ចំណង​ជើង​ទៅ​ហើយ​ ប្រហែល​ជា(ស្នេហ៍​គ្មាន​កាល​បរិច្ឆេទ​)? ដែល​ច្រៀង​ដោយ​សុគន្ធ​ និសា(ស្លៀក​ពាក់​ឈុត​បៃ​តង​ទាំង​អស់)។ បទ​នោះ​ខ្ញុំ​គិត​ថា​ សុខ​ ជំនោរ​​ប្រើ​ចំនាប់​ចូន​និង​រណ្តំ​ពាក្យ​​ជ្រុល​ពេក​ហើយ គឺ​ច្រើន​ទាល់​តែ​ស្តាប់​ទៅ​ឆ្គង​ជា​អន្លើ ដូច​ជា​ត្រង់​ឃ្លា​មួយ​ដែល​មាន​រណ្តំ​​ព្យញ្ជនៈ​«ង»​ច្រើន​ជ្រុល​ពេក(សុំ​ទោស​ព្រោះ​មិន​ចាំ​ឃ្លា​នោះ​ថា​ម៉េច​ គ្រាន់​តែ​ធ្លាប់​ស្តាប់​ ដឹង​ថា​ឆ្គង)។

    ឆ្លើយតប
  • 15. uttama  |  ខែ​ឧសភា 21, 2010 ម៉ោង 2:58 ល្ងាច

    ពិតជាគួរឲ្យចាប់អារម្មណ៍មែន ចំពោះអត្ថបទដ៏វែង និងយោបល់របស់អ្នកទាំងអស់គ្នាខាងលើនេះ។ ខ្ញុំយល់ថាបងផលពិតជាមានការលំបាកផ្លូវចិត្តណាស់ហើយចំពោះបញ្ហាខាងលើ តែបងនៅតែមានជំហររឹងមាំមិនរាថយចំពោះវិបតិ្តនេះ ហើយនៅតែខិតខំបន្តធ្វើកិច្ចការយ៉ាងសកម្មក្នុងវិស័យតែងនិពន្ធនេះ។
    និយាយមែនទែនទៅ ខ្ញុំជាអ្នកចូលចិត្តស្តាប់បទ ចម្រៀងពីដើមច្រើនជាង តែបន្ទាប់ពីងាយមកស្តាប់បទមួយចំនួន ឈាមពេជ្រ អ្នកម្តាយ បទកូននេះសុំទោស?(មិនស្គាល់ចំណងជើងច្បាស់សុំទោស តែស្តាប់ទៅមានន័យក្នុងចិត្តខ្ញុំ ច្រៀងដោយនាយក្តិប និងខេមរ) ព្រោះយើងជាមិត្ត … ខ្ញុំចាប់ផ្តើមមានការផ្តោតអារម្មណ៍លើចម្រៀងបច្ចុប្បន្ន…
    ចំពោះឈាមពេជ្រ និងព្រោះយើងជាមិត្ត ទទួលការពេញនិយមច្រើន… ថ្ងៃក្រោយសង្ឃឹមថាបានស្តាប់បទដែលបងនឹងបញ្ចេញមក… ពិសេសបទដែលបងទុកនៅផ្ទះនោះអី!!! ហើយសង្ឃឹមថាផលិតកម្មនឹងព្រមផលិតបទនោះ…

    ឆ្លើយតប
  • 16. khmer stars  |  ខែ​ឧសភា 25, 2010 ម៉ោង 10:09 ល្ងាច

    អរគុណ​ ដែល​លោក​បាន​លើក​យក​ចំណុច​សំខាន់​ទាំង​អស់​មក​ដាក់​ជូន​យើង​ទាំង​អស់​គ្នាមាន​ដឹង​។ ចំណែក​ខ្ញុំ​ មាន​គំនិត​មិន​ខុស​អ្វី​ដែល​អ្នក​និពន្ធ​បាន​លើក​យក​មក​បកស្រាយ​នោះ​។​ មួយ​យ៉ាង​ទៀត​ ខ្ញុំ​សង្កេត​ឃើញ​ថា​ ផលិតកម្ម​និមួយ​ៗ​គិត​តែ​ពី​ប្រាក់​ចំណេញ​សម្រាប់​ហោប៉ៅ​របស់​ខ្លួន​ ដោយ​មិន​គិត​ពី​គុណ​តម្លៃ​នៃ​វប្បធម៌​របស់​ជាតិ​ឡើយ​។ វា​គួរ​ៀឮឲ្យ​អាម្មាស់​ដែរ​ ដោយ​គ្រាន់​តែ​សម្រួល​បទ​ភ្លេង​ពី​គេ​ បក​ប្រែ​ជា​ភាសា​ខ្មែរ​ ហើយ​អួត​ថា​ខ្លួន​ជា​មនុស្ស​គ្រាប់​បើ​។

    ឆ្លើយតប
  • 17. ឆាយ  |  ខែ​ឧសភា 27, 2010 ម៉ោង 10:03 ល្ងាច

    ខ្ញុំសូមបញ្ចេញយោបល់បន្តិចលើបញ្ហានេះ ព្រោះវាជាមុខមាត់ប្រទេសយើងទាំងអស់គ្នា។​ ដូចយើងរាល់គ្នាបានរៀនបានដឹងហើយថាដូនតាយើងជាអ្នកច្នៃប្រឌិត (យករបស់គេមកច្នៃអោយទៅជាខ្មែរ) ដូចនេះយើងអាចផ្វើបែបនេះបានតើ​ ហើយយើងនឹងទទួលការគាំទ្រទៀតផង។​ ខ្ញុំពិតជាសរសើររាល់កវីនិពន្ធទាំងអស់ដែលប្រឹងតែងនិពន្ធទាំងទំនុកច្រៀងនិងបទភ្លងដោយខ្លួនឯង ហើយខ្ញុំគាំទ្រ១០០ភាគរយ (ដូច​ផលិតកម្មរ៉ក)​។ ពេលចង់អួតបរទេសពីបទចំរៀងខ្មែរបច្ចុប្បន្ន បើរើសបទមិនត្រូវខ្មាស់វាមិនខានទេ សំណាងហើយមានផលិតកម្មរ៉កដែលខ្មែរទូទៅដឹងថាមិនចំលងគេ គ្រាន់ទុកអួតបរទេស។ ផលិតកម្មហង្សមាសគួរប្រកាសរាល់បទចំរៀងដែលនិពន្ធដោយខ្មែរ ដើម្បីអោយអ្នកស្តាប់បានដឹង​ (វាពិតជាសំខាន់) មិនត្រូវឡង់សេតែអ្នកចំរៀងពេកទេ។​ សូមលោកកុំខ្វល់រឿងបទចំរៀងសម័យបច្ចុប្បន្នឆាប់សាប មិនថាតែបទខ្មែរទេបទបរេទសក៏ដូចគ្នាដែរ នៅបរទេសក៏ដូចតែស្រុកខ្មែរដែរ។ កូនខ្មែរសម័យបច្ចុប្បន្នយល់ដឹងច្រើនពីបញ្ហាអស់ហ្នឹង ហើយក៏ព្យាយាមគាំទ្រផលិតផលខ្មែរណាស់ដែរ ឧទាហរណ៍ដូចលោកសាពូន គាត់ច្រៀងមិនសូវពិរោះតែគេគាំទ្រគាត់ តើព្រោះហេតុអ្វី? មានរឿងមួយដែលហង្សមាសលក់មុខមាត់ខ្មែរ ព្រោះចំលងបទកូរ៉េទាំងសាច់ភ្លេងទាំងចង្វាក់រាំ (បទរបស់ wonder girl) ខ្ញុំខ្មាស់ពួកកូរ៉េមែនទែន មិនថាតែកូរ៉េទេ អាថែក៏ដៀលខ្មែរដែរ។ ឈប់រំលឹករឿងឈឺចាប់នះ និយាយពីរឿងគាំទ្រវិញ ខ្ញុំសូមចូលរួមគាំទ្ររាល់ស្នាដៃរបស់កវីអ្នកនិពន្ធខ្មែរទាំងអស់ដែលលើកមុខមាត់ប្រទេសជាតិ។ ប្រសិនបើចង់ចំលងគេគួរសុំសិទ្ធពីគេទៅ។​ ខ្ញុំសូមសរសើរដល់ស្នាដៃនិពន្ធបទ ឈាមពេជ្រ ពិតជាពិរោះនិងមានន័យជួយដល់សង្គម។ លើសពីនេះ នៅពេលខ្ញុំស្តាប់បទនេះ ខ្ញុំដឹងថាទាំងសាច់ភ្លេងទាំងបទនិពន្ធគឺចេញពីកវីនិពន្ធខ្មែរដែលមានទឹកចិតស្នេហាជាតិមាតុភូមិពិតប្រាកដ មិនចំលងបរទេស។ ថ្ងែក្រោយខ្ញុំនឹងយកបទនេះអួតបរទេស។ខ្ញុំសូមអោយឧត្តមគតិរបស់លោកនៅឋិតឋេរព្រោះកម្ពុជាត្រូវការបុគ្គលដូចរូបលោកច្រើន សូមកុំបោះបង់វាចោលអោយសោះព្រោះតែឧបសគ្គបន្តិចបន្តួច។ ប្រសិនបើការបញ្ចេញមតិមានប៉ះពាល់សូមអភ័យទោស សូមគិតថាការរិះគន់ខ្លះក៏ដើម្បីជាតិយើងទាំងអស់គ្នាដែរ។​ យើងជាកូនខ្មែរសុទ្ធតែមានភារកិច្ចដូចគ្នាគឺលើកមុខមាត់ប្រទេសជាតិ។ សូមអរគុណ៕

    ឆ្លើយតប
    • 18. ចាន់ផល  |  ខែ​ឧសភា 29, 2010 ម៉ោង 10:11 ព្រឹក

      សូមអរគុណចំពោះវិចារ! សូមទោសណា បទ «ឈាមពេជ្រ» តាមពិត​យើង​បាន​សម្រួល​ភ្លេង​ពី​គេ​ទេ។ យើង​ជា​ខ្មែរ​ដូច​គ្នា គ្មាន​​រឿង​អ្វី​ត្រូវ​លាក់​បាំង​គ្នា​ទេ ហើយ​សង្ឃឹម​ថា លោក​​កុំ​អស់​សង្ឃឹម​ណា ព្រោះ​ខ្មែរ​យើង​ក៏​នៅ​មាន​បទ​ភ្លេង​​និពន្ធ​ខ្លួន​ឯង​​ច្រើន​ទៀត​ ដូច​ជា​បទ «ក្លិន​ផ្កាព្រះវិហារ​» ជា​ដើម។

      ឆ្លើយតប
      • 19. tengchhay  |  ខែ​ឧសភា 30, 2010 ម៉ោង 3:23 ល្ងាច

        ក្លិនផ្កាព្រះវិហារ ពិតជាពិរោះនិងមានអត្ថន័យដែលបង្កប់នូវព្រលឹងជាតិ។ សូមលោកនិពន្ធបទចំរៀងដែលមានលក្ខណះបែបនេះអោយបានច្រើនដើម្បី​បណ្តុះទឹកចិត្តស្នេហាជាតិរបស់យុវជនខ្មែរ។​ ការកែប្រែ រឺសំរួលបទពីគេ មិនបញ្ហាទេ អោយតែយើងធ្វើអោយទៅជាលក្ខណៈខ្មែរ។ សូមអរគុណ៕

  • 20. sasan  |  ខែមករា 31, 2011 ម៉ោង 10:22 ល្ងាច

    ខ្ញុំសរសើរបង ចាន់ផល ពូកែនិពន្ធចំរៀង ថ្វីត្បិតខ្ញុំមិនចេះនិពន្ធក៏ពិតមែន តែខ្ញុំអាចយល់បានខ្លះៗ ។ ចំពោះបង ការនិពន្ធរបស់បងមានចំណាប់ ចុងជួន គ្រប់បទទាំងអស់ គឺទាំងជួនក្នុងវគ្គ និង ជួនឆ្លងវគ្គ​ ហើយចំរៀងនោះទៀតសោត មានភាពរស់រវើក មិនសាំញាំ ហើយស្តាប់ទៅជក់ចិត្ត។ ចំនែកបទផលិតកម្មផ្សេង​( សុំទោសខ្ញុំមិនលើក ផលិតកម្មណា រឺ អ្នកនិពន្ធណាទេ ) មានបទភាគច្រើនគឺពិបាកទទួលយក ប៉ុន្តែបទនោះគឺល្បីមែនទែន ព្រោះមានអ្នកចំរៀងល្បីជាអ្នកច្រៀង ហើយបើយើងសិក្សាពីក្បួនខ្នាតវេយ្យាករណ៍វិញ គឺបទចំរៀងនោះមិនមានភាពត្រឹមត្រូវទេ គ្មានជួនឆ្លងវគ្គ ហើយបើជួនក្នូងវគ្គវិញ រញ៉េរញៃ ហើយអត្ថន័យគ្មានខ្លឹមសារទាល់តែសោះ ពោលគឺអត្ថបទចំរៀងដូចពាក្យដែលយើងនិយាយធម្មតា គ្មានរសជាតិ ស្តាប់ទៅមិនដឺងចង់បានន័យថាម៉េច ។ សុំទោសជាមុនបើសិនជាប៉ះពាល់ដល់អារម្មណ៍ ប៉ុន្តែនេះគ្រាន់តែជាយោបល់របស់ខ្ញុំប៉ុណ្ណោះ៕

    ឆ្លើយតប
  • 21. ផ្កាលាក់សន្លឹក  |  ខែ​កុម្ភៈ 2, 2011 ម៉ោង 12:27 ល្ងាច

    គំនិតរបស់ខ្ញុំ ពុំឯកភាពនឹង ចំណង់ចំណូលចិត្តរបស់មនុស្សចំពោះ បទចម្រៀងផ្លាស់ប្តូទៅតាមសម័យកាលទេ។ បទចម្រៀងដែល ពីរោះ ជាបទចម្រៀងដែលរំលេចរូបបារម្ភ និងទាក់ទាញមនោ សញ្ចេតនាអ្នកស្តាប់ ឲមានមនោសញ្ចេតនា អាណិត ស្រលាញ់ ឬសប្បាយ…ជាដើម​តាមសាច់រឿង តួអង្គនៅក្នុងសាច់រឿង ហើយ រក្សាមនោសញ្ចេតនាដដែលៗ នៅគ្រប់វេលាដែលគេស្តាប់បទ ចម្រៀងនោះ។ លក្ខណះនេះ មាននៅក្នុងបទចម្រៀងនៅសម័យ ដើម ច្រើនជាងឆ្ងាយ​ហើយមានតិចពេកនៅក្នុងបទចម្រៀងសម័យ នេះ។ ដូចនេះ វិធីនៃការកែប្រែបរិបទឆាប់សាបរលបនៃបទចម្រៀង សម័យបច្ចុប្បន្ន គឺមនោសញ្ចតនាអ្នកនិពន្ធ គួរតែត្រូវសំអិតសំអាង និងជ្រៀលជ្រៅនៅក្នុងការនិពន្ធស្នាដៃ។ អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះ បញ្ចាំងតថភាពសង្គម និងជាថ្នាំសម្រាប់ព្យាបាលជំងឺសង្គមផងដែរ!

    ឆ្លើយតប
  • 22. ផ្កាលាក់សន្លឹក  |  ខែ​កុម្ភៈ 2, 2011 ម៉ោង 12:30 ល្ងាច

    គំនិតរបស់ខ្ញុំ ពុំឯកភាពនឹង ចំណង់ចំណូលចិត្តរបស់មនុស្សចំពោះ បទចម្រៀងផ្លាស់ប្តូទៅតាមសម័យកាលទេ។ បទចម្រៀងដែល ពីរោះ ជាបទចម្រៀងដែលរំលេចរូបបារម្ំណ៍ និងទាក់ទាញមនោ សញ្ចេតនាអ្នកស្តាប់ ឲមានមនោសញ្ចេតនា អាណិត ស្រលាញ់ ឬសប្បាយ…ជាដើម​តាមសាច់រឿង តួអង្គនៅក្នុងសាច់រឿង ហើយ រក្សាមនោសញ្ចេតនាដដែលៗ នៅគ្រប់វេលាដែលគេស្តាប់បទ ចម្រៀងនោះ។ លក្ខណះនេះ មាននៅក្នុងបទចម្រៀងនៅសម័យ ដើម ច្រើនជាងឆ្ងាយ​ហើយមានតិចពេកនៅក្នុងបទចម្រៀងសម័យ នេះ។ ដូចនេះ វិធីនៃការកែប្រែបរិបទឆាប់សាបរលបនៃបទចម្រៀង សម័យបច្ចុប្បន្ន គឺមនោសញ្ចតនាអ្នកនិពន្ធ គួរតែត្រូវសំអិតសំអាង និងជ្រៀលជ្រៅនៅក្នុងការនិពន្ធស្នាដៃ។ អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះ បញ្ចាំងតថភាពសង្គម និងជាថ្នាំសម្រាប់ព្យាបាលជំងឺសង្គមផងដែរ!

    ឆ្លើយតប
  • 23. ម៉េង  |  ខែមិថុនា 11, 2012 ម៉ោង 8:05 ល្ងាច

    ខ្ញុំសុំផ្តល់យោបល់ចំពោះប្រធានបទខាងលើ ព្រោះខ្ញុំចាប់អារម្មណ៍ប្រធានបទនេះ ខ្លាំងណាស់។ ខ្ញុំបានអានអត្ថបទខាងលើចប់ តែចំពោះមតិយោបល់ខាងលើ មិនទាន់អានអស់។
    និយាយតាមត្រង់ កាលនៅពីក្មេង អាយុដប់ឆ្នាំ ចេះស្តាប់បទចំរៀងដំបូង គឺបទពីជំនាន់មុន បន្ទាប់មកទៀត ខ្ញុំចេះស្តាប់បទចំរៀងជំនាន់នេះ សម័យថ្មី ជាបទចំរៀងរបស់លោក ព្រាប សុវត្ថិ ល្បីដំបូង។
    បទចរៀងសម័យជំនាន់មុន និង សម័យថ្មីបច្ចុប្បន្ន​ សុទ្ធតែជាបទចម្រៀងរបស់ខ្មែរ ហើយខ្ញុំចូលចិត្តស្តាប់ទាំងបទចម្រៀងជំនាន់មុន និង ជំនាន់នេះ ចំពោះបទចម្រៀងបរទេស មិនចេះស្តាប់ទេ។ ចំពោះចម្រៀងបច្ចុប្បន្ន ទោះបីចំលងបទភ្លេងពីបរទេសក្តី តែទំនុកច្រៀង ខ្មែរជាអ្នកនិពន្ធ ច្រៀងដោយខ្មែរ ខ្ញុំនៅតែគាំទ្រខ្មែរ តែមិនមែនគ្រប់បទចម្រៀងទាំងអស់ចំលងពីបរទេសនោះទេ ខ្មែរក៏ចេះនិពន្ធបទចម្រៀងថ្មីដែរ ទោះនិពន្ធបានតិចក៏ដោយ។
    ខ្ញុំសង្ឃឹមថា យុវជនសម័យទាំងអស់ មិនគួរបំភ្លេចបទចម្រៀងជំនាន់ដើមនោះទេ។

    ឆ្លើយតប
  • 24. shy  |  ខែមិថុនា 26, 2012 ម៉ោង 11:39 ល្ងាច

    ចំពោះការគិតរបស់ខ្ញំ ក្នុងនាមជាកូនខ្មែរមួយរូប ការពិតផលិតកម្មណាក៏ដោយក៏គេចង់ផលិតនៅបទចំរៀងផ្ទាល់ខ្លួនដែរ ប៉ុន្តែកត្តាសំខាន់អ្នកទាំងអស់ធ្វើទៅតាមស្ថានភាពជាក់ស្តែងនៃតំរូវការអតិថិជន និងក្រពះ។ អ្នកទាំងអស់នោះក៏ចេះហូបបាយដូចតែគ្នា ដូច្នេះបើសិនជាអ្នកចង់លុបបំបាត់ពីការកូពី អ្នកគួរតែចាប់ផ្តើមពីខ្លួនអ្នកទៅ។ ហើយលើសពីនេះ ខ្ញុំសូមសំនូមពរដល់ម្ចាស់ផលិតកម្មគួរមានវិធានការ​ល្អមួយ ជាក់ស្តែងដូចជា Promotions​លក់តែ៦០០០ក្នុងមួយDish​ដែលអាចជំរុញអោយកូនខ្មែរទាំងអស់គ្នាមានលទ្ធភាពទិញ។ ពេលខ្លះ ខ្ញំធ្លាប់លឺចាស់ៗ គាត់មានប្រសាសន៍ថា បទចំរៀងក្មេងៗសម័យនេះ ច្រៀងដូចអានកាសែត ខ្ញុំឆ្ចល់ចុះជំនាន់នោះ មានបទ “ស្វារាំ monkey, ជិះសីក្លុ” វិញចាស់ៗជំនាន់គាត់និយាយថា ក្មេងសម័យគាត់យ៉ាងមិច ទូវន។ សូមឲ្យចាស់មួយចំនួនតូច បញ្ឈប់នូវការតិទៀនក្នុងន័យបែបបន្ទុះបង្អាប់ តែក្នុងន័យស្ថាបនា ជាពិសេស សូមឲ្យយុវជនកុលបុត្រកុលធីតា ទទួលយកពាក្យទូន្មានដ៏មានអត្ថរសទាំងអត្ថន័យពីចាស់ព្រឹទ្ធាចារ្យដោយសេចក្តីគោរពផង។ សូមអភ័យ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: