ល្ខោននិយាយ រឿង «រដូវនៃជីវិត»

ខែ​មេសា 5, 2010 at 2:46 ល្ងាច មតិ 11

ជា​ប្រភេទ​ល្ខោន​និយាយ​វិទ្យុ ដែល​ខ្ញុំ​ទើប​តែ​សរសេរ​ចប់! ខ្ញុំ​សរសេរ​ល្ខោន​និយាយ​នៅ​ វិទ្យុ​ដើម​អម្ពិល។ ប្រហែល​មិន​យូរ​ទេ បង​ប្អូន​នឹង​បាន​ស្ដាប់​រឿង​នេះ​ហើយ! មិន​ជា​អស្ខារ្យ​អី​ទេ គ្រាន់​តែ​សរសេរ​ចប់ រំភើប​ពេក ក៏​យក​មក​ផ្សាយ​អួត​គេ​បន្តិច​ទៅ! ហ៊ឺ! តាំងពី​ចេះ​សរសេរ​រឿង​មក ពិបាក​ជាង​គេ គឺ​ល្ខោន​និយាយ​វិទ្យុ​នេះ​ហើយ ព្រោះ​វា​ទាម​ទារ​ឱ្យ​តួអង្គ​​ប្រាជ្ញព្រោក​​គ្នា​​ ឱ្យ​កើត​ជា​ដំណើរ​រឿង តែ​ខ្ញុំ​ជា​មនុស្ស​មិន​ចូល​ចិត្ត​និយាយ​ផង … យ៉ាងណា​អរគុណ​ លោក​គ្រូ ពេជ្រ ពណ្ណរាយ ណាស់ ព្រោះ​គាត់​ជឿ​ជាក់​ថា ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ព្យាយាម​បង្ហាត់​បង្រៀន​ខ្ញុំ​មក​រហូត។ គិត​ទៅ​​ខ្ញុំ​សរសេរ​បី​ខែ​​បាន​ចប់ តែ​សម្រេច​ចុង​ក្រោយ​គឺ​បួន​ខែ… មួយ​ខែ​ចុង​ក្រោយ​នេះ​ខ្ញុំ​ជួប​រឿង​រ៉ាវ​ច្រើន​ដល់​ក… ខូច​ហាដឌីស បាត់​ឯកសារ​ខ្ទេច រឿង​ដែល​សរសេរ​ចប់​ ក៏​ត្រូវ​វាយ​ជា​ថ្មី ព្រោះ​ត្រូវ​កែ​សម្រួល​ខ្លះៗ ហើយ​ស្ដាយ​បំផុត គឺ​រឿង​ថ្មី​ដែល​ខ្ញុំ​សរសេរ​បាន​ជាង​ម្ភៃ​ទំព័រ​ទៅ​ហើយ​ បែរ​ជា​​បាត់​ទៅ​តាម​ខ្មោច​ហាដឌីស​ខ្ទេច 😥 រឿង​ថ្មី​នោះ​សរសេរ​បាន​ល្អ​ណាស់ ធ្វើ​ឱ្យ​ខ្ញុំ​អស់​អារម្មណ៍​សរសេរ​ម្ដង​ទៀត ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ក៏​មិន​ទាន់​បាន​សរសេរ​រឿង​ថ្មី​នោះ​ឡើង​វិញ​ដែរ 😀 … ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​គិត​សុទិដ្ឋិនិយម ព្រោះ​ក្នុង​ រឿង «រដូវនៃជីវិត» នេះ​ក៏​ខ្ញុំ​អប់​រំ​គេ​អ៊ីចឹង​ដែរ។

អាន​ឈុត​ខ្លះៗ​នៃ​ល្ខោន​និយាយ​វិទ្យុ រឿង «រដូវនៃជីវិត»

-សំឡេងបរិយាកាសរាត្រីដ៏ស្រងេះស្រងោច

វិសុទ្ធ ៖         តើយប់នេះលក្ខិណាមានបញ្ហាអី?

លក្ខិណា ៖    (និយាយដោយរវើរវាយ) តើបងធ្លាប់ស្គាល់ស្នេហាដែរទេ?

វិសុទ្ធ ៖         លក្ខិណាមានទុក្ខព្រោះរឿងស្នេហាអ្ហេះ?

លក្ខិណា ៖    ស្នេហាមកដល់ភ្លាមៗ រកត្រៀមខ្លួនក៏មិនទាន់។ មុនដំបូងខ្ញុំមិនដឹងថា ស្នេហាអាចធ្វើឱ្យខ្ញុំពិបាកចិត្តដល់ថ្នាក់ហ្នឹងសោះ។ យើងស្រលាញ់គេ តែគេស្រលាញ់អ្នកដទៃ តើឈឺចាប់ប៉ុណ្ណា? បងដឹងទេ?

-ស្ងាត់បន្តិច

វិសុទ្ធ ៖         (ដកដង្ហើមគិត) តាមពិតស្នេហាល្អណាស់ មិនមែនល្វីងជូរចត់នោះទេ គឺមនុស្សយើងទេ ដែលចូលចិត្តថាស្នេហាល្វីងជូរចត់នោះ…

លក្ខិណា ៖    បងមិនធ្លាប់ឆ្លងកាត់ផង បងម្តេចនឹងដឹងទៅ?

វិសុទ្ធ ៖         ម៉េចក៏ដឹងថាបងមិនធ្លាប់ឆ្លងកាត់?

លក្ខិណា ៖    បងធ្លាប់អ្ហេះ? បងធ្លាប់ស្រលាញ់អ្នកណា?

វិសុទ្ធ ៖         …បងចង់និយាយថាមនុស្សមានបេះដូង ទោះជាមិនធ្លាប់មានស្នេហា ក៏ធ្លាប់មានលួចស្រលាញ់គេដែរ។

លក្ខិណា ៖    ធ្លាប់លួចស្រលាញ់គេក៏ដោយ បើដឹងថាគេមិនស្រលាញ់បងវិញ តើបងមិនឈឺចាប់ទេ? បើអ៊ីចឹងគឺមកពីបងមិនទាន់ស្គាល់ស្នេហាពិតហ្នឹង។

វិសុទ្ធ ៖         មិនមែនអ៊ីចឹងទេ! មនុស្សដែលស្គាល់ស្នេហាពិតប្រាកដនោះហើយ ទើបគេដឹងថា ស្នេហាល្អសម្រាប់រូបគេនោះ។

លក្ខិណា ៖    ខ្ញុំមិនយល់ទេ!

វិសុទ្ធ ៖         តាមពិតស្នេហាពិតគឺមហិមាណាស់! អូនឯងធ្លាប់មើលកុនស្នេហា ឃើញតួហ៊ានលះបង់ជីវិតដើម្បីមនុស្សដែលគេស្រលាញ់ទេ?

លក្ខិណា ៖    ធ្លាប់តើ!

វិសុទ្ធ ៖         បើធ្លាប់គឺអាចយល់ហើយ! អូនគិតមើល៍! គេហ៊ានលះបង់សូម្បីតែជីវិត ដើម្បីស្នេហារបស់គេ ហេតុនេះតើមានអ្វីទៀត ដែលគេមិនអាចលះបង់​បាននោះ? ស្នេហាបរិសុទ្ធគឺមិនមែនគ្រាន់តែចង់ឱ្យគេស្រលាញ់យើង ដូចយើងស្រលាញ់គេនោះទេ។ ប៉ុន្តែគឺជាការលះបង់ ដើម្បីសុភមង្គល​របស់​មនុស្ស​ដែលយើងស្រលាញ់។

លក្ខិណា ៖    តើលះបង់យ៉ាងម៉េច?

វិសុទ្ធ ៖         គឺដូចស្ថានភាពរបស់អូនឯងពេលនេះអ៊ីចឹង… អូនឯងស្រលាញ់គេ គេស្រលាញ់អ្នកផ្សេង ហេតុនេះយើងត្រូវចេះលះបង់ឱ្យគេមាន​សុភមង្គល​ជាមួយមនុស្ស​ដែលគេស្រលាញ់។ យើងធ្វើបែបនេះ តើមាន​ស្នេហាល្វីងជូរចត់ទៀតទេ បើយើងបានសម្រេចបំណងស្នេហា​ផ្អែមល្ហែម​រួចទៅហើយ?

លក្ខិណា ៖    បែបហ្នឹងក៏ហៅថាស្នេហាទៅរួចដែរ?

វិសុទ្ធ ៖         បែបហ្នឹងហើយ ដែលហៅថាស្នេហាពិតប្រាកដនោះ! ក្រែងយើងស្រលាញ់គេ មែនទេ? ការស្រលាញ់គ្មានអ្វីក្រៅពីចង់ឃើញគេបានសុខនោះទេ។

លក្ខិណា ៖    (និយាយដោយគិតបណ្តើរ) សម្តីរបស់បងសមហេតុផលណាស់! ស្នេហាល្វីងជូរចត់ គឺមនុស្សយើងជាអ្នកបង្កើតឡើង។ ស្រលាញ់មនុស្សម្នាក់​មិនមែន​មានន័យថា ត្រូវរស់នៅជាមួយគេនោះទេ ហើយក៏មិនមែន​មានន័យថា​ត្រូវឱ្យគេស្រលាញ់យើងវិញដែរ។ ខ្ញុំយល់ហើយ! អរគុណ​បងវិសុទ្ធ!

វិសុទ្ធ ៖         គឺមកពីអូនឯងឆ្លាត ទើបអាចយល់ការវិភាគដ៏ពិបាកស្តាប់របស់បងបាន! បងត្រូវអរគុណអូនឯងវិញទេ!

លក្ខិណា ៖    បងឯងនេះប៉ិនលួងចិត្តគេណាស់! បើតាមស្តាប់បងនិយាយមិញនេះ មិនដឹងធ្លាប់ខូចចិត្តព្រោះស្នេហាប៉ុន្មានលានដងទេ…! (សើច)

វិសុទ្ធ ៖         ឈប់កើតទុក្ខហើយអ្ហេះ? មុននេះបងពិបាកមើលមុខរបស់អូនឯង​ណាស់…

លក្ខិណា ៖    ម៉ោះ! ចាប់ដៃគ្នាមួយទៅ!

វិសុទ្ធ ៖         ចាប់ដៃគ្នាដើម្បីអី?

លក្ខិណា ៖    ខ្ញុំដឹងថា ពេលខ្ញុំកើតទុក្ខអាក្រក់មើលណាស់ មែនទេ? ពួកយើងចាប់ដៃ​គ្នា​សន្យាថា ថ្ងៃក្រោយខ្ញុំលែងកើតទុក្ខឱ្យខាតពេលទៀតហើយ!

វិសុទ្ធ ៖         (សើច) ត្រូវហើយ! កើតមកជាមនុស្ស សប្បាយចិត្តក៏ត្រូវរស់ កើតទុក្ខក៏ត្រូវរស់ ម៉េចក៏យើងមិនព្រមសប្បាយចិត្ត?

លក្ខិណា ៖    បងវិសុទ្ធឯងកាន់តែពូកែទ្រឹស្តីហើយ! ខ្ញុំអរគុណម្តងទៀត ព្រោះមុននេះខ្ញុំគិតថា ប្រុងទៅលួចទូរស័ព្ទប៉ា ហៅទៅកម្មវិធីដោះស្រាយវិបត្តិក្នុងវិទ្យុហើយតើ តែបងស្រាប់តែលេចមុខទាន់ មិនឱ្យខ្ញុំពិបាក…

-ទាំងពីរនាក់សើចសប្បាយចិត្ត

រឿង​នេះ​និយាយ​ពី វិសុទ្ធ ជា​កូន​កំព្រា… ​រស់​នៅ​ជាមួយ​គេ​តាំង​ពី​តូច​ មិន​កក់​ក្ដៅ​ទេ តែ​គេ​រៀន​ស្គាល់​ពី​គុណ​ធម៌ ពី​ការ​ខ្លាច​ចិត្ត​អ្នក​ដទៃ ក៏​ក្លាយ​ជា​យុវជន​ម្នាក់​ពោរពេញ​ដោយ​ការ​គិត​ពិចារណា… គេ​ស្រលាញ់ អមរា ជា​បង​ស្រី​របស់ លក្ខិណា ដែល​គេ​បាន​ជជែក​គ្នា​នៅ​ខាង​លើ​នោះ ហើយ​នេះហ៍​គឺ​ជា​កំណាព្យ​ ដែល​គេ​បាន​សរសេរ​ពី​ដួងចិត្ត​របស់​គេ គឺ​គេ​សរសេរ​ដាក់​នៅ​ក្នុង​សរសេរ​រៀន​គួរ​គណិតវិទ្យា​ហ្នឹងណា៖

វិសុទ្ធ (សូត្រកំណាព្យ ៖ ទេពច្យុត)

យប់យន់ស្អុះស្អាប់អត់វាយោ     ហ្វូងផ្កាយគោចរជ្រែករាត្រី         ជ្រែកទាំងបេះដូងជនក្រក្រី     ក្លាយជាកវីតែងកំណាព្យ។

យប់នេះសែនស្ងាត់បាត់សំឡេង     យានយន្តគ្រឹកគ្រេងប្រែស្ងាត់ជ្រាប          កន្ទេលធ្លាប់ដេកក្លាយជាស្កៀប     គ្រែបាក់រនាបមុងរហែក។

សម្លឹងមើលមេឃតាមបង្អួច     ដួងចិត្តលបលួចទួញយំយែក       មេឃដីសែនឆ្ងាយគ្នាអនេក     តំណក់ទឹកភ្នែកស្រែកតូចចិត្ត។

អាសូរទន្សាយឆ្ងាយដួងចន្ទ     ផុតហត្ថឈោងកាន់បាននែបនិត្យ          ស្តាយចិត្តស្តាយកាយស្តាយស្នេហ៍ស្និទ្ធ     ស្តាយព្រហ្មលិខិតឥតមេត្តា។

ឯស្នេហាខ្ញុំខុសទន្សាយ     ប៉ុន្តែពាក្យស្តាយមានដូចគ្នា     ស្តាយខ្លួនគ្មានសិទ្ធិប៉ងប្រាថ្នា     ទោះបីកាយាជិតបង្កើយ។

រស់ឈ្មោះបងប្អូនតាំងពីតូច     មិនសមចិត្តឆ្កួតស្នេហ៍ស្រីឡើយ          ពេលនេះទោសស្នេហ៍ផ្តល់ទុក្ខហើយ     ឱ!រាត្រីអើយកុំឌឺដង។

ដឹងច្បាស់ថាចិត្តស្រីស្នេហ៍គេ     ដឹងថាមាសមេមិនស្នេហ៍បង      ដឹងថាគេសមគ្នាកន្លង     ដឹងទៀតថាបងត្រូវឈប់គិត។

ងើយមើលទៅមេឃគិតថ្ងៃស្អែក     ពន្លឺចម្លែកញែកងងឹត  ឬនេះគឺជាទេពនិម្មិត     ច្យុតចុះពិនិត្យភពលោកា?

ខ្ញុំក៏លើកដៃឡើងប្រណម្យ     ប្រមូលអារម្មណ៍បិទនេត្រា  ឱ!ទេពច្យុតអើយខ្ញុំប្រាថ្នា     ជួយស្រាយបញ្ហាដួងចិត្តផង។

លក្ខិណា ៖    ពីរោះលន្លង់លន្លោចអ្វីម៉្លេះទេ! មិនដឹងថា ពេលកំពុងតែងកំណាព្យ​មួយ​នេះ តើ បងវិសុទ្ធ មានអារម្មណ៍បែបណាទេហ្ន? រស់ឈ្មោះបងប្អូនតាំង​ពីតូច មិនគួរចិត្តឆ្កួតស្នេហ៍ស្រីឡើយ… ស្រីនោះគឺជារូបបងប្រាកដ​ណាស់! បងវិសុទ្ធតែងកំណាព្យស្នេហា ថ្វីត្បិតតែបុរាណបន្តិចមែន តែធ្វើដូចគាត់ជាតួឯកប្រុសនៅក្នុងប្រលោមលោកអ៊ីចឹង។ ឱ! រូបបង​ក្លាយ​ជាតួឯកស្រីដែលគាត់លួចស្រលាញ់… យ៉ាងម៉េច រំភើបរហូត​និយាយ​អ្វីលែងចេញហើយ មែនទេ? ខ្ញុំទៅយកសៀវភៅរៀនគួរគណិត របស់គាត់មករៀនសោះ បែរជាមកដឹងរឿងគាត់លួចស្រលាញ់បងស្រី​ឯងទៅវិញ! បងវិសុទ្ធ សរសេរកំណាព្យស្នេហាលួចស្រលាញ់គេ​ដាក់​ក្នុង​​សៀវភៅរៀនគួរ (សើច) ប្រហែលជាគាត់ដឹងថាបាត់សៀវភៅនេះ​ហើយមើល៍ទៅ ហើយប្រហែលកំពុងតែភ័យផងក៏មិនដឹង! នែ៎! ម៉េចក៏បងស្រីខ្ញុំនៅធ្មឹង បាត់មាត់បាត់កអ៊ីចឹង? ឥឡូវតើបងគិតយ៉ាងម៉េច បើដឹងថាបងវិសុទ្ធក៏លួចស្រលាញ់បងដែរនោះ? ឬក៏យប់នេះបង​សារភាព​ប្រាប់គាត់វិញថា បងស្រលាញ់គាត់ដូចគ្នាតែម្តងទៅ។

អមរា ៖         ឆ្កួត! បងមិនមែនជាស្រីចិត្តងាយបែបហ្នឹងទេ!

លក្ខិណា ៖    ត្រូវហើយ! បើបងចិត្តងាយអ៊ីចឹងក៏បងវិសុទ្ធមិនស្រលាញ់បងដែរ។ តែខ្ញុំមានវិធីមួយ… បងគិតទៅមើល៍! សៀវភៅមួយក្បាលនេះគឺជាអាថ៌កំបាំង​ដួងចិត្តរបស់គាត់ មែនទេ?

អមរា ៖         រួចវាយ៉ាងម៉េច?

លក្ខិណា ៖    គឺបងមិនបាច់សារភាពប្រាប់គាត់មុនទេ ទុកឱ្យគាត់និយាយមុនវិញ។ បងត្រូវធ្វើតាមខ្ញុំ! ដល់យប់ពេលបងវិសុទ្ធមកដល់ បងត្រូវហុចសៀវភៅ​នេះទៅគាត់ ដោយធ្វើឫកខឹងលាយម្ញ៉ិកម្ញ៉ក់ផង។ ពេលនោះបេះដូង​របស់គាត់ក៏ចាប់ផ្តើមលោត ភ័យបែកញើសថ្ងាស រួចក៏សួរបងថា “ហេតុអ្វីក៏សៀវភៅខ្ញុំនៅនឹងដៃរបស់ អមរា ទៅវិញ? តើ អមរា បានអាន​វា​ហើយមែនទេ?” បងក៏ធ្វើឫកអៀន ដោយឆ្លើយទៅវិញថា “អានវាស្អី? ខ្ញុំមិនបានអានកំណាព្យរបស់បងនោះទេ…! ស្អប់ណាស់…!”

អមរា ៖         អូយ! ដូចជាមាយាម៉្លេះ! បងមិនចេះទេ។ ស្រួលមិនស្រួល និយាយតាមឯងនេះ គាត់ថាបងក្តៅខ្លួនទៀត។

លក្ខិណា ៖    បើបងមិនចូលចិត្តរបៀបនេះទេ មានរបៀបមួយទៀត! ពេលបងវិសុទ្ធ​សួរថា បានអានកំណាព្យឬអត់ បងឆ្លើយទៅវិញថា បានអានហើយ តែមិនទាន់យល់ន័យ ហើយឱ្យគាត់ពន្យល់បង។ …វានឹងដូចក្នុងរឿង​មាលាដួងចិត្ត នៅពេលទីឃាវុធពន្យល់ចន្ទមុនី រួចបងក៏ធ្វើដូចចន្ទមុនី​សួរដេញដោលគាត់ ទាល់តែគាត់លុតជង្គង់ សារភាពស្នេហ៍ពិត​ប្រាប់បងតែម្តង!

អមរា ៖         (សើច) ចុះបើសួរចុះសួរឡើង គាត់ថាគាត់ស្រលាញ់វិច្ឆិកាទៅវិញ តើយ៉ាងម៉េច?

លក្ខិណា ៖    បងមិនមែនសៀមអត់ចេះអក្សរខ្មែរដូច ចន្ទមុនី ឯណា? ក្រែងគាត់​សរសេរ​ថា រស់ឈ្មោះបងប្អូនតាំងពីតូចអ្ហេះ ម៉េចនឹងអាចជា វិច្ឆិកា កើត?

អមរា ៖         បងមិនមែនចន្ទមុនី គាត់ក៏មិនមែនទីឃាវុធ។ ចិត្តគាត់យ៉ាងម៉េច បងក៏ស្គាល់ខ្លះដែរ។ ប្រហែលបើឱ្យសៀវភៅទៅគាត់ គាត់យកហើយ ដើរ​ចូល​បន្ទប់ធ្វើមិនដឹងផង។

លក្ខិណា ៖    ទោះជាគាត់ដើរចេញមែន ក៏បងនៅតែអាចសួរគាត់បានដែរ ព្រោះក្នុង​នាម​បងខឹងនឹងគាត់ណា៎!

អមរា ៖         ប៉ុន្តែបើគាត់ឆ្លើយថា គាត់សរសេរលេង វាចប់គ្នាទៅហើយ។ ឬក៏ថាមនុស្សស្រី ដែលគាត់សរសេរនោះគឺជារូបឯងក៏អាចដែរ។

លក្ខិណា ៖    មិនអាចទៅរួចមួយពាន់ភាគរយ! គាត់មិនអាចស្រលាញ់ខ្ញុំទេ! គាត់ស្រលាញ់បង បងស្រលាញ់គាត់… តើមានអ្វីត្រូវគិតទៀត?

ដំណើរ​រឿង​ស្មុគស្មាញ​បំផុត​ នៅ​ពេល​ដែល​វិសុទ្ធ​បាន​ជួប​នឹង​ឪពុក​បង្កើត​របស់​គេ​វិញ… គេ​ទទួល​មិន​បាន​ពេល​ឃើញ​ឪពុក​គេ​​គឺ​ជា​អ្នកមាន​ និង​​មាន​ប្រពន្ធ​ថ្មី បោះបង់​គេ​ឱ្យ​រស់​នៅ​​រងា​អស់​ម្ភៃ​ឆ្នាំ… ក្នុង​ថ្ងៃ​​នោះ​ដែរ ខួរក្បាល​វិសុទ្ធ​ក្លាយ​ជា​វិល​វ៉ុល ព្រោះ​គេ​​បាន​ច្រាន​​អ្នក​បម្រើ​ម្នាក់​ឱ្យ​ធ្លាក់​ពី​លើ​កាំ​ជណ្ដើរ រហូត​សន្លប់៖

វិសុទ្ធ ៖         (ដេកគិតរវើរវាយ) ហ៊ើយ! តើពូអ្នកបម្រើម្នាក់នោះគាត់យ៉ាងម៉េចទៅហើយ ហើយហេតុអីក៏ខ្ញុំជិះកង់រត់មិនព្រមជួយមើលគាត់? ប៉ុន្តែហេតុអី ក៏​គាត់ធ្វើឱ្យខ្ញុំខឹងបែបនេះ? តើនេះជាវាសនាអាក្រក់របស់ខ្ញុំ មែនទេ? ឱ! បញ្ហាស្មុគស្មាញបែបនេះ ខ្ញុំធ្លាប់ស្គាល់ហើយ! អារម្មណ៍ព្រួយបារម្ភបែបនេះ ខ្ញុំក៏ឧស្សាហ៍ជួបណាស់ដែរ។ ទាំងនេះព្រោះខ្ញុំជាកូនកំព្រា ទើបត្រូវដេកព្រួយម្នាក់ឯងអ៊ីចឹង។ ខ្ញុំជាកូនកំព្រា ហើយខ្ញុំក៏ស៊ាំនឹងជីវិតនេះហើយ។ ហេតុអ្វីក៏ឥឡូវស្រាប់តែខ្ញុំដឹងថា ខ្ញុំមានឪពុកម្នាក់ជាអ្នកមានទៅវិញ? ទេ! ខ្ញុំគ្មានឪពុកជាអ្នកមានឡើយ។ ខ្ញុំគឺជាក្មេងកំព្រា ដែលឪពុកម្តាយបោះបង់ចោល…!

មិន​នឹក​ស្មាន​ថា ​​ថ្ងៃ​បន្ទាប់ វិសុទ្ធ ក៏​ដឹង​ថា អ្នក​បម្រើ​នោះ​ស្លាប់​បាត់​ទៅ​ហើយ ​តែ​ឃាតករ​គឺ​ជា​អ្នក​ផ្សេង ដែល​កំពុង​ជាប់​ឃុំក្នុង​គុក។ គ្មាន​អ្នក​ណា​ដឹង​ថា គេ​បាន​ធ្វើ​រឿង​នេះ​ទេ តែ​គេ​ក៏​នៅ​មិន​ស្ងប់៖

-បរិយាយពេលយប់នៅតាមសួនច្បារ យូរៗមានយានជំនិះបើកកាត់មួយ

វិសុទ្ធ ៖         (អង្គុយសំកុកនៅលើបង់ គិតរវើរវាយ) ហេតុអីក៏រឿងហេតុក្លាយជាធំដល់ថ្នាក់នេះ? គឺរូបខ្ញុំទេ ទើបជាឃាតករពិតប្រាកដ លោកម៉េងអ៊ី គាត់មិនបានដឹងរឿងនេះទេ! តើខ្ញុំគួរធ្វើយ៉ាងណា? ពេលនេះទោះជាខ្ញុំទទួលស្គាល់លោកប៉ារបស់ខ្ញុំវិញ តើមានប្រយោជន៍អីទៅ បើខ្ញុំក្លាយជាឃាតករសម្លាប់មនុស្សទៅហើយ! ឱ! ទេវតាអើយ! ហេតុអីក៏ខ្ញុំត្រូវមកជួបរឿងរ៉ាវអកុសលបែបនេះ? ឱ! ជីវិតខ្ញុំអើយ! តើខ្ញុំគ្មានថ្ងៃស្គាល់សុភមង្គលទេ មែនទេ?

ទោះ​យ៉ាងណា នេះ​ជា​រដូវ​នៃ​ជីវិត ដែល​មនុស្ស​ត្រូវ​ឆ្លង​កាត់៖

ម៉េងហ៊ុន ៖     ម៉េចមកអង្គុយនៅក្រោមផ្ទះម្នាក់ឯងអ៊ីចឹង អមរា?

អមរា ៖         ខ្ញុំកំពុងគិតពីរឿងរ៉ាវជីវិតដែលទើបតែកន្លងផុត។

ម៉េងអ៊ី ៖        គ្រប់យ៉ាងគឺក្លាយទៅជាអតីតកាលអស់ទៅហើយ។

អមរា ៖         បងដឹងទេ? ពេលបងត្រូវប៉ូលិសចាប់… ពេលវិសុទ្ធទៅ​សារភាព… ខ្ញុំមានអារម្មណ៍ដូចជាកំពុងតែយល់សប្តិ។ ខ្ញុំបានបន់ថា សូមឱ្យរឿង​អាក្រក់​ដែលខ្ញុំកំពុងជួបនេះគឺជាក្តីស្រមៃ។ ឥឡូវនេះវាពិតជាដូចក្តី​ស្រមៃ​មែន។

ម៉េងអ៊ី ៖        មនុស្សល្អ គ្មានរឿងអាក្រក់កើតឡើងចំពោះខ្លួនពិតប្រាកដទេ។ វា​គ្រាន់តែជាក្តីស្រមៃ ដើម្បីឱ្យយើងរៀនតស៊ូជម្នះនឹងជីវិត រួចវាក៏រសាត់តាម​ខ្យល់អស់ទៅវិញ។ ក្រោយពេលភ្លៀងមេឃស្រឡះ ឱ្យតែយើងអាច​រង់ចាំដល់ពេលភ្លៀងរាំងបាន នោះយើងមុខជាបានឃើញពន្លឺ​ព្រះអាទិត្យ​រះ។ អមរាជឿទេ? រឿងអាក្រក់មិនអាចធ្វើបាបមនុស្សល្អបានទេ។

អមរា ៖         ជឿ! ឆ្លងកាត់រឿងរ៉ាវម្តងនេះធ្វើឱ្យខ្ញុំដឹងថា មនុស្សមិនចាំបាច់ខ្វល់ពីរឿងអាក្រក់ៗដែលខ្លួនកំពុងតែជួបប្រទះឡើយ។ ឱ្យតែយើងជឿថា​ខ្លួនឯង​ជា​មនុស្សល្អ ទេវតាប្រាកដជាតាមថែរក្សា ហើយខ្ញុំនឹងប្រកាន់គំនិត​សុទិដ្ឋិនិយមមួយថា រឿងរ៉ាវអាក្រក់ទាំងឡាយនឹងកន្លងជាមួយ​ពេលវេលា ដោយជំនួសតែរឿងដ៏សប្បាយរីករាយមកវិញ។

ម៉េងអ៊ី ៖        (និយាយ​ទាំង​អៀន) ពេលខ្ញុំត្រូវប៉ូលិសចាប់ អមរាពិបាកចិត្តណាស់​មែនទេ? (ស្ងាត់បន្តិច) ខ្ញុំអរគុណសន្តានចិត្តរបស់អមរាណាស់! អរគុណចំពោះការជឿទុកចិត្តលើរូបខ្ញុំ។ ពេលខ្ញុំនៅក្នុងមន្ទីរឃុំឃាំង ខ្ញុំបានផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងថា ជីវិតខ្ញុំនៅមានលោកប៉ា និងមាន…អមរា។ ខ្ញុំត្រូវមានសង្ឃឹមថា ខ្ញុំនឹងអាចរកយុត្តិធម៌ឱ្យខ្លួនឯងបាន។ អមរា! ខ្ញុំមានពាក្យ មួយដែលចង់ប្រាប់អមរាជាយូរមកហើយ។ ខ្ញុំ…

អមរា ៖         (និយាយកាត់) គិតទៅបើបងវិសុទ្ធមិនទៅសារភាពទេ បងក៏មិនអាចទៅប្តឹងប៉ូលិសឱ្យចាប់បងម៉េងហ៊ុន និងចឹកលាងនោះបានដែរ។

ម៉េងអ៊ី ៖        ពិតហើយ! បើមិនមែនជាវិសុទ្ធ ប្រហែលជាគេទុកឱ្យខ្ញុំដេកក្នុងគុករហូតហើយ។ ប៉ុន្តែមនុស្សល្អដូចជាគេ ចុងក្រោយក៏មិនមែនជាឃាតករ​ពិតប្រាកដ។ ខ្ញុំគិតថា បើគេមិនទៅសារភាពទេ រឿងពិតក៏មិនអាច​លាតត្រដាង ហើយមួយជីវិតនេះគេប្រាកដជាស្មានថា ខ្លួនគេគឺជាអ្នកសម្លាប់ពូបុតរហូត។ (ស្ងាត់​បន្តិច) អមរាកំពុងគិតរឿងអីទៀតហើយ?

អមរា ៖         …អត់ទេ! តែថ្ងៃនេះវិសុទ្ធគាត់ទៅរស់នៅជាមួយប៉ារបស់​គាត់ហើយ។

Advertisements

Entry filed under: ល្ខោននិយាយ.

លះបង់ឱ្យអ្នកទីបី & យើងពីរនាក់ស្រលាញ់គ្នាបានទេ? កុំប្រាប់​ឱ្យបងស្រលាញ់នាង…

11 មតិ Add your own

  • 1. ឧត្តម  |  ខែ​មេសា 5, 2010 ម៉ោង 5:00 ល្ងាច

    បងផលអើយ​ ! នៅអត់នឹង ?
    ចង់សួរបងតិច ថារឿង«រដូវនៃជីវិត»នឹងចាក់ផ្សាយម៉ោងម៉ាន? ថ្ងៃណាខ្លះ?
    បើបានស្តាប់ប្រហែលចូលតួជាងអានខ្លួនឯង ហេ ហេ !!!

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 5, 2010 ម៉ោង 5:54 ល្ងាច

      អត់ទាន់​សម​តួ​ផង! ទើប​តែ​ព្រីន​ចេញ​ព្រឹក​មិញ​ហ្នឹង ក៏​យក​មក​អួត​គេ​ទៅ! មិន​ឆាប់​ពេក​ទេ ព្រោះ​ដំបូង​គេ​ចាក់​រឿង​ផ្សេង​សិន​ ឯ​ពេល​វេលា​​ស្ដាប់​ល្ខោន​​នោះ​​​ ពេល​ដឹង​ខ្ញុំ​​ប្រាកដ​ជា​ប្រកាស​ឱ្យ​ខ្មាស​គេ​​ហើយ!

      ឆ្លើយតប
  • 3. ឧត្តម  |  ខែ​មេសា 5, 2010 ម៉ោង 6:07 ល្ងាច

    ហាស​ ហា​ ! បង​ដឹងទេ?​ ពេលញ៉ុមព្រីនរឿងខ្លីបងអោយមិត្តភ័ក្រញ៉ុមអាន
    គេតាសើរគ្រប់គ្នា !​ គេគិតថាញ៉ុមពូកែតាសេមែនទែន ! ធ្វើអោយគេមើលហើយ ចូលតូរគ្រប់គ្នាហ្មង!
    ដ៏ ពេលញ៉ុមប្រាប់គេការពិតថា ជាស្នាដៃរបស់បងទេ
    ម្នាក់ៗហួសចិត្ត គេថា«ខំតែតាសើរ»

    ហាស់ ហា​ !​ ខ្មាស់គេណាស់ខ្ញុំ !!

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 5, 2010 ម៉ោង 6:16 ល្ងាច

      រឿង​ខ្លី​​មួយ​ណា​អ៊ីចេះ? ស្ដាប់​ទៅ​ខ្ញុំ​ដូច​ល្បី! 😆

      ឆ្លើយតប
  • 5. ឧត្តម  |  ខែ​មេសា 5, 2010 ម៉ោង 6:23 ល្ងាច

    គឺរឿង«កាបូបលុយ»និងរឿង«កម្មពៀរ»

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែ​មេសា 5, 2010 ម៉ោង 6:33 ល្ងាច

      អូហ៍! អរគុណ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​រឿង​របស់​បង​ ណា ឧត្តម! បើ​មាន​អ្នក​ជួយ​បែប​នេះ​ ល្បី​ឆាប់ៗ​មិន​ខាន​ទេ​ខ្ញុំ! 😀

      ឆ្លើយតប
  • 7. ឧត្តម  |  ខែ​មេសា 5, 2010 ម៉ោង 7:15 ល្ងាច

    ត្រូវហើយបង !!!
    កុំភ្លេចញ៉ុមណា !

    ឆ្លើយតប
  • 8. ភារ:  |  ខែ​មេសា 6, 2010 ម៉ោង 3:11 ព្រឹក

    មើលទៅឃើញច្រើនពេកដូចជាខ្ជិលអាន 😀 តែនឹក បើមិនអានទេដូចជាស្តាយ ស្នាដែសរសេរល្អហើយមានអាន Free ៗទៀត ប៉ុន្តែពេលអានហើយខ្ញុំដូចជាមានមហិច្ឆា ចង់អានស្នាដៃទាំងអស់របស់បងផលហើយនេះ (អូ៎ ខ្ញុំនៅបាត់ដំបង ហើយអត់ដែល ស្គាល់ហាងសៀវភៅអីទេ ចាំមើលរងពឹងប្អូន ហើយមិនដឹងថា នៅឯហ្នឹងមានស្នាដៃបងអត់ទេណ៎! :(។ អរគុណបង ដែលបានដាក់ចែកគ្នាអាន បើអាចចេះតែដាក់បន្តៗទៀតមក 😉

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែ​មេសា 6, 2010 ម៉ោង 3:44 ល្ងាច

      នៅ បាត់ដំបង ប្រហែលអត់​មាន​សៀវភៅ​បង​លក់​ទេ ព្រោះសូម្បី​តែ​នៅ​ភ្នំពេញ​ក៏​មាន​តែ​ប៉ុន្មាន​កន្លែង​ប៉ុណ្ណោះ។ សៀវភៅ​ស្នាដៃ​បង ចែក​ចាយ​អត់​បាន​ទូលាយ​ទេ ហើយ​កំពុង​តែ​នៅ​ចង្អៀត​ក្នុង​ផ្ទះ​។ បងក៏​គិត​ថា នឹង​ដាក់​ស្នាដៃ​ទាំង​អស់​នៅ​ទី​នេះ​ ឱ្យ​គ្រប់​គ្នា​អាន​ដែរ ល្អ​ជាង​ទុក​ឱ្យ​កណ្ដៀរ​កោរ កណ្ដុរ​កាត់​នៅ​ឯ​ផ្ទះ។ យ៉ាងណា​បើ​សិន ភារៈ មក​ភ្នំពេញ ចាំ​បង​ជូន​​​អាន​ណ៎ា!

      ឆ្លើយតប
      • 10. ភារ:  |  ខែ​មេសា 7, 2010 ម៉ោង 4:52 ព្រឹក

        គួរតែអីចឹងហើយបង ទុកវាអោយនៅស្ងៀមគ្មានន័យអីទេ ម៉្យាងស្តាយកំលាំង ស្តាយតំលៃនៃគំនិត យ៉ាងណាអត្ថបទខ្លះរបស់បង ក៏បានរួមចំណែកអប់រំចិត្ត លោងលួមអារម្មណ៍…របស់អ្នកអានដែរ 😦 មិនដឹងពេលណាបានទៅ ភ្នំពេញទេ ប្រហែលជាខ្ញុំត្រូវរង់ចាំមួយរយ:ពេលហើយ 😦

  • 11. oudomheng  |  ខែកក្កដា 19, 2010 ម៉ោង 1:09 ល្ងាច

    បង​ផល​! ពេលណាបានដាក់​ល្ខោននិយាយឲ្យ​ស្តាប់!!! ស៊ុំ​ស្តាប់ផង

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: