ថ្ងៃដែលប្អូនជីដូនមួយខ្ញុំក្លាយជាកូនក្រមុំ
ខែមីនា 8, 2010 at 12:54 ល្ងាច មតិ 11
គឺប្អូនស្រីជីដូនមួយរបស់ខ្ញុំ (ម្ដាយមីងខ្ញុំបង្កើត) នាងឈ្មោះ កន្និកា ជាក្មេងស្រីដ៏ស្អាត ស្មោះត្រង់ ស្លូតបូត តែរាងខ្ជិលបន្តិច…
យាយខ្ញុំស្លូតណាស់ មិនចេះស្អប់ ឬរករឿងអ្នកណាទេ គឹគាត់កាត់តាមខ្ញុំ… អត់ទេ! គឺខ្ញុំកាត់តាមគាត់!
យប់ថ្ងៃរៀបការ យាយដាស់នាង ឱ្យក្រោកតែងខ្លួន… អាណិតណាស់ មើលមុខចុះ គ្នាដេកអត់ទាន់ឆ្អែតទេ… ប្អូនខ្ញុំខុសពីកូនក្រមុំគេផ្សេងទៀត គឺមិនមែនថ្ងៃរៀបការ អរពេក ទាល់តែគេងមិនលក់អីទេ នេះហ៍បើមិនដាស់ពីរបីដង គឺនាងគេងអត់ដឹងមេឃភ្លឺឡើយ!
ពួកគាត់គឺជាម្ដាយមីងរបស់ខ្ញុំ (តាមពិតទៅខ្ញុំហៅតែអ៊ីៗទេ!) តែក្មេងតូចនោះមិនមែនមីងទេ គឺកូនស្រីមីង មើលមុខគេចុះ កំប្លែងខ្លាំងណាស់!
ឃើញកូនក្រមុំស្អាតពេក កូនកំលោះឡើងញ័រដៃ ធ្វើឱ្យជាងថតបង្អាប់លាន់! កូនកំលោះជាអ្នកស្រុកខ្ញុំដែរ ហើយរៀនមុនខ្ញុំពីរឆ្នាំ មានចរិតសុភាពស្លូតបូតត្រឹមត្រូវ ក៏ចេះរកស៊ីបានកាក់កបគ្រាន់បើដែរ។
មើលក្មេងៗគេឈ្លោះគ្នា! សុទ្ធតែប្អូនជីដូនមួយខ្ញុំទេ ហើយពីរនាក់ហ្នឹងឆ្នាស់ដូចគ្នា។ មួយចង្អុលគេហ្នឹងជាប្អូនស្រីកូនក្រមុំ ពូកែច្រណែនបងស្រីវាណាស់ រួចចង់តែឈ្នះគេ តែរៀនពូកែ ខ្ញុំឮតែបានលេខមួយរហូត។
ម្ដាយមីងខ្ញុំ និងពូថ្លៃ ចងដៃកូនប្រុសស្រី
អ្នកផាត់មុខឱ្យកូនក្រមុំហ្នឹងពូកែ ហើយកូនហ្នឹងជាខ្ទើយទេ តែប្រហែលបន្លំធ្វើជាភេទទី៣ ដើម្បីបានប៉ះពាល់ខ្លួនស្រីៗក៏មិនដឹង!
មិនដឹងថាពេលហ្នឹងខ្ញុំនិយាយស្អីទេ! មើលទៅធម្មជាតិ បើឱ្យខ្ញុំដឹងថាគេលួចថត ប្រាកដជាខំរៀបចំខ្លួន មិនធម្មជាតិអ៊ីចឹងទេ!
ឃើញគេស្លៀករូបពណ៌ដូចក្រណាត់បូអ៊ីចឹង ក៏ឱ្យឈរក្បែរ ថតមួយទៅ!
ប្អូនជីដូនមួយក្រមុំ! ធ្លាប់ទៅថតម៉ូដខោអាវនៅ ឡារ៉ែន ម្ដងនឹងគេដែរ តែកាត់តាមខ្ញុំ អារឿងមិនចេះទំនាក់ទំនង អ្នកខ្លះគេថាវាយឫក តែវាយឫកស្អីវា គឺវាមិនដឹងនិយាយស្អីជាមួយគេ! ពេលទស្សនាវដ្ដីចេញលក់ គេឱ្យទៅយក ក៏អត់ទៅយក… ស្រលាញ់សិល្បៈដែរ តែអត់ក្លាហានសោះ!
ថតជុំបងប្អូនជីដូនមួយ តែបាត់បីនាក់ ម្នាក់ទើបតែឆ្លងទន្លេកូនស្រីបានមួយខែ ម្នាក់ទៀតរវល់ទៅចាំផ្ទះនៅក្រចេះ ឯម្នាក់ទៀតកំពុងតែរៀបការ!
មិនដែលបានឃើញប្អូនតែងខ្លួន អ៊ីចឹងចេះតែចង់ថតទុកមើល! ខ្ញុំធ្លាប់គិតថា កូនក្រមុំក្នុងថ្ងៃរៀបការ ផាត់ម្សៅក្រាស់ៗ មើលទៅកាចណាស់ តែមុខប្អូនខ្ញុំនៅតែស្លូតដដែល។
បើរាប់ត្រឹមត្រូវ នាងមិនទាន់គ្រប់១៦ឆ្នាំទេ។ នាងគឺជាប្អូនជីដូនមួយដ៏តូចរបស់ខ្ញុំ ទៅរៀនសុខៗក៏មានគេចូលដណ្ដឹង ហើយក៏រៀបការ… កន្និកា ស្មោះត្រង់ណាស់ ជាក្មេងមិនដែលស្គាល់អីហៅថាសង្សារទេ ក៏នៅចូលចិត្តលេងល្បែងកូនក្មេង អាចនិយាយថាអត់ទាន់ដឹងខ្យល់អីទេ ម្ហូបមួយមុខក៏មិនទាន់ចេះធ្វើដែរ។ ចាស់ៗប្រាប់ខ្ញុំថា ពេលគេចូលដណ្ដឹង អ៊ីខ្ញុំប្រាប់ខាងប្រុសថា កូនគាត់នៅក្មេងពេក អត់ទាន់ចេះធ្វើការងារផ្ទះផង តែខាងប្រុសតបថា គេមិនមែនដណ្ដឹងយកទៅឱ្យធ្វើការនោះទេ រួចគាត់ក៏សួរចិត្តកូនស្រីគាត់ ហើយប្អូនស្រីខ្ញុំបែរជាអត់ប្រកែក ទើបគ្រប់គ្នាយល់ថា គឺជាគូព្រេងរបស់នាង។ ខ្ញុំហួសចិត្តបន្តិច តែក៏គិតថាប្រហែលដូចចាស់ៗគិតហើយ។
ចាំបានកាលខ្ញុំទៅស្រុកលើកមុន គូដណ្ដឹងបានទិញក្រវិលផ្ញើ តែប្អូនខ្ញុំធ្វើធម្មតា ដូចអត់ចង់ទទួលយកទេ ហើយគេមិនដែលសម្លឹងមុខគូដណ្ដឹងគេទេ តែក៏មិនមែនអៀនអីដែរ គឺចរិតកូនហ្នឹងធម្មតាៗ បើចាស់ៗប្រាប់ថា គូដណ្ដឹងមកលេង ឱ្យចេញទៅទទួល នាងក៏ទៅអង្គុយឱ្យគេមើលមុខ រួចចូលក្នុងវិញធ្វើមិនដឹង។ មែនហើយ! តាំងពីតូចមកកូននេះមិនមែនជាមនុស្សលោភលន់ទេ ហើយចិត្តល្អ ពូកែអាណិតគេ។ នឹកឃើញកាលពីប៉ុន្មានឆ្នាំមុន ពួកយើងមកលេងបុណ្យអ៊ុំទូកនៅភ្នំពេញជាមួយគ្នា ពីរនាក់បងប្អូនគឺជាអ្នកស្រែចូលក្រុង ភ្លើៗដូចគ្នាហ្មង… ហ៊ើយ! ដេកនៅផ្ទះបងប្អូនក្បែរវិមានឯករាជ្យ ហើយខ្ញុំចង់នាំប្អូនទៅលេងផ្សារសូរិយា ក៏បបួលគ្នាដើរទៅ ព្រោះគ្មានលុយជិះម៉ូតូឌុប តែដើរៗឃើញស៊ីក្លូក៏នឹកចង់ជិះ រួចក៏ជួបតាធាក់ស៊ីក្លូម្នាក់ចិត្តល្អ ប្រាប់ពួកខ្ញុំថាឱ្យប៉ុន្មានក៏បានដែរ ចាំតាជូនទៅដល់ផ្សារដើរលេងឱ្យសប្បាយនឹងគេ។ លុះទៅដល់ផ្សារ ពួកយើងជូនលុយតាស៊ីក្លូដៃពីរ ហើយអរគុណគាត់ ដែលលុយនោះគឺច្រើនតាមលទ្ធភាព ព្រោះពីរនាក់យើងឃើញគាត់ប្រឹងធាក់ នឹកអាណិតគាត់ខ្លោចចិត្តទៅហើយ។ បន្ទាប់ពីចូលផ្សាររួច ពួកយើងក៏ដើរទៅលេងមាត់ទន្លេ… នឹកឡើងអាណិតប្អូនណាស់ខ្ញុំ ដើរជាមួយខ្ញុំឡើងហើមជើងក៏មិនរអ៊ូមួយម៉ាត់ អត់អីញ៉ាំក៏មិនខ្វល់ ឱ្យតែបានមើលបុណ្យអ៊ុំទូក។ អត់ចាំថា ពួកយើងមានលុយប៉ុន្មានឡើយ គ្រាន់តែចាំថា ពួកយើងមិនហ៊ានទិញអីញ៉ាំទេ ចាំថាញ៉ាំទឹកកកព្រិលម្នាក់មួយកែវ តែក៏ឆ្ងាញ់ និងដើរលេងបានសប្បាយណាស់។ ពេលនេះកូនក្មេងម្នាក់នោះបានរៀបការហើយ។
ជូនពរប្អូនឱ្យជួបតែសុភមង្គលក្នុងជីវិត!
Entry filed under: កម្សាន្ត.
1.
សេរីបណ្ឌិត | ខែមីនា 8, 2010 ម៉ោង 4:02 ល្ងាច
ចុះកាលណាបានដល់វេនបងផល ????
កុំភ្លេចខ្ញុំណា
ទៅផឹកឱ្យណាណីម្ដង ….
2.
ចាន់ផល | ខែមីនា 8, 2010 ម៉ោង 4:30 ល្ងាច
ខ្ញុំចាំឱ្យអ្នកលួចស្រលាញ់ខ្ញុំរៀបការអស់សិន ខ្លាចធ្វើបាបចិត្តគេ ហេហេ គិតតែរឿងផឹកហ្មងណ៎! ចាំការខ្ញុំ ម្ហូបដាក់តែគ្រឿងក្លែមឱ្យច្រើន និងស្រាឱ្យច្រើនបានហើយ។
3.
សេរីបណ្ឌិត | ខែមីនា 8, 2010 ម៉ោង 11:28 ល្ងាច
គ្រាន់តែថាផឹកតើ ! មានបានថាផឹកស្រាឯណា !
4.
រចនា | ខែមីនា 9, 2010 ម៉ោង 9:02 ព្រឹក
ហាហាហា! បងចាន់ចេះគិតពីរឿងរៀបការអីណាៗ! កិកិកិ! និយាយពីប្រកាសនេះ មើលចំណងជើងដំបូងខំតាភ័យ ស្មានតាបងសៀវអេងការ! 😛
5.
nimol | ខែមីនា 9, 2010 ម៉ោង 11:05 ព្រឹក
ប្អូនជីដូនមួយក្រមុំឆ្អាតៗដល់ហើយ! 🙂
6.
សុផានី | ខែមីនា 10, 2010 ម៉ោង 3:29 ល្ងាច
បានឃើញអត្ថបទបង ទើបនឹកឃើញថា ខ្ញុំក៏ទើបតែមានប្អូនជីដូនមួយរៀបការដែរ ហើយនាងក៏ទើបតែមានអាយុមិនដល់ ១៦ ឆ្នាំដែរ តែជាក្មេងស្លូតស្តាប់បង្គាប់គួបផ្សំនិងជីវភាពគ្រួសារមិនសូវអំណោយផលផងក៏ព្រមតាមការរៀបចំរបស់ចាស់ៗទៅ។ ពិតជាអាណិតនាងណាស់ នៅក្មេងមិនទាន់ដឹងអីផងក៏ត្រូវរៀបការ ឯខ្ញុំក៏គ្មានអី្វអាចជួយនាងបាន គឺមានតែជូនពរដល់នាងប៉ុណ្ណោះ។
7.
ចាន់ផល | ខែមីនា 11, 2010 ម៉ោង 2:08 ល្ងាច
ជីវិតមនុស្សមិនមែនកំណត់ដោយខ្លួនឯង ហើយប្រហែលជាគូសចារដោយកម្មពៀរ… ពេលខ្លះខ្ញុំលែងចង់គិតវិភាគច្រើន និងយល់ថាមនុស្សអាចត្រឹមខំរស់តាមវាសនាឱ្យបានល្អបំផុតប៉ុណ្ណោះ កុំចង់បានអ្វីដែលមិនមែនជារបស់ខ្លួន និងត្រូវទទួលយកជីវិតរបស់ខ្លួនដោយសប្បាយចិត្ត។
8.
Navy | ខែមីនា 12, 2010 ម៉ោង 12:09 ព្រឹក
Pretty nice wedding, and she’s pretty and young. It made me miss my old time though….
9.
Kim long | ខែមីនា 12, 2010 ម៉ោង 3:04 ល្ងាច
សរសេរដូចប្រលោមលោកចឹង !! អានកាន់តែយូរ កាន់តែលង់សំដីបងហើយ !! 🙂
10.
បញ្ញា | ខែមីនា 12, 2010 ម៉ោង 8:20 ល្ងាច
ផ្ដាំជូនពរតាមបង ពីខ្ញុំផង!!! 😀
11.
ចាន់ផល | ខែមីនា 13, 2010 ម៉ោង 10:55 ព្រឹក
បាទ អរគុណច្រើន!