ស្រលាញ់មនុស្សម្នាក់…

ខែ​កុម្ភៈ 22, 2010 at 5:44 ល្ងាច មតិ 27

ហេតុអ្វីក៏អ្នកស្រលាញ់គេ? មកពីគេ រូបស្អាត អត្តចរិតល្អ គំនិតឈ្លាសវៃ ឬក៏មកពីអ្វីផ្សេង? ស្រលាញ់មនុស្សម្នាក់… ស្រលាញ់ទង្វើដែលគេប្រព្រឹត្ត ឬក៏ស្រលាញ់ជីវិតគេ? បើថ្ងៃក្រោយអ្នកបានជួបមនុស្សម្នាក់ទៀតដែលល្អជាងគេគ្រប់យ៉ាង តើអ្នកស្ដាយក្រោយដែលធ្លាប់ស្រលាញ់គេ ឬក៏អ្នកគិតថាជារឿងធម្មតា ហើយក៏ឈប់ស្រលាញ់គេ ទៅស្រលាញ់អ្នកដែលល្អជាងគេនោះវិញ?

ប៉ុន្តែខ្ញុំគិតថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបែបនេះទេ…

ស្រលាញ់មនុស្សម្នាក់

ដោយ សុខ ចាន់ផល

ពេលគិតថាត្រូវរស់នៅឯកោ ខ្ញុំពិតជាខ្លាចណាស់។ អារម្មណ៍​នោះ​ប្រៀប​ដូចជា​ស្លឹក​ឈើ​​ដ៏​តូច​មួយ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក រួច​អណ្ដែត​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ដ៏​សែន​ល្វឹង​ល្វើយ។ ទោះ​ជា​យ៉ាងណា ស្ថិត​ក្នុង​អារម្មណ៍​ឯកោ​នោះ ខ្ញុំ​ក៏​អាច​រក​ឃើញ​អារម្មណ៍​រំភើប​កក់ក្តៅ​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ ស្គាល់។ ខ្ញុំ​ដឹង​ថា​អារម្មណ៍​នេះ​គឺ​កើត​ឡើង​ដោយសារ ស្រលាញ់​មនុស្ស​ម្នាក់…

«តើលោកស្រឡាញ់វតីទេ?» ខ្ញុំសួរវាសនា ខណៈ​ដែល​ដឹង​ថា ស្នេហា​របស់​គេ​និង​វតី កំពុង​តែ​ប្រេះឆា។

វតីគឺជានារីដ៏ស្មោះសរមួយរូប។ នាងល្អ​ទាំង​រូបកាយ ល្អ​ទាំង​ដួងចិត្ត។ នាង​ក៏​ជា​ស្រី​ដ៏​ឆ្នាស់​ឆ្នើម ឆេវឆាវ តែ​គុណ​វិបត្តិ​របស់​នាង​ក្នុង​ភ្នែក​អ្នក​ដទៃ​នេះ វា​ក៏​សុទ្ធតែ​ជា​លក្ខណៈ​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​នាង​សម្រាប់​ខ្ញុំ។ ខ្ញុំ​ស្គាល់​វតី​តាំង​ពី​តូច។ នាង​មិន​មែន​ជា​មនុស្ស​ពូកែ យល់​ចិត្ត​អ្នក​ដទៃ​ទេ។ នាង​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ព្រោះ​ពាក្យ​សម្តី​មិន​បាន​គិត​របស់​ នាង។ វតី​ក៏​ល្ងង់​ណាស់​ដែរ គឺ​នាង​មើល​មិន​ដឹង​ថា ខ្ញុំ​ស្រលាញ់​នាង​សោះ។ បុរស​ដែល​នាង​ស្រលាញ់​ឈ្មោះ​វាសនា ហើយ​រឿង​របស់​ពួក​គេ​ទាំងពីរ​នាក់ នាង​ក៏​យក​មក​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ទាំង​អស់។ ខ្ញុំ​តែង​តែ​ញញឹម តែង​តែ​សើច​នៅ​ចំពោះ​មុខ​នាង តែ​បេះដូង​ខ្ញុំ​ស្ទើរ​តែ​រលេះ​រលួយ​ខ្ទេចខ្ទី​ទៅ​ហើយ។ ខ្ញុំ​ធ្លាប់​ចង់​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​នាង ពី​សុភមង្គល​ស្នេហា​របស់​នាង តែ​ខ្ញុំ​នៅតែ​មិន​ដាច់​អាល័យ។

ពេលនេះ ​វតី​អង្គុយ​សម្រក់​ទឹក​ភ្នែក​រាល់​ថ្ងៃ​នៅ​នឹង​មុខ​ខ្ញុំ។ ខ្ញុំ​មិន​ហ៊ាន​តាំង​ខ្លួន​ជា​តួ​រង​ទៅ​ជូត​ទឹក​ភ្នែក​ឲ្យ​នាង​ទេ។ ខ្ញុំ​បាន​ត្រឹម​តែ​ឈឺ​ចាប់​ព្រោះ​ទុក្ខ​របស់​នាង។ ទឹក​ភ្នែក​របស់​នាង​គ្រប់​តំណក់​ហាក់​ស្រក់​ចូល​កែវ​ភ្នែក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា វា​សែន​ល្វីង​ផ្សា ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ថ្លា​របស់​ខ្ញុំ​ជួយ​លាង​សម្អាត។ ទឹក​ភ្នែក​របស់​នាង​ក៏​ស្រក់​ចូល​បេះដូង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ដង្ហក់​ដង្ហើម​ក្តុក​ក្តួល​ស្ទើរ​ទ្រាំ​មិន​បាន។

វតី ​យំ​បណ្ដើរ​រៀបរាប់​ប្រាប់​ខ្ញុំ​បណ្ដើរ​ថា វាសនា​បណ្ដើរ​ស្រី​ម្នាក់​ទៅ​មើល​កុន រួច​យក​តុក្កតា​ដែល​នាង​បាន​ជូន​គេ​ទៅ​ឲ្យ​ស្រី​ម្នាក់​នោះ។ ដល់​ពេល​នាង​សួរ គេ​មិន​បកស្រាយ​សោះ បែរ​ជា​និយាយ​ថា​បើ​នាង​មាន​ចរិត​សង្ស័យ​ច្រើន​យ៉ាង​នេះ សង្ស័យ​ចុះ គ្មាន​អ្វី​ត្រូវ​បកស្រាយ​ទេ។ វតី​យក​ផ្ទាំង​គំនូរ​ទេសភាព​មាត់​សមុទ្រ​មួយ​ផ្ទាំង ដែល​វាសនា​ជូន​នាង​មក​មើល រួច​បន្លឺ​ថា គេ​បាន​សន្យា​នាំ​នាង​ទៅ​លេង​កោះ​ទន្សាយ​យូរ​មក​ហើយ តែ​គេ​មិន​ដែល​នឹក​ឃើញ​សូម្បី​បន្តិច។ នាង​គិត​ថា ខ្លួន​នាង​ប្រហែល​ជា​គ្មាន​តម្លៃ​គ្រប់​គ្រាន់​នៅ​ក្នុង​បេះដូង​វាសនា​ទេ។

ខ្ញុំ ​មិន​ដឹង​ថា​រឿង​រ៉ាវ​របស់​វាសនា​យ៉ាង​ម៉េច​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ទ្រាំ​មិន​បាន​ពេល​ឃើញ​វតី​ឈឺ​ចាប់​យ៉ាង​នេះ ទើប​ខ្ញុំ​ស្កាត់​មក​ជួប​វាសនា​នៅ​កន្លែង​ធ្វើការ​របស់​គេ ដើម្បី​ឲ្យ​គេ​បក​ស្រាយ។ ពេល​ឃើញ​ខ្ញុំ ​និងឮ​សំណួរ​ខ្ញុំ គេ​ភ្ញាក់​ផ្អើល​ណាស់ រួច​សួរ​ខ្ញុំ​ថា «លោកជាអ្នកណា?»

«ខ្ញុំជាមិត្តភក្តិរបស់វតី។» ខ្ញុំតបទៅគេ។

គេសម្លឹងមុខខ្ញុំបន្តិច ទើបនិយាយ «វតីប្រាប់លោកពីខ្ញុំ​យ៉ាង​ម៉េច​ខ្លះ?»

«នាងប្រាប់ខ្ញុំថា លោកក្បត់ចិត្តនាង។ តើពិតមែនទេ?»

«ហ៊ឹះ! វតីគ្មានហេតុផលពេកហើយ! ស្រលាញ់មនុស្សម្នាក់ នាងគួរតែផ្តល់ការទុកចិត្តជឿជាក់… ខ្ញុំមិនដែលសង្ស័យនាង មិនដែលតាមដាននាង តែនាងបែរជាតាមដានខ្ញុំ រួចចោទប្រកាន់ខ្ញុំទាំងទទឹងទិស។»

«ប៉ុន្តែអ្វីគ្រប់យ៉ាងដែលនាងធ្វើ គឺព្រោះតែស្រលាញ់មនុស្សម្នាក់ហើយ!»

«ប្រហែលនាងមានត្រឹមតែក្តីស្រលាញ់ប៉ុណ្ណោះ!»

«អ៊ីចឹងតើលោកចង់ឲ្យនាងមានអ្វីខ្លះទៀត?»

«ចង់ឲ្យនាងទុកចិត្តខ្ញុំ ផ្តល់សេរីភាពឲ្យខ្ញុំ។ ខ្ញុំពិតជាពុំចូលចិត្តបកស្រាយអ្វីនោះទេ។ បើរៀបការរួច រវល់តែបកស្រាយអ្វីគ្រប់យ៉ាងប្រាប់នាងរាល់ថ្ងៃនោះ ខ្ញុំបែបមិនរៀបការឡើយ!»

«ខ្ញុំគិតថា លោកប្រហែលមិនស្រលាញ់វតីទេ!»

«ហេតុអ្វី?»

«ស្រលាញ់មនុស្សម្នាក់ ហេតុអ្វីលោកចង់ឲ្យគេកែប្រែខ្លួនរបស់គេ?»

«…ខ្ញុំ…ខ្ញុំពិតជាស្រលាញ់នាង ប៉ុន្តែ…»

«ប៉ុន្តែលោកចង់ឲ្យនាងប្តូរផ្លាស់ជានារីម្នាក់ទៀត ដែលជឿជាក់លើលោក?»

«…មនុស្សគ្រប់គ្នាត្រូវតែកែប្រែគុណវិបត្តិរបស់ខ្លួន។»

«អ៊ីចឹងគ្រាន់តែស្រលាញ់ម្យ៉ាង មិនគ្រប់គ្រាន់ទេមែនទេ?»

វាសនានៅស្ងៀមបន្តិច ទើបសម្លឹងចំមុខខ្ញុំ ទាំងសួរខ្ញុំថា «លោកឈឺឆ្អាលនឹងវតីបែបនេះ ឬក៏លោកស្រលាញ់នាង?»

ខ្ញុំឆ្លើយសំណួរគេទាំងស្ទាក់ស្ទើរ «ខ្ញុំ…ខ្ញុំស្រលាញ់នាង… ខ្ញុំឃើញនាងខូចចិត្តព្រោះលោក ក្នុងនាមជាមិត្តតាំងពីតូចរបស់នាង ខ្ញុំទ្រាំមើលមិនបានទេ។»

វាសនានៅតែសម្លឹងមកខ្ញុំ ដូចកំពុងរាវរកអាថ៌កំបាំងអ្វីពីចិត្តខ្ញុំ។ ខ្ញុំ​សួរ​គេ​ថា «តើលោកដឹងថា ឥឡូវវតីមានស្ថានភាពយ៉ាងណាទេ?»

គេមិនព្រមមាត់កឡើយ ទើបខ្ញុំប្រាប់គេបន្ត «ខ្ញុំដឹងចិត្តវតីច្បាស់ណាស់។ ក្នុងជីវិតនាង នាងមិនដែលចេះស្រលាញ់បុរសណាទេ។ ពេលនាងស្គាល់លោក វាប្រហែលជាពេលវេលាសំខាន់បំផុតក្នុងជីវិតរបស់នាង។ នាងធ្លាប់ប្រាប់ខ្ញុំថា នាងស្រលាញ់លោកខ្លាំងណាស់ ហើយខ្ញុំដឹងថា ក្តីស្រលាញ់របស់នាងលើរូបលោក ប្រហែលជាគ្មានពីរនៅក្នុងជីវិតនាងទេ។ ខ្ញុំមកជួបលោកថ្ងៃនេះក្នុងបំណងឲ្យលោកដឹងពីស្ថានភាពរបស់វតី ឲ្យលោកដឹងថាតើនាងស្រក់ទឹកភ្នែកព្រោះរូបលោកប៉ុន្មានតំណក់ហើយ។ ក្តីស្រលាញ់របស់វតីចំពោះលោក វាធំធេងពេកហើយ គឺវាធំធេងជាងក្តីស្រលាញ់របស់លោកចំពោះនាង លោកត្រូវដឹង! ក្នុងភ្នែកខ្ញុំវតីគឺជានារីគួរឲ្យស្រលាញ់បំផុត។ សូម្បីអ្វីដែលលោកយល់ថាជាគុណវិបត្តិរបស់នាងនោះ ក៏ខ្ញុំយល់ថាវាគួរឲ្យស្រលាញ់ដែរ។ ខ្ញុំពិតជាចង់មាននារីម្នាក់ប្រច័ណ្ឌខ្ញុំយ៉ាងនេះណាស់។ ហេតុអ្វីលោកមានសំណាងម្ល៉េះ?»

នៅពេលខ្ញុំទម្លាក់សំឡេងឈប់និយាយ វាសនាហាក់​ដូច​ជា​នឹក​ឃើញ​អ្វី​ដែល​គេ​ត្រូវ​ធ្វើ រួច​ក៏​រត់​វឹង​ចេញ​ពី​ខ្ញុំ។ ខ្ញុំ​ស្រែក​ប្រាប់​គេ​ថា «តើលោកភ្លេចពាក្យសន្យា ដែលថានាំនាងទៅលេងកោះទន្សាយហើយមែនទេ?»

គេទច់ជំហានស្តាប់ខ្ញុំចប់ ទើបរត់ទៅបន្តទៀត។ ដួងចិត្ត​ខ្ញុំ​ក្នុង​ពេល​នោះ​គ្រាន់​តែ​រង់​ចាំ​មើល​ពួក​គេ​ត្រូវ​គ្នា​វិញ ​ប៉ុណ្ណោះ។ ថា​ខ្ញុំ​ល្ងង់​ណាស់​មែន​ទេ? ប្រហែល ​ជា​ស្រលាញ់​មនុស្ស​ម្នាក់​ត្រូវ​ល្ងង់​បែប​នេះ​ហើយ។ កន្លង​មក​វតី​តែង​យក​ក្តី​ស្រលាញ់​របស់​នាង​ទៅ​ឲ្យ​វាសនា​រាល់​ថ្ងៃ រីឯ​ខ្ញុំ​បាន​ដើរ​ពី​ក្រោយ​មើល​នាង ហើយ​បើ​ពេល​ណា​ក្តី​ស្រលាញ់​នាង​ជ្រុះ​មក​លើ​ដី ខ្ញុំ​ក៏​រើស​ទុក​ដើម្បី​ឲ្យ​នាង​យក​ទៅ​ឲ្យ​មនុស្ស​ដែល​នាង​ស្រលាញ់​ម្តង​ ទៀត។ ខ្ញុំ​មិន​ដែល​ហ៊ាន​រើស​ក្តី​ស្រលាញ់​នោះ​មក​រក្សា​ទុក​ខ្លួន​ឯង​សោះ ព្រោះ​ខ្ញុំ​ខ្លាច​វតី​មិន​សប្បាយ​ចិត្ត ខ្លាច​នាង​ចាត់​ទុក​ខ្ញុំ​ជា​ចោរ។ ទាំង​នេះ​សុទ្ធ​តែ​កើត​ឡើង​ដោយ​សារ​ខ្ញុំ​ស្រលាញ់​នាង​ខ្លាំង​ពេក ស្រលាញ់​ខ្លាំង​រហូត​មិន​ហ៊ាន​ប្រាថ្នា​ក្តី​ស្រលាញ់​តប​មក​វិញ។

ស្អែក ​ឡើង​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​របស់​វតី ដឹង​ថា​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​លេង​កោះ​ទន្សាយ​ជាមួយ​វាសនា។ សំឡេង​របស់​នាង​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​រំភើប ធ្វើ​ឲ្យ​បេះដូង​ខ្ញុំ​ក្តុកក្តួល តែ​ក៏​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ខ្ញុំ​ស្រក់… សំណើច ​របស់​នាង​បង្ហាញ​ថា នាង​កំពុង​តែ​មាន​សុភមង្គល កំពុង​តែ​នៅ​ក្បែរ​មនុស្ស​ដែល​នាង​ស្រលាញ់ កំពុង​រក​ឃើញ​ជីវិត​ដ៏​មាន​ន័យ តែ​ក៏​កំពុង​ធ្វើ​ឲ្យ​ទឹកភ្នែក​ខ្ញុំ​ស្រក់… ខ្ញុំ ​ស្រក់​ទឹក​ភ្នែក​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ខូច​ចិត្ត ខ្ញុំ​ខឹង​នឹង​នាង ខ្ញុំ​ច្រណែន​នឹង​មនុស្ស​ដែល​នាង​ស្រលាញ់ ឬ​ក៏​ស្រណោះ​ស្រណោក​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​ព្រោះ​ខ្ញុំស្រលាញ់នាង៕

កញ្ញា ២០០៧

Advertisements

Entry filed under: រឿងខ្លី, សៀវភៅ.

ជូនពរស្នេហ៍សំណព្វ ហេហេ ហាហា :)

27 មតិ Add your own

  • 1. ក្មេងតូច  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 8:03 ល្ងាច

    បើជាខ្ញុំ ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់មានហេតុផលនោះទេ (ព្រោះខ្ញុំរកហេតុផល មិនបាន) -_-!
    ពេលដែលខ្ញុំស្រឡាញ់នរណាម្នាក់ ក្នុងចិត្តខ្ញុំបានផុសឡើងនូវពាក្យមួយឃ្លាថា « សេចក្តីស្រឡាញ់ គឺជាការឲ្យ មិនមែនជាការចង់បាននោះទេ » សួរថា មានន័យដូចម្តេច? ខ្ញុំផ្ទាល់ក៏មិនដឹង 😛 តែប្រសិនបើមានថ្ងៃមួយ មនុស្សដែលធ្លាប់និយាយថា ស្រឡាញ់យើង បែរជាទៅស្រឡាញ់អ្នកថ្មី ខ្ញុំរីករាយនឹងឲ្យគេទៅ…ទៅចុះ បើគិតថា គេម្នាក់នោះនិងធ្វើឲ្យអ្នកមានសេចក្តីសុខ…!! ខ្ញុំមិនទៅដណ្តើមឲ្យខាតពេលនោះទេ!!
    អត់ដឹងនិយាយអីទៀតទេនៀក…ទៅវិញហើយពូ…ជម្រាបលា (ម៉ោអត់ជម្រាបសួរ តែទៅវិញជម្រាបលា គួរសមណាស់ញុម)

    អត់មានអីផង 😀 (ចេះនិយាយ តាមស្ពតពាណិជ្ជកម្ម Mfone) ^_^

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 10:48 ព្រឹក

      និយាយ​ពីស្ពត Mfone អ៊ីចឹង ខ្ញុំ​ឮ​គេ​សួរ​ថា ចង់​ឱ្យ​តួស្រី​បាន​អ្នកណា មែន​ទេ? (អត់ច្បាស់ ព្រោះ​បាន​មើល​តែ​កន្លែង​គេ​សួរ​​ហ្នឹង​ ទើប​ដឹង​ថា គេ​សួរ​ឱ្យ​យើង​រើស​​ចុង​បញ្ចប់) 😦
      ហើយ​ ក្មេងតូច មាន​ផ្ញើ​ចុង​បញ្ចប់​ដែល​ចង់​បាន​ប្រាប់​គេ​នៅ? ចង់​ឱ្យ​ម៉េច​ដែរ? តិច​​មាន​គំនិត​អាក្រក់ ចង់​ឱ្យ សិទ្ធ និង បូរ៉ា ស្រលាញ់​គ្នា?

      ឆ្លើយតប
      • 3. ក្មេងតូច  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 11:46 ព្រឹក

        អត់ទេ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
        បើជាខ្ញុំ ខ្ញុំនឹងមិនយកទាំង២ 😀 សិទ្ធក៏មិនយក បូរ៉ាក៏មិនយក! ព្រោះយក១ ខុសមួយ!

      • 4. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 12:09 ល្ងាច

        អ៊ីចឹងបាន​​ថា បើ​ក្មេង​តូចជា​​អ្នកនិពន្ធ សង្ស័យ​​តែ​ឱ្យ សិទ្ធ និង បូរ៉ា ស្រលាញ់គ្នា 😆

      • 5. ក្មេងតូច  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 8:56 ល្ងាច

        អត់ទេពូ! ថ្វីត្បិតតែញុមចឹងមែន តែគេថា «ធ្វើម្ហូប តម្រូវចិត្តអ្នកហូបណា» (ទះដៃ!!) ^_^

  • 6. កុមារកាមទេព  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 3:09 ល្ងាច

    ស្រលាញ់មនុស្សម្នាក់មិនចាំបាច់មានហេតុផលនោះទេ ហើយស្រលាញ់ មនុស្សគេក៏គ្មានទោសដែរ។
    នៅក្នុងលោកនេះ គ្មានអ្វីនៅឋិតថេរទេ សូមឲ្យតែរក្សារបស់នៅចំពោះមុខទៅបានហើយ។
    កុមារកាមទេពសូមបញ្ចេញវាចារប៉ុនហ្នឹងចុះ ព្រោះការស្រលាញ់គ្នា ជាភារកិច្ចខ្ញុំ។

    ឆ្លើយតប
  • 7. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 3:49 ល្ងាច

    ខ្ញុំ​គិត​ថា ស្រលាញ់​មនុស្ស​ម្នាក់​មិន​មែន​សំខាន់​លើ​​ពាក្យ​ថា ខ្ញុំ​ស្រលាញ់​អ្នក នោះ​ទេ ក៏​មិន​សំខាន់​នឹង​បាន​ដឹង​ថា​ អ្នក​ស្រលាញ់​ខ្ញុំ នោះ​ដែរ។ ស្រលាញ់​គឺ​ស្រលាញ់… នៅតែ​​ស្រលាញ់… ស្រលាញ់​ជារៀង​រហូត…

    ឆ្លើយតប
  • 8. កុមារកាមទេព  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 5:26 ល្ងាច

    ចុះបងផលឯងមាន ប្រពន្ធ ឬសង្សារហើយនៅ បើមិនទាន់ទេ សូមជាវព្រួញ កាមទេពទៅ ធានាថា បានដូចចិត្តប៉ងប្រាថ្នា!!!!!!
    ព្រោះព្រះបិតា ទើបតែប្រទានធ្នូ និងព្រួញថ្មីមកយើង (ខ្ញុំ)!!!

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 5:35 ល្ងាច

      មិនបាច់ទេ ព្រោះ​ស្រលាញ់​មនុស្ស​ម្នាក់​មិន​បាច់​យក​គេ​មក​នៅ​ក្បែរ​ខ្លួន​ ឱ្យ​អំពុល​ទុក្ខ​ជាមួយ​ទេ! 😀

      ឆ្លើយតប
      • 10. កុមារកាមទេព  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 6:31 ល្ងាច

        ពិតមែនហ្អីបង? ចាំខ្ញុំច្រកដាក់បាវយកមក upload ក្នុង wordpress ឲ្យមើល ព្រោះ សុទ្ធតែក្មេងៗ

      • 11. សេរីបណ្ឌិត  |  ខែ​មីនា 8, 2010 ម៉ោង 11:45 ល្ងាច

        ខ្ញុំ​មិន​យក​គេ​មក​ឱ្យ​អំពុល​ទុក្ខ​ទេ…
        តែ​ខ្ញុំ​ឱ្យ​គេ​មក​ទទួល​ភាព​សប្បាយ​រីករាយ​ពី​ខ្ញុំ….
        ហើយ​ខ្ញុំ​រង់​ចាំ​ឱ្យ​គេ​ចែក​រំលែក​ក្ដី​ឈឺចាប់​របស់​គេ​មក​ឱ្យ​ខ្ញុំ (បើ​សិន​ជា​គេ​មាន)….

    • 12. សេរីបណ្ឌិត  |  ខែ​មីនា 8, 2010 ម៉ោង 11:45 ល្ងាច

      សុំ​មួយ​ដែរ​មក៍ កុមារ​កាមទេព…

      ឆ្លើយតប
  • 13. បញ្ញា  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 7:14 ល្ងាច

    សួស្ដី!!រីករាយដែលបានស្គាល់!!!

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 10:16 ព្រឹក

      🙂 សួស្ដី! រីករាយ​ដែល​បាន​ស្គាល់​ដូច​គ្នា!

      ឆ្លើយតប
  • 15. វិចិត្រ  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 10:17 ល្ងាច

    រឿងពិត​ជាកំសត់​​មែន។

    សង្ស័យ​អ្នក​និពន្ធ​ មែន​ទែន​ជា​តួ​កំសត់ម្នាក់​នោះ​ទេ បាន​សរសេរ​រឿង​បែប​នេះ​ទៅ​រួច

    ឆ្លើយតប
    • 16. ចាន់ផល  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 11:45 ព្រឹក

      😥 ខ្ញុំកំពុង​តែ​ឆ្ងល់​ថា តើ​លួច​ស្រលាញ់​គេ បាប​អត់​ហ្ន៎?

      ឆ្លើយតប
      • 17. វិចិត្រ  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 2:47 ល្ងាច

        ម៉េច​លួច​គេ ហើយ​អត់​ចង់​ទទួល​បាប..? 😀

  • 18. គីមឡុង  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 10:24 ល្ងាច

    ហេបញ្ញា ! ខានជួបយូរហើយ ! សុខសប្បាយទេ? ស្ងាត់ៗមនប្លកមួយដែរ ! អត់ប្រាប់គ្នាសោះ ! 🙂

    ឆ្លើយតប
  • 19. កុមារកាមទេព  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 3:28 ល្ងាច

    លួចស្រលាញ់គេ អតមានខុសទេ កុំជឿអ្នកថាឲ្យបងផល!!!!

    ឆ្លើយតប
    • 20. វិចិត្រ  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 3:34 ល្ងាច

      សង្ស័យតែ​អ្នក​ជួយ​កាន់​ជើង​គ្នាហ្នឹង ធ្លាប់​លួច​ស្រលាញ់​គេ ដែរ​ទេមើល​ទៅ 😀

      ឆ្លើយតប
      • 21. កុមារកាមទេព  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 4:06 ល្ងាច

        ចុះបើមែន!!! គេក៏មាននិយាយដែរ ស្រលាញ់មនុស្សម្នាក់គឺគ្មានទោសទេ ពូ ចិត្រ។

      • 22. សេរីបណ្ឌិត  |  ខែ​មីនា 8, 2010 ម៉ោង 11:48 ល្ងាច

        ស្រលាញ់​មនុស្ស​ម្នាក់​អត់​ខុស​អី​ទេ…
        តែ​សូម​កុំ​បំបែកបំបាក់​ក្ដី​ស្នេហ៍​របស់​អ្នក​ដទៃ…

  • 23. ចាន់ផល  |  ខែ​មីនា 9, 2010 ម៉ោង 11:56 ព្រឹក

    បើ​គ្រប់យ៉ាង​ចេះ​តែ​ប្រែប្រួលបែបនេះ ស្រលាញ់​មនុស្ស​ម្នាក់​ក៏​អាច​ឈប់​ស្រលាញ់​ដែរ… មិនមែន​និយាយ​ពី​ខ្លួន​ឯង​ទេ តែ​និយាយ​បែប​នេះ ដើម្បី​អាច​ទទួល​យក​ការ​ប្រែប្រួល​របស់​អ្នក​ដទៃ។

    ឆ្លើយតប
  • 24. ចាន់ផល  |  ខែ​មីនា 9, 2010 ម៉ោង 12:46 ល្ងាច

    អនុស្សាវរីយ៍​រវាងនាង​និង​បុរសម្នាក់​នេះ​ក្នុង​សហករណ៍​ជាមួយ​គ្នា​ បាន​បណ្ដាល​អោយ​នាង​លង់​ខ្លួន​ស្រលាញ់​គាត់​ដោយ​មិន​ដឹង​ខ្លួន។ គឺមិន​ដឹង​ខ្លួន​ថានាង​ស្រលាញ់​គាត់​តាំង​ពី​ពេល​ណា។ នាង​មិន​ដឹង​ថា នាង​បាន​ស្រលាញ់​គាត់​ដោយ​សារ​តែអ្វីផង។ គាត់​សង្ហារ?​ គាត់​ជាមនុស្ស​ល្អ? រឺមក​ពីគាត់​ជា​មនុស្ស​មាន​​ការ​យល់​ដឹង​ច្រើន?។ តែ​នាង​ដឹង​ថា នាង​ស្រលាញ់​គាត់។ សេចក្ដី​ស្រលាញ់​តែ​មួយ​ វា​បាន​បិទបាំង​រូបគាត់​ជិត មិន​អោយ​នាង​មើល​ឃើញ​អ្វីទាំង​អស់​ផ្សេង​ពី​នេះ… មិន​ត្រឹម​តែប៉ុណ្ណោះ​វា​ថែម​ទាំង​ធ្វើ​អោយ​បញ្ញា​របស់​នាង​លែង​ដំណើរ​ការត​ ទៅ​ទៀត។

    គំនាប​ប្រពៃណីខ្មែរ​បាន​កៀបរិត​នាង​ជាប់ ​មិន​អនុញ្ញាត​អោយ​នាង​សំដែង​សេចក្តី​ស្រលាញ់​របស់​នាង​ចំពោះ​បុរសម្នាក់​ នេះ​បាន​ឡើយ។ សង្គម​ក្អែក​ខ្មៅ ស្នេហា​ជា​ទង្វើ​ខុស​សីលធម៌ ជាកំអែល​សក្តិភូមិ ជា​ទង្វើ​អាវាសែ។ តែ​គំនាប​នេះ មិនអាច​ហាម​ឃាត់​ចិត្តនាង​មិន​អោយ​លួច​ស្រលាញ់​គាត់​បាន​ឡើយ។

    អ្វី​ដែល​បុរស​ម្នាក់​នេះ​បាន​ធ្វើ​ទៅ​លើរូប​នាង បាន​ធ្វើ​អោយ​នាង​ស្មានដោយ​ព្រាវៗ​ថាគាត់​ប្រហែល​ជា​ស្រលាញ់​នាង។ តែ​ជួនកាល​នាង​គិត​ថា គាត់​ប្រហែល​ជាមិន​ស្រលាញ់​នាង​ទេ​ គេ​មិន​ដែល​និយាយថាស្រលាញ់​នាង​ផង គេ​ប្រហែល​ជា​គ្រាន់​តែរាប់​អាន​នាង​ធម្មតា​តែ​ប៉ុណ្ណោះ។

    សហករណ៍​រលាយ​ បុរសម្នាក់​នេះក៏​ត្រូវវិល​ទៅ​ស្រុក​របស់​គេ​វិញដែរ។ នៅ​ពេល​ដែល​គាត់​ចាក​ចេញ​ទៅ នាង​ចង់​និយាយ​អ្វីម្យ៉ាង​ប្រាប់​ដល់​គាត់​ តែ​នាងមិន​អាច​និយាយ​ចេញ​បាន បាន​ត្រឹម​តែ​លួច​មើល​ពី​ចំងាយ។ តួ​ឯកក្នុងប្រលោមលោក ​គេ​សន្យា​ដល់​នារី​កំពូល​ស្នេហ៍​របស់​គេ​នៅពេល​ដែល​បែក​គ្នា ថា​គេ​នឹង​វិល​វិញ វិល​​មក​រក​នារី​របស់​គេ​តាម​ពាក្យ​សន្យា.. មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ បី​ឆ្នាំ …។ តែ​បុរស​កំពូល​ស្នេហ៍​របស់​នាង​បាន​ចាក​ចេញ​ទៅ​ដោយ​គ្មាន​បន្សល់​ពាក្យសន្យា ​អ្វី​មួយម៉ាត់ ។ តែ​នោះ​វាមិន​មែន​ជា​កំហុស​របស់​គាត់ទេ។ គាត់​មិន​ដែល​និយាយ​ថា​ស្រលាញ់​នាង​ផង ហើយ​នាង​ក៏​មិន​ដែល​និយាយ​ថា​ស្រលាញ់​គាត់​ដែរ។ ស្នេហា​នោះ​វា​ឋិត​នៅ​ជា​អាថ៌កំបាំង​ក្នុង​ចិត្ត​នាង ដែល​មាន​តែ​នាង​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ដឹង ហើយ​ប្រហែល​នាងលួច​ស្រលាញ់​គាត់​តែ​ម្នាក់​ឯង​ផង​ក៏​មិន​ដឹង។

    ទោះ​បី​ជា​មិន​ដឹង​ថា គាត់​នឹង​វិល​មក​វិញឬក៏​អត់​ក៏​ដោយ នាង​នៅ​តែរង់​ចាំ​គាត់ រង់​ចាំ​ថ្ងៃ​ដែល​គាត់​មក​ស្ដី​ដណ្ដឹង​នាង​តាម​ប្រពៃណី។ រង់ចាំ​ថ្ងៃនោះ​ ​ទោះគ្មាន​សង្ឃឹមនិង​មានសង្ឃឹម។ រង់ចាំ​ថ្ងៃ​នោះ​ទោះ​គ្មាន​ពាក្យ​សន្យា៕

    រ៉ែន, ០៨ មិនា ២០១០

    ដោយ វិចិត្រ

    😥 បង​វិចិត្រ​ ពូកែ​សរសេរ​ណាស់!

    ឆ្លើយតប
    • 25. វិចិត្រ  |  ខែ​មីនា 10, 2010 ម៉ោង 3:07 ល្ងាច

      ខ្ញុំអញ្ចឹង 😀 😀 😀

      តាម​ពិត​ ខ្ញុំ​លួច​រឿង​ពិត​របស់​គេ​មក​សរសេរ​សោះ។

      ឆ្លើយតប
      • 26. ចាន់ផល  |  ខែ​មីនា 10, 2010 ម៉ោង 3:16 ល្ងាច

        វាជារឿងពិត​ដែលកប់ក្នុងចិត្តមនុស្សម្នាក់​​ បើបងមិនសរសេរ ​ខ្ញុំក៏អត់​បាន​ដឹង​! អានហើយក៏​ដក់ក្នុងចិត្តខ្ញុំដែរ បងចិត្រពូកែ! 😀

  • 27. Kim long  |  ខែ​មីនា 9, 2010 ម៉ោង 3:33 ល្ងាច

    ស្រលាញ់មនុស្សម្នាក់ !!! មានន័យយ៉ាងមិចទៅ ! ខ្ញុំពិតជាមិនយល់ឡើយ ! ខ្ញុំធ្លាប់លឹមនុស្សជាច្រើននិយាយពីវា ! ខូចចិត្តដោយសារវា ! ហើយហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីវា ! តើហេតុអ្វីទៅ ម្តេចក៏ពាក្យពីរម៉ាត់ដ៏កំបុតកំបុយនេះ ធ្វើអោយមនុស្សជាច្រើនត្រូវរងវិបត្តិ? សរសេរលែងចេញហើយ ខ្ញុំមានអារម្មណ៏ថា ក្តៀនគំនិតខ្លាំងណាស់ !!!! 😦

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: