កាបូប​លុយ

ខែ​កុម្ភៈ 15, 2010 at 5:09 ល្ងាច មតិ 11

គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ទេ មែន​ទេ? ទោះ​មើល​ឃើញ​ថា​មាន​ចរិត​ចាស់​ទុំ​យ៉ាងណា ក៏​មាន​ពេល​ធ្វើ​រឿង​ល្ងង់​ដូចជា​កូន​ក្មេង… មើល​ទៅ​ជា​មនុស្ស​រឹង​ប៉ឹង ពោរ​ពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម ក៏​ប្រហែល​ជា​ឧស្សាហ៍​ពួន​ស្រក់​ទឹក​ភ្នែក… តាំង​ចិត្ត​ថា​ត្រូវ​ឧស្សាហ៍​ព្យាយាម​គ្រប់​ពេល ក៏​គង់​ចេះ​លួច​ខ្ជិល​ម្ដង​ម្កាល… ប្រហែល​នេះ​ហើយ​ជា​ជីវិត ជា​ពេល​វេលា​ដែល​តែង​តែ​ដើរ​ទៅ​មុខ ជា​វាល​វដ្ដសង្សារ​នៃ​អារម្មណ៍​ប្រែ​ប្រួល…

ទោះ​ជា​យ៉ាងណា យើង​មិន​អាច​ភ្លេច​ពាក្យ​ថា «គុណ​ធម៌» បាន ​ទេ។ រស់​នៅ​ត្រូវ​រៀន​ឱ្យ​ខ្លួន​ឯង​មាន​គុណ​ធម៌។ រស់នៅ​រាល់​ថ្ងៃ​មិន​មែន​ដើម្បី​តែ​ខ្លួន​ឯង​ទេ គឺ​ដើម្បី​ញាតិ​មិត្ត ក្រុម​គ្រួសារ មាតុភូមិ​ជា​ទី​ស្រលាញ់ និង​ពិភព​លោក​របស់​យើង។

«គ្មាន​អ្វី​រីករាយ​ជាង​បាន​ធ្វើ​អំពើ​ល្អ​ទេ ហើយ​គ្មាន​អ្វី​ត្រេកអរ​ជាង​ការ​ភ្ញាក់​រឭក​ឡើយ» នេះ​គឺ​ជា​អារម្មណ៍​ដែល​បណ្ដាល​ឱ្យ​ខ្ញុំ​សរសេរ​បាន​រឿង​ខ្លី​មួយ​នេះ!

កាបូបលុយ


មិត្តភក្តិទូរស័ព្ទមកតឿនខ្ញុំឱ្យស្រូតទៅជួបជុំជប់លៀង ​ជាមួយ​ពួកគេ។ ពេល​​បើក​ឡាន​​ចេញ​ពី​កន្លែង​ធ្វើការ ខ្ញុំឃើញ​ជន​រង​គ្រោះ​ម្នាក់​ឈាម​ស្រោច​ជោក​ខ្លួន ដេក​ស្តូក​ស្តឹង​នៅ​នឹង​មាត់​ផ្លូវ​ចូល​មន្ទីរ​ពេទ្យ។ ឃើញ​ខ្ញុំ​​បើក​កញ្ចក់​ឡាន មីង​ម្នាក់​ស្រែក​ប្រាប់​ខ្ញុំ “លោកគ្រូ​ពេទ្យ ជួយ​មើល​គាត់​ផង! គាត់​ត្រូវ​ឡាន​បុក​ធ្ងន់​ណាស់ តែ​ម្ចាស់​​ឡាន​​រត់​បាត់​ស្រមោល​ហើយ។”

ខ្ញុំ​សម្លឹង​មើល​ជន​រងគ្រោះ​នោះ​ម្តង​ទៀត មុន​នឹង​បិទ​កញ្ចក់​បើក​ឡាន​ចេញ​ទៅ។ គេ​ថា​មាន​តែ​អ្នកក្រ​នោះ​ទេ ដែល​ដឹង​សុខ​ទុក្ខ​អ្នក​ក្រ​ដូច​គ្នា។ តួយ៉ាង​ដូច​ស្ថានភាព​នេះ មនុស្ស​បី​បួន​នាក់​ដែល​ខ្វល់​នឹង​ជន​សន្លប់​នោះ​សុទ្ធ​សឹង​តែ​ជា​អ្នក​ក្រ ដែល​រស់​នៅ​ម្តុំ​មន្ទីរ​ពេទ្យ។ តាម​មើល​ទៅ​អ្នក​រងគ្រោះ​នោះ​ប្រហែល​ជា​តា​ចាស់​សុំ​ទាន ដើរ​ធ្វើ​ពុត​ជា​ខ្វាក់​ភ្នែក បាប​កម្ម​ក៏​ត្រូវ​គេ​បុក​ឱ្យ​រាង​ចាល។

ខ្ញុំ​ចត​ឡាន​ស្រួល​បួល រួច​ដើរ​ចូល​ទៅ​ក្នុង​សួន​រាត្រី។ ឆាក​ជីវិត​ដ៏​សែន​ខ្លី តើ​មនុស្ស​ត្រូវ​ស្វែង​រក​ន័យ​អ្វី​ឱ្យ​ខ្លួន​ឯង? ការងារ​ជា​វេជ្ជ​បណ្ឌិត អត្ថន័យ​វដ្ត​សង្សារ​នៅ​ជិត​ខ្ញុំ​បង្កើយ។ នៅ​ក្នុង​មន្ទីរ​ពេទ្យ​តែ​មួយ ទារក​ដែល​ទើប​នឹង​កើត​ដំណាល​គ្នា​នឹង​ចាស់​ជរា​ដែល​ស្លាប់​ទៅ​វិញ។ មាន​តែ​ការ​សោយ​សុខ​ទេ ទើប​ជា​ការងារ​ពិត​ប្រាកដ​របស់​មនុស្ស។ ក្រេប​ស្រា​ដ៏​ឈ្ងុយ អង្គុយ​កៀក​កើយ​នារី​ដ៏​ស្រស់​សោភា តើ​អ្នក​ណា​ថា​ទេវតា​នៅ​លើ​មេឃ សប្បាយ​ជាង​មនុស្ស?

“លោកពូ! ជ្រុះកាបូបលុយហើយ!”

ខ្ញុំងាកទៅឃើញក្មេងស្រីលក់ផ្កាម្លិះម្នាក់ រត់យកកាបូបលុយមកហុចឱ្យខ្ញុំ។ ខ្ញុំ​សម្លឹង​មុខ​វា រួច​យក​កាបូប​លុយ​របស់​ខ្ញុំ​មក​មើល។ ក្មេងស្រី​នោះ​ក៏​ស្រាប់​តែ​ដើរ​រុយ​ទៅ​វិញ ធ្វើ​ឱ្យ​ខ្ញុំ​ទៅ​ជា​ឆ្ងល់​នឹង​អាកប្ប​កិរិយា​នេះ។

“ឈប់សិន!”

ក្មេងស្រីងាកមក ព្រមទាំងសួរខ្ញុំ “ពូចង់ទិញផ្កាអ្ហេះ?”

ខ្ញុំងក់ក្បាល ទើបវាដើរមកវិញ។ ខ្ញុំនៅតែសម្លឹងមើលវាគ្មានប្រិច មិនខ្វល់​នឹង​ស្តាប់​តម្លៃ​ផ្កា​ម្លិះទេ ព្រោះខ្ញុំចង់ស្តាប់អារម្មណ៍របស់វាប៉ុណ្ណោះ។ ខ្ញុំសួរវាថា “ហេតុអ្វី​ឯង​មិន​យក​កាបូប​លុយ​ខ្ញុំ​រត់​ទៅ​ផ្ទះ​ទៅ?”

វាហាក់ឆ្ងល់នឹងសំណួរខ្ញុំ “ព្រោះវាជារបស់ពូ!”

“ឯងដឹងថានៅក្នុងកាបូបលុយនេះមានប្រាក់ប៉ុន្មានទេ?”

វាគ្រវីក្បាល។

“ប្រាក់ក្នុងកាបូបនេះអាចឱ្យឯងឈប់ដើរលក់ផ្កាបានប្រហែលមួយឆ្នាំ។”

វាសម្លឹងមុខខ្ញុំភ្លឹះៗ ទើបខ្ញុំថាឱ្យវា “តើឯងកំពុងស្តាយមែនទេ?”

“អត់ទេ! ខ្ញុំចូលចិត្តដើរលក់ផ្កា អត់ចង់ឈប់លក់ផ្កាផង!”

ខ្ញុំហាក់ដូចជាចង់សើចបន្តិចយំបន្តិច ហួសចិត្តនឹងក្មេងស្រីដ៏ល្ងង់ខ្លៅ​នេះ។ រួច​ខ្ញុំ​ហូត​លុយ​ពី​កាបូប ប្រាំម៉ឺនរៀលហុចឱ្យទៅវា។

“ផ្កាខ្ញុំមួយភួងតែមួយពាន់រៀលទេ!”

“យកទៅ ពូឱ្យឯង!” ខ្ញុំប្រាប់វា។

“តែ… ពុកម៉ែខ្ញុំមិនឱ្យយកប្រាក់អ្នកណាទទេៗឡើយ។”

“ជាប្រាក់សងគុណឯង ដែលរើសកាបូបលុយឱ្យពូ។”

ក្មេងស្រីបែរជាគ្រវីក្បាល “គ្រាន់តែរើសកាបូបលុយជូនពូប៉ុណ្ណឹង មិន​លំបាក​អី​ផង ហេតុអី​ត្រូវបាន​លុយសងគុណ? ពុកម៉ែខ្ញុំប្រាប់ថា ធ្វើមនុស្សត្រូវចេះ​ជួយគ្នា​ទៅវិញ​ទៅមក ទើបរស់នៅបានសប្បាយចិត្តទាំង​អស់គ្នា។”

ខ្ញុំសើចរលាក់តិចៗដាក់វា “តើអ្នកណាគឺជាពុកម៉ែរបស់ឯង? ពួកគាត់គឺជាលោកសង្ឃ និងដូនជីអ្ហ៊ៃ?

“ពុកខ្ញុំជាកម្មករសំណង់ ម៉ែខ្ញុំលក់បន្លែនៅផ្សារ។”

ខ្ញុំនៅស្ងៀមទ្រឹង ព្រោះខួរក្បាលដូចជាច្របូកច្របល់នឹងពាក្យ​មួយម៉ាត់ៗ​របស់​ក្មេង​ស្រី​នេះ។ ឃើញ​សភាពខ្ញុំ វាក៏ប្រាប់ខ្ញុំទៀត “ពុកម៉ែខ្ញុំតែងតែប្រាប់ខ្ញុំថា ជួយគ្នា​គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស។ ខ្ញុំសប្បាយចិត្ត​ណាស់​ដែល​អាច​ជួយ​រើស​កាបូប​លុយ​ជូន​ពូ ព្រោះ​បើ​ពូ​បាត់​កាបូប​លុយ ពូ​នឹង​ស្តាយ​មិន​សប្បាយ​ចិត្ត។ ពុកម៉ែ​ខ្ញុំឱ្យចេះ​យក​ចិត្តគេ​ប្រៀប​នឹង​ចិត្ត​ខ្លួនឯង ហើយ​ត្រូវ​ជួយ​អ្នកដទៃ​ឱ្យ​ដូច​ជួយ​ខ្លួន​ឯង។”

ពិតជាល្ងង់ បង្រៀនកូនឱ្យល្ងង់មែន! ខ្ញុំបញ្ចើចឱ្យវាថា “ពុកម៉ែ​ឯង​តែងតែ​ប្រដៅ​ទៀត​ថា ធ្វើ​ល្អ​​បាន​ល្អ​មែន​ទេ?”

“ចាស! ពុកម៉ែខ្ញុំថា មនុស្សតែងតែដណ្តើមគ្នាធ្វើអំពើអាក្រក់ មិនសូវមានអ្នកដណ្តើមគ្នាធ្វើអំពើល្អឡើយ។ តាមពិតធ្វើអំពើល្អគ្មានអីលំបាកទេ។”

ក្មេងស្រីនេះនិយាយគ្រប់ម៉ាត់សុទ្ធតែពាក្យម៉ែឪវា ខ្ញុំក៏សួរម៉ែឪវាតាមរយៈវាថា “ចុះកន្លងមកគ្រួសារឯងធ្វើអំពើល្អ បានផលល្អអីខ្លះហើយ?”

“មិនឃើញបានអីផង!”

ខ្ញុំសើចខឹកៗ “ក្រែងថាធ្វើល្អបានល្អអ្ហេះ?”

“ពុកម៉ែខ្ញុំថា បើធ្វើល្អចង់បានផល មិនមែនមានន័យថាធ្វើល្អទេ!”

ខ្ញុំនៅទ្រឹងជាលើកទីពីរ គិតថាគ្រួសារពិតជាសាលារៀនទីមួយ​របស់មនុស្ស​មែន។ កម្មករ​សំណង់​ និងអ្នកលក់បន្លែ មានន័យថាជាមនុស្សបរាជ័យ​បាត់ទៅ​ហើយ ឬក៏​ពួក​គេ​ចង់​ឱ្យ​កូន​ដើរតាមគន្លងរបស់ខ្លួន? ឃើញខ្ញុំនៅស្ងៀម ក្មេងស្រី​នោះ​ប្រុង​ដើរ​ចេញ តែ​ខ្ញុំ​ឃាត់​វា​សួរ​ទៀត “តើថ្ងៃក្រោយឯងចង់ធ្វើការអី ឬ​ក៏​ចង់​ដើរ​លក់​ផ្កា​រហូត?”

វាគិតបន្តិចទើបឆ្លើយ “ពុកម៉ែខ្ញុំប្រាប់ថា ការងារអីក៏ល្អដែរ ឱ្យតែមនុស្សចេះឱ្យតម្លៃ។ ពុកជាកម្មករសំណង់សង់ផ្ទះឱ្យមនុស្សនៅ ម៉ែគឺជាអ្នកលក់បន្លែឱ្យគេយកទៅធ្វើម្ហូប ឯខ្ញុំក្រៅពីទៅរៀនក៏ដើរលក់ផ្កា គ្រាន់បានប្រាក់ចំណេញបន្ថែមជួយពួកគាត់។”

មនុស្សល្អតែងត្រូវមនុស្សអាក្រក់ធ្វើបាប។ មនុស្សដូចជាពុកម៉ែក្មេងនេះប្រាកដ​ជា​ត្រូវគេ​​ធ្វើ​បាប រហូតក្លាយជាមនុស្សកំសាកអស់ទៅហើយ។ ខ្ញុំសួរវាទៀតថា “តើពួកឯងមិនដែលចង់បានទ្រព្យសម្បត្តិទេ មែនទេ?”

“ពុកម៉ែខ្ញុំធ្លាប់ប្រាប់ខ្ញុំថា ទ្រព្យសម្បត្តិចាំបាច់ជាងគេគឺគុណធម៌។ រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌។”

គុណធម៌ពេកទើបមួយជាតិនៅតែក្ររហាម។ ក្មេងស្រីក៏ដើរចេញពីខ្ញុំ ទៅ​លក់​ផ្កា​របស់​វា​បន្ត។ វា​ប្រាកដជាគិតរហូត ក្រែងអាចធ្វើអំពើល្អលើអ្នកណាម្នាក់ ដើម្បី​ប្រាប់​ឱ្យ​ម៉ែឪ​វា​សប្បាយ​ចិត្ត។ ពិតចំជាមនុស្ស​ម្នាក់ក្នុងមួយលាននាក់មែន! ហ៊ឹះ!… ហាស! ហាស! កម្មករមានគុណធម៌អ៊ីចឹងតើ បាននៅតែកម្មករ!… ខ្ញុំសប្បាយចិត្តណាស់ ដែលអាចជួយរើសកាបូបលុយជូនពូ… មនុស្សតែងដណ្តើមគ្នាធ្វើអំពើអាក្រក់… ធ្វើអំពើល្អចង់បានផល មិនមែនមានន័យថាធ្វើល្អទេ… រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌… ហាស! ហាស!… ការងារអីក៏មានតម្លៃដែរ សូម្បីតែអ្នកលក់បន្លែ… ទម្រាំខ្ញុំជាវេជ្ជបណ្ឌិត… ហាស!…

ខ្ញុំនឹកឃើញសើចៗ។ មិននឹកស្មានថា ព្រោះតែពាក្យរបស់ក្មេងស្រីលក់ផ្កាម្នាក់ ធ្វើ​ឱ្យ​ខ្ញុំ​ដើរលែងចង់​ទៅមុខ រហូតដល់ឈប់ធ្មឹង សម្លឹងទៅរកទីកន្លែង​ដែលខ្ញុំ​ធ្លាប់​តែ​រក​ន័យ​ឱ្យ​ជីវិត។ មិត្តភក្តិខ្ញុំប្រាកដជាកំពុង​អន្ទះសា​ចាំ​ផ្លូវខ្ញុំ។ សំណើច​ក្អាក​ក្អាយ​ក៏​នឹង​ត្រៀម​សើច​ឱ្យ​អស់​រឿង​សៅហ្មង​ក្នុង​ចិត្ត។ ប៉ុន្តែ… ខ្ញុំ ​ស្រាប់​តែ​រត់​ត្រឡប់​ក្រោយ​វិញ។ ខ្ញុំ​បើក​ឡាន​យ៉ាង​លឿន​សំដៅ​ទៅ​មន្ទីរ​ពេទ្យ។ ជន​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​នៅ​តែ​ដេក​ស្រោច​ឈាម គ្មាន​អ្នកណា​រវី​រវល់​ដដែល។ គ្រូពេទ្យ​​ពិតជា​ដណ្តើម​គ្នា​ធ្វើ​អាក្រក់​មែន! តើ​អ្នក​ណា​ល្ងង់​ដូច​ក្មេង​ស្រី ដែល​រើស​កាបូប​លុយ​ឱ្យ​ខ្ញុំ​ទទេៗ​នោះ?

ខ្ញុំប្រាប់ឱ្យគ្រូពេទ្យប្រញាប់រៀបចំការវះកាត់ឱ្យជនរងគ្រោះជាបន្ទាន់។ ពួកគេ​ប្រាកដ​ជា​ឆ្ងល់​ថា តើ​នឹងទៅយកប្រាក់ព្យាបាលពីអ្នកណា? រួចក៏ធ្វើតាមខ្ញុំ ​ទាំង​ចុង​ដៃ​ចុង​ជើង។ ខ្ញុំចាប់ផ្តើមវះកាត់ជើងរបស់ជន​រងគ្រោះ ដើម្បីឱ្យថ្ងៃ​ក្រោយ​គេ​អាច​ដើរ​បាន​ដូច​ជា​ខ្ញុំ​ដែរ។ អារម្មណ៍​ធ្វើការ​ម្តង​នេះ​គឺ​ស្ងប់​ស្រស់​ថ្លា ប្រហែល​ជា​បាន​មក​ពី​ក្តី​ប្រាថ្នា​ជួយ​គេ​ទេ​ដឹង? ខ្ញុំ​នៅតែ​នឹក​ឃើញ​ពាក្យ​សម្តី​របស់​ក្មេង​ស្រី​លក់​ផ្កា ហើយ​ក៏​ជ្រួត​ជ្រាប​ម្តង​បន្តិចៗ។

ទីបំផុតការវះកាត់ទទួលជោគជ័យល្អណាស់។ វាគឺជាលើកទីមួយ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​​នឹង​ការងារ​ដល់​ថ្នាក់​នេះ។ មនសិការវិជ្ជាជីវៈខ្ញុំចាំច្បាស់​ណាស់ ប៉ុន្តែ​ទើប​តែ​យល់​នៅ​ពេល​នេះ​ឯង។ ខ្ញុំ​ស្រមៃ​ឃើញ​សាច់​ញាតិ​របស់​ជន​រង​គ្រោះ ដែល​ត្រេកអរ​ព្រោះ​ប្តី ឪពុក ឬ​បង​ប្រុស​របស់​ពួក​គេ​អាច​រស់​ជួប​ជុំ​ពួក​គេ​បន្ត​ទៀត។ ឱ! នេះហើយគឺជារឿងសប្បាយពិតប្រាកដរបស់ខ្ញុំ!

ខ្ញុំបើកឡានទៅផ្ទះសម្រាក ក៏ស្រាប់តែក្រឡេកឃើញក្មេងស្រីលក់ផ្កា​កំពុង​ដើរ​ជាមួយ​ស្ត្រីចំណាស់​ម្នាក់ ទំនងជាម្តាយរបស់វា។ ខ្ញុំឈប់ឡាន ដើរចេញ​ទៅ​រក​វា “អេ! ឯងដើរទៅណាហ្នឹង?”

ក្មេងស្រីនិងម្តាយវាសម្លឹងមុខគ្នាស្ទើរតែស្រក់ទឹកភ្នែក ទើបប្រាប់ខ្ញុំថា “ពុកខ្ញុំបាត់តាំងពីល្ងាច មិនឃើញគាត់ត្រឡប់ទៅផ្ទះសោះ! ពួកខ្ញុំបារម្ភថាគាត់ខ្យល់គរ ឬគ្រោះថ្នាក់នៅតាមផ្លូវ…”

ខ្ញុំភ្ញាក់ព្រើត រួចក៏ជូនពួកគេទៅមើលអ្នកជំងឺដែលខ្ញុំបានជួយសង្គ្រោះនោះ។ ទាំងពីរ​នាក់​ម្តាយ​កូន​រត់ទៅឱបអ្នកជំងឺ ដែលទើបតែដឹងខ្លួន ទាំងទឹកភ្នែក​ហូរ​សស្រាក់។ ខ្ញុំខ្លោចចិត្តអាណិតពួកគេ រួចហូរទឹកភ្នែក រកទប់មិនឈ្នះ។ ទាំង​បី​នាក់​បែរ​មុខ​មក​ខ្ញុំ ហើយ​សំពះ​អរគុណ​ខ្ញុំ ទុក​ខ្ញុំ​ដូច​ជា​ព្រះ។

ខ្ញុំប្រាប់ពួកគេវិញថា “គឺខ្ញុំវិញទេ ដែលត្រូវអរគុណអ្នកទាំងបី!”

គ្មានអ្វីរីករាយជាងបានធ្វើអំពើល្អទេ ហើយគ្មានអ្វី​ត្រេកអរជាងការភ្ញាក់រឭក​ឡើយ។ ធ្វើ​ល្អ​ពិត​ជា​បាន​ល្អ​មែន! បើ​ក្មេងស្រី​នោះ​មិន​យក​កាបូប​លុយ​មក​ឱ្យ​ខ្ញុំ​វិញ នាង​ប្រហែល​ជា​ត្រូវ​ឃ្លាត​ពី​ឪពុក​នាង​ជា​រៀង​រហូត…។

តែងនៅថ្ងៃទី៥ មិថុនា ២០០៨

សុខ ចាន់ផល

Advertisements

Entry filed under: រឿងខ្លី.

ជូនពរចូលឆ្នាំចិន ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ល្អ

11 មតិ Add your own

  • 1. ក្មេងតូច  |  ខែ​កុម្ភៈ 15, 2010 ម៉ោង 7:28 ល្ងាច

    ល្អមើលតើពូ ន័យទូលំទូលាយទៀត

    ឆ្លើយតប
  • 2. សុឃាង  |  ខែ​កុម្ភៈ 16, 2010 ម៉ោង 10:24 ល្ងាច

    Great inspiring novel!

    ឆ្លើយតប
  • 3. achharia  |  ខែ​កុម្ភៈ 17, 2010 ម៉ោង 4:45 ព្រឹក

    ធ្វើអោយខ្ញុំតាមអានដល់ចប់ទាល់តែបាន ។
    ខ្ញុំស្មានខុសថាដល់ចុងក្រោយ វេជ្ជបណ្ឌិតនោះ
    នឹងត្រូវបាននាងលក់ផ្កា់ធ្វើជាប្រពន្ធ ។

    ឆ្លើយតប
  • 4. Navy  |  ខែ​កុម្ភៈ 17, 2010 ម៉ោង 9:07 ព្រឹក

    I’m not exaggerated, but this short story is GREAT! Pa’oun Phal…you pit chea mean komnit la’or la’or mein nah….

    ឆ្លើយតប
  • 5. គីមឡុង  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 1:15 ល្ងាច

    ខ្ញុំតែងតែឆ្ងល់ ហើយតែងតែសួរខ្លួនឯងថា តើខ្ញុំរស់ដើម្បីអ្វី ? តើខ្ញុំធ្វើនេះដើម្បីអ្វី ? តែបន្ទាប់ពីបានអានរឿងរបស់បងមក ខ្ញុំក៏អាចរកចម្លើយឃើញខ្លះៗហើយ ! មែនហើយ ! រស់នៅក្រៅពីដើម្បីខ្លួនឯង គឺដើម្បីអ្នកទាំងអស់គ្នា ដែលនៅជុំវិញខ្លួន ! រវាងប្រយោជន៏បុគ្គល និង ប្រយោជន៏រួម គឺចាំបាច់ត្រូវតែនៅជាមួយគ្នា ‍! បើនរណាម្នាក់ជ្រើសរើសយកតែមួយនោះ គឺគេប្រាកដជាជួបរឿងស៊យធំ សំរាប់ជីវិតគេមិនខាន ! តួយ៉ាងដូចជាក្រុមវិជ្ជបណ្ឌិតដែលឈរអោបដៃមើលជនរងគ្រោះយ៉ាងដូច្នេះដែរ ! ប្រសិនបើ ជនរងគ្រោះយ៉ាងណាៗនោះ ពួកគេក៏មានអារម្មណ៏មិនសុខស្រួលឡើយ ! ធ្វើល្អដើម្បីតែល្អ គ្មានអ្វីក្រៅពីនេះឡើយ ! ពាក្យមួយនេះកាន់មានន័យ ហើយផ្តល់នូវកំលាំងចិត្តដល់ខ្ញុំទៀត ! ខ្ញុំពិតជាសរសើរដោយស្មោះ ដល់បងដែលជាអ្នកសរសេររឿងនេះ ! វាពិតជាល្អ ល្អមែនទែន ! វាគឺជារឿងមួយ ដែលប្រទាក់ក្រលាគ្នា តាំងពីដើមរហូតដល់ចប់ ! អានហើយធ្វើខ្ញុំចង់អានទៀត ! សូមជូនពរបង អោយមានសុខភាពល្អ សំណាងល្អ ហើយខ្ញុំនិងរង់ចាំអានរឿងថ្មីៗរបស់បងទៀត ! ពិតជាមិនជញ្ជក់មាត់សរសើរមិនបានមែន !!! 🙂

    ឆ្លើយតប
  • 6. ចាន់ផល  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 5:26 ល្ងាច

    ខ្ញុំសូមនិយាយពីដើមហេតុនៃការសរសេររឿងនេះបន្តិច៖ សរសេរ​រឿង​ខ្លី​មួយប្រើពេលមិនយូរប៉ុន្មានទេ តែគិតសាច់រឿងយូរ… គោល​គំនិត​នៃរឿង កាបូបលុយ គឺ «ធ្វើល្អបានល្អ» ហើយខ្ញុំខំរកនឹក​សាច់​រឿង ថាបង្ហាញយ៉ាងម៉េច ទើប​ចេញគំនិតនេះបាន គឺគិតហើយ​គិត​ទៀត គិតរហូត គិតទាល់តែខ្ជិលគិត គិតទាល់តែភ្លេចថា​កំពុង​គិត​រឿង​អី។ ប៉ុន្តែដល់ថ្ងៃមួយ ខ្ញុំបានទៅរៀននិពន្ធរឿងខ្លី នៅសមាគម​អក្សរសិល្ប៍ នូ ហាច ជាមួយនឹងអ្នកនិពន្ធបរទេស (ភ្លេច​ឈ្មោះ​គាត់​ហើយ) គឺដោយសារស្ដាប់គ្រូ និងស្ដាប់គេឯង ខ្ញុំក៏កើត​អារម្មណ៍ចង់​សរសេរ​រឿងខ្លីមួយ។ ថ្ងៃនោះមានរឿងជាច្រើនកើតឡើង​ក្នុង​ខួរក្បាល​ខ្ញុំ ធ្វើឱ្យខ្ញុំស្គាល់ខ្លួនឯងយ៉ាងច្បាស់ រួចក៏ក្លាយជាមនុស្ស​អស់​អំនួត​ចំពោះ​ខ្លួនឯងរលីង ហើយក៏មិនខ្វល់ថា ខ្លួនឯងមានតម្លៃចំពោះ​ភ្នែក​អ្នកដទៃ ឬក៏អត់ទេ គិតថាសំខាន់ ត្រូវធ្វើជាមនុស្សល្អ។ រស់នៅ​ធ្វើជា​មនុស្សតូចតាចម្នាក់ តើមានអីមិនល្អ មិនបាច់ហត់នឿយ​ធ្វើការ​ប្រណាំង​គ្នា មិនបាច់មានអ្នកណាច្រណែន… កាលណោះ​ខ្ញុំមាន​អារម្មណ៍​ថា ខ្លួនឯងគ្មានអីអស្ចារ្យសោះ គ្មានទេពកោសល្យខ្លាំង តែក៏មិន​ចង់បានទេពកោសល្យខ្លាំងយកមកធ្វើអី ព្រោះ​កើត​មក​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់ហើយ។ បើខ្ញុំសរសេររឿងមិនកើត ក៏មាន​អ្នក​ដទៃ​ទៀត​អាច​សរសេររឿងបានល្អជាងខ្ញុំដែរ… វាជាអារម្មណ៍ភ្ញាក់រឭក ដែល​អាចធ្វើឱ្យខ្ញុំសប្បាយចិត្តរកថាមិនត្រូវ ហើយ​ខ្ញុំចង់​ឱ្យ​អ្នក​ដទៃ​ស្គាល់អារម្មណ៍បែបនេះ ទើបខ្ញុំនឹកឃើញបញ្ជូលអារម្មណ៍​មួយ​នេះ ជាមួយ​នឹង គោលគំនិត «ធ្វើល្អបានល្អ» របស់ខ្ញុំនោះ បង្កើត​បាន​ជា​រឿង​នេះតែម្ដង។ សរសេររឿងមួយគឺសរសេរចេញពីគោលបំណង ចេញ​ពីបេះដូង ចេញពីអារម្មណ៍បរិសុទ្ធ មិនមែនសរសេរ​ព្រោះ​ចង់​ល្បី​ទេ តែព្រោះចង់ប្រាប់រឿងដែលខ្លួនសរសេរទៅគេ។

    ឆ្លើយតប
  • 7. គីមឡុង  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 2:07 ព្រឹក

    ខ្ញុំយល់ស្របនិងយោបល់របស់បង ! ធ្វើអ្វីមួយ មិនមែនសុទ្ធតែដើម្បីល្បី ដើម្បីតែលុយនោះទេ ! តែដើម្បីអោយអ្នកដ៏ទៃទទួលស្គាល់ និង យល់ពីអត្ថន័យរបស់វាទៅគឹបានហើយ ! :)) ខ្ញុំទទួលបានគំនិតល្អៗ ពីបងទៀតហើយ !

    ឆ្លើយតប
  • 8. Ung Kong  |  ខែ​មីនា 26, 2010 ម៉ោង 11:04 ព្រឹក

    ពេលមើលមិនចាប់អារម្មណ៍ទេ តែបានអានចបើទើបដឹងថា ពិតជាវិសេស​មែន​ សូមឲ្តសាច់រឿងនេះដក់ក្នុងអារម្មណ៍ វេជ្ជបណ្ឌិត នាម៉ឹនសព្វមុខ​ មន្រ្តី ដើម្បីប្រជាពលរដ្ឋខ្មែររុងរឿងតរៀងទៅ។

    ឆ្លើយតប
  • […] «កាបូបលុយ» និយាយ​ពី​រឿង​ក្មេង​ស្រី​ម្នាក់​រើស​បាន​កាបូប​លុយ​របស់​លោកវេជ្ជបណ្ឌិត។ ខ្ញុំ​បាន​ពណ៌នា​ចាប់​ពី​លោកគ្រូ​ពេទ្យ​បើក​ឡាន​ចេញ​ពី​​ធ្វើ​ការ ជា​ទម្លាប់​ប្រចាំ​ថ្ងៃ និង​ការ​គិត​ពិចារណា​របស់​គាត់ ហើយ​បណ្ដាល​ឱ្យ​គាត់​បាន​ជួប​ក្មេង​ស្រី ​រហូត​ធ្វើ​ឱ្យ​គាត់​ត្រឡប់​មក​កន្លែង​ធ្វើ​ការ​វិញ​ទាំង​ក្ដី​​ភ្ញាក់​រឭក។ ដំណើរ​រឿង​ប្រើ​ពេល​​ត្រឹម​តែ​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ឯ​ការ​​បញ្ចប់​សាច់​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​អាន​​រំភើប​ភ្ញាក់​ផ្អើល​គឺ​ជា​លក្ខណៈ​ពិសេស​របស់​រឿង​ខ្លី។ […]

    ឆ្លើយតប
  • 10. បញ្ញា  |  ខែកញ្ញា 29, 2010 ម៉ោង 10:21 ព្រឹក

    រឿងនេះពិតជាមានន័យណាស់។​ ពេលអានដំបូងខ្ញុំមានអារម្មណ៍ថាស្អប់បុរសម្នាក់នោះណាស់​ព្រោះមើលទៅដូចជាមនុស្ស​ដែលគ្មានធម៌មេត្តាបន្តិចសោះ! តែដល់ចុងក្រោយខ្ញុំរំភើបណាស់​ដែលគាត់ចេះកែខ្លួន​ហើយជួយបុរសចំណាស់ម្នាក់នោះ​រហូតចង់ស្រក់ទឹកភ្នែកពេលដែលពុកម៉ែកូនបានជុំគ្នាម្តងទៀត!​ ពិតជារំភើបណាស់បងប្រុស….

    ឆ្លើយតប
  • 11. សារ៉េត  |  ខែកញ្ញា 29, 2010 ម៉ោង 10:41 ព្រឹក

    ដូច​ជា​រក​អ្វីមក​​ថ្លា​ថ្លែង​សំ​ដែង​នូវ​អារម្មណ៍​មួយ​ដែល​ផុស​ឡើយ​បន្ទាប់​ពី​អាន​រឿង​ខ្លី​របស់​បង​ផលមិន​​បាន​ទេ​នៀក! យ៉ាង​ណាមិញ ​សូម​ធ្វើ​ការ​កោត​សរសើរ​អស់​ពី​ដួង​ចិត្តចំពោះ​ទឹក​ដៃ​និពន្ឋដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាន​មិន​ដាក់​ភ្នែកសោះ​​ និង អរគុណ​ដែល​បាន​ចែក​រំលែក​​នូវ​​គំនិត​អប់​រំ​ដ៏មាន​ខ្លឹម​សារ​នេះ​ផង​ដែរ។ សង្ឃឹម​ថា​មនុស្ស​យើង​នឹង​យក​គំរូ​តាម​ក្មេង​ស្រី​លក់​ផ្កា​នោះទៅ​ចុះ ទោះ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ខ្លះ​អាច​គិត​ថា​ជា​រឿង​ឆោត​ល្ងង់​ក៏​ដោយ​​ ហើយ​ជា​ពិសេស​ វា​ជាសារ​មួយ​ដល់​ពួក​វេជ្ជ​បណ្ឌិត​  ដើម្បី​លើក​ស្ទួយ​គុណ​ធម៌​ក្នុង​វិស័យ​សុខា​ភិបាល​ផង​ដែរ។​ បើ​កាបូប​លុយ​ខ្ញុំកាល​ពី​ថ្ងៃ​មុន​ត្រូ​វ​បាន​ក្មេង​ស្រី​លក់​ផ្កា​នេះ​រើស​បាន​ ម្លោះខ្ញុំ​មិន​ចាំ​បាច់អង្គុយធ្វើ​មុខ​ស្អុយចឹងទេ! 

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: