យុត្តិធម៌

ខែមករា 27, 2010 at 6:24 ល្ងាច មតិ 4

យុត្តិធម៌

និពន្ធដោយ សុខ ចាន់ផល


អ្នកដឹងទេ ជួនកាលមនុស្សបែរជាខ្លាចយុត្តិធម៌ដែលគេផ្ដល់ឲ្យ​ខ្លួន? យុត្តិធម៌​ត្រឡប់​ជា​ធ្វើឲ្យ​ខ្ញុំអាម៉ាស់​​មុខ និង​​យល់​ថា​ខ្លួន​ឯង​ខ្វះ​ឋានៈ​ក្នុង​នាម​ជា​មនុស្ស​ទៅវិញ។

កាលពីមុនខ្ញុំជាកូនស្រីម្នាក់រស់តាមលំអានចាស់ទុំ ខំរៀន​រៀប​កិរិយា សម្ដី​សំដៅ​ឲ្យល្អ​ឥត​ខ្ចោះ។ បន្ទាប់មក​ខ្ញុំក្លាយ​ជា​ភរិយាម្នាក់…

ខ្ញុំប្រហែលចាប់ផ្ដើមស្រលាញ់ស្វាមីខ្ញុំកាលថ្ងៃរៀបការនោះ​ហើយ។ ពួក​យើង​គឺជា​គូស្វាមី​ភរិយា​ដ៏​ក្មេងខ្ចី ទុកដាក់​ដោយ​អ្នក​មាន​គុណ។ ខ្ញុំ​លួច​សម្លឹង​ស្នាម​ញញឹម​របស់​ប្ដី​ខ្ញុំ​ដោយ​ចិត្ត​រំភើប ព្រោះ​ខ្លួន​អាច​ក្លាយ​ជា​មនុស្ស​ស្និទ្ធ​ស្នាល​ជាង​គេ​របស់​គាត់។ ម្តាយ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ប្ដី​ខ្ញុំ​ជា​សុភាព​បុរស មិន​ធ្លាប់​មាន​សង្សារ មិន​ចេះ​ដើរ​លេង​ល្បែង​ស្រី​ស្រា ក៏​គឺ​ជា​បុរស​ក្នុង​ក្ដី​ស្រម៉ៃ​របស់​នារី​ផង​ទាំង​ពួង។

ក្រោយពីរៀបការ ប្ដីប្រពន្ធយើងរស់នៅក្នុងផ្ទះ​ដ៏​ប្រណីត​។ ខ្ញុំក្លាយ​​​​ជា​​មេផ្ទះម្នាក់ និង​បាន​រក​ឃើញ​នូវ​អារម្មណ៍​​ដ៏មាន​សុភមង្គល​ថ្មី​មួយ។ កាលណោះ​ពេលវេលា​កន្លង​ទៅ​ជាមួយ​ដួងចិត្ត​រំភើប​ជាប់​ជានិច្ច។ ការ​ទង្ទឹង​ចាំផ្លូវ​ប្ដី​ត្រឡប់​មក​ពី​ធ្វើការ​​នៅតែ​ជា​អារម្មណ៍​​ដែល​​ខ្ញុំ​អាល័យ។ ទោះ​យ៉ាងណា​តើ​មាន​រឿង​ល្ខោន​ណា​ដែល​មិន​ចេះ​ចប់​នោះ? មិន​យូរ​ប៉ុន្មាន​ជីវិតខ្ញុំ​ក៏​ដើរ​ដល់​ផ្លូវ​បត់​មួយ​ទៀត។

រៀបការបានប្រាំឆ្នាំហើយ ខ្ញុំនៅតែមិនទាន់មានកូនម្នាក់។ ម្ដាយខ្ញុំ​ប្រាប់​ខ្ញុំ​ជារឿយៗ​ថា ឲ្យខ្ញុំ​ប្រញាប់​មាន​កូន ព្រោះ​មាន​តែ​កូន​ប៉ុណ្ណោះ​ទើប​អាច​ចង​ជើង​ប្ដី​បាន។ ខ្ញុំ​ប្រាប់​គាត់​វិញ​ថា ប្ដី​ខ្ញុំ​មិន​ដូច​គេ​ទេ។ រួច​ខ្ញុំ​សើច។ បន្ទាប់​មក​ខ្ញុំ​យក​សម្ដី​គាត់​មក​គិត​ម្ដង​ទៀត។ មនុស្ស​ពីរ​នាក់​គេង​លើ​គ្រែ​ជាមួយ​គ្នា​រាល់​ថ្ងៃ ហេតុអ្វី​ត្រូវ​រក​មធ្យោបាយ​ចង​ជើង​គ្នា​ទៀត?

សម្ដីម្ដាយខ្ញុំផ្ដេសផ្ដាសមែន ប៉ុន្តែ​ពេល​មួយ​នោះ​មក​ដល់​ខ្ញុំ​ក្លាយ​ជា​មាន​អារម្មណ៍​ផ្ដេសផ្ដាស​ជាង​សម្ដី​នោះ​ទៅ​​ទៀត។ ថ្ងៃ​មួយ​ប្ដី​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​យឺត។ គាត់​សម្លឹង​មុខ​ខ្ញុំ​យ៉ាង​មុត រួច​ក៏​បែរ​ខ្នង​និយាយ​ថា «បង​ចង់​លែង​លះ​ជាមួយ​អូន…»

ខ្ញុំមិនធ្លាប់ឮប្ដីខ្ញុំចេះនិយាយលេងទេ តែខ្ញុំបែរជាគិតថា គាត់និយាយលេងជាមួយខ្ញុំ។ និយាយ​ពាក្យ​ឆ្កួត​​នោះ​រួច គាត់​ដើរ​ចេញ​ពី​ផ្ទះ ហើយ​បើក​ឡាន​ចេញ​ទៅ​ក្រៅ​បាត់។ ពេញ​​មួយ​​យប់​​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ម្នាក់​ឯង ទាំង​ដេក​គិត​រហូត ថា​ខ្លួន​ឯង​កំពុង​តែ​យល់​សប្តិ។ យ៉ាង​​ណា​​ទោះ​ជា​​ពេល​ថ្ងៃ​រះ​ហើយ ក៏​ខ្ញុំ​នៅតែ​យល់​សប្តិ​មិន​ភ្ញាក់។ ថ្ងៃ​​នោះ​​ព្រះអាទិត្យ​​រះ​​បាន​​មួយ​​ភ្លែត មេឃ​ក៏​ស្រាប់​តែ​ធ្លាក់​ភ្លៀង។ ភ្លៀង​​រលឹម​​ដល់​​ពេល​​បាយ​​ថ្ងៃ​ត្រង់​​ទើប​ឈប់។ ខ្ញុំ​​មើល​​ទៅ​​ព្រះអាទិត្យដ៏ភ្លឺថ្លា រង់ចាំប្ដីខ្ញុំមកពិសាបាយថ្ងៃត្រង់។ ប៉ុន្តែ​​មិន​​ឃើញ​គាត់​មក​សោះ។

មួយថ្ងៃត្រូវបានកន្លងផុតទៅទៀត តែខ្ញុំនៅតែមានអារម្មណ៍ដូចសុបិន។ ខ្ញុំ​​នៅ​តែ​​រៀប​ចំ​​ម្ហូប​​បាយ​រង់​ចាំ​ប្ដី​ខ្ញុំ​ដដែល ហើយ​ពេល​បាយ​ថ្ងៃ​ត្រង់​ក៏​ឃើញ​គាត់​មក​ដល់​មែន។ ខ្ញុំ​រត់​​ទៅ​​ទទួល​​គាត់​​តាម​ទម្លាប់ រួច​ដើរ​តាម​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ។​ គាត់​អត់​មាន​និយាយ​អ្វី​រក​ខ្ញុំ​ទេ តែ​ក៏​​ស្រាប់​តែ​​ហុច​សឺមី​មួយ​ឲ្យ​មក​ខ្ញុំ។ ខ្ញុំ​ដក​ក្រដាស​ពី​ក្នុង​សឺមី​នោះ​​មក​មើល រួច​​រអិល​​ខ្លួន​​ដួល​​ទៅ​លើ​ឥដ្ឋ របូត​ក្រដាស​ពី​ដៃ…

«សូមអូនជួយចុះហេត្ថលេខាលើក្រដាសនេះទៅ!‍»

ផែនទ្រូងខ្ញុំញ័ររញ្ជួយ ខ្លួនអង្គុយធ្មឹងដូចមនុស្សខូចសតិ។ ប្ដី​ខ្ញុំ​និយាយ​មក​ខ្ញុំ​​តិចៗ​​ថា «សូមទោស! បើ​អូន​មាន​សំណូម​ពរ​អ្វី ប្រាប់​បង​មក៍! អ្វី​ក៏​ដោយ បើ​បង​មាន​​លទ្ធភាព បង​​នឹង​​ធ្វើ​​ឲ្យ​អូន!»

«តើជាសុបិនមែនទេ?» ខ្ញុំនិយាយទាំងមិនហ៊ានមើលមុខគាត់។

«ជាពេលដែលយើងភ្ញាក់ពីសុបិនទៅវិញទេ! យើង​​សុបិន​​ធ្វើ​ជា​ប្ដី​ប្រពន្ធ​​អស់​ប្រាំ​ឆ្នាំ​​ហើយ…​ ពេល​​នេះ​យើង​ភ្ញាក់​ហើយ! យើង​បាន​ចំណាយ​ពេល​ប្រាំ​ឆ្នាំ​ដោយ​គ្មាន​ន័យ…»

ហេតុអ្វីចំណាយពេលប្រាំឆ្នាំដោយគ្មានន័យ? ខ្ញុំ​ចាប់​ផ្ដើម​ស្រក់​ទឹក​ភ្នែក​ដូច​​ទឹក​ភ្លៀង។ ហេតុ​អ្វី? ខ្ញុំ​​ខំ​រក​នឹក​រឿង​រ៉ាវ​ប្រាំ​ឆ្នាំ​កន្លង គិត​ថា​ហេតុអ្វី​ក៏​គ្មាន​ន័យ។ ខ្ញុំ​សួរ​ប្ដី​ខ្ញុំ​ថា «តើ​​ព្រោះ​​អូន​​គ្មាន​កូន​មែន​ទេ?»

គាត់គ្រវីក្បាល ហើយឆ្លើយថា «យើង​មិន​អាច​មាន​កូន​បាន​ទេ ព្រោះ​​យើង​​គ្មាន​​ស្នេហា​​ជាមួយ​​គ្នា។»

«ហេតុអ្វី? ហេតុអ្វី​យើង​ត្រូវ​លែង​គ្នា​ បង​ប្រាប់​ខ្ញុំ​ផង!» ខ្ញុំ​ទទូច​សួរ​គាត់។

នៅទ្រឹងមួយស្របក់ ទើប​គាត់​ឆ្លើយ​ថា​ «កន្លង​មក​ខ្ញុំ​មិន​ដែល​ស្រលាញ់​​នាង​​ទេ។ មង្គល​ការ​របស់​ពួក​យើង​គឺ​រៀបចំ​ដោយ​ចាស់​ទុំ។ ខ្ញុំ​ដឹង​ថា​នាង​ក៏​ដូច​ខ្ញុំ។​ ពួក​យើង​​គឺ​ជា​​កូន​​ដែល​​ស្ដាប់​បង្គាប់ និង​គឺ​ជា​មនុស្ស​រស់​ក្នុង​ដួង​ចិត្ត​អ្នក​ដទៃ។ ធាតុ​ពិត​​ពិភពលោក​​នេះ​​ធំ​​ណាស់ សោត​ឯ​ជីវិត​មនុស្ស​បែរ​ជា​ខ្លី…​ ពេល​នេះ​ខ្ញុំ​ចង់​ដើរ​ក្នុង​ពិភពលោក​ដ៏​ធំ​នេះ ដោយ​​ពាក់​​ស្បែក​ជើង​ដែល​ទិញ​ដោយ​ខ្លួន​ឯង។ យើង​​មិន​អាច​​ធ្វើ​ឲ្យ​​មនុស្ស​​គ្រប់​គ្នា​ពេញ​​ចិត្ត​​​យើង​​នោះ​​ទេ ហេតុ​អ្វី​ក៏​យើង​​មិន​ធ្វើ​ដើម្បី​ខ្លួន​ឯង?»

ប្ដីខ្ញុំ​បាន​ដើរ​ចេញពីជីវិតខ្ញុំដោយគ្មានថ្ងៃត្រឡប់។ ខ្ញុំយំ… យំ​​រហូត​​ថ្ងៃ​និង​យប់​​កន្លង​​ផុត​​ទៅ ក៏​​ខ្ញុំ​​នៅ​តែ​យំ។ ប្ដី​ខ្ញុំ​មិន​ធ្លាប់​ស្រលាញ់​ខ្ញុំ តែ​ខ្ញុំ​បែរ​ជា​ស្រលាញ់​គាត់​ខ្លាំង​​ហួស​​ថ្លែង។ ជីវិត​​ប្ដី​​ប្រពន្ធ​ប្រាំ​ឆ្នាំ​គឺ​ជា​អនុស្សាវរីយ៍​របស់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ។​ តើ​​ស្នាម​​ញញឹម​​ដែល​​គាត់​​ធ្លាប់​​ផ្ដល់​ឲ្យ​ខ្ញុំ​កន្លង​មក​គឺ​ជា​ទុក្ខ​ព្រួយ​របស់​គាត់​ឬ? ខ្លួន​ប្រាណ​​ដែល​​ធ្លាប់​​តែ​​ស្និទ្ធ​ស្នាល​​នឹង​​គ្នា តើ​មិន​មែន​ជា​ខ្លួន​ប្រាណ​របស់​គាត់​ទេ​មែន​ទេ?

ខ្ញុំដេកគិតហូរទឹកភ្នែកអស់បីថ្ងៃ ក៏​សម្រេច​ចិត្ត​ទៅ​ផ្ទះ​ឪពុក​ម្តាយ​ក្មេក​​របស់​ខ្ញុំ។​ បី​ថ្ងៃ​​នេះ​​ខ្ញុំ​​ដឹង​​ថា​ខ្លួន​ឯង​មិន​អាច​រស់​ដោយ​គ្មាន​ប្ដី​ខ្ញុំ​បាន​ឡើយ។ ខ្ញុំ​​សង្ឃឹម​ថា​​ឪពុក​ម្ដាយ​ក្មេក​​ខ្ញុំ​​អាច​​ជួយ​​ខ្ញុំ​​បាន។ លុះ​ទៅ​ដល់​ក៏​ឃើញ​ឡាន​ប្ដី​ខ្ញុំ​ចត​នៅ​ទី​នោះ​ដែរ។ ខ្ញុំ​ដើរ​​ចូល​ទៅ​​ក្នុង​​ផ្ទះ​​ទាំង​​ភ័យ​ផង​អរ​ផង។ ឮ​សំឡេង​ឪពុក​ក្មេក​ខ្ញុំ​ខ្លាំងៗ កំពុង​ខឹង​​ច្រឡោត​ប្ដី​ខ្ញុំ ព្រោះ​​គាត់​​បាន​​យក​​រឿង​ពួក​យើង​​ទៅ​ជម្រាប។ ខ្ញុំ​ឈរ​ស្ដាប់​ពី​ក្រៅ «អ្ហែង​កំពុង​ឆ្កួត​មែន​ទេ? ម៉េច​​​ក៏​​​អ្ហែង​​ក្លាយ​​ជា​​​អ៊ីចឹង?»

ប្ដីខ្ញុំមិនធ្លាប់តមាត់ឪពុកទេ តែ​ពេល​នោះ​គាត់​ផ្លាស់​ប្ដូរ​អស់​​ «ខ្ញុំ​គិត​រួច​ហើយ​ ថា​​ប៉ា​ម៉ាក់​​និង​​ញាតិ​​មិត្ត​គ្រប់​គ្នា​ប្រាកដ​ជា​ថា​ខ្ញុំ​ឆ្កួត…​ តាំង​ពី​តូច​មក៍ ក្នុង​ភ្នែក​​អ្នក​ទាំង​អស់​គ្នា​​យល់​​ថា​​ខ្ញុំ​​គឺ​​ជា​​កូន​​ដ៏​ស្ដាប់​បង្គាប់ ជា​មនុស្ស​ដ៏​ចេះ​ដឹង។ ខ្ញុំ​ធ្វើ​​កូន​ល្អ ធ្វើ​មនុស្ស​ចេះ​​ដឹង​​យូរ​​ហើយ។ ហេតុអី​​ខ្ញុំ​​ត្រូវ​រស់នៅ​ដើម្បី​អ្នក​ទាំង​អស់​គ្នា? ខ្ញុំ​តែង​តែ​ធ្វើ​ឲ្យ​ប៉ាម៉ាក់​សប្បាយ​​ចិត្ត ហេតុ​អ្វី​​​ប៉ា​ម៉ាក់​​មិន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ផង?»

«ហេតុអីអ្ហះ? ចុះ​ហេតុអីអ្ហែងចង់លែងប្រពន្ធ?» ឪពុក​ក្មេក​ខ្ញុំ​សម្លុត​សួរ​គាត់។

«តើពេលប៉ាទៅដណ្ដឹងប្រពន្ធឲ្យខ្ញុំ ប៉ាមានសួរចិត្តខ្ញុំទេ? ខ្ញុំ​រៀបការ​​ជាមួយ​មនុស្ស​ស្រី​​ដែល​​ប៉ា​ម៉ាក់​ស្រលាញ់ មិន​មែន​ខ្ញុំ​ស្រលាញ់​ទេ។ យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ខំ​កសាង​​គ្រួសារ​​មួយ ដើម្បី​​ឲ្យ​​ប៉ា​ម៉ាក់​​សប្បាយ​ចិត្ត។ ពេល​វេលា​កន្លង​មក​ល្មម​គ្រប់គ្រាន់​ហើយ…​ ពេល​​នេះ​​ខ្ញុំ​​ចង់​​មាន​ជីវិត​ថ្មី… គឺ​ខ្ញុំ​បាន​ស្គាល់​មនុស្ស​​ម្នាក់​​ទៀត ដែល​ជា​អ្នក​ប្រាប់​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា គ្រប់​យ៉ាង​​ដែល​​ខ្ញុំ​ធ្លាប់​ធ្វើ​គឺ​សម្ដែង​ល្ខោន…»

ឮសម្ដីនេះទើបខ្ញុំដឹងពីមូលហេតុដែលគាត់ចង់លែងលះ​ខ្ញុំ​ពិត​ប្រាកដ។ ឪពុក​ក្មេក​​ខ្ញុំ​​ស្រែក​​ឲ្យ​​គាត់​​ថា «អា​ចង្រៃ! តាម​ពិត​អ្ហែង​មាន​ស្រី! ហេតុអី​អញ​មាន​កូន​បែប​នេះ?»

ប្ដីខ្ញុំតបថា «ចាប់ពីពេលនេះទៅ ខ្ញុំ​សូម​រស់​នៅ​ដើម្បី​ខ្លួន​ឯង​ម្ដង តើ​បាន​ទេ?»

ខ្ញុំរឹតតែស្រណោះខ្លួនខ្លាំង ពេលឮឪពុកក្មេកខ្ញុំស្ដីឲ្យប្ដីខ្ញុំថា «ចុះ​ប្រពន្ធ​អ្ហែង​​នាង​ធ្វើ​អី​​ខុស? នាង​ស្រលាញ់​អ្ហែង​ខ្លាំង​ប៉ុណ្ណា អ្ហែង​ក៏​ដឹង… នៅ​សុខៗ​អ្ហែង​បែរ​ជា​សុំ​លែង​នាង តើ​នាង​​មាន​​អារម្មណ៍​យ៉ាងណា? ប្រពន្ធ​អ្ហែង​គឺ​ជា​កុល​ស្រ្តី​ពិត​ ហេតុអី​​បាន​​​មក​ជួប​​ប្តី​ដូចជា​អ្ហែង? បើ​​អ្ហែង​​ទុក​​​អញ​​ជា​​ឪ អ្ហែង​​ត្រូវ​តែ​ឈប់​ទាក់​ទង​ជា​មួយ​​ស្រី​ម្នាក់​​នោះ ហើយ​​ទៅ​​សុំ​ទោស​​ប្រពន្ធ​អ្ហែង​វិញ! អ្ហែង​ត្រូវ​ផ្ដល់​យុត្តិធម៌​ឲ្យ​នាង»

«ហេតុអី្វខ្ញុំត្រូវផ្តល់យុត្តិធម៌ឲ្យនាង?»

ស្តាប់ដល់ពាក្យយុត្តិធម៌នេះ ខ្ញុំក៏យកដៃជូតទឹកភ្នែក រួច​រត់​ទៅ​ផ្ទះ​ខ្ញុំ​វិញ។ តើ​​ស្ថិត​​ក្នុង​​ស្ថានភាព​​​ដូចជា​​ខ្ញុំ​នេះ អាច​មាន​យុត្តិធម៌​ដែរ​ទេ?

តែងនៅថ្ងៃទី ២១ មិថុនា ២០០៨

Advertisements

Entry filed under: រឿងខ្លី.

Something Happened in Bali ផ្លូវ​ដែល​មាន​ផ្កា​រីក

4 មតិ Add your own

  • 1. Navy  |  ខែមករា 28, 2010 ម៉ោង 10:36 ព្រឹក

    Chanphal, you’re such a great writer! This story is very catchy….I love it a lot. Thanks for sharing it!

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែមករា 28, 2010 ម៉ោង 1:19 ល្ងាច

      I’ve already posted this one in my group’s blog, but now I post here again cause I really love it. I’m so happy that you also love it and happy to share my idea to all people.

      ឆ្លើយតប
  • 3. Navy  |  ខែមករា 29, 2010 ម៉ោង 1:53 ព្រឹក

    I really like it men nah….as I said before…it’s catchy!

    ឆ្លើយតប
  • 4. lakena  |  ខែមករា 29, 2010 ម៉ោង 5:14 ល្ងាច

    ពិតជាអស្ចារ្យណាស់!!!!! តើបុរសម្នាក់នោះប្រាកដក្នុងចិត្តដោយរបៀប ណាដែលថាអ្នកថ្មីនោះជាមនុស្សដែលខ្លួនចង់រស់នៅជាមួយ? មិនដឹងថា បុរសម្នាក់នោះហ្នឹងស្តាយក្រោយ ឬយ៉ាងណានោះទេ! តែបើគេគិតបកក្រោយពេលណាមួយនោះ ហមមមម​ ខ្ញុំគិតថា វាដូចជាហួសពេលក្រែលណាស់ ទោះជាតែមួយថ្ងៃក៏ដោយ!!!!!​

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: